ព្រះពុទ្ធសាសនានៅវៀតណាម(ត)

ថ្ងៃសៅរ៍ ទី23.វិច្ឆិកា 2019.ម៉ោង 8:06

ការរៀបចំគណកម្មការចំរុះ(ត)

   ​ ភាព​សុខ​សាន្ត​ស្ថិត​នៅ​មិន​យូរ​ប៉ុន្មាន​ លុះ​ដល់​ខែ​មីនា ២៥០៩ ព្រះ​សង្ឃ​មេ​ដឹក​នាំ ​ក៏ ចាប់​​ផ្តើម​ទាស់​ទែង​ជា​មួយ​ឧត្តម​សនីយ៍​ ហ្ងៀន កៅ ក៊ី​។ លោក​ឧត្តម​សនីយ៍​ ហ្ងៀន កៅ ក៊ី ដក​ងារ​ស័ក្តិ​ មេ​បញ្ជា​ការ​កង​ពល​ ទី១​ ដែល​ជា​ទី​និយម​របស់​ពុទ្ធ​សាស​និក​ សហ​ពុទ្ធ​ចក្រ​ វៀត​ណាម​​ក៏ ​ចេញ​មក​ថ្លែង​ការណ៍​ អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​បង្កើត​គណៈ​កម្ម​ការ​ពង្រៀង​រដ្ឋ​ធម្មនុញ្ញ​ រៀប​ចំការ​បោះ​ឆ្នោត​ និង​ សូម​ឲ្យ​លោក​នាយ​ទាហាន​ទាំង​ឡាយ​ត្រឡប់​ទៅ​ធ្វើ​ការ​ខាង​ផ្នែក​ទាហាន​។ ពុទ្ធ​សាស​និក​ដែល​ជា​ក្រុម​អភិ​រក្ស​និយម​​​ មាន​ព្រះ​តេជ​គុណ ទិច ទ្រី​ក្វាង​ ជា​មេ​ដឹក​នាំ​ ចាប់​ផ្តើម​ បង្ខំ​រដ្ឋាភិ​បាល​យ៉ាង​ខ្លាំង​ និង ព្រោះ​ដោយ​សារ​មាន​ភាព​ប្រាកដ​ក្នុង​ចិត្ត​នៃ​កម្លាំង​របស់​ខ្លួន​ ទើប​ប្រើ​វិធី​ហឹង្សា​តាំង​តែ​ពី​ដំបូង​ ខុស​ពី​សម័យ​ត​ស៊ូជា​មួយ​ ង៉ោ ឌិន យ៉ីម ដែល​មាន​នយោ​បាយ​នឹម​នួន​ជា​មុន​ ពេល​ដែល​បាន​ទទួល​កម្លាំង​ពី​គាំ​ទ្រ​របស់​ប្រជា​ជន​រួច​ហើយ​ ទើប​ហាន​ប្រឈម​មុខ​ពេញ​ទំហឹង​ តែ​ភាគី​ខាង​លោក​ ហ្ងៀន កៅ ក៊ី ក៏​ប្រា​​កដ​​ចិត្ត​នៃ​កម្លាំង​ និង​ វិធី​ការ​របស់​ខ្លួន​ដូច​គ្នា ទើប​មិន​បាន​ឱន​លំទោន​សូម​អង្វរ​ នឹង បាន​តប​ត​យ៉ាង​ខ្លាំង​ក្លា​។ វិបត្តិ​ពុទ្ធ​សាស​និក​នៃ ព.ស. ២៥០៩ ជា​ហេតុ​នាំ​ឲ្យ​កើត​ការ​ត្រឡប់​ទៅ​រក​វិបត្តិ​ពុទ្ធ​សាស​និក​ក្នុង​ ព.ស. ២៥០៦ ដើម្បី​នាំ​កម្លាំង​ អំណាច​នយោ​បាយ​របស់​ព្រះ​សង្ឃ​ ដែល​បាន​កើត​ឡើង​ និង​ ថិត​នៅ​រួច​ជា​ស្រេច​ហើយ​ ឆ្ពោះ​ទៅ​រក​ការ​រំលត់​ ជា​គំរប់​ក្បួន​ការ​នៃ​គតិ​ធម្ម តាម​​វិធី​ការ​គាប​សង្កត់​រដ្ឋា​ភិបាល​ក៏​ស្រដៀង​គ្នា​ នឹង វិធី​ការ​ដែល​ធ្លាប់​ប្រើ​​រួច​មក​ហើយ​ ដូច​ជា​ និស្សិត​អ្នក​សិក្សា​ ចល​នា​ក្បួន​ឆ្ពោះ​ទៅ​រក​ការ​រឹប​អូស​ស្ថានីយ៍​វិទ្យុ​ផ្សាយ​​សម្លេង​នៅ​ទី​ក្រុង​ហ្វេ ប៉ុន្តែ គ្រា​នេះ​ មើល​ទៅ​ ដំបូង​ឡើយ​ ហាក់​ដូច​ជា​រដ្ឋា​ភិបាល​រង្គោះ​រង្គើ​ញាប់​ញ័រ​ខ្លាំង​ ព្រោះ​រាជ​ការ​ក្រុង​ហ្វេ ដា​ណាំង និង ហោយ​អ័ន រួម​ទាំង​កង​ទ័ព ​១ ក៏​បាន​ចូល​ដៃ​ជា​មួយ​​ព្រះ​​សង្ឃ និង ធ្វើ​ហាក់​ដូច​ជា​ការ​ក្បត់​ចំពោះ​រដ្ឋា​ភិបាល​ ខណ​ពេល​ដែល​និស្សិត​អ្នក​សិក្សា​ចូល​​ទៅ​រឹប​អូស​ស្ថានីយ៍​វិទ្យុ​ក្រុង​ហ្វេ ទាហាន​ដែល​ប្រចាំ​ការ​នៅ​ទី​នោះ​ ក៏​បើក​ផ្លូវ​ឲ្យ​ដូច​ដែល​បាន​ណាត់​គា្ន​ជា​ស្រេច​។​

    ភាគី​នាយ​ពល កៅ ក៊ី ចាប់​ផ្តើម​តប​ត​ដោយ​វិធី​នឹម​នួន ចិត្ត​ត្រ​ជាក់ មាន​ការ​ចរ​ចារ​ជា​មួយ​ ព្រះ​តេជ​គុណ​ទិច ថាម ចូវ ជា​ព្រះ​សង្ឃ​ភាគី​និយម​ការ​ប្រណី​ប្រណម​ និង យល់​ព្រម​តាម​សំណើរ​សូម​ទាំង​ ១០​ខ របស់​ពុទ្ធ​សាស​និក​ ដែល​ជា​នយោ​បាយ​ទាំង​ស្រុង​ មិន​​មាន​រឿង​សាសនា​ សោះ​ឡើយ​ ដូច​ជា​៖​

ខទី ១ ថា គណ​ទាហាន​ នាយក​គ្រប់​គ្រង​ ត្រូវ​ថ្លែង​ឲ្យ​ច្បាស់​ថា​ ខ្លួន​ត្រូវ​ប្រតិ​បត្តិ​នា​ទី គ្រាន់​តែ​ជា​បណ្តោះ​អាសន្ន​ និង​ ដក​ខ្លួន​ចេញ​ភ្លាម​នៅ​ពេល​ដែល​មាន​ការ​បោះ​ឆ្នោត​រដ្ឋ​សភា​។
ខទី ៣ ថា គណ​ទាហាន នាយក​គ្រប់​គ្រង ត្រូវ​តែង​តាំង​គណៈ​កម្មកា​រពង្រៀង​ច្បាប់​ បោះ​ឆ្នោត និង ចាត់​ត្រៀម​ការ​ផ្សេង​ៗ ដើម្បី​មាន​ការ​រៀប​ចំការ​បោះ​ឆ្នោត​។
ខទី ៤ ថា រដ្ឋា​ភិបាល​ត្រូវ​​ដំណើរ​​ការ​គ្រប់​មាគ៌ា​ដែល​ចាំ​បាច់​ ដើម្បី​មិន​ឲ្យ​ពួក​កុម្មុយ​និស្ត និង ពួក​និយម​មជ្ឈឹមា​ មក​ជ្រៀត​ជ្រែក​ចូល​មក​ក្នុង​ដំណែង​ផ្សេង​ៗ​ នៃ​សភា​ដែល​ទទួល​ការ​បោះ​ឆ្នោត​នោះ​។
ខទី ៦ ថា ត្រូវ​គាំ​ទ្រ​ឲ្យ​មាន​ការ​បង្កើត​គណ​បក្សន​យោ​បាយ​។
ខទី ១០ ថា ប្រជា​ជាតិ​ ត្រូវ​រូម​ចិត្ត​ជា​ធ្លុង​មួយ ដើម្បី​បង្រ្កាប​លទ្ធិ​កម្មុយ​និស្ត និង​ លើក​ស្តារ​សន្តិ​ភាព​។

    ទោះ​ជា​យ៉ាង​ណា​ក្តី ពេល​ដែល​ពុទ្ធ​សាស​និក​ស្ងប់​ភ្លាម​ នាយ​ឧត្តម​សនីយ៍ កៅ ក៊ី ក៏​ចាប់​ផ្តើម​សម្រុក​ដោយ​ប្រើ​កម្លាំង​ចូល​ទៅ​រឹប​អូស​កង​ទ័ព​ភាគ​ទី​១ ដែល​ចូល​ដៃ​ជា​មួយ​ពុទ្ធ​សាស​និក រឹប​អូស​ស្ថានីយ៍​វិទ្យុ​មក​វិញ​ រឹប​អូស​ទី​ក្រុង​ដា​ណាំង វត្ត​សំខាន់​ៗ របស់​ក្រុង​នោះ​។ ពេល​ដែល​ពុទ្ធ​សាស​និក​ប្រឆាំង​ ទាហាន​ក៏បង្រ្កាប​យ៉ាង​ដាច់​ខាត​ មាន​មនុស្ស​ស្លាប់ ៨០​នាក់ រង​របួស ៣០០​នាក់​។ ទាហាន​រដ្ឋា​ភិបាល​ត្រូវ​បង្រ្កាប​ទាំង​ទាហាន​ភាគី​ក្បត់​ និង កង​ឈ្លប​កុមារ​ជា​ដើម​។ ត​មក​ពី​ដាណាំង​ ទាហាន​រដ្ឋា​ភិបាល​ក៏​បាន​ចូល​ទៅ​រឹប​អូស​យក​ក្រុង​មក​វិញ ក្មេង​ៗ និង អ្នក​សិក្សា បាន​ដុត​សៀវ​ភៅ​ស្ទើរ​ទាំង​អស់​ក្នុង​បណ្ណា​ល័យ​យ៉ូសិស​ និង​ ដុត​ស្ថាន​កុង​ស៊ុល​អា​មេរិក​។

    នៅ​ពេល​ដែល​ពុទ្ធ​សាស​និក​ភ្លាំង​ភ្លាត់​ ក្លាយ​ជា​អ្នក​ចាញ់​ប្រៀប​ ហើយ​ នឹង អស់​វិថី​តស៊ូ​ហើយ ក៏​បែរ​ត្រឡប់​ទៅ​ប្រើ​វិធាន​ការ​ចាស់​ទៀត​ ឲ្យ​បាន​ដឹង​ថា​រដ្ឋា​ភិបាល​សង្កត់​សង្កិន​ប្រហាត់​ប្រហារ​ គឺ ការ​ដុត​សម្លាប់​ខ្លួន និង ការ​ដើរ​ក្បួន​ ចាប់​ផ្តើម​តាំង​តែ​ថ្ងៃ​ទី ​២៩ ឧសភា មាន​អ្នក​ដុត​សម្លាប់​ខ្លួន​ទាំង​អស់​ដល់​ទៅ​ ៩​ អង្គ​ និង ​រូប មាន​ទាំង​ភិក្ខុ​នី ភិក្ខុ សាម​ណេរ និង​ អ្នក​សិក្សា​ស្រ្តី តែ​គ្រា​នេះ​ សម្លេង​តប​ស្នង​របស់​ប្រជា​ជន ដែល​មាន​ចំពោះ​ការ​ដុត​ខ្លួន​តិច​តួច​ណាស់​។ ជា​ទូ​ទៅ ប្រជា​ជន​មិន​សូវ​មាន​អារម្មណ៍​ប៉ះ​ទង្គិច​ចិត្ត​ ឬ យល់​ចិត្ត​ថ្លើម​ប៉ុន្មាន​ទេ​។ ទាំង​នេះ ​ព្រោះ​មិន​មាន​សារ​ហេតុ​សម​ស្រប​ជា​មួយ​ នឹង ទង្វើ នៅ​ទី​បំផុត​ទាហាន​រដ្ឋា​ភិបាល​ក៏​គ្រប់​គ្រង​ក្រុង​ហ្វេ​បាន​ ហើយ​ត​មក​ ក៏​បាន​ចូល​ទៅ​គ្រប់​គ្រង​ការិ​យា​ល័យ​សភា​គ្រប់​គ្រង​ មជ្ឈឹម​នៃ​សហ​ពុទ្ធ​ចក្រ​វៀត​ណាម​ (Vien Hoa Dao)​។ នៅ​ទី​ក្រុង​សៃ​ហ្គន​បញ្ចប់​វិបត្តិ​បាន​នៅ​ទី​បំផុត​ថ្ងៃទី​ ២៣​មិថុនា​។

    ក្រៅ​ពី​នេះ​ នាយក​រដ្ឋ​មន្ត្រី​ហ្ងៀន​កៅ​ក៊ី ក៏​មាន​សាសន៍​ទៅ​ក្រាប​ទូល​សង្ឃ​នាយក​ ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា រដ្ឋា​ភិបាល​មិន​មាន​ចេតនា​ គាប​សង្កត់​ព្រះ​ពុទ្ធ​សាសនា​ដោយ​ប្រការ​ណា​ឡើយ​ តែ​ដំណើរ​ការ​គ្រប់​យ៉ាង​ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​កម្លាំង​អំណាច​របស់​ជាតិ​ និង​ ការ​រួប​រួម​ក្នុង​ការ​តស៊ូ​ជា​មួយ​ពួក​កុម្មុយ​និស្ត​ ដោយ​ប្រាថ្នា​ នឹង រក្សា​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​។ គេ​រីក​រាយ នឹង សង​ជម្ងឺ​ចិត្ត​ ការ​ខូច​ខាត​ដល់​វត្ត និង ​ផ្ទះ​សម្បែង​រាស្រ្ត​ដែល​អន្ត​រាយ​ និង ​សូម​ឲ្យ​ព្រះ​សង្ឃ​បញ្ឈប់​ការ​ប្រឆាំង​រដ្ឋា​ភិបាល​ តាម​សេច​ក្តី​ចុង​ក្រោយ​ក្នុង​សាសន៍​ថា​៖

   បញ្ឈប់​ទង្វើ​ផ្សេង​ៗ សឹង​មិន​មែន​ត្រឹម​តែ​ការ​ប៉ះ​ទង្គិច​ដល់​អំណាច​របស់​ជាតិ ​និង សមត្ថ​ភាព​នៃការ​ត​ស៊ូ​របស់​ប្រជា​ជន​ទាំង​អស់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នៅ​មាន​ភាព​​អន្តរាយ​ដល់​ព្រះ​ពុទ្ធ​សាសនា​ទៀត​ផង​ សូម​ព្រះ​តេជ​ព្រះ​គុណ​ចូរ​ចម្រើន​ដោយ​សុខ​ភាព​ និង​ កម្លាំង​ពលំ​មាំ​មួន​ ជួយ​រុញ​ច្រាន​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​រុង​រឿង​ត​ទៅទៀត​។

    អ្នក​យក​ពត៌​មាន​អន្តរ​ជាតិ​ដែល​បាន​សង្កេត និង សិក្សា​ស្រាវ​ជ្រាវ​រហូត​ហេតុ​ការណ៍ បាន​បង្ហាញ​មូល​ហេតុ​នៃការ​បរា​ជ័យ ឬ ភាព​ឃ្លេង​ឃ្លោង​នៃ​ការ​តស៊ូ​ របស់​មេ​ដឹក​នាំ​ព្រះ​សង្ឃ​ទាំង​នេះ​ថា​ ក្រៅ​ពី​​ព្រះ​អង្គ​ប៉ាន់​ស្មាន​ខុស​នូវ​ភាព​រឹង​ប៉ឹង​យ៉ាង​ស្អិត​រមួត​របស់​លោក​ ង្វៀន កៅ​ក៊ី និង តាម​មិន​ទាន់​នយោ​បាយ​របស់​គាត់​ហើយ​ ប្រការ​សំខាន់​គឺ ហេតុ​ផល​នៃ​ទង្វើ​ទាំង​នោះ​មិន​អាច​ធ្វើ​ឲ្យ​ប្រជា​ជន​ចំនួន​ច្រើន​យល់​ស្រប​តាម​ និង រញ្ជួល​ចិត្ត​ពួក​គេ​ឲ្យ​មាន​ចិត្ត​សាមគ្គី​រួម​​កម្លាំង​គាំ​ទ្រ​យ៉ាង​ព្រម​ព្រៀង​គ្នា​បាន​ ផ្សេង​ពី​ហេតុ​ការណ៍​កាល​ពី​ ឆ្នាំ ​១៩៦១ សម័យ​រំលំ ង៉ូ ឌិន យីម កាល​នោះ​ ដើម​ហេតុ​ជា​រឿង​ទាក់​ទង​ដល់​សាសនា​ តែ​អ្នក​ដឹក​នាំ​ប្រទេស​ រឹង​ទទឹង​មិន​ព្រម​កែ​ខៃ​ដោយ​ប្រ​ពៃ ទើប​អូស​បន្លាយ​វែង​ឆ្ងាយ​ ក្លាយ​ទៅ​ជា​ហេតុ​នៃ​ការ​តស៊ូ​ខាង​នយោ​បាយ ចំណែក​ហេតុ​ការណ៍​លើក​ក្រោយ​នេះ​ ជា​ករណី​ខាង​នយោ​បាយ​ដោយ​ច្បាស់​ក្រឡែត​ តាំង​ពី​ដើម​មក​ រហូត​ដល់​ឃើញ​ថា នឹង ស៊ូ​គេ​មិន​បាន​ទើប​ព្យា​យាម​ប្រែ​រូប​ឲ្យ​ទៅ​ជា​ការ​តស៊ូ​ដើម្បី​រក្សា​ព្រះ​ពុទ្ធ​សាសនា​។

    ក្រៅ​ពី​នោះ មេ​ដឹក​នាំ​ព្រះ​សង្ឃ​ក៏​បែក​ខ្ញែក​បដិ​​បក្ខ​គ្នា​យ៉ាង​ខ្លាំង​ក្លា ព្រះ​តេជ​គុណ ថិច ត្រី ក្វាង បាន​ប្រ​មូល​កម្លាំង​មនុស្ស​ចូល​តស៊ូ​ ចំណែក​ព្រះ​តេជ​គុណ ថិច ថាម ចូវ ត្រូវ​ការ​ចរ​ចារ​សម្រុះ​សម្រួល​ នៅ​ពេល​ការ​តស៊ូ​ត្រូវ​បរា​ជ័យ​ជា​ស្រេច​ហើយ​ ព្រះ​តេជ​គុណ​ ថិច​ ត្រី​ ក្វាង​ ក៏​ក្លាយ​ជា​លោក​អស់រិទ្ធិ ឬ កញ្ជ្រម​ទៅ​ ចំណែក​ឯ​ព្រះ​តេជ​គុណ ថិច ថាម ចូវ ពេល​ដែល​ព្រះ​តេជ​គុណ ថិច ត្រី ក្វាង ទាល់​ច្រក កំពុង​ នឹង បរាជ័យ​យ៉ាង​ជាក់​ស្តែង​ទៅ​ហើយ​នោះ ក៏​វិភាគ​វិចារណ​តិះ​ដៀល​ព្រះ​តេជ​គុណ​ ថិច ត្រី ក្វាង យ៉ាង​បើក​ចំហ​រហូត​ដល់​ថ្នាក់​ពោល​ថា ព្រះ​តេជ​គុណ ថិច ត្រី ក្វាង គ្មាន​សិទ្ធិ​អ្វី នឹង ទៅ​ជ្រៀត​ជ្រែក​ក្នុង​កិច្ច​ការ​របស់​សភា​គ្រប់​គ្រង​មជ្ឈិម​។

    យ៉ាង​ណា​ក៏​ដោយ ទោះ​បី​មេ​ដឹក​នាំ​ពុទ្ធ​សាស​និក​ក្បាល​រឹង​មិន​ទទួល​បាន​ជោគ​ជ័យ​តាម​គោល​បំណង​របស់​ខ្លួន​ក៏​ដោយ តែ​ក៏​មាន​ផល​ប្រ​យោជន៍​ដល់​ប្រទេស​ជាតិ​ខ្លះ​ដែរ​ គឺ​ជួយ​អូស​ទាញ​កំណត់​វេលា​ធ្វើ​ឲ្យ​លោក​ឧត្តម​សេនីយ៍​ ង្វ៉ៀន កាវ ក៊ី ត្រូវ​រក្សា​សន្យា​ដែល​ នឹង ចាត់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ ចំណែក​ពុទ្ធ​សាស​និក​ក្បាល​រឹង​ឯង​ ក្រៅ​ពី​មិន​មាន​ឱកាស​ប្រើ​ឥទ្ធិ​ពល​របស់​ខ្លួន​ បង្វិល​ការ​បោះ​ឆ្នោត​ឲ្យ​ប្រ​ព្រឹត្ត​ទៅ​តាម​គោល​បំណង​របស់​ខ្លួន​ហើយ​ ក៏​នៅ​មិន​អាច​ជួយ​រួម​ដៃ​គ្នា​គាំ​ទ្រ​ការ​បោះ​ឆ្នោត​ទៀត​ផង​ នៅ​ពេល​បោះ​ឆ្នោត​សមា​ជិក​សភា​បង្កើត​រដ្ឋ​ធម្ម​នុញ​មក​ដល់​ ថ្ងៃ​ទី ១១​កញ្ញា​ សមា​គម​ពុទ្ធ​ចក្រ​វៀត​ណាម​ ធ្វើ​ពហិ​ការ​ការ​បោះ​ឆ្នោត​ និង បញ្ចុះ​បញ្ចូល​សមា​ជិក​របស់​ខ្លួន​មិន​ឲ្យ​ទៅ​បញ្ចេញ​សម្លេង​ តែ​សម្លេង​របស់​ពួក​ព្រះ​សង្ឃ​ធ្វើ​អត្ថា​បដិ​រូប​ក៏​មិន​សូវ​មាន​នរ​ណា​ធ្វើ​តាម​ ផល​នៃ​ការ​បោះ​ឆ្នោត​ប្រាកដ​ថា​ ទាហាន​បាន​ ២០​កៅ​អី អ្នក​ដំណាង​សមាគ​មពុទ្ធ​ចក្រ​វៀត​ណាម​ ដែល​បាន​ជ្រើស​រើស​បែរ​ជា​គ្មាន​សម្លេង​កៅ​អី​មួយ​ណា​ឡើយ​ មាន​តែ​កៅ​អី​ក្នុង​នាម​ពុទ្ធ​សាស​និក​បាន​ ៣៤​កៅ​អី ​សាសនា​​កាតូលិក​បាន​ចំនួន​ ៣០​កៅ​អី​ ជា​គ្រឿង​សម្ដែង​ឲ្យ​ឃើញ​ថា​ សាសនា​កាតូលិក​បាន​មាន​ការ​ចាត់​របៀប​មធ្យោ​បាយ​ដើរ​បាន​សម្រេច​យ៉ាង​គាប់​ប្រ​សើរ​ ពេល​ប្រកាស​លទ្ធ​ផល​ការ​បោះ​ឆ្នោត​រួច​រាល់​ហើយ​លោក​ ង្វ៉ៀន កៅ​កី​ បាន​ថ្លែង​ការ​ប្រាប់​អ្នក​សារ​ពត៌​មាន​អន្តរ​ជាតិ​ថា គាត់​ជឿ​ថា រឿង​ដែល​មាន​ពុទ្ធ​សាស​និក​ជន​ជា​កង​កម្លាំង​នយោ​បាយ​មួយ​ក្រុម​នៅ​វៀត​ណាម​ភាគ​ខាង​ត្បូង​នោះ​ ជា​ការ​បិទ​ឆាក​បញ្ចប់​ទៅ​ចុះ​ ដែល​មាន​ព្យា​យាម​ នឹង រំលំ​របប​របស់​លោក​ឧត្តម​សេនី​ ង្វ៉ៀន កៅ​ក៊ី ក៏​បរា​ជ័យ​យ៉ាង​យ៉ាប់​យ៉ើន​ ហើយ​ដែល​ផ្ទៃ​ក្នុង​របស់​គ្នា​ឯង​ក៏​បែក​បាក់​គ្នា​រហូត​រប៉ាត់​រប៉ាយ​។

    យ៉ាង​ណា​ក៏​ដោយ​ អ្នក​សារ​ពត៌​មាន​ដូច​ជា​លោក​ ឆែក​តើ​រ៍ ជឿ​ថា​ កម្លាំង​ដ៏​ពិត​ប្រាកដ​របស់​ពុទ្ធ​សាស​និក​ជន​ពុំ​បាន​សាប​រលាប​ទៅ​សោះ​ទេ​ កម្លាំង​ដែល​សាប​សូន្យ​អស់​ន័យ​ទៅ​នោះ​ ត្រឹម​តែ​ពល​ពួក​អ្នក​កុប្ប​កម្ម​តស៊ូ​បែប​ចេញ​មុខ​ ស្រែក​ច្រៀង​រាំ​ផ្ដុំ​កម្លាំង​កណ្ដាល​ជំនុំ​ជន​តែ​ប៉ុណ្ណោះ​ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ សម័យ​ព្រះ​សង្ឃ​កេណ្ឌ​ពល​កណ្ដាល​ផ្លូវ​ (Monks and mobs in the street) នោះ​ផុត​សម័យ​ទៅ​ហើយ​ ប៉ុន្តែ​ ឋាន​របស់​វត្ត​ និង​ ព្រះ​សង្ឃ​នៅ​តាម​ភូមិ​ស្រុក​គង់​នៅ​មាន​កម្លាំង​សំខាន់​ ដោយ​សារ​ព្រះ​សង្ឃ​មាន​ការ​បំរុង​​រក្សា​ទុក​នូវ​ភាវ​ ជា​​ឯក​​លក្ខណ៍​​របស់​ខ្លួន​ជា​ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ ហើយ​ផ្សព្វ​ផ្សាយ​បណ្ដាញ​បញ្ញា​ញាណ​ និង ឥទ្ធិ​ពល​នៃ​គុណ​ធម៌​ចេញ​មក​បញ្ចូល​សង្គម​​រួម​ជា​មួយ​កង​កម្លាំង​នៃ​ពុទ្ធ​បរិ​ស័ទ ​ដែល​មាន​វិចា​រណ​ញ្ញាណ​ ព្រោះ​មាន​ប្រ​ជា​ជន​ជា​ច្រើន​ជា​ពុទ្ធ​សាស​និក​ជន​ ជា​កម្លាំង​ទម្រ​​រង​ពី​ខាង​ក្រោយ​ កង​កម្លាំង​ដែល​និយាយ​មក​នេះ​នៅ​មាន​អំណាច​យ៉ាង​សំខាន់​មហិមា​ ដែល​ភាគី​ប្រ​ទេស​គង់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ឬ ពឹង​ពាក់​អាស្រ័យ​ ការ​ដែល​លោក​ ង្វ៉ៀន កៅ​ក៊ី ប្រញាប់​ប្រញាល់​បញ្ជូន​សារ​មក​ទូល​ថ្វាយ​បង្គំ​ព្រះ​សង្ឃ​រាជ​នៃ​សមា​គម​ពុទ្ធ​ចក្រ​វៀត​ណាម​ (ព្រម​ទាំង​ព្រះ​តេជ​ព្រះ ថិច ថាម ចូវ ផង​) ពេល​ដែល​វបត្តិ​បញ្ចប់​ចុះ​ហើយ​ ជា​គ្រឿង​បញ្ជាក់​ឲ្យ​ដឹង​ថា​ សេច​ក្ដី​ដែល​ពោល​មក​នេះ​នៅ​ត្រឹម​តែ​ជា​នាម​ប៉ុណ្ណោះ​។

តទៅលេខ 26