ព្រះពុទ្ធសាសនានៅវៀតណាម(ត)


ថ្ងៃសៅរ៍ ទី9.វិច្ឆិកា 2019.ម៉ោង 13:34

តួនាទីពុទ្ធសាសនិកជន ក្រោយពីការដួលរលំរដ្ឋាភិបាលង៉ោ ​ឌិន​យ៉ីម

    ពេល​រដ្ឋា​ភិបាល​ង៉ោ​ឌិន​យ៉ីម​រលំ​ហើយ​ រដ្ឋា​ភិបាល​ទាហាន​ឡើង​គ្រង​អំណាច​ជំនួស​ ពុទ្ធ​សាស​និក​ក្លាយ​ជា​កម្លាំង​ធំ​ខាង​ផ្លូវ​នយោ​បាយ​បន្ទាប់​ពី​ទាហាន​ និង​ វៀត​កុង​។ ព្រះ​សង្ឃ​ត្រូវ​​ការ​កែ​​ទម្រង់​ ស្តារ​កិច្ច​ការ​ព្រះ​ពុទ្ធ​សាសនា​រួម​ជា​មួយ​ពុទ្ធ​បរិ​ស័ទ​ ឲ្យ​បាន​ជា​ធ្លុង​មួយ​ និង​ ចាត់​តាំង​​អង្គ​ការ​មជ្ឈឹម​ពុទ្ធ​សាស​និក​ ដែល​មាន​របប​ការ​ងារ​កាន់​តែ​មាន​​ប្រសិទ្ធ​ភាព​ខ្លាំង​ឡើង​ ទើប​យល់​​ព្រម​​​ចាត់​ឲ្យ​មាន​ការ​ប្រជុំ​កំពូល​ឡើង​នៅ​វត្ត​សាឡើយ​ ក្នុង​ក្រុង​សៃហ្គន​ រវាង​ថ្ងៃ​ទី ២១​ខែ​ធ្នូ ២៥០៦ ដល់​ ថ្ងៃ​ទី ៣​ខែមករា ២៥០៧ ហៅ​ឈ្មោះ​​ថា “ការ​ប្រជុំ​កំពូល​​ដើម្បី​រួប​​រួម​ពុទ្ធ​​សាស​និ​ក​ជន​វៀត​ណាម​”​។ រដ្ឋា​ភិបាល​វៀត​ណាម​ ដែល​ត្រូវ​ការ​ការ​គាំ​ទ្រ​ពី​​សំណាក់​ពុទ្ធ​បរិ​ស័ទ​ ក៏​បាន​សម្តែង​ការ​​យោគ​យល់​ចិត្ត​ថ្លើម​យ៉ាង​ល្អ​ចំពោះ​ព្រះ​សង្ឃ​។ សមា​គម​​ពុទ្ធ​​សាស​និក​ជន​វៀត​ណាម​ (មហា​​​យាន) គណៈ​សង្ឃ​ថេរ​វាទ​ និង អង្គ​ការ​ពុទ្ធ​សាសនា​ផ្សេង​ៗ​ ក្នុង​ប្រទេស​វៀត​ខាង​ត្បូង​​បាន​​ចូល​​មក​ប្រជុំ​ពិចា​រ​ណា​ប្រឹក្សា​រួម​គ្នា​។ លទ្ធ​ផល​ប្រជុំ​ដែល​សំខាន់​គឺ​ ការ​រួម​​ព្រះ​ពុទ្ធ​​សាសនា​​និកាយ​​មហា​​យាន​ និង ថេរ​វាទ​ ក្នុង​វៀត​ណាម​​ខាង​ត្បូង​ ចូល​ជា​ធ្លុង​មួយ​ ហៅ​ថា “សហ​ពុទ្ធ​​ចក្រ​​វៀត​ណាម​” (The United Buddhist Church of Vietnam សរ​សេរ​កាត់​ថា UBCVN) ​ជាអង្គ​ការ​ដែល​មាន​របប​គ្រប់​គ្រង​ និង ភ្នាក់​ងារ​ផ្សេង​ៗ​ ប្រតិ​បត្តិ​កិច្ច​​ការ​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​បាន​ផល​ល្អ​បំផុត​​ក្នុង​សង្គម​បច្ចុប្បន្ន​ ហើយ​រដ្ឋា​ភិបាល​ក៏​បាន​ប្រ​គេន​ដី​សំរាប់​កសាង​ការិ​យាល័យ​។ អង្គ​ការ​ថ្មីនេះ​ នៅ​​ទី​ក្រុង​សៃហ្គន។​ ការិ​យា​ល័យ​ដែល​កសាង​សម្រេច​ហើយ​ គឺ​មាន​ឈ្នោះ​ថា​ វៀង​ហ្វា​ដៅ​ (Vien Hoa Dao=សភា​គ្រប់​គ្រង​មជ្ឈឹម)​

    កិច្ច​ការ​របស់​សហ​ពុទ្ធ​ចក្រ​វៀត​ណាម​ ប្រព្រឹត្តិ​ទៅ​តាម​លក្ខ​ន្តិកៈ​ ដែល​មាន​បទ​បញ្ញត្តិ​ ១០​ជំពូក​ រួម ៣៦​​មាត្រា (បន្ទាប់​មក​ ព.ស.​២៥០៨​ កែ​ប្រែ​បន្ថែម​ជា​ ៣៧​​មាត្រា)​ តាម​​លក្ខន្តិកៈ​នេះ​ សហ​ពុទ្ធ​ចក្រ​វៀត​ណាម​មាន​សម្តេច​ព្រះ​សង្ឃ​រាជ​ជា​ប្រមុខ​ និង ប្រតិ​បត្តិ​ការ​ងារ​ដោយ​សភា​ពីរ​សភា​គឺ សភា​ជាន់​ខ្ពស់​របស់​គណៈ​សង្ឃ​ (Vien Tang Thong-The Supreme Council of Sangha) សភា​គ្រប់​គ្រង​មជ្ឈឹម​ (Vien Hoa Dao–The Central Executive Council) មាន​សារៈ​សំខាន់​ដែល​គួរ​ នឹង ជ្រាប​គឺ៖​

  1. សភា​ជាន់​ខ្ពស់​របស់​គណៈ​សង្ឃ​ មាន​តួ​នាទី​ផ្នែក​ខាង​នីតិ​បញ្ញត្តិ​ ផ្នែក​វិន័យ​ធរ​ (តុលា​​ការ)​ និង ​គ្រប់​គ្រង​ថែ​រក្សា​របៀប​រៀប​រយ​ផ្ទៃ​ក្នុង​នៃ​គណៈ​សង្ឃ ប្រកប​ដោយ​ភ្នាក់​ងារ​ពីរ​យ៉ាង​គឺ​៖
    1. មហា​ថេរ​សមាគម​ (Assembly of Elders) ប្រកប​ដោយ​ព្រះ​សង្ឃ​ទ្រង់​សមណ​ស័ក្តិ​ជាន់​ខ្ពស់​ និង ព្រះ​មហា​ថេរ​អាយុ ​៤០​ឆ្នាំ វស្សា ២០​ឡើង​ទៅ​ មក​ពី​និកាយ​ទាំង​ពីរ​ (មហា​យាន និង ថេរ​វាទ​) ដែល​សភា​គ្រប់​គ្រង​មជ្ឈឹម​ពិចារ​ណា​នាំ​ក្រាប​ទូល​ស្នើ​សម្តេច​ព្រះ​សង្ឃ​រាជ​ទ្រង់​តែង​តាំង​ យ៉ាង​​តិច​៦០​អង្គ​ គ្រង​ដំណែង​មិន​មាន​កំណត់​វារៈ​។​
    2. ការិ​យាល័យ​លេខា​ធិការ​ ប្រកប​ដោយ​លេខា​ធិការ​ និង ​រង​លេខា​ធិការ​ ដែល​សម្តេច​​ព្រះ​សង្ឃ​រាជ​តែង​តាំង​ពី​មហា​ថេរ​ដែល​ជា​សមា​ជិក​នៃ​មហា​ថេរ​សមា​គម​។​
      សម្តេច​ព្រះ​សង្ឃ​រាជ​ ដែល​ទ្រង់​ជា​ប្រ​មុខ​របស់​សហ​ពុទ្ធ​ចក្រ​វៀត​ណាម​ នាយក​សភា​​ជាន់​​ខ្ពស់​របស់​គណៈ​សង្ឃ​ និង ជា​ប្រធាន​មហា​ថេរ​សមាគម​នោះ​។ មហា​ថេរ​សមា​គម​បោះ​ឆ្នោត​ជ្រើស​រើស​ពី​មហា​ថេរ​សមា​គម​ ដែល​ជា​សមា​ជិក​របស់​មហា​ថេរ​សមា​គម​មាន​អាយុ​ ​៦០​​ឆ្នាំ​ឡើង​ទៅ​ គ្រង​ដំណែង​មួយ​អាណត្តិ​ ៣​ឆ្នាំ​។​ សម្តេច​ព្រះ​សង្ឃ​រាជ​​ដែល​គ្រង​ដំណែង​បន្ត​ទៅ​ទៀត​ ទ្រង់​ឋិត​នៅ​ផ្សេង​និកាយ​ ផ្តោះ​ប្តូរ​គ្នា​ទៅ​ ​និង​ អោយ​មាន​រង​សម្តេច​ព្រះ​សង្ឃ​រាជ​​មួយ​អង្គ​ ដែល​មហា​ថេរ​សមា​គម​បោះ​ជ្រើស​រើស​ពី​មហា​ថេរ​​ ដែល​ជា​សមា​ជិក​មហា​ថេរ​សមា​គម​មាន​គុណ​សម្បត្តិ​ដូច​គ្នា​ នឹង​ សម្តេច​ព្រះ​សង្ឃ​រាជ​ ប៉ុន្តែ​ត្រូវ​ឋិត​នៅ​ក្នុង​និកាយ​ផ្សេង​ពី​សម្តេច​ព្រះ​សង្ឃ​រាជ​។
  2. សភា​គ្រប់​គ្រង​មជ្ឈឹម​ គឺ​ជា​សភា​ជាន់​ខ្ពស់​បំផុត​របស់​គណៈ​សង្ឃ​ ក្រាប​ទូល​សំណើ​​សម្តេច​ព្រះ​សង្ឃ​រាជ​ឲ្យ​ទ្រង់​តែង​តាំង​ មាន​តួ​នាទី​ជា​អង្គ​ជំនួយ​ការ​ ទំនាក់​ទំនង​កិច្ច​ការ​ទាំង​ពួង​របស់​សហ​ពុទ្ធ​ចក្រ​វៀត​ណាម​ ពិសេស​កិច្ច​ការ​របស់​ស្ថា​ប័ន​ពុទ្ធ​សាសនា​ដែល​ជាប់​ទាក់​ទង​ជា​មួយ​រដ្ឋ​ ​និង​ ប្រជា​ជន​ទូ​ទៅ​ប្រកប​ដោយ ​៖
    1. ប្រធាន
    2. រងប្រធាន ២ អង្គ
    3. អធិបតីគ្រប់គ្រង់មន្ទីរ (ការិយាល័យ)
    4. លេខាធិការ
    5. ហេរញ្ញិក
  3. ប្រធាន​សភា​គ្រប់​គ្រង​មជ្ឈឹម​ ដំណើរ​នាទី​ជា​អ្នក​ដំណាង​អោយ​សហ​ពុទ្ធ​ចក្រ​វៀត​ណាម​​ក្នុង​កិច្ច​​ការ​ទូ​ទៅ​។ គ្រប់​ដំណែង​ក្នុង​សភា​គ្រប់​គ្រង​មជ្ឈឹម​ មាន​អាណត្តិ​កាល​ពីរ​ឆ្នាំ​។ អ្នក​​គ្រង​​ដំណែង​ជា​បព្វ​ជិត​ ឬ ជា​គ្រហស្ថ​ក៏​បាន​។ ក្នុង ព.ស.​២៥០៨ កម្ម​ការ​ផ្សេង​ៗ​ មាន​ចំនួន ​៩​កម្ម​ការ (កម្ម​ការ​និមួយ​ៗ​បែង​ចែក​ចេញ​ជា​​សេវា​កម្ម​)​ ​គឺ​៖
    1. គណៈកម្មការសង្ឃ មាន ៤​សេវាកម្ម (គ្រប់គ្រងរក្សាភិក្ខុ ភិក្ខុនី ដូនជី ទាំងនិកាយមហាយាន និង ​ថេរវាទ
    2. គណៈកម្មការផ្សព្វផ្សាយ មាន ៣ សេវាកម្ម
    3. គណៈកម្មការសិក្សា មាន ២ សេវាកម្ម
    4. គណៈកម្មការសង្រ្គោះ មាន​ ៣ សេវាកម្ម
    5. គណៈកម្មការវប្បធម៌ មាន ៣​ សេវាកម្ម
    6. គណៈកម្មការយុវជន មាន ៥ សេវា​កម្ម​៖ សេវា​កម្ម​អង្គ​ការ យុវ​ពុទ្ធិកៈ​, សេវា​កម្ម​សិស្ស​​និស្សិត​ អ្នក​សិក្សា​ជា​ពុទ្ធ​សាស​និក​, សេវា​កម្ម​យុវ​ជន, សេវា​កម្ម​យុវ​ពុទ្ធ​អ្នក​ស្ម័គ្រ​ចិត្ត, សេវា​កម្ម​កង​​ការ​ពារ​ពុទ្ធ​សាសនិក​
    7. គណៈកម្មការសាសនសម្បត្តិ មាន ២ សេវាកម្ម
    8. គណៈកម្មការ នវ​កម្ម មាន ២ សេវា​កម្ម (ការ​កសាង និង ជួស​ជុល ទាក់​ទង​ នឹង សាសនា​ សង្គម និង វប្ប​ធម៌)
    9. គណ​កម្ម​ការ​គ្រហស្ថ​ជន មាន ៣ សេវា​កម្ម ៖ សេវា​កម្មគ្រហស្ថ ឧត្តរ​និកាយ​ សេវា​កម្ម​គ្រហស្ថ​ទក្ខិ​ណា​និកាយ សេវា​កម្ម​ពុទ្ធ​សមា​គម​ផ្នែក​ខាង​គ្រហស្ថ)​

    ការ​គ្រប់​គ្រង​ក្នុង​មូល​ដ្ឋាន​ចែក​ចេញ​ជា​ភាគ (៨ ភាគ) ខេត្ត (៥២ ខេត្ត) ស្រុក (២៥៨ ស្រុក) និង ឃុំ (២១៩១ ឃុំ) មាន​អ្នក​គ្រប់​គ្រង​ភាគ និង គណ​កម្មការ​សាសន​កិច្ច​ខេត្ត​ គណៈ​កម្ម​ការ​សាសន​កិច្ច​ស្រុក និង គណៈ​កម្ម​ការ​សាសន​កិច្ច​ឃុំ ទទួល​តួ​នាទី​តាម​លំដាប់​។ សំរាប់​លំដាប់​ខេត្ត​ និង ស្រុក​នោះ​ គណ​កម្មការ​មាន​រូប​រាង​ចម្លង​បែប​សភា​គ្រប់​គ្រង​មជ្ឈឹម​ គឺ​មាន​អ្នក​ដំណាង​ទទួល​ខុស​ត្រូវ​ការ​ងារ​របស់​គណ​កម្ម​ការ​នីមួយ​ៗ​ រួម​នៅ​ក្នុង​គណ​កម្មការ​ផង​ ប៉ុន្តែ​គណៈ​កម្ម​ការ​​សាស​និក​​ឃុំ មាន​ត្រឹម​តែ​ប្រធាន​ អនុ​ប្រធាន​ លេខា និង ហេរញ្ញិក​ និង អនុ​ហេ​រញ្ញិក​ ព្រម​ជា​មួយ​ទី​ប្រឹក្សា​ ៤​រូប/អង្គ​ប៉ុណ្ណោះ​។ គណ​កម្មការ​សាសន​កិច្ច​ ៣​លំដាប់​នេះ​ ស្មើ​ នឹង សភា​គ្រប់​គ្រង​មជ្ឈឹម​នៃ​មូល​ដ្ឋាន​ បំពេញ​តួ​នាទី​ជា​សាខា​របស់​គណ​កម្មការ​ទាំង ​៩ ក្នុង​លំដាប់​ខេត្ត​ ស្រុក ​និង ឃុំ ចំណែក​​កិច្ច​ការ​របស់​ពុទ្ធ​សាស​និក​វៀត​ណាម​នៅ​ក្រៅ​ប្រទេស​ ក៏​មាន​ភ្នាក់​ងារ​ពិសេស​ទទួល​ខុស​ត្រូវ​ ខុស​​ពី​នេះ​ទៅ​ហៅ​ថា​ ក្រុម​ការ​បរ​ទេស​ មាន​ការិ​យា​ល័យ​ធំ​នៅ​ក្រុង​បារីស​ បែង​ការ​ងារ​ជា ១១​ផ្នែក​ តាម​ចំនួន​ប្រទេស​ដែល​ពាក់​ព័ន្ធ​ គឺ​បារាំង​សេស​ អាល្លឺ​ម៉ង់ ជប៉ុន ឥណ្ឌា អង់​គ្លេស​ សហ​រដ្ឋ​អា​​មេរិក ប្រទេស​ថៃ លាវ​ កម្ពុជា ស្វីស និង កាណា​ដា​។​

    ពេល​ពិចា​រណា​មើល​នូវ​របប​ការ​ចាត់​តាំង​នេះ ​ទើប​នឹង​យល់​បាន​ថា​ ការ​កំណត់​ល័ក្ខ​​ខន្តិកៈ​ គង់​ នឹង បាន​សិក្សា​ប្រៀប​ធៀប​របប​គណ​សង្ឃ​ ក្នុង​ប្រទេស​ថៃ​បាន​យ៉ាង​ល្អ​ ទើប​បាន​កែ​ទម្រង់​កំណត់​រូប​បែប​ឡើង​ថ្មី​ ឲ្យ​សម​ស្រប​ជា​មួយ​គោល​ដៅ​ចំពោះ​ នឹង សភាព​ការណ៍​របស់​ប្រទេស​វៀត​ណាម​ (មើល​ទៅ​ហាក់​បី​ដូច​ជា​មាន​ចំណែក​ការ​រួម​ប្រកប​របស់​ថៃ​ និង​ កូរ៉េ​ផ្សំ​ផ្គុំ​ជា​ច្រើន​)​។ ចាត់​បាន​ថា​ ជា​របប​ឈាន​មុខ​គួរ​សម​ដែរ​​ មាន​បណ្តាញ​ការ​ងារ​ទូលំ​ទូលាយ​ជាង​របប​របស់​ប្រទេស​ដទៃ​ៗ​ទៀត​ ប្រសិន​បើ​ចាត់​បាន​ពេញ​រូប​បែប​ ក៏​អាច​ នឹង ធ្វើ​ឲ្យ​កិច្ច​ការ​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ប្រ​ទេស​វៀត​ណាម​ មាន​លក្ខណ​ ប្រហាក់​ប្រ​ហែល​ជា​រដ្ឋ​ឯក​រាជ្យ​ បង្កើត​ឡើង​ជា​ឯក​ទេស​មួយ​ថ្មី​ គឺ​ប្រទេស​វៀត​ណាម​ភាគ​ខាង​ត្បូង​។

    លក្ខណ​បែប​នេះ​គង់​មាន​គតិ ២​យ៉ាង​គឺ ជា​របប​រួម​ផ្សំ​ជា​មួយ​រដ្ឋ​ បើ​មិន​ជា​​ដូច្នោះ​ទេ​ក៏​ក្លាយ​ជា​របប​ដែល​ដណ្តើម​អំណាច​របស់​រដ្ឋ​។​ របប​បញ្ញត្តិ​នេះ​ មើល​សើៗ​ក៏​មាន​រចនា​​សម្ព័ន្ធ​ដូច​ នឹង ការ​របប​គ្រប់​គ្រង​គណ​សង្ឃ​ក្នុង​ប្រទេស​ថៃ ​និង​ នៅ​មាន​ចំ​ណែក​ប្រកប​បន្ថែម​ពិសេស​ទៅ​ទៀត​ ដែល​អាច​ នឹង ចាត់​បាន​ថា​ ជា​វិវឌ្ឈនា​ការ​ឈាន​មុខ​ទៀត​​ក៏​បាន​ ប៉ុន្តែ​បើ​ពិចា​រណា​សភាព​បរិស្ថាន​ជុំ​វិញ​​ហើយ​ នឹង ឃើញ​ថា​ ​វា​មាន​ភាព​ខុស​គ្នា​ដ៏​សំខាន់​មួយ​ចំនួន​ ដែល​ជា​ទូ​ទៅ​អាច​ នឹង ជឿ​បាន​ថា​ ជា​ចំណុច​ទន់​ខ្សោយ​បាន​គឺ​៖​

    ប្រការ​ទី​មួយ​៖ របប​នៅ​ប្រ​ទេស​ថៃ ​ជា​ការ​ចាត់​តាំង​ដោយ​អំណាច​រដ្ឋ​ ភាគី​និតិ​​បញ្ញត្តិ​ពង្រៀង​ឡើង​ជា​ច្បាប់​ ធ្វើ​អោយ​កិច្ច​ការ​ព្រះ​ពុទ្ធ​សាសនា​ដែល​មាន​លក្ខណ​ចូល​​ក្នុង​​បរិ​បទ​ត្រឹម​ត្រូវ​នៅ​ក្នុង​របប​ទាំង​ស្រុង​ មិន​មាន​ខ​លើក​លែង​ មិន​ឋិត​នៅ​ក្នុង​ភាព​ស្ម័គ្រ​​ចិត្ត​ ឬ​មិន​មែន​តែ​របប​របស់​វៀត​ណាម​តាម​បទ​បញ្ញត្តិ​នេះ​។ ពុទ្ធ​សាស​និក​ក្រុម​ផ្សេង​ៗ​ ​បាន​យល់​ព្រម​រួម​មតិ​គ្នា​ចាត់​តាំង​ឡើង​ឯង​ ក្រុម​ណា​ស្ម័គ្រ​ចិត្ត​ក៏​ព្រម​ទទួល​ចូល​រួម​ ក្រុម​​ណា​មិន​ស្ម័គ្រ​ចិត្ត​ក៏​មិន​ព្រម​ទទួល​យក​ និង​ មិន​ចូល​រួម​ ហើយ​​មិន​​អាច​បង្គាប់​បញ្ជា​​បាន (ហើយ​ការ​ពិត​ទៅ​ក៏​ប្រាកដ​ថា​ ក្រុម​ពុទ្ធ​សាស​និក​វៀត​ណាម​មួយ​ចំនួន​ មិន​បាន​ចូល​រួម​របប​របស់​សហ​ពុទ្ធ​ចក្រ​នេះ​ក៏​មាន)​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ របប​នេះ​ប្រសិន​បើ​ក្រុម​ទាំង​អស់​ព្រម​ព្រៀង​គ្នាជា​ធ្លុង​មួយ​ (ដែល​ប្រព្រឹត្តិ​ទៅ​បាន​ដោយ​លំបាក)​ ឬ​ អាច​ធ្វើ​អោយ​ប្រជា​ជន​ព្រម​ទទួល​គោរព​ដោយ​ពិត​ប្រាកដ​ ក៏​អាច​ត្រឡប់​មក​មាន​អំណាច​រឹង​ប៉ឹង​ជាង​រដ្ឋ​ចាត់​តាំង​ឡើង​ទៅ​ទៀត​។​

    ប្រការទីពីរ ៖​ តាម​របប​បទ​បញ្ញត្តិ​នេះ​ មិន​បាន​បង្ហាញ​ច្បាស់​ដល់​ប្រព័ន្ធ​ពត៌​មាន​ ឬ​ វិធី​ប្រព្រឹត្តិ​ក្នុង​ការ​ទំនាក់​ទំនង​ (សម្ព័ន្ធ) ឬ សហ​ការ​ជា​មួយ​រដ្ឋា​ភិបាល​ ឱកាស​ដែល​ការ​មិន​យល់​ចិត្ត​គ្នា​ ទាស់​ទែង​គ្នា​ ឬ​ប្រជែង​អំណាច​គ្នា​ រដ្ឋា​ភិបាល​ ទើប​វា​កើត​ឡើង​បាន​ ដោយ​ងាយ​​។ ខុស​ពី​របប​សង្គម​សង្ឃ​ថៃ​ ដែល​មាន​វិថី​ដូច​គ្នា​នេះ រហូត​ដល់​ទាំង​ប្រព័ន្ធ​ចាត់​តាំង​តែ​ពី​ដំណែង​ប្រមុខ​របស់​គណ​សង្ឃ​ ដែល​រដ្ឋ​ជា​អ្នក​ទទួល​រ៉ាប់​រង​ដោយ​រដ្ឋ​ ​ដោយ​ការ​ដែល​ព្រះ​មហា​ក្សត្រ​ទ្រង់​តែង​តាំង​សម្តេច​ព្រះ​សង្ឃ​រាជ​ ​និង​ ក្នុង​ការ​ដំណើរ​ការ​ ក៏​មាន​រួម​ចំណែក​របស់​រាជ​ការ​ ដែល​តែង​តាំង​ឡើង​ដើម្បី​បំពេញ​នាទី​នេះ​ ជា​ពិសេស ​គឺ​ គណ​កម្ម​ការ​សាសនា​ ដើរ​តួ​នាទី​ជា​កណ្តាល​រវាង​រដ្ឋា​ភិបាល​ និង ​គណ​សង្ឃ​ ​និង​ ជា​​វេយ្យា​វច​ករណ៍​របស់​គណៈ​សង្ឃ​។

    ប្រការទី៣៖ របប​របស់​គណ​សង្ឃ​វៀត​ណាម​ភាគ​ខាង​ត្បូង​ ខ្វះ​បទ​ពិសោធន៍​ ខ្វះ​ការ​ទំលាប់​ ឬ​ យ៉ាង​ហោច​ណាស់​ខ្វះ​ប្រពៃណី​ ដែល​ជាប់​ជា​តំណរ​ត​មក​។ ជាប់​ទាក់​​ទង​ការ​ដំណើរ​ការ​ដំកល់​ខ្លួន​ក្នុង​ចំណោម​របប​របស់​រដ្ឋាភិ​បាល​ ខុស​ពី​របប​របស់​គណ​សង្ឃ​ថៃ​ ដែល​មាន​ប្រពៃ​ណីផ្នែក​នេះ​ ជាប់​ជា​តំណ​ត​មក​ រហូត​ដល់​បាន​ចង​សម្ព័ន្ធ​ភាព​ស្ទើរ​គ្រប់​យ៉ាង​ចុះ​សម្រុង​គ្នា ​កើត​ជា​ទំនៀម​ទំលាប់​ផ្សេង​ៗ​ សន្តោង​គ្នា​ជា​ខ្សែ​ទូ​ទៅ​គ្រប់​អស់​។​ សភាព​បែប​នេះ​ មាន​ទាំង​ចំណុច​ល្អ ​និង ចំណុច​អាក្រក់​ យ៉ាង​ហោច​ណាស់​ ក៏​រឿង​ដែល​ចាប់​ផ្តើម​ថ្មី​រមែង​តម្រូវ​ទៅ​ នឹង សភាព​ការណ៍​បច្ចុប្បន្ន​ប្រសើរ​ជាង​ ប៉ុន្តែ​ក៏​មាន​ឱកាស​ជះ​ឥទ្ធិ​ពល​ ធ្វើ​ឲ្យ​កើត​មាន​ការ​សង្ស័យ​ ឬ ការ​មិន​យល់​ចិត្ត​គ្នា​បាន​កាន់​តែ​ងាយ​ជាង​ ទោះ​​យ៉ាង​ណា​ក៏​ដោយ​ ក៏​គង់​ នឹង ត្រូវ​ទទួល​ស្គាល់​ថា​ នៅ​ក្នុង​របប​នោះ​ឯង​ ដូច​ជា​​ការ​​ចាត់​​ហេដ្ឋា​​​រចនា​សម្ព័ន្ធ​ រាប់​បាន​ថា​ល្អ​ប្រ​សើរ​ណាស់​ អំណោយ​ផល​ដល់​ការ​គ្រប់​គ្រង​ការ​ងារ​ យ៉ាង​មាន​ប្រសិទ្ធ​ភាព​ សម​នឹង​​របប​ដែល​ត្រូវ​បាន​កែ​ទម្រង់​ឡើង​ជា​ថ្មី​ ពី​របប​របស់​ប្រទេស​ផ្សេង​ៗ​ ដែល​មាន​មក​ពី​មុន​។