ព្រះពុទ្ធសាសនានៅវៀតណាម(ត)

ថ្ងៃសៅរ៍ ទី2.វិច្ឆិកា 2019.ម៉ោង 8:46

ការអាំងសាច់សុទ្ធរបស់ព្រះតេជគុណក្វាងឌឹក

    “ប្រវត្តិ​ល្អ​របស់​ពួក​ពុទ្ធ​សាស​និក​មាន​ត្រឹម​តែ​ម្យ៉ាង​គឺ​ ការ​អាំង​សាច់​សុទ្ធ​របស់​ព្រះ​ តេជ​គុណ​ក្វាង​ឌឹក​ ពពួក​នេះ​មិន​បាន​ធ្វើ​អ្វី​ ឲ្យ​កើត​ការ​ចំរើន​ឈាន​មុខ​ដល់​ប្រទេស​ជាតិ​ឡើយ​ មិន​ថា​ខាង​សតី​បញ្ញា​ ខាង​វិជ្ជា​ការ​ ឬ ខាង​សេដ្ឋ​កិច្ច​ក៏​ដោយ ពួក​ពុទ្ធ​សាស​និក​បាន​​តែ​ម្យ៉ាង​គឺ​ ជា​តួ​ឧប​សគ្គ​។​ ពួក​នេះ​មិន​មាន​ការ​រួម​ចំណែក​ជួយ​អ្វី​សោះ​ឡើយ​”​។

    ចំណែក​ឯ​មា​ដាម​ញ៉ូ​នោះ​ ដល់​ថ្នាក់​ពោល​ថា​ “ប្រ​សិន​បើ​មាន​ព្រះ​សង្ឃ​អាំង​សាច់​ សុទ្ធ​ទៀត​ នាង​ខ្ញុំ​នឹង​ទះ​ដៃ​ជូន​” សម្តី​របស់​នាង​ ជា​ការ​ចុច​រងើក​ភ្លើង​ឲ្យ​ឆេះ​ឡើង​។ ង៉ោ​ឌឹន​ញ៉ូ​ ប្រាប់​អ្នក​ពត៌​មាន​បរ​ទេស​ថា ​“សេច​ក្តី​ថ្លែង​ការណ៍​រួម​របស់​រដ្ឋា​ភិបាល​នោះ​ ជា​​ការ​កែ​បញ្ហា​គ្រប់​យ៉ាង​ហើយ​ មិន​មាន​ហេតុ​ផល​ណា​ៗ​ ទៀត​ ដែល​ពួក​ពុទ្ធ​សាស​និក​ នឹង ដំណើរ​ក្បួន​ការ​ខុស​ច្បាប់​ត​ទៅ​ ប្រសិន​បើ​រដ្ឋា​ភិបាល​មិន​មាន​សមត្ថ​ភាព​រក្សា​សណ្តាប់​ធ្នាប់​បាន​ រដ្ឋា​ភិបាល​ដែល​ចូល​មក​ថ្មី​ ក៏​ នឹង សង្កត់​សង្កិន​ពួក​ពុទ្ធ​សាស​និក​ ព្រោះ​ពេល​​នេះ​គ្រប់​គ្នា​ប្រ​ឆាំង​ចំពោះ​ពុទ្ធ​សាស​និក​អស់​ទាំង​នោះ​ គ្រប់​គ្នា​មិន​យល់​ស្រប​ជា​មួយ​ព្រះ ​សង្ឃ ​៥-​៦​អង្គ​ ដែល​មិន​មែន​ជា​ដំ​ណាង​របស់​នរ​ណា​ឡើយ”​​។

    តែ​ស្ថាន​ការណ៍​ពិត​ប្រាកដ​ក្លាយ​ជា​ថា​ រដ្ឋា​ភិបាល​នៅ​មិន​ទាន់​បាន​ដោះ​លែង​មនុស្ស​ ចំនួន​ច្រើន​ទៀត​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​តាំង​តែ​ពី​គ្រា​ដើរ​ក្បួន​។​ រដ្ឋា​ភិបាល​នៅ​បាន​ចាប់​មេ​ដឹក​នាំ​ពុទ្ធ​សាសនា​តាម​ចិត្ត​ចង់​ ហើយ​ហាម​មិន​ឲ្យ​ពុទ្ធ​សាស​និក​ទៅ​ប្រកប​ពិធី​ ឯ​វត្ត​ក្នុង​ជន​​បទ​​។ ព្រះ​ថេរៈ​ប្រ​មុខ​សង្ឃ​ មាន​លិខិត​ជូន​ដំណឹង​រឿង​នេះ​ ទៅ​កាន់​ប្រធានា​ធិប​តី​ៗ ក៏​បដិ​សេធ​ ទើប​មាន​ការ​ជូន​ដំណឹង​គ្នា​ឲ្យ​បាន​ជ្រាប​ថា​ ការ​ព្រម​ព្រៀង​បាន​បរា​ជ័យ​ រដ្ឋា​ភិបាល​មិន​បាន​បដិ​បត្តិ​តាម​ការ​ព្រម​ការ​ព្រម​ព្រៀម​នោះ​ឡើយ​ នៅ​ពេល​ដែល​ដូច្នេះ​ ការ​ដើរ​ក្បួន​របស់​ពុទ្ធ​សាស​និក​ក៏​ចាប់​ផ្តើម​ទៀត​នៅ​ថ្ងៃ​ទី​ ១៦​កក្កដា​ ហេតុ​ការណ៍​ចលា​ចល​ បាតុ​​កម្ម​ និង ការ​បង្រ្កាប​ដំណើរ​ការ​ត​ទៅ​ទៀត​។​

    ចូរ​សង្កេត​ថា នៅ​ពេល​នេះ​សាសន​ចក្រ​រ៉ូម៉ាំង​កាតូ​លិក បាន​ប្រកាស​ហើយ​ថា​ មិន​​បាន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ការ​បដិ​បត្តិ​របស់​រដ្ឋា​ភិបាល​ង៉ោ​ឌិន​យ៉ីម​ ក្នុង​ការ​គាប​សង្កត់​ពុទ្ធ​សាស​​និក​​ទេ ព្រោះ​អង្គ​សន្និ​បាត​បាបា​នៅ​ទី​ក្រុង​រ៉ូម​ ទ្រង់​អាម៉ាស់​ចំពោះ​ទង្វើ​របស់​រដ្ឋា​ភិបាល​ នោះ​​សូម្បី​មជ្ឈ​ដ្ឋាន​សាសនា​កាតូ​លិក​ក្នុង​វៀត​ណាម​ឯង​ ក៏​បំបែក​ខ្លួន​មិន​ឲ្យ​ពាក់​ព័ន្ធ​ដែរ​។ លោក​អាចារ្យ​ម្នាក់​បាន​ពោល​ថា “ការ​តស៊ូ​របស់​ពុទ្ធ​សាស​និក​ មិន​មាន​ចេតនា​​ប្រ​ឆាំង​ចំពោះ​សាសន​ចក្រ​កាតូ​លិក​ទេ​ តែ​ប្រឆាំង​ចំពោះ​រដ្ឋា​ភិបាល​ ដែល​ចៃ​ដន្យ​មាន​កាតូ​លិក​សាស​និក​នៅ​រួម​ជា​មួយ​ប៉ុណ្ណោះ​ឯង​”​។

    ត​មក​ដល់​សប្តាហ៍​ចុង​ក្រោយ​បំផុត​នៃ​ខែ​សីហា​ អនុ​ប្រធានា​ធិបតី​ បាន​ជូន​ដំណឹង​​ផ្តល់​ការ​ប្រាកដ​ចិត្ត​ដល់​ពុទ្ធ​សាស​និក​ថា រដ្ឋា​ភិបាល​មាន​ក្តី​ប្រាថ្នា​យ៉ាង​ពិត​ប្រាកដ​ដែល​ នឹង សម្រប​សម្រួល​ជា​មួយ​ពុទ្ធ​សាស​និក​ ហើយ​នឹង​ បង្កើត​គណៈ​កម្ម​ការ​ស៊ើប​អង្កេត​​បណ្តឹង​ផ្សេង​ៗ​ របស់​ពុទ្ធ​សាស​និក​។​ ពេល​នេះ​គ្រប់​យ៉ាង​ ហាក់​បី​ដូច​ជា​រៀប​រយ​ មន្ត្រី​​ស្ថាន​ទូត​អាមេ​រិក​ ដល់​ថ្នាក់​ជូន​ដំណឹង​ដល់​អ្នក​សារ​ពត៌​មាន​ដោយ​ប្រាកដ​ចិត្ត​ថា​ គ្រប់​គ្នា​បាន​យល់​ព្រម​រួច​រាល់​អស់​ហើយ​ តាម​នយោ​បាយ​សម្រប​សម្រួល​។

    ស្រេច​ហើយ​ដោយ​មិន​មាន​នរ​ណា​គិត​ ក្នុង​ថ្ងៃ​ទី​ ៣​សីហា មាដាម​ញ៉ូ តែង​ខ្លួន​ដោយ​សំពត់​មាន​ពណ៌​ចីវរ​ ឡើង​ថ្លែង​បក​ស្រាយ​នៅ​មុខ​សាលា​ក្រុង​សៃ​ហ្គន​ វាយ​ប្រហារ​ពុទ្ធ​សា​ស​និក​យ៉ាង​ខ្លាំង​ជា​ទី​បំផុត​ ចាប់​ផ្តើម​តាំង​តែ​កើត​វិបត្តិ​ នាង​ពោល​ថា “ការ​បង្ក​ការ​រំខាន​របស់​ពុទ្ធ​សាស​និក​ ជា​ការ​ទុយ៌ស​ ថោក​ទាប​ អាក្រក់​អាស្រូវ​។ ពុទ្ធ​សាស​និក​ធ្វើ​មាយា​ បោក​បញ្ឆោត​ថា​​ ខ្លួន​ត្រូវ​វាយ​ប្រហារ​ កុហក​បាន​ ក៏​តែ​អ្នក​ដែល​ចង់​ត្រូវ​កុហក​ប៉ុណ្ណោះ​ ទង្វើ​របស់​ពុទ្ធ​សាស​និក បន្ទាប​កិត្តិ​យស​របស់​ពុទ្ធ​សាសនា​ឲ្យ​ចុះ ឲ្យ​បាន​ត្រឹម​តែ​លទ្ធិ​​មាយា​កុហក​ ឬ លទ្ធិ​បញ្ឆោត​ពិភព​លោក​។​ ពួក​ពុទ្ធ​សាស​និក​នាំ​យក​ឧបាយ​កល​ ដែល​​គួរ​ឲ្យ​ស្អប់​ខ្ពើម​ជា​ទី​បំផុត​របស់​ពួក​កម្មុយ​និស្ត៍​មក​ប្រើ​”​។

    វាទៈ របស់​មាដាម​ញ៉ូ​គ្រា​នេះ​ ធ្វើ​ឲ្យ​ពុទ្ធ​សាស​និក​ចលនា​ទៀត​ ហើយ​ធ្វើ​ឲ្យ​មេ​​ដឹក​​នាំ​ពុទ្ធ​សាសនា​ជឿ​ជាក់​ថា​ ការ​ធ្វើ​ឥរិយា​បថ​ នឹង សម្រប​សម្រួល​របស់​រដ្ឋា​ភិបាល​ គ្រាន់​​តែ​ជា​វាំង​នន​រាំ​មិន​ឲ្យ​មាន​ការ​បាតុ​កម្ម​របស់​ពុទ្ធ​សាស​និក​ អន់​កម្លាំង​ចុះ​ប៉ុណ្ណោះ​ ការ​ជួប​ជុំ​បាតុ​កម្ម​ ការ​ដើរ​ក្បួន​ និង ការ​ប្រើ​កម្លាំង​ទាហាន​បង្ក្រាប​ដំណើរ​ការ​ត​ទៅ​ទៀត​ ហើយ​មាន​ការ​ដុត​ខ្លួន​ថែម​ទៀត​ ដោយ​ក្នុង​អំឡុង​ថ្ងៃ​ទី ៤-១៦ សីហា ដល់ ៤​អង្គ​ជា​ភិក្ខុ ២​អង្គ (អាយុ​២៤ និង ៧១​ឆ្នាំ)​ សាម​ណេរ ១​អង្គ (អាយុ ១៩​ឆ្នាំ) និង ដូជី ១​រូប (អាយុ ២០​ឆ្នាំ) មិន​រាប់​អ្នក​សិក្សា​ស្រី​អាយុ ១៨​ឆ្នាំ ​នៃ​មហា​វិទ្យា​ល័យ​ហ្វេ​មួយ​នាក់​ទៀត​ ដែល​ប្រើ​ពូ​ថៅ​ ចិញ្ច្រាំមក​ដៃ​របស់​ខ្លួន​ ប្រឆាំង​ការ​ធ្វើ​ទារុណ​កម្ម​របស់​រដ្ឋា​ភិបាល​ ហើយ​បាន​មរណ​ភាព​ក្នុង​ពេល​បន្ទាប់​មក​។

    ង៉ោឌឹនញ៉ូ ប្រតិ​បត្តិ​ការ​បន្ត​ទៅ​ ដោយ​វិធី​វាយ​ប្រហារ​តាម​បែប​ខ្សែ​អា​កាស នៅ​ពេល​អធ្រាត្រ​នៃ​ថ្ងៃ​ទី ២០​ ត​ជា​មួយ​ថ្ងែ​ទី ២១ ​សីហា កង​កម្លាំង​ពិសេស​របស់​ពួក​គេ ចលនា​ចូល​ទៅ​វត្ត​សា​លើយ សម្រុក​ឆ្លង​លួស​បន្លា​ចូល​ទៅ​ ទំលាយ​ទ្វារ​កុដិ​ព្រះ​សង្ឃ និង​ ផ្ទះ​ដូន​ជី​ អូស​ទាញ​ខ្លួន​ និង​​ ប្រើ​កំភ្លើង​គំរាម​ ចាប់​ខ្លួន​ទៅ​ឡើង​ឡាន​។​ សូរ​សម្លេង​កំ​ភ្លើង​លាន់​​ឮ​កង​រំពង​ លាយ​លំ​ជា​មួយ​សម្លេង​ព្រះ​សង្ឃ​ស្រែក​ថ្កោល​ សម្លេង​យំ​របស់​ដូន​ជី ត​ដោយ​សម្លេង​ក្តុង​ក្តាំង​នៃ​ទ្វារ​ខាង​មុខ​ វត្ថុ​ គ្រឿង​ប្រើ​ប្រាស់​ ដែល​ត្រូវ​ទាហាន​បុក​ទម្លាយ​ បន្លឺ​ឡើង​មក​បះ​ជា​មួយ​សម្លេង​ថ្កោល​ និង​ សម្លេង​ទ្រហោ​យំ​។​ ក្រៅ​ពី​វត្ត​សាលើយ​ហើយ រដ្ឋា​ភិបាល​បាន​ដំណើរ​ការ​ឡោម​ព័ទ្ធ​ចាប់​យ៉ាង​ទារុណ​ ដូច​ជា​នៅ​វត្ត​ផ្សេង​ៗ​ ទី​ក្រុង​សៃហ្គន​ (ព្រៃ​នគរ)​ ទៀត​៥ ​វត្ត រី​ឯ​ទី​ក្រុង​ហ្វេ​ រដ្ឋា​ភិបាល​បាន​បញ្ជូន​ក្រុម​ទាហាន​ចូល​ទៅ​គ្រប់​គ្រង​ ​និង​ សម្រុក​ចូល​វាយ​ប្រហារ​វត្ត​តូដាម​។ ប្រជា​ជន​ភ្ញាក់​ផ្អើល​កើត​ចលា​ចល​នាំ​គ្នា​រត់​​ចេញ​មក​ពាស​ពេញ​ដង​ផ្លូវ​ ដោយ​ជាប់​មក​ជា​មួយ​នូវ​ឆ្នាំង​​ផង​ខ្ទះ​ផង​ វាយ​ជា​សញ្ញា​ប្រាប់​អាសន្ន​អន្ត​រាយ​។ ប្រធានា​ធិបតី​ ប្រកាស​សង្រ្គាម​ទូ​ទាំង​ប្រទេស​។ ព្រឹក​ឡើង​ប្រជា​រាស្រ្ត​ ៥​ពាន់​នាក់​ ក៏​តាំង​ក្បួន​បាតុ​កម្ម​តាម​ដង​មហា​វិថី​ ទាហាន​បាញ់​គំរាម​ដេញ​ និង​ ចាប់​ក្រុម​បាតុ​ករ​ឡើង​ឡាន​ទៅ​។ តាម​ទី​ក្រុង​ផ្សេង​ៗ​ ដូច​ជា​ដា​ណាំង​ គ្វីញ៉ើង​ ក្វាង​ទ្រី​ ជា​ដើម​ មាន​ពុទ្ធ​បរិស័ទ​តាំង​ក្បួន​បាតុ​កម្ម​ ហើយ​ទាហាន​ក៏​បាន​ចូល​ទៅ​ចាប់​គ្រប់​កន្លែង​។

    ក្នុង​ថ្ងៃទី​ ២១ ខែ​សីហា​ ក្រសួង​ការ​បរ​ទេស​សហ​រដ្ឋ​អា​មេរិក​ បាន​ចេញ​ថ្លែង​ការណ៍​ មិន​​យល់​ស្រប​ជា​មួយ​ការ​ប្រតិ​បត្តិ​ការ​គាប​សង្កត់​របស់​រដ្ឋា​ភិបាល​វៀត​ណាម​ភាគ​ខាង​ត្បូង និង​ បាន​ផ្តន្ទារ​ទោស​រដ្ឋាភិ​បាល​វៀត​ណាម​ខាង​ត្បូង​ ដែល​មិន​បាន​ប្រតិ​បត្តិ​ការ​តាម​សំណើរ​របស់​សហ​រដ្ឋ ​ដែល​ឲ្យ​ប្រណី​ប្រណម​គ្នា​។ ទន្ទឹម នឹង​ នេះ​ដែរ​ ប្រធា​នា​ធិបតី​គែ​ណេ​ឌី​ក៏​បាន​បញ្ជា​អង្គ​ការ​ស៊ី​អៃ​អេ (CIA) ឲ្យ​បញ្ឈប់​ការ​គាំ​ទ្រ​កង​កំលាំង​ពិសេស​របស់​ង៉ោ​ឌិន​ញ៉ូ​ ទាំង​ខាង​ផ្នែក​ថវិកា​ និង អាវុធ​។

    ចំណែក​ពុទ្ធ​សាស​និក​វិញ​នោះ​ ពេល​ត្រូវ​បាន​វាយ​ប្រហារ​យ៉ាង​នេះ​ ក៏​បាន​ដំណើរ​ការ​សម្ងាត់​ (ក្រោម​ដី) ត​ទៅ​ ដោយ​មាន​កម្លាំង​ប្រជា​ជន​ ដែល​គ្រា​នោះ​មាន​ស្មា​រតី​រួប​រួម​ជា​ធ្លុង​មួយ​ ហើយ​ជា​​គ្រឿង​​ឧបត្ថម្ភ​ មន្ត្រី​រាជ​ការ​វៀត​ណាម​ក៏​ហាន​សំដែង​ចេញ​នូវ​ការ​ប្រឆាំង​ចំពោះ​ទង្វើ​​របស់​រដ្ឋា​ភិបាល​ ចាប់​​ផ្តើម​ដោយ​រដ្ឋ​មន្រ្តី​ថា​ ក្រសួង​ការ​បរ​ទេស​ ដាក់​ពាក្យ​សូម​លា​លែង​ពី​ដំណែង​ និង កោរ​សក់​សំដែង​ការ​ប្រឆាំង​ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​នៅ​សហ​រដ្ឋ​អា​មេ​រិក​។ ហើយ​អ្នក​សង្កេត​ការណ៍​ពិសេស​របស់​វៀត​ណាម​ខាង​ត្បូង​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​ (បិតា​មា​តា​របស់​លោក​ជំទាវ​ញ៉ូ)​ លា​​លែង​ចេញ​ពី​ដំណែង​។ មន្រ្តី​ស្ថាន​ទូត​វៀត​ណាម​ប្រចាំ​នៅ​សហ​រដ្ឋ​អា​មេ​រិក លា​លែង​ចេញ​ពី​ដំ​ណែង​ទាំង​ក្រុម​។ សិស្ស​និស្សិត​គ្រប់​សា​លា​រៀន​ និង​ មហា​វិទ្យា​ល័យ​បាន​សន្យា​ឈប់​រៀន​ផង​ ចេញ​ទៅ​រួម​បាតុ​កម្ម​ផង​ រហូត​ដល់​ប៉ូលីស​ ចាំ​បាច់​ត្រូវ​ទៅ​ឃុំ​គ្រង​គ្រប់​កន្លែង​។ និស្សិត​ត្រូវ​ចាប់​ខ្លួន​​ដល់​ទៅ​ជាង​ ៣០០០​នាក់​។ អ្នក​ការ​ទូត និង​ ពុទ្ធ​សាស​និក​នៅ​ប្រទេស​ផ្សេង​ៗ ​ដូច​ជា ជប៉ុន ភូមា កូរ៉េ បារាំង​សេស សិរី​លង្កា ឥណ្ឌា ឥណ្ឌូ​នេ​ស៊ី ទូត​ថៃ​ប្រ​ចាំ​នៅ​ប្រទេស​ឥណ្ឌា​ បាន​ចលនា​សំដែង​​ការ​​យក​ចិត្ត​ទុក​ដាក់​ (យល់​ចិត្ត​យល់​ថ្លើម​) ចំពោះ​ពុទ្ធ​សាស​និក​វៀត​ណាម​ខាង​ត្បូង​ និង​ បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិ​បាល​ង៉ោ​ឌិន​យ៉ីម បញ្ឈប់​ការ​វាយ​ប្រហារ​ពុទ្ធ​សាស​និក​។ មាន​ភិក្ខុ​សង្ឃ​ធ្វើ​អត្ត​ឃាត​ដោយ​ដុត​ខ្លួន​សុគតិ ២​អង្គ​ ក្នុង​ថ្ងៃ​ទី ៥ និង ២៧ ខែ​តុលា រួម​ទៅ​ត្រូវ​ជា​ ៧អង្គ/រូប​។

    អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​បង្កើត​ក្រុម​អ្នក​ដំណាង​មក​ស៊ើប​អង្កេត​សេច​ក្តី​ពិត​នៅ​ ​វៀត​​ណាម​ខាង​ត្បូង និង ពិភាក្សា​រឿង​នេះ​។ ខាង​រដ្ឋា​ភិបាល​ង៉ោ​ឌិន​យ៉ីម​ ទោះ​ជា​មាន​អាវុធ​ តែ​ក៏​អន់​ថយ​ខាង​ផ្នែក​ការ​គាំ​ទ្រ​ពី​ប្រជា​ជន​ ពេល​ហេតុ​ការណ៍​សុខ​ស្ងប់​ហើយ​​ តែ​ង៉ោ​ឌិន​យ៉ីម​ និង ​ង៉ោ ​ឌិន​ញ៉ូ​ ​ក៏​បាន​សាង​នូវ​ការ​គាប​សង្កត់​ឲ្យ​មាន​ភាព​តឹង​តែង​ត​ទៅ​ទៀត​ រដ្ឋា​ភិបាល​​អាមេ​រិក​ទើប​មិន​រាំង​ស្ទះ​ដែល​ក្រុម​ទាហាន​វៀត​ណាម​ នឹង ធ្វើ​រដ្ឋ​ប្រហារ​។ គ្រា​នោះ​ហើយ​ ក្នុង​ថ្ងៃ​ទី ១​វិច្ឆកា​ ២៥០៦ ក្រុម​ទាហាន​មាន​លោក​ឧត្តម​សនីយ៍ យ៉ឿង យ៉ាំង ម៉ឹន ជា​មេដឹក​នាំ​ ក៏​បាន​រឹប​អូស​អំ​​ណាច​រដ្ឋា​ភិបាល​វៀត​ណាម​ខា​ងត្បូង​ បណ្តេញ​ង៉ោ​ឌិន​យ៉ីម​ឲ្យ​ចុះ​ចេញ​ពី​ដំណែង​។ ទាំង​ង៉ោឌិន​យ៉ីម និង ង៉ោ​ឌិន​ញ៉ូ គេច​ខ្លួន​ទៅ​ជ្រក​​តែ​ត្រូវ​ចាប់​បាន​ និង​ ត្រូវ​ប្រហារ​ជីវិត​នៅ​ពី​ក្រោយ​សណ្តោង​ឡាន​ទាហាន​ ក្នុង​តំបន់​សោ​ឡន​នៃ​ទី្រ​សៃហ្គន​។ របប​ត្រកូល​ង៉ោ​ក៏​ឈាន​ដល់​អាវ​សាន​តែ​ត្រឹម​នេះ​ឯង​។​

    វិបត្តិ​គ្រា​នេះ ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​សម្ព័ន្ធ​ជា​មួយ​លទ្ធិ​ជាតិ​និយម​ច្រើន​ឡើង​។ ឯក​សារ របស់​សហ​ពុទ្ធ​ចក្រ​វៀត​ណាម​ ដល់​ថ្នាក់​ពោល​ថា​ ការ​តស៊ូ​ដើម្បី​រំលំ​របប​ង៉ោ​ឌិនយ៉ីម បាន​ជ័យ​ជំនះ​មិន​ត្រឹម​តែ​ចលនា​កម្លាំង​ពុទ្ធ​សាស​និក​ចូល​ទៅ​ការ​ពារ​ព្រះ​ពុទ្ធ​សាសនា​តែ​ប៉ុណ្ណោះ​ តែ​ថែម​ទាំង​បាន​បណ្តុះ​ស្មារតី​ជាតិ​និយម​របស់​ពល​រដ្ឋ​ឲ្យ​កើត​ឡើង​ទៀត​ផង​។ ព្រះ​ពុទ្ធ​សាសនា​ជា​មួយ​ជាតិ​​និយម​​ ជាប់​ពាក់​ព័ន្ធ​ក្នុង​អារម្មណ៍​នៃ​ពុទ្ធ​សាស​និក​ជន​គ្រប់​គ្នា​រហូត​ដល់​មិន​អាច​ញែក​​ចេញ​ពី​គ្នា​​មិន​បាន​។

    ចំណែក​ឯ​ផល​រយៈ​ពេល​វែង​ចំពោះ​កិច្ច​ការ​ព្រះ​ពុទ្ធ​សាសនា​នៅ​វៀត​ណាម​ខាង​ត្បូង​ ក៏​មាន​ច្រើន​ដូច​គ្នា​ ពោល​គឺ​ក្រៅ​ពី​ធ្វើ​ឲ្យ​ប្រជា​ជន​មាន​ការ​ភ្ញាក់​រលឹក​ឡើង​ បែរ​មក​ចាប់​អារម្មណ៍​សាសនា​របស់​ខ្លួន​ មាន​ចិត្ត​រួម​ជា​ធ្លុង​មួយ​ ថែម​ទាំង​នៅ​ធ្វើ​ឲ្យ​ព្រះ​សង្ឃ​ ចូល​ទៅ​ជាប់​ពាក់​​​ព័ន្ធ​ក្នុង​នយោ​បាយ​យ៉ាង​ជ្រាល​ជ្រៅ​ទៀត​ផង​។ ទាំង​នេះ​ ព្រោះ​វិបត្តិ​ សូម្បី​តែ​ពេល​ចាប់​ផ្តើម​ក៏​ជា​រឿង​​ខាង​សាសនា​ ឬ ការ​តស៊ូ​ដើម្បី​ព្រះ​ពុទ្ធ​សាសនា​ ប៉ុន្តែ​ការ​តស៊ូ​បាន​ប្រ​ព្រឹត្តិ​ទៅ​អស់​រយៈ​ពេល​ដ៏​យូរ​ ត្រូវ​ប្រ​ជែង​ជា​មួយ​អំណាច​នយោ​បាយ​ ទី​បំផុត​ក៏​បាន​ក្លាយ​ទៅ​ជា​វិបត្តិ​ និង ការ​តស៊ូ​ផ្នែក​ខាង​​នយោ​បាយ​។​ ព្រះ​សង្ឃ​ដែល​ជា​មេ​ដឹក​នាំ របស់​ពុទ្ធ​សាស​និក​ជន​ មិន​ត្រឹម​តែ​ត្រូវ​នយោ​បាយ​ចូល​មក​ពាក់​ព័ន្ធ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ ក្នុង​ការ​តស៊ូ​ខាង​ផ្លូវ​នយោ​​បាយ​​យ៉ាង​ច្រើន​ទៀត​ផង​។​

    ក្រៅ​ពី​នេះ ក្នុង​ការ​តស៊ូ​ ពុទ្ធ​សាស​និក​ជន​ជា​ភាគី​បាន​ទទួល​ការ​ទំនុក​បំរុង​ និង ការ​និយម​​ពី​ប្រជា​ជន​កើន​ឡើង​ជា​រឿយ​ៗ​។​ ព្រះ​សង្ឃ​ទើប​មាន​អំណាច​ខាង​ផ្លូវ​នយោ​បាយ​កើន​ឡើង​។ កាន់​តែ​បាន​ជា​អ្នក​ឈ្នះ​ក្នុង​វិបត្តិ​ទៅ​ទៀត​ ពុទ្ធ​សាស​និក​ជន​ក៏​កាន់​តែ​​ក្លាយ​​ជា​​កម្លាំង​សំខាន់​ក្នុង​ផ្នែក​នយោ​បាយ​​​​។ សំឡេង​របស់​ព្រះ​សង្ឃ​ក្លាយ​ជា​សំឡេង​មាន​ទម្ងន់​ ដែល​អ្នក​នយោ​បាយ​ត្រូវ​អាស្រ័យ​ការ​​ជួយ​ទនុក​បំរុង​ ពី​ប្រ​ជា​ជន​ដែល​ នឹង ត្រូវ​តែ​ទទួល​ស្លាប់​។ ដែល​បាន​ជា​ដូច្នេះ​ ទើប​កើត​មាន​បញ្ហា​ថ្មី​ឡើង​ក្នុង​ចំពោះ​ព្រះ​សាសនា​ថា​ ពេល​ការ​ងារ​សំរេច​​ហើយ​ ព្រះ​សង្ឃ​ជា​មេ​ដឹក​នាំ​នោះ​ នឹង​ដឹង​ខ្លួន​ប្រញាប់​ចូល​ទៅ​ក្នុង​គោល​ដៅ​របស់​ខ្លួន​ តាំង​គោល​ដៅ​ ប្រតិ​បត្តិ​ការ​ដើម្បី​ស្តារ​ កែ​ទម្រង់​កិច្ច​​ការ​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​ពេញ​ទំហឹង​ត​ទៅ​ ឬ ក៏​ជាប់​នៅ​ក្នុង​អំណាច​ និង​ សប្បាយ​អរ​ក្នុង​ការ​​ចាត់​ចែង​នយោ​បាយ​ ឈាន​ហួស​ពី​ព្រំ​ដែន​របស់​ខ្លួន​ត​ទៅ​ នឹង​ ចូល​ទៅ​ជ្រៀត​ជ្រែក​ រញ៉ី​រញ៉ៃ​ក្នុង​ផ្នែក​នយោ​បាយ​បន្ថែម​ទៀត​។ ប្រសិន​បើ​ដូច​ន័យ​ខាង​ចុង​ ក៏​អាច​ជា​ការ​អន្ត​រាយ​ខ្លាំង​សំរាប់​ខ្លួន​ឯង​ ព្រះ​ពុទ្ធ​សាសនា ​និង​ ប្រទេស​ជាតិ​ ព្រោះ​ពេល​នោះ​ ប្រ​ទេស​វៀត​ណាម​ខាង​ត្បូង​កំពុង​តែ​ស្ថិត​នៅ​សភាព​មិន​ប្រ​ក្រតី​ មាន​គូ​តស៊ូ​ខាង​នយោ​បាយ​ ដែល​ចាំ​មើល​បំណាំ​គ្នា​នៅ​ឡើយ​ គឺ​ភាគី​រដ្ឋា​​ភិបាល​ជា​មួយ​ នឹង វៀត​កុង​ និង ទាំង​ពីរ​ភាគី​មាន​កម្លាំង​ទាហាន​ និង​ អាវុធ​ សំរាប់​ប្រើ​ប្រាស់​ នឹង​ ចម្បាំង​ទៀត​ផង​ ប្រសិន​បើ​ព្រះ​សង្ឃ​នាំ​ពុទ្ធ​បរិ​ស័ទ​ទៅ​ចូល​រួម​វេទី​ ខ្លួន​ឯង​ នឹង ប្រាស់​ចាក​កម្លាំង​ទាហាន​ និង​ អាវុធ នឹង តស៊ូ​​ដើម្បី​ចូល​កាន់​អំណាច​ក៏​មិន​មែន​។ បើ​មិន​មាន​ចំណេះ​វិជ្ជា​ និង ភាព​​ជំនាញ​គ្រប់​គ្រាន់​ ក៏​កាន់​តែ​ធ្វើ​ឲ្យ​កើត​ភាព​ស្រពិច​ស្រពិល​កាន់​តែ​ខ្លាំង​ឡើង​ ឬ​អាច​ក្លាយ​ជា​ឧប​ករណ៍​របស់​ភាគី​ណា​មួយ​បាន​ដោយ​ងាយ​។​

តទៅលេខ 23