ព្រះពុទ្ធសាសនានៅវៀតណាម(ត)

ថ្ងៃសៅរ៍ ទី26.តុលា 2019.ម៉ោង 7:59

៤. យុគវិបត្តិពុទ្ធសាសនិក ដល់
         វិបត្តិនៃការរួមប្រទេស (ព.ស. ២៥០៦ ដល់ បច្ចុប្បន្ន)

   ការ​គ្រប់​គ្រង​ប្រ​ទេស​វៀត​ណាម​ខាង​ត្បូង​ ក្នុង​សម័យ​ង៉ោ​ឌិន​យ៉ីម​នោះ​ តែង​នឹង​ហៅ​​ថា ការ​គ្រប់​គ្រង​របស់​ត្រកូល​ង៉ោ ព្រោះ​ជា​ការ​ក្តោម​ក្តាប់​អំណាច​ឋិត​នៅ​ក្នុង​ក្រុម​បង​​ប្អូន​របស់​ប្រ​ធានា​ធិ​បតី​ង៉ោ​ឌិន​យ៉ីម​​តែ​ប៉ុណ្ណោះ​។ បង​ប្អូន​ក្រុម​នេះ​ជា​អ្នក​គោរព​គ្រឹស្ត​សាសនា​ និកាយ​រ៉ូ​ម៉័ង​កា​តូលិក​មាន​ចំនួន​ ៦​នាក់​គឺ​៖
អាចារ្យង៉ោឌិនថឹក អារ៍ចបិសប នៃក្រុងហ្វេ
ប្រធានាធិបតីង៉ោឌិនយ៉ីម ង៉ោឌិនខយ (ត្រូវវៀតម៉ីញប្រហារជីវិតនៅ ព.ស.​២៤៨៨)
ង៉ោឌិនខាន ជាអ្នកគ្រប់គ្រងវៀតណាមភាគកណ្តាល ដោយមានមជ្ឈមណ្ឌលនៅទីក្រុងហ្វេ។
ង៉ោឌិនញ៉ូ ជាម្ចាស់កងកម្លាំងពិសេស ដែលចូលមកមានអំណាចបញ្ជាបាន​ដោយសេរី និង ឆាប់រហ័ស និង
ង៉ោឌិនឡៀន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសអង់គ្លេស។

    ង៉ោ​ឌិន​យ៉ីម​ ជា​កាតូ​លិក​សាស​និក​ដ៏​តឹង​រឹង​ គឺ​ប្រ​ព្រឹត្តិ​ព្រហ្ម​ចារី​ គ្រង​ខ្លួន​ក្នុង​ភាព​​នៅ​លីវ​ បើ​ទោះ​បី​ជា​ប្រ​ធានា​ធិបតី​ ក៏​មិន​មែន​ជា​អ្នក​មាន​អំណាច​យ៉ាង​ពិត​ប្រាកដ​ ងោ​​ឌិន​ញ៉ូ ប្អូន​ប្រុស​ជា​អ្នក​ឃុំ​អំណាច​នៅ​ពី​ក្រោយ​ ទាំង​ជា​អ្នក​ដាក់​ផែន​ការ​នយោ​បាយ​ និង ជា​អ្នក​បញ្ជា​ការ​បដិ​បត្តិ​ផ្សេង​ៗ របស់​រដ្ឋា​ភិបាល​ភរិ​យា​របស់​ង៉ោ​ឌិន​ញ៉ូ​ ដែល​គេ​និយម​​ហៅ​​ថា មាដាម​ញ៉ូ​ បំពេញ​នាទី​ជា​​ស្ត្រី​លេខ​មួយ​របស់​វៀត​ណាម​ និង រួម​ជា​មួយ​ស្វាមី​ ក្នុង​ការ​ដាក់​ផែន​ការ​ និង​ បញ្ជា​កិច្ច​ការ​ផ្សេង​ៗ របស់​រដ្ឋា​ភិបាល​ ដំណើរ​ការ​គ្រប់​គ្រង​ បែប​អំណាច​ផ្តាច់​មុខ​ សាង​ភាព​មិន​ពេញ​ចិត្ត​ដល់​ប្រ​ជា​ជន​កាន់​តែ​ខ្លាំង​ឡើង​ជា​លំដាប់​ រហូត​បាន​ជា​ហេតុ​នាំ​ឲ្យ​កើត​ហេតុ​ការណ៍​ហឹង្សា​ បាន​ជា​វិបត្តិ​នៅ​ទី​បំផុត​។

    សភាព​ការណ៍​ខាង​សាសនា​នៅ​វៀត​ណាម​ខាង​ត្បូង​ដែល​គួរ​ជ្រាប​គឺ បណ្តា​ប្រជា​​ពល​រដ្ឋ​ប្រមាណ​ ១៦​លាន​នាក់​ មាន​ពុទ្ធ​សាស​និក​ប្រមាណ ១២​លាន​កាន់​ ឬ​ប្រមាណ ​៨០%​ បែង​ជា​អ្នក​គោរព​មហា​យាន​ដោយ​សទ្ធា​ក្លៀវ​ក្លា ​៣៥% ដល់ ៤០% ជា​ពុទ្ធ​សាស​និក​​ តែ​នាម​ប្រមាណ​ ៤០%​។ ក្នុង​ចំនួន​ពុទ្ធ​សាស​និក​ប្រមាណ​ ១២​នាក់​នោះ​ មាន​អ្នក​គោរព​និកាយ​ថេរ​វាទ​ប្រមាណ​ ២​លាន​នាក់​ ភាគ​ច្រើន​នៅ​ម្តុំ​ជាយ​ដែន​ជាប់​ជា​មួយ​ប្រ​ទេស​​កម្ពុជា​​ ក្រៅ​ពី​នេះ​ជា​ក្រុម​មហា​យាន​។ កាតូ​លិក​សាស​និក​មាន​ចំនួន​ប្រមាណ​ ១.៧​នាក់​ ឬ​ប្រមាណ​ ១០%​ នៃ​ប្រ​ជា​ពល​រដ្ឋ​ទាំង​អស់​។​ ប្រ​ជា​ពល​រដ្ឋ​ដែល​នៅ​សល់​ពី​ចំនួន​ខាង​​ដើម​ គឺ​ប្រមាណ​ ១០ ឬ ១៥%​ គោរព​លទ្ធិ​ហ្វា​ហាវ​ កាវ​ដាយ​ និង​ និកាយ​ដទៃ​ទៀត​ (តែ​ពួក​​ហ្វា​ហាវ​ថា​ ខ្លួន​មាន​សាស​និក​ដល់​ទៅ​ ២​លាន​នាក់ និង​ ពួក​កាវ​ដាយ​ ថា​មាន​ ១-២ ​លាន​អ្នក​)​។ វត្ត​ពុទ្ធ​សា​សនា​ទាំង​ផ្នែក​មហា​យាន​ និង​ ថេរ​វាទ​មាន​ចំនួន​ ៦,០៧៩ ​វត្ត​ មាន​ភិក្ខុ​-​ភិក្ខុនី​ និង​ ដូន​ជី​​ទាំង​ពីរ​​និកាយ​ ២៣,២៣១ អង្គ (ចំនួន​ពីរ​លេខ​ខាង​ចុង​ជា​ស្ថិតិ​ ព.ស.​​២៥១១)​។

    ប្រធា​នាធិប​តី ង៉ូ​ឌិន​យ៉ីម​ នាយ​ង៉ូ​ឌិន​ញ៉ូ ​និង មាដាម​ញ៉ូ​ ជា​កាតូ​លិក​ ប្រ​ភេទ​វង្វេង​ក្នុង​​សាសនា​ ក្រៅ​ពី​ទំនុក​បំរុង​និកាយ​កាតូ​លិក​ និង​ ព្យា​យាម​កែ​ប្រែ​វប្ប​ធម៌​​ប្រពៃ​ណី​វៀត​ណាម​ ឲ្យ​ដូច​ទៅ​ នឹង ប្រ​ទេស​កាតូ​លិក​នៅ​បស្ចឹម​ប្រទេស​ ហើយ​នៅ​មើល​ងាយ​​ជិះ​ជាន់​គាប​​សង្កត់​ ព្រះ​ពុទ្ធ​សាសនា និង វប្ប​ធម៌​ប្រ​ពៃណី​ដើម​របស់​ជាតិ​ផង​។ មាដាម​ញ៉ូ​ ​ធ្លាប់​​ថ្លែង​ជា​​មួយ​អ្នក​ពត៌​មាន​ម្នាក់​ ក្នុង ព.ស.​២៥០៥ ​ថា៖​

    “ព្រះ​ពុទ្ធ​សាសនា​នៅ​វៀត​ណាម​នោះ​អន់​ខ្សោយ​ វៀត​ណាម​ទើប​អាច​ផ្លាស់​ជា​ប្រ​​ទេស​កាតូ​លិក​បាន​យ៉ាង​ល្អ”​។ នៅ​ចុង​ឆ្នាំ​ដដែល​នេះ​ដែរ​ ព្រះ​ភិក្ខុ​វៀត​ណាម​មួយ​អង្គ​បាន​ផ្តល់​សម្ភាស​ដល់​ទស្ស​នា​វដ្តី “Life” របស់​អាមេ​រិក​ថា “ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ ​ប្រសិន​បើ​អ្នក​ចង់​បាន​ជា​មន្ត្រី​រាជ​ការ​តំណែង​ខ្ពស់​ អ្នក​ត្រូវ​តែ​ជា​កាតូ​លិក​សាស​និក”​។​

    ប្រជា​ជន​វៀត​ណាម​មួយ​រូប​និយាយ​ត​វ៉ា​ជន​ជាតិ​អាមេ​រិក​ ជា​អ្នក​ការ​សែត​អាមេ​រិក​ថា “គ្រប់​ពេល​ដែល​បារាំង​សេស​ចូល​មក​គ្រប់​គ្រង​ មិន​ដែល​យក​ចក្រ​ពត្តិ​កាតូ​លិក​មក​តាំង​ លើ​រាជ​បល្ល័ង្គ​វៀត​ណាម​បាន​សម្រេច​ឡើយ​ ប៉ុន្តែ​មក​ដល់​សម័យ​ង៉ោ​ឌិន​យ៉ីម​ ពួក​លោក​ជាតិ​អា​មេ​រិក​ បាន​យក​ចក្រ​ពត្តិ​កាតូ​លិក​ឲ្យ​យើង​បាន​មួយ​អង្គ​”​។

    ពាក្យ​សម្តី​ទាំង​នេះ​ ល្មម​ នឹង ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ព្រិត្តិ​ការណ៍​របស់​រដ្ឋា​ភិបាល​ង៉ោ ឌិន​យ៉ីម​ និង សភាព​ការណ៍​ប្រព្រឹត្តិ​ទៅ​ក្នុង​ផ្លូវ​សាសនា​ក្នុង​សម័យ​នោះ​បាន​ល្អ​សម​គួរ​ ក្រៅ​ពី​សភាព​ការណ៍​ទូ​ទៅ​ហើយ​ ក៏​មាន​ហេតុ​ការណ៍​សំ​ខាន់​ខ្លះ​ ជួយ​បន្ថែម​ការ​គាប​​សង្កត់​​ និង​ ភាព​តាន​តឹង​ឡើង​ផង​ ដូច​ជា​ នៅ​ពេល​ដែល​ប្រធា​នា​ធិប​តី​ង៉ោ​ឌិន​យ៉ីម​ឡើង​​គ្រង​អំណាច​ថ្មី​ៗ​ មាន​ប្រជា​ជន​វៀត​ណាម​ភាគ​ខាង​ជើង​ភៀស​​ខ្លួន​ចូល​មក​ជ្រក​កោន​នៅ​ វៀត​ណាម​ខាង​ត្បូង​ប្រមាណ​ ៤០០,០០០ ​នាក់​។ អ្នក​ទាំង​នេះ​ ជា​កាតូ​លិក​ប្រមាណ​ ៨០%​។ គ្រា​នេះ​បាន​កើត​ទិទៀន​ថា​ ប្រធានា​ធិប​តីង៉ោ​ឌិន​យ៉ីម​ បាន​លំអៀង​ក្នុង​ការ​​ជួយ​​សង្រ្គោះ​ បែង​ចែក​អាហារ​ ​និង ​ចាត់​ចែង​ដី​ធ្លី​ដល់​ពួក​ជន​ភៀស​ខ្លួន​កាតូ​លិក​បាន​ល្អ​​ជាង​ពួក​ពុទ្ធ​សាស​និក​ ហើយ​សង្ស័យ​ថា​ លោក​ង៉ោ​ឌិន​យ៉ីម​ នឹង ជួយ​ជន​ភៀស​ខ្លួន​ជា​ឧប​ករណ៍​ផ្តុំ​អំណាច​នយោ​បាយ​ឲ្យ​បាន​គង់​វង់​ និង​ ស្ថាបនា​រដ្ឋ​កាតូ​លិក​ឡើង​នៅ​វៀត​ណាម​ខាង​ត្បូង​។

    ស្មារតី​ជាតិ​និយម​ដែល​ធ្លាប់​ធ្វើ​ឲ្យ​កាតូ​លិក​សាស​និក ​និង​ ពុទ្ធ​សាស​និករ​ផ្តុំ​ថាម​ពល​គ្នា​តស៊ូ​បារាំង​សេស​ និង ហូជីម៉ីញ​ បាន​រលាយ​ទៅ​ មាន​ការ​មិន​ទុក​ចិត្ត​គ្នា​ ការ​បែក​បាក់ និង ការ​ប្រ​ជែង​បង្កើត​បក្ស​ពួក​ឡើង​មក​ជំនួស​ ការ​គាប​សង្កត់​ និង​ ភាព​តឹង​តែង​កាន់​តែ​ទ្វេ​ឡើង​ រហូត​ដល់​ទី​បំផុត​ ក៏​កើត​ហេតុ​ការណ៍​ហឹង្សា​ ដែល​ហៅ​ថា​ “វិបត្តិ​ពុទ្ធ​សាស​និក​” ឡើង​នៅ​ចុង ព.ស.​​២៥០៦​ ដែល​ក​ឲ្យ​កើត​ការ​រន្ធត់​ភ្ញាក់​ផ្អើល​ អំពល់​ចិត្ត​ពិភព​លោក ​និង​ ធ្វើ​ឲ្យ​របប​ត្រកូល​ង៉ោ​ឌិន​យ៉ីម​ ដួល​រលំ​នៅ​ទី​បំផុត​។ លោក​ Jerrold Checter ប្រធាន​​ការិយា​ល័យ​និពន្ធ​ “សៀវ​ភៅ” ​Time Life​ នៅ​ទី​ក្រុង​តូក្យូ ​បន​និទាន​រឿន​នេះ​ទុក​ក្នុង​ សៀវ​ភៅ​ព្រះ​ភក្តិ​ថ្មី​នៃ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ (The New Face of Buddha) វែង​អន្លាយ​ដល់​ទៅ​ ១០៨​ទំព័រ​។

    ចំណុច​កើត​ហេតុ​ការណ៍ ​ចាប់​ផ្តើម​ឡើង​នៅ​ថ្ងៃទី​ ៥​ឧសភា ២៥០៦​។ ក្នុង​ថ្ងៃ​​នោះ​អារ៍ច​បិសប​ ង៉ោ​ឌិន​ថឹក​ បាន​ចាត់​បុណ្យ​ឆ្លង​ធំ​មហិមា​ នៅ​ទី​ក្រុង​ដាឡាត​ ក្នុង​ឱកាស​​ដែល​លោក​ជា​អាចារ្យ​មក​ជា​គំរប់​ឆ្នាំ​ទី​២៥​។ ក្នុង​ពិធី​នេះ​ មាន​ការ​ដំឡើង​ទង់​សាសន​​ចក្រ​កាតូ​លិក​ នៃ​ក្រុង​វ៉ា​ទីកង់​ ដោយ​មិន​បាន​ដំឡើង​ទង់​ជាតិ​វៀត​ណាម​ជា​គូ​ផង​ ពីរ​ថ្ងៃ​ក្រោយ​មក​ ពុទ្ធ​សាស​និក​នៅ​ទី​ក្រុង​ហ្វេ​ ត្រៀម​ចាត់​បុណ្យ​វិសាខ​បូជា​ ដែល​ នឹង កើត​ឡើង​​នៅថ្ងៃ​ស្អែក​ គឺ​ថ្ងៃ​ទី ៨​ឧសភា ​និង​ បាន​នាំ​ទង់​ឆព្វណ្ណ​រង្សី​ ដែល​ជា​លក្ខណ​សញ្ញា​របស់​ព្រះ​ពុទ្ធ​សាសនា​មក​ដំឡើង​ ប៉ុន្តែ​ប៉ូ​លិស​ទី​ក្រុង​ហ្វេ​ បាន​ចូល​ទៅ​ហាម​ឃាត់​ និង បាន​ហែក​​ចោល​ ទង់​មួយ​ចំមួយ​ដែល​បាន​នាំ​មក​ដំឡើង​ហើយ​ត្រូវ​បណ្ដាក់​ចុះ​មក​។ ពុទ្ធ​សាស​និក​ បាន​ប្រតិ​កម្ម​ចំពោះ​មន្រ្តី​ដែល​ជា​ពុទ្ធសាស​និក​។ មន្ត្រី​ក្រុង​បាន​បញ្ជា​ហាម​ប៉ូលិស​មិន​ឲ្យ​សា​ទង់​ទៀត​ ហើយ​ថែម​ទាំង​បាន​ធានា​ដល់​ពុទ្ធ​សាស​និក​ទៀត​ថា​ ​រាជ​ការ​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ពិធី​បុណ្យ​វិសាខ​បូជា​ ប្រ​ព្រឹត្តិ​ទៅ​តាម​ប្រពៃ​ណី​របស់​ពុទ្ធ​សាស​និក​ជន​ ចលនា​​ទៅ​តាម​ដង​វិថី​ទី​ក្រុង​ហ្វេ នៅ​ពេល​ព្រឹក​ឡើង​បាន​តាម​ការ​កម្ម​វិធី​កំណត់​ទុក​។​

    ត​មក​លោក​ង៉ោ​ត្រុង​ហ៊ីវ​ រដ្ឋ​មន្ត្រី​កិច្ច​ការ​ពល​រដ្ឋ​របស់​រដ្ឋា​ភិបាល​វៀត​ណាម​ខាង​ត្បូង​ បាន​បក​ស្រាយ​ជូន​អ្នក​សារ​ពត៌​មាន​បរ​ទេស​ ពី​ហេតុ​ផល​ដែល​ប៉ូលិស​ហាម​មិន​ឲ្យ​ពុទ្ធ​សាស​និក​ដំឡើង​ទង់​ព្រះ​ពុទ្ធ​សាសនា​ថា​ ប្រធានា​ធិបតី​ង៉ោ​ឌិន​យ៉ីម​ បាន​ចេញ​បញ្ជា​កាល​ពី​ខែ​សីហា ​២៥០៥​ ថា​ ក្នុង​ការ​ដំឡើង​ទង់ ឬ ចង​ទង់​ផ្សេង​ៗ​ នឹង ត្រូវ​មាន​ទង់​ជាតិ​ សារធា​រណ​រដ្ឋ​វៀត​ណាម​នៅ​ក្នុង​ឋានៈ​លេច​ធ្លោ​ជា​សំខាន់​ជាង​ទង់​ដទៃ​។​ គ្រា​ដែល​ដល់​ថ្ងៃ​បុណ្យ​ខួប​​របស់​លោក​អាចារ្យ​ង៉ោ​ឌិន​ថឹក​ លោក​ប្រធានា​ធិបតី​បាន​ទៅ​ចូល​រួម​បុណ្យ​នោះ​ដែរ​ ហើយ​នៅ​ពេល​លោក​ឃើញ​ទង់​វ៉ាទី​កង់​ដំឡើង​តែ​ម្យ៉ាង​ ដោយ​មិន​មាន​ទង់​ជាតិ​​នៅ​រួម​ជា​មួយ​ផង​ លោក​ក៏​មាន​អា​រម្មណ៍​ភ្ញាក់​ជា​ខ្លាំង​ គ្រា​ដែល​ត្រឡប់​មក​ដល់​ទី​ក្រុង​សៃ​ហ្គន​ ហើយ​លោក​ក៏​បាន​ប្រញាប់​ផ្ញើ​កំណត់​ហេតុ​ដាស់​តឿន​ស្មារតី​ ទាក់​ទង​ជា​មួយ​បទ​​បញ្ជា​រឿង​ដំឡើង​ទង់​ជាតិ​ ទៅ​កាន់​មន្ត្រី​រាជការ​ទូ​ទាំង​ប្រ​ទេស​។​ មន្ត្រី​រាជ​ការ​នៅ​សង្កាត់​ ហ្វេ​ បាន​ទទួល​កំណត់​ហេតុ​នោះ​ នៅ​ថ្ងៃ​ទី ៧​ឧសភា​ មុន​ថ្ងៃ​វិសាខ​បូជា​ត្រឹម​តែ​មួយ​ថ្ងៃ​ ទើប​ដំណើរ​យ៉ាង​តឹង​រឹង​។​

    យ៉ាង​ណា​ក៏​ដោយ​ លោក​បណ្ឌិត​ អិរិគ​ វុលភ៍​ ប្រធាន​ផ្នែក​ចិត្ត​វេជ្ជ​សាស្រ្ត​ នៃ​មហា​​វិទ្យា​ល័យ​មួយ​នៅ​ប្រ​ទេស​អាល្លម៉ង់​ ដែល​គ្រា​នោះ​ ទៅ​ប្រតិ​បត្តិ​ការ​នៅ​មហា​វិទ្យា​ល័យ​​ហ្វេ បាន​ផ្តល់​ទស្សនៈ​ថា​ “ប្រធានា​ធិបតី​ ង៉ោ​ឌិន​យ៉ីម​ហាម​ពុទ្ធ​សាស​និក​ដំឡើង​ទង់​ពុទ្ធ​សាសនា​នៅ​ថ្ងៃ​នោះ​ ព្រោះ​មិន​ពេញ​ចិត្ត​ជា​មួយ​នឹង​ព្រះ​តេជ​គុណ ថិច​ ត្រី​ក្វាង​ ប្រធាន​​ពុទ្ធ​សមាគម​នៃ​វៀត​ណាម​កណ្តាល​ មិន​បាន​ផ្ញើ​ទូរសារ​ជូន​ពរ​ទៅ​ឲ្យ​លោក​អាចារ្យ​ង៉ោ​​ឌិនថឹក​ ក្នុង​កម្ម​វិធី​បុណ្យ​ឆ្លង​គំរប់​ខួប​ឆ្នាំ​ទី​ ២៥​នៃ​ជីវិ​តជា​អាចារ្យ​របស់​លោក​។

    តាម​កម្ម​វិធី​វិសាខ​បូជា​ថ្ងៃ​ទី ៨​ឧសភា​ ព្រះ​តេជ​គុណ​ថិច​ ធៀន​ ខៀត​ មហា​ថេរៈ​ ព្រះ​ប្រមុខ​សង្ឃ​វៀត​ណាម​ (ប្រធាន​សមា​គម​សហ​ពុទ្ធ​បរិ​ស័ទ​វៀត​ណាម)​ នឹង ថ្លែង​អនុ​មោ​ទ​នា​កថា​នៅ​ស្ថានី​វិទ្យុ​ទី​ក្រុង​ហ្វេ​ ពេល​ព្រលប់​ តែ​នៅ​ពេល​ចាប់​ផ្តើម​នៅ​ពេល​ល្ងាច​ ក៏​​កើត​ហេតុ​ជា​មុន​ ពោល​គឺ​ នៅ​វេលា​ម៉ោង​ ១០​ មន្រ្តី​ក្រុង​បាន​ថ្លែង​សុន្ទរ​កថា​ខ្លី​ៗ​ បន្ទាប់​ពី​​នោះ​​មក​ ព្រះ​ភិក្ខុ​មួយ​អង្គ​ បាន​សម្តែង​អនុ​មោ​ទនា​កថា​ដល់​ប្រជា​ជន​ ដែល​មក​ប្រជុំ​ប្រមាណ​ ១០,០០០​នាក់ ព្រះ​អង្គ​បាន​ថ្លែង​យោង​ដល់​ហេតុ​ការណ៍​ ដែល​កើត​ឡើង​ថា​ ពុទ្ធ​សាស​និក​មិន​បាន​ប្រឆាំង​ នឹង រដ្ឋា​ភិបាល​ ប៉ុន្តែ​ក៏​មិន​អាច​ធន់​ចំពោះ​ការ​បដិ​បត្តិ​ការ​ខាង​សាសនា​ ដូច​ដែល​បាន​ប្រព្រឹត្តិ​ទៅ​នោះ​បាន​ទៀត​។​ ព្រះ​អង្គ​បាន​សូម​ឲ្យ​មាន​​សេរី​​ភាព​ខាង​សាសនា​ ដោយ​បរិ​បូណ៌​។​ ព្រះ​ភិក្ខុ​មួយ​អង្គ​ទៀត​បាន​​ស្រែក​​ថ្កោល​​ពាក្យ​​ប្រតិ​កម្ម​ ហើយ​ក៏​មាន​ទង់​ ១៥​ផ្ទាំង​បង្ហាញ​ឡើង​ ព្រម​ជា​មួយ​ពាក្យ​ស្លោក​ថា ​“សេរី​ភាព​ខាង​សា​សនា​ អ្នក​ប្រឆាំង​ នឹង សាសនា​ ចូរ​វិនាស​ ព្រះ​ពុទ្ធ​សាសនា​ឋិត​នៅ​ជា​និរន្តរ៍”​។ ភ្លាម​ៗ​ នោះ​ រដ្ឋា​ភិបាល​ក៏​បាន​ឆ្លើយ​តប​ ដោយ​បញ្ជា​ឲ្យ​បញ្ឈប់​កម្ម​វិធី​សម្តែង​អនុ​មោទនា​កថា​​ តាម​វិទ្យុ​របស់​ព្រះ​ប្រ​មុខ​សង្ឃនា​ពេល​​ព្រលប់​ ដោយ​ឲ្យ​មាន​កម្ម​វិធី​ព្រះ​ពុទ្ធ​សាសនា​ដទៃ​ជំនួស​​វិញ ចំណែក​ឯ​ការ​ថ្លែង​ក៏​ឲ្យ​ពន្យារ​​ទៅ​(ដោយ​មិន​មានកំណត់) ។

    ប្រជា​ជន​ប្រមាណ​ ៣,០០០ ​នាក់​ បាន​មក​ប្រជុំ​ដើរ​ក្បួន​យ៉ាង​សន្តិ​ នៅ​ក្រៅ​ស្ថានី​វិទ្យុ​ផ្សាយ​សម្លេង​នៅ​ទី​ក្រុង​ហ្វេ​ ត​មក​ប្រមាណ​ម៉ោង ​១០​យប់​ រដ្ឋា​ភិបាល​បាន​បញ្ជា​រថ​ក្រោះ និង​ រថ​ប្រដាប់​អាវុធ​ ប្រឆាំង​ប្រជា​ជន​។ រថ​ក្រោះ​ និង​ កង​ទាហាន​បាន​សម្រុក​ ព្រម​​​ជា​មួយ​ការ​បាញ់​ចូល​ទៅ​កាន់​ហ្វូង​ប្រ​ជាជន​ ធ្វើ​ឲ្យ​បែក​ក្រចាត់​ក្រចាយ​ទៅ​។ ប្រា​កដ​ថា មាន​មនុស្ស​ស្លាប់ ៩​នាក់​ ក្នុង​ចំនួន​នោះ​មាន​កុមារ ​៦​នាក់​។ រដ្ឋា​ភិបាល​បាន​ថ្លែង​ថា​ ភេវ​រ​​ករ​វៀត​កុង​ បាន​បោះ​គ្រាប់​បែក​ចូល​ទៅ​ក្នុង​កណ្តាល​ជំនុំ​ជន​ ប៉ុន្តែ​អ្នក​ឃើញ​ហេតុ​ការណ៍ ​ក្តី រូប​ភាព​ក្តី លោក​បណ្ឌិត​ វ៉ុលភ៍ និង​ ពេទ្យ​អាល្លម៉ង់​ម្នាក់​ទៀត​ថត​ទុក​ ក្នុង​ពេល​កើត​​ហេតុ​ក្តី​ បញ្ជាក់​ជា​ភស្តុ​តាង​ថា​ នាក់​ទាំង​ ៩​ស្លាប់​ព្រោះ​គ្រាប់​កំភ្លើង​ពី​រថ​ក្រោះ និង រថ​ប្រដាប់​អាវុធ​ខ្លះ​ ត្រូវ​រថ​ទាំង​នោះ​កៀ​ខ្លះ​។

ត​មក​ក្នុង​ថ្ងៃ​ទី ១៥ ក្រុម​ពុទ្ធ​សាស​និក​ទាំង​ព្រះ​សង្ឃ និង គ្រហស្ថ បាន​ចូល​ទៅ​ជួប​ ប្រធានា​ធិបតី​ ហើយ​ប្រគល់​ញត្តិ​សំណូម​ពរ ៥​ប្រការ​គឺ​៖
១. សូម​ឲ្យ​លើក​លែង​បទ​បញ្ជា​របស់​ប្រធានាធិ​បតី​ ដែល​ហាម​មិន​ឲ្យ​បង្ហូត​ទង់​ និង ដំឡើង​ទង់​ ដែល​ជា​និមិត្ត​សញ្ញា​របស់​ព្រះ​ពុទ្ធសា​សនា​។
២. សូម​ឲ្យពុទ្ធសាស​និក និង កាតូ​លិក​សាស​និក មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​។
៣. សូម​ឲ្យ​រដ្ឋា​ភិបាល​ឈប់​ក្លែង​ធ្វើ​ពិត​ជា​ចាប់​ពុទ្ធសាស​និក​។
៤. ​សូម​​ឲ្យ​មាន​សេរី​ភាព​ ក្នុង​ការ​បដិបត្តិ​ និង ផ្សព្វ​ផ្សាយ​ពាក្យ​ប្រៀន​ប្រដៅ​ខាង​ព្រះ​ពុទ្ធ​សាសនា​។
៥. សូម​ឲ្យ​សង​ជម្ងឺ​ចិត្ត​ចំពោះ​គ្រួសារ​ពុទ្ធ​សាសនិក​ ដែល​ត្រូវ​ប្រហារ​ក្នុង​ថ្ងៃ​ទី ​៨​ឧសភា ​និង ​ដំណើរ​ការ​ចំពោះ​មន្ត្រី​ ដែល​ទទួល​ខុស​ត្រូវ​ ក្នុង​ការ​ប្រព្រឹត្តិ​ខុស​តាម​ច្បាប់​។

    ប្រធានា​ធិបតី បាន​និយាយ​ជំទាស់​ ទំនង​ជា​ជឿ​ថា ខ​អំពាវ​នាវ​ទាំង​នោះ​ ជា​ការ​​ចោទ​ប្រកាន់​រដ្ឋា​ភិបាល​ ហើយ​បំភ្លឺ​ថា​ រដ្ឋា​ភិបាល​មិន​បាន​ធ្វើ​ខុស​ ឬ​ រឿង​ខូច​ខាត​ណា​ៗ​ តាម​ពាក្យ​ចោទ​ប្រកាន់​ទាំង​នោះ​ ពុទ្ធ​សាស​និក​ទើប​មិន​បាន​ពេញ​ចិត្ត​។​
    គ្រា​ដល់​ថ្ងៃ​ទី ​៣០ ឧសភា ព្រះ​ភិក្ខុ និង ដូន​ជី ប្រមាណ ៤០០​អង្គ បាន​បាតុ​កម្ម​​ដោយ​​​គង់​អត់​អាហារ​ នៅ​មុខ​អាគារ​រដ្ឋស​ភា។ រដ្ឋា​ភិបាល​ក៏​បាន​ឆ្លើយ​តប​ដោយ​ដក​តួរ​នាទី​(ពុទ្ធ​​សា​ស​និក) នាយក​ទេស​មន្រ្តី​ និង​ ជា​អ្នក​ដំណាង​រដ្ឋា​ភិបាល​នៅ​ទី​ក្រុង​ហ្វេ ក្រៅ​ពី​នេះ​ ប្រធា​នាធិបតី​ នៅ​បាន​ធ្វើ​ពិត​មើល​ជា​ងាយ​ ធ្វើ​ឲ្យ​សមា​គម​សហ​ពុទ្ធ​បរិ​ស័ទ​វៀត​ណាម​អាម៉ាស់​​មុខ​ ដោយ​ទៅ​ប្រកប​ពិធី​សម្ពោធ​វត្ត​ថ្មី​ ឲ្យ​ក្រុម​ពុទ្ធ​សាសនា​និកាយ​កូសើង​ម៉ន​ នៅ​ទី​ក្រុង​សៃហ្គន​ ទៀត​ផង​។ និកាយ​កូសើង​ម៉ន​នេះ​ ឲ្យ​ព្រះ​សង្ឃ​រៀប​ការ​ មាន​គ្រួសារ​បាន​ ហើយ​សមា​គម​សហ​ពុទ្ធ​បរិ​ស័ទ​វៀត​ណាម​ មិន​ទទួល​ស្គាល់​។​ ប្រធានា​ធិបតី​ទើប​​មាន​ផែន​ការ​ នឹង បន្តុប​​និកាយ​នេះ​ឡើង​ និង ឲ្យ​និកាយ​នេះ​ជា​ដំណាង​ពុទ្ធ​សាសនិក​វៀត​​ណាម​ ក្នុង​អង្គ​ការ​ពុទ្ធ​សាស​និក​សម្ព័ន្ធ​ពិភព​លោក​ ជំនួស​សមាគម​សហ​ពុទ្ធ​បរិ​ស័ទ​វៀត​​ណាម​។​ ផែន​ការ​នេះ​ជា​យុទ្ធ​វិធី​របស់​ង៉ោ​ឌិន​យ៉ីម​ ដែល​ នឹង​ ធ្វើ​ឲ្យ​ដំណែង​មេ​ដឹក​នាំ​ពុទ្ធ​សាស​និក​ក្រចាយ​ចេញ​ទៅ​ កើត​មាន​ការ​ប្រ​ជែង​គ្នា​ឯង​ ធ្វើ​ឲ្យ​ពុទ្ធ​សាស​និក​បែក​បាក់​ និង​ ​ធ្វើ​ឲ្យ​សមា​គម​សហ​ពុទ្ធ​បរិស័ទ​វៀត​ណាម​ អស់​សទ្ធា​គោរព​ ឬ អស់​ទៅ​នូវ​អត្ថ​ន័យ​ ប៉ុន្តែ​ប្រធានា​ធិបតី​ភ្លេច​គិត​ទៅ​ថា​ ឥឡូវ​នេះ​ ហេតុ​ការណ៍​បាន​សាយ​ភាយ​ទូលំ​ទូលាយ​ចេញ​ទៅ​ ហួស​ព្រំ​ប្រទល់​វត្ត​ទៅ​ហើយ​។

    ក្នុង​ថ្ងៃ​ទី ៣​មិថុនា សិស្ស និស្សិត ៣៥០០​នាក់​ បាន​បាតុ​កម្ម​នៅ​មុខ​ទីស្តី​ការ​គណ​រដ្ឋ​មន្រ្តី​ប្រធានា​ធិបតី​ ប្រឆាំង​ការ​រង្កៀស​​ខាង​​សាសនា​ ប៉ុន្តែ​រដ្ឋា​ភិបាល​បាន​បញ្ជូន​ទា​ហាន​ចូល​ទៅ​ចាប់​បាតុ​ករ​ដាក់​គុក ៣៨​នាក់​ មាន​អ្នក​រង​របួស​ចូល​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ ៦៧​នាក់​ ព្រម​ជា​មួយ​នោះ​ ក៏​ប្រកាស​ច្បាប់​អជ្ញា​សឹក​ ហាម​បាតុ​កម្ម​ ហាម​ចេញ​ពី​​ផ្ទះ​ បញ្ជូន​ទាហាន​ចូល​ទៅ​កាន់​ក្រុង​ហ្វេ ​ហើយ​លោម​ព័ទ្ធ​វត្ត​តូដាម​ ដែល​ជា​វត្ត​សំខាន់​​របស់​ក្រុង​ហ្វេ​ បិទ​ដោយ​លួស​បន្លា កាត់​ទឹក​ ភ្លើង និង​ ត្រួត​ពិនិត្យ​អ្នក​ចេញ​ចូល​ ហើយ​បិទ​ផ្លាក​ប្រកាស​ថា​ ពួក​អ្នក​កុហក បោក​ប្រាស់​ ពួក​បរ​ទេស​ និង ពួក​វៀត​កុង​ ជា​ពួក​បង្ករ​អំពើ​ចលា​ចល​ទាំង​អស់​ បន្ទាប់​មក​រដ្ឋា​ភិបាល​បាន​បង្កើត​គណៈ​កម្ម​ការ​ពិសេស​រួម​​ជា​មួយ​ក្រសួង​ផ្សេង​ៗ​ឡើង​ មាន​អនុ​ប្រធាន​កម្មការ​នានា​ និកាយ​របស់​ភាគី​ពុទ្ធ​សាស​និក​ តែ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ អង្គ​ភាព​រាជ​ការ និង​ ទាហាន​ ក៏​ចែក​ខិត្ត​ប័ណ្ណ​ថ្កោល​ទោស​ ថិច​ ត្រី​ក្វាង​ នាយក​ពុទ្ធ​សមា​គម​វៀត​ណាម​​​កណ្តាល​ថា ធ្វើ​ឧបាយ​អញ្ជើញ​ប្រជា​ជន​មក​សូត្រ​មន្ត​ ហើយ​ចាត់​ការ​ដើរ​ក្បួន​កាន់​តែ​ខ្លាំង​ឡើង​មក​ជំនួស​វិញ​។

    លុះ​មក​ដល់​ថ្ងៃទី ​៨​មិថុនា មាដាម​ញ៉ូ ក៏​បាន​ចាប់​ផ្តើម​ចេញ​មុខ​ ដោយ​ធ្វើ​ការ​​ថ្លែង​​ការ​ថ្កោល​ទោស​ពុទ្ធ​សាស​និក​ថា​ ជា​ពួក​រក្សា​ខ្លួន​ មិន​ខ្វល់​ខ្វាយ​ជួយ​ប្រឆាំង​កុម្មុយ​​និស្ត​ ដែល​ជា​សត្រូវ​របស់​ប្រទេស​ជាតិ​ ជា​ពួក​ដែល​មាន​ការ​ប្រព្រឹត្តិ​ដែល​មិន​បរិ​សុទ្ធ​ ជា​ពួក​ទុទិដ្ឋិ​និយម​ ត្រូវ​បាន​គេ​ប្រើ​ជា​ឧប​ករណ៍​។ ខាង​ស្ថាន​ទូត​សហ​រដ្ឋ​អាមេ​រិក​ បាន​ព្យា​យាម​ បញ្ចុះ​បញ្ចូល​ឲ្យ​ប្រ​ធានា​ធិប​តី​ រក​មធ្យោយ​សម្រុះ​សម្រួល​ជា​មួយ​ពុទ្ធ​សាស​និក​ រហូត​ដល់​ថ្នាក់​ពោល​ថា​ ប្រសិន​បើ​រដ្ឋា​ភិបាល​មិន​ដំណើរ​ការ​ បញ្ឈប់​វិបត្តិ​ រដ្ឋា​ភិបាល​សហ​រដ្ឋ​អាមេ​រិក​ក៏​ចាំ​បាច់ នឹង ត្រូវ​គេច​ចេញ​ពី​នយោ​បាយ​របស់​រដ្ឋា​ភិបាល​វៀត​ណាម​ ហើយ​ប្រកាស​ឲ្យ​ប្រជា​ពល​រដ្ឋ​ជ្រាប​ថា​ សហ​រដ្ឋ​អាមេ​រិក​មិន​យល់​ស្រប​ជា​មួយ​នយោ​បាយ​នោះ​ ប៉ុន្តែ​ រដ្ឋា​ភិបាល​វៀត​ណាម​ក៏​រឹង​រូស​ត​ទៅ​ មុន​ នឹង ដល់​ថ្ងៃ​ទី ១១ មិថុនា ៣​ថ្ងៃ ប្រធានា​ធិបតី​​បាន​ទទួល​ការ​ជូន​ដំណឹង​ជា​មុន​ថា​ នឹង​មាន​ភិក្ខុ​ដុត​សម្លាប់​ខ្លួន​ ដើម្បី​អំពាវ​នាវ​សូម​សម​ភាព​ក្នុង​ការ​ប្រតិ​បត្តិ​ការ​ខាង​សាសនា​ ប៉ុន្តែ​ប្រធានា​ធិបតី​ ក៏​មិន​ព្រម​ឱន​លំទោន​តាម​ចំពោះ​ខ​ណា​ៗ​ ទាំង​អស់​ ដោយ​យល់​ថា វា​គ្រាន់​តែ​ជា​ការ​គំរាម​កំហែង​​ព្រះ​អង្គ​ ​នឹង ​មិន​​ធ្វើ​ពិត​ដូច​ដែល​មាន​ថេរ​ដិការ​នោះ​ឡើយ​។

    គ្រា​ដល់​ថ្ងៃ​ទី ១១​មិថុនា ២៥០៦ ខណៈ​ដែល​ព្រះ​ភិក្ខុ​ និង ដូន​ជី ប្រមាណ ១០០០​អង្គ​ បាន​ប្រកប​វិធី​សូត្រ​មន្ត​ឧទ្ទិស​កុសល​ដល់​អ្នក​ ដែល​បាត់​បង់​ជីវិត​ក្នុង​ថ្ងៃ​វិសាខ​បូជា​ ហើយ​បាន​ចេញ​ដំណើរ​ទៅ​តាម​ដង​ផ្លូវ​ ក្នុង​ទី​ក្រុង​សៃ​ហ្គន​ លុះ​ទៅ​ដល់​មុខ​ស្ថាន​ទូត​ព្រះ​​រាជ​​ណា​ចក្រ​កម្ពុជា​ ព្រះ​ភិក្ខុ​ថិច​ ក្វាង​ឌឹក​ អាយុ ៧២​ឆ្នាំ​ ក៏​បាន​ដុត​ខ្លួន​ឯង​ ទទួល​មរណ​​ភាព​ ពុទ្ធ​សាស​និក​បាន​នាំ​ព្រះ​សព​ របស់​ព្រះ​អង្គ​ទៅ​តាំង​បំពេញ​កុសល​នៅ​វត្ត​ សាលើយ​ ដែល​ជា​មជ្ឈ​ដ្ឋាន​របស់​ពុទ្ធ​សាស​និក​ក្នុង​ក្រុង​សៃ​ហ្គន។ វត្ត​ផ្សេង​ៗ បង្ហូត​ទង់​ចុះ​មក​ត្រឹម​ពាក់​កណ្តាល​​ដង​ ជា​ការ​សម្តែង​នូវ​ការ​​សង្វេគ​វិយោគ​ដល់​ព្រះ​អង្គ​។ ខាង​រដ្ឋា​ភិ​បាល​ ក៏​បាន​បញ្ជូន​ទាហាន​ និង​ ប៉ូលិស​ មក​ហ៊ុម​ព័ទ្ធ​វត្ត​សា​លើយ​។ ការ​ដុត​ខ្លួន​របស់​ព្រះ​តេជ​​គុណ​ថិច ក្វាង​ឌឹក​ នេះ នាំ​ឲ្យ​កើត​ការ​ប៉ះ​ពាល់​អារម្មណ៍​ពុទ្ធ​សាស​និក​វៀត​ណាម​ទូ​ទាំង​ប្រ​ទេស​ នាំ​ឲ្យ​មាន​ការ​កើត​ស្មារតី​រួម​ សូម្បី​តែ​ពុទ្ធ​សាស​និក​ផ្សេង​ និកាយ​ ក៏​ត្រូវ​បែរ​មក​យក​ចិត្ត​ទុក​ដាក់​ ការ​ដែល​សាសនា​របស់​ខ្លួន​ត្រូវ​បាន​គំរាម​កំហែង​ គាប​សង្កត់​ កើត​ការ​យល់​ចិត្ត​ថ្លើម​គ្នា និង មាន​ចិត្ត​រួម​ជា​ធ្លុង​មួយ​។

    ការ​ដុត​ខ្លួន​របស់​ភិក្ខុ​សាម​ណេរ​ និង​ ពុទ្ធ​សាស​និក​វៀត​ណាម​ ក្នុង​ហេតុ​ការណ៍​គ្រា​នេះ ជា​ពត៌​មាន​រន្ធត់​យ៉ាង​ខ្លាំង​ ធ្វើ​ឲ្យ​វិបត្តិ​ក្នុង​វៀត​ណាម​ក្លាយ​ជា​ចំណុច​ចាប់​អារម្មណ៍​ ដល់​មនុស្ស​ទូ​ទាំង​ពិភព​លោក​ ហើយ​មាន​អ្នក​វិភាគ​វិចារណ៍​រឿង​ដុត​ខ្លួន​នោះ​នានា​ប្រការ​។ ក្នុង​ទី​នេះ នឹង ការ​យល់​របស់​ពុទ្ធ​សាស​និក​ឯង​ ស្តី​តែ​ពី​ទស្សនៈ​របស់​មនុស្ស​ខាង​ក្រៅ​ មួយ​ចំនួន​ជា​តួ​យ៉ាង​។ លោក Schecter អ្នក​និពន្ធ​សៀវ​ភៅ “ព្រះភ័ក្តិ​ថ្មី​របស់​ព្រះ​ពុទ្ធ​ជា​​ម្ចាស់​” និង​ ស្រ្តា​ចារ្យ Paul Mus នៃ​មហា​វិទ្យា​ល័យ​ Yale (ក្នុង​ការ​សែត​ជប៉ុន​ឈ្មោះ​ The Yomiuri ច្បាប់ ៣១ ​គ.ស.​ ​១៩៦៣)​ អ្នក​ធ្លាប់​រស់​នៅ​ប្រ​ទេស​វៀត​ណាម​ដល់​ទៅ​ ២៧​ឆ្នាំ​ បាន​សម្តែង​ការ​យល់​ឃើញ​មាន​សារៈ​សំខាន់​ថា​ ការ​ដុត​ខ្លួន​របស់​ព្រះ​សង្ឃ​ ធ្លាប់​មាន​មក​ ហើយ​ក្នុង​ប្រពៃណី​ខាង​សាសនា​ របស់​មហា​យាន​ នៅ​ពេល​ដែល​ព្រះ​តេជ​គុណ ថិច ក្វាង ឌឹក ដុត​ខ្លួន​ដល់​មរណ​ភាព​នោះ​ ពុទ្ធ​សាស​និក​មហា​យាន​ ទើប​ព្រម​ទទួល​ទង្វើ​នោះ​បាន​ភ្លាម​ៗ ហើយ​គោរព​ថា​ ជា​ការ​ពលី​ជីវិត​ដើម្បី​ព្រះ​ពុទ្ធ​សាសនា​របស់​ព្រះ​អង្គ​បាន​សម្រេច​។ រី​ឯផល​នយោ​បាយ ទង្វើ​បែប​នេះ​ សម្តែង​ឲ្យ​ឃើញ​ដល់​សេច​ក្តី​ទុក្ខ​របស់​ពុទ្ធ​សាស​និក​ដែល​ហឹង្សា​ និង​ ភ័យ​រន្ធត់​ដល់​ទី​បំផុត​ហើយ​ ទើប​ជា​គ្រឿង​រួម​ចិត្ត​គំនិត​ ឲ្យ​មហា​ជន​កើត​ភាព​ស្អប់​ខ្ពើម​រដ្ឋា​ភិបាល​របស់ ង៉ោ​ឌិន​យ៉ីម យ៉ាង​ព្រម​ព្រៀង​គ្នា​ ហើយ​បណ្តុះ​ចិត្ត​ពុទ្ធ​សាស​និក​វៀត​ណាម​ឲ្យ​កើត​ការ​យល់​ដឹង​ក្នុង​ភាព​ជា​ធ្លុង​មួយ​ កើត​កម្លាំង​ចិត្ត​ និង ភាព​ក្លាហាន​រឹង​មាំ ដែល​ នឹង ត​ទល់​ជា​មួយ​រដ្ឋា​ភិបាល​ង៉ោ​ឌិន​យ៉ីម​ ដូច​ជា​មន្ត្រី​រាជ​ការ​ ពល​រដ្ឋ​​វៀត​ណាម​មួយ​រូប​បាន​និយាយ​ថា​ ៖

    “ពួក​យើង​រស់​នៅ​ក្នុង​របប​នៃ​ភាព​ភ័យ​ខ្លាច​ តែ​ពេល​កើត​ហេតុ​ជា​មួយ​ព្រះ​តេជ​​គុណ​ ថិច​ ក្វាង​ឌឹក ហើយ​ ខ្ញុំ​មិន​ខ្លាច​វា​ទៀត​ទេ​”​។
    ការ​ដុត​ខ្លួន​ ជា​ការ​គេច​ចេញ​ពី​ការ​ធ្វើ​បាប​អ្នក​ទៃ​ របស់​អ្នក​ប្រកាន់​ខ្ជាប់​ក្នុង​គោល​ការណ៍​មិន​បៀត​បៀន​ ជា​ការ​លះ​បង់​ជីវិត​របស់​ខ្លួន​ ដើម្បី​រក្សា​ជីវិត​អ្នក​ដទៃ​។ ទាំង​ភាគី​របស់​ខ្លួន​ និង​ ភាគី​អ្នក​ធ្វើ​បាប​ គឺ​រក្សា​ជីវិត​អ្នក​ដទៃ​ ក្នុង​ភាគី​របស់​ខ្លួន​ ដោយ​ការ​​ប្រាប់​ភាគី​អ្នក​ធ្វើ​បាប​ថា​ ពួក​ខ្លួន​នឹង​មិន​មាន​ភ័យ​អន្ត​រាយ​ ដែល​ពួក​គេ នឹង ត្រូវ​កំចាត់​ និង រក្សា​ជីវិត​របស់​ភាគី​អ្នក​ធ្វើ​អាក្រក់​ដោយ​ការ​តឿន​​ភាគី​របស់​ខ្លួន​ក្នុង​យាម​​ ដែល​មនុស្ស​​គ្រប់​គ្នា​កំពុង​នឹក​ដល់​ការ​សង​សឹក​ មិន​ឲ្យ​បៀត​បៀន​គេ​ ជា​ការ​រម្ងាប់​ការ​បង្ហូរ​ឈាម​ ដោយ​ការ​យក​ជីវិត​របស់​ខ្លួន​ចូល​មក​ប្តូរ​។​ ក្រៅ​ពីនេះ​ តាម​ធម្មតា​ មនុស្ស​ទូ​ទៅ​ និង​ អ្នក​ទទួល​​ខុស​ត្រូវ​ក្នុង​ការ​ដោះ​ស្រាយ​ស្ថាន​ការណ៍​ រមែង​ នឹង ដឹង​ថា​ ហេតុ​ការណ៍​អាក្រក់​ ក៏​នៅ​ពេល​កើត​ការ​បង្ហូរ​ឈាម​កើត​ឡើង​ហើយ​។ ការ​ដុត​ខ្លួន​ជា​ការ​បញ្ជាក់​ប្រាប់​ឲ្យ​ជ្រាប​ថា​ ភាព​ហឹង្សា​របស់​ស្ថាន​ការណ៍​ ដើម្បី​ឲ្យ​អ្នក​ជាប់​ពាក់​ព័ន្ធ​ទទួល​ខុស​ត្រូវ​ ភ្ញាក់​រលឹក​ ហើយ​ប្រញាប់​ការ​ពារ​ដោះ​ស្រាយ​ មិន​ឲ្យ​កើត​ការ​វិនាស​បាត់​បង់​ត​ទៅ​ទៀត​ ជា​ការ​ពលី​ខ្លួន​ដើម្បី​រក្សា​ជីវិត​អ្នក​ដទៃ​ទៀត​ដូច​គ្នា​ ជា​ការ​ទទួល​ខុស​ត្រូវ​ខាង​សីល​ធម៌​យ៉ាង​ខ្ពស់​។​

    នៅ​ពេល​ដែល​ព្រះ​តេជ​គុណ ថិច ក្វាង​ឌឹក បាន​ដុត​ខ្លួន​ឈាន​ដល់​មរណ​ភាព​ហើយ​ គណៈ​កម្ម​ការ​ដែល​រដា្ឋ​ភិបាល​បង្កើត​ឡើង​ បាន​ជួប​ជា​មួយ​ពុទ្ធ​សាស​និក​ ដើម្បី​ធ្វើ​ការ​យល់​ព្រម​សម្រប​សម្រួល​គ្នា​ ហើយ​នៅ​ពេល​ព្រឹក​ថ្ងៃ​ទី ១៨​មិថុនា​ ដែល​ជា​ថ្ងៃ​កំណត់​បូជា​សព្វ​ ព្រះ​តេជ​គុណ​ថិច​ក្វាង​ឌឹក​ ទាំង​ពីរ​ភាគី​ក៏​បាន​យល់​ព្រម​គ្នា​ក្នុង​សំណើរ​ទាំង ​៥​ខ របស់​ពុទ្ធ​សាស​និក​។ ផ្នែក​ខាង​រដ្ឋា​ភិបាល​បាន​កែ​សេច​ក្តី​ថា “សង​ជម្ងឺ​ចិត្ត​ដែល​ខូច​ខាត​” ថា​ជា​ “រដ្ឋា​ភិបាល​ នឹង ជួយ​សង្រ្គោះ ​អ្នក​ដែល​ជួប​ប្រទះ​អន្តរាយ​” ហើយ​បាន​យល់​ព្រម​តែង​តាំង​ គណៈ​កម្ម​ការ​មួយ​ទៀត​ សំរាប់​ស៊ើប​អង្កេត​តាម​បទ​ចោទ​ប្រកាន់​របស់​ពុទ្ធ​សាស​និក​ដែល​ថា ​រដ្ឋាភិបាល​គំរាម​កំហែង​ពុទ្ធ​សាស​និក​ ហើយ​បាន​ចុះ​ហត្ថ​លេខា​ក្នុង​សេច​ក្តី​ថ្លែង​​ការណ៍​រួម​។

    ប្រធានា​ធិបតី​បាន​ចុះ​ហត្ថ​លេខា​ ដោយ​សរ​សេរ​ឃុំ​គ្រង​ថា​ “ចំណុច​ផ្សេង​ ៗ ដែល​​ប្រា​កដ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​រួម​នេះ​ ខ្ញុំ​ព្រះ​ករុណា​យល់​ព្រម​ក្នុង​គោល​ការណ៍​តាំង​តែ​​ពីដំបូង​មក​ម្លេះ​” ដែល​ពិត​ទៅ​ លោក​បាន​បិទ​ខិត្ត​ប័ណ្ណ​ ហើយ​ប្រទាញ​ជា​និច្ច​ ភាគី​ពុទ្ធ​សា​ស​និក​សុខ​ចិត្ត​យល់​ព្រម​ពន្យារ​កំណត់​ការ​បូជា​សព​ចេញ​ទៅ​ ដើម្បី​ នឹង មាន​ពេល​វេលា​​ជូន​ដំណឹង​ការ​យល់​ព្រម​គ្នា​នេះ​ ឲ្យ​ប្រជា​ជន​បាន​ជ្រាប​ជា​មុន​សិន​ ពេល​ដល់​ពិធី​សំខាន់​ ដែល​ជា​ដំណាក់​កាល​ ដែល​ប្រ​ជា​ជន​ នឹង កើត​អារម្មណ៍​ហឹង្សា​ ភាព​តាន​តឹង​ ក៏ នឹង​បាន​​ថយ​ចុះ​ តែ​ទៅ​ប្រកាស​​ពន្យា​ពេល​បុណ្យ​ ក្នុង​ពេល​ដែល​ប្រជា​ជន​មក​ប្រជុំ​គ្នា​ហើយ​ ហ្វូង​ជន​ដែល​មាន​ចំនួន ១០០០០​នាក់ មិន​ព្រម​ស្តាប់​ សូម្បី​តែ​ព្រះ​សង្ឃ​ដែល​ឡើង​ប្រកាស​ កើត​ការ​ស្រពិច​ស្រពិល​ ចលា​ចល​ ប្រជា​ជន​ នឹង សិស្ស​ និស្សិត នាំ​គ្នា​យក​ដុំ​ថ្ម​គ្រវែង​ទៅ ​ប៉ូលិស​ ដែល​យក​លួស​បន្លា​មក​ព័ទ្ធ​រាំង​តាម​ដង​វិថី​ ប៉ូលិស​បញ្ឈប់​ការ​ដើរ​ក្បួន​ ចាប់​អ្នក​​សិក្សា​​ទៅ ២០០​នាក់​ ហើយ​មាន​ក្មេង​ជំទង់​ម្នាក់​ ត្រូវ​បាញ់​ត្រង់​ក្បាល​ស្លាប់​។

    ពេល​នេះ​មេ​ដឹក​នាំ​ពុទ្ធ​សាស​និក​កើត​ការ​បែក​បាក់​គ្នា​ ព្រះ​សង្ឃ​វ័យ​ក្មេង​ឈាម​ក្តៅ ​មាន​ចិត្ត​ក្រេវ​ក្រោធ​ មិន​យល់​ស្រប​ជា​មួយ​ការ​ផ្លាស់​ប្តូរ​សេច​ក្តី​ក្នុង​ការ​ថ្លែង​ការណ៍​រួម​ពី “ការ​សង​ជម្ងឺ​ចិត្ត​” ជា​ “រដ្ឋា​ភិបាល​ នឹង ជួយ​សង្រ្គោះ​អ្នក​ជួប​ប្រទះ​អន្ត​រាយ” ទោះ​ជា​យ៉ាង​​ណា​ក៏​ដោយ ថ្ងៃ​ស្អែក​ក៏​មាន​ពិធី​បូជា​សព​ព្រះ​តេជ​គុណ​ថិច ក្វាង​ឌឹក​ ដោយ​មាន​​ប៉ូ​លិស ៧០០០​នាក់​ មក​ជា​របាំង​ មិន​ឲ្យ​ប្រជា​ជន​ចូល​មក​រួម​ក្បួន​សព​ ចប់​ពិធី​សព​ ហើយ​​ប្រាកដ​ថា​ មាន​បេះ​ដូង​របស់​ព្រះ​តេជ​គុណ​ ថិច​ក្វាង​ឌឹក​ ក្រៀម​ខ្មៅ តែ​មិន​ឆេះ​ នៅ​ជើង​​ថ្កល់​ផង​។ ពុទ្ធ​សាស​និក​ទើប​នាំ​ទៅ​ប្រតិស្ឋាន​ទុក​លើ​អាសន​បូជា​ក្នុង​វត្ត​សាលើយ​។ បេះ​​ដូង​នេះ​ ក្លាយ​ជា​គ្រឿង​ទំនាញ​ការ​ចាប់​អារម្មណ៍​ ឲ្យ​មនុស្ស​មក​វត្តសា​លើយ កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ ហើយ​ធ្វើ​​ឲ្យ​ហេតុ​ការណ៍​ថ្ងៃ​បូជា​ខ្លួន​ ព្រម​ទាំង​ទង្វើ​របស់​ព្រះ​អង្គ​ក្វាង ឌឹក​ គង់​ឋិត​នៅ​ក្នុង​ការ​ចង​ចាំ​របស់​ប្រជា​ជន​ជា​និរន្តរ៍​ ព្រម​ជា​មួយ​ពត៌​មាន​ រឿង​បដិ​ហារ្យ​ បេះ​ដូង​មិន​ឆេះ​នេះ​ ក៏​ផ្សព្វ​ផ្សាយ​ក្រចាយ​ទៅ​ទូ​ទាំង​ប្រទេស​ បន្ថែម​កម្លាំង​ដល់​ករណី​នេះ​ កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​។​

    បើ​ទោះ​បី​ជា​មាន​ការ​យល់​ព្រម​ដូច​ដែល​ពោល​ខាង​ដើម​មក​ហើយ​ ប៉ុន្តែ​ហេតុ​​ការណ៍​ក៏​លំបាក​ នឹង បញ្ចប់​បាន​ ព្រោះ​ង៉ោ​ឌិនយ៉ីម និ​ង មាដាម​ញ៉ូ ដែល​ជា​មេការ​ធំ​នៃ​រដ្ឋាភិ​បាល​ក្នុង​ការ​ប្រឆាំង​ពុទ្ធ​សាស​និក ​មាន​ចេតនា​ នឹង សង្កត់​សង្កិន​ពុទ្ធ​សាសនិក​ឲ្យ​​បាន​។ ង៉ោឌឹន​ញ៉ូ​ មាន​ផែន​ការ​ណ៍​ថា​ នឹង ធ្វើ​ឲ្យ​​ការ​បាតុ​កម្ម​របស់​ពុទ្ធ​សាស​និក​ស្ងប់​ស្ងៀម​ចុះ​ រក​មធ្យោ​បាយ​ឲ្យ​ប្រ​ជា​ជន​បន្ថយ​ការ​គាំ​ទ្រ​ចុះ​ជា​មុន​សិន រួច​នឹង​បើក​ប្រតិ​​បត្តិ​ការ​។

    ចំពោះ​ប្រធានា​ធិបតី​នោះ​ ដំបូង​ក៏​មាន​ឥរិយា​បថ​ទន់​ភ្លន់​ទៅ​ នឹង ​ផ្លូវ​ដែល​ នឹង ព្រម​​ទទួល​ការ​ណែ​នាំ​របស់​ស្ថាន​ទូត​អា​មេរិក​ និង​ ការ​ទទូច​របស់​ទី​ប្រឹក្សា​ជិត​ស្និទ្ធិ​មួយ​ចំនួ​ន​ឲ្យ​ មាន​ការ​សម្រប​សម្រួល​ជា​មួយ​ពុទ្ធ​សាស​និក​ តែង៉ោឌឹន​ញ៉ូ និង មាដាម​ឌឹន​ញ៉ូ​ មិន​ព្រម​ស្តាប់​អ្វី​ទាំង​អស់​ អ្នក​ទាំង​ពីរ​ជឿ​ថា​ ក្រុម​ពុទ្ធ​សាស​និក​ ជា​ក្រុម​ជន​ភាគ​តិច​ ដែល​ត្រូវ​កុម្មុយ​និស្ត៍​ចូល​ទៅ​ជ្រៀត​ជ្រែក​ ហើយ​ជា​អ្នក​ត្រូវ​ការ​ផ្តួល​រលំ​ការ​គ្រប់​គ្រង​របស់​ត្រកូល​ង៉ោ​ឌឹន​យ៉ីម​។ ង៉ោ​ឌឹន​ញ៉ូ​ដាក់​ផែន​ការណ៍​ជា​រឿយ​ៗ​ តាម​គំនិត​របស់​ពួក​គេ​ និង​ រង់​ចាំ​ពេល​វេលា​ដើម្បី​ដំណើរ​ការ​​មក​ដល់​​ពេល​នេះ​ ង៉ោ​ឌឹន​ញ៉ូ​ ហៅ​ព្រះ​សង្ឃ​ថា​ជា​ពួក​ក្បត់​ ហើយ​ពោល​ពាក្យ​បន្តុះ​បង្អាប់​ផ្សេង​ៗ​ គេ​សរ​សេរ​បទ​វិចារណ​កថា​ហេតុ​ការណ៍​គ្រា​នេះ​ ចេញ​មក​ផ្សព្វ​ផ្សាយ​បន្ត​បន្ទាប់​។ ពេល​និយាយ​ដល់​ការ​ដុត​ខ្លួន​របស់​ព្រះ​តេជ​​គុណ​ក្វាង​ឌឹក​ គេ​ប្រើ​ពាក្យ​ហៅ​ថា “ការ​អាំង​សាច់​សុទ្ធ​របស់​ពុទ្ធសាស​និក​” ញ៉ូ​ផ្តល់​បទ​សម្ភាសន៍​​ដល់លោក Schecter ថា៖

តទៅលេខ 22