ព្រះពុទ្ធសាសនានៅវៀតណាម(ត)


ថ្ងៃសៅរ៍ ទី19.តុលា 2019.ម៉ោង 10:14

៣. យុគស្តារឡើង-រីកហើយបែរជាស្រពោន

    ព្រះ​ពុទ្ធ​សាសនា​យុគ​នេះ​ ចាប់​ផ្តើម​ក្នុង​រយៈ​កាល​ដែល​ការ​រំដោះ​ឥស្សរ​ភាព​របស់​​ជាតិ​​វៀត​ណាម​ កំពុង​ក​កើត​រូប​ជា​ក្បួន​ការ​​ដែល​ស្អិត​រមួត​គង់​វង់​ ហើយ​ផ្សាយ​ចេញ​ទូ​ទៅ​ យ៉ាង​ទូលំ​ទូលាយ​។ កិច្ច​ការ​ខាង​ព្រះ​ពុទ្ធ​សាសនា​ក្នុង​រយៈ​នេះ​ លាយ​លំ​ជា​មួយ​នយោ​​បាយ​យ៉ាង​ខ្លាំង​ រហូត​ដល់​ពិបាក​ នឹង ​ញែក​មក​និយាយ​បាន​ ទាំង​នេះ​ ព្រោះ​ការ​ស្តារ​ឡើង​ព្រះ​ពុទ្ធ​សាសនា​ក្នុង​គ្រា​នេះ​ មួយ​ផ្នែក​ក៏​បាន​ដល់​ការ​រំដោះ​ខ្លួន​ឲ្យ​រួច​ផុត​ពី​អំណាច​នយោ​​បាយ​បរ​ទេស​ ដែល​ចូល​មក​គ្រប​ដណ្តប់ និង​ គាប​សង្កត់​នោះ​ឯង​ ម្យ៉ាង​ទៀត​ វត្ត​ជា​មជ្ឈ​ដ្ឋាន​រួម​ស្មារតី​ ​និង​ ជា​ទីពឹង​ដ៏​សំខាន់​របស់​ប្រជា​ជន​។​ នៅ​ពេល​ដែល​ប្រជា​ជន​ត្រូវ​ការ​រួម​កម្លាំង​គ្នា​ប្រឆាំង​អំណាច​ខ្ពស់​ជាង​ខ្លួន​ ក៏​យក​វត្ត​ជា​ទី​ក​កើត​ខ្លួន​ខ្លះ​ ជា​ទី​ឃុំ​គ្រង​ខ្លួន​ខ្លះ​ ក្រៅ​ពី​នេះ​ អ្នក​នយោ​បាយ​ភាគី​ផ្សេង​ៗ​ ក៏​ព្យា​យាម​ប្រើ​ប្រាស់​វត្ត​ ​និង​ ព្រះ​ពុទ្ធ​សាសនា​​ដើម្បី​​​ជា​ប្រយោជ​ន៍​ដល់​ខ្លួន​។ សភាព​ការណ៍​បែប​នេះ​ ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​សាស​នា​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ការ​កំណែ​​ទម្រង់​ ​និង​ ស្តារ​ឡើង​វិញ​ ប៉ុន្តែ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ ក៏​ទំនាញ​ទៅ​ក្នុង​លក្ខណៈ​ ដែល​ហាក់​បី​ដូច​ជា​ខុស​គោល​ដៅ ឈាន​ហួស​ព្រំ​ប្រទល់​ ហើយ​អាច​ក្លាយ​ជា​ភាព​សាប​សូន្យ​​កាន់​តែ​ខ្លាំង​ទៅ​ទៀត​ផង​។ ​ការ​ប្រ​ព្រឹត្តិ​ទៅ​របស់​ព្រះ​ពុទ្ធសា​សនា​នៅ​វៀត​ណាម​យុគ​នេះ​ មាន​ទាំង​ការ​កែ​ទម្រង់​ ការ​តស៊ូ​ ​និង​ ភាព​ច្របូក​ច្របល់ ចលា​ចល​ ហាក់​បី​ដូច​ជា​ប្រវត្តិ​​សាស្រ្ត​ប្រ​ទេស​ជាតិ​។

    នៅ​ពេល​ដែល​ជាតិ​វៀត​ណាម​ក្រោក​ឡើង​ត​ស៊ូ​ ហើយ​ត្រូវ​បង្រ្កាប​យ៉ាង​ខ្លាំង​ក្លា​ទៅ​ ជា​រយៈ​ៗ​ ស្មារតី​ជាតិ​និយម​ត្រឡប់​ជា​រឹង​ប៉ឹង​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​ភាព​ស្ទាត់​ជំនាញ​​យ៉ាង​ច្បាស់​លាស់​ក្នុង​ការ​តស៊ូ​ ក៏​កើន​ឡើង​ រហូត​ដល់​ពាក់​កណ្តាល​ ព.សវ.​២៥ ការ​តស៊ូ​ជា​ក្បួន​ការ​ដែល​មាន​បណ្តាញ​ការ​ងារ​យ៉ាង​ទូលាយ​ មាន​គោល​ការណ៍​សំរាប់​ប្រទាញ​ឲ្យ​​បាន​ជា​ដុំ​កំភួន​យ៉ាង​​ស្អិត​រមួត​។​ ក្រៅ​ពី​នោះ​ ការ​ដែល​បារាំង​សេស​បែង​ចែក​វៀត​ណាម​ គ្រប់​គ្រង​ជា​ចំណែក​ៗ​ នោះ​​ ក៏​ធ្វើ​ឲ្យ​កើត​ក្បួន​ការ​រំដោះ​ជាតិ​ ដែល​មាន​លក្ខណៈ​ខុស​គ្នា​ ខ្លាំង​ឡើង​ដែរ​ ហើយ​រឿង​នេះ​ជះ​ឥទ្ធិ​ពល​ដល់​ហេតុ​ការណ៍​​ ដែល​កើត​ឡើង​នៅ​វៀត​​ណាម​ក្នុង​ពេល​ត​មក​មិន​យូរ​ ចំពោះ​ ពេល​នោះ​ ផល​ដែល​ខុស​ពី​គ្នា​គឺ​ ក្នុង​វៀត​ណាម​ភាគ​ខាង​ជើង​ ហេតុ​បច្ច័យ​ផ្សេង​ៗ​ បាន​ជម្រុញ​ឲ្យ​លទ្ធិ​កុម្មុយ​និស្ត​ មាន​កម្លាំង​រឹង​ប៉ឹង​ខ្លាំង​ឡើង​ជា​រឿយ​​ៗ រហូត​ដល់​ការ​តស៊ូ​នៅ​ភាគ​នេះ​ ជា​ក្បួន​ការ​នៃ​ជាតិ​និយម​កុម្មុយ​និស្ត​។​ ចំណែក​វៀត​ណាម​ភាគ​ខាង​ត្បូង​ ក្បួន​ការ​ជាតិ​និយម​បែប​ពាក់​កណ្តាល​សាស​នា​ ដូច​ជា​ ក្បួន​ការ​នៃ​លទ្ធិ​កាវ​ដាយ​ និង​ លទ្ធិ​ហ្វា​ហាវ​ជា​ដើម​។

    ក្នុង​រយៈ​នេះ​ឯង​ ដែល​ព្រះ​ពុទ្ធ​សាសនា​កំពុង​មាន​ឥរិ​យា​បទ​ថា​ នឹង ​អន់​ថយ​ចុះ​ដល់​ថ្នាក់​សូន្យ​ ហើយ​ត្រឡប់​ជា​មាន​អារម្មណ៍​ភ្ញាក់​ខ្លួន​ឡើង​វិញ​ ​និង​ ប្រញាប់​ប្រញាល់​​ស្តារ​ កែ​​ទម្រង់​ខ្លួន​ឯង​។​ បច្ច័យ​សំខាន់​ម្យ៉ាង​ ដែល​ធ្វើ​ឲ្យ​កើត​ការ​ស្តារ​ឡើង​ គឺ​ពេល​នោះ​ លោក​​គ្រូ​ថៃ​ស៊ី​ ឬ ថៃស៊ូ​ ​កំពុង​ដំណើរ​ការ​រំដោះ​ឋានៈ​របស់​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ប្រទេស​​ចិន​ ទាំង​ខាង​ផ្នែក​ការ​សិក្សា​ ​និង​ ការ​បំពេញ​សាធា​រណៈ​ប្រ​យោជន៍​។ ពុទ្ធ​សាស​និក​​ជន​វៀត​​ណាម​បាន​មើល​ឃើញ​បែប​យ៉ាង​ដូច្នោះ​ ក៏​កើត​កម្លាំង​ចិត្ត​ គិត​ចាប់​ផ្តើម​បំពេញ​ក្នុង​ប្រ​ទេស​ជាតិ​របស់​ខ្លួន​ខ្លះ​ផង​។ ការ​ជីក​គាស់​ស្តារ​ចាប់​ផ្តើម​ឡើង​ប្រមាណ​ ព.ស.២៤៦៣ ដោយ​ពុទ្ធ​សាសនិក​ជន​ ថ្នាក់​បញ្ញា​ជន​ ដែល​ត្រូវ​ការ​ឲ្យ​មនុស្ស​យល់​ចូល​ចិត្ត​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​យ៉ាង​ត្រឹម​ត្រូវ​​តាម​​ពិត ហើយ​ប្រែ​សេច​ក្តី​ឲ្យ​ទាន់​សង្គម​សម័យ​ថ្មី​។ ការ​ភ្ញាក់​ឡើង​ និង​ កំណែ​ទម្រង់​នេះ​ បាន​ប្រព្រឹត្តិ​ទៅ​ទូ​ទាំង​ ៣​ភាគ​នៅ​វៀត​ណាម​ ​និង​ មាន​ការ​សហ​ការ​ ទំនាក់​ទំនង​ដល់​គ្នា នឹង​ គ្នា​ ប៉ុន្តែ​រយៈ​ដំបូង​ការ​ងារ​ឈាន​ទៅ​មុខ​​យឹត​​យូរ​។

    រហូត​ដល់​ឆ្នាំ ព.ស.​២៤៧៤ ទើប​មាន​ការ​ចាត់​តាំង​សមា​គម​ពុទ្ធ​សាសន​សិក្សា​នៃ​កូសាំង​​ស៊ីន​ (Cochinchina Buddhist Study Society) ​ឡើង​នៅ​ទី​ក្រុង​សៃ​ហ្គន​ ហើយ​បន្ទាប់​មក​ក៏​មាន​សមា​គម​ប្រ​ភេទ​ដូច​គ្នា​កើត​ឡើង​នៅ​ទី​ក្រុង​ហ្វេ​ (វៀត​ណាម​កណ្តាល​ ឬ​អាណ្ណាម​)​ ក្នុង​ ព.ស​.២៤៧៥​ និង នៅ​ទី​ក្រុង​ហា​ណូយ​ (វៀត​ណាម​ខាង​ជើង​ ឬ តុង​កឹង)​ ក្នុង​ ព.ស.​២៤៧៧​។ គ្រប់​សមា​គម​មាន​សមា​ជិក​ទាំង​ផ្នែក​ភិក្ខុ​ និង គ្រហស្ថ​។ ការ​ងារ​ស្តារ​ផ្តោត​សំ​ខាន់ ​២​ប្រការ​គឺ ការ​សិក្សា​ និង សង្គម​សង្គ្រោះ​ ដោយ​ឲ្យ​មាន​ការ​កំណែ​ទម្រង់​សភាព​​ក្នុង​វត្ត​ ត្រួត​ពិនិត្យ​វិន័យ​របស់​ព្រះ​សង្ឃ​ ផ្តល់​ការ​សិក្សា​ដល់​ព្រះ​សង្ឃ​ជំនាន់​ថ្មី​ ឲ្យ​ជា​អ្នក​សម្ប​ទា​ ព្រម​ទាំង​ផ្នែក​សទ្ធា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ និង​ មាន​ចំណេះ​ដឹង​ បញ្ជូន​ព្រះ​សង្ឃ​​មួយ​ចំនួន​ទៅ​សិក្សា​នៅ​ប្រ​ទេស​ចិន​ ​ថៃ​ និង​ ជប៉ុន​។ ចាត់​បោះ​ពុម្ព​ទស្សនា​វដ្តី​ផ្សព្វ​ផ្សាយ​ និង សមិទ្ធិ​ផល​ប្រែ​ពី​ព្រះ​ត្រៃ​បិដក​ទាំង​ផ្នែក​ខាង​ថេរ​វាទ​ និង​ មហា​យាន​ ជា​ភាសា​វៀត​​ណាម​អក្សរ​រ៉ូម៉័ង​ ដោយ​ឈប់​ប្រើ​អក្សរ​ចិន​ កំចាត់​អបិយ​ជំនឿ​ងុប​ងល់​ផ្សេង​ៗ​។

    ចំណែក​ខាង​សង្គម​សង្រ្គោះ​ ពុទ្ធ​សាស​និក​ជន​បង្កើត​មន្ទីរ​ពេទ្យ​ ស្ថាន​ទី​ចិញ្ចឹម​​កុមា​​រា​​កុមារី​ ស្ថាន​សង្រ្គោះ​កុមារ​កំព្រា​ និង សាលា​រៀន​ថ្នាក់​ផ្សេង​ៗ​ ផ្តល់​ឲ្យ​ដូន​ជី​ ដែល​ក្នុង​អតីត​ធ្លាប់​នៅ​ក្នុង​វត្ត​ដោយ​ស្ងប់​ស្ងាត់​ ចេញ​មក​ធ្វើ​ការ​បំពេញ​ប្រយោ​ជន៍​ក្នុង​មន្ទីរ​​ពេទ្យ​ ស្ថាន​សង្គ្រោះ​ និង​ សាលា​រៀន​ទាំង​នេះ​។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ ក៏​ស្រោច​ស្រង់​​ឲ្យ​យុវ​ជន​ អ្នក​ទទួល​ការ​សិក្សា​សម័យ​ថ្មី​តាម​បែប​បស្ចឹម​​ មាន​ឱកាស​សិក្សា​ព្រះ​ពុទ្ធ​សាស​នា និង ​ជា​ឧប​​ករណ៍​ថត​ចម្លង​ពុទ្ធ​ធម៌​ទៅ​កាន់​យុវ​ជន​ដូច​គ្នា​ ដល់​ថ្នាក់​មាន​ការ​ចាត់​តាំង​ អង្គ​ការ​ពុទ្ធ​យុវ​ជន​ ឬ យុវ​ពុទ្ធិកៈ​ ឡើង​ដំបូង​បំផុត​នៅ ​ព.ស.​២៤៨៣​។ ក្បួន​ការ​យុវ​ជន​នេះ​ ចម្រើន​បន្ត​បន្ទាប់​មក​ និង ជា​បច្ច័យ​សំខាន់​នាំ​ឲ្យ​មាន​ការ​បង្កើត​សាលា​រៀន​បឋម​​សិក្សា​ និង មធ្យម​សិក្សា​ ហៅ​ថា “សា​លា​រៀន​ពោធិ​” ឡើង​នៅ​គ្រប់​ខេត្ត​ក្នុង​វៀត​ណាម​​ភាគ​ខាង​ត្បូង។

    មាន​ខ​សង្កេត​ខ្លះ​ទាក់​ទង​ជា​មួយ​កិច្ច​កម្ម​ព្រះ​ពុទ្ធ​សាសនា​​ក្នុង​រយៈ​នេះ​ពោល​គឺ​ ព្រះ​ពុទ្ធ​សាសនា​និកាយ​ធៀន​ ដែល​ធ្លាប់​រុង​រឿង​ក្នុង​អតីត​ ដ៏​យូរ​យារ​មក​ហើយ​នោះ​ បាន​អន់​ថយ​ចុះ​ទៅ​ដូច​ដែល​ពោល​ខាង​ដើម​រួច​ហើយ​ លុះ​មក​ដល់​វេលា​គ្រា​នេះ​ និកាយ​ធៀន​​ឌោ​ (គឺ​និកាយ​សុខា​វតី​ ឬ​ព្រះ​អមិតភៈ ​ដែល​ជប៉ុន​ហៅ​ថា​និកាយ​ឈីន​)​ បាន​ចំរើន​រុង​រឿង​​ រុង​​រោចន៍​រឹង​ប៉ឹង​ និង សាយ​ភាយ​ទូ​ទៅ​ហើយ​។​ ការ​ប្រើ​វិធី​បង្រ្កាប​តែ​ម្យ៉ាង​មិន​អាច​ធ្វើ​បាន​សម្រេច​ រដ្ឋា​ភិបាល​បារាំង​សេស​ទើប​ព្យា​យាម​ប្រើ​វិធី​ផ្សេង​ៗ​ ទាំង​បែប​ហឹង្សា ​និង សន្តិ ស្រេច​តែ​ នឹង យល់​ឃើញ​ថា​វិធី​ណា​មាន​ផល​ល្អ​ ជា​ករណី​ៗ ​ទៅ​។ នៅ​ពេល​ដែល​ពុទ្ធ​សាស​និក​ជន​វៀត​ណាម​ចាត់​តាំង​អង្គ​ការ​ និង កិច្ច​ការ​ផ្សេង​ៗ​ ឡើង​មក​នេះ​ ទន្ទឹម​ នឹង បារាំង​សេស​បង្រ្កាប​ ត្រឡប់​ជា​ទទួល​ស្គាល់​ និង​ ចូល​ទៅ​គាំ​ទ្រ​ជា​ផ្លូវ​ការ​ ទាំង​នេះ​ដើម្បី​មាន​ឱកាស​ ថែ​រក្សា​ឃុំ​គ្រង​កិច្ច​ការ​ផ្ទៃ​ក្នុង​បា​ន​ មិន​ដោយ​ត្រង់​ក៏​ដោយ​ប្រ​យោល​។ ម្យ៉ាង​ទៀត​ ក៏​ជា​វិធាន​ការ​ដែល​ ​នឹង ស្វែង​រក​ការ​និយម​ពី​ប្រ​ជា​ជន​ ហើយ​ប្រសិន​បើ​ប្រ​ព្រឹត្តិ​ទៅ​បាន​ ក៏​​នឹង ទំនុក​បំរុង​ឲ្យ​ប្រ​ជា​ជន​ ស្ថិត​នៅ​ នឹងធឹង​ជា​​មួយ​សមណ​វិធី​ផ្សេង​​ៗ ទៅ​ចុះ​។ ចិត្ត​គំនិត​​ដែល​ឃ្លាត​ឆ្ងាយ​ពី​ការ​គិត​ នឹង​ អារម្មណ៍​ទាក់​ទង​ជា​មួយ​ការ​តស៊ូ​រំ​ដោះ​ជាតិ​។​

    ការ​ស្តារ​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ប្រ​ទេស​វៀត​ណាម​​​ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​មួយ​រយៈ​​រវាង​ការ​កើត​សង្រ្គាម​លោក​លើក​ទី ២​ ក្នុង​​ព.ស.​២៤៨៤ ​ដល់ ២៤៨៨​។ រដ្ឋា​ភិបាល​បារាំង​សេស​ដែល​គ្រប់​គ្រង​ឥណ្ឌូ​ចិន​ បញ្ឈប់​ការ​ត​ស៊ូ​ប្រយុទ្ធ​ និង ព្រម​សហការ​ជា​មួយ​ជប៉ុន​ តាំង​តែ​ពី​ខែ ​កញ្ញា ​២៤៨៣​។​ ជប៉ុន​បាន​គ្រប់​គ្រង​វៀត​ណាម​ និង​ ប្រើ​ប្រាស់​ដែន​ដី​ភាគ​ខាង​ជើង​មូល​ដ្ឋាន​វាយ​ប្រហារ​ម៉ាឡា​យ៉ូ ​និង​ ភូមា​។ អ្នក​ជាតិ​និយម​វៀត​ណាម​បាន​ទទួល​​ការ​គាំ​ទ្រ​ពី​សម្ព័ន្ធ​មិត្ត​ មាន​ចិន​ជា​ដើម​ ដំណើរ​ការ​ក្រោម​ដី​ (សម្ងាត់) ប្រឆាំង​ជា​មួយ​ជប៉ុន​។ ក្នុង​គ្រា​នេះ​ ក្បួន​ការ​ពា​រ​ជាតិ​និយម​ភាគី​កុម្មុយ​និស្ត ហ៊ូ​ជីម៉ីញ ជា​មេ​ដឹក​នាំ​ បាន​​បង្កើត​គណៈ​កម្ម​ការ​វៀត​ម៉ីញ​ឡើង​ក្នុង​ ព.ស.​២៤៨៤ និង​ មាន​កម្លាំង​រឹង​ប៉ឹង​ឡើង​ជា​លំដាប់​។ បន្ទាប់​មក​ដល់​ខែ​មីនា​ ២៤៨៨ ជប៉ុន​ដែល​រៀប​ នឹង ចាញ់​សង្គ្រាម​រួច​ហើយ​ ត្រឡប់​មក​កំចាត់​រដ្ឋា​ភិបាល​ឥណ្ឌូ​ចិន​របស់​បារាំង​សេស​ ​ចាត់​ការ​ឲ្យ​វៀត​ណាម​ប្រកាស​ឥស្សរ​​ភាព​ បន្តុប​ចក្រ​ពត្តិ​បាវ​ដាយ​ ព្រះ​មហា​​ក្សត្រ​អង្គ​អាវ​សាន​នៃ​រាជ​វង្ស​ហ្ងៀន​ ឲ្យ​ជា​អ្នក​គ្រប់​គ្រង​ប្រ​ទេស​ឯក​រាជ្យ​ថ្មី​នេះ​ ប៉ុន្តែ​ពួក​វៀត​​ម៉ីញ​មិន​ព្រម​ទទួល​ស្គាល់​ ហើយ​ពួក​ជាតិ​និយម​ភាគី​ព្រះ​មហា​ក្សត្រ​បាវ​ដាយ​ ក៏​ក្លាយ​ជា​អ្នក​ប្រ​ហែស​ធ្វេស​ ព្រោះ​បាន​រួម​ដៃ​ជា​មួយ​ជប៉ុន​​ ធ្វើ​ឲ្យ​បាត់​បង់​ការ​និយម​ទៅ​ ទើប​គ្រង​រាជ្យ​បាន​ត្រឹម​តែ​ ៥​ខែ​ ក៏​ត្រូវ​វៀត​ម៉ីញ​ផ្តួល​រលំ​​អំណាច​បាន​ទៅ​។​

    ព្រះ​មហា​ក្សត្រ​ ឬ ចក្រ​ពត្តិ​បាវ​ដាយ​លះ​បង់​រាជ​សម្បត្តិ​ ហើយ​ពួក​វៀត​ម៉ីញ​ ក៏​បាន​បង្កើត​ជា​សាធា​រណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​វៀត​ណាម​ឡើង​ ក្នុង​ខែ​កញ្ញា ​២៤៨៨ នោះ​ឯង​។ បន្ទាប់​មក​មិន​យូរ​ បារាំង​សេស​ក៏​បាន​បែរ​ត្រឡប់​មក​ទៀត​ ដោយ​ការ​ជួយ​សង្រ្គោះ​ផ្នែក​ខាង​ទាហាន​របស់​អង់​គ្លេស​ ចូល​គ្រង​អំណាច​នៅ​វៀត​ណាម​ភាគ​ខាង​ត្បូង​។ នៅ​ដើម​ឆ្នាំ ២៤៨៩ ប៉ុន្តែ​វៀត​ណាម​ភាគ​ខាង​ជើង​ រដ្ឋា​ភិបាល​វៀត​ម៉ីញ​នៅ​គ្រប់​គ្រង​នៅ​ឡើយ​។

    នៅ​ចុង​ឆ្នាំ ២៤៨៩ នោះ​ឯង​ សង្គ្រាម​រ៉ាំ​រ៉ៃ​រវាង​បារាំង​សេស​ ជា​មួយ​វៀត​ម៉ីញ​ក៏​​បាន​ចាប់​ផ្តើម​ឡើង​។ នៅ​ខាង​ដើម​នៃ​សង្រ្គាម​ បារាំង​សេស​គ្រប់​គ្រង​ទី​ក្រុង​ធំ​ៗ​ គ្រប់​ទី​​ក្រុង​​ទាំង​អស់​ ចំណែក​វៀត​ម៉ីញ​មាន​កម្លាំង​នៅ​នា​ជន​បទ​ ដល់​ឆ្នាំ ២៤៩១ បារាំង​សេស​​បណ្តោយ​ឲ្យ​មាន​ការ​បង្កើត​រដ្ឋា​ភិបាល​ត្រៀម​​ឡើង​គ្រប់​គ្រង​វៀត​ណាម​ទាំង​ស្រុង​ ដោយ​​មាន​អតីត​ព្រះ​មហា​ក្សត្រ​​បាវ​​ដាយ​​ជា​ប្រមុខ​។

    ២ ឆ្នាំ​ត​មក​ទៀត​ សហ​រដ្ឋ​អា​មេរិក​ និង ចក្រ​ភព​អង់​គ្លេស​ ក៏​បាន​ទទួល​ស្គាល់​វៀត​​ណា​ម​ថ្មី​នេះ​ដែរ​ ហើយ​ចំណុច​នេះ​ជា​ហេតុ​នាំ​ឲ្យ​សហ​រដ្ឋ​អា​មេរិក​ចាប់​ផ្តើម​ចូល​មក​ពាក់​ព័ន្ធ​នៅ​វៀត​ណាម​ ព្រោះ​ត្រូវ​ជួយ​សង្រ្គោះ​បារាំង​សេស​ ក្នុង​ការ​ប្រយុទ្ធ​ជា​មួយ​វៀត​ម៉ីញ​។​ សង្រ្គាម​ត្រូវ​បាន​បំបែក​នៅ​ ព.ស.​២៤៩៧ ពេល​ដែល​វៀត​ម៉ីញ​វាយ​គ្រប់​គ្រង​បាន​ដៀន​បៀន​ភូ​របស់​បារាំង​សេស​បាន​ សង្រ្គាម​ក៏​បាន​បញ្ចប់​។​ បារាំង​សេស​បាន​ចុះ​សទ្ធិ​សញ្ញា​បញ្ចប់​សឹក​សង្រ្គាម​ ក្នុង​ថ្ងៃ​ទី ២១​កក្កដា ២៤៩៧​។ វៀត​ណាម​បាន​ទទួល​ឯក​រាជ្យ​ ព្រម​ជា​មួយ​ការ​បែង​ចែក​ជា​ ​២​ប្រទេស​គឺ​ វៀត​ណាម​ខាង​ជើង​ និង​ វៀត​ណាម​ខាង​ត្បូង​។ បែង​ខ្សែ​ព្រំ​ប្រទល់​តាម​រយៈ​ខ្សែ​ស្រប​ទី ​១៧​។ ក្នុង​វៀត​ណាម​ខាង​ជើង​ ហូជី​ម៉ីញ ដែល​ជា​មេ​ដឹក​នាំ​បន្ត​បន្ទាប់​រហូត​មួយ​ជីវិត​ រួស​រាន់​ស្តារ​សេដ្ឋ​កិច្ច​ ដោះ​ស្រាយ​ការ​ខូច​ខាត​ពី​សង្រ្គាម​ ដោយ​ទទួល​ការ​ជួយ​សង្រ្គោះ​ពី​ចិន​ និង​ សូវៀត​។ ​

    ចំណែក​ឯ​វៀត​ណាម​ភាគ​ខាង​ត្បូង​ ក៏​បាន​ទទួល​ការ​ជួយ​សង្រ្គោះ​ផ្នែក​ខាង​សេដ្ឋ​​កិច្ច​ពី​សហ​រដ្ឋ​អា​មេរិក​ ប៉ុន្តែ​នយោ​បាយ​មិន​មាន​សន្តិ​សុខ​ មាន​ក្រុម​អំណាច​ផ្សេង​ៗ ដូច​​ជា ហ្វា​ហាវ កាវ​ដាយ​ កាតូ​លិក ប៊ិន​ស៊ូ​យ៉េន​ជា​ដើម​ ព្យា​យាម​ប្រ​ជែង​ដណ្ដើម​ភាព​ជា​ធំ​ នឹង ​គ្នា​។ ក្រៅ​ពី​នេះ​ មេ​ដឹក​នាំ​គឺ​ ព្រះ​មហា​ក្សត្រ​បាវ​ដាយ​ នៅ​គ្រង​អំណាច​បន្ត​មក​បាន​មួយ​ឆ្នាំ​ទៀត​ ទាំង​នេះ​ព្រោះ​នៅ​ចុង​ឆ្នាំ ២៤៩៧ នោះ​ឯង​ ង៉ោ​ឌិន​យ៉ីម​ រឹប​អូស​អំណាច​​បាន​​ជា​នាយក​រដ្ឋ​​មន្ត្រី​ ហើយ​បង្រ្កាប​បក្ស​កុម្មុយ​និស្ត៍​ ព្រម​ទាំង​បំផ្លាញ​អំណាច​របស់​និកាយ​សាសនា​ ពាក់​​កណ្តាល​នយោ​បាយ​ផ្សេង​​ៗ​ គឺ​ ហ្វា​ហាវ កាវ​ដាយ និង​ ប៊ិន​ស៊ូ​យ៉េន​ និង​ ចាត់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​រំលាយ​រប​ប​ក្សត្រ​ក្នុង​ថ្ងៃ​ទី ២៣ តុលា ២៤៩៨ ហើយ​បាន​ស្ថាបនា​សាធា​រណ​រដ្ឋ​វៀត​ណាម​ (ខាង​ត្បូង​)​ ឡើង​ ដោយ​មាន​ង៉ោ​ឌិន​យ៉ីម​ ជា​ប្រធានា​​ធិប​តី​ជន​ដំបូង​ គ្រង​អំណាច​បន្ត​មក​។

    ផ្នែក​ខាង​ព្រះ​ពុទ្ធ​សាសនា​ នៅ​ពេល​សង្រ្គាម​លោក​ចប់​នៅ ព.ស. ​២៤៨៨ ហើយ​ ប៉ុន្តែ​ប្រទេស​ជាតិ​នៅ​មិន​ទាន់​ស្ងប់​ស្ងាត់​រៀប​រយ​ នៅ​មាន​ឥទ្ធិ​ពល​របស់​បរ​ទេស​គ្រប​​ដណ្តប់​នៅ​ឡើយ​ ក្បួន​ការ​ជាតិ​និយម​ផ្សេង​ៗ​ ទើប​នៅ​បាន​ដំណើរ​ការ​ងារ​ត​ទៅ​ ប្រជា​ជន​វៀត​ណាម​គ្រប់​គ្នា​នឹង​ត្រូវ​ណែ​នាំ​ឲ្យ​ចូល​រួម​ក្បួន​ការ​ពារ​ផង ​ក្នុង​សភាព​បែប​នេះ សាស​និក​ជន​ និង អង្គ​ការ​សាសនា​ទាំង​ឡាយ​ ទើប​មាន​ឱកាស​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ នឹង នយោ​បាយ​បាន​​ច្រើន​​ដូច្នោះ​ នៅ​ពេល​វៀត​ម៉ីញ​ផ្តួល​រលំ​អំណាច​រដ្ឋាភិ​បាល​របស់​ចក្រ​ពត្តិ​បាវ​ដាយ​ ដែល​ជប៉ុន​ចាត់​តាំង​ឡើង​ ហើយ​រដ្ឋា​ភិបាល​ថ្មី​ឡើង​ជំនួស​វិញ​ មាន​ក្រុម​ ឬ អង្គ​ការ​ផ្សេង​ៗ​ កើត​ឡើង​ជា​ច្រើន​ ដូច​ជា​សមា​គម​ស្រ្តី​រំដោះ​មាតុ​ភូមិ​ យុវ​ជន​រំដោះ​មាតុ​ភូមិ​ កាតូ​លិក​សាស​និក​រំដោះ​មាតុ​ភូមិ​ ពុទ្ធ​សាស​និក​រំដោះ​មាតុ​ភូមិ​ជា​ដើម​។ ភិក្ខុ​មួយ​ក្រុម​ក៏​​បាន​បង្កើត​អង្គ​ការ​ពុទ្ធ​សាស​និក​ ដើម្បី​ប្រ​ឆាំង​ នឹង​ លទ្ធិ​អាណា​និ​គម​ឡើង​ប្រឆាំង​បារាំង​ក្នុង​គ្រា​នោះ​។​ អង្គ​ការ​នេះ​បាន​រំសាយ​បាត់​ទៅ​នៅ​ពេល​ដែល​វៀត​ណាម​ខាង​ត្បូង​​ បាន​​ទទួល​​ឯក​រាជ្យ​ភាព​ពី​បារាំង​សេស​ក្នុង​ ព.ស. ​២៤៩៧ ។

    ក្នុង​ផ្នែក​ការ​ងារ​ផ្សព្វ​ផ្សាយ​ ក៏​មាន​ទិន្នា​នុប្ប​វត្តិ​ថ្មី​ៗ ​របស់​ពុទ្ធ​សាស​និក​កើត​ឡើង​ ដែល​ផ្តោត​សំខាន់​ការ​បញ្ចូល​ព្រះ​ធម៌​ ឲ្យ​ចូល​ជា​មួយ​ការ​ដំណើរ​ជីវិត​សម័យ​ថ្មី​ខ្លះ​ ផ្តោត​​ទៅ​លើ​ជាតិ​និយម​ និង​ ការ​បំពេញ​សារ​ធារណៈ​ប្រយោជន៍​ខ្លះ​ ព្រម​ជា​មួយ​គ្នា​នោះ​ ក៏​បាន​ផ្តល់​គំនិត​ សម្តែង​​ទស្សនៈ​ខាង​នយោ​បាយ​ផង​។ ក្នុង​ផ្នែក​សាធា​រណូប​ការ​ និង​ សង្គម​សង្គ្រោះ​ មាន​ការ​ជួស​ជុល​វត្ត​ដែល​ត្រូវ​បាន​បំផ្លាញ​ រើ​ស្តារ​ការ​ងារ​ស្ថាន​សង្រ្គោះ​កុមារ​​កំព្រា​ សាលា​រៀន​ និង ជួយ​សង្រ្គោះ​អ្នក​ជួប​ប្រទះ​គ្រោះ​ថ្នាក់​សង្រ្គាម​ជា​ដើម​។​ ក្នុង​​ផ្នែក​សិក្សា​ក៏​មាន​ការ​បញ្ជូន​ព្រះ​ភិក្ខុ​ទៅ​សិក្សា​នៅ​ប្រ​ទេស​ឥណ្ឌា​ សិរី​លង្កា និង​ ប្រ​ទេស​លោក​ខាង​លិច​។

   ​ ក្នុង ព.ស.២៤៩៤ មាន​ការ​ប្រជុំ​កំពូល​ថ្នាក់​ជាតិ​ របស់​ពុទ្ធ​សាស​និក​ទូ​ទាំង​ប្រទេស​នៅ​ទី​ក្រុង​ហ្វេ​ មាន​ព្រះ​សង្ឃ​ និង​ គ្រហស្ថ​ដែល​ជា​អ្នក​ដំណាង​របស់​គណៈ​សង្ឃ​ និង​ ពុទ្ធ​សមាគម​ទាំង​ ៦ ក្នុង​ភាគ​ទាំង​ ៣ (​ជើង​ កណ្តាល ត្បូង) នៃ​វៀត​ណាម​មក​រួម​ប្រជុំ​ប្រ​ហែល​ ៥០​នាក់​​។ អង្គ​ប្រជុំ​មាន​មតិ​សំខាន់​គឺ​ ប្រកាស​រួម​អង្គ​ការ​ទាំង​៦ ចូល​តែ​មួយ​ និង បង្កើត​សមា​គម​​សហ​ពុទ្ធ​បរិ​ស័ទ​វៀត​ណាម​ឡើង​ ក្រៅ​ពី​នោះ​ មាន​ការ​ការ​ចាត់​របៀប​គណៈ​សង្ឃ​ថ្មី​ បណ្តាក់​មាត្រ​ដ្ឋាន​ទាក់​ទង​ជា​មួយ​ការ​ប្រកប​ពិធី​កម្ម ការ​បង្រៀន​ពុទ្ធ​សាសនា​ដល់​ជន​មាន​វ័យ​​ចំ​ណាស់​ ការ​បង្កើត​ក្បួន​ការ​ពុទ្ធ​យុវជន​ និង យល់​ព្រម​សហ​ការ​​ឧបត្ថម្ភ​អង្គ​ការ​ពុទ្ធ​សាស​និក​សម្ព័ន្ធ​ពិភព​លោក​ ដែល​បង្កើត​ឡើង​ដោយ​ផល​នៃ​ការ​ប្រជុំ​ពុទ្ធ​សាស​និក​ទូ​ទាំង​ពិ​ភព​លោក​ នៅ​ទី​ក្រុង​កូឡុមបូ (ប្រទេស​សិរី​លង្កា)​ នៅ ព.ស.២៤៩៣។

   ​ ឆ្នាំ​បន្ត​មក​ គឺ​នៅ ​ព.ស. ​២៤៩៥ មាន​ការ​អារា​ធនា​ព្រះ​បរម​សារីក​​ធាតុ​ ទៅ​កាន់​ទី​ប្រជុំ​កំពូល​របស់​អង្គ​ការ​ពុទ្ធ​សាស​និក​សម្ព័ន្ធ​ពិ​ភព​លោក​ នា​ទី​ក្រុង​តូក្យូ​ ដោយ​ដំកល់​​ប្រ​តិស្ឋាន​ឲ្យ​ប្រជា​ជន​នមស្ស​ការ​នៅ​ទី​ក្រុង​សៃហ្គន ២៤​ម៉ោង​។ ប្រាដក​ថា​មាន​ប្រ​ជា​ជន​វៀត​ណាម​អញ្ជើញ​ទៅ​នមស្ស​ការ​ដល់​ទៅ​ ៥០,០០០ នាក់​។ ហេតុ​ការណ៍​គ្រា​នេះ​ជា​​គ្រឿង​បណ្តុះ​សទ្ធា​ពុទ្ធ​សាស​និក​ជន​​ ធ្វើ​ឲ្យ​កើត​អារម្មណ៍​រួម​ចិត្ត​គ្នា​ និង​ ខ្នះ​ខ្នែង​ក្នុង​ផ្លូវ​ពុទ្ធ​សាសនា​កាន់​តែ​ខ្លាំង​ឡើង​។​

   ​ ម្យ៉ាង​ទៀត​ ពុទ្ធ​សមាគម​សាកល​វៀត​ណាម​បាន​ផ្សាយ​ទិន្នា​នុប្ប​វត្តិ ​មួយ​ច្បាប់​​ដើម្បី​ប្រកាស​ទិស​ដៅ​នយោ​បាយ​ជាតិ​និយម​​ និង បំពេញ​ប្រ​យោជន៍​ហៅ​ថា “Vietnamese Buddhism”​​។ កិច្ច​ការ​ផ្នែក​ផ្សេង​ៗ របស់​ពុទ្ធ​សាសនា​ទាំង​ផ្នែក​ខាង​សង្គម​សង្រ្គោះ​ សាលា​រៀន បរិ​យត្តិ​ធម៌ ​សាលា​រៀន​រាស្រ្ត​ជា​ពុទ្ធ​សាស​និក​ និង​ អង្គ​ការ​យុវ​ជន​ទាំង​ឡាយ​បាន​​ចំរើន​​រុង​រឿង​ ហើយ​ពង្រីក​ចេញ​យ៉ាង​ច្រើន​ឡើង​ ចាត់​បាន​ថា​ ជា​ការ​វិវឌ្ឈន៍​យ៉ាង​ខ្លាំង​ រហូត​ដល់​កើត​ឧប​សគ្គថ្មី​ឡើង​ទៀត​ គឺ​ការ​ដែល​ប្រទេស​បែង​ចែក​ចេញ​ជា​វៀត​ណាម​​ខាង​ជើង​ វៀត​ណាម​ខាង​ត្បូង​ ក្នុង​ ព.ស.​២៤៩៧​ ធ្វើ​ឲ្យ​សមា​គម​សហ​ពុទ្ធ​បរិ​ស័ទ​វៀត​ណាម​ ឬ សហ​ភាព​ពុទ្ធ​សាស​និក​វៀត​ណាម​ ក៏​បាន​បែង​ចែក​ចេញ​ជា​ពីរ​ក្រុម​ផង​ដែរ​ ហើយ​កិច្ច​ការ​ផ្សេង​ៗ​ ក៏​អន់​ថយ​កម្លាំង​ចុះ​។

   ​ នៅ​ពេល​ដែល​ប្រទេស​ជាតិ​បែង​ចែក​ទៅ​ហើយ​ នៅ​វៀត​ណាម​ភាគ​ខាង​ជើង​ វៀត​ម៉ីញ​គ្រប់​គ្រង​ព្រះ​​ពុទ្ធ​សាសនា​ ក៏​ឋិត​នៅ​ក្រោម​ការ​​ឃុំគ្រង​របស់​របប​ការ​គ្រប់​គ្រង​បែប​សង្គម​និយម​កុម្មុយ​និស្ត​។ ចំណែក​ឯ​វៀត​ណាម​ភាគ​ខាង​ត្បូង​ បន្ទាប់​ពី​ការ​កើត​ជា​ប្រ​ទេស​​ថ្មី​បាន​ត្រឹម​តែ​មួយ​ឆ្នាំ​ ក៏​ផ្លាស់​ការ​គ្រប់​គ្រង​ពី​របប​មាន​ក្សត្រ​ មក​ជា​សាធា​រណ​រដ្ឋ ង៉ោ​ឌិន​យ៉ីម​ ឡើង​គ្រង​អំណាច​ជា​ប្រធា​នា​ធិបតី​។ យុគ​នៃ​ក្តី​ទុក្ខ​សោក​ ក្តៅ​ក្រហាយ​​របស់​ពុទ្ធ​សាស​និក​ជន​ក៏​ត្រឡប់​មក​ចាប់​ផ្តើម​សា​ជា​ថ្មី​ទៀត​ហើយ​។

តទៅលេខ 21