ព្រះពុទ្ធសាសនានៅវៀតណាម(ត)


ថ្ងៃអាទិត្យ ទី13.តុលា 2019.ម៉ោង 6:35

២ យុគជាតិទ្រុឌសាសនាទ្រោម

    លុះ ព.ស.១៩៥៧ វៀត​ណាម​បាន​ក្លាយ​ជា​ប្រទេស ថិត​នៅ​ក្រោម​អាណា​និគម​របស់​ចិន​ម្តង​ទៀត​ ទោះ​បី​ជា​ការ​បាត់​បង់​អំណាច​រយៈ​ពេល​ខ្លី​ៗ​ ត្រឹម​​តែ​ ១៧​​ឆ្នាំ​ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​ទ្រុឌ​ទ្រោម​ចុះ​យ៉ាង​ខ្លាំង​ ព្រោះ​ឥទ្ធិ​ពល​របស់​ព្រះ​មហា​ក្សត្រ​រាជ​វង្ស​ម៉ីង​ ដែល​គ្រប់​គ្រង​ប្រ​ទេស​ចិន​នៅ​ពេល​នោះ​ បាន​ធ្វើ​ឲ្យ​លទ្ធិ​ខុង​ចឺ និង​ តៅ​ រីក​ចំរើន​ឡើង​យ៉ាង​ រឹង​ប៉ឹង​ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ដែរ​ ព្រះ​ពុទ្ធ​សាសនា​បែប​តន្ត្រៈ​ របស់​ទី​បេ​ ក៏​បាន​ហូរ​ចូល​​មក​ព្រម​ជា​មួយ​ផង​។​​ ព្រម​នោះ​ដែរ​ រាជ​ការ​ចិន​ក៏​បំ​ផ្លិច​បំ​ផ្លាញ​វត្ត​ ​និង​ រឹប​អូស​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​​ទៅ​ទាំង​អស់​។​ វៀត​ណាម​បាន​ទទួល​ឯក​រាជ្យ​មក​វិញ​ក្នុង​ ព.ស.​១៩៧៤​ តែ​ស្ថាន​ការណ៍​ផ្នែក​ខាង​ព្រះ​ពុទ្ធ​សាសនា​មិន​ទាន់​បាន​ប្រសើរ​ឡើង​វិញ​ឡើយ​ ព្រោះ​ព្រះ​មហា​ក្សត្រ​រាជ​វង្ស​ថ្មី​ មិន​អនុ​គ្រោះ​ដល់​ព្រះ​ពុទ្ធ​សាសនា​ ទ្រង់​រៀប​ចំ​ប្រឡង​ចំណេះ​ដឹង​ព្រះ​សង្ឃ​ ដោយ​ឲ្យ​អង្គ​ដែល​ប្រឡង​ធ្លាក់​លា​ចាក​សិក្ខា​បទ​ ហើយ​ចាត់​វិធាន​ការ​បង្ខិត​បង្ខំ​ផ្សេង​ៗ​ ចូល​ទៅ​ជ្រៀត​ជ្រែក​ក្នុង​កិច្ច​ការ​របស់​សង្ឃ​ និង​ ហាម​កសាង​វត្ត​ថ្មី​។​ ព្រះ​ពុទ្ធ​សាសនា​នៅ​បាន​ទទួល​ការ​ឧបត្ថម្ភ​ទំនុក​បំរុង​ពី​ប្រជា​ជន​ក៏​ពិត​មែន​ ប៉ុន្តែ​បាន​សាប​រលាប​ចុះ​ ក្លាយ​ជា​គោល​ជំនឿ​ដែល​ផ្សំ​ផ្គុំ​ដោយ​ពាហិរ​លទ្ធិ​ មិន​មែន​ពុទ្ធ​ធម៌​បរិ​សុទ្ធ​ពិត​ដូច​ដើម​ ហើយ​ក្នុង​រយៈ​កាល​នេះ​ឯង​ ព្រះ​ពុទ្ធ​សាសនា​និកាយ​តិន​ឌោ​ (គឺ និកាយ​សុខាវតី​ គោរព​ព្រះ​អមិ​តាភៈ​ ដែល​ជប៉ុន​ហៅ​ថា​ និកាយ​ឈិន​) ក៏​បាន​ផ្សព្វ​ផ្សាយ​ចូល​មក​កាន់​ប្រ​ទេស​វៀត​ណាម​។​ និកាយ​នេះ​ភាគ​ច្រើន​គោរព​បដិ​បត្តិ​ក្នុង​ចំណោម​គ្រហស្ថ​ ហើយ​តែង​តែ​ពង្រីក​ចេញ​ ទៅ​ក្នុង​យាម​ដែល​​ខ្វះ​ខាត​ព្រះ​ភិក្ខុ​អ្នក​ទ្រង់​នូវ​ចំណេះ​ដឹង​ក្នុង​និកាយ​ ធៀន​ (សេន)​។ ព្រះ​ភិក្ខុ​ជាតិ​ចិន​ នាម​ វ៉ាន​ថេ​ វ៉ា​ធឿង​ (ព.ស.​២០៧៥ - ២១៥៥) បាន​ផ្សំ​ផ្គុំ​ពាក្យ​ប្រៀន​ប្រដៅ​ក្នុង​និកាយ​ធៀន​ជា​មួយ​ ​និង ​និកាយ​តិន​ឌោ​ កើត​ជា​ព្រះ​ពុទ្ធ​សាសនា​មួយ​បែប​ ដែល​គោរព​នៅ​តាម​សាលា​ចេតិយ (chua ឬ Pagoda) ទាំង​ឡាយ​នា​ពេល​​បច្ចុប្បន្ន​។

    ផ្នែក​ខាង​នយោ​បាយ​ សង្គ្រាម​រវាង​វៀត​ណាម​ជា​មួយ​ប្រ​ទេស​ចម្ប៉ា ​បាន​កើត​ឡើង​ ជា​រឿយ​មក​ ដោយ​ភាគ​ច្រើន​ប្រទេស​វៀត​ណាម​ជា​ភាគី​ទទួល​ជ័យ​ជំនះ​ ឬ​ បាន​ប្រៀប​ ហើយ​បាន​ផ្គួប​ដែន​ដី​របស់​ចម្ប៉ា​ចូល​មក​ជា​លំដាប់​ រហូត​ដល់​ ព.ស.​២០១៤ ព្រះ​បាទ​លេ​ធន់​តង​ ទ្រង់​បាន​បង្រួម​យក​អាណា​ចក្រ​ចម្ប៉ា​ចូល​ជា​ដែន​ដី​មួយ​ភាគ​របស់​ប្រ​ទេស​វៀត​ណាម​បាន​សម្រេច​។ បណ្តោយ​ទុក​តែ​ដែន​បណ្ឌុ​រង្គៈ ​ខាង​ត្បូង​ឲ្យ​ថិត​នៅ​ជា​អាណា​ចក្រ​តូច​ៗ​ របស់​ចម្ប៉ា​ ប្រ​ព្រឹត្តិ​ទៅ​ជា​បណ្តើរ​ៗ​ សិន​ ដែល​ នឹង មិន​មាន​ពិស​ភ័យ​អន្ត​រាយ​ទាំង​ឡាយ​ដល់​ប្រ​ទេស​វៀត​ណាម​នៅ​បន្ត​កើត​មាន​ទៀត​ឡើយ​ ហើយ​វៀត​ណាម​សន្សឹម​ នឹង គាប​សង្កត់​រហូត​ដល់​លេប​ត្របាក់​បាន​ទាំង​ស្រុង​ទៅ​។

    លុះ​ដល់​ផុត​ពីរ​ជ្ជកាល​ព្រះ​បាទ​លេ​ធន់​តង​ហើយ​ ព្រះ​មហា​ក្សត្រ​អង្គត​ៗ​ មក​ ក៏​ទន់​ខ្សោយ​ កើត​ការ​ប្រ​ជែង​អំណាច​ផ្ទៃ​ក្នុង​អស់​រយៈ​កាល​ជា​យូរ​ រហូត​ដល់​ទី​បំផុត​ ព.ស. ​២០៧៦​ វៀត​ណាម​ក៏​បាន​បែង​ចែក​ចេញ​ជា​ពីរ​អាណា​ចក្រ​ ជា​អាណា​ចក្រ​ភាគ​ខាង​ជើង​ មាន​ត្រកូល​ត្រឹន​ (Trinh) គ្រង​អំណាច​ ហៅ​ងាយ​ៗ​ ថា​ ដែន​តុង​កឹង​ ជា​មួយ​អាណា​ចក្រ​ភាគ​ខាង​ត្បូង​របស់​រាជ​វង្ស​ ហ្ងៀន ហៅ​ងាយ​ៗ ​ថា​ ដែន​អណ្ណាម​។​ អ្នក​ប្រវត្តិ​សាស្រ្ត​​បស្ចឹម​ រមែង​ហៅ​ថា​ ដែន​តុង​កឹង​ និង​ ដែន​កូចិន​សិន​ បែង​ព្រំ​ប្រទល់​ដែន​ជា​ក្រសែ​ស្រប​ទី​ ១៨​ ដែល​ត​មក​ពី​ភាគ​ខាង​ត្បូង​កសាង​កំផែង​ធំ​ ទុក​ការ​ពារ​ការ​ឈ្លាន​ពាន​របស់​ភាគ​ខាង​ជើង​។ ដែន​ទាំង​ពីរ​ភាគ​ តែង​តែ​ប្រ​ជែង​អំណាច​គ្នា​ នឹង ប្រទាញ​ប្រទង់​សង្រ្គាម​ ដើម្បី​កំចាត់​គ្នា​ជា​រឿយ​ៗ​ មក​​អស់​រយៈ​កាល​ប្រ​ហែល​ជា​ ២៧០​ឆ្នាំ​ រហូត​ដល់​បាន​ទទួល​ឯក​ភាព​ជាតិ​​ម្តង​ទៀត​ក្នុង​ ព.ស. ​២៣៤៥​។ រវាង​នោះ​ដែរ​ ក្រៅ​ពី​ការ​ប្រ​ជែង​អំណាច​ រវាង​វៀត​ណាម​ឯង​ហើយ​ អាណា​ចក្រ​ភាគ​ខាង​ត្បូង​នៅ​បាន​ពង្រីក​អំណាច​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​ជា​លំដាប់​ទៀត​ផង​ ធ្វើ​ឲ្យ​អាណា​ចក្រ​តូច​ៗ​ របស់​ពួក​ចាម​ដែល​សេស​សល់​នៅ​ បាន​រលាយ​ទាំង​ស្រុង​ក្នុង​ ព.ស.​២២៦៣​។

    រយៈ​កាល​ទន្ទឹម​នឹង​នេះ​ដែរ​ អាណា​ចក្រ​ខ្មែរ​ ដែល​កំពុង​តែ​មាន​អំណាច​អន់​ថយ​ ក៏​បាន​ជួប​ប្រ​ទះ​គ្រោះ​អា​ក្រក់​ស្រ​ដៀង​គ្នា​នេះ​ដែរ​ ដោយ​សន្សឹម​ៗ​ បាត់​បង់​ដែន​ដី​បន្តិច​ម្តង​ៗ​ ដល់​ប្រ​ទេស​វៀត​ណាម​ ដោយ​វិធាន​ការ​ដែល​វៀត​ណាម​ធ្លាប់​ប្រើ​ជា​មួយ​ចម្ប៉ា​ពី​មុន​មក​ ពោល​គឺ​ ផ្តើម​ដំបូង​ដោយ​មាន​ជន​ជាតិ​វៀត​ណាម​ភៀស​ខ្លួន​ខ្លះ​ អន្តោ​ប្រ​វេសន៍​ខ្លះ​ រសាត់​អណ្តែត​ខ្លះ​ ជ្រៀត​ជ្រែក​ចូល​មក​នៅ​អាស្រ័យ​ជា​ដុំ​កំភួន​នៅ​តាម​ជាយ​ដែន​របស់​ខ្មែរ​។ ត​មក​មាន​ចំនួន​ច្រើន​ឡើង​ៗ​ ក៏​រួប​រួម​ចូល​ជា​ក្រុម​ ក្លាយ​ជា​ខេត្ត​ដែល​ចំណុះ​ចំពោះ​ប្រទេស​វៀត​ណាម​ នៅ​ពេល​ដែល​ខ្មែរ​ចូល​ទៅ​ពាក់​ព័ន្ធ​ជា​មួយ​ក្នុង​ខេត្ត​នោះ​ វៀត​ណាម​ក៏​ប្រកាន់​ថា​ខ្មែរ​ចូល​ទៅ​ឈ្លាន​ពាន​ដែន​ដី​ ហើយ​ក៏​លើ​ទ័ព​ចូល​ទៅ​វាយ​ប្រហារ​ ដោយ​វិធី​នេះ​ដល់​ទៅ​ ព.ស. ​២២២៨​។ ទី​ក្រុង​ព្រៃ​នគរ​ (ដែល​ជា​មជ្ឈ​ដ្ឋាន​របស់​កូសាំង​ស៊ីន​) ធ្លាប់​ជា​ដែន​ដី​របស់​ចេន​ឡា​ទឹក​នៃ​អាណា​ចក្រ​កម្ពុជា​ ក៏​ត្រូវ​បាន​ផ្គួប​ចូល​ជា​ដែន​ដី​របស់​វៀត​ណាម​។ ​ដល់ ព.ស.​២២៥៧ អាណា​ចក្រ​វៀត​ណាម​ភាគ​ខាង​ត្បូង​របស់​រាជ​វង្ស​ហ្ងៀន​ ក៏​ពង្រីក​ចុះ​ទៅ​ដល់​ទី​បំផុត​ជ្រោយ​សមុទ្រ​កូសាំង​ ​ស៊ីន​ ដល់​ខេត្ត​ពាម​ (ហាទៀង)​ ព្រោះ​ភាព​ដែល​ពោល​មក​នេះ​ ទើប​មាន​ប្រជា​ជន​ខ្មែរ​នៅ​​វៀត​ណាម​ភាគខាង​​ត្បូង​បច្ចុ​ប្បន្ន (ដែន​ដី​កូសាំង​ស៊ីន​)​ ប្រមាណ ៦០០,០០០ នាក់​ ដែល​ភាគ​ច្រើន​កាន់​ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​ លើស​ពី​នោះ​ ក្នុង​ ព.ស.​២៣០៣​ រយៈ​ដែល​ថៃ​កំពុង​ត្រូវ​បាន​ភូមា​គំរាម​កំហែង​ មុន​ក្រុង​បែក​ វៀត​ណាម​នៅ​បាន​ទៅ​វាយ​ដល់​ចម្ប៉ា​ស័ក្តិ​ ដែល​គ្រា​នោះ​ ជា​របស់​ខ្មែរ​ទៀត​ផង​។​ នៅ​ពេល​ក្រុង​ស្រី​អយុធ្យា​បែក​ហើយ​ និង​ ព្រះ​យ៉ា​តាក​ កំពុង​រំដោះ​ឯក​រាជ្យ​នៅ​វៀត​ណាម​ ក៏​លូក​ដៃ​កិច្ច​ការ​របស់​ថៃ​ ដោយ​បាន​គាំ​ទ្រ​ក្រុម​ក្រម​​ហ្មឺន​ទេព្វិ​ពិធ​ ទើប​បាន​ជា​ហេតុ​នាំ​ឲ្យ​កើត​វិវាទ​ជា​មួយ​ប្រ​ទេស​ថៃ​ ហើយ​ត​មក​ក្នុង​ ព.ស.​២៣១២​ សម្តេច​ព្រះ​ចៅ​ក្រុង​ធន​បុរី​ ក៏​ទ្រង់​លើក​ទ័ព​មក​វាយ​ខេត្ត​ពាម​ ចាប់​ពី​ពេល​នោះ​មក​ វៀត​ណាម​ជា​មួយ​ថៃ​ ក៏​មាន​ហេតុ​ទាស់​ទែង​គ្នា​រឿយ​មក​ ជា​មួយ​ករណី​ប្រ​ទេស​កម្ពុជា​ រហូត​ដល់​វៀត​ណាម​ និង ​កម្ពុជា​ បាន​ធ្លាក់​នៅ​ក្រោម​អាណា​និគម​របស់​ប្រ​ទេស​បារាំង​សេស​នៅ​ទី​បំ​ផុត​។

    ក្នុង​រយៈ​កាល​ ២៧០​ ឆ្នាំ​នៃ​ការ​បែក​ជា​ពីរ​អាណា​ចក្រ​នោះ​ ព្រះ​ពុទ្ធ​សាសនា​បាន​ក្លាយ​ដូច​ជា​ឧប​ករណ៍​សំរាប់​ស្វែង​រក​កម្លាំង​គាំ​ទ្រ​នៃ​ភាគី​ទាំង​ពីរ​ ដោយ​ហេតុ​ដែល​ប្រ​ជា​ជន​ពាក់​ព័ន្ធ​ជា​មួយ​សាសនា​យ៉ាង​ជ្រាល​ជ្រៅ​ ទាំង​អាណា​ចក្រ​ភាគ​ខាង​ជើង​ (ពួក​ត្រិន)​ ​និង​ អាណា​ចក្រ​ភាគ​ខាង​ត្បូង​ (ពួក​រាជ​វង្ស​ហ្ងៀន)​ ទើប​ម្ខាង​ៗ​ តែង​ប្រកួត​ប្រជែង​ស្តែង​សទ្ធា​ទំនុក​បំរុង​ព្រះ​ពុទ្ធ​សាសនា​ មាន​ការ​កសាង​ ​និង​ ជួស​ជុល​វត្ត​អារាម​ជា​ចម្បង​ ហើយ​ បរិយា​កាស​ក៏​អំណោយ​ផល​ឲ្យ​មាន​សា​ខា​ថ្មី​​ៗ ​នៃ​និកាយ​ធៀន​កើត​ឡើង​មក​ទៀត​។ បន្ទាប់​មក​នៅ​ចុង​យុក​នៃ​អាណា​ចក្រ​ភាគ​ខាង​ត្បូង​ កើត​មាន​ការ​ក្បត់​ ដណ្តើម​អំណាច​ពី​រាជ​វង្ស​ហ្ងៀន​បាន​ រជ្ជ​ទា​យាទ​នាម​ ព្រះ​អង្គ​ម្ចាស់​ហ្ងៀន​អាន់​ ព្រះ​ជន្មា​យុ​ត្រឹម​តែ ១៥​វស្សា​ បាន​ភៀស​ខ្លួន​បាន​ ដោយ​ការ​ជួយ​សង្រ្គោះ​របស់​សង្ឃ​កាតូ​លិក​បារាំង​សេស​មួយ​អង្គ​ ហើយ​បន្ទាប់​មក​រវាង ​ព.ស.​២៣២៨​ ដល់​ ២៣៣០ ​ព្រះ​អង្គ​ម្ចាស់​ហ្ងៀន​អាន់​ ព្រះ​អង្គ​បាន​ភៀស​ខ្លួន​មក​អាស្រ័យ​នៅ​ក្នុង​ប្រទេស​ថៃ​ សម័យ​រជ្ជ​កាល​ទី​១​ នៃ​ក្រុង​រតន​កោ​សិន​ និង​ បាន​នាំ​ទាហាន​ស្ម័គ្រ​ចិត្ត​ជាតិ​វៀត​ណាម​ចេញ​មក​ជួយ​ប្រ​យុទ្ធ​ជា​មួយ​ភូមា​ ជា​ការ​ល្អ​ប្រ​ពៃ​ចំពោះ​រាជ​ការ​ថៃ​។​ ផ្នែក​ខាង​វៀត​ណាម​ ពួក​ក្បត់​បាន​ឡើង​គ្រប់​គ្រង​អាណា​ចក្រ​ភាគ​ខាង​ត្បូង​ ហើយ​នៅ​មាន​សមត្ថ​ភាព​វាយ​ជម្រុញ​ឡើង​ទៅ​ភាគ​ខាង​ជើង​ រហូត​ដល់​រដ្ឋ​ធានី​ហា​ណូយ​ បង្ក្រាប​ពួក​ត្រិន​បាន​ទាំង​ស្រុង​ក្នុង​ ព.ស.​២៣៣១ រួច​ហើយ​ស្ថាប​នា​ខ្លួន​ជា​ចក្រពត្តិ​គ្រង​ផែន​ដី​វៀត​ណាម​​ទាំង​ស្រុង​​។

    ប៉ុន្តែ​ក្នុង​ខណៈ​ ដែល​ពួក​អតី​ត​ក្បត់​កំពុង​វាយ​ប្រ​យុទ្ធ​គ្នា​នៅ​ភាគ​ខាង​ជើង​នោះ​ឯង​ ព្រះ​អង្គ​ម្ចាស់​ហ្ងៀន​អាន់​ ក៏​បាន​ឱកាស​ត្រឡប់​ចូល​មក​កាន់​វៀត​ណាម​ ហើយ​អាស្រ័យ​កម្លាំង​ទា​ហាន​ ព្រម​ទាំង​យុទ្ធោ​បករណ៍​របស់​បារាំង​សេស​ ដែល​សង្ឃ​កាតុ​លិក​ អ្នក​​ធ្លាប់​ជួយ​សង្រ្គោះ​ព្រះ​អង្គ​ក្នុង​គ្រា​មុន​ ចាត់​មក​គាំ​ទ្រ​។ ព្រះ​អង្គ​ម្ចាស់​ហ្ងៀន​អាន់​ ក៏​ទ្រង់​ធ្វើ​សង្រ្គាម​ប្រ​ជែង​អំណាច​ត្រឡប់​ពី​ពួក​ក្បត់​ រហូត​ដល់​បាន​សំរេច​ រួប​រួម​ផែន​ដី​វៀត​ណាម​ ឲ្យ​បាន​ឯក​ភាព​ជា​ធ្លុង​មួយ​ ហើយ​ឡើង​គ្រង​រាជ្យ​ក្នុង​ ព.ស.​២៤៣៥​ ទ្រង់​ព្រះ​នាម​ថា​ ព្រះ​ចក្រ​ពត្តិ​យ៉ា​ឡុង​ (Gia Long)។

    រាជ​វង្ស​ហ្ងៀន​ តាំង​តែ​ព្រះ​ចៅ​យ៉ា​ឡុង​​ជា​ដើម​ទៅ​ បាន​ទំនុក​បំរុង​ព្រះ​ពុទ្ធ​សាសនា​ ក្នុង​រឿង​ដែល​គ្រឿង​រួប​​រួម​ចិត្ត​មនុស្ស​ឲ្យ​មាន​ឯក​ភាព​ជាតិ​ ព្រះ​សង្ឃ​គ្រាន់​តែ​ចាំ​ជួយ​ថែ​រក្សា​វត្ត​ រាជការ​ឲ្យ​បាន​បាន​គង់​វង់​ ​និង​ ប្រកប​ពិធី​កម្ម​ផ្សេង​ៗ​ ទៅ​តាម​​សេច​ក្តី​ត្រូវ​ការ​របស់​ប្រជា​ជន​ ក៏​ជា​ការ​គ្រប់​គ្រាន់​។​ ព្រះ​សង្ឃ​តាម​វត្ត​ផ្សេង​ៗ​ ទើប​ប្រ​ព្រឹត្តិ​ធូរ​រលុង​ ជា​បន្ត​បន្ទាប់​ ដោយ​ទូ​ទៅ​ ហើយ​ការ​យល់​គោល​ធម៌​ក៏​អន់​ថយ​ចុះ​ៗ​ ប្រជា​ជន​គោរព​ព្រះ​ជា​ម្ចាស់​ ដូច​ជា​អាទិ​ទេព​នៅ​ឋាន​លើ ​ដែល​ទ្រង់​ចាំ​ប្រទាន​ផល​ តាម​ការ​ប្រាថ្នា​របស់​ជន​ដែល​បាន​បួង​សង្រួង​​បូជា​។

    ចំណែក​ឯសា​សនា​ដទៃ​ សាសនា​ដែល​ទទួល​សិទ្ធិ​ពិ​សេស​ ដំណើរ​ការ​ផ្សព្វ​ផ្សាយ​បាន​ដោយ​ស្រួល​ក្នុង​រយៈ​មួយ​ ក៏​គឺ​សាសនា​គ្រឹស្ត​ ទាំង​នេះ​ ព្រោះ​ព្រះ​ចៅ​យ៉ា​ឡុង​ ទ្រង់​បាន​ទទួល​ការ​ជួយ​សង្រ្គោះ​ពី​ព្រះ​សង្ឃ​កាតូ​លិក​ជាតិ​បារាំង​សេស​ ដូច​ដែល​ពោល​មក​ហើយ​ ទើប​សព្វ​ព្រះ​រាជ​ហ​ឫ​ទ័យ​ប្រទាន​ការ​ឧបត្ថម្ភ​ ជា​ការ​តប​ស្នង​ជំនួស​ ដល់​ថ្នាក់​ទ្រង់​បញ្ជា​ដល់​អ្នក​ស្នង​រាជ​បន្ត​ មុន​ នឹង ទ្រង់​សោយ​ទិវង្គត​ថា នឹង​មិន​ឲ្យ​មាន​ការ​គាប​សង្កត់​ គំរាម​កំហែង​ដល់​សាសនា​ទាំង​​៣​ ដែល​បាន​ប្រតិស្ឋាន​ហើយ​ក្នុង​ផែន​ដី​របស់​ព្រះ​អង្គ​ ពោល​គឺ​ ខុងចឺ​ ពុទ្ធ​សាសនា​ និង​ គ្រឹស្ត​សាសនា​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ព្រះ​រាជ​ឱរស​ដែល​ឡើង​គ្រង​រាជ្យ​ត​មក​ក្នុង​ ព.ស.​១២៦៣​ គឺ​ព្រះ​ចៅ​ម៉ីង​ម៉ាង​ (Ming Mang) ដែល​ព្រះ​អង្គ​ជា​អ្នក​គោរព​សាសនា​ខុង​ចឺ​ យ៉ាង​ខ្ជាប់​ខ្ជួន​ ​និង​ ទ្រង់​និយម​វប្ប​ធម៌​ចិន​ (ឱ​រស​អង្គ​ រៀម​​ច្បង​របស់​ព្រះ​ចៅ​យ៉ា​ឡុង​ ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ព្រះ​សង្ឃ​កាតូ​លិក​ និង​ បាន​ទទួល​ការ​សិក្សា​ក្នុង​ប្រ​ទេស​បារាំង​សេស​ បាន​អស់​ព្រះ​ជន្ម​មុន​ព្រះ​រាជ​បិតា​) ទ្រង់​រង្គាស​ “មនុស្ស​ព្រៃ​ផ្សាយ​មក​ពី​បស្ចឹម​ប្រទេស​” ទើប​ទ្រង់​មិន​បាន​អនុ​វត្ត​តាម​បញ្ជា​របស់​ព្រះ​រាជ​បិតា​ ទ្រង់​ត្រឡប់​ជា​កាត់​សម្ព័ន្ធ​ មេត្រី​ជា​មួយ​បារាំង​សេស​ ​ហើយ​បែរ​ត្រឡប់​មក​ប្រើ​ន​យោ​បាយ​ បង្ក្រាប​សាសនា​គ្រឹស្ត​ ដែល​ព្រះ​មហា​ ក្សត្រ​អង្គ​មុន​ៗ​ អនុវត្តន៍​មក​ហើយ​។

    ជាតិ​បស្ចឹម​ បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ចូល​មក​ទំនាក់​ទំនង​ជា​មួយ​វៀត​ណាម​ ក្នុង​ផ្នែក​ពាណិជ្ជ​កម្ម​ ​និង ​ការ​ផ្សព្វ​ផ្សាយ​គ្រឹស្ត​សាសនា​និកាយ​រ៉ូម៉័ង​កាតូលិក​ តាំង​តែ​ដើម​ពុទ្ធ​សត​វត្សរ៍​ទី​ ២២ ក្នុង​សម័យ​ដែល​វៀត​ណាម​នៅ​បែង​ចែក​ជា​ពីរ​អាណា​ចក្រ​ គឺ​អាណា​ចក្រ​តុង​កឹង​ និង​ អាណា​ចក្រ​អាណ្ណាម​ ចាប់​ផ្តើម​ដោយ​ពួក​ព័រ​ទុយ​ហ្គ័ល​ បន្ត​ដោយ​ដោយ​ពួក​ហ៊ុល​ឡង់​ ​និង​ បារាំង​សេស​ រហូត​ដល់​អេស្បាញ​ ​និង អង់​គ្លេស​។ អ្នក​ផ្សព្វ​ផ្សាយ​សាសនា​នោះ​ ភ្ជាប់​មក​ជា​មួយ​ពាណិជ្ជ​ករ​ខ្លះ​ ជា​អ្នក​ផ្សាយ​សាសនា​ខ្លះ​ ប៉ុន្តែ​មក​ក្នុង​នាម​ជា​ពាណិជ្ជ​ករ​ខ្លះ​។​ ពួក​ពាណិជ្ជ​ករ​ និង​ អ្នក​បង្រៀន​សាសនា​ជាតិ​បស្ចឹម​ ពួក​ជន​បរ​ទេស​អស់​ទាំង​នេះ​ បាន​កើត​ការ​វិវាទ​ដណ្តើម​គ្នា​ ក្នុង​រឿង​ពា​ណិជ្ជ​កម្ម​ខ្លះ​ ក្នុង​រឿង​ដំណើរ​ការ​ផ្សព្វ​ផ្សាយ​សាសនា​ខ្លះ​ ពេល​ខ្លះ​បាន​ទទួល​ការ​សហ​ការ​ពី​ជន​ក្នុង​ដំបន់​ ពេល​ខ្លះ​ក៏​មាន​ហេតុ​ឈ្លោះ​វិវាទ​គ្នា ​ធ្វើ​ឲ្យ​ការ​ដំណើរ​ការ​ដួល​រលំ​វៀច​វេ​។ ពួក​ខ្លះ​ក៏​លះ​បង់​ការ​ព្យា​យាម​តែ​ម្តង​ ពួក​ខ្លះ​ក៏​បាន​ខិត​ខំ​ស្វែង​រក​មធ្យោ​បាយ​តាំង​ខ្លួន​សា​ជា​ថ្មី​រឿយ​ៗ​ ព្រោះ​គ្រា​ដំបូង​នោះ​ ត្រូវ​បាន​ជំ​ទាស់​ពី​អាណា​ចក្រ​តុង​កឹង​ តែ​បាន​ទទួល​ការ​ស្វា​គមន៍​ពី​អាណ​ចក្រ​ភាគ​ខាង​ត្បូង​។​

    ក្នុង​រយៈ​កាល​នេះ​ឯង​ (ចុង​ ព.សវ.​២២) អ្នក​បង្រៀន​សាសនា​ជាតិ​ព័រទុយ​ហ្គ័ល​ ​និង​ ​ជាតិ​បារាំង​សេស​ បាន​ប្រតិស្ឋាន​ វិធី​សរ​សេរ​ភាសា​វៀត​ណាម​ ដោយ​អក្សរ​រ៉ូម៉័ង​ឡើង​ ​និង​ ​បាន​ទទួល​ការ​និយម​ ​ធ្វើ​ឲ្យ​ជាតិ​វៀត​ណាម​ឈប់​ប្រើ​អក្សរ​ចិន​ ហើយ​ប្រើ​អក្សរ​រ៉ូម៉័ង​សរ​សេរ​ជា​ភាសារបស់​ខ្លួន​រហូត​ដល់​បច្ចុ​ប្បន្ន​នេះ​។ យ៉ាង​ណា​ក៏​ដោយ​ មិត្ត​ភាព​រវាង​ជាតិ​បស្ចឹម​ ជា​មួយ​អាណា​ចក្រ​ភាគ​ខាង​ត្បូង​ ជា​សម្ព័ន្ធ​ភាព​ខាង​នយោ​បាយ​ កើត​ឡើង​ពី​កិច្ច​សន្យា​ជួយ​ ​សង្គ្រោះ​ខាង​កម្លាំង​អាវុធ​យុទ្ធោ​បករណ៍​ នៅ​ពេល​ដែល​មិន​បាន​ជួយ​សង្រ្គោះ​ ដូច​បំណង​ប្រាថ្នា​នៃ​មិត្ត​ភាព​ក៏​បាន​បញ្ចប់​នៅ​ត្រឹម​នោះ​។​ សម្ព័ន្ធ​ភាព​ក្នុង​ការ​ជួយ​សង្រ្គោះ​គ្នា​ ក៏​ប្រ​ព្រឹត្តិ​ទៅ​បាន​ជា​រយៈ​ខ្លី​ ត្រឹម​តែ​ពាក់​កណ្តាល​សត​វត្សរ៍​ប៉ុណ្ណោះ​។​ ពី​នោះ​មក​ រាជ​វង្ស​ហ្ងៀន​ក៏​បាន​ក្លាយ​ជា​បដិ​បក្ខ​ជា​មួយ​ជាតិ​បស្ចឹម​ ហើយ​តាម​ប្រ​ក្រតី​ នយោ​បាយ​ ពាណិជ្ជ​កម្ម ទាហាន​ និង​ ការ​ផ្សព្វ​ផ្សាយ​របស់​ជាតិ​បស្ចឹម​ ដែល​ចូល​មក​ទាំង​នោះ​ រមែង​ច្រឡូក​ច្រឡំ​ ​មិន​សូវ​ជា​បែង​ចែក​ដាច់​ នៅ​ពេល​ដែល​ទទួល​ស្វាគមន៍​យ៉ាង​នេះ​ ក៏​មាន​ន័យ​ថា​ទទួល​ស្វា​គមន៍​យ៉ាង​ដទៃ​ដែរ​ នៅ​ពេល​ដែល​បដិ​សេធ​យ៉ាង​នេះ​ ក៏​មាន​ន័យ​ថា​បដិ​សេធ​យ៉ាង​ដទៃ​ផង​។ អាណា​ចក្រ​ភាគ​ខាង​ត្បូង​ ទើប​មាន​បដិ​បក្ខ​ភាព​ចំពោះ​ចំពោះ​សាសនា​គ្រឹស្ត​ផង​ដែរ​ ហើយ​ចាប់​ផ្តើម​ កំចាត់​សាស​និក​ និង កិច្ច​កម្ម​របស់​សាសនា​គ្រឹស្ត​ជា​គ្រា​ធំ​ រួច​ហើយ​ពាណិជ្ជ​កម្ម​ជា​មួយ​បស្ចឹម​ក៏​ត្រូវ​បញ្ចប់​ត្រឹម​នោះ​ទៅ​។

    រហូត​ដល់​ព្រះ​ចៅ​យ៉ាឡុង​ឡើង​គ្រង​រាជ្យ​ ពាណិជ្ជ​កម្ម និង ការ​ផ្សព្វ​ផ្សាយ​សាសនា​ រហូត​​​ដល់​នយោ​បាយ​ និង​ ទាហាន​របស់​ជាតិ​បស្ចឹម​ (គ្រា​មុន​ព័រ​ទុយហ្គ័ល​ជា​គោល​សំខាន់​ គ្រា​នេះ​បារាំង​សេស​សំខាន់​)​ ក្នុង​ប្រ​ទេស​វៀត​ណាម​ ទើប​បាន​ស្តារ​ឡើង​សា​ជា​ថ្មី​ ​មួយ​រយៈ​ទៀត​ ក្នុង​រជ្ជ​កាល​របស់​ព្រះ​អង្គ​ ប៉ុន្តែ​នៅ​ពេល​ដែល​ព្រះ​អង្គ​សោយ​ទិវង្គត​រួច​​ហើយ​ ព្រះ​ឱរស​បែរ​ជា​ប្រើ​នយោ​បាយ​បង្រ្កាប​សាសនា​គ្រឹស្ត​ ដូច​ដែល​ពោល​មក​ហើយ​នោះ​ ត​មក​ដល់​រជ្ជ​កាល​ព្រះ​រាជ​នត្តា​ ការ​បង្រ្កាប​ក៏​កាន់​តែ​ធ្ងន់​ធ្ងរ​ខ្លាំង​ទៅ​ទៀត​។​

    នៅ​ទី​បំផុត​ ដល់​រជ្ជ​កាល​ព្រះ​​នត្តា​ ដែល​ជា​អ្នក​យល់​ដឹង​ក្នុង​លទ្ធិ​ខុង​ចឺ​។ ព្រះ​អង្គ​​បាន​ប្រាថ្នា​ នឹង បិទ​ប្រ​ទេស​ ឲ្យ​រួច​ផុត​ពី​ឥទ្ធិ​ពល​របស់​ជាតិ​អីរ៉ុប​ទាំង​ស្រុង​ ទើប​ធ្វើ​ការ​វាយ​​ប្រហារ​ដោយ​ជំហ៊ាន​ដាច់​ខាត​ មាន​ការ​ចេញ​ប្រកាស​បណ្តេញ​ជំនុំ​ជន​គ្រឹស្ត​ បំផ្លាញ​ភូមិ​​ជន​គ្រឹស្ត​ រឹប​អូស​ដី​យក​ទៅ​បែង​សា​ជា​ថ្មី​ ឲ្យ​បោះ​ត្រា​គ្រឹស្ត​សាស​និក​ជន​គ្រប់​គ្នា​នៅ​ថ្ពាល់​ខាង​ឈ្វេង​ ថា​ជា​ជន​ក្រៅ​សាសនា​។​ នៅ​ថ្ពាល់​ខាង​ស្តាំ​វាយ​ឈ្មោះ​ដំបន់​ដែល​បណ្តេញ​ ឲ្យ​ទៅ​នៅ​អាស្រ័យ​ ព្រម​ជា​មួយ​នោះ​ ក៏​បង្រ្កាប​អ្នក​បង្រៀន​សាសនា​យ៉ាង​ខ្លាំង​។ ការ​ទាស់​​ទែង​រវាង​រាជ​វង្ស​ហ្ងៀន​ជា​មួយ​អ្នក​បង្រៀន​សាសនា​អីរ៉ុប​ ដែល​មាន​រឿយ​មក​ជា​រយៈ​ៗ​ នេះ​ធ្វើ​ឲ្យ​អ្នក​បង្រៀន​សាសនា​បាត់​បង់​ជីវិត​ជា​ច្រើន​អ្នក​ ហើយ​គ្រឹស្ត​សាស​និក​ជន​វៀត​​ណាម​ធ្លាក់​ខ្លួន​ស្លាប់​អស់​ចំនួន​ជា​ច្រើន​ ដែល​ក្នុង​ក្រ​សែ​ភ្នែក​របស់​រាជ​វង្ស​ហ្ងៀន​អាច​​សម្លឹង​ត្រឡប់​ទៅ​ម្ខាង​ទៀត​ថា​ ជា​ការ​កំចាត់​ជាតិ​អីរ៉ុប និង​ បក្ស​ពួក​របស់​ជាតិ​អីរ៉ុប​ (អ្នក​ប្រ​វត្តិ​សាស្រ្ត​ពោល​ថា​ គ្រឹស្ត​សាស​និក​ជន​វៀត​ណាម​ត្រូវ​ប្រហារ​ជីវិត​រវាង​ ព.ស.​២៣៧០​ ដល់​ ២៤០១ រួម​ប្រហែល​ ១៣០,០០០ ​នាក់)​។

    យ៉ាង​ណា​ក៏​ដោយ​ អ្នក​ប្រវត្តិ​សាស្រ្ត​ពោល​ថា​ ការ​ដំណើរ​នយោ​បាយ​បែប​នេះ​ ជា​​ទង្វើ​មិន​ឆ្លាត​ ព្រោះ​ពេល​នោះ​បារាំង​សេស​កំពុង​ស្វែង​រក​ខ​សំអាង​ ដែល​ នឹង ចូល​ទៅ​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង និង រឹប​អូស​ដែន​ដី​របស់​វៀត​ណាម​ទៅ​ហើយ​ ជាង​នេះ​ទៅ​ទៀត​ បារាំង​សេស​ត្រូវ​ការ​កម្លាំង​ធ្វើ​ការ​ ព្រោះ​កម្លាំង​ប្រ​ជែង​អំណាច​ជា​មួយ​ប្រ​ទេស​អង់​គ្លេស​ នៅ​​ពេល​​​ដែល​វៀត​ណាម​ដំណើរ​ការ​បែប​នេះ​ បារាំង​សេស​ក៏​នាំ​នាវា​ចម្បាំង​ មក​គំរាម​កំហែង​ ហើយ​បំផ្លាញ​ប៉ម​ ឬ ទី​ក្រុង​តាម​មាត់​សមុទ្រ​។ ទំនាស់​ក៏​បាន​កើត​ឡើង​យ៉ាង​ហឹង្សា​ជា​​រឿយ​​ៗ​ ដល់​ ព.ស. ​២៤០២ បារាំង​សេស​ក៏​បាន​កាន់​កាប់​ទី​ក្រុង​សៃ​ហ្កន​ ដល់ ព.ស.​២៤០៥​។ ព្រះ​មហា​ក្សត្រ​​វៀត​​ណាម​ ត្រូវ​ធ្វើ​សទ្ធិ​សញ្ញា​ប្រ​គល់​ដែន​ដី​ភាគ​ខាង​កើត​របស់​កូសាំង​ស៊ីន​ឲ្យ​ទៅ​បារាំ​ងសេស​ ត្រូវ​បង់​ថ្លៃ​បដិ​កម្ម​សង្រ្គាម​ចំនួន​ច្រើន​ ត្រូវ​បើក​ឱកាស​ឲ្យ​កាតូ​លិក​សាស​និក​ជន​ដំ​ណើរ​​ការ​ដោយ​សេរី​ ហើយ​បើក​ទី​ក្រុង​ធ្វើ​ពាណិជ្ជ​កម្ម​ ជា​មួយ​បារាំង​សេស​ ចាប់​ពី​ពេល​នោះ​ ហេតុ​ដែល​ ជខ សម្អាង​ដទៃ​ៗ ក៏​កើត​តាម​មក​ទៀត​។​

    រហូត​ដល់ ព.ស. ២៤២៦ វៀត​ណាម​ក៏​ស្ថិត​​នៅ​ក្រោម​អាណា​និគម​របស់​បារាំង​​សេស​ ក្នុង​ពេល​ដែល​បារាំង​សេស​គ្រប់​គ្រង​រយ​កាល​ ៧១​ឆ្នាំ​ ប្រជា​ជន​វៀត​ណាម​ក៏​​បាន​ក្រោក​ឡើង​ប្រឆាំង​ជា​ច្រើន​លើក​ច្រើន​គ្រា​ ហើយ​ស្មារតី​ជាតិ​និយម​ ក៏​កើត​មាន​កាន់​​តែ​ខ្លាំង​ឡើង​ៗ​ ប៉ុន្តែ​បារាំង​សេស​ក៏​បង្រ្កាប​កាន់​តែ​ខ្លាំង​ដូច​គ្នា​។​ បារាំង​សេស​បាន​ប្រើ​នយោ​​បាយ​បែង​ចែក​ការ​គ្រប់​គ្រង​ ដោយ​ចាត់​បែង​វៀត​ណាម​ចេញ​ជា​ ៣​មណ្ឌល​ គឺ តុង​កឹង អណ្ណាម ​និង​ កូសាំង​ស៊ីន​ ហើយ​យក​មណ្ឌល​ទាំង​ ​៣​ នេះ​រួម​ជា​មួយ​កម្ពុជា​ ​និង​ លាវ​ ជា​ ៥​មណ្ឌល​គ្រប់​គ្រង​រួម​ចូល​​តែ​មួយ​ហៅ​ថា​ “ឥណ្ឌូ​ចិន​របស់​បារាំង​សេស​”​​។ ចំពោះ​ឥណ្ឌូ​ចិន​ជា​ប្រទេស​ចំណុះ​ដោយ​សម្បូរ​ បារាំង​សេស​គ្រប់​គ្រង​រក្សា​ឯង​ដោយ​ត្រង់​ ចំណែក ​៤​មណ្ឌល​ទៀត​មាន​ព្រះ​មហា​ក្សត្រ​របស់​ខ្លួន​ (អណ្ណាម​ជា​មួយ​ និង​ តុង​កឹង​មាន​ព្រះ​មហា​​ក្សត្រ​តែ​មួយ​​​)​។​

    នៅ​ពេល​ដែល​បារាំង​សេស​គ្រប់​គ្រង​ ព្រះ​ពុទ្ធ​សាសនា​កាន់​តែ​អន់​ថយ​ ទ្រុឌ​ទ្រោម​​កាន់​តែ​ខ្លាំង​ឡើង​ទៅ​ទៀត​ បារាំង​សេស​បាន​ទំនុក​បំរុង​គ្រឹស្ត​សាសនា​ និកាយ​រ៉ូម៉័ង​កាតូ​​លិក​ ព្រម​ជា​មួយ​គ្នា​នោះ​ ក៏​កំណត់ ​និង​ រាំង​រា​សេច​ក្តី​ចំរើន​លូត​លាស់​របស់​ព្រះ​ពុទ្ធ​សាសនា​។​ បារាំង​សេស​ បាន​នាំ​យក​មន្រ្តី​សង្ឃ​កាតូ​លិក​មក​ព្រម​ជា​មួយ​អ្នក​គ្រប់​គ្រង​អាណា​​និគម​នំ​ប៉័ង​ ​និង​ ​ស្រា​ទំពាំង​បាយ​ជូរ​ក្រហម​។​ នៅ​ពេល​ដែល​បារាំង​សេស​ក្លាយ​ជា​ម្ចាស់​ហើយ​ កាតូ​លិក​សាស​និក​ជន​ ក៏​មាន​អំណាច​គំរាម​កំហែង​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ចេញ​មុខ​ចេញ​​​មាត់​ ពុទ្ធ​សាស​និក​ជន​វៀត​ណាម​ទើប​ជឿ​ត​ៗ​ គ្នា​មក​ថា​ ពួក​កាតូ​លិក​ជា​ដង្គាប​ក្តាម​ ដែល​ត្រគាប​យក​វៀត​ណាម​ទៅ​ឲ្យ​ក្តាម​ គឺ​ប្រ​ទេស​បារាំង​សេស​គ្រប់​គ្រង​ក្នុង​កូសាំង​ស៊ីន​ ដែល​ចំណុះ​ចំពោះ​បារាំង​សេស​ដោយ​ត្រង់​នោះ​។​ អ្នក​ដែល​ នឹង មាន​សិទ្ធិ​ជ្រើស​រើស​អ្នក​ដំណាង​មណ្ឌល​ ទៅ​​ប្រចាំ​នៅ​ទី​ក្រុង​បារីស​ក៏​ដោយ​ អ្នក​ជា​រាជ​ការ​ថ្នាក់​​សញ្ញា​ប័ត្រ​ក៏​ដោយ​ ត្រូវ​មាន​សញ្ជាតិ​បារាំង​សេស​ ហើយ​អ្នក​ដែល​ផ្ទេរ​សញ្ជាតិ​ជា​បារាំង​សេស​បាន​ ក៏​ត្រូវ​គោរព​សាសនា​គ្រឹស្ត​និកាយ​កាតូ​លិក​ ​ដោយ​ហេតុ​នេះ​ ទើប​មិន​មាន​ពុទ្ធ​សាស​និក​ជន​ណា​ម្នាក់​បាន​ធ្វើ​ជា​មន្រ្តី​រាជ​ការ​ធំ​ដុំ​ឡើយ​ ឬ​ជា​អ្នក​ដែល​មាន​សិទ្ធិ​មាន​សម្លេង​ធ្វើ​ការ​អ្វី​ក្នុង​ដែន​ដី​បាន​ ព្រះ​ពុទ្ធ​សាសនា​ទើប​ត្រូវ​បាន​បណ្តែត​បណ្ដោយ​ព្រ​ងើយ​កន្តើយ​យ៉ាង​ខ្លាំង​។​

    ក្រៅ​ពី​នោះ​ បារាំង​សេស​នៅ​បាន​ដាក់​ខ​កំណត់​ បង្ខិត​បង្ខំ​ផ្សេង​ៗ​ នានា​ ដូច​ជា​ កំណត់​ចំនួន​ភិក្ខុ​ក្នុង​វត្ត​នីមួយ​​ៗ ហាម​កសាង​វត្ត​ថ្មី​ លើក​លែង​តែ​បាន​ទទួល​អនុញ្ញាត​។ កំណត់​សិទ្ធិ​របស់​គណ​សង្ឃ​ដែល​ នឹង ​ទទួល​ទាន​បរិច្ឆាគ​ ​និង​ ​ទ្រព្យ​សម្បត្តិ​ដែល​មាន​អ្នក​ ឧទ្ទិស​ជា​ដើម​។​ ព្រះ​ភិក្ខុ​ទ្រង់​សីស​ និង​ តាំង​ចិត្ត​បដិ​បត្តិ​សាសន​កិច្ច​ នៅ​ពេល​ដែល​​សម្លឹង​មើល​មិន​ឃើញ​ផ្លូវ​វិវឌ្ឈន៍​របស់​ព្រះ​ពុទ្ធ​សាសនា​ ក៏​គេច​ខ្លួន​ចេញ​ទៅ​រក​ទី​ស្ងាត់​វិ​វេគ​។ ព្រះ​ពុទ្ធ​សាសនា​ក៏​ខ្វះ​ខាត​អ្នក​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​​ឃុំ​គ្រង​ ក៏​​កាន់​តែ​អំណោយ​ឱកាស​ដល់​អ្នក​បួស​ចូល​មក​ដើម្បី​ស្វែង​រក​ផល​ប្រ​យោជន៍​ សាសន​ធម៌​ក៏​កាន់​តែ​អន់​ថយ​ ក្លាយ​ទៅ​ជា​លទ្ធិ​ផ្សែ​ផ្សំ​ទៅ​ដោយ​តន្ត្រៈ អបិយ​ជំនឿ​ ជឿ​ខ្នោច​ព្រាយ​ ទេព្តា​ អារក្ខ​​ផ្សេង​​ៗ លទ្ធិ​​ផ្សំ​ថ្មី​ៗ ទាំង​នេះ ជា​ពិសេស​ពួក​ហ្វា​ហាវ​ និង​ កាវ​ដាយ​ បាន​ចំរើន​លូត​លាស់​ឡើង​ ក្នុង​ដំបន់​កូសាំង​ស៊ីន​យ៉ាង​ឆាប់​រហ័ស​ ដូច​ជា​និកាយ​រ៉ូម៉័ង​កាតូ​លិក​ដែរ​។​ ចំណែក​ព្រះ​ពុទ្ធ​សាសនា​វិញ​នោះ​ ក៏​ទ្រុឌ​ទ្រោម​ រួញ​រៀវ​យ៉ាង​ខ្លាំង​ រហូត​ដល់​ពាក់​កណ្តាល​ពុទ្ធ​សតវត្សរ៍​ ២៥​ មាន​ការ​ប៉ាន់​ប្រមាណ​ថា​ ជា​ទូ​ទៅ​ថា​ ព្រះ​ពុទ្ធ​សាសនា​ក្នុង​ប្រ​ទេស​វៀត​ណាម​ នឹង ​អន្តរ​ធាន​ទាំង​ស្រុង​។​