ព្រះពុទ្ធសាសនានៅនានាប្រទេស
ចុះផ្សាយដោយកែវ ឈុន
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
****************************************
ព្រះពុទ្ធសាសនានៅវៀតណាម(ត)
ថ្ងៃសៅរ៍ ទី5.តុលា 2019.ម៉ោង 8:01
ខ. វៀតណាម
១) សម័យទីមួយ (រំដោះឯករាជ្យ និង រួបរួមផែនដីលើកទីមួយ)
វៀតណាមប្រកបដោយពាក្យថា វៀត ប្រែថា ប្រជាជន ឬជនជាតិ និង ណាមប្រែថា ខាងត្បូង រួមគ្នា នឹង ប្រែថា “ជនជាតិភាគខាងត្បូង ឬ ក្រុងខាងត្បូង ឬអាណាចក្រផ្នែកខាងត្បូង” ជនជាតិនេះមានកំណើតមកដូចម្តេច? អ្នកប្រវត្តិសាស្ត្រនៅរកឃើញមិនទាន់ច្បាស់ ខ្លះថាកើតមកពីអ្នកក្រុងតុងកឹង ផ្សំជាមួយជនជាតិម៉ុងហ្គោលី អំបូរមួយដែលភៀសខ្លួនមកមុនប្រវត្តិសាស្ត្រ ខ្លះថាមកពីជនជាតិចិន ដែលភៀសខ្លួនមក ហើយផ្សំជាមួយជនជាតិថៃ ដែលអាស្រ័យមកពីដើម ខ្លះនិយាយដោយលំអិតតទៅទៀតថា ជាអំបូរផ្សំមកមុនប្រវត្តិសាស្រ្ត ទាក់ទងលាយលំគ្នាច្រើនជាន់ រវាងពួកអស្រ្តូឥណ្ឌូនេស៊ី នៃជ្រោយសមុទ្រឥណ្ឌូចិន ជាពួកម៉ុងហ្គោល័យ ដែលភៀសខ្លួនមកពីខាងជើង គឺជនអំបូរថៃ ឬវៀត នៃជាតិចិនភាគខាងត្បូង សឹងតមកត្រូវជនជាតិចិនលេបបាត់មួយចំនួនទៀត។ ភស្តុតាងបុរាណវិទ្យា សម័យមុនដំបូងបង្អស់ សំដែងឲ្យឃើញថា ជនជាតិនេះ មានវប្បធម៌បែបម៉ុងហ្គោល ផ្សំជាមួយឥណ្ឌូនេស៊ី ដោយបានទទួលឥទ្ធិពលពីចិនយ៉ាងជ្រាលជ្រៅ, ភាសាជាសំនៀងតែមួយ ជាមួយភាសាថៃ ដូច្នោះទើបមានច្រើនរណ្តាប់សំឡេង (ក្នុងភាសាថៃស្តែងដោយវណ្ណយុត្តិ) តែមានគ្រឹះមកពីភាសាខ្មែរ-មន, ជនជាតិវៀតណាមពីដើម គោរពលទ្ធិបន់ស្រន់ខ្មោចទេព្តា អារក្ស ខ្មោចអ្នកតា ម្ចាស់ទឹកម្ចាសដី គោរពបូជាវិរៈបុរសរបស់ជាតិ។
ពេលអាណាចក្រវៀតណាមត្រូវរួបរួមចូលជាដែនដីរបស់ចិនក្នុងព.ស.៤៣៣ រួចហើយ ចិនបានប្រើនយោបាយលេបបញ្ចូល គឺ ព្យាយាមរួមវៀតណាមបញ្ចូលទៅជាចិនខាងជនជាតិ ភាសា វប្បធម៌ និង នយោបាយ ដោយរៀបចំគ្រប់គ្រងវៀតណាមជាមណ្ឌលមួយរបស់ចិន ជំរុញឲ្យប្រជនចិនចូលមករស់នៅ រៀបចំការសិក្សា និង របៀបប្រឡងចូលទទួលតំណែងរាជការ របបចិន ប្រើភាសាចិនជាភាសារាជការ ធ្វើឲ្យភាសាចិនក្លាយទៅជាភាសាជនជាន់ខ្ពស់ និង ភាសាវណ្ណកម្មរបស់វៀតណាម, វៀតណាមប្រើអក្សរចិន មានរបបការគ្រប់គ្រង សាសនា ទស្សនៈ វប្បធម៌ និង ការរស់នៅស្រដៀងគ្នា ឬ ទទួលតមកពីចិន សាសនាវៀតណាមដែលទទួលមកពីចិន គឺ ពុទ្ធសាសនា តៅ និង ការបូជាបុព្វបុរស (លទ្ធិខុងចឺក៏មានឥទ្ធិពលច្រើនដូចគ្នា ភស្តុតាងមួយចំនួន សឲ្យឃើញថា សាសនាទាំង ៣ដែលជ្រាបចូលមកអំពីចីនគឺ ពុទ្ធ ខុងចឺ និង តៅ) ដែលបានរីកចម្រើនទន្ទឹមគ្នាមក និង សន្សឹមៗ រួមបញ្ចូលគ្នារហូតដល់ទៅជាលទ្ធិផ្សំផ្គុំកគ្នាចូលតែមួយ។
យ៉ាងណាក៏ដោយបណ្តាសាសនាទាំងអស់នេះ ព្រះពុទ្ធសាសនាមានឥទ្ធិពលច្រើនបំផុត ព្រោះសម្របខ្លួនទៅតាមលក្ខណៈជនជាតិវៀតណាមបានល្អជាង និង មានវត្តមានព្រះសង្ឃដែលនៅជិតស្និតជាមួយប្រជាជន ជាមជ្ឈដ្ឋាននៃប្រជាជន សូម្បីព្រះពុទ្ធសាសនា ផ្សាយចូលមកអំពីចិន ក៏មែនពិត តែពេលជនជាតិវៀតណាមទទួលកាន់ហើយ ក្លាយទៅជាចំណែកជួយកសាងស្មារតី ស្រឡាញ់ជាតិរបស់ខ្លួន ទើបប្រាកដជាវត្តក្នុងជនបទ ក្លាយទៅជាមជ្ឈមណ្ឌលក្រោកឡើងតវ៉ារដ្ឋាបាលចិនជារឿយៗ ដោយហេតុនេះរដ្ឋាភិបាលចិនទើបព្យាយាមចាត់របបគ្រប់គ្រងវត្ត និង ពុទ្ធសាសនស្ថានយ៉ាងតឹងរឹង ដោយតែងតាំងព្រះសង្ឃដែលគ្រប៉គ្រងមានឋានន្តរសក្តិតាមរបបការគ្រប់គ្រងរបស់ចិន និង ឧបត្ថម្ភទំនុកបំរុងព្រមទាំងអភិសិទ្ធិផ្សេងៗ ដាក់ខកំណត់ឲ្យព្រះសង្ឃបង់ពន្ធដារ សេវាកម្មផ្សេងៗ ដល់រដ្ឋាភិបាលជាដើម។ ទោះជាយ៉ាងណាក្តី ការគ្រប់គ្រងក៏ញ៉ាំងផលបានតែត្រឹមសម្បកខាងក្រៅ ឥទ្ធិពលឋានន្តរសក្តិ ថាមាំមួនក៏មិនមែនសភាពបែបនេះ មិនមែនតែក្នុងសម័យដែលចិនគ្រប់គ្រងប៉ុណ្ណោះទេ សូម្បីធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់បារាំងគ្រប់គ្រង ក៏មានដំណើរស្រដៀងគ្នានេះដែរ។
ការដែលចិនត្រូវការរួបរួមវៀតណាមចូលជាដែនដីរបស់ខ្លួននោះ រមែងមានហេតុផលទាំងផ្លូវនយោបាយ និង សេដ្ឋកិច្ចផ្សំគ្នា គឺក្នុងផ្លូវនយោបាយ ដើម្បីការពារមិនឲ្យមានអាណាចក្រ ដ៏រីកចំរើនឡើងមកមានកម្លាំងរឹងប៉ឹងប្រណាំងប្រជែងអំណាច ជាហេតុនាំឲ្យអន្តរាយដល់ជាយដែនខាងត្បូងរបស់ខ្លួន និង ពេលខ្លះត្រូវការឲ្យមានប្រទេសជារបាំង រវាងខ្លួនជាមួយពួក ដែលចិនហៅថាហួនណាំង (ជាតិមនុស្សនៅក្នុងព្រៃ) ក្នុងអាស៊ីអាគ្នេយ៍។ ចំណែកឯផ្លូវសេដ្ឋកិច្ច ចិនត្រូវការបានផលប្រយោជន៍អំពីការលក់ដូរ ព្រោះវៀតណាមជាមាគ៌ានាំមុខ ក្នុងរបបពាណិជ្ជកម្មរវាងប្រទេសរបស់ខ្លួន និង ប្រទេសឥណ្ឌា ព្រមទាំងប្រទេសផ្សេងៗ រហូតទៅដល់ដែនម៉ែឌីទែរ៉ាណេ និង អាស្រ័យផ្លូវពាណិជ្ជកម្មនេះឯង អ្នកបន្ត និង អ្នកផ្សព្វផ្សាយសាសនាចំនួនច្រើន បានធ្វើដំណើរទៅមករវាងប្រទេសចិន និង ប្រទេសឥណ្ឌា ដោយសំចតសំរាកនៅវៀតណាម ជារយៈពេលខ្លីខ្លះវែងខ្លះ ធ្វើឲ្យវៀតណាមមានឱកាសស្វាគមន៍ ទាំងព្រះភិក្ខុសង្ឃឥណ្ឌាដែលធ្វើដំណើរទៅចិន និង ព្រះភិក្ខុចិនដែលធ្វើដំណើរទៅឥណ្ឌា បានស្តាប់ទាំងពាក្យប្រៀនប្រដៅទាំងផ្នែកមហាយាន និង ពាក្យប្រៀនប្រដៅផ្នែកថេរវាទផង។
ព្រះពុទ្ធសាសនាចូលមកកាន់ប្រទេសវៀតណាមមុនដំបូងពេលណានោះ មិនមានភស្តុតាងប្រាកដ តែកាន់យកតាមរឿងនិទានថា ផ្តើមប្រមាណ ព.ស. ៧៣២ ដោយសន្និដ្ឋានថា លោកមៀវប៉ោ (Meou-Po) អ្នកធ្លាប់កាន់លទ្ធិតៅ ហើយផ្លាស់មកកាន់ព្រះពុទ្ធសាសនា បានធ្វើដំណើរមកពីប្រទេសចិនចូលផ្សព្វផ្សាយជាលើកដំបូង ទោះជាយ៉ាងណាក៏ដោយយល់ថា ពីមុននេះបានមានព្រះសង្ឃជាច្រើនអង្គធ្វើដំណើរឆ្លងកាត់ចូលមក និង ឆ្ការផ្លូវទុកឲ្យស្រេចហើយ ដូចជាភិក្ខុមហាជីវក ភិក្ខុកល្យាណរុចិ និង ភិក្ខុកាំងសេហោយ (យល់ថាជាជនជាតិឥណ្ឌាទាំង ៣ព្រះអង្គ) ជាដើម ដែលធ្វើដំណើរចូលមកផ្សព្វផ្សាយព្រះពុទ្ធសាសនាក្នុង ព.សវ. ៨ ដូចគ្នាជាមួយ នឹង លោកមៀវប៉ោ។ ព្រះពុទ្ធសាសនានៅក្នុងប្រទេសវៀតណាមរយៈមុនដំបូងនេះ មិនបានរីកចំរើន ឬ ការផ្សព្វផ្សាយដែលជាសំខាន់យ៉ាងណាទេ ព្រោះវេលានោះ ចក្រពត្តិចិនចូលចិត្តតែក្នុងការប្រកាសពាក្យប្រៀនប្រដៅរបស់ខុងចឺ និង មិនពេញចិត្តដែល នឹង ឃើញនរណាកាន់ព្រះពុទ្ធសាសនា។
រហូតតមកដល់ ព.ស.១០៨៧ ដល់ ១១៤៥ មានក្បួនការរួបរួមរដោះឥស្សរភាពរបស់ជនជាតិវៀតណាម តស៊ូដើម្បីឯករាជ្យច្រើនលើកច្រើនគ្រា បរាជ័យខ្លះរហូតដល់បានជ័យជំនះ តាំងខ្លួនជាឥស្សរ បានក្នុងរយខ្លីៗខ្លះ ទោះបីនៅទីបំផុត ក៏គង់ត្រឡប់ធ្លាក់ក្នុងអំណាចរបស់ចិនដូចដើម តែជាគ្រឿងដាស់សតិឲ្យភ្ញាក់រលឹកជាតិនិយមរបស់វៀតណាម ឲ្យរឹងប៉ឹងឡើង និង ក្នុងរយនេះឯង ព្រះពុទ្ធសាសនា ក៏មានឱកាស នឹង ចាប់ផ្តើមរៀបខ្លួនឡើងយ៉ាងមាំមួន អ្នកដែលជាអ្នកដឹកនាំការផ្សព្វផ្សាយសាសនាលើកនេះ ជាព្រះភិក្ខុជនជាតិឥណ្ឌា ព្រះនាម វិនីតរុចិ ព្រះតេជគុណអង្គនេះ បានសិក្សាព្រះពុទ្ធសាសនាក្នុងប្រទេសឥណ្ឌាខាងលេច ហើយធ្វើដំណើរទៅកាន់ប្រទេសចិន ត្រង់ពេលដែលប្រទេសចិនកំពុងគាបសង្កត់ ព្រះពុទ្ធសាសនា ទើបព្រះអង្គធ្វើដំណើរមកកាន់ភាគខាងត្បូង នៃប្រទេសចិន បានសិក្សាព្រះពុទ្ធសាសនា និកាយឈាន (គឺនិកាយធ្យានៈ ដែលជប៉ុនហៅថា សេន) នៅទីនោះ ហើយធ្វើដំណើរចូលមកផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់និកាយធៀន ( Thien ពាក្យវៀតណាម បានដល់ធ្យានៈ ឬ ឈានឬ សែននោះឯង ) ក្នុងតុងកឹងពេល ព.ស. ១១២៣ និង បានទទួលសេចក្តីគោរពជាសង្ឃរាជនៃនិកាយធៀនទីមួយ នៅពេលដែលព្រះអង្គទទួលមរណភាពហើយ សិស្សជាតិវៀតណាម នាម ផាប់ហ៊ាន បានដំណើរការ ផ្សព្វផ្សាយពុទ្ធធម៌ស្នងបន្តមក រហូតដល់បានទទួលការគោរពយ៉ាងទូលំទូលាយកើនឡើងជាលំដាប់ អាចចាត់បានថា បានតាំងគ្រឹស្តគង់វង់។ ហេតុការណ៍គ្រានេះ ហៅថា ជាការប្រតិស្ឋាននិកាយធៀន ឬធ្យាន គ្រាទីមួយ។
លុះ ព.ស.១១៦១ រាជវង្សថ័ងឡើងគ្រងផែនដីចិន អំណឹះអំពីនោះទៅ ៤ឆ្នាំ ក៏ចាត់របៀបគ្រប់គ្រងដែនដីដែលធ្លាប់ជាអាណាចក្រវៀតណាមជាថ្មី មកឲ្យរឹងប៉ឹង មានប្រសិទ្ធភាព និង ហៅឈ្មោះថ្មីថា ង័នណ័ន ប្រែថាប្រទេសស្ងប់ ជាទីមករបស់ពាក្យថា អណ្ណាម ដែលជនជាតិបស្ចឹម ហៅវៀតណាមរហូតដល់ព.ស.២៤៨៨ រាជវង្សថ័ង ចាត់ការគ្រប់គ្រងវៀតណាមបានត្រឹមត្រូវល្អ ធ្វើឲ្យកើតសន្តិសុខ និង រីកចម្រើនរុងរឿងអស់រយៈកាងលយូរអង្វែងរហូតដល់អស់រាជវង្សនោះក្នុង ព.ស.១៤៥០ អស់ពេលប្រហែល ៣ សតវត្សរ៍ ក្រោយនោះមានជនជាតិវៀតណាមបះបោដើម្បីឯករាជ្យត្រឹមតែពីរបីដង ហើយបានជ័យជំនះ ត្រឹមតែម្តងគត់ក្នុង ព.ស.១៣៣៤ សឹងតាំងខ្លួនជាឥស្សរៈ នៅមិនបានប៉ុន្មានឆ្នាំ ក៏ត្រឡប់ធ្លាក់នៅក្នុងអំណាចរបស់ចិនដូចដើមវិញ។
រាជវង្សថ័ង ជាពុទ្ធសាសនូបត្ថម្ភ ក៏ព្រះពុទ្ធសាសនានិកាយសេននៅវៀតណាម ទើប បានទទួលការឧបត្ថម្ភ ទំនុកបំរុងបានយ៉ាងល្អ ហើយមានការប្រតិស្ឋាននិកាយធាន ឬ ធ្យានជាលើកទីពីរ ក្នុង ព.ស.១៣៦៣ ដោយព្រះភិក្ខុ វ៉ង៉នថុង (Vo-Ngon-Thong) តែនិកាយធាន ដែលតាំងឡើងគ្រានេះ ជាសាខាមួយទៀត ផ្សេងពីលោក វិនីរុចិ បានប្រកាសទុកក្នុងគ្រាមុន។ ប្រទេសវៀតណាមក្នុងសម័យនោះ មានស្ថូបចេតិយ ២០អង្គ មានវត្តជាច្រកន្លែង និង មានព្រះភិក្ខុសង្ឃប្រហែល ៥០០អង្គ។ ព្រះថេរានុថេរៈច្រើនអង្គមានកិត្តិនាមថា ជាព្រះពហូសូត្រ ហើយទ្រទ្រង់វិន័យតឹងរឹង។ ព្រះពុទ្ធសាសនានៅពេលដែលចំរើនរុងរឿងឡើងដូចនេះ ក៏បានជាកម្លាំងស្ថាបនា បណ្តាលឲ្យវប្បធម៌របស់វៀតណាមមានវឌ្ឈនាការតទៅរហូតមានរូបលក្ខណជារបស់ខ្លួន ក៏ឲ្យកើតស្មារតីជាតិនិយមកាន់តែខ្លាំងឡើង។
តមកព.ស.១៤៥០ រាជវង្សថ័ង អស់ទៅ ចិនបែបចេញជាច្រើនអាណាចក្រ និង ថមថយចុះ ជនជាតិអាណាមបានឱកាស ទើបតស៊ូដើម្បីឥស្សរភាព បានសម្រេចតាំងជាអាណាចក្រដៃកោវៀត ក្នុងព.ស.១៤៨២ មានអាណាខែត្រត្រឹមតែតុងកឹង និង ដែនអាណាម ៣ដែនដី (Thanh hoa, nghe an, Ha tinh គឺចុះមកដល់ភាគខាងជើងខ្សែស្របទី ១៨ ឬ លួស Porte d’annan ឡើងទៅបន្តិចបន្តួច)។ ចំណែកខាងត្បូងឡើងទៅជាអាណាចក្រចម្ប៉ា ពេលបានឥស្សរភាព អាណាចក្រណាមវៀត ក៏ ក្តៅក្រហាយ ដោយអាស្រ័យដោយការដណ្តើមអំណាចផ្ទៃក្នុងប្រហែល ៣០ឆ្នាំទើបស្ងប់។ រយៈកាលនេះ ព្រះពុទ្ធសាសនានៅក្នុងប្រទេសចិន ត្រូវបៀតបៀនយ៉ាងធ្ងន់ធ្ងូរ ពេលដល់រាជវង្សឌិនឡើងគ្រងរាជ្យក្នុង ព.ស.១៥១២ ព្រះពុទ្ធសាសនា ចាប់ផ្តើមរីកចម្រើនមកជាថ្មី ព្រះមហាក្សត្រ ស្ទើរតែគ្រប់អង្គក្នុងរាជវង្សនេះ និង រាជវង្សតៗ មកទៀត ៤រាជវង្ស (ដិនហ៍,លេ,លៃ,ត្រឹង) មកដល់ ព.ស ១៩៥៧ សុទ្ធតែមានសទ្ធាក្នុងព្រះពុទ្ធសាសនា ទ្រង់បានទំនុកបំរុងព្រះសង្ឃ និង កិច្ចការព្រះសាសនាយ៉ាងល្អណាស់ ព្រះសង្ឃឯងក៏បានទទួលការគោរពពីប្រជាជនជាច្រើន ព្រោះទាំងព្រះសង្ឃទ្រង់ព្រះធម៌ និង អ្នកប្រាជ្ញទ្រង់គុណវិទ្យា។
ធម្មតាជនជាតិវៀតណាមពេលនោះ មានសេចក្តីនិយមដូចជនជាតិចិន ក្នុងខដែលលើកស្ទួយអ្នកចេះដឹង កវី អ្នកចរិយាសាស្រ្ត អ្នកនិតិសាស្ត្រ ហោរាសាស្រ្ត និង ពេទ្យ។ ពេលជនជាតិវៀតណាមធ្លាក់ទៅជាប្រទេសចំណុះរបស់ចិន តាំងតែសម័យរាជវង្សហ័នពីដំបូងមក ក៏ត្រូវរៀនសរសេរភាសាចិន តែការរៀននោះ បានត្រឹមតែឥស្សរជនតិចតួចប៉ុណ្ណោះ មិនបានជ្រួតជ្រាបដល់ប្រជាជនទេ មានតែព្រះសង្ឃប៉ុណ្ណោះដែលប្រាថ្នាសិក្សាព្រះធម៌ ទើបចាំបាច់សិក្សាស្រាវអំពីគម្ពីរភាសាចិន។ ពេលវៀតណាមបំបែកចេញពីចិនហើយ ទើបរកអ្នកប្រាជ្ញបានត្រឹមតែពួកអ្នកប្រាជ្ញគោរពសាសនាខុងចឺ តៅ ចំនួនតិចតួច ហើយក្នុងចំណោមព្រះសង្ឃប៉ុណ្ណោះ ធ្វើឲ្យព្រះសង្ឃ ជាបុគ្គលមានតម្លៃ ទៅណាក៏បានទទួលការគោរពពាសពេញផែនដី។ ការផ្សព្វផ្សាយព្រះធម៌ ក៏ជ្រាបចូលដល់ប្រជាជនពិសេស បានទទួលរាជូបត្ថម្ភ ជាគ្រឿងជំរុញព្រះពុទ្ធសាសនា ក៏រីកចំរើនផ្សាយជាទូទៅ ក្លាយទៅជាជំនឿសំខាន់របស់ប្រជាជនក្នុងពេលមិនយូរ។
មួយទៀតនៅក្នុង ព.ស. ១៥១១ - ១៥២២ រាជការបានរៀបចំអង្គការគ្រប់គ្រងគណៈសង្ឃឡើង ដោយរួមយកក្រុមអ្នកបួសតៅជាមួយព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនាចូលក្នុងរបបឋានន្តរសក្តិដូចគ្នា ក្នុងគ្រានោះ ចក្រពត្តិវៀតណាម ទ្រង់ស្តាប់ដំបូន្មានរបស់ព្រះភិក្ខុមួយរូបឈ្មោះ ង៉ឆ័នហ្លូ ថាជាប្រាជ្ញជ្រៅជ្រះ មានសមត្ថភាពជាកវីនិពន្ធ និង ឆ្លាសវៃក្នុងការបំពេញសមាធិបែបនិកាយធៀន ទើបទ្រងបញ្ជាឲ្យអារធនាព្រះអង្គមកសំដែងធម៌ថ្វាយ ពេលជ្រះថ្លា ហើយតែងតាំងព្រះអង្គឲ្យឡើងជាប្រមុខនៃគណៈសង្ឃ ហើយក្នុងឆ្នាំបន្តមកបានតែងតាំងព្រះថេរៈអង្គនោះជាទីប្រឹក្សារបស់ចក្រពត្តិ។
នៅ ព.ស.១៥២៥ វៀតណាមចាប់ផ្តើមធ្វើសង្គ្រាមធំគ្រាដំបូងជាមួយអាណាចក្រចម្ប៉ា និង បានជាភាគីមានជ័យ ទំលាយរាជធានីចម្ប៉ាបាន តែផ្នែកខាងព្រះសាសនា កិច្ចការផ្សេងៗ គង់ដំណើរការទៅតាមប្រក្រតី បើទោះបីជាមានការផ្លាស់ប្តូររាជវង្ស។ ព្រះពុទ្ធសាសនាក៏រីកចំរើនលូតលាស់ឈានមុខតមកដោយល្អប្រពៃ។ ព្រះមហាក្សត្រអង្គ ទី២ នៃរាជវង្សលែ (ព.ស.១៥៤៨ - ១៥៥១) ទ្រង់បានបញ្ជូនគណៈទូតទៅកាន់ប្រទេសចិន សុំព្រះត្រៃបិដកមួយចប់ ហើយទ្រង់ព្យាយាមទាក់ទាញប្រជាជនឲ្យបែរមកគោរពព្រះពុទ្ធសាសនា ជំនួសលទ្ធិខ្មោច ព្រាយ ទេពតា អារក្ខ និង ការបូជាបុព្វបុរស តែហេតុការណ៍ប្រែត្រឡប់ជាថា បើទោះបីប្រជាជន ព្រមទទួលគោរពព្រះពុទ្ធសាសនា តែក៏គង់នៅគោរពខបដិបត្តិតាមលទ្ធិដើមយ៉ាងល្អិតរមួត ធ្វើឲ្យការគោរពពុទ្ធសាសនារបស់ប្រជាជនវៀតណាម ផ្សំផ្គុំបង្កប់នៅជាមួយលទ្ធិបុរាណទាំងនោះរៀងមក។
លុះដល់ ព.ស. ១៥៥៣ វៀតណាមផ្លាស់រាជវង្សថ្មី អភិជនម្នាក់ សឹងធ្លាប់ជាសិស្សរបស់ ភិក្ខុវាំងហ័ន បានឡើងគ្រងរាជ្យ ទ្រង់ព្រះនាមថា ព្រះបាទលៃថៃតោ ជាដើមរាជវង្សលៃ ដ៏យូរយារដល់ទៅ ២១៥ឆ្នាំ។ រយៈកាលនេះបានទាំងជារយៈកាលនាំទៅរកការធ្វើសង្គ្រាមជាមួយប្រទេសចម្ប៉ា ធ្វើឲ្យបានដែនដីរីកធំ និង ជាយុគសម័យ ដែលព្រះពុទ្ធសាសនាចំរើនរុងរឿងដល់ទីបំផុត ជាសាសនាតែមួយគត់ បានទទួលការគោរពលើកដំកើង។ ព្រះមហាក្សត្រគ្រប់ព្រះអង្គ មានព្រះរាជសទ្ធាក្លៀវក្លា ក្រៅពីទ្រង់បានព្រះរាជទានរាជូបត្ថម្ភ ដល់កិច្ចការព្រះពុទ្ធសាសនា ដោយប្រតិស្ឋានអគ្គសាសនូបត្ថម្ភ ហើយទ្រង់នៅបានស្និទ្ធស្នាលជាមួយព្រះពុទ្ធសាសនាដោយព្រះអង្គផ្ទាល់, ដោយទ្រង់បានប្រតិបត្តិធម៌ បំពេញសមាធិ និង មានវិស្សាសភាពជាមួយព្រះសង្ឃមួយចំនួនទៀតផង។
ក្នុងរជ្ជកាលរបស់ព្រះបាទលៃថៃតោអែង ព្រះអាចារ្យនិកាយធានច្រើនអង្គ ដូចជា៖ លោកវ៉ាំងហ័ន ជាដើម បានប្រកាសពុទ្ធធម៌ ទាំងផ្នែកខាងបរិយត្តិ និង បដិបត្តិ ឲ្យបានរុងរឿងឡើងជាច្រើន។ ក្នុងរជ្ជកាលតមក ព្រះបាទលៃថៃតង (រាជឱរស របស់ព្រះបាទលៃថៃតោ ព.ស.១៥៧១ -១៥៨៨) ទ្រង់ទំនុកបំរុងព្រះពុទ្ធសាសនាយ៉ាងច្រើនទូលំទូលាយ ដូចជាសព្វព្រះរាជហឫទ័យ ឲ្យកសាងព្រះវិហារ ៩៥ កន្លែង ហើយទ្រង់កសាងព្រះវិហារសសរមួយ កណ្តាលស្រះ នៅក្នុងរដ្ឋធានីហាណូយ តាមព្រះសុបិននិមិត្ត ដែលថាមានអ្នកនាំព្រះអង្គទៅទស្សនាឧបុលវាំង របស់ព្រះពោធិសត្វអវលោកិតេស្វារៈ។ ប្រជាជនវៀតណាមជឿថា ព្រះអង្គបានសម្រេចពោធិញាណទៀតផង។
ព្រះមហាក្សត្រអង្គបន្តមក គឺព្រះបាទលៃធនតង (ព.ស.១៥៩៧ - ១៦១៥) ប្រាកដព្រះ នាមល្បីល្បាញ ក្នុងផ្លូវព្រះមហាករុណា ហើយទ្រង់ដំណើរតាមព្រះចរិយា វត្តរបស់ព្រះបាទ អសោកមហារាជ។ ផ្នែកខាងការសង្រ្គោះប្រជាជន ដូចជា ទ្រង់យកព្រះទ័យទុកដាក់ជាមួយទុក្ខលំបាក ភាពក្រីក្រ និង អ្នកជាប់ពន្ធនាគារ ទ្រង់បារម្ភអ្នកអស់ទាំងនោះ ជាពិសេសក្នុងរដូវរងា បញ្ជាឲ្យចែកអាហារ និង សំពត់ ស្បៃ ខោអាវ ដល់ជនក្រក្រី និង ព្រះរាជទានអភ័យទោសដល់អ្នកទោសជាញឹកញាប់។
មានហេតុការណ៍ពិសេសម្យ៉ាងទៀតមុនព្រះអង្គសោយទិវង្គត ៣ឆ្នាំ គឺក្នុងព.ស. ១៦១២ ព្រះបាទលៃថៃតង ទ្រង់បានធ្វើសង្គ្រាមឈ្នះចម្ប៉ា ទ្រង់ត្រឡប់មក ហើយ ទ្រង់ចែកចាយឈ្លើយសង្រ្គាមឲ្យបាន ទាសាទាសីដល់អភិជនក្នុងរាជសំណាក់។ អភិជនដែលបានទទួលឈ្លើយសង្រ្គាមទៅនោះ ម្នាក់ជាភិក្ខុ។ ថ្ងៃមួយនៅពេលដែលព្រះអង្គបានចេញទៅបំពេញភារកិច្ច ត្រឡប់មក ក៏ប្លែកក្នុងចិត្ត បានឃើញថាមានអ្នកសរសេរកំណែសេចក្តីក្នុងគម្ពីរផ្សេងៗ របស់លោក នៅពេលសាកសួរដឹងថា ជាទង្វើរបស់ទាសាម្នាក់ ដែលបានព្រះរាជទានមក។ ព្រះបាទលៃថៃតង ទ្រង់ជ្រាបដំណឹងនោះ បញ្ជាឲ្យហៅទាសានោះទៅសាកសួរសេចក្តីផ្សេងៗ ប្រាកដថា ទាសនោះតបបញ្ហារៀបរយសម្បូណ៌ជាទីអស្ចារ្យ នៅទីបំផុតបានសេចក្តីថា ទាសនោះ ជាព្រះអាចារ្យជនជាតិចិន នាម ថៅដឿង ត្រូវចាប់មកក្នុងខណៈដែលព្រះអង្គបានចេញចារិកប្រកាសផ្សព្វផ្សាយព្រះធម៌នៅប្រទេសចម្ប៉ា ទើបទ្រង់សូមឲ្យទទួលព្រះអង្គចូលទៅក្នុងគណៈសង្ឃវៀតណាម ហើយទ្រង់អនុញ្ញាត ឲ្យព្រះអង្គសំដែងធម៌ទេសនាបាន។ ព្រះអង្គមានសិស្សចំនួនច្រើន ហើយប្រតិស្ឋានិកាយធៀនថ្មីមួយទៀតជាលើក ទី៣។ ព្រះបាទលៃធន់តង ក៏ទ្រង់ជាសិស្សរបស់ព្រះអង្គផង ហើយជឿថា ព្រះអង្គទ្រង់បានសម្រេចពោធិញាណ។ និកាយថៅដឿង (Thao Duong) នេះ នៅមានសេសសល់នៅឡើយនាពេលបច្ចុប្បន្ន ប៉ុន្តែគ្រាន់តែជានិកាយតូចតាចមួយប៉ុណ្ណោះ។
ក្រោយរជ្ជកាលព្រះបាទលៃធន់តងហើយ រាជការចាប់ផ្តើមឲ្យមានការប្រឡងជ្រើសរើស មនុស្សចូលធ្វើការជាមន្ត្រីរាជការ ធ្វើឲ្យលទ្ធិខុងចឺ ចូលមកមានតួនាទីច្រើនក្នុងចំណោមបញ្ញាជនរបស់ប្រទេស តែមិនទាន់ជះឥទ្ធិពលព្រះពុទ្ធសាសនា ដោយប្រការណាមួយឡើយ។ ចក្រពត្តិ៣ ព្រះអង្គចុងក្រោយរបស់រាជវង្សលៃ ទ្រង់ពេញព្រះទ័យក្នុងការបំពេញសមាធិ បែបនិកាយធៀនណាស់។ ព្រះអង្គចុងក្រោយ ដល់ថ្នាក់លះបង់រាជសម្បត្តិឲ្យព្រះរាជធីតា ហើយស្តេចទ្រង់ចេញសាងព្រះផ្នួស ព្រះរាជធីតាទ្រង់ថ្វាយរាជអំណាចនោះដល់ ត្រឹងខាញ់ ជាព្រះស្វាមី ទើបផ្លាស់ប្តូរផែនដីពីរាជវង្សលៃ ទៅជារាជវង្សត្រឹងនោះ។ ក្នុងសម័យនៃរាជវង្សនេះ ការផ្សព្វផ្សាយព្រះពុទ្ធសាសនាអន់ថយចុះ ហើយលទ្ធិខុងចឺ រីកចំរើនខ្លាំងឡើង តែចំពោះអង្គព្រះមហាក្សត្រ នៅតែមានព្រះរាជសទ្ធា ក្នុងព្រះពុទ្ធសាសនាយ៉ាងខ្លាំងក្លា។ ព្រះបាទត្រឹងខាញ់ ក្រៅពីទ្រង់ឧបត្ថម្ភទំនុកបំរុងខាងផ្លូវវត្ថុយ៉ាងច្រើនហើយ ទ្រង់នៅបាននិពន្ធសាសនបករណ៍ ២រឿង ស្តីពីការបំពេញសមាធិ ១រឿង និង ស្តីពីគោលធម៌ទូទៅ ១រឿង។ ចំណែកព្រះរាជនត្តារបស់ព្រះអង្គ ពេលគ្រងរាជ្យ ១៥ឆ្នាំហើយ ក៏បានលះរាជ្យសម្បត្តិចេញសាងព្រះផ្នួសនៅវត្តមួយលើភ្នំ ទ្រង់បំពេញសមាធិ និង បង្ហាត់បង្រៀនកូនសិស្សចំនួនច្រើនជាជនជាតិវៀតណាមខាងជើង ចាត់ថាព្រះអង្គជាបឋមសង្ឃរាជ នៃនិកាយត្រឹកឡឹម (និកាយព្រៃឫស្សី ឬនិកាយវេឡុវន)។ ដូចដែលបានមកដល់ការអស់ទៅនៃរាជវង្សត្រឹងនេះ ឃើញថា ព្រះពុទ្ធសាសនាដែល រីកចំរើនរុងរឿង គឺនិកាយធៀនឬធ្យាន។ ការដែលព្រះមហាក្សត្រច្រើនព្រះអង្គបានទ្រង់ព្រះផ្នួស ក៏សម្តែងដល់សេចក្តីនិយមក្នុងការសាងផ្នួស ដែលបានផ្សព្វផ្សាយពាសពេញដល់ថ្នាក់ឥស្សរជន ព្រះរាជវង្ស ក្រៅពីនោះ នៅប្រាកដថាមានវត្តប្រចាំគ្រប់ភូមិជន បង្ហាញពីការគោរព ដែលរីកសាយភាយទូទៅក្នុងចំណោមប្រជារាស្រ្ត។