ព្រះពុទ្ធសាសនានៅប្រទេសនេប៉ាល


ថ្ងៃសៅរ៍ ទី7.កញ្ញា 2019.ម៉ោង 7:59

    នេប៉ាល​ជា​ដែន​ដី​ជាតិ​ភូមិ​​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​។ ដែន​ដី​ក្នុង​អាណា​ខេត្ត​របស់​ប្រ​​ទេស​នេ​ប៉ាល ធ្លាប់​ជា​ទី​តាំង​នៃ​ស្ថាន​ទី​សំខាន់​ទាក់​ទង​ដល់​ពុទ្ធ​ប្រវត្តិ​ ដូច​ជា ក្រុង​​កបិល​ភ័ស្តុ​ ក្រុង​ទេវ​ទហៈ​ ឧទ្យាន​លុម្ពិនី​ ជា​ដើម​។ ប្រវត្តិ​របស់​ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រ​​ទេស​នេ​ប៉ាល​សម័យ​ខាង​ដើម​ នៅ​ស្រពិច​ស្រពិល​នៅ​ឡើយ​ ទើប​តែ​មក​ប្រាកដ​ភស្តុ​តាង​​ច្បាស់​ប្រាកដ​នៅ​ក្នុង​សម័យ​ព្រះ​បាទ​អសោក​មហា​រាជ​ ក្នុង​ពុទ្ធ​សត​វត្សរ៍​ទី ៣ តាម​ប្រវត្តិ​បាន​ពោល​ថា​ ព្រះ​បាទ​អសោ​ក​មហា​រាជ​ ទ្រង់​បាន​យាង​មក​កាន់​នេប៉ាល​គ្រា​ដំបូង​បំផុត​ ដើម្បី​បង្រ្កាប​ពួក​ក្បត់​ តាំង​តែ​ពី​នៅ​ជា​ព្រះ​រាជ​កុមារ​។ ខណៈ​ដែល​ស្តេច​ទ្រង់​ឡើង​គ្រង​រាជ្យ​ហើយ​ គ្រា​មួយ​ព្រះ​អង្គ​ទ្រង់​បាន​យាង​ទៅ​កាន់​ឧទ្យាន​លុម្ពិនី​ (បច្ចុប្បន្ន​ហៅ​ថា​រុម្មិន​​ដេ)​ ដើម្បី​នមស្ស​ការ​ស្ថាន​ទី​ប្រសូត​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ និង ទ្រង់​បាន​ប្រតិ​ស្ឋាន​​គោល​សិលា​ចារឹក​ទុក​ជា​អនុស្សាវ​រីយ៍​នា​ទី​នោះ​ផង​។ ក្រៅ​ពី​នោះ​ ព្រះ​រាជ​ធីតា​អង្គ​ទី​មួយ​រប​ស់​ ព្រះ​បាទ​អសោក​មហា​រាជ​ ព្រះ​នាម​ថា​ ចារុមតី​ បាន​រៀប​អភិសេក​ជា​មួយ​អភិជន ​(ខុន​ណាង) ម្នាក់​ បាន​កសាង​ស្ថូប​ និង វត្ត​ទុក​ជា​ច្រើន​កន្លែង​ នៅ​ប្រាកដ​ស្លាក់​ស្នាម​ដល់​បច្ចុប្បន្ន​នេះ​។​

    សម័យ​ដែល​ប្រាកដ​ច្បាស់​ថា​មាន​ការ​ទំនុក​បំរុង​ និង​ ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ច្បាស់​​លាស់​នៅ​នេប៉ាល​នោះ​ ចាប់​តាំង​ពី​ដើម​រជ្ជ​កាល​ព្រះ​បាទ​អង្សុ​វរ្ម័ន​ ក្នុង​ពុទ្ធ​សត​វត្សរ៍​ទី​ ១២ ព្រះ​មហា​ក្សត្រ​អង្គ​នេះ​ បាន​ព្រះ​រាជ​ទាន​ព្រះ​រាជ​ធីតា​ ឲ្យ​រៀប​អភិ​សេក​ជា​​មួយ​ព្រះ​បាទ ស្រង​ស័ន​គម្បោ​ នៃ​ទី​បេ​ ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​ត្រូវ​បាន​ចាប់​ផ្តើម​ផ្សព្វ​​ផ្សាយ​ចូល​ប្រ​ទេស​ទីបេ​ និង​ ប្រាកដ​ថា​មាន​បណ្ឌិត​ជាតិ​នេប៉ាល​រួម​ការ​ងារ​បក​ប្រែ​គម្ពីរ​ភាសា​សំ​ស្រ្កឹត​ ជា​ភាសា​ទី​បេ​ក្នុង​រាជ​សំណាក់​ទីបេ​ផង​។ បន្ទាប់​មក​ក្នុង​សម័យ​ព្រះ​សាន​ត្រក្សិត​ (ពុទ្ធ​សត​វត្សរ៍​ទី​១៤)​ សម្ព័ន្ធ​ភាព​ខាង​សាសនា​ និង​ វប្ប​ធម៌​រវាង​ប្រទេស​ទាំង​ពីរ​​នេះ​ ក៏​មាន​ភាព​រឹង​មាំ​កាន់​តែ​ខ្លាំង​ឡើង​។

    គ្រា​បន្ត​មក​ ដល់​សម័យ​ដែល​ជន​ជាតិ​មុស្លីម​ចូល​មក​ឈ្លាន​ពាន​ដែន​វិហារ​​ និង បែង​កល​ ព្រះ​សង្ឃ​ត្រូវ​ភៀស​ខ្លួន​ចូល​ទៅ​អាស្រ័យ​នៅ​ប្រទេស​នេប៉ាល​ បាន​នាំ​គម្ពីរ​មាន​​តម្លៃ​ទៅ​ជា​មួយ​យ៉ាង​ច្រើន​ មួយ​ចំណែក​ក៏​បាន​នាំ​រហូត​ទៅ​ដល់​ទី​បេ​ និង​ បាន​ទទួល​ការ​រក្សា​ទុក​យ៉ាង​ល្អ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​។​ ប្រវត្តិ​សាស្រ្ត​នៅ​នា​ពាក់​កណ្តាល​រវាង​ពីរ​ដំ​ណាក់​កាល​នេះ​ នៅ​ពុំ​មាន​អ្នក​សិក្សា​លំអិត​ច្បាស់​លាស់​នៅ​ឡើយ​ ប៉ុន្តែ​ពោល​ដោយ​ទូ​ទៅ​បាន​ថា​ សម្ព័ន្ធ​ភាព​រវាង​នេប៉ាល​ និង ទី​បេ កាន់​តែ​ជិត​ស្និទ្ធ​ប្រសើរ​ឡើង​ ហើយ​ប្រទេស​នេ​ប៉ាល​ ក៏​បាន​ជា​ស្ពាន​ចម្លង​វប្ប​ធម៌​រវាង​ដែន​ដី​ផ្សេង​​ៗ​ ដែល​ថិត​នៅ​ទាំង​សង្ខាង​ជួរ​ភ្នំ​កណ្តាល​នៃ​ហិមា​ល័យ​ ជា​ច្រើន​សត​វត្សរ៍ ដូច​ដែល​បាន​ឃើញ​ពី​គម​នាគម​បន្ត​ភ្ជាប់​រវាង​ឥណ្ឌា​ និង​ ទីបេ​ ឆ្លង​កាត់​ប្រទេស​នេប៉ាល​ ដែល​មាន​មក​តាំង​តែ​ពី​អតីត​ជា​ដើម​។

    មហា​វិទ្យា​ល័យ​នា​លន្ទា​ ត្រូវ​បាន​ទំលាយ​វិនាស​ហើយ​ ព្រះ​ពុទ្ធ​សាសនា​ក៏​សាប​​សូន្យ​ពី​ប្រ​ទេស​ឥណ្ឌា​។ ព្រះ​ពុទ្ធ​សាស​នា​ក្នុង​ប្រ​ទេស​នេប៉ាល​ ក៏​សាប​រលាប​ផង​ដែរ​។ គុណ​លក្ខណ​ពិសេស​ ដែល​ជា​និមិត្ត​រូប​ចំពោះ​របស់​ព្រះ​ពុទ្ធ​សាស​នា​ ដូច​ជា​វិធី​ជីវិត​​របស់​សង្ឃ​ក្នុង​​​វត្ត​អារាម​ ការ​ប្រឆាំង​ចំ​ពោះ​ការ​ប្រកាន់​វណ្ណៈ​ ការ​បំបាត់​អបិយ​ជំនឿ​ផ្សេង​​​ៗ​ ជា​ដើម​ ក៏​បាន​សាប​សូន្យ​ទៅ​ ធ្វើ​ឲ្យ​ខ្វះ​លក្ខណ​សំខាន់​ ដែល​ធ្វើ​ឲ្យ​ខុស​ប្លែក​ពី​សាស​នា​​ផ្សេង​ៗ​។ នេ​ប៉ាល​បាន​ក្លាយ​ជា​ពុទ្ធ​ទស្សន​ សំណាក់​ធំ​ កើត​ឡើង ​៤​និកាយ​ គឺ ​សវា​ភា​​វិកៈ​ អៃ​ស្វរិកៈ​ ការ​មិកៈ​ និង​ យាត្រិកៈ​។ និកាយ​នី​មួយ​ៗ​ ក៏​បាន​បែង​ចែក​អនុ​និកាយ​ទៅ​ទៀត​ជា​ច្រើន​សាខា​។ និកាយ​ផ្សេង​ៗ​ ទាំង​នេះ​ សម្តែង​ឲ្យ​ឃើញ​ថា​ ភាព​ផ្សំ​ផ្គុំ​បញ្ចូល​គ្នា​នៃ​ខ្សែ​គំនិត​ខាង​ទស្សន​វិជ្ជា​ច្រើន​បែប​ច្រើន​មុម​ ដូច​ដែល​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា​ និង​ ទីបេ​ ដោយ​ឥទ្ធិ​ពល​របស់​សាសនា​ឥណ្ឌូ​ និង​ ព្រះ​ពុទ្ធ​សាសនា​។​

    កន្លង​ទៅ​មិន​យូរ​មក​នេះ​ មាន​ការ​ស្តារ​ឡើង​វិញ​នូវ​ការ​សិក្សា​ព្រះ​ពុទ្ធ​សាសនា​បែប​ ថេរ​វាទ​ឡើង​ក្នុង​ប្រទេស​ទីបេ​។ សមា​គម​មួយ​ឈ្មោះ ​ធម្មោ​ទ័យ​សភា​ បាន​ឧបត្ថម្ភ​ឲ្យ​ភិក្ខុ​ មក​ពី​ប្រទេស​លង្កា​ ឬ​ព្រះ​ភិក្ខុ​នេប៉ាល​ ដែល​បាន​ទទួល​ការ​សិក្សា​អប់​រំ​នៅ​ប្រទេស​លង្កា​ ទៅ​ធ្វើ​ការ​ងារ​ផ្សព្វ​ផ្សាយ​យ៉ាង​ពិត​ប្រាកដ​ និង​ បាន​បោះ​ពុម្ព​ពាក្យ​ប្រែ​ព្រះ​សូត្រ​ពី​ភាសា​បាលី​មក​ជា​ភាសា​តំបន់​ ចេញ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​ព្រះ​សូត្រ​។

    ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រទេស​ភូមា​ ប្រវត្តិ​សាស្ត្រ​ព្រះ​ពុទ្ធ​សាសនា​សម័យ​ដំបូង​នៅ​ក្នុង​ប្រទេស​ភូមា​ បាន​សេស​សល់​នៅ​តាម​និទាន​របស់​លង្កា​ ហើយ​គម្ពីរ​អដ្ឋ​កថា​ផ្សេង​ៗ​ បាន​ពោល​ថា​ ព្រះ​បាទ​អសោក​មហា​រាជ​បាន​ទ្រង់​បញ្ជូន​ព្រះ​សោណ​ និង​ ព្រះ​ឧត្តរ ​មក​ប្រកាស​ព្រះ​ពុទ្ធ​សាស​នា​ក្នុង​ដែន​​ដី​សុវណ្ណ​ភូមិ​។​ អ្នក​ប្រាជ្ញ​ខ្លះ​បាន​សន្និ​ដ្ឋាន​ថា​ សុវណ្ណ​ភូមិ ​បាន​ដល់​នគរ​បឋម​ នៅ​ប្រេទស​ថៃ​ តែ​អ្នក​ខ្លះ​ថា បាន​ដល់​ក្រុង​សថើម​ នៅ​ប្រ​ទេស​ភូមា​ភាគ​ខាង​ត្បូង​​ តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ មិន​ប្រកដ​ថា ​ព្រះ​ពុទ្ធសា​សនា​បាន​រីក​ចម្រើន​ និង​ ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ប្រ​ទេស​ភូមា​សម័យ​មុន​នេះ​។

    សម័យ​ដែល​អាច​សន្និដ្ឋាន​ច្បាស់​ថា​ ព្រះ​ពុទ្ធ​សាស​នា​បាន​ផ្សាយ​ចូល​មក​កាន់​ភូមា​ គឺ​នៅ​ក្នុង​ព.ស.ទី​៦ ព្រោះ​បាន​ជួប​សីលា​ចារឹក​ជា​ភាសា​បាលី​ នៅ​ក្នុង​ប្រទេស​ភូមា​ភាគ​ខាង​ត្បូង​ ហើយ​អ្នក​ប្រ​វត្តិ​សាស្រ្ត​ឈ្មោះ​​តារនាថ​ ជន​ជាតិ​ទីបេ​ បាន​ពោល​ថា​ មាន​ការ​បង្ហាត់​បង្រៀន​ព្រះ​ពុទ្ធ​សាសនា​ បែប​ថេរ​វាទ​នៅ​ ពគោ​ ប្រទេស​ភូមា​ និង​ ឥណ្ឌូ​ចិន​មក​តាំង​តែ​សម័យ​ព្រះ​បាទ​អសោក​ លុះ​ត​មក​មិន​យូរ​ប៉ុន្មាន​ សិស្ស​របស់​ព្រះ​ថេរ​ វសុពន្ធុ​ បាន​នាំ​ព្រះ​ពុទ្ធ​សាសនា​បែប​មហា​យាន​ ចូល​ទៅ​ផ្សព្វ​ផ្សាយ​ ធ្វើ​ឲ្យ​មហា​យាន​ និង​ ថេរ​វាទ​ ដើរ​ទន្ទឹម​គ្នា​​ នៅ​ក្នុង​ប្រទេស​ភូមា​ជា​ច្រើន​​សត​វត្សរ៍​។​ ព្រះ​ពុទ្ធ​សាស​នា​ដែល​បាន​ផ្សព្វ​ផ្សាយ​ ចូល​មក​រយ​ពេល​កន្លង​មក​ ប្រហែល​ជា​ចូល​មក​តាម​ផ្លូវ​គោក​របស់​ពាណិជ្ជ​ករ​ ហើយ​ក៏​បាន​រុង​រឿង​ ក្នុង​អាណា​ចក្រ​របស់​ពួក Pyus ដែល​ហៅ​ថា​អាណា​ចក្រ​ស្រី​ក្សេត្រ​។

    ហេតុ​ការណ៍​ដែល​សំខាន់​ត​មក​គឺ​នៅ​ក្នុង​ព.ស. ៩៤៦​ ព្រះ​ពុទ្ធ​ឃោ​សាចារ្យ​ នៅ​ពេល​បាន​ប្រែ​អដ្ឋក​ថា​ពី​សំ​ស្ក្រឹត​មក​ជា​ភាសា​បាលី​រួច​ហើយ​ បាន​និមន្ត​ចេញ​ពី​ប្រ​ទេស​លង្កា​ ហើយ​បាន​ឆៀង​ចូល​ក្រុម​សថើម​ប្រ​ទេស​ភូមា​ ដោយ​បាន​យក​ព្រះ​ត្រៃ​បិដក​ និង​ គម្ពីរ​អដ្ឋ​កថា​ផ្សេង​ៗ​ មក​កាន់​ទី​នោះ​ផង​។​ ហេតុ​ការណ៍​ក្នុង​លើក​នេះ​ ប្រ​ហែល​ជា​ជម្រុញ​ការ​ចាប់​អារម្មណ៍​ ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រទេស​ភូមា​ ឲ្យ​កាន់​តែ​រឹង​ប៉ឹង​ថែម​ទៀត​ ក្រោយ​ពី​នោះ​ ក៏​មាន​អ្នក​ប្រាជ្ញ​ភាសា​បាលី​កើត​ឡើង​នៅ​ប្រទេស​ភូមា​ជា​ច្រើន​នាក់​ បាន​សរ​សេរ​ក្បួន​វេយ្យា​ករណ៍​បាលី​ខ្លះ​ អភិ​ធម្ម​ខ្លះ​។​ 

    មាន​ភស្តុ​តាង​ដែ​អាច​ជឿ​បាន​ថា​ ជន​ជាតិ​មន​ហិណ្ឌូ​ ឬ តឡេង​ក្រុង​ពគោ​​ (ហង្សា​វតី)​​ ក្រុង​សថើម​ (សុធម្ម​វតី)​ ហើយ​តំបន់​ដែល​ជិត​គ្នា​ ហៅ​រួម​ៗ ​ថា រាម​ញ្ញ​ប្រ​ទេស​ បាន​គោរព​ព្រះ​ពុទ្ធ​សាសនា​បែប​ថេរ​វាទ​ដ៏​រុង​រឿង​មក​ជា​យូរ​គួរ​សម​ លុះ​ដល់​ព.ស.ទី​១៦​ក៏​ប្រាកដ​ថា​ ក្រុង​សថើម​ បាន​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ដ៏​សំខាន់​មួយ​កន្លែង​ របស់​ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​ទៅ​ហើយ​។ ចំណែក​កុល​សម្ព័ន្ធ​មួយ​ក្រុម​ទៀត​គឺ មរម្ម ឬ ភូមា (អំបូរ​ទី​បេ, ដារា​​វិដៀន)​ ក៏​បាន​មក​តាំង​អាណា​ចក្រ​ ដ៏​មាន​អំណាច​រុង​រឿង​ របស់​ខ្លួន​ឡើង​ មាន​រាជ​ធានី​នៅ​ភូកាម​ ហើយ​ហៅ​ឈ្មោះ​របស់​ខ្លួន​ថា​ភូកាម​។ ពួក​អ្នកម​​រម្មៈ​​នេះ​ថោក​ទាប​ គ្មាន​ការ​សិក្សា​គោរព​ព្រះ​ពុទ្ធ​សាសនា​បែប​តន្ត្រៈ​ ដែល​ទាន់​ខ្សោយ​មក​ដល់​ព.ស.​ទី​១៦​ នោះ​ឯង​។ ព្រះ​បាទ​អនុ​រុទ្ធ​ ឬ អនោ​រធា​មាំង​ឆ​ បាន​ឡើង​គ្រង​រាជ​ជា​ក្សត្រ​មរម្មៈ (ព.ស ១៥៨៨​ដល់​១៦២១)​ ដោយ​មាន​ព្រះ​សង្ឃ​តឡេង​ នៃ​ក្រុង​សថើម​មួយ​អង្គ​ព្រះ​មាន​នាម​ថា​ព្រះ​អរហន្ត​ ឬ​ធម្ម​ទស្សី​ អាច​ផ្លាស់​ប្តូរ​ព្រះ​ទ័យ ​ព្រះ​​បាទ​អនុរុទ្ធ​ ឲ្យ​បែរ​មក​គោរព​ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​យ៉ាង​បរិសុទ្ធ​។ ព្រះ​បាទ​អនុ​រុទ្ធ​ ទ្រង​បាន​រួម​ជា​មួយ​ព្រះ​ធម្ម​ទស្សី​ ដាក់​លទ្ធិ​តន្ត្រៈ​ចុះ​ ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​ប្រតិស្ឋានគង់​វង់​ ក្នុង​ប្រ​ទេស​ភូកាម​។

    រជ្ជ​កាល​ព្រះ​បាទ​អនុ​រុទ្ធ​នេះ​ ជា​សម័យ​ដ៏​សំខាន់​ក្នុង​ប្រវត្តិ​សាស្ត្រ​ព្រះ​ពុទ្ធ​សាសនា​ និង​ ជាតិ​ភូមា​ ពេល​ព្រះ​អង្គ​បែរ​មក​គោរព​ព្រះពុទ្ធ​សាសនា​បែប​ថេរ​វាទ​ហើយ​ ទ្រង់​មាន​ព្រះ​រាជ​សទ្ធា​ដ៏​ខ្លាំង​ក្លា​ ទ្រង់​បាន​ផ្ញើ​រាជ​សារ​ទៅ​សូម​គម្ពីរ​ព្រះ​ពុទ្ធ​សាស​នា​នៃ​ក្រុង​សថើម តែ​ក្សត្រ​សថើម​មិន​ព្រម​ ទើប​ព្រះ​អង្គ​ទ្រង់​លើក​ទ័ព​ទៅ​វាយ​ក្រុង​សថើម​បាន​ ទ្រង់​នាំ​ព្រះ​ត្រៃ​បិដក​ ៣០​ចប់​។ វត្ត​គោរព​បូជា​ដ៏​សក្តិ​សិទ្ធ​ ព្រម​ទាំង​ព្រះ​ភិក្ខុ​ជន​ជាតិ​តឡេង​ដែល​ជា​អ្នក​ឆ្លៀវ​ឆ្លាត​ក្នុង​ព្រះ​ធម៌​ ផ្ទុក​៣២​ខ្នង​ដំរី​ត្រឡប់​មក​ប្រទេស​ភូកាម​។​ ហេតុ​ការណ៍​លើក​នេះ​ធ្វើ​ឲ្យ​ភូមា​រួម​ ជា​អាណា​ចក្រ​តែ​មួយ​ ហើយ​ភូកាម​ជា​អ្នក​ឈ្នះ​ ក៏​ទទួល​យក​វប្ប​ធម៌​ត​ឡេង​ស្ទើរ​ទាំង​អស់​ជា​របស់​ខ្លួន​តាំង​ពី​តួ​អក្សរ​ភាសា​ វណ្ណ​កម្ម​ និង​ សាសនា​ជា​ដើម​។ ព្រះ​បាទ​អនុ​រុទ្ធ​ ទ្រង់​ផ្លាស់​ប្តូរ​សាសន​ទូត​ជា​មួយ​លង្កា​ ទ្រង់​នាំ​ព្រះ​ត្រៃ​បិដក​ច្បាប់​សំ​បូណ៌​មក​ពី​លង្កា​៣​ចប់​ ហើយ​នាំ​មក​ជម្រះ​ប្រៀប​ទៀប​ នឹង​ ច្បាប់​ដែល​មក​ពី​ក្រុង​សថើម​ទ្រង់​ឧបត្ថម្ភ​សិល្ប​កម្ម​ផ្សេង​ៗ​។ ការ​បំពេញ​ព្រះ​រាជ​ករ​ណីយ​កិច្ច​របស់​ព្រះ​អង្គ​ ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​ជា​សាស​នា​របស់​ជន​ជាតិ​ភូមា​ទូ​ទាំង​ប្រទេស​ ក្សត្រ​ព្រះ​អង្គ ត​ៗ​មក​ ក៏​បាន​ប្រព្រឹត្ត​តាម​ព្រះ​បដិ​បទា​ក្នុង​ការ​ទំនុក​បំរុង​ព្រះ​ពុទ្ធ​សាសនា​ ដូច​ជា​ព្រះ​អង្គ​ដែរ​។ ចំណែក​សាសនា​ព្រាហ្មណ៍​ឬ​ហិណ្ឌូ​ ក៏​អន់​ថយ​អស់​ទៅ​ ហើយ​រវាង​សម័យ​ដែល​ភូកាម​រុង​រឿង​នេះ​ ព្រះ​ភិក្ខុ​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​សិក្សា​នៅ​លង្កា​ទ្វីប​ អង្គ​ខ្លះ​​ទៅ​សិក្សា​ហើយ​បាន​ឧប្ប​សម្ប័ទ​ជា​​ថ្មី​ ត្រឡប់​មក​បង្កើត​គណៈ​សង្ឃ​ថេរ​វាទ​ថ្មី​ បែប​លង្កា​ បែក​ចេញ​ទៅ​ក៏​មាន​ដូច​ជា​ព្រះ​ចបត​នៅ​ក្នុង​ព.ស​.១៧២៥ ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រណាំង​ប្រជែង​គ្នា​រវាង​គណ​​សង្ឃ​នីមួយ​ៗ​ មក​អស់​រយៈ​ពេល​ ៣​សតវត្សរ៍​។  

    អាណា​ចក្រ​ភូកាម​បាន​រលំ​រលាយ​ទៅ​ព្រោះ​បាន​បោះ​បង់​ចោល​ ក្រោយ​ពី​ការ​រុក​រាន​របស់​កុប​​លៃ​ខាន​​ក្នុង​ព.ស.​១៨៣១ ក្រោយ​ពី​នេះ​ ថ្វី​បើ​​ប្រទេស​ជាតិ​ជ្រួល​ច្រ​បល់​តែ​ព្រះ​ពុទ្ធ​សាសនា​នៅ​តែ​រីក​ចម្រើន​រុង​រឿង​រហូត​មក​ដល់​រជ្ជ​កាល​ព្រះ​បាទ​ធម្ម​ចេតិយ​(ព.ស.២០០៤ ដល់ ២០៣៥) ​សម័យ​នោះ​នៅ​ប្រទេស​ភូមា​មាន​គណៈ​សង្ឃ​ ៦​គណៈ(មក​ពី​ខ្មែរ​១​ ពី​លង្កា​៥​) ព្រះ​អង្គ​បាន​អរ​​ ធនា​ព្រះ​សង្ឃ​មក​ពី​លង្កា​ ហើយ​ឲ្យ​ព្រះ​សង្ឃ​ភូមា​ទាំង​អស់​ឧប្ប​សម្ប័ទ​ជា​ថ្មី​រួម​ចូល​ជា​និកាយ​មួយ​ តាំង​ពី​នោះ​មក​ព្រះ​ពុទ្ធ​សាសនា​ក៏​ប្រ​ដិស្ឋាន​គង់​វង់​ ហើយ​មាន​ការ​សិក្សា​ព្រះ​អភិ​ធម្ម​បាន​រីក​ចម្រើន​ឡើង​។​

    ពីរ​សត​វត្សរ៍​ត​មក​ ការ​ខ្វែង​គំនិត​គ្នា​កើត​ឡើង​ ក្នុង​រឿង​ការ​គ្រង​ចីវរ​ចេញ​ក្រៅ​វត្ត​ ធ្វើ​ឲ្យ​ព្រះ​សង្ឃ​បែក​ចេញ​ជា​ពីរ​ពួក​គឺ មួយ​ពួក​ឃ្លុំ និង​ មួយ​ពួក​គ្រង​ចំហៀង​ស្មា ​ព្រះ​មហា​ក្សត្រ​ ​​ទ្រង់​សព្វ​ព្រះ​រាជ​ហ​ឫ​ទ័យ​ស្ថាប​នា​ក្រុម​ឃ្លុំ​ ជា​សមេ្តច​ព្រះ​សង្ឃ​រាជ​ឡើង​ គ្រប់​គ្រង​សង្ឃ​ដើម្បី​ជា​របៀប​រៀប​រយ​ក្នុង​ព្រះ​វិន័យ​។​

    ក្នុងពុទ្ធ​សត​វត្ស​ទី​២៤ ព្រះ​ពុទ្ធ​សាសនា​ក្នុង​ភូមា​រឹង​មាំ​ល្អ រហូត​មាន​ព្រះ​សង្ឃ​ពី​លង្កា​មក​ទទួល​ ឧប្ប​សម្ប័ទ​ថ្មី​ ហើយ​ទៅ​បង្កើត​គណៈ​សង្ឃ​បែប​ភូមា​ឡើង​ក្នុង​ប្រទេស​របស់​ខ្លួន​​មាន​​ការ​ប្រែ​ព្រះ​ត្រៃ​បិដក និង មាន​ការ​សង្គាយ​នាលើក​ទី ​៥ ​ក្នុង​ព្រះ​បរម​រាជូ​បត្ថម្ភ​របស់​ព្រះ​បាទ​មិន​ដុង​ ទី​ក្រុង​មណ្ឌល​នៅ​ ព.ស.២៤១៥ ហើយ​ចារឹក​ពុទ្ធ​វចន ​ទាំង​ ៣​​បិដក​ចុះ​ក្នុង​ផ្ទាំង​សីលា​ (ថ្លើម​ថ្ម) ៧២៩​ផ្ទាំង​។ ក្នុង​រយ​នេះ​មាន​ការ​ជ្រើស​រើស​សម្តេច​ព្រះ​សង្ឃ​រាជ​អស់​​​រយ​មួយ​សម័យ​។​

    អង់​គេ្លស​បាន​ចូល​មក​ដាក់​អាណា​និគម​ ហើយ​មាន​អំណាច​ក្នុង​ប្រទេស​ភូមា​តាំង​តែ​ ព.ស.​២៣៦៨ ក្សត្រ​អង្គ​ចុង​ក្រោយ​របស់​ភូមា​ គឺ ព្រះ​បាទ​ធីប​ នៃ​រាជ​វង្ស​អលង​ពញ្ញា​ បាន​សាប​សូន្យ​វង្ស​នៅ ព.ស.​២៤២៩ ប្រ​ទេស​ភូមា​បាន​នៅ​ឯក​រាជ្យ​ ហើយ​ក្លាយ​ជា​សហ​ភាព​ភូមា​នៅ​ថ្ងៃ​ទី ​៤​មករា​ ២៤៩២​ (ចុះ​សន្ធិ​សញ្ញា​ឯក​រាជ្យ​ ថ្ងៃ​ទី ១៧​តុលា ២៤៩១ )​។
    ពេល​ភូមា​ផ្លាស់​ជា​សាធារ​ណ​រដ្ឋ​ហើយ​ ដំណែង​ព្រះ​សង្ឃ​រាជ​ ក៏​បោះ​បង់​ចោល​ទៅ​ រដ្ឋា​ភិបាល​បាន​តែង​តាំង​ប្រ​មុខ​សង្ឃ​ឡើង​ជា​ថ្មី​ សម្រាប់​និកាយ​សង្ឃ​ទាំង​៣​ របស់​ភូមា​​។  មួយ​និកាយ​​មួយ​អង្គ​ រយៈ​ពេល​ដែល​ពោល​មក​នេះ​ មាន​ព្រះ​ភិក្ខុ​ភូមា​ដែល​ជា​អ្នក​មាន​ចំណេះ​ដឹង​ដ៏​ជំនាញ​បាន​រចនា​ ឬ​ និពន្ធ​ក្បួន​ច្បាប់​ព្រះ​ពុទ្ធ​សាសនា​ជា​ច្រើន​ រដ្ឋា​ភិបាល​ភូមា​ ជា​អ្នក​ផ្តើម​ចាត់​ការ​ ឆដ្ឋ​សង្គីតិ គឺ​សង្គាយ​នា​លើក​ទី​៦​ ឡើង​នៅ​ក្រុង​រ៉ង​ហ្គូន​ នៅ​ក្នុង​ឱកាស​ឆ្លង​ពុទ្ធ​សត​វត្សរ៍​ទី ២៥ ​តាំង​តែ​ពី​ខែ​ឧសភា ព.ស.​២៤៩៨ ដល់​ខែ​ឧស​ភា ព.ស.​២៥០០ បាន​អារធ​នា​ព្រះ​សង្ឃ​ ហើយ​អ្នក​តំណាង​ពុទ្ធ​សាស​និក​ប្រទេស​ផ្សេង​ៗ​ ចូល​រួម​សាសនៈ​កិច្ច​លើក​នេះ​យ៉ាង​ច្រើន​ ហើយ​បាន​ចាត់​បោះ​ពុម្ព​ព្រះ​ត្រៃ​បិដក​ ព្រម​ទាំង​គម្ពីរ​អដ្ឋក​ថា​ និង​ បករណ៍​ពិសេស​ផ្សេង​ៗ​ ជា​ថ្មី​ឲ្យ​បរិ​សុទ្ធិ​ សម្បូរ​បំផុត​ ដែល​អាច​ធ្វើ​ទៅ​បាន​​ (ពុទ្ធ​ស័ក​រាជ​ក្នុង​រឿង​នេះ​រាប់​បែប​ភូមា​ បើ​រាប់​បែប​ថៃ​ ឲ្យ​យក​ចេញ​មួយ​ឆ្នាំ​គ្រប់​កន្លែង​)​។