ព្រះពុទ្ធសាសនានៅនានាប្រទេស
ចុះផ្សាយដោយកែវ ឈុន
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
****************************************
ព្រះពុទ្ធសាសនានៅប្រទេសថៃ
ថ្ងៃសៅរ៍ ទី24.សីហា 2019.ម៉ោង 7:58
- ប្រវត្តិព្រះពុទ្ធសាសនានៃប្រទេសថៃ អាចបែងចេញជា ៤ យុគ គឺ៖
- ១. យុគថេរវាទសម័យអសោក
- ២. យុគ មហាយាន
- ៣. យុគថេរវាទបែបពុកាម (Pagan)
- ៤. យុគថេរវាទបែបសិរីលង្កា
យុគទី ១ ថេរវាទបែបសម័យអសោក
ព.ស. ២១៨ : ព្រះបាទអសោកមហារាជ ទ្រង់ឧបត្ថម្ភការសង្គាយនាគ្រាទី៣ នានគរបាដលីបុត្រ ក្រោយពីចប់ការសង្គាយនារួចហើយ ទ្រង់បានបញ្ជូនព្រះសង្ឃចេញទៅប្រកាសព្រះពុទ្ធសាសនានៅក្នុងដែនដីផ្សេងៗ រួមមាន ៩សាខា។ បណ្តាសាខា ទាំង ៩នោះ ព្រះសោនត្ថេរ និង ព្រះឧត្តរត្ថេរ ជាខ្សែរមួយ (គម្ពីរសមន្តបាសាទិការ អដ្ឋកថានៃព្រះវិន័យបិដក រាប់ថាជាខ្សែរទី៨ តែគម្ពីរសាសនវង្សរាប់ថាជាខ្សែរទី២) នាំព្រះពុទ្ធសាសនាទៅប្រតិស្ឋាននៅក្នុងដែនដីសុវណ្ណភូមិ ដែលសន្និដ្ឋានបានថា “ខេត្តនគរបុទុម” ដោយមានបុរាណស្ថាន វត្ថុផ្សេងៗ ដូចជា ព្រះបឋមចេត្តីយ៍ ជាដើម ជាភស្តុតាងនៅរហូតដល់សព្វថ្ងៃនេះ (ភូមាចាត់ថា សុវណ្ណភូមិបានដល់ ទីក្រុងសទ្ធម្មវតី ក្នុងប្រទេសភូមាភាគខាងត្បូង។
យុគទី ២ មហាយាន
ព.ស. ៦២០ : ព្រះបាទកនិស្សមហារាជ ទ្រង់ឧបត្ថម្ភការសង្គាយនាគ្រាទី៤ របស់ភាគីមហាយាន នាទីក្រុង ជលន្ធរ និង ទ្រង់បានបញ្ជូនសមណទូតចេញទៅប្រកាសព្រះពុទ្ធសាសនានៅអាស៊ីកណ្តាលជាដើម។ គ្រានោះ ព្រះបាទម៉ីងតី ទ្រង់បាននាំយកព្រះពុទ្ធសាសនាពីអាស៊ី កណ្តាលចូលទៅផ្សព្វផ្សាយក្នុងប្រទេសចិន ហើយទ្រង់បានបញ្ជូនទូតសន្ថវមេត្រី ឲ្យទៅជួបខុនហ្លួង ហ្មៅ ព្រះមហាក្សត្រថៃ អ្នកគ្រប់គ្រងអាណាចក្រអៃលាវ។ គណៈទូតបាននាំយកព្រះពុទ្ធសាសនាចូលមកជាមួយផង ធ្វើឲ្យប្រទេសថៃទាំង ៧៧មានរាស្ត្រ ៥១,៨៩០ គ្រួសារ បែរមកគោរពព្រះពុទ្ធសាសនាជាគ្រាដំបូងបំផុត។
ព.ស. ១៣០០ : ព្រះមហាក្សត្រនៃអាណាចក្រស្រីវិជ័យ នៃកោះសុមាត្រាមានអំណាចរុងរឿង ពង្រីកអាណាខេត្តមកដល់ខេត្តសុរ៉ាដធានី។ ព្រះមហាក្សត្រស្រីវិជ័យទ្រង់គោរពព្រះពុទ្ធសាសនាផ្នែកមហាយាន ទើបធ្វើឲ្យព្រះពុទ្ធសាសនាមហាយានផ្សព្វផ្សាយចូលមកកាន់ដែនដីភាគខាងត្បូងនៃប្រទេសថៃ ដែលនៅក្នុងអាណាចក្ររបស់ព្រះអង្គ ដូចដែលមានចេតិយព្រះធាតុជៃយា និង ព្រះមហាធាតុនគរសិរីធម្មរាជជាភស្តុតាងរហូតមកដល់សព្វថ្ងៃនេះ។
ព.ស. ១៥៥០ : ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជវង្សសុរិយវរ្ម័ន មានអំណាចរុងរឿង ពង្រីកអាណាខេត្តមកដល់ទូទាំងភាគខាងកើតឈៀងខាងជើង (ភាគឦសាន) និង ភាគកណ្តាលនៃប្រទេសថៃ ហើយបង្កើតនគរលវោ ឬលុពបុរីជារាជធានីមួយសំរាប់គ្រប់គ្រងដែនដីតំបន់នេះ (ទើបហៅសម័យនេះថា សម័យលុពបុរី)។ ព្រះមហាក្សត្រកម្ពុជាទ្រង់គោរពព្រះពុទ្ធសាសនាមហាយាន ដែលបានផ្សព្វផ្សាយបន្តឡើងមកពីអាណាចក្រស្រីវិជ័យ តែមហាយានសម័យនេះ រួមផ្សំជាមួយសាសនាព្រាហ្មណ៍ច្រើនណាស់។ ប្រជាជនតំបន់នេះ ទើបបានទទួលព្រះពុទ្ធសាសនាទាំងបែបថេរវាទ ដែលបន្តមកតាំងតែពីដើម ជាមួយមហាយាន និង សាសនាព្រាហ្មណ៍ចូលមកថ្មី ធ្វើឲ្យមានអ្នកគោរពទាំងពីរបែប និង មានព្រះសង្ឃទាំងពីរនិកាយ។ ភាសាសំស្រ្កឹតក៏ចូលមកផ្សព្វផ្សាយ មានឥទ្ធិពលក្នុងភាសា និង អក្សរសិល្បិ៍ថៃតាំងពីសម័យនោះមក។
យុគទី ៣ ថេរវាទបែបពុកាម
ព.ស. ១៦០០ : ព្រះបាទអនុរុទ្ធមហារាជ ឬ អនោធាម៉័ងជ័រ ព្រះមហាក្សត្រពុកាម មានអំណាចរុងរឿង ទ្រង់បានវាយបង្ក្រាបរាម័ញ រួមបញ្ចូលភូមាបានទាំងស្រុង ស្រេចហើយ ផ្សាយអាណាខេត្តចូលមកដល់អាណាចក្រឡាននា ឡានឆាង រហូតដល់លុពបុរី និងទ្វារាវតី។ ព្រះបាទអនុរុទ្ធមហារាជ ទ្រង់មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាផ្នែកថេរវាទ ទ្រង់បាន ទំនុកបំរុង និង ផ្សព្វផ្សាយព្រះពុទ្ធសាសនាដោយព្រះរាជសទ្ធាយ៉ាងខ្លាំងក្លា។
ត្រឡប់ទៅពោលអំពីជនជាតិក្នុងប្រទេសចិន ត្រូវបានចិនឈ្លានពាន ភៀសខ្លួនចុះមកភាគខាងត្បូងតាមលំដាប់ ក្រោយពីអាណាចក្រអៃលាវរលំរលាយ ក៏បានមកតាំង អាណាចក្រណានចៅ រហូតមកដល់ប្រមាណ ព.ស. ១២៩៩ ខុនថាវក្វា រាជឱរស ខុនបរម នៃអាណាចក្រណានចៅ បានមកតាំងអាណាចក្រយោនក ឈៀងសែន នៃសុវណ្ណភូមិ កាលវេលាបានកន្លងទៅ ប្រជាជនថៃក៏បានក្រចាត់ក្រចាយនៅទូទាំងភាគខាងជើង ភាគខាងកើតឈៀងខាងជើង និង ភាគកណ្តាលនៃប្រទេសថៃនាពេលបច្ចុប្បន្ន។ ពេលដែលអាណាចក្រកម្ពុជាមានអំណាចរុងរឿង ប្រជាជនថៃដែលអាស្រ័យនៅក្នុងខេត្តឡានណាគែ ភាគពាយ័ព្យបានទទួលឥទ្ធិពលរបស់ខមតិចតួច តែនគរអាណាចក្រពុកាមបានចូលគ្រប់គ្រង ប្រជាជនថៃក្នុងតំបន់នេះ ដែលគោរពព្រះពុទ្ធសាសនាតៗ មកស្រេចហើយនោះ ក៏ទទួលគោរពព្រះពុទ្ធសាសនាបែបពុកាម រហូតដល់រីកចំរើនរុងរឿងខ្លាំងឡើងនៅក្នុងភាគខាងជើង។
យុគទី ៤ ថេរវាទបែបសិរីលង្កា
ព្រះពុទ្ធសាសនាក្នុងយុគនេះ គឺ បែបដែលគោរពមកជាសាសនាប្រចាំជាតិរបស់ថៃរហូតដល់បច្ចុប្បន្ន។ សំរាប់យុគនេះ មានសេចក្តីពិស្តារដែលប្រាដកនៅក្នុងប្រវត្តិសាស្ត្រច្រើនជាងយុគណាមុនៗ ទើបបែងចែកជាសម័យផ្សេងៗ ដូចតទៅនេះ៖
១. សម័យសុខោទ័យ
ព.ស. ១៨០០ ៖ រយៈនេះ អាណាចក្រពុកាម និង កម្ពុជាបានសាបរលាបអំណាចចុះ ហើយកុលសម្ព័ន្ធថៃ បានកខ្លួនឲ្យបានជាឥស្សរៈឡើង ភាគខាងជើង ខាងកើតអាណាចក្រឡានណា ភាគខាងត្បូងចុះមក កើតជាអាណាចក្រសុខោទ័យ។
បែរទៅស្តីពីព្រះពុទ្ធសាសនាក្នុងប្រទេសសិរីលង្កា ព.ស. ១៦៩៦ ព្រះបាទបរាករមពាហុ មហារាជ ទ្រង់ឡើងគ្រងរាជ្យ បានបង្រ្កាបទមិឡ ធ្វើឲ្យប្រទេសជាតិមានរបៀបរបប ទ្រង់ឧបត្ថម្ភព្រះពុទ្ធសាសនា រួមព្រះសង្ឃចូលនិកាយតែមួយ និង សូមឲ្យមានការសង្គាយនាគ្រាទី៧ ឡើង។ ព្រះពុទ្ធសាសនាចំរើនរុងរឿងក្នុងទ្វីបលង្កា ទាំងការសិក្សា និង ការប្រព្រឹត្តិប្រតិបត្តិ។ ព្រះសង្ឃប្រទេសផ្សេងៗ បាននិមន្តទៅសិក្សាព្រះធម្មវិន័យ និងបួសជាថ្មី ហើយត្រឡប់ទៅផ្សព្វផ្សាយព្រះពុទ្ធសាសនាបែបសិរីលង្កាក្នុងប្រទេសរបស់ខ្លួន ខ្លះក៏និមន្ត ព្រះសង្ឃសិរីលង្កាមកជាមួយ សំរាប់ប្រទេសថៃ ព្រះសង្ឃថៃ និងព្រះសង្ឃសិរីលង្កា បានមកបង្កើតការិយាល័យផ្សព្វផ្សាយ នៅនារាជធានីនគរសិរីធម្មរាជ បានទទួលសេចក្តីគោរពយ៉ាងលឿន។
ព.ស. ១៨២០ : ខុនរាមគាំហែង ទ្រង់ឡើងគ្រងរាជ្យ ទ្រង់បានស្តាប់កិត្តិស័ព្ទរបស់ព្រះសង្ឃលង្កា វង្ស ហើយក៏អារាធនាព្រះមហាថេរសង្ឃរាជ ពីនគរសិរីធម្មរាជ ចូលមកគង់នៅនាវត្តអរញ្ញិក ក្នុងក្រុងសុខោទ័យ។ ព្រះពុទ្ធសាសនាបែបលង្កាវង្ស ក៏រុងរឿង តាំងតែពីសម័យនោះមក ដើមដំបូង នៅមានព្រះសង្ឃពីរពួក គឺ គណៈសង្ឃដើម និង ព្រះសង្ឃលង្កាវង្ស ប៉ុន្តែនៅទីបំផុត ក៏បានរួបរួមឲ្យចូលជានិកាយតែមួយ ចំណែកព្រះពុទ្ធសាសនាមហាយាន ក៏សាបរលាប និង សាបសូន្យនៅទីបំផុតទៅ។ នៅក្នុងរជ្ជកាលនេះ បាននាំព្រះពុទ្ធសិហឹង្គ ដែលសាងឡើងក្នុងប្រទេសិរីល័ង្កាជាយូរមកហើយ នគរស្រីធម្មរាជដំកល់ទុក នាក្រុងសុខោទ័យផង (ជិនកាលបាលីបករណ៍ថា បានព្រះពុទ្ធសិហឹង្គមកនៅ ព.ស. ១៨០០ រជ្ជកាល ផខុនស្រីឥន្ទ្រទិត្យ) សិល្បៈបែបលង្កា ចាប់ផ្តើមចូលមកជំនួសសិល្បៈបែបមហាយាន ដូចជាចេតិយ ព្រះមហាធាតុនគរស្រីធម្មរាជ ប្រែរូបជាស្ថូបបែបលង្កាជាដើម។
ព.ស. ១៨៩៧ ព្រះបាទលិទៃ ព្រះមហាក្សត្រអង្គទី៥ ឡើងគ្រងរាជ្យ ទ្រង់អារាធនាព្រះមហាសាមីសង្ឃរាជ ប្រទេសសិរីលង្កា ព្រះនាម សុមនៈ ចូលមកកាន់សុខោទ័យក្នុង ព.ស. ១៩០៤។ គ្រាដែលចេញព្រះវស្សារួចហើយ ព្រះអង្គទ្រង់បានចេញសាងព្រះផ្នួសជាបណ្តោះអាសន្ននាវត្តអរញ្ញិក ទ្រង់ព្រះរាជនិពន្ធសៀវភៅ តេភូមិកថា ឬ ត្រៃភូមិព្រះរួង ទ្រង់បាន បង្រៀនសីលធម៌ ដល់ប្រជាជនដោយព្រះអង្គឯង ហើយព្រះអង្គបានចូលទៅសិក្សាព្រះ ត្រៃបិដកក្នុងមហាប្រាសាទ អនុញ្ញាតឲ្យបោះពុម្ភឆ្លងព្រះពុទ្ធបាទ ទ្រង់សាងព្រះមហាធាតុ បញ្ចុះព្រះសារីកធាតុ ដែលអាធនាពីប្រទេសសិរីលង្កា និង ដាំដើមសិរីមហាពោធិ ទុកនៅពីក្រោយព្រះមហាធាតុនោះ ហើយទ្រង់បានចាប់ផ្តើមចាត់របៀបគណៈសង្ឃ ដោយបែងគណៈសង្ឃចេញជាពីរផ្នែក គឺ គាមវាសី និង អរញ្ញវាសី។
២. សម័យឡានណា
សម័យឡាណាថៃ ត្រូវត្រង់ នឹង សម័យសុខោទ័យ និង ជិតជាប់ចូលទៅ នឹង សម័យខាងដើមនៃអយុធ្យា ប៉ុន្តែបានបែងចេញដោយឡែកដើម្បីងាយស្រួលដល់ការកណត់។
ព.ស. ១៨០២-១៨៥៣ : ព្រះបាទម៉េងរ៉ាយគ្រងរាជ្យ នៅទីក្រុងឈៀងម៉ៃ ទ្រង់បានទំនុកបំរុងព្រះពុទ្ធ សាសនា ដូចជា សាងវត្តឈៀងម៉័នជាដើម។
ព.ស. ១៨៩៨-១៩២៨ : ក្នុងរជ្ជកាលព្រះបាទកឺណា ឬ តឺណា ឬ កឺណាធម្មិករាជ ព្រះអង្គទ្រង់បានបញ្ជូនរាជទូត ទៅកាន់រាជសំណាក់ព្រះបាទលិទៃ ទូលសូមអារាធនាព្រះសង្ឃរាជសមនត្ថេរ ទៅផ្សព្វផ្សាយព្រះពុទ្ធសាសនា និង នាំព្រះបរមសារីរីកធាតុទៅកាន់ឡានណា ប្រមាណ ព.ស. ១៩១៣ ជាការចាប់ផ្តើមព្រះពុទ្ធសាសនាបែបលង្កាវង្ស ក្នុងអាណាចក្រឡានណា ដោយមានការសាងព្រះធាតុចេតិយ នៅវត្តបុប្ផារាម (វត្តសួនដកស្រេច ព.ស. ១៩១៧) និង ព្រះធាតុនៅលើកំពូលភ្នំសុទេព (សម្រេច ព.ស. ១៩២៧) ដើម្បីបញ្ចុះព្រះបរមសារី រីកធាតុ ដែលនាំមកនោះ។
ព.ស. ១៩៧៧ : ក្នុងរជ្ជកាលព្រះបាទសាមផាន់កែន ព្រះស្ថូបធំចាស់បុរាណមួយអង្គ នាវត្តឈៀងរ៉ៃ ត្រូវបានទ្រុឌទ្រោមរលំចុះ បានជួបព្រះកែវមរកត។
ព.ស. ១៩៧៨-២០៣០ : នៅក្នុងរជ្ជកាលព្រះបាទតិលោករាជ ព្រះមហាក្សត្រព្រះអង្គនេះ ធ្លាប់បានសាងព្រះផ្នួសជាបណ្តោះអាសន្ន នាវត្តប៉ាដែង នៅ ព.ស. ១៩៩០ បន្ទាប់មក ព.ស. ១៩៩៨ ព្រះសង្ឃគណៈមួយបានទទួលព្រះបរមរាជូបត្ថម្ភ ទៅសិក្សាព្រះពុទ្ធសាសនានៅប្រទេសសិរីលង្កា ពេលត្រឡប់មក ក៏បាននាំដើមសិរីមហាពោធិ៍មកជាមួយផង ទើបអនុញ្ញាតឲ្យសាងអារាមថ្វាយ ឈ្មោះថា វត្តពោធារាម ឬវត្តប្រាំពីរកំពូល រហូតដល់ ព.ស. ២០២០ ទ្រង់ឧបត្ថម្ភការចាត់ការសង្គាយនាគ្រាទី១ របស់ប្រទេសថៃ ឬ រាប់បន្ទាប់ពីប្រទេសសិរីលង្កាជាគ្រាទី៨ នៅឯវត្តពោធារាម។ ក្នុងរយៈកាលនេះ (ប្រមាណពុទ្ធសតវត្ស៍ ទី២០ រហូតដល់ចប់ពុទ្ធសតវត្ស៍ទី ២១ ភាគច្រើនក្នុងរជ្ជកាល ព្រះមឿងកែវ ព.ស. ២០៣៨-២០៦៨) ជារយៈកាលរុងរឿងនៃអក្សរសិល្បិ៍ ព្រះពុទ្ធសាសនានៃអាណាចក្រឡានណាថៃ។ មានព្រះសង្ឃជាអ្នកប្រាជ្ញភាសាបាលីកើតឡើង ច្រើនណាស់ ដូចជា ព្រះតេជគុណសិរីមង្គលាចារ្យ (តែងមង្គលត្ថទីមនី វេស្សន្តរទីបនី ចក្រវាឡទីបនី សង្ខយាបកាសកដីកា) ព្រះតេជគុណញាណកិត្តិ ( យោជនាវិន័យ យោជនាអភិធម្ម ជាដើម) ព្រះតេជគុណ រតនប្បញ្ញា (វជិរសារត្ថសង្គហៈ និង ជិនកាលបាលីបករណ៍) ព្រះតេជគុណ ពោធិរង្សី (ចាមទេវីវង្ស) ព្រះតេជគុណ នន្ទាចារ្យ (សារត្ថសង្គហៈ) ព្រះតែជគុណសុវណ្ណរង្សី (បឋមសម្ពោធិសង្ខេប) ជាដើម សន្និដ្ឋានបានថា បញ្ញសជាតកក៏បានតែងតែងឡើងក្នុងយុគនេះដែរ។
៣. សម័យអយុធ្យា
មានខសង្កេតថា ដូចដែលបានឃើញភស្តុតាង ការគោរពព្រះពុទ្ធសាសនាក្នុងសម័យអយុធ្យា មិនសូវជាប្រកាន់ខ្ជាប់នូវគោលធម៌ជាន់ខ្ពស់ប៉ុន្មានទេ ដោយភាគច្រើនចាប់អារម្មណ៍តែក្នុងរឿងបំពេញបុណ្យកុសល បំរុងព្រះសង្ឃ សាងវត្តអារាម បូជនីយដ្ឋាន បូជនីយវត្ថុ ពិធីកម្ម ពិធីឆ្លងពិធីនមស្សការ ដូចជា គោរពព្រះធាតុ និង គោរពព្រះពុទ្ធបាទជាដើម។ ការបំពេញចិត្តភាវនា ក៏សង្កត់ធ្ងន់ទៅខាងវត្ថុស័ក្តិសទ្ធិ ឥទ្ធិឫទ្ធិ បដិហារ្យ មានរឿងអបិយជំនឿ អាថាន់ ចូលមកផ្គុំផ្សំជាច្រើន យ៉ាងហោចណាស់ក៏ជាលក្ខណៈដែលល្បីនៅចុងសម័យ។
ប្រវត្តិសាស្រ្តសម័យអយុធ្យានិយមបែងជា ៤ដំណាក់កាល ផ្តោតសំខាន់ទៅខាងប្រវត្តិសាស្រ្តព្រះពុទ្ធសាសនា មាន៤ រជ្ជកាល ដែលមានរឿងរ៉ាវជាប់ទាក់ទងទៅ នឹង កិច្ចការព្រះពុទ្ធសាសនាយ៉ាងសំខាន់។ បែងជាចំណុចបានតាមរជ្ជកាលដូចតទៅនេះ ៖
ក. អយុធ្យាដំណាក់កាលខាងដើម (ព.ស. ១៨៩៣-២០៣១)
ព.ស. ១៩៩១-២០៣១ : ក្នុងរជ្ជកាលសម្តេចព្រះបរមត្រៃលោកនាថ ព្រះអង្គទ្រង់ចាត់ការគ្រប់គ្រងប្រទេសជាតិឲ្យមានរបៀបរៀបរយរឹងប៉ឹង ហើយទ្រង់ទំនុកបំរុងព្រះពុទ្ធសាសនាធំដុំណាស់ មើលទៅហាក់បីដូចជាថា ទ្រង់ប្រតិបត្តិតាមគតិរបស់ព្រះបាទធម្មាសោកមហារាជ និង ព្រះមហាធម្មរាជាលិថៃ គឺទ្រង់លះបង់រាជសម្បត្តិ ចេញសាងព្រះផ្នួស នៅនាវត្តចឡាមណី អស់រយៈកាល ៨ខែ នៅ ព.ស. ១៩៩៨ (ព្រះរាជពង្សាវតារ ច្បាប់ហ្លួងប្រសើរថា ព.ស. ២០០៨ ក្រៅពីទ្រង់សាងព្រះផ្នួសហើយ ក្នុង ព.ស. ២០២៧ ទ្រង់នៅបានឲ្យព្រះរាជឱរស និង ព្រះរាជនត្តាសាងផ្នួសជាសាមណេរទៀតផង។ ខនេះសន្និដ្ឋានបានថា ជាដើមកំណើតប្រពៃណីបួសរៀនរបស់នាយជាម្ចាស់ និង អ្នករាជការជាដើម) តមកអនុញ្ញាតឲ្យប្រជុំកវីនិព្ធសៀវភៅមហាជាតិគាំហ្លួង ក្នុង ព.ស. ២០២៥ និង ទ្រង់បានទុកដីមួយចំណែកក្នុងព្រះបរមរាជវាំង ដើម្បីស្ថាបនាជាវត្តឈ្មោះ វត្តព្រះស្រីសារពេជ្រ។
ខ. អយុធ្យាដំណាក់កាលទីពីរ (ព.ស. ២០៣៤-២១៧៣)
ព.ស. ២១៦៣-២១៧១ : រជ្ជកាលព្រះបាទទ្រង់ធម៌ ព្រះអង្គទ្រង់សិក្សាព្រះបរិយត្តិធម៌ជំនាញមកតាំងតែនៅ ទ្រង់ព្រះផ្នួស មានព្រះរាជសទ្ធាដល់ថ្នាក់ទ្រង់សេ្តចចេញបង្រៀនព្រះភិក្ខុសាមណេរ នៅ ព្រះរាជដំណាក់ចមថង ៣ខ្នង ជារឿយៗ (សេចក្តីនេះ ជាភស្តុតាងបង្ហាញថា ប្រពៃណី បង្រៀនព្រះសង្ឃក្នុងព្រះបរមរាជវាំង បានមានមកតាំងពីយូរយារណាស់មកហើយ) សូមឲ្យសាងមណ្ឌលជាគំរបព្រះមង្គលបពិត្រ ដែលសម្តេចព្រះជៃយារាជាធិរាជសាងទុក តាំងតែពី ព.ស. ២១៧០ និង សូមឲ្យសាងព្រះត្រៃបិដកទុកមួយចប់បរិបូណ៌។
សម័យអយុទ្យាដំណាក់កាលទីពីរនេះ ប្រាកដថាភាពនិយមសាងវត្តមានកាន់តែច្រើនឡើង មិនចំពោះព្រះមហាក្សត្រប៉ុណ្ណោះទេ អ្នកមានលុយមានឋានៈសមគួរ តែងសាងវត្តទុកប្រចាំត្រកូល ទុករក្សាអដ្ឋិធាតុបុព្វបុរស និង វត្តជាស្ថានទីសិក្សា រហូតដល់មានពាក្យពោលថា “គ្រាមប្រទេសជាតិសុខសាន្តល្អ គេសាងវត្តអោយកូនរត់លេង”។
គ. អយុធ្យាដំណាក់កាលទី ៣ (ព.ស.២១៧៣-២២៧៤)
ព.ស. ២១៩៩-២២៣១ : រជ្ជកាលសម្តេចព្រះនារាយមហារាជ ក្នុងរាជ្ជកាលនេះ មានភស្តុតាងបង្ហាញថា ប្រពៃណីបួសរៀន គង់នឹងបានទទួលភាពនិយមច្រើនណាស់ ប្រាកដថា ក្នុងរជ្ជកាលនេះ អ្នកបួសបានទទួលព្រះរាជទានព្រះបរមរាជូបត្ថម្ភយ៉ាងល្អ ធ្វើឲ្យអ្នកគេចវេសពីការងាររាជការប្រទេសជាតិ ទៅបួសកាន់តែច្រើន រហូតដល់ត្រូវមានចេញរាជបញ្ជាហ្លួងសរស័ក្តិ ជាមេកងប្រជុំសង្ឃប្រឡងចំណេះវិជ្ជាព្រះភិក្ខុសាមណេរ អ្នកដែលគេចទៅបួស ប្រឡងបានសេចក្តីច្បាស់ថា មិនមានចំណេះដឹងក្នុងព្រះពុទ្ធសាសនា ត្រូវបានបញ្ជាឲ្យលាចាក សិក្ខាបទ មានចំនួនច្រើនអង្គ។ ក្រៅពីនេះ នៅមានរឿងដែលស្តែងដល់ការដែលអ្នកបួស ហើយ ជាអ្នករួចផុតពីរាជភ័យជាដើម។ ដូចដែលប្រាកដក្នុររជ្ជកាលនេះថា ពេលប្រទេសប្រឈួន នឹងសោយទិវង្គត ព្រះទេពរាជា ជាមួយ នឹង ខុនហ្លួងសរស័ក្តិ កំពុងតែលោមព័ទ្ធព្រះបរមរាជវាំងដណ្តើមអំណាច។ ព្រះអង្គសូមអោយជួយជីវិតពួកអ្នករាជការនៅខាងក្នុងទាំងឡាយ ទុកដោយការថ្វាយព្រះរាជវាំងជាវិសុងគាមសីមា ហើយឲ្យប្រកបវិធី ឧបសម្បទាអ្នកអស់ទាំងនោះ យកទៅនៅវត្តឲ្យរួចផុតពីភ័យ។
ហេតុការណ៍សំខាន់នៅក្នុងរជ្ជកាលនេះ មានការទំនាក់ទំនងពាណិជ្ជកម្មជាមួយជាតិអ៊ឺរ៉ុបជាច្រើន។ ជាតិអ៊ឺរ៉ុបចូលមក ក្រៅពីប្រកបអាជីពពាណិជ្ជករហើយ ក៏បាននាំមកជាមួយនូវគ្រឹស្តសាសនា ចូលមកផ្សព្វផ្សាយទៀតផង។ សម្តេចព្រះនារាយ៍មហារាជ ទ្រង់មានព្រះរាជសទ្ធាមាំទាំក្នុងពុទ្ធសាសនា ប៉ុន្តែក៏ទ្រង់ផ្តល់សេរីភាពក្នុងការគោរពសាសនាក្រៅពីនេះ ទ្រង់ចេញព្រះរាជក្រឹត្យដីកា អនុញ្ញាតឲ្យប្រជារាស្រ្តគោរពសាសនាដទៃៗ ទៀត ជាពិសេសសាសនាគ្រឹស្ត ដែលមកជាមួយជាជាតិបស្ចឹមផង ដូចជា ឲ្យសាងវត្តសែនយ៉ូសែព ទីស្ថិតរបស់សង្ឃនាយកនៅអយុធ្យា និង សាងវត្តសែនត៍បោលោ នៅលុពបុរី និង តៈនាវស្រីជាដើម។
ដោយឆ្ពោះគ្រានោះ ទ្រង់មានសម្ព័ន្ធមេត្រីភាពជិតស្និទ្ធជាពិសេស ជាមួយព្រះបាទល្វីសនៃបារាំងសេស។ ព្រះបាទល្វីស និង គ្រឹស្តសង្ឃ ដល់ថ្នាក់គិតថា ព្រះអង្គទ្រង់ មានសទ្ធាជ្រះថ្លាក្នុងសាសនាគ្រឹស្ត ព្រះបាទល្វីសបានបញ្ជូនឯកអគ្គរាជទូតមកចងចំណង ព្រះរាជមេត្រី និង ទូលសូមអញ្ជើញសម្តេចព្រះនារាយណ៍ចូលពីធី (បដិញ្ញាណខ្លួនជាគ្រឹស្តសាសនិក) ទៀតផង ក្នុង ព.ស. ២២២៨។ សម្តេចព្រះនារាយណ៍ ទ្រង់ដំណោះស្រាយប្រាជ្ញាញ្ញាណថា “ប្រសិនបើព្រះជាម្ចាស់ ពេញព្រះទ័យឲ្យចូលពីធីនៅពេលណា” ក៏ នឹង បណ្តាលសទ្ធាឲ្យកើតឡើងក្នុងព្រះទ័យរបស់ព្រះអង្គនៅពេលនោះ ។ នេះចាត់ថាជាហេតុការណ៍សំខាន់ដែលជាប់ទាក់ទងជាមួយកិច្ចការព្រះពុទ្ធសាសនាម្យ៉ាង ព្រោះបើមិន ជាដូច្នោះទេ កិច្ចការប្រទេសជាតិគង់វិបល្លាស់ជាអនេកប្បការ។
ក្នុងសម័យអយុធ្យាទី៣ នេះ មានអក្សរសិល្បិ៍ព្រះពុទ្ធសាសនានៅសេសសល់មកដល់បច្ចុប្បន្ននេះចំនួនច្រើនណាស់ ភាគច្រើនជារបស់តែងក្នុងសម័យព្រះបាទប្រាសាទថង ព្រះនារាយណ៍មហារាជ និង ព្រះទេពរាជា ប៉ុន្តែក៏ជាប្រភេទសៀវភៅប្រែ ឬ តែងជាភាសាថៃ មិនប្រាកដជាគម្ពីរភាសាមគធៈ។
ង. អយុធ្យាដំណាក់កាលទី ៤ (ព.ស. ២២៧៥-១៣១០)
ព.ស. ២២៧៥-២៣០១ : នៅក្នុងរជ្ជកាលព្រះបាទបរមកោដ្ឋ ការបួសរៀនក្លាយជាប្រពៃណីដល់ថ្នាក់ថា អ្នកដែលជាខុនណាងមានយសបណ្តាស័ក្តិជាអ្នកបានបួសហើយ ទើប នឹង ទ្រង់តាំងដល់ម្ចាស់ក្នុងព្រះរាជវាំងក៏ត្រូវសាងផ្នួសគ្រប់ៗ ព្រះអង្គ។ សម័យនេះ កើតអក្សរសិល្បិ៍ខាងព្រះពុទ្ធសាសនាជាច្រើនរឿង ដែលសំខាន់ដូចជា នន្ទោបនន្ទសូត្រ ព្រះមាល័យវាក្យហ្លួង បុណ្ណោវាទវាក្យឆ័ន្ទ និងព្រះរាជបុច្ឆាគណៈសង្ឃ ជាដើម។
ក្នុងរយៈកាលដូចគ្នានេះ ខាងផ្នែកលង្កាទ្វីប សាសនាវង្សបានសាបសូន្យ មិនមាន ព្រះភិក្ខុសង្ឃដែលប្រកបពិធីឧបសម្បទា ទើបព្រះចៅកីរតិសិរិរាជសឹង្ហៈ ទ្រង់បញ្ជូនគណទូតមកក្នុង ព.ស. ២២៩៣ ដើម្បីសូមអារាធនាព្រះសង្ឃថៃទៅឧបសម្បទា ដល់កុលបុត្តជាតិលង្កា។ គណសង្ឃថៃមានព្រះឧបាលីជាប្រធាន បាននិមន្តទៅក្នុង ព.ស. ២២៩៦ គង់នៅនាវត្តបុប្ផារាម ទីក្រុងខែនឌី ប្រកបពិធីព័ទ្ធសីមា និង ឧបសម្បទាកុលបុត្ត បន្តសាសនវង្សក្នុងប្រទេសលង្កាតមក ធ្វើឲ្យកើតគណៈសង្ឃឧបាលីវង្ស ឬ ស្យ៉ាមវង្ស ឬស្យ៉ាមនិកាយ ដែលជាគណសង្ឃធំបំផុតក្នុងប្រទេសលង្កា។
ដូចនៅអវសាននៃសម័យនេះ មានភស្តុតាងប្រាកដថា មានជំនឿងុបងល់ក្នុងរឿងជោគជតា និង អបិយជំនឿខ្លាំងណាស់ ដែលបង្ហាញឲ្យឃើញដល់ភាពមិនស្ងប់នៃស្ថានការណ៍ប្រទេសជាតិ និង អាចជាសារហេតុនៃភាពទោរទន់របស់ប្រទេសជាតិម្យ៉ាង តមកក្រុងស្រីអយុធ្យាក៏បានបាត់បង់បូរណភាពចំពោះប្រទេសភូមានៅ ព.ស. ២៣១០។
៤. សម័យធនបុរី ដល់សម័យរតនកោសិន្ទ្ររ៍ខាងដើម (ដល់ រជ្ជកាល ទី ៤)
ព.ស. ២៣១០ : សម្តេចព្រះបាទតាកស៊ីន ទ្រង់បានឡើងគ្រងរាជ្យក្រុងធនបុរី ទោះបីជារយកាល បង្កើតទីក្រុងថ្មី ប៉ុន្តែក៏ទ្រង់យកព្រះទ័យទុកដាក់ទំនុកបំរុងកិច្ចការព្រះពុទ្ធសាសនា តាមដែលទ្រង់មានឱកាស ទ្រង់សាងវត្តថ្មី ឈ្មោះវត្តបាងយ៉ីរឿខាងជើង (វត្តរាជគ្រឹស្ហ) មួយគត់ ប៉ុន្តែទ្រង់បានជួសជុលវត្តចាស់មួយចំនួន និង ចាត់វត្តផ្សេងៗ ក្នុងក្រុងឡើងជាវត្តហ្លួង (វត្តស្តេច) អារាធនាព្រះភិក្ខុសង្ឃយល់ដឹងព្រះធម៌ មានសីលាចារវត្តចូលមកតាំងជាព្រះរាជាគណៈ ជួយទទួលភារៈ បំរុងព្រះពុទ្ធសាសនា ទ្រង់រួបរួមគម្ពីរព្រះត្រៃបិដកពីខេត្តក្រុងផ្សេងមកចាត់ជាច្បាប់ហ្លួង ប៉ុន្តែនៅពុំទាន់បានរៀបរយបរិបូណ៌ផង ក៏បញ្ចប់ព្រះរាជកាលជាមុន ក្នុង ព.ស. ២៣១៩ សូមឲ្យវត្តសាងសៀវភៅរូបភាពត្រៃភូមិ ដែលវិចិត្ររចនា ខ្នាតធំគ្លីបានវែងជាង ៣៤ម៉ែត្រ និង ទ្រង់ចាប់ហ្វឹកហាត់វិបស្សនាក្នុងឆ្នាំជាមួយគ្នានេះដែរ បន្ទាប់មក ព.ស. ២៣២២ កងទ័ពថៃបានអារាធនាព្រះកែវមក៌ត មកពីទីក្រុងវៀច័ន្ទ។ នៅអវសាននៃរជ្ជកាល ទ្រង់យកប្រទ័យក្នុងការបំពេញកម្មដ្ឋានណាស់ ហើយទីបំផុតក្នុង ព.ស. ២៣២៥ មានរឿងថា ទ្រង់មានសតិឃ្លៀងឃ្លាត ដល់ថ្នាក់ពិសោធន៍សេចក្តីបរិសុទ្ធិរបស់ព្រះសង្ឃដោយការមុជទឹក ហើយព្រះអង្គយល់ថា ព្រះអង្គជាព្រះអរិយបុគ្គល ទ្រង់ឲ្យព្រះសង្ឃថ្វាយបង្គំព្រះអង្គ។ ព្រះសង្ឃដែលមិនព្រមធ្វើតាមព្រះរាជបញ្ជា ក៏ត្រូវទណ្ឌកម្ម ហើយកើតហេតុចលាចលក្នុងក្រុង រហូតដល់សម្តេចព្រះយ៉ា មហាក្សត្រសឹក ដើម្បីមករំងាប់អធិករណ៍ ព្រះអង្គត្រូវសម្រេចទទួលទោស ជាហេតុអស់ទៅនូវផែនដី។
ព.ស. ២៣២៥ : ព្រះបាទសម្តេចព្រះពុទ្ធយ៉តផាចុឡាលោក ស្តេចឡើងគ្រងរាជ្យ តមកព្រះអង្គទ្រង់បានសាងរាជធានីថ្មី នៅជាយខាងកើត (ម្ខាងទៀតនៃទន្លេចៅព្រះយ៉ា) ទ្រង់បានសាង និង ជួសជុលវត្តជាច្រើន មានវត្តព្រះស្រីរតនសាស្តារាម ក្នុងព្រះបរមរាជវាំង វត្តសុទស្សនទេពវរារាម វត្តស្រះកេត និង វត្តព្រះជេតុពន ជាដើម។ អ្នកមុខ អ្នកការ ខុនណាង អ្នករាជការ ក៏នាំគ្នាសាងវត្តឡើងជាចំនួនច្រើន ដូចជា សម្តេចក្រមព្រះរាជវាំង បវរមហាសុរសិង្ហនាថ ទ្រង់សាងវត្តមហាធាតុជាដើម ក្នុង ព.ស. ២៣៣១ ទ្រង់ឲ្យប្រជុំព្រះសង្ឃ និង រាជបណ្ឌិតធ្វើការសង្គាយនាគ្រាទី ៩ នាវត្តមហាធាតុ សម្រេចហើយបានចម្លងសាងជាព្រះត្រៃបិដក ច្បាប់ហ្លួង ហៅថា ច្បាប់មាសធំ តមកទ្រង់បានសាងថែមពីរច្បាប់ទៀត គឺ ច្បាប់មាសរង និង ច្បាប់មាសជុប ទ្រង់សូមឲ្យមានការបង្រៀនព្រះបរិយត្តិធម៌ក្នុងព្រះបរមរាជវាំង រហូតដល់តាមវាំង អ្នកមុខអ្នកការ និង គេហស្ថានមន្ត្រី រាជការអ្នកធំ ទ្រង់ត្រូវតាមដានច្បាប់ព្រះសង្ឃ ដើម្បីត្រួតពិនិត្យការប្រព្រឹត្តិរបស់ព្រះសង្ឃ ជុំរះព្រះពុទ្ធសាសនាឲ្យបរិសុទ្ធ និង ទ្រង់បន្តស្នងប្រពៃណីព្រះរាជបុច្ឆាគណៈសង្ឃ។
ព្រះបាទសម្តេចព្រះពុទ្ធយ៉តផាលើតឡានផាឡាយ ទ្រង់ឡើងគ្រងរាជ្យជារជ្ជកាលទី២។ វត្តដែលទ្រង់ជួសជុលថ្មីក្នុងរជ្ជកាលនេះ មានវត្តអរុណរាជវរារាម វត្តមោលី លោកវត្តសុទ័ត (សុទស្សន៍) ជាដើម ក្នុង ព.ស.២៣៥៧។ ទ្រង់ចាត់បញ្ជូនសមណទូត ៨អង្គ ទៅសិក្សាស្នងបន្តសាសនវង្សនៅសិរីលង្កាទ្វីប គ្រាត្រឡប់គណៈនោះក៏បាននាំមក ជាមួយនូវព្រះសិរីមហាពោធិ៍ ៦ដើម ទ្រង់បញ្ជាឲ្យយកទៅដាំនៅនគរស្រីធម្មរាជ ២ដើម វត្តមហាធាតុ ១ដើម វត្តសុទ័តទេពវរារាម ១ដើម វត្តស្រះកេត ១ដើម និង មានអ្នកយកទៅដាំនៅក្ល័នត័ន (មាលេស៊ី) ១ដើម។ ទ្រង់មានព្រះរាជតម្រាស់ផងដែរថា សម្តេចព្រះសង្ឃរាជ (មី) ធ្វើឲ្យពិធីវិសាខបូជា កើតឡើជាគ្រាដំបូងបំផុតនៅក្នុងសម័យក្រុងរតនកោស៊ីន្ទ្ររ៍ ជានក្ខត្តឬក្សធំបំផុតនៃឆ្នាំ ព.ស. ២៣៦០ និងទ្រង់អនុញ្ញាតផ្តើមឲ្យមានការសង្គាយនាសូត្រមន្តក្នុង ព.ស. ២៣៦៣។ ក្នុងរជ្ជកាលនេះ សម្តេចព្រះសង្ឃរាជ (មី) បានពង្រីកកម្មវិធីសិក្សាភាសាបាលី ពី ៣ថ្នាក់ (៣ ថ្នាក់គឺ ប្រយោគត្រី ទោ ឯក) ទៅជា ៩ប្រយោគ។
ព.ស. ២៣៦៧ : ព្រះបាទសម្តេចព្រះណាំងក្លៅចៅយ៉ូហ៊ួ ទ្រង់ឡើងគ្រងរាជ្យ ជារជ្ជកាលទី៣ ទ្រង់បញ្ជាឲ្យសាងព្រះត្រៃបិដកច្បាប់ហ្លួងបង្កើនចំនួនថែមទៀត គ្រប់បរិបូណ៌ជាងរជ្ជកាលមុនៗ ទ្រង់បញ្ជាឲ្យប្រែព្រះត្រៃបិដកជាភាសាថៃ ដោយឆ្ពោះក្នុងចំណែកព្រះសូត្រទុកជាច្រើន ទ្រង់សាង និង ជួសជុលព្រះអារាមហ្លួង និង ទ្រង់ឧបការៈបំរុងឲ្យមានអ្នកសាងជួសជុលវត្តវ៉ាអារាមឡើងជាចំនួនច្រើន ជាពិសេសជាងសម័យមុនៗ។ វត្តដែលសាងក្នុងរជ្ជកាលនេះគឺ វត្តឈ្លើមព្រះកៀត វត្តទេពធីតារាម វត្តរាជនត្តារាម និង ទ្រង់បញ្ជាឲ្យរួបរួម តម្រាប់តម្រាផ្សេងៗ ដូចជា អក្សរសាស្ត្រ ពេទ្យសាស្រ្ត អក្សរសិល្បិ៍ ជាដើម ហើយទ្រង់បញ្ជាឲ្យចារឹកទុកក្នុងវត្តអារាមហ្លួងផ្សេងៗ ដូចជា វត្តជេតុពនវិមលមង្គលារាម វត្តរាជឱរស វត្តសុទ័តទេពវរារាម ជាដើម។ ទ្រង់ទំនុបំរុង និង ពង្រីកការបង្រៀនព្រះ បរិយត្តិធម៌ក្នុងព្រះបរមមហារាជវាំង ឲ្យរឹងប៉ឹងបរិបូណ៌ឡើងថែមទៀត ទ្រង់បញ្ជាឲ្យជួល គ្រូអាចារ្យបង្រៀនព្រះបរិយត្តិធម៌ គ្រប់ព្រះអារាមហ្លួង ទ្រង់ព្រះរាជទានឧបត្ថម្ភដល់ព្រះភិក្ខុ សាមណេរដែលប្រឡងបាន រហូតទៅដល់ញោមប្រុសញោមស្រី បញ្ជាឲ្យជួលគ្រូបង្រៀនអក្សរថៃដល់កុមារាកុមារី។ រាប់បានថា ជាការបង្កើតសាលារៀនហ្លួងគ្រាដំបូងបំផុត និង ទ្រង់ស្នងបន្តប្រពៃណី ដូចជាមានព្រះរាជបុច្ឆាគណៈសង្ឃជាច្រើនរឿង។
នៅក្នុងរជ្ជកាលនេះ ចៅផាម្កុដក (ព្រះបាទសម្តេចព្រះចមក្លៅចៅយ៉ូហ៊ួ មុនពេលឡើងគ្រងរាជ្យ) ដែលបានបួសជាសាមណេរនៅ ព.ស. ២៣៦០ និងបួសជាភិក្ខុ នៅ ព.ស. ២៣៦៧ (ក្នុងរជ្ជកាលទី២) ទ្រង់គង់នៅនាវត្តមហាធាតុ ដែលជាទីស្ថិតរបស់សម្តេចព្រះសង្ឃរាជ ទ្រង់ប្រឡងបានប្រយោគ ៥។ ទ្រង់មានសទ្ធាជ្រះថ្លាក្នុងវិន័យយ៉ាង តឹងរឹងរបស់ព្រះសង្ឃមន នាមថា សាយ នាមបញ្ញត្តិ ពុទ្ធវង្សោ (ជាព្រះរាជាគណៈដែល ព្រះសុមេធាចារ្យ គង់នៅវត្តបវរមង្គល) មានបំណង នឹង ប្រព្រឹត្តិតឹងរឹងដូច្នោះ ទើបស្តេចប្តូរវត្តទៅគង់ប្រថាប់នៅនាវត្តស្មរ៉ាយ (វត្តរាជាធិវាស) នៅ ព.ស. ២៣៧២។ ទ្រង់ឧប្បសម្បទាសាជាថ្មី បំបែកទៅបង្កើតគណៈធម្មយុត្តិកា ឬ ធម្មយុត្តិកនិកាយ ឡើង កំណត់ដោយការបញ្ចុះបង្គោលសីមាភ្ជាប់ជាពន្ធសីមាថ្មី នៃវត្តស្មរ៉ាយ ថាជាការបង្កើតគណៈធម្មយុត្តិ ក្នុង ព.ស. ២៣៦៧ បន្ទាប់ពីនោះស្តេចបានមកគង់ប្រថាប់នៅនាវត្តបវរនិវេស តាំងមជ្ឈមណ្ឌលមជ្ឈឹមរបស់គណៈធម្មយុត្តិកនិកាយតមក។
ព.ស. ២៣៩៤ : ព្រះបាទសម្តេចព្រះចមក្លៅចៅយ៉ូហ៊ួ ស្តេចឡើងគ្រងរាជ្យព្រះជន្មបាន ៤៧វស្សា (ក្រោយពីទ្រង់ព្រះផ្នួសបាន ២៧វស្សា) ការដែលទ្រង់ព្រះផ្នួសនៅបានយូរនោះ ជាប្រយោជន៍ដល់ព្រះអង្គក្នុងការគ្រប់គ្រងប្រទេសយ៉ាងខ្លាំង ព្រោះទ្រង់មានឱកាសក្នុងការ យាងទៅកាន់ទីឋានផ្សេងៗ ចូលចុះដល់ប្រជាជន ទ្រង់ជ្រាបហេតុការណ៍ប្រទេសជាតិ និង ការជ្រុលជ្រួសខុសឆ្គងផ្សេងៗ ទ្រង់ស្វែងយល់រឿងរ៉ាវស្ថានការណ៍ទូទៅបានទាន់ហេតុការណ៍ ទ្រង់ចេះភាសាអង់គ្លេស ស្គាល់ចិត្តនិស្ស័យរបស់ជនបរទេស (បារាំង) ដែល ត្រូវចងសម្ព័ន្ធក្នុងផ្លូវការតទៅ។ ព្រះអង្គទ្រង់បានសាងវត្តថ្មីគឺ វត្តបរមនិវាស វត្តសោមនស្សវិហារ វត្តបុប្ផារាម វត្តរាជប្រតិស្ឋស្ថិតមហាសីមារាម និង វត្តម្កុដក្សត្រីយារាម និង ទ្រង់ជួសជុលព្រះបឋមចេតិយជាដើម ទ្រង់អនុញ្ញាតឲ្យមានពិធី “មាឃបូជា” ឡើងជាគ្រា ដំបូងបំផុតក្នុង ព.ស. ២៣៩៤ ទ្រង់សាងព្រះត្រៃបិដកច្បាប់បណ្តែតជាត ទ្រង់ឧបត្ថម្ភព្រះសង្ឃយួន ចាត់បានថា ជាការទទួលស្គាល់ជាផ្លូវការដល់ព្រះពុទ្ធសាសនាមហាយានជា ដំបូងសាជាថ្មី។