ព្រះពុទ្ធសាសនានៅប្រទេសទីបេ


ថ្ងៃសៅរ៍ ទី10.សីហា 2019.ម៉ោង 8:42

    ដើម​ឡើយ​នោះ​ ប្រ​ជា​ជន​ទី​បេ​គោរព​ខ្មោច​ ព្រាយ ទេវតា ម្យ៉ាង​ហៅ​ថា​ លទ្ធិ​បន​​ប៉ោ បន្ទាប់​មក​ ព្រះ​បាទ​ស្រង​ស័ន​គ័ម​ប៉ោ ​(ប្រសូតិ ​ព.ស. ១១៦០) ព្រះ​មហា​ក្សត្រ​នៃ​ទី​​​បេ បាន​រៀប​អភិ​សេក​ជា​មួយ​រាជ​បុត្រី​នៃ​ប្រទេស​នេ​បាល​ និង រាជ​បុត្រី​នៃ​ប្រទេស​ចិន​ ជា​អ្នក​​គោ​រព​ព្រះ​ពុទ្ធ​សាស​នា។​ ព្រះ​ពុទ្ធ​សាសនា​ទើប​បាន​ផ្សព្វ​ផ្សាយ​ចូល​មក​កាន់​ប្រ​ទេស​ទី​បេ​​។ ព្រះ​បាទ​ស្រង​ស័ន​គ័ម​ប៉ោ ​ទ្រង់​បាន​បញ្ជូន​រាជ​ទូត​នាម​ ថន​មិ​ស័ន​ភោតៈ ​ទៅ​សិក្សា​​ព្រះ​ពុទ្ធ​សាសនា និង ភាសា​ផ្សេង​ៗ​ នៅ​ប្រទេស​ឥណ្ឌា ​និង​ បាន​រចនា​កែ​ប្រៃ​អក្សរ​ឥណ្ឌា​ មាន​សរសេរ​ជា​ភាសា​ទី​បេ ជា​ឧប​ករណ៍​ ក្នុង​ការ​អារាធ​នា​ពុទ្ធ​ធម៌​ចូល​មក​កាន់​ប្រទេស​​ ដោយ​ការ​ប្រែ​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​ភាសា​សំស្រ្កឹត​ជា​ភាសា​ទី​បេ​ជា​ដើម​។

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ព្រះ​ពុទ្ធ​សាសនា​នៅ​ក្នុង​យុគ​ដំបូង​នោះ​ នៅ​ពុំ​ទាន់​បាន​​ផ្សព្វ​ផ្សាយ​ទំលំ​ទូលាយ​ឡើយ​ ព្រោះ​មាន​ប្រឆាំង​ពី​ជំនឿ​ និង លទ្ធិ​ប្រ​ពៃ​ណី​ដើម​របស់​​មូល​​ដ្ឋាន​។ ក្នុង​កាល​ត​មក រជ្ជ​កាល​ព្រះ​មហា​ក្សត្រ​ព្រះ​អង្គ​ទី​ ៥​ រាប់​ចាប់​ពី​ព្រះ​បាទ​ស្រង​ស័ន​​គ័ម​ប៉ោ​ នោះ​ (ព.ស.​១២៩៨-​១៣៤០)​ ព្រះ​អង្គ​ទ្រង់​បាន​អារាធ​នា ព្រះ​ភិក្ខុ​សាន​ត្រ័ក​ក្សិត នៃ​មហា​វិទ្យា​នា​លន្ទា​ មក​ផ្សព្វ​ផ្សាយ​គោល​ពុទ្ធ​ធម៌​ក្នុង​ប្រ​ទេស​ទី​បេ​ តែ​ស្រប​គ្រា​នោះ​កើត​ គ្រោះ​ធម្ម​ជាតិ​ និង រោគ​របាត​ ប្រ​ជា​ជន​ទាំង​ឡាយ​ទើប​សំឡឹង​ទៅ​ឃើញ​ថា​ ជា​ហេ​តុ​​ចម្លែក​ ព្រោះ​នាំ​មក​នូវ​លទ្ធិ​ខុស​ឆ្គង​ចូល​ប្រៀន​ប្រដៅ​ រហូត​ដល់​ព្រះ​អង្គ​សាន​ត្រ័ក្សិត​ ត្រូវ​និមន្ត​​ត្រឡប់​ទៅ​ឥណ្ឌា​វិញ​មួយ​គ្រា​សិន​ ប៉ុន្តែ​ព្រះ​អង្គ​បាន​កែ​ប្រែ​ហេតុ​ការណ៍​នេះ​ ដោយ​ ណែ​នាំ​ឲ្យ​អារាធ​នា​ ព្រះ​ភិក្ខុ​ បទុម​សម្ភវៈ​ ជា​អង្គ​ប្រៀន​ប្រដៅ​ព្រះ​ពុទ្ធ​សា​សនា​បែប​តន្ត្រៈ​ ចូល​ទៅ​បំពេញ​ភារ​កិច្ច​ដែល​ត្រូវ​អធ្យា​ស្រ័យ​របស់​ប្រ​ជា​ជន​ រហូត​ដល់​ស្ថាន​ការណ៍​ស្ងប់​​រៀប​រយ​។ ព្រះ​អង្គ​សាន​ត្រ័ក្សិត​ ទើប​និមន្ត​ត្រឡប់​ឥណ្ឌា​ម្តង​ទៀត​ តែ​នោះ​ក៏​បាន​ប្រតិ​បត្តិ​ សាសន​កិ​ច្ច​ផ្សព្វ​ផ្សាយ​ពុទ្ធ​ធម៌​ដែល​ពិត​ និង ប្រែ​គម្ពីរ​រហូត​ដល់​សុគតិ​នៅ​ក្នុង​ប្រទេស​ទី​បេ​​នោះ​ឯង​។ ចំណែក​ឯ​ការ​ដែល​ព្រះ​អង្គប​ទុម​សម្ភវៈ​និមន្ត​ចូល​ទៅ​គ្រា​នោះ​ ក៏​បាន​ជា​គំ​រូ​​អោយ​ព្រះ​ពុទ្ធ​សាសនា​បែប​តន្ត្រៈ​ចូល​ទៅ​ចាក់​ឫស​មាំ និង រីក​ចំរើន​ក្នុង​ប្រទេស​ទី​បេ​ជា​​រៀង​ត​មក​។

    ព្រះ​មហា​ក្សត្រ​ទីបេ​អង្គ​បន្ទាប់​ៗ​ មក​ ស្ទើរ​គ្រប់​ព្រះ​អង្គ​មាន​ព្រះ​រាជ​សទ្ធា​ក្នុង​ព្រះ​​ពុទ្ធ​​សាសនា​ ព្រះ​អង្គ​ខ្លះ​ទ្រង់​ជា​អ្នក​ប្រាជ្ញ​ យល់​ដឹង​ព្រះ​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ អក្សរ​សិល្បិ៍ ​ព្រះ​ពុទ្ធ​សាសនា​បាន​រីក​ចំរើន​ច្រើន​ឡើង​ ដូច​ជា​ មាន​ការ​ចង​ក្រង​វចនា​នុក្រម​ភាសា​​សំស្រ្កឹត​ទីបេ​ ច្បាប់​ដំបូង​ក្នុង​រជ្ច​កាល​ ព្រះ​បាទ​រ៉ាល​ប៉ា​ជេន​ (ព.ស.១៣៥៩​-​១៣៨១) ជា​​ដើម​។ ចំពោះ​ព្រះ​មហា​ក្សត្រ​អង្គ​ក្រោយ​នេះ​ ទ្រង់​មាន​ព្រះ​រាជ​សទ្ធា​ជា​ខ្លាំង​ រហូត​ដល់​​ព្រះ​អង្គ​ទ្រង់​សំយ៉ាក​ព្រះ​កេសា​រង​ជា​អាសនៈ​​ ប្រ​គេន​ព្រះ​សង្ឃ​គង់​សំដែង​ព្រះ​ធម៌​ថ្វាយ​​ព្រះ​អង្គ​ តែ​បន្ទាប់​មក​មាន​ហេតុ​អាក្រក់​ត្រូវ​បាន​គេ​លប​ធ្វើ​គត់​ ហើយ​ព្រះ​មហា​ក្សត្រ​ទ្រង់​ ជា​បដិ​បក្ខ​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ឡើង​គ្រង​រាជ្យ​ បាន​បំផ្លាញ់​វត្ត​អារាម​ កំចាត់​ និរ​ទេស​ ព្រះ​សង្ឃ​ជា​ដើម​ ជា​ហេតុ​ឲ្យ​ក​កើត​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​រហូត​ដល់​ត្រូវ​ធ្វើ​គត់​។ ពេល​ ព.ស.​១៣៨៤ គ្រា​នោះ​ឯង​ហើយ​ ព្រះ​សង្ឃ​ដែល​គេច​ចេញ​ពី​បញ្ហា​ក៏​បាន​ត្រឡប់​មក​​កាន់​ ទីបេ​វិញ​ គ្រា​នេះ​អំណាច​របស់​ព្រះ​សង្ឃ​ក៏​ត្រឡប់​មក​រឹង​ប៉ឹង​វិញ​ គង់​វង់​ជាង​គ្រា​ណា​ៗ​ ទាំង​អស់​ក្នុង​គ្រា​មុន​។

    កាល​កន្លង​មក​ដល់​ពុទ្ធ​សត​វត្ស​រ៍​ទី ១៦ ព្រះ​អតីសៈ​ ឬ​ទីបង្ករ​ស្រី​​ជ​ញាណ​ នៃ​មហា​វិទ្យា​ល័យ​វិក្រម​សីលា​នៃ​ដែន​វិហារ​​តៃ​ ​ទទួល​អារា​ធនា​ចូល​ទៅ​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សា​ស​នា​ក្នុង​ប្រទេស​ទី​បេ​។​ ហេតុ​ការណ៍​គ្រា​នេះ​ ចាត់​ថា​ជា​ការ​នាំ​ព្រះ​ពុទ្ធ​សាស​នា​ពី​ប្រទេស​​ឥណ្ឌា​មក​កាន់​ទី​បេ​គ្រា​ធំ​បំផុត​ក្នុង​កាល​អាវ​សាន​ ជា​ហេតុ​ញ៉ាំង​ឲ្យ​ព្រះ​ពុទ្ធ​សាស​នា​ ប្រតិស្ឋាន​គង់​វង់​ ជា​សាសនា​ប្រចាំ​ជាតិ​របស់​ទី​បេ​ ហើយ​​និកាយ​ផ្សេង​ៗ​ បាន​បែក​ខ្ញែក​​ក្រ​ចាយ​ចេញ​ទៅ​ទៀត​។ និកាយ​ចាស់​ដែល​គោរព​ព្រះ​អង្គ​បទុម​សម្ភវៈ​នោះ​ បន្ទាប់​មក​ មាន​ឈ្មោះ​ថា​ និកាយ​មួក​ក្រហម​ ចំណែក​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​អតីសៈ​ ជា​បែប​យោ​គា​ចារ​ ដែល​ផ្សំ​ផ្គុំ​ពាក្យ​ប្រៀន​ប្រ​ដៅ​ទាំង​និកាយ​ថេរ​វាទ​ និង​ មហា​យាន​បញ្ចូល​គ្នា​។​ បង្គាប់​ព្រះ​សង្ឃ​ឲ្យ​ប្រ​ព្រឹត្តិ​ព្រហ្ម​ចារីយ​ធម៌​ និង មិន​លះ​បង់​អបិយ​ជំនឿ​ផ្សេង​ៗ​។​ បន្ទាប់​មក​មាន​អ្នក​បដិ​វត្តន៍​ដ៏​ធំ​ដុំ​របស់​ទី​បេ​ នាម​ តះ​សង​ខះ​ប៉ះ ​(កើត​ ព.ស.​១៩០១) អា​ស្រ័យ​ ពាក្យ​ប្រៀន​ប្រ​ដៅ​នេះ ​បង្កើត​និកាយ​កេលុក​ប៉ះ​ ឬ​និកាយ​មួក​លឿង​ ឡើង​ និង​ បាន​​ចម្រាញ់​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​បាន​ហ្មត​ចត់​ពី​ពិធី​ផ្សេង​ៗ​។ ចំណែក​ឯ​អក្សរ​សិល្បិ៍​ ក៏​មាន​ការ​រួប​រួម​សមទិ្ធ​ផល​ខាង​ផ្នែក​ប្រែ​គម្ពីរ​ជា​ភាសា​ទី​បេ​។ នៅ​ពុទ្ធ​សត​វត្សរ៍ ​១៩ ដោយ​ចាត់​​បែង​ទាំង​នោះ​ចេញ​ជា​ពីរ​ពួក​គឺ​ ពួក​ពុទ្ធ​វចនៈ​ មាន​សមិទ្ធិ​ផល​ប្រែ ១០០​ក្បាល និង ពួក​អត្ថ​វណ្ណនា​ មាន​សមទ្ធិ​ផល​ប្រែ ២២៥​ក្បាល ។ គម្ពីរ​ទាំង​អស់​នេះ​បាន​ទុក​នៅ​បន្សល់​ដល់​ បច្ចុប្បន្ន​នេះ​ ហៅ​ថា​ ព្រះ​ត្រៃ​បិដក​ ឬ គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​ច្បាប់​ទី​បេ​។

    ព្រះ​សង្ឃ​និកាយ​កេ​លុក​ប៉ះ​​នោះ​ បាន​ទទួល​ការ​គោរព​ពី​អ្នក​គ្រប់​គ្រង​ម៉ុង​ហ្គោលី​ ថា​ជា​អ្នក​ដឹក​នាំ​ផ្លូវ​ចិត្ត​ (ស្មារតី) និង ត​មក​ប្រ​កាន់​ថា​ជា​អ្នក​ដឹក​នាំ​ប្រទេស​ជាតិ​ទៀត​ផង​។ គ្រា​សំខាន់​ក៏​គឺ​ ក្នុង​រជ្ជ​កាល​ក្សត្រ​ម៉ុង​ហ្គោ​លី​ ព្រះ​នាម​អ័ល​ត័ន​ខាន់​, ព្រះ​អង្គ​ទ្រង់​ បាន​ជួប​ប្រ​មុខ​សង្ឃ​អង្គ​ទី​៣​ នៃ​និកាយ​នេះ​ នាម​សត​ន័ម​យ៉ា​សោ​ (ព.ស.២០៨៩-​២១៣០)​។ ព្រះ​មហា​ក្សត្រ​អ័ល​ត័ន​ខាន់​មាន​ជំនឿ​ថា​ ព្រះ​អង្គ​ប្រមុខ​សង្ឃ​អង្គ​នេះ​ ជា​គ្រូ​របស់​ ព្រះ​អង្គ​ក្នុង​អឌិត​ជាតិ​ ពេល​ដែល​អង្គ​សោយ​ជាតិ​ជា​កុលៃ​ខាន់​ ទើប​ហៅ​ព្រះ​អង្គ​យ៉ា​សោ ​ថា ទះ​លេ ​(ត្រូវ​ត្រង់​ពាក្យ​ដែល​ប្រើ​ហៅ​ព្រះ​នាម​របស់​ទីបេ​ឥឡូវ​នេះ​ថា​ ទះលៃ ​ឬ Dalai ប្រែ​ជា​ភាសា​ថៃ​ត្រូវ​នឹង​សំនឿង​ដើម​ គឺ​ប្រែ​ថា ទះ​លេ​នោះ​ឯង)​ ចាប់​ពី​ពេល​នោះ​មក​ក៏​​ហៅ​ប្រ​មុខ​សង្ឃ​ថា​ ដាលៃ​ឡាមះ​ ទាំង​អស់​។

    ដាលៃ​ឡា​មះ​អង្គ​ទី​៥ (ព.ស.២២២៣) បាន​ទទួល​អំណាច​ពី​មេ​ដឹក​នាំ​ម៉ុង​ហ្គោលី​​ ឲ្យ​គ្រប់​គ្រង​ទី​បេ​ទាំង​ស្រុង​។ ព្រះ​ពុទ្ធ​សាសនា​ និង វប្ប​ធម៌​បាន​រុង​រឿ​រីក​ចំរើន​បន្ត​មក​ជា​លំដាប់​ រហូត​ដល់​សម័យ​ ដាលៃ​ឡាមៈ​អង្គ​ទី​៧​ (ព.ស.២៣៥១-​២៤០១)​​ ក៏​ចាប់​ផ្តើម​មាន​អ្នក​បួស​សាស​នា​គ្រឹស្ត​ចារិក​ចូល​ទៅ​ ចំណែក​ឯ​សម្ព័ន្ធ​ភាព​ជា​មួយ​ប្រ​ទេស​ឥណ្ឌា​ក៏​បាន​សាប​រលាប​ទៅ​ ព្រោះ​ឈាន​ដល់​យុគ​ដែល​ឥណ្ឌា​ត្រូវ​បាន​គ្រង់​គ្រង​ពី​បរ​ទេស​ ហើយ​គណៈ​​​សង្ឃ​ដើម​នៅ​ឥណ្ឌា​អន់​ថយ​ទៅ​ៗ​។ ទី​បេ​ទើប​ឈាន​ចូល​ទៅ​ដល់​យុគ​នៃ​បិទ​ទ្វារ​នៅ​ឯកា​ ហើយ​ក៏​មាន​ការ​ជ្រៀត​ជ្រែក​ពី​បរ​ទេស​ ជួប​ប្រ​ទះ​ភាព​ជ្រួល​ច្របល់​ និង​ វិបល្លាស​ផ្សេង​ៗ​។ តាម​ហេតុ​ការណ៍​ក្នុង​ប្រ​​វត្តិ​សាស្រ្ត​ពិ​ភព​លោក​បច្ចុ​ប្បន្ន រហូត​ដល់​ចិន​ដី​គោក​ចូល​មក​គ្រប់​គ្រង​នៃ​ ព.ស.២៤៩៤ ខណៈ​នេះ​ដា​លៃ​ឡាមៈ​ប្រ​មុខ​សង្ឃ​នៃ​ប្រទេស​ទី​បេ​បច្ចុប្បន្ន​ អង្គ​ទី​ ១៤​ទ្រង់​ព្រះ​កាយ​គង់​នៅ​ប្រ​ទេស​ឥណ្ឌា​។​ ព្រះ​អង្គ​ទ្រង់​និមន្ត​ភៀស​ព្រះ​កាយ​​ចេញ​ពី​ទី​បេ​ ក្នុង ព.ស. ២៥០២ ជា​ដើម​មក​។