ព្រះពុទ្ធសាសនាហូរចូលប្រទេសជប៉ុន(ត)


ថ្ងៃសៅរ៍ ទី27.កក្កដា 2019.ម៉ោង 6:38

អនុនិកាយសំខាន់ ៗ

ក. និកាយកើតក្នុងសម័យក្រុងណារ៉ា
និកាយ វត្ដធំៗ វត្ដសាខា ព្រះសង្ឃ សាសនិក
ហ័នស៊ូ ៤៣៣០ ៦៧៤ ៥៤៨០
ខេង៉ន ៥១ ២៣ ៥១២ ៥៣៨០០
រិតសុ ២៣ ១៤ ៤៧ ៣៣២០៤
ខ.និកាយកើតក្នុងសម័យក្រុងហេអ័ន
១. ធៀនដៃ ៤០៨១ ៥៣១ ៥៨៥៤ ៧៨០០៩១
២. ជិនង៉ន ១១ ៣៩៩ ២៦១៩ ១៦៧០២
គ.និកាយក្នុងសម័យកាមាកុរៈ
១. ចោឌោ ៥៨១៦ ៣៣៥ ៧២៥៧ ៣៥៤២៨៦២
២.ចេដោជិន ១០ ២១៨៥៩ ៧០៨ ៣៤០៣៨ ១៤៣០៧៣៨៤
៣.ជិ ៤២៤ -- ៥៩០ ៤៣៧៩៩
៤. យុសុណេនបុត្សុ ៣៥៤ ៣១ ៦០០០០
៥.រិនសៃ(សេន) ៥០២៨ ១៨ (៥១២៧)? ២៣៦២៤៦៦
៦.សូតូ (សេន) ១៤៩១៦ -- ១៥៨៣ ៦៧៥៨៨១៨
៧. និចិរ៉េន ៦៧៦ ៧៥៧៧ ២២៨៦១៨៦
ង. និកាយក្នុងសម័យ តោកុង៉ាវ៉ៈ
១. ឧបាកុ(សេន) ៥៤៧ ៧១២ ១១១៦០៤

    ក្រៅ​ពី​នេះ​នៅ​មាន​សាខា​ដែល​មិន​ទាន់​ចាត់​ជា​តួរ​លេខ​ដូច​ខាង​លើ​ចំនួន​ច្រើន​ទៀត​ ដូច​ជា​​និកាយ​​និចិ​រ៉េន​ នៅ​មាន​វត្ត​ធំ​ វត្ត​ជា​សាខា​ទៀត​ជាង​ ១០០​កន្លែង​ ហើយ​សាស​និក​ជន​ដែល​ចូល​​មក​​វត្ត​​​ទាំង​នេះ​ ច្រើន​ជាង​មួយ​លាន​នាក់​ បើ​រួប​រួម​គ្នា​ទាំង​អស់​ទើប​មាន​តូ​លេខ​ជា​សាខា​ និង និ​កាយ​​រួម​​មាន​ ២៣៤ ក្រុម​ និង​ សាស​និក​ ជិត​ ៨០ លាន​នាក់​ ដូច​ដែល​ពោល​ខាង​លើ​។​

    ក្នុង​គ្រា​​​ក្រោយ​មក​ទៀត​ មាន​អ្នក​សាសនា​ជា​ច្រើន​នាក់​ព្យា​យាម​បង្រួប​បង្រួម​ពុទ្ធ​​សា​ស​និក​​រួប​រួម​គ្នា បាន​បើក​​អង្គ​ប្រជុំ​ អង្គ​ការ​ពុទ្ធ​សាស​និក​សម្ព័ន្ធ​ពិភព​លោក​លើក​ទី​២​ នៅ​ក្រុង​តូក្យូ​ កាល​​​ឆ្នាំ ព.ស.​២៤៩៥​ ក្រោយ​មក​ទៀត​ប្រទេស​ជប៉ុន​ផ្ទាល់​មាន​ការ​ចលនា​ផ្នែក​នេះ​ជា​ខ្លាំង​ ដូច​​ជា​​បង្កើត​ពុទ្ធ​សា​សនិក​សម្ព័ន្ធ​ប្រទេស​ជប៉ុន​ (Japan Chapter of The World Federation of Buddhist) សម្ព័ន្ធ​យុ​វ​ពុទ្ធ​សាស​និក​នៃ​ប្រទេស​ជប៉ុន​ (All Japan Young Buddhist Federation) និងសន្និ​បាត​ពុទ្ធ​​សាស​​និក​ស្រ្តី​នៃ​ប្រ​ទេស​ជប៉ុន​ (Leage of All Japan Buddhist Women’s Association)។

    អង្គ​ការ​សម្ព័ន្ធ​ពត៌​មាន​រវាង​ពុទ្ធ​បរិ​ស័ទ​ដែល​ធំ​បំផុត​ បាន​ដល់​សម្ព័ន្ធ​ពុទ្ធ​សាស​និក​នៃ​ប្រ​ទេស​​ជប៉ុន​ (Japan Buddhist Federation) ដែល​លោក​ដៃ​អោ​សាសៈ​កិ​ បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ ២៣ សីហា ព.ស.២៥០០ មាន​ទី​ស្នាក់​នៅ​វត្ត​ស៊ូ​កិចិ​ហង់​វ៉ាន​ចិ​ នៃ​ក្រុង​តូក្យូ​។​ គោល​បំណង​​ដើម្បី​ឧបត្ថម្ភ​ចំណង​មេត្រី​ភាព​ យ៉ាង​ស្អិត​រមួត​នៃ​បណ្តា​និកាយ​ និង​ពុទ្ធ​សាស​និក​ជន​ទូ​ទាំង​​ប្រ​​ទេស​ជប៉ុន ហើយ​រួប​រួម​កំលាំង​គ្នា​ដើម្បី​បន្ត​ភាព​រីក​ចំរើន​ជឿន​លឿន​ ផ្តោះ​ប្តូរ​អរិ​យ​ធម៌​បរ​ទេស​ ​និង​ ចូល​រួម​គាំ​ទ្រ​សន្តិ​​ភាព​ប្រ​ជា​ពល​រដ្ឋ​ពិភព​លោក​។​

    ដោយ​អា​ស្រ័យ​ច្បាប់​អហឹង្សា​តាម​គន្លង​ព្រះ​ពុទ្ធ​សា​សនា​ បាន​ចេញ​ផ្សាយ​ទស្ស​នា​វដ្តី​​ប្រចាំ​​ខែ​ ដូច​ជា​ សេន​​បុត្សុ​ នីវ ​ស្ថិ​តិ​ចេញ​ផ្សាយ​ ១០០០០ ​ច្បាប់​ បច្ចុប្បន្ន​មាន​អ្នក​ចូល​រួម​ប្រ​មាណ​ ៥៧​​ និកាយ​ ពុទ្ធិក​សមា​គម​ប្រចាំ​មណ្ឌល​ ៣៤ ​កន្លែង​ រួម​ជា​មួយ​ក្រុម​ និង​ សមា​គម​ពុទ្ធ​​សាស​នា​ផ្សេង​ៗ​ ទៀត​ ២០​ក្រុម​​។ តាម​ស្ថិតិ​ដែល​អង្គ​ការ​នេះ​ធ្វើ​ឡើង​កាល​ពី ​ព.ស.​២៥១១ ​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ប្រ​ទេស​ជប៉ុន​មាន​ពុទ្ធ​សាស​និក​ជន​ប្រហែល​ ៨០​ លាន នាក់ មាន​ភិក្ខុ​​សង្ឃ​​១៨០០០០ អង្គ​ ភិក្ខុ​នី​ ៥០០០ អង្គ​ មាន​វត្ត​ ៨០០០០០ កន្លែង​ មាន​ពុទ្ធ​សាសន​វត្ថុ​នៅ​​បរទេ​ស​​ដូច​​ជា​ ៖​

១. នៅសហរដ្ឋ ៧០ កន្លែង
២. ប្រាស៊ីល ៣០ កន្លែង
៣.​ កាណាដា ១០
៤.ឥណ្ឌា ៦ កន្លែង
៥. អាល្លម៉ង់ ១ កន្លែង

    កិច្ចការ​ព្រះ​ពុទ្ធ​សាសនា​ដែល​សំខាន់​ និង លេច​ធ្លោ​ជាង​គេ​នៅ​ប្រទេស​ជប៉ុន​ គឺ​​ ការ​សិក្សា​​រវាង​​​​និកាយ​​​ផ្សេង​ៗ​ មានសកល​វិទ្យា​ល័យ​ និង​ វិទ្យា​​ល័យ​របស់​ខ្លួន​ មាន​សាលា​បឋម​សិក្សា​រហូត​​ដល់​សាលា​មត្តេយ្យ​ជា​ច្រើន​។​

    បច្ចុប្បន្ន​ជប៉ុន​មាន​សកល​វិទ្យា​ល័យ​ជាតិ​ ៧៣​ កន្លែង​ សកល​វិទ្យា​ល័យ​ប្រជា​ភិបាល​ ៣៥ ​កន្លែង និង សកល​វិទ្យា​ល័យ​ឯក​ជន​ ២០៩​កន្លែង​ មាន​សិស្ស​ជាង​ ៩៣៧៦០០​​នាក់ ក្នុង​​ចំនួន​នេះ​មាន​សកល​វិទ្យា​ល័យ​ព្រះ​ពុទ្ធ​សាសនា​ ដែល​រាប់​បញ្ចូល​តាម​ប្រភេទសកល​វិទ្យា​ឯក​​ជន​ដូច​ជា​៖​

ឈ្មោះសាកលវិទ្យាល័យ ទីតាំង ម្ចាស់និកាយ ចំនួនគណៈ ចំនួនសិស្ស ប្រភេទ
១. កូម៉ាសាវ៉ា តូក្យូ សុតុសេន ៧០០០ សហសិក្សា
២. តូយ៉ូ តូក្យូ ពាក់កណ្តាល ពុទ្ធ ១០០០០ សហសិក្សា
៣. តៃស៊ូ តូក្យូ ជិនង៉ន,ធៀនដៃ ១៥០០ សហសិក្សា
៤. រ៉ិជ្ជោ តូក្យូ និចិរ៉េន ៧០០០ សហសិក្សា
៥. ម៉ុស្សៈជិនោ តូក្យូ ឈិន មិនជ្រាប ស្ត្រី
៦. ជុជិអ៊ីន ក្យូតូ ជិនង៉ន ៥០ សហសិក្សា
៧. បុសកៀវ ក្យូតូ ចោដូ ១០០០ សហសិក្សា
៨.​ វិវ៉ៈកូកុ ក្យូតូ ឈិន ៧០០០ សហសិក្សា
៩. ស្រ្តីនៃក្យូតូ ក្យូតូ ឈិន ២៧៥៤ ស្រ្តី
១០. អ៊ូតាណី ក្យូតូ ឈិន ១៨០០ សហសិក្សា
១១. ផាណាស៊ូណូ ក្យូតួ រ៉ិនសៃសេន ៤៥០០ សហសិក្សា
១២. អៃជិង៉ៈកុអិន ណាកូយ៉ា ស៊ូតុសេន មិនជ្រាប សហសិក្សា
១៣.ដូហោ ក្យូតូ ឈិន មិនជ្រាប ស្ត្រី
១៤. ស្ត្រីអ៊ូតាណី អូស្សាកា ឈិន មិនជ្រាប ស្ត្រី
១៥. ស្រ្តីសោអៃ អូស្សាកា ឈិន មិនជ្រាប ស្រ្តី
១៦. កូយ៉ាសាន់ កូយ៉ាសាន់ ឈិនង៉ន មិនជ្រាប ស្រ្តី

    នៅ​ក្នុង​សកល​វិទ្យា​​ល័យ​ព្រះ​ពុទ្ធ​សាសនា​អស់​ទាំង​នេះ​ មាន​ផ្នែក​ដែល​មិន​អាច​ខាន់​បាន​ គឺ​មហា​វិទ្យា​ល័យ​ ឬ ផ្នែក​ចំណេះ​ព្រះ​ពុទ្ធ​សាសនា​ ចំពោះ​នៅ​ក្នុង​ ១០សកល​វិទ្យា​ល័យ​ដែល​បង្ហាញ​ពី​តួ​ខាង​លើ​មាន​តួ​លេខ​សិស្ស​ នៃ​គណៈ​ ឬ ផ្នែក​ប្រមាណ​ ៤២៥០​នាក់​ ដែល​ចំនួន​នេះ​ភាគ​ច្រើន​ សុទ្ធ​សឹង​តែ​ព្រះ​សង្ឃ និង​ អ្នក​ទ្រង់​សីល​។

    នៅ​ក្នុង​ចំនួន​ ១៦​ សកល​វិទ្យា​ល័យ​នេះ​ សកល​វិទ្យា​ល័យ​ដែល​ជា​សហ​សិក្សា មាន​សិស្ស​ភេទ​ប្រុស​ច្រើន​ជាង​សិស្ស​ភេទ​ស្រី​ គឺ​មាន​សិស្ស​ភេទ​ស្រី​ប្រមាណ ​១០ ​ដល់ ​២០ ភាគ​រយ​ ហើយ​សកល​វិទ្យា​ល័យ​ដែល​មាន​ជំនាញ​តែ​មួយ​ផ្នែក​ គួរ​ហៅ​ថា​វិទ្យា​ល័យ​ ទាប​ជាង​សលក​​វិទ្យា​ល័យ​ ហើយ​សកល​វិទ្យា​ល័យ​អស់​ទាំង​នេះ​ច្រើន​តែ​មាន​បណ្ឌិត​វិទ្យា​ល័យ បរិញ្ញា​ប័ត្រ វិទ្យា​ល័យ​ អនុ​វិទ្យា​ល័យ បឋម​សិក្សា​រហូត​ដល់​មាន​សាលា​រៀប​របស់​ខ្លួន​។ Japan Buddhist Federation មាន​ស្ថា​ប័ន​ផ្នែក​បណ្ឌិត​វិទ្យា​ល័យ​របស់​ពុទ្ធ​សាស​និក ៧​កន្លែង​ ក្រៅ​ពី​វិទ្យា​ល័យ​ដែល​មាន​ឈ្មោះ​ខាង​លើ​​មាន​ ៣៣​កន្លែង​ ហៃ​ស្គួល​​ ១០៨​កន្លែង សាលា​អប់​រំ​យុវ​ពុទ្ធ​ ១៦​កន្លែង​ ចំណែក​សាលា​បឋម​​សិក្សា​ និង​ មធ្យម​សិក្សា​ផ្សេង​ទៀត​ មិន​ដឹង​តួ​​លេខ​ពិត​ប្រាកដ​ នៅ​មាន​ច្រើន​កន្លែង​ជា​បង្គួរ​។

    ចំណែក​ជីវ​ភាព​របស់​ព្រះ​សង្ឃ​ តាំង​តែ​ពី​ដើម​មក​លើក​លែង​តែ​និកាយ​ឈិន​ចេញ​ ព្រះ​​សង្ឃ​​នៃ​និកាយ​ផ្សេង​ៗ​ សុទ្ធ​សឹង​តែ​ប្រ​ព្រឹត្តិ​ព្រហ្ម​ចារី​ ប្រាស់​ចាក​គ្រួសារ​ តាំង​តែ​ពី​សម័យ​មេ​អិចិ​មក​។​ ជីវ​ភាព​មាន​ការ​ប្រែ​ប្រួល ដោយ​សា​រដ្ឋ​មិន​បាន​ឧបត្ថម្ភ​យក​ចិត្ត​ទុក​ដូច​ដើម​ រហូត​ដល់​សម័យ​បច្ចុប្បន្ន​ ឃើញ​ថា​ព្រះ​សង្ឃ​ភាគ​ច្រើន​អាច​មាន​គ្រួសារ​ នៅ​មាន​ព្រះ​សង្ឃ​ដែល​ប្រព្រឹត្តិ​ព្រហ្ម​ចារី​ ដូច​ថ្នាក់​ចៅ​អា​វាស​ និង​ ថ្នាក់​អាចារ្យ​ ហ្វឹក​ហាត់​អប់​រំ​នៃ​និកាយ​ធៀន​ដៃ ឈិន​ង៉ន​ និង ​សេន​តែ​​ប៉ុណ្ណោះ​ ជាង​នេះ​ទៅ​ទៀត​ ព្រះ​សង្ឃ​នៅ​តែ​បន្ត​ដំណែង​ជា​មត៌ក​ដល់​កូន​ចៅ​របស់​ខ្លួន​ ឬ​អ្នក​​បន្ទាប់​ លើក​លែង​តែ​និកាយ​ជិន​ង៉ន​ និង​ និកាយ​សេន​ ដែល​ផ្តល់​ឲ្យ​ដល់​សិស្ស​ណា​ ដែល​គួរ​យល់​ថា​សម​គួរ​ នឹង ទទួល​បាន​។​

សោកៈ ង័កកៃ
    ពេល​ពោល​ដល់​ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រទេស​ជប៉ុន​នា​ពេល​បច្ចុប្បន្ន​ ប្រសិន​មិន​​ពោល​ដល់​សោកៈ​ង័ក​កៃ​នោះ​ទេ​ ក៏​ហាក់​បី​ដូច​ជា​ខាត​បង់​នូវ​ភាព​ពេញ​លេញ​ ព្រោះ​ សោកៈង័ក​កៃ​ មាន​តួនា​ទី​សំខាន់​ដល់​ព្រះ​ពុទ្ធសាស​នា​នៅ​ប្រទេស​ជប៉ុន​ ដែល​នឹង​មាន​លក្ខណៈ​ថា​ជា​អ្នក​កំណត់​អនាគត​របស់​ពុទ្ធ​សាស​នា​នៅ​ប្រទេស​ជប៉ុន​ និង​​ អាច​ឈាន​​ដល់​ការ​កំណត់​អនាគត​របស់​ប្រទេស​ជាតិ​ជប៉ុន​ត​ទៅ​ទៀត​ក៏​ថា​បាន​។​

    សូម​ត្រឡប់​ទៅ​ពោល​ដល់​ប្រវត្តិ​របស់​ព្រះ​ពុទ្ធ​សាស​នា​និកាយ​និចិ​រ៉េន​បន្តិច​ ខណៈ​ ពេល​លោក​និចិ​រ៉េន​ បង្កើត​និកាយ​នាម​នេះ​ឡើង​ក្នុង​យុគ​កាមា​កុរៈ​នោះ​ ជប៉ុន​កំ​ពុង​មាន​ ចលា​ចល​ដោយ​សង្គ្រាម​កណ្តាល​ទី​ក្រុង​ ហើយ​ព្រះ​សង្ឃ​ខ្លួន​ឯង​ក៏​មាន​កង​ទ័ព​របស់​ខ្លួន​ទុក​​សំរាប់​ការ​ពារ​រក្សា​វត្ត​។​ លោក​និចិ​រ៉េន​ បាន​ទទួល​ការ​សិក្សា​យ៉ាង​ល្អ​ ជា​អ្នក​ប្រាជ្ញ​សំខាន់​ម្នាក់​យល់​ដឹង​ព្រះ​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ គិត​ស្វែង​រក​ផ្លូវ​អោយ​មនុស្ស​ទាំង​ឡាយ​ ដែល​ល្ងង់​ខ្លៅ​បំផុត​ អោយ​យល់​ដឹង​ខ្លឹម​សារ​របស់​ព្រះ​ពុទ្ធ​សាស​នា​បាន​​ដោយ​វិធី​យ៉ាង​ងាយ​បំផុត​ ទើប​បាន​នាំ​យក​វិធី​ការ​ដែល​ខ្លួន​ស្រាវ​ជ្រាវ​រក​បាន​ គឺ​ “នមុ ម៉ៀវ ហ៊ោ រ៉េង​ង៉េ កៀវ” ​ចេញ​ផ្សព្វ​ផ្សាយ​ដល់​បណ្តា​ប្រជា​ជន​ ថា​ជា​វិធី​ម្យ៉ាង​ដែល​ជួយ​អោយ​មនុស្ស​បាន​រួច​ផុត​ ទាំង​បាន​ផ្តន្ទា​ទោស​និកាយ​ផ្សេង​ៗ​ ថា​ជា​ពាក្យ​ប្រ​ដៅ​ដែល​ខុស​ឆ្គង​ក្រៅ​តម្រា​ នាំ​មក​នូវ​​ភាព​ហិន​ហោច​ ពោល​វាយ​ប្រហារ​ និង​ ផ្តន្ទា​យ៉ាង​ធ្ងន់​ធ្ងរ​ និង ស្នើរ​ដល់​រដ្ឋា​ភិបាល​សូម​​អោយ​បញ្ឈប់​ជំ​នឿ​និកាយ​ផ្សេង​ៗ​ទាំង​អស់​ ហើយ​បែរ​​មក​គោរព​ជំនឿ​ពាក្យ​ប្រៀន​ប្រ​ដៅ ​ដ៏​ត្រឹម​ត្រូវ​តែ​ម្យ៉ាង​។​ គឺ​និកាយ​ដែល​បង្កើត​ឡើង​ថ្មី​ដើម្បី​សន្តិ​សុខ​របស់​ប្រទេស​ជាតិ​ ពេល​​នោះ​លោក​និចិរ៉េន​ ត្រូវ​រដ្ឋាភិ​បាល​កាត់​ទោស​ប្រហារ​ជីវិត​ ក្នុង​ខណៈ​ដែល​ប្រហារ​ជីវិ​ត​ ស្រាប់​តែ​កើត​​ឧក្កា​បាត​ម្យ៉ាង​កើត​ឡើង​ក្នុង​ឱភាស​ ធ្វើ​អោយ​ពេជ្ឈ​ឃាត​ភ្ញាក់​ គេច​ចេញ​ទៅ​ ទើប​បាន​ទទួល​ការ​បន្ថយ​ទោស​។​ ពេល​ដែល​រួច​ផុត​ពី​ទោស​ហើយ​ លោក​នៅ​បាន​ជួប​ប្រទះ​គ្រោះ​ គឺ​សាវក​ក្នុង​និកាយ​របស់​ខ្លួន​ត្រូវ​គៀប​សង្កត់​កំចាត់​ចោល​ទៀត​ ទើប​បាន​សរ​សេរ​ ​ដៃង៉ោ​ហន​សន​ ឡើង​ជា​អក្សរ​ចិន​ សរ​សេរ​ជា​ផ្ទាំង​រូប​ភាព​សំដែង​សកល​ចក្រ​វាឡ​ ចាត់​លំ​ដាប់​ព្រះ​ពុទ្ធ​រាល់​ព្រះ​អង្គ​ជា​រង្វង់​ព័ទ្ធ​ជុំ​វិញ​​ ផ្សព្វ​ផ្សាយ​ពង្រីក​ចេញ​ទៅ​ដោយ​​រៀង​​ជា​លំ​​ដាប់​ ពី​ព្រះ​អង្គ​ដែល​ជា​មជ្ឈ​មណ្ឌល​ គឺ​ ព្រះ​ជា​ម្ចាស់​នៃ​គម្ពីរ​ស័ទ្ធម្ម​បុណ្ឌ​រិក​សូត្រ​ ដែល​ស្ថិត​ជា​ប្រធាន​។ ផ្ទាំង​រូប​ភាព​នេះ​អក្សរ​នេះ​ចារឹក​នៅ​ក្នុង​គម្ពីរ​ដោយ​មាន​ពាក្យ​ថា​ “នមុ ម៉ៀវ ហ៊ោ រ៉េង៉េ​ កៀវ” មន​ជិមន្តរៈ ​គឺ​មណ្ឌល​នៃ​អក្សរ​នេះ​ បាន​ជា​វត្ថុ​ជា​ទី​គោរព​របស់​​និកាយ​និចិរ៉េន​ ជំនួស​សក្ការៈ​វត្ថុ​ផ្សេង​ៗ​ ដំណរ​ត​មក​។​ រួច​លោក​និចិ​រ៉េន​បាន​ទំនាយ​ទុក​ដែរ​ថា​ ក្នុង​កាល​ខាង​មុខ​ ប្រជា​ជន​ជប៉ុន​ទូទាំង​ប្រទេស​ និង​​មនុស្ស​ក្នុ​ងពិភព​លោក​ រមែង​ទទួល​គោរព​ពាក្យ​ប្រៀន​​ប្រដៅ​របស់​លោក​ជា​ផ្លូវ​រួច​ផុត​ដំណរ​ត​ទៅ​មុខ​។​

    នា​ពេល​លោក​និចិ​រ៉េន​ ទទួល​មរណ​ភាព​ហើយ​ សិស្ស​បាន​បំបែក​គ្នា​ចេញ​ទៅ​​បង្កើត​និកាយ​តូច​ៗ​បន្ថែម​ទៀត​។ មាន​សិស្ស​ម្នាក់​ឈ្មោះ​និក្កោ​​ បាន​ទៅ​កសាង​វត្ត​នៅ​ឯ​ជើង​ភ្នំ​ហ្វូ​ចិ ឈ្មោះ​តៃ​សេកិ​ រួច​ហៅ​ឈ្មោះ​និកាយ​របស់​ខ្លួន​ថា និចិ​រ៉េន​ជោ​ជុ ប្រែ​ថា​​និចិរ៉េន​​​ដ៏​​ពិត​។ និកាយ​និចិ​រ៉េន​ បាន​អាប់​អួរ​រហូត​មក​ដល់​យុគ​តោកុង៉ាវៈ ​មក​ដល់​សម័យ​មេ​អិចិ ទើប​​បាន​ត្រឡប់​ផ្សព្វ​ផ្សាយ​ចេញ​កាន់​តែ​ច្រើន​ឡើង​ក្នុង​ក្រុម​ជន​ក្រី​ក្រ​។ លុះ​ដល់​ ព.ស.​​២៤៧៣ មាន​គ្រូ​សាលា​បឋម​សិក្សា​ម្នាក់​ ឈ្មោះ​ នាយ​សុនេសៈ​ បុរោ​ មកិ​ងុចិ​ បង្កើត​សមា​គម​ឈ្មោះ​ “សោកៈ​ កៀវ​ អិកុ​ អកាយ​”​ ប្រែ​ថា ​“សមា​គម​សិក្សា​អភិ​វឌ្ឈន៍​គុណ​ធម៌​”​ មាន​​គោល​បំណង​ សិក្សា​ស្រាវ​ជ្រាវ​ខាង​ការ​អប់​រំ​ តែ​នៅ​ឆ្នាំ​បន្ត​មក​ នា​យម កិ​ងុ​ចិ បាន​ទៅ​ចូល​ ទៅ​ជំនឿ​និកាយ​និចិ​រ៉េន​ជោ​ជុ​ ទើប​បាន​ផ្តើម​ការ​ងារ​ខាង​សាស​នា​ឡើង​ក្នុង​សមា​គម​របស់​ខ្លួន​ ចំនួន​សមា​ជិក​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។​ នៅ​ ព.ស. ២៤៨០​ មាន​អ្នក​ចូល​រួម​​ពិធី​​​ត្រឹម​​តែ​ ៦០​​នាក់​ តែ​នៅ​ ព.ស. ​២៤៨៤ មាន​សមា​ជិក​ដល់​ ៣០០០ នាក់​ ស្រប​​ក្នុង​​ឱកាស​នោះ ​ស្រាប់​តែ​មាន​កើត​សង្រ្គា​លោក​ ទើប​រដ្ឋា​ភិបាល​សូម​អង្វរ​​អោយ​​លោក​ នា​យម​ កិ​ងុ​ចិ រួម​ខ្លួន​​ចូល​ជា​និកាយ​ផ្សេង​ៗ​ ដែល​ទទួល​ស្គាល់​លទ្ធិ​សិន​តូ​ និង គាំ​​ទ្រ​​ការ​​ធ្វើ​សង្រ្គាម​តាម​នយោ​បាយ​ សាង​វិសាល​ភាព​ក្នុង​អាស៊ី​ រដ្ឋាភិ​បាល​សូម​ឲ្យ​រាល់​ផ្ទះ​មាន​ កា​មិ​តានៈ​ គឹ​ធ្វើ​សក្ការៈ​បូ​ជា​ច្រ​ចៅ​ នៃ​លទ្ធិ​សិន​តូ​ទុក​ប្រចាំ​ និង ឲ្យ​គោរព​លទ្ធោ​សិន​តូ​ ជា​សាស​នា​រាជ​ការ​ នៃ​ចក្រ​ពត្តិ​​ជប៉ុន​។ នាយមៈ​កិ​ងុ​ចិ​ បាន​បដិ​សេធ​មិន​យល់​ស្រប​ជា​មួយ​រដ្ឋា​ភិបាល​ ទើប​ត្រូវ​ បាន​ចាប់​ដាក់​ពន្ធ​នាគារ​ជា​មួយ​សិស្ស​ចំនួន ​២២​​ នាក់​។ ចំពោះ​ខ្លួន​ នាយមៈ​ងុ​ចិ​ ឯង​ កើត​រោគ​ទុរ្ភិក្ស​ភ័យ (ខ្វះ​អាហារ​បរិ​ភោគ​) រហូត​ដល់​ឈាន​ដល់​ការ​អស់​ទៅ​នៃ​ជន្មា​យុ​រវាង​ការ​ ជាប់​នៅ​ក្នុង​ពន្ធ​នាគារ​។ ពេល​បាត់​បង់​ប្រធាន​ សិស្ស​ច្រើន​នាក់​ក៏​ព្រម​លះ​បង់​ជំនឿ​ និង​ បាន​ការ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​ តែ​នាក​ចោ​សេ អិតោ​ដៈ សិស្ស​ជំនិត​បំផុត​របស់​ មៈ​កិ​ងុ​ចិ មិន​ព្រម​លះ​បង់​ជំនឿ​ និង បាន​ទទួល​ការ​ដោះ​លែង​ក្នុង​ ព.ស.​២៤៨៨​។

    ពេល​សង្រ្គាម​លោក​បាន​ចប់​ដោយ​បរិ​បូណ៌​ហើយ​ ឋានៈ​របស់​ព្រះ​ចៅ​ចក្រ​ពត្តិ​ក៏​​បាន​ប្រែ​ប្រួល​ទៅ​ មាន​សេច​ក្តី​ប្រកាស​របស់​ព្រះ​ចៅ​ចក្រ​ពត្តិ​ថា “សម្ព័ន្ធ​ភាព​រវាង​ព្រះ​ចៅ​ ចក្រ​ពត្តិ​ជា​មួយ​ប្រ​ជា​ជន មិន​មែន​ជំនឿ​តាម​របប​គំនិត​ដែល​ខុស​ថា​ព្រះ​ចៅ​ចក្រ​ពត្តិ​ជា​​ព្រះ​ជា​ម្ចាស់​”​។​ គ្រា​នោះ​ហើយ​លទ្ធិ​សិន​តូ​អន់​ថយ​ ព្រះ​ពុទ្ធ​សាស​នា​និកាយ​ផ្សេង​​ៗ ក៏​អាប់​​អួរ​ ព្រោះ​មាន​មន្ទិល​ក្នុង​ខ​ដែល​រួម​ទំនុក​បំរុង​ការ​ធ្វើ​សង្រ្គាម​។​

    ក្នុង​ ព.ស.២៤៨៨ នាយ​តោដៈ​ ដែល​បាន​រួច​ផុត​ទោស​ហើយ​បាន​រួម​ពួក​ក្រុម​​បង្កើត​សមា​គម​ឡើង​ថ្មី​ មាន​ឈ្មោះ​ថា​ “សោកៈ​ ង័ក​ កៃ” ប្រែ​ថា “សមាគម​ស្ថាប​នា​គុណ​​ធម៌​” និង ទទួល​យក​ពិធី​ នូវ​ពិធី​ដឹក​នាំ​មនុស្ស​ចូល​និកាយ​ ដែល​ហៅ​ថា​ “ជា​កុ​បុកុ​” របស់​​លោក​និ​ចិ​រ៉េន​មក​អនុ​វត្តន៍​។ មាន​ចំនួន​សមា​ជិក​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ក្នុង ព.ស.​​២៥០០ មាន​ចំនួន​សមា​ជិក​ ៧៥០,០០០ នាក់​ ខណៈ​ដែល​នាយ​តោដៈ​ មរណ​ភាព​ក្នុង​ ព.ស.២៥០១ ហើយ​នាយ​ដៃ​សៈ​កុ​ អិ​កេដៈ​ ជា​ជន​ទី​៣ បាន​ធ្វើ​ជា​ប្រធាន​សមាគម​ បន្ត​បន្ទាប់​ពី​ខែ​វិច្ឆ​កា​ ២៥០៩​។ សមា​គម​នេះ​បាន​បង្ហាញ​ចំនួន​សាស​និក​ក្នុង​និកាយ​របស់​​ខ្លួន​ថា​ មាន​សមា​ជិក​ទាំង​អស់​ ៦,១០០,០០០ គ្រួ​សារ​។ រាប់​បាន​ថា​ជា​ចំនួន​បុគ្គល​ជាង​ ១៥​លាន​នាក់​ ឬ​ប្រមាណ​ ១៥ %​ នៃ​ចំនួន​ប្រជា​ពល​រដ្ឋ​ជប៉ុន​ទាំង​អស់​ ហើយ​ក្នុង​ចំនួន​នេះ​ មាន​យុវជ​ន យុវ​នារី​ ប្រហែល​ជា​ ៣​លាន​នាក់​ ជា​ក្រុម​ជន​ដែល​មាន​តួ​នា​ទី​ឋិត​នៅ​ក្នុង​មហា​វិទ្យា​ល័យ​ផ្សេង​ៗ​ ប្រ​ហែល ១៥០,០០០ ​នាក់​។

    ការ​ដែល​ចំនួន​សាស​និក​ស្ថិត​នៅ​ក្នុង​អង្គ​ការ​នេះ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​បែប​នេះ​ អាច​មក​ពី​មាន​គោល​ធម៌​ប្រៀន​ប្រដៅ​ ដែល​ប្រតិ​បត្តិ​បាន​ដោយ​ងាយ​នោះ​ម្យ៉ាង​ និង ​ដឹង​វិធី​ការ​អនុ​វត្តន៍​យ៉ាង​ប៉ិន​ប្រសប់​​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ម្យ៉ាង​ទៀត​ពោល​គឺ​ គោល​ធម៌​និ​កាយ​នេះ​ មិន​មែន​ជា​រឿង​ដែល​ នឹង ត្រូវ​តែ​ធ្វើ​ការ​ស្វែង​យល់​ចិត្ត​ដោយ​ការ​ពិនិត្យ​ហេតុ​​ផល​ ឬ​ សិក្សា​ស្រាវ​ជ្រាវ​ដោយ​សតិ​បញ្ញា​ដ៏​ជ្រាល​ជ្រៅ​ប្រការ​ណា​មួយ​ឡើយ​ គ្រាន់​តែ​មាន​​សទ្ធា​រឹង​មាំ​ក្នុង​​ដៃ​ ងោ ហន សន​ និង​ពោល​ពាក្យ​នមស្ស​ការ​ថា នៈមុ​មៀវ​ហោ​ រ៉េង​ ង៉េ​ កៀវ​ ដោយ​ចិត្ត​ជឿ​ជាក់​ខ្ជាប់​ខ្ជួន​តែម្យ៉ាង​គត់​។​

    ផ្នែក​ពិធី​ការ​ផ្សព្វ​ផ្សាយ​នោះ​ និកាយ​និចិ​រ៉េន​ សាខា​នេះ​ ប្រកាស​ថា​ គោល​ដៅ​របស់​​ខ្លួន​បាន​ដល់​ កោ​សេន​-រុពុ​ គឺ​ការ​រួច​ផុត​របស់​មនុស្ស​ជាតិ​ និង ការ​កសាង​សង្គម​អោយ​​មាន​ភាព​សន្តិ​កើត​ឡើង​ ដោយ​អាស្រ័យ​ការ​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​ដែល​ពិត​ប្រាកដ​ និង ជួយ​សង្រ្គោះ​ជន​មាន​ទុក្ខ​ទូ​ទាំង​ពិភព​លោក​ និង នាំ​សន្តិ​ភាព​ជូន​មនុស្ស​​ជាតិ​។​ ពេល​ដែល​បុគ្គល​ណា​មក​រួម​សទ្ធា​ក្នុង​ដៃ​ងោ​ហន​សន​ បុគ្គល​នោះ​ នឹង រួច​ផុត​ពី​ភាព​ក្រី​ក្រ​ ប្រសិន​បើ​អត់​អា​ជីព​ នឹង មាន​អា​ជីព​ធ្វើ​ ប្រសិន​បើ​ជីវិត​គ្រួសារ​ប្រេះ​ឆា​ នឹង ត្រូវ​រូវ​ឡើង​វិញ​ ប្រសិន​បើ​មាន​រោគ​ភ័យ​ នឹង ជា​សះ​ស្បើយ​ នឹង រួច​ផុត​ទុក្ខា​ ជួប​ប្រទះ​តែ​ភាព​​សុខ​ដុម​រមនា​ដោយ​ពិត​។ សិស្ស​របស់​និកាយ​ (គឺ​សមា​គម)​ នេះ​ នឹង ស្វែង​រក​សមា​ជិក​មក​ចូល​ អោយ​ចូល​មក​នឹង​ ​សង្គ្រោះ​ដឹក​នាំ​តាម​គ្រួសារ​ដែល​មាន​បុគ្គល​ស្លាប់​ថ្មី​ៗ​។ បុគ្គល​​ដែល​ភាព​បញ្ហា​វិបត្តិ​ខាង​សេដ្ឋ​កិច្ច​ ឬ​ពេល​មាន​គ្រោះ​ធម្ម​ជាតិ​។ ដោយ​វិធី​ការ​នេះ​ និកាយ​​នេះ​ នឹង បាន​ពង្រីក​ចេញ​ទៅ​យ៉ាង​ឆាប់​រហ័ស​ ជា​ពិ​សេស​ក្នុង​ក្រុម​ប្រជា​ជន​ដែល​មាន​ឋានៈ​ ស្ទើរ​តែ​ហៅ​បាន​ថា​ក្រី​ក្រ​លំបាក​ និង ដោយ​ក្រុម​ជន​ឋានៈ​មធ្យម​។ ពួក​ម្ចាស់​ហាង​ពាណិជ្ជ​​កម្ម​ កម្ម​ករ កូន​ឈ្នួល​ ដែល​អង្គ​ការ​ផ្សេង​ៗ​ យក​ចិត្ត​ទុក​ដាក់​មិន​សូវ​ដល់​។

    វិធី​នាំ​មនុស្ស​ចូល​មក​កាន់​និកាយ​និចិ​រ៉េន​សាខា​នេះ​ ហៅ​ថា​ ជា​កុ​បុ​កុ​ ប្រែ​ថា​ ងាយ​​​ៗ​ ថា​ “បំផ្លាញ​ហើយ​គ្រប់​គ្រង​”​ មាន​ន័យ​ថា​ ធ្វើ​ឲ្យ​មើល​ឃើញ​ចំណុច​ខុស​ឆ្គង​ក្នុង​គោល​​ធម៌​ ដែល​បាន​គោ​រព​ពី​ដើម​មក​ ហើយ​ទំលាយ​ជំនឿ​ក្នុង​ពាក្យ​ប្រៀន​ប្រដៅ​នោះ​ ដោយ​ឲ្យ​ងាក​មក​គោរព​និកាយ​និចិរ៉េន​ជំនួស​វិញ​។ ក្នុង​បដិ​បត្តិ​វិធី​ ​សិស្ស​និកាយ​នេះ​ តែង​​មាន​អារម្មណ៍​ ជឿ​រឹង​មាំ​ណាស់​ រហូត​ដល់​ក្លាយ​ទៅ​ជា​ការ​បង្គាប់​ និង ប្រើ​កំលាំង​កាយ​ ដូច​​​ជា​បំផ្លាញ​ជំនួស​បូ​ជា​ក្នុង​សាស​នា​ដើម​របស់​អ្នក​ចូល​មក​កាន់​និកាយ​ជា​ដើម​ រហូត​ដល់​​ប្រ​ធាន​សមា​គម​ត្រូវ​ចេញ​សេច​ក្តី​ប្រ​កាស​ថា​ “ជា​កុបុ​កុ​” មិន​មែន​ជា​ការ​គៀប​សង្កត់​ ព្រោះ​ការ​ចូល​មក​គោរព​សាសនា​ នឹង កើត​ដោយ​ការ​ប្រើ​ប្រាស់​កំលាំង​បង្គាប់​ក៏​មិន​មែន​ តែ​​ជា​បុកុ​បុ មាន​ន័យ​ថា​ការ​ទំលាយ​អកុ​សល​ធម៌​នៅ​ក្នុង​ដួង​ចិត្ត​ ដោយ​អាស្រ័យ​ព្រះ​មហា​ករុ​ណា ទិ​គុណ​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​។ ពិធី​ចូល​និកាយ​ដែល​អនុ​វត្តន៍​តាម​ប្រក្រ​តី​ក៏​គឺ​ ការ​ទំ​លាយ​រូប​សក្ការៈ​ក្នុង​សាស​នា​ ឬ​និកាយ​ដើម​របស់​ខ្លួន លះ​បង់​នូវ​ព្រះ​ជា​ម្ចាស់​ចាស់​​ៗ ចោល​ ហើយ​ចូល​វិធី​ក្នុង​វត្ត​ក្បែរ​ៗ​ ប្រមាណ​ ២៥​នាទី​ ព្រម​ទាំង​ទទួល​ ង៉ោ​ហន​សន​ (គឺមន​ជិ​ម័ន​ដា​រះ​) មក​តាំង​គោ​រព​បូជា​ឯ​ផ្ទះ​របស់​ខ្លួន​ សូត្រ​បូជា​សទ្ធម្ម​បុណ្ឌ​រិក​សូត្រ​ (គឺ​ នៈ​មុ ម៉ៀវ​ ហោ​ រើ​ងេ ​កៀវ​) រៀង​រាល់​ថ្ងៃ​ ព្រឹក​ ៥ ​ដង​ ល្ងាច​ ៣​ដង​។​

    ការ​គ្រប់​គ្រង​របស់​អង្គ​ការ ឬ សមា​គម​នេះ​ មិន​មែន​វិធី​បោះ​ឆ្នោត​ទេ តែ​​អនុ​វត្តន៍​​វិធី​​ជ្រើស​​តាំង​មន្រ្តី​ផ្តោត​យក​សទ្ធា​ និង​ ការ​យល់​ដឹង​នូវ​ឧត្តម​ការណ៍​របស់​និកាយ​ជា​គោល​ពិ​ចារ​ណា​គុណ​សម្បត្តិ​។ សមាជិក​រួម​គ្នាជា​ធ្លុង​មួយ​ មាន​ទស្សន​វិស័យ​តែ​មួយ មិន​មាន​ការ​ឈ្លោះ​វិវាទ​។ បុគ្គល​គ្រាន់​តែ​ជា​ចំណែក​ប្រកប​មួយ​របស់​សង្គម​រួម​។ ទង្វើរ​បស់​ក្រុម​ជា​​រឿង​សំខាន់​។ បុគ្គល​មា​ន័យ​ត្រឹម​តែ​ជួយ​រួម​ឲ្យ​កើត​សកម្ម​ភាព​របស់​ក្រុម​។ ក្រុម​ នឹង រួម​​កម្លាំង​គ្នា​យ៉ាង​រឹង​ប៉ឹង​សុខ​សាន្ត​ ដោយ​មាន​សទ្ធា​ជា​ឫស និង ជា​ចំណុច​បង្រួម​បង្រួម​ “ដរាប​ណា​សទ្ធា​ស្ថិត​គង់​វង់​ សោកា​ និង ស្ថិត​នៅ​ជា​រៀង​រហូត​ដែរ​”​។

    វិធី​រួម​កំលាំង​ភាគ​ច្រើន​របស់​និកាយ​នេះ​ អាស្រ័យ​របប​គ្រប់​គ្រង​របស់​និកាយ​ទូ​​ទាំង​ប្រ​ទេស ដែល​ជន​បច្ចឹម​ប្រទេស​មួយ​ចំនួន​ហៅ​ថា​ ជា​ការ​កសាង​រដ្ឋ​ពី​លើ​រដ្ឋ​ ពោល​គឺ សាស​និក​និកាយ​នេះ​ប្រមាណ​ ២០​-​៣០ គ្រួសា​រ​ រួម​គ្នា​ជា​ក្រុម​ ហៅ​ថា​ Squad​។ ក្រុម​បែប​​នេះ ​៦​ក្រុម​រួម​គ្នា​ជា​ពួក​ហៅ​ថា​ Company, ១០ company រួម​គ្នា​ហៅ​ថា​ District, រួម​ district ទាំង​អស់​ហៅ​ថា​ Regional Chapter ក្នុង​ឆ្នាំ​ ២៥០៩ ទូ​ទាំង​ជប៉ុន​ មាន​ការ​បែង​ភាគ​បែប​នេះ​ ១៧៨៩ ​ភាគ​។ ក្រុម​តូច​ ២​បែប​នេះ​មាន​ការ​ប្រជុំ​គ្នា​ជា​ប្រចាំ​ ដើម្បី​ផ្តោះ​ប្តូរ​បទ​​ពិសោធន៍​ខាង​សាសនា​រវាង​គ្នា នឹង​ គ្នា​ ព្រម​ទាំង​ត្រៀម​ការ​ជា​បុកុបុ សំរាប់​សមា​ជិក​ថ្មី​។ ផ្នែក​ខាង​កិច្ច​កម្ម​សំរាប់​យុវ​ជន​ បាន​ចាត់​ឲ្យ​មាន​ការ​បង្រៀន​ធម្ម​ភាគ​ គឹម្ហន្ត​រ​ដូវ​ ចែក​តម្រា​ទាក់​ទង​ នឹង គោល​ធម៌​របស់​និកាយ​និចិ​រ៉េន​ និង ចាត់​ការ​បង្រៀន​ប្រចាំ​ឆ្នាំ​។​ នៅ ​ព.ស.២៥០៨ មាន​សមា​ជិក​ ២​លាន​អ្នក​។ ពេល​ប្រឡង​ជាប់​ ក៏​បាន​ទទួល​លិខិត​បញ្ជាក់​ការ​​សិក្សា​តាម​លំដាប់​ថ្នាក់​ ក្រៅ​ពី​នេះ​ នៅ​ចាត់​ឲ្យ​មាន​កិច្ច​កម្ម​ផ្នែក​ខាង​កីឡា​ និង​ វប្ប​ធម៌​ដទៃ​ៗ​ទៀត ដូច​ជា មាន​វង់​តន្រ្តី​របស់​ខ្លួន​ជា​ដើម​។ កិច្ច​កម្ម​ទាំង​នេះ​ ប្រកប​ដោយ​របៀប​វិន័យ​យ៉ា​ងល្អ​។

    ភាព​សំខាន់​ម្យ៉ាង​ទៀត​របស់​ពុទ្ធ​សាសាន​និកាយ​និចិ​រ៉េន​ខា​សា​នេះ​គឺ បច្ចុប្បន្ន សោកៈង័ក​កៃ កំពុង​មាន​តួ​នា​ទី​សំខាន់​យ៉ាង​ខ្លាំង​ខាង​ផ្នែក​នយោ​បាយ​របស់​ប្រទេស​​ជប៉ុន​ ពោល​គឺ កាល​ពី​ខែ​វិច្ឆិកា​ ព.ស.​១៥០៧​ មាន​គណ​បក្ស​នយោ​បាយ​មួយ​បាន​កើត​ឡើង​ ឈ្មោះ​ថា​ បក្ស​កោ​មេ​អិ​តោ ប្រែ​ថា​ បក្ស​វិសុទ្ធិ​រដ្ឋ​​ ពោល​បាន​ថា​ បក្ស​នយោ​បាយ​នេះ​ កើត​ឡើង​ដោយ​លោក​សោកៈង៉ក​កៃ, លោក ហិរោជិ ហោ​ចោ ជា​លេខា​ធិការ​បក្ស​, គាត់​​​ជា​បុគ្គល​ឈាន​មុខ របស់​សោកៈ ង៉ក​កៃ​។ នយោ​បាយ​របស់​បក្ស​នេះ​ ប្រ​ព្រឹត្តិ​ទៅ​តាម​គតិ​ របស់​លោក​ សោកៈ​ង៉ក​កៃ ​ដោយ​ប្រកាស​គោល​នយោ​បាយ​របស់​ខ្លួន​ថា​ ជា​ប្រជា​ធិប​តេយ្យ​ បែប​ពុទ្ធ​សាសនា​ ជា​លទ្ធិ​សង្គម​និយម​របស់​មនុស្ស​ជាតិ​ ជា​លទ្ធិ​ឯក​ភាព​នៃ​ប្រជា​ពល​រដ្ឋ​​ពិភព​​​លោក និង ជា​គោល​សាកល​ឯក​ពន្ធុ​ជាតិ​ ដោយ​ប្រកាន់​ខ្លួន​ថា​ អនុ​វត្តន៍​នយោ​បាយ​​ផ្លូវ​​កណ្តាល ផ្តោត​សំខាន់​កិច្ច​ប្រតិ​បត្តិ​ការ​ផ្នែក​សង្គម​សង្រ្គោះ​។​ បច្ចុប្បន្ន​បក្ស​នេះ​បាន​​ពង្រីក​ខ្លួន​ដោយ​ល្បឿន​យ៉ាង​លឿន​ រហូត​ទៅ​ជា​បក្ស​មាន​ឥទ្ធិ​ពល​បំផុត​លំដាប់​ទី​៣​ របស់​ប្រទេស​ជប៉ុន​ គឺ​ រង​ពី​បក្ស​លី​បើ​រ៉ាល​ (Liberal) ដីមោក​រ៉ាត​ (Democrat) និង បក្ស សូសុលលិស្ត៍ (Socialist) និង​នៅ​មាន​ផែន​ការ​ថា​ នឹង បង្កើត​ចំនួន​សម្លេង​ក្នុង​រដ្ឋ​សភា​ជា​រឿយ​ៗ​ រហូត​ដល់​បាន​កៅ​អី ​១/៤ ​នៃ​រដ្ឋ​សភា​ ហើយ​​​ក៏​ជា​អ្នក​ផ្តល់​មតិ​របស់​​រដ្ឋា​ភិបាល​​បាន​​ផង​ដែរ​​។

    សាស​និក​របស់​សោកៈ​ង៉ក​កៃ មិន​មែន​មាន​ត្រឹម​តែ​​ក្នុង​ប្រ​ទេស​ជប៉ុន​តែ​​ប៉ុណ្ណោះ​​ទេ ថែម​ទាំង​កំពុង​តែ​ផ្សព្វ​ផ្សាយ​ពង្រីក​ចេញ​ទៅ​បរ​ទេស​ផង​ដែរ​។ នៅ​រដ្ឋហា​វ៉ៃ កាល​ពី​​ខែ​មេសា ព.ស.២៥០៩ មាន​សមា​ជិក ១៣៤៥ គ្រួសារ​​ក្នុង​ប្រទេស​សហ​រដ្ឋ​អាមេ​រិក​។ ក្នុង​ ព.ស. ២៥០៣ មាន​សមា​ជិក​ ២៥០ គ្រួ​សារ លុះ​មក​ដល់​ ព.ស.២៥០៩ បាន​កើន​​ឡើង​ដល់​ទៅ​ ១៥០០០ គ្រួសារ នៅ​អា​មេរិក​ខាង​ត្បូង​។ ឆ្នាំ ១៥០៣ មាន ៣០ គ្រួសារ លុះ​មក​ដល់​ឆ្នាំ ​២៥០៩ ចំនួន​គ្រួសារ​បាន​កើន​ឡើង​ដល់​ទៅ​ ១០០០​គ្រួសារ​ ក្រៅ​ពី​នេះ នៅ​បាន​ផ្សព្វ​ផ្សាយ​ចេញ​ទៅ​ប្រទេស​ដទៃ​ៗ​ទៀត​ ដូចជា ហ្វីល​លី​ពីន​ មាលេ​ស៊ី ហុង​កុង តាយ​វ៉ាន កូរ៉េ និង អីរ៉ុប​ផង​។ រី​ឯ​នៅ​ក្នុង​ប្រទេស​ជប៉ុន​វិញ​ ខណៈ​នេះ​បុគ្គល​ជា​អ្នក​គ្រប់​​គ្រង​របស់​ លោកសោកង៉ក​កៃ មាន​អា​រម្មណ៍​ពេញ​ចិត្ត​ក្នុង​ចំនួន​សាស​និក​ដែល​មាន​​ហើយ​ ទើប​មិន​អន្ទៈ​អន្ទែង​ក្នុង​ការ​ស្វែង​រក​សមា​ជិក​ថ្មី​ តែ​បែរ​ជា​មក​ប្រណាំង​ប្រ​ជែង​កាន់​​តែ​​ខ្លាំង​ឡើង​ផ្នែក​ខាង​ការ​ជ្រើស​រើស​មិត្ត​ជា​បុគ្គល​​ដែល​បាន​​ទទួល​ចូល​មក​ជា​សមា​ជិក​។

    ខណៈ​នេះ មាន​ប្រជា​ជន​បរ​ទេស​ និង សូម្បី​តែ​ប្រជា​ជន​ជប៉ុន​ឯង​មិន​តិច​ កំពុង​តែ​សង្កេត​មើល​ដោយ​ចិត្ត​កង្វល់​ និង​ បារម្ភ​ក្នុង​ឧត្តម​ការណ៍​ វិធី​ការ​ និង ការ​ប្រព្រឹត្តិ​ទៅ​របស់​ សោកៈង៉ក​កៃ​។​ បណ្តាល​ជន​ទាំង​នេះ​ កំពុង​តែ​គិត​ដល់​អនា​គត​តាម​ការ​និយាយ​របស់​​​លោក​ ឥកេដៈ​ ជា​ប្រ​ធាន​សមា​គម​សោកៈ​ ង៉កកៃ ដែល​ថា “គោល​ដៅ​របស់​​និចិ​រ៉េន​ជោ​ជុ​ និង សោកៈង៉ក​កៃ​ នេះ​ មិន​មែន​ចង្អៀត​ចង្អល់​ចុះ​នោះ​ទេ​ គ្រាន់​តែ​ជា​​សាសនា​​ប្រ​ចាំ​ជាតិ​ ឬ​មាន​អំណាច​ខាង​ផ្លូវ​នយោ​បាយ​តែ​ប៉ុណ្ណោះ​ តែ​អាស្រ័យ​សារ​ធម៌​ របស់​ព្រះ​មហា​ប្រាជ្ញ​និចិ​រ៉េន​ ជា​​កំលាំង​បណ្តាល​ឲ្យ​មនុស្ស​ជាតិ​ទាំង​មូល​ មាន​ងោ​ហន​​សន​​រួម​គ្នា​”​។ ពេល​សង្កេត​មើល​ពី​ចំណុច​នេះ​ចេញ​ទៅ​ ក៏​អាច​ធ្វើ​ឲ្យ​ត្រូវ​គិត​ដល់​ការ​ប៉ាន​​ប្រមាណ​ដល់​អនាគត​ថា​ សោកៈង៉ក​កៃ នឹង​មាន​ការ​រួម​ចំណែក​ក្នុង​ការ​ជំរុញ​អនាគត​​របស់​ជប៉ុន​ ឬ​សូម្បី​តែ​ដល់​ពិភព​លោក​ ត​ទៅ​មុខ​ដោយ​វិធី​ណា​។

ឯកសារសំអាង 1.កំណត់​ហេតុ​ដំណើរ​ទស្សន​កិច្ច​ ស្ថា​ប័ន​សិក្សា​ជាន់​ខ្ពស់​ខាង​ព្រះ​ពុទ្ធ​សាស​នា ប្រ​ទេស សឹង្ហ​បុរី សិរី​លង្កា ម៉ា​លេស៊ី តាយ​វ៉ាន ជប៉ុន កូរ៉េ និង ហុង​កុង របស់​អ្នក​ដំណាង​ស្ថាប័ន​​​ការ​សិក្សា​ជាន់​ខ្ពស់​ខាង​ព្រះ​ពុទ្ធ​សាស​នា​នៃ​ប្រទេស​ថៃ ក្នុង​ការ​ឧបត្ថម្ភ​របស់​ ព.ស.ល.ព.ស. ២៥១០ ​របស់​ព្រះ​មហា​ប្រយុទ្ធ បយុ​ត្តោ​។ 2. A History of Japanese Buddhism ដោយ Shinoho Hanayama, CIIB Press, Tokyo, 1960 3. Japan Handbook 1967, Rengo Press, Tokyo 4. The Nes Face oF Buddha ដោយ Jerrold Schecter, John Weatherhill, Inc., Tokyo, 1967 5. Mahayana Buddhsim, A Brief Outline ដោយ Beatrice Lane Suzuki, George Allen and Unwin, 1959 6. Encyclopaedia of Religion and Religion ដោយ Royston Pike, George Allen and Unwin, 1951 7. Enyclonpaedia britanica, 1959, Vols. 12-13 (ប្រធានបតរឿង Japan and Korea) 8. ឯកសាររបស់ Japan Buddhist Federation, 1968. 9. តារាងវិទ្យាល័យ និង មហាវិទ្យាល័យព្រះពុទ្ធសាសនានៅជប៉ុន រួបរួមដោយ Dr. Richard A. Gard.