ព្រះពុទ្ធសាសនាហូរចូលប្រទេសជប៉ុន


ថ្ងៃសៅរ៍ ទី5.កក្កដា 2019.ម៉ោង 6:54

   សៀវ​ភៅប្រ​វត្តិ​សាស្ត្រ​ប្រទេស​ជប៉ុន​សម័យ​បុរាណ​ឈ្មោះ​ (និហន​ជោកិ) បាន​កត់​ត្រា​ទុក​ថា​ ព្រះ​ពុទ្ធ​សាសនា​ផ្សាយ​ចូល​មក​ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​ទី ១៣ តុលា ព.ស​ ១០៩៥ ត្រូវ​ នឹង ​ឆ្នាំ​ទី​ ១៣ ក្នុង​រាជ្យ​សម័យ​របស់​ស្តេច​ចក្រ​ពត្តិ កិម្មេអិ ទ្រង់​ជា​ស្តេច​​ចក្រ​​ពត្តិ​​ (មិកា​ដូ)​ អង្គ​ទី​ ២៩ របស់​ជប៉ុន​។ នេះ​ជា​កំណត់​ត្រា​ជា​ផ្លូវ​ការ​ តែ​តាម​ការ​ពិត​ព្រះ​ពុទ្ធ​សា​ស​នា​បាន​ផ្សាយ​ចូល​ប្រទេស​ជប៉ុន​មុន​ពេល​នោះ​ទៅ​ទៀត​។

    សម័យ​នោះ​ប្រទេស​កូរ៉េ​បែង​ចែក​ជា ​៣​រដ្ឋ​, ១ នៅ​ទិស​ខាង​ជើង​ឈ្មោះ​ថា កោមា​ ឬ មាន​ឈ្មោះ​មួយ​ទៀត​ថា​ (កោកុរៀ), ឯ​ពីរ​រដ្ឋ​ទៀត នៅ​ទិស​ខាង​ត្បូង​ គឺ​ជិរាគិ​ (សិល្លា) នៅ​ទិស​ខាង​កើត​,​ ឯ​រដ្ឋមួយ​ទៀត​ ជា​មួយ​កុតារា​ (បិកៈឆេ) នៅ​ទិស​ខាង​កើត​ដែរ​។ សម័យ​នោះ​ជន​ជាតិ​កូរ៉េ​បាន​ចូល​មក​កោះ​សមុទ្រ​ជប៉ុន​ នាំ​ព្រះ​ពុទ្ធ​សាសនា​មក​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជា​រាស្ត្រ​ជប៉ុន​នៅ​នា​កោះ​កិវ​ឆិវ​ ភាគ​ខាង​ជើង​ ហើយ​មុន​ និង បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​តាម​កំណត់​ត្រា​របស់​រាជ​ការ​ពោល​ថា ​៖​ ព្រះ​មហា​ក្សត្រ​សេ​មេ​អោ​ នៃ​រដ្ឋ​ កុតារា​ បាន​ទ្រង់​បញ្ជូន​រាជ​ទូត​ឈ្មោះ​នូ​រិជិជិ​កេអិ​ មក​កាន់​រាជ​សំណាក់​ជប៉ុន​ ទ្រង់​ប្រទាន​ឲ្យ​រាជ​ទូត​នាំ​ព្រះ​ពុទ្ធ​រូប​ប្រាក់​ លាប​ដោយ​ទឹក​មាស​មួយ​អង្គ​ និង គម្ពីរ​ព្រះ​សូត្រ​ផ្សេង​ៗ​ ជា​មួយ​រាជ​សារ​មួយ​ច្បាប់​ចូល​គាល់​ ស្តេច​ចក្រ​ពត្តិ​,​ ក្នុង​ព្រះ​រាជសារ​នោះ ​ព្រះ​អង្គ​ម្ចាស់​សេ​មេអូ​ ទ្រង់​ពណ៌​នា​គុណ​របស់​ព្រះ​សទ្ធម្ម​ ស្តែង​អានិ​សង្ស​នៃ​ការ​បូជា​ព្រះ​ពុទ្ធ​រូប​ និង​ ថ្លែង​ការ​កើត​ឡើង​នៃ​ព្រះ​ពុទ្ធ​សាសនា​ រាប់​តាំង​តែ​ការ​ផ្សព្វ​ផ្សាយ​ចេញ​ពី​ជម្ពូ​ទ្វីប​ទៅ​កាន់​ប្រទេស​ចិន​ប្រទេស​កូរ៉េ និង ប្រកាស​រាជ​បំណង​ថា​ បាន​ទ្រង់​បញ្ជូន​រាជ​ទូត​មក​ក្នុង​ពេល​នេះ​ ដើម្បី​ផ្សាយ​ព្រះ​សទ្ធម្ម​ឲ្យ​ប្រាកដ​ និង​ សម្បូ​រណ៍​ទូលំ​ទូលាយ​ទៅ​ ឲ្យ​សម​តាម​ពុទ្ធ​ទំនាយ​ថា​ ព្រះ​ធម្ម​វិន័យ​ នឹង ហូរ​ចូល​មក​ពី​ទិស​ខាង​កើត​ហេតុ​ការណ៍​ពេល​នេះ រាប់​បាន​ថា​ ជា​ការ​នាំ​ព្រះ​ពុទ្ធ​សាសនា​ចូល​មក​ប្រទេស​ជប៉ុន​ជា​ផ្លូវ​ការ​លើក​ដំ​​បូង​។

    និហ​នជោកិ​ ទ្រង់​បាន​រៀប​រាប់​ត​ទៅ​ទៀត​ថា​ ស្តេច​ចក្រ​ពត្តិ កិម្មេអិ​ ទ្រង់​សប​ព្រះ​រាជ​ហឫ​ទ័យ​យ៉ាង​ខ្លាំង​ ទ្រង់​ និង ទ្រង់​មាន​ព្រះ​រាជ​តម្រាស់​ថា​ “យើង​មិន​ដែល​បាន​ស្តាប់​ពាក្យ​ប្រៀន​ប្រ​ដៅ​ពិសេស​អស្ចារ្យ​យ៉ាង​នេះ​ទេ​... យើង​មិន​ធ្លាប់​ឃើញ​នូវ​វត្ថុ​អ្វី​ ដែល​មាន​សេច​ក្តី​ល្អ​ស្រស់​ល្អ​ ផូរ​ផង់​ដូច​ព្រះ​ភក្រ្ត​របស់​ព្រះ​ពុទ្ធ​រូប​នេះ​ឡើយ”​។ រួច​ពី​នោះ​ទ្រង់​​បាន​ស្នើ​សេច​ក្តី​យល់​ឃើញ​ ពី​នា​ហ្មឺន​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ ក្នុង​សំណាក់​​សោ​ខា​ណូ​អិណា​មេ​ សមូ​ហ​នា​យក​ក្រាប​ទូល​ថ្វាយ​សំណើរ​ថា ព្រះ​ពុទ្ធ​សាសនា​ គួរ​តែ​រីក​ចំរើន​រុង​រឿង​នៅ​ប្រ​ទេស​ជប៉ុន​ ក៏​ដូច​ជា​ប្រ​ទេស​ផ្សេង​ៗ​ ដែល​ធ្លាប់​មាន​មក​ហើយ​, តែ​លោក មោ​ណោ​ណោ​បេណោ​ អោ​កោជិ ​សមូហ​ក្រសួង​មហា​ផ្ទៃ​, លោក​ណា​កា​តោ​មិ​នោ​កាមា​កោ សេនា​បតី​ផ្នែក​សាសន​ពិធី​ក្នុង​សិន​តោ បាន​សំដែង​គំនិត​ជំទាស់​យ៉ាង​ខ្លាំង​។

   ប្រសិន​បើច​ស្តេច​ចក្រ​ពត្តិ​ជប៉ុន​បាន​បូជា​ (អាទិទេព)​ ប្រចាំ​ជាតិ​មក​តាំង​ពី​បុរាណ​កាល​ ​ប្រ​សិន​​បើ​មាន​វត្ថុ​ខុស​ប្លែក​ចូល​មក​ ស្រុក​ទេស​ នឹង ធ្វើ​ឲ្យ​កើត​សេ​ច​ក្តី​ពិរោធ​ភាព​ដល់​អា​ទិទេព​ ប្រចាំ​ជាតិ​ ដែល​ទ្រង់​ថែ​រក្សា​ស្រុក​ទេស​។ ពេល​កើត​សេច​ក្តី​ខ្វែង​គំនិត​គ្នា​យ៉ាង​នេះ​ ស្តេច​ក្រពត្តិ​ទ្រង់​បាន​កាត់​ក្តី​សំរេច​ឲ្យ​សាសនា​ទាំង​ពីរ​រស់​នៅ​រួម​ជា​មួយ​គ្នា ​នឹង បាន​ប្រ​ទាន​ព្រះ​ពុទ្ធ​រូប​ដល់​ សោខាអិ​ណាមេ​ ឲ្យ​នាំ​ទៅ​សក្ការៈ​បូជា ជា​កម្ម​សទ្ធិ​រៀង​ៗ​​ ខ្លួន​, ហេតុ​ការណ៍​ពេល​នេះ ជា​ហេតុ​នាំ​ឲ្យ​កើត​សេច​ក្តី​ក្តី​វិវាទ​ នៃ​ត្រកូល​ទាំង​ពីរ​ត​មក​អស់​រយៈ​ពេល​៤​០ឆ្នាំ​។

   ស្តេច​ចក្រ​ពត្តិ​ ព្រះ​អង្គ​ត​មក​ព្រះ​នាម បិដៈទៈសុ ជា​ឱ​រស​របស់​ព្រះ​បាទ​ កិម្មេអិ ស្តេច​​ទ្រង់​ឡើង​គ្រង​រាជ្យ​ក្នុង​ ព.ស.១១១៥ មិន​បាន​យក​ចិត្ត​​ទុក​ដាក់​ព្រះ​ពុទ្ធ​សាសនា​ ពេល​ព្រះ​អង្គ​សុវណ្ណ​កោដ្ឋ​​ទៅ​ ស្តេច​ក្រពត្តិ​ យោ​មេអិ ជា​ព្រះ​អនុជ បាន​ឡើង​គ្រង​រាជ​ជា​មិកាដូ​ អង្គ​ទី​៣១​ ព្រះ​បាទ​ យោ​មេអិ ទ្រង់​ជា​ស្តេច​ចក្រ​ពត្តិ​​អង្គ​ដំបូង​ ដែល​ទ្រង់​បដិញ្ញាណ ​(សទ្ធា) ក្នុង​ព្រះ​ពុទ្ធ​សាសនា​ តែ​ពេល​ដែល​ព្រះ​អង្គ​ឡើង​គ្រង​រាជ្យ​មិន​យូរ​ប៉ុន្មាន​ ក៏​ទ្រង់​ប្រឈួន​ជា​ទម្ងន់​ ជា​ហេតុ​នាំ​ឲ្យ​ប្រ​ជា​ជន​សោក​សៅ​ពេក​ក្រៃ​ បាន​និមន្ត​ព្រះ​សង្ឃ​ស្វាធ្យាយ​ដើម្បី​អោយ​អស់​ប្រឈួន​ និង ក្នុង​សម័យ​នោះ​ មាន​បុរស​ម្នាក់​ឈ្មោះ​កុរត​សុកុរិ​ណោត​សុណៈ​ ចេញ​បួស​ជា​ភិក្ខុ​ដើម្បី​ស្វាធ្យាយ​មន្ត​ថ្វាយ​ស្តេច​ចក្រ​ពត្តិ​ រាប់​បាន​ថា​ ជា​បុរស​ជប៉ុន​ម្នាក់​ បាន​បួស​មុន​ដំបូង​បង្អស់​​ក្នុង​ព្រះ​ពុទ្ធ​សាសនា​។​ ត​មក​ពេល​ព្រះ​អង្គ​ទ្រង់​ប្រឈួន​ធ្ងន់​ទៅ​​ៗ​ ​ថែម​ទៀត​ ស្តេច​ចក្រ​ពត្តិ​​មាន​ព្រះ​រាជ​បំណង​ ឲ្យ​កសាង​ព្រះ​ពុទ្ធ​រូប​, ​ព្រះ​ពុទ្ធ​យា​កុ​ជិន​យោ​រាយ​ជា​ម្ចាស់​ (ផៃសជ្យគុរុ) ​។ ព្រះ​នាង​សុយ​កោ​ ដែល​ជា​កនិដ្ឋា​ភគិនី​បាន​ទទួល​ភារៈ​ក្នុង​ការ​កសាង​ព្រះ​ពុទ្ធ​រូប​អង្គ​នេះ​ តែ​ស្តេច​ចក្រ​ពត្តិ​បាន​សុវណ្ណ​កោដ្ឋ​ មុន​ពេល​កសាង​ព្រះ​ពុទ្ធ​រូប​សម្រេច​។

ព្រះពុទ្ធសាសនារុងរឿងនៅប្រទេសជប៉ុន
   ពេល​ព្រះ​ស្តេច​យោ​មេ​សុវណ្ណ​កោដ្ឋ​ ត្រកូល​សោ​ខា​បាន​ទទួល​អញ្ជើញ​ព្រះ​អង្គ​ម្ចាស់​​សុសុន ឡើង​គ្រង​រាជ្យ​ តែ​ព្រះ​អង្គ​គ្រង​រាជ្យ​បាន​ត្រឹម​តែ​៥​ឆ្នាំ​ ក៏​ត្រូវ​ឱរស​ខ្លួន​ឯង​ធ្វើ​គត់​នៅ​ ព.ស. ១១៣៥ លំដាប់​នោះ​ជា​គ្រា​វិបត្តិ​។ នា​ហ្មឺន​មន្ត្រី​ទើប​បាន​អញ្ជើញ​ព្រះ​នាង​សុយ​កោ​ ជា​មហេ​សី​របស់​ស្តេច​បិដៈទៈសុ នឹង ជា​ព្រះ​កនិដ្ឋ​ភគិនី​របស់​ស្តេច​យោ​មេ​អិ​ ឡើង​គ្រង​រាជ្យ​ ជា​​ស្តេច​មិកា​ដូ​ អង្គ​ទី​៣៣ រាប់​ថា​ស្តេច​ចក្រ​ពត្តិនី​ អង្គ​ដំបូង​បង្អស់​ក្នុង​ប្រវត្តិ​សាស្ត្រ​ជប៉ុន​។​

    ស្តេច​ចក្រ​ពត្តិ​នី​ សុយ​កោ ​ទ្រង់​បាន​ស្ថាប​នា​អង្គ​ម្ចាស់​សោតុកុ ជា​ឱរស​របស់​ស្តេច​យោ​មេអិ មាន​ព្រះ​ជន្មា​យុ ១៩​វស្សា ជា​ព្រះ​រាជ​កុមារ​ និង ជា​អ្នក​សម្រេច​ទេស​កិច្ច និង​ មាន​សិទ្ធិ​ សម្រេច​កិច្ច​ទាំង​ពួង​ និង​ រាជ​ឱរស​អង្គ​នេះ​ឯង​ ដែល​ជា​អ្នក​បង្កើត​ផែន​ការ​គ្រប់​គ្រង​នៃ​ប្រទេស​ជប៉ុន​, ស្ថាប​នា​វប្ប​ធម៌​  និង លើក​ដំកើង​ ឧបត្ថម្ភ​ព្រះ​ពុទ្ធ​សាសនា​ ធ្វើ​ប្រទេស​ជប៉ុនឲ្យ​រីក​ចម្រើន​យ៉ាង​ពិសេស​ អស់​រយៈ​ពេល​ ៣០​ឆ្នាំ  ព្រះ​អង្គ​ម្ចាស់​បាន​កសាង​សាលា​រៀន​ ប្រកាស​ធម្ម​នុញ្ញ​គ្រប់​គ្រង​ព្រះ​រាជា​ណា​ចក្រ, ទ្រង់​​បញ្ជូន​រាជ​ទូត នឹង​និស្សិត​ទៅ​រៀន​វិជ្ជា​ផ្សេង​ៗ​ នៅ​ប្រទេស​ចិន​, ទ្រង់​ពង្រីក​ឧស្សា​ហកម្ម​ ឧបត្ថម្ភ​ការ​រក្សា​ព្យា​បាល​អ្នក​ជម្ងឺ​ឈឺ​ថ្កាត់​ ​សង្គ្រោះ​​ជន​កំព្រា និង ជន​ក្រី​ក្រ​ទុព្វល​​ភាព​, ជំរុញ​ការ​ដឹក​បញ្ជូន​ និង​ ​ទំនាក់​ទំនង​ ការ​រក្សា​សត្វ និង​ ទ្រង់ ឲ្យ​រួប​រួម​ប្រវត្តិ​សាស្ត្រ​ប្រទេស​​ជប៉ុន​ឡើង​វិញ​។

    នៅ​ថ្ងៃទី​១​កុម្ភៈ ព.ស.១១៣៧ ព្រះ​អង្គ​បាន​ប្រកាស​រាជ​ឱង្ការ​ឧបត្ថម្ភ​ព្រះ​រតន​ត្រៃ​, ពេល​នេះ​ ព្រះ​ពុទ្ធសាសនា​រីក​ចម្រើន​យ៉ាង​មាំ​មួន​នៅ​ប្រទេស​ជប៉ុន​។ ការ​ខ្វែង​គំនិត​រវាង​ត្រកូល​សោខា​ ជា​មួយ​ត្រកូល​មោ​ណោ​ណោ​បេ ស្ងប់​ចុះ​ ប្រជា​ជន​ជប៉ុន​រួម​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ឋានៈ​ជា​ពុទ្ធ​សាស​និក​ជន​ ទាំង​មន្ត្រី​រាជ​ការ​ ពល​រេហ៍ យោធា​គ្រប់​​ជាន់​ថ្នាក់​ សុទ្ធ​តែ​ប្រណាំង​គ្នា​កសាង​​វត្ត​អារាម​ព្រះ​ពុទ្ធ​សាសនា​ ​ដើម្បី​សម្តែង​កតញ្ញូ​កត​វេទី​ ចំពោះ​ស្តេច​ចក្រ​ពត្តិ និង បុព្វ​បុរស​,​ បាន​កសាង​សំណាក់​បដិ​បត្តិ​ធម៌​ជា​ច្រើន​កន្លែង​។​

    ម្យ៉ាង​ទៀត​ ការ​កសាង​ព្រះ​ពុទ្ធ​រូប ព្រះ​ពុទ្ធ​យា​កុសិន​យោ​រ៉ាយ​ ជា​ម្ចាស់, បាន​ចាប់​ផ្តើម​កសាង​ឡើង​តាំង​ពី​សម័យ​ស្តេច​ចក្រ​ពត្តិ​យោ​មេអិ ទ្រង់​​ប្រឈួន​ធ្ងន់​ ក៏​ទ្រង់​ដំណើរ​ការ​​បន្ត​​មក​ដល់​បាន​សម្រេច​បរិ​បូរណ៍​ក្នុង ​ព.ស.១១៥០ ដែល​ជា​ឆ្នាំ​ទី​ ១៥ ក្នុង​រជ្ជ​កាល​នៃ​ស្តេច​ចក្រ​ពត្តិ​នី​សុយ​កោ ​និង​ បាន​ប្រតិស្ឋាន​ព្រះពុទ្ធ​រូប​អង្គ​នេះ​ទុក​ក្នុង​វត្ត​ ដែល​ទ្រង់​ឲ្យ​កសាង​ឡើង​នៅ​ក្រុង​ណារា​ ជា​វត្ត​ដែល​សាង​ឡើង​ដោយ​ឈើ​សុទ្ធ​ មាន​ចំណាស់​បំផុត​ក្នុង​លោក​ មាន​ឈ្មោះ​ថា​ហោ​រិចិ​ ប្រែ​ថា​វត្ត​សទ្ធម្ម​រុង​រោចន៍ កសាង​ស្រេច​ក្នុង​ ព.ស ១១៣៩  និង វត្ត​ទាំង​ពួង​ ដែល​រាជ​ការ​ចាត់​ឲ្យ​កសាង​ក្នុង​គ្រា​ដំ​បូង​ ក៏​​មាន​នាម​ថា ហោរិ​វចិ ឬ ហោ​កោ​ចិ​ទាំង​អស់​។ ជាង​នោះ​ទៀត​ ក្នុង​សម័យ​នោះ​នៅ​មាន​នាម​ថា យុគ​ហោ​កោ​ស៊ឹង ប្រែ​ថា យុគ​ដែល​សទ្ធម្ម​រុង​រោចន៍​ទៀត​ផង​ដែរ​។

    នៅ​ថ្ងៃ​ទី៣​មេសា ព.ស. ១១៤៧ ព្រះ​អង្គ​ម្ចាស់​ជោតុ​កុ​ ទ្រង់​បាន​ប្រកាស​ “ធម្មនុញ្ញ ១៧ មាត្រា” ធម្ម​នុញ្ញ​នេះ​ស្តី​ពី​សេច​ក្តី​សាមគ្គី​ធម៌​នៃ​សង្គម ដែល​កើត​មាន​ឡើង​ដោយ​អា​ស្រ័យ​​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​រតន​ត្រៃ ដែល​កំចាត់​បង់​អព​មង្គល និង សេច​ក្តី​ប្រព្រឹត្ត​ខុស​ឆ្គង​ផ្សេង​ៗ ព្រម​ទាំង​បញ្ញត្តិ​សម្ពន្ធ​ភាព​រវាង​ព្រះ​ចក្រ​ពត្តិ និង ប្រជា​ជន  និង គោល​បដិ​បត្តិ​សម្រាប់​បុគ្គ​លិក​រដ្ឋា​ភិបាល​ទាំង​អស់​។

    នៅ​ក្នុង ព.ស ១១៤៩ ព្រះ​អង្គ​ម្ចាស់​ជោ​តោកុ​ បាន​សំ​ដែង​ធម្ម​ទេសនា​ជោ​​មង្គាវ​សូត្រ និង​ ហោ​កេ​កៀវ​សូត្រ​ចំពោះ​មុខ​ព្រះ​រាជ​បល្ល័ង្ក​ ហេតុ​ការណ៍​នេះ ប្រកាន់​ថា​ ជា​ការ​ចាប់​ផ្តើម​សំដែង​ធម៌​ទេសនា​ ទាក់​ទង​ដោយ​ព្រះ​សូត្រ​ប្រទេស​ជប៉ុន​ និង ព្រះ​អង្គ​ទ្រង់​ប្រទាន​ឲ្យ​ចារឹក​ព្រះ​​ធម្ម​ទេសនា​ផ្សេង​ៗ​ ជា​លាយ​លក្ខណ៍​អក្សរ​ បាន​បញ្ជូន​អ្នក​ប្រាជ្ញ ​រាជ​ទូត​ទៅ​កាន់​រាជ​វាំង​ចិន​ ដើម្បី​ទំនាក់​ទំនង​វប្ប​ធម៌​ ហើយ​បាន​យក​តម្រា​ និង គម្ពីរ​ពុទ្ធ​សាសនា​ រួម​ទាំង​អដ្ឋក​ថា​ផ្សេង​ៗ​ ចូល​មក​កាន់​ប្រទេស​ជប៉ុន​ សូម្បី​តែ​ព្រះ​អង្គ​ឯង​ក៏​បាន​តែង​គម្ពីរ​អដ្ឋក​ថា​ពណ៌​នា​គោល​ធម៌​តាម​បែប​ ដែល​ព្រះ​អង្គ​យល់​ដឹង​ និង​ ទស្សន​របស់​ព្រះ​អង្គ​ឯង​ទុក​ផង​។​

    នេះ​ហើយ​ព្រះ​ពុទ្ធ​សាសនា​ដែល​អង្គ​ម្ចាស់​ជោ​តោកុ​ ទ្រង់​ជឿ​បដិ​បត្តិ​តាម​ក្នុង​សម័យ​នោះ​ មាន​នាម​ហៅ​ពិសេស​ថា ឯក​យាន​ ជា​ពាក្យ​ប្រៀន​ប្រដៅ​ ផ្សារ​ភ្ជាប់​រវាង​មហា​យាន​ និង ហីន​យាន មាន​ធម្ម​កាយ​ជា​វត្ថុ​បំណង​ មិន​មាន​ការ​បែង​ចែក​រវាង​ព្រះ​សង្ឃ និង គ្រហស្ថ ឆ្ពោះ​ទៅ​រក​ការ​បដិ​បត្តិ​ធម៌​រួម​គ្នា​ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដោយ​មិន​ចាំ​បាច់​លះ​បង់​ផ្ទះ​ចូល​ទៅ​នៅ​ព្រៃ​ភ្នំ​ស្ងប់​ស្ងាត់​ វិថី​ជំនឿ ​និង ការ​បដិ​បត្តិ​ធម៌​របស់​អង្គ​ម្ចាស់​ជោ​តោ​កុ រាប់​ថា​ ជា​ប្រពភ​កំណើត​នៃ​វិវឌ្ឍនា​ការ​ របស់​ព្រះ​ពុទ្ធ​សាសនា​ បែប​ជប៉ុន​ ដ៏ មាន​លក្ខណៈ​ពិសេស​របស់​ខ្លួន​។

    អង្គ​ម្ចាស់​ជោ​តោកុ​ ទ្រង់​សុវណ្ណ​កោដ្ឋ​ក្នុង​ ព.ស ១១៦៥​។ គ្រា​នោះ​កំណត់​ត្រា​ខាង​ប្រវត្តិ​សាស្ត្រ​ពណ៌​នា​ថា​ បណ្តា​ប្រជា​ជន​ទាំង​ពួង មាន​សេច​ក្តី​សោក​សៅ​ខ្លាំង​ណាស់​ ប្រៀប​ដូច​មាតា​បិតា​ចាស់​ជរា​ ដែល​ត្រូវ​បាត់​បង់​កូន​តែ​មួយ​របស់​ខ្លួន​ ឬ​ ដូច​កូន​នៅ​វ័យ​ក្មេង​ត្រូវ​ព្រាត់​ប្រាស់​មាតា​បិតា​ ដូច​មេឃ និង ដី​កំពុង​កក្រើក​ រំជួយ​ឬ ដូច​ព្រះ​អាទិត្យ និង ព្រះ​ខែ​អាប់​រស្មី​បាត់​ទៅ​ដូច្នោះ​។

    ក្នុង​អាគារ​មួយ​នៅ​ក្នុង​វត្ត​ហោរិ​វចិ ប្រជា​រាស្ត្រ​ជប៉ុន​ បាន​កសាង​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ​ ខ្នាត​ស្មើ នឹង ទ្រង់​ទ្រាយ​របស់​ព្រះ​អង្គ​ជោ​តោកុ​ ប្រតិស្ឋាន​ទុក​ជា​អនុស្សាវ​រីយ៍​នៃ​គុណ​សេច​ក្តី​ល្អ​របស់​ព្រះ​អង្គ​។​ ក្រោយ​ពេល​អង្គ​ម្ចាស់​ជោ​តោ​កុសោយ​ទិវង្គត​ទៅ​ហើយ ត្រកូល​សោ​ខា​ បាន​មាន​កម្លាំង​រឹង​មាំ​ថែម​ទៀត​រហូត​ដល់​ព.ស ១១៨៦ ក៏​បាន​កំចាត់​​ខ្សែ​ស្រឡាយ​របស់​អង្គ​ម្ចាស់​ ជោ​តោកុ អស់​រលីង​ តែ​ក្រោយ​ពេល​នោះ​បាន​ ២​ឆ្នាំ​ខាង​ផ្នែក​ស្តេច​ចក្រ​ពត្តិ​ក៏​បាន​កំចាត់​មន្ត្រី​ក្បត់​រាជ​បល្ល័ង្ក​ទាញ​យក​អំណាច​មក​បាន​វិញ​ រាប់​តាំង​តែ​ពេល​នោះ​មក​ព្រះ​ពុទ្ធ​សាសនា​ក៏​បាន​រីក​ចំរើន​រុង​រឿង​ម្តង​ទៀត​ ទាំង​ផ្នែក​សិក្សា និង ការ​បដិ​បត្តិ​ធម៌​ប្រពៃណី, ពិធី​កម្ម,​ ថ្ងៃ​សំខាន់​ផ្សេង​ៗ​ ខាង​​ព្រះ​ពុទ្ធ​សាសនា​កើត​មាន​ឡើង​ និង​ បាន​ក្លាយ​ទៅ​ជា​ចំណុច​សំខាន់​នៃ​អរិយ​ធម៌​របស់​ជាតិ​ជប៉ុន​តៗ​រៀង​មក​។

យុគក្រុងណារាជារាជធានី
   ពី​ដើម​មក​ប្រទេស​ជប៉ុន​មិន​បាន​យក​ខេត្ត​ណា​មួយ ជា​រាជ​ធានី​ពិត​ប្រាកដ​ទេ‌​ គង់​បាន​ផ្លាស់​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​រវាង​ខេត្ត​ទាំង​៥​គឺ៖ យ៉ាមាតោ, យ៉ាមាជិរោ, សេទះសុ, កាវាជិ,  និង អិសូមិ ឬ អតសុ ក្នុងទន្លេសាបបិវ៉ា ។ ការ​ផ្លាស់​ប្តូរ​រាជ​ធានី​ ញឹក​ញប់​បែប​នេះ​ជា​ហេតុ​បង្ក​សេច​ក្តី​ក្តៅ​ក្រហាយ​ដល់​ជន​ជា​កម្មករ​ ដែល​ត្រូវ​កោះ​ហៅ​មក​ធ្វើ​ការ​កសាង​រឿយ​ៗ​ នឹង មិន​ធ្វើ​ឲ្យ​កើត​សេច​ក្តី​ស្រណុក​សុខ​ស្រួល​ច្រើន​ប្រការ​ ដល់​រាជ​សម័យ​ចក្រ​ពត្តិ​នី​ ង៉ៀម​ម៉ៀ ព.ស​.​ កន្លង​ទៅ​បាន ១២៥៣ ឆ្នាំ​ខាង​ផ្លូវ​រាជ​ការ​ និង ជ្រើស​រើស​ទី​ក្រុង​ណា​​ជា​រាជធានី​ស្ថាពរ​ជា​ទី​ស្ថិត នៃ​ស្តេច​ចក្រ​ពត្តិ ត​មក​ជា​វេលា​ជាង​មួយ​សតវត្សរ៍​ជា​ដែន​ស្ងប់​សុខ​ ជា​យុគ​នៃ​សេច​ក្តី​រុងរឿង​ខាង​សិល្បះ វណ្ណ​កម្ម សាសនា​។

    ពោល​ពី​ផ្នែក​ព្រះ​ពុទ្ធ​សាសនា​ រាប់​ពី​ត្រឹម​ព្រះ​អង្គ​ម្ចាស់​ជោ​​តោកុ បាន​ទ្រង់​ដំណើរ​វិទេ​សោ​បាយ ទាក់​ទង​ជា​មួយ​ប្រទេស​ចិន​ និង​ ប្តូរ​រាជ​ទូត​រវាង​រាជ​សំណាក់​ទាំង​ ២ ជា​ដើម​មក​ចំនួន​អ្នក​សិក្សា អ្នក​ប្រាជ្ញ​ ដែល​​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​ បាន​នាំ​យក​ក្បួន​ខ្នាត​ខាង​ព្រះ​ពុទ្ធ​សាសនា​ និង​ វប្ប​ធម៌​ត្រឡប់​មក​កាន់​ប្រទេស​ជប៉ុន​ ហើយ​ក៏​បាន​កើន​ឡើង​ជា​លំដាប់​។ អ្នក​ខ្លះ​បាន​ទៅ​សិក្សា​នៅ​ដល់ ២០​ឆ្នាំ ខ្លះ​ទៀត ៣០​ឆ្នាំ​ និង នាំ​យក​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​សាសនា​ និកាយ​ផ្សេង​ៗ ដែល​រុង​រឿង​នៅ​ប្រទេស​ចិន​សម័យ​នោះ​មក​ផ្សព្វ​​ផ្សាយ​​នៅ​ប្រ​ទេស​ជប៉ុន​ នាំ​ឲ្យ​ផល​ព្រះ​ពុទ្ធ​សាសនា​ក្នុង​យុគ​ក្រុង​ណា​រា​ បាន​បែង​ទៅ​ជា​និកាយ​ផ្សេង​ៗ​ ជា​ច្រើន​ទៀត​។ ចំពោះ​និកាយ​ដែល​​ត្រូវ​ទទួល​ស្គាល់​ជា​​ផ្លូវ​ការ​ក្នុង​សម័យ​នៃ​ស្តេច​ចក្រ​ពត្តិ​នី​កោន​កេន​ មាន​ដល់ ៦​និកាយ​ហៅ​ថា​៖ ណាន​តោ​-រោកុជូ ឬ និកាយ​ទាំង​ ៦​នៃ​រាជ​ធានី​ខាង​ត្បូង​គឺ(ណារា) ដូច​មាន​ឈ្មោះ​ត​ទៅ​នេះ​៖

    I.និកាយ​សានរ៉ន គឺ​ (មាធម្យ​មិកៈ) ផ្តើម​នាំ​ចូល​មក​ពី​កូរ៉េ ព.ស.១១៦៨ បាន​ផ្សាយ​​ចេញ​ និង​ រីក​ចម្រើន​ ដោយ​អាស្រ័យ​ការ​សិក្សា​ឆ្ពោះ​មក​ពី​ប្រទេស​ចិន​ ពី ព.ស. ១២៤៥ មាន​ពាក្យ​​ប្រៀន​ប្រដៅ​ចំពោះ​តែ​សុញ្ញតា (ភាព​ទទេរ)​ មិន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ប្រព្រឹត្ត​ទៅ​នៃ​លោក​។

   II.​និកាយ​ហសសោ​គឺ​និកាយ​ (យោគាចារ) ផ្តើម​នាំ​ចូល​មក​​ដោយ​លោក​ដោ​ជោ​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី ព.ស ១១៩៦ អ្នក​ដឹក​នាំ​នេះ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ការ​សង្គ្រោះ​ជា​ច្រើន​ ពេល​មរណ​ភាព​ទៅ​ក្នុង ព.ស ១២៤៣ បណ្តា​សិស្សា​នុសិស្ស​ បាន​ធ្វើ​ឈាបន​កិច្ច​តាម​ពាក្យ​បណ្តាំ​ រាប់​បាន​ថា​ ការ​ឈា​បន​កិច្ច​លើក​ដំបូង​ក្នុង​ប្រទេស​ជប៉ុន​ និង និយម​ត​ៗ​មក ព្រោះ​ជា​ការ​អនុ​លោម​ទៅ​តាម​គោល​ធម៌​មួយ​ចំនួន​ និង ជា​ការ​កាត់​បន្ថយ​ភាព​ឥត​ប្រយោ​ជន៍ នាំ​យក​ចំណែក​ដែល​ នឹង ត្រូវ​ចាយ​វាយ​ទៅ​កសាង​អារាម​ធំ​ៗ​បាន​។

   III. និកាយ​គេង​អន គឺ​និកាយ​ (អវ​តង្សកៈ) រាប់​ថា​ វិវឌ្ឍនា​​ការ តម​កតាំង​តែ​ ២​និកាយ​ខាង​ដើម​ នាំ​ចូល​មក​ដោយ​ត្រង់​ពី​ប្រទេស​ចិន​ ផ្តើម​លេច​ចេញ​ពី ព.ស.​១២៦៥ ជា​ការ​ផ្តើម​ប្រវត្តិ​នៃ​ប្រទេស​ជប៉ុន​ ពេល​លោក​ជិន​ចោ សំដែង​ពាក្យ​ប្រៀន​ប្រដៅ​ ក្នុង​ ព.ស​ ១២៨៣​ និកាយ​នេះ​ស្តែង​គោល​ឯក​យាន​ និង ជា​និកាយ​តែ​មួយ​ក្នុង​យុគ​ណារា​ ដែល​មាន​ជីវិត​នៅ​បាន​ ក្រោយ​មក​ដោយ​បាន​វិវឌ្ឍនា​ការ​ជា​និកាយ​ ទេនដៃ និង និកាយ​ជិនង៉ន​។

   IV. និកាយ​រិត​សុ​ គឺ​និកាយ (វិន័យ) នៅ​ពេល​និកាយ​ហិន​យាន​បាន​ប្រតិស្ឋាន​ចុះ​ក្នុង​ប្រ​ទេស​ជប៉ុន​ ពេល​លោក​ង៉ាន​ចិន​ ធើ្វ​ដំណើរ​​មក​ប្រទេស​ចិន​មក​ដល់​ដែន​ដី​ជប៉ុន​ក្នុង ព.ស.​១២៩៧ ​ និង បាន​ផ្តើម​ពិធី​ឧប​សម្បទា​ភិក្ខុ​៨០​រូប សាម​ណេរ​៤៤០ ទាំង​បាន​ថ្វាយ​ពោធិ​សត្វ​សីល​ដល់​ស្តេច​ចក្រ​ពត្តិ នឹង ចក្រ​ពត្តិ​នី កោន​កេន​ ផង​នៅ​ក្នុង​វត្ត​តោ​ដៃ​ចិ​ ក្រុង​ណារា​ និកាយ​នេះ​ប្រដៅ​ឲ្យ​វៀរ​ចាក​ការ​បរិ​ភោគ​សាច់​សត្វ និង ការ​ប្រព្រឹត្តិ​ចរិយា​វត្ត​តឹង​រឹង​ រហូត​ដល់​មារ​​យាទ​​ផ្សេង​ៗ ក្នុង​ការ​ទទួល​អាហារ​ការ​ប្រជុំ​ និង ការ​ដើរ​ផ្លូវ​ជា​ដើម​ទើប​មាន​ដំណរ​ត​មក​ក្នុង​វប្ប​ធម៌​ ក្នុង​ប្រទេស​ជប៉ុន​ ដល់​សម័យ​បច្ចុប្បន្ន​។

   V. និកាយកុ ជា​និកាយ (សរវាសតិវាទិន ឬ អភិធម្ម​កោសា​សាស្ត្រ)​។

   VI. និកាយ​ចោ​ចិត​សុ គឺ (សៅ​ត្រាន​ត្រិកៈ​ ឬ សត្យ​សទ្ធិ​សាស្ត្រ) ​៖ ទាំង​ពីរ​និកាយ​ក្រោយ​នេះ​ជា​និកាយ​ ហិន​យាន និង​ មាន​ឈ្មោះ​ប្រាកដ​ជា​ទី​គោរព​ក្នុង​យុគ​នា​រា​នោះ​ផង​ តែ​មិន​បាន​តាំង​នៅ​យូរ​យារ​ទេ។​

    គ្រា​រាជ​សម័យ​ចក្រ​ពត្តិ​នី​សុយ​កោ ដែល​ព្រះ​អង្គ​ម្ចាស់​ជោ​តោ​កុ ទ្រង់​ដឹក​នាំ​ប្រទេស​ជាតិ​នោះ​ ព្រះ​អង្គ​ទ្រង់​បាន​ប្រោស​ឲ្យ​សាង​វត្ត​ជិតេន​នោ​ចិ​ឡើង​ ប្រែ​ថា៖ វត្ត​ចតុម្ម​ហា​រាជ​ដើម្បី​(ពិទ័ក្ស) រក្សា​ប្រ​ទេស​ជាតិ​ និង​ ក្នុង​សម័យ​នៃ​ចក្រ​ពត្តិ​ត​ៗ​ មក​ខាង​រាជ​ការ​បាន​តែង​តាំង​តំណែង​កោ​កុជិ​ ឬ​អនុ​សាសនា​ចារ្យ​របស់​ជាតិ​ឡើង​ ទុក​ប្រចាំ​រាល់​ខេត្ត​ដើម្បី​ជួយ​ណែ​នាំ​ ប្រៀន​ប្រ​ដៅ​ប្រ​ជា​ជន​ខាង​ផ្លូវ​ចិត្ត​ ការ​ធ្វើ​បែប​នេះ​ជា​រដ្ឋ​សាស​នោ​បាយ​ ជួយ​ឲ្យ​ប្រ​ទេស​ជាតិ​រួម​ជា​ធ្លុង​មួយ​ ដោយ​មាន​ស្តេច​ចក្រ​ពត្តិ​ជា​ទី​រួប​រួម​ស្មារតី​, លុះ​ដល់​រាជ​សម័យ​ស្តេច​ចក្រ​ពត្តិ​ ជោ​មុ​មិកា​ដោ អង្គ​ទី​ ៤៥ ​ស៊ឹង​គ្រង​​រាជ​នៅ​ក្រុង​ណា​រា​នេះ​ ព្រះ​អង្គ​ទ្រង់​បាន​ប្រកាស​រាជ​ឱង្ការ​មួយ​ច្បាប់​ ក្នុង ព.ស.​១២៨៤ បញ្ញត្តិ​ឲ្យ​កសាង​វត្ត​រាជ​ការ​ប្រចាំ​ខេត្ត​ទូ​ទៅ​ទាំង​ប្រទេស​ គ្រា​នោះ​ក៏​បាន​កើត​មាន​វត្ត​តោ​ដៃ​ចិ​ឡើង​ក្នុង​ក្រុង​ណារា​ ជា​ទី​ប្រតិស្ឋាន​ព្រះ​ពុទ្ធ​រូប​ព្រះ​មហា​វិរោ​ចនៈ​ខ្ពស់​ ៥៣​​ហត្ថ​កន្លះ​ និង​ ទូ​ទៅ​ទាំង​ ៦៤​ ខេត្ត​មាន​វត្ត​ប្រ​ចាំ​ខេត្ត​មួយ​ៗ​ហៅ​ថា កោកុ​បុន្ន​ចិ​ (វត្ត​រាជ​ការ​សំរាប់​ព្រះ​ភិក្ខុ​) និង​ កោកុ​បុន្និ​ចិ​ (វត្ត​រាជ​​ការ​សំរាប់​ព្រះ​ភិក្ខុ​នី​) មាន​ព្រះ​ពុទ្ធ​រូប​ព្រះ​សក្យ​មុនី​ ជា​ពុទ្ធ​ប្រតិស្ឋាន​គ្រប់​ទី​កនែ្លង​ កំពស់​១៦​ហត្ថ​។​ ការ​កសាង​វត្ត​ទាំង​អស់​នេះ​ ជា​សមិទ្ធ​ផល​រួម​គ្នា​រវាង​ស្តេច​ចក្រ​ពត្តិ​ជា​មួយ​ និង​ ប្រជា​ជន​ និង​ ឲ្យ​ព្រះ​សង្ឃ​គង់​នៅ​ចាំ​វត្ត​ ទាំង​អស់​នោះ​បាន​សិក្សា​ព្រះ​សូត្រ​ ព្រម​ទាំង​អប់​រំ​ ប្រៀន​ប្រ​ដៅ​ឲ្យ​ការ​ដល់​ប្រ​ជា​ជន​ ការ​ដឹក​នាំ​បំរើ​ប្រ​ទេស​ជាតិ​អាស្រ័យ​ពុទ្ធ​ធម៌​ជា​គ្រឿង​នាំ​ផ្លូវ​វប្ប​ធម៌​ជាតិ​ ក៏​បាន​រីក​ចម្រើន​ឡើង​រុង​រឿង​ណាស់​ រហូត​ដល់​មាន​ឈ្មោះ​ហៅ​យុគ​នេះ​ជា​ពិ​សេស​ថា៖ តេម​ប៉ៀវ​ ប្រែ​ថា​ មាន​សន្តិ​ភាព​ទូ​ទៅ​ទាំង​មេឃ​ និង​ ដី​។

    ត​មក​ស្តេច​ចក្រ​ពត្តិ​ មាន​ព្រះ​រាជ​បំណង​ នឹង សិក្សា​បដិ​បត្តិ​ធម៌​ឲ្យ​ខ្ពស់​ឡើង​ ទើប​បាន​លះ​រាជ​សម្បត្តិ​ ឲ្យ​ព្រះ​ធីតា​តែ​មួយ​គត់​របស់​ព្រះ​អង្គ​ឡើង​គ្រង​រាជ្យ​ ព្រះ​នាម​ស្តេច​ចក្រ​ពត្តិ​នី​ កោ​កេន​ជា​មិ​កា​ដោ​ ព្រះ​អង្គ​ទី​៤៦ ព្រះ​ចក្រ​ពត្តិ​នី​ បាន​ដើរ​តាម​គន្លង​ព្រះ​រាជ​បិតា​ ត​មក​បាន​សាង​ព្រះ​ផ្នួស​ជា​ភិក្ខុ​នី​ ឲ្យ​ស្តេច​ចក្រ​ពត្តិ​នី​ ចុន​និន​ឡើង​គ្រង​រាជ្យ​ជំនួស​ តែ​ស្តេច​ចក្រ​ពត្តិ​កោ​កេន​ ទ្រង់​ព្រះ​ផ្នួស​មិន​យូរ​ប៉ុន្មាន​ ក៏​លា​ចាក​សិក្ខា​បទ​ឡើង​គ្រង​រា​ជ្យ​ថ្មី​វិញ​។ ជា​មិកា​ដោ​អង្គ​ទី​៤៨​ ទ្រង់​ព្រះ​នាម​ថ្មី​ថា​៖ ស្តេច​ចក្រ​ពត្តិ​នី​ ជោ​តោកុ​ ព្រះ​នាង​មាន​ព្រះ​តម្រិះ​ថា​ គួរ​ នឹង មាន​មន្ត្រី​ជា​ភិក្ខុ​មក​ជួយ​គ្រប់​គ្រង​រាជ​ការ​ផង​ ទើប​បាន​ស្ថាបនា​ ព្រះ​ភិក្ខុ​ ដោកៀវ ឡើង​​ជា ដះ​ជោ​ដៃ​ចិន​សេន​ចិ ប្រែ​ថា​ព្រះ​ភិក្ខុ​ប្រ​មុខ​មន្ត្រី​។

    ចំណុច​នេះ​ស្តេច​ចក្រ​ពត្តិនី​ ទ្រង់​មាន​សទ្ធា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ​និង​ ទ្រង់​បាន​ឧបត្ថម្ភ​ ការ​បដិ​បត្តិ​ធម៌​ខ្លាំង​ណាស់​ បាន​ជា​ហេតុ​ឲ្យ​ជន​ពាល​មួយ​ចំនួន​ ចង់​បាន​កេរិ៍្ត​ឈ្មោះ និង លាភ​សក្កា​រៈ​ចូល​មក​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ នាំ​ឲ្យ​កើត​សេច​ក្តី​រិច​រិល​សទ្ធា​ក្នុង​ព្រះ​ពុទ្ធ​សា​សនា​ គណៈ​សង្ឃ​ និង​ សេដ្ឋ​កិច្ច​ របស់​ផែន​ដី​អន់​ថយ​ចុះ​ រាប់​ថា​ជា​ហេតុ​ការ​អន់​ថយ​ និង សៅ​ហ្មង​ចុះ​នៃ​រាជ​ធានី​ណារា​ ធ្វើ​ឲ្យ​កើត​ការ​ផ្លាស់​ប្តូរ​កែ​តម្រូវ​ផែន​ដី​ថ្មី​ ព្រម​ទាំង​ការ​ផ្លាស់​ប្តូរ​ រាជ​ធានី​ទៅ​តាំង​នៅ​តូក្យូ​។​