ព្រះពុទ្ធសាសនានៅប្រទេសចិន(ត)


ថ្ងៃសៅរ៍ ទី29.មិថុនា 2019.ម៉ោង 10:08

១០.សម័យរាជវង្សម៉ីង ឬ ម៉េង (ព.ស.១៩១១ ដល់ ២១៨៧)
   ព.ស.១៩១១ដល់ ១៩៤៣ រជ្ជ​កាល​ព្រះ​បាទ​ថៃ​ចូវ​ ឬ​ហុង​វូ ឬ​ហ័ង​ប៊ូ ព្រះ​មហា​ក្សត្រ​ធ្លាប់​បាន​ទ្រង់​ព្រះ​ផ្នួស​មក​ពី​មុន ទើប​ទ្រង់​ឧបត្ថម្ភ​ទំនុក​បំរុង​ព្រះ​ពុទ្ធ​សាសនា​អោយ​ចំរើន​គង់​វង្ស​ឡើង​វិញ​ទៀត​។
   ព.ស.២០៦៩ ដល់ ២១០៩ រជ្ជ​កាល​កាល​ព្រះ​បាទ​ស៊ី​ចុង​ ក្សត្រ​អង្គ​នេះ​ជ្រះ​ថ្លាលទ្ធិ​តៅ​យ៉ាង​ខ្លាំង​ និង ជា​បដិ​បក្ខ​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ ទើប​ព្រះ​ពុទ្ធ​សាសនា​ត្រូវ​បំផ្លាញ​មួយ​គ្រា​ធំ​ទៀត​ ដោយ​ចាប់​ផ្តើម​បំផ្លាញ​ព្រះ​ពុទ្ធ​រូប បំផ្លាញ​វត្ត​ អោយ​អ្នក​បួស​តៅ​ចូល​ទៅ​នៅ​វត្ត​ វត្ត​ត្រូវ​ប្តូរ​អោយ​ទៅ​ជា​សំណាក់​តៅ ភិក្ខុ​គ្រង​ចីវរ​បែប​តៅ ពិធី​កម្ម​ព្រះ​ពុទ្ធ​សាសនា​ និង តៅ​លាយ​លំ​ជា​មួយ​គ្នា​ទាំង​អស់​។
   ព.ស.២១៤៤ ដល់ ២១៨៦ គ្រឹស្ត​សាសនា​ចាប់​ផ្តើម​ចូល​មក​ផ្សព្វ​ផ្សាយ​នូវ​មាកៅ​ តាំង​តែ​ដើម​ពុទ្ធ​សត​វត្សរ៍​ទី​២១​ បាន​ផ្តើម​ចូល​មក​មាន​ឥទ្ធិ​ពល​ក្នុង​ព្រះ​រាជ​សំណាក់​ និង បាន​ជួយ​ផ្តល់​ចំណេះ​វិជ្ជា​សម័យ​ថ្មី​ដល់​ចិន​ នៅ​ពី​សម័យ​រាជ​វង្ស​ឈេង​ត​ៗ​ទៅ​យ៉ាង​ច្រើន​។

១១.សម័យរាជវង្សឈីងឫ ឈេង (ព.ស.២១៨៧-២៤៥៥)
    ព.ស.២១៨៧-២៣៣៨ នា​ពេល​រាជ​វង្ស​ឈេង​ជា​កុល​សម្ព័ន្ធ​ ម៉ែន​ជូ ឡើង​គ្រង​មហា​អាណា​ចក្រ​ចិន ក៏​បាន​បង្ខំ​អោយ​ប្រជា​ជន​ទុក​សក់​កន្ទុយ​សេះ​ជំនួស​​ទុក​សក់​វែង​ ហើយ​អោយ​តែង​កាយ​បែប​ម៉ែន​ជូ មាន​ជន​ជាតិ​ចិន ដែល​បំពាន​ត្រូវ​ប្រហារ​ជីវិត​រាប់​លាន​អ្នក​ នៅ​កណ្តាល​រាជ​វង្ស​នេះ​ មាន​ក្សត្រ​ពោរ​ពេញ​ទៅ​ដោយ​បុណ្យ​បារមី​ពីរ​ព្រះ​អង្គ​គឺ ព្រះ​បាទ​គ័ង​ហី​ និង​ ព្រះ​បាទ​គាង​លុង​ ដែល​ជា​អ្នក​ចម្បាំង​យ៉ាង​ក្លា​ហាន​ ទាំង​ជា​អ្នក​គ្រប់​គ្រង​យ៉ាង​មាន​សក្តា​នុ​ពល លើក​ស្ទួយ​ វណ្ណ​កម្ម​ការ​សិក្សា​ វិជ្ជា​ការ​ផ្សេង​ៗ​ ប៉ុន្តែ​ខាង​ផ្នែក​ព្រះ​ពុទ្ធ​សាសនា​ បែរ​ជា​ទ្រង់​ប្រិត​ប្រៀន​ការ​បួស​ គឺ​ចាំ​បាច់​ត្រូវ​បាន​ការ​អនុញ្ញាត​ជា​ផ្លូវ​ការ​មុន​សិន​ ហាម​កសាង​វត្ត​ថ្មី​ ឬ​ពង្រីក​បរិ​វេណ​វត្ត​ចាស់​ ចំណែក​ខាង​ផ្នែក​វិជ្ជា​ការ ជួយ​ឧបត្ថម្ភ​ខ្លះ​ ដូច​ជា​អោយ​ប្រ​មូល​រួម​រួម​ព្រះ​ត្រៃ​បិដក​ថ្វាយ​ប្រគេន​រាល់​វត្ត​ អោយ​ប្រែ​ព្រះ​ត្រៃ​បិដក​ ជា​ភាសា​ម៉ែន​ជូ​រៀ​ ទ្រង់​ឧបត្ថម្ភ​ទំនុក​បំរុង​ ចំពោះ​តែ​ព្រះ​សង្ឃ​លាមៈ​។​
   ព.ស.២៣៩៧ ពួក​សក់​វែង​ដែល​គោរព​គ្រឹស្ត​សាសនា​ កើត​ការ​ក្បត់​យូរ​ដល់​ ១៥​ឆ្នាំ ធ្វើ​អោយ​វត្ត និង ព្រះ​គម្ពីរ​នៅ​ ភាគ​ខាង​ត្បូង​ត្រូវ​បំផ្លិច​បំផ្លាញ​ស្ទើរ​តែ​អស់​ទៅ​។
   ព.ស.២៤០៩-២៤៥៥ អ្នក​រាជ​ការ​ម្នាក់​ឈ្មោះ ​យ៉ាង​ វ៉ាន ហុយ​ បាន​ខ្វល់​ខ្វាយ​ស្តារ​ឡើង​វិញ ការ​សិក្សា​ព្រះ​ពុទ្ធ​សាសនា​ និង​ ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​ឆ្ពោះ​ទៅ​បរទេស​ ជួយ​ស្ថាន​ការណ៍​ព្រះ​ពុទ្ធ​សាសនា​ដែល​កំពុង​តែ​អន់​ថយ​អោយ​ចំរើន​ឡើង​ខ្លះ​។
   ព.ស.២៤៤៧ រាជ​ការ​តែង​កែ​ទម្រង់​របប​ការ​គ្រប់​គ្រង​ថ្មី​ទៅ​តាម​បែប​បច្ចឹម​ប្រទេស​ អោយ​ភូមិ​ស្រុក​គ្រប់​គ្រង​ខ្លួន​ឯង​ធ្វើ​អោយ​ជន​ដែល​មាន​គំនិត​អាក្រក់​បាន​ឱកាស​ចូល​ទៅ​រឹប​អូស​យក​វត្ត​ និង​ ស្រែ​ចំការ​ ដោយ​សំអាង​ថា​ កែ​ប្រែ​ជា​សាលា​រៀន​ វត្ត​ត្រូវ​បំផ្លិច​បំផ្លាញ​​អស់​ជា​ច្រើន​។​
   ព.ស.២៤៥១ មាន​ការ​ប្រកាស​ប្រើ​រដ្ឋ​ធម្មនុញ្ញ​ ហើយ​ក៏​ជា​ឆ្នាំ​តែ​មួយ​ដែល​ព្រះ​បាទ​កួង​ស៊ូ និង ព្រះ​នាង​ជូ​ស៊ី​ថាយ​ហ៊ៅ​ ព្រះ​អង្គ​សោយ​ទិ​វង្គត​។
   ពោល​ដោយ​សរុប​ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រទេស​ចិន​រុង​រឿង​បំផុត​ នា​សម័យ​រាជ​វង្ស​ថ័ង​ ក្រោយ​ពី​នោះ​មក​ក៏​អន់​ថយ​ចុះ​ជា​លំដាប់​ បាន​ស្តារ​ឡើង​វិញ​ពេញ​ជា​រូប​រាង​ នៅ​សម័យ​រាជ​វង្ស​ស៊ុង​ ឬ​សង​ ក៏​ទ្រុឌ​ទ្រោម​ចុះ​មក​វិញ​ រាប់​តាំង​អំពី​សម័យ​រាជ​វង្ស​ងួន​របស់​ម៉ុង​ហ្គោលី​ជា​ដើម​មក​ មាន​តែ​ព្រះ​បាទ​ថាយ​ចៅ​ក្សត្រ​ដំបូង​នៃ​រាជ​វង្ស​ម៉េង​ មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ​ដែល​ទំនុក​បំរុង​ព្រះ​ពុទ្ធសា​សនា​យ៉ាង​ពិត​ប្រាកដ​ ព្រោះ​ធ្លាប់​បាន​បួស​ពីមុន​ ក្រៅ​ពី​នោះ​លើក​ដំកើង​ព្រះ​ពុទ្ធ​សាសនា​ មួយ​គ្រា​ៗ​ដើម្បី​ផល​ប្រយោជន៍​ក្នុង​ការ​គ្រប់​គ្រង​ ជា​ពិសេស​យក​ចិត្ត​ព្រះ​សង្ឃ​លាមៈ​ ដើម្បី​កាន់​កាប់​ទី​បេ​ដោយ​ងាយ​ ជា​ហេតុ​នាំ​អោយ​ការ​សិក្សា​​ព្រះ​ធម៌​វិន័យ​ទ្រុឌ​ទ្រោម​អន់​ថយ​យ៉ាង​ខ្លាំង​ តែ​មាន​ការ​គោរព​លើ​មន្ត​អាគម​ និង ពិធី​កម្ម​បួង​សួង​ ថែម​ទាំង​ក្សត្រ​អង្គ​ខ្លះ​នៅ​មាន​ជំនឿ​លទ្ធិ​តៅ បំផ្លិច​បំផ្លាញ​ព្រះ​ពុទ្ធ​សាសនា​ទៀត​។​ ព្រះ​ពុទ្ធ​សាសនា​អន់​ថយ​ដល់​កំរិត​ ដែល​វត្ត​ធំ​ៗ ព្រះ​សង្ឃ​ត្រូវ​ធ្វើ​ស្រែ ​និង​ អាស្រ័យ​ប្រាក់​ឈ្នួល​ស្រែ​ដើម្បី​រស់​នៅ​ ចំណែក​វត្ត​តូច​ៗ​អាស្រ័យ​ការ​ជួល​​កុដិ​ខ្លះ​ ប្រកប​ពិធី​កុង​តេច​ខ្លះ​ មិន​មាន​កម្លាំង​ដើម្បី​ទំនុក​បំរុង​អោយ​ការ​សិក្សា​ព្រះ​ធម៌​វិន័យ​ រហូត​ត​មក​ដល់​ចុង​រាជ​វង្ស​ឈេង​ ទើប​មាន​អ្នក​រាជ​ការ​ខ្លះ​ជួយ​ស្តារ​ឡើង​វិញ​ ​និង​ ទ្រ​ទ្រង់​រក្សា​ទុក​បាន​មួយ​ចំណែក​។

១២.សម័យសាធារណរដ្ឋ (ព.ស.២៤៥៥ ជាដើមមក)
    ព.ស.២៤៥៥ ក្សត្រ​ម៉ែន​ជូ​អង្គ​ចុង​ក្រោយ​ដែល​នៅ​ជា​ព្រះ​កុមារ លះ​បង់​រាជ​សម្បត្តិ​ចិន​ប្រកាស​តាំង​សាធា​រណ​រដ្ឋ​តុង​ហ្វួ​ ឬ​សាធា​រណ​រដ្ឋ​ចិន ព.ស.២៤៦៥ ។ ហ្វេង​យ៉ូ​សៀង អ្នក​ជំនឿ​គ្រឹស្ត​សាសនា​មាន​ឈ្មោះ​សាមញ្ញ​ថា នាយ​ពល​គ្រឹស្ត បាន​ជា​អភិ​បាល​ធំ នៅ​មណ្ឌល​ហ៊ូ​ណាន​ លោក​នេះ​បាន​បំផ្លាញ​វត្ត​ព្រះ​ពុទ្ធ​សាសនា​ និង សំណាក់​តៅ​នៅ​ហ៊ូ​ណាន​ចោល​ទាំង​អស់​ វត្ត​ប៉េះ​ប៉េ​យ៉ី ដែល​កសាង​ពេល​ព្រះ​ពុទ្ធ​សាសនា​បាន​ផ្សាយ​ចូល​ប្រទេស​ចិន​ដំបូង​ ក៏​ត្រូវ​បាន​បំផ្លាញ​ចោល​ក្នុង​គ្រា​នោះ​ដែរ​។
   ពោល​ដោយ​សរុប​ស្ថាន​ការណ៍​ព្រះ​ពុទ្ថ​សាសនា​ចាប់​តាំង​ពីសាធា​រណ​រដ្ឋ​ចិន​ រហូត​មក​ទល់​ នឹង សម័យ​កុក​ម៉ីញ​តាំង​ ឬ​ក្រុម​ចិន​ជាតិ​និយម​ មិន​បាន​ល្អ​ជាង​សម័យ​រាជ​វង្ស​ឈេង​របស់​ម៉ែន​ជូ​ ទោះ​ជា​មាន​ឥស្ស​រភាព​ល្អ​ឡើង​ រដ្ឋ​មិន​សូវ​ជា​មាន​បដិ​បក្ខ​យ៉ាង​ធ្ងន់​ធ្ងរ​ តែ​ក៏​មិន​សូវ​ជា​បាន​ឋិត​ថេរ​ប៉ុន្មាន​ ជា​ពិសេស​គោល​គំនិត​ លទ្ធិ​ម៉ាក​និយម​បាន​ផ្សាយ​ចេញ​យ៉ាង​ទូលំ​ទូលាយ​ មាន​ការ​វាយ​ប្រហារ​រិះ​គន់​ព្រះ​ពុទ្ធ​សាសនា​ លើក​ស្ទួយ​ទង្វើ​ដែល​ជា​បដិ​បក្ខ​ដល់​ព្រះ​ពុទ្ធ​សាសនា​ និង ស្ថាន​ទី​របស់​វត្ត​យក​ទៅ​ប្រើ​ក្នុង​កិច្ច​ការ​ប្រទេស​ជាតិ​ បុគ្គល​ដ៏​សំខាន់​ដែល​ជួយ​ស្រោច​ស្រង់​ឡើង​វិញ​នូវ​ព្រះ​ពុទ្ធ​សាសនា​ បាន​មួយ​ចំណែក​គឺ​ព្រះ​អាចារ្យ​ថាយ​ស៊ី​ ឬ​ថាយ​ស៊ូ (ព.ស.២៤៣២-២៤៩០)។
    ព.ស.២៤៦៥ ដោយ​អា​ស្រ័យ​ស្ថាន​ការណ៍​ព្រះ​ពុទ្ធ​សាសនា​អន់​ថយ​ទ្រុឌ​ទ្រោម​ចុះ និង មាន​ការ​បៀត​បៀន​ គាប​សង្កត់​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ខ្លាំង​ ទើប​អាចារ្យ​ថែ​សូ​ដំណើរ​ការ​បដិ​រូប​ព្រះ​ពុទ្ធ​សាសនា​ជា​វារៈ​ធំ​ ទោះ​ជា​មាន​កំលាំង​ស្តួច​ស្តើង​ក៏​ដោយ​ ផ្តើម​ដោយ​ការ​បង្កើត​វិទ្យា​ល័យ​សង្ឃ​ឡើង​នៅ​វូជ័ង​ ​អេ​ម៉ឹង​សេ​ឆួន​ និង លិង​ណាន​ ដើម្បី​អប់​រំ​ហ្វឹក​ហាត់​មេ​ដឹក​នាំ​ព្រះ​ពុទ្ធ​សាសនា​អោយ​ព្រះ​សង្ឃ​មាន​ចំណេះ​វិជ្ជា​ ទាំង​ព្រះ​ធម៌​វិន័យ​ និង វិជ្ជា​ការ​សម័យ​ថ្មី​របស់​បច្ចឹម​ប្រ​ទេស រួច​ដំណើរ​ការ​ខាង​ការ​សិក្សា​ ការ​ផ្សព្វ​ផ្សាយ និង ការ​បំពេញ​ប្រយោជន៍​ រហូត​ដល់​ចាត់​តាំង​ពុទ្ធ​សមា​គម​នៃ​ប្រ​ទេស​ចិន​ សំរេច​នូវ ព.ស. ២៤៧២។ ការ​ប្រកាស​ព្រះ​ពុទ្ធ​សាសនា​វិធី​ថ្មី​របស់​លោក​ ធ្វើ​អោយ​បញ្ញា​ជន​យល់​ច្បាស់​ព្រះ​ពុទ្ធ​សាសនា​ច្រើន​ឡើង​ លោក​បាន​ទំនាក់​ទំនង​ជា​មួយ​ពុទ្ធ​សាស​និក​បរ​ទេស​ បញ្ជូន​អ្នក​សិក្សា​ទៅ​រៀន​សូត្រ​នូវ​ប្រទេស​សិរី​លង្កា​ ថៃ និង ជប៉ុន​ ស៊ី​ជម្រៅ​ដល់​ការ​ងារ​ថ្នាក់​ជាតិ​ របស់​រដ្ឋ​ សំដែង​អោយ​រដ្ឋ​ឃើញ​នូវ​គុណ​តម្លៃ​របស់​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ការ​បង្រួប​បង្រួម​ជន​ ដែល​មាន​ពូជ​អម្បូរ​ផ្សេង​គ្នា​ទាំង​ ៥​សញ្ជាតិ របស់​ចិន​អោយ​ជា​ជាតិ​តែ​មួយ​ជា​ដើម​ ធ្វើ​អោយ​មាន​ការ​ទទួល​ស្គាល់​ឥស្សរ​ភាព​របស់​សាសនា​កើន​ឡើង​ មាន​ការ​ចេញ​បញ្ជា​អោយ​មាន​ការ​ពារ​ទ្រព្យ​សម្បត្តិ​របស់​វត្ត​ និង បញ្ឈប់​ការ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​វត្ត​ ដែល​យក​ទៅ​ប្រើ​ការ​ងារ​ខាង​ក្រៅ​។​
    ព.ស.២៤៧៣ មាន​ស្ថិតិ​បង្ហាញ​ថា​ នៅ​ប្រទេស​ចិន​មាន​ព្រះ​សង្ឃ និង ដូន​ជី (ចិន​ហៅ​ថា ភិក្ខុ និង ភិក្ខុ​នី) ៧៣៨០០០ អង្គ និង វត្ត ២៦៧០០០វត្ត។

១៣.សម័យសាធារណរដ្ឋប្រជាជនចិន (ព.ស.២៤៩២ ជាដើមមក)
កុម្មុយ​និស្ត​បាន​ចូល​គ្រង​អំណាច​នៅ​ប្រទេស​ចិន ពេល ព.ស.២៤៩២ ស្ថាន​ការណ៍​ព្រះ​ពុទ្ធ​សាសនា​ក្នុង​រយៈ​កាល​ក្រោយ​នេះ​ មិន​បាន​ជា​ទី​ដឹង​ស្គាល់​ប៉ុន្មាន​ ក្នុង​ទី​នេះ​ នឹង​ ពោល​ទៅ​តាម​គោល​ ដែល​គេន​នេច​ឆើន​ ស្តែង​ទុក​ក្នុង​សៀវ​ភៅ “ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រ​ទេស​ចិន​”​។ ក្នុង​ឋាន​ជា​ជន​កុម្មុយ​និស្ត​គោរព​ជឿ​លទ្ធិ​ម៉ាក​ ដែល​ជា​លទ្ធិ​មួយ​ផ្សេង​ដោយ​ឡែក​ ហើយ​មាន​មូល​ដ្ឋាន​ពាក្យ​ប្រៀន​ប្រដៅ​ខ្វែង​ ទំនាស់​ជា​មួយ​សាសនា​ទាំង​ឡាយ​ ទើប​មិន​ចាំ​បាច់​ត្រូវ​អោយ​មាន​ព្រះ​ពុទ្ធ​សាសនា​នៅ​រួម​ជា​មួយ​ តែ​ខាង​ដើម​ឃើញ​ថា​ ព្រះ​ពុទ្ធ​សាសនា​ទោះ​ជា​ទ្រុឌ​ទ្រោម​ចុះ​ហើយ​ ក៏​ប៉ុន្តែ​មាន​ឥទ្ធិ​ពល​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ក្រុម​ប្រជា​ជន​ ទើប​ពុំ​ទាន់​ឃើញ​ជា​មាន​ឱកាស​ដែល​ នឹង ជាប់​ពាក់​ព័ន្ធ​ ដោយ​ប្រើ​វិធី​ការ​ត្រង់​ ឬ ការ​សំដែង​ចេញ​ច្បាស់​លាស់​ ទើប​ផ្តើម​អោយ​មាន​សេរី​ភាព​ក្នុង​ជំនឿ​សាសនា​មុន​ តែ​បញ្ជាក់​សេរី​ភាព​ក្នុង​ការ​ដែល​មិន​ជឿ ​និង​ ព្រម​អោយ​មាន​ការ​វាយ​តម្លៃ​សេច​ក្តី​បក​ស្រាយ​សេរី​ភាព​នេះ​ នៅ​ក្នុង​មុម​នៃ​សិទ្ធិ​ដែល​នឹង​ប្រឆាំង​ជំនឿ​ខាង​សាសនា​។

   ព.ស.២៤៩៣ ចេញ​ប្រកាស​ខ​កំណត់​ថា ព្រះ​សង្ឃ​ជា​បញ្ញើរ​ក្អែក​សង្គម​ ព្រម​ជា​មួយ​នោះ​ នៅ​បង្កើត​គំនិត​អោយ​មាន​ការ​បែង​ចែក​អ្នក​ស្រុក​ជា​មួយ​ព្រះ​សង្ឃ​ និង​ ព្រះ​សង្ឃ​ទូ​ទៅ​ ជា​មួយ នឹង ព្រះ​សង្ឃ​អ្នក​គ្រប់​គ្រង​ ថា​ជា​អ្នក​ផ្សេង​វណ្ណៈ​គ្នា​។
   ព.ស.២៤៩៤ ដក​ហូត​សិទ្ធិ​របស់​វត្ត​ក្នុង​ការ​គ្រប់​គ្រង​ដី​ធ្លី​ ជា​ការ​គាប​សង្កត់​ក្នុង​ផ្នែក​ទ្រទ្រង់​ជីព​ ស្ទើរ​ នឹង បង្ខំ​ដោយ​ប្រ​យោល​អោយ​ភិក្ខុ និង ភិក្ខុនី​សឹក ចំណែក​អ្នក​ដែល​មិន​សឹក​ក៏​ត្រូវ​ប្រកប​អា​ជីព​ ដូច​ជា​ធ្វើ​​ស្រែ សាង​រោង​ចក្រ​ឧស្សា​ហកម្ម​ខ្នាត​តូច​ ដាំ​តែ បង្រៀន​នៅ​សាលា​រៀន​ជា​ដើម​ ទន្ទឹម​នោះ​ដែរ​ក៏​ព្យា​យាម​អប់​រំ​អោយ​លះ​​បង់​ជំនឿ​នូវ​លទ្ធិ​ពាក្យ​ប្រៀន​ប្រដៅ​ ដែល​ក្រៅ​អំពី​លទ្ធិ​ម៉ាក​និយម​។​
   ព.ស.២៤៩៦ ពេល​ដែល​ចំនួន​ព្រះ​សង្ឃ​ថយ​ចុះ និង​ អន់​ថយ​កម្លាំង​ ហើយ​ទើប​តាំង “ពុទ្ធ​សមា​គម​នៃ​ប្រ​ទេស​ចិន”​ ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា​ ដោយ​គោល​បំណង​ គឺ​ដើម្បី​បញ្ចូល​គ្នា​នូវ​ពុទ្ធ​បរិ​ស័ទ​ទាំង​អស់​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋ​បាល​ប្រ​ជា​ជន​ ដើម្បី​សម្តែង​សេច​ក្តី​ស្រឡាញ់​ដល់​មាតុ​ភូមិ​ និង​ រក្សា​​សន្តិ​ភាព​លោក​ ហើយ​បែង​ចែក​គោល​បំណង​ចេញ​ជា​ ៤​ខ គឺ​ ដើម្បី​ជា​មជ្ឈ​មណ្ឌល​ក្នុង​ការ​ទំនាក់​ទំនង​រវាង​រដ្ឋា​ភិបាល​ ជា​មួយ​ពុទ្ធ​សាស​និក​ជន​ដើម្បី​អប់​រំបុគ្គ​លិក​ខាង​ពុទ្ធ​សាសនា​ ដើម្បី​លើក​ស្ទួយ​ការ​ងារ​ខាង​វប្ប​ធម៌​របស់​ព្រះ​ពុទ្ធ​សាសនា​ ​និង​ លើក​ស្ទួយ​ការ​រួម​ដៃ​គ្នា​ខាង​ពុទ្ធ​សាសនា​ជា​មួយ​អន្តរ​ជាតិ​។
​    ហេតុ​នេះ​អ្នក​និពន្ធ​សៀវ​ភៅ “ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រទេស​ចិន​” សរុប​ថា គោល​បំណង​ដ៏​ពិត​ប្រាកដ​ក៏​គឺ​ ដើម្បី​ជា​មជ្ឈ​មណ្ឌល​សំរាប់​រដ្ឋា​ភិបាល​យក​ចិត្ត​ទុក​ដាក់​ពិត​ និង ត្រួតត្រា​ពុទ្ធ​សាស​និក​ជន​ទាំង​អស់​អោយ​បាន​ និង​ ជា​ការ​បើក​ផ្លូវ​អោយ​រដ្ឋា​ភិបាល​ជា​អ្នក​ដំណាង​របស់​ពុទ្ធ​បរិស័ទ​ក្នុង​ការ​ងារ​អន្តរ​ជាតិ​ ក្រៅ​ពី​នោះ​ ដើម្បី​តប​ស្នង​នយោ​បាយ​នេះ​ ក៏​បាន​ចេញ​ទស្សនា​វដ្តី​ប្រចាំ​ខែ​ឈ្មោះ ​“ព្រះ​ពុទ្ធ​សាសនា​សម័យ​ថ្មី​” (Modern Buddhism)។ ចំណែក​ខាង​គោល​គំនិត​ក៏​ប្រាថ្នា​អោយ​ងាក​ចេញ​អំពី​គោល​ការណ៍​មេត្តា​ករុណា​ ឆ្ពោះ​ទៅ​រក​ការ​ទំនាស់​ទាស់​ទែង​ និង ​ការ​ត​ស៊ូ​។​ ក្រៅ​ពី​នេះ​ រដ្ឋា​ភិបាល​ទំនុក​បំរុង​ មើល​ថែ​រក្សា​វត្ត និង​ សម្បត្តិ​ស្អាត​ស្អំ​ក្នុង​ទី​ផ្សេង​ៗ ជា​ពិសេស​ ប្រកាន់​ថា​ជា​លទ្ធ​ផល​របស់​ប្រជា​ជន​ តែ​បន្ទាប់​មក​ប្រាកដ​ថា សិល្បៈ​វត្ថុ​ ​និង សាសន​ស្ថាន​ ផ្សេង​ៗ​ត្រូវ​បាន​ពួក​រេ​កាត (red card) បំផ្លិចបំផ្លាញ​ចោល​ជា​ចំនួន​ច្រើន​។​
   ព្រះ​ពុទ្ធ​សាសនា​នៅ​ចិន​បាន​ទ្រុឌ​ទ្រោម​ចុះ​ អស់​រយៈ​វេលា​យ៉ាង​យូរ​ក្នុង​យុគ​ក្រោយ​ៗ​ ព្រោះ​ជួប​ប្រទះ​ការ​គាប​សង្កត់​ផ្សេង​ៗ និង ភាព​ទន់​ខ្សោយ​ផ្ទៃ​ក្នុង​ ជា​ពិសេស​ក្នុង​ផ្នែក​សិក្សា​ប្រតិ​បត្តិ​ធម៌​វិន័យ​ និង ការ​ងាក​ចេញ​ទៅ​រក​លទ្ធិ​ផ្សេង​ៗ សភាវៈ​ទាំង​នេះ ទោះ​ជា​កុម្មុយ​និស្ត​មិន​ចូល​ទៅ​គ្រប់​គ្រង​ មិន​មាន​ការ​បំផ្លាញ​អោយ​សាប​សូន្យ​ ក៏​ត្រូវ​មាន​ការ​កែ​ទម្រង់​ដែរ​ ដូច​ដែល​លោក ថៃស៊ូ បាន​ផ្តួច​ផ្តើម​ឡើង​ជា​ខាង​ដើម​ សូម្បី​ព្រះ​មហា​ក្សត្រ​ក្នុង​ជំនាន់​មុន​ក៏​ទ្រង់​បាន​ធ្វើ​រួច​ហើយ​ជា​ច្រើន​គ្រា​ រឿង​ដែល​ជំពាក់​មាន​ការ​វិនិច្ឆ័យ​ម៉្យាង​គឺ​ ដែល​ធ្វើ​ដូច្នោះ​ ជា​ការ​កែ​ទម្រង់​ដើម្បី​ស្តារ​ឡើង​វិញ​ ឬ​ជា​ការ​បំផ្លាញ​ ឬ​ក៏​ជា​ការ​កែ​ទម្រង់​ដើម្បី​បំផ្លាញ​ ដែល​ជា​ការ​ដក​ពិសោធន៍​ជាបន្ត​។
   ដោយ​ហេតុ​តែ​ចិន​ជា​មជ្ឈ​មណ្ឌល​ដ៏​សំខាន់​មួយ​ របស់​ព្រះ​ពុទ្ធ​សាសនា​ រហូត​ទំព័រ​ប្រវត្តិ​សាស្រ្ត​ដ៏​យូរ​លង់​ តែ​យុគ​ក្រោយ​មក​នេះ​ ពុទ្ធ​បរិស័ទ​ខាង​ក្រៅ​មាន​ឱកាស​ជ្រាប​ពត៌​មាន​ដែល​ប្រព្រឹត្ត​ទៅ​តាម​កាល​គួរ កាល​បើ​មិន​ជ្រាប​ពត៌​មាន​ខាង​សាសនា​ដោយ​ត្រង់ ទើប​សូម​នាំ​យក​ហេតុ​ការណ៍​ផ្នែក​ប្រទេស​ជាតិ​ ដែល​ជា​រឿង​របស់​ជាតិ​ដោយ​រួម​ មក​ដាក់​បញ្ចូល​ដើម្បី​អោយ​សម​គួរ​ដល់​ការ​ប្រកប​ការ​ពិចា​រណា សំរាប់​សន្និ​ដ្ឋាន​សភាព​ការណ៍​ខាង​ព្រះ​សាសនា​ក្នុង​ប្រទេស​នោះ​។​
   ក្រោយ​ពី ព.ស.២៤៩៦ មក មាន​ហេតុ​ការណ៍​គួរ​អោយ​ចាប់​អារម្មណ៍​ នៅ​សាធា​រណ​រដ្ឋ​ប្រជា​ជន​ចិន​កើត​ឡើង​ជា​ច្រើន​ទៀត​ បាន​រួប​រួម​ពី​សៀវ​ភៅ​ហេតុ​ការណ៍​ប្រចាំ​ឆ្នាំ និង ឯក​សារ​មួយ​ចំនួន​ដែល​អង្គ​ការ​អ្នក​សិក្សា​មហា​វិទ្យា​ល័យ​ធម្ម​សាស្រ្ត​ ចាត់​បោះ​ពុម្ព ពោល​ឡើង​ចំពោះ​តែ​រឿង​ដែល​សំខាន់​ និង​ គួរ​ដល់​ការ​ពិចារ​ណា ​​ដូច​ត​ទៅ​នេះ​។

    ព.ស. ២៥០២ ចាប់​តាំង​ពី​ឆ្នាំ ២៤៩៩ ជា​ដើម​មក​ ផ្តើម​មាន​ពត៌​មាន​ទាក់​ទង​ នឹង ភាព​ជ្រួល​ច្របល់​ខាង​នយោ​បាយ​ក្នុង​ប្រទេស​ទី​បេ រហូត​ដល់​មាន​ការ​ចលាចល​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​រដ្ឋ​ខាម​ ព្រោះ​ជន​ជាតិ​ទី​បេ​ចង​កំហឹង​ក្នុង​ការ​ដែល​ជន​ជាតិ​ចិន​ច្រើន​សែន​​នាក់​ភៀស​ខ្លួន​ចូល​ទៅ​តាំង​ទី​លំនៅ​ និង មាន​ការ​នាំ​យក​យុវជន​ទី​បេ​ ឆ្ពោះ​ទៅ​ប្រ​ទេស​ចិន​ដើម្បី​ហ្វឹក​ហាត់​អប់រំ​ថ្នាក់​ខ្ពស់​ ត​មក​បាន​មាន​ការ​ចលា​ចល​កើត​ឡើង​នៅ​ក្រុង​លាសា រដ្ឋ​ធានី​របស់​ទី​បេ ព្រោះ​ចិន​ចាប់​​អង្គ​ ដា​លៃ​លាមៈ ​មេ​ដឹក​នាំ​ព្រះ​ពុទ្ធ​សាសនា​និ​កាយលាមៈ​ និង​ ជា​មេ​ដឹក​នាំ​របស់​ប្រទេស​ទី​បេ​ ធ្វើ​អោយ​ព្រះ​អង្គ​គេច​ចេញ​ចាក​ពី​ប្រ​ទេស​ទី​បេ​ បន្ទាប់​មក​ភៀស​ខ្លួន​ទៅ​នៅ​ឯ​ប្រ​ទេស​ឥណ្ឌា​។ ខែ​មីនា ២៥០២ តាំង​តែ​ពី​ពេល​នោះ​មក​ រដ្ឋា​ភិបាល​ទី​បេ​ក៏​បំបែក​ខ្លួន​មាន​គណ​កម្ម​ការ​ មួយ​​គណៈ​ឡើង​មក​គ្រប់​គ្រង ដោយ​មាន​ប៉ាន​ជេន​លាមៈ​ជា​មេ​ដឹក​នាំ​។

    ព.ស.២៥១១ ចាប់តាំងពី ព.ស. ២៥០៦ ចិន​ត្រឡប់​ជា​បដិ​បក្ខ​ជា​មួយ​សហ​ភាព​សូ​វៀត​ ជា​ពួក​លទ្ធិ​កែ​ ដែល​ជា​សត្រូវ​ដ៏​ខ្លាំង​ក្លា​របស់​ចិន​ ស្មើ​ៗ​ នឹង​ចក្រពត្តិ​និយម​អាមេ​រិក​ លីវ​ សៅឆី​ ដែល​បាន​ត​ដំណែង​អំពី​ ម៉ៅ​សេ​តុង​ ជា​ធាន​នៃ​សាធា​រណ​រដ្ឋ​ប្រជា​ជន​ចិន​ តាំង​តែ​ថ្ងៃ​ទី ២៧ មេសា ២៥០២ ជា​ដើម​មក​ មាន​វិវាទ​ប្រ​ជែង​អំណាច​ជា​មួយ​ម៉ៅ​សេ​តុង​ និង លិន​ប៉ៀវ​ ដោយ​រួម​ជា​មួយ​លេខា​ធិការ​បក្ខ​ឈ្មោះ​តេង​ឆៀវ​ប៉ិង​ ប្រ​ឆាំង​នយោ​បាយ របស់​មេ​ដឹក​នាំ​ទាំង​ពីរ​នោះ​យ៉ាង​សម្ងាត់ៗ​ មក​តាំង​តែ​ពី ព.ស.២៥០៥ និង​ មាន​សហ​ជីព​កម្មករ​មូល​ដ្ឋាន​រឹង​មាំ​ ពេល​មក​ដល់​ ព.ស.២៥០៩ ទស្សនា​វដ្តី​របស់​គណ​កម្ម​ការ​កំពូល​បក្ស​កុម្មុយ​និស្ត​ចិន​បាន​ផ្តន្ទា​ទោស​ លិវ សៅ ឆី ថា​ជា​ពួក​លទ្ធិ​កែ​ខាង​មូល​ធន​។ បន្ទាប់​ពី​នោះ​ ពួក​រ៉េត​កាត​ដែល​ជា​អ្នក​គាំ​ទ្រ​ម៉ៅ សេតុង​ បាន​ដំណើរ​ការ​បដិវត្តន៍​ ខាង​វប្ប​ធម៌​មួយ​លើក​ធំ​ រហូត​រយៈ​ពេល​នោះ​ លីវ សៅ ឆី ត្រូវ​ឃុំ​ឃាំង​នៅ​ក្នុង​ផ្ទះ​ រួច​ត្រូវ​ហៅ​ថា​ គ្រុសប​ នៃ​ប្រ​ទេស​ចិន​។ ពេល​មក​ដល់​ខែ​វិច្ឆិកា​ ២៥១១ លីវ សៅ ឆី ក៏​ត្រូវ​ទំលាក់​ចេញ​ពី​ដំណែង​មេ​ដឹក​នាំ​របស់​រដ្ឋ​ អំពី​រាល់​ដំណែង​ក្នុង​បក្ខ​កុម្មុយ​និស្ត​ និង បណ្តេញ​ចេញ​ពី​បក្ស​ដែរ​ រួច​បាត់​ខ្លួន​នៅ​ទី​បំផុត​ ចំណែក​សហ​ជីព​កម្មករ​ក៏​បំបែក​ខ្លួន​ក្នុង​រវាង​ការ​បដិ​វត្តន៍​វប្ប​ធម៌​នោះ​ផង​ដែរ​ (តាំង​ឡើង​ជា​ថ្មី​ទៀត ពេល​មាន​ការ​បដិ​វត្តន៍​វប្ប​ធម៌​បញ្ចប់​រួច​ហើយ​)​។

    ព.ស.២៥១៤ លីន ប៉ៀវ រដ្ឋ​​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ និង​ មេ​ដឹក​នាំ​មេ​ទាហាន​ ដែល​បាន​រួម​ជា​មួយ​ម៉ៅ​សេ​តុង​ ក្នុង​ការ​តស៊ូ​ នឹង លីវ ​សៅឆី​ មក​តាំង​តែ​ពី​ដើម មាន​ភាព​សំខាន់​យ៉ាង​ខ្លាំង​ឡើង​ ជា​ពិសេស​ក្នុង​រវាង​ការ​បដិ​វត្តន៍​ខាង​វប្ប​ធម៌​រវាង​ ព.ស.២៥០៩ ដល់ ២៥១២ ដែល​ចាប់​ផ្តើម​ឡើង​ដើម្បី​តស៊ូ​ជា​មួយ​គំនិត​ បែប​មូល​ធន​និយម​ និង ជា​កម្លាំង​ដើម្បី​គាំ​ទ្រម៉ៅ​ ​សេតុង គណៈ​កម្ម​ការ​បដិវត្តន៍​នេះ​ជា​ត្រី​ភាគី​ ប្រកប​ដោយ​កង​ទ័ព​ជើង​គោក បក្ស​កុម្មុយ​និស្ត ​និង​ ពួក​រ៉េត​កាត (អ្នក​ការ​ពារ​កាត​​ក្រហម​ប្រកប​ដោយ​យុវ​ជន​ប្រុស​ស្រី)​។ ក្នុង​ហេតុ​ការណ៍​នេះ លីន ប៉ៀវ មាន​តួ​នាទី​យ៉ាង​សំខាន់​បំផុត​ ដោយ​បាន​ទទួល​ការ​តែង​តាំង​ជា​មេ​បញ្ជា​ការ​រង​កំពូល​នៃ​ការ​បដិ​វត្តន៍​ខាង​វប្បធម៌​ នៅ​ខែ​សីហា ២៥០៩ និង​ បាន​ជា​អ្នក​បន្ត​វង្ស​ខាង​នយោ​បាយ​របស់​លោក​ប្រធាន​ម៉ៅ​ សេតុង​ជំនួស​លីសៅ​ឆី មក​ដល់​ថ្ងៃ​ទី ៤ ខែ កញ្ញា ក៏​ជា​ប្រធាន​រ៉េត​កាត ពួក​រ៉េត​កាត ក្រៅ​ពី​ការ​ទំលាយ​អំណាច​ខាង​លី​សៅ​ឆី​ហើយ​ នៅ​ប្រាកដ​ថា​បាន​ទំលាយ​សិល្បៈ​វត្ថុ​ បុរាណ​ស្ថាន​ វត្ត​វ៉ា​អារាម​ យ៉ាង​ច្រើន​ផង​ តែ​នៅ​មិន​ទាន់​បាន​ជ្រាប​ជា​លំអិត​។

   ដោយ​ហេតុ​ការណ៍​នេះ លីន ប៉ៀវ និង មេ​ដឹក​នាំ​ទាហាន​ រហូត​បាន​ក្លាយ​អ្នក​ក្តោប​អំណាច​បក្ស​កុម្មុយ​និស្ត។ ភាព​ធំ​ធេង​របស់​លីន ប៉ៀវ បាន​ប្រាកដ​នៅ​រហូត​មក​ដល់​ខែ​កញ្ញា ២៥១៤ ក៏​ត្រឡប់​ជា​បាត់​ឈឹង​ទៅ​ក្នុង​រយៈ​នេះ​ (តាំង​តែ​ពី ព.ស.២៥១៥) ចិន​បាន​បែរ​ទៅ​មាន​សម្ព័ន្ធ​ជា​មួយ​សហ​រដ្ឋ ត​មក​ខាង​ក្រោយ​ ទើប​មាន​ការ​បង្ហាញ​អោយ​ឃើញ​ថា​ លីន ប៉ៀវ បាន​ឃុប​ឃិត​ដាក់​ផែន​ការ​ពិឃាត​លោក​ប្រធាន​ម៉ៅ​សេ​តុង និង ស្ថាប​នា​របប​ផ្តាច់​ការ​ទា​ហាន តែ​ផែន​ការណ៍​មិន​បាន​សម្រេច​ទើប​ឡើង​យន្ត​ហោះ​គេច​ទៅ​ប្រទេស​រូស្ស៊ី តែ​យន្ត​ហោះ​ធ្លាក់​ស្លាប់​នៅ​ក្នុង​កណ្តាល​ផ្លូវ​នា​ប្រទេស​ម៉ុង​ហ្គោ​លី​។

   ចាប់​ពី​ពេល​នោះ​មក​ក៏​មិន​មាន​ការ​តែង​តាំង​អ្នក​បន្ត​វង្ស​នយោ​បាយ​របស់​ម៉ៅ​សេតុង​ទៀត រហូត​មក​ដល់​ទី​បំផុត​ លោក​ប្រធាន​ម៉ៅ​សេ​តុង​ បាន​ទទួល​មរណ​ភាព​នៅ​ ព.ស. ២៥១៩។ រាប់​ចាប់​តាំង​ពី ព.ស.២៥២០ ជា​ដើម​មក តើង ស៊ៀវ​ផីង​ បាន​មាន​អំណាច​ច្រើន​ឡើង​ និង​ បាន​ចាត់​ដំណើរ​ការ​គំរោង​ការណ៍​កែ​ទម្រង់​សេដ្ឋ​កិច្ច​អោយ​ទាន់​សម័យ​តាម​នយោ​បាយ​ពាណិជ្ជ​កម្ម​សេរី​។ បន្ទាប់​មក​ឧត្តម​ការណ៍​ និង គំរោង​នយោ​បាយ​បែប​ ម៉ៅ​និយម​ ក៏​ត្រូវ​បាន​បញ្ឈប់​ ក្រៅ​ពី​នយោ​បាយ​សេដ្ឋ​កិច្ច​ និង នយោ​បាយ​ប្រទេស​ជាតិ​ បាន​បង្វែរ​លទ្ធិ​ម៉ៅ​និយម​ខ្លាំង​ឡើង​រួច​ ការ​បង្ខំ​នូវ​ជំនឿ​ និង​ កិច្ច​ការ​សាសនា​ ក៏​ត្រូវ​បាន​ធូរ​ស្រាល​ចុះ​ផង​ដែរ​ សភាព​ការណ៍​ខាង​សាសនា​ទើប​ចាប់​ងើប​ខ្លួន​ឡើង​វិញ​នូវ​រាល់​ស្ថាន​ទី​។

   អ្នក​ទេស​ចរ​បរ​ទេស​​ដែល​ធើ្វ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ ស្ទើរ​តែ​គ្រប់​រូប​មិន​នឹក​ស្មាន​ថា​ ខ្លួន​ឯង​បាន​ជួប​ជា​មួយ​ព្រះ​សង្ឃ​ជប៉ុន​ ក្នុង​ពេល​ដែល​ចូល​រួម​កិច្ច​កម្ម​តាម​ស្ថា​ប័ន​ផ្សេង​ៗ​ រួច​ហើយ​នោះ​ ឬ​ សូម្បី​តែ​អ្នក​ទំនាក់​ទំនង​ជា​មួយ​ជន​ជាតិ​ជប៉ុន​ ដែល​ធើ្វ​ដំណើរ​មក​ប្រទេស​ថៃ ក្នុង​ឋានៈ​ជា​អ្នក​សេដ្ឋ​កិច្ច​ ជា​និស្សិត​ជា​ដើម យើង​ក៏​មិន​អាច​ជ្រាប​ថា​ ជន​ជាតិ​ជប៉ុន​ទាំង​នោះ​ អ្នក​ខ្លះ​ជា​ព្រះ​សង្ឃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ដែរ​។

   ទាំង​អស់​នេះ​ព្រោះ​អ្នក​បួស​ជន​ជាតិ​ជប៉ុន​ និកាយ​មួយ​ចំនួន​ មាន​ជីវិត​រស់​នៅ​ ដូច​ប្រជា​រាស្ត្រ​សាមញ្ញ​​ មាន​ដំណើរ​ជីវិត​ ប្រលូក​ក្នុង​សង្គម​ ប្រកប​​សម្មា​ជីព​ធម្មតា​ដូច​គ្រហស្ថ​ដទៃ​ដែរ​, រឿង​នេះ​ជា​លក្ខណៈ​ពិសេស​ម្យ៉ាង​ នៃ​ព្រះ​ពុទ្ធ​សាសនា​បែប​ជប៉ុន​។ ក្នុង​ទី​នេះ​បាន​រៀប​រាប់​ប្រពភ​កំណើត​ និង វត្ត​ប្រណិ​ប័តន៍ នៃ​ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រទេស​ជប៉ុន​មក​ចែក​គ្នា​អាន​ដើម្បី​ផ្តល់​ចំណេះ​ដឹង​ដូច​ត​ទៅ ​៖