ព្រះពុទ្ធសាសនានៅនានាប្រទេស
ចុះផ្សាយដោយកែវ ឈុន
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
****************************************
ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា
ថ្ងៃសៅរ៍ ទី25.ឧសភា 2019.ម៉ោង 10:34
ដែនដីជាទីតាំងរបស់ព្រះរាជាណាចក្រកម្ពុជា ឬ ហៅជាភាសាសាមញ្ញថា ប្រទសខ្មែរនាបច្ចុប្បន្ន។ ជាច្រើនពាន់ឆ្នាំមកហើយ ជាចំណែកមួយនៃទឹកដីជនជាតិខ្មែរ-មននៅអាស្រ័យ។ ជនជាតិខ្មែរ-មននោះ តាមអ្នកប្រវត្តិសាស្រ្តសន្និដ្ឋានថា បានភៀសខ្លួនមកពីឥណ្ឌា ឆ្លងចូលមកទិសឥសាននៃសមុទ្រឥណ្ឌូចិន ឬ មកទិសខាងកើតនៃឈូងសមុទ្រឥណ្ឌូចិនដោយវិធីណាមួយ ហើយបានបែករលែកក្រចាត់ក្រចាយអាស្រ័យនៅពាសពេញ និង បានផ្សំផ្គុំជាមួយអំបូរជនជាតិដើមនៅទីនោះ ៗ ហើយបន្ទាប់មកក៏មានអំណាចគ្រប់គ្រងដែនដីឈូងសមុទ្រឥណ្ឌូចិនទាំងស្រុង។ ពេលដែលជនជាតិក្រុមដទៃបានភៀសខ្លួនចូលមកដល់ដែនដីនេះទៀត ជនជាតិខ្មែរ-មនក៏បានផ្សំផ្គុំជាមួយជនជាតិទាំងនោះ ទាំងផ្នែកខាងជាតិអំបូរ និង វប្បធម៌ មានវឌ្ឈនភាព រីកចំរើនកើនឡើងជាបន្តបន្ទាប់។ តមកទៀតប្រមាណពីរពាន់ឆ្នាំកន្លងទៅហើយ មានអ្នកផ្សងព្រេង និង ពាណិជ្ជករជាជនជម្ពូទ្វីប ធ្វើដំណើរមកស្វែងរកជោគ និង ប្រកបរបរលក់ដូរនៅក្នុងដែនដីភាគនេះ។ ជនជាតិឥណ្ឌាទាំងនេះបាននាំនូវវប្បធម៌-អរិយធម៌របស់ខ្លួនមកផ្សព្វផ្សាយជាមួយ ព្រមទាំងបានរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិដើម (ម្ចាស់ស្រុក) ផង ធ្វើអោយមានការវិវឌ្ឍន៍ផ្នែកខាងប្រវត្តិសាស្រ្ត ចាត់បានថា ជាការរីកចំរើនមួយផ្នែកផ្សេងទៀត។
នៅក្នុងដំណាក់កាលក្បែរ ៗ នេះដែរ ព្រះបាទធម្មាសោកមហារាជទ្រង់បានបញ្ជូនសមណទូត មានព្រះសោណត្ថេរ និង ឧត្តរត្ថេរជាប្រធានមកផ្សាព្វផ្សាយព្រះពុទ្ធសាសនាក្នុងដែនដីសុវណ្ណភូមិនេះ។ សម័យនោះព្រះពុទ្ធសាសនាបែបថេរវាទ ក៏គង់បានផ្សព្វផ្សាយ សាយភាយយ៉ាងទូលំទូលាយក្នុងចំណោមប្រជាជនជាលំដាប់ ទន្ទឹមទៅនឹងការរីកចំរើនរបស់ប្រេទេសជាតិដែលកើតពីការរួមផ្សំផ្គុំផ្នែកខាងពាណិជ្ជកម្ម និង វប្បធម៌ អរិយធម៌ ការរីកចំរើនរបស់ប្រទេសជាតិដែលពោលមកនោះ ក៏គឺការបង្ករបង្កើតជាអាណាចក្រធំ ៗ ឡើងដែលមានឥទ្ធិពលជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្ន។
ចំពោះដែនដីដែលជាព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏មានប្រវត្តិជាប់ពាក់ព័ន្ធជាលំដាប់ទៅតាមសម័យកាល ដែលចែកចេញជា ៤យុគ គឺ យុគហ្វូណន យុគ ចេនឡា យុគមហានគរ និង យុគក្រោយមហានគរ។ នឹងពណ៌នាឆ្ពោះ ហេតុការណ៍សំខាន់ដែលជាប់ពាក់ព័ន្ធ នឹង ព្រះពុទ្ធសាសនាដូចតទៅ ។
១.យុគហ្វូណន (Funon ឬ Funan) យុគអាណាចក្រភ្នំ ឬ យុគមុនអាណាចក្រខ្មែរ (គ្រឹស្តសតវត្សរ៍ទី១ ដល់ទី៦ ត្រូវនឹងប្រមាណ ព.ស. ៦០០ ដល់ ១១០០)
ហ្វូនណន ឬហ្វូណាន ជាពាក្យចិន អ្នកប្រាជ្ញសន្និដ្ឋានថា ហ្វូណនក្លាយមកពីពាក្យខ្មែរថា “ភ្នំ”តាមតម្រាថា ព្រាហ្មណ៍ជាតិជម្ពូទ្វីបឈ្មោះថា “កៅឌិណ្យ” (ស័ព្ទសំស្រ្កឹតត្រូវត្រង់ ភាសាបាលីថា “កោណ្ឌិញ្ញ”) បានរៀបអាពាហ៍ពិពាហ៍ជាមួយក្សត្រីយ៍ ឬស្រ្តីជាប្រមុខជាជាតិដើមនៃដែនដីនេះ (សិលាចារឹកពោលថា រៀបការជាមួយនាងនាគឈ្មោះ សោមា (ឬលីវយ៉ី) ជាធីតានៃស្តេចពុជ្ឈង្គនាគ) ជាបឋមវង្សនៃក្សត្រហ្វូណននោះ ហើយទ្រង់បានកសាងរាជធានីនៅវ្យាធបុរះ។ ទ្រង់បានពង្រីកអំណាចយ៉ាងធំធេង មានអាណាខេត្តគ្របដណ្តប់ដល់ភាគខាងត្បូងនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន និង ដែនដី កូចីនស៊ីន (បានដល់ដែនដីភាគខាងក្រោមបំផុតប្រមាណមួយភាគបួននៃប្រទេសវៀតណាម មានទីក្រុងព្រៃនគរជាមជ្ឈមណ្ឌល វៀតណាមហៅថា ទីក្រុងហ៊ូជីម៉ីញ) ទាំងមូល និង ទ្រង់បានគ្រប់គ្រងអាណាចក្រចេនឡា មានអាណាខេត្តឆ្ពោះទៅទិសខាងជើង នៃប្រទេសកម្ពុជា និង ភាគខាងត្បូងនៃប្រទេសលាវនាពេលបច្ចុប្បន្ន។ អាណាចក្រដែលរីកចំរើនរួមសម័យជាមួយនឹងហ្វូណនគឺអាណាចក្រចម្ប៉ា (ប្រទេសចាម) ដែលឋិតនៅទិសខាងកើត និង ទិសខាងជើងនៃហ្វូណន (ត្រូវត្រង់ភូមិភាគកណ្តាលនៃប្រទេសវៀតណាម)។
ជនជាតិដើមនៃអាណាចក្រហ្វូណនជាជនជាតិមាឡាយ៉ូ គោរពធម្មជាតិ ខ្មោច បិសាច អារក្ស អ្នកតា ពេលព្រះពុទ្ធសាសនាចូលមកដល់សុវណ្ណាភូមិហើយ ក៏គង់បានផ្សព្វផ្សាយទៅដល់ក្រុមប្រជាជនហ្វូណនយ៉ាងទូលំទូលាយទៅទៀតជាលំដាប់។ រីឯព្រះរាជសំណាក់ និង មន្រ្តីជាន់ខ្ពស់ ប្រាកដថា គោរពសាសនាហិណ្ឌូនិកាយសៃវៈ (គោរពព្រះឥសូរ) ជាគោល ហើយអាច នឹង គោរពព្រះពុទ្ធសាសនាលាយលំផងដែរ។ ជនជាតិឥណ្ឌាបាននាំបែបផែននៃការគ្រប់គ្រង សិល្បះ វិចិត្រកម្ម ព្រមជាមួយនឹង វិជ្ជាការផ្សេងៗ ចូលមកសាងភាពរីកចំរើនអោយហ្វូណន ជាហេតុញ៉ាំងអោយហ្វូណនមានអរិយធម៌ស្រដៀងទៅនឹងឥណ្ឌាសម័យនោះ។
នៅចុងយុគ ហាក់បីដូចជាព្រះមហាក្សត្របែរមកគោរពព្រះពុទ្ធសាសនា ដូចជាឯកសារចិនក្នុងរាជវង្សជីភាគខាងត្បូង (ព.សវ.១១) ថាព្រះមហាក្សត្រហ្វូណនព្រះនាម កៅណ្ឌិណ្យជ័យវរ្ម័ន (សោយទិវង្គត ព.ស.១០៥៧) ដើមឡើយទ្រង់គោរពព្រហ្មញ្ញសាសនា បន្ទាប់មកទ្រង់គោរពព្រះពុទ្ធសាសនា។ នៅក្នុងរាជកាលនេះដែរ មានព្រះសង្ឃឥណ្ឌាមួយអង្គព្រះនាមនាគសេននិមន្តទៅប្រទេសចិនបានឆៀងចូលមកកាន់ហ្វូណនមុន ហើយបានចូលទៅគាល់ទូលព្រះបាទក្រុងចិនថា ប្រទេសហ្វូណនគោរពសាសនាហិណ្ឌូនិកាយសៃវៈ តែព្រះពុទ្ធសាសនាក៏រីកចំរើនរុងរឿង មានព្រះភិក្ខុសាមណេរជាច្រើនអង្គ សំខាន់ជាងនេះទៅទៀត ក្នុងរជ្ជកាលនេះមានព្រះសង្ឃជនជាតិហ្វូណនមួយអង្គបានសាងកេរ្តិ៍ឈ្មោះជា លក្ខណអន្តរជាតិទុកក្នុងប្រវត្តិសាស្រ្តព្រះពុទ្ធសាសនានៃប្រទេសហ្វូណន ពោលគឺព្រះភិក្ខុជាតិហ្វូណន អង្គនោះនាមថា “សង្ឃបាលោ” ហៅតាមសំណៀងចិនថា “សេងបោលោ” ជាភាសា ជប៉ុនថា “សោយោ ឬ សោកុយ” (កើតប្រមាណ ព.ស.១០០២សុគតិ ព.ស.១០៦៧) ព្រះអង្គស្ទាត់ជំនាញព្រះអភិធម្ម បាននិមន្តទៅកាន់ខេត្តក្វាងតុង (ប្រទេសចិន) ហើយព្រះអង្គបានសិក្សាបន្ថែមពីព្រះសង្ឃឥណ្ឌានាមគុណភ័ទ្រ មានចំណេះដឹងឈ្លាសវៃក្នុងព្រះធម៌ វិន័យ និង ភាសាផ្សេង ព្រមទាំងមានចរិយាវត្តដ៏ល្អប្រពៃ ជាទីជ្រះថ្លានៃស្តេចចក្រពត្តិ ប៉ូតី (គ្រងរាជ្យ ព.ស.១០៤៦-១០៩២) ទ្រង់ប្រគេនស្ថានទី ៥ ខ្នងជាទីសំណាក់អាស្រ័យ ហើយទ្រង់អារាធនាព្រះអង្គអោយប្រែគម្ពីរពុទ្ធសាសនាចំនួនច្រើនជាភាសាចិន សមិទ្ធិផលដែលកើតចេញពីការបកប្រែរបស់ព្រះអង្គ មានភាពពីរោះក្បោះក្បាយខ្លាំង និង ត្រឹមត្រូវល្អណាស់។ ក្នុងបណ្តាគម្ពីរដែលព្រះអង្គបកប្រែនោះ មានគម្ពីរសំខាន់ទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រាជ្ញភាសាបាលីជាច្រើនគឺ “គម្ពីរវិមុត្តិមគ្គ” (គម្ពីររចនាដោយព្រះឧបតិស្សត្ថេរមានអត្ថន័យស្រដៀងគ្នាបំផុត ប្រៀប នឹង គម្ពីរវិសុទ្ធិមគ្គ តែជាគម្ពីរតែងមុន និង សង្ខេបជាង ឥឡូវនេះបានប្រែជាជាភាសាអង់គ្លេសរួចហើយ ព្រមទាំងភាសាថៃទៀតផង) តាមតម្រាពោលតទៅទៀតថា ព្រះអង្គបានទទួលកិត្តិយសពីព្រះស្តេចចក្រពត្តិប៉ូតីជាអង្គបង្រៀនព្រះធម៌ប្រចាំព្រះរាជវាំង។ ព្រះអង្គបានផ្លាស់ប្តូរទំនៀមទម្លាប់ ប្រពៃណីប្រជាជនចិនច្រើនយ៉ាង ព្រោះតែព្រះអង្គមានជីវិតបែបសាមញ្ញ មិនសន្សែសន្សំ ហើយព្រះអង្គបាននាំយកនូវបច្ច័យអ្នកមានសទ្ធាប្រគេនទៅកសាងវត្ត “អារាធវិរិយារាម” ព្រះអង្គបានទទួលអនិច្ចធម្មក្នុងព្រះជន្មាយុ ៦៥ឆ្នាំ។ ក្រៅពីព្រះអង្គសង្ឃបាលនេះ នៅមានព្រះថេរះហ្វូណនមួយព្រះអង្គទៀតបាននិមន្តទៅប្រទេសចិនក្នុងវេលាក្បែរនេះដែរ គឺព្រះអង្គមណ្ឌារៈ បានទទួលការអារាធនាអោយបកប្រែគម្ពីរមួយចំនួន រួមជាមួយព្រះអង្គសង្ឃបាលផង តែព្រះអង្គមិនសូវមានភាពជំនាញភាសាចិនគ្រប់គ្រាន់ ដូច្នោះហើយស្នាដៃរបស់ព្រះអង្គមិនសូវមានភាពល្បីល្បាញ និង ការទទួលការលើកដម្កើងឡើយ។
ក្នុង ព.ស.១០៥៧ ព្រះបាទរុទ្រ្ទវរ្ម័នឡើងសោយរាជ្យ ទ្រង់មានព្រះរាជសទ្ធា ក្នុងព្រះពុទ្ធសាសនាយ៉ាងខ្លាំង ហើយព្រះអង្គទ្រង់បានប្រកាសថ្វាយខ្លួនព្រះអង្គជាឧបាសក។ ព្រះអង្គមានព្រះកេសធាតុមួយទងទុកសំរាប់ធ្វើសក្ការះបូជា។ ព្រះបាទរុទ្រ្ទវរ្ម័នជាក្សត្រអង្គចុងក្រោយបំផុតដែលប្រកដព្រះនាមរបស់ហ្វូណន ក្នុងរយៈវេលានេះ អាណាចក្រចេនឡាដែលជាប្រទេសអាណានិគមរបស់ហ្វូណនមានអំណាចខ្លាំងឡើង បានតាំងខ្លួនជាប្រទេសឯករាជ្យ តមកទៀត ព.ស.១១៧០ ក៏បានលើកទ័ពមកវាយបង្រួបបង្រួមហ្វូណនបញ្ចូលជាអាណាចក្រចេនឡា។
អ្នកប្រាជ្ញមួយចំនួនយល់ថា ភស្តុតាងផ្សេង ៗ ដូចមានបានសអោយឃើញថា ព្រះពុទ្ធសាសនាដែលគេគោរពក្នុងសម័យហ្វូណននោះ គឺព្រះពុទ្ធសាសនាបែបថេរវាទ។ ដូចជាសិលាចារឹកផ្សេងៗ មានអត្ថន័យជាលក្ខណៈថេរវាទ គម្ពីរវិមុត្តិមគ្គដែលព្រះអង្គសង្ឃបាលបកប្រែនោះជារបស់ថេរវាទ ហើយពេលនោះព្រះពុទ្ធសាសនាមហាយាននៅមិនទាន់ចូលមកផ្សព្វផ្សាយនៅហ្វូណននៅឡើយទេ បើសិនជាទស្សននេះ ជាទស្សនត្រឹមត្រូវមែននោះ ក៏គង់ នឹង ត្រូវសរុបប្រវត្តិព្រះពុទ្ធសាសនាក្នុងអាណាចក្រហ្វូណនថា ដំបូងព្រះពុទ្ធសាសនាបែបថេរវាទមានភាពរីកចំរើនលូតលាស់មុន បន្ទាប់មកសាសនាហិណ្ឌូនិកាយសៃវៈបានហូរចូលមកដល់តាមរយៈអ្នកដឹកនាំជាជនជាតិឥណ្ឌា និង ជនជាតិឥណ្ឌាដែលមកប្រាស្រាយទាក់ទងជាមួយនឹងអ្នកដឹកនាំជាន់ខ្ពស់ ធ្វើអោយសាសនាហិណ្ឌូមានឱកាសស្តារឡើងវិញក្នុងព្រះរាជដំណាក់នារយៈកាលដំបូង បន្ទាប់មកក៏សាបរលាបទៅបន្តិចម្តងៗ ទើបបែរមកចាប់អារម្មណ៍នឹងព្រះពុទ្ធសាសនាដែលជាសាសនាមានមកតាំងតែពីដំបូង។ សាសនាហិណ្ឌូ និង ព្រះពុទ្ធសាសនាក៏មានការរីកចំរើនរុងរឿងទន្ទឹមគ្នារហូតដល់ទីអាវសាននៃយុគនេះ។
២.យុគចេនឡា (chenlA) (ពាក់កណ្តាល គ.សវ. ៦ ដល់ ៨០២ ឬ ព.សវ. ១១-ព.ស.១៣៤៥)
អាណាចក្រចេនឡាឋិតនៅបន្ទាប់ពីអាណាចក្រហ្វូណនឡើងទៅទិសខាងជើង និង ទិសនិរតី (ខាងលិចឆៀងខាងត្បូង) នៃអាណាចម្ប៉ា ត្រង់ នឹង ភាគខាងត្បូងនៃប្រទេសលាវ និង ភាគខាងជើងនៃប្រទេសកម្ពុជាបច្ចុប្បន្ន មានសិលាចារឹកបញ្ជាក់សេចក្តីថា រាជវង្សរបស់ចេនឡាមានការជាប់បន្តសែស្រឡាយមកពីឥសី កម្ពុសវយម្ភូវៈ ផ្សំផ្គុំជាមួយទេពធីតា មេរា ទើបបានទទួលនាមថា “កម្ពុជា” (កម្ពុ+ជ = អ្នកកើតពីកម្ពូ) ទើបជឿថាយុគនៃកម្ពុជា ឬខ្មែរ បានចាប់ផ្តើមយ៉ាងពិតប្រាកដក្នុងសម័យចេនឡា។ ចេនឡាជាប្រទេសចំណុះរបស់ហ្វូណនមកពីដំបូងរហូតដល់ពាក់កណ្តាលពុទ្ធសតវត្សរ៍ទី ១១ ទើបមានកម្លាំងរឹងប៉ឹងឡើង ផ្តើមតាំងខ្លួនអោយបានប្រទេសឯករាជ្យ ដោយបញ្ឈប់ថ្វាយគ្រឿងបណ្ណាការចំពោះក្សត្រ ហ្វូណន និង នៅទីបំផុតបានច្បាំងឈ្នះពួកហ្វូណន ដែលបានលើកទ័ពមកវាយច្បាំងនៅនគរចម្ប៉ាស័ក្តិ អញ្ចឹងទើបជឿបានថាជាការចាប់ផ្តើមយុគអាណាចក្រចេនឡា។
ព្រះបាទភវវរ្ម័នបានឡើងគ្រងរាជ្យជាបឋមក្សត្រប្រមាណ ព.ស.១០៩៣។ ព្រះមហាក្សត្រចេនឡាក្នុងរយៈ ដំបូងក៏គង់គោរពសាសនាហិណ្ឌូនិកាយសៃវៈជាសំខាន់ ព្រោះប្រាកដថា ព្រះបាទភវវរ្ម័នទ្រង់បានសាងទេវាល័យឧទ្ទិសថ្វាយព្រះសេវភ័ទ្រ្ទេស្វារៈ ហើយទ្រង់បានប្រតិស្ឋានសិវលិង្គមួយអង្គនៅចុងរជ្ជកាលនេះ ហើយព្រះមហាក្សត្រអង្គទីពីរ (ព្រះបាទមហេន្រ្ទវរ្ម័ន ព្រះនាមដើមចៅជ័យចិត្រសេន) ខណះដែលពិជិតសឹកហ្វូណនបានសំរេចហើយ ក៏ទ្រង់បានប្រតិស្ឋានសិវលិង្គឧទ្ទិសថ្វាយចំពោះព្រះឥសូរដើម្បីសម្ពោធជ័យជំនៈ។ ព្រះមហាក្សត្រអង្គទី ៣ នៃចេនឡាព្រះនាមថាឥសានវរ្ម័នទី១ ទ្រង់មានអំណាចខ្លាំងក្លាណាស់ ទ្រង់បានបង្រ្កាបអាណាចក្រហ្វូណន រឹបអូសបញ្ចូលជាដែនដីអាណាចក្រចេនឡាទាំងស្រុងក្នុង ព.ស. ១១៧០ ហើយពង្រីកអាណាខេត្តចេញទៅស្ទើរគ្រប់ទិស ជាពិសេសទិសខាងលេចលាតសន្ទឹងទៅដល់ខេត្តច័ន្ទបុរី។ តម្រាមួយចំនួនពោលថា សាសនាហិណ្ឌូលទ្ធិហរិហរៈកើតឡើងក្នុងរជ្ជកាលនេះ ហើយក៍បានបៀតបៀនព្រះពុទ្ធសាសនាយ៉ាងខ្លាំងរហូតដល់ស្ទើរតែសាបសូន្យ។
បន្ទាប់មក ខាងដើមនែព.ស.វ. ទី ១៣ មានព្រះមហាក្សត្រអង់អាចក្លាហានមួយព្រះអង្គទៀត ព្រះនាមជ័យវរ្ម័នទី ១ (គ្រងរាជ្យប្រមាណ ព.ស.១១៩៣-១២៥៦) ទ្រង់បានពង្រីកអាណាខេត្តទៅដល់អាណាចក្រណានចៅ។ ក្នុងរាជ្ជកាលនេះមានភ័ស្តុតាងស្តែង អោយដឹងថា ព្រះពុទ្ធសាសនានៅមានការរីកចំរើនរុងរឿងនៅឡើយ (ឬអាចរុងរឿងឡើងវិញ) គឺមានសិលាចារឹកវត្តព្រៃល្វាក្បែររាជធានីវ្យាធបុរៈប្រមាណ ព.ស.១២០៧ ពោលថា ក្សត្រពីរព្រះអង្គជាបងប្អូននាមថា រតនភានុ និង រតនាសីហៈ ទ្រង់ចេញបានសាងព្រះផ្នួស។ ព្រះបាទជ័យវរ្ម័នទី ១ ទ្រង់បានបញ្ជាអោយគេកសាងវត្តប្រគេន និង រក្សាវត្ត នោះអោយគង់វង់យូរអង្វែង។ ចំពោះរឿងនេះ ប្រជាជនបាននិយាយតៗ គ្នាមក ហើយបានប្រកាន់យក ប្រពៃណីដែលអនុវត្តន៍តាមព្រះរាជបញ្ជាអោយរក្សាវត្តនោះ។
ម្យ៉ាងទៀតព្រះសង្ឃចិននាមអ៊ីចីង បាននិមន្តចារិកទៅប្រទេសឥណ្ឌាដោយបាន ឆ្លងកាត់សមុទ្រខាងត្បូង (ចេញដំណើរចារិករហូតដល់ត្រឡប់ដល់ចិន ព.ស.១២១៤-១២៣៨) បានសរសេរកំណត់ហេតុថា ក្នុងប្រទេសហ្វូណន (ចំណុចនេះនិយាយដល់ចេនឡានោះឯង)។ ព្រះពុទ្ធសាសនារុងរឿនណាស់ មានវត្តគ្រប់ទិសទី មានបូជណីយដ្ឋានសក្តិសិទ្ធិរបស់សាសនាព្រាហ្មណ៍នៅក្បែរវត្តអារាមព្រះពុទ្ធសាសនា។ សាសនាទាំងពីររួមរស់ជាមួយគ្នាយ៉ាងស្ងប់សុខសាន្ត ប្រជាជនទូទៅនិយមបួសក្នុងព្រះពុទ្ធសាសនា សូម្បីតែមន្រ្តីជាន់ខ្ពស់ឬរាជវង្សក៏មានសទ្ធាចូលមកសាងផ្នួសដូចគ្នា។
បន្ទាប់មក ក្រោយពីរជ្ជកាលព្រះបាទជ័យវរ្ម័ន មិនយូរប៉ុន្មាន អាណាចក្រចេនឡា ក៏ត្រូវបានបំបែកជាពីរចំណែក គឺក្លាយជាចេនឡាដីគោក ឬចេនឡាភាគខាងជើង និង ចេនឡាទឹក ឬចេនឡាភាគខាងត្បូង។ នៅខាងចុងយុគនេះ ចេនឡាទឹកឋិតនៅក្រោមឥទ្ធិពលរបស់ជ្វា បន្ទាប់ពីបំបែកខ្លួនចេញមកបានប្រហែលជាមួយសតវត្សរ៍។ យុគចេនឡាក៏បានបញ្ចប់ត្រឹមនេះ ដោយសារហេតុវិវាទជាមួយអាណាចក្រជ្វា។
ពោលគឺនៅពាក់កណ្តាលពុទ្ធសតវត្សរ៍ទី ១៤ រាជវង្សសៃលេន្ទ្ររបស់ជ្វាបានលើកទ័ពជើងទឹកមកវាយប្រទេសចេនឡា ចាប់ព្រះបាទមហិបតីវរ្ម័ន នៃចេនឡាទឹកកាត់ព្រះកេស ចំណែកព្រះបាទជ័យវរ្ម័ន្តទី២ ដែលឡើងគ្រងរាជ្យបន្ទាប់មក ក៏បានប្តូររាជធានីទៅតាំងអាណាចក្រថ្មីនៅទីផ្សេង យុគចេនឡាក៏បានដល់ទីអាវសានត្រឹមនេះ។
មានអ្នកផ្តល់ការសង្កេតថា តាមភស្តុតាងខាងបុរាណវិទ្យា មានរូបបដិមាករនៃព្រះពោធិសត្វផ្សងៗ ជាដើម មានន័យថាព្រះពុទ្ធសាសនាមហាយាន គង់បានផ្សព្វផ្សាយចូល មកក្នុងដំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈកាលក្បែរ ៗ ព.សវ.១៤នេះឯង ដោយឥទ្ធិពលពីអាណាចក្រសិរីវិជ័យ។ ពេលចូលមកដល់ហើយ ក៏បានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស ព្រោះមានលក្ខណៈស្រដៀងគ្នាជាមួយ នឹង ព្រហ្មញ្ញសាសនា និង ព្រោះដោយបានទទួលការឧបត្ថម្ភពីព្រះមហាក្សត្រដូច នឹង បានឃើញក្នុងយុគតទៅ ក្រៅពីនេះ ទោះបីពុទ្ធសាសនាលទ្ធិត័ន្ត្រៈបានហូរចូលមកផងក៏ដោយ ពេលបន្ទាប់មកមិនយូរប៉ុន្មាន ក៏បានជាប្រភពមួយនៃប្រពៃណីរបស់ប្រទេស ប៉ុន្តែមិនសូវមានឥទ្ធិពលទូលំទូលាយណាស់ណ៎ាទេ។
៣.យុគអង្គរ ឬ យុគមហានគរ (angkor)(ព.ស.១៣៤៥-១៩៧៥)
យុគអង្គរបានដល់យុគអង្គរវត្តអង្គធំ (ស្ថិតនៅក្បែរទន្លេសាប និង ភាគខាងជើងនៃទីក្រុងសៀមរាប) ជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជានាសម័យមហាអាណាចក្រខ្មែរ ជាសម័យមួយដែលមានអរិយធម៌រុងរឿងជាទីបំផុត ជាមហាអាណាចក្រដ៏ធំទូលំទូលាយ មានសិល្បះ ជាពិសេសស្ថាប័ត្យកម្មជានិមិត្តរូ។
នៅក្នុងសម័យនេះ ព្រះពុទ្ធសាសនាមហាយានមានភាពចំរើនរុងរឿងទន្ទឹម នឹង សាសនាហិណ្ឌូរួមផ្សំផ្គុំគ្នា។ ប្រាសាទរាជស្ថានផ្សេងៗ សុទ្ធសឹងតែសាងឡើងដើម្បីឧទ្ទិស ថ្វាយចំពោះព្រះពុទ្ធសាសនាមហាយាន និង សាសនាហិណ្ឌូ។ សេចក្តីក្នុងសិលាចារឹកបានរកឃើញ និង បានបង្ហាញអោយដឹងអំពីឥទ្ធិពលនៃពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាមហាយានយ៉ាងច្បាស់ក្រឡែត ហើយមានគតិនៃសាសនាហិណ្ឌូបង្កប់នៅជាមួយផងដែរ។ ចំណែកឯព្រះពុទ្ធសាសនាថេរវាទ អាចបានជាទីគោរព នៅក្នុងចំណោមបណ្តាប្រជាជនទូទៅ ដែលមិនមានការលើកស្ទួយពីព្រះរាជសំណាក់ និយាយខ្លីថា ព្រះពុទ្ធសាសនាថេរវាទនៅជាមួយប្រជាជន ព្រះពុទ្ធសាសនាមហាយាន និង ហិណ្ឌូនៅជាមួយរាជសំណាក់ តែលទ្ធិទាំង ៣នេះនៅរួមគ្នាដោយសន្តិ។
យុគព្រះនគរបានចាប់បន្ទាប់ពីព្រះមហាក្សត្រជ្វាបានលើកទ័ពមកវាយប្រទេសចេនឡា ចាប់ព្រះបាទមហិបតីកាត់ព្រះកេស រួចហើយព្រះរាជឱរសបានយាងទៅសំណាក់នៅប្រទេសជ្វា អាច នឹង ត្រូវបាននាំខ្លួនសំដែងការគោរព ឬ ដោយហេតុដទៃទៀតក៏ដោយ តែក្រោយមកព្រះអង្គបានយាងត្រឡប់មកគ្រងរាជ្យនៅ ព.ស.១៣៤៥ ជាព្រះបាទជ័យវរ្ម័នទី២។ ព្រះអង្គបានប្តូរទីក្រុងទៅទីតាំងនៅជិតបរិវេណអង្គរវត្ត ប្រកាសឯករាជ្យភាពពីប្រទេសជ្វា វាយបង្រួបបង្រួមចេនឡា ទាំងពីរភាគអោយរួមជាចូលធ្លុងមួយ។ ព្រះអង្គទ្រង់បានគោរពសាសនាហិណ្ឌូលទ្ធិ ហរិហរៈ គឺគោរពព្រះនរាយ និង ព្រះឥសូររួមគ្នា និង ទ្រង់ផ្តើមបង្កើតលទ្ធិទេវរាជ (អាចរៀបចំតាមគំនិតរបស់ជ្វា) ប្រកបពិធីបូជា ប្រកាសដល់ហេតុដែលព្រះអង្គបានទទួលព្រះរាជអំណាចពីព្រះជាម្ចាស់ ដោយមានសិវលិង្គជានិមិត្តសញ្ញា ជាទីគោរពបូជា បង្កើតអោយបានជាទំនៀមទម្លាប់របស់ព្រះមហាក្សត្រខ្មែរ ពីបុរាណបានប្រព្រឹត្តបន្តបន្ទាប់មក។ ក្រៅពីនេះអ្នកប្រាជ្ញមួយចំនួនបានពោលថា សម័យនេះមានហេតុមួយធ្វើអោយពុទ្ធសាសនាមហាយាន និង សាសនាហិណ្ឌូផ្សំផ្គុំគ្នាយ៉ាងស្អិតរមួតនោះ គឺការដែលកើតមានទំនៀមគោរពសាសនាម្នាក់ម្យ៉ាង ជាគូបន្លាស់គ្នារវាងព្រះរាជា និង រាជបុរោហិត ពោល គឺ ប្រសិនបើព្រះរាជា (ឬរាជការ) គោរពពុទ្ធសាសនា បុរោហិត គោរពព្រហ្មញ្ញសាសនា ព្រះរាជា (ឬរាជការ) គោរពព្រហ្មញ្ញសាសនា បុរោហិតគោរពពុទ្ធសាសនា ជាប្រពៃណី តៗមករាប់រយឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ ទំនៀមទម្លាប់បែបនេះ នៅពុំទាន់បានរកឃើញនូវ ភ័ស្តុតាងដើម្បីបញ្ជាក់អោយច្បាស់គ្រប់គ្រាន់នៅឡើយ ដែលគួរ នឹង មានភ័ស្តុតាងច្បាស់ជាងនេះ គឺលទ្ធិទេវរាជបានកើតឡើងព្រមជាមួយការកើតឡើង នៃតំណែងព្រាហ្មណ៍ដែលមានព្រះជាម្ចាស់ប្រចាំព្រះរាជសំណាក់ (ព្រះរាជគ្រូ) ដែលបានបន្តតាមរយៈ ត្រកូល បានដល់ត្រកូល “សិវកៃវ័ល្យ”។ សិវកៃវ័ល្យ គឺ ជាព្រាហ្មណ៍ប្រចាំព្រះរាជសំណាក់ ជ័យវរ្ម័នទី២ ទ្រង់បានប្រតិស្ឋានជាម្ចាស់ពិធីកម្ម ប្រចំាលទ្ធិទេវរាជជាអ្នកដំបូង ដំណែងព្រាហ្មណ៍នេះមាននាទីជាទេវរាជ និង ប្រកបរាជពិធីរាជាភិសេកជាដើម។
នៅសម័យតមកប្រាកដថា ពួកត្រកូលសិវកៃវ័ល្យនេះ មានទ្រព្យសម្បត្តិ អំណាច កិត្តិយស និង ឥទ្ធិពលយ៉ាងខ្លាំងក្លា មានសមត្ថភាពកសាងរាជធានី ឬសាសនារបស់ខ្លួន ហើយមានសមត្ថភាពកេណ្ឌកម្លាំងពលកម្មប្រជាជនទៀតផង សន្និដ្ឋានបានថាធំធេងណាស់ បន្ទាប់អំពីអង្គមហាក្សត្រតែប៉ុណ្ណោះ។ ភាពរុងរឿងនៃសាសនាហិណ្ឌូបែបនេះសន្និដ្ឋានបានថា ជាការផ្តាច់ការមួយបែប ទន្ទឹមនឹងនេះដែរ ក៏មានផលវិបត្តិជាហេតុ នាំអោយមានការបែងចែកសាសនាហិណ្ឌូពីប្រជាជន និង កំណត់ខ្លួនឯងអោយកាន់តែចង្អៀតចង្អល់ទៀត។
សិវលិង្គជានិមិត្តរូបនៃលទ្ធិទេវរាជនោះ បានប្រតិស្ឋាននៅទេវាល័យដែលសាងឡើងនៅលើកំពូលភ្នំ (បាក់ខែង) ចំកណ្តាលព្រះនគរ ជានិមិត្តរូបដំណាងអោយព្រះជាម្ចាស់ ស្ថិតនៅលើភ្នំព្រះសុមេរុ ដែលជាមជ្ឈដ្ឋាននៃចក្រវាឡ និង ព្រះមហាក្សត្រក៏ជាព្រះជាម្ចាស់ដែលសំដែងនូវតួអង្គក្នុងលោកនេះ។ អញ្ចឹងហើយទើបព្រះមហាក្សត្រទ្រង់បានដើរតួនាទីជាព្រះមហាក្សត្រផង និង ជាព្រះជាម្ចាស់ផងក្នុងពេលជាមួយគ្នានោះ។ ខណៈដែលព្រះអង្គមានព្រះជន្មនៅឡើយ ព្រះអង្គក៏បានគង់ក្នុងប្រាសាទឈើ តែនៅពេលព្រះអង្គសោយទិវង្គត ព្រះសពរបស់ព្រះអង្គត្រូវបាននាំទៅដំកល់នៅក្នុងប្រាសាទទេវាល័យ ប្រៀបបានដូចជាព្រះអង្គបានសម្រេចនូវសភាវៈស្មើនឹងសភាវៈនៃព្រះជាម្ចាស់ ។
តមកទៀតមានការកសាងនគរវត្ត (ប្រាសាទអង្គរ) និង ប្រសាទនគរធំ (ប្រាសាទបាយ័ន) រចនាសម្ព័ន្ធមានរូបរាងតាមបែបចំលងមជ្ឈដ្ឋាននៃចក្រវាឡដោយសម្បូរថែមទៀត គឺមានទេវាល័យ ប្រតិស្ឋានសិវលិង្គនៅចំកណ្តាល សាងឡើងនៅទីខ្ពស់ តម្រៀបឡើងជាជាន់ៗ (តាមបែបភីរាមីត) មានន័យស្មើនឹងឋិតនៅលើភ្នំ ចំណែកខាងក្រៅក៏មានកំពែងក្រុងធំមហាសាលព័ទ្ធជុំវិញភ្នំនោះទៀត ប្រៀបដូចជាសមុទ្រព័ទ្ធជុំវិញភ្នំព្រះសុមេរុ ហើយមានកំពែងធំព័ទ្ធជុំវិញទីក្រុងប្រៀបដូចដងភ្នំធំហ៊ុំព័ទ្ធជុំវិញព័ទ្ធភ្នំនោះ។ ប្រសិនបើព្រះមហាក្សត្រជាស្ថាបនិកគោរពព្រះវិស្ណុ ក៏ប្រតិស្ឋានបដិមាព្រះវិស្ណុជំនួសសិវលិង្គនោះវិញ ប្រសិនបើគោរពព្រះពុទ្ធសាសនាមហាយានក៏ប្រតិស្ឋានព្រះពុទ្ធបដិមា ឬ បដិមានៃព្រះពោធិសត្វ (បានដល់ព្រះអវលោកិតេស្វារ) ជំនួសវិញ និង រូបព្រះភក្រ្តព្រះជាម្ចាស់ក្តី ព្រះពុទ្ធក្តី ព្រះពោធិសត្វក៏ដោយតែងតែស្រដៀងទៅ នឹង ព្រះភក្ត្ររបស់ព្រះមហាក្សត្រជាស្ថាបនិកនោះ។ ព្រោះព្រះជាម្ចាស់ ឬ ព្រះពោធិសត្វគឺជាព្រះមហាក្សត្រអង្គនោះឯង។
នៅក្នុងរយៈពីរសតវត្សរ៍ដំបូងនៃសម័យអង្គរ ព្រះមហាក្សត្រខ្មែរទោះបីព្រះអង្គទ្រង់ គ្រប់គ្រងទំនុកបំរុងលទ្ធិសាសនាទាំង ៣គឺសាសនាហិណ្ឌូនិកាយសៃវៈ និកាយវៃស្ណុ និង ព្រះពុទ្ធសាសនានិកាយមហាយាន តែព្រះអង្គទ្រង់តាំងសទ្ធាយ៉ាងខ្លាំងក្នុងលទ្ធិសៃវៈ ភស្តុតាងនេះបង្ហាញអោយឃើញដល់ការឧបត្ថម្ភព្រះពុទ្ធសាសនា ក្នុងរវាងនោះដែរ មានច្រើនទៀតដូចជាព្រះបាទយសោវរ្ម័នទី១ (ព.ស.១៤៣២-១៤៥១) ទ្រង់បានសាង “សោគតាស្រម (សំណាក់សង្ឃ) ទុកក្នុងព្រះពុទ្ធសាសនាជាគូរ នឹង ព្រហ្មញ្ញា ស្រម (សំណាក់ព្រហ្មណ៍)” សំរាប់ពួកសមណព្រាហ្មណ៍ ព្រះសង្ឃដែលមានភាពស្ទាត់ជំនាញឈ្លាសវៃក្នុងព្រះពុទ្ធសាសនាក៏ត្រូវបានលើកស្ទួយ ទោះបីជាមានឋានៈជាអាចារ្យរងក្នុងសាសនាព្រាហ្មណ៍ខ្លះក៏ដោយ ។
តមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៥ (ព.ស. ១៥១១-១៥៤៤) បុរោហិតឈ្មោះកីរតិបណ្ឌិត ដែលធ្លាប់គោរពព្រះសិវមកពីមុន បានបែរមកគោរពព្រះពុទ្ធសាសនា និង បានព្យាយាមទំនុកបំរុងព្រះពុទ្ធសាសានាយ៉ាងសកម្ម។ លោកបាននាំយកគម្ពីរពុទ្ធសាសនាពីបរទេសចូលមកប្រទេសជាច្រើន ក្នុងថ្ងៃសំខាន់ៗ លោកនាំយកព្រះពុទ្ធរូបមកស្រង់ទឹកជាពិធីយ៉ាងមហោឡាឫក លុះមកដល់រជ្ជកាលព្រះបាទសុរយវរ្ម័នទី១ (ព.ស. ១៥៤៥ -១៥៩៣) សទ្ធាជ្រះថ្លាក៏បានប្រែមកជំនឿព្រះពុទ្ធសាសនា ព្រះបាទសុរយវរ្ម័នទី១ ជាព្រះឱរសរបស់ព្រះបាទស្រីធម្មរាជ ព្រះមហាក្សត្រនៃតាមពនលិង្គ ដែលមានរាជធានីតាំងនៅ បរវេណនគរសិរីធម្មរាជ ឬជៃយា និង ជាមជ្ឍមណ្ឌលនៃព្រះពុទ្ធសាសនា។ ព្រះអង្គមាន អំបូររាជវង្សកម្ពុជា ដោយខាងព្រះរាជមាតាជាព្រះរាជធីតាខ្មែរ ទ្រង់មានព្រះរាជសទ្ធាចាស់ក្លាក្នុងព្រះពុទ្ធសាសនាមហាយាន ទើបទ្រង់បែរមកឧបត្ថម្ភនិកាយនេះខ្លាំងឡើង។
នៅក្នុងរាជកាលនេះ អាណាចក្រខ្មែរបានលាតសន្ធឹងអាណាខេត្ត ពីខេត្តច័ន្ធបុរី ចេញទៅទិសខាងលិច រហូតទៅដល់វាលរាបនៃទន្លេចៅព្រះយ៉ា ទល់ នឹង ព្រំប្រទល់នៃប្រទេសភូមា ជាហេតុធ្វើអោយអាណាចក្រទ្វារាវតីមានព្រះពុទ្ធសាសនាថេរវាទជាមជ្ឈដ្ឋានដែលធ្លាប់ ឋិតនៅក្រោមអំណាចរបស់អាណាចក្រហ្វូណន និង បានឯករាជ្យភាព ខណៈដែលអាណាចក្រហ្វូណនដួលរលំ (ពាក់កណ្តាល ព.សវ.១១) ត្រូវបាត់បង់នូវសេរីភាពម្តងទៀត (មានសិលាចារឹកដែលអ្នកប្រវត្តិសាស្រ្តមិនសូវជាមានជំនឿ ពោលថា ទ្វារាវតីបានធ្លាក់នៅក្រោមអំណាចអាណាចក្រខ្មែរតាំងតែពីរជ្ជកាលព្រះបាទយសោវរ្ម័នទី១ ពាក់កណ្តាល ព.សវ.១៥) ហើយចុះទៅដល់អាណាចក្រតាមពនលិង្គ ផ្នែកខាងជើងទល់ នឹង វាលរាបទន្លេមេគង់ ភ័ស្តុតាងកន្លែងខ្លះថា លាតសន្ធឹងទៅដល់ទីក្រុងជៀងសែន តែអ្នកប្រវត្តិសាស្រ្តជឿថា លាតសន្ធឹងក្រុងលួងព្រះបាង។ សិលាចារឹកក្នុង ព.ស.១៥៦៥ នៅក្នុងរជ្ជកាលនេះបានរកឃើញនៅក្នុងខេត្តលុពបុរីមានសេចក្តីថា មានភិក្ខុសង្ឃទាំងផ្នែកមហាយាន និង ថេរវាទរស់នៅរួមគ្នាយ៉ាងសុខស្ងប់ គ្រាដែលផុតពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ហើយព្រះមហាក្សត្រដែលជារាជឱរសរបស់ព្រះអង្គ បែរជាមានបដិបក្ខចំពោះព្រះពុទ្ធសាសនា សទ្ធាជ្រះថ្លា និង ការទំនុកបំរុងព្រះពុទ្ធសាសនាពង្វាងទៅខាងសាសនាហិណ្ឌូទៀត តែវេលាបន្ទាប់មកទៀត ខ្មែរបានកើតចលាចល ដោយភាពមិនស្ងប់ផ្ទៃក្នុងយ៉ាងខ្លាំង ។