ប្រាសាទអង្គរវត្ត
ថ្ងៃសៅរ៍ ទី15.តុលា 2022.ម៉ោង 9:03


អានភាសាអាល្លឺម៉ង់

តើ​ជន​ជា​តិ​​អឺរ៉ុប​ មាន​ការ​ភ្ញាក់​ផ្អើល​ប៉ុណ្ណា នៅ​ពេល​ដែល​គេ​បាន​ឃើញ​ប្រាសាទ​អង្គរ​វត្ត​ ជា​លើក​​ដំបូង​​នោះ​!.. ប្រ​ហែល​ជា​គាត់​មិន​អាច​មើល​ឃើញ​ ដូច​រូប​នៅ​ខាង​ឆ្វេង​ដៃ​នេះ​ទេ​ ព្រោះ​ពី​កន្លែង​ដែល​គាត់​កំពុង​ឈរ​នៅ​នោះ​ ពោរ​ពេញ​ដោយ​ព្រៃ​របោះ ដុះ​រោយ​រាយ​ពាស​ពេញ​ និង ក៏​មាន​ដើម​ឈើ​ធំ​ៗ ខ្ពស់​ៗ​ ដុះ​ហ៊ុំ​ព័ទ្ធ​ជា​ច្រើ​ន​ទៀត​ផង​។ ទោះ​បី​ ជា​មាន​ការ​ឈូស​ឆាយ​ បោស​សំអាត​ កាប់​ឆ្ការ​ព្រៃ​ជុំ​​វិញ​បរិ​វេណ​ប្រាសាទ​យ៉ាង​ច្រើន​ កាល​ពី 50​ឆ្នាំ​មុន​ក៏​ដោយ​ ក៏​ប្រាសាទ​ដ៏​ធំ​សម្បើម​នេះ​ នៅ​តែ​ស្ថិត​កប់​នៅ​ក្នុង​ព្រៃ​ដដែល​ ផ្លូវ​​លំ​តូច​ៗ​តាម​ព្រៃ ​ត្រូវ​​បាន​​ជំនួស​​ដោយ​ផ្លូវ​ដ៏​ស្រស់​ស្អាត ដែល​បាន​ធ្វើ​រួច​មក​ហើយ​ អ្នក​អាច​ធ្វើ​ដំណើរ​​ដោយ​រថ​យន្ដ បើក​បរ​​ឆ្លង​ស្ពាន​ តាម​ផ្លូវ លើ​ទំនប់​ ទឹ​ដែល​នាំ​រហូត​ទៅ​កាន់​ច្រក​ទ្វារ​សំខាន់​ៗ​នៃ​ក្រុង​អង្គរ​។​

ខាងក្រោយគូទឹក គឺជាកំពែងច្រកទ្វារអង្គរវត្តធំជាងគេ មានទទឹង ២៥០ម៉ែត្រ។ ស្ពានផ្លូវថ្នល់តភ្ជាប់ពីដីគោកកាន់ប្រាសាទ។

ប្រសិន​បើ​អ្នក​ដើរ​តាម​ច្រក​ទ្វារ​ធំ​ពីទិស​ខាង​លិច​ នោះ​អ្នក​ នឹង​ ឃើញ​ទិដ្ឋ​ភាព នៃ​ ប្រា​សាទ​ធំ​សំបើម​ផុស​ឡើង​នៅ​ចំពោះ​មុខ​អ្នក​ ប្រា​សាទ​ដ៏មា​ន​តំលៃ​យ៉ាង​ធំធេង​ និង ​​អស្ចារ្យ​​ដូច​វិមាន​នា​ឋាន​សួគ៌​​ ហាក់​ដូច​ជា​គេ​កំពុង​បំពេរ​អន្ទង​ព្រ​លឹង​អ្នក​ អោយ​ចូល​ទៅ​ក្នុង​ទម្រង់​ស្ថាបត្យ​កម្ម​ រូប​ភាព​ដ៏​អស្ចារ្យ​នេះ​ ផ្លូវ​ក្រាល​ថ្ម​ភក់ប្រ​វែង 350​ម៉ែត្រ ឆ្ពោះ​ទៅ​អគារ​កណ្តាល​ មាន​ស្ដេច​នាគ​​យាម​​ការ​ពារ​ផ្លូវ​ទាំង​សង​ខាង​ ហើយ​ក្នុង​​នាម​​ជា​ស្តេច​ពស់ វា​មាន​ក្បាល​ប្រាំ​ពីរ​​របស់​វា​ ងើប​​ខ្ពស់​​ បើក​វែក​ ​ដូច​​ពស់​វែក​ដែរ​ នៅ​ពេល​ដែល​អ្នក​ កាន់​តែ​ដើរ​ខិត​ចូល​ទៅ​ប្រាសាទ​អង្គរ​វត្ត​កាន់​តែ​ធំ​ឡើង​ៗ​ ពេល​អ្នក​ចូល​ទៅ​ដល់​ថ្នាក់​ទី១​ លំហ​វិចិត្រ​សាល​មាន​ផ្ទៃ​រាប​ស្មើ ធំ​ល្វឹង​ល្ហ​ល្ហេវ​គួរ​អោយ​ស្ញប់​ស្ញែង​ក្រៃ​លែង​ នៅ​តាម​ជួរ​ថែវ​ជញ្ជាំង​ គឺ​ជា​ចម្លាក់​លៀន​វែង​ជាង​គេ​លើ​ពិភព​លោក​ ដែល​មាន​ប្រវែង​ ៦០០​ម៉ែត្រ​ បង្ហាញ​ពីជីវិត​ប្រ​យុទ្ធ​របស់​ខ្មែរ​ និង​ ការ​ផ្សារ​ភ្ជាប់​របស់​ពួក​គេ​ទៅ ​នឹង លទ្ធិ​សាសនា​ ព្រះ​វិស្ណុ​ផង​ដែរ​ មាន​គំនូរកង​ទ័ព​ទាំង​មូល​កំពុង​ធ្វើ​ព្យុហ​យាត្រា ៖

មាន​ទ័ព​ថ្មើរ​ជើង​ ទ័ព​សេះ ទ័ព​ដំរី​ ជា​មួយ​មេ​ទ័ព​របស់​ពួក​គេ ស្តេច​ក៏​ត្រូវ​បាន​តំណាង​ដោយ​ឆ័ត្រ​កិត្តិយ​សដប់​ប្រាំ​ នេះ​ត្រូវ​បាន​បន្ត​ដោយ​ការ​ជំនុំ​ជំរះ​ចុង​ក្រោយ ដែល​ព្រះ​វិស្ណុ​ទ្រង់​បំបែក​អំពើ​ល្អ​ពី​អាក្រក់​ អ្នក​​ខ្លះ​​បាន​ទៅ​កាន់​​ឋាន​សួគ៌​ ហើយ​អ្នក​​ខ្លះ​ធ្លាក់​ចុះ​​ទៅ​ឋាន​នរក អ្នក​ទស្សនា​​ភាគ​ច្រើន​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ចំពោះ​រូប​ភាព នៃ​ ឋាន​នរក​ ពី​ព្រោះ​ការ​ធ្វើ​ទារុណ​កម្ម​ ដ៏​គួរ​អោយ​រន្ធត់​បំផុត​ ត្រូវ​បាន​បង្ហាញ​នៅ​ទី​នេះ​ អែ​នៅ​លើ​ឋាន​សួគ៌ មាន​​​ស្រី​ទេព​អប្សរ​ជា​ច្រើន​អង្គុយដោយបណ្ដែត​អារម្មណ៍​​យ៉ាង​សុខ​កាយ​សុខ​ចិត្ដ ហាក់​អផ្សុក​អិត​មាន​ធ្វើ​ការ​អ្វី​ឡើយ​។​ នៅ​តាម​កន្លែង​ខ្លះ​ ឃើញ​មាន​ស្នាម​ខូង​មានចន្លោះ​ ទំន​ង​ជា​មាន​ពួក​ចោរ​លួច​គាស់​យក​វត្ថុ​មាន​តំលៃ​​យក​ចេញ​ទៅ​បាត់​​ មាន​គំនូរ​រូប​​រឿង​ព្រេង​ហាក់​ចំលង​ចេញ​មក​ពី​ឥណ្ឌា ​តួ​អង្គ​ទាំង​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ជា​ជួរ​ដ៏​ស្រស់​ស្អាត​បំផុត​ មាន​ហនុ​មាន​ ព្រះ​ស្វា​ និង កង​ទ័ព​ មាន​​ពួក​ទេព​អប្សរ​ អ្នក​របាំ​អប្សរា​ ក៏លេច​ចេញ​មក​ដែរ​ ដែល​អណ្តែត​លើ​ពពក​ ហែ​ហម​ដោយ​ហ្វូង​មនុស្ស​រាប់​ពាន់​នាក់​ នៅ​តាម​ជួរ​នី​មួយ​ៗ នៃ​រូបភាព​ទាំង​នេះ​ ត្រូវ​បាន​សង្កត់​ខូង​ដោយ​ស្នាម​ម្រាម​ដៃ​របស់​អ្នក​ស្រុក​ ដែល​សំនៅ​ទាំង​នេះ​បាន​ដិត​ជាប់​នៅ​លើ​ថ្ម​ភក់​ ដែល​មើល​ទៅ​ថ្ម​ហាក់​មាន​ចលនា​ក្នុង​ទិស​ដៅ​របស់​វា​ ជា​ការ​សំដែង​មួយ​ដ៏​អស្ចារ្យ​ណាស់​។ ស្ដេច​ទ្រង់​គង់​នៅ​លើដំរី​របស់​ទ្រង់​ ជាមួយ​អគ្កម​ហេសី​ ​ព័ទ្ធហ៊ុំ​ហែហម​ដោយ​ហ្វូង​ស្ត្រី​​ស្នំ​ជា​ច្រើន​ ​មើល​ទៅ​គួរ​អោយ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​។​ ព្រះ​នាម​របស់​ព្រះ​អង្គ​ក៏​ត្រូវ​បាន​ចារ​ថា​៖ សូរ្យ​វរ្ម័ន​ទី​២ និង ​ព្រះ​​នាម​ប្បញ្ញត្តិ​​​របស់​ទ្រង់​ ៖ ព្រះ​រាមា​វិស្ណុ​​លោកា​។

បន្ទាប់​មក​មាន​រូប​ចំលាក់​ឈុត​ឆាក​ជា​ច្រើន​ទៀត​ដែល​មាន​នៅ​ក្នុង​រឿង​រាមាយណៈ​ ក៏​ដូច​ជា​រឿង​ព្រេង​ក្នុង​ព្រាហ្មណ៍​សាសនា​ ដែល​មាន​ព្រះ​វិស្ណុ​ជា​តួ​ឯក​យ៉ាង​សំខាន់​ ព្រះ​អង្គ​តែង​តែ​ឈ្នះ​លើ ​ពួក​បិសាច​ផ្សេង​ៗ​ជា​និច្ច​ ចំលាក់​លៀន​ប្រវែង​ ៦០​ម៉ែត្រ​ បង្ហាញ​ពីរឿង​ព្រេង​ នៃ ការ​កូរ​សមុទ្រ​ទឹក​ដោះ យក​ទឹក​អម្រឹត​ ដោយ​ពួក​បិសាច​ទាញ​ខ្សែ​ពួរ​នៅ​ម្ខាង និង ទេវ​តា​នៅ​ម្ខាង​ទៀត​។ ខ្សែ​នេះ​តែង​តែ​តំណាង​ដោយ​ស្ដេច​នាគ​រាជ​។ យោង​ទៅ​តាម​រឿង​ព្រេង​ ការ​កូរ​សមុទ្ទ​ទឹក​ដោះ​នេះ​ត្រូវ​ប្រើ​អស់​រយ​ពេល​មួយ​ពាន់​ឆ្នាំ ទើប​បាន​ទឹក​អម្រឹត​ ក៏​មាន​អាទិ​ទេព​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ត្រូវ​បាន​បង្ហាញ​ជា​សាវគ្គ​របស់​ពួក​គេនៅ​ទី​នេះ​ដែរ​ ព្រះ​សំខាន់​ៗ​គឺ ​៖

«Kubera» ព្រះ ជា​ម្ចាស់​រតនៈ​ សម្បត្តិ នៃ ពិភព​លោក (អាទិ​ទេព​អង្គ​​នេះ​ទេ មាន​នៅ​ស្រី​លង្កា)​​
«Skanda» ព្រះ​នៃ​សង្គ្រាម​ជា​មួយ peacock ( អាទិ​ទេព​​អង្គ​នេះ​ មាន​​នៅ​​ក្នុង សាសនា​​ហិណ្ឌូ​
«lព្រះអិន្ទ្រ» ព្រះ​ តំណាង​អោយ​ ផ្គរ​ រន្ទះ ​
«ព្រះវិស្ណុ» ព្រះ​គ្រប់​គ្រង​រក្សា​លោក​
«ព្រះយម» ព្រះ​តំណាង​អោយ​មរណ​ភាព​ (ចៅ​​ក្រម ធ្វើ​​ទោស​​មនុស្ស​)
«ព្រះសិវៈ» ព្រះ បង្កើត​​លោក​ និង បំផ្លាញ​​លោក​ ​
«ព្រះព្រហ្ម» ព្រះ​​តុប​​តែង​​ង្កើត​​លោក​​
«ព្រសូរ្យ» ព្រះអាទិត្យ​ បង្កើត​កំដៅ និង ពន្លឺ
«ព្រះវរុណ» ព្រះ​បង្កើត​ភ្លៀង​ និង ទឹក (ឃ្លាំ​មើល​អំពើ​​ល្អ អាក្រក់​របស់​មនុស្ស)​

មាន​​រូប​​ភាព​មួយ​បង្ហាញ​ពីឈុត​ឆាគ​មួយ​ពី​យក្ស​វីរ៉ា​ដា បាន​ចាប់​ជំរិត​​លួចយក​នាង​សីតា​ ដ៏​ស្រស់​ស្អាត​ទៅ តាម​ទស្សន​សិល្ប​ជា​ពិសេស​ អ្នក​ នឹង ឃើញ​ការ​តែង​និពន្ធ​ដ៏​អស្ចារ្យ​នៅ​ទី​នេះ​ ដែល​បង្ហាញ​ពី​កំរិត​ខ្ពស់ នៃ ជំ​នាញ​របស់​សិល្ប​ករ​នា​ពេល​នោះ​។

បន្ទាប់​​​ពី​​ដំណើរ​​កម្សាន្ត​​នេះ​ យើង​​មក​​ដល់​សាល​ដែល​មាន​អាង​ងូត​ទឹ​ក​​បួន តាម​សាសនា​ហិណ្ឌូ ​គេ​ត្រូវ​ការ​កន្លែង​ងូត​ទឹក​លាង​សំអាត​បាប សំរាប់​ពិធី​សាសនា​របស់​ពួក​គេ​ ការ​ការ​មុជ​ទឹក​នេះ​ដំបូង​ គេ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រឡាយ​ធំ​នៅ​ច្រក​ទ្វារ​ធំ​​ ហើយ​ ក៏​មាន​ធ្វើ​បន្ថែម​ទៀត​ នៅ​ក្នុង​ស្រះ​ពីរ​ ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​ ខាង​ស្តាំ នៃ​ ផ្លូវ​ចូល​ធំ​។

អាង​ទឹក​ទាំង​អស់ នៅ​ក្នុង​អគារ​កណ្តាល​ត្រូវ​បាន​ផ្គត់​ផ្គង់​ទឹក ដោយ​ទឹក​ភ្លៀង​ ដែល​គេ​បាន​ធ្វើ​ទរ​បង្ហូរ​ទឹក​ពី​លើ​ដំបូល​អគារ​មក​។​ (64).

« ក្បាលនាគ និង តោ យាមការពារនៅមាត់ផ្លូវ ឆ្លង​ស្ពានតាម​ផ្លូវ​​នាំ​ទៅ​កាន់​កំពែងច្រកទ្វារអង្គរវត្តធំជាងគេ»

នៅ​​ក្នុង​​សាល​អាង​ងូត​ទី​បី រូប​ចំលាក់​ ដែល ដេក​នៅ​ជុំ​វិញ មាន​រៀប​ចំ​ដាក់​តាំង​ រូប​សំណាក​ព្រះ​ពុទ្ធ​ជាង​ពីរ​រយ​អង្គ​​នៅ​ទី​នោះ​ ក្នុង​អំ​ឡុង​ពេល​ នៃ ការ​បោស​សំអាត និង ជួស​ជុល​ ផ្នែក​ខ្លះ​ នៃ ប្រាសាទ​ វត្ថុ​ទាំង​នេះ​ត្រូវ​បាន​គេ​យក​មក​រក្សា​ទុក​ជា​បណ្តោះ​អាសន្ន​នៅ​ទី​នេះ​។ នៅ​ក្បែរ​នោះ​ អ្នក​ក៏​អាច​ឃើញ​គំនរ​សំណល់​ចុង​ក្រោយ​ នៃ គំនូរ​ដែល​បក​ចេញ​លើ​ពិដាន និង នៅ​លើ​រាជ​ធានី​ ព្រោះ​ផ្ទៃ​ទាំង​មូល​នេះ​ត្រូវ​បាន​ គូរ​ជា​ថ្មី​ ដែល បង្កើន​ចំណាប់​អារម្មណ៍​ ពី​សោ​ភ័ណ្ឌភាព​អោយ​កាន់​តែ​ស្រស់​បំព្រង​នៅ​ទី​នេះ​ លើស​ពី​នេះ​ទៀត​ កំរាល​ព្រំ​ និង​ វាំង​នន​ដ៏​ស្រស់​ស្អាត​បំផុត​ ក៏​មាន​នៅ​ទី​នេះ​ជា​មួយ​គ្នា​ផង​ដែរ​ ដែល​អាច​ធ្វើ​អោយ​មនោ​រម្មណ៍​របស់​អ្នក​ស្រ​មើ​ស្រ​មៃ​​ដល់​អតីត​កាល​ ដែល​អ្នក​អាច​ស្រមើ​ស្រ​មៃ​ឃើញ​ អំពី​ភាព​ស្រស់​ស្អាត​ ប្រកប​ដោយ​មន្ត​អាគម​ នៃ​ សាល​ទាំង​នេះ​យ៉ាង​អាថិ​កំបាំង​។​ ជណ្តើរ​ ពី​ជាន់​​ទី​មួយ ដល់​វាល​រាប​ស្មើ នៃ ជាន់​ទី​ពីរ គឺ​ជា​សមិទ្ធិ​ផល​ស្ថាបត្យ​កម្ម​ដ៏​អស្ចារ្យ​ណាស់​ ពី​ទី​នេះ​ជណ្តើរ​កាន់​តែ​ចោត​ខ្លាំង​ណាស់​សំរាប់​ឡើង​ទៅ​កាន់​ជាន់​ទី​បី​ ហើយ​បើ​​អ្នក​​ចង់​​ឡើង​ទៅ​ដល់​​កំពូល​ដែល​ជា​ទី​រាប​ស្មើ ​នៃ​ ជាន់​​ទី​​បី កាំ​ជណ្ដើរ​មាន​ទំហំ​ គ្រាន់​តែ​អ្នក​អាច​ឈាន​ដាក់​ជើង​​ប៉ុណ្ណោះ​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​ដែក​ជា​បង្កាន់​ដៃ​ សំរាប់​តោង​ជា​ស្នួរ​ដែរ​ តែ​អ្នក​ដែល​មើល​ពី​ក្រោម​មាន​ការ​ខ្វល់​ខ្វាយ​ ស្ញើប​រញ្ជួយ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ ក្នុង​ដំណើរ​ដែល​អាច​ឈាន​ដល់​កម្ពស់​កំពូល​ចុង​ក្រោយ​នេះ​ ពី​ជាន់​កំពូល​នេះ​ អ្នក​អាច​មើល​ឃើញ​ទេស​ភាព​ដ៏អស្ចារ្យ​ នៃ​ ព្រៃ​ និង​ប្រាសាទ​ទាំង​មូល​បាន​។​

គួរ​អោយ​សោក​ស្ដាយ​ណាស់​ ពេល​ឡើង​មក​ដល់​កំពូល​ខាង​លើ​ជាន់​ទី​បី​ យើង​ឃើញ​រូប​ចំលាក់​ភាគ​ច្រើន​ ត្រូវ​បាន​គេ​គាស់​លួច​យក​ទៅ​បាត់​ មាន​ស្នាម​ប្រ​ហោង​ទុក​សល់​នៅ​ទី​នោះ​ ហើយ​ដែល​គួរ​អោយ​រំខាន​ជា​ខ្លាំង​នោះ​ គឺ​ហ្វូង​សត្វ​ប្រ​ចៀវ​រាប់​ម៉ឺន​ក្បាល​ ដែល​កំពុង​ប្រ​សេក​ប្រសាច​ កក​កុច​ នាំ​គ្នា​ធ្វើ​ផ្ទះ​ដេក​របស់​ពួក​គេ​ នៅ​ក្នុង​កំពូល​ខាង​លើ​នេះ ផ្តល់​ នូវ​ ការ​ប្រ​គុំ​តន្ត្រី​ ដែល​មិន​មែន​ជា​បទ​ភ្លេង​ពីរោះ​ស្ដាប់​ទេ​ វា​គឺ​ជា​សំលេង​ស្រែក​ចេក​ចាច​ របស់ពួក​ហ្វូង​សត្វ​ទាំង​នេះ​​ លើស​ពី​នេះ​ ក៏​មាន​ក្លិន​អសោចន៍​យ៉ាង​ខ្លាំង​ផង​ដែរ​ ប៉ុន្តែ​​បន្ទប់​​ដែល​​មាន​​បង្អួច​​ ​មាន​ចំរឹង​​សសរ​​ថ្ម​ ឆ្លាក់​ក្បាច់​ក្បូរ​យ៉ាង​ប្រណីត​ គឺ​​ស្អាត​ខ្លាំង​​ណា​ស់​ ថ្វី​ត្បិត​តែ​មិន​មាន​គ្រឿង​សង្ហា​រិម​អ្វី​តុប​តែង​នៅ​ទី​នេះ​ក៏​ដោយ​ ក៏​ការ​ចាប់​អារម្មណ៍ មាន​លក្ខណ​ជា​ពិសេស​ខ្លាំង​ណាស់​ដែរ​ ដោយ​ទិដ្ឋ​ភាព​តាម​រយៈ​​របារ​ជុំ​វិញ​ទាំង​នេះ​ គឺ​គួរ​អោយ​គយ​គន់​មិន​ពព្រិច​ភ្នែក​ ហើយ​ស្រស់​ស្អាត​មែន​ទែន​នោះ​ គឺ​ពន្លឺ​ចាំង​ចូល​មក​ នៃ ព្រះ​អាទិត្យ​ ដែល​មាន​ស្រមោលឈ្នូត​វែង​ចាំង​នៅ​លើ​ជញ្ជាំង​។​

សូម​អរ​គុណ​ដល់​ស្រមោល​ឆ្នូត​ដូច​សញ្ញា​ព្រួញ​ យ៉ាង​វែង​ធំ​ទូលាយ​ អ្នក​ក៏​អាច​ដើរ​ជុំវិញ​ជញ្ជាំង​ខាង​ក្រៅ​នេះ​បែរ​មើល​ទេស​ភាព​បាន​យ៉ាង​សប្បាយ​ផង​ដែរ​ ដូច​នៅ​លើ​ឋាន​សួគ៌ អ្នក​​ក៏​មាន​​អោ​កាស​​បាន​​មើល​​ឃើញ​​ទេពធិតា​ស្រស់ៗ ​ស្អាតៗ​ នា​ស្ថានសួគ៌​​នៅ​​ជិត​ៗ​អ្នក​ គឺ​ជា​រូប​​ចំលាក់​ដែល​​ឆ្លាក់​ក្នុង​ថ្ម​ អ្នក​រៀប​ចំ​គង់​មាន​បំណង​ បង្ហាញ​ដល់​អ្នក​ទស្សនា​ថា​ អ្នក​កំពុង​ស្ថិត​នៅ​ស្ថាន​សួគ៌​ហើយ​ ពួក​ទេព​ធិតា​ទាំង​នេះ​ត្រូវ​បាន​តុប​តែង​លម្អ​ដោយ​គ្រឿង​អលង្ការ​យ៉ាង​សម្បូណ៌​បែប​ ប៉ុន្តែ​អ្វី​ដែល​ចំលែក​បំផុត​នោះ​ គឺម៉ូត​សក់​របស់​ពួក​គេ គឺ​ជា​ម៉ូត​សក់​ដ៏​ប្លែក​ៗ​ ស្ដ្រី​ទាំង​អស់​នៅ​ពេល​នោះ​ សុទ្ធតែ​ត្រូវ​​បាន​តែង​ដោយ​ស្ទីល​ម៉ូដ​សក់​ទាំង​នេះ​ ដោយ​សារ​តែ​នៅក្នុ​ង​ភាព​រុង​រឿង​មួយ​ ពួក​គេមាន​ពេល​វេលា​ ដើម្បី​បង្កើត​ស្ទីល​ម៉ូដ​សក់​ ដ៏​អស្ចារ្យ​ សំរាប់​តុប​តែង​សម្រស់​របស់​ពួក​គេ​។​

ក៎​គួរ​អោយ​សោក​ស្ដាយ​ជាពន់​ពេក​ អស់​ជា​ច្រើន​សត​វត្ស​ន៍​កន្លង​មក​ មាន​ពួល​ចោរ​ចូល​លួច​យក​រូប​ចំលាក់​ទេព​ធីតា ដ៏​ស្រស់​ស្អាត​នេះ​ បាត់​អស់​ជា​ច្រើន​ ហើយ​ជា​រឿយ​ៗ ការ​ចាប់​អារម្មណ៍​គឺ​គ្រាន់​តែ​ជា​ស្រមោល​ នៃ​ ភាព​ស្រស់​ស្អាត​ដែល​ធ្លាប់​មាន​នៅ​ទី​នេះ​តែ​ប៉ុណ្ណោះ​ ខ្ពស់​ជាង​នេះ​ទៅ​ទៀត​ គឺ​ប្រាសាទ​កំពូល​៥ ដែល​មាន​កំពូល​នៅ​កណ្តាល​​ខ្ពស់​​ជាង​គេ ហើយ​ទីនេះ​ គឺ​ជា​ទីសក្ការៈ ​នៃ ​ប្រា​សាទ​​អង្គរ​វត្ត​ទាំង​មូល​។

អង្គរ​វត្ត​​ជា​ស្នា​ដៃ​របស់​ស្ថាបត្យករ​ម្នាក់​ដែល​យើង​មិន​ស្គាល់​ឈ្មោះ មាន​តែ​អ្នក​សាង​សង់​ទេ គឺ​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​២ ដែល​គេ​ស្គាល់​ថា​ ព្រះ​អង្គ​ជា​ក្សត្រ​មួយ​អង្គ​ ឆ្លាត​វៃ​ និង​ ប៉ិន​ប្រសប់​ ក្នុង​រជ្ជ​​កាល​របស់​ទ្រង់​មាន​រយ​ពេល​ពី​ឆ្នាំ ១១១៣ ដល់ ១១៥០ ការ​សាង​សង់​អង្គរ​វត្ត​ ប្រ​ហែល​ជា​បាន​ចាប់​ផ្តើម​​នៅ​ប្រ​ហែល​ឆ្នាំ ១១២០ ប្រា​សាទ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ ដើម្បី​អុទ្ទិស​ដល់​ព្រះវិស្ណុ​ ហើយ​ក៏​ទុក​ជា​កិត្តិ​យស​ដល់​អាទិ​ទេព​ហិណ្ឌូ​អង្គ​នេះ​ដែរ​ អ្វី​ៗ​ត្រូវ​បាន​រៀប​ចំ​ឡើង​ ដើម្បី​លើក​តំកើង​​ដល់​សមទ្ធិ​ផល​ទាំង​ឡាយ​ ដែល​ ស្តេច​មុន​ៗ​ បាន​សាង​សង់​ ហើយ​ក្នុង​ពេល​តែ​មួយ​គេ​លើក​តំកើង​ ព្រះ​វិស្ណុ​ អោយ​នៅ​ខ្ពស់​ជាង​​អា​ទិ​ទេព ​ព្រាហ្មណ៍​​ដទៃៗ​ទៀត​ មាន​ព្រះ​សិវៈ​ ព្រះ​ព្រហ្ម​ជា​ដើម​។ ក៏​មាន​សំនេរ​មួយ​ទៀត​ដែ​រថា អគារ​ប្រាសាទ​ទាំង​មូល​ គឺ​ជា​ចេតិយ សំរាប់​បញ្ជុះ​អដ្និ​ធាតុ​របស់​អ្នក​សាង​សង់​ ដែល​ជា​អកុសល​ ព្រះ​អង្គ​មិន​បាន​រស់​នៅ​ ដើម្បី​មើល​ការ​បញ្ចប់​​ ការ​ងារ​សាង​សង់​របស់​ព្រះ​អង្គ​នោះ​បាន​ អ្នក​ស្នង​មរតក​​របស់​ព្រះ​អង្គ​ បាន​លើក​កម្ពស់​ការ​សាង​សង់នេះ​ជា​ខ្លាំង​​ ប៉ុន្តែ​មាន​តែ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ប៉ុណ្ណោះ ដែល​បាន​បញ្ចប់​គំរោង​សាង​សង់​នេះ​ ទ្រង់​បាន​ឡើង​សោយ​រាជ្យ​នៅឆ្នាំ​ ១១៨១ ហើយ​ប្រហែល​ឆ្នាំ ១១៩០ អង្គរវត្ត ប្រ​ហែល​ជា​ត្រូវ​បាន​បញ្ចប់​ ដោយ​ភាព​រុង​រឿង​សុះ​សាយ​យ៉ាង​ពេញ​លេញ​ទូទាំង​អាណា​ចក្រ​ខ្មែរ​។

តាម​ការ​​ពណ៌នា​ក្នុងកំនត់​ហេតុ​របស់​​បេ​សកជន​ជាតិ​ចិន ជី តាក្វាន់ គាត់​ប្រាប់​ពី​ភាព​ស្រស់​ស្អាត​លើស​លប់​ នៃ មួយ​ប្រា​សាទ​​នេះ កំពូល​កណ្ដាល​​មាន​​កម្ពស់​​ដល់​​ទៅ ៦៥​ម៉ែត្រ ត្រូវ​បាន​គេ​ធ្វើ​មាន​ពន្លឺ​​ចែង​ចាំង​ដូច​​មាស​ បន្ថែម​ទៀត​យើង​មើល​ឃើញ​​ទម្រង់​​គ្រឹះ ​នៃ ​ប្រា​សាទ​អង្គរ​វត្ត វា​ហាក់​ដូច​ស្ថិត​ក្នុង​អាថ៌​កំបាំង​ ​តែ​ក៏​ជា​គ្រឹះ​ស្ថានសាង​សង់​បែប​​​សាមញ្ញ​​ណាស់​ដែរ ហើយ​​ច្បាស់​ណាស់​ដែល​ខ្ញុំ​កំពុង​ភ្ជាប់​រូប​គំនូរ សំណង់​​ដ៏​ស្រស់​ស្អាត ស៊ីមេ​ទ្រី​ ជា​មួយ​ប្រាសាទ​​នេះ​

​ ដោយ​​បាន​ធ្វើ​ខ្សែ​ជំនួយ​ ដែល​ត្រូវ​បាន​គូរ​តែ​លើ​​ផែន​​ការ​​គំនូរ​ប៉ុណ្ណោះ ខ្សែ​ជំនួយ​នេះ​ផ្តល់​អោយ​ នូវ ភាព​ស្ងប់​ស្ងាត់​ដ៏​អស្ចារ្យ​ ដែល​យើង​ឃើញ​ខ្សែ​សង្វាក់​ចង​ព្យួរ​ផ្ដេក​បង្កើត​ជា​ខ្សែកោង​ដ៏​ស្រស់​ស្អាត​ ជា​ពិសេស​ នៅ​ពេល​ដែល​ចុង​ម្ខាង​ត្រូវ​បាន​តោង​ខ្ពស់​ជាង​ ជា​មួយ​នឹង​ឧបករណ៍​នេះ អ្នក​អាច​គូរ​តង់​សង់​ទៅ​​ជញ្ជាំង​បញ្ឈរ​ ហើយ​ឥឡូវ​នេះ​កំពូល​នៃ​ប៉ម​ នឹង​ ត្រូវ​បាន​កែ​តម្រូវ​ទៅ​ នឹង​ ធ្នូ​នេះ​។ ធ្នូ​ផ្សេង​ទៀត​ បំរើ​សំរាប់​ចំនុច​សំខាន់​ផ្សេង​ទៀត​នៅ​ក្នុង​ស្ថាបត្យ​កម្ម​នេះ ដែល​ផ្តល់​អោយ​អគារ​ទាំង​មូល​នូវ​ភាព​ស្រស់​ស្អាត​រម្យនា ​ដែល​ទាក់​ទាញ​អ្នក​មើល​គ្រប់​រូប​។

ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ជា​ពុទ្ធ​សាស​និក ហើយ​បាន​ប្រកាស​ថា ព្រះ​ពុទ្ធ​សាសនា​ ជា​សាសនា​របស់​រដ្ឋ​ ដូច្នេះ​ប្រាសាទ​ ក៏​ត្រូវ​រៀប​ចំ​តាក់​តែង​ថ្មី​ ដើម្បី​​គោរព​បូជា​ព្រះ​ពុទ្ធ​សាសនា​ ជា​ថ្មី​វិញ​ ហើយ​ចំលាក់​ពុទ្ធ​រូប​ថ្មី​ៗ ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដែរ​ រូប​បដិមា​ព្រះ​វិស្ណុ ដែល​បាន​ប្រតិ​បត្តិ​កន្លង​មក និង មាន​រូប​ចំលាក់​ដែល​ទាក់​ទង​ នឹង សាសនា​ចាស់​ទាំង​ប៉ុន្មាន​ ក៏​មិន​ត្រូវ​បាន​ដក​យក​ចេញ​​ទេ ប៉ុន្តែ​រូប​ចំលាក់​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​គោរព​ដល់​ព្រះ​ពុទ្ធ​។

រូប​សំណាក​ ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​ធ្លាប់​បាន​តុប​តែង​នៅ​ក្នុង​ប្រាសាទ​នេះ​ មាន​ចំនួន​ជាង​បី​រយ​ហាសិប​រូប​ នៅ​តែ​អាច​ត្រូវ​បាន​រក​ឃើញ​នៅ​ទី​នេះ ដូច​ដែល​មនុស្ស​ជា​ច្រើន​បាន​បាន​ជួប​ប្រទះ​ កម្ទេច​កម្ទី​ជា​ច្រើន​ នៃ រូប​ចំលាក់​ ដែល​កប់​នៅ​ក្នុង​គំនរ​បាក់​បែក​ រឺ​ បាន​រក​ឃើញ​ស្នាម​រូប​ចាស់​ដែល​បាត់​ទៅ​ បំណែក​ខ្លះ ត្រូវ​បាន​គេ​យក​ទៅ​តំកល់​ទុក​ក្នុង​សារ​មន្ទីរ​ ដែល​ជា​ការ​ប្រមូល​ដោយ​ពួក​អភិ​រក្ស​។ សមា​គម​ជាង​ចំលាក់​ មាន​សមា​ជិក​ច្រើន​ ដើម្បី​ធ្វើ​កិច្ច​ការ​នេះ​ ព្រោះ​ប្រាសាទ​ចំនួន​ប្រាំបី​ផ្សេង​ទៀត​ ត្រូវ​បាន​សាង​សង់​ក្នុង​ពេល​ដំណាល​គ្នា​ នឹង ប្រាសាទ​អង្គរ​វត្ត​ដែ​រ ដែល​ប្រាសាទ​ទាំង​អស់​ត្រូវ​បាន​តុប​តែង​យ៉ាង​បរិបូរណ៍​ដោយ​រូប​ចំលាក់​។​

ចំពោះ​​ការ​​សាង​​សង់​​ប្រាង្គ​​ប្រាសាទ​​ ប្រាង្គ​​ទាំងឡាយ​​នេះ ខ្មែរ​បាន​ប្រើ​គំរូ​​សាមញ្ញ​ណាស់ គឺ​គេ​យក​កំណាត់​​រិស្សី​​ពីរ​ដើម​ ​ដែល​មាន​ប្រវែង​ស្មើ​គ្នា​ គេ​ដាក់​ដើម​រិស្សី​ទាំង​ពីរ​ដើម​ទន្ទឹម​គ្នា​ទុក​ចន្លោះ​ពី​មួយ​ទៅ​មួយ​ប្រមាណ​តាម​ចំនង់​ចំនូល​ចិត្ដ​របស់​គេ​។

បន្ទាប់​មក​ គេ​ចង​ភ្ជាប់​ចុង​រិស្សី​ផ្នែក​ខាង​លើ​ចូល​គ្នា ចន្លោះ​រវាង​ដើម​រិស្សី​ទាំង​ពីរ​ គេ​អាច​ពង្រីក​ ពង្រួម​ តាម​បំណង​ នូវ​ រូប​រាង​មួយ​ ដែល​គេ​ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​អាស្រ័យ​លើ​ចន្លោះ​រវាង​កំណាត់​ទាំង​ពីរ​ គេ​ប្រើ​ប្រាស់​​ជា​គំរូ តាម​ទម្រង់​ ទំហំ កម្ពស់​ ទៅ​តាម​ការ​សាង​សង់​របស់​គេ​។ ខ្សែ​កោង​ទាំង​នេះ​ប្រហាក់​ប្រហែល​ នឹង​ ប៉ារ៉ា​បែល​ ដែល​អីលូវ​នេះ​ត្រូវ​បាន​ប្រើ​ ជា​រូប​រាង​មូល​ដ្ឋាន​​គំរូ​ សំរាប់​ការ​សាង​សង់​ទាំង​អស់​ ដូនេះ​ហើយ​​រចនា​សម្ព័ទ្ធ​​បែប​នេះ​ ក្លាយ​ជា​ភាព​សុខ​ស្រួល​មួយ​សំរាប់​ការ​សាង​សង់​ ដែល​ហាក់​ដូច​ជា​គេ​ប្រើ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ហាក់​បី​ដូច​ជា​វា​មិន​មែន​ជា​ស្នា​ដៃ​របស់​មនុស្ស​ទេ ប៉ុន្តែ​ជា​ប្រភព​ដើម​មក​ពី​ឋាន​ទេវ​តា​។

ទំនាក់​​ទំនង​​រវាង​​ប្រជាជន​ និង ​ប្រាសាទ​នៅ​ពេល​នោះ​ នៅ​តែ​មិន​អាច​ពន្យល់​បាន​ច្បាស់​នៅ​ឡើយ​ ពិធី​បុណ្យ​ធំ​ៗត្រូវ​បាន​ប្រា​រព្ធ​ឡើង​នៅ​ទី​នេះ ប៉ុន្តែ​យើង​មិន​ដឹង​ថា អ្នក​ណា​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូល​ទៅ​ក្នុង​អគារ​កណ្តាល​ត្រង់​កំពូល​​ខ្ពស់​ជាង​គេ​​នោះ​ទេ​ ប្រា​សាទ​ជា​ច្រើន​មាន​ខ្លោង​ទ្វារ​ ហើយ​ច្រក​ទ្វារ​ធំ​ៗ​ សុទ្ធ​តែ​មាន​ស្ពាន ជញ្ជាំង និង ប្រឡាយ​គូ​ទឹក​ ការពារ មិន​មាន​ការ​ចេញ​ចូល​ដោយ​​គ្មាន​ការ​អនុញ្ញត្ដ​នោះ​ទេ តើ​​គេ​​បាន​ផ្តល់​អោយ​តែ​អ្នក​មាន​​វណ្ណ​ខ្ពស់ ​អាច​ចូល​ទៅ​កាន់​កំពូល​​កណ្តាល​​អង្គរ​​វត្ត​​ រឺ ​មាន​​តែ​ព្រះ​សង្ឃ និង​ ​ព្រះ​សង្ឃ​​​ដែល​មាន​​សិទ្ធិ​ស្នាក់​នៅ​ទី​នេះ​ប៉ុណ្ណោះ​ទេ​​ ដែល​អាច​ចូល​មក​ដល់​ទី​នេះ​បាន រឺ​ដូម្ដេច? ក៏​គ្មាន​ទី​កន្លែង​ណា​មួយ​មាន​បន្ទប់​សាល​ដ៏​ធំ​ដូច​ទី​នេះ​ទេ​ ហើយ​ដែល​គេ​ចាត់​ទុក​ជា​កន្លែង​មួយ​ នៃ ការ​លះ​បង់​ដ៏​ធំ​អស្ចារ្យ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ដូច្នេះ​ អង្គរ​វត្ត​ ​ត្រូវ​​បាន​​សាង​សង់​​ឡើង ​ដើម្បី​​គោរព​​ដល់​​អាទិទេព​​ប៉ុណ្ណោះ​។​

មាន​​ព្រះ​វិហារ​បូជា​មួយ​ស្ថិត​នៅបរិវេណ​​ខាង​មុខអង្គរ មាន​ទី​តាំង​​ប្រ​​ហែល​​​ជា​នៅ​ត្រង់​កន្លែង​​ ​ទី​តាំង​ព្រះ​វិហារ ​​របស់វត្ដ​​​សព្វ​ថ្ងៃ ដោយ​សារ​​ព្រះ​វិហារ​ចាស់​នេះ គេ​សង់​​ពី​​ឈើ​​ វា​ក៏​ត្រូវ​បាន​ពុក​ផុយ​​ដួល​រលំ​បាត់​អស់​​ជា​យូរ​ណាស់​មក​​ហើយ​ ព្រះ​សង្ឃ​​នៅ​ក្នុង​វត្ដ​សព្វ​ថ្ងៃ បាន​សាង​សង់​វិហារ​ថ្មី ​ហើយ​​ចាត់​ទុក​ព្រះ​វិហារ​​ថ្មី​នេះ​ ​ថា​​ជា​​កន្លែង​បរិសុទ្ធ​ ជា​ទី​​សក្ការៈ​បូជា​ទូ​ទៅ ​មិន​​ប្រកាន់​​សាសនា​ណា​ឡើយ​។​ (70) ។

អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​ជា​ពិសេស អំពី​ប្រាសាទ​នេះ​ គឺ​របៀប​ដែល​ស្ថាបត្យ​ករ​ ដឹង​ពី​របៀប​បង្កើន​ភាព​រំភើប​ នៃ​ អ្នក​ទស្សនា​ ទំហំ​​ នៃ​​ បរិ​វេណ​ទាំង​មូល​​គឺ​​អស្ចារ្យ​​ណាស់ ព្រោះ​​មាន​ប្រឡាយ​​គូ​ទឹក​ជុំវិញ​​តំបន់​​ទាំង​មូល​​មាន​​ប្រវែង​ ៦​គីឡូ​ម៉ែត្រ​​។ នៅ​ពេល​ដែល​អ្នក​បាន​ស្រូប​យក​ទេស​ភាព​ធម្មជាតិ​ មាន​គូទឹកវែង​សន្លឹម​​​ដ៏​​អស្ចារ្យ​នេះ ការ​ភ្ញាក់​ផ្អើល​បន្ទាប់​ ព្រោះ​អ្នក​​បាន​ឃើញ​អគារ​កំពែង​ដ៏​វែង​អស្ចារ្យ​ស្ថិត​​នៅ​ខាង​ក្រោយ​មាត់​គូ​ទឹក​ មាន​ប្រ​វែងរ​ហូត 250​ម៉ែត្រ ដែល​អ្នក​មិន​ដែល​បាន​ជួប​ប្រទះនៅ​ទី​ណា​ឡើយ​ ជា​មួយ​គ្នា​នេះ​ដែរ អគារ​មួយ​នេះ​គ្រប​ដណ្ដប់​ប្រាសាទ​សំខាន់​ៗ​ជា​ច្រើន​ ធ្វើ​អ្នក​ដើរ​កាត់​ខ្លោង​ទ្វារ​ទី​នេះ ពោរ​ពេញ​ដោយ​ភាព​រំភើប​ជា​បរិមា​ ពេល​នេះ​ទិដ្ឋ​ភាព​ហាក់​រិត​តែ​ខ្មួល​ខ្មាញ់​ខ្លាំង​ណាស់​ គឺ​ស្រមោល​ដ៏​អស្ចារ្យ​នៃ​ ប្រា​សាទ​លេច​ឡើង​នៅ​ចំពោះ​មុខ​អ្នក​ ក៏​បាន​បង្ហាញ​ផ្លូវ​ប្រវែង​ ៣៥០​ម៉ែត្រ​ ដែល​នាំ​ចូល​ទៅ​ប្រាសាទ​នេះ​ផង​ដែរ​។

អ្នក​ប្រាជ្ញ​នៅ​តែ​ជជែក​វែក​ញែក​អំពី​អត្ថ​ន័យ​ដ៏​ជ្រាល​ជ្រៅ​ នៃ ប្រា​សាទ​អង្គរ​វត្ត​ រហូត​​មក​​ដល់​​សព្វ​ថ្ងៃ​នេះ គេ​មិន​ទាន់​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ទេ​​ថា ​តើ​នេះ​ជា​អាសន​​របស់​អា​ទិទេព រឺ ​ជា​​ផ្នូរ​របស់​ស្ដេច​រឺ​អ្វី? អ្វី​គ្រប់​យ៉ាង​នៅ​តែ​ស្ថិត​ក្នុង​ភាព​ខ្មៅ​ងងឹត​ ហើយ​រង់​ចាំ​ការ​បក​ស្រាយ​ត្រឹម​ត្រូវណាមួយ​ តែ​ការ​ស្រាវ​ជ្រាវ​​ចុង​ក្រោយ​នេះ ​បាន​​ចង្អុល​បង្ហាញ​ថា ជា​ផ្នូរ។​។

ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ទ្រង់​ប្រសិទ្ធិ​នាម​​អង្គ​អែង​ថា​ ស្ដេច​ព្រះ​ជា​ម្ចាស់​ Gottkönig។ ក្នុង​​នាម​​​ជា​ពុទ្ធសាស​និក ព្រះ​អង្គ​ទ្រង់​បាន​​បញ្ចប់​​ការ​​សាង​​សង់​ និង ​ធ្វើ​​អោយ​​ប្រាសាទ​​នេះ​​ជា​​ទី​សក្ការៈ​​ដ៏​​ស្រស់​​ស្អាត​​បំផុត​​ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ សោយ​ទីវង្គត​ នៅ​ឆ្នាំ​១២២០ ហើយ​ប្រ​ហែល​​ជា​អដ្ឋិ​ធាតុ​របស់​ព្រះ​អង្គ​ ត្រូវ​បាន​គេ​បញ្ចុះ​ នៅ​​វិមាន​​ព្រះ​ពុទ្ធ​​សាសនា​ ​បែប​ ហិណ្ឌូ​ដ៏​ធំ​ជាង​គេ​​ក្នុង​​ពិភព​លោក​មួយ​នេះ​។​