ក្រុងអង្គរ ក្រុងដែលបំភ្លេចចោលក្នុងព្រៃ
រូបថត និង អត្ថបទ ដោយ R.Wening
រក្សាសិទ្ធ 1965 Silva - verlag Zürich
បោះពុម្ពផ្សាយដោយ : Gerbr. Fretz AG, Zürich
ប្រែសំរួលក្រៅផ្លូវការ
កែវ ឈុន
ការផ្សាយមណ្ឌលវប្បធម៌ខ្មែរនៅស្វីស
****************************************
បទសិក្សាអ្នកចុះផ្សាយ
ថ្ងៃសៅរ៍ ទី6.កក្កដា 2022.ម៉ោង 8:29
ថ្ងៃមួយខ្ញុំបានដើរទៅមើលគេលក់របស់របរចាស់ៗ តាមផ្សារចិញ្ចើមផ្លូវ បើហៅតាមស្រុកខ្មែរយើងសម័យបច្ចុប្បន្ននេះ គេហៅថាផ្សារជជុះ ដើរចុះដើរឡើង ខ្ញុំឃើញកន្លែងមួយមានដាក់តាំងលក់សៀវចាស់ជាច្រើន ខ្ញុំចូលទៅរើសបើកមើលសៀវភៅខ្លះៗ ខ្ញុំឃើញសៀវភៅមួយមានក្របពណ៌ឈាមជ្រូកចាស់ មានរូបរទេះសេះ អ្នកជិះលើរទេះសេះនោះទំនងដូចជាស្ដេចខ្មែរ កំពុងយិតធ្នូបាញ់ព្រួញ ដូចរូបព្រះរាមយិតធ្នូក្នុងគំនូររឿងរាមកេរ្ដិ៍ដែរ រូបនេះមើលទៅស្អាតណាស់ មានពណ៌ទឹកមាស ដូចជារូបក្របសៀវគ្រាំងមាសអ្វីសំខាន់ម្យ៉ាងដែរ នៅលើក្របសៀវភៅ មិនមានចារអ្វីក្រៅពីរូបភាពនេះឡើយ ខ្ញុំបើកមើលទំពរទី១ និង ទី២ បើកជាប់គ្នាឆ្វេងស្ដាំ មានរូបផែនទីអណ្ឌូចិនធំ នៅលើទំព័រទាំងពីរ ហើយរូបដែលមើលឃើញធំជាងគេនោះគឺ ផែនទីស្រុកខ្មែរយើង ខ្ញុំបើកទំព័របន្ដ ទើបមានសរសេរអក្សរធំៗ ជាឈ្មោះនៃ អត្ថទថា ANGKOR DIE VERGESSENE TEMPELSTADT IM URWALD ក្រុងអង្គរ ក្រុងដែលបានបំភ្លេចចោលក្នុងព្រៃជ្រៅ បោះពុម្ព នៅឆ្នាំ១៩៦៥ នៅរោងពុម្ព Gerber Fretz AG., Zürich ។
បើកមើលទ្រោះៗ សៀវភៅសរសេរជាភាសាអាល្លឺម៉ង់ អមដោយរូបភាពប្រាសាទខ្លះៗ នៅតំបន់អង្គរ រូបថតមានពណ៌ធម្មជាតិ នៅស្រស់ស្អាតនៅឡើយ សូម្បីវាចាស់យូរឆ្នាំហើយក៏ដោយ តែទោះជាយ៉ាងណាក៏ដោយ ដោយខ្ញុំខានជួបអ្វីៗ អំពីខ្មែរយូរណាស់មកហើយ ខ្ញុំមិនដែលបានឃើញស្រមោលតួអក្សរខ្មែរ រឺ លឺគេនិយាយភាសាខ្មែរសោះឡើយ ខ្ញុំជាប់ចិត្ដ ជាមួយសៀវភៅនេះជាពិសេសតែម្ដង ខ្ញុំកាន់សៀវភៅនេះក្នុងដៃ ហើយសួរអំពីតំលៃទៅអ្នកលក់ គេឆ្លើយប្រាប់ខ្ញុំព្រមលើកម្រាមដៃទាំងដប់ជាសញ្ញាផង Zehn Franken មានន័យថា ១០ហ្វ្រង់ស្វីស។ កាលពីទស្សវត្សឆ្នាំ ៨០ តំលៃ ១០ហ្វ្រង់ស្វីស គិតថាវាមានតំលៃថ្លៃគួរសមដែរ សំរាប់របស់លក់ជជុះបែបនេះ តែទោះជាយ៉ាងនេះក៏ដោយ ខ្ញុំមិនបានគិតខ្វល់ពីរឿងតំលៃទេ ខ្ញុំបើកកាបូប ទាញយកលុយហុចអោយអ្នកលក់ ដោយនឹកត្រេកអរក្នុងចិត្ដទៀតផង។
មកដល់ត្រង់នេះ ខ្ញុំនឹកឃើញពេលខ្លះដែលខ្ញុំធ្វើដំណើរ នៅតាមអាកាសយានដ្ឋាននានា រឺ តាមស្ថានីយរថភ្លើងធំៗ មានរទេះរុញ សំរាប់ដាក់វ៉ាលីរបស់ភ្ញៀវអ្នកដំណើរ រទេះរុញនេះ មានសរសេរអក្សរ ក្រវេមក្រវាមជាច្រើនភាសា នៅត្រង់កាន់រុញ ហើយខ្ញុំចាប់អារម្មណ៍ជាពិសេស មានអក្សរចិន អក្សរថៃផងដែរ ខ្ញុំនឹកក្នុងចិត្ដថា ដូចម្ដេចក៏មិនមានអក្សរខ្មែរផងទៅហ្ន៎!.. ពេលនេះខ្ញុំនឹកកាលពីខ្ញុំនៅក្មេងនៅឡើយ ខ្ញុំឃើញអ្នកស្រុកខ្ញុំ មួយចំនួនគេនាំគ្នារៀបចំធ្វើធ្នឹមកន្លែងសែនព្រេនដូនតា គេដាក់ជើងទូប និង ជួនកាលក៏មានកោដខ្មោច ឳពុក ម្ដាយ រឺ សាច់សារលោហិត ញាតិសន្ដារបស់គេ ដាក់លើធ្នឹមនោះផងដែរ ធ្នឹមនេះមានធ្វើសរសរអមសងខាង សំរាប់បិទក្រដាសក្រហមម្យ៉ាង លើក្រដាសក្រហមនោះមានសរសេរជាអក្សរចិនផង ខ្ញុំមិនចេះអានទេ មិនដឹងថាមានន័យយ៉ាងណានោះទេ ហើយខ្ញុំក៏ជឿជាក់ថា ម្ចាស់ផ្ធះក៏មិនចេះអានដែរ ព្រោះពួកគាត់ភាគច្រើនគ្មានជាប់ខ្សែស្រលាយចិនអីទេ ជាខ្មែរសុទ្ធសាត ហើយជួនកាល គាត់ក៏មិនចេះអាន សូម្បីតែអក្សរខ្មែររបស់ខ្លួនអែងផង ត្រង់នេះខ្ញុំគ្រាន់តែចង់បង្ហាញអំពីរបៀបដែលពួកចិន គេខំផ្សព្វផ្សាយ អរិយធម៌ វប្បធម៌អក្សរសាស្ដ្ររបស់ពួកគេប៉ុណ្ណោះ ហើយរឿងការផ្សាយអក្សរសាស្ដ្រចិននេះមានច្រើនបែបយ៉ាងទៀត ខ្ញុំ នឹង មិននិយាយនៅទីនេះទេ តែសូមយើងមើលចុះសឹងតែគ្រប់ទិសទី សឹងនិយាយបានថា ទីណាក៏ឃើញមានអក្សរចិនដែរ។
ខ្ញុំទិញសៀវភៅកាន់មកផ្ទះ វាមានសារសំខាន់មែនទែនសំរាប់ខ្ញុំ ដែលតាំងពី ច្រើនឆ្នាំមកហើយ ខ្ញុំមិនដែលបានជួប មិនដែលបានឃើញ នូវ អ្វីៗដែលទាក់ទង នឹង ខ្មែរ តាំងលក់ដូច្នេះទេ វាលើកដំបូងដែលខ្ញុំបានជួបប្រទះសៀវភៅមួយនេះ ដែលនិយាយអំពីស្រុកខ្មែរ ហើយដាក់លក់ជាសាធារណ ដូចរបស់របរម្ចាស់ស្រុកគេដែរ ខ្ញុំមានសេចក្ដីរំភើបញាប់ញ័រ ប្រកបដោយមោទនភាពដ៏ជ្រាលជ្រៅជាទីបំផុត ដែលបានឃើញ ព្រលឹងវិញ្ញាណរបស់ខ្មែរ រស់រានមានជីវិតនៅលើទឹកដីអឺរ៉ុបនេះ។
សំនេរក្នុងសៀវភៅសរសេរជាភាសាអាល្លឺម៉ង់ ខ្ញុំចាប់ផ្ដើមសាកអាន តែមិនសូវជាយល់ន័យសេចក្ដីប៉ុន្មានទេ ឃ្លាឃ្លោងនីមួយៗ អ្នកនិពន្ធ ហាក់មានភាពជ្រៅជ្រះ ក្នុងការលេងពាក្យ នៃ វោហាសាស្ដ្រខាងតែងនិពន្ធយ៉ាងចំណានអស្ចារ្យណាស់ ខ្ញុំនឹកកោតសរសើយ៉ាងខ្លាំងចំពោះកំនត់ត្រា នៃ អ្នកដើរទេសចរម្នាក់ ដែលបានដើរចូល ទៅក្នុងព្រៃគ្រប់ច្រកល្ហកនៅតំបន់អង្គរ ហើយបានសរសេររៀបរាប់ប្រាប់យើង ពីស្ថានភាពគ្រប់បែបយ៉ាង អំពីអ្វីដែលមាននៅទីនោះ និង ដែលគាត់បានជួបប្រទះដោយផ្ទាល់ គាត់បានសរសេរអំពីព្រៃដ៏អស្ចារ្យ អំពីសត្វ អំពីប្រជាជនដែលរស់នៅក្នុងព្រៃ អំពីហេតុការណ៍ នៃ សេចក្ដីភ័យរន្ធត់ ដែលមានក្នុងព្រៃ នៅពេលដែលអ្នកនិពន្ធចូលទៅដល់ប្រាសាទនីមួយៗ គាត់បានសរសេរអំពីស្ថានភាពបាក់បែក និង គ្រោះភ័យរបស់ប្រាសាទ ដែលកើតមានពីធម្មជាតិ ដែលមានព្រៃឈើយ៉ាងច្រើនដុះរួបរិតប្រាសាទ ដូចជាសត្វម្រឹក្យ កំពុងស្ថិតនៅក្នុងក្រញាំដៃយក្សដូចច្នោះ គាត់ក៏បានរៀបរាប់យ៉ាងលំអិត អំពីការជួសជុលប្រាសាទឡើងវិញ វាហាក់បីដូចជាការសាងសង់ប្រាសាទថ្មីដែរ ព្រោះគេត្រូវរុះរើថ្មទាំងអស់របស់ប្រាសាទចេញ មុននឹងរុះរើ គេត្រូវបង់លេខផ្ទាំងថ្មនីមួយៗ តាមលេខរៀង បន្ទាប់មក គេត្រូវបុកគ្រឹះជាថ្មី ទើបរៀបថ្មដែលរុះរើចេញនោះ ដាក់ចូលទៅកន្លែងដើមវិញតាមលេខរៀងជាបន្ដៗគ្នា វាប្រៀបដូចជាជាងរើម៉ាស៊ីនឡាន ហើយដាក់ចូលជាថ្មីវិញដែរ តែកិច្ចការនេះគេត្រូវមានស្ថាបក្យករ សិល្បករ ជាងចំលាក់យ៉ាងចំណានៗបំផុត ចូលរួម ទើបអាចធ្វើកិច្ចការនេះបាន។
ខ្ញុំឃើញថាសៀវភៅនេះ មានសារប្រយោជន៍ធំធេងណាស់សំរាប់កូនចៅខ្មែរ ខ្ញុំនឹកគិតក្នុងចិត្ដថា មានអ្នកណាទៅហ្ន៎! អាចប្រែសៀវភៅនេះជាភាសាខ្មែរបាន ដើម្បីចែករំលែកអោយកូនចៅខ្មែរគ្រប់គ្នាបានជ្រួតជ្រាប អំពីស្នាដៃដ៏ល្អមួយនេះ ប៉ុន្ដែកាលវេលាចេះតែកន្លងៗទៅ យ៉ាងយូរ ខ្ញុំគ្រាន់តែបានរក្សាសៀវភៅនេះ ទុកចោលក្នុងទូយ៉ាងស្ងៀមស្ងាត់ ដែលស្ថានភាពរូបកាយរបស់មនុស្សគ្រប់គ្នា តែងតែផ្លាស់ប្ដូរប្រែប្រួលពីក្មេង ទៅចាស់បន្ដិចម្ដងៗ ទ្រុតទ្រោមទៅជានិច្ចអិតឈប់ឈរ តែសៀវភៅនេះមិនមានពេលវេលា សូម្បីមួយវិនាទីផ្លាស់ប្ដូរឃ្លាតចាគឆ្ងាយ ពីតំលៃពិស្ដារ សារសំខាន់របស់សៀវភៅ នៃ សៀវភៅបន្ដិចសោះឡើយ។
ដោយក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅ ចំពោះសារសំខាន់ នៃ ស្នាដៃតែងនិពន្ធដ៏អស្ចារ្យនេះ ខ្ញុំបានសាកល្បងប្រែសៀវភៅនេះជាភាសាខ្មែរ បន្ដិចម្ដងៗ (មួយឃ្លាម្ដង) រហូតបានចប់សេចក្ដីមកនេះ ហើយដើម្បីចែករំលែក នូវ ចំណេះចេះដឹងទូទៅសំរាប់កូនចៅខ្មែរគ្រប់គ្នា ខ្ញុំសូមចុះផ្សាយជាសាធារណនៅលើទំព័រ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស ទាំងពីរភាសា គឺភាសាអាល្លឺម៉ង់ ចំលងតាមច្បាប់ដើមទាំងស្រុង និង ភាសាខ្មែរ ប្រែចេញពីអត្ថដើមរបស់សៀវភៅនេះ។
ស្នាដៃដ៏ល្អវិសេសឆើត ដែលខ្ញុំយកមកចុះក្នុងទំព័រនេះ ខ្ញុំសូមឧទ្ទិសជូនជាដំបូង ដល់ព្រលឺងវិញ្ញាណរបស់អ្នកនិពន្ធ ដែលលើកយកមកបង្ហាញ នូវ ស្នាដៃស្ថាបត្យកម្មខ្មែរ គឺ អង្គរ ដ៍អស្ចារ្យនេះ អោយបានជ្រួតជ្រាបដល់ពិភពលោកគ្រប់ទិសទី ហើយក៏សូមឧទ្ទិសជូនដល់ព្រលឹងវិញ្ញាណរបស់ព្រះមហាក្សត្រខ្មែរដ៏អង់អាចក្លាហាន ដែលបានដឹកនាំអាណាចក្រកម្ពុជាអោយមានពន្លឺដ៏ត្រចះត្រចង់ និង បានសាងប្រាសាទថ្មដ៏អស្ចារ្យ ជាច្រើនទុកជាមរតកដល់ជាតិខ្មែរដ៏រុងរឿង សូមអោយអាណាចក្រខ្មែរ ស្ថិតនៅក្នុងគន្លងពន្លឺយុតិធម៌ដ៏រុងរឿង សូមពន្លឺ សុខសន្ដិភាពចូរមានដល់ ប្រជាជនខ្មែរគ្រប់រូប និងប្រជាជន ក្នុងលោកទំាងមូលផងដែរ។