អង្គរធំ
ថ្ងៃសៅរ៍ ទី17.កញ្ញា 2022.ម៉ោង 8:20


អានភាសាអាល្លឺម៉ង់

ប៉ម​​នៅ​ខាង​លើ​មាត់​​ទ្វា​រ​ចូល មាន​កំពូល​ព្រហ្ម​​ធំ​មុខ​បួន​ ដូច​យក្ស​ហាក់​កំពុង​ឈរ​យាម បែរ​សម្លឹង​មើល​ទៅ​ទិស​​​ទាំង​បួន ខ្លោង​ទ្វារ​ចូល​​នីមួយ​ៗ ​បង្ហាញ​​ផ្លូវ​​ដែល​ចូល​មាន​កំ​ពែង​​ខ្ពស់​​ខុស​​ពី​​ធម្មតា ប៉ុន្តែ​ប្រ​សិន​បើ​យើង​ដឹង​ អំពី​ទំនៀម​ទំលាប់​របស់​ខ្មែរ​នោះ​ កំពស់​ផ្លូវ​​ចូល​នេះ​អាច​អោយ​យើង​យល់​បាន ព្រោះ​ថា​ ទ័ព​ដំរី​ដែល​មាន​អ្នក​ជិះ​នៅ​លើ​ខ្នង​ ​ហើយ​តែង​មាន​​បាំង​ខ្លស់​ៗ ទៅលើ​ ត្រូវ​តែ​អាច​ចូល​តាម​ច្រក​ទ្វារ​ទាំង​នេះ​បាន​ ពី​ទិស​ខាង​កើត​ដែរ​ ហើយ​ស្ថិត​នៅ​ខាង​ជើង​ច្រក​ទ្វារ​ (ទ្វារ​ស្លាប់)​ ចូល​ទៅ​កាន់​ប្រសាទ​បាយ័ន្ដ​ផ្ទាល់ ​មាន​ច្រក​ទ្វា​ដ៏​ធំ​មួយ​ទៀត​ ហៅ​ថា ទ្វារ​ជ័យ​ តាម​ច្រក​ទ្វារ​នេះ​ កង​ទ័ព​ដែល​បាន​ទទួល​ជ័យ​ជំនះ​ បាន​ដើរ​ចូល​ទៅ​ក្នុង​ទី​ក្រុង តាម​ផ្លូវ​នេះ​ត្រង់​ទៅ​ទីលាន​ជ័យ​ទល់​មុខ​ព្រះ​បរម​រាជ​វាំង​ នៅ​​ទី​នេះ កង​ទ័ព​​ដែល​បាន​​ដង្ហែ​​ព្យុះ​ហយា​ត្រា​ជ័យ​មក​ដល់​ ​ចំពោះ​​មុខ​ព្រះ​ភក្ត្រ​​ព្រះ​មហា​ក្សត្រ​ ដែល​រង់​ចាំ​ទត​មើល​ដោយ​អប​អរ​ រូម​អម​ជា​មួយ​ប្រជា​ជន​ស្រែកហូកញ្ជៀវ​ខ្ញៀវខ្ញា​​ខ្ទរ​ប្រឹថពីអំពីជ័យ​ជំនះរបស់ពួក​គេ​ ហើយនេះគឺជាថ្ងៃដ៏អស្ចារ្យសំរាប់ប្រជាជនខ្មែរនៅអាណា​ចក្រ​អង្គរធំ។

ប៉ុន្តែ​ទោះ​ជា​មាន​កំពែង​ការ​ការ​ពារ រួម​​ជា​មួយ​នឹង​ជំនឿ​ថា​ មាន​ព្រលឹង​វិញ្ញាណ​បិសាចតាម​ថែរក្សា​​ រួម​ទាំង​ជំនឿយ៉ាង​មុត​មាំ ទៅ​​លើ​មន្ដ​អាគ​ម​ វត្ថុ​សក្ដិ​សិទ្ធ​ខ្លាំង​ពូក​កែ មក​ជួយ​ការ​ពារ​យ៉ាង​ណា​ក៏​ដោយ​ ក៏​សត្រូវ​នៅ​តែ​ឆ្លង​ឆ្លង​កាត់​តាម​ច្រក​ទ្វារ​ទាំង​នេះ​បាន​ ហើយ​ចូល​លុក​លុយ ទៅ​ដល់​ទី​លាន​មុខ​បរម​រាជ​វាំង​ ដុត​បំផ្លាញ​ទី​ក្រុង​ខ្ទេច​ខ្ទី​អស់ ថ្ងៃ​បរា​ជ័យ​ដ៏​សោក​សៅ​បំផុត​ ចំពោះ​ទី​ក្រុង​យក្ស​នេះ​ គ្មាន​នរ​ណា​​បាន​ឃើញ​​ និង ធ្វើ​​ការ​កត់​ត្រា​ថា​ កន្លែង​​ណា​​កើត​​ភាព​​ភ័យ​​រន្ធត់​ និង​ ភាព​​ភ័យ​​ខ្លាច​​អ្វី​បាន​កើត​ឡើង​នោះ​ទេ ទី​ក្រុង​នេះ​ត្រូវ​បាន​បំផ្លាញ​ ហើយ​ដុត​បំផ្លាញ​ពីរ​ដង​ មាន​​តែ​​ព្រះ​ទេ​បាន​ដឹង​​ថា​ ​តើ​មាន​អ្នក​ទោស​សង្គ្រាម​ប៉ុន្មាន​នាក់​ ដែល​​ត្រូវ​បាន​​នាំចេញ​ទៅ​តាម​ច្រក​ទ្វារ​ក្រុង​ទាំង​នេះ​ ប៉ុន្តែ​ព្រហ្ម​មុខ ៤​នៅ​ពី​លើ​ច្រក​យក្សទាំង​អស់​នេះ នៅ​តែ​ញញឹម​ ហើយ​​ចំពោះ​អ្វី​ៗ ដែល​​គេ​បាន​ឃើញ​នៅ​ពេល​នោះ​ ក៏គេស្ថិត​ឈរ​នៅ​យ៉ាង​ស្ងៀម​ស្ងាត់​ ប្រកប​ដោយ​ទឹក​មុខ​​ញញឹម​ អិត​ចេញ​ស្ដី​ថា​អ្វី​​សោះ​ឡើយ​។​

នៅ​កណ្តាល​ទី​ក្រុង​ គេ​បាន​សាង​សង់​ប្រាសាទ​បាយ័ន​ ដែល​ ជា​មជ្ឈ​មណ្ឌល​ នៃ ប្រទេស​ទាំង​មូល​ ពី​ទី​នេះ​ ត្រង់​ចំណុច​សំខាន់​ៗ ទាំង​បួន​ ផ្លូវ​សំខាន់​ៗ ឆ្ពោះ​ទៅ​កាន់​ខ្លោង​ទ្វារ​ក្រុង​ គ្រប់​ខេត្ត​ ក្រុង​ ក្រៅប្រទេស និង​ ប្រជា​ជន​ជិត​ខាង​។

ដូច​ប្រាសាទ​ខ្មែរ​នានា​ទាំង​អស់​ ព្រះ​រាជ​វាំង​របស់​ស្តេច​ (ទំ៣៦) ដែល​មាន​ផ្ទៃ​រាប​ស្មើ ​មាន​ស្រះ​ទឹក​ និង​ សួន​ច្បារ​មាន​ទំហំ​ជាង​ពីរ​គីឡូ​ម៉ែត្រ​ការ៉េ​ រហូត​ទល់​ជើង​ភ្នំ​ ប្រកប​ដោយ​លំហ​អាកាស​ល្អ​បរិ​សុទ្ធ​ ដែល​​ជា​ទី​ដ៏​សែន​មនោ​រម្យ​ពេក​ពន់​ប្រមាណ​ ទី​ក្រុង​ទាំង​មូល​មាន​ទំហំ​ប្រហែល​ប្រាំ​មួយ​គីឡូ​ម៉ែត្រ​ការ៉េ​ កន្លែង​រស់​នៅ​ ផ្ទះ​​ប្រជា​ជន​ច្រើន​សាង​សង់​ពី​ឈើ​ ហើយ​ ដែល​អីលូវ​នេះ​ ភាគ​ច្រើន​ត្រូវ​បាន​ដុត​បំផ្លាញ​ រឺ​ ពុក​ដួល​រលំ​បាត់​អស់​រលីង​ទៅ​ហើយ​ សូម្បី​តែ​ផ្ទះ​មួយ​ខ្នង​ ក៏​មិន​មាន​នៅសល់​ឡើយ​ អ្វី​ៗ​​ដែល​​នៅ​សល់​​អាច​មើល​ឃើញ​សព្វ​ថ្ងៃ​នេះ មាន​សំណង់​សាង​សង់​អំពី​​ថ្ម រឺ អិដ្ឋទេ​ដែល​នៅ​សស់​ ​ដូច​ជា​​ប្រាសាទ​ផ្សេង​ៗ​ រាជ​វាំង ​ជញ្ជាំង​កំពែង​ការ​ពារ​ ច្រក​ទ្វារ និង ​ស្ពាន​អំពី​ថ្ម​ជា​ដើម​។ សំណង់​ឈើ​តែ​មួយ​គត់​ដែល​បាន​រស់​រាន​មាន​ជីវិត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ គឺ ខ្លោង​ទ្វារ​ក្រុង​ឈើ​ដ៏​ធំ ​ដែល​ត្រូវ​បាន​គេ​សាង​សង់​ប៉ម​ថ្ម​ ការ​ពារ​ទឹក​ភ្លៀង និង កំដៅ​ព្រះ​​អាទិត្យ​។

ក្រៅ​ពី​ព្រះ​រាជ​វង្សា​នុវង្ស​ និង អភិ​ជន អង្គរ​ធំ​ជា​ទី​កន្លែង​ស្នាក់​ ដ៏​សំខាន់​សំរាប់​មន្ត្រី​រាជ​ការ​ យោធា អាចារ្យ​ព្រាហ្ម​ រឺ​ ព្រះស្ឃ​ជា​ដើម​ ពួក​កសិ​ករ​​មាន​​ផ្ទះ​នៅ​ក្រៅ​ទី​ក្រុង​ ក្បែរ​​វាល​ស្រែ​ គឺ​ជា​លំនៅ​ដ្ឋាន​ផ្ទះ​​​ខ្ទម​តូច​ៗ​ ក​ ជា​​ភូ​មិដ្ឋាន​រស់​នៅ​តាម​បែប​ធម្ម​ជាតិ​របស់​អ្នក​ស្រុក​ គួរ​អោយ​កត់​សំគាល់​ផង​ដែរ ពួក​គេ​​ចេញ​ចូល​​ទៅ​ទី​ក្រុង​អង្គរ​ តាម​​ផ្លូវ​លំនានា​ ថ្មើរ​ជើង​ រឺ​ ជិះ​រទេះគោ រឺ​ តាម​​ប្រឡាយ​ទឹក​ ដោយ​ជិះទូក​ ដើម្បី​​បំរើ​អាជីវ​កម្ម​លក់​ ទិញ ដូរ នៅ​ទី​ផ្សារ​​ក្នុង​​ទី​ក្រុង​​យ៉ាង​អ៊‌ឹក​ធឹក​សប្បាយ​រីក​រាយ​ជា​ក្រៃ​ពេក​។​

ការដើរកំសាន្ដបែបនេះ ផ្តល់នូវការភ្ញាក់ផ្អើលជាច្រើន ជួនកាលភ្លាមនោះ យើងកំពុងឈរនៅពីមុខរូបចំលាក់សត្វតោ រឺ ដំរី ដែលព័ទ្ធជុំវិញដោយស្លឹក​ឈើ និង ផ្កាលីយ៉ាណា ហាក់ដូចជាត្រូវតុបតែងសំរាប់ពិធីជប់លៀងអ្វីមួយ គ្មាននរណាម្នាក់ដឹងទេថា តើបាតុភូតធម្មជាតិទាំងអស់នេះធ្លាប់ការពារអ្នកណាទេ មើលចុះសូម្បី​តែ​ប្រាសាទ​តូចៗ ​ដែល ​មាន​ជណ្ដើរ​ទ្រុឌទ្រោម ​ក៏ត្រូវបាន​ធម្មជាតិដុះបិទ​ផ្លូវអស់ទៅហើយ​ដែរ មនុស្សម្នាក់ឡើងលើភ្នំ ហើយសង្ស័យថា នៅក្រោមការគ្របដណ្តប់កំទិចកំទីថ្មនេះ មានអគារផ្សេងទៀតដែលបានដួលរលំ ហើយត្រូវបាន កប់លាក់ទុក ក្រោមអគារដួលរលំនេះ។ បក្សី​ និង ​មេអំបៅ​ហើរ​តាមលំភាំងអាត្មា ​ស្រែកច្រៀង​ហ៊ោ ដោយសប្បាយ អិតភ័យព្រួយពីការយាយីពីមនុស្សណាឡើយ។ មានរូបព្រះពុទ្ធ​បដិមា ​ដែល ​បាក់ធ្លាក់​ព្រះកេសមក​នៅលើដី ជាមួយ​ នឹង ​ស្នាម​ញញឹម ​ដ៏​អាថ៌កំបាំង​របស់​ខ្មែរ​ ហាក់​ដូច​ជា​ពោល​ថា​៖ «​លើ​លោក​នេះ​គ្មាន​អ្វី​ស្ថិតស្ថេរ​ឡើយ​»