ព្រៃវេទមន្ដ
ថ្ងៃសៅរ៍ ទី27.កក្កដា 2022.ម៉ោង 18:35


អានភាសាអាល្លឺម៉ង់

អ្នកទេសចរ​​ស្ទើរ​ទាំង​អស់ ដែល​មក​ទស្សនា​អង្គរ​ ក្នុង​ដំណើរ​កំសាន្ដ​ជុំវិញ​ពិភព​លោក នឹង ជាប់​ចិត្ដ​​ជា​ខ្លាំង ទៅ​លើ​ប្រាសាទ​ថ្ម​ នៅ​ក្នុង​ព្រៃ​ស្ងាត់​ ដែលត្រូវ​បាន​បង់​ចោល​ អស់​កាល​ដ៏សែន​យូរ​​ បើ​ទោះ​បី​ជា​ពួក​គេ មាន​មនោ​សញ្ចេត​តិច​តួច​ក្នុង​ចិត្ដ​ក៏​ដោយ ហើយ​ប្រសិន​បើ​អ្នក​មាន​សំណាង​ មាន​ពេល​វេលា​គ្រប់​គ្រាន់​ ដែល​អាច​ស្នាក់​នៅ​បាន​ពីរ​បី​ថ្ងៃ នោះ​អ្នក​ក៏​អាច អនុញ្ញាត​អោយ​ខ្លួន​​អ្នក​ទៅ​ទស្សនា​មើល ប្រាសាទ​ដែល​បាក់​បែក​ពាក់​កណ្តាលទៅ​ហើយ​ ដើម្បី​ទទួល​យក​ការ​ស្វែង​យល់​ដឹង​ អំពី​លក្ខណ​ពិសេស នៃ​ ការ​សាង​សង់ អំពី​ការ​តស៊ូ​ដ៏​ធំ នៃ​ ធម្ម​ជាតិ​ប្រឆាំង​ នឹង​ ការ​ងារ​របស់​មនុស្ស​ ដ៏​អស្ចារ្យ​ពី​បុរាណ​សម័យមក​នេះ​។ នៅ​ទី​នេះ ​អ្នក​​ទស្សនា​​គ្រប់​​រូប មាន​អារម្មណ៍​​ថា កំពុងស្ថិតនៅ​ក្នុង​ពិភព​មួយ​ផ្សេង​ទៀត​ ស្ទើរ​តែ​ដូចជា​នៅ​ក្នុង​សុបិន​ ហាក់​បាន​ឡើង​ឋាន​សួគ៌ដោយ​​​ភ្នែកបើក​​ស្រស់​ៗ និង ស្តាប់​លឺ នឹង​ត្រចៀក​ពិត​ៗ សំលេងបក្សី​ល្វើយ​ៗ ចេញ​ពី​កន្លែង​ណា​មួយ ជួន​កាល​សត្វ​កន្ទ្រាក់ បង្កើត​ជា​សំឡេង​ថ្នូរ គ្រលួចអៃដ៏អា​កាស​វេហា​ ធ្វើ​អោយ​បះ​សក់ ព្រឺរោម​ខ្ញាក​ៗ​ គួរ​សង្វេគ​ជា​ពន់​ពេក​ សត្វ​ចចក​ពណ៌​ថ្ម ធំ​ៗ​ ហាក់​ស្រែក​លូចេញ​ពី​ប្រាសាទ​ ក្រោម​ជំនោរ​ខ្យល់​បក់​ស្រាល​ៗ ធ្វើ​អោយ​ដើម​ឈើ​ដ៏​ធំ​ស្កឹម​ស្កៃ​ដក​ដង្ហើម ក្រោម​ពន្លឺ​ព្រះអាទិត្យជះ​កំដៅ​ហួត​ហែង​ យក​ដៃ​ប្រលែង​លេង​លើ​ថ្ម​ដំបូល​ប្រា​សាទ​ ទៅ​តាម​កំលាំងវាយោ​ដែល​បក់​បោក​មក​តិចៗ​​។ មាន​ដុំ​ថ្មបាក់​ជ្រុះ​មក​រាយ​ប៉ាយ​នៅ​លើ​ដី​ ហើយ​ភាគច្រើន នៃ ដុំ​ថ្ម​ទាំង​នេះ ​ច្រើន​តែ​មាន​ចំលាក់ រឺ គ្រឿង​លម្អ​យ៉ាង​ស្រស់​ស្អាត ដែល​អាជ្ញាប័ណ្ណគ្រប់ ប្រភេទ បានព្យាយាមរើសយកទុកដាក់​ទៅ​តាម​ពេលវេលា​ ឃើញរិសនៃដើមឈើ​យក្ស បានដុះចាក់ចូល​ក្នុង​ចន្លោះផ្ទាំងថ្ម និង លើផ្ទាំងថ្ម ជញ្ជាំងប្រាសាទ​គួរអោយសម្បើម និង ​ខ្លប​ខ្លាចទៀតផង។

ពេល​ឃើញ នូវ សក្ខី​ភាព​ដូច​នេះ មនុស្ស​​ម្នា​ទាំង​ឡាយ ហាក់​​មាន​​​អារម្មណ៍​​ថា មាន​ពួក​ ភូត ​វិញ្ញាណ​​កំណាច​​ បាន​កំពុង​ស្ថិត​នៅ​ គ្រប់​គ្រង​ប្រាសាទ​ទាំង​នេះ​ រិស​ដែល​តោង​ជញ្ជាំង​ ដូច​ជា​ដៃ​បិសាច​ ក្រ​ញាំ​មុជ​ឈ្មុល​​ចូល​ទៅ​ក្នុង​ស្នាម​ប្រេះ​ទាំង​អស់​ ដែល​មាន​តួ​ដើម​ឈើ​សង្កត់​លើ​ដំបូល​ បន្ថែម​ទម្ងន់​រាប់​តោន ក្រោម​កំលាំង​ចលនា​វាយោ​រ​បក់​បោកធ្វើ​អោយ​ដើម​ឈើ​យោន​យោគ​ចុះ​ឡើង​ ហាក់​បីសាច​យក្ស​នេះ​ កំពុង​ព្យា​យាម​អោប​ទាញ​យក​តួ​ប្រាសាទ​ទាំង​មូល​ អោយ​ស្ថិត​នៅ​ក្រោយ​អំណាច​គ្រប់​គ្រង​របស់​ខ្លួន​ វា​ពិត​​​​ដណាស់​! ផ្ទាំង​ថ្ម​ចំលាក់​រាប់​ពាន់​ដុំ​ និង​ រាប់​ពាន់​ដុំ បែក​បាក់​ក្រាល​ពាស​ពេញ​ដី បង្កើត​ជា​គំនរ​បាក់​បែក​ដ៏​គួរ​អោយ​សង្វេគ​ មេ​អំបៅ បី​បួន​ក្បាល​ ​ដ៏​ស្រស់​ស្អាត​ហើររេ​រា​​ចុះ​ឡើង​ៗ ត្រង់​នេះ​បន្តិ​ច ត្រង់​នោះ​បន្ដិ​ច ដូច​នាង​ទេព​អប្សរសួគ៌ កំពុងហើរ​រេ​រា​ អួត​បង្ហាញ​សម្ផស្សកាម​ទេពរបស់​នាង​​​ ប្រណាំង​ធម្ម​ជាតិ ​គួរ​ជា​ទីស្នេហា​ក្រៃពេក ចោល​​​​ភ្នែកសម្លឺង​​​មើល​​ទៅ​​លើដែន​ពសុធា​ យើង​​ក៏​​ នឹង​​ ឃើញ​​ដាន​​ជើង​សត្វ​​​គ្រប់​ប្រភេទ​ដែល​នៅ​ទី​នេះ​ ទាំង​យប់​ ទាំង​ថ្ងៃ​ ក្នុង​ការ​តស៊ូ​ដើម្បី​ជីវិត រឺ​ ដើរ​ស្វែង​រក​អាហារ​ចំអែត​ក្រពះ​របស់​ពួក​វា​ ​សត្វ​​កំប្រុក សត្វ​ពាហនៈ ឆ្មា​ព្រៃ សុទ្ធ​តែ​បាន​បន្សល់​ទុក​ ស្នាមដាន​ជើង​របស់​ពួកវា​ ក៏​មាន​ដាន​ជើង​ពពួក​សត្វ​ខ្លា និង ខ្លារ​ខិន ត្រូវ​បាន​ជួបប្រទះ​​ឃើញមាន​​នៅ​ទី​នេះ​ផង​ដែរ​។

ជួនកាលគេ​បាន​ជួប​ប្រទះ​ នឹង សត្វ​ក្ដាន់​ដេក​ស្លាប់​នៅ​ទី​នេះ​ ដោយ​ពួក​​សត្វ​ក្តាន់នេះ​ ជា​ញឹក​ញាប់​ ត្រូវ​បាន​​គេ​ឃើញ​ វាប្រយុទ្ធ​ធ្វើសង្គ្រាម​​​ (ជល់​គ្នា)​ ជា​មួយ​​គ្នា​​ នៅ​ទី​​នេះដែរ​ ប៉ុន្តែ​ ពួក​​អ្នក​ទេ​សចរ​ នឹង ស្ទើរ​​តែ​​មិន​បាន​ឃើញ​សត្វ​ជល់​​ប្រយុទ្ធ​គ្នា​បែប​នេះ​ទេ​ គឺ​មាន​តែ​អ្នក​ ដែល​​មាន​​ពេល​វេលា និង ដឹង​​អំពី​​របៀប​ទៅ​លប​មើល​សត្វ​ព្រៃ​ប៉ុណ្ណោះ ក៏​ នឹង មាន​ការ​ភ្ញាក់​កន្ទ្រាក់​អារម្មណ៍​ នៅ​ពេល​ដែល​បាន​ជួប​ជា​មួយ​ នឹង ជីវិត​សត្វ ដែល​រស់​រាន​នៅក្នុង​ប្រាសាទ​ទាំង​នេះ​ ការ​ភ័យ​ខ្លាច​ដ៏​អស្ចារ្យនោះ​ គឺ​​សត្វ​ពស់ ព្រោះ​គេ​មិន​អាច​កំនត់​ ទី​លំ​នៅ​ដ្ឋាន​ របស់​វា​ស្ថិត​នៅ​ត្រង់​ណា​នោះ​ទេ​ ទោះ​បី​ជា​សត្វ​លូន​ទាំងអស់​​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ ​ជា​ញឹក​ញាប់​នៅ​ទី​នេះ​ក៏​ដោយ​ ប៉ុន្តែ​​អ្នក​​ទស្សនា​ទាំង​ឡាយ​ ទំនង​​ជា​​មិន​​ដែ​ល​បាន​​ឃើញ​​ពស់​វែក​​រស់​ ​ក្រៅ​​ពី​​គំរូ​​រូប​គ្មាន​​ជីវិ​ត​​ ដែល​​ត្រូវ​​បាន​​គេ​វាយ​រហូត​ដល់​ស្លាប់​នោះ​ទេ​​។​

មាន​ភូមិ​ផ្ទះតូច​​ៗ​ រកេត​រកូដ​ ​លាក់​​ខ្លួន​​កប់​នៅ​ក្នុង​ព្រៃ​ គឺ​ជា​ផ្ទះ​​កសិករដែល​រស់​នៅ​ទី​នេះ​​ ក៏មាន​ខ្ទម​បុគ្គ​លិក​រដ្ឋា​ភិបាលខ្លះ​ដែរ​ ដែល​មក​ជួយ​សាង​សង់ និង​ ធ្វើ​ការ​ឈូស​ឆាយ​ផ្លូវ​នៅ​ក្នុង​ព្រៃ​នេះ​ ពួកកសិករ​​​​មួយ​ចំនួន​មិន​សូវ​ចូល​ចិត្ដ​ធ្វើ​ការ​ខិត​ខំ​រក​ស៊ី​អ្វី​ទេ​ គេ​ប្រកប​របរ​បន្ដិច​បន្ដួច​ ដូច​ជា​​លក់​​អាវុធ​​ច្នៃ​ ធ្វើ​​ដោយ​ដៃ ​រឺ​ ធ្វើ​ឧប​ករណ៍​​ភ្លេង​ ជួង ត្រដោក​រិ​ស្សី​ និង ​ចម្លាក់​ធ្វើ​ពី​​ស្នែង​សត្វ​ជា​ដើម​ ពួក​គេ​ឈរ​ដោយ​ជើង​ទទេ​​ ដោយ​លាក់​ខ្លួន​​​នៅ​​ខាង​​ក្រោយ​ប្រាសាទ​ រឺ​ ទីកំបាំង​​​ដោយ​​ស្ងៀម​ស្ងាត់​ មើល​ទៅ​​​​មនុស្ស​ចំលែក​នេះ​ ឃើញ​ដូច​​ស្រ​មេក​​ស្រមក​ ហាក់​​ដូច​ជា​ ទើប​ផុស​ចេញ​ពី​ដី​ដូច្នោះ​ ស្ទើរ​តែ​គ្រប់​អ្នក​ទេស​ចរ​ទាំង​អស់ត្រូវ​បាន​ ពួក​មនុស្ស​លាក់​ខ្លួន​ទាំង​នេះ​ ឃ្លាំចាំមើល​ពី​សកម្ម​ភាព​ដើរកំសាន​របស់​​ពួក​គេ​ ដែល​ពួក​គេ​មិន​បាន​កត់​សម្គាល់​ ហើយ​ស្រាប់​តែ​ភ្លាម​​ៗ ពួក​មនុស្ស​ចំលែក​ទាំង​នោះ មិន​ដឹង​​ចេញ​​មក​ពី​ទី​ណា​ យក​របស់​របរ​ កំប៉ិច​កំប៉ុក របស់​គេ​មកលក់អោយ​​ ប៉ុន្តែ​ពួក​គេ​គ្មាន​គ្រោះ​ថ្នាក់​ទេ​ ទោះ​បី​ជា​ពេល​ខ្លះ​មើល​ទៅ​ហាក់​ខឹងសម្បារ ដោយ​ពួក​ទេស​ចរ​មិន​ព្រម​​ទិញ​ របស់របរ របស់​គេ​ក៏​ដោយ​ ពួក​គេ​នៅ​តែនិយាយ​ទន់​ភ្លន់​​សម​គួរ ហើយ​​ជូន​ពរ​អោយ​អោយ​​មាន​​សុវត្ថិ​ភាព ធ្វើ​ដំណើរ​កំសានដោយ​សុខ​សប្បាយ​ និង និយាយលា​ យ៉ាង​សុភាព​រាប​សា​​ទៀត​ផង។

ប្រាសាទ​ធំ​ៗ នីមួយ​ៗ មាន​អ្នក​យាម ដែល​តែង​តែ​បំពេញ​ភារ​កិច្ច​ ចាំ​ឃ្លាំ​មើល​​សុវត្ថិ​​ភាព​អោយ​ភ្ញៀវ​ទេស​ចរ​ទាំងអស់​ដោយសុវត្ថិ​ភាព​​​ ជួយ​បង្ហាញ​​ផ្លូវដើរ​ ដែល​ត្រូវ​​បាន​​បោស​សំអាត​ហើយ ហើយ​​បើ​អ្នក​​ទេស​ចរ​ ​​វង្វេង​ផ្លូវ ពួក​គេ​ជួយ​បង្ហាញ​រក​​​ផ្លូវ​​ អោយ​ពួក​គេ​ត្រលប់​​​ទៅ​​រថយន្ត ​​របស់​​ពួក​​គេ​វិញបាន​ដោយ​សុវត្ថិ​ភាព​ផង​ដែរ​ នៅ​ក្នុង​ច្រក​របៀង​ងងឹត​ ក្នុង​ប្រាសាទ​​នានា បរិយា​កាស​តែង​តែ​គួរ​អោយ​ខ្លាច​ណាស់​ ខ្យល់​ក្តៅ សើម ខ្វះ​ពន្លឺ​ ស្មៅ​ដុះ​នៅ​គ្រប់​ទីក​ន្លែង​ ហើយ​អ្វី​​ដែល​មាន​អិទ្ធិ​ពល​ខ្លាំង​បំផុត​ គឺ​រិស​ឈើ​យក្ស​ដែល​ជ្រៀត​តាម​ជញ្ជាំង​ដូច​ជា​ពស់​យក្ស​ កំពុង​លូន​ចូល​ រន្ធ​របស់​វា ដែល​ទាំង​អស់​នេះ មាន​អិទ្ធិ​ពល​គួរ​ព្រឺខ្លាច​ជា​ក្រៃពេក​​។​

លើ​ពី​នេះ​ទៀត ក្លិន​ឆ្អេះ​ឆ្អាប អសោច យ៉ាង​ខ្លាំង​ពី​វត្ត​មាន​ហ្វូង​សត្វ​ប្រចៀវ​រាប់​ពាន់​លាន​ក្បាល ដែល​រស់​នៅ​ក្នុង​បរិវេណ និង ដំបូល​ប្រាសាទ ដែល​ជួន​កាល​ វា​ស្ទុះ​ផ្អើល​ហើរ​ បន្លឺ​សំលេង​យ៉ាង​ខ្លាំង​ ធ្វើ​អោយ​ព្រឺ​រោម​ខ្ញាក​ៗ​ ពី​ក្បាល​​រហូត​ដល់​ចុង​ជើង​ នៅ​ខាង​ក្រោម​បាត​ប្រាសាទ ក្រោម​ទ្រនំ​ដេក​របស់​ពួក​សត្វ​ទាំង​នេះ​ គេ​ឃើញ​គំនរ​អាចម៍​របស់​វា​ ដែល​ជះ​ក្លិន​យ៉ាង​អសោច​ខ្លាំង​ណាស់​ដែរ​។ នៅ​ពេល​ល្ងាច​ ពួក​វា​បាន​ហោះ​ហើរ​ចេញ​ រក​ប្រមាញ់​សត្វ​ល្អិត​នានា​ ជា​ចំនី​អាហារ​ ក្នុង​ប្រាសាទ​ធំៗ​ គេ​ឃើញ​វា​បង្ហាញ​ខ្លួន​​​ឡើង និង បាត់​ខ្លួន​ ទៅ​ក្នុង​​ពពក​ នៃ​ ការ​ហោះ​ហើរ​យ៉ាង​លឿន​ ទៅ​លើ​មេឃ​នា​ពេល​យប់​។ ខ្ញុំ​ក៏​បាន​សង្កេត​ឃើញ​ ទីទុយ ដែល​មាន​កន្លែង​ដេក​នៅ​ក្នុង​ជញ្ជាំង​ផង​ដែរ​ វា​មិន​ផ្អើល​ទេ​ ប៉ុន្តែ​ បាន​បើក​ភ្នែក​មូល​ក្រឡង់​សម្លឹង​មើល​មក​ខ្ញុំ​ទៀត​ផង​ វា​ធ្វើ​អោយ​ខ្ញុំ​ ប្បាយ​ចិត្ដ​ម្យ៉ាង​ដែរ​ ដែល​ខ្ញុំ​មិន​មាន​ជំនឿ ​លើ​បិសាច និង​ វិញ្ញាណ​អសុរ​កាយ​ ​ព្រោះ​គេ​មាន​ជំនឿ​ថា​ នៅ​មាន​ ព្រលឹង​ អតីត​អ្នក​ស្រុក​បុរាណ​ ក្នុង​ពួក​ស្ដេច​ និង​ ព្រះ​នាង​លក្ស្មី ដែល​ទ្រង់​គ្រឿង​អលង្កា​ ស្លៀក​ពាក់​ អាវ​រិប​រាង​ចំរុះ​ពណ៌​ រស់​នៅ​ក្នុង​ប្រាសាទ​ទាំង​នេះ​​ទៀត​ផង​ ក្នុង​ក្ដី​ស្រមើរ​ស្រមៃ​ យើង​សម្លឹង​ មើល​ប្រាសាទ​ និង​ សួន​ឧទ្យាន​នានា​ ដែល​មាន​ការ​ថែ​រក្សា​យ៉ាង​ស្រស់​ស្អាត ដោយ​មាន​ផ្កា និង មនុស្ស​ដើរ​កំសាន្ដ​រីក​រាយ​ មាន​សេរី​ភាព គ្រប់​បែប​យ៉ាង​ ក្នុង​ទេស​ភាព​ស្រស់​ត្រកាល​ ដូច​ឋាន​សួគ៌​លោកិយ​។​

ហាក់​ដូច​ជា​ខ្យល់​កន្ត្រាក់ បក់​បោក​លើ​ដើម​ឈើ​ប្រាវ​ៗ អូទេ​! មិន​មែន​ទេ​ គឺ​ជា​ហ្វូង​សត្វ​ស្វា​មួយ​ហ្វូង​ កំពុង​ឆ្លង​កាត់​ កំណាត់​មែក​ឈើ​ងាប់​បាក់​ជ្រុះ​ធ្លាក់​មក​ដី​ខ្ពោក​ខ្ពាក​ ហាក់​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ​ ហ្វូង​សត្វ​ទាំង​នេះ​ ក៏​កប់​បាត់​ស្រមោល​ ក្នុង​ល្បឿន​យ៉ាង​លឿន​ លឿន​ដូច​កាល​ដែល​ពួក​វា​មក​ដល់​ដែរ​។

ជា​ម្តង​ទៀត ខ្ញុំ​ហាក់​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​ស្ថិត​នៅ​ម្នាក់​ឯង​ នៅ​ក្នុង​ទី​ប្រាសាទ​កន្លែង​ណា​មួយ​មិន​ដឹង​ មាន​តោ​ថ្ម​មួយ​ក្បាល​បើក​មាត់​ចំហ​ធ្លុង​ ឈរ​យាម​នៅ​ទី​នេះ​ មាន​នាគ​ពស់​វែក​ឡោម​ព័ទ្ធ​ជណ្តើរ​ មាន​ឆ្មាំ​ថ្ម​ធំ​ពីរ​ ឈរ​ឆ្វេង​ស្តាំ​នៅ​មុខ​ខ្លោ​ង​ទ្វារ​ច្រក​ចូល មាន​អាយុ​កាល​ប្រ​ហែល​ជា​ជាង​ 500​ឆ្នាំ​មក​ហើយ​ នៅ​ពេល​នោះ​ ពួក​គេ​បាន​មើល​ថែ​​រក្សា​មនុស្ស​ម្នា​គ្រប់​ប្រភេទ ដែល​មាន​ចិត្ត​សប្បាយ​រីក​រាយ​ ក្នុង​ការ​រស់​នៅ​ធ្វើ​ការ​រក​ស៊ី​មាន​បាន​ និង​ ចូល​ទៅ​ធ្វើ​ពិធី​ប្រារព្វ​បូជា​ បន់​ស្រន់​ផ្សេង​ៗ​ ចំពោះ​អ្នក​ជា​ទីស្រលាញ់​ និង ​កាន់​​ទុក្ខ​ផង​ដែរ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ឆ្មាំ​ប្រាសាទ​ទាំង​នេះ ក៏​នៅ​តែ​ឈរ​យាម​នៅ​ទី​នេះ​ រហូត​ដល់​​​ពេល​​ចប់​ និង ក្រោយ​សង្គ្រាម​បាត់​បង់​ទៅ ​ជ័យ​ជម្នះ​ ក៏​បាន​​បង្ក​អោយ​​មាន​ការ​បង្ហូរ​ឈាម​នៅ​ទី​នេះ​ ស្ត្រី​ទាំង​ឡាយ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ទាសករ​ ហើយ​ប្រាសាទ​ទាំង​មូល​ត្រូវ​បាន​គេ​លប​ប្លន់​យក​។ ស្ងាត់​ៗ​ គេ​ឈរ​នៅ​ទី​នេះ​ដោយ​សំងាត់ គេ​មិន​បាន​អនុញ្ញាត​ អោយ​ជជែក​គ្នា​ទេ​ ប៉ុន្តែ​គ្រាន់​តែ​ជា​អ្នក​ការ​ពារ​ប្រាសាទ​ ហើយ​ដែល​ស្ថិត​នៅ​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ក្រោយ​​អាណា​ចក្រ​ខ្មែរ​​ដួល​​រលំ​ ប្រាសា​​​ទ​ត្រូវ​បោះបង់​ចោល​ បង្ក​អោយ​មាន​ស្លែ​​ដុះ​ពាស​ពេញ​នៅ​លើ​ដំបូល​ នៅ​កន្លែង​ដែល​សើម​ ហើយ​សារ​ជាតិ​ស្លែបៃ​តង​តូច​នេះ​ បំប្លែង​ខ្លួន​បន្ដិច​ម្ដង​ៗ ពី​ដើម​រុក្ខ​ជាតិ​តូច​ៗ​ មាន​រិស​ចាក់​ក្នុង​សន្លាក់​ថ្ម រាវ​រក​ជីវ​ជាតិ​ជា​ចំនី​អាហារ​របស់​វា រហូត​ក្លាយ​ជា​ដើម​ឈើ​យក្ស​រួប​រិត នៅ​លើ​ដំបូល​ប្រាសាទ​។​

ដើម​ឈើ​ជា​ច្រើន​ទៀត​បា​ន​ដុះនៅ​ក្នុង​ទី​ធ្លា ហើយ​រិស​របស់​វា ចាក់​ខ្វត់​ខ្វែង​ស្វែង​រក​អាហារ​ ចាក់​រំលើង​ក្រោម​ផ្ទាំង​ថ្ម​ធំ​ៗ មាន​ទំង​ន់​រាប់​តោន រុញ​អោយ​ថ្ម​ធំ​ៗ​នេះ​ងើប​ផុស​ពី​ទី​តាំង​របស់​ពួក​វា​ វាចាក់ទំលាយ រហូតដល់ក្រោ​ម​​អគារ​ប្រាសាទ​ដ៏​អស្ចារ្យ​ រុញ​ប្រាសាទ​ទាំង​មូល​ អោយ​បែក​បាក់​ ទម្លាក់​ប៉ម​ខ្ពស់​បាក់ធ្លាក់មក​ដី​ អំណាច នៃ រិស គឺ​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ ពួក​វា​ កាលនៅតូច​ៗ មើល​ទៅ​​ហាក់​​គ្មាន​​អិទ្ធិពល​គ្រោះ​​​ថ្នាក់​អ្វីសោះ​ តែវា​​អាច​ផ្លាស់​ប្តូរ​ទី ថ្ម​មួយ​រយ​តោន​ បាន​យ៉ាង​​ងាយ​ស្រួល​នៅ​ពេល​ពួក​គេ​កាន់​តែ​រីក​ធំ​ឡើង​ៗ​។

នេះ​ ក៏​គឺ​ជា​ពិភព​លោក​សំរាប់​អ្នក​និទាន​រឿង​ នៅ​ទី​នេះ​ អ្នក​អាច​មើល​ឃើញ​សរ​សៃ​ដើម​ឈើ ដែល​ចង​​វ័ណ្ឌ​​ជុំ​វិញ​ប្រាសាទ​ ហើយ​ដៃ​ គឺរិស​ ចាប់​អោប​របស់​វា ដែល​អ្នក​​មើល​មិន​ឃើញ​ កំពុង​ឈ្មួស​ឈ្មុល​ដឹក​នាំ​​រិស​​ទាំង​នេះ​ ជា​រឿយ​ៗ​ ពួក​គេ​ប្រតោង​ ជាប់ នឹង​ ទ្វារ ជាប់ នឹង បង្អួច ហាក់​ដូច​ជា​ពួក​គេ​មាន​ គោល​បំណង​ឃា​ឃាំង​បិទ​ខ្ទុប​ នៃ​ ការ​បើក​ចំហ​ របស់​បង្អួច​ និង ​ទ្វារ មិន​អោយ​បិទ​បាន​ ទាំង​ស្រែក​គំរាម​យ៉ាង​ខ្លាំង​ៗ​ទៀត​ផង​។ បន្ទាប់​មក​វា​ផ្តល់​ នូវ ការ​ចាប់​អារម្មណ៍​ម្តង​ទៀត​ថា​ តួ​ប្រាសាទ​កំពុង​ត្រូវ​បាន​ជួយ​ឡោម​ព័ទ្ធ​ ដោយ​អាវុធ​ជា​ច្រើន​ ដោយ​ចង​រួប​រិត​ មិន​អោយ​រើ​ខ្លួន​រួច​ សូម្បី​ដុំ​ថ្ម​បាក់​បែក​ នៃ​ ប្រាសាទ ក៏​មិន​អាច​ធ្លាក់​ចេញ​មក​បាន​ ដូច​សត្វ​ពស់​ធំៗ​ដែរ ​រិស​បែប​នេះ​ រំកិល​ខ្លួន​ ពី​ម្ភៃ​ទៅ​សាម​សិប​ម៉ែត្រ​ ផ្ដេក​តាម​ច្រក​របៀង​ រឺ តាម​ដំបូល​ប្រក់​ពី​លើ ​ហើយ​ស្រាប់​តែ​បោះ​បញ្ឈរ​ទៅ​ក្នុង​ដី​បាន​។​

មើល​សព្វ​ៗ​ទៅ​ អ្វី​ៗ​គ្រប់​យ៉ាង​ វា​ហាក់​ដូច​ជា​ គ្រាន់​តែ​ជា​ល្បែង​កំសាន​ភ្នែក​ ដ៏​អស្ចារ្យ​ម្យ៉ាង​ អាច​ធ្វើ​អោយ​យើង​សប្បាយ​រីក​រាយ​ ក្នុង​ការ​ទស្សនា​ សំអាង​ នៃ ​ប្រាសាទ​ថ្មនេះ​ ដែល​មាន​តួ​ប្រាសាទ​ជា​កូល​មេ​ ប៉ុន្ដែ​នៅ​ពេល​ដែល​ដើម​ឈើ​ធំ​ឡើង​ វា​ដូច​ជា​យក្ស​ធំ​មួយ​ដែរ​ ភាព​ភ័យ​រន្ធត់​ នឹង បាន​គ្រប​ដណ្ដប់​លើ​យើង​ នៅ​ពេល​ដែល​យើង​ដឹង​ការ​ពិត​ អំពី​គ្រោះ​ភ័យ​ នោះ​គឺ ​ខ្យល់​ព្យុះ ផ្តល់​ឱ​កាស​អោយ​ដល់​ដើម​ឈើ​ធំ​ៗ​ទាំង​នោះ ទាញ​តួ​ប្រាសាទ​អោយ​រលំ​មក​ជា​មួយ​វា​តែ​ម្ដង​ ជា​ច្រើន​ឆ្នាំ​មុន (ចុង​ទស​វត្សរ៍​ទី​ 20) ព្រឹក​ព្រលឹម​មួយ​ ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ទី​ធ្លា​ប្រាសាទ​មួយ​ (​រូប​ភាព​ខាងលើ)នៅ​​ពេល​​នោះ នៅ​ទី​នេះ​ ​ពោ​ពេញ​​ដោយ​​ព្រៃ​ ​និង ​ដើម​ឈើ​នៅ​ឡើយ​ នៅ​ពាក់​​កណ្តាល​ផ្លូវ​ ​ខ្ញុំ​បាន​ប្រទះ​ឃើញ​បុរស​ពីរ​នាក់​ប្រឡាក់​ដោយ​ឈាម ពួក​គេ​កាប់​ក្តាន់​មួយ​​ក្បាល​​ ដែល​គេ​ទើប​​តែ​​វះ​បក​ស្បែក​​​វា​ អ្នក​ប្រមាញ់​ទាំង​ពីរ​បាន​ស្វា​គមន៍​ខ្ញុំ ដោយ​ស្នាម​ញញឹម​ ហើយ​ដោយ​កាំបិត​របស់​ពួក​គេ​ ពួក​គេ​បាន​វះ​បែង​ចែក​សាក​សព​សត្វ​ក្ដាន់​នេះ​ ជា​បំណែក​តូច​ៗ​ ជា​ច្រើន​ចំណែក​ ខ្ញុំ​ព្រឺ​រោម ព្រឺ​ស្បែក​សម្បុរ​គីង​គក់​ ព្រោះ​ខ្ញុំ​មិន​ដែល​បាន​ឃើញ​សាក​សព​ ដូច​​ក្នុង​​បរិយា​កាស​​នេះ​ឡើយ​។​

នៅទីនេះ ក៏មានអាថាន់ អ្នកមានរិទ្ធិអំណាច រឺ អារក្ស វិញ្ញាណកំណាច ស្ថិតនៅឃុំថែរក្សាទីប្រាសាទជានិច្ច ពួកគេអាស្រ័យនៅលើដើមឈើ រិសឈើ ខ្យល់ព្យុះ និង គំនរបាក់បែកជាច្រើនដែលផ្តល់សក្ខីកម្មដល់រិទ្ធអំណាច នៃ ពួកទេវៈទាំងអស់នេះ សព្វថ្ងៃនេះ ទីកន្លែងត្រូវបានឈូសឆាយបោសសំអាត ហើយនៅលើដំបូលប្រាសាទ នៅតែមានដើមឈើមួយចំនួន ដែលរិសរបស់វាបានក្លាយជាយក្សយ៉ាងពិតប្រាកដ។

តើ​ដើម​ឈើយក្សដ៏កំ​ណាច ​ដែលអាចធ្វើ​ការ​បំផ្លាញ យ៉ាងអស្ចារ្យទាំង​នេះ ជាឈើព្រៃអ្វីទៅ? អ្នកខ្លះហៅពួកគេថា Fromagers (ដើមជ្រៃ )ខ្លះទៀតជាប្រភេទ Ficus(បញ្ញើក្អែក) ហើយជួនកាលគេហៅថា ដើមល្វា។ បច្ចុប្បន្ន​មាន​អ្នក​រុក្ខសាស្ត្រ​នៅ​អង្គរ ដែល​មាន​ភារកិច្ច​កំណត់​ប្រភេទ​ដើមឈើ​ជាច្រើន​ដែល​គេ​រក​ឃើញ​នៅ​ទីនោះ ទោះយ៉ាងណាក៏ដោយ អង្គរដែលមានប្រាសាទព្រៃ ដែលគេបំភ្លេចចោល គឺជាកន្លែងតែមួយគត់នៅក្នុងពិភពលោករបស់យើង ដែលបង្ហាញពីការប្រយុទ្ធគ្នារវាង​ធម្ម​ជាតិ​នេះ ធម្មជាតិធៀប នឹង ការងាររបស់មនុស្ស ក្នុងលក្ខណដ៏គួរអោយ​តក់ស្លុត និង បង្កើតស្ថានភាពដូច​រឿងល្ខោន ធ្វើអោយយើងភ័យញ័ររន្ធត់។