សេដ្ឋកិច្ចនឹងខ្លួនមនុស្ស
ថ្ងៃសៅរ៍ ទី7.មិថុនា 2014.ម៉ោង 7:10
ព្រះពុទ្ធសាសនា ជាសាសនាមួយដែលបង្រៀនអោយស្រាយបញ្ហាសាបសូន្យតំលៃសីលធម៌ តែពុំបានមើលហួសរំលងសេដ្ឋកិច្ច។ បង្រៀនអោយស្រាយសេចក្ដីអាក្រក់ដោយសេចក្ដីល្អ។ ព្រមគ្នានេះបង្រៀនអោយស្រាយបញ្ហាដែលមានចោតលើខ្លួនឯងជាមុន កុំរស់នៅក្នុងគំនិតយឺត គំនិតបណ្តែតបណ្ដោយ ទុកពេលអោយមនុស្សក្នុងពិភពលោក គេធ្វើសេចក្ដីល្អមុនខ្លួន ហើយខ្លួនសំរេចចិត្ដធ្វើទង្វើល្អជាចុងក្រោយបំផុត។ សូម្បីបង្រៀនអោយមានមេត្ដាចិត្ដ ក៏អោយហ្វឹកហាត់ផ្សាយមេត្ដាដល់ខ្លួនឯងមុន ដើម្បីជាសក្ខីភាពថា អាត្មាអញស្រលាញ់សុខស្អប់ទុក្ខយ៉ាងណា ជនដទៃក៏គេស្រលាញ់សុខស្អប់ទុក្ខយ៉ាងនោះដែរ។ ដើម្បីងាយស្រួលដល់ការពិចារណារបស់អ្នកអានក្នុងរឿងនេះ ខ្ញុំសូមញែកសេចក្ដី ក្នុងបទនេះចេញជា៣ ចំនុចគឺ៖
- ១ - បង្រៀនមិនអោយមើលហួសឬរំលងបញ្ហាសេដ្ឋកិច្ច,
- ២- ស្រាយចំណងអាក្រក់ដោយចំណងល្អ,
- ៣ - កុំមើលហួស ឬរំលងខ្លួនក្នុងការដោះស្រាយបញ្ហាសីលធម៌។
នេះគឺជាគោលការសំខាន់ក្នុងបទនេះ សំរាប់ជនអ្នកស្រាយបញ្ហាជីវិត ដែលពុទ្ធសាសនារបស់យើង បានផ្ដល់គំនិតនិងគំរោងអោយបុគ្គលអ្នកមានចិត្ដចង់ធ្វើ ចង់អនុវត្ដ បានជួបប្រទះនូវភាពងាយស្រួល បើមិនច្រើនក៏តិច តាមកំពស់និងទំនាបនៃគំនិតនៃឧបនិស្ស័យរបស់ខ្លួននៃមនុស្សម្នាក់ៗ ដែលអ្នកស្រាវជ្រាវ ផ្នែកនេះមានគំហើញថា ព្រះពុទ្ធបរមគ្រូ ពិតជាមានព្រះមហាករុណាទិគុណដល់សត្វលោកគ្មានអ្នកណា អាចបដិសេធបានឡើយ។
១ -បង្រៀនមិនអោយមើលហួសឬរំលងបញ្ហាសេដ្ឋកិច្ច
ក្នុងបញ្ហាទាំងឡាយដែលមានចោទជីវិតមនុស្ស បញ្ហាសេដ្ឋកិច្ចគឺជាបញ្ហាចោទមុន ចោទរឿយៗ ចោទខ្លាំងៗ ហើយជាបញ្ហាសំខាន់ជាងបញ្ហាដទៃទៀតផង។ ព្រោះអ្វី? ព្រោះមនុស្សយើងទាំងអស់គ្នាត្រូវចោទដោយបញ្ហានេះ មិនត្រឹមតែក្នុងពេលសំរាលចាកផ្ទៃម្ដាយហើយទេ។ កាលរស់នៅក្នុងពោះម្ដាយ ក៏ត្រូវចោទដោយបញ្ហានេះដែរ តែយើងមិនទាន់ចេះដឹង មិនទាន់ចេះដោះស្រាយ, អ្នកមានគុណរបស់យើងដោះស្រា យជំនួស។ ចំណោទទាំងឡាយមានភាពរស់ ភាពលំបាក លំនៅឋាន ស្បៀងអាហារ គ្រឿងស្លៀកពាក់គ្រឿ ងឱសថ គ្រឿងឧបករណ៍នៃការងារ របស់កណ្ដាលគឺ មាសប្រាក់កែវកង សំរាប់ចាយវាយ សំរាប់ប្រដាប់តុបតែងខ្លួនប្រាណ សំរាប់បំពេញសេចក្ដីត្រូវការបំបាត់កង្វះកំហាត៘
បើអ្នកអានបានមើលតំរាសេដ្ឋកិច្ច របស់អ្នកប្រាជ្ញផ្នែកសេដ្ឋកិច្ចក្នុងបច្ចឹមប្រទេសច្រើនៗ អ្នកអាននឹងមានមនោសញ្ចេតនាត្រូវក្នុងចំនុចមួយថា វត្ថុបំណងរបស់សេដ្ឋកិច្ចនោះបាន ដល់កំហំបំបាត់ ឬស្នងសេចក្ដីត្រូវការរបស់មនុស្ស (To try to, Stify human wants)។ ពុទ្ធសាសនាបានស្នើគំនោលសីលធម៌ ដែលជាប់ទាក់ទងដល់គំនោលសេដ្ឋកិច្ចមានពីរស្ថានគឺ៖
- - ជាន់ទាបជាគំនោលស្នង (To satisfy)
- - ជាន់ខ្ពស់គឺជាគំនោលបំបាត់(To subdue)
គំនោលស្នង ដៅដល់ការបង្រៀនមនុស្សអោយខំប្រឹង តាំងខ្លួនពង្រឹងជំហរអោយមាំមួន រឹងប៉ឹងក្នុងថានៈ សេដ្ឋកិច្ច ព្យាយាមលើឋានៈរបស់ខ្លួនអោយរស់នៅក្នុងកំរិតខ្ពស់ ប្រកបដោយកំហំនិងសំនូយ៉ាងមោះមុត ជាមួយនិងការបង្រៀនអោយស្គាល់ការកំចាត់បង់ ឬបន្ថយសេចក្ដីត្រូវការ ដែលមានកំលាំងខ្លាំងក្លាពេក ដែលអាចក្លាយទៅជាតណ្ហាទូលំទូលាយ គ្មានកំណត់ព្រំដែន ត្រលប់ផ្ដល់អោយនូវសេចក្ដីទុក្ខវិញ គឺថាបើមនុស្សយើងចេះតែពុល ចេះតែស្រវឹងសេចក្ដីសប្បាយ ហើយខំស្ទុះស្ទារស្វែងរករបស់ស្នងរបស់ត្រូវការ យកមក បំរើចំណង់ខ្លួនម្នាក់ៗ ដោយគ្មានខ្ចីរវល់ដល់សេក្ដីទុក្ខព្រួយខ្វះខាតរបស់អ្នកដទៃ គ្មានគំនិតព្រហ្មវិហារ គ្មានសម្បជញ្ញៈនៃមនុស្សជាតិនោះ។ ចំណង់របស់គេវារិតតែគ្មានចេះចប់ គ្មានចេះល្មម ទីបំផុតអ្នកបំរើសេចក្ដីសប្បាយ (តណ្ហា) របស់ខ្លួន វាមិនត្រឹមតែសប្បាយខ្លួនឯងភ្លេចទុក្ខព្រួយអ្នកដទៃប៉ុណ្ណឹងទេគឺវាបញ្ជាអោយប្រព្រឹត្ដនូវទង្វើជិះជាន់បៀតបៀនអ្នកដទៃ ដើម្បីសេចក្ដីសប្បាយរបស់ខ្លួន។ លោកអោយន័យថា តណ្ហា បើគេកាន់តែធ្វើខ្ញុំបំរើវាកាន់តែច្រើន វាក៏កាន់តែមានកំលាំងខ្លាំងឡើងៗដូចគ្នានឹងភ្លើង បើគេចេះតែបន្ថែមអុស បន្ថែមប្រេងគ្មានឈប់ វាកាន់តែឆេះខ្លាំងឡើងៗ គ្មានពេលរលត់សោះឡើយ។ ឬពុំនោះសោតក៏ដូចគ្នានឹងមហាសមុទ្រដែលគ្មានទឹកពេញប្រៀបឡើងច្រាំងដោយចំណាក់នៃទឹក ស្ទឹងទន្លេ ឬចំណាក់នៃទឹកភ្លៀងដែលមានប្រក្រតី ខួបប្រាំងខួបវស្សា។ ព្រោះហេតុនេះទើបត្រូវមានគំនោ លុបបំបាត់បន្ដិចម្ដងៗ ឬបន្ធូបន្ថយតណ្ហាខ្លះ កុំចេះតែបណ្ដោយអោយទៅៗគ្មានទំនប់ គ្មានកំណត់ព្រំដែន ដែលអាចដូរសុខទៅទុក្ខវិញក្នុងពេលណាមួយមិនខានឡើយ។
បង្រៀនអំពីសេដ្ឋកិច្ចជាន់ទាប
គំនោល ឬ គំរោងបង្រៀននៃព្រះពុទ្ធសាសនា ដែលគេបានឃើញថាមានការទាក់ទងជាមួយនឹងសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ឬគ្រួសារជាទូទៅគឺ៖
- 1 ទដ្ឋធម្មិកត្ថ : ប្រយោជន៍បច្ចុប្បន្ន បានដល់ការបង្រៀនអោយតាំងខ្លួននៅឋានៈមាំទាំតាមផ្លូវសេដ្ឋកិច្ចប្រកបដោយអង្គ៤ប្រការគឺ៖
- ក-ការសំភីសង្វាតស្វែងរកទ្រព្យគ្រប់ប្រភេទ ទាំងមានរូបទាំងគ្មានរូប
- ខ-ការចេះស្គាល់របៀបទុកដាក់ទ្រព្យសម្បត្ដិ ឬចេះសន្សំ ចេះសំចៃគ-ការចេះសេពគប់និងមិត្ដសំលាញ់មានចរិយាថ្លៃថ្នូរ ឬចេះឆ្នៃមិត្ដអាក្រក់អោយបានជាមិត្ដល្អ…,
- ឃ-ការចេះចាយវាយអោយសមគួរដល់ឋានៈនៃទ្រព្យសម្បត្ដិ ឬចេះរៀនរស់ក្នុងភាពសន្ដោស ឬភាពល្មមគ្រប់គ្រាន់ជានិច្ច…។
- 2 ការវៀរចាកអបាយមុខ (ហេតុនាំអោយសូនទ្រព្យ) មាន៤ប្រការគឺ៖
- ក- ជាអ្នកប្រព្រឹត្ដល្បែងបុរស ស្រ្ដី,
- ខ- ជាអ្នកប្រព្រឹត្ដល្បែងផឹកសុរា,
- គ- ជាអ្នកប្រព្រឹត្ដល្បែងស៊ីសង,
- ឃ- ជាអ្នកគប់មនុស្សអាក្រក់ ដោយគ្មានកែគ្មានឆ្នៃអោយល្អសិនជាមិត្ដ
អ្នកអានគប្បីធ្វើការកត់សំគាល់ថា អបាយមុខដែលគេគួរវៀរចាកទាំង៤ប្រការនេះ លោកសំដៅយកពាក្យលេង ឬ មានលក្ខណៈលេងជាធំ គឺអ្នកប្រព្រឹត្ដមានគំនិតជាលេង រហូតដល់មានទំលាប់ប្រកបកម្ម នោះរឿយៗ ជានិច្ចជាប្រក្រតី លុះត្រាញៀនលែងមិនរួច ឈប់មិនកើត។ ក្នុងទីបំផុតត្រូវគេអោយឈ្មោះថា អ្នកស្រ្ដី នាងប្រុស អ្នកប្រមឹក អ្នកបាំងផ្លិត អ្នកពួកម៉ាក។
- សុខរបស់គ្រហស្ថមាន៤ ប្រការគឺ៖
- សុខកើតមកអំពីការមានទ្រព្យ (ដោយកំលាំងធ្វើការរបស់ខ្លួន),
- សុខកើតអំពីការចាយវាយទ្រព្យសម្បត្ដិផ្ទាល់ខ្លួន,
- សុខកើតអំពីការគ្មានជំពាក់បំណុលគេ,
- សុខកើតអំពីប្រកបអាជីវកម្មដោយគ្មានទោស។
ក្នុងចំណុចនេះ បញ្ជាក់អោយឃើញនូវសេចក្ដីសំខាន់ នៃធាតុសេដ្ឋកិច្ចត្រង់ថា មានទ្រព្យដោយកំលាំងខ្លួន, ចាយវាយទ្រព្យសម្បត្ដិផ្ទាល់ខ្លួន, គ្មានជំពាក់បំណុលគេ ធ្វើការអាជីវកម្មត្រឹមត្រូវតាមក្បួនសេដ្ឋកិច្ច គ្មានល្មើសច្បាប់រដ្ន គ្មានជិះជាន់កំលាំងអ្នកដទៃ។
- ត្រកូលស្ដុកស្ដម្ភ មាំមួននឹងតាំងនៅយូរមិនបានព្រោះហេតុ៤ ប្រការគឺ ៖
- - របស់បាត់ទៅរកមកវិញ,
- - របស់ណាទ្រុឌទ្រោមដាច់ដាច មិនជួសជុលថ្មី,
- - គ្មានចេះដឹង ស្គាស់ប្រមាណក្នុងការប្រើប្រាស់ទ្រព្យ,
- -ប្រគល់មុខងាធំដុំគ្រួសារអោយស្រ្ដី ឬបុរសគ្មានសីល គ្មានវិន័យទុកដាក់ទ្រព្យ។
គំនោលទាំងនេះបញ្ជាក់អោយឃើញថា ត្រកូលមួយៗ ទោះជាមានភាពស្ដុកស្ដម្ភមាំមួន នៅក្នុងកំរិតខ្លួន យ៉ាងណាក៏ដោយ បើខ្វះចំណេះខ្វះដំណឹងក្នុងគំនោលសេដ្ឋកិច្ច និងសីលធម៌ ដែលត្រូវស្គាស់ ត្រូវប្រព្រឹ ត្ដប្រតិបត្ដិ ឬត្រូវអនុវត្ដដូចធ្លាប់ មានមកក្នុងលោកនេះហើយក៏ស្ទុះមិនរួចពីធ្លាក់ចុះដុនដាបក្នុងទីបំផុតឡើ យ។
ខ្ញុំសូមបញ្ជាក់ថា គំនោលនៃប្រយោជន៍ក្នុងបច្ចុប្បន្នរបស់ពុទ្ធសាសនាទី១គឺ កំហំក្នុងការប្រកបអាជីវកម្មអោយកើត អោយមានទ្រព្យសម្បត្ដិនោះ ត្រូវគ្នានឹងគំនោលការណ៍សេដ្ឋកិច្ចជាបឋមគឺ Produc- tion ផលិតកម្ម ដូចបានណាត់និយាយគ្នាទុកជាមុន ព្រោះវិជ្ជាសេដ្ឋកិច្ចទើបតែនឹងកើតខាងក្រោយពុទ្ធសាសនាតាមស្មាន ប្រហែលជាងមួយពាន់ឆ្នាំ។
ចំណែកគំនោលទី២ គឺការចេះដឹង ស្គាស់របៀបទុកទ្រព្យសម្បត្ដិដែលគេរកបានមកហើយ ត្រូវគ្នានឹងគំនោលសន្សំ ឬសំចៃទ្រព្យសម្បត្ដិ (Saving)។
គំនោលទី៣ គឺការគប់មិត្ដ មានចិត្ដទៀងត្រង់ មានសេចក្ដីវ័យឆ្លាត មានគំនិតជួយគ្នាទៅវិញទៅមក គំនោលនេះ ប្រៀបបាននឹងអង្គការសមាគម ក្នុងឋានៈជាក្រុមអភិបាលឬគណកម្មការនាយក នៅក្នុងក្របខ័ណ្ឌនៃការអភវឌ្ឍន៍ជីវភាពរបស់សមាជិក ដោយប្រកាន់យកប្រយោជន៍រួមជាធំ។
ចំណែកគំនោលចុងក្រោយបង្អស់ គឺការប្រើប្រាស់ចាយវាយទ្រព្យសម្បត្ដិអោយនៅក្នុងកំរិតល្មមសម គួរដល់ឋានៈរបស់ខ្លួន ឬត្រឹមតែរស់នោះ ក្នុងសេដ្ឋកិច្ចគេប្រើពាក្យ House hole, budget ប្រែថា ថវិការប្រចាំគ្រសារ នេះជាផ្លូវឯកជន។ បើជាផ្លូវរដ្ឋគេហៅថា The nation boudget ប្រែថា ថវិការសេដ្ឋកិច្ចនៃជាតិ។ និយាយខ្លី, បានដល់ការពិនិត្យ ត្បិតត្បៀតចំណូលចំណាយមានតុល្យភាពស្មើគ្នា ត្រូវនឹងពាក្យពុទ្ធសាសនាថា សមជីវតា ដែលមានចែងក្នុងទដ្ឋធម្មិកត្ថៈ ប្រយោជន៍បច្ចុប្បន្ននេះឯង។
ចំណែកខាងគំនោលបង្រៀនដទៃទៀត ដូចជារៀនចាកភាពខាតបង់ទ្រព្យសម្បត្ដិ(អបាយមុខ)គ្រប់ប្រភេទ ការស្គាល់ថាអ្វីជាសេចក្ដីសុខរបស់គ្រហស្ថ ការធ្វើអោយត្រកូលមានស្ថេរភាពអស់រយៈកាលយូរអង្វែ ង ទាំងនេះជាសេដ្ឋកិច្ចមួយទៀត ដែលត្រូវជាគូជាមួយនឹងសីលធម៌។ ក្នុងចំណុចនេះបញ្ជាក់អោយដឹងថា ពុទ្ធសាសនាបានមើលឃើញយ៉ាងច្បាស់ ហើយជាសីលធម៌របស់មនុស្សលំបាកនឹងមានណាស់ បើសេដ្ឋកិច្ចផ្លាស់ប្ដូរនៃមនុស្សម្នាក់ៗ ពុំមានវឌ្ឍភាព ឬពុំបានប្រព្រឹត្ដទៅក្នុងភាពល្អថ្លៃថ្នូរ ដោយអាស្រ័យហេតុនេះ ទើប ព្រះសម្មាសម្ពុទ្ធបង្រៀនសង្កត់ធ្ងន់ទៅលើសេដ្ឋកិច្ចរដ្ឋ និងសេដ្ឋកិច្ចគ្រួសារ នៅក្នុងក្របខ័ណ្ឌសាង ជំហរ គឺធ្វើអោយរដ្ឋនិងឯកជន មានសេដ្ឋកិច្ចស្ថិតនៅក្នុងកំរិតខ្ពស់ ឬមធម្យតាមដែលអាចធ្វើទៅកើត។
ដើម្បីងាយយល់ អ្នកអានគប្បីពិនិត្យមើលឡើងវិញនូវរឿងមួយមានក្នុងគម្ពីពុទ្ធសាសនា របស់យើងដែលមានដំណាលថា ថ្ងៃមួយព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានណែនាំកូដទន្ដព្រាហ្មណ៍ ដែលគាត់បានធ្វើសំនួរចំពោះព្រះអង្គ អំពីបញ្ហាបូជាយញ្ញ ព្រះសម្មាសម្ពុទ្ធពុំបានអោយចំលើយចំណុចបញ្ហានេះទេ តែព្រះអង្គឆ្លៀតអោកាសបំភ្លឺព្រាហ្មណ៍នោះក្បែរៗសំនួរគាត់ថា ខ្លួនអ្នកជាបុគ្គលមានមុខងារគ្រប់គ្រងរក្សាពូជព្រាហ្មណ៍ ក្នុងស្រុកមានភូមិ មានសង្កាត់ជាច្រើន អ្នកជាមនុស្សម្នាក់ដែលព្រាហ្មណ៍ទាំងអស់ទទួលស្គាល់ ទទួលស្ដាប់ អោវាទដំបូន្មាន។ អ្នកត្រូវចាត់ការសេដ្ឋកិច្ចក្នុងស្រុកនេះអាយបានត្រឹមត្រូវ, មានវឌ្ឍភាពខ្ពស់មានស្ថេរភាពនឹងន នៅក្នុងកំរិតល្អប្រសើរ មុននឹងខ្លួនអ្នកនឹងត្រូវធ្វើអ្វីៗទៀត។ ម្នាល ព្រាហ្មណ៍! កម្មវិធីបំរាបចោរកម្ម គេមិនត្រូវធ្វើដោយដាក់ទណ្ឌកម្ម នានារហូតដល់កាប់សំលាប់ទេ ព្រោះទង្វើទាំងអស់នេះវាគ្មានប្រសិទ្ធិភាព គឺវាមិនអស់មនុស្សប្រព្រឹត្តចោរកម្មទេ។ ព្រោះអ្វី? ព្រោះមានមនុស្សទុចរិតផ្សេងទៀត មកជំនួស មកប្រព្រឹត្ដចោរកម្មជាថ្មីទៀត តែបើគេចាត់ការសេដ្ឋកិច្ចល្អ អោយមនុស្សមានការងារធ្វើតាមគួរដល់សមត្ថភាព ដល់សេចក្ដីចេះដឹងរបស់គេ ជាមួយគ្នានេះ គេត្រូវមានផែនការជួយទំនុកបំរុងកសិករ, ពាណិជ្ជករ ភ្នាក់ងាររដ្ឋការអោយរស់នៅក្នុងករណី ក្នុងអាជីវកម្មរបស់ខ្លួនអោយបានស្រួលនោះ ស្រុកទេសរបស់អ្នកនឹងបានស្ថិតនៅក្នុងភាពសុខសាន្ដចំរុងចំរើនជាមិនខានឡើយ។
ដោយអាស្រ័យដោយលក្ខឋាន, ដែលព្រះសម្មាសម្ពុទ្ធបានបង្រៀនទាក់ទងដល់សេដ្ឋកិច្ច និងសីលធម៌ដូចពោលមកនេះ។ យើងអាចឆ្លើយបញ្ហាដែលចោទថា ព្រះពុទ្ធសាសនាបង្រៀនមនុស្សអោយខ្ជិល អោយរស់នូវដោយអាស្រ័យជំនួយទេវតា, អោយដេកផ្សងព្រេង៘ ដែលព្រះពុទ្ធសាសនាគ្មានបានបង្រៀនយ៉ាងនេះសូម្បីត្រឹមតែមួយមាត់ក៏គ្មានផង ក្រៃលែងជាងនេះទៀត ក្នុងករណីខ្លះព្រះពុទ្ធបរមគ្រូ ព្រះអង្គទ្រង់បានសំដែងអំពីសម្បត្ដិ ក្នុងការប្រកបអាជីវកម្មប្រភេទខ្លះដូចការលក់ដូរ ដោយបានបញ្ជាក់យ៉ាងច្បាស់លាស់ថា អ្នកលក់ដូរប្រសិនបើខ្លួនគេបានប្រកបដោយសម្បត្ដិ៣ប្រការ គេមុខជាមានកំរៃយ៉ាងខ្ពស់ជាមិនខាន។ ធម្មសម្បត្ដិ ៣ប្រការគឺ។
គេជាបុគ្គលមានភ្នែកល្អ ឬភ្នែកភ្លឺ ដោយយកសេចក្ដីចេះដឹងប៉ិនប្រសប់ក្នុងមុខរបរជំនួញ ស្គាល់ដើមទុន ស្គាល់កំរៃ ជាពិសេសគេចេះក្បួនសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
គេជាបុគ្គលមានសេចក្ដីព្យាយាមយ៉ាងមោះមុត ដោយកំហំយ៉ាងទូលំទូលាយ ចេះស្ទង់ ចេះពិចារ ណា, ចេះពិនិត្យកាលៈទេសៈ។ មានគំនិតបច្ចេកទេស មានសេចក្ដីវៃឆ្លាតក្រៅតំរា ដឹងកិច្ច ដឹងក ល ដូចជាដឹងថា ទៅទិញរបស់នៅកន្លែងណាមានតំលៃថោក យកទៅលក់ផ្សារណាមានតំលៃខ្ពស់ ជាពិសេសបើបានចំណេញច្រើនគេមិនភ្លេចស្មារតី ខាតដើមទុន គេមិនសុខចិត្ដ លះបង់ចោល ឬរាងចាល។
គេជាបុគ្គលមានមនុស្សនិយមរាប់អានច្រើន សម្បូរណ៍មិត្ដសំលាញ់ស្គាល់ របៀបធ្វើខ្លួនអោយមនុស្សគ្រប់មជ្ឈដ្ឋានទូទៅបាក់ចិត្ដនិយម មានជំនឿ មានសេចក្ដីទុកចិត្ដទុកថ្លើម។