អង្គនៃនិច្ចសីល

បាណាតិបាត មានអង្គ ៥

 • ១ - បាណោ សត្វមានជីវិត
 • ២ - បាណសញ្ញិតា សេចក្តីដឹងថាសត្វមានជីវិត
 • ៣ -វធកចិត្តំ គិតនឹងសម្លាប់
 • ៤ -ឧបក្កមោ ព្យាយាមនឹងសម្លាប់
 • ៥ - តេន មរណំ សត្វស្លាប់ដោយព្យាយាម

អទិន្នាទាន មានអង្គ ៥

 • ១ - បរបរិគ្គហិតំ ទ្រព្យដែលមានម្ចាស់គេហួងហែងរក្សា។
 • ២ - បរបរិគ្គហិសញ្ញិតា សេចក្តីដឹងថាទ្រព្យមានម្ចាស់គេហួងហែងរក្សា។
 • ៣ - ថេយ្យចិត្តំ គិតនឹងលួច។
 • ៤ - ឧបក្កមោ ព្យាយាមនឹងលួច។
 • ៥ - តេន ហរណំ លួចបានមកដោយព្យាយាមនោះ

កាមេសុមិច្ឆាចារ មានអង្គ ៤

 • ១ - អគមនីយដ្ឋានំ ស្រ្តីដែលមិនគួរគប់រកគឺស្រ្តីដែលមានគេហួងហែងរក្សា
 • ២ - តស្មឹ សេវនចិត្តំ គិតនឹងសេពមេថុនធម្មនឹងស្រ្តីនោះ
 • ៣ - ឧបក្កមោ ព្យាយាមនឹងសេពនូវមេថុនធម្ម
 • ៤ - មគ្កេន មគ្គប្បដិបាទនំ ញ៉ាំងមគ្គ និងមគ្គឲ្យដល់គ្នា។

មុសាវាទ មានអង្គ ៤

 • ១ - អតថំវត្ថុ វត្ថុមិនពិត។
 • ២ - វិសំវាទនចិត្តំ គិតនឹងពោលឲ្យខុស។
 • ៣ - តជ្ជោ វាយាមោ ព្យាយាមនឹងពោលឲ្យខុស។
 • ៤ - បរស្ស តទត្ថវិជាននំ ញ៉ាំងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្តីនោះ។

សុរាមេរយ មានអង្គ ៤

 • ១ - មជ្ជនីយវត្ថុ វត្ថុជាទីតាំងនៃសេចក្តីស្រវឹង គឺសុរានិងមេរ័យ។
 • ២ - បាតុកម្យតាចិត្តំ គិតបម្រុងនឹងផឹក
 • ៣ -តជ្ជោ វាយាមោ ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ។
 • ៤ - តស្ស បានំ បានផឹកទឹកស្រវឹងនោះឲ្យកន្លងបំពង់កចូលទៅ។

អង្គនៃឧបោសថសីល

អង្គនៃសិក្ខាបទ បាណាតិបាត អទិន្នាទាន មុសាវាទ និងសុរាមេរយ មានដូចនៅក្នុងនិច្ចសីលដែរ។

អព្រហ្មចរិយា មានអង្គ ៤

 • ១ - ភេទនវត្ថុ វត្ថុជាទីទម្លាយនូវសីល គឺទ្វារទាំង ៣០ ចំពោះត្រង់ទ្វារណាមួយ។
 • ២ - សេវនចិត្តំ គិតនឹងសេព។
 • ៣ - តជ្ជោ វាយាមោ ព្យាយាមនឹងសេពនូវមេថុនធម្មនោះ។
 • ៤ - មគ្គេន មគ្គប្បដិបាទនំ ញ៉ាំងមគ្គ និងមគ្គឲ្យដល់គ្នា។

វិកាលភោជន មានអង្គ ៣

 • ១ - វិកាលោ កាលខុស គឺព្រះអាទិត្យជ្រេទៅហើយដរាបទល់អរុណរះ។
 • ២ -យាវកាលិកំ របស់ដែលគួរបរិភោគបានក្នុងកាល គឺតាំងពីអរុណរះឡើងដរាបដល់ថៃ្ងត្រង់។
 • ៣ -អជ្ឈោហរណំ បានលេបចូលទៅក្នុងបំពង់ក។

នច្ចគីតព្រមទាំង មាលារួមជាសិក្ខាបទមួយ មានអង្គ ៦

 • ១-នច្ចគីតាទិ ការលែ្បងមានរាំ និងច្រៀងជាដើម។
 • ២ -កត្តុកម្យតាចិត្តំ គិតបម្រុងនឹងធ្វើ ។
 • ៣ -សុតទស្សនត្ថាយគមនំ ទៅដើម្បីស្តាប់ ឬមើល ហើយបានស្តាប់រឺមើល។
 • ៤ - មាលាទិ វត្ថុសម្រាប់ប្រដាប់កាយមានកម្រងផ្កាជាដើម ។
 • ៥ -ធារណច្ឆន្ទតា សេចក្តីប្រាថ្នា នឹងប្រដាប់តាក់តែង។
 • ៦ - តស្ស ធារណំ បានប្រដាប់តាក់តែងនូវវត្ថុសម្រាប់ប្រដាប់កាយមានផ្កាកម្រងជាដើមនោះ។

ឧច្ចាសយន មានអង្គ ៣

 • ១-ឧច្ចាសយនមហាសយនំ ទីដេកទីអង្គុយដ៏ខ្ពស់ដ៏ប្រសើរហួសប្រមាណ។
 • ២-បរិភោគចិត្តំ គិតនឹងដេកឬអង្គុយ។
 • ៣ - បរិភោគករណំ បានដេកឬអង្គុយ។

   កាលបើឧបាសកឧបាសិកាប្រព្រឹត្តឲ្យកន្លងនូវសិក្ខាបទណាៗ លុះតែព្រមដោយ អង្គក្នុងសិក្ខាបទ នោះៗ ទើបបានឈ្មោះថាកន្លង បើមិនទាន់ព្រមដោយអង្គនោះ ក៏មិនបានឈ្មោះថាកន្លងនូវសិក្ខាបទនោះ ទេ។

អង្គនៃនិច្ចសីល និង ឧបោសថសីល ចប់តែប៉ុណ្ណេះ។