អធិករណ ៤យ៉ាង

  • ១ - ការវិវាទថា «នេះជាធម៌ជាវិន័យ នេះមិនមែនជាធម៌ជាវិន័យ ហៅថា វិវាទាធិករណ»
  • ២ - ការចោទគ្នាដោយអាបត្ដិនោះៗ ហៅថា អនុវាទាធិករណ។
  • ៣ - អាបត្ដិទាំងពួងហៅថា អាបត្ដាធិករណ។
  • ៤ - កិច្ចដែលសង្ឃគប្បីធ្វើហៅថា កិច្ចាធិករណ។ អធិករណសមថ ធម៌សំរាប់រំងាប់អធិករណ៍ទាំង៤ យ៉ាងនោះហៅថា អធិករណ
    សមថ អធិករណសមថមាន ៧យ៉ាងគឺ៖
  • ១ - ការរំងាប់អធិករណ៍ទាំង៤យ៉ាងនោះ ក្នុងទីចំពោះមុខសង្ឃ ក្នុងទីចំពោះបុគ្គល ក្នុងទីចំពោះមុខវត្ថុ ក្នុងទីចំពោះមុខធម៌ហៅថា សម្មុខាវិន័យ
  • ២ - ការដែលសង្ឃសូត្រប្រកាស អោយសម្មតិដល់ព្រះអហន្ដថា លោកជាអ្នកមានសតិពេញបរិបូណ៌ ដើម្បីមិនអោយអ្នកណាមួយ ចោទលោកដោយអាបត្ដិហៅថា សតិវិន័យ។
  • ៣ - ការដែលសង្ឃសូត្រប្រកាស អោយសម្មតិ ដល់ភិក្ខុឆ្កួត ដែលបានជាអំពីឆ្កួតហើយ ដើម្បីមិនអោយអ្នកណាចោទ ដោយអាបត្ដិ ដែលលោកធ្វើក្នុងកាលកំពុងឆ្កួត ហៅថា អមូល្ហវិន័យ។
  • ៤ - ការប្រាប់អាបត្ដិតាមប្ដេជ្ញារបស់ចំលើយ ដែលឆ្លើយតាមពិតហៅថា បដិញ្ញាតករណ។
  • ៥ - ការវិនិច្ឆ័យយកតាមពាក្យ របស់មនុស្សច្រើនជាប្រមាណហៅថា យេភុយ្យសិកា។
  • ៦ - ការដាក់ទោសដល់អ្នកដែលខុសហៅថា តស្សបាបិយសិកា។
  • ៧ - ការផ្សះផ្សាអោយអត់ឱនគ្នាទាំងពីរចំណែក មិនបាច់ជំនុំជំរះសេចក្ដី ដើមហៅថា តិណរត្ថារក។ សិក្ខាបទក្រៅ ពីនេះ ដែលលើក ឈ្មោះឡើងជាអាបត្ដិថុល្លច្ច័យខ្លះ ទុក្កដខ្លះ ទព្ភាសិតខ្លះជាសិក្ខាបទដែលមិនមានក្នុងបាតិមោក្ខ។

បព្វជិតជាសិក្ខាកាមត្រូវសិក្សាតាមលំដាប់កាលរបស់ខ្លួនអោយចេះចាំនូវ សិក្ខាបទទាំងនោះតទៅទៀតចុះ។
ចប់បាតិមោក្ខសំវរសីលទី១

ឥន្រ្ទិយសំវរសីល

    លីលគឺការសង្រួមឥន្រ្ទិយ ៦យ៉ាង

    • ១ - ចក្ខុន្រ្ទិយសំវរ សង្រួមក្ខុន្រ្ទិយ (ភ្នែក)
    • ២ - សោតិន្រ្ទិយសំវរ សង្រួមសោតិន្រ្ទិយ (ត្រចៀក)
    • ៣ - ឃានិន្រ្ទិយសំវរ សង្រួមឃានិន្រ្ទិយ (ច្រមុះ)
    • ៤ - ជីវហិន្រ្ទិយសំវរ សង្រួមជីវហិន្រ្ទិយ (អណ្ដាត)
    • ៥ - កាយិន្រ្ទិយសំវរ សង្រួមកាយិន្រ្ទិយ (កាយ)
    • ៦ - មនិន្រ្ទិយសំវរ សង្រួមមនិន្រ្ទិយ (ចិត្ដ)

អាជីវបារិសុទ្ទិសីល

សីលដែលបរិសុទ្ទដោយការចិញ្ចឹមជីវិត វៀរចាកបាបធម៌៥ និងអនេសនៈ២១។
បាបធម៌៥ នោះគឺ

    • ១ - កហនា ការកុហកដោយរឹកពា។
    • ២ - លបនា ការនិយាយរាក់ទាក់ដោយវាចា។
    • ៣ - នេមិត្ដិកតា ការធ្វើនិមិត្ដ គឺប្រើឧបាយកល ដោយកាយខ្លះ ដោយវាចារខ្លះ។
    • ៤ - និប្បេសិកតា ការពោលគំរាម រឺសង្កត់ប្រើសំដីជាខ្នោសសំរាប់កោស កាវយកលាភ។
    • ៥ - លាភនេ លាភំ និជ្ជិគីសនតា ការរកលាភដោយ លាភ គឺការយកលាភទៅទាក់លាភ។

អនេសនៈ ២១

    • ១ - វេឡុទានំ ការអោយរិស្សី
    • ២ - បត្ដទានំ ការអោយស្លឹកឈើ
    • ៣ - បុប្ផទានំ ការអោយផ្កាឈើ
    • ៤ - ផលទានំ ការអោយផ្លែឈើ
    • ៥ - ទន្ដកដ្ឋទានំ ការអោយឈើស្ទន់
    • ៦ - មុខាទកទានំ ការអោយទឹកលុបមុខ
    • ៧ - សិនានទានំ ការអោយវត្ថុសំរាប់ងូតសំរាប់គក់
    • ៨ - ចុណ្ណទានំ ការអោយគ្រឿងលំអិតសំរាប់លាប
    • ៩ - មិត្ដកាទានំ ការអោយដីស្អិត
    • ១០ - ចាដុកម្យតា ការប្រព្រឹត្ដបន្ទាបបន្ទន់កាយវាចា
    • ១១ - មុគ្គសូបតា ការពោលពាក្យពិតខ្លះមិនពិតខ្លះ ដូចសម្លសណ្ដែកបាយ
    • ១២ - បារិភដយតា ការផ្គាប់ផ្គុនត្រកូល
    • ១៣ - ជង្ឃបេសនិកំ ការបំរើត្រកូលដោយកំលាំងស្មង
    • ១៤ - វជ្ជេកម្មំ ការធ្វើពេទ្យរក្សាជំងឺ
    • ១៥ - ទូតកម្មំ ការធ្វើទូត (នាំដំណឹងរបស់ត្រកូល)
    • ១៦ - មហិណគមនំ ការទទួលខ្លួនជាអ្នកបំរើត្រកូលអោយគេប្រើទៅមក (ក្រៅអំពីការនាំដំណឹង)
    • ១៧ - បិណ្ឌប្បដិបិណ្ឌកំ ការអោយចង្ហាន់បិណ្ឌបាតដល់ត្រកូលហើយស្វែ ងរកបរិភោគខ្លួនអែងជាខាងក្រោយ។
    • ១៨ - ទានូបទានំ ការអោយទៅអោយមក
    • ១៩ - វត្ថុវិជ្ជា ការរៀនវិជ្ជា ធ្វើជាគ្រូមើលទឹកដីជ័យភូមិ
    • ២០ - នក្ខក្ដវិជ្ជា ការរៀនវិជ្ជាធ្វើជាគ្រូនក្ខត្ដរិក្សមានចាប់យាមមើលថ្ងៃខែ ជាដើម។
    • ២១ - អង្គវិជ្ជា ការរៀនវិជ្ជាធ្វើគ្រូទាយលក្ខណៈខ្លួនប្រាណ។

ចប់អាជីវបារិសុទ្ធិសីលទី៣

បច្ចយសន្និស្សិតសីល

   សីលដែលអាស្រ័យនូវបច្ច័យ បច្ច័យនោះមាន៤យ៉ាងគឺ៖

    • ១ - ចីវរប្បច្ចយ បច្ច័យ គឺគ្រឿងសំរាប់ស្លៀកដណ្ដប់
    • ២ - បិណ្ឌបាតប្បច្ចយ បច្ច័យ គឺគ្រឿងសំរាប់បរិភោគ
    • ៣ - សេនាសនប្បច្ចយ បច្ច័យ គឺគ្រឿងសំរាប់ដេក និងសំរាប់អង្គុយ
    • ៤ - គិលានភេសជ្ជប្បច្ចយ បច្ច័យ គឺថ្នាំសំរាប់ព្យាបាលជំងឺ

បច្ចវេក្ខណវិធី

វិធីសំរាប់ពិចារណាបច្ច័យមួយៗនោះ មានបួនៗគឺ

    • ១ - ធាតុប្បច្ចវេក្ខណ ពិចារណានូវបច្ច័យថា គ្រាន់ជាធាតុ
    • ២ - បដិកូលប្បច្ចវេក្ខណ ពិចារណានូវបច្ច័យថា ជារបស់បដិកូល
    • ៣ - តំខណិកប្បច្ចវេក្ខណ ពិចារណានូវបច្ច័យក្នុងខណនោះគឺក្នុងពេលកំពុងបរិភោគ
    • ៤ - អតិតប្បច្ចវេក្ខណ ពិចារណានូវបច្ច័យដែលបរិភោគកន្លងទៅហើយ។

   បច្ច័យមួយៗមានបច្ចវេក្ខណបួនៗ ដូចខាងលើនេះរួមត្រូវជាបច្ចវេក្ខណ១៦។

បច្ចវេក្ខណកាល

   កាលដែលត្រូវពិចារណាក្នុងបច្ច័យមួយៗនោះមានបីៗគឺ៖

    • ១ - បដិលាភកាល កាលដែលកំពុងបាន ឬ កំពុងទទួលនូវបច្ច័យ
    • ២ - បរិភោគកាល កាលដែលកំពុងបរិភោគប្រើប្រាស់នូវបច្ច័យ
    • ៣ - អតីតកាល កាលដែលបានបរិភោគប្រើប្រាស់នូវបច្ច័យកន្លងទៅហើយ។

   បច្ច័យមួយៗ មានកាលបីៗ រួមត្រូវជាកាល១២

ចីវរប្បច្ចយ

    • ១ - សីតស្ស បដិឃាតាយ ដើម្បីការពារ នូវត្រជាក់
    • ២ - ឧណ្ហស្ស បដិឃាតាយ ដើម្បីការពារនូវកំដៅ
    • ៣ - ឌំស មកស វាតាតប សរីសប សម្ផស្សានំ បដិឃាតាយ ដើម្បីការពារនូវសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច និង ពស់ធំទាំងឡាយ។
    • ៤ - ហិរិកោបិនប្បដច្ឆាននត្ថំ ដើម្បីបិទបាំងនូវអវៈយវៈដែលធ្វើនូវសេចក្ដី ខ្មាស់អោយកំរើក។

បិណ្ឌបាតប្បច្ច័យ

   ចាត់ជាអង្គត្រូវឃាត់៤ ដែលជាដែនរបស់ប្រយោជន៏៨ រួមទាំងអស់ត្រូវ ជាអង្គ១២ គឺ

    • ១ - នេវទវាយ មិនមែនដើម្បីល្បែងលេង ដូចក្មេងអ្នកស្រុក
    • ២ - នមទាយ មិនមែនដើម្បីអោយកើតបុរិសមានៈស្រវឹងដូចអ្នកប្រដាល់
    • ៣ - នមណ្ឌនាយ មិនមែនដើម្បីប្រដាប់តាក់តែងរាងកាយដូចស្រ្ដីក្នុង បុរី គឺស្រ្ដីអ្នកក្រុង
    • ៤ - ន វិភូសនាយ មិនមែនដើម្បីស្អិតស្អាងរាងកាយអោយមានសម្បុរផូរផង់ដូចអ្នកលេងរបាំ។ (ទាំង ៤នេះជាអង្គត្រូវឃាត់ មិនមែនជាដែនរបស់ប្រយោជន៍ទេ)
    • ៥ - ឥមស្ស កាយស្ស ថិតិយា ដើម្បីនឹងអោយតាំងនៅនៃកាយនេះ
    • ៦ - យាបនាយ ដើម្បីញ៉ាំងជីវិតិន្រ្ទិយអោយប្រព្រឹត្ដទៅ
    • ៧ - វិហីសុបរតិយា ដើម្បីបំបាត់នូវសេចក្ដីលំបាក
    • ៨ - ព្រហ្មចរិយានុគ្គហាយ ដើម្បីអនុគ្រោះដល់ព្រហ្មចរិយធម៌
    • ៩ - ឥតិ បុរាណញ្ច វេទនំ បដិហង្ខាមិ ដូច្នេះអាត្មាអញ នឹង កំចាត់បង់នូវ វេទនាចាស់ គឺសេចក្ដីឃ្លានដែលមានហើយផង
    • ១០ - នវញ្ច វេទនំ ន ឧប្បាទេស្សាមិ អាត្មាអញនឹងមិនញ៉ាំងវេទនាថ្មី គឺឆ្អែតហួសប្រមាណអោយកើតឡើងបានផង
    • ១១ - យាត្រា ច មេ ភវិស្សតិ កិរិយាប្រព្រឹត្ដិទៅនៃឥរិយាបថទាំង៤ នឹងមានដល់អាត្មាអញផង
    • ១២ - អនវជ្ជតា ច សេចក្ដីមិនមានទោស មានមិនច្រអូសកាយ មិនច្រអូសចិត្ដជាដើម (នឹងមានដល់អាត្មាអញផង)។

    អង្គទាំង ៨នេះជាដែនរបស់ប្រយោជន៍។ នៅមានសល់អង្គមួយទៀតគឺ ផាសុវិហា រោច ការនៅសប្បាយក្នុង ឥរិយាបថទាំង៤ (នឹងមាន ដល់អាត្មាអញផង)។ ប៉ុន្តែអង្គមួយនេះលោកមិន រាប់បញ្ចូលរួមជាមួយនឹងអង្គ១២ ខាងលើទេ ព្រោះចាត់ជាអនុសង្សរបស់ភោជន។

សេនាសនប្បច្ចយ

    មានកំណត់ដែនរបស់ប្រយោជន៍ ៥យ៉ាងគឺ៖

    • ១ - សីតស្ស បដិឃាតាយ ដើម្បីការពារនូវត្រជាក់
    • ២ - អុណ្ហស្ស បដិឃាតាយ ដើម្បីការពារកំដៅ
    • ៣ - ឌំស មកស វាតាតប សរីសប សម្ផស្សានំ បដិឃាតាយ ដើម្បីការពារនូវសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច និងពស់ធំទាំងឡាយ។
    • ៤ - ឥតុ បរិស្សយវិនោទនំ ដើម្បីបន្ទោរបង់នូវក្រវល់ក្រវាយ ដែលកើតអំពីរដូវ
    • ៥ - បដិសល្លានារាមត្ថំ ដើម្បីចូលចិត្ដអំពីអារម្មណ៍ផ្សេងៗ ហើយអភិរម្យ សំងំនៅក្នុងកម្មដ្ឋាន។

គិលានភេសជ្ជប្បច្ចយ

   មានកំណត់ដែនរបស់ប្រយោជន៍ត្រឹមតែ ១យ៉ាងគឺ

ឧប្បន្នានំ វេយ្យពាធិកនំ វេទនានំ បដិឃាតាយ អព្យាបជបរមតាយ ដើម្បីការពារនូវទុក្ខវេទនាទាំងឡាយដែលបៀតបៀនផ្សេងៗ ដែលកើតឡើងហើយ ដរាបទៅ ដល់ត្រឹមប្រាសចាកសេចក្ដីទុក្ខ។

បរិភោគ

ការបរិភោគប្រើប្រាស់នូវបច្ច័យ ចែកចេញតាមប្រភេទ របស់បុគ្គលអ្នកបរិភោគ ប្រើប្រាស់មាន ៤យ៉ាងគឺ៖

    • ១ - ថេយ្យបរិភោគ បិរភោគដោយការលួច បានដល់ការបរិភោគរបស់ភិក្ខុទ្រុស្ដសីល។
    • ២ - ឥណបរិភោគ បរិភោគដោយបំណុល បានដល់ការបរិភោគរបស់ភិក្ខុមានសីលតែដែលពុំបានពិចារណា។
    • ៣ - ទាយជ្ជបរិភោគ បរិភោគនូវមត៌កដែលត្រូវបាន បានដល់ការបរិភោគរបស់បព្វជិតជាសេក្ខបុគ្គល ៧ពួក «បុគ្គលដែលបានសំរេច សោតាបត្ដិមគ្គ១ សោតាបត្ដិផល១ សកទាគមិមគ្គ១ សកទាគាមិផល១ អនាគាមិមគ្គ១ អានាគាមិផល១ អរហត្ដមគ្គ១ ទាំង៧នេះហៅថា សេក្ខបុគ្គលព្រោះនៅមានការសិក្សាដើម្បីអោយ បានសំរេចអរហត្ដផលតទៅទៀត » និងបព្វជិតជាកល្យាណបុថុជ្ជន។
    • ៤ - សាមិបរិភោគ បិរភោគរបស់ជនជាម្ចាស់ បានដល់ការបរិភោគរបស់បព្វជិតជា អសេក្ខបុគ្គល «បុគ្គលដែលបានសំរេចអរហត្ដផលហើយ ហៅថា អសេក្ខបុគ្គលព្រោះអស់ការសិក្សាដើម្បីមគ្គផលតទៅទៀតហើយ» គឺខីណាសវបព្វជិត។

ចប់បច្ចយសន្និសិ្សតសីលទី៤

-----------------------------------------------------------