ថ្ងៃបុណ្យវិសាខបូជា
ដោយកែវ ឈុន
វិសាខបូជា ដោយធម្មសិរីភិក្ខុ
**********************************************

     ខ្ញុំមានជំនឿថា ថ្ងៃបុណ្យវិសាខបូជា ពុទ្ធសាសនិកទាំងអស់ ទាំងគ្រហស្ថ ទាំងព្រះសង្ឃ គង់ធ្លាប់បានដឹង បានលឺជារឿយៗ មកហើយគ្រប់ៗ គ្នា ថ្ងៃនេះ យើងនាំគ្នាមកនិយាយម្ដងទៀត អំពីសារសំខាន់ៗ ទាំងឡាយ ដែលទាក់ទងនឹងផលប្រយោជន៍នៃថ្ងៃបុណ្យនេះ នឹងបានរួបរួមគ្នាអនុ មោទនាកុសលផលបុណ្យតទៅ។  

     វិសាខ គឺជាឈ្មោះខែពិសាខ វិសាខបូជា កើតចេញពីពាក្យថា ពិសាខបុណ្ណមី ប្រែថា ការបូជាព្រះ នៃថ្ងៃពេញបូណ៌មីខែពិសាខ គឺជាថ្ងៃ បុណ្យដ៏សំខាន់មួយ នៃថ្ងៃបុណ្យក្នុងព្រះពុទ្ធសាសនា ព្រោះនៅថ្ងៃពេញបូណមីខែពិសាខនេះ ជាថ្ងែដ៏អស្ចារ្យ ដែលទាក់ទងនឹងប្រវត្ដិរបស់ សម្ដេចព្រះ​បរម​សាស្ដ្រាចារ្យ​របស់​យើង បីយ៉ាងគឺ៖

ថ្ងៃវិសាខបូជា ជាថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូត

ថ្ងៃវិសាខបូជា ជាថ្ងៃដែលសម្ដេចព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹង

ថ្ងៃវិសាខបូជា ជាថ្ងៃដែលព្រះអង្គទ្រង់ចូលបរិនិពា្វន (រលត់សង្ខាមិនត្រលប់កើត សាងជាតិ សាងភពទៀតឡើយ)

កំណត់សំគាល់

      តាម​ការ​សិក្សា​ក្នុង​ពុទ្ធ​ប្រវត្ដិ យើង​កត់​សំគាល់​ឃើញ​ថា សម្ដេច​ព្រះ​​បរម​​សាស្ដ្រា​ចារ្យ​របស់​យើង ទ្រង់​​ប្រសូត ត្រាស់​ដឹង និង បរិនិព្វាន សុទ្ធ​តែ​ក្នុង​​ថ្ងៃ​ពេញ​បូណ៌មី​ខែ​​ពិសាខ​ទាំង​អស់ ប្លែក​គ្នា​តែ​​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះ​ហើយ ថ្ងៃ​ពេញ​បូណ​មី​ខែ​វិសាខ ជា​ថ្ងៃ​បូជា​ដ៏សំ​ខាន់​មួយ​ចំពោះ​បពុទ្ធ​សានិក​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា ព្រោះ​ជា​ការ​បូជា​រំលឹក​ដល់​ថ្ងៃ​ដ៏អស្ចារ្យ​ទាំងបី របស់​ព្រះ​ពុទ្ធ​សម្ដេច​ព្រះបរម​គ្រូរបស់​យើង។ បុណ្យ​វិសាខ​បូជា គេ​​តែង​​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ក្នុង​វេលា​រាត្រី ព្រោះ​ជាការ​បើក​ឱកាស​អោយ​ពុទ្ធ​បរិសទ្ធ​ប្រុស ស្រី​​បា​ន​​ជួប​ជុំ​​គ្នា​​ដ៏​ច្រើន​ សប្បាយ​​រីក​រាយ​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​វង់​ផង ហើយ​និង​​បាន​អុជ​​គ្រឿង​​ប្រទីប​ជ្វាលា អោយ​ភ្លឺ​រន្ទាល​ច្រាល ហើយ​ម្យ៉ាង​ទៀត​ពេល​​យប់​ជា​​វេលា​​ទំនេរ មាន​ឱកាស​យ៉ាង​ល្អ​​ទៀត​ផង។ ​

-----------------------------------------------------------