ថ្ងៃសៅរ៍ ទី18.វិច្ឆិកា 2017.ម៉ោង 8:12
កថាទី៨ រឿងសុន្ទៈ និងឧបសុន្ទៈ

ក្នុង​បុរាណ​សម័យ​ មាន​ទៃត្យៈ​ពីរ​នាក់​ មួយ​ឈ្មោះ​សុន្ទៈ​មួយ​ទៀត​ឈ្មោះ​ឧប​សុន្ទៈ​ ជា​អ្នក​មាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ល្បាញ​ទាំង​ពីរ​នាក់​ បាន​ប្រារព្ធ​បំពេញ​តបៈ​ខ្លាំង​ក្លា​បូជា​ព្រះ​ច័ន្ទ​សេ​ខរៈ​(1) មក​អស់​កាល​ដ៏​យូរ​ហើយ​ ដើម្បី​ប្រាថ្នា​រាជ្យ​ក្នុង​ត្រៃ​លោក​។​ ត​មក​ ព្រះ​ច័ន្ទ​សេ​ខរៈ​ ដ៏​មាន​ជោគ​ ពេញ​ព្រះ​ទ័យ​ទើប​ទ្រង់​ប្រោស​ប្រាណ​ទៃត្យៈ​ ទាំង​ពីរ​នាក់​នោះ​ត្រាស់​ថាៈ​ «ចូរ​អែង​ទាំង​ពីរ​នាក់​ប្រាថ្នា​ពរ​ចុះ​»​។ កាល​នោះ​ ទៃត្យៈ​ទាំង​ពីរ​នាក់​ ដោយ​កំលាំង​ព្រះ​នាង​ សរស្វ​តី​ ជា​ទេវី​វាចា​​ជ្រែក​ចូល​ក្នុង​កាយ​ខ្លួន​ទាំង​ពីរ​ ក៏​នាំ​បណ្ដាល​អោយ​ទូល​សូម​ពរ​ចំពោះ​ព្រះ​ច័ន្ទ​សេខរៈ​ផ្សេង​ពី​សេច​ក្ដី​ប្រាថ្នា​ដែល​តាំង​ចិត្ដ​ទុក​ពី​មុន​មក​ទៅ​វិញ​ បែរ​ជា​និយាយ​សូម​ពរ​ថាៈ​ «បើ​ព្រះ​ភគវន្ដ ទ្រង់​ប្រោស​ប្រាណ​ប្រទាន​ពរ​ ក៏​សូម​ប្រទាន​នាង​បវិតី​ជា​ទី​ប្រិម​ប្រិយ​ របស់​ព្រះ​អង្គ​»​។ កាល​នោះ​ ព្រះ​ច័ន្ទ​សេខរៈ​ដ៏​មាន​ជោគ​ទ្រង់​ព្រះ​ក្រេវ​ក្រោធ​ តែ​ទ្រង់​មិន​លះ​បង់​សច្ចះ​ នៅ​តែ​ប្រ​សិទ្ធិ​ពរ​ប្រទាន​នាង​បវិតី​ ដល់​ទៃត្យៈ​ល្ងង់​ខ្លៅ ​អិត​ការ​ពិចារ​ណា​នោះ​។​ ចំណេរ​កាល​មក​ ទៃត្យៈ​ទាំង​ពីរ​ជា​អ្នក​ទ្រ​ទ្រង់​លោក​ ជាប់​ចិត្ដ​ក្នុង​លំអ​ព្រះ​សរី​រាង​វយវៈ​ ព្រះ​នាង​បវិតី​ ដោយ​កាម​រោគៈ​ដុត​ដាល​ក្នុង​ចិត្ដ​ងងឹត​ងងល់​អា​ក្រក់​ក្រៃ​លែង​ កើត​ឈ្លោះ​ទាស់​ទែង​ដណ្ដើម​គ្នា​ទៅ​វិញ​​ទៅ​មក​ ដោយ​អាង​ថា​ត្រូវ​បាន​ខ្លួន​តែ​សព្វ​ខ្លួន​ ទី​បំផុត​ចុះ​មតិ​​ព្រម​គ្នា​​ នឹង​យក​ប្រមាណ​បុរស​ គឺ​អ្នក​អាជ្ញា​កណ្ដាល​ជា​​ចៅ​ក្រម​មក​កាត់​ក្ដី​អោយ​, កាល​នោះ​ព្រះ​​ច័ន្ទ​សេ​ខរៈ​ជា​ម្ចាស់​លោក​ជ្រាប​សេច​ក្ដី​ ក៏​ប្លែង​ព្រះ​អង្គ​ជា​ព្រាហ្មណ៍​ព្រឹទ្ធ​ចុះ​មក​ប្រាកដ​ក្នុង​លោក​នោះ​។ ទៃត្យៈ​ទាំង​ពីរ​ និយាយ​នឹង​ព្រាហ្មណ៍​នោះ​ថាៈ​ «នាង​នេះ យើង​ទាំង​ពីរ​នាក់​ បាន​មក​ដោយ​កំលាំង​យើង​ទាំង​ពីរ​ សម​គួរ​ នឹង​អោយ​អ្នក​ណា​ក្នុង​យើង​ទាំង​ពីរ​នាក់​នេះ​?​»​ តា​ព្រាហ្មណ៍​ឆ្លើយ​ថាៈ​

២១ - គួរ​បូជា​ព្រាហ្មណ៍​ ព្រោះ​ជា​អ្នក​មាន​វណ្ណ​ប្រសើរ​, ក្សត្រ​ព្រោះ​ជា​អ្នក​មាន​អំណាច​ច្រើន​ វៃស្យ​ ព្រោះ​ជា​អ្នក​មាន​ទ្រព្យ​ និង ស្រូវ​ច្រើន​ សូទ្រ​ ព្រោះ​ជា​​អ្នក​បំរើ​ព្រាហ្មណ៍​ បើ​លោក​ទាំង​ពីរ​នាក់​ជា​ក្សត្រ​ត្រូវ​កាន់​ធម៌​ជា​ក្សត្រ ​ការ​ច្បាំង​ជា​នាទី​នៃ​លោក​ដែល​លោក​និយម​ស្រាប់​ហើយ​។ លុះ​តា​ព្រាហ្មណ៍​ជា​ប្រមាណ​បុរស​(អ្នក​អាជ្ញា​កណ្ដាល​)​ ពោល​ពាក្យ​ដូច្នេះ​ហើយ​ ទៃត្យៈ​ទាំង​ពីរ​នាក់​យល់​ឃើញ​តាម​ដោយ​គិត​ឃើញ​ថា​ ពាក្យ​ដែល​តា​ព្រាហ្មណ៍​ជា​អាជ្ញា​កណ្ដាល​ពោល​នេះ​ត្រឹម​ត្រូវ​ហើយ​ ក៏​ចូល​ទៅ​ប្រយុទ្ធ​គ្នា​ក្នុង​ខណៈ​​នោះ​ យ៉ាង​សហ័ស​ដ៏​សាហាវ​យង់​ឃ្នង​ តែ​ដោយ​គូ​ទាំង​ពីរ​មាន​កំលាំង​ស្មើ​គ្នា​ ក៏​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ស្លាប់​ទាំង​​ពីរ​នាក់​ទៅ​ហោង​

២២ - បុគ្គល​មាន​សច្ចៈ​១​ បុគ្គ​មាន​អាយិ​ជាតិ​១​ បុគ្គល​ទ្រ​ទ្រង់​ធម៌​១​ បុគ្គល​ជា​អនា​រយ​ជាតិ​១​ បុគ្គល​មាន​បង​ប្អូន​ច្រើន​១​ បុគ្គ​មាន​កំលាំង​១ បុគ្គល​ធ្លាប់​មាន​ជ័យ​ក្នុង​សង្គ្រាម​ច្រើន​ដង​១ ទាំង​៧​ប្រភេទ​នេះ​ លោក​ពោល​ថា​​ត្រូវ​ធ្វើ​សន្ដិ​ភាព​។
២៣ - បុគ្គល​មាន​សច្ចៈ​ តែង​រក្សា​សច្ចៈ​ទៀង​ទាត់​, នរ​ណា​ធ្វើ​សន្ដិ​ភាព​មួយ​អន្លើ​ដោយ​​បុគ្គល​មាន​សច្ចៈ​ សន្ដិ​ភាព​រមែង​មិន​ប្រែ​ព្រួល​ទេ​ បុគ្គ​ជា​អាយិ​ជាតិ​ សូម្បី​ខូច​ខាត​ដល់​ជីវិត​ ក៏​មិន​ព្រម​លះ​បង់​កិត្ដិ​យស​ មិន​ព្រម​ដើរ​ទៅ​តាម​ទំនង​ដែល​ជា​អនា​រិយ​ជាតិ​ឡើយ​។​
២៤ -មែន​ពិត​ ជន​ដែល​បាន​ឡើង​ឈ្មោះ​ថា​ ជា​អ្នក​ទ្រ​ទ្រង់​ធម៌​ហើយ​ កាល​បើ​ត្រូវ​គ្រោះ​អន្ដ​រាយ​ នរ​ណារ​ៗ​​ក៏​ទៅ​ជួយ​តស៊ូ​រក្សា​ដែរ​ អាស្រ័យ​ដោយ​ការ​រាប់​អាន​នៃ​ប្រជា​ជន​ទួ​ទៅ​ និង​គុណ​ធម៌​នៃ​ខ្លួនអ្នក​ទ្រទ្រង់​ធម៌​ដែល​ជា​ទី​រាប់​អាន​នៃ​ជន​ បុគ្គល​ណា​នីមួយ​ទៅ​ធ្វើ​អន្ដ​រាយ​មិន​បាន​ដោយ​ងាយ​ឡើយ​។​
២៥ - កាល​បើ​សេច​ក្ដី​វិនាស​ចូល​មក​ជិត​ដល់​ហើយ​ សូម្បី​អនា​រិយ​ជន​ យើង​ក៏​គួរ​ធ្វើ​សន្ដិ​ភាព​ដែរ​ ព្រោះ​ថា​ បើ​វៀរ​មិន​អាស្រ័យ​អនា​រិយ​ជន​នោះ​ ហើយ​យើង​មិន​អាច​ធ្វើ​អោយ​យើង​រស់​ត​ទៅ​ទៀត​បាន​ឡើយ​។​​
២៦ - រិស្សី​ដុះ​ជា​គុម្ព​ក្រាស់​ ជិត​ប្រកិត​គ្នា​ចោម​រោម​ព័ទ្ធ​ដោយ​ដៃ​រិស្សី​មាន​បន្លា​ស្អេក​ស្កះ​ បុគ្គ​មិន​អាច​ចូល​ទៅ​កាប់​កាត់​រិស្សី​នោះ​បាន​ដោយ​ងាយ​ទេ​ យ៉ាង​ណា​បុគ្គល​មាន​បង​ប្អូន​ច្រើន​ក៏​យ៉ាង​នោះ​ដែរ​។
២៧ - ពាក្យ​ដែល​និយាយ​ថា​ «ត្រូវ​ច្បាំង​តស៊ូ​ នឹង បុគ្គល​មាន​កំលាំង​ដូច្នេះ​ មិន​មាន​អុទា​ហរណ៍​ណា​ជា​និ​ទស្សន​ទេ​ ក្នុង​កាល​ណា​ក៏​ដោយ​ ដុំ​ពពក​មិន​ដែល​រសាត់​ច្រាស​ខ្យល់​ឡើយ​។​
២៨ - ជន​គ្រប់​គ្នា​ ទី​ឋាន​គ្រប់​កន្លែង​គ្រប់​កាល​វេលា​ បុគ្គល​រមែង​ចុះ​យ៉ម​ព្រម​ចាញ់​ អានុ​ភាព​នៃ​វិរ​បុរស​ដែល​ធ្លាប់​​មាន​ជ័យ​ច្រើន​ដង​ណាស់​មក​ហើយ​ ដូច​ជា​បរ​សុរាម​ជា​រាជ​​បុត្រ​ព្រះ​បាទ​ជម​ទគ្និ​ (2)​។

២៩ - អ្នក​ធ្លាប់​មាន​ជ័យ​ក្នុង​យុទ្ធ​សង្រ្គាម​ច្រើន​ដង​ហើយ​ ទៅ​ធ្វើ​សន្ដិ​ភាព​មួយ​អន្លើ​ដោយ​ព្រះ​រាជា​អង្គ​ណា​ សត្រូវ​នៃ​ព្រះ​រាជា​អង្គ​នោះ​ នឹង លុះ​ក្នុង​អំណាច​នៃ​ព្រះ​អង្គ​ភ្លាម​ ដោយ​អនុ​ភាព​នៃ​ការ​ចង​ស្ពាន​មេ​ត្រី​សន្ដិ​ភាព​នោះ​។ ក្នុង​រឿង​នេះ​, រាជ​ហង្ស​ហិរណ្យ​គភ៌ៈ​នេះ​ប្រ​កប​ដោយ​គុណ​លក្ខណៈ​ច្រើន​ប្រការ​ណាស់​ គួរ​នឹង​ធ្វើ​សន្ដិ​ភាព​បាន​។ ចាក្រ​ពាក​សវិជ្ញៈ​ជា​ប្រធាន​រដ្ឋ​មន្រ្ដី​នៃ​រាជ​ហង្ស​ហិរណ្យ​គភ៌ៈ​ បាន​ស្ដាប់​ពាក្យ​នៃ​កុក​ទីឃ​មុខ​ជា​ចារ​បុរស​ដែល​មក​ថ្លា​ថ្លែង​​ប្រាប់​សព្វ​គ្រប់​តាំង​ពី​ដើម​ដល់​ចុង​ ដូច​សេច​ក្ដី​រៀប​រាប់​នេះ​ហើយ​ ទើប​និយាយ​ត​ទៅ​ទៀត​ថាៈ​ «នែ​កុក​ចារ​បុរស​! យើង​បាន​ស្ដាប់​ពាក្យ​អ្នក​អស់​អាថិ​សេច​គ្រេច​ហើយ​ តែ​អ្នក​ចូល​ទៅ​ម្ខង​ទៀត​ទៅ​ស្ដាប់​អោយ​បាន​ការ​អស់​ ហើយ​ត្រូវ​ចូរ​ត្រលប់​មក​ប្រាប់​យើង​វិញ​យ៉ាង​ឆាប់​ៗ​»​។ តែ​ក្នុង​ពេល​ដែល​ចាក្រ​ពាក​បង្គាប់​កុក​ទីឃ៌​មុខ​ដូច្នេះ​ រាជ​ហង្ស​ហិរណ្យ​គភ៌ៈ​សួរ​ចា​ក្រពា​ក​សវិជ្ញៈ​ថាៈ​ «លោក​ប្រធាន​រដ្ឋ​មន្ដ្រី​! ខ្ញុំ​ចង់​ដឹង​ថា បុគ្គល​ដែល​យើង​មិន​គួរ​នឹង​ធ្វើ​សន្ដិ​ភាព​ ​ចង​ស្ពាន​មេត្រី​នោះ​បែប​ណា​ខ្លះ​?​»​។ ចាក្រ​ពាក​សវិជ្ញៈ​ឆ្លើយ​ប្រាប់​ហង្ស​ហិ​រណ្យ​គភ៌ៈ​ថាៈ​ «ទេវៈ​! ខ្ញុំ​បាទ​នឹង​បរិយាយ​ជូន​ សូម​លោក​ម្ចាស់​ចាំ​ស្ដាប់​ដូច​សេច​ក្ដី​ត​ទៅ​នេះ​៖

៣០ - ១​ក្មេង​ ២​មនុស្ស​ចាស់​ ៣​មនុស្ស​ឈឺ​រីង​រៃ​ ៤​មនុស្ស​ដែល​ញាតិ​បណេ្ដញ​ចោល​បង់​ ៥​នាយ​ខ្លាច​ ៦​បរិ​វារ​ខ្លាច​ ៧​នាយ​ល្មោភ​ ៨​បរិ​វា​រ​ល្មោភ
​ ៣១ - ៩​មនុស្ស​ដែល​មាន​ប្រ​ក្រតី​ព្រ​ងើយ​កន្ដើយ​ ១០​មនុស្ស​មាន​ចិត្ដ​ជាប់​ក្នុង​កាម​គុណ​ ១១​មនុស្ស​មាន​ចិត្ដ​ផ្លាស់​ប្ដូរ​ច្រើន​ ចិត្ដ​មិន​ទៀង​ទាត់​ ១២​មនុស្ស​និន្ទា​ទេព​តា ​និង​ព្រាហ្មណ៍​
៣២ - ១៣​ មនុស្ស​មាន​ព្រេង​សំណាង​អាក្រក់​ ១៤​មនុស្ស​ជឿ​ព្រេង​សំណាង​ ១៥​មនុស្ស​ត្រូវ​អន្ដ​រាយ​ដោយ​ទុរ​ភិក្ស​ ១៦​មនុស្ស​មាន​ចិត្ដ​រសាំ​រសាយ​ក្នុង​ក្ដី​អន្ដ​រាយ​រេហ៍​ពល
៣៣ - ១៧​មនុស្ស​មិន​នៅ​ក្នុង​ប្រទេស​ខ្លួ​ន ១៨​មនុស្ស​មាន​សត្រូវ​ច្រើន​ ១៩​មនុស្ស​មិន​ប្រកប​ដោយ​វេលា​ ២០​មនុស្ស​មិន​ប្រកាន់​សច្ចៈ​និង​ធម៌​ មនុស្ស​ដែល​មិន​ត្រូវ​ធ្វើ​សន្ដិ​ភាព​មាន​ ២០​ពួក​ដូច​ពោល​មក​នេះ​។

៣៤ - បុគ្គល​ទាំង​២០​ពួក​នេះ​ មិន​ត្រូវ​ធ្វើ​សន្ដិ​ភាព​ជា​មួយ​ឡើយ​ មាន​តែ​ត្រូវ​ធ្វើ​សង្រ្គាម​តប​វិញ​តែ​ប៉ុណ្ណោះ​ ព្រោះ​ថា ​បុគ្គល​២០​ពួក​នេះ​ កាល​បើ​ចាត់​ធ្វើ​សង្រ្គាម​ហើយ​ មុខ​ជា​ធ្លាក់​ទៅ​ក្នុង​អំណាច​សត្រូវ​ពិត​ប្រាកដ​ហើយ​ឆាប់​រហ័យ​ផង​។
៣៥ - ធម្ម​តា​លោក​ តែង​មិន​ពេញ​ចិត្ដ​ធ្វើ​សង្រ្គាម​ដើម្បី​កូន​ក្មេង​ ព្រោះ​កូន​កេ្មង​មិន​មាន​អំណាច​មួយ​ទៀត​ កូន​ក្មេង​មិន​យល់​ផល​នៃ​ការ​ច្បាំង​ និង​ការ​មិន​ច្បាំង​ទេ​។

៣៦ - មនុស្ស​ចាស់​ និង មនុស្ស​រីង​រៃ​ មិន​មាន​អុស្សាហៈ​នឹង​អង់​អាច​ទេ​ ជន​ទាំង​២​ពួក​ នេះ​សូម្បើ​បង​ប្អូន​អែង​ក៏​មើល​ងាយ​អិត​សង្ស័យ​ឡើយ​។​
៣៨ - នាយ​ខ្លាច​ រត់​ចោល​សង្រ្គាម​នឹង​ដល់​សេច​ក្ដី​វិនាស​ដោយ​ខ្លួន​អែង​ បរិ​វារ​ខ្លាច​ ក៏​រត់​ចោល​ម្ចាស់​ខ្លាច​សង្រ្គាម​ដូច​គ្នា​ដែរ​។​
៣៩ - នាយ​ល្មោភ​ តែង​មាន​បរិ​វារ​មិន​សូវ​ចង់​ច្បាំង​ ព្រោះ​បរិ​វារ​មិន​សូវ​បាន​ចំណែក​ អែ​បរិ​វារ​ល្មោភ​ដែល​មិន​បាន​ រង្វន់​នឹង​សំលាប់​នាយ​ល្មោភ​បង់​។
៤០ - មនុស្ស​ដែល​មាន​ប្រ​ក្រតី​ព្រ​ងើយ​កន្ដើយ​ ត្រូវ​មនុស្ស​ដែល​មាន​ប្រ​ក្រតី​មិន​ព្រ​ងើយ​កន្ដើយ​ លះ​បង់​ចោល​ក្នុង​សង្រ្គាម​ អែ​មនុស្ស​ដែល​មាន​ចិត្ដ​ជាប់​ក្នុង​កាម​គុណ​ គេ​តែង​យក​ឈ្នះ​បាន​ដោយ​ងាយ​។​
៤១ - មនុស្ស​មាន​ចិត្ដ​ផ្លាស់​ប្ដូរ​ច្រើន​ តែង​ជា​ទី​បែក​ចិត្ដ​នៃ​ជន​អ្នក​ជួយ​ប្រឹក្សា​ (មន្ដ្រី)​ ដល់​មាន​កិច្ច​ការ​កើត​ឡើង​ មនុស្ស​មាន​ចិត្ដ​ផ្លាស់​ប្ដូរ​ច្រើន​នោះ​តែង​ព្រ​ងើយ​កន្ដើយ​ព្រោះ​ មាន​ចិត្ដ​មិន​ទៀង​ទាត់​។​
៤២ - មនុស្ស​និន្ទា​ទេព​តា ​និង​ព្រាហ្មណ៍​ នឹង​សាប​សូន្យ​ទៅ​អែង​ៗ​ ព្រោះ​អំណាច​ព្រះ​ធម៌​ធំ​ទូលាយ​ណាស់​ អែ​មនុស្ស​ មាន​ព្រេង​សំណាង​អាក្រក់​វិនាស​ដូច​គ្នា​ដែរ​។​
៤៣ - មែន​ពិត​ ការ​ជឿ​ព្រេង​សំណាង​ជា​ហេតុ​នៃ​សម្បត្ដិ​ (សេច​ក្ដី​ចំរើន​) ផង នៃ​វិបត្ដិ​ (សេច​ក្ដី​វិនាស​) ផង​​ កាល​បើ​ដូច្នេះ​មនុស្ស​ជឿ​ព្រេង​សំណាង​ នឹង​មិន​តាំង​ចិត្ដ​ព្យា​យាម​ធ្វើ​អ្វី​ដោយ​ខ្លួន​អែង​។​
៤៤ - មនុស្ស​ដែល​ត្រូវ​អន្ដ​រាយ​ដោយ​ទុរ​ភិក្ស​ នឹង​លិច​ស្រឹម​ទៅ​ដោយ​ខ្លួន​អែង​ រី​នាយ​មាន​ចិត្ដ​រសាំ​រសាយ​ក្នុង​ក្ដី​អន្ដ​រាយ​រេហ៍​ពល​ក៏​មិន​អាច​ក​ទ័ព​ ដើម្បី​ចំបាំង​ទៀត​បាន​ទេ​។​
៤៥ - មនុស្ស​ដែល​មិន​នៅ​ក្នុង​ប្រ​ទេស​ខ្លួន​ សូម្បី​កូន​សត្រូវ​តូច​មួយ​ក៏​អាច​សំលាប់​បាន​ ដូច​ក្រពើ​ សូម្បី​តូច​តាច​បើ​នៅ​ក្នុង​ទឹក​ហើយ​អាច​ចាប់​ដល់​ដំរី​សារ​ធំ​បាន​។
៤៦ -មនុស្ស​មាន​សត្រូវ​ច្រើន​ តែង​រន្ធត់​តក់​ស្លុត​ដូច​ព្រាប​នៅ​ក្នុង​កណ្ដាល​ហ្វូង​ក្លែង​ បើ​ទុក​ជា​ដើរ​ផ្លូវ​ណា​ក៏​ដោយ​មិន យូរ​ប៉ុន្មាន​នឹង​ដល់​ក្ដី​ស្លាប់​មិន​ខាន​។
៤៧ - មនុស្ស​ដែល​មាន​សែន្យា​នុភាព​ មិន​ប្រកប​ដោយ​វេលា​ នឹង ត្រូវ​យោ​ធា​ដែល​ប្រកប​ដោយ​កាល​វេលា​វាយ​ខ្ចាត់​ខ្ចាយ​បាន​ ដូច​ក្អែក​នៅ​ក្នុង​ពេល​រាត្រី​អិត​មាន​ពន្លឺ​ត្រូវ​ទី​ទុយ​សំលាប់​បាន​។​
៤៨ - ក្នុង​កាល​ណា​ក៏​ដោយ​ បុគ្គល​មិន​គួរ​ធ្វើ​សន្ដិ​ភាព​(មេ​ត្រី)​ មួយ​អន្លើ​ដោយ​មនុស្ស​មិន​កាន់​សច្ចៈ​ និង ធម៌​ឡើយ​ ព្រោះ​ថា​ កាល​បើ​ធ្វើ​សន្ដិ​ភាព​ជា​មួយ​ជន​បែប​នេះ​ហើយ​ មិន​យូរ​ប៉ុន្មាន​ នឹង​ដល់​នូវ​ការ​ប្រែ​ព្រួល​ដោយ​ហេតុ​តែ​មិន​មែន​ជា​សប្បុ​រស​នោះ​អែង​។

ខ្ញុំ​បាទ​នឹង​ជំរាប​ត​ទៅ​ទៀត​ថា​ ការ​ធ្វើ​សន្ដិ​ភាព​១ ការ​ធ្វើ​សង្រ្គាម​១ ការ​យាត្រា​ទ័ព​១ ការ​សំចត​ទ័ព​១ ការ​ពឹង​ពាក់​អាស្រ័យ​នៃ​ទ័ព​១ ការ​ចាត់​ចែង​ទ័ព​១ ទាំង​៦​ប្រការ​នេះ​ជា​អង្គ​ការ​នៃ​កង​ទ័ព​។ អុបាយ​ដើម្បី​ចាប់​ផ្ដើម​ធ្វើ​ការ​១​ រេហ៍​ពល​ និង​ទ្រព្យ​សម្បត្ដិ​១ ការ​លៃ​លក​ទៅ​តាម​កាលៈ​ទេសៈ​១​ អុបាយ​ការ​ពារ​មិន​អោយ​ចាញ់​១​ សេច​ក្ដី​សំរេច​ផល​នៃ​ការ​ងារ​១ ទាំង​៥​ប្រការ​នេះ​ជា​អង្គ​នៃ​ការ​ប្រឹក្សា​។ ការ​ផ្សះ​ផ្សា​១ ការ​ចែក​រំលែក​១​ ការ​ញុះ​ញង់​បំបែក​១ ​ការ​ផ្ដន្ទា​ទោស​​១​ ទាំង​៤​ប្រការ​នេះ​ជា​អុបក​រណ៍​យក​ឈ្នះ​។ អានុភាព​នៃ​អុស្សាហៈ​១ អនុ​ភាព​ប្រឹក្សា​១​ អានុ​ភាព​នៃ​ព្រះ​រាជា​១ ទាំង​៣ ប្រការ​នេះ​ជា​អានុ​ភាព​(3)។ កាល​បើ​បាន​ពិចារ​ណា ​តាម​ពាក្យ​ដែល​បាន​ពោល​មក​នេះ​ជា​និច្ច​ហើយ​អ្នក​ប្រាថ្នា​ជ័យ​ជំនះ​ និង​ សំរេច​ផល​បាន​ទៅ​​ជា​បុគ្គល​ធំ​មិន​ខាន​។​

៤៩ - សេច​ក្ដី​ពិត​ ស្រី​ណា​(4) ដែល​បុគ្គល​មិន​គប្បី​បាន​ដោយ​តំលៃ​គឺ​ការ​បរិច្ចាគ​ជីវិត​ ស្រី​នោះ​សូម្បី​ទ្រេត​ទ្រោត​ឃ្លេង​ឃ្លោង​រមែង​រត់​ទៅ​រកបុគ្គល​ដែល​ចេះ​និតិ​សាស្ដ្រ​ចេះ​នយោយ​បាយ​។
៥០ - ក្នុង​កាល​ណា ​ជន​ណា​ចេះ​ចែក​ចាយ​ទ្រព្យ​សម្បត្ដិ​អោយ​ជន​ដទៃ​ស្មើ​ភាគ​គ្នា​ មាន​ចារ​បុរស​ចេះ​លាក់​លៀម​ ការ​សំងាត់​ទុក​ដោយ​ល្អ​ មាន​ការ​ប្រឹក្សា​យ៉ាង​ស្ងាត់​ មិន​ពោល​ពាក្យ​អសុរស​ចំពោះ​សព្វ​មនុស្ស​ទាំង​ឡាយ​ ក្នុង​កាល​នោះ​ ជន​នោះ​អាច​គ្រប់​គ្រង​ប្រឹថ​ពី​មណ្ឌល​ដែល​មាន​សាគរ​ជា​​ខប​ខែត្រ​បាន​។ ទេៈ​! បើ​ទុក​ជា​ត្មាត​ទុរ​ទសី​ជា​ប្រធាន​រដ្ឋ​មន្ដ្រី​បាន​ណែ​នាំ​អោយ​ធ្វើ​សន្ដិ​ភាព​ក្ដី​ ក្នុង​ពេល​នេះ​ ក្ងោក​ចិត្រ​ពណ៌​នៅ​កំពុង​​ឡើង​ជោរ​ដោយ​ការ​មាន​ជ័យ​ គង់​មិន​ទាន់​យល់​ព្រម​នៅ​ឡើយ​ទេ​។ ក្នុង​រឿង​នេះ​ គួរ​លោក​ម្ចាស់​ចាត់​ការ​ដូច្នេះ​វិញ​ ពេល​នេះ​គួរ​អោយ​កុក​ឈ្មោះ​មហា​ពល​នៃ​សីហល​ទ្វីប​ជា​សហាយ​របស់​យើង​ធ្វើ​ជា​រាជា​ ហើយ​ញុះ​អោយ​ទៅ​កការ​ចលា​ចល​ឡើង​ក្នុង​ជម្ពូ​ទ្វីប​ ព្រោះ​ថាៈ​

៥១ - វីរ​យោធា​ដែល​មាន​គ្រឿង​ការ​ពារ​ល្អ​ រក្សា​ការ​សំងាត់​ទុក​ដោយ​ប្រពៃ​ យាត្រា​ទ័ព​​ដ៏​ណាស់​ណាន់​តាន់​តាប់​ហើយ​មាន​របៀប​ចូល​ទៅ​ដុត​កំដៅ​សត្រូវ​ណា​ ដែល​មាន​កំលាំង​ស្មើ​ភាគ​គ្នា​អោយ​រំខាន​ សត្រូវ​ដែល​ក្ដៅ​ក្រហាយ​រំខាន​ហើយ​នោះ​ នឹង​ចូល​មក​ធ្វើ​សន្ដិ​ភាព​ ព្រោះ​ហេតុ​តែ​សេច​ក្ដី​រំខាន​នោះ​អែង​។

រាជ​ហង្ស​ហិរណ្យ​គភ៌​យល់​ព្រម​ហើយ​ពោល​ថាៈ​ «ធ្វើ​យ៉ាង​នេះ​ត្រឹម​ត្រូវ​ហើយ​» ទើប​ប្រគល់​សាសន៍​សំងាត់​បញ្ចូន កុក​ឈ្មោះ ​វិចិត្រ អោយ​ទៅ​សីហល​ទ្វីប​។ ក្នុង​ពេល​ដែល​រាជ​ហង្ស​ហិរណ្យ​គភ៌​និង​ចាក្រ​ពាក​សវិជ្ញៈ​កំពុង​តែ​ប្រឹក្សា​ គ្នា​ដូច្នេះ​ កុក​ទី​ឃ៌​មុខ​ជា​ចារ​បុរស​មក​ដល់​ហើយ​និយាយ​ប្រាប់​ថាៈ​ «ទេវៈ​ ខ្ញុំ​បាទ​បាន​លឺ​សត្រូវ​គឺ​ត្មាត​ទុរ​ទសី​ជា​ប្រធាន​រដ្ឋ​មន្រ្ដី​និយាយ​ប្រាប់​ក្ងោក​ចិត្រ​ពណ៌​ក្នុង​ទី​នោះ​ថា​ «ទេវៈ​! ក្អែក​មេឃ​ពណ៌​បាន​នៅ​ក្នុង​សំណាក់​រាជ​ហង្ស​ហិរណ្យ​គភ៌ៈ​ អស់​កាល​យូរ​ហើយ​វា​គង់​នឹង​បាន​ដឹង​ថា រាជ​ហង្ស​ហិរណ្យ​គភ៌​ជា​បុគ្គល ​គឺ​យើង​ (ក្ងោក​ចិត្រពណ៌​) គួរ​គប្បី​ធ្វើ​សន្ធិ​សញ្ញា​ស្ងប់​សឹក​បាន​រឺ​មិន​បាន​។ កាល​ដែល​ក្អែក​មេឃ​ពណ៌​ចូល​ទៅ​ដល់​ខ្ញុំ​ (កុក​ទីឃ​មុខ)​ បាន​លឺ​ថា​ក្ងោក​ចិត្រ​ពណ៌ សួរ​ថាៈ ​«នែ​មេឃ​ពណ៌​! រាជ​ហង្ស​ហិ​រណ្យ​គភ៌ៈ​ ជា​ស្ដេច​បែប​ណា​? ចាក្រ​ពាក​រដ្ឋ​មន្ដ្រី​មាន​លក្ខណៈ​ដូច​ម្ដេច​ខ្លះ​?​។ ក្អែក​មេឃ​ពណ៌​ឆ្លើយ​ប្រាប់​ថាៈ​ «ទេវៈ​! រាជ​ហង្ស​ហិរណ្យ​គភ៌ៈ​ ជា​ស្ដេច​មាន​អធ្យា​ស្រ័យ​ទ្រង់​សច្ចៈ​ទៀង​ត្រង់​ណាស់​ ប្រដូច​ជា​អង្គ​ព្រះ​បាទ​យុទ្ធិ​សិរ្ធ(5)​ (5)ព្រះ​រាជា​បាណ្ឌុត​ ក្នុង​រឿង​មហា​ភារត​​ ជា​សេ្ដច​ប្រកប​ដោយ​ធម៌​) អែ​ប្រ​ធាន​រដ្ឋ​មន្រ្ដី​ដូច​ជា​ចាក្រ​ពាក​ សវិជ្ញៈ​នេះ​ក៏​គេ​រក​បាន​ដោយ​ក្រ​ណាស់​»​។ កាល​នោះ​ ក្ងោក​ចិត្រពណ៌​សួរ​កាត់​ទៀត​ថាៈ ​«ថា​បើ​កាន់​ សច្ចៈ​ល្អ​ដូច្នេះ​ ហេតុ​អ្វី​ក៏​អែង​ចូល​ទៅ​ល​លួង​អោយ​ចាញ់​កល​បាន​?​»ក្អែក​មេឃ​ពណ៌​សើច​ហើយ​ឆ្លើយ​តប​ភ្លាម​វិញ​ថាៈ​ «ទេវៈ​?​

៥២ - ការ​លួង​បោក​ជន​ជឿ​ទុក​ចិត្ដ​ស្រេច​ហើយ​ ចាំ​បាច់​ប្រើ​សេច​ក្ដី​ឆ្លៀវ​ឆ្លាត​អ្វី​ប៉ុន្មាន​ ដូច​ជា​ការ​ប្រហារ​ជន​ដែល​​ចូល​មក​ដេក​លើ​ស្មា​យើង​ហើយ​ ចាំ​បាច់​ប្រើ​សេច​ក្ដី​អង់​អាច​ជា​ជាតិ​បុរស​ប៉ុន្មាន​»​។ ទេវ​! ​សូម​លោក​ម្ចាស់​ស្ដាប់​ ចាក្រ​ពាក​សវិជ្ញៈ​ជា​ប្រធាន​រដ្ឋ​មន្ដ្រី​ដឹង​ថា​ខ្ញុំ​បាទ​ជា​ចារ​បុរស​ តាំង​ពី​ប្រឋម​ទស្សន៍​ម៉េ្លះ​ តែ​រាជ​ហង្ស​ហិរណ្យ​គភ៌ៈ​មាន​អធ្យា​ស្រ័យ​ធំ​ណាស់​ ហើយ​ជឿ​ទុក​ចិត្ដ​ខ្ញុំ​បាទ​ស៊ប់​ បាន​ជា​ខ្ញុំ​បាទ​ល​លួង​បោក​បាន​ ព្រោះ​ថា៖​
៥៣ - ជន​ណា ​ដឹង​ថា​ទុរ​ជន​ពោល​ពាក្យ​សច្ចៈ​ដូច​ខ្លួន​ដឹង​ដែរ​ជន​នោះ​ត្រូវ​ទុរ​ជន​ល​លួង​បោក​បាន​ ដូច​ព្រាហ្មណ៍​ត្រូវ​ពួក​ អ្នក​លេង​បោក​យក​ពពែ​បាន​។ ក្ងោក​ចិត្រ​ពណ៌​សួរ​ថាៈ​ «ចុះ​រឿង​នោះ​តើ​ដូច​ម្ដេច​?។ ក្អែក​មេឃ​ពណ៌​និយាយ​រៀប​ រាប់​ប្រាប់​ថាៈ

តទៅកថា៩

(1) ព្រះ​នាម​ព្រះ​អីសូរ​ ប្រែ​ថា​មាន​រូប​ព្រះ​ច័ន្ទ​ខាង​ខ្នើត​ ជា​មកុដ​១​។
(2) បរ​សុ​រាម​ជា​បុត្រ​ ព្រះ​បាទ​ជម​ទត្ថ​ ជា​សត្រូវ នឹង ព្រះ​រាម ច្រណែន​នឹង​ព្រះ​រាម​ព្រោះ​ខ្លួន​ក៏​ឈ្មោះ​នាម​ដែរ​។
(3) អានុ​ភាព​គឺ​ គ័ក្ដ​ក្នុង​ចំបាំង​មាន​៣​ប្រការ​គឺ ​១អុស្សាហ​គ័​ក្ដី​ បន្ត្រ​គ័ក្ដិ​ និង​ ៣​ប្រភគ័ក​)​។
(4) សិរីសួស្ដី ទ្រព្យសម្បត្ដិ ជ័យជំនះ។
(5) ព្រះ​រាជា​បាណ្ឌុត​ ក្នុង​រឿង​មហា​ភារត​​ ជា​សេ្ដច​ប្រកប​ដោយ​ធម៌។​