ថ្ងៃសៅរ៍ ទី11.វិច្ឆិកា 2017.ម៉ោង 8:06
កថាទី៥កណ្ដុរ និង តាបស

កថាទី៦ រឿងកុកនិងក្ដាមក

១៥ - បុគ្គល​គួរ​ចង​ស្ពាន​មេ​ត្រី​មួយ​អន្លើ​ដោយ​សត្រូវ​ដែល​ធ្វើ​អុបការៈ​ តែ​កុំ​ធ្វើ​មួយ​​អន្លើ​ដោយ​មិត្ដ​ដែល​ធ្វើ​អបការៈ​ (ទោស)​ ឡើយ​ អុប​ការៈ និង អប​ការៈ​ទាំង​ពីរ​ប្រការ​នេះ​ជា​លក្ខណៈ​ដែល​បុគ្គល​គប្បី​កំណត់​ដឹង​ចំពោះ​សត្រូវ និង មិត្ដ​ទាំង​ឡាយ​។

ព្រោះ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ (ត្មា​ទុរ​ទសី)​ពោល​ថាៈ​ «កុក​ល្ងង់​»ដូច្នេះ​ជា​ដើម​។ ក្នុង​កាល​នោះ​អែង​ ក្ងោក​ចិត្រ​ពណ៌​ពោល​​ឡើង​ទៀត​ថាៈ​ «នែ​ប្រធាន​រដ្ឋ​មន្ដ្រី​! ចូរ​ស្ដាប់​ពាក្យ​ខ្ញុំ​សិន​ ខ្ញុំ​បាន​គិត​ទុក​ដូច្នេះ​ថា កាល​បើ​តាំង​អោយ​ក្អែក​មេឃ​ពណ៌​ ជា​ស្ដេច​ក្នុង​កបូរ៌​ទ្វីប​ វត្ថុ​ប្រសើរ​ទាំង​ឡាយ​អែ​ណា​ដែល​មាន​នៅ​ក្នុង​កបូរ៌​ទ្វីប​ ក្អែក​មេឃ​ពណ៌​នឹង​បញ្ជូន​មក​ថ្វាយ​ យើង​ជា​សួយ​សា​អាករ​ អាស្រ័យ​ដោយ​ហេតុ​នេះ​ យើង​នឹង​នៅ​លើ​​ភ្នំ​វិន្ធ្យា​ដាយ​សេច​ក្ដី​សុខ​ដ៏​ក្រៃ​លែង​។ ត្មាត​ទុរ​ទសី​ ជា​ប្រធាន​រដ្ឋម​ន្ដ្រី​បាន​ស្ដាប់​ហើយ​សើច​ក្អាក​ក្អាយ​ ហើយ​ពោល​ថា​៖​

 ជន​ណា​មួយ​ត្រេក​អរ​មុន​ចំពោះ​ប្រយោជន៍​ ដែល​មិន​ទាន់​មក​ដល់​តាម​គំនិត​ដែល​ខ្លួន​គិត​ទុក​ ជន​នោះ​នឹង​ត្រូវ​ប្រ​សព្វ​សេច​ក្ដី​ក្ដៅ​ក្រហាយ​ស្ដាយ​ក្រោយ​ ដូច​ព្រាហ្មណ៍​ដែល​វា​បំបែក​ក្រឡ​។ ក្ងោក​ចិត្រ​ពណ៌​សួរ​ថាៈ «រឿង​នាះ​តើ​ដូច​​ម្ដេច​?​» ត្មា​ទុរ​ទសី​​ជា​ប្រធាន​រដ្ឋ​មន្ដ្រី​ និយាយ​រឿង​នោះ​ប្រាប់​ថា​៖​

កថាទី៧ រឿងព្រាហ្មណ៍វាយបំបែកក្រឡ

នៅ​ទេវី​កោដ្ដ​នគរ​, មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​ទេវ​សមិៈ​ បាន​សតូវ​មួយ​ក្រឡ​ពេញ​ក្នុង​ថ្ងៃ​សង្ក្រាន្ដ​ ហើយ​រីក​រាយ​សប្បាយ​ចិត្ដ​ដូច​បាន​មហា​សម្បត្ដិ​។ ព្រាហ្មណ៍​កាន់​យក​សតូវ​មួយ​ក្រឡ​នោះ​ហើយ​ដើរ​ទៅ​ទទួល​មាន​កំដៅ​ព្រះ​អាទិត្យ​​ក្ដៅ​ខ្លាំង​ពេក​ គាត់​ក៏​ចូល​ទៅ​ដេក​សំរាក​កាយ​ក្នុង​ល្វែង​មួយ​នៃ​រោង​ដាក់​ឆ្នាំង​ដែល​ពេញ​​ដោយ​ឆ្នាំង​ ដៃ​កាន់​ដំបង​មួយ​​ផង​ ដើម្បី​រក្សា​សតូវ​នោះ​ គាត់​គិត​ថាៈ​ «កាល​ណា​អាត្មា​អញ​លក់​សតូវ​មួយ​ក្រឡ​នេះ​ទៅ​នឹង​បាន​ប្រាក់​ ១០​រៀល ​កាល​នោះ​អាត្មា​អញ​នឹង​យក​ប្រាក់​ ១០​រៀល​នោះ​ទៅ​ទិញ​វត្ថុ​ចាន​ឆ្នាំង​ជា​ដើម​ យក​ទៅ​លក់​ត​ទៅ​ទៀត​ក​ពូន​ប្រាក់​អោយ​កាន់​តែ​ចំរើន​ថែម​ឡើង​ៗ​ ហើយ​ទៅ​ទិញ​វត្ថុ​ដទៃ​ទៀត​ មាន​ម្លូ​ និង ​សំពត់​ជា​ដើម​យក​ទៅ​លក់​ទៀត​ សន្សំ​ប្រាក់​ដរាប​​ទាល់​តែ​បាន​មួយ​សែន​រៀល​ ហើយ​ចាំ​ទៅ​ដណ្ដឹង​ប្រពន្ធ​អោយ​បាន​៤​នាក់​តែ​ម្ដង​ ប្រពន្ធ​ណា​នៅ​ក្មេង​មាន​រូប​ឆោម​លោម​ពណ៌​ល្អ​ជាង​គេ​ អាត្មា​អញ​ នឹង ស្រលាញ់​ផ្ដេក​ផ្ដិត​កាយ​ចំពោះ​នាង​នោះ​ច្រើន​ជាង​គេ​ ដរាប​ណា បើ​ប្រពន្ធ​ទាំង ៤​នាក់​នោះ​ វា​ច្រណែន​បែន​ទា​គ្នា​ ដរាប​នោះ​អាត្មា​អញ​កើត​ទោសា​ ហើយ​យក​ដំបង​វា​ប្រពន្ធ​ទាំង​នោះ​ អាលៃ​តែ​ស្លុង​គំនិត​គិត​អណ្ដែត​អណ្ដូង​បណ្ដោយ​ទៅ​តាម​ចិត្ដ​វិតក្ក​នោះ​ ក៏​លើក​ដំបង​វាយ​ក្រឡ​សតូវ​នោះ​ម៉ក​បែក​ខ្ចាយ​ មិន​តែ​ប៉ុណ្ណោះ​ជ្រុល​ដំបង​ទៅ​ត្រូវ​ឆ្នាំង​នៃ​ស្មូន​ឆ្នាំង​បែក​ប្រាវ​អស់​ក្រែល​ទៅ​ទៀត​។ កាល​នោះ​អែង​ស្មូន​ឆ្នាំង​លឺ​សូ​ឆ្នាំង​បែក​ប្រេវ​ប្រាវ​ដូច្នោះ​ ក៏​រត់​ទៅ​មើល​ឃើញ​ឆ្នាំង​បែក​ខ្ចាត់​ខ្ចាយ​ កើត​មួ​ម៉ោ​ជេរ​ប្រទេច​ វាយ​បណ្ដេញ​តា​បស​ចេញ​ពី​រោង​ឆ្នាំង​នោះ​ទៅ​, ព្រោះ​ហេតុ​នោះ​បាន​ជា​ខ្ញុំ (ត្មាត​ទុរ​ទសី)​ ពោល​ថាៈ ​«ជន​ណា​មួយ​ត្រេអរ​»ដូច្នេះ​ជា​ដើម​ (លេខ​១៦)​។ កាល​នោះ​ក្ងោក​ចិត្រពណ៌​និយាយ​ប្រឹក្សា​គ្នា​ ជា​មួយ​ នឹង ត្មាត​ជា​ប្រធាន​រដ្ឋ​មន្រ្ដី​ក្នុង​ទី​ស្ងាត់​ថាៈ ម្នាល​សំលាញ់​! ​លោក​គិត​ណែ​នាំ​ខ្ញុំ​ដូច​ម្ដេច​ ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​ដូច្នោះ​។ ត្មាត​ទុរ​ទសី​ពោល​ថាៈ​

១៧ - ជន​អ្នក​ណែ​នាំ​ព្រះន​របតី​ដែល​ដើរ​ខុស​ផ្លូវ​ ដូច​ដំរី​ចុះ​ប្រេង​ដ៏​ទ្រនង់​ នឹង ត្រូវ​ទទួល​ពាក្យ​គេ​បន្ទោស​។ ទេវៈ​!​ សូម​មេត្ដា​ប្រោស​ស្ដាប់​ បន្ទាយ​ដែល​យើង​ទំលាយ​នេះ​ទំលាយ​បាន​ដោយ​អំណាច​កំលាំង​ខ្ញុំ​បាទ​ រឺ​មួយ​ទំលាយ​បាន​ដោយ​អុបាយ​ប្រតិស្ឋ​កើត​ឡើង​ដោយ​ប្រាជ្ញា​លោក​ម្ចាស់​? ក្ងោក​ចិត្រ​ពណ៌​ឆ្លើយ​តប​ថា​ «ដោយ​អុបាយ​លោក​ប្រធាន​រដ្ឋ​មន្រ្ដី​ទេ​តើ​ មិន​មែន​ខ្ញុំ​ទេ​»​។ ត្មាត​ទុរ​ទសី​ពោល​ថាៈ​ «បើ​ប្រតិ​បត្ដិ​ទៅ​តាម​ពាក្យ​ណែ​នាំ​ខ្ញុំ​បាទ​គួរ​នឹង​លើក​ព្យុហ​រេហ៍​ពល​ សកល​យោធា​យាត្រា​ត្រលប់​ទៅ​ប្រទេស​យើង​វិញ​ ព្រោះ​ថា​រដូវ​នេះ​ជិត​រដូវ​ភ្លៀង​មក​ដល់​ហើយ​ បើ​នឹង​រៀប​ចំ​ធ្វើ​សង្គ្រាម​ត​ទៅ​ទៀត​ ទាំង​ពីរ​ខាង​មាន​កំលាំង​រេហ៍​ពល​ប៉ុនគ្នា​ អែ​ការ​ដក​ថយ​កំលាំង​រេហ៍​ពល​ដោះ​ទៅ​កាន់​ប្រទេស​វិញ​ក្នុង​ចំបាំង​ក៏​លំបាក​ ហើយ​យើង​នៅ​ក្នុង​ប្រទេស​សត្រូវ​ផង​, ដើម្បី​ជា​ប្រយោជន៍​អោយ​កើត​សេច​ក្ដី​​សុខ​​​ធំ​ទូលាយ​ និង កេរ្ដិ៍​ឈ្មោះ​នោះ​គួរ​តែ​យើង​ធ្វើ​សន្ដិ​ភាព​ហើយ​សឹម​ដក​ទ័ព​ថយ​ចេញ​ទៅ​, យើង​កុំ​នឹក​សប្បាយ​ថា​ បន្ទាយ​សត្រូវ​យើង​ក៏​បាន​វាយ​បាក់​បែក​ខ្ទេច​ខ្ទី​អស់​ហើយ​ កេរ្ដិ៍​ឈ្មោះ​យើង​ក៏បា​ន​ហើយ​ នុ៎ះ​ នេះ​ជា​ទស្សនៈ​របស់​ខ្ញុំ​បាទ​ ព្រោះ​ថា​៖​

១៨ - នរ​ជន​ណា​ យក​ធម៌​ដាក់​ពី​មុខ​ មិន​រវល់​គិត​ថា​ម្ចាស់​ស្រលាញ់​រឺ​មិន​ស្រលាញ់​ហើយ​អាច​ហ៊ាន​ពុះ​ពារ​ពោល​ពាក្យ​មិន​ជា​ទី​គាប់​ចិត្ដ​ចំពោះ​ម្ចាស់​ផង​ នរ​ជន​នោះ​ទុក​ជា​មិត្រ​​ព្រះ​រាជា​ពិត​។
១៩ - នរ​ណា​ហ្ន៎​មិន​ឈ្មោះ​ថា​ល្ងង់​ បើ​យក​ខ្លួន​ មិត្ដ​សំលាញ់​រេហ៍​ពល រាជ្យ​របស់​ខ្លួន​ និង កេរ្ដិ៍​ឈ្មោះ​ខ្លួន​ទៅ​បោះ​ចោល​នៅ​ក្នុង​ជញ្ជីង​បះ​បើក​គឺ​សេច​ក្ដី​សង្ស័យ​មិន​ច្បាស់​ក្នុង​ចិត្ដ​ ក្នុង​សង្រ្គាម​? ​។ (2)
២០ - ក្នុង​យុទ្ធ​សង្រ្គាម​, ជួន​កាល​ក៏​មាន​ខូច​ខាត​ទាំង​ពីរ​ខាង​ដូច​សុន្ទៈ​ នឹង អុបសុន្ទៈ​ មាន​កំលាំង​ស្មើ​គ្នា​ត​យុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ ស្លាប់​ទាំងពីរ​នាក់​មិន​មែន​រឺ​អ្វី?​។ ក្ងោក​ចិត្រ​ពណ៌​សួរ​ថាៈ រឿង​នោះ​តើ​ដូច​ម្ដេច​?​។ ត្មាត​ជា​ប្រធាន​រដ្ឋម​ន្រ្ដី​និយាយ​រឿ​ង​ នោះ​ប្រាប់​ថាៈ​

(1) ​ហិតោ​បទេស​សេច​ក្ដី​ប្រែជា​ភាសា​សៀម​នៃ​លោក​នាគ​ប្រទីប​មាន​គា​ថា​លើស​ដូច្នេះ​ ក.​ ដរាប​ណា​ភ័យ​នៅ​ឆ្ងាយ​ ដរាប​នោះ​ គួរ​ខ្លាច​ភ័យ​មក​ដល់​ កាល​ណា​ភ័យ​មក​ដល់​ហើយ​បុគ្គល​គួរ​ត​ស៊ូ​ភ័យ​កាល​នោះ​តាម ដែល​គិត​ទុក​មុន​។ ក​. កាល​ណា​អ្នក​ប្រាជ្ញ​ត្រូវ​គេ​ធ្វើ​អន្ដ​រាយ​ខ្លួន​ហើយ​ តែ​មើល​មិន​ឃើញ​ការ​ព្រម​ព្រៀង​ចុះ​សំរុង​​គ្នា​កាល​នោះ​ ត្រូវ​ចូល​ប្រយុទ្ធ​ព្រម​ស្លាប់​ជា​មួយ​សត្រូវ​។​
(2) ហិតោ​បទេស​ សេច​ក្ដី​ប្រែ​ជា​ភាសា​​បារាំង​នៃ​លោក​ឡង់​សឺ​រូ​ និង សេច​ក្ដី​ប្រែ​ជា​ភាសា​សៀម​នៃ​លោក​នាគ​ប្រទីប​មាន​គា​ថា​លើស​ដូច្នេះ​ ព្រះ​ព្រហស្បតិ​ពោល​ដូច្នេះ​ បុគ្គល​គប្បី​ប្រាថ្នា​សន្ដិ​ភាព​ចំពោះ​សត្រូវ​ដែល​មាន​កំលាំង​ស្មើគ្នា​ ការ​យក​ជ័យ​ជំនះ​ក្នុង​សង្រ្គាម​តែ​ង​មិន​ទៀង​ទាត់​ទេ​ មិន​គួរ​ធ្វើ​ខ្លួន​អោយ​នៅ​ក្នុង​សន្ទិះ​សង្ស័យ​ដូច្នេះ​ឡើយ​។