ថ្ងៃសៅរ៍ ទី4.វិច្ឆិកា 2017.ម៉ោង 7:51
៤ សន្ដិភាព

ក្នុង​ពេល​ដែល​ចាប់​ផ្ដើម​និយាយ​រឿង​ត​ទៅ​ទៀត​ ព្រះ​រាជ​កុមារ​ទាំង​ឡាយ​មាន​ព្រះ​បន្ទូល​ត្រាស់​ថា​ «បពិត​លោក​អា យិៈ​! យើង​ខ្ញុំ​បាន​ស្ដាប់​រឿង​សង្រ្គាម​ចប់​ហើយ​, ពេល​នេះ​ សូម​លោក​មេត្ដា​និយាយ​រឿង​សន្ដិ​ភាព​ត​ទៅ​ទៀត​»​។ បណ្ឌិត​វិស្ណុ​សម៌ន៍​ក្រាប​បង្គំ​ទូល​តបថា​ «បើ​ដូច្នោះ​សូម​ទ្រង់​តាំង​ព្រះ​ទ័យ​ព្រះ​សណ្ដាប់​ទូល​​ព្រះ​បង្គំ​នឹង​ពណ៌​នា​រឿង​​សន្ដិភាព​ថ្វាយ​ ដូច​មាន​ស្លោក​ជា​ដើម​បទ​ថា​ដូច្នេះ​ ៖​

១ - ក្នុង​មហា​សង្គ្រាម​នៃ​ស្ដេច​ទាំង​ពីរ​នេះ​ សេនា​រេហ៍​ពល​ទាំង​ពីរ​ស្លាប់​អន្ដរាយ​ខ្ទេច​ខ្ទី​ ក្នុង​ខណៈ​នោះ​, ការ​ចរ​ចារ​ដើម្បី​សន្ដិ​ភាព​ក៏​កើត​មាន​ឡើង​ដោយ​ប្រធាន​រដ្ឋ​មន្រ្ដី​ពីរ​នាក់​គឺ​ ត្មាត​ទុរ​ទសី​ និង​ចាក្រ​ពាក​សវិជ្ញៈ​។ ព្រះ​រាជ​បុត្រ​ទាំង​ឡាយ​មាន​បន្ទូល​ត្រាស់​សួរ​ឡើង​ថាៈ«រឿង​នោះ​តើ​ដូច​ម្ដេច​?​​។ មហា ​បណ្ឌិត​វិស្ណុ​សម៌ន៍​ក៏​រៀប​រាប់​ ថ្វាយ​ដូច​សេច​ក្ដីត​ទៅ​ថា​៖​

ក្នុង​លំដាប់​នោះ​ រាជ​ហង្ស​ហិ​រណ្យ​គភ៌​សួរ​ឡើង​ដោយ​សេច​ក្ដី​ឆ្ងល់​ថា​ «ចុះ​អ្នក​ណា​ដុត​បំផ្លាញ​បន្ទាយ​យើង​ សត្រូវ ​រឺ ប្រជា​ជន​ក្នុង​បន្ទាយ​ដែល​ចូល​ដៃ​ជា​មួយ​សត្រូវ​?​»​។ ចាក្រ​ពាក​ សវិជ្ញៈ​ជា​ប្រធាន​រដ្ឋម​ន្ដ្រី​ឆ្លើយ​ប្រាប់​ថា​ «ទេវ​បាទ​!​ ក្អែក​មេឃ​ពណ៌​ព្រម​ទាំង​បរិ​វារ​ដែល​លោក​ម្ចាស់​ជាប់​ចិត្ដ​អិត​ហេតុ​ផល​នេះ​អែង​ បាត់​មុខ​មិន​ឃើញ​នៅ​ទី​នេះ​ទេ​ បើ​ដូច្នោះ​ប្រហែល​ជា​ក្អែក​ក្បត់​នេះ​អែង​ដុត​បន្ទាយ​យើង​»​។ រាជ​ហង្ស​ហិរណ្យ​គភ៌​រំពឹង​ទ្រឹង​មួយ​ស្របក់​និយាយ​តប​ថា​៖ «អើ​រឿង​នេះ​បើ​ពិត​ដូច្នេះ​មែន​ គឺ​វាសនា​អាក្រក់​នៃ​យើង​នេះ​អែង​តែ​ម្ដង​ ព្រោះ​ថា​៖​

២ - កំហុស​កើត​ពី​គ្រោះ​អាក្រក់​ មិន​មែន​កើត​មក​ពី​មន្រ្ដី​ទេ​ ការ​ងារ​ដែល​បាន​ប្រុង​ប្រៀប​រៀប​រយ​ល្អ​ហើយ​ អាច​ហិន​ហោច​ទៅ​បាន​ ​កាល​ណា​ទៅជួប​គ្រោះ​ថ្នាក់​។ ចាក្រ​ពាក​ថ្លែង​តប​ថា​ « លោក​ពោល​ទុក​ដូច្នេះ​»
៣ - នរ​ជន​ដែល​ធ្លាក់​ខ្លួន​ទៅ​ក្នុង​គ្រោះ​កាច​ តែង​តែ​​បន្ទោស​ព្រេង​វាសនា​, មនុស្ស​ល្ងង់​មិន​ព្រម​ទទួល​កំហុស​ដែល​ខ្លួន​ធ្វើ​ទេ​។
៤ - នរ​ជន​ណា មិន​ត្រេក​អរ​ចំពោះ​ពាក្យ​ដាស់​តឿន​នៃ​មិត្រ​ដែល​ប្រាថ្នា​ប្រយោ​ជន៍​អោយ​ នរ​ជ​ន​នោះ​ នឹង​ត្រូវ​វិនាស​ ដូច​អណ្ដើក​ល្ងង់​ កាល​ហា​មាត់​និយាយ​ក៏​របូត​ចេញ​ពី​ឈើ​ភ្លាត់​ខ្លួន​ធ្លាក់​ស្លាប់​ហិន​ហោច​ទៅ​។
៥ - ពាក្យ​សំដី​ បុគ្គល​គប្បី​រក្សា​ទុក​គ្រប់​កាល​ទាំង​ពួង​ ព្រោះ​សេច​ក្ដី​វិនាស​មក​ពី​ពាក្យ​សំដី​ ដូច​ជា​អណ្ដើក​ កាល​ដែល​ហង្ស​ហើរ​ពាំ​នាំ​យក​ទៅ​ ភ្លាត់​ហា​មាត់​និយាយ​ក៏​ធ្លាក់​ស្លាប់​ទៅ​ហោង​។ រាជ​ហង្ស​ហិរណ្យ​គភ៌ៈ​សួរ​រឿង​នោះ​ថា​ «រឿង​នោះ​តើ​ដូច​ម្ដេច​?​» ចាក្រ​ពាក​សវិជ្ញៈ​ ពោល​រៀប​រាប់​ថា​៖

កថាទី១ អណ្ដើក.ហង្ស

៦ - ត្រី​ឈ្មោះ​អានា​គត​វិធា​តា​ និង​ត្រី​ឈ្មោះ​ប្រត្យ​ប្បន្ន​មតិ​ ទាំង​ពីរ​នេះ​រត់​រួច​ពី​ភ័យ​បាន​ដោយ​សុវត្ថ​ភាព​ អែ​ត្រី​ឈ្មោះ​យ័ទ​ភវិស្យុតិ​ដល់​នូវ​ក្ដីវិនាស​អន្ដរ​ធាន​ទៅ​»​។ ហង្ស​ទាំង​ពីរ​សួរ​រឿង​នោះ​ថាៈ ​«រឿង​រ៉ាវ​នោះ​តើ​ដូច​ម្ដេច​?» អណ្ដើក​ឈ្មោះ​កម្ពុ​គ្រីព​និយាយ​រៀប​រាប់​ប្រាប់​ថាៈ​

កថាទី២ រឿងត្រី ៣រូប

កាល​ពី​មុន​, នៅ​ក្នុង​ស្រះ​នេះ​អែង​ មាន​ព្រាន​ប្រ​មង់​​ទំនង​ដូច​គ្នា​នេះ​ចូល​មក​ដើម្បី​ចាប់​ត្រី​ ត្រី​៣​រូប​ប្រឹក្សា​គ្នា​ ត្រី​ឈ្មោះ​អនា​គត​វិធាន​តា​និយាយ​ថា​ «នៅ​ទី​នេះ​ទៅ​ទៀត​មិន​បាន​ទេ​ ខ្ញុំ​នឹង​រត់​ចេញ​ទៅ​រក​ជលា​ស័យ​ដទៃ​ទៀត​ក្នុង​ថ្ងៃ​នេះ​អែង​» ថា​ហើយ​ក៏​ហែល​លលៃ​ចរ​ចេញ​ទៅ​កាន់​ស្រះ​ដទៃ​។ ត្រី​មួយ​ទៀត​ឈ្មោះ​ប្រត្យុត្បន្ន​មតិ​ និយាយ​ថា​ អាត្មា​អញ​ទៅ​អែណា​អេះ​ នឹង​គ្នេរ​គ្នាន់​ប្រមាណ​មើល​អានាគត​មិន​ឃើញ​ការ​ក្រ​ងាយ​ទេ​ កាល​បើ​មាន​ហេតុ​ការណ៍​ កើត​ប្រាកដ​ឡើង ទើប​នឹង​ចាត់​ការ​ទៅ​តាម​ទំនង​នោះ​កើត​ ព្រោះ​ថា​៖

៧ - នរជន​ណា​កែ​ខៃ​ក្ដី​អន្ដ​រាយ​ដែល​កើត​ឡើង​ភ្លាម​បាន​ នរ​ជន​នោះ​ទើប​ឈ្មោះ​ថា​ ជា​​អ្នក​មាន​ប្រាជ្ញា​ ដូច​ជា​ភរិយា​នៃ​ពាណិជ្ជ​លាក់​សហាយ​ទាន់​ភ្លាម​ក្នុង​ទី​ចំពោះ​មុខ​ស្វាមី​»​។ ត្រី​ឈ្មោះ​យ័ទភ​វិស្យតិ​សួរ​ថាៈ​ «ចុះ​រឿង​នោះ​ដូច​ម្ដេច​?​»​។ ត្រី​ឈ្មោះ​ប្រត្យុ​ត្បន្ន​មតិ​ពណ៌​នា​រឿង​នោះ​ប្រាប់​ថាៈ​

កថាទី៣ រឿងពាណិជ្ជ ភរិយានិងអ្នកបំរើ

ក្នុង​កាល​ពី​ដើម​ នៅ​ក្នុង​វិក្រម​បុរី​ មាន​ពាណិជ្ជ​ម្នាក់​ឈ្មោះ​សមុទ្រ​ទត្ដ​ ភរិយា​ឈ្មោះ​នាង រត្ន​ប្រកា​ ជា​ស្រី​ចូល​ចិត្ដ​រួម​បេតី​ជា​មួយ​ នឹង ខ្ញុំ​បំរើ​របស់​ខ្លួន​គ្រប់​ៗ​កាល(1)​ ​ ត​មក​ថ្ងៃ​មួយ​ ពាណិជ្ជ​​សមុទ្រ​ទត្ដ​បាន​ឃើញ​នាង​រត្ន​ប្រកា​ ជា​ភរិយា​កំពុង​អោយ​បំរើ​នោះ​ជប់​មាត់​។ កាល​នោះ​អែង​នាង​រត្ន​ប្រកា​ ដឹង​ថា​ស្វាមី​ឃើញ​ខ្លួន​ហើយ​គិត​ទាន់​ភ្លាម​ ក៏​ដើរ​តំរង់​ចូល​ទៅ​ស្វាមី​ ហើយ​ក្លែង​និយាយ​ថា​ «នាថ​! ខ្ញុំ​បំរើ​នេះ​គំនិត​មារ​យាទ​អាក្រក់​ធំ​ណាស់​ វា​ហ៊ាន​លួច​កបូរ៌​ យក​ទៅ​ស៊ី​ ខ្ញុំ​បាន​ហិត​ខ្លិន​មាត់​វា​បាន​ដឹង​ច្បាស់​ណាស់​»​។ លោក​បាន​ពោល​ទុក​ថា «ស្រី​បរិ​ភោគ​អាហារ​ទ្វេ​គុណ​ មាន​ប្រាជ្ញា​ឆ្លៀវ​ឆ្លាត​ចតុ​គុណ​ មាន​កល​មាយា​ឆ​គុណ​ និង​មាន​កាម​រាគ​អដ្ឋ​គុណ​»​។ ខ្ញុំ​បំរើ ​លុះ​បាន​លឺ​ពាក្យ​នាង​នោះ​និយាយ​ដូច្នោះ​ក៏​ ធ្វើ​ជា​ច្រលោត​ខឹង​តឹង​ឡើង​ហើយ​និយាយ​ថាៈ​ «នាថ​! ខ្ញុំ​នឹង​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​នាយ​ចៅ​ហ្វាយ​ដែល​មាន​ភរិយា​ប្រឹត​ ដូច្នេះ​ដូច​ម្ដេច​កើត​ សព្វ​បើ​គ្រាន់​តែ​ការ​បន្ដិច​បន្ដួច​ប៉ុណ្ណោះ ​អោយ​ភរិយា​មក​ហិត​មាត់​ខ្ញុំ​បំរើ​គ្រប់​ខណៈ​យ៉ាង​នេះ​!​ »​។ លំដាប់​នោះ​ ខ្ញុំ​បំរើ​ថា​ហើយ​ក៏​ក្រោក​ដើរ​ចេញ​ទៅ​ភ្លាម​ អែ​ស្វាមី​នាង​ទៅ​សូម​ទោស​ខ្ញុំ​បំរើ​ឃាត់​អោយ​វា​នៅ​បំរើ​វិញ​ ព្រោះ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​(ត្រីឈ្មោះ​ប្រត្យុ​ត្បន្ន​មតិ)​ ពោល​ថា «នរ​ណា​កែ​ខៃ​ក្ដី​អន្ដ​រាយ​ដូច្នេះ​ជា​ដើម​ (លេខ ៧)។ លំដាប់​ នោះ​ត្រី​ឈ្មោះ​យ័ទ​ភវិស្យ​តិ​ពោល​ត​ទៅ​ទៀត​ថា៖​

៨ - របស់​ណា​មិន​មាន​បច្ច័យ​ របស់​នោះ​ក៏​តែង​មិន​មាន​ ថា​បើ​របស់​ណា​មាន​ច្ច័យ​ របស់​នោះ​ ក៏​មិន​មែន​ជា​ដទៃ​ ថ្នាំ​នេះ​រំងាប់​នូវ​ពិស​ពុល​គឺ​សេច​ក្ដី​ពិត​បាន​ ហេតុ​ដូច​ម្ដេច​ហ្ន៎ ​ក៏​គេ​មិន​ដឹង​ថ្នាំ​នោះ​។
កាល​នោះ​អែង​ ត្រី​ប្រត្យុ​ត្បន្ន​មតិ​កំពុង​តែ​គិត​ដូច្នេះ​ ត្រូវ​ព្រាន​ប្រមង់​ពាក់​មង​ជាប់​ ទើប​ធ្វើ​ពុត​ដូច​ជា​ខ្លួន​ស្លាប់​ ឋិត​នៅ​ស្ងៀម​អិត​​ខ្វើក​ឡើយ​ដល់​ព្រាន​ប្រមង់​ដោះ​ចេញ​ពី​មង​រួច​​ហើយ​ ក៏​ខំ​បំរះ​ននៀល​ពេញ​ទំហឹង​លោត​ចូល​ក្នុង​ទឹក​ជ្រៅ​ភ្លាម​។ អែ​ត្រី​យ័ទ​ភវិស្យតិ​ព្រាន​ប្រមង់​ចាប់​បាន​ហើយ​បោក​សំលាប់​ទៅ​ ព្រោះ​ហេតុ​នោះ​ បាន​ជា​ខ្ញុំ (អណ្ដើក​កម្ពុ​គ្រីព​) ​ពោល​ថាៈ​ «ត្រីអនាគតវិធាតា» ដូច្នេះជាដើម(លេខ៦)។ ហេតុការណ៍ដូចខ្ញុំ (អណ្ដើកកម្ពុគ្រីព) បាន​ពណ៌នា​ មក​នេះ សូម​មិត្ដ​ជួយ​ចាត់​ចែង​អោយ​ខ្ញុំ​ចេញ​ទៅ​កាន់​ស្រះ​ដទៃ​ក្នុង​ពេល​នេះ​ទៅ​។ ហង្ស​ទាំង​ពីរ​តប​ថាៈ​ «បើ​បាន​ទៅ​ដល់​ជលា​ស័យ​ដទៃ​ហើយ​ ជា​កុសល​សំលាញ់​អែង​ហើយ​ តើ​សំលាញ់​នឹង​ទៅ​ដោយ​វិថី​តាម​វិធី​ណា​?​»​។

អណ្ដើក​ពន្យល់​អុបាយ​ថាៈ​ «អើ​! គិត​រក​វិធី​ណា​ដែល​ទៅ​តាម​អាកាស​ជា​មួយ​សំលាញ់​ទាំង​ពីរ​នាក់​បាន​ហើយ​»​។ ហង្ស​ទាំង​ពីរ​សួរ​ទៅ​ទៀត​ថាៈ​ «អុបាយ​នេះ​សំលាញ់​គិត​ថា​នឹង​សំរេច​បែប​យ៉ាង​ណា​?​»​។ អណ្ដើក​ឆ្លើយ​ប្រាប់​វិញ​ថា​ «នែ​សំលាញ់​!​ យក​កំណាត់​ឈើ​មួយ​មក ហើយ​សំលាញ់​អែង​ទាំង​ពីរ​នាក់​ពាំ​ចុង​កំណាត់​ឈើ​ម្ខាង​ម្នាក់​ដោយ​ចំពុះ​ ខ្ញុំ​ខាំ​កណ្ដាល​តោង​កំណាត់​ឈើ​នោះ​ ដោយ​វិធី​នេះ​ហើយ​អាស្រ័យ​ដោយ​កំលាំង​ស្លាប​សំលាញ់​ហើរ​ទៅ​ ខ្ញុំ​នឹង​ទៅ​បាន​ដោយ​ស្រួល​»​។ ហង្ស​ទាំង​ពីរ​ឆ្លើយ​តប​មក​ដោយ​អរ​ថាៈ ​«អើ​! អុបាយ​នេះ​ស្រួល​ហើយ​ តែ​ត្រូវ​គិត​ថា​៖

៩ - អ្នក​ប្រាជ្ញ​កាល​គិត​ដល់​សេច​ក្ដី​ចំរើន​ហើយ​ ត្រូវ​គិត​ដល់​សេច​ក្ដី​វិនាស​ផង​ កុក​ល្ងង់​ គិត​ឃើញ​សេច​ក្ដី​ចំរើន​តែ​ម្យ៉ាង​ ត្រូវ​ស្កា​ស៊ី​កូន​ខ្មុក​»។ អណ្ដើក​សួរ​ដេញ​ដោល​ថាៈ​ «រឿង​នេះ​តើ​ដូច​ម្ដេច​?​»។ ហង្ស​ទាំង​ពីរ​រៀប​រាប់​ប្រាប់​ថា​៖​

កថាទី៤ រឿងកុក ពស់និងស្កា

ក្នុង​អុត្ដ​រា​បថ, នៅ​លើ​ភ្នំ​គិជ្ឈ​កូដ​ មាន​បិប្បលិ​ព្រឹក្ស​មួយ​ដើម​ធំ​ ជា​ទី​អាស្រ័យ​នៅ​នៃ​កុក​​ទាំង​​ឡាយ​។ ពស់​វែក​មួយ​ អាស្រ័យ​នៅ​ក្នុង​ព្រង់​អៃ​ដ៏​ខាង​ក្រោម​ដើម​ឈើ​នោះ​ វា​តែង​តែ​លូន​ចូល​ទៅ​ចាប់​យក​កូន​កុក​ស៊ី​ជា​ចំណី​អាហារ​អស់​កាល​ជា​និច្ច​។ ចំណេរ​កាល​មក​កុក​ល្ងង់​ មួយ​លុះ​បាន​លឺ​សំលេង​យំ​ខ្ញៀវ​ខ្ញា​នៃ​កុក​ទាំង​ឡាយ​ដែល​មាន​សេច​ក្ដី​សោក​​បៀត​​បៀន​ ហើយ​ក៏​និយាយ​ឡើង​ថាៈ​ «នែ​អ្នក​ទាំង​ឡាយ​!​ អ្នក​កុំ​យំ​ថ្វី​ ចូរ​ធ្វើ​តាម​អុបាយ​កល​ខ្ញុំ​វិញ​ យើង​ត្រូវ​ទៅ​រក​ចាប់​ត្រី​យក​មក​រាយ​ត​ៗ​គ្នា​តាំង​ពី​ព្រង់​ស្កា​អោយ​រហូត​មក​ដល់​ព្រង់​ពស់​ អែ​សត្វ​ស្កា​ជា​សត្វ​ជាប់​ចិត្ដ​ដោយ​អាហារ​ គឺ​​ត្រី​នោះ​ នឹង​ចេះ​តែ​ដើរ​រៀង​មក​ដល់​ព្រង់​ពស់​ កាល​ឃើញ​ពស់​ជា​សត្វ​សត្រូវ​ពី​កំណើត​ស្រាប់​ មុខ​ជា​នឹង​ខាំ​ពស់​សំលាប់​ដោយ​ក្ដី​សំអប់​មិន​ខាន​»​។
កុក​ទាំង​ឡាយ​ក៏​ព្រម​ព្រៀង​គ្នា​ធ្វើ​តាម​ពាក្យ​កុក​ល្ងង់​នោះ​។ ក្នុង​កាល​នោះ​អែង​,សត្វ​ស្កា​ដែល​នៅ​ក្នុង​ព្រង់​ឈើ​នោះ​ បាន​លឺ​សំលេង​កុក​យំ​អឹង​កង​ ក៏​វារ​ឡើង​ដើម​ឈើ​នោះ​ខាង​ម្ខាង​ ស្រង់​តាម​ក្លិន​ត្រី​នោះ​ ឃើញ​ត្រី​ហើយ​ស៊ី​ត្រី​នោះ​ៗ​បណ្ដើរ​ៗ​មក​ មិន​ស៊ី​តែ​ត្រី ស៊ី​ទាំង​សា​វក​កុក​អស់​រលីង​ថែម​ទៀត​ ព្រោះ​ហេតុ​​នោះ​ហើយ​ បាន​ជា​ខ្ញុំ​ពោល​ថាៈ​ «អ្នក​ប្រាជ្ញ ​កាល​គិត​ដល់​សេច​ក្ដី​ចំរើន​ហើយ​»​ ដូច្នេះ​ជា​ដើម​(លេខ៩)​។
មិន​ថ្វីទេ​យើង​ (ហង្ស​ទាំង​ពីរ​) នាំ​ទៅ​បាន​ តែ​កាល​ដែល​យើង​នាំ​សំលាញ់​ទៅ​នោះ​ មុខ​ជា​មនុស្ស​លោក​មើល​ឃើញ​ កាល​បើ​ឃើញ​ហើយ​ នឹង និយាយ​ឆោ​ឡោ​អឹង​កង​ឡើង​ជា​មិន​ខាន​, បើ​សំលាញ់​បាន​លឺ​សំលេង​មនុស្ស​លោក​ហើយ​អត់​ទ្រាំ​មិន​បា​ន​ ចង់​ឆ្លើយ​តប​គេ​វិញ​ មុខ​ជា​សំលាញ់​របូត​ធ្លាក់​ដល់​ដី​ ស្លាប់​អសារ​បង់​មិន​ខាន​ទេ​ ចូរ​សំលាញ់​តាំង​ចិត្ដ​ដាច់​ស្រេច​ នឹង​នៅ​ក្នុង​ទី​នេះ​ទៅ​​ល្អ​ជាង​ អណ្ដើក​និយាយ​រឹង​ទទឹង​ទៀត​ថា​ «បើ​មែន​ដូច​ ថា​​រូប​ខ្ញុំ​នឹង​ត្រូវ​សំគាស់​ថា​ជា​អ្នក​អិត​ចេះ​ដឹង​អ្វី​ទៅ​ហើយ​រឺ​? មួយ​ទៀត​ បើ​រូប​ខ្ញុំ​ឆ្លើយ​តប​នឹង​គេ​វិញ​ហើយ​តើ​ វា​ហើយ​គ្នា​ទៅ​ហើយ​ អ្នក​ណា​ក៏​មិន​ត្រូវ​និយាយ​ថា​ដូច​មេ្ដច​ទៀត​ដែរ​»​។

  កាល​នោះ​ក្មេង​គង្វាល​គោ​ ក្រ​លេក​មើល​ទៅ​ឃើញ​ហង្ស​ទាំង​ពីរ​ នាំ​អណ្ដើក​ហោះ​ហើរ​ដើរ​លើ​អាកាស​វេ​ហាស៍​ដូច្នោះ​ ក៏​ស្រែក​និយាយ​ជជែក​គ្នា​ឆោ​ឡោ​ទ្រ​ហឹង​អឹង​កង​ឡើង​ ហើយ​រត់​ដេញ​តាម​ទៅ​ ក្មេង​ខ្លះ​និយាយ​ឡក​ឡឺយ​ថាៈ​ «កាល​ណា អណ្ដើក​ធ្លាក់​មក​ដល់​ដី កាល​នោះ​យើង​នឹង​យក​វា​ទៅ​ស្ល​កា​រី​ស៊ី​អោយ​ឆ្ងាញ់​ម្ដង​វ៉ី​យ​»​ក្មេង​ខ្លះ​ទៀត​និយាយ​កំញើញ​ថាៈ​ «​ទេ​! យើង​យក​ទៅ​ដុត​ស៊ី​អីលូវ​នេះ​អែង​» ក្មេង​ខ្លះ​ត​ទៀត​និយាយ​ឡក​ថាៈ​ «ទេ​!​ យើង​យក​ទៅ​ស្ល​ស៊ី អែ​ផ្ទះ​វិញ​»​។ អែ​អណ្ដើក​នោះ​ លុះ​លឺ​ពាក្យ​ក្មេង​គង្វាល​គោ​និយាយ​ឡក​ឡឺយ​អោយ​ មុខ​គួរ​អោយ​ខ្នាញ់​ ក៏​ភ័ន្ដ​ស្មារតី​ ភ្លេច​ពាក្យ​ដែល​និយាយ​មាត់​នោះ បែរ​ទៅ​ជា​ហា​មាត់​និយាយ​ឆ្លើយ​តប​ទៅ​វិញ​ថាៈ​ «នែ​វ៉ីយ​!អា​ក្មេង​អា​អែង​ទាំង​អស់​គ្នា​ស៊ី​ផេះ​ទៅ​ចុះ»​។​ កាល​ដែល​អណ្ដើក​ហា​មាត់​និយាយ​ដូច្នេះ​ ក៏​ធ្លាក់​ក្ដូក​មក​ដល់​ដី​ បាន​ដៃ​ក្មេង​ដុត​ស៊ី​ជា​ចំណី​អាហារ​ទៅ​ហោង​ ព្រោះ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​ (ចាក្រ​ពាក​សវិជ្ញៈ)​ពោល​ថាៈ​ «នរ​ជន​ណា​មិន​ត្រេក​អ​នឹង​ពាក្យ​ដាស់​តឿន​នៃ​មិត្ដ​» ដូច្នេះ​ជា​ដើម​ (លេខ​៣)​ ក្នុង​កាល​នោះ​អែង​ កុក​ជា​ចារ​បុរស​ដើរ​ចូល​មក​ក្នុង​ទី​នោះ​ហើយ​និយាយ​ឡើង​ថាៈ «​ទេវៈ​! និយាយ​ធ្វើ​អ្វី​ ខ្ញុំ​បាន​ប្រាប់​ប្រង​តាំង​ពី​កាល​នោះ​ម្លេះ​ថា ត្រូវ​ចាត់​ចែង​បន្ទាយ​អោយ​ឆាប់​រួស​រាន់​ទៅ​ តែ​លោក​ម្ចាស់​មិន​ធ្វើ​តាម​ពាក្យ​ខ្ញុំ​បាទ​ ហេតុ​នោះ​ហើយ​បាន​ជា​លោក​ម្ចាស់​ត្រូវ​សោយ​ផល​នៃ​ការ​ព្រងើយ​កន្តើយ​ក្នុង​កាល​នេះ​អែង​, អែ​ការ​ដុត​បំផ្លាញ​បន្ទាយ​យើង​នេះ​ គឺ​ក្អែក​មេឃ​ពណ៌​នេះ​អែង​ ដែល​ត្មាត​ទុរ​ទសី​ប្រធាន​រដ្ឋ​មន្រ្ដី​សត្រូវ​ ប្រើ​មក​អោយ​ធ្វើ​ការ​»​។ រាជ​ហង្ស​ហិរណ្យគភ៌​ដក​ដង្ហើម​វែង​ៗ ហើយ​ពោល​ថាៈ​

១០ - នរ​ជន​ណា​ស្និទ្ធ​ស្នាល​ចំពោះ​សត្រូវ​ ដោយ​ការ​រាប់​អាន​ក្ដី​ ដោយ​យល់​អុប​ការ​ក្ដី​ នរ​ជន​នោះ​ ទុក​ដូច​ជា​មនុស្ស​ ដេក​លក់​លើ​ដើម​ឈើ​ ហើយ​ភ្លាត់​ធ្លាក់​មក​ដល់​ដី​ទើប​ភ្ញាក់​ដឹង​ខ្លួន​។
កុក​ជា​ចារ​បុរស​និយាយ​ត​ទៅ​ទៀត​ថាៈ​ «កាល​ណា​ក្អែក​មេឃ​ពណ៌​ចាត់​ដុត​បំផ្លាញ​បន្ទាយ​សត្រូវ​ហើយ​ ត្រលប់​ទៅ​ដល់​ទី​កន្លែង​ដើម​ខ្លួន​វិញ​ កាល​នោះ​ស្ដេច​ក្ងោក​ចិត្រ​ពណ៌​ពោល​អរ​គុណ​ដោយ​ក្ដី​ពេញ​ចិត្ដ​ថា​ គួរ​អភិ​សេក​ក្អែក​មេពណ៌​អោយ​គ្រប់​គ្រង​អាណា​ចក្រក​បូរ៌​ទ្វីប​ហើយ​អោយ​នៅ​ក្នុង​ទី​នេះ​ ព្រោះ​ថា៖

១១ - បុគ្គល​មិន​គួរ​ព្រងើយ​ ចំពោះ​កិច្ច​ការ​របស់​សេវ​ក​អ្នក​ដែល​បាន​បំពេញ​នាទី​បរិ​បូណ៌​ហើយ​ទេ​ គួរ​លើក​ដំកើង​ សេវក​នោះ​ដោយ​រង្វាន់​ ដោយ​ទឹក​ចិត្ដ​ជ្រះ​ថ្លា​ ដោយ​វាចា​ពោល​សរ​សើរ​ និង​ដោយ​កិរិយា​មើល​ដោយ​ភ្នែក​»​។ ចាក្រ​ពាក​សវិជ្ញៈ​សួរ​កុក​ត​ទៅ​ទៀត​ថាៈ​ «រឿង​នោះ​ មាន​ដូម្ដេច​ត​ទៅ​ទៀត​?​»​។ កុក​ចារ​បុរស​និយាយ​បន្ដ​ទៀត​ថាៈ​ «សេច​ក្ដី​ត​ទៅ​ថា​ ត្មាត​ជា​ប្រធាន​រដ្ឋ​មន្រ្ដី​និយាយ​ចំពោះ​ក្ងោក​ចិត្រ​ពណ៌​ថាៈ «ទេវ​! ប៉ុណ្ណោះ​មិន​ទាន់​សម​គួរ​ទេ សូម​លោក​ម្ចាស់​ប្រកាស​សេច​ក្ដី​ពេញ​ចិត្ដ ដទៃ​ផ្សេង​ទៀត​ផង​, ព្រោះ​ថា​៖​

១២ - នរ​ណា​ហ៊ាន​កំទេច​ជន​ដែល​លោក​ទាំង​មូល​យល់​ថា​ជា​សត្រូវ​ធំ​ក្រៃ​លែង​ដោយ​ អិត​កោត​ញញើត​? បពិត្រ​ព្រះ​រាជា​! ការ​តែង​តាំង​ជន​ថោក​ទាប​ក្នុង​តំណែង​ខ្ពស់​នោះ​ ទុក​ដូច​ជា​គំនូស​ដែល​គេ​គូស​លើ​ដី​ខ្សាច់​។ ក្នុង​កាល​ណា​ក៏​ដោយ​ គេ​មិន​ដែល​តែង​តាំង​មនុស្ស​ថោក​ទាប​អោយ​កាន់​តំណែង​ខ្ពង់​ខ្ពស់​ទេ​ ព្រោះ​ថា៖​
១៣ - មនុស្ស​ថោក​ទាប​ កាល​បើ​បាន​តំណែង​ខ្ពង់​ខ្ពស់​ តែង​តែ​ប្រាថ្នា​កំចាត់​បង់​នាយ​ខ្លួន​ ដូច​កណ្ដុរ​ដែល​តា​បស​ជប់​អោយ​បាន​ទៅ​ជា​ខ្លា ​ក៏​សង្ហា​សំលាប់​តាបស​បង់​វិញ​»​។ ក្ងោក​ចិត្រ​ពណ៌​សួរ​ថាៈ​ «រឿង​នោះ​តើ​ដូច​ម្ដេច​?​»​។ ត្មាត​ទុរទសី​ជា​ប្រធាន​រដ្ឋ​មន្រ្ដី​រៀប​រាប់​រឿង​ប្រាប់​ត​ទៅ​ថាៈ​

តទៅកថា5

(1) ហិ​តោបទេស​ សេច​ក្ដី​ប្រែ​ជា​ភាសា​បារាំង​នៃ​លោក​ឡង់​សឺរូ​ មាន​គា​ថា​ ពិសេស​ដូច្នេះ​គឺ​ ក​. ស្រ្ដី​ភាព​មិន​មើល​បុរស​ជិត​ទេ​ ព្រម​ទាំង​មិន​សង្កេត​មើល​អោយ​ដឹង​ថា​បុរស​នោះ​មាន​រូប​ល្អ​ រឺ អា​ក្រក់​ គ្រាន់​តែ​អោយ​ដឹង​ថា​ បុរស​ប៉ុណ្ណោះ​ ក៏​រីក​រាយ​សប្បាយ​ក្នុង​ចិត្ដ​ភ្លាម​។ ខ​. ក្បួន​តំរា​ សូម្បី​យើង​ចេះ​ចាំ​ហើយ​ ក៏​ត្រូវ​តែ​រិះ​គិត​សេច​ក្ដី​មើល​ថែម​ទៀត​ដែរ​ ព្រះ​រាជា​ទោះ​បី​សព្វ​ព្រះ​ទ័យ​ នឹង យើង​ហើយ​ ត្រូវ​តែ​កោត​ខ្លាច​ អែ​ស្រ្ដី​ភាព​, ទោះ​បី​នៅ​ក្នុង​ដៃ​យើង​ហើយ​ក៏​យើង​មិន​ត្រូវ​ទុក​ចិត្ដ​ នណា​ឡើយ​ជា​មេ​ប្រាជ្ញ​ចេះ​ចាំ​អស់​មួយ​សៀវ​ភៅ កំណត់​ដឹង​ព្រះ​ទ័យ​នឹង​ចិត្ដ​ស្រ្ដី​ភាព​បាន​?​។ សេច​ក្ដី​ប្រែ​ជា​ភាសា​សៀម​នៃ​លោក​នាគ​ប្រទីប​ មាន​គា​ថា​លើស​មួយ​គឺ​ បុរស​ណា​ នឹង​ថា​មិន​ជា​ទី​ស្រលាញ់​នៃ​ស្ដ្រី​ក៏​មិន​មែន​ រឺ ថា​ជា​ទី​ស្រលាញ់​នៃ​ស្រ្ដី​ក៏​មិន​មែន​ទៀត​ ដោយ​ពិត​ស្ដ្រី​ភាព ដូច​គោ ដើរ​ស៊ី​ស្មៅ​ក្នុង​ព្រៃ​ តែង​ប្រាថ្នា​ស្មៅ​ថ្មី​ជា​និច្ច​។​