ថ្ងៃសៅរ៍ ទី28.តុលា 2017.ម៉ោង 10:35
កថាមុខ

មុន​ដំបូង​ លោក​ពោល​ពី​ការ​គប់​មិត្ដ​ ព្រោះ​មិត្ដ​នៅ​ក្នុង​លោក​នេះ​មាន​ច្រើន​ណាស់​ មាន​កល្យាណ​មិត្ដ​ និង បាប​មិត្ដ​ជា​ដើម​ បើ​យើង​ស្គាល់​ការ​គប់​មិត្ដ​ហើយ​ លោក​ប្រ​ដៅ​អោយ​ស្គាល់​ការ​បំបែក​មិត្ដ​ទៀត​ ព្រោះ​ថា៖ បើ​យើង​មិន​ស្គាល់​ការ​បំបែក​មិត្ដ​ទេ​ យើង​នឹង​ត្រូវ​គេ​បំបែក​សាមគ្គី​អំពី​កល្យាណ​មិត្ដ​យើង​បាន​ ខ្លួន​យើង​នឹង​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​គឺ​សេច​ក្ដី​ទុក្ខ​ ដែល​កើត​ពី​ការ​បែក​សាមគ្គី​នោះ​ នាំ​អោយ​អន្ដ​រាយ​ដល់​ខ្លួន​ ដល់​ត្រកូល​ និង ប្រទេស​ជាតិ​ រួម​សេច​ក្ដី​អោយ​ខ្លី​មក​គឺ លោក​ប្រដៅ​អោយ​មាន​សាមគ្គី​ និង ស្គាល់​ធម៌​ជា​សត្រូវ​ដល់​សា​មគ្គី​ គឺ​កា​រ​ញុះ​ញង់​។ យើង​ច្រើន​តែ​ស្រែក​ប្រាប់​គ្នា​ថា សាមគ្គី​ៗ​!! តែ​យើង​ច្រើន​តែ​មិន​ស្គាស់​ការ​ញុះ​ញង់​បំបែក​សាមគ្គី​ ហើយ​យើង​ត្រូវ​ គេ​ញុះ​ញង់​ពន្យុះ​អោយ​យើង​បែក​សា​មគ្គី​គ្នា​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​ពោល​ ពី​ការ​គប់​មិត្ដ​ ហើយ​លោក​ពោល​ពី​ការ​បំបែក​មិត្ដ​ទៀត​ ព្រោះ​សា​មគ្គី​មាន​ការ​ញុះ​ញង់​ជា​ស​ត្រូវ​។ ការ​ញុះ​ញង់​បំបែក​សាមគ្គី​នេះ​ តាម​ពាក្យ​បាលី​ លោក​ហៅថា​ «សង្ឃ​ភេទ​ ការ​បំបែក​ពួក​ បំបែក​ក្រុម​ បំបែក​សង្គម​ អោយ​បែក​ចេញ​ពី​គ្នា​»​ ជា​ធម៌​រួប​រួម​គ្នា​បង្កើត​សេច​ក្ដី​សុខ​អោយ​សាប​សូន្យ​ទៅ​បាន​ ទើប​បាន​ជា​លោក​ចាត់​ថា​ ការ​ញុះ​ញង់​មាន​ទោស​ធ្ងន់​ណាស់​ ធ្ងន់​ក្រៃ​លែង​​ធ្ងន់​។

ត​ទៅ​​ទៀត​ លោក​ពោល​ពី​ការ​វិវាទ​ទាស់​ទែង​គ្នា​ ដោយ​លោក​យល់​ឃើញ​ថា​ វិវាទ​នេះ​ជា​ទោស​ធំ​មួយ​ទៀត​ ហើយ​មិន​អាច​ចៀស​វាង​បាន​ដោយ​ងាយ​ផង​ដោយ​ប្រកា​រទាំង​ពួង​ ថា​បើ​កើត​មាន​វិវាទ​គ្នា​ហើយ​ ត្រូវ​ប្រញាប់​ប្រ​ញាល់​ស្វែង​រក​មធ្យោ​បាយ​ផ្សះ​ផ្សា​អោយ​បាន​រលត់​ស្ងប់​ទៅ​វិញ​ឆាប់​ ដើម្បី​រក្សា​សន្ដិ​ភាព​គឺ​សេច​ក្ដី​សុខ​ក្រ​ជាក់​ត្រជុំ​ អោយ​មាន​ជីវិត​រស់​នៅ​ដោយ​ប្រ​ពៃ​ ព្រោះ​ការ​សំខាន់​បំ​ផុត​នៅ​ត្រង់​សេច​ក្ដី​សុខ​នេះ​អែង​។ សន្ដិ​ភាព​គឺ​សេច​ក្ដី​សុខ​ ត្រជាក់​ត្រជុំ​នេះ​ នរ​ណារ​ៗ​ក៏​ពោល​ថា ចង់​បាន​គ្រប់​គ្នា​អិត​ប្រ​កែក​បាន​ឡើយ​ បាន​ជា​លោក​ពោល​ពី​ការ​វិវាទ​ហើយ​ លោក​ពោល​ពី​គណ​សន្ធិ​ គឺ​ការ​ចង​បាច់​គ្នា​ អោយ​កើត​សុខ​ទូលំ​ទូលាយ​ត្រ​លុង​ត្រលាយ​ទៀត​ សម​ដូច​ជា​ពាក្យ​ដែល​ លោក​ពោល​ទុក​ថា​ «ហិតោ​បទេស​នេះ​ មាន​ដល់​ទៅ​ ៤​ភាគ​ក៏​ពិត​មែន​ ប៉ុន្ដែ​ដែល​ជា​​បួន​ៗ​នេះ​ គ្រាន់​តែ​ជា​តួ​លេខ​ រាប់​ចំនួន​អោយ​ឃើញ​ច្រើន​ៗ​ប៉ុណ្ណោះ​ទេ​ អែ​សេច​ក្ដី​ពិត​នោះ​មាន​តែ​មួយ​គត់​ គឺ​គណ​សន្ធិ​ ការ​ចង់​បាច់​គ្នា​នាំ​អោយ​មាន​សន្ដិ​ភាព​សេច​ក្ដី​សុខ​ត្រជាក់​ត្រជុំ​នេះ​តែ​ប៉ុណ្ណោះ​អែង​

ខ្ញុំជឿ​ជាក់​ថា​ លោក​អ្នក​អាន​ទាំង​ឡាយ​ដែល​បាន​មើល​ហិតោ​បទេស​គ្រប់​ទាំង​ ៤​ភាគ​ហើយ​ នឹង​បាន​ឃើញ​ព្រឹត្ដិ​ការណ៍​ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ​មាន​ដូច​ម្ដេច​ខ្លះ​ ហើយ​មុខ​ជា​ចាំ​នូវ​និទាន​ និង​សុភា​សិត​ទាំង​ឡាយ​នោះ​ៗ​ យក​មក​ទុក​ជា​គតិ​ប្រចាំ​ជីវិត​ ដើម្បី​ទុក​ប្រើ​ជា​ប្រ​យោជន៍​ ដោះ​ទាល់​​ដោះ​អុប​ស័គ្គ​ដែល​នឹង​កើត​មាន​ដល់​ខ្លួន​គ្រប់​គ្នា​ទៅ​អនា​គត​។ ដោយ​ខ្ញុំ​ជឿ​ជាក់​ដូចេ្នះ​ហើយ​ បាន​ជា​ខ្ញុំ​មាន​បំណង​ថា​ សៀវ​ភៅ​នេះ​គួរ​មាន​ប្រចាំ​គេហ​ដ្ឋាន​ប្រជា​ជន​ខ្មែរ​​គ្រប់​ៗ​គ្នា​ តែ​កុំ​ភ្លេច​សុភា​សិត​មួយ​បទ​ដែល​បុរាណ​លោក​ពោល​ថា ​«ដាវ​មុត​ៗ​ មែន​តែ​នៅ​ក្នុង​ស្រោម​ វិជ្ជា​ចេះ​ព្រម​នៅ​តែ​ក្នុង​ក្បួន​»​។

ទី​បំផុត​នេះ​ ខ្ញុំ​សូម​អរ​គុណ​ព្រះ​ទេព​សត្ថា​ សូរ​ ហាយ​ ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ ព្រះ​គ្រូ​សេក្ខ​ នាង ជា ទន់​ ហៅ​ឆាយ​សា ស្រ្ដា​ចារ្យ​សាលា​បាលី​ជាន់​ខ្ពស់​ ព្រម​ទាំង​ភិក្ខុ​ សាម​ណេរ​អា​ស្រ័យ​នៅ​ជា​មួយ​ភិក្ខុ​ព្រាប ផុន​ (នេក្ខមរ​តោ)​ ភិក្ខុ វ៉ាន់ សាវ (ធម្មសារោ) សាម​ណេរ​ ប៊ុត​ ប៊ូរ (ចក្ខុ​សំវរោ) សាម​ណេរ​អឿ ជួ (អង្កុរ​ធម្មោ) ដែល​បាន​ជួយ​សរ​សេរ​ចំលង​ អោយ​បាន​ត្រឹម​ត្រូវ​ទុក​ក្នុង​ទី​នេះ​ផង​។

ភាគ៤​នេះ ខ្ញុំ​ទុក​ជា​ទីរ​លឹក​ការ​នៅ​ចាំ​វស្សា​អស់​ត្រៃ​មាស ក្នុង​ឆ្នាំ​ថោះ​ត្រី​ស័ក ពស ២៤៩៤ ក្នុង​ពេល​ដែល​ខ្ញុំ​ប្រែ​សៀវ​ភៅ​នេះ ​ប្រទេស​កម្ពុជា​កំពុង​ប្រ​សព្វ​សេច​ក្ដី​ទុក្ខ​គ្រប់​ទី​ថាន​ ខ្ញុំ​មាន​ចិត្ដ​សៅ​ហ្មង​បំផុត​ ខ្ញុំ​សូម​អោយ​ប្រជា​ជន​ខ្មែរ​ទាំង​មូល​ត្រលប់​បាន​សេច​ក្ដី​សុខ​ សេច​ក្ដី​ចំរើន​ ដូច​ប្រក្រ​តី​ដើម​វិញ​ក្នុង​ពេល​ឆាប់​នេះ​កុំ​បី​ឃ្លាត​ឡើយ​!​។

វត្ដ អុណ្ណាលោមថ្ងៃទី ៧ ᧦ ១១ (អាទិត្យ ៦កើត អស្សុជ) ឆ្នាំថោះត្រីស័ក ពស ២៤៩៤
ត្រូវនិងថ្ងៃទី ៦ ខែ តុលា ឆ្នាំ ១៩៥១
 ភិក្ខុ វិរយបណ្ឌិតោ ភិក្ខុ (ប៉ាង ខាត់)