ថ្ងៃសៅរ៍ ទី21.តុលា 2017.ម៉ោង 8:13
កថាទី ១០ រឿងជាងកោរកាត់ល្មោភ

នៅ​ក្រុង​អយោ​ធ្យា មាន​ក្ស​ត្រីយ៍​មួយ​អង្គ​ឈ្មោះ​ចូឌា​មណី​ ជា​អ្នក​ល្មោភ​ចង់​បាន​ទ្រព្យ​។ ចូឌា​មណី​នឿយ​ខ្លួន​យ៉ាង​ខ្លាំង​ ដើម្បី​បូជា​ព្រះ​អីសូរ​ ដ៏​មាន​បុណ្យ​ដែល​ទ្រ​ទ្រង់​នូវ​អធិ​ចន្រ្ទ​ជា​ចូឌា​មណី​ អស់​កាល​យូរ​លង់​ណាស់​ហើយ​។ ថ្ងៃ​មួយ​ក្នុង​កាល​ជា​ខាង​ក្រោយ​មក​ ចូឌា​មណី​ជំរះ​ខ្លួន​លាង​បាប​រួច​ហើយ​ប្រាស់​ខ្លួន​ដេក​លក់​ទៅ​ អា​ស្រ័យ​​ដោយ​សេច​ក្ដី​​ប្រោស​ប្រាណ​ព្រះ​អីសូរ​ដ៏​មាន​បុណ្យ​ ក៏​យល់​សប្ដ​ឃើញ​ព្រះ​បាទ​កុវេ​រ​យក្ខ​​មក​បញ្ជា​ប្រាប់​ថា​ «នែ​ក្ស​ត្រីយ៍​! ស្អែក​នេះ អែង​ចូរ​អោយ​ជាង​កោរ​កាត់​ មក​កោរ​កាត់​ពី​ព្រលឹម​ កោរ​ហើយ​កាន់​ដំបង​មួយ​ទៅ​ឈរ​អែប​ប្រប​ទ្វារ​ផ្ទះ​ខ្លួន​ កាល​​ឃើញ​ យា​ចក​ណា​ចូល​មក​ក្នុង​អាណា​ខេត្ត​ផ្ទះ​ហើយ​ ចូរ​យក​ដំបង​សំពង​សម្លាប់​ទៅ​កុំ​អាណិត​ឡើយ​ធ្វើ​ដូច្នេះ​យាចក​​នោះ នឹង ក្លាយ​ទៅ​ជា​ក្អម​ពេញ​ដោយ​មាស​មួយ​រំពេច​ ខ្លួន​អែង​ព្រម​ទាំង​បរិ​វារ​នឹង​បាន​នៅ​ជា​សុខ​សប្បាយ​រហូត​មួយ​​ជីវិត​។ ក្ស​ត្រីយ៍​ចូឌា​មណី​ ធ្វើ​តាម​ពាក្យ​បង្គាប់​បញ្ជា​រហូត​ ផល​ក៏​បាន​សំរេច​ដូច​បំណង​។​ អែ​ជាង​កោរ​កាត់​ដែល​មក​​ជា​មួយ​នោះ​ បាន​ឃើញ​ព្រឹត្ដិ​កា​រណ៍​ជាក់​លាក់​នឹង​ភ្នែក​ខ្លួន​ គិត​តែ​ក្នុង​ចិត្ដ​ម្នាក់​អែង​ថាៈ​ «អោ​ហ្ន៎​! នេះ​ជា​អុបាយ​អោយ​កើត​ទ្រព្យ​សម្បត្ដិ​ទេ​តើ​! ​បើ​ដូច្នេះ​អាត្មា​អញ​ចាំ​បាច់​ធ្វើ​អ្វី​ផ្សេង​ទៅ​ទៀត​?​»​។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក​ ជាង​កោរ​កាត់​កាន់​ដំបង​មួយ​ធំ​ទៅ​ឈរ​អែប​មាត់​ទ្វារ​រាល់​ព្រឹក​ ចាំ​ឆ្មក់​ក្រែង​លោ​មាន​យា​ចក​ណា​មួយ​ចូល​មក​ក្នុង​អា​ណា​ខេត្ត​ខ្លួន​។​ ថ្ងៃ​មួយ​មាន​យា​ចក​ម្នាក់​ចូល​មក​ក្នុង​ទី​លាន​ផ្ទះ​ ជាង​កោរ​កាត់​យក​ដំបង​វាយ​ម៉ក​សំលាប់​ទៅ​ ក៏​ត្រូវ​រាជ​បុរស​មក​ ចោម​ចាប់​ដោយ​អំ​ពើ​ទុច្ច​រិត​របស់​ខ្លួន​ ហើយ​វាយ​ត្រូវ​ដំណំ​ច្រើន​ដង​ទាល់​តែ​ស្លាប់​ទៅ​ហោង​ ព្រោះ​ហេតុ​នោះ​បាន​​ជា​ខ្ញុំ​ (ចាក្រ​ពាក​) ពោល​ថាៈ ​«ទ្រព្យ​ណា​ដែល​ត្រូវ​បាន​ដោយ​បុណ្យ​ដូច្នេះ​ជា​ដើម​ (លេខ​១០៥​)​»​។ រាជ​ហង្ស​ហិ​រណ្យ​គភ៌ ​រក​រឿង​មក​ពោល​ជំទាស់​ថា​៖​

១០៦ - ការ​ដែល​យក​ប្រ​ព្រឹត្ដិ​ហេតុ​ពី​បុរាណ​មក​សំដែង​ជា​គ្រឿង​និទស្សន៍​ថា​ មនុស្ស​អគន្ដុកៈ​មក​ពី​បរ​ទេស​ថា​ជាមិត្រ​អិត​ចេត​នា​អាក្រក់​ រឺ​ថា​ជា​មនុស្ស​ក្បត់​ជាតិ​នោះ​បាន​រឺ​ទេ​?​។

ទៅ​! ទៅ​!​ ត្រូវ​ធ្វើ​តាម​ដំណើរ​ការ​ដែល​មក​ដល់​ហើយ​មិន​ត្រូវ​គិត​ច្រើន​ពេក​ទេ​ អីលូវ​នេះ​ស្ដេច​ក្ងោក​ចិត្រ​ពណ៌​លើក​ទ័ព​មក​តាំង​នៅ​លើ មល​យ​បព៌ត​ហើយ​ យើង​នឹង​គិត​គូរ​ធ្វើ​អ្វី​ផ្សេង​ទៀត​។ ចាក្រ​ពាក​សវិជ្ញៈ​និយាយ​ទៀត​ថាៈ​ «ទេ​វ​! ខ្ញុំ​បាទ​​បាន​​លឺ​ចារ​បុរស​យើង​និយាយ​ប្រាប់​ថា​ ស្ដេច​ក្ងោក​ចិត្រ​ពណ៌​មិន​ជឿ​ស្ដាប់​ពាក្យ​ត្មាត​ទុរ​ទសី​ជា​ប្រធាន​រដ្ឋ​មន្រ្តី​ទេ​ បើ​ដូច្នោះ​មែន​ ស្ដេច​ក្ងោក​ចិត្រ​ពណ៌​នេះ​ជា​មនុស្ស​ល្ងង់​ យើង​មាន​ផ្លូវ​យក​ជ័យ​ជំនះ​បាន​ហើយ​ ព្រោះ​ថា​៖

១០៧ - លោភ​ ទ្រនង់​យង់​ឃ្នង​ ខ្ជិល​ មិន​មាន​ពាក្យ​សត្យ​ ធ្វេស​ប្រហែស​ ខ្លាច​ មិន​ម៉ឺង​ម៉ាត់​ ល្ងង់​ខ្លៅ​ មើល​ងាយ​យោធា​ ទាំង​អស់​នេះ​ជា​លក្ខណៈ​សត្រូវ​ ដែល​បរ​បក្ស​យក​ជ័យ​ជំនះ​បាន​ដោយ​ងាយ​។
ដរាប​ណា សត្រូវ​យើង​នេះ​មិន​ទាន់​ទំលាយ​បន្ទាយ​យើង​បាន​ទេ​ ដរាប​នោះ​យើង​នឹង​បញ្ជួន​សេនា​បតី​ទាំង​ឡាយ​មាន​ ក្រសារ​ជា​ដើម​ ដើម្បី​ទៅ​កំចាត់​បង់​នូវ​សែន្យា​នុភាព​នៃ​សត្រូវ​ដែល​តាំង​បន្ទាយ​នៅ​ស្ទឹង​ ទន្លេ ​ភ្នំ​ ព្រៃ​ និង ផ្លូវ​ទាំង​ឡាយ​នោះ​ៗ​មុន​សិន​ ព្រោះ​ថា​៖​។

១០៨ - នឿយ​ហត់​ដោយ​ដើរ​ផ្លូវ​ឆ្ងាយ​ ទីម​ទាម​ដោយ​ស្ទឹង​ ភ្នំ​ និង ព្រៃ តក់​ស្លុត​ដោយ​អគ្គី​ភ័យ​សំបើម​ រហេម​រហាម​ ដោយ​ឃ្លាន​បាយ​ក្រហាយ​ទឹក​។​
១០៩ - ធ្វេស​ប្រហែស​ ខ្វះ​ខាត​ស្បៀង​អាហារ​ មាន​ព្យា​ធិ​ និង ទុរ​ភិក្ស​បៀត​បៀន​គ្រប់​គ្រង​កង​ទាហាន​មិន​ល្អ មិន​មាន​រេហ៍​ពល​ច្រើន​ ជ្រួល​ច្របល់​លំបាក​ដោយ​ភ្លៀង​ និង ខ្យល់​។
១១០ - ប៉បាច់​ដោយ​ភក់​ធូលី​និង​ទឹក​ រសាំ​រសាយ​ខ្ចាត់​ខ្ចាយ​រឺ​បៀត​បៀត​ដោយ​សត្រូវ​ សែន្សា​ករ​នៃ​ពៃរី​មាន​ប្រការ​ដូច្នេះ​ព្រះ​មហី​បាល​គប្បី​ពិឃាត​បាន​ងាយ​។
១១១ ព្រះ​រាជា​គប្បី​បំផ្លាញ​កង​ទ័ព​សត្រូវ​ដែល​ហត់​នឿយ​ដោយ​ការ​យាម​ល្បាត​​ជា​​ដរាប​ ក្នុង​ពេល​ដែល​ដេក​សំរាក​ ក្នុង​វេលា​ថ្ងៃ​ រឺ ងងុយ​ងោក​ងក់​ដោយ​និន្ទ្រា​។​

អាស្រ័យ​ហេតុ​នេះ​ គួរ​អោយ​ក្រសារ​ព្រម​ទាំង​សត្វ​អែ​ទៀត​លើក​កង​ពល​ទៅ​បំផ្លាញ​ កង​ទ័ព​សត្រូវ​ដែល​ប្រមាទ​ សំលាប់​ចោល​បង់​ទាំង​យប់​ទាំង​ថ្ងៃ​កុំ​អោយ​សេស​សល់​ តាម​អោកាស​ដែល​គួរ​។ រាជ​ហង្ស​ហិរណ្យ​គភ៌​ ប្រតិ​បត្ដិ​តាម​ពាក្យ​ណែ​នាំ​ចាក្រ​ពាក​សវិជ្ញៈ​សព្វ​ប្រការ​។ កាល​នោះ​ស្ដេច​ក្ងោក​ចិត្រ​ពណ៌ ខូច​ខាត​កង​ទ័ព​និង​សេនា​បតី​អស់​ជា​ច្រើន​ហើយ​កើត​ទុក្ខ​ធ្លាក់​ទឹក​ចិត្ដ​ បែរ​ទៅ​និយាយ​និង​ត្មាត​ទុរ​​ទ​សី​ថា​ «ម្នាល​បា​! ម្ដេច​ក៏​អែង​ធ្វើ​ព្រ​ងើយ​កន្តើយ​ចំពោះ​យើង​? រឺ​ក៏​ថា​យើង​មិន​មាន​វិន័យ​ដូច​ម្ដេច​ខ្លះ​ ព្រោះ​ថា​៖​

១១២ - បុគ្គល​មិន​គប្បី​ធ្វេស​ប្រ​ហែស​ដោយ​គិត​ថាៈ​ ឈ្នះ​បាន​ប្រទេស​ហើយ​ ដូច្នេះ​មិន​គួរ​ទេ​ ព្រោះ​ថា​ការ​មិន​មាន​វិន័យ​អាច​បំផ្លាញ​ព្រះ​រាជ​អាណា​ចក្រ​បាន​ ដូច​ជរា​ធ្វើ​អោយ​រូប​សោភា​វិនាស​។
១១៣ - ជន​ក្លៀវ​ក្លា​តែង​បាន​ទ្រព្យ​ ជន​បរិ​ភោគ​អាហារ​រលួយ​ងាយ​តែង​មិន​មាន​រោគ​ ជន​មិន​មាន​រោគ​តែង​បាន​សេច​ក្ដី​សុខ​ ជន​ព្យា​យាម​តែង​បាន​ដល់​ត្រើយ​នៃ​វិជ្ជា​ ជន​មាន​វិន័យ​តែង​បាន​សេច​ក្ដី​ចំរើន​ទ្រព្យ​សម្បត្ដិ​ និង យស​សក្ដិ​។ ត្មាត​ទុរ​ទ​សី​ឆ្លើយ​ថា​ «ទេវៈ​! សូម​លោក​ម្ចាស់​ស្ដាប់​៖​»​។
១១៤ - ព្រះ​ភូមិ​បាល​សូម្បី​មិន​មាន​ការ​ចេះ​ដឹង​ ក៏​អាច​ទទួល​សេច​ក្ដី​ចំរើន​យ៉ាង​​អែក​បាន​ ដោយ​ការ​សេព​គប់​អ្នក​ចេះ​ ដឹង​វិជ្ជា​ ប្រៀប​ដូច​ព្រឹក្សា​ដុះ​ក្បែរ​មេ​ទឹក​ដូច្នោះ​។​
១១៥ - ប្រមឹក​សុរា​ ស្រវឹង​ដោយ​នារី​ វក់​ការ​បរ​បាញ់​ លេង​ល្បែង​ភ្នាល់​ រិប​ជាន់​ទ្រព្យ​សម្បត្ដិ​ វាចា​អាក្រក់​ ទណ្ឌ​កម្ម​ ដ៏​អាក្រក់​ទាំង​អស់​នេះ​ជា​សេច​ក្ដី​អន្ដ​រាយ​នៃ​ព្រះ​រាជា​។
១១៦ - អ្នក​នាំ​ដែល​ប្រព្រឹត្ដ​ហៅ​ហាន​តាម​តែ​ទំនើង​ចិត្ដ​ខ្លួន​ រឺ ដែល​ខូច​ចិត្ដ​ក្នុង​ការ​ធ្វើ​នយោ​បាយ​ រមែង​មិន​អាច​ទទួល​ផល​ដ៏​ពិសាល​បាន​ឡើយ​ សេច​ក្ដី​ចំរើ​ន​រមែង​ធ្លាក់​មក​នៅ​លើ​ដៃ​នៃ​បុគ្គល​អ្នក​មាន​នយោ​បាយ​ល្អ​ និង សេច​ក្ដី​ក្លៀវ​ក្លា​ហាន​។

លោក​ម្ចាស់​ឃើញ​កង​ទ័ព​មាន​កំលាំង​ មាន​សេច​ក្ដី​ប្រឹង​ប្រែង​ហើយ​ប្រញាប់​ប្រញាល់​ធ្វើ​ហៅ​ហាន​តែ​ម្យ៉ាង​ អិត​ពិ​ចារ​ណា​មើល​ងាយ​ពាក្យ​ណែ​នាំ​មន្រ្តី​ទាំង​ឡាយ​ ដែល​ដាស់​តឿន​ព្រះ​ស្មា​រតី​ដោយ​ពាក្យ​ជូរ​ចត់​មិន​ជា​ទី​ពេញ​ចិត្ដ​ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ម្ចាស់​ត្រូវ​ទទួល​ផល​នៃ​វិធី​ដើរ​ផ្លូវ​ខុស​នេះ​អែង​ ព្រោះ​ថា​៖​

១១៧ -មន្រ្តី​អាក្រក់​ណា​ដែល​មិន​ធ្វើ​អោយ​ភ្លាត់​ខុស​ក្នុង​ផ្លូវ​នយោ​បាយ​? ជំងឺ​ណា​ដែល​មិន​ចាក់​ដោត​អ្នក​ឈឺ​ដែល​បរិ​ភោគ​អាហារ​មិន​ល្អ​?​ ទ្រព្យ​សម្បត្ដិ​ណា​ដែល​មិន​ធ្វើ​នរ​ជន​អោយ​ឡើង​ចាង​?​ នរ​ជន​ណា​ដែល​ម្រឹត្យុ​មិន​សំលាប់​?  នរ​ជន​ណា​ដែល​ស្រ្ដី​ធ្វើ​អោយ​លុះ​វិស័យ​វា​ ហើយ​មិន​រសាប់​រសល់​ខ្វល់​ខ្វាយ​?​។

១១៨ - សេច​ក្ដី​សោក​សៅ​ទំលាយ​បង់​នូវ​សេច​ក្ដី​រីក​រាយ​ សរ​ទ​កាល​ទំលាយ​បង់​នូវ​សោ​ភា​ក្នុង​រដូវ​ក្ដៅ ​ព្រះ​អាទិត្យ​ទំលាយ​បង់​នូវ​ងងឹត​ ការ​មិន​តប​គុណ​ទំលាយ​បង់​នូវ​សេច​ក្ដី​ល្អ ការ​បាន​អ្វី​មួយ​ជា​ទី​ស្រលាញ់​ទំលាយ​បង់​នូវ​ការ​ខូច​ចិត្ដ​ នយោ​បាយ​​ល្អ​ ទំលាយ​បង់​នូវ​ការ​វិបត្ដិ​ នយោបាយ​មិន​ល្អ​ទំលាយ​បង់​នូវ​សិរី​សួស្ដី​ដែល​ខ្លួន​បាន​ហើយ​។ ព្រោះ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​បាន​ត្រិះ​រិះ​ថាៈ​ «អោ​! ស្ដេច​អង្គ​នេះ​ហីន​ប្រាជ្ញា​ទេ​តើ​! បើ​មិន​មែន​ដូច្នោះ​ទេ​ ធ្វើ​ម្ដេច​នឹង​មិន​បង្អាប់​នូវ​និតិ​សាស្រ្ដ​ គឺ​កថា​របស់​អញ​ដូច​ពន្លី​ព្រះ​ចន្ទ​កំពុង​ភ្លឺ​អោយ​អាប់​អន់​ ដោយ​ពាក្យ​អា​ក្រក់​របស់​លោក​ ដូច​ជា​គប់​ភ្លើង​?​ ព្រោះ​ថា​៖

១១៩ នរ​ជន​ណា​មិន​មាន​ប្រាជ្ញា​ខ្លួន​អែង​ សាស្រ្ដ​វិជ្ជា​នឹង​ធ្វើ​អ្វី​ដល់​នរ​ជន​នោះ​កើត​? នរ​ជន​ខ្វាក់​ភ្នែក​ទាំង​សង​ខាង​ កញ្ចក់​នឹង​ធ្វើ​ប្រយោ​ជន៍​អ្វី​អោយ​ដល់​នរ​ជន​នោះ​​បាន​?​។
ខ្ញុំ​បាន​គិត​ឃើញ​ដូច្នេះ​ហើយ​ បាន​ជា​អង្គុយ​នៅ​ស្ងៀម​។ កាល​នោះ​ស្ដេច​ក្ងោក​ ចិត្រ​ពណ៌​ យក​ម្រាម​ជើង​ទាំង​ពីរ​មក​​ផ្ដុំ​គ្នា​ជា​ទី​គោរព​ហើយ​ពោល​ថា​ «សំលាញ់​ អើយ​! ខ្ញុំ​ខុស​ពិត​មែន​ហើយ​តែ​អីលូវ​នេះ​ ចូរ​សំលាញ់​ប្រាប់​អុបាយ​មក​ ធ្វើ​ម្ដេច​ខ្ញុំ​អាច​នឹង​លើក​ទ័ព​ ដែល​សេស​សល់​ទាំង​ប៉ុន្មាន​អោយ​ត្រលប់​ទៅ​កាន់​ភ្នំ​វិនធ្យា​វិញ​បាន​?​។ ត្មាត​ទុរ​ទសី​រំពឹង​គិត​ថា​ «ដំណើរ​នេះ​ ត្រូវ​តែ​រក​ផ្លូវ​កែ​ខៃ ព្រោះ​ថា​៖

១២០ - បុគ្គល​គប្បី​អត់​សង្កត់​សេច​ក្ដី​ក្រោធ​ចំពោះ​ទេវ​តា​ គ្រូ​ គោ​ព្រះ​រាជា​ ព្រាហ្មណ៍​ កូន​ក្មេង​ ចាស់​ព្រឹទ្ធា​ នឹង​មនុស្ស​ឈឺ​ទាំង​ឡាយ​»​។ លុះ​គិត​ឃើញ​អុបាយ​ ដូច្នេះ​ហើយ​ញញឹម​ៗ​ទើប​ពោល​ថាៈ​ «ទេវៈ​! សូម​លោក​កុំ​ភ័យ​ថ្វី​ សូម​លោក​ធ្វើ​ចិត្ដ​អោយ​ត្រជាក់​ហើយ​ដក​ដង្ហើម​អោយ​ស្រួល​ទៅ​ចុះ​!​ ទេវ​!​ សូម​លោក​ស្ដាប់​ពាក្យ​នេះ​
១២១ - ប្រាជ្ញា​មន្រ្តី គេ​ឃើញ​ច្បាស់​ក្នុង​ពេល​ធ្វើ​ការ​ងារ​ផ្លាស់​ស្ពាន​មេត្រី​ ប្រាជ្ញា​គ្រូ​ពេទ្យ​ គេ​ឃើញ​ច្បាស់​ក្នុង​ពេល​ព្យា​បាល​រោគ​សាំ​និបាតក៍​ (រោគ​កាច​?)​ ព្រោះ​ថា កាល​បើ​កិច្ច​ការ​ប្រ​ព្រឹត្ដ​ទៅ​ដោយ​ល្អ​ហើយ​ នរ​ណា​មួយ​មិន​អួត​ខ្លួន​ ថា​ជា​បណ្ឌិត​?​។

១២២ - ដោយ​ពិត​នរ​ជន​អប្ប​អិត​ប្រាជ្ញា​ សូម្បី​ប្រារព្ធ​ធ្វើ​ការ​តូច​តាច​ តែង​សំដែង​អាការ​ឡេះ​ឡះ​ អែ​អ្នក​មាន​ប្រាជ្ញា​ សូម្បី​ប្រារព្ធ​ធ្វើ​ការ​ធំ​ៗ​នៅ​នឹង​ថ្កល់​ដូច​ថ្ម​ មិន​សំដែង​ អាការ​ឡេះ​ឡះ​ឡើយ​។
ខ្ញុំ​បាទ​​នឹង​​លើក​​កង​ទ័ព​លោក​ម្ចាស់​ យាត្រា​ចេញ​ទៅ​ទំលាយ​បន្ទាយ​សត្រូវ​ក្នុង​ទី​នោះ​ៗ​ អីលូវ​នេះ​ មិន​យូរ​ប៉ុន្មាន​ នឹង​ នាំ​លោក​ម្ចាស់​ត្រលប់​ទៅ​កាន់​ភ្នំ​វិន​ធ្យា​វិញ​ដោយ​កិត្ដិ​យស​ និង​តេជា​នុភាព​ក៏​ខ្ពង់​ខ្ពស់​ក្រៃ​លែង​។ ស្ដេច​ក្ងោក​ចិត្រ​ពណ៌​សួ​រ​ទៀត​ថា​ «ពេល​នេះ ​យើង​នឹង​ទៅ​តស៊ូ​ទៀត​ម្ដេច​កើត​ បើ​កង​ទ័ព​យើង​តិច​ម្ល៉េះ​?​»​។ ​ត្មាត​ទុរ​ទសី​ឆ្លើយ​ដោយ​ អង់​អាច​ថាៈ​ «ទេ​វៈ​! គេ​អាច​នឹង​សំរេច​បាន​គ្រប់​ប្រការ​ ព្រោះ​ថា​ អ្នក​ជា​ញ​ជ័យ​តែង​យក​ការ​ឆាប់​វៃ​ គឺ​មិន​អោយ​ជ្រ​លៀក​ យឺត​យូរ​កន្លង​ពេល​វេលា​ នេះ​ជា​លក្ខណ៍​ក្នុង​ការ​យក​ជ័យ​អោយ​សំរេច​បាន​អិត​សង្ស័យ​ឡើយ​ ព្រោះ​ហេតុ​នេះ​ត្រូវ​យ៉ាង​ឆាប់​រហ័ស​តាំង​ពី​ពេល​នេះ​ទៅ​»​។

កាល​នោះ​អែង​ ក្រសារ​ចារ​បុរស​ដែល​រាជ​ហង្ស​ហិ​រណ្យ​គភ៌​បញ្ជូន​ទៅ​អោយ​ស៊ើប​ការ​ត្រលប់​មក​រាយ​ការ​ប្រាប់​ថា ​«ទេវៈ​! ស្ដេច​ក្ងោក​ចិត្រ​ពណ៌​បង្គាប់​អោយ​លើក​រេហ៍​ពល​បន្ដិច​បន្ដួច​របស់​ខ្លួន​ ដែល​សេស​ស​ល់​អោយ​ចូល​មក​លុក​បន្ទាយ​យើង​ តាម​ពាក្យ​អុប​ទេស​ត្មាត​ទុរ​ទសី​ហើយ​»​។ រាជ​ហង្ស​ហិរណ្យ​គភ៌ សួរ​ថា ​នែសវិជ្ញៈ​! អីលូវ​នេះ​តើ​យើង​ គិត​ធ្វើ​ដូច​ម្ដេច​ហ៎ៈ​?​។ ចាក្រពាក​ឆ្លើយ​តប​ថាៈ​ «ទេវៈ​! សូម​លោក​ម្ចាស់​ពិចារ​ណា​មើល​កង​ពល​យោធា​ណា​មាន​ សារ​យោ​ធាណា​អិត​សារ​ អោយ​ស្គាល់​ច្បាស់​លាស់ លុះ​បាន​ស្គាល់​យោធា​ច្បាស់​ហើយ​សូម​ប្រទាន​ខាន់​ខៅ​មាន​មាស​ប្រាក់​សំពត់​ខោ​អាវ​ជា​ដើម​ តាម​សម​គួរ​ដល់​គុណ​នុ​រូប​ដើម្បី​រក្សា​ទឹក​ចិត្ដ​យោធា​ ព្រោះ​ថា៖​

១២៣ - ព្រះ​រាជា​អង្គ​ណា​ប្រ​មូល​កៀរ​គ​រ​ ទ្រព្យ​សម្បត្ដិ​សូម្បី​មួយ​កា​កិនី (1)​ ដែល​មិន​គួរ​ខ្ជះ​​ខ្ជាយ​ក្នុង​ការ​មិន​គួរ​ចាយ​ ទុក​ស្មើ​ដូច​ជា​ទ្រព្យ​មួយ​ពាន់​និស្កៈ(2)​ (2) ឈ្មោះ​ជាត​រូប​មាន​តំលៃ​ច្រើន​។)​ តែ​ដល់​កាល​គួរ​ហើយ​ ទ្រង់​ត្រូវ​បរិច្ចាគ​ទ្រព្យ​ទាំង​កោដិ​ លក្ស្មី(3) (3)ទ្រព្យ​សំណាង​​សិរិ​)​ មិន​លះ​បង់​នូវសី​ហៈ​ពោល​ គឺ​ព្រះ​រា ​ជា​នោះ​ឡើយ​។
១២៤ - ក្នុង​ការ​ធ្វើ​ពលិក​ម្ម១​ ក្នុង​កាល​ធ្វើ​វិវាហៈ​​១ ក្នុង​កាល​អន្ដរាយ​១ ក្នុង​ការ​កំចាត់​បង់​នូវ​សត្រូវ​១​ ក្នុង​ការ​ដំកើង​ យស​១ ក្នុង​ការ​សង្រ្គោះ​មិត្ដ​១ ក្នុង​ភរិយា​ជា​ទី​ស្រលាញ់​១ ក្នុង​ផៅ​ពង្ស​ដែល​ក្រី​ក្រ​១ វត្ថុ​៨​ប្រការ​នេះ​ អោ​ព្រះ​នរា​ធិប​! លោក​មិន​ហៅ​ ខ្ជះ​ខ្ជាយ​ទ្រព្យ​ទេ​។
១២៥ - សេច​ក្ដី​ពិត​ មនុស្ស​ល្ងង់​ ឈ្មោះ​ថា​ធ្វើ​ទ្រព្យ​ទាំង​អស់​អោយ​វិនាស​ ព្រោះ​ ខ្លាច​ការ​បង់​ខាត​ទ្រព្យ​បន្ដិច​បន្ដួច​ បង់​ពន្ធ​ច្រើន​?​។

រាជ​ហង្ស​សួរ​ឡើង​ថា​ «ការ​ចាយ​វាយ​ម្ល៉ា​ទៅ​ទើប​សម​គួរ​?​ ព្រោះ​លោក​ពោល​ថាៈ​ «បុគ្គល​គប្បី​រក្សា​ទ្រព្យ​ទុក​ដើម្បី​ការ​ពារ​ក្ដី​អន្ដរាយ​» ដូច្នោះ​។ ចាក្រ​ពាក​សវិជ្ញៈ​ ឆ្លើយ​ថា «បុគ្គល​មាន​សិរី​សួស្ដី​តើ​នឹង​កើត​មាន​អន្ដ​រាយ​ពីណា​?​»​។ រាជ​ហង្ស​ហិរណ្យ​គភ៌​ពោល​ថាៈ​ «លក​ស្មី​ ជួន​កាល​ក៏​កំរើក​ញាប់​ញ័រ​ដែរ​»​។ ចាក្រ​ពាក​សវិជ្ញៈ​ឆ្លើយ​កាត់​ថាៈ​ «អែ​ទ្រព្យ​សម្បត្ដិ​ដែល​សន្សំ​ទុក​ហើយ​ក៏​វិនាស​សាបសូន្យ​ដែរ​ បើ​ដូច្នោះ​សូម​លោក​ម្ចាស់​តាំង​ចិត្ដ​លះ​ សេច​ក្ដី​កំណាញ់​ទ្រព្យ​ ចោល​អោយ​ស្រលះ​ទៅ​ ហើយ​ចាយ​វាយ​ទ្រព្យ​សម្បត្ដិ​អោយ​ជាវ​រង្វាន់​ខាន់​ខៅ ​នឹង​ អោយ​យស​សក្ដិ​ដល់​យោធា​​ក្លៀវ​ក្លា​ ដើម្បី​នឹង​អោយ​អ្នក​បំរើ​លោក​ម្ចាស់​បាន​ទទួល​សេច​ក្ដី​ពេញ​ចិត្ដ​ព្រោះ​ថាៈ​

១២៦ - ទាហាន​ និង ម្ចាស់​ស្គាល់​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ មាន​សេច​ក្ដី​រីក​រាយ​មាន​ចិត្ដ​ដាច់​លះ​បង់​ជីវិត​ជា​ពលី​ ជា​អ្នក​មាន​​ត្រកូល​ ជា​អ្នក​គឺ​មេ​ទ័ព​សរ​សើរ​ហើយ​អាច​កំរាប​ពល​ពៃរី​បាន​ដោយ​ប្រ​ពៃ​។
១២៧ - ទាហាន​អ្នក​ច្បាំង​ មាន​វិន័យ​ល្អ​ ព្រម​ព្រៀង​គ្នា​មាន​ទឹក​ចិត្ដ​ដាច់​ខាត​ សុទ្ធ​តែ​ជាវ​រយោធា​ សូម្បី​តែ​៥០០​នាក់​ ក៏​អាច​សំលាប់​ទ័ព​សត្រូវ​មួយ​វហិនី​ (4) បាន​។
១២៨ - ម្ចាស់​ណា​គិត​តែ​ខ្លួន​ម្នាក់​អែង​ អិត​ពិចា​រណា​ កាច​ទ្រ​នង់​មិន​ដឹង​អុប​ការ​គេ​ ម្ចាស់​នោះ​ត្រូវ​អ្នក​បំរើ​ដែល​ប្រ​សើរ​លះ​បង់​ចោល​។
១២៩ - គុណ​សម្បត្ដិ​ដ៏​ប្រសើរ​នៃ​ព្រះ​នរ​បតី​មាន​៤​ ប្រការ​គឺៈ​ ពាក្យ​សត្យ​១ សេច​ក្ដី​អង់​អាច​១​ សេច​ក្ដី​អាណិត​១ និង​ បរិច្ចាគ​ទាន​១​ ព្រះ​មហី​បាល​ខ្វះ​ខាត​គុណ​សម្បត្ដិ​នេះ​ហើយ​ ត្រូវ​បាន​ពាក្យ​គរ​ហា​និន្ទា​ពិត​ប្រាកដ​។ ក្នុង​ហេតុ​ប្រាកដ​ដូច្នេះ​លោក​ម្ចាស់​គួរ​ហៅ​អាមាត្យ​ទាំង​ឡាយ​អោយ​ចូល​មក​ប្រឹក្សា​ ព្រោះ​ថា​៖
១៣០ នរ​ជន​ណា​ប្រតិ​ព័ទ្ធ​នឹង​ជន​ណា ​គប្បី​មាន​ការ​ខ្ពង់​ខ្ពស់​ រឺ ការ​ថោក​ទាប​មួយ​អន្លើ​ដោយ​ជន​នោះ​ នរ​ជន​នោះ​ គួរ​ប្រគល់​ជីវិត​ផង​ ទ្រព្យ​សម្បត្ដិ​ផង​​ ដល់​ជន​នោះ​ដើម្បី​ប្រកប​កិច្ច​ការ​ទាំង​ពួង​។
១៣១ - ព្រះ​រាជា​អង្គ​ណា​ យក​អ្នក​ឆ​បោក​ រឺ​ស្រ្ដី​ ពុំ​នោះ​កូន​ក្មេង​ធ្វើ​ជា​មន្រ្តី​ប្រឹក្សា​ ព្រះ​រាជា​អង្គ​នោះ​ នឹង ត្រូវ​ប៉ើង​ដោយ​ខ្យល់​ គឺ​នយោ​បាយ​មិន​ល្អ​ ហើយ​​នឹង​លិច​លង់​ក្នុង​សមុទ្រ​គឺ​ការ​ងារ​។ មួយ​ទៀត​ សូម​ព្រះ​ទេវ​បាទ​ស្ដាប់​ពាក្យ​នេះ​ត​ទៅ​៖​

១៣២ ព្រះ​រា​ជា​អង្គ​ណា មាន​សេច​ក្ដី​រីក​រាយ​ និង​សេ​ក្ដី​ក្រោធ​ស្មើ​គ្នា​ មាន​សេច​ក្ដី​ត្រេក​អរ​ក្នុង​សាស្រ្ដ​និង​អាថិ​ មាន​ការ​ទំនុក​បំរុង​អាមាត្យ​ អស់​កាល​ជា​និច្ច​ផែន​ដី​ គប្បី​ចំរើន​នូវ​ទ្រព្យ​ចំពោះ​ព្រះ​រាជា​អង្គ​នោះ​។
១៣៣ - ក្នុង​កាល​ណា​ក៏​ដោយ​ ព្រះ​រាជា​មិន​គួរ​គប្បី​មើល​ងាយ​អាមាត្យ​ដែល​ធ្លាប់​ បាន​រុង​រឿង​ និង អាប់​អោន​ជា​មួយ​​ព្រះ​អង្គ ដោយ​យល់​ថា​វា​គ្រាន់​តែ​ជា «អា​មាត្យ​ៗ​» ដូច្នេះ​អោយ​សោះ​។​
១៣៤ - ព្រះ​រាជា​ ងងឹត​ងងល់​ដោយ​ការ​ស្រវឹ​ង​រាជ្យ​ តែង​ធ្លាក់​ផុង​ព្រះ​អង្គ​ទៅ​ក្នុង​កណ្ដាល​ការ​ងារ​ច្របូក​ច្របល់​ ដូច​ជា​ដំរី​ផុង​ជាប់​ផុក​មាន​តែ​មន្រ្តី​ជា​មិត្រ​ពិត​ប្រាកដ​ទេ​ ដែល​លូក​ដៃ​ចូល​ទៅ​ជួយ​ព្រយុង​ស្រង់​ព្រះ​អង្គ​បាន​។

ខណៈ​នោះ​ ក្អែក​មេឃ​ពណ៌​ចូល​ទៅ​ដល់​ លើក​ទស​ករ​ប្រណម្យ​ហើយ​ជំរាប​ថាៈ​ ទេវៈ​! សូម​លោក​មេត្ដា​ប្រោស​ ទស្ស​នា​ការ​អីលូវ​! ស្ដេច​ក្ងោក​ចិត្រ​ពណ៌​ជា​បរ​បក្ស​បរ​ពល​សកល​យោ​ធា​ចូល​មក​ឡោម​ព័ទ្ធ​ប្រជិត​បន្ទាយ​យើង​ហើយ​ បើ​ទេវ​​បាទ មាន​បញ្ជា​បង្គាប់​នោះ​ខ្ញុំ​បាទ ​នឹង ចេញ​ទៅ​អីលូវ​នេះ​ ដើម្បី​តស៊ូ​សំដែង​រិទ្ធ​ថ្វី​ដៃ​ដ៏​ក្លា​ហាន​ អោយ​ឃើញ​ប្រាកដ​ជា​កិច្ច​តប​សង​គុណ​លោក​ម្ចាស់​។ ចាក្រពាក​សវិជ្ញៈ​សែ្រក​កាត់​ ឡើង​ថា ទេ​! ទេ​! ចេញ​ទៅ​មិន​បាន​ទេ​ បើ​យើង​ចេញ​តស៊ូ​ តើ​បន្ទាយ​ជា​ប្រការ​ការ​ពារ​យើង​នេះ​មាន​ប្រយោជន៍​អ្វី​! ព្រោះ​ថា​៖

១៣៥ - ក្រពើ​ ដ៏​កាច​ហៅ​ហាន​ពន្លឹក​ បើ​ចេញ​ផុត​ពី​ទឹក​ហើយ​ក៏​អន់​អំណាច​ សីហៈ​ សូម្បី​សាហាវ​យង់​ឃ្នង​ បើ​ចេញ​ផុត​ពី​ព្រៃ​ហើយ​ដូច​គ្នា​នឹង​សត្វ​ចចក​។ ទេវៈ​! សូម​លោក​ម្ចាស់​ចេញ​ទៅ​ពិនិត្យ​មើល​ អោយ​ឃើញ​ច្បាស់​ហើយ​តស៊ូ​ ដោយ​ខ្លួន​អែង ព្រោះ​ថា​៖​ ១៣៦ - ការ​បរ​ពល​ចូល​ប្រយុទ្ធ​ ព្រះ​រាជា​គប្បី​ទត​ព្រះ​នេត្រ​ត្រួត​ត្រា​មើល​ ហើយ​ពោល​ពាក្យ​លើក​ទឹក​ចិត្ដ​យោធា​ អោយ​ក្លា​ហាន​ អោយ​ចូល​តស៊ូ​ផ្ចាញ់​សត្រូវ​សូម្បី​សុនខ​ កាល​បើ​ម្ចាស់​ឈរ​ពន្យុះ​នៅ​ជិត​ហើយ​ នឹង សំដែង​ខ្លួន​ដូច​ជា​រាជ​សី​ហា​ពិត​ប្រាកដ​មិន​មែន​រឺ​អ្វី​?​។ ។

គ្រា​នោះ ​រាជ​ហង្ស​ហិរណ្យ​គភ៌​បរ​ពល​លើក​ចេញ​ទៅ​តាំង​ទ័ព​នៅ​ទ្វារ​បន្ទាយ​ធ្វើ​សង្រ្គាម​ជា​ញ​ជ័យ​ធំ​សែន​សាហ័ស​។​ លុះ​ព្រឹក​ព្រាង​ឡើង​ ស្ដេច​ក្ងោក​ចិត្រ​ពណ៌​សួរ ទៅ​ត្មាត​ទុរ​ទសី​ថាៈ​ «នែ​លោក​មន្រ្តី​ជា​ទី​ស្រលាញ់​! ចូរ​លោក​ចាត់​ការ តាម​ដែល​បាន​ប្ដេជ្ញា​ទុក​ពី​កាល​មុន​ចុះ​»​។ ត្មាត​ទុរ​ទសី​ឆ្លើយ​តប​ថា​ «ទេវៈ​! សូម​លោក​ម្ចាស់​ស្ដាប់​ ពាក្យ​នេះ​ ៖
១៣៧ - អ្នក​ប្រាជ្ញ​ពោល​ថា​ បន្ទាយ​ដែល​មាន​ក្ដី​អន្ដ​រាយ​ គឺ​បន្ទាយ​មិន​មាំ​ទាំ​តស៊ូ​យូរ​មិន​បាន​ តូច​ពេក​មេ​បញ្ជា​ការ​ល្ងង់​ រឺ គំរក់​ការ​ពារ​មិន​ល្អ ​មាន​តែ​យោធា​កំលាច​។ តែ​ក្នុង​ទី​នេះ​ មិន​ទោស​ដូច្នេះ​ទេ​៖
១៣៨ - ញុះ​ញង់​បំបែក​អោយ​កើត​ក្បត់​១​ ឡោម​ព័ទ្ធ​ទុក​អោយ​បាន​យូរ​១ ចូល​លុក​ចោម​វាយ​១ ក្លា​ហាន​ក្រៃ​លែង​ ទាំង​៤​ប្រការ​នេះ​លោក​ពោល​ថា​ជា​មធ្យោ​បាយ​ សំរាប់​វាយ​បន្ទាយ​បំបែក​។

ក្នុង​ពេល​នេះ​ ត្រូវ​បញ្ចេញ​សេច​ក្ដី​ប្រឹង​ប្រែង​អោយ​អស់​ទំហឹង​តាម​កំលាំង​ដែល​អាច​ធ្វើ​បាន​ និយាយ​ដូច្នេះ​ហើយ​ត្មាត​ទុរ​ទសី​អោន​ទៅ​ខ្សឹប​ជាក់​ជិត​ត្រចៀក​ចិត្រ​ពណ៌​ប្រាប់​ថា យើង​នឹង​ធ្វើ​យ៉ាង​នេះ​។ ព្រឹក​ព្រាង​ ព្រះ​អាទិត្យ​មិន​ទាន់​រះ​ឡើង​កាល​សង្រ្គាម​ដ៏​សាហ័ស​កំពុង​តែ​ប្រយុទ្ធគ្នា​នៅ​ទ្វារ​បន្ទាយ​ទាំង​៤ អែ​ពល​ក្អែក​ទាំង​ឡាយ​ ក៏​យក​ភ្លើង​ទៅ​ដុត​បំផ្លាញ​គេ​ហដ្ឋាន​នៅ​ខាង​ក្នុង​បន្ទាយ​ ខណៈ​នោះ​លឺ​សូរ​សំរែក​គឺ​កង​ រំពង​គ្រប់​ទិស​ទី​ថាៈ​ «បន្ទាយ​បែក​ហើយ​! បន្ទាយ​​​បែក​ហើយ​!​»​។ លុះ​លឺ​សូរ​សំរែក​កោលា​ហល​ដូច្នេះ​ មើល​ទៅ​ឃើញ​ឆេះ​ផុះ​សន្ធោ​សន្ធៅ​សព្វ​កន្លែង​ ស្ដេច​ហង្ស​ហិរណ្យ​គភ៌​ព្រម​ទាំង​រេហ៍​ពល​សកល​យោធា​បណ្ដាល​ដែល​នៅ​ក្នុង​បន្ទាយ​ទាំង​ប៉ុន្មាន​ជ្រួល​ច្របល់​បបួល​គ្នា​ប្រញាប់​ប្រ​ញាល់​រត់​ធ្លាក់​ទឹក​ទាំង​អស់​ ព្រោះ​ថា​៖​

១៤០ - សេវ​ការ​មាត្យ​ រ​ក​ម្ចាស់​ប្រកប​ដោយ​គុណ​ គឺ​មាន​ចិត្ដ​សទ្ធា​ជា​អ្នក​អត់​ធន់​ ស្គាល់​តំលៃ​អា​មាត្យ​បាន​ដោយ​ក្រ​។
ស្ដេច​ហង្ស​ហិរណ្យ​គភ៌​ ឆ្លើយ​តប​ថាៈ​ ពិត​មែន​ហើយ​ តែ​ថា​តាម​ដែល​ខ្ញុំ​ដឹង​សេវ​កា​មាត្យ​ដែល​ទៀង​ត្រង់​វាង​វៃ ​មាន​ភក្ដី​ក៏​ជា​បុគ្គល​រក​បាន​ដោយ​កម្រ​ដែរ​។
ក្រសារ​សេនា​បតី​ពោល​ត​ទៅទៀត​ថាៈ​ ទេវៈ​! ​សូម​លោក​ម្ចាស់​ស្ដាប់​៖
១៤១ - ថា​បើ​បុគ្គល​គេ​ច​រត់​ចេញ​ពី​សង្រ្គាម​ក្នុង​សមរ​ភូមិ​ ហើយ​មិន​ភ័យ​ពី​ក្ដី​ស្លាប់​ទេ​ ដូច្នេះ​ក៏​គួរ​គេច​រត់​ចេញ​ទៅ​ទី​ដទៃ​ដែរ​ តែ​សេក្ដី​ស្លាប់​ជា​ធម៌​ទៀង​សំរាប់​សត្វ​ គ្រប់​នាម​ ហើយ​ហេតុ​អ្វី​ក៏​ត្រូវ​អោយ​កិត្ដិ​យស​របស់​ខ្លួន​ប្រលាក់​​សៅ​ហ្មង​ដោយ​ទទេ​ អិត​ប្រយោ​ជន៍​?​។
១៤២ ពិភព​លោក​នេះ​ មាន​តែ​ការ​បែក​ធ្លាយ​ ដូច​ជា​ការ​ឃ្លេង​ឃ្លោង​នៃ​រលក​ទឹក​ ដែល​ខ្យល់​បោក​បក់​រំលាយ​ហើយ​ការ​លះ​បង់​ជីវិត​ដើម្បី​ប្រយោ​ជន៍​ជន​ដទៃ​ ឈ្មោះ​ថា​ប្រកប​កិច្ច​ការ​ជា​បុណ្យ​។
១៤៣ - ម្ចាស់​ផែន​ដី​១​ អាមាត្យ​១ អាណា​ចក្រ​១ បន្ទាយ​១​ ឃ្លាំង​១​ សែន្យា​នុ​ភាព​១ សម្ពន្ធ​មិត្រ​១​ ពល​រដ្ឋ​១ សង្គម​ប្រជា​ករ​១ ទាំង​អស់​នេះ​ជា​អង្គ​នៃ​រាជ​គឺ​ប្រទេស​ជាតិ​។ ទេវៈ​បើ​ដូច្នេះ​ សូម​លោក​ម្ចាស់​រក្សា​ព្រះ​អង្គ​អោយ​ស្ថិត​ស្ថេរ​ត​ទៅ​ដោយ​ប្រការ​ទាំង​ពួង​ព្រោះ​ថា៖​

១៤៤ - ប្រក្រតីគឺពលរដ្ឋ សូម្បីចំរើនធំប៉ុនណាក៏ដោយ បើព្រះរាជាជាម្ចាស់លះបង់ចោលហើយ មិនស្ថិតស្ថេរនៅបានទេ ដូចធន្វន្រ្ដីជាពេទ្យទេពតា បើនរជនដល់កាលមរណៈហើយនឹងធ្វើអ្វីកើត?។
១៤៥ - កាលបើចមនរជន បិទព្រះនេត្រ(ទិវង្គត)ហើយលោកទាំងមូលក៏បិទភ្នែក (ស្លាប់) ទៅតាមដែរ កាលបើទ្រង់តើន (កើត)ឡើង លោកទាំងមូលក៏កើតឡើងដែរ ដូចផ្កាឈូកកាលព្រះអាទិត្យអស្ដង្គតក៏រោយ កាលព្រះអាទិត្យរះក៏រីកទទួល។

តែ​បណ្ដា​អង្គ​ទាំង​ឡាយ​នេះ​ អង្គ​ធំ​ជា​ប្រធាន​ជាង​គេ​នោះ​គឺ​ព្រះ​រាជា​។ គ្រា​នោះ​អែង​ មាន់​មេ​ទ័ព​ស្ដេច​ចិត្រ​ពណ៌​លុក​ចូល​មក​ដល់​ហើយ​ស្ទុះ​ចូល​ទៅ​ច្រាស​រាជ​ហង្ស​ហិរណ្យ​គភ៌ ដោយ​ខ្នាយ​រឹង​ដ៏​ក្រៃ​លែង​របស់​ខ្លួន​ ខណ​នោះ​ក្រសារ​ សេនា​បតី​រាជ​ហង្ស​ឃើញ​ដូច្នេះ​ស្ទុះ​ភ្លែត​ទៅ​រាំង​យក​ខ្លួន​ការ​ពារ​ស្ដេច​ បើ​ទុក​ជា​មាន់​ចឹក​ដោយ​ចំពុះ​ ស្រួច​ចាក់​ដោយ​ខ្នាយ​មុត​ ដាច់​សាច់​សុះ​សព្វ​ខ្លួន​ឈាម​ហូរ​ល្ហាច​ ក្រសារ​នៅ​តែ​យក​ខ្លួន​ជា​បន្ទាយ​ការ​ពារ​រាជ​ហង្ស​ដរាប​ដល់​ទី​បំផុត​ នាំ​រាជ​ហង្ស​ចុះ​ទឹក​បាន​។ អែ​មាន់​សេនា​បតី​ស្ដេច​ក្ងោក​ ត្រូវ​ក្រសារ​សេនា​បតី​រាជ​ហង្ស​ ចឹក​ដោយ​ចំពុះ​ស្រួច​សំលាប់​បាន​។ ខណៈ​នោះ​ កង​ពល​មាន់​ឃើញ​មេ​ទ័ព​ខ្លួន​ស្លាប់​ដូច្នោះ​ ក៏​បបួល​គ្នា​មក​ទាំង​ហ្វូង​ព្រួត​គ្នា​ចោម​ចឹក​ចោម​ ចាក់​ក្រសារ​ជា​សេនាបតី​នៃ​រាជ​ហង្ស​ គ្រាំ​គ្រា​ដល់​កាល​មរណៈ​ទៅ​ហោង​។ អែ​ស្ដេច​ក្ងោក​ចិត្រ​ពណ៌​ចូល​ទៅ​ក្នុង​ បន្ទាយ​​បាន​បង្គាប់​យោធា​អោយ​រិប​យក​ទ្រព្យ​សម្បត្ដិ​ដែល​សេស​សល់​នៅ​ក្នុង​បន្ទាយ​ទាំង​ប៉ុន្មាន​ ហើយ​លើក​រេហ៍​ពល​សកល​យោ​ធាត្រ​លប់​ទៅ​កាន់​បន្ទាយ​ខ្លួន​វិញ​ លឺ​តែ​សូរ​ស័ព្ទែ​ស្រែក​ហ៊ោ​សរ​សើរ​អោយ​ពរ​ជ័យ​ថាៈ​ ជយោ​!  ជយោ​! គឹក​កង​រំពង​ទូរ​ទ័រ​ផែន​ដី។​

ព្រះ​រាជ​កុមារ​ទាំង​ឡាយ​ត្រាស់​ឡើង​ថាៈ​ «ក្នុង​កង​ទ័ព​ស្ដេច​ហង្ស​ហិ​រណ្យ​គភ៌ ក្រសារ​ជា​បុគ្គល​គួរ​បាន​ពាក្យ​សរ​សើរ​ថា​ ជា​អ្នក​មាន​ចិត្ដ​បុណ្យ​ ព្រោះ​បាន​យក​ខ្លួន​ការ​ពារ​ស្ដេច​ថ្វាយ​ជា​រាជ​ពលី​ ព្រោះ​ថាៈ​
១៤៦ - មេ​គោ​សំរាល​កូន​គោ​ សុទ្ធ​សឹង​តែ​មាន​ទ្រង់​ទ្រាយ​ដូច​មេគោ​ ដោយ​ច្រើន​ រី មេ​គោ​បង្កើត​កូន​បាន​ជា​ម្ចាស់​​គោ (គោ​អុសក​) មាន​ស្នែង​ស្ងើន​ដល់​ដង​ខ្លួន​ កម្រ​មាន​ណាស់​! ។
មហា​បណ្ឌិត​វិស្ណុ​សម៌ន​ពោល​ថែម​ទៀត​ថាៈ​ «សូម​អោយ​ក្រសារ​ជា​សេនា​បតី​ ជា​មហា​សត្វ​មាន​ចិត្ដ​ប្រសើរ​បាន​ទៅ​កើត​ក្នុង​សុគ​តិ​លោក​ ដោយ​គុណ​សម្បត្ដិ​ប្រសើរ​របស់​លោក​ ហើយ​អោយ​បាន​ចោម​រោម​ហែ​ហម​ដោយ​វិទ្យា​ធរី​ សោយ​សេច​ក្ដី​សុខ​ក្នុង​ឋាន​សួគ៍​និរន្ដ​រ៍ទៅ​ហោង​ ព្រោះ​ថា​៖

១៤៧ - នរជន​ណា ក្លៀវ​ក្លា​ហាន​ លះ​បង់​ជីវិត​ ដើម្បី​ម្ចាស់​ក្នុង​សង្រ្គាម​ មាន​ភក្ដី​ចំពោះ​អ្នក​ចិញ្ចឹម​ ជា​បុគ្គល​កតញ្ញូ នរ​ជន​នោះ​ទៅ​កាន់​ឋាន​សួគ៌​។
១៤៨ - វីរ​បុរស​ជាតិ​អ្នក​ច្បាំង​ ដែល​សត្រូវ​ឡោម​ព័ទ្ធ​ជាប់​ហើយ​ គេ​បំណង​ប្រហារ​ជីវិត​បង់​ក្នុង​ទី​ណា​ក៏​ដោយ​មិន​​តក់​ស្លុត​លះ​បង់​ឋានៈ​ជា​កូន​ប្រុស​ នឹង​បាន​ដល់​អមរ​លោក​។

អីលូវ​នេះ​ ទ្រង់​ទាំង​ឡាយ​បាន​ស្ដេច​ព្រះ​សណ្ដាប់​រឿង​សង្រ្គាម​ចប់​ហើយ​។ ព្រះ​រាជ​កុមារ​ទាំង​ឡាយ​ក៏​ថ្លែង​ព្រះ​បន្ទូល​ គ្រប់​ព្រះ​អង្គ​តប​វិញ​ថាៈ​ «យើង​គ្រប់​គ្នា មាន​សេច​ក្ដី​ត្រេក​អរ​ក្រៃ​លែង​ ដោយ​បាន​ស្ដាប់​រឿង​នេះ​»​។ មហា​បណ្ឌិត​ វិស្ណុ​សម៌ន​ក្រាប​ទូល​ត​ទៅ​ថា​ «សូម​ទ្រង់​ទាំង​ឡាយ​ព្រះ​សណ្ដាប់​ ស្លោក​ទី​បំផុត​នេះ​ថែម​ទៀត​៖
១៤៩ - សូម​ព្រះ​រាជ​កុមារ​ទាំង​ឡាយ​ កុំ​បាន​ជួប​ប្រទះ​សឹក​សង្រ្គាម​ដែល​ប្រកប​ដោយ​ពល​ដំរី​ សេះ​ និង​យោធា​ទាំង​ឡាយ​ដូច្នេះ​ឡើយ​ សូម​អោយ​អរិន្ទ​រាជ​ពួក​បច្ចា​មិត្រ​បាក់​បប​ខ្លប​ខ្លាច​បារ​មី​ដោយ​គ្រាន់​តែ​ខ្យល់​ គឺ ព្រះ​រាជ​នយោ​បាយ​ ហើយ​រត់​ខ្ចាត់​ខ្ចាយ​ទៅ​ពួន​លាក់​ខ្លួន​នៅ​នា​ព្រៃ​ភ្នំ​ក្រំ​ថ្ម​វិនាស​គ្រប់​កាល​វេលា​ទៅ​ហោង​។​ កថា​សង្រ្គោះទី៣ ឈ្មោះ​សង្រ្គាម​ ដែល​មាន​ក្នុង​ហិតោ​បទេស​ចប់​តែ​ប៉ុណ្ណេះ​។

ស្រីហិតោបទេសភាគ៣ ចប់ប៉ុណ្ណេះ

(1)ឈ្មោះ​ជាត​រូប​សំរាប់​ចាយ​មាន​តំលៃ​តិច​។
(2) ឈ្មោះ​ជាត​រូប​មាន​តំលៃ​ច្រើន​។
(3)ទ្រព្យ​ សំណាង​​ សិរី។ល។
(4)កង​ទ័ព​ដែល​មាន​ដំរី​៨១​ រថ​៨១​ ទាហាន​សេះ​២៤៣​ ពល​ថ្មើរ​ជើង​៤០៥​នាក់​។