ថ្ងៃសៅរ៍ ទី14.តុលា 2017.ម៉ោង 8:38
រឿងស្ដេចសូទ្រកៈនិងអាមាត្យវីរវរៈ

កាល​ពី​មុន​នោះ​ យើង​ទៅ​អាស្រ័យ​នៅ​ហែល​លេង​ក្នុង​ស្រះ​មួយ​នៃ​ព្រះ​បាទ​សូទ្រក​ ដោយ​មាន​ចិត្ដ​ប្រតិ​ព័ទ្ធ​ចំពោះ​ នាង​ហង្ស​ឈ្មោះ​កបូរ​មញ្ជរី​ ជា​កូន​ហង្ស​ឈ្មោះ​កបូរ​កេលី​។ ថ្ងៃ​មួយ​ មាន​ទាហាន​ម្នាក់​ឈ្មោះ​វីរ​វរៈ​ ជា​បុត្រ​ស្ដេច​ និង គេ​ដែរ​ គេ​ទើប​មក​ពី​បរ​ទេស​ ចង់​ចូល​ទៅ​ក្រាប​បង្គំ​គាល់​ព្រះ​បាទ​សូទ្រកៈ​។ វីរវរៈ​ ទៅ​ជួប​នឹង​ទ្វារ​បាល​ សុំ​ចូល​ទៅ​ក្រាប​បង្គំ​គាល់​ព្រះ​រាជា​ និយាយ​ប្រាប់​ទ្វារ​បាល​ថា​ «ខ្ញុំ​បាទ​ជា​ទាហាន​ជា​អ្នក​ចំបាំង​ ខ្ញុំ​មាន​បំណង​ចង់​ធ្វើ​ជា​ខ្ញុំ​រាជ​ការ​ថ្វាយ​ព្រះ​រាជា​ សូម​លោក​មេត្ដា​នាំ​ខ្ញុំ​ចូល​ទៅ​ក្រាប​បង្គំ​គាល់​ព្រះ​អង្គ​»​ ទ្វារ​បាល​នាំ​វិរវរៈ​ចូល​ទៅ​គាល់​ ​វិរ​វរៈ​ក្រាប​បង្គំ​ប្រ​ណម្យ​ហត្ថ​ហើយ​ក្រាប​ទូល​ថាៈ​ «ទេវៈ​! សូម​ទ្រង់​មេត្ដា​ប្រោស​ បើ​ព្រះ​ករុណា​យល់​ឃើញ​មាន​ប្រយោ​ជន៍​ សូម​មេត្ដា​ប្រោស​ទទួល​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ធ្វើ​សេវ​កាមាត្យ​ ហើយ​សូម​ទ្រង់​ព្រះ​មេត្ដា​ប្រទាន​រង្វន់​លាង​​ជីវិត​»​។

ព្រះ​​បាទ​​សូទ្រកៈ​​ត្រាស់​សួរ​ថា «អែង​ចង់​បាន​រង្វាន់​ជា​ប្រាក់​ប៉ុន្មាន​?​»​។ វីរ​វរៈ​ទូល​ស្នង​តប​ទៅ​វិញ​ថាៈ​ «​ក្នុង​មួយ​ថ្ងៃ​ចំនួន​ ៥០០​សុវណ៌ៈ​»​។ ព្រះ​បាទ​សូទ្រកៈ​ត្រាស់​សួរ​ថា ​«អែង​បាន​អ្វី​ជា​គ្រឿង​ការ​ពារ​?​»​។ វិរ​វរៈ ក្រាប​ទូល​ថាៈ ​«សូម​ព្រះ​មេត្ដា​ប្រោស​ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​មាន​ដៃ​ពីរ​ និង ដាវ​មួយ​ជា​គំរប់​បី​»​។ ព្រះ​បាទ​សូទ្រកៈ​លុះ​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​ត្រាស់​ដោយ​ចំលែក​ ព្រះ​ទ័យ​ថាៈ​ «ទេ​! ទេ​! មិន​កើត​ទេ​!​ »។ វិរ​វរៈ​ទទួល​ព្រះ​រាជ​អោង្ការ​ហើយ​ អៀន​អន់​ចិត្ដ​ក្រាប​បង្គំ​លា​វិល​ត្រលប់​​វិញ​។

កាល​នោះ​អាមាត្យ​ជា​ទី​ប្រឹក្សា​ព្រះ​អង្គ​ទូល​ស្នើ​ថាៈ​ «ទេវ​សូម​ទ្រង់​ព្រះ​មេត្ដា​ប្រោស​ប្រទាន​ល្បង​មើល​បាន​ ៤ថ្ងៃ​សិន​ ដើម្បី​ពិនិត្យ​លក្ខណៈ​និស្ស័យ​វា​អោយ​ឃើញ​ច្បាស់​ថា​ វា​មាន​គុណ​សម្បត្ដិ​សម​ទទួល​រង្វាន់​ថ្លៃ​ឈ្នួល​ប៉ុណ្ណោះ​ រឺ មិន​សម​ទទួល​ទេ​ ខណះ​នោះ​ព្រះ​បាទ​សូទ្រក​ទ្រង់​ត្រាស់​ហៅ​វិរវរៈ​មក​វិញ​ តាម​ពាក្យ​ស្នើ​ណែ​នាំ​អា​មាត្យ​ទី​ប្រឹក្សា​ព្រះ​អង្គ​ ហើយ​ទ្រង់​ប្រោស​ប្រទាន​ម្លូ​(1) និង​ថ្លៃ​ឈ្នួល​ ៥០០ សុវណ៌ៈ តាម​កំណត់​។​

តាំង​​ពី​កាល​នោះ​ទ្រង់​តែង​សង្កេត​មើល​ការ​ចាយ​វាយ​នៃ​ វិរ​វរៈ​នោះ​រឿយ​ៗ ទ្រង់​បាន​ជ្រាប​ថាៈ​ វីរ​វរៈ​បែង​ចែក​ថ្លៃ​ឈ្នួល​ខ្លះ​ សំរាប់​ធ្វើ​ពលិ​ការ​ ថ្វាយ​ទេវ​តា​ និង បូជា​ព្រាហ្ម​ណ៍​ខ្លះ សំរាប់​ជួយ​ដល់​អ្នក​ដែល​មាន​ទុក្ខ​លំបាក​នៅ​សល់​ខ្លះ​សំ​រាប់​ការ​ចិញ្ចឹម​ជីវិត​ និង ការ​កំសាន្ដ​របស់​ខ្លួន​។ វីរ​វរៈ​ប្រិតិ​បត្ដិ​នាទី​ខ្លួន​យ៉ាង​នេះ​ជា​និច្ច​និរន្ដរ៍​ ចូល​ទៅ​រក្សា​ទ្វារ​ ព្រះ​រាជ​វាំង​ កាន់​ដាវ​ជាប់​នៅ​ដៃ​អិត​ធេ្វស​ប្រ​ហែស​ កាល​ណា​បើ​ព្រះ​រាជា​មាន​ព្រះ​រាជ​អោង្ការ​អនុញ្ញាត​ កាល​នោះ​ ទើប​ហ៊ាន​ត្រលប់​ទៅ​កាន់​ទី​លំ​នៅ​ខ្លួន​វិញ​។

យប់​មួយ​ ពេល​ពាក់​កណ្ដាល​អធ្រាត​ថ្លៃ​១៤​ រោច​ង​ងឹត​សូន្យ​ឈឹង​ ព្រះ​រាជា​ទ្រង់​​ព្រះ​សណ្ដាប់​សំលេង​យំ​ល​លួង​ក្រលួច​គួរ​អោយ​អាណិត​ ទើប​ទ្រង់​មាន​ព្រះ​តំរាស់​ត្រាស់​សួរ​ថាៈ ​«អ្នក​ណា​នៅ​ចាំ​ទ្វារ​នេះ​?​» វីរ​វរៈ​ លុះ​លឺ​ព្រះ​តំរាស់​ ត្រាស់​សួរ​ហើយ​ ក្រាប​បង្គំ​ទូល​តប​ភ្លាម​ថា​ «ទេវៈ​! សូម​ទ្រង់​ព្រះ​មេត្ដា​ប្រោស​ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​វីរ​វរៈ​»​ ព្រះ​បាទ​សូទ្រកៈ​ត្រាស់​បង្គាប់​ថាៈ​ «អែង​ទៅ​មើល​! ​អ្នក​ណា​យំ​អ្វី​ហ្នឹង​»​។ វីរ​វរៈ​ទទួល​ព្រះ​រាជ​អោង្ការ​ថាៈ​ «ទេ​វៈ​!សូម​តេជៈ​ដំ​កល់​លើ​ត្បូង​!»​។ ហើយ​ចេញ​ទៅ​ភ្លាម​ៗ​ ព្រះ​រាជា​កាល​ត្រាស់​បង្គាប់​អោយ​វីរ​វរៈ​ចេញ​ទៅ​ហើយ​ ទ្រង់​មាន​ព្រះបរ​វិតក្ក​ថាៈ​ «យី ​អាត្មា​អញ​​ប្រើ​វីរ​វរៈ​នេះ​ជា​រាជ​បុត្រ​ផង​អោយ​ចេញ​ទៅ​តែ​ម្នាក់​អែង​ទាំង​ងងឹត​សូន្យ​​សុង​ស្ទើរ​តែ​ចាក់​ភ្នែក​​មិន​យល់​ បើ​ដូច្នោះ​គួរ​តែ​អាត្មា​អញ​ចេញ​ទៅ​ដើម្បី​អោយ​ដឹង​សេច​ក្ដី​នោះ​ ដោយ​ខ្លួន​អែង​ផង​» ​ទ្រង់​ព្រះ​ចិន្ដា​ហើយ​ ព្រះ​ហស្ដ​ចាប់​ព្រះ​ខ័ន​ស្ដេច​ចេញ​ពី​រាជ​និវេ​សន៍​ទៅ​ខាង​ក្រៅ​តំរង់​ទៅ​កន្លែង​ដែល​លឺ​សូរ​យំ​នោះ​។ វីរ​វរៈ​ចេញ​ទៅ​មុន​ទៅ​ឃើញ​ស្រី​ម្នាក់​មាន​រូប​ឆោម​ល្អ​កំពុង​ពេញ​វ័យ​ ប្រ​ដាប់​តុប​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដ៏​វិចិត្រ​ កំពុង​តែ​យំ​សោក​ក្សឹក​ក្សួល​ ក៏​សួរ​ទៅ​ថាៈ​ «ម្នាល​នាង​! នាង​ជា​ស្រី​អ្វី​? ហេតុ​ដូច​ម្ដេច​ក៏​នាង​យំ​សោយ​សោក​ដូ​ច្នេះ​ ស្រី​នោះ​ ឆ្លើយ​តប​វិញ​ថាៈ​ «ខ្ញុំ​នេះ​ជា​រាជ​លក្ម្សី​ ជា​ទេវី​ប្រ​ចាំ​សេច​ក្ដី​ចំរើន​ព្រះ​បាទ​សូទ្រកៈ​អង្គ​នេះ​ ខ្ញុំ​បាន​អា​ស្រ័យ​នៅ​ក្រោម​ម្លប់​ព្រះ​ឆាយា​នៃ​ព្រះ​ពាហុ​ព្រះ​អង្គ​សុខ​សប្បាយ​មក​យូរ​ហើយ​ តែ​នៅ​បី​ថ្ងៃ​ទៀត​ ត​ពី​ថ្ងៃ​នេះ​ទៅ​ព្រះ​រាជា​ទ្រង់​នឹង​ដល់​ នូវ​បញ្ច​ភាព​​ក្ស័យ​ព្រះ​ជន្ម​ហើយ​ ខ្ញុំ​ជា​មនុស្ស​អិត​ទី​ពឹង​នឹង​នៅ​ត​ទៅ​ទៀត​មិន​បាន​ ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ទួញ​​យំ»​។ វីរ​វរៈ​ សួរ​ត​ទៅ​ទៀត​ថាៈ​ «បពិត​ព្រះ​នាង​លក្ស្មី​!.​ ធ្វើ​ដូច​ម្ដេច​ទើប​ព្រះ​នាង​ជា​ ភគវ​តី​អាច​នៅ​ត​ទៅ​ទៀត​បាន​ ?​»​។​ នាង​រាជ​លក្ស្មី តប​ថាៈ​ «បើ​អ្នក​អាច​សំលាប់​សក្ដិ​ធរ​ជា​កូន​អ្នក​ដ៏​ប្រកប​ដោយ​មហា​បុរិស​លក្ខ​ណៈ​ ៣២​ប្រការ​ នេះ​ចេញ​ ដោយ​ដៃ​ខ្លួន​អែង​បូជា​ជា​ពលី​កម្ម​ដល់​ព្រះ​សវិ​មង្គលា​ (ព្រះ​នាង​ទុគ៌ា​ សក្ដិ​ព្រះ​អីសូរ​) ព្រះ​រាជា​ម្ចាស់​ផែន​ដី​ ស្ដេច​ក៏​នឹង​មាន​ព្រះ​ជន្ម​នៅ​បាន​ដល់​រយ​វស្សា​ អែ​ខ្លួន​ខ្ញុំ​នឹង​បាន​អាស្រ័យ​នៅ​ជា​សុខ​ត​ទៅ​ផង​» និយាយ​ដូច្នេះ​ហើយ​ព្រះ​ នាង​រាជ​លក្ស្មី​អ​ន្ដរ​ធាន​បាត់​ទៅ​ក្នុង​កាល​នោះ​អែង​។ លំដាប់​នោះ​ វីរ​វរៈ​លុះ​បាន​ស្ដាប់​ពាក្យ​ព្រះ​នាង​រាជ​លក្ស្មី​សព្វ​ គ្រប់​ហើយ​ មាន​ចិត្ដ​ត្រេក​អរ​ណាស់​ត្រ​លប់​ទៅ​ផ្ទះ​ខ្លួន​វិញ​ ទៅ​ដល់​ដាស់​កូន​ប្រពន្ធ​ដែល​កំពុង​ដេក​លក់​ស្និទ្ធ​ អោយ​ក្រោក​ឡើង​អង្គុយ​ហើយ​និយាយ​រៀប​រាប់​រឿង​រ៉ាវ​ ដែល​ព្រះ​នាង​លក្ស្មី​ប្រាប់​ អោយ​ស្ដាប់​សព្វ​អាថិ​សេច​ក្ដី​។ សក្ដិ ធរ​ជា​កូន​បាន​ស្ដាប់​សេច​ក្ដី​រហូត​ដល់​ចប់​ ក៏​មាន​ចិត្ដ​រីក​រាយ​ និយាយ​ដោយ​ទឹក​មុខ​ស្រស់​ញញឹម​ថាៈ​ «លោក​អូវ​ពុក​! ហេតុ​អ្វី​លោក​អូវ​ពុក​ ពន្យា​ពេល​អោយ​យឺត​យូរ​ដល់​ម្លេះ​! ព្រោះ​អំពើ​ប្រសើរ​បែប​នេះ​ មិន​ត្រូវ​គិត​ពេល​ណា​ៗ​ទេ​។ ការ​លះ​ប​​ង់​អត្ដ​ភាព​ខ្លួន​ទៅ​ក្នុង​កិច្ច​ស្នង​ព្រះ​ករុ​ណា​ទិ​គុណ​នេះ​ជា​អំពើ​ដ៏​ប្រ​សើរ​ក្រៃ​លែង​ ព្រោះ​ថា​៖

 ១០០ - អ្នក​ប្រាជ្ញ​គប្បី​លះ​បង់​នូវ​ទ្រព្យ​ផង​ នូវ​ជីវិត​ផង​ដើម្បី​ជា​ប្រយោ​ជន៍​ដល់​ជន​ដទៃ​ ថា​បើ​សេច​ក្ដី​ស្លាប់​ជា​ធម៌​ទៀង​​គួរ​លះ​បង់​អត្ដ​ភាព​ខ្លួន​ទើប​ប្រ​សើរ​។
មាតា​សក្ដិ​ធរ​និយាយ​បណ្ដោយ​ដោយ​សប្បាយ​ចិត្ដ​ថា​ «ស្វាមី​! បើ​មិន​គិត​ធ្វើ​ការ​នេះ​ជា​ប្រយោ​ជន៍​ដល់​ព្រះ​រាជា ​ជា​ម្ចាស់​យើង​ទេ​ តើ​ត្រូវ​ធ្វើ​អ្វី​ដទៃ​ពី​នេះ​វិញ​ ដើម្បី​តប​ស្នង​ព្រះ​ក​រុណា​ទិ​គុណ​អោយ​សម​តាម​ដំណើរ​ដែល​ទ្រង់​បាន​ប្រ​ទាន​ព្រះ​រាជ​ទ្រព្យ​ និង វត្ថុ​ខ្ពង់​ខ្ពស់​នោះ​?​។ ជន​ទាំង​៣​នាក់​ប្រឹក្សា​ព្រម​ព្រៀង​គ្នា​ ដោយ​ក្ដី​រីក​រាយ​ស្មោះ​ចំពោះ​ដូច្នេះ​ហើយ​ ក៏​បបួល​គ្នា​ទាំង​៣​នាក់ដើរទៅ​កាន់​ទេវ​ស្ថាន​ ព្រះ​នាង​សវិ​មង្គលា​ ទៅ​ដល់​ហើយ​ វីរ​វរៈ​ដាក់​ខ្លួន​ចុះ​លើក​ទស​ករ​ប្រ​ណម្យ​ដោយ​គោរព​ទើប​ពោល​ថា​ «បពិត​ព្រះ​នាង​មេត្ដា​ប្រោស​ សូម​ព្រះ​មហា​រាជ​ព្រះ​បាទ​សូទ្រក​ជា​ម្ចាស់​យើង​ទ្រង់​​មាន​ជ័យ​ជំនះ​ឈ្នះ​អស់​មារ​សត្រូវ​ សូម​ព្រះ​នាង​ទទួល​ទេវ​ពលី​នេះ​»​ ពោល​ហើយ​ក៏​កាត់​ក​សក្ដិ​ធរ​ជា​កូន​មួយ​រំពេច​នោះ​ជា​គ្រឿ​ងពលី​។ ក្រោយ​ពី​ហេតុ​ភេទ​នេះ​ វីរ​វរៈ​រំពឹង​គិត​ថា​ «អាត្មា​អញ​បាន​ធ្វើ​អំពើ​ដ៏​ប្រសើរ​ តប​ស្នង​ព្រះ​ករុណា​ទិ​គុណ​ព្រះ​មហាក្ស​ត្រីយ៍​ធួន​​ល្មម​ដល់​រង្វាន់​រាល់​ខែ​ ដែល​ទ្រង់​ប្រទាន​​អោយ​អាត្មា​អញ​ហើយ​ ពេល​នេះ​បុត្រា​អាត្មា​អញ​ក៏​អស់​ជីវិត​ទៅ​ហើយ​ ជីវិត​អាត្មា​អញ​រស់​នៅ​ក៏​ជា​ការ​ធ្ងន់​អិត​អំ​ពើ»​ គិត​​ហើយ​​គិត​ទៀត​ឃើញ​ថា​ នឹង រស់​ត​ទៅ​ទៀត​មិន​សម​ ក៏​កាត់​ក​ខ្លួន​ស្លាប់​ទៀត​។ អែ​ភរិយា​ក៏​មាន​សេច​ក្ដី​សោក​ស្ដាយ​ក្នុង​រឿង​ស្វាមី​ និង កូន​មិន​តិច​ ទើប​សំលាប់​ខ្លួន​ទៅ​តាម​ស្វាមី​និង​កូន​នោះ​ថែម​ទៀត​។ ព្រះ​បាទ​សូទ្រក​ទ្រង់​ប្រថាប់​នៅ​ក្បែរ​ទី​ស្ថាន​នោះ​ដែរ​ ទ្រង់​បាន​សណ្ដាប់​ទ្រង់​បាន​ទត​ព្រះ​នេត្រ​ប្រ​ព្រិត្ដិ​ហេតុ​តាំង​ពី​ដើម​ដល់​ចុង​រហូត​តក់​ស្លុត​រន្ធត់​ព្រះ​ទ័យ ទ្រង់​រំពឹង​គិត​ថា​៖

១០២ - អ្នក​មាន​ចិត្ដ​អាណិត​តែង​ពោល​ពាក្យ​ជា​ទី​គាប់​ចិត្ដ​ អ្នក​ក្លៀវ​ក្លា​តែង​មិន​ពោល​អួត​ខ្លួន​ អ្នក​អោយ​ទាន​តែង​​អោយ​ទាន​មិន​រើស​មុខ​ អ្នក​មាន​ប្រាជ្ញា​ប្រតិ​ភាណ​តែង​មិន​កោង​កាច​ នេះ​ជា​លក្ខណៈ​មហា​បុរស​ មាន​នៅ​ក្នុង​រូប​វិរ​វរៈ​ទាំង​អស់​។
ព្រឹក​ថ្ងៃ​មួយ ព្រះ​បាទ​សូទ្រកៈ​ទ្រង់​ត្រាស់​បង្គាប់​អោយ​ប្រជុំ​សភា​ជាន់​ខ្ពស់​ ហើយ​ទ្រង់​ ប្រកាស​ប្រ​ព្រឹត្ដិ​ការ​ណ៍​ដែល​មាន​ក្នុង​យប់​នោះ​ទាំង​អស់​ ទើប​ទ្រង់​ប្រទាន​ប្រទេស​កណ៌ា​ដកៈ​អោយ​វិរ​វរៈ​គ្រប់​គ្រង​ ដោយ​ទ្រង់​មាន​សេច​ក្ដី​ពេញ​ព្រះ​ទ័យ​ខ្លាំង​។ រាជ​ហង្ស​ហិរណ្យគភ៌ និយាយ​បញ្ជាក់​ថែម​ទៀត​ថា​ «បើ​ដូច្នេះ​ ថ្វី​បើ​គ្រាន់​តែ​ជា​អាគន្ដុក​ សុទ្ធ​តែ​ជា​សត្រូវ​ទាំង​អស់​ទៅ​រឺ​? ក្នុង​ពួក​ជន​ជា​អាគន្ដុក​ទាំង​អស់​ តែង​មាន​ខ្លះ​ល្អ មាន​ខ្លះ​អាក្រក់​ មាន​ខ្លះ​ទៀត​តាំង​ ​នៅ​កណ្ដាល​ ដូចគ្នា​នឹង​អ្នក​នៅ​ក្នុង​ស្រុក​ដែរ​»​។ ចាក្រ​ពាក​សវិជ្ញៈ​ពោល​សុភាសិត​ត​ទៅ​ថា​៖

១០៣ - នរជន​ណា​ណែ​នាំ​ព្រះ​រាជា​ក្នុង​ការ​មិន​គួរ​ធ្វើ​ ថា​ជា​ការ​គួរ​ធ្វើ ​ដើម្បី​បំពេញ​ព្រះ​ទ័យ​ព្រះ​នរបតី​ នរ​ជន​នោះ​សម​ធ្វើ​ជា​មន្រ្ដី​រឺ​ទេ​?​ ការ​ធ្វើ​អោយ​លំបាក​ព្រះ​ទ័យ​ម្ចាស់​ប្រសើរ​ជាង​ការ​ធ្វើ​អោយ​ម្ចាស់​វិនាស​ ព្រោះ​ការ​នេះ​គ្រាន់​តែ​ជា​កិច្ច​មិន​គួរ​ប៉ុណ្ណោះ​ទេ​។
១០៤ - ព្រះ​រាជា​អង្គ​ណា​មាន​ពេទ្យ​ រាជ​គ្រូ និង​មន្រ្ដី​សុទ្ធ​តែ​ជា​អ្នក​បញ្ជោរ​ ព្រះ​រាជា​អង្គ​នោះ​ នឹង​ស្គម​ព្រះ​សរី​រៈ​ថយ​ គុណ​ធម៌​ និង​អន្ដ​រាយ​ឃ្លាំង​ដោយ​ឆាប់​រហ័ស​។
សូម​ព្រះ​ករុណា​មេត្ដា​ប្រោស​ទ្រង់​ព្រះ​សណ្ដាប់​!
១០៥ - ទ្រព្យ​ណា​ដែល​ត្រូវ​បាន​ដោយ​បុណ្យ​ ទ្រព្យ​នោះ​យើង​គប្បី​គួរ​ចង់​បាន​ ជាង​កោ​រ​សក់​ម្នាក់​ជា​អ្នក​ចង់​បាន​ទ្រព្យ​ សំលាប់​យាចក​ព្រោះ​ល្មោភ​លោភ​លន់​ពន់​ប្រមាណ​ក៏​ត្រូវ​ស្លាប់​ខ្លួន​វិញ​។ រាជហង្ស​ហិរណ្យ​គភ៌ សួរ​រឿង​នោះ​ថាៈ «ចុះ​រឿង​នោះ​តើ​ដូចម្ដេច​?​» ចាក្រ​ពាក សវិជ្ញៈ​រៀប​រាប់​រឿង​នោះ ដូច​សេច​ក្ដី​ទៅ​ថា​៖​

តទៅកថាទី១០

(1) ហិ​តោ​ប​ទេស​សេច​ក្ដី​ជា​ភាសា​បារាំង​នៃ​លោក​ឡង់​សឺរូ​ និង ជា​ភាសា​សៀម​នៃ​លោក​នាគ​ប្រទីប​មាន​គាថា​ដូច្នេះ​ ម្លូ​ មាន​រស​ហើរ​ ល្វីង​ ក្ដៅ​ ផ្អែម​ កាត់​មាត់​ប្រហើរ​ រំងាប់​ខ្លិន​ខ្យល់​អា​ក្រក់​កាត់​ស្លេស​ រំងាប់​សត្វ​ល្អិត​ កំចាត់​ខ្លិន​ល្អុយ​ ប្រដាប់​មាត់​អោយ​ល្អ​ ជំរះ​មន្ទិល​មាត់​ និង​ធ្វើ​កាម​រោគ​អោយ​កើត​ សំលាញ់​អើយ​ នេះ​សព្វ​គុណ​ម្លូ​ ១៣​ប្រការ​ សូម្បី​ក្នុង​ស្ថាន​សួគ៌​ក៏​បាន​ដោយ​ក្រ​