ថ្ងៃសៅរ៍ ទី7.តុលា 2017.ម៉ោង 8:25
រឿងចចកនីលពណ៌.កថា៨

មាន​ចចក​មួយ​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ ហើយ​ដើរ​ស្វេះ​ស្វែង​រក​ចំណី​អាហារ​តាម​ទំនើង​ចិត្ដ​ ដើរ​ទៅ​ៗ​ដល់​ជាយ​ក្រុង​មួយ​មិន​ដឹង​ជា​មាន​គ្រោះ​អ្វី​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ធ្លាស់​មួយ​ ហើយ​មិន​អាច​ឡើង​ពី​រណ្ដៅ​នោះ​វិញ​បាន​សោះ​ ដល់​ព្រឹក​ឡើង​ក៏​ពុត​ធ្វើ​ជា​ស្លាប់​ស្ដូក​ស្ដឹង​។​ ខណៈ​នោះ​ម្ចាស់​រណ្ដៅ​ឃើញ​ចចក​នោះ​មាន​ជើង​ស្រទាង​ឡើង​លើ​ ភ្នែក​បិទ​ជិត​ហា​មាត់​បញ្ចេញ​ធ្មេញ​ស្ញេញ​ ក៏​យល់​ថា ​ចចក​នោះ​ស្លាប់​ហើយ​ ទើប​ស្រង់​ចេញ​ពី​រណ្ដៅ​ធ្លាស់​ ហើយ​អូស​គ្រវែង​ចោល​ឆ្ងាយ​ពី​ភូមិ​ទៅ​។

៥៨ - សេច​ក្ដី​ពិត​ សភាព​នៃ​នរ​ជន​ណា​ដូច​ម្ដេច​ នរ​ជន​នោះ​មិន​អាច​ប្រព្រឹត្ដ​កន្លង​សភាព​ខ្លួន​បាន​ឡើយ​ បើ​លើក​សុនខ​ ជាតិ​អោយ​ធ្វើ​ជា​ស្ដេ​ច​វា​​ នឹង មិន​អង្គៀម​ទ្រនាប់​ជើង​ស្បែក​រឺ​អ្វី​?​។ កាល​បើ​ខ្លា​លឺ​សំ​លេង​នឹង​ស្គាល់​ថា​ជា​ចចក​ពិត​មុខ​ ជា​ខ្លា​នឹង​គប្បី​ខាំ​ស៊ី​ស្ដេច​ខ្លួន​មិន​ខាន​ ព្រោះ​ថា​៖​

៥៩ - បើ​សត្រូវ​ស្គាល់​ចំណុច​ខ្សោយ​យើង​ និង​សេច​ក្ដី​ក្លៀវ​ក្លា​យើង​ហើយ​ គេ​នឹង​ចូល​ទៅ​រហូត​ដល់​ចិត្ដ​គំនិត​យើង​​ខាង​ក្នុង​ទៀត​ ហើយ​សំលាប់​យើង​ចោល​បង់​សៀត​ ដូច​ភ្លើង​ឆេះ​ឈើ​ស្ងួត​តែង​ឆេះ​រូង​រហូត​ដល់​ខ្លឹម​ខាង​ក្នុង​។ ត​មក ចចក​ចាស់​ព្រម​ទាំង​ចចក​ទាំង​ឡាយ​ប្រើ​អុបាយ​កល​ដូច​បាន​គិត​ទុក​ ហើយ​សំលាប់​ចចក​នីល​ពណ៌​ដូច​សេច​ក្ដី​ប្រាថ្នា​ ព្រោះ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​(ចាក្រ​ពាក​) ពោល​ថា នរ​ជន​ណាលះ​បង់​ចោល​បក្ស​ពួក​ខ្លួន​ដូច្នេះ​ជា​ដើម​(លេខ​៥៧​)​។

ហង្ស​ហិរណ្យ​គភ៌​ឆ្លើយ​ថាៈ​ «ពិត​មែន​ហើយ​ប៉ុន្ដែ​ក្អែក​នេះ​មក​ពី​ប្រ​ទេស​ឆ្ងាយ​ណាស់​ គួរ​តែ​អោយ​ចូល​មក​ជួប ហើយ​រក្សា​ទុក​ចាំ​ពិនិត្យ​មើល​ត​ទៅ​មុខ​»​។ ចាក្រ​ពាក​និយាយ​ត​ទៅ​ទៀត​ថា​ យើង​បាន​បញ្ជូន​ចារ​បុរស​ទៅ​ហើយ​ បន្ទាយ​ការ​ពារ​បាន​ត្រៀម​ទុក​ព្រម​ហើយ​បើ​ដូច្នោះ​ យើង​ត្រូវ​អោយ​នាំ​សេក​ចូល​មក​សាក​សួរ​ហើយ​ សឹម​លែង​អោយ​ទៅ​វិញ​។ ពេល​នេះ​យើង​មាន​សេន្យា​នុ​ភាព​ត្រៀម​ទុក​ព្រម​ហើយ​ យើង​នឹង​ចាំ​មើល​វា​ពី​ចំងាយ​ ព្រោះ​ថា​៖

៦០ - ព្រាហ្មណ៍​ចាណក្យៈ​ ប្រើ​ទូត​ដែល​ឆ្លៀវ​ឆ្លាត​មុះ​មុត​អោយ​សំលាប់​ស្ដេច​នន្ទៈ​បាន​ ព្រោះ​ហេតុ​នោះ​បើ​យើង​មាន​យោ​ធា​ក្លៀវ​ក្លា​ហាន​ចោម​រោម​ការ​ពារ​ម៉ត់​ចត់​ហើយ​ ទើប​គួរ​ជួប​ទូត​ដែល​មក​ពី​ប្រទេស​ឆ្ងាយ​។

លុះ​បាន​រៀប​ចំ​សភា​សំរាប់​ទទួល​ភ្ញៀវ​សព្វ​គ្រប់​ហើយ​ ហង្ស​ហិ​រណ្យ​គភ៌​ ក៏​បើក​សេក​ និង ក្អែក​អោយ​ចូល​ទៅ​ជួប​។ កាល​ដើរ​ចូល​ទៅ​សេក​ងើប​ក្បាល​ស្ងើន​បន្ដិច​ ទៅ​ដល់​ហើយ​អង្គុយ​លើ​អាសនៈ​ដែល​គេ​រៀប​ចំ​ទុក​សំរាប់​ ទើប​ថ្លែង​សារ​យ៉ាង​ក្លៀវ​ក្លា​ថា​ «បពិត្រ​លោក​ហិរណ្យ​គភ៌​ ស្ដេច​ក្ងោក​នាម​ចិត្រ​ពណ៌​ជា​រាជា​ធិ​រាជ​ ជា​ម្ចាស់​នៃ​មយុរ​ជាតិ​មាន​ ព្រះ​បាទ​ទ្រ​ដោយ​ផ្លា​ឈូក​រីក​ភ្លឺ​ច្រុះ​ឆ្លុះ​ច្រវាត់​ដោយ​កែវ​មណី​ ដែល​ប្រដាប់​ដោយ​មកុដ​នៃ​ស្ដេច​សាមន្ដ​រាជ​ ដែល​អោន​សិរ​សា​ក្រាប​គោរព​ត្រាស់​បង្គាប់​មក​លោក​ថា​ «បើ​​ចង់​មាន​ជីវិត​រស់​នៅ​រឺ​​ប្រាថ្នា​អិស្ស​រិយ​យស​ ចូរ​ប្រញាប់​ចូល​ទៅ​ អភិ​វាទ​វន្ទា​ចំពោះ​បាទ​យើង​ បើ​មិន​ដូច្នោះ​ទេ​ ចូរ​គេច​រត់​ចេញ​ទៅ​កាន់​ទី​ដ៏ទៃ​អោយ​ឆាប់​ៗ​! ទៅ​»​ ហិរណ្យ​គភ៌ កាល​បាន​ស្ដាប់​សេច​ក្ដី​ថ្លែង​សារ​នោះ​ចប់​សព្វ​គ្រប់​ហើយ​ ក៏​ក្រេវ​ក្រោធ​ច្រ​លោត​តប​ទៅ​វិញ​ថា​ «អា៎​! ក្នុង​សភា​នេះ​អិត​មាន​នរ​ណា​ម្នាក់​ដែល​មាន​ចិត្ដ​ចាប់​ច្របាច់​ក​អា​ព្រ​ហើន​នេះ​ទេ​រឺ​អ្វី​?​»​។ ក្អែក​មេឃ​ពណ៌​ងើប​​ឡើង​ស្ទុះ​ចូល​ទៅ​និយាយ​ថាៈ​ «ទេវៈ​! សូម​ត្រាស់​បង្គាប់​មក​ចុះ​ ​ខ្ញុំ​បាទ​នឹង​ប្រហារ​អា​សេក​ព្រ​ហើន​នេះ​ចោល​បង់​អិ​លូវ​នេះ​។ ខណៈ​នោះ​ចា​ក្រ​ពាក​សវិជ្ញ​ ជា​ប្រធាន​រដ្ឋ​មន្រ្ដី​និយាយ​សំរុះ​សំ​រួល​ហិរណ្យ​គភ៌​និង​ក្អែក​មេឃ​ពណ៌​ថា​ «នែ​លោក​ម្ចាស់​! ស្ដាប់​ខ្ញុំ​បាទ​ ជំរាប​សិន​កុំ​អាល​ធ្វើ​ក្រោធ​ឆុរ​ឆេវ​ដូច្នេះ​ ព្រោះ​ថា​៖​

៦១ - ទីណា​មិន​មាន​ចាស់​ព្រឹទ្ធា​ចារ្យ​ ទី​នោះ​មិន​មែន​ជា​សភា​ទេ​ នរ​ជន​ណា​មិន​ពោល​ធម៌​នរ​ជន​នោះ​មិន​មែន​ជា​ព្រឹទ្ធា​ចារ្យ​ទេ​ ពាក្យ​ណា​មិន​មាន​សត្យ​ពាក្យ​នោះ​ មិន​មែន​ធម៌​ទេ​ត្រង់​ណា​មាន​តែ​ប្រវញ្ចន៍​ ត្រង់​នោះ​មិន​មាន​ពាក្យ​សត្យ​ទេ​។ លក្ខណ​ជន​ដែល​ប្រកប​ដោយ​ធម៌​ដូច្នេះ​៖​
៦២ - ទូត​សូម្បី​ជា​អានារ្យ​​ជន​ និយាយ​ពាក្យ​មិន​គប្បី​ក៏​មិន​ត្រូវ​សំលាប់​ដែរ​ព្រោះ​គេ​ជា​មាត់​នៃ​ព្រះ​រាជា​ កណ្ដាល​​អាវុធ​ច្រូង​ច្រាង​ភ្លឺ​ស្ងាច​ ទូត​មិន​ចរ​ចា​អ្វី​ក្រៅ​ពី​ពាក្យ​បង្គប់​។
៦៣ - នរ​ណា​ហ្ន៎​ជា​អ្នក​ប្រាជ្ញ​ អាច​សំ​គាល់​ខ្លួន​ថា​ថោក​ទាប​រឺ​សំ​គាល់​សត្រូវ​ថា​ខ្ពង់​ខ្ពស់​ ព្រោះ​តែ​ពាក្យ​ទូត​និយាយ​ជា​ប្រ​មាណ​? អា​ស្រ័យ​ដោយ​ហេតុ​ដែល​គេ​មិន​ត្រូវ​សំលាប់​ទូត​ ទើបត្រូវ​និយាយ​ទាំង​អស់​សព្វ​កាល​ទាំង​ពួង​។

រាជ​ហង្ស​ហិ​រណ្យ​គភ៌​ និង​ក្អែក​មេឃ​ពណ៌​ បាន​ដំ​កល់​ទឹក​ចិត្ដ​ជា​ប្រ​ក្រតី​។ សេក​ក្រោក​ឡើង​ហើយ​សុំ​លា​ទៅ​វិញ​ចាក្រ​ពាក​ស​វិជ្ញ​ជូន​ដំណើរ​ លុះ​នាំ​ទៅ​ដល់​ក្រៅ​ហើយ​ ក៏​សំដែង​អាការ​ធ្វើ​ជា​សុំ​ទោស​អោយ​រង្វាន់​ខាន់​ខៅ​មាន​មាស​និង​វត្ថុ​អែ​ទៀត​ជា​ដើម​ទើប​បញ្ជូន​សេក​អោយ​ត្រលប់​ទៅ​ប្រទេស​ខ្លួន​វិញ​។ សេក​កាល​ត្រលប់​មក​ ដល់​ទៅ​ភ្នំ​វិន​ធយា ជា​ប្រ​ទេស​ខ្លួន​វិញ​ហើយ​ ក៏​ចូល​ទៅ​អភិ​វាទ​ស្ដេច​ក្ងោក​ចិត្រ​ពណ៌​ជា​ម្ចាស់​ខ្លួន​។ ស្ដេច​ក្ងោក​ចិត្រ​ពណ៌​ឃើញ​សេក​ ត្រលប់​មក​ដល់​ហើយ​ ក៏​និយាយ​ប្រា​ស្រ័យ​នឹង​សេក​ថាៈ ​​«ម្នាល​សេក​! អែង​បាន​ដំណឹង​អ្វី​ខ្លះ​?​ ប្រ​ទេស​នោះ​ដូច​ម្ដេច​ទៅ​?​»​។ សេក​ឆ្លើយ​តប​ថាៈ​ ទេវៈ​! បើ​ពោល​អោយ​ខ្លី​ ត្រូវ​តែ​រៀប​ទ័ព​ត្រៀម​ធ្វើ​សង្រ្គាម​ពី​អិលូវ​នេះ​ អែ​កបូរ៌​ទ្វីប​ ទុក​ជា​អែក​ទេស​មួយ​នៃ​ស្ថាន​សួគ៌​ ស្ដេច​ប្រទេស​នោះ​ទុក​ដូច​ជា​ម្ចាស់​ស្ថាន​សួគ៌​ទី​ពីរ​ គឺ​ព្រះ​អិន្រ្ទ​ជា​គំរប់​ពីរ​ ធ្វើ​ដូច​ម្ដេច​នឹង​ពណ៌​បាន​?​។​ ស្ដេច​ក្ងោក​ចិត្រ​ពណ៌​លុះ​បាន​ហៅ​មន្រ្ដី​ធំ​ៗ​ ចូល​មក​កាន់​ទី​ប្រជុំ​ហើយ​ ទើប​ប្រឹក្សា​ថាៈ​ យើ​ង​​សូម​សេច​ក្ដី​យល់​អស់​លោក​គ្រប់​គ្នា​ យើង​ត្រូវ​ចាត់​ការ​អ្វី​ខ្លះ​?​ បើ​ទុក​ជា​ដូច​ម្ដេច​ យើង​ក៏​ត្រូវ​ធ្វើ​សង្រ្គាម​ពិត​ប្រាកដ​ ព្រោះ​ថា​៖​

៦៤ - ក្ដី​មិន​សន្ដោស​ជា​វិបត្ដ​នៃ​ព្រាហ្មណ៍​ ក្ដី​សន្ដោស​ជា​វិបត្ដិ​នៃ​ព្រះ​រាជា​ ក្ដី​ខ្មាស​អៀន​ជា​វិបត្ដិ​នៃ​ស្រ្ដី​ផ្កា​មាស​ ក្ដី​មិន​ខ្មាស​អៀន​ជា​វិបត្ដិ​នៃ​កុល​ធីតា​ទាំង​ឡាយ​។
កាល​នោះ​ ត្មាត​ទុរ​ទសី​ជា​ប្រធាន​រដ្ឋ​មន្រ្ដី​ពោល​ឡើង​ថា​ ទេវៈ​! ការ​ធ្វើ​សង្រ្គាម​​សព្វ​បើ​ដោយ​ការ​ឃ្នើស​ចិត្ដ​ជា​ប្រ​ក្រតី​ មិន​មែន​ជា​វិធី​ទេ​ 1 ព្រោះ​ថា​៖

៦៥ - កាល​ណា​មិត្រ​អា​មាត្យ​ជា​ពួក​អ្នក​មាន​ចិត្រ​ស្រ​លាញ់​ មាន​ភក្ដី​មាំ​ហើយ​ទំនាស់​ចំពោះ​សត្រូវ​ កាល​នោះ​គប្បី​ធ្វើ​សង្រ្គាម​។
៦៦ - ត្រូវ​បាន​ផែន​ដី​ បាន​សម្ពន្ធ​មិត្រ​ បាន​មាស​នេះ​ជា​ផល​ ៣​ប្រការ​ដែល​គេ​ត្រូវ​ធ្វើ​សង្រ្គាម​ កាល​ណា​បើ​គេ​ប្រាកដ​ជា​បាន​ផល​ ៣​ប្រ​ការ​នេះ​ហើយ​កាល​នោះ​គេ​ត្រូវ​ធ្វើ​សង្រ្គាម​។ ស្ដេច​ក្ងោក​ចិត្រ​ពណ៌​ថ្លែង​បង្គាប់​ថា​ «ចូរ​អោយ​មន្រ្ដី​ដើរ​ត្រួត​ត្រា​សែន្យា​នុភាព​ទ័ព​មើល​ ត្រូវ​មើល​គ្រឿង​អាវុធ​យុទ្ធ​ភណ្ឌ និង ស្បៀង​អាហារ​អោយ​ដឹង​សព្វ​គ្រប់​ រូច​ហើយ​ត្រូវ​ហៅ​ហោ​រា​មក​អោយ​គន់​គូរ​មើល​រិក្ស​ពារ​សុភ​មង្គល​ ដែល​ត្រូវ​យាត្រា​ទ័ព​»​។ ត្មាត​ទុរ​ទសី​និយាយ​រំលឹក​ថា​ទេវៈ​! ការ​យាត្រា​ទ័ព​ចេញ​ទៅ​ដោយ​រូស​រាន់​ដូច្នេះ​ មិន​គួរ​គប្បី​ទេ​ព្រោះ​ថា​៖​

៦៧ - មនុស្ស​ល្ងង់​ណា​មិន​បាន​ពិចា​រណា​សែ​ន្យា​​នុភាព​ពៃ​រី​ហើយ​ចូល​ទៅ​ប្រយុទ្ធ​ដោយ​រួស​រាន់​ មនុស្ស​ល្ងង់​នោះ​ នឹង បាន​អោប​មុខ​ដាវ​នេះ​ជា​សច្ចៈ​អិត​សង្ស័យ​ឡើយ​ ស្ដេច​ក្ងោក​ចិត្ដ​ពណ៌​ពោល​ទ្រគោះ​បោក​បោះ​បន្ទោស​ត្មាត​ថាៈ​ «នែ​មន្រ្ដី​! អែង​កុំ​មក​បង្អាក់​ធ្វើ​អោយ​យើង​ថយ​ក្ដី​ក្លា​ហាន​ដូច្នេះ​ ចូរ​អែង​និយាយ​ប្រាប់​មក​ តើ​នរ​ណា​អាច​ចូល​ទៅ​កាន់​ប្រ​ទេស​សត្រូវ​ ហើយ​យក​ជ័យ​ជំនះ​បាន​?​ ត្មាត​ទុរ​ទសី​ឆ្លើយ​តប​ថាៈ​ ទេវៈ​! ខ្ញុំ​បាទ​នឹង​ជំរាប​អោយ​ជ្រាប​បាន​តែ​នឹង​អោយ​ផល​ល្អ លុះ​ត្រា​តែ​ទទួល​ប្រតិ​បត្ដិ​តាម​លោក​​ពោល​ទុក​ដូច្នេះ​ថា​៖

៦៨ - មាន​ប្រយោជន៍​អ្វី​ដោយ​ការ​ណែ​នាំ​ព្រះ​រាជា​ អោយ​ធ្វើ​តាម​​សាស្រ្ដ​បើ​ទ្រង់​មិន​ព្រម​ប្រតិ​បត្ដិ​តាម​! សេច​ក្ដី​ពិត​ មិន​មែន​គ្រាន់​តែ​ចេះ​ដឹង​ថ្នាំ​ ហើយ​បំបាត់​ជំងឺ​បាន​ទេ​។ ខ្ញុំ​បាទ​មិន​ហ៊ាន​ប្រ​ព្រឹត្ដ​កន្លង​ព្រះ​រាជ​បង្គាប់​ទេ​ តែ​ខ្ញុំ​បាទ​សូម​ជំរាប​តាម​កិច្ច​ការ​ដែល​ខ្ញុំ​បាទ​បាន​ចេះ​ដឹង​មក​ សូម​លោក​ម្ចាស់​ស្ដាប់​ដូច​ត​ទៅ​នេះ​។

៦៩ - បពិត​ព្រះរាជា​ បណ្ដា​ទី​ទាំង​ឡាយ​មាន​ស្ទឹង​ ភ្នំ​ព្រៃ​បន្ទាយ​ជា​ដើម​ ទី​ណា​មាន​ភ័យ​សេ​នីយ​ ត្រូវ​លើក​ព្យុ​ហ​កង​ពល​យាត្រា​ទ័ព​ទៅ​ក្នុង​ទី​នោះ​។
៧០ - សេនា​បតី​ ព្រម​ដោយ​មេ​កង​ពល​ដែល​ក្លៀវ​ក្លា​ហាន​ត្រូវ​ដើរ​ទៅ​មុខ​ទ័ព​ ត្រូវ​ដាក់​ស្រី ម្ចាស់​ផែន​ដី​ឃ្លាំង​ និង ពល ដែល​មាន​កំលាំង​ខ្សោយ​នៅ​កណ្ដាល​ទ័ព​។
៧១ - ត្រូវ​ដាក់​កង​ទ័ព​សេះ​នៅ​ស្លាប​ទ័ព​ទាំង​សង​ខាង​ នៅ​សង​ខាង​ទ័ព​សេះ​ត្រូវ​ដាក់​ពល​រថ​ នៅ​សង​ខាង​ពល​រថ​ ត្រូវ​ដាក់​ពល​ដំរី​ នៅ​សង​ខាង​ពល​ដំរី​ ត្រូវ​ដាក់​ពល​ថ្មើរ​ជើង​។
៧២ - សេនា​បតី​ ត្រូវ​ដើរ​ខាង​ក្រោយ​កង​ទ័ព​ដើម្បី​កំលា​កំលាំង​ទឹក​ចិត្ដ​កង​ពល​ ដែល​អន់​ថយ​ក្លាហាន​ ព្រះ​រាជា​ចោម​រោម​ដោយ​រដ្ឋ​មន្រ្ដី​ជា​ទី​ប្រឹក្សា​ និង​វិរ​យោធា​ទ្រង់​ជា​អគ្គ​បព្ជា​ការ​កង​ទ័ព​។
៧៣ - ត្រូវ​យាត្រា​ទ័ព​លុក​ចូល​ទៅ​ ក្នុង​ទី​មិន​រាប​ស្មើ និង ភ្នំ​ក្រំ​ថ្ម​ដោយ​កង​ទ័ព​ដំរី​ ក្នុង​ទីវាល​ដោយ​កង​ទ័ព​សេះ​ ក្នុង​ទី​ទឹក​ដោយ​កង​ទ័ព​ជើង​ទឹក​ ក្នុង​ទី​ទាំង​ពួង​ដោយ​កង​ទ័ព​ថ្មើរ​ជើង​។
៧៤ - ក្នុង​រដូវភ្លៀង​ លោក​សំដែង​ទុក​ថា​ ត្រូវ​ធ្វើ​ដំណើរ​ដោយ​កង​ទ័ព​ដំរី​ រដូវ​ក្រៅ​ពី​នោះ​ ត្រូវ​ប្រើ​កង​ពល​សេះ​ អែ​ពល​ថ្មើរ​ជើង​ប្រើ​បាន​គ្រប់​ពេល​ទាំង​ពួង​។
៧៥ - គប្បី​ប្រយត័្ន​រក្សា​ព្រះ​រាជា​ទុក​ក្នុង​ភ្នំ​ រឺ​តាម​ផ្លូវ​ដែល​គេ​ទៅ​បាន​ដោយ​លំបាក​ សូម្បី​ព្រះ​អង្គ​មាន​យោធា​ហៅ​ហាន​ចោម​រោម​រក្សា​ល្អ​ហើយ​ក្ដី​ ទ្រង់​ក៏​ត្រូវ​ចូល​កាន់​យោគ​និន្រ្ទា​បន្ដិច​ៗ​ ងាយ​នឹង​កើន​។
៧៦ - ទ្រង់​គប្បី​បំផ្លិច​បំផ្លាញ​សត្រូវ​ សំលាប់​សត្រូវ​ ញាំ​ញី​សត្រូវ​អោយ​ខ្សោយ​ ដោយ​ការ​បំផ្លាញ​មាន​បន្ទាយ​ មាន​ភូមិ​ មាន​គ្រឿង​ចំរូង​ កាល​ចូល​ទៅ​ដល់​ក្នុង​បរ​ទេស​ហើយ​ត្រូវ​បញ្ជូន​អ្នក​ថ្មើរ​​ព្រៃ​ជា​មុន​។
៧៧ - ព្រះ​រាជា​ប្រ​ថាប់​នៅ​ទី​ណា​ ត្រូវ​ឃ្លាំង​នៅ​​ទី​នោះ​ មិន​មាន​ឃ្លាំង​ អិត​មាន​រាជ្យ​ ព្រះ​រាជា​ទ្រង់​ត្រូវ​ប្រកប​ដោយ​​ព្រះ​ទ័យ​ទូលាយ​ទ្រង់​ត្រូវ​ប្រើ​ប្រទាន​រង្វាន់​ដល់​យោ​ធា​ណា​ក្លៀវ​ក្លា​ហាន​ តែ​សេច​ក្ដី​ពិត​យោធា​ណា​មួយ​ដែល​មិន​ច្បាំង​ដើម្បី​ព្រះ​រា​ជា?។
៧៨ - បពិត​ព្រះ​រាជា​! មនុស្ស​មិន​មែន​ជា​ទាស​នៃ​មនុស្ស​ទេ​ មនុស្ស​ជា​ទាស​នៃ​ទ្រព្យ​ ការ​បាន​ទៅ​ជា​បុគ្គល​ខ្ពង់​ខ្ពស់​រឺ​ ការ​ធ្លាក់​ខ្លួន​ជា​បុគ្គល​ថោក​ទាប​ ស្រេច​ហើយ​ តែ​មាន​ទ្រព្យ ​រឺ​ ក្រី​ក្រ​ប៉ុណ្ណោះ។
៧៩ - ត្រូវ​ចូល​ទៅ​ប្រយុទ្ធ​កុំ​អោយ​បែក​ទ័ព​ ហើយ​ប្រយ័ត្ន​មើល​គ្នី​គ្នា​ កង​ទ័ព​ណា​ទន់​ខ្សោយ​កំលាំង​ ត្រូវ​ប្រមូល​មក​ទុក​កណ្ដាល​ក្បួន​ទ័ព​។
៨០ - ព្រះ​មហី​បាល​ ត្រូវ​ដាក់​កង​ពល​ថ្មើរ​ជើង​ទៅ​នៅ​មុខ​កង​ទ័ព​ កាល​បើ​បង្រ្កាប​សត្រូវ​បាន​ហើយ​ ព្រះ​អ​ង្គ​ត្រូវ​ប្រ​ថាប់​នៅ​កំរាប​អរិ​រាជ​សត្រូវ​អោយ​រាប​ទាប​។
៨១ - ទ្រង់​គប្បី​ចូល​ទៅ​ប្រយុទ្ធ​ក្នុង​ទី​វាល​ ដោយ​កង​រថ​ និង ​កង​សេះ ក្នុង​ទី​ទឹក​ដោយ​កង​ទូក​ និង ដំរី​ ក្នុង​ទី​ព្រៃ​ និង ព្រៃ​ញាត​ស្បាត​ដោយ​កង​ធ្នូ​ ក្នុង​ទី​គោក​ដោយ​ដា​វ​ខែល​ និង អាវុធ​ផ្សេង​ៗ​។
៨២ - ទ្រង់​ត្រូវ​បំផ្លិច​បំផ្លាញ​រឿយ​ៗ​ នូវ​វាល​ស្មៅ​ស្រូវ​ អង្ករ​ សត្រូវ ហើយ​បង្អក់​កុំ​អោយ​មាន​ទឹក​មាន​អុស​ ត្រូវ​ទំលាយ​ទំនប់​ទឹក​ កំពែង​និង​គូ​។​
៨៣ - បណ្ដា​កង​ទ័ព​ទាំង​អស់​ កង​ទ័ព​ដំរី​ជា​កង​ទ័ព​ជាន់​​អែក​សំរាប់​ព្រះ​មហី​បតី​ មិន​មាន​កង​ទ័ព​អ្វី​ប្រសើរ​ជាង​ឡើយ​ ព្រោះ​ដំរី​សូម្បី​តែ​អវ​យវៈ​វា​ប៉ុណ្ណោះ​ ក៏​ទុក​ថា​ជា​អាវុធ​ ៨​ប្រការ​បាន​ស្រេច​ហើយ​។
៨៤ - សេះ​ជា​កំលាំង​នៃ​កង​ទ័ព​ គេ​ទុក​ថា​ជា​កំពែង​ដើរ​បាន​ ព្រោះ​ហេតុ​នេះ​ បើ​ព្រះ​រាជា​អង្គ​ណា​ប្រកប​ដោយ​កង​ទ័ព​សេះ​​ច្រើន​ក្រៃ​លែង​ជាង​សត្រូវ​ហើយ​ក៏​ឈ្មោះ​ថា​មាន​ជ័យ​ក្នុង​យុទ្ធ​សង្រ្គាម​ផ្លូវ​គោក​។
៨៥ ទាហាន​ណា​ ឡើង​សេះ​ចូល​ប្រយុទ្ធ​ សូម្បី​ទេវ​តា​ក៏​លំបាក​យក​ឈ្នះ​ទាហាន​នោះ​បាន​ ពួក​ពៃរី​ បើ​ទុក​ជា​នៅ​ឆ្ងាយ​ ក៏​ទុក​ដូច​ជា​ធ្លាក់​មក​នៅ​ក្នុង​កណ្ដាប់​ដៃ​ស្រេច​ហើយ​។
៨៦ - ក្នុង​បថម​កិច្ច​នៃ​យុទ្ធ​សង្រ្គាម​ ការ​អភិ​បាល​រក្សា​ពល​និករ​ទុក​អោយ​គ្រប់​សព្វ​ គេ​ទុក​ជា​គោល​ដ៏​សំខាន់​ ព្រោះ​ការ​កំរាប​ផ្លូវ​ក្នុង​ទិស​ទាំង​ពួង​ជា​នាទី​នៃ​កង​ពល​។
៨៧ - លោក​ពោល​ថា​ កង​ទ័ព​ដែល​ប្រសើរ​នោះ​គឺ​កង​ទ័ព​ដែល​មាន​និស្ស័យ​ក្លៀវ​ក្លា​ពី​កំណើត​ ប៉ិន​ប្រសប់​ក្នុង​ការ​កាន់​អាវុធ​ មាន​ភក្ដី​ធន់​ទ្រាំ​ក្នុង​ការ​ខ្សោយ​កំលាំង​ ហើយ​មាន​វិក្សេ​ត្រីយ៍​ (ទាហាន​វិរៈ​) ជា​ប្រមុខ​ដោយ​ច្រើន​ផង​។
៨៨ - បពិត​ព្រះ​រាជា​! មនុស្ស​ក្នុង​លោក​ ចូល​ទៅ​ច្បាំង​ដោយ​ក្លា​ហាន​ ព្រោះ​ចង់​បាន​កិត្ដិ​យស​ពី​ម្ចាស់​ខ្លួន​ មិន​មែន​ដោយ​ចង់​បាន​រង្វន់​គឺ​ទ្រព្យ​ទេ​។
៨៩ - កង​ទ័ព​មាន​ចំនួន​តិច​ តែ​សុទ្ធ​សឹង​វិញ្ញូ​ជន​ទើប​ប្រ​សើរ​ កង​ទ័ព​មាន​ចំនួន​ច្រើន​ តែ​សុទ្ធ​តែ​យោធា​អស់​ជំរើស​មិន​ល្អ​ទេ​ ព្រោះ​យោធា​អស់​ជំរើស​បណ្ដោយ​អោយ​ចាញ់​ងាយ​ ហើយ​នាំ​អោយ​ទាហាន​វិញ្ញូ​ជន​យក​ជ័យ​ថែម​ទៀត​ផង​។
៩០ - ការ​មិន​ជ្រះ​ថ្លា​១​ ការ​បាក់​មុខ​ញយ​ៗ​១​ ការ​មិន​អោយ​ចំណែក​ដល់​មនុស្ស​ម្នាក់​ៗ​ដែល​ត្រូវ​បាន​១ ការ​ទន់​យឺត​ពេល​វេលា​ចែក​១ ​ការ​មិន​ធ្វើ​តប​១​ ទាំង​អស់​នេះ​ ជា​ហេតុ​នាំ​អោយ​ព្រងើយ​កន្តើយ​ពី​គ្នា​។
៩១ - ព្រះ​រាជា​ប្រាថ្នា​ជ័យ​គប្បី​វាយ​សត្រូវ​ ដោយ​មិន​ធ្វើ​កង​ទ័ព​ព្រះ​អង្គ​អោយ​លំបាក​ក្ដៅ​ក្រហាយ​ កង​ទ័ព​ដែល​រោយ​​ស្រពន់​ដោយ​ដើរ​ផ្លូវ​ឆ្ងាយ​ សត្រូវ​យក​ជ័យ​បាន​ដោយ​ងាយ​។
៩២ - ត្រូវ​ព្យា​យាម​បំបែក​សត្រូ​វអោយ​បែក​បាក់​គ្នា​ វីធី​បំបែក​នេះ​មិន​មាន​អ្វី​ដទៃ​ក្រៅ ​ពី​ញុះ​ញង់​ព្រះ​រាជ​ទា​យាទ​ ក្នុង​រាជ្យ​សត្រូវ​ទេ​ ព្រោះ​ហេតុ​នោះ​ត្រូវ​ព្យា​យាម​តាំង​រាជ​ទាយាទ​របស់​ប្រ​ទេស​សត្រូវ​អោយ​ទាល់​តែ​បាន​។
៩៣ - ការ​ចង​ស្ពាន​មេត្រី​ នឹង​ស្ដេច​យុវ​រាជ2រឺ​ នាយ​ក​រដ្ឋ​មន្រ្ដី​របស់​ប្រទេស​សត្រូវ​បាន​ហើយ​ គប្បី​បំបែក​សា​មគ្គី​ខាង​ក្នុង​ពួក​សត្រូវ​ដែល​មាន​ចិត្ដ​មឺង​ម៉ាត់​។
៩៤ - លុះ​ដើរ​អុបាយ​បំបែក​ក្នុង​សង្រ្គាម​យ៉ាង​នេះ​​បាន​ហើយ​គប្បី​សំលាប់​មិត្រ​ដ៏​ហៅ​ហ៊ាន​នៃ​សត្រូវ​នោះ​ចោល​ចេញ​ពុំ​នោះ​ចាប់​ចង​ពួក​មុខ​មន្រ្ដី​ រឺ​ កូន​ចៅ​បរិ​វារ​ឃុំ​ឃាំង​ទុក ធ្វើ​ដូច​ជា​ការ​បំបែក​កូន​គោ​ហើយ​ចាប់​មេគោ3(3)​ដូច្នោះ​។
៩៥ - ព្រះ​រាជា​គប្បី​ធ្វើ​អោយ​ប្រ​ទេស​ព្រះ​អង្គ​មាន​ពល​​រដ្ឋ​ច្រើន​បរិ​បូណ៌​​ដោយ​ការ​កាវ​យក​ប្រជាជន​ពី​បរ​ទេស​ រឺ ពុំ​នោះ​ទំនុក​បំរុង​ប្រជា​ជន​ដោយ​ការ​អោយ​ទាន​ និង រាប់​អាន មួយ​ទៀត​ប្រទេស​ដែល​មាន​ប្រជា​ជន​ច្រើន​មក​ពី​ប្រទេស​នោះ​អាច​ក​ពូន​ទ្រព្យ​សម្បត្ដិ​ជា​មហា​សេដ្ឋី​បាន​។

ស្ដេច​ក្ងោក​ចិត្រ​ពណ៌​និយាយ​ពាក្យ​គ្រគោះ​អោយ​ត្មាត​ទុរ​ទសី​ថាៈ​ «អែង​និយាយ​បូរ​បាច់​ច្រើន​ពេក​ដូច្នេះ​ តើ​មាន​ប្រយោជន៍​អ្វី​?​» ព្រោះ​ថា​៖​
៩៦ - សេច​ក្ដី​ចំរើន​របស់​ខ្លួន​ និង សេច​ក្ដី​សាប​សូន្យ​របស់​សត្រូវ​ទាំង​ពីរ​ប្រការ​នេះ​ជា​រដ្ឋ​ប្រសាស​នោ​បាយ​ កាល​បើ​ប្រកាន់​តាម​មតិ​នេះ​បាន​ហើយ​ ការ​ពោល​អួត​សំដី​ថ្វី​មាត់​របស់​ខ្លួន​ ទើប​បណ្ឌិត​សរ​សើរ​»​។ ត្មាត​ទុរ​ទសី​ញញឹម​បណ្ដើរ​ឆ្លើយ​បណ្ដើរ​ថាៈ​  «ពាក្យ​នេះ​វិសេស​ពិត​មែន​ហើយ​ តែ​លោក​ពោល​ថា​៖​»

៩៧ - ពួកមួយ​ធ្វើ​តាម​ចិត្ដ​ ពួក​មួយ​ទៀត​ធ្វើ​ទៅ​តាម​សាស្រ្ដ​ពន្លឺ​ និង ​ងងឹត​ទាំង ​ពីរ​ប្រការ​នេះ​ មាន​លក្ខណៈ​ស្មើ​គ្នា​បាន​​រឺ​ទេ​?​។
កាល​នោះ​ក្ងោក​ចិត្រ​ពណ៌​ លុះ​បាន​ស្ដាប់​ហើយ​ឃើញ​ថា​ទាស់​ចិត្ដ​ខ្លួន​ ក៏​ក្រោក​ឡើង​ត្រាស់​បង្គាប់​អោយ​បរ​ទ័ព​យាត្រា​ចេញ​ទៅ​តាម​ហោរ​កំណត់​នក្ខត្ដ​រិក្ស​អោយ​។

អែ​ចារ​បុរស​រាជ​ហង្ស​ហិ​រណ្យគភ៌​ កាល​បាន​ដឹង​កិច្ច​ការ​ស​ត្រូវ​សព្វ​គ្រប់​ហើយ​ ក៏​ត្រលប់​យក​ដំណឹង​ទៅ​ប្រាប់​ម្ចាស់​ខ្លួន​វិញ​ថា​ «បពិត្រ​លោក​ម្ចាស់​! ស្ដេច​ក្ងោក​ចិត្រ​ពណ៌​លើក​ក្បួន​ព្យុហៈ​យាត្រា​ទ័ព​ ចរ​ចេញ​ទៅ​បោះ​បន្ទាយ​នៅ​ជើង មល​យ​បព៌ត ​ហើយ​ សូម​លោក​ម្ចាស់​មា​ន​បញ្ជា​អោយ​លើក​ទ័ព​ទៅ​បំផ្លាញ​បន្ទាយ​នោះ​អោយ​ឆាប់​ៗ​ទៅ​។ ពេល​នេះ​ ត្មាត​ទុរ​ទសី​ធ្វើ​ជា​ប្រធាន​រដ្ន​មន្រ្ដី​ តាម​ដែល​ខ្ញុំ​បាទ​បាន​ដឹង​មក​ថា​ សត្រូវ​បាន​បញ្ជូន​ចារ​បុរស​គេ​អោយ​មក​ធ្វើ​ការ​សម្ងាត់​នៅ​ខាង​បន្ទាយ​យើង​ហើយ​ខណៈ​ នោះ​ចាក្រ​ពាក​សវិជ្ញ​និយាយ​រំលឹក​រាជ​ហង្ស​ហិរណ្យ​គភ៌​ថាៈ «លោក​ម្ចាស់​! ចារ​បុរស​គេ​នោះ ​គឺ​ក្អែក​មេឃ​ពណ៌​នេះ​អែង​»។ ស្ដេច​ហង្ស​ហិរណ្យ​គភ៌​គំហក​ថាៈ​ «មិន​មែន​ទេ​! មិន​មែន​ទេ​! បើ​វា​ចារ​បុរស​មែន​ ហេតុ​អ្វី​ហ៊ាន​ស្ទុះ​ទៅ​បំរុង​ក្រញិច​សេក​​សំលាប់​ចោល​បង់​? មួយ​ទៀត​ការ​ប្រកាស​សង្រ្គាម​នេះ​ ទើប​នឹង​កើត​ឡើង​ពី​កាល​សេក​វា​មក​ទេ​តើ ​អែ​ក្អែក​មេឃ​ពណ៌​វា​មក​នៅ​ទី​នេះ​ យូ​រ​យា​ណាស់​ហើយ​។ ចាក្រ​ពាក​សវិជ្ញ​ ឆ្លើយ​កាត់​ដោយ​មឺង​ម៉ាត់​ថាៈ​ «បពិត​លោក​ម្ចាស់​! ត្រូវ​តែ​យើង​កុំ​ទុក​ចិត្ដ​ អ្នក​បរ​ទេស​អាគន្ដុកៈ​»​។ រាជ​ហង្ស​ហិរណ្យ​គភ៌ ​និយាយ​ទទឹង​ទាស់​ថាៈ​ «ជួន​កាល​អាគន្ដុកៈ​អ្នក​បរទេស​ គេ​ធ្វើ​ប្រយោជន៍​អោយ​យើង​ដែរ​ អែង​ស្ដាប់​មើល​ លោក​ពោល​ថាៈ

៩៨ - ជន​ដទៃ​ តែ​ជា​អ្នក​ធ្វើ​ប្រ​យោ​ជន៍​អោយ​យើង ទុក​ជា​ផៅ​ពង្ស​អែ​ផៅ​ពង្ស​ពិត​តែ​ជា​អ្នក​មិន​ធ្វើ​ប្រយោ​ជន៍​អោយ​យើង​ ក៏​ទុក​ជា​អ្នក​ដទៃ​ រោគ​កើត​ក្នុង​រាង​កាយ​យើង​ពិត​ៗ រក​ប្រយោ​ជន៍​គ្មាន​ ថ្នាំ​កើត​នៅ​ក្នុង​ព្រៃ​ធ្វើ​ប្រយោ​ជន៍​អោយ​យើង​។​

៩៩ - សេវ​កាមាត្យ​ព្រះ​បាទ​សូទ្រកៈ​ម្នាក់​ឈ្មោះ​វីរ​វរៈ​ ទើប​នឹង​មក​ធ្វើ​ខ្ញុំ​រាជ​ការ​ថ្មី​ ក៏​អាច​ថ្វាយ​កូន​ខ្លួន​អែង​ជា​រាជ​ពលី​​បាន​។ ចាក្រពាក​សួរ​រឿង​នោះ​ថាៈ​ «តើ​រឿង​នោះ​ដូច​ម្ដេច​?​» រាជ​ហង្ស​ហិរណ្យ​គភ៌​រៀប​រាប់​រឿង​នោះ​ថា​៖

តទៅកថាទី៩

(1)សេ​ច​ក្ដី​ប្រែ​លោក​ឡង់​សឺ​រូ​ថា​ កាល​ណា​គេ​មិន​សប្បាយ​ចិត្ដ​ គេ​មិន​ត្រូវ​បង្ខំ​ធ្វើ​សង្រ្គាម​ទេ​។ សេច​ក្ដី​ ប្រែ​លោក​នាគ​ប្រទីប​ថា​ ការ​ធ្វើ​សង្រ្គាម​ដោយ​អធម៌​ មិន​មែន​ជា​វិធី​ត្រឹម​ត្រូវ​ទេ​។ ច្បាប់​ដើម​ថា​ វសនិត​យា​ វិគ្រ​ហោ ​ន​ វិធី​។ សេច​ក្ដី​ពន្យល់​ថា​ សព្វ​បើ​ដំណេះ​អាមាត្យ​ បោរី​ជន​ អ្នក​ជន​បទ​ មិត្រ កុមារ​ជា​ដើម​។
(2)មកុដ​រាជ​កុមារ​។
(3)ត្រង់​នេះ​អាច​បាន​សេច​ក្ដី​មួយ​ទៀត​ថា​ ពុំ​នោះ​ចូល​​ដៃ​នឹង​មន្រ្ដី​រាជ​បរិ​ពារ​ កូន​ចៅ​សត្រូវ​ដោយ​អោយ​ទ្រព្យ​ ដូច​ជា​បង្ហាញ​ ស្មៅ​បញ្ឆោត​គោ។