ថ្ងៃសៅរ៍ ទី30.កញ្ញា 2017.ម៉ោង 7:47
កថាទី៦
រឿងហង្សនិងក្អែក.

កថាទី៦
រឿងក្អែកនិងទទា

ក្អែក​និង​ទទា​អាស្រ័យ​នៅ​លើ​ដើម​ឈើ​ជា​សុខ​សប្បាយ​។ ថ្ងៃ​មួយ​បក្សី​ទាំង​ឡាយ​បបួល​គ្នា​ហិច​ហើរ​ទៅ​កាន់​ត្រើយ​សមុទ្រ​ ដើម្បី​ទៅ​គោរព​គ្រុឌ​ជា​ស្ដេច​បក្សី​ដ៏​មាន​បុណ្យ​។ កាល​នោះ​ទទា​ធ្វើ​ដំណើរ​ជា​មួយ​នឹង​ក្អែក​ ដល់​ពាក់​កណ្ដាល​ផ្លូវ​ ទៅ​ជួប​នឹង​គោ​បាល​ម្នាក់​ទូល​ភាជន៍​ទឹក​ដោះ​លើ​ក្បាល​ ក្អែក​ហើរ​ទៅ​លប​ឆក់​ទឹក​ដោះ​នោះ​ស៊ី​រឿយ​ៗ​។ គោ​បាល​ក្នាញ់​ណាស់​ ដាក់​ភាជន៍​ទឹក​ដោះ​ទុក​នៅ​ដី​ ក្រ​លេក​មើល​ទៅ​លើ​អាកាស​ឃើញ​ក្អែក​ និង ទទា​ក៏​រត់​ដេញ​តាម​។ ក្អែក​កាល​ដឹង​ខ្លួន​ថា​គោ​បាល​ឃើញ​ហើយ​ ក៏​ហើរ​បាត់​ទៅ​ភ្លាម​។ អែ​ទទា​ជា​សត្វ​ល្ងង់​ខ្លៅ​ ដឹង​ខ្លួន​ថា​ មិន​មាន​កំហុស​ មិន​ហើរ​ទៅ​ណា​ឆ្ងាយ​ ត្រូវ​គោ​បាល​ចាប់​សំលាប់​ចោល​បង់​សៀត​ទៅ​ហោង​ ព្រោះ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​(សេក​)ពោល​ថា​ «មិន​គប្បី​ដើរ​ទៅ​ជា​មួយ​» ដូច្នេះ​ជា​ដើម​ (លេខ​២២)​។ កាល​នោះ​ ខ្ញុំ​បាទ​(ទិឃ៌​មុខ) និយាយ​តប​ទៅ​កាន់​សេក​ថា «នែ​បង​សេក​!​ បង​សេក​ម្ដេច​ក៏​និយាយ​យ៉ាង​នេះ​? រូប​បង និង រូប​ខ្ញុំ​ពីរ​នាក់​​នេះ​ទុក​ដូច​ជា​រូប​ម្ចាស់​ផែន​ដី​ដ៏​មាន​បុណ្យ​មួយ​ព្រះ​អង្គ​។ បង​មិន​គួរ​និយាយ​បង្កាច់​ដូច្នេះ​ទេ​»​ សេក​ឆ្លើយ​តម​វិញ​ថា​ «ពិត​ដូច​បង​កុក​និយាយ​ហើយ​ តែ​ថា៖​

២៣ - ពាក្យ​ដែល​ទុជ៌ន​ពោល​ សូម្បី​និយាយ​ញញឹម​ស្រស់​ពីរោះ​ផ្អែម​ដូច​ជា​ផ្កា​​រីក​​ពុំ​ជួន​កាល​ ក៏​អាច​ញ៉ាំង​ភ័យ​អោយ​​កើត​ឡើង​បាន​។ សំដី​បង​កុក​និយាយ​ចេញ​មក​នេះ​ នាំ​អោយ​ឃើញ​ច្បាស់​ហើយ​ ថា​ជា​ទុជ៌ន​ស្រេច​ទៅ​ហើយ​ អែ​សំដី​ជា​ហេតុ​ដើម​នោះ​ គឺ​សំដី​ដែល​និយាយ​នាំ​អោយ​ព្រះ​រាជា​ទាំង​ពីរ​ព្រះ​អង្គ​ធ្វើ​សឹក​សង្រ្គាម​នឹង​គ្នា​នេះ​អែង​ បង​សេក​មើល​!​? (ត្រង់​​នេះ​សេក​និយាយ​ ត្រូវ​ថា​ បង​កុក​មើល​? ​វិញ​ទើប​ត្រូវ​តាម​ឃ្លា​នេះ​)។
២៤ - ទោស​ដែល​បុគ្គល​ធ្វើ​អោយ​ឃើញ​ប្រត្យក្ស​ហើយ​ មនុស្ស​ល្ងង់​នៅ​តែ​ពេញ​ចិត្ដ​ស្ងប់​ស្ងៀម​ ដោយ​គ្រាន់​តែ​និយាយ​ពាក្យ​ពីរោះ​ផ្អែម​ប៉ុណ្ណោះ​ ដូច​រឿង​ជាង​រថ​ទូល​ភរិយា​លើ​ក្បាល​ព្រម​ទាំង​សហាយ​ភរិយា​ផង​។ ក្ងោក​ចិត្រ​ពណ៌​ សួរ​ថាៈ​«ចុះ​រឿង​នោះ​ដូច​ម្ដេច​?​»។​ សេក​និយាយ​រៀប​រាប់​រឿង​នោះ​ដូច​ត​ទៅ​នេះ​ថា​៖

កថាទី៧
រឿងជាងរថ ភរិយា និងសហាយ

នៅ​យៅ​វន​ស្រី​នគរ​ មាន​ជាង​រថ​ម្នាក់​ឈ្មោះ​មន្ទ​មតិ​។ មន្ទម​តិ​ដឹង​ច្បាស់​ថា​ភរិយា​ខ្លួន​ផិត​ប្រាកដ​ តែ​មិន​ទាន់​មាន​ភស្ដុ​តាង​ គឺ​មិន​ទាន់​ឃើញ​សហាយ​ភរិ​យា​​ឋិត​នៅ​ក្នុង​ទី​ជា​មួយ​គ្នា​ច្បាស់​នៅ​ឡើយ​។ ថ្ងៃ​មួយ ជាង​រថ​ឈ្មោះ​មន្ទ​មតិ​ និយាយ​ប្រាប់​ភរិ​យា​ថា​ ខ្លួន​មាន​ដំណើរ​ទៅ​កាន់​ស្រុក​ដទៃ​និយាយ​រួច​ហើយ​ដើរ​ចេញ​ទៅ​។ មន្ទ​មតិ​ធ្វើ​​ជាដើរទៅ​មិន​បាន​​ប៉ុន្មាន​ ក៏​ត្រលប់​វិល​មក​វិញ​ លប​ចូល​ទៅ​លាក់​ខ្លួន​ពួន​អាត្មា​នៅ​ក្រោម​គ្រែ​ដោយ​ស្ងាត់​ៗ​។​ សហាយ​ភរិយា​ដឹង​ច្បាស់​​ថា ជាង​រថ​ចេញ​ទៅ​កាន់​ស្រុក​ក្រៅ​បាត់​ហើយ​ ដល់​ពេល​សន្ធិ​យា​រាត្រី​ ក៏​ចូល​ទៅ​ដេក​ជា​មួយ​ភរិយា​ជាង​រថ​។ អែ​ស្រី​ចិត្ដ​ចើក​កា​ល​ប្រ​លែង​លេង​ជា​មួយ​សហាយ​ជា​ទី​ស្រលាញ់​ដោយ​ក្ដី​ស្នេហា​យ៉ាង​ក្រៃ​លែង​នៅ​លើ​គ្រែ​ ក្នុង​ទី​កំបាំង​​នោះ​ បាន​ទំលាក់​ដៃ​ទៅ​ខាង​ក្រោម​ ទៅ​ប៉ះ​នឹង​មនុស្ស​ដែល​ដេក​នៅ​ក្រោម​គ្រែ​នោះ​ ដឹង​ច្បាស់​ថា​ជា​ប្ដី​ខ្លួន​មក​ដេក​​បន្លំ​ ក៏​ស្រងាក​ព្រួយ​ចិត្ដ​។ សហាយ​ កាល​ឃើញ​ស្រី​សហាយ​ខ្លួន​មិន​សូវ​អើ​ពើ​ដូច​សព្វ​ដង​សាក​សួរ​ទៅ​ថា​ «ថ្ងៃ​នេះ​ហេតុ​ដូច​ម្ដេច​ក៏​អូន​មិន​សូវ​អើ​ពើ​លេង​សប្បាយ​ជា​មួយ​បង​? បង​មើល​ទៅ​ឃើញ​ថា​អូន​បែប​ដូច​ជា​មាន​នឹក​ព្រួយ​ចិត្ដ​​រឿង​អ្វី​មួយ​»​​។ ស្រី​ចិត្ដ​ចើក​នោះ​ឆ្លើយ​ប្រាប់​ថាៈ​ «បង​! បង​មិន​ដឹង​ថា​ ស្វាមី​ជា​ម្ចាស់​ជីវិត​ខ្ញុំ​គាត់​មិន​នៅ​ថ្ងៃ​នេះ​រឺ​អ្វី​? គាត់​ចេញ​ទៅ​ស្រុក​ក្រៅ​ហើយ​ ក្នុង​ពេល​ដែល​គាត់​ចេញ​ទៅ​នេះ​ នៅ​ក្នុង​ផ្ទះ​សូម្បី​មាន​មនុស្ស​ពេញ​ណែន​ណាន់​តាន់​តាប់​ ខ្ញុំ​ក៏​ឃើញ​ហាក់​ដូច​ជា​ស្រលះ​ល្ហ​ល្ហេវ​ស្ងាត់​សូន្យ​ឈឹង​ ស្វាមី​ខ្ញុំ​ទៅ​កាន់​ស្រុក​គេ​ប្លែក​ទឹក​ប្លែក​ដី​ មិន​ដឹង​ជា​គាត់​​នឹក​ស្រងេះ​ស្រងោច​ដូច​ម្ដេច​ទៅ​អេះ​ បាន​អ្វី​បរិ​ភោគ​​អាស្រ័យ​ដំណេក​នៅ​អែ​ណា​ ខ្ញុំ​អិត​ដឹង​អិត​យល់​សោះ​ខ្ញុំ​គិត​ទៅ​ៗ​ ឃើញ​ដូច្នេះ​ហើយ​ចិត្ដ​ខ្ញុំ​ក៏​រលឹក​ស្រណោះ​អាលោះ​អាល័យ​ហើយ​ អណ្ដែត​អណ្ដូង​ទៅ​បាត់​ពី​រូប​រាង​កាយ​ខ្ញុំ​»​។ សហា​និយាយ​ឡកឡឺយ​ថាៈ​ «ចុះ​ជាង​រថ​ប្ដី​នាង​ ចេះ​ស្នៀត​ស្នេហា​ចំណាន​ដូច​ម្ដេច​ទៅ​?​»។ ស្រី​ចិត្ដ​ចើក​ធ្វើ​ជា​ក្រោក​ឆ្លើយ​ថា​ «នែ​អា​គំរក់​ចង្រៃ​! អ្វី​អា​អែង​ហ៊ាន​និយាយ​ដូច្នេះ​? អែង​ស្ដាប់​មើល​!៖​

២៩ - អា​លម្ពាយ​ ចាប់​ពស់​ទាញ​ចេញ​ពី​រូង​បាន​យ៉ាង​ណា​ ភរិយា​ដែល​ស្លាប់​ទៅ​តាម​ភស្ដា​អាច​នាំ​ភស្ដា​ខ្លួន​ (ពីនរក) ទៅ​កាន់​ឋាន​សួគ៌​បាន​យ៉ាង​នោះ​ដែរ​។
៣០ - (2)នារី​ណា​ស្រលាញ់​ប្ដី​ កៀក​អោប​ប្ដី​ជាប់​នឹង​ខ្លួ​ន​ លះ​បង់​ខ្លួន​ចូល​ក្នុង​គំនរ​ភ្លើង​ជើង​ថ្ករ​ជា​មួយ​ប្ដី​ នាង​នារី​នោះ​សូម្បី​ធ្វើ​បាប​រាប់​ទាំង​សែន​ឆ្នាំ​ ក៏​អាច​នាំ​ភស្ដា​ខ្លួន​ទៅ​កាន់​សុរ​លោក (ឋាន​សួគ៌​) បាន​​។

  កាល​នោះ​ ជាង​រថ​បាន​ស្ដាប់​ភរិយា​និយាយ​សព្វ​អស់​អាថិ​សេ​ចក្ដី​ គិត​ក្នុង​ចិត្ដ​ថា​ «អាត្មា​អញ​ហៅ​ចំ​ជា​មាន​ភ័ព្វ​មាន​​សំណាង​បាន​ប្រពន្ធ​គ្រប់​លក្ខណ៍​ ចេះ​និយាយ​ពាក្យ​ពីរោះ​ មាន​ចិត្ដ​ស្មោះ​ត្រង់​ នឹង​ ប្ដី​ប្រាកដ​ដូច្នេះ​»​ គិត​ដូច្នោះ​ហើយ​ ក៏​លើក​ទូល​គ្រែ​ ដែល​សហាយ​និង​ភរិយា​ដេក​នោះ​លើ​ក្បាល​ លោត​រាំ​កញ្ឆាក់​កញ្ឆេង​ ដោយ​ក្ដី​ត្រេក​អរ​ខ្លាំង​ ព្រោះ​ហេតុ​នោះ​ហើយ​ បាន​ជា​ខ្ញុំ​បាទ​(សេក)​ និយាយ​ថា «រី​ទោស​ដែល​បុគ្គល​ធ្វើ​អោយ​ប្រចក្ស​ហើយ​» ដូច្នេះ​ជា​ដើម​ (លេខ​២៥​)​។​

កាល​នោះ ស្ដេច​ក្ងោក​ចិត្រ​ពណ៌​ ទទួល​ស្គាល់​ខ្ញុំ​បាទ​ពេញ​កិត្ដិ​យស​ថា​ ជា​ទូត​ ហើយ​បណ្ដោយ​អោយ​ខ្ញុំ​បាទ​វិល​ត្រលប់​មក​វិញ​ ព្រម​ទាំង​សេក​ជា​ទូត​មក​តាម​ខ្ញុំ​បាទ​ផង​។ អីលូវ​នេះ​ បើ​លោក​ម្ចាស់​បាន​ជ្រា​ប​សេច​ក្ដី​រហូត​ហើយ​ កិច្ច​ការ​ណា​ដែល​គួរ​ចាត់​ចែង​ ក៏​សូម​ម្ចាស់​ត្រិះ​រិះ​មើល​ទៅ​ចុះ​។ ចាក្រ​ពាក​ជា​ប្រធាន​រដ្ឋ​មន្រ្ដី​សើច​ហាស​ហាយ​ ហើយ​និយាយ​ថា​ «ទេវៈ​! បង​កុក​ធ្វើ​ដំណើរ​ចេញ​ទៅ​បរ​ទេស​ហើយ​ត្រលប់​មក​វិញ​ ចេះ​ចាត់​ចែង​កិច្ច​រាជ​ការ​ស្រេច​តាម​សម្ថ​ភាព​ តែ​ថា​ការ​ចាត់​ចែង​រាជ​ការ​ដូច្នេះ​ ជា​វិធី​មនុស្ស​ល្ងង់​ទេ​ ព្រោះ​ថាៈ
៣១ - គួរ​គប្បី​អោយ​មួយ​រយ​ តែ​មិន​គួរ​អោយ​កើត​វិវាទ​មួយ​ទេ​ នេះ​ជា​មតិ​អ្នក​ប្រាជ្ញ​ សូម្បី​មិន​មាន​មូល​ហេតុ​អ្វី​ជា​​មាំ​មួន​ ហើយ​ក៏​ធ្វើ​វិវាទ​ដែរ​នេះ​ជា​លក្ខណៈ​មនុស្ស​ល្ងង់​ទេ​។

រាជហង្ស​ហិរណ្យ​គភ៌​ឆ្លើយ​ឡើង​ថាៈ​ «បន្ទោស​រឿង​ដែល​កន្លង​ទៅ​ហើយ​ តើ​មាន​ប្រយោ​ជន៏​អ្វី​? គួរ​ជួយ​ត្រិះ​រិះ​ពិចារ​​ណា​គ្នា​មើល​រឿង​បច្ចុប្បន្ន​នេះ​វិញ​»​។ ចាក្រ​ពាក​និយាយ​ថា​ទេវៈ​ ខ្ញុំ​បាទ​សូម​ជំរាប​រឿង​នេះ​ក្នុង​ទី​ស្ងាត់​ ព្រោះ​ថាៈ​
៣២ - អ្នក​ប្រាជ្ញា​អាច​ស្ទង់​មើល​ចិត្ដ​នៃ​ជន​ដទៃ​ដោយ​ទឹក​មុខ​ អាការ​​សំលេង​វិការ​នៃ​ភ្នែក​ និង​វិការ​មុខ​បាន​ ព្រោះ​ដូ ច្នោះ​គួរ​ប្រឹក្សា​គ្នា​ក្នុង​ទី​ស្ងាត់​។

កាល​នោះ​អែង​ ហង្ស​ហិរណ្យ​គភ៌​ និង​ចាក្រ​ពាក​ ឋិត​នៅ​ក្នុង​ទី​តែ​ពីរ​នាក់​ សត្វ​ទាំង​ឡាយ​ជា​បរិ​វារ​ដទៃ​ទៀត​ដឹង​ទំនង​ដូច្នេះ​ ក៏​ថយ​គេច​ចេញ​ទៅ​ក្រៅ​អស់​។ ចាក្រ​ពាក និយាយ​ប្រាប់​ហង្ស​ហិរណ្យ​គភ៌​ថា «ទេវៈ​! ខ្ញុំ​បាទ​មាន​សេច​ក្ដី​យល់​ឃើញ​ថា​ ប្រព្រឹត្ដ​ហេតុ​ដែល​ទីឃ៌​មុខ​បាន​ធ្វើ​អោយ​កើត​ឡើ​ង​នេះ​ ប្រ​ហែល​ជា​មាន​បរិ​វារ​យើង​ខ្លះ​ ជា​អ្នក​ញុះ​ញង់​ អោយ​ធ្វើ​ទេ​ដឹង ព្រោះ​ថា៖

៣៣ មនុស្ស​ឈឺ​អោយ​សេច​ក្ដី​សុខ​ចំរើន​ដល់​ពេទ្យ​ មនុស្ស​មាន​វិបត្ដិ​គ្រោះ​ថ្នាក់​ អោយ​សេច​ក្ដី​សុខ​ចំរើន​ដល់​មន្រ្ដី​ មនុស្ស​ល្ងង់​ជា​ការ​រស់​នៅ​នៃ​អ្នក​ប្រាជ្ញ​ វណ្ណៈ​ល្អ​ទាំង​ឡាយ​ជា​ការ​រស់​នៅ​នៃ​សប្បុ​រស​ទាំង​ឡាយ(3)​។

ហង្ស​ហិរណ្យ​គភ៌​ ឆ្លើយ​តប​ថា​ «ដូច្នេះ​ក៏​ធ្លាប់​មាន​ដែរ​ តែ​រឿង​នេះ​យើង​ទុក​ចាំ​ស៊ើប​អង្កិត​រក​មូល​ហេតុ​អោយ​ឃើញ​ ក្នុង​កាល​ជា​ខាង​ក្រោយ​ចុះ​ ពេល​នេះ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​? បើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ត្រូវ​ចាត់​ចែង​ដូច្នោះ​ភ្លាម​ៗ​ អោយ​ទាន់​ពេល​។ ចាក្រ​ពាក​ឆ្លើយ​ថាៈ​ «ទេវៈ​! យើង​គួរ​បញ្ជូន​ចារ​បុរស​អោយ​ចូល​ទៅ​ដល់​ឋាន​សត្រូវ​ អោយ​ដឹង​ថា​សត្រូវ​ មាន​កំលាំង​ រឺ​អិត​កំលាំង​ដូច​ម្ដេច​អោយ​ដឹងមុនសិន​ ព្រោះ​ថា៖

៣៤ - គួរ​ប្រើ​ចារ​បុរស​ក្នុង​ការ​ស៊ើប​អង្កិត​អោយ​បាន​ដឹង​សេច​ក្ដី​ថា​ ការ​គួរ​ធ្វើ​ និង ​មិន​គួរ​ធ្វើ​ក្នុង​ប្រទេស​ខ្លួន​ រឺ ក្នុង​បរ​ទេស​ ព្រោះ​ចារ​បុរស​ជា​ព្រះ​នេត្រា​នៃ​ព្រះ​រាជា​ ព្រះ​រាជា​អង្គ​ណា​មិន​មាន​សូម្បី​តែ​ម្នាក់​ព្រះ​រាជា​អង្គ​នោះ​ទុក​ដូច​ជា​មនុស្ស​ខ្វាក់​ពិត​ៗ​។ ត្រូវ​ចាត់​ទុក​ទីឃ៌​មុខ​នេះ​ជា​ចារ​បុរស​ អោយ​នាំ​យក​មនុស្ស​ម្នាក់​ដែល​ទំនុក​ទុក​ចិត្ដ​ ទៅ​ជា​មួយ​ ជួយ​​​ធ្វើ​ការ​ផង​ កាល​បើ​ស៊ើ​ប​សួរ​មើល​ដឹង​ការ​ប្រឹក្សា​ រឺ ព្រឹត្ដ​ការណ៍​នៃ​សត្រូវ​នៅ​ក្នុង​ប្រទេស​គេ​នោះ​ហើយ​ ខ្លួន​អែង​ត្រូវ​ នៅ​ក្នុង​ប្រទេស​គេ​នោះ​ចុះ​ តែ​ត្រូវ​ប្រើ​អោយ​អ្នក​ទីពីរ​ដែល​ជា​ជំនួយ​នោះ​នាំ​យក​ការ​សំងាត់​ ដែល​ស៊ើប​បាន​មក​ប្រាប់​យើង​ដោយ​សំងាត់​ជា​បំផុត​ ព្រោះ​ថា​៖

៣៥ ព្រះ​រាជា​ ត្រូវ​បង្កប់​ចារ​បុរស​ប្រើ​អោយ​យក​ភេទ​ជា​តា​បស​ អោយ​ចូល​ទៅ​ដើម្បី​សិក្សា​សាស្រ្ដ​វិជ្ជា​ ក្នុង​បុណ្យ​ស្ថាន​ក្នុង​អាស្រម​ រឺ ក្នុង​ទេវ​ស្ថាន​ផ្សេង​ៗ​។ ចារ​បុរស​នៃ​ការ​សំងាត់​នេះ​ ក៏​ត្រូវ​រក​មនុស្ស​សំខាន់​ដែល​ទៅ​ផ្លូវ​ទឹក​ក៏​បាន​ផ្លូវ​គោក​ក៏​បាន​ ដូច្នេះ​បាន​ជា​ត្រូវ​ចាត់​ទីឃ៌​មុខ​នេះ​ទៅ​ ហើយ​ត្រូវ​រក​កុក​មួយ​ទៀត​អោយ​បាន​ជា​គ្នា​ជូន​ទៅ​ផង​ ព្រម​ទាំង​យក​កុក​មួយ​ក្នុង​ផ្ទះ​ទីឃ៌​មុខ​អោយ​មក​ ធ្វើ​ជា​ទ្វារ​បាល​រក្សា​ព្រះ​រា​ជ​វាំង​ជំនួស​ផង​ តែ​ការ​នោះ​ត្រូវ​ធ្វើ​អោយ​ស្ងាត់​ដែល​នឹង​អាច​ស្ងាត់​បាន​ព្រោះ​ថា​៖
៣៦ - មន្រ្ដី​ គឺ​ការ​សំងាត់​នេះ​បើ​ដឹង​ដល់​ត្រចៀក​៦​ ហើយ​តែង​បែក​ធ្លាយ​ ហើយ​ខ្ចរ​ខ្ចាយ​ចេញ​ទៅ​ដោយ​ការ​និយាយ​​ត​ៗ​គ្នា ហេតុ​នេះ​ព្រះ​រាជា​គប្បី​រក្សា​ការ​សំងាត់​បាន​ចំពោះ​តែ​រូប​ព្រះ​អង្គ​ និង មនុស្ស​ជា​គំរប់​ពីរ​ប៉ុណ្ណោះ​។​

៣៧ - កាល​បើ​មន្រ្ដី គឺ​ការ​សំងាត់​ធ្លាយ​ហើយ​ ទោស​តែង​ធ្លាក់​ស្រោច​មក​លើ​ព្រះ​រាជា​ ទោស​នោះ​បុគ្គល​មិន​អាច​ កែ​សំរួល​បាន​ងាយ​ទេ​ នេះ​ជា​មតិ​អ្នក​នយោ​បាយ​។ ហង្ស​ហិរណ្យ​គភ៌​ ត្រិះ​រិះ​ពិចារ​ណា​មួយ​ស្រ​បក់​ហើយ​និយា​យ​ថាៈ​ «អើ​! ចារ​បុរស​ធ្វើ​ការ​សំងាត់​ប្រសើរ​ដូច្នេះ​យើង​រក​បាន​ហើយ​»​។ ចាក្រពាក​ឆ្លើយ​ស្រប​ទៅ​វិញ​ថា​ «ទេវៈ​!​ បើ​ដូច្នោះ​ មែន​ជ័យ​ជំនះ​ក្នុង​សង្រ្គាម​ប្រាកដ​ជា​បាន​យើង​ហើយ​»​។ ក្នុង​ពេល​នោះ​បក្សី​រក្សា​ព្រះ​អង្គ​ចូល​ទៅ​លើក​ហត្ថា​ប្រណម្យ​ ហើយ​ជំរាប​ថាៈ​ «ទេវៈ​! សូម​ជ្រាប​ សេក​ដែល​មក​ពី​ជម្ពូ​ទ្វីប​នោះ​ អីលូវ​នេះ​ឋិត​រង់​ចាំ​នៅ​មាត់​ទ្វា​រ»​។ ហង្ស​ហិ​រណ្យ​គភ៌​ក្រលេក​មើល​មុខ​ចាក្រ​ពាក​ៗ ក៏​វាង​វៃ​ទាន់​ភ្លាម​និយាយ​ថា​ «ចូរ​បង្គាប់​ អោយ​គេ​នាំ​សេក​ទៅ​រង់​ចាំ​នៅ​សាល​ ចាំ​មួយ​​ស្រ​បក់​សិន​ សឹម​អោយ​គេ​នាំ​ខ្លួន​មក​ជួប​នឹង​លោក​ម្ចាស់​»​។ អ្នក​រក្សា​ព្រះ​អង្គ​ទទួល​បង្គាប់​ហើយ​ក៏​នាំ​សេក​ ជា​រាជ​ទូត​ចេញ​ទៅ​រង់​ចាំ​។ ហង្ស​ហិរណ្យ​គភ៌​តក់​ស្លុត​និយាយ​ថា​៖ «គួរ​អោយ​នឹក​បា​រម្ភ​ណាស់​ ក្រែង​សង្រ្គាម​នឹង​ផ្ទុះ​ឡើង​»​។ ចាក្រ​ពាក​ឆ្លើយ​តប​ថាៈ​ «​ទេវៈ​! ការ​ធ្វើ​សង្រ្គាម​ភ្លាម​ៗ​ មិន​មែន​ជា​ការ​ល្អ​ទេ ព្រោះ​ថា​៖

៣៨ - ក្នុង​ការ​ផ្ដើម​ធ្វើ​សង្រ្គាម​ សេវ​កណា​ មិន​មាន​ការ​ពិចារ​ណា​ម៉ត​​ចត់​​ ដឹក​នាំ​អោយ​ព្រះ​រាជា​ធ្វើ​សង្រ្គាម​ រឺ អោយ​លះ​បង់​ប្រ​ទេស​ជាតិ​ចោល​ សេវក​នោះ​សម​ជា​អាមាត្យ​រឺ​ទេ​? សម​ជា​មន្រ្ដី​រឺ​ទេ​?​។
៣៩ - ក្នុង​កាល​ណា​ក៏​ដោយ​ ព្រះ​រាជា​គប្បី​ព្យា​យាម​យក​ជ័យ​ជំនះ​ចំពោះ​សត្រូវ​ដោយ​ការ​មិន​ច្បាំង​អោយ​បាន​ ព្រោះ​​កាល​បើ​អ្នក​ទាំង​ពីរ​ខាង​ច្បាំង​ត​យុទ្ធ​គ្នា​ហើយ​ គេ​មិន​សូវ​ឃើញ​ជ័យ​ជំនះ​ទៀង​ទាត់​ទេ​។
៤០ - ក្នុង​កាល​ណា​ក៏​ដោយ​ ព្រះ​រាជា​គប្បីយក​ឈ្នះ​សត្រូវ​ដោយ​ការ​ផ្សះ​ផ្សារ​ខ្លះ​ដោយ​ការ​បែង​បែក​អោយ​ខ្លះ​ដោយ​ ប្រើ​អុបាយ​បំបែក​សា​មគ្គី​ខ្លះ​ គប្បី​ប្រើ​អុបាយ​ទាំង​នេះ​ រឺ ប្រើ​អុបាយ​ណា​មួយ​ៗ​ ធ្វើ​ដូច​ម្ដេច​កុំ​អោយ​កើត​សង្រ្គាម​បាន​។

៤១ - ជន​ទាំង​ឡាយ​ដែល​មិន​ធ្លាប់​ចូល​សង្រ្គាម​ តែង​អួត​អាង​ថា​ខ្លួន​ក្លៀវ​ក្លា នរ​ណា​មួយ​ដែល​មិន​ទាន់​ឃើញ​សមត្ថ​ភាព​នៃ​សត្រូវ​ទេ​ ម្ដេច​ឡើយ​នឹង​មិន​ឡើង​ចិត្ដ​ទ្រនង់​? បុគ្គល​មិន​គប្បី​អាច​គាល់​​លើក​ដុំ​ថ្ម​តាន់​ ដោយ​កំលាំង​មនុស្ស​បាន​ស្មើ​ដោយ​ការ​ប្រើ​កំណាត់​ឈើ​ទេ​​យ៉ាង​ណា ​ដោយ​ការ​ប្រើ​អុបាយ​តែ​បន្ដិច​ គេ​បាន​សំរេច​ប្រយោ​ជន៏​យ៉ាង​នោះ​ នេះ​ហើយ​ការ​ប្រឹក្សា​រក​អុបាយ​មាន​ផល​ធំ​ណាស់​ដូច្នេះ​។

៤៣ - កសិ​កម្ម​ដែល​បាន​ផល​ល្អ​ មក​ពី​គេ​ប្រកប​ព្យា​យាម​ធ្វើ​ល្អ​ ម៉ត់​ចត់​ទៅ​តាម​កាល​វេលា​យ៉ាង​ណា​ ទេវៈ​នយោ​បាយ​នេះ​ គេ​ធ្វើ​ដោយ​ម៉ត់​ចត់​ហើយ​អស់​កាល​យូរ​ផង​ទើប​បាន​ផល​ មិន​មែន​ធ្វើ​កញ្ឆក់​កណ្ដៀត​ទេ​ យ៉ាង​នោះ​ដែរ​។ តែ​កាល​ណា​គេ​ឃើញ​សង្រ្គាម​នឹង​កើត​ពិត​ហើយ​ គេច​មិន​រួច​ទេ​ទើប​គេ​ត្រូវ​ច្បាំង​ត​ ព្រោះ​ថា​៖
៤៤ - ភ័យ​នៅ​ឆ្ងាយ​ មាន​ក្ដី​ខ្លាច​ភ័យ​មក​ដល់​ជិត​ មាន​ក្ដី​ក្លៀវ​ក្លា​នេះ​ជា​គុណ​​លក្ខណ​ មហា​បុរស​ ក្នុង​កាល​វិបត្ដិ​នៅ​នា​លោក​នេះ​មហា​បុរស​តែង​សំដែង​ខ្លួន​ជា​អ្នក​ធីរ​ជន​។
៤៥ - មែន​ពិត​ ការ​ប្រឹង​ហួស​កំលាំង​ជា​អុប​សគ្គ​ធំ​ខាង​ដើម​នៃ​ការ​សំរេច​សព្វ​កិច្ច​ការ​ទាំង​អស់​ ទឹក​សូម្បី​ត្រជាក់​នឹង​មិន​ទំលាយ​ភ្នំ​បាន​រឺ​អ្វី​?​។
ទេវៈ​! មាន​ដំណឹង​ផ្សេង​មួយ​ទៀត​ថា ស្ដេច​ចិត្រ​ពណ៌​នេះ មាន​កំលាំង​សែន្យា​នុ​ភាព​ធំ​ណាស់​ ព្រោះ​ថា​៖​

៤៦ -ការ​ច្បាំង​នឹង​អ្នក​មាន​កំលាំង​ ដូច្នេះ​មិន​មាន​អុទា​ហ​រណ៍​ទេ មនុស្ស​ច្បាំង​ត​ នឹង ដំរី ឈ្មោះ​ថា នាំ​មរិត្យុ​មក​អោយ​អិត​សង្ស័យ​ឡើយ​។​
៤៧ - នរជន​ណា​ មិន​ទាន់​ដល់​កាល​គួរ​ ហើយ​ធ្វើ​សង្រ្គាម​ អ្នក​នោះ​ឈ្មោះ​ថា​ជា​មនុស្ស​ល្ងង់​ ព្រោះ​ការ​ច្បាំង​ត​នឹង​អ្នក​មាន​កំលាំង​ប្រាកដ​ដូច​ជា​ប្រើ​ស្លាប​រុយ​ហោះ​ដូច្នោះ​។ ៤៨ - នរ​ជន​ចេះ​ដឹង​នីតិ​សាស្រ្ដ​ (នយោ​បាយ​) ត្រូវ​នៅ​ក្នុង​គ្រឿង​ការ​ពារ​ដូច​អណ្ដើក​នៅ​ក្នុង​ស្នូក​ ហើយ​ត្រូវ​ចេះ​អត់​ធន់​គ្រឿង​ប្រហារ​នៃ​សត្រូវ​ផង​ កាល​បើ​កាល(4) គួរ​មក​ដល់​ហើយ​គប្បី​លោត​ឡើង​ត​ស៊ូ​ដូច​ពស់​មាន​អាសិ​រ​ពិស​។

៤៩ -នរ​ជន​ចេះ​នយោ​បាយ​ អាច​រំលើង​រិស​គល់​សត្រូវ​ទោះ​ធំ​តូច​ រឺ​ ក៏​ប៉ុន​គ្នា​បាន​ដូច​ខ្សែ​ទឹក​អាច​នាំ​យក​ឈើ​ រឺ ស្មៅ​ទាំង​រិស​ទាំង​គល់​បាន​ដូច្នោះ​ដែរ​។ បើ​ដូច្នេះ​ យើង​គប្បី​យក​ចិត្ដ​ទុក​ដាក់​រក្សា​សេក​ជា​ទូត​នេះ​ទុក​ក្នុង​ទី​យើង​សិន​ កុំ​អាល​លែ​ង​អោយ​ចេញ​ទៅ​ ដរាប​ទល់​នឹង​យើង​កសាង​បន្ទាយ​ការ​ពារ​យើង​រួច​ស្រេច​ហើយ​សិន​ព្រោះ​ថា​៖​

៥០ - ទាហាន​ធ្នូ​ម្នាក់​ នៅ​ក្នុង​បន្ទាយ​សំលាប់​ទាហាន​សត្រូវ​បាន​មួយ​រយ​នាក់​ ទាហាន​ធ្នូ​១​០០នាក់​ សំលាប់​សត្រូវ​បាន​ ១០០០​នាក់​ ព្រោះ​ហេតុ​នោះ​ ការ​តាំង​បន្ទាយ​ការ​ពារ​ទុក​មុន​ ជា​កិច្ច​សំខាន់​មួយ​។
៥១ - ប្រ​ទេស​ជាតិ​ដែល​អិត​បន្ទាយ​កា​រ​ពារ​ ម្ដេច​ក៏​សត្រូវ​ នឹង ​មិន​ត្រូវ​មើល​ងាយ​? អែ​ព្រះ​រាជា​មិន​មាន​បន្ទាយ​ការ​ពារ​ ក៏​អិត​មាន​ទី​ពឹង​ដូច​មនុស្ស​ធ្លាក់​ពី​សំពៅ​កណ្ដាល​សមុទ្រ​។
៥២ - (5) គួរ​សាង​បន្ទាយ​ការ​ពារ​ ហើយ​អោយ​មាន​គូ​ធំ​ៗ​ មាន​ប្រា​ការ​ខ្ពស់​ៗ​ មាន​គ្រឿង​យន្ដ​ មាន​​ទឹក​ មាន​ភ្នំ មាន​ទន្លេ​ វាលខ្សាច់ និង ព្រៃ​ជា​គ្រឿង​ការ​ពារ​។

៥៣ - សម្បត្ដិ​បន្ទាយ​ការ​ពារ​មាន​៧​ប្រការ​ដូច​មាន​ខាង​លើ​នេះ​ត្រូវ​កសាង​អោយ​មាំ​ សត្រូវ​ចូល​ប្រយុទ្ធ​លំបាក​ជា​បំផុត​ ត្រូវ​មាន​ឃ្លាំង​ដាក់​ស្បៀង​អាហារ​ ទឹក​ស្រូវ ​អង្ករ​ ហើយ​អោយ​មាន​ផ្លូវ​ចេញ​ចូល​។ ហង្ស​ហិរណ្យ​គភ៌​ ប្រឹក្សា​ថា​ «គួរ​តាំង​អ្នក​ណា ​អោយ​ចាត់​ចែង​បន្ទាយ​ការ​ពារ​ត្រៀម​ទុក​ទើប​បាន​ល្អ​?​»​។ ចាក្រ​ពាក​ តប​ថា​៖​

៥៤ - ន​រជន​ណា​ឆ្លាត​វាង​វៃ​ក្នុង​កិច្ច​ការ​ណា​ គួរ​តាំង​នរ​ជន​នោះ​អោយ​ចាត់​ចែង​ការ​នោះ​ នរ​​ជន​ដែល​មិន​ធ្លាប់​ប្រសប់​កិច្ច​ការ​ទេ​ សូម្បី​ចេះ​ដឹង​សាស្រ្ដ​វិជ្ជា​ ក៏​រមែង​ធ្វើ​ការ​មិន​ដិត​ដល់​ដែរ​។ បើ​ដូច្នោះ​គួរ​ហៅ​ក្រសារ​ជា​សេនា​បតី​អោយ​ចូល​មក​។​ កាល​ហៅ​ក្រសារ​ជា​សេនា​បតី​អោយ​ចូល​មក​ដល់​ហើយ​ ហង្ស​ហិ​រណ្យ​គភ៌​ បង្គាប់​ក្រសារ​​ថាៈ​ «នែ​ក្រ​សារ​!​ ចូ​រ​អែង​ចាត់​ចែង​ធ្វើ​បន្ទាយ​ការ​ពារ​ត្រៀម​ទុក​អោយ​សព្វ​គ្រប់​យ៉ាង​រហ័យ​»​។ ក្រសារ​សេនា​បតី​ប្រណម្យ​ហើយ​ពោល​តប​វិញ​ថាៈ​ ទេវៈ​! បន្ទាយ​ការ​ពារ​នោះ​ខ្ញុំ​បាន​ចាត់​ចែង​ត្រៀម​ទុក​សព្វ​គ្រប់​ហើយ​ មាន​ទាំង​គូ​ទឹ​ក​ធំ​ផង​ តែ​ សូម​មាន​បង្គាប់​អោយ​ធ្វើ​ឃ្លាំង​សន្សំ​ស្បៀង​អាហារ​ទុក​ទៀត​ ព្រោះ​ថា​៖

៥៥ - បពិត​ព្រះ​រាជា​! ការ​ប្រមូល​គរ​ទុក​នូវ​ស្រូវ​អង្ករ​ជា​ស្បៀង​ប្រសើរ​ជាង​ប្រមូល​ទុក​ទ្រព្យ​អែ​ទៀត​ ព្រោះ​ថា ពេជ្រ​ទទឹម​បុគ្គល​យក​មក​រក្សា​ទុក​ក្នុង​មាត់​ មិន​អាច​ធ្វើ​អោយ​ជីវិត​ទ្រទ្រង់​នៅ​បាន​ទេ​។
៥៦ - បណ្ដា​វត្ថុ​ដែល​មាន​រស​ជាង​គេ​ទាំង​អស់​ អំបិល​ទុក​ជា​វត្ថុ​មាន​រស​ប្រសើរ​ជាង​គេ​ បុគ្គល​គប្បី​ស្វែង​រក​អំបិល​ ទុក​កុំ​បី​ឃ្លាត​ ព្រោះ​ថា​បើ​អិត​អំបិល​ហើយ​ សម្ល​ទុក​ដូច​គោ​ម័យ​។

ហង្ស​ហិរ​ណ្យ​គភ៌​បង្គាប់​ភ្លាម​ថាៈ​ «នែ​ក្រសារ​សេនា​បតី​ ចូរ​អែង​ប្រញាប់​ប្រញាល់​ ទៅ​ស្វែង​រក​ស្បៀង​យក​មក​ទុក​ដាក់​អោយ​មាន​គ្រប់​ព្រម​កុំ​បី​អោយ​ខ្វះ​ខាត​»​។​ ក្នុង​ខណៈ​នោះ​ បក្សី​រក្សា​ព្រះ​អង្គ​ចូល​មក​ម្ខង​ទៀត​ថ្លែង​សេច​ក្ដី​ប្រាប់​ថា​ «ទេវៈ​! ក្អែក​ឈ្មោះ​មេឃ​ពណ៌ ​ទើប​មក​ដល់​ពី​សីហល​ទ្វីប​ជា​មួយ​នឹង​បរិ​វារ​ចង់​ចូល​ជួប​លោក​ជា​ទេវ​បាទ​ អីលូវ​​នេះ​នៅ​រង់ចាំ​អែ​មាត់​ទ្វារ​»​។ ហង្ស​ហិរណ្យ​គភ៌​និយាយ​ថា​ «ក្អែក​មេឃ​ពណ៌​ជា​អ្នក​ប្រាជ្ញ​ មាន​ការ​ធ្លាប់​ពិសោធន៍​ច្រើន​បើ​ដូច្នោះ​អែង​អោយ​គេ​ចូល​មក​ចុះ​!​»​។ ចាក្រពាក​និយាយ​រំលឹក​ស្មារ​តី​កាត់​ឡើង​ថាៈ​ «ទេវៈ​! លោក​ម្ចាស់​ពោល​​នេះ​បាន​ការ​ម្យ៉ាង​ តែ​សុំ​កុំ​ភ្លេច​សូម​ជ្រាប​ថា​ក្អែក​ជា​បក្សី​គោក​ បើ​វាជា​បក្សី​ថល​ចរ​ វា​ជា​ស​ត្រូវ​នឹង​យើង​ដែរ​ តើ​យើង​នឹង​ទទួល​ដូច​ម្ដេច​បាន​ ព្រោះ​ថា​៖
៥៧ - នរជន​ណា​លះ​បង់​ចោល​បក្ស​ពួក​ខ្លួន​ ហើយ​ត្រេក​អរ​ទៅ​ចូល​ដៃ​ នឹង បរ​បក្ស​វិញ​ នរ​ជន​នោះ​ជា​មនុស្ស​ល្ងង់​ ត្រូវ​បរ​បក្ស​សំលាប់​បង់​សៀត​ ដូច​ចច​កឈ្មោះ​នីល​ពណ៌​។ ហង្ស​ហិរណ្យ​គភ៌​ សួរ​ឡើង​ថាៈ​ «ចុះ​រឿង​នោះ​​តើ​ដូច​ម្ដេច​»​។ ចាក្រ​ពាក​និយាយ​រៀប​រាប់​រឿង​នោះ​ប្រាប់​ថា​៖

តទៅកថាទី៨

(1)ហិតោបទេស​ សេច​ក្ដី​ប្រែ​ភាសា​សៀម​នៃ​លោក​នាគ​ប្រ​ទីប​ មាន​គាថា​ដូច្នេះ​គឺ​ ចូរ​វៀរ​ការ​នៅ​ ច្រលំ​បល់​ជា​មួយ​ទុជ៌ន​ តែ​ត្រូវ​សមា​គម​ដោយ​សប្បុ​រស​ ចូរ​បំពេញ​បុណ្យ​ទោះ​ថ្ងៃ​ទោះ​យប់​ ចូរ​រលឹក​ដល់​ការ​មិន​ទៀង​ជា​និច្ច​។
(2)ហិ​តោ​បទេស​ សេ​ច​ក្ដី​ប្រែ​ជាភា​សា​បារាំង​របស់​លោក​ឡង់​សឺ​រូ​ និង សេច​ក្ដី​ប្រែ​ជា​ភាសា​សៀម​ មាន​គាថា​លើល​ដូច្នេះ​ បិតា​ រឺ​បង​ប្រុស​ដែល​បាន​ទទួល​បង្គាប់​ពី​បិតា​ហើយ​បាន​អោយ​នាង​នារី​ទៅ​ជា​ភរិយា​ជន​ណា​ហើយ​ នាង​នារី​ត្រូវ​ស្ដាប់​បង្គាប់​ប្ដី​នោះ​មិន​ត្រូវ​ក្បត់​ចិត្ដ​ទោះ​រស់​នៅ​ក្ដី​ ស្លាប់​បាត់​បង់​ទៅ​ហើយ​ក្ដី​។
(3)ត្រង់​បទ​ទី​៤​នេះ​ក្នុង​ ច្បាប់​ខ្លះ​ថា បរិពារ​ព្រះ​រាជា​ អាច​នាំ​អោយ​កើត​វិវាទ​បាន​)។
(4)ច្រក​ផ្លូវ​ ទំនង​ អោ​កាស​)
(5)ហិតោ​បទេស​ សេច​ក្ដី​ប្រែ​ជា​ភាសា​បារាំង​របស់​លោក​ឡង់​សឺ​រូ មាន​គា​ថា​លើល​ដូច្នេះ​ ក. រដ្ឋម​ន្រ្ដី​១ ព្រះ​រាជា​១​ មិត្រ​១ ព្រះ​រាជ​ទ្រព្យ​១​ ព្រះរាជ​ណាច​ក្រ​១ បន្ទាយ​ព្រះ​អង្គ​១ កង​ពល​ព្រះ​អង្គ​១ ​និង​ ព្រះ​រាជ​មន្ធ​មិត្រ​១ ទាំង​៧​ផ្នែក​នេះ​ ជា​សារ​វន្ដ​នៃ​រដ្ឋា​ភិបាល​។ ខ​. មេ​បន្ទាយ​១​ មេ​ទ័ព​១ រដ្ឋ​មន្រ្ដី​ឃ្លាំង​១​ អគ្គ​រាជ​ទូត​១ បុរោ​ហិត​១​ ហោ​រាសាស្រ្ដ​១​ និង​ពេទ្យ​១ ទាំង​៧អ្នក​ទុក​ជា​ទី​ប្រឹក្សា​ព្រះ​រាជា​។