ថ្ងៃសៅរ៍ ទី2.កញ្ញា 2017.ម៉ោង 8:18
កថាទី៧ រឿងភរិយាគោបាល និងសាយហាយពីរនាក់

នៅ​ក្នុង​បុរី​ទ្វារា​វតី​ មាន​ស្រ្តី​ម្នាក់​ជា​ភរិយា​គោបាល​ ជា​ស្រ្តី​ចិត្ត​ចើក​រហីរ​រហាយ​ ទៅ​ចង​ចិត្ត​រីក​រាយ​ដោយ​ផ្លូវ​កាម​លោ​កិយ​ និង មន្រ្តី​កាន់​ការ​ជា​ទណ្ឌ​នាយក​(1) (1)មេ​តំរួត​ មេ​នគរ​បាល​) ព្រម​ទាំង​បុត្រ​កំលោះ​គាត់​ផង​នៅ​ក្នុង​ក្រុង​នោះ​ ព្រោះ​ ថា​៖

១១៥ - ភ្លើង​តែង​មិន​ឆ្អែត​ដោយ​អង្កត់​អុស​ទាំង​ឡាយ​ មហា​សមុទ្រ​តែង​មិន​ឆ្អែត​ដោយ​ទឹក​ស្ទឹង​ទាំង​ឡាយ​ ម្រឹត្យុ​តែង​មិន​ឆ្អែត​ដោយ​សព្វ​សត្វ​ទាំង​ឡាយ​ អែ​ស្រ្តី​មាន​រូប​ល្អ​តែង​មិន​ឆ្អែត​ដោយ​ប្រុស​ទាំង​ឡាយ​។​
១១៦ - ដោយ​ការ​អោយ​រង្វាន់​ក៏​មិន​បាន​ ដោយ​ការ​យក​ចិត្ត​ក៏​មិន​បាន​ ដោយ​ការ​ប្រើ​អាវុធ​បង្ខំ​ក៏​មិន​បាន រឺ​ដោយ​ការ​ប្រើ​ច្បាប់​ចរិ​យា​បង្គាប់​ក៏​មិន​បាន​ ដោយ​ពិត​ស្រ្តី​ភាព គឺ​គេ​ទូន្មាន​មិន​ងាយ​បាន​ដោយ​ប្រការ​ទាំង​ពួង​។
១១៧ ស្រ្តី​ភាព​ ចិត្ត​ដាច់​ណាស់​ អាច​លះ​បង់​ប្តី​ដែល​មាន​គុណ​ប្រសើរ​ មាន​កិត្តិ​យស មាន​រូប​ល្អ​ជា​ទី​ពេញ​ចិត្ត​ ឆ្លាត​ក្នុង​កាម​វិធី​ មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ រឺ​នៅ​ក្មេង​ស្រលាង​ចោល​ភ្លាម​មួយ​រំពេច​ ហើយ​រត់​ទៅ​រើស​រក​ប្រុស​គំរក់​តាម​ថ្នាល់​ដែល​អិត​គុណ និង​ចរិយា​។
១១៨ - ពិត​ប្រាកដ​ណាស់​! នារី​ សូម្បី​ដេក​ទេន​សយ​នា​រចនា​ដ៏​វិចិត្រ​ប្រណិត​គួរ​ជា​ទី​មនោរម្យ​ ក៏​មិន​គាប់​ចិត្ត​ស្អិត​ស្មើ​ដោយ​ក្តី​ភ្លើត​ភ្លើន​រួម​ខ្នើយ​ដោយ​ប្រុស​ប្តី​គេ​ ជា​គូ​ស្នេហា​ថ្មី​ប្លែក​មុខ​ យក​ផែន​ដី​ជា​គ្រែ​ក្រាល​ដោយ​ស្មៅ​ក្រៀម​ក្រោះ​ជា​កន្ទេល​។

ថ្ងៃ​មួយ​ ភរិយា​គោ​បាល​នោះ​ អង្គុយ​ប្រ​លែង​លេង​ជា​ទី​រីក​រាយ​ជា​មួយ​ និង បុត្រ​ទណ្ឌ​នាយក​ដោយ​កាម​តណ្ហា​។ កំពុង​ តែ​រីក​រាយ​ដោយ​ក្តី​ស្នេហា​ ទណ្ឌ​នាយក​មក​ដល់​ ភរិយា​គោ​បាល​ ក៏​លប​យក​បុត្រ​ទណ្ឌ​នាយក​នោះ​ទៅ​លាក់​ទុក​ក្នុង​ជង្រុក​ភ្លាម​ ហើយ​ចេញ​មក​សំណេះ​សំណាល​ជា​មួយ​ទណ្ឌ​នាយក​វិញ​ និយាយ​សើច​ លេង​ក្អាក​ក្អាយ​ដោយ​ក្តី​ប្រតិព័ទ្ធ​។ កាល​នោះ​អែង​ គោ​បាល​ជា​ប្តី​នាង​នោះ​ត្រលប់​ពី​ឃ្វាល​គោ​មក​ដល់​។​ ភរិយា​គោ​បាល​ឃើញ​ប្តី​មក​ដល់​ និយាយ​ខ្សឹប​ៗ​ និង​ទណ្ឌ​នាយក​ថា​ «នែ​លោក​ទណ្ឌ​នាយក​! លោក​កាន់​តំបង​មួយ​ហើយ​ដើរ​ចេញ​ទៅ​យ៉ាង​រហ័យ​ ធ្វើ​អាការ​ហាក់​ដូច​ជា​ក្រោធ​ខឹង​ណាស់​» និយាយ​រួច​ហើយ​ទណ្ឌ​នាយក​ធ្វើ​តាម​ភ្លាម​ អែ​គោ​បាល​ចូល​មក​ដល់​ក្នុង​ផ្ទះ​សួរ​ប្រពន្ធ​ថា​ «ទណ្ឌ​នាយក​នេះ​ក្រោធ​ខឹង​រឿង​អ្វី​ខ្លាំង​ម៉្លេះ​?​» ភរិយា​គោ​បាល​ឆ្លើយ​ប្រាប់​ថា​ «លោក​ទណ្ឌ​នាយក​ លោក​ខឹង​នឹង​កូន​លោក​ ខ្ញុំ​មិន​ដឹង​ជា​មាន​ហេតុ​អ្វី​ដែរ​ កូន​លោក​នោះ​រត់​ចូល​មក​ជ្រក​ក្នុង​ផ្ទះ​យើង​ អីលូវ​ខ្ញុំ​ជួយ​យក​ទៅ​លាក់​ក្នុង​ជង្រុក​រក្សា​ទុក​ទៅ​ហើយ​ លោក​ទណ្ឌនា​យក​ចូល​មក​ក្នុង​ផ្ទះ​យើង​ រក​កូន​លោក​មិន​ឃើញ​ ខឹង​ណាស់​មុខ​ក្រញូវ​ ដើរ​ចេញ​ទៅ​វិញ​ទៅ​»​។ ពេល​នោះ​ភរិយា​គោបាល​ ចូល​ទៅ​នាំ​យក​បុត្រ​ទណ្ឌនា​យក​នោះ​ចេញ​ពី​ជង្រុក​មក​បង្ហាញ​ប្តី​ព្រោះ​ថា​៖

១១៩ - បុគ្គលគប្បី​ជ្រាប​ថា​ ស្រ្តី​បរិ​ភោគ​អាហារ​ទ្វេ​គុណ​ មាន​ប្រាជ្ញា​ចតុ​គុណ​ មាន​កល​មាយា​ឆ​គុណ និង បរិ​ភោគ​កាម​អដ្ឋ​គុណ​។ ហេតុ​នោះ​ហើយ​បាន​ជា​ខ្ញុំ (ចចក​ទមនកៈ)​ ពោល​ថា «រី​ហេតុ​ការណ៍​ណា​មួយ​ដែល​កើត​ឡើង​ភ្លាម​ៗ​ដោយមិន​ដឹង​ខ្លួន​»​ ដូច្នេះ​ជា​ដើម​ (លេខ​១១៤)​។

ចចក​ករ​ដកៈ​ ឆ្លើយ​ឡើង​ថាៈ​ «អែង​និយាយ​នេះ​ តែង​មាន​សេច​ក្តី​ពិត​ហើយ​ តែ​ធ្វើ​ដូច​ម្តេច​ហ៎ះ ​មេត្រី​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​សត្វ​ទាំ​ពីរ​នោះ​ កើត​ជាប់​ជា​និស្ស័យ​ស្និទ្ធ​ជិត​ជាប់​លាប់​ណាស់​ទៅ​ហើយ​ យើង​ធ្វើ​ដូច​ម្តេច​ទើប​អាច​ នឹង បំបែក​គ្នា​ចេញ​បាន​?​។ ចចក​ទម​នកៈ​ឆ្លើយ​ប្រាប់​ថា «យើង​រក​អុបាយ​បំបែក​អោយ​ទាល់​តែ​បាន​ ព្រោះ​ថាៈ​
១២០ កិច្ច​ការ​ណា​ដែល​គេ​អាច​ធ្វើ​អោយ​សំរេច​បាន​ដោយ​អុបាយ​ កិច្ច​ការ​នោះ​ គេ​មិន​បាច់​ប្រើ​កំលាំង​ព្យាយាម​ទេ​ ព្រោះ​ប្រើ​អុបាយ​ដោយ​ខ្សែ​ក​ជា​វិការៈ​នៃ​មាស​ ក្អែក​សំលាប់​ពស់​វែក​បាន​»។ ចចក​ករ​ដកៈ​សួរ​ថា «ចុះ​រឿង​នោះ​ដូច​ម្តេច​?​» ចចក​ទមនកៈ​និយាយ​រឿង​នោះ​ថា​៖

កថាទី៨រឿងក្អែកញីឈ្មោល និង ពស់

១២២ នរ​ជន​មាន​ប្រាជ្ញា​ នរ​ជន​នោះ​នោះ​ឈ្មោះ​ថា​មាន​កំលាំង​ អែ​នរ​ជន​មិន​មាន​ប្រាជ្ញា​ នឹង មាន​កំលាំង​មក​ពីណា​! ចូរ​មើល​ សឺហៈ​ជោ​រ​ឡើង​ចាង​ត្រូវ​ទន្សាយ​សំលាប់​បាន​។ ក្អែក​ញី សើច​ចំអក​ហើយ​សួរ​ថា​ «ចុះរឿង​នោះ​ តើ​ដូម្តេច​?​» ក្អែក​ឈ្មោល​និយាយ​រឿង​រ៉ាវ​នោះ​ប្រាប់​ថា​៖

កថាទី៩ រឿងសីហៈ និងទន្សាយ

នៅ​ភ្នំមន្ទរ​ មាន​សីហៈ​មួយ​ឈ្មោះ​ទុទាន្ត​។ ទុទាន្ត​តែង​ចាប់​បសុ​សត្វ​ទាំង​ឡាយ​ច្រើន​ សំលាប់​ស៊ី​ជា​ចំណី​អាហារ​រាល់​ៗ​ថ្ងៃ​។ សព្វ​សត្វ​ទាំង​ឡាយ​ភិត​ភ័យ​ណាស់​ បបួល​គ្នា​មក​ប្រជុំ​រិះ​គិត​រក​អុបាយ​ ហើយ​ចូល​ទៅ​អង្វរ​ករ​សីហៈ​ថា​ «បពិត​ លោក​ជា​ស្តេច​ម្រឹគ​ ហេតុ​អ្វី​ក៏​លោក​ចាប់​សំលាប់​បំផ្លាញ​បសុ​សត្វ​បរិ​ភោគ​ជា​អាហារ​ម្តង​ៗ​ ច្រើន​ដល់​ម្លេះ​? បើ​លោក​ជ្រះ​ថ្លា​យល់​ព្រម​តាម​គំនិត​យើង​ យើង​ខ្ញុំ​នឹង​បញ្ជូន​បសុ​សត្វ​មួយ​រាល់​ៗ​ថ្ងៃ​ ជា​គ្រឿង​បណ្ណា​ការ​មក​ជូន​ដើម្បី​ ជា​អាហារ​លោក​»​។ ពេល​នោះ​ ទុទាន្ត​ឆ្លើយ​ឡើង​ថា «បើ​អែង​ទាំង​ឡាយ​មាន​ប្រាថ្នា​ដូច្នោះ​ អញ​ត្រេក​អរ​ណាស់​ ហើយ​អែង​ធ្វើ​តាម​បំណង​អែង​ចុះ​ តាំង​ពី​ពេល​នេះ​ត​ទៅ​»​។ ចំណេរ​កាល​មក​ សីហ​លែង​រវល់​ចេញ​ទៅ​បរ​បាញ់​ចាប់​សត្វ​ដូច​កាល​សព្វ​ដង​ទៀត​ នៅ​តែ​នឹង​កន្លែង​ចាំ​ទទួល​បណ្ណា​ការ​ គឺ​ប​សុ​សត្វ​មួយ​ៗ​ដែល​ម្រឹគ​ទាំង​ឡាយ​បញ្ជូន​មក​អោយ​រាល់​ថ្ងៃ​។ ថ្ងៃ​តមក​ដល់​វេន​ទន្សាយ​ចាស់​មួយ​ ទន្សាយ​ចាស់​នោះ​គិត​ថា​៖​

១២៣ - បុគ្គល​ធ្វើ​សេច​ក្តី​គោ​រព​អោន​លំ​ទោន​ ព្រោះ​ហេតុ​តែ​ខ្លាច​គេ​ផង​ ព្រោះ​តែ​ចង់​អោយ​មាន​ជីវិត​រស់​នៅ​ផង​ ថា​បើ​អាត្មា​អញ​ទៀង​តែ​ដល់​បញ្ច​ភាព​ដដែល​ ប្រ​យោជន៍​អ្វី​ អាត្មា​អញ​ត្រូ​វ​ធ្វើ​សេច​ក្តី​កោត​ក្រែង​សីហៈ​នេះ​។
ទន្សាយ​គិត​បណ្តើរ​ដើរ​បណ្តើរ​ ទៅ​សន្សឹម​ៗ​បន្តិច​ៗ​ចូល​ទៅ​រក​ទុទាន្ត​។ ពេល​នោះ​ ទុទាន្ត​ដែល​មាន​សេច​ក្តី​ស្រេក​​ឃ្លាន​បៀត​បៀន​ខ្លាំង​ក្រោធ​ច្រលោត​ខឹង​ និយាយ​ទ្រគោះ​បោក​បោះ​ទៅ​អោយ​ទន្សាយ​ថាៈ​ «យី​អានេះ​! អា​អែង​អាល័យ​ដើរ​ទៅ​លេង​ជាប់​នៅ​អែ​ណា​អោយ​យឺត​យូរ​ក្រ​បាន​មក​ដល់​ហ៎ះ​!»​។ ទន្សាយ​លោម​ទោម​អង្វរ​ថា «ទេវៈ​! ខ្ញុំ​បាទ​មិន​មាន​កំហុស​ទេ កាល​ខ្ញុំ​បាទ​កំ​ពុង​ដើរ​មក​តាម​ផ្លូវ​មាន​សីហ​មួយ​ធំ​ណាស់​ មក​ចាប់​ឃាត់​ខ្ញុំ​បាទ​ទាំង​អំណាច​ ខ្ញុំ​បាទ​និយាយ​អង្វរ​ករ​ស្បថ​ស្បែ​ចំពោះ​សីហៈ​កំណាច​នោះ​ថា​ នឹង ត្រលប់​ទៅ​ជួប​វិញ​ សូម​តែ​អនុញ្ញាតិ​អោយ​ខ្ញុំ​បាទ​ ចូល​មក​ជំរាប​លោក​ម្ចាស់​ក្នុង​ទី​នេះ​ អោយ​បាន​ជ្រាប​ជា​មុន​សិន​ ព្រោះ​ហេតុ​នេះ បាន​ជា​យឺត​យូរ​ក្រ​បាន​មក​ដល់​ឆាប់​»​។ ទុទាន្ត​បាន​ស្តាប់​ហើយ​ ក្រេវ​ក្រោធ​ឆេវ​សួរ​តប​ទៅ​វិញ​ទាំង​កំរោល​ថា​ «បើ​ដូច្នោះ​ អា​អែង​នាំ​អញ​ទៅ​បង្ហាញ​អោយ​ឆាប់​អីលូវ​នេះ​ តើ​អា​ព្រហើន​កោង​កាច​នោះ​វា​នៅ​អែ​ណា​?»​។ ពេល​នោះ​ទន្សាយ​ក៏​នាំ​សីហៈ​ ទ្រនង់​នោះ​ ទៅ​បង្ហាញ​អណ្តូង​ជ្រៅ​ស្រលូង​មួយ​ លុះ​ដើរ​ទៅ​ដល់​អណ្តូង​នោះ​ហើយ​ និយាយ​ប្រាប់​ថា​ «សូម​លោក​ម្ចាស់​អញ្ជើញ​ទៅ​មើល​ខ្លួន​អែង​ចុះ​ វា​នៅ​ក្នុង​អណ្តូង​នោះ​អែង​»​។ អែ​ទុទាន្ត​ ដើរ​ចូល​ទៅ​ជិត​ក្រ​លេក​មើល​ក្នុង​អណ្តូង​ឃើញ​ស្រមោល​ខ្លួន សំគាល់​ថា​ជា​សីហៈ​មួយ​ធំ​សំបើម​អស្ចារ្យ​ ក្នាញ់​ខ្លាំង​ណាស់​ ដំឡើង​ប្រែង​សំដែង​រិទ្ធ​ដ៏​ឃោ​ឃៅ​លោត​ចុះ​ទៅ​សង្រ្គុប​ក្នុង​អណ្តូង​ដោយ​ក្តី​ទ្រនង់​យង់​ឃ្នង ក៏​ដល់​នូវ​បញ្ច​ភាព​(2)​ ស្លាប់​អៃ​ដ៏​កាល​នោះ​ទៅ​ហោង​។ ហេតុ​នោះ​ហើយ​បាន​ជា​បង​ (ក្អែក​ឈ្មោល​) និយាយ​ប្រាប់​ថា «នរ​ជន​ណា​មាន​ប្រាជ្ញា​ នរ​ជន​នោះ​ឈ្មោះ​ថា​ មាន​កម្លាំង​» ដូច្នេះ​ជា​ដើម​(លេខ១២២)​។​

ក្អែក​ញី​សួរ​ថា «អើ​ខ្ញុំ​ស្ដាប់​អស់​អាថិ​សេច​ក្តី​ហើយ​ តើ​អ្នក​បង​គិត​ធ្វើ​អុបាយ​នោះ​ដូច​ម្តេច​? ចូរ​ប្រាប់​អុបាយ​នោះ​ អោយ​ខ្ញុំ​ដឹង​មើល​!​»។ ក្អែក​ឈ្មោល​និយាយ​ប្រាប់​ថា​ «នៅ​ស្រះ​បោក្ខណី​ទឹក​ថ្លា​យល់​ដី​ ជិត​ឋាន​យើង​នេះ​ មាន​ព្រះ​រាជ​បុត្រ​ទាំង​ឡាយ​តែង​យាង​ចូល​មក​ប្រពាត​ក្រសាល​ស្រង់​ អុទក​វារី​លេង​​សប្បាយ​រាល់​ៗ​ថ្ងៃ​ ក្នុង​ស្នាន​សម័យ​(3)​ស្តេច​តែង​ដោះ​ខ្សែ​ព្រះ​សូរ​ង​ជា​វិការៈ​នៃ​មាស​សំរាប់​តែ​ព្រះ​អង្គ​ ទុក​នៅ​លើ​ផែន​ថ្ម​នា​ឆ្នេរ​ស្រះ​ហើយ​ទើប​ចុះ​ទៅ​ស្រង់​ ចូរ​ប្អូន​ហើរ​ចុះ​ទៅ​ឆក់​លួច​យក​នូវ​ខ្សែ​ព្រះ​សូរង​ជា​វិការៈ​នៃ​មាស​នោះ​ដោយ​ចំពុស​ ហើយ​នាំ​យក​មក​ទំលាក់​ទុក​ក្នុង​ព្រង់​ដែល​ពស់​ចង្រៃ​វា​អា​ស្រ័យ​នៅ​»​។ ថ្ងៃ​មួយ​ព្រះ​រាជ​បុត្រ​ទាំង​ឡាយ​​ស្តេច​យាង​មក​ស្រង់​ក្រសាល​ អុទក​វារី​ មេ​ក្អែក​ក៏​ធ្វើ​ដូច​បាន​គិត​គូរ​គ្នា​ទុក​មុន​។ គ្រា​នោះ​អែង​ ព្រះ​រាជ​បុត្រ​ទាំង​ឡាយ បាន​​​ទត​ឃើញ​មេ​ក្អែក​លប​​ឆក់​យក​ខ្សែ​ព្រះ​សូ​រង​ដូច្នេះ​ ស្តេច​ដេញ​តាម​មេ​ក្អែក​ ដើម្បី​ដណ្តើម​យក​ខ្សែ​ព្រះ​សូរង​នោះ​រហូត​ទៅ​ដល់​ព្រង់​ ទៅ​ប្រទះ​ឃើញ​ពស់​វែក​នោះ​ ហើយ​ក៏​បបួល​គ្នា​វាយ​សំលាប់​ចោល​បង់​សៀត​ទៅ​ហោង​។ ព្រោះ​ហេតុ​នោះ​បាន​ជា​ខ្ញុំ (ចចក​ទមនក)​ពោល​ថា​៖​ «កិច្ច​ការ​ណា​ដែល​គេ​អាច​ធ្វើ​អោយ​សំរេច​បាន​ដោយ​អុបាយ​» ដូច​ច្នេះជា​ដើម​(១២០)​

ចចក​ករ​ដកៈ​និយាយ​ចាក់​បណ្តាយ​ថា «បើ​ដូច្នោះ​ចូរ​អែង​ទៅ​ចាត់​ចែង​ធ្វើ​ការ​ក្នុង​កាល​អីលូវ​នេះ​ទៅ​ ហើយ​សូម​អោយ​បាន​សំរេច​សម​ប្រកប​តាម​ក្តី​ប្រាថ្នា​កុំ​បី​ខាន​ឡើយ​»​។ លំដាប់​នោះ​អែង​ ចចក​ទមនកៈ​ដើរ​ចូល​ទៅ​រក​បិង្គលកៈ​ លុះ​ចូល​ទៅ​ដល់​ហើយ​ លើក​ទស​ករ​ប្រណម្យ​ ទើប​ពោល​ពាក្យ​ថា «ទេវៈ​! ខ្ញុំ​បាទ​សង្កេត​ឃើញ​ហេតុ​ការណ៍​ប្រ​កប​ដោយ​ភ័យ​ធំ​គួរ​អោយ​វិតក្ក​ខ្លាំង​ ទើប​ចូល​មក​ជួប​លោក​ជា​ម្ចាស់​ ដោយ​ប្រញាប់​ប្រញាល់​ព្រោះ​ថា​៖​

១២៤ - ក្នុង​គ្រា​អន្ត​រាយ រឺ​ក្នុង​ការ​ដើរ​ខុស​គន្លង​ផ្លូវ​ រឺ ក៏​ក្នុង​ការ​ប្រ​ព្រឹត្តិ​កន្លង​ អោ​កាស​ជា​កាល​គួរ​នរ​ជន​ជា​អ្នក​ធ្វើ​ប្រ​យោជន៍​ទូ​ទៅ​ សូម្បី​គេ​មិន​សាក​សួរ​ ក៏​គប្បី​ស្នើ​ណែ​នាំ​ផ្លូវ​ដោយ​ពាក្យ​​ជា​កល្យាណ​ធម៌​។​
១២៥ - ព្រះ​រាជា​ ជា​ភាជន៍​សំរាប់​ត្រង​រង​នូវ​ភោគ​សុខ​(4)​​ មិន​មែន​ជា​ភាជន៍​សំរាប់​ ត្រង​រង​នូវ​រាជ​ការ​ទេ​ កាល​បើ​រាជ​ការ​វិនាស​ខូច​ខាត​ហើយ​ មន្រ្តី​ត្រូវ​ជាប់​ទោស​។

ក្នុង​ករណី​នេះ​ សូម​លោក​ជា​ម្ចាស់​ពិចារ​ណា​មើល​ចុះ​ ក្រម​នេះ​ជា​វិធី​ដំណើរ​ការ​ នៃ​អាមាត្យ​ទាំង​ឡាយ​លោក​ថា​៖
១២៦ ការ​ស៊ូ​លះ​បង់​ជីវិត​ ពុំ​នោះ​​ការ​កាត់​សិរ​សា​អា​មាត្យ​អោយ​ដាច់​ចេញ​ ជា​ការ​គាប់​ប្រសើរ​ណាស់​ តែ​អាមាត្យ​មាន​ភក្តី​ធ្វើ​ព្រ​ងើយ​​កន្តើយ​ចំ​ពោះ​អាមាត្យ​​ក្បត់​ដែល​ប្រុង​សំលាប់​ម្ចាស់​របស់​ខ្លួន​ ដើម្បី​ធ្វើ​ជា​ម្ចាស់​ផែន​ដី​មិន​គាប់​ប្រសើរ​សោះ​ឡើយ​។

បិង្គលកៈ​ត្រេក​អរ​សាទរ​ណាស់​ សួរ​ទៅ​វិញ​ថា «បើ​ដូច្នោះ​តើ​អែង​ត្រូវ​ការ​និយាយ​ដូច​ម្តេច​ខ្លះ​?​»​។ ចចក​ទម​នកៈ​និយាយ​ឡើង​ថា​ «ទេវៈ​! គោ​សញ្ជីវ​កៈ ​សំដែង​អាការ​កិរិយា​ចំពោះ​មុខ​ខ្ញុំ​បាទ​ មើល​ទៅ​ហាក់​មិន​គួរ​គប្បី​ដល់​លោក​ម្ចាស់​សោះ​ មាន​ពោល​ពាក្យ​និន្ទា​ទ្រគោះ​បោក​បោះ​មើល​ងាយ​ព្រះ​ចេស្តា​សក្តា​នុភាព​បី​​ប្រការ(5)​ ប្រា​ថ្នា​​លោភ​លន់​ប្រុង​ដណ្តើម​យក​រាជ​សម្បត្តិ​»​។ បិង្គលកៈ​បាន​ស្តាប់​ពាក្យ​ញុះ​ញង់​នេះ​​ហើយ​ ភ័យ​តក់​ស្លុត​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ស្ថិត​នៅ​ស្ងៀម​មិន​ចេញ​ស្តីសោះ​។​ ចចក​ទមនកៈ​និយាយ​បន្ថែម​ទៀត​ថា​ «ទេវ​! លោក​ជា​ម្ចាស់​ដក​ដាល​បោះ​បង់​ចោល​អ្នក​រាជ​ការ​ចាស់​មុន​ចោល​អស់​ ហើយ​តាំង​សញ្ជីវ​ក​នេះ​អោយ​កាន់​​ដំណែង​ធំ​អភិបាល​សំរេច​រាជ​ការ​ផែន​ដី​ទាំង​អស់​ អំពើ​នេះ​ ជា​ទោស​ធំ​សំ​បើម​ណាស់​ ព្រោះ​ថា​៖​

១២៧ ស្រី(6)ទ្រ​ទ្រង់​នូវ​មន្រ្តី​ដែល​មាន​សក្តា​នុភាព​ខ្លាំង​ និង ម្ចាស់​ផែន​ដី​អោយ​ រឹង​ជំហរ​ ហើយ​យក​ជើង​ទាំង​ពីរ​ទប់​ជ្រែង​ អែ​ស្រី​នោះ​ជា​ស្រ្តី​ភាព​មាន​សមត្ថ​ភាព​ មិន​អាច​ទប់​ទល់​នូវ​ភារៈ​ដ៏​ធ្ងន់​ទាំង​ពីរ​អោយ​ប្រ​ព្រឹត្ត​ទៅ​បាន​ទេ​ ម្ល៉ោះ​ហើយ​តោង​ទំលាក់​ភារៈ​ណា​មួយ​ចោល​ ក្នុង​ភារៈ​ទាំង​ពីរ​នោះ​គឺ​ ខ្ញុំ​បាទ​រឺ​លោក​ម្ចាស់​។

១២៨ - ក្នុង​កាល​ណា​ព្រះ​ភូមិ​បតី​ ទ្រង់​តែង​តាំង​មន្រ្តី​ណា​មួយ​ជា​អែក​អគ្គ​ផ្តាច់​ការ​ ក្នុង​រាជ្យ​ក្នុង​កាល​នោះ​ ក្តី​ស្រវឹង​យស​តែង​ហូរ​ចូល​ទៅ​គ្រប​សង្កត់​ចិត្ត​មន្រ្តី​នោះ​ដោយ​អំណាច​មោហ​ធម៌​ មន្រ្តី​នោះ​អែង​រមែង​ទំលាយ​បង់​នូវ​ការ​ងា​រ​ អោយ​វិនាស​ ដោយ​អំណាច​ស្រវឹង​យស​ និង ក្តី​ខ្ជិល​ច្រអូស​មិន​ខាន​ កាល​បើ​ការ​ងារ​វិនាស​ហើយ​ សេច​ក្តី​ល្មោភ​អន្ទះ​​អន្ទែង​ និង បង្ក​ក្តី​ចង់​បាន​ កាន់​អំណាច​ដាច់​ខាត​ខ្លួន​អែង​អោយ​កើត​ឡើង​ក្នុង​ចិត្ត​លំដាប់​ត​ទៅ​ ដោយ​សេច​ក្តី​ល្មោភ​អន្ទះ​អន្ទែង​ ចង់​បាន​កាន់​អំណាច​ដាច់​ខាត​ខ្លួន​អែង​នេះ​ ជា​មូល​ហេតុ​មន្រ្តី​នោះ​ នឹង​ ទ្រុស្ត​ ធ្វើ​គត​ម្ចាស់​ខ្លួន​អោយ​ដល់​ក្តី​ក្ស័យ​ប្រាណ​មិន​ខាន​។​

១២៩ - អាហារ​ទទឹក​ជ្រាប​ដោយ​ពិស​ពុល​ ធ្មេញ​ដែល​រង្គើ​ និង អាមាត្យ​ប្រទុស​ ទាំង​អស់​នេះ​ត្រូវ​កកាយ​ដក​ចោល​ អោយ​ទាល់​តែ​អស់​ដល់​បាទ​ដល់​រិស​គល់​ ទើប​បាន​សុខ​។​
១៣០ - ព្រះ​រាជា​អង្គ​ណា​ប្រ​គល់​ព្រះ​រាជ​ស្រី(7)អោយ​ជា​អាយ័ត​ដាច់​ខាត​ដល់​មន្រ្តី​​ណា​ហើយ​ ក្តី​វិនាស​អន្ត​រាយ​នឹង​កើត​មាន​ប្រាកដ​ក្នុង​រឿង​នេះ​ព្រះ​រាជា​អង្គ​នោះ​ នឹង​ទ្រង់​ផ្ទំ​កើត​ទុក្ខ​សោក​សៅ​ក្តៅ​ក្រហាយ​ ដូច​មនុស្ស​ខ្វាក់​អិត​អ្នក​ដឹក​ដៃ​។​
សញ្ជីវកៈ​នេះ​ធ្វើ​កិច្ច​ការ​សារ​ពើ​បរិ​ហារ​ផែន​ដី​ តាម​តែ​ទំនើង​ចិត្ត​វា​ លោក​ម្ចាស់​ជា​បន្ទាល់​សាក្សី​ក្នុង​រឿង​នេះ​ស្រាប់​ហើយ​ បាន​ទាំង​ជ្រាប​ច្បាស់​នូវ​កិច្ច​ការ​ទាំង​អស់​នេះ​សព្វ​គ្រប់​ផង​ ព្រោះ​ថា​៖​
១៣១ បុរស​ណា​មិន​ចង់​បាន​ទ្រព្យ​ បុរស​នោះ​មិន​នៅ​ក្នុង​លោក​នេះ​ទេ​ ក្នុង​លោក​នេះ នរ​ណា​មួយ​មិន​ក្រលេក​មើល​ដោយ​សាទរ​ ចំពោះ​ប្រពន្ធ​ក្មេង​ដែល​មាន​រូប​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត​នៃ​ជន​ដទៃ​?​។
សីហៈ​ពិចារ​ណា​មើល​មួយ​ស្របក់​ ឆ្លើយ​តប​ទៅ​វិញ​ថា​ «នែ​សំលាញ់​! ពាក្យ​ដែល​អែង​និយាយ​នេះ​ ពិត​មែន​ហើយ​ទោះ​បី​ដូច្នោះ​គួរ​នឹក​ដល់​ការ​កំសត់​កម្រ​ដែល​យើង​ និង សញ្ជីវកៈ​នេះ​បាន​ធ្វើ​ក្តី​ស្និទ្ធ​ស្នេហា​យ៉ាង​ខ្លាំង​មក​យូរ​យា​ណាស់​ហើយ​ផង​ អែង​ចូរ​មើល​! លោក​ថា​
១៣២ - មិត្រ​ណា​ជា​ទី​ស្រលាញ់​ពេញ​ចិត្ត​ បើ​ទុក​ជា​កុហក​បោក​ប្រាស​យើង​ខ្លះ​ មិត្ត​​នោះ​នៅ​តែ​ជា​ទី​ស្រលាញ់​ពេញ​ចិត្ត​ដដែល​ ដូច​រាង​កាយ​យើង​ ទោះ​បី​មាន​រោគា​ព្យាធិ​ប្រទុស​សព្វ​ទាំង​អស់​ អ្នក​ណា​មួយ​មិន​ស្រលាញ់​រាង​កាយ​ខ្លួន​។
១៣៣ - មិត្ត​ណា​ជា​ទី​ស្រលាញ់​ពេញ​ចិត្ត​ សូម្បី​ធ្វើ​អោយ​យើង​មិន​ពេញ​ចិត្ត​ច្រើន​យ៉ាង​ មិត្ត​នោះ​នៅ​តែ​ជា​មិត្ត​ជា​ទី​ស្រលាញ់​ពេញ​ចិត្ត​ដដែល​ ដូច​ភ្លើង​សូម្បី​ឆេះ​មន្ទីរ​មហា​សាល​ អ្នក​ណា​មួយ​លែង​និយម​រាប់​អាន​ភ្លើង​ទៀត​?​។
ចចក​ទមនកៈ​ និយាយ​ថែម​ទៀត​ថា «ទេវៈ​! រឿង​នេះ​ជា​ទោស​កំ​ហុស​ធំ​ខ្លាំង​ណាស់​ព្រោះ​ថា៖​
១៣៤ -ព្រះរាជា​ ទត​ព្រះ​នេត្រ​ដោយ​ក្រៃ​លែង​ ចំពោះ​ជន​ណា​ ទោះ​ជា​ព្រះ​រាជ​បុត្រ​ក្តី​ ទោះ​ជា​អាមាត្យ​ក្តី​ រឺ​ក៏​ជា​ជន​បរទេស​ក្តី​ លក្ស្មី​ (ទ្រព្យ)​ តែង​រត់​ចូល​ទៅ​ជា​សិរី​នៃ​ជន​នោះ​។ សូម​លោក​ម្ចាស់​ស្តាប់​ពាក្យ​នេះ​ត​ទៅ​ទៀត​ថា​៖​
១៣៥ -ការ​រលត់​បង់​នូវ​ពាក្យ​ជជែក​ ដែល​មិន​ជា​ទី​ពេញ​ចិត្ត​តែង​នាំ​មក​នូវ​សេច​ក្តី​សុខ​ ទី​ណា​មាន​អ្នក​និយាយ​ ហើយ​មាន​អ្នក​ស្តាប់​ទី​នោះ​ ក្តី​សំរេច​ផល​គួរ​ជា​ទី​ពេញ​ចិត្ត​តែង​កើត​ឡើង​។​
ពេល​នោះ​ព្រះ​បាទ​ជា​ម្ចាស់​ដក​ដាល​ ខ្ញុំ​រាជ​ការ​ចាស់​ជា​រិស​គល់​ចោល​អស់​ហើយ​ ទៅ​តាំង​បន្តុប​លើក​ដំកើង​ជន​បរ​ទេស​អាគន្តុក​ជា​ត្រី​មុខ​អោយ​ជា​ធំ​ជាង​ពួក​ខ្ញុំ​រាជ​ការ​ចាស់​វិញ​ អំពើ​នេះ​មិន​ត្រឹម​ត្រូវ​តាម​ធម៌​ទេ ព្រោះ​ថា​៖​
១៣៦ -ព្រះ​ភូមិ​បាល​ មិន​គួរ​គប្បី​រាប់​អាន​លើក​ដំកើង​ជន​បរ​ទេស​អា​គន្តុក​ដោយ​អាង​ហេតុ​ថា​ «ខ្ញុំ​រាជ​ការ​ចាស់​ប្រព្រឹត្ត​ខុស​» ទេ អំពើ​នេះ​ជា​ទោស​ធំ​ណាស់​ព្រោះ​ថា ជន​បរ​ទេស​យើង​នឹង​ជឿ​ទុក​ចិត្ត​បាន​ថា​មិន​ទំលាយ​រាជ​សម្បត្តិ​អោយ​វិនាស​រឺ​អ្វី​?​។
សីហៈ​និយាយ​ទទឹង​ទាស់​ថា​ «ពាក្យ​អែង​នេះ​ ប្លែក​អស្ចារ្យ​ណាស់​មិន​មែន​រឺ​អ្វី​? សញ្ជី​វកៈ​នេះ​យើង​បាន​អោយ​អភ័យ​ហើយ​នាំ​យក​មក​ទំនុក​បំរុង​អោយ​ធ្វើ​ការ​ អោយ​មាន​កិត្តិ​យស ហេតុ​ដូច​ម្តេច​ក៏​អែង​សំគាល់​យល់​ថា​ វា​គិត​ប្រទូស​ក្បត់​រាជ្យ​យើង​វិញ​?​»​។ ចចក​ទម​នកៈ​និយាយ​បញ្ជាក់​ថា​«ទេវៈ​!​»
១៣៧ -មនុស្ស​ទុរ​ជន​ បើ​ទុក​ជា​លើក​តំកើង​អោយ​មាន​យស​សក្តិ​ជា​និច្ច​ក៏​ដោយ​ ក៏​នៅ​តែ​មិន​ក្តី​ស្មោះ​ត្រង់​ មិន​លះ​បង់​ប្រ​ក្រតី​ដើម​ ដូច​កន្ទុយ​ឆ្កែ​ សូម្បី​គេ​យក​​ប្រលោប រឹត​អោយ​ត្រង់​ ក៏​មិន​លះ​បង់​ចុង​ង​ស្ទើត​ទៅ​លើ​ដូច​ប្រ​ក្រតី​វា​ឡើយ​។
១៣៨ -ធម្មតា​កន្ទុយ​ឆ្កែ​ ទោះ​ជា​គេ​កែ​ យក​ប្រេង​លាប​ យក​ខ្សែ​ចង​ យក​​សំពត់​រុំ​ ចង​ទុក​អស់​១២​ឆ្នាំ​ក៏​អិត​អំពើ​ កាល​ណា​គេ​ស្រាយ​ចំណង​ចេញ​ ក៏​ត្រលប់​កង​កន្ទុយ​ង​ ក្ងក់​ឡើង​វិញ​ដូច​ប្រក្រតី​ដើម​។
១៣៩ -ការ​បណ្តុះ​បណ្តាល​អោយ​ចំរើន​ រឺ​ការ​រាប់​អាន​លើក​តំកើង​អោយ​ប្រ​សើរ​ នឹង​អាច​ញ៉ាំង​មនុស្ស​ខ្ជិល​ខូច​ ចិត្ត​អាក្រក់​អោយ​ត្រេក​អរ​ពេញ​ចិត្ត​ដូច​ម្តេច​កើត​? ដូច​ដើម​ឈើ ​មាន​ពិស​ពុល​ សូម្បី​យក​ទឹក​អម្រឹត​ទៅ​ស្រោច​ស្រព​ក៏​មិន​អាច​ត្រលប់​​ចេញ​ផ្លែ​គួរ​ជា​ទី​ប្រាថ្នា​បាន​ដូច្នោះ​ដែរ​។ ព្រោះ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​និយាយ​ថា៖​

១��០ -នរ​ជន​មិន​ចង់​អោយ​កល្យាណ​មិត្ត​បាន​សេច​ក្តី​វិនាស​ សូម្បី​កល្យាន​មិត្ត​នោះ​ មិន​សួរ​មុន​ ក៏​គួរ​គប្បី​ប្រាប់​អុបាយ​ អោយ​កើត​ប្រយោ​ជន៍​ដែរ​ នេះ​ជា​ធម៌​នៃ​លោក​សប្បុ​រស​ទាំងឡាយ​ បើ​ពុំ​នោះ​ទេ នរ​ជន​នោះ​នឹង​ធ្លាក់​ក្នុង​គតិ​នៃ​ជន​មាន​មតិ​ថោក​ទាប​ (សេច​ក្តី​ដូច​លេ​ខ​១២៤​)​។

១៤១ -នរ​ជន​ណា​ឃាត់​ហាម​មិន​អោយ​ធ្វើ​អំពើ​អកុសល​ នរ​ជន​នោះ​ឈ្មោះ​ថា​ជា​មិត្ត​នាំ​អោយ​រិត​តែ​រុង​រឿង​ កម្ម​ណា​ប្រាស​ចាក​មន្ទិល​ គឺ​ពាក្យ​តិះ​ដៀល​ កម្ម​នោះ​ឈ្មោះ​ថា​ជា​កម្ម​បរិ​សុទ្ធ​ប្រពៃ​ ស្រី​ណា​ប្រ​ព្រឹត្ត​កាម​ឆន្ទៈ​ស្វាមី​ ស្រី​នោះ​ឈ្មោះ​ថា​ជា​ភរិយា​ នរ​ជន​ណា​មាន​សប្បុរស​ទាំង​ឡាយ​គោរព​បូជា​សរ​សើរ​ នរ​ជន​នោះ​ឈ្មោះ​ថា​បណ្ឌិត​ ធម្ម​ជា​តិ​ណា​មិន​ធ្វើ​អោយ​ស្រ​វឹង​សៅ​ហ្មង​ ធម្ម​ជាតិ​នោះ​ឈ្មោះ​ថា​ជា​សិរី​ នរ​ជន​ណា​រួច​ពី​ខ្ញុំ​តណ្ហា​ នរ​ជន​នោះ​ឈ្មោះ​ថា​ជា​ បុគ្គល​មាន​សេ​ច​ក្តី​សុខ​ នរ​ជន​ណា​ស្មោះ​ត្រង់​តាម​ប្រ​ក្រតី​ នរ​ជន​នោះ​ឈ្មោះ​ថា​ជា​មិត្ត​ នរ​ជន​ណា​ទូន្មាន​អិន្រ្ទីយ​បាន​ នរ​ជន​នោះ​ឈ្មោះ​ថា​ជា​បុរស​។

រឿង​នេះ​ ថា​បើ​លោក​ម្ចាស់​មិន​ព្រម​ត្រលប់​ស្មារ​តី​ បណ្តោយ​អោយ​សញ្ជី​វកៈ​ធ្វើ ​គត​អោយ​រលត់​ផុត​ជីវិត​វិនាស​ ទាំង​ដែល​ទ្រង់​បាន​ជ្រាប​រួច​ហើយ​ កំហុស​ដូច្នេះ​មិន​មែន​ជា​ទោស​អាមាត្យ​មុខ​មន្រ្តី​ខ្ញុំ​បំ​រើ​ទេ​ ព្រោះ​ថា៖
១៤២ - ព្រះ​នរបតី​ ជាប់​ព្រះ​ទ័យ​ស្អិត​ក្នុង​កាម​ មិន​គយ​គន់​មើល​កិច្ច​ការ​រាជ​ការ​ និង​ផល​ប្រយោ​ជន៏​ប្រទេស​ជាតិ​ប្រ​ព្រឹត្ត​ធ្វើ​តាម​តែ​ទំនើង​ព្រះ​ទ័យ​ ស្រវឹង​ពន់​ពេក​ ក្រៃ​ដូច​ដំរី​ចុះ​ប្រេង​ កាល​ត​មក​ទ្រង់​កើន​មានៈ​ក្ស័ត្រ​គ្រប​សង្កត់​ធ្លាក់​ ព្រះ​អង្គ​ទៅ​ក្នុង​ជ្រោះ​ជ្រៅ​ គឺ​សេច​ក្តី​សោក​សល្យ​ហើយ​ ទ្រង់​តែង​ដាក់​ទោស​ទំលាក់​ខុស​មក​លើ​អា​មាត្យ​មុខ​មន្រ្តី​ មិន​បាន​នឹក​នា​ដល់​ទោស​ពៃរ៍​កំហុស​កន្លង​វិន័យ​ព្រះ​អង្គ​ឡើយ​។ បិង្គលកៈ​នឹក​តែ​ក្នុង​ចិត្ត​ថា​៖​

១៤៣ - ព្រះរាជា មិន​ត្រូវ​ជាក់​ទណ្ឌ​កម្ម​ដល់​ជន​ដទៃ​ៗ​ដោយ​អាង​យក​តែ​ពាក្យ​ពាល​ បង្ខុស​នៃ​ជន​អែ​ទៀត​ឡើយ​ គួរ​គប្បី​សាក​សួរ​អោយ​ឃើញ​ទោស​ប្រច័ក្ស​ដោយ​ខ្លួន​សិន​ សឹម​ត្រូវ​ចាប់​ចង​ដាក់​ទោស​ រឺ​ពុំ​នោះ​ត្រូវ​បូជា​។​
១៤៤ - នរជន​ មិន​បាន​ពិចា​រណា​គុណ និង ទោស​អោយ​ឃើញ​ម៉ត់​ចត់​តាម​វិធី​មុន​សិន​ទេ​ មិន​គួរ​អាណិត​លើក​លែង​ រឺ ដាក់​ទោស​ទ័ណ្ឌ​ទេ ដូច​ការ​មើល​ងាយ​យក​ដៃ​លូក​ទៅ​ក្នុង​មាត់​ពស់​ ឈ្មោះ​ថា​ យក​ក្តី​វិនាស​មក​អោយ​ខ្លួន​អែង​ពិត​អិត​​សង្ស័យ​​ឡើយ​។​

នឹក​ឃើញ​ដូច្នេះ​ហើយ​ ទើប​បិង្គ​លកៈ​ប្រកាស​ខ្លាំង​ៗ​ថា «បើ​ដូច្នោះ​ត្រូវ​ហៅ​សញ្ជី​វកៈ​អោយ​ចូល​មក​នឹង​ប្រាប់​អោយ​ដឹង​ខ្លួន​រឺ​អ្វី​?​»​។ ចចក​ទមនកៈ​ ឆ្លើយ​ដោយ​ប្រញាប់​ថា «ទេ​!ទេ​! មិន​បាន​ទេ​!ធ្វើ​ដូច្នេះ​នាំ​អោយ​គេ​អែង​ដឹង​លឺ​ច្រើន​ បែក​ការ​សំងាត់​ អស់​ហើយ​​ព្រោះ​លោក​ថា​៖​

១៤៥ ពូជ​គឺ​ការ​សំងាត់​នេះ​សូម្បី​តែ​បន្តិច​ បុគ្គល​គប្បី​លាក់​ទុក​ដោយ​ប្រពៃ​ គប្បី​រក្សា​ដោយ​ម៉ឺង​ម៉ាត់​តាម​ដែល​ នឹង អាច​ម៉ឺង​ម៉ាត់​បាន​ បុគ្គល​ត្រូវ​ប្រយ័ត្ន​កុំ​អោយ​បែក​ការ​ឡើយ​ ការ​សំងាត់​នោះ​បើ​បែក​ធ្លាយ​ហើយ មិន​ដុះ​ដាល​បាន​ផល​សំរេច​ទេ​។

១៤៦ -ការ​ងារ ដែល​ត្រូវ​ចាប់​ធ្វើ​ រឺ ដែល​ត្រូវ​បង្គាប់​គេ​ រឺ ដែល​ត្រូវ​ធ្វើ​ខ្លួន​អែង​ បើ​បុគ្គល​មិន​គប្បី​ប្រញាប់​ប្រញាល់​ ធ្វើ​អោយ​បាន​រួស​រាន់​ទាន់​ពេល​ទេ​ កាល​វេលា នឹង ជញ្ជក់​​ក្រេប​ផឹក​ស៊ី​រស​ជាតិ​ការ​ងារ​នោះ​អស់​រលីង​។ ព្រោះ​ហេតុ​នោះ​ ការ​ងារ​អ្វី​មួយ​ដែល​នរ​ជន​ប្រា​រព្ធ​ធ្វើ​ហើយ​ត្រូវ​តែ​ចាត់​ការ​ភ្លាម​ៗ​ ដោយ​ការ​ប្រយ័ត្ន​ម៉ឺង​ម៉ាត់​ដែល​អាច​នឹង​ប្រយ័ត្ន​បាន​ ព្រោះ​ថា​៖​

១៤៧ -ការ​សំងាត់​ ដូច​ទាហាន​មិន​មាន​ទឹក​មាំ​មួន​ សូម្បី​មាន​គ្រឿង​ក្រោះ​ការ​ពារ​​សព៌ាង្គ​កាយ​បរិ​បូរណ៌​ហើយ​ ក៏​មិន​​អាច​ធន់​ទ្រាំ​ នឹង នៅ​ក្នុង​កន្លែង​អស់​កាល​យូរ​បាន​ ព្រោះ​ក្តី​រង្គៀស​ខ្លាច​ក្រែង​ អាច​អោយ​សត្រូវ​ត​យុទ្ធ​ទំលាយ​បាន​។ បើ​ទុក​ជា​សញ្ជី​វកៈ​នេះ​មើល​ឃើញ​ទៅ​កំហុស​ខ្លួន​ ហើយ​ចូល​មក​លោក​ម្ចាស់​ សូម​អោយ​លោះ​លា​ត្រា​ប្រណី​​អភ័យ​ទោស​ ក៏​មិន​គួរ​គប្បី​សំដែង​មេត្រី​យក​ជា​មិត្ត​ ត​ទៅ​មុខ​ទៀត​ដែរ​ ព្រោះ​ថា​៖

១៤៨ នរជនណា ចង់ចង​សម្ពន្ធ​មេត្រី​ម្តង​ទៀត​ចំ​ពោះ​មិត្ត​ដែល​បាន​ប្រទូស​រួច​ម្តង​ហើយ​ ជរ​ជន​នោះ​អែង​​ឈ្មោះ​ថា​ ទៅ​កាន់​យក​ម្រឹត្យុ​តែ​ម្តង​ ដូច​មេ​សេះ ព​ផ្ទៃ​សេះ​អស្សតរ​ដូច្នោះ​អែង​។ សីហៈ​និយាយ​ដោយ​ក្លាហាន​ថា៖ «យើង​ចង់​ដឹង​ដែ​រ តើ​សញ្ជី​វកៈ​នេះ​វា​អាច​ហ៊ាន​ធ្វើ​គត​ដណ្តើម​រាជ្យ​យើង​ម្ល៉ា​ទៅ​។ ចចក​ទម​នកៈ​ឆ្លើយ​តម​ទៅ​វិញ​ថា៖​

១៤៩ នរ​ជន មិន​ដឹង​ភាវៈ​នៃការ​ទាក់​ទង​នឹង​ជន​ដទៃ​ហើយ​មិន​ត្រូវ​គេ្នរ​ចុះ​មតិ​សំគាល់​សមត្ថ​ភាព​គេ​ថា​ដូច​ម្តេច​ឡើយ​ចូរ​មើល​! សមុទ្រ​ក៏​ចាល​ចាញ់​តេជ​ដៃ​សព្វ​បើ​ត្រដេវ​វិច​ដែរ​។ សីហៈ​សួរ​ថា «ចុះ​រឿង​នោះ​តើ​ដូច​ម្តេច»​។ ចចក​ទមនកៈ​និយាយ​រឿង​ដូច​ត​ទៅ​ថា៖

(1)មេ​តំរួត​ មេ​នគរ​បាល​។ (2) សេចក្ដីស្លាប់។ (3)ពេល​មុជ​ទឹក។ (4)សេច​ក្តី​សុខ​ដែល​កើត​មាន​ពី​ទ្រព្យ​សម្បត្តិ​) ។
(5)រាជ​ភណ្ឌ​៣​ប្រការ​គឺៈ​ ប្រភា​វៈ​ មហា​អំណាច​ (ពលា​នុភាព​ អំណាច​គ្រប់​គ្រង​ តេជា​នុភាព​ គុណា​នុភាព​) ១​ មន្រ្ទៈ​ មន្រ្ទ​ចំណេះ​វីជ្ជា​១​ និង អុស្សាហៈ​ កំលាំង​សក្តា​នុភាព​១​។
(6)ពាក្យ​នេះ​មាន​ន័យ​ច្រើន​ បាលី​ថា សិរី​ ប្រែ​ថា​ សេច​ក្ដី​រុង​រឿង​ សោភា​លំអ​ សេច​ក្ដី​ចំរើន​ ទ្រព្យ​ សេច​ក្ដី​សុខ​ សម្បត្ដិ​ឃ្លាំង​ទ្រព្យ​ តេជា​នុភាព​ សក្ដា​នុ​ភាព​ និង លក្សី​​ដែល​ជា​ឈ្មោះ​ទេព​តា​ ទ្រព្យ​សម្បត្ដិ​ ។
(7)បាលី​រាជ​សិរិ​ អធិប​តេយ្យ​ព្រះ​រាជ​។