ថ្ងៃសៅរ៍ ទី26.សីហា 2017.ម៉ោង 7:40
កថាទី៦ រឿងបរញ្វជកកន្ទប៌កេតុ
(ប្រកបរឿងគោបាលប្តីប្រពន្ធ អ្នកកាត់សក់ប្តីប្រពន្ធ ព្រមទាំងរឿងពាណិជខាតទ្រព្យ)

មាន​ព្រះ​រាជា​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​វីរវិ​ក្រមៈ​ សោយ​រាជ​សម្បត្តិ​ក្នុង​ក្រុង​ឈ្មោះ​ កាញ្ចន​បុរៈ​។ ថ្ងៃ​មួយ​ចៅ​ក្រម​កាត់​ទោស​អ្នក​កាត់​សក់​ម្នាក់​ដល់​ប្រហារ​ជីវិត​ បង្គាប់​អោយ​នាយ​ពេជ្ឈ​ឃាត​នាំ​យក​ទៅ​សំលាប់​។ កាល​ពេជ្ឈ​ឃាត​ បណ្តើរ​អ្នក​កាត់​សក់​ទៅ​កាន់​ទី​មនុស្ស​ឃាត​ បាន​ជួប​បរិញ្វ​ជក​ម្នាក់​ឈ្មោះ កន្ទប៌​កេតុ​ និង​ពាណិជ​ម្នាក់​ទៀត​។ កន្ទប៌​កេតុ​ឃាត់​ពេជ្ឈ​ឃាត​ថា​ «នែ​ពេជ្ឈ​ឃាត​! អ្នក​កាត់​សក់​នេះ​ មិន​ត្រូវ​គេ​សំលាប់​ទេ​» ថា​ហើយ​ចាប់​ជាយ​សំពត់​អ្នក​កាត់​សក់​ជាប់​ ទាញ​មិន​ព្រម​អោយ​យក​ទៅ​សំលាប់​។ រាជ​បុរស​ជា​ពេជ្ឈ​ឃាត​សួរ​ថា​ «ហេតុ​អ្វី​ក៏​មិន​ត្រូវ​សំលាប់​នុស្ស​ទោស​នេះ​?​»​។ កន្ទប៌​កេតុ​ឆ្លើយ​ប្រាប់​ថា «សូម​អ្នក​ទាំង​អស់​ចាំ​ស្តាប់​ រូប​ខ្ញុំ​នេះ​បាន​ពាល់​រូប​នាង​ស្វណ៌​រេខា​ បាន​ជា​ធ្លាក់​ខ្លួន​មក​កាន់​សភាព​ដូច្នេះ​»​។ រាជ​បុរស​ទាំង​ឡាយ​បាន​ស្តាប់​ហើយ​ងឿង​ឆ្ងល់​ណាស់​ ទើប​សួរ​ត​ទៅ​ថា​ ចុះ​រឿង​នោះ​តើ​ដូច​ម្តេច​ខ្លះ​? បរិញ្វ​ជក​កន្ទប៌​កេតុ​ចាប់​ផ្តើម​​និយាយ​រឿង​ខ្លួន​នោះ​អោយ​ស្តាប់​ដូច​សេច​ក្តី​ត​ទៅ​នេះ​ថា​៖​

ខ្លួន​ខ្ញុំ​នេះ​ឈ្មោះ​កន្ទប៌​កេតុ​ ជា​បុត្រ​ព្រះ​រាជា​មួយ​ព្រះ​អង្គ​ ទ្រង់​ព្រះ​នាម​ជីមូត​កេតុ​ នៅ​សី​ហល​ទ្វីប​។ ថ្ងៃ​មួយ​ខ្ញុំ​ចូល​ទៅ​​លេង​កំសាន្ត​សប្បាយ​ក្នុង​សួន​អុទ្យាន​ បាន​ជួប​ពាណិជ​ម្នាក់​ អ្នក​ធ្លាប់​ដើរ​សំពៅ​សមុទ្រ​ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា​ «នៅ​នា​កណ្តាល​សមុទ្រ​ តែ​ដល់​ថ្ងៃ​១៤ កើត​ហើយ​តែង​មាន​ផុស​កល្ប​ព្រឹក្ស​មួយ​ដើម​ នៅ​ទៀប​គល់​កល្ប​ព្រឹក​នោះ​ ខ្ញុំ​ឃើញ​នាង​កញ្ញា​ម្នាក់​ មាន​រូប​ឆោម​លោម​ពណ៌​ល្អ​អនេក​ដូច​នាង​លក្ស្មី​(1)​ ប្រដាប់​តាក់​តែង​ស្អិត​ ស្អាង​កាយ​ដោយ​គ្រឿង​អលង្ការ​គ្រប់​ប្រការ​ អង្គុយ​លើ​ទែន​សយ​នា​ជា​វិការៈ​នៃ​មាស​ភ្លឺ​ប្រុះ​ឆ្លុះ​ឆ្វៀល​ច្រវាត់​ដោយ​រតន​វត្ថុ​ ដ៏​មាន​តំលៃ​ដៃ​ដេញ​ពិណ​លេង​កំសាន្ត​សប្បាយ​លឺ​សូរ​ពីរោះ​ក្រៃ​លែង​។​ លំដាប់​នោះ​ កាល​ទៅ​ដល់​ខ្ញុំ​បាន​ ឃើញ​នាង​កញ្ញា​អង្គុយ​លើ​ទែន​សយ​នា​ដ៏​ល្អ​នោះ​មែន​ តែ​ពេល​នោះ​ ទែន​សយនា​លិច​ពាក់​កណ្តាល​ទៅ​ក្នុង​ទឹក​ហើយ​ ត​ទៅ​នាង​កញ្ញា​នោះ​ក៏​លិច​បាត់​ទៅ​ក្នុង​ទឹក​ព្រម​មួយ​អន្លើ​ដោយ​ស្រី​បរិ​វារ​នៅ​ចំពោះ​មុខ​ខ្ញុំ​ថែម​ទៀត​ ដូច​សេ​ចក្តី​ ដែល​ពាណិជ​បាន​ប្រាប់​ខ្ញុំ​សព្វ​គ្រប់​មែន​។ កាល​នោះ​អែង​ ខ្ញុំ​ជាប់​ចិត្ត​ស្និទ្ធ​ស្នេហា​ ចំពោះ​រូប​សោភា​នាង​កញ្ញា​នោះ​ខ្លាំង​ណាស់​ ទាល់​តែ​អត់​ទ្រាំ​មិន​បាន​ក៏​លោត​ភ្លុង​ចុះ​ក្នុង​ទឹក​មុជ​ទៅ​តាម​ភ្លាម​ ខ្ញុំ​បាន​ទៅ​ដល់​កន​ក​​បុរី​ស្រី​នគរ​មាស​ បាន​ឃើញ​នាង​កញ្ញា​នោះ​អង្គុយ​លើ​ទែន​ដដែល​ក្នុង​សុវណ្ណ​ប្រាសាទ​ មាន​នាង​វិជ្ជា​ធរី​ទាំ​ងឡាយ​កំពុង​ចោម​រោម​គាល់​​ហ្វៅ​ (ឃ្លាំ​កំដរ​)​។ នាង​កញ្ញា​នោះ​មើល​មក​ឃើញ​ខ្ញុំ​ពី​ចំងាយ​ ក៏​ប្រើ​នាង​វិជ្ជា​ធរី​ម្នាក់​ជា​ជំនិត​អោយ​មក​អញ្ជីញ​ខ្ញុំ​ នាង​បំរើ​នេះ​និយាយ​ប្រាប់​ខ្ញុំ​ដោយ​ក្តី​រាក់​ទាក់​ដ៏​ក្រៃ​លែង​។ ខ្ញុំ​សាក​សួរ​នាង​បំរើ​នោះ​ នាង​បំរើ​នោះ​​​ និយាយ​​ប្រាប់​មក​​ខ្ញុំ​​វិញ​ថា នាង​កញ្ញា​នេះព្រះ​នាម​នាង​រត្ន​មញ្ជ​រី​ ជា​ព្រះ​រាជ​បុត្រី​នៃ​ព្រះ​បាទ​ចក្រព​ត្រា​ធិរាជ​នៃ​ពួក​ពិទ្យា​ធរ​ទាំង​ឡាយ​ ទ្រង់​ព្រះ​នាម​ កន្ទប៌​កេ លី​ ព្រះ​នាង​បាន​ប្តេជ្ញា​ទុក​ថា​ អ្នក​ណា​បាន​មក​ដល់​ឃើញ​ក្រុង​កនក​បុរី​នេះ​ដោយ​ភ្នែក​ខ្លួន​អែង​ សូម្បី​ព្រះ​វរ​បិតា​នាង​មិន​ជ្រាប​ ព្រះ​នាង​ក៏​ទទួល​យក​អ្នក​នោះ​ជា​រាជ​ស្វាមី​ បើ​ដូច្នោះ​ចូរ​អ្នក​រៀប​ចំ​មង្គល​ការ​នឹង​នាង​កញ្ញា​នេះ ដោយ​គាន្ធ​វិ​វិវាហៈ​ក្នុង​កាល​អីលូវ​នេះ​ទៅ​។ កាល​នោះ​អែង​ ខ្ញុំ​ក៏​រៀប​ចំ​ធ្វើ​មង្គល​ការ​គាន្ធវិ​ វិវា​ហៈ​នឹង​នាង​កញ្ញា​នោះ​ហើយ​នៅ​ជា​សុខ​ក្សេម​ក្សាន្ត​មនោ​រម្យ​សម​តាម​សេ​ចក្តី​ប្រា​ថ្នា​អស់​កាល​ដ៏​យូរ​។

១១១ កាលបើ​ព្រះ​ចន្រ្ទ​រះ​ឡើង​ក្រឡង់​ កំចាត់​បង់​អ័ព្ទ​ងងឹត​សូន្យ​សុង​ ចោល​ពន្លឺ​ភ្លឺ​ថ្លា​ត្រជាក់​ស្រ​អែត​ក្នុង​រាត្រី​កាល​ហើយ​ ព្រះ​កាម​ទេព​តែង​បាញ់​សរ​ទៅ​ចំ​ចិត្ត​កំលោះ​ ដែល​ខ្លួន​បាន​ឃើញ​។

១១២ ព្រះ​អាទិត្យ​និង​ព្រះ​ចន្ទ​ ព្រះ​វាយុ​និង​ព្រះ​អគ្គី​ មេឃ​ដី​និង​ទឹក​ ហរិ​ទ័យ​ និង ព្រះ​យម ថ្ងៃ​និង​យប់ ពេល​សន្ធិ​(2)ទាំង​ពីរ​និង​ព្រះ ធម៌ តែង​ស្គាល់​ច្បាស់​នូវ​សេច​ក្តី​ប្រ​ព្រឹត្តិ​នៃ​មនុស្ស​លោក​។

បើ​ខ្លួន​ខ្ញុំ​ជា​ស្រី​គ្រប់​លក្សណ៍​ មិន​លះ​បង់​ចោល​ប្តី​មិន​ដែល​ស្គាល់​ប្រុស​ដទៃ​ សូម្បី​យល់​សប្តិ​ក៏​មិន​ដែល​ឃើញ​ថា​មាន​ការ​ប្រព្រិត្ត​អនា​ចារ​នឹង​ប្រុស​ដទៃ​ទេ​ សូម​កុំ​អោយ​មុខ​មាត់​ច្រមុះ​ខ្ញុំ​វិកល​វិការៈ​ដោយ​អំណាច​គុណ​ធម៌​ជា​កុសល​​នេះ​ឡើយ​ ហើយ​សូម​អោយ​ខ្ញុំ​មាន​តេជៈ​អាច​រំលាយ​ប្តី​ចង្រៃ​នេះ​អោយ​ខ្ទេច​ជា​ផង់​ធូលី​ផេះ​កុំ​ខាន​ ប្តី​អ្វី​កាច​ចង្រៃ​​ម្លេះ​នេះ​? ខ្ញុំ​មាន​ចិត្ត​ភ័យ​ខ្លាច​ចំពោះ​តែ​លោក​ជា​ទេវ​តា​ធំ​ទេ​ ថា​ហើយ​ស្រែក​ប្រាប់​ទៅ​ប្តី​ថា «មើល​អា​ចង្រៃ​អែង​! អា​អែង​មក​មើល​មុខ​អញ​មើល​!​។ កាល​នោះ​គោ​បាល​ជា​ប្តី លឺ​ពាក្យ​សច្ចា​ប្រណិ​ធាន​ភរិយា​ម៉ឺង​ម៉ាត់​ដូច្នោះ​ឆេះ​ដូច​ភ្លើង​ អត់​ទ្រាំ​មិន​បាន​ក៏​ដុត​ភ្លើង​កាន់​យក​ទៅ​ទ្រោល​បំភ្លឺ​មើល​មុខ​ភរិយា​ដើម្បី​នឹង​ផ្ទាញ់​កុំ​អោយ​ឆ្នាស​ពេក​ លុះ​មើល​ហើយ​ឃើញ​ច្រមុះ​ពេញ​លេញ​ដូច​ប្រ​ក្រតី​ដើម​ ភ័យ​ណាស់​ ក៏​លុត​ជង្គង់​ក្រាប​ទៀប​ជើង​ភរិយា​ ពោល​ពាក្យ​លន់​តួ​អង្វរ​ទោស​ហើយ​សរ​សើរ​សំណាង​ខ្លួន​ថា «អោ​អញ​អើយ​! មាន​បុណ្យ​វាស​នា​ណាស់​តើ​! បាន​ភរិ​យាប​រិសុទ្ធ​ ប្រាកដ​ដូច្នេះ​ ជា​ស្រី​គ្រប់​លក្សណ៍​ប្រសើរ​ណាស់​ហ្ន៎​!​ យីអញ​! កុំ​អី​វរ​សោះ​។(3)

បរិព្វាជក​កន្ទប៌​កេតុ​និយាយ​ប្រាប់​រាជ​បុរស​ត​ទៅ​ទៀត​ថា រូប​អ្នក​នេះ​ជា​ពាណិជ​ ដែល​មាន​រឿង​ជា​មួយ​គ្នា​ខ្ញុំ​នឹង​រៀប​រាប់​រឿង​គាត់​ជូន​ស្តាប់​ដូច​សេច​ក្តី​ត​ទៅ​៖​

នាយ​ពាណិជ​នេះ​ ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ខ្លួន​ទៅ​រក​ធ្វើ​ជំនួញ​ ទៅ​នៅ​រក​ទទួល​ទាន​នៅ​ប្រទេស​ជិត​ភ្នំ​មល័យ​​អស់​១២​ឆ្នាំ រួច​ហើយ​ទើប​បាន​មក​ដល់​ក្រុង​នេះ​។ នៅ​ក្នុង​ក្រុង​នេះ​គាត់​បាន​សុំ​ទី​ជ្រក​អាស្រ័យ​ដំណេក​នៅ​ផ្ទះ​ស្រី​ពេស្យា​ម្នាក់​។

នាង​ពេស្យា​នេះ​ បាន​អោយ​គេ​ឆ្លាក់​រូប​វេតា​លៈ​(4) ជា​វិការៈ​នៃ​ឈើយក​ទៅ​ដាក់​ នៅ​មាត់​ទ្វារ​​ផ្ទះ​នៅ​លើ​ក្បាល​រូប​វេតា​លៈ​​នោះ​ នាង​ពេស្យា​បញ្ចុះ​ពេជ្រ​ដ៏​មាន​តំលៃ​ទាំង​គ្រាប់​។ ដោយ​ក្តី​ល្មោភ​ជិះ​ជាន់​ខ្លាំង​ ពេល​យប់​នាយ​ពាណិជ​ដើរ​ឡើង​ចូល​ទៅ​​លប​លួច​យក​ពេជ្រ​ដែល​នៅ​លើ​ក្បាល​វេតា​លៈ​នោះ​ កាល​លូក​ដៃ​ទៅ ចាប់​យក​ស្រាប់​តែ​មាន​ខ្សែ​យន្ត​ទាញ​ដៃ​វេតាលៈ​ទាំង​ពីរ​អោយ​កំរើក​ ទៅ​រួប​ចាប់​ដៃ​ពាណិជ​​ជាប់​រើ​មិន​រួច​ ពាណិជ​ ភ័យ​ខ្លាំង​ណាស់​ទាល់​តែ​ស្រែក​អោយ​គេ​ជួយ​។ នាង​ពេស្យា​ភ្ញាក់​ឡើង​និយាយ​ទៅ​កាន់​ពាណិជ​ថា «នែ​កូន​សំលាញ់​! អែង​មក​ពី​ប្រទេស​ជិត​ភ្នំ​មល័យ​ អែង​ចូរ​ប្រគល់​រតន​វត្ថុ​ទាំង​អស់​នោះ​មក​អោយ​យើង​ បើ​អែង​រឹង​មិន​ព្រម​អោយ​ទេ បិសាច​នេះ​នឹង​មិន​ព្រម​លែង​អែង​ទេ​ ព្រោះ​កិច្ច​ការ​នេះ​ ជា​ការ​ងារ​របស់​បិសាច​។ កាល​នោះ​ពាណិជ​ក៏​ប្រគល់​ រតន​វត្ថុ​ខ្លួន​ទាំង​អស់​អោយ​ទៅ​នាង​ពេស្យា​ អិត​មាន​សេស​សល់​អ្វី​ អីលូវ​នេះ​គាត់​ខាត​បង់​ទ្រព្យ​សម្បត្តិ​អស់​ ធ្លាក់​ខ្លួន​​ទៅ​ជា​អ្នក​ក្រី​ក្រ​ត្រ​ដេប​ត្រដាប​ដូច្នេះ​ ទើប​បាន​មក​នៅ​ជា​មួយ​ខ្ញុំ​សព្វ​ថ្ងៃ​នេះ​។ លុះ​រាជ​បុរស​ជា​ពេជ្ឈ​ឃាត​ទាំង​ឡាយ​ បាន​ស្តាប់​ដំណើរ​ដើម​ទង​រឿង​សព្វ​គ្រប់​ហើយ​ ក៏​យក​សេច​ក្តី​ទាំង​អស់​នេះ​ទៅ​ប្រាប់​ដល់​ចៅ​ក្រម​វិញ​។ លំដាប់​នោះ​ ចៅ​ក្រម​ក៏​ចាត់​ការ​អោយ​បំបរ​បង់​នាង​ ពេស្យា​មេ​អណ្តើក​ និង ភរិយា​គោ​បាល​ចេញ​ពី​ភូមិ​មិន​អោយ​នៅ​ត​ទៅ​ទៀត​ បង្គាប់​អោយ​អ្នក​កាត់​សក់​ត្រលប់​ទៅ​កាន់​ផ្ទះ​ទីលំ​នៅ​ខ្លួន​វិញ​។ ព្រោះ​ហេតុ​នោះ​ហើយ​បាន​ជា​ខ្ញុំ(ចចក​ទមនកៈ​) ពោល​ជាបទ​ដើម​អាទិ៍​ថា​ «មនុស្ស​ ៣​នាក់​ត្រូវ​ទទួល​ទុក្ខ​លំបាក​» ដូច្នេះ​ជា​ដើម (លេខ១១០)។

អើ​ទោស​នេះ​ ជា​ទោស​គឺ​យើង​ធ្វើ​ខ្លួន​យើង​ បើ​ដូច្នេះ​ តើ​យើង​ទៅ​រវល់​កើត​ទុក្ខ​យំ​សោយ​សោក​ថ្វី​។ ចចក​ទមន​កៈ ពិចារ​ណា​មើល​មួយ​ស្របក់​ ក៏​និយាយ​ត​ទៅ​ថាៈ​ «នែ​សំលាញ់​! អត់​សង្កត់​ចិត្ត​បន្តិច​ទៅ​សិន​ចុះ ខ្ញុំ​ជា​ដើម​ហេតុ​នាំ​អោយ​ចង​មេត្រី​ភាព​យ៉ាង​ណា ​ខ្ញុំ​ក៏​ជា​ដើម​ហេតុ​នាំ​បំបែក​មិត្រ​អោយ​បាន​យ៉ាង​នោះ​ដែ​រ​ ព្រោះ​ថា​៖
​ ១១៣ - នរ​ជន​ឆ្លៀវ​ឆ្លាត​អាច​ប្រឌិត​របស់​ដែល​មិន​ពិត​ អោយ​មើល​ឃើញ​ជា​របស់​ពិត​ប្រាកដ​បាន​ ដូច​វិចិត្រ​ករ​ប្រសប់​ប៉ិន​ប៉ៅ​ អាច​គូរ​រូប​ភាព​លើ​ផ្ទៃ​ដ៏​រាប​ស្មើ​អោយ​ឆ្លុះ​ស្រមោល​គេ​មើល​ទៅ​ឃើញ​មាន​ទាប​ខ្ពស់​ទៅ​តាម​ចិត្ត​បាន​។
១១៤ - រី​ហេតុ​ការណ៍​ណា​មួយ​ដែល​កើត​ឡើង​ភ្លាម​ៗ​ ដោយ​មិន​ដឹង​ខ្លួន​ នរ​ជន​ណា​មិន​ភ័ន្ត​ភាំង​បាត់​គំនិត​ប្រាជ្ញា​ទេ​ នរ​ជន​នោះ​អាច​ឆ្លង​ផុត​ពី​ក្រ​ទុក្ខ​លំបាក​គ្រប់​ប្រការ​បាន​ ដូច​ភរិយា​គោ​បាល​ និង សាហាយ​២នាក់​។ ចចក​ករ​ដកៈ​ សួរ​រឿង​នោះ​ថា​ «រឿង​នោះ តើ​ដូច​ម្តេច​?​។ ចចក​ទម​នកៈ​ រៀប​រាប់​រឿង​រ៉ាវ​នោះ​ប្រាប់​ដូច​ត​ទៅ​នេះ​ថា៖​ តទៅកថា៧

(1)សក្តិ​ព្រះ​នារាយ។
(2)ពេល ព្រះ​អាទិត្យ​ជិត​រះ​ឡើង​ និង រះ​ឡើង​ច្បាស់​ហើយ​១ ពេល​ព្រះ​អាទិត្យ​ជិត​អស្ដង្គត​ និង លិច​បាត់​ទៅ​១
(3)ហិតោ​បទេស​លោកឡង់​សី​រ៉ូ​ មានគា​ថា​​លើស​ដូច្នេះ​ ក្នុង​សំដី​ស្រី​មាន​សុទ្ធ​តែ​ទឹក​ឃ្មុំ តែ​ក្នុង​ចិត្ត​ស្រី​មាន​សុទ្ធ​តែ​ពិស​ពុល​ បើ​ពពីរ​​មាត់​ទទឹក​ដោយ​ពិស​ពុល​ហើយ​ ចិត្ត​ពុះ​ពោរ​ដោយ​សេច​ក្តី​ទុក្ខ​ក្តៅ​ក្រហាយ​។
(4)រូប​បីសាច​ស៊ី​ខ្មោច​ស្រស់​)