ថ្ងៃសៅរ៍ ទី12.សីហា 2017.ម៉ោង 8:07
កថាទី៤ រឿងសីហៈនិងឆ្មា

នៅ​ក្នុង​ព្រៃ​អុត្ត​រាបថ​ មាន​សីហៈ​មួយ​ឈ្មោះ​ទុទ៌ាន្តៈ​ ជា​សត្វ​មាន​សេច​ក្តី​ព្យា​យាម​ធំ​ អាស្រ័យ​នៅ​ក្នុង​ភ្នំ​មួយ​ឈ្មោះ អពុទ​សិ​ខរៈ​។ មាន​កណ្តុរ​មួយ​​វារ​​ចូល​ទៅ​កាត់​ចុង​កេសរ​នៃ​សីហៈ​នោះ​រៀង​រាល់​ៗ​ថ្ងៃ​ ក្នុង​ពេល​ដែល​សីហៈ​កំពុង​ដេក​លក់​ក្នុង​ញក​ភ្នំ​។ កាល​ភ្ញាក់​ពី​ដេក​ឡើង​សីហៈ​ឃើញ​ចុង​កេសរ​ខ្លួន​រេច​រិល​ក្បិល​ដូច្នោះ​ ក្តៅ​ក្រហាយ​នឹក​គ្នាន់​ក្នាញ់​ នឹង កណ្តុរ​នោះ​ណាស់​ ខំ​ព្យា​យាម​លោត​សង្រ្គុប​ចាប់​រឿយ​ៗ​ តែ​កណ្តុរ​លោត​រត់​ចូល​ក្នុង​ព្រង់​បាត់​ចាប់​មិន​បាន​សោះ​ សីហៈ​គិ​ត​ថា​៖

៨៤ - បើ​ស​ត្រូវ​តូច​ បុគ្គល​មិន​គប្បី​ចាប់​បាន​ដោយ​ព្យា​យាម​ក្លៀវ​ក្លា​ទេ​ ដើម្បី​ផ្ចាញ់​សត្រូវ​នោះ​ បុគ្គល​គប្បី​រក​សែន្យា​នុភាព​ ដែល​មាន​កំលាំង​ប៉ុន​គ្នា​មក​កំរាប​ទើប​សំរេច​បាន​។ លុះ​គិត​រក​អុបាយ​ឃើញ​ដូច្នេះ​ហើយ​ សីហៈ​ក៏​ចូល​ទៅ​ ក្នុង​ស្រុក ធ្វើ​សេច​ក្តី​សិទ្ធ​ស្នាល​ជា​មួយ​ នឹង ឆ្មា​មួយ​ឈ្មោះ ទធិ​កណៈ​ ល្បួង​លួង​លោម​ឆ្មា​នោះ​យក​មក​ថ្នាក់​ថ្នម​រក​ចំណី​សុទ្ធ​សាច់​អោយ​ជា​អាហារ​ ចិញ្ចឹម​ទុក​នៅ​ក្នុង​ញក​ភ្នំ​ជា​មួយ​ខ្លួន​។ លំ​ដាប់​នោះ ​រី​កណ្តុរ​កាល​ឃើញ​ឆ្មា​មក​នៅ​ជា​មួយ​សីហៈ​ដូច្នោះ​ហើយ​ មិន​ហ៊ាន​ចេញ​ពី​ព្រង់​ខ្លួន​សោះ​។​ តាំង​ពី​កាល​នោះ​មក​សីហៈ​មាន​កេសរ​លូត​លស់​ល្អ​ដូច​ប្រ​ក្រតី​ដើម​វិញ​ ហើយ​ដេក​លក់​ស្កប់​ស្កល់​ជា​សុខ​សប្បាយ​ក្សេម​ក្សាន្ត​រៀង​មក​។ កាល​ណា​បើ​សីហៈ​លឺ​សំលេង​កណ្តុរ​ ច្រើន​រឿយ​ៗ កាល​នោះ​ ទើប​សីហៈ​ខ្នះ​ខ្នែង​រក​ចំណី​អាហារ​សុទ្ធ​តែ​សាច់​ល្អ​យក​មក​បំប៉ន​ឆ្មា​នោះ​យ៉ាង​ច្រើន​។ ដល់​មក​ថ្ងៃ​មួយ​ កណ្តុរ​មាន​ក្តី​ស្រេក​ឃ្លាន​ខ្លាំង​ពេក​ទ្រាំ​មិន​បាន​ ចេញ​មក​ខាង​ក្រៅ​ត្រូវ​ឆ្មា​នោះ​ខាំ​សំលាប់​ចោល​បង់​សៀត​ទៅ​។ តមក​ ដរាប​ណា​សីហៈ​មិន​បាន​ប្រទះ​ឃើញ​កណ្តុរ​អស់​កាល​យូរ​ មិន​ដែល​លឺ​សំលេង​កណ្តុ​នោះ​សោះ​ ដរាប​នោះ​ សីហៈ​មិន​សូវ​ត្រូវ​ការ​ប្រើ​ឆ្មា​ មិន​រវល់​អើ​ពើ​នឹក​នា​ និង អោយ​ចំណី​អាហារ​ឆ្មា​ឡើយ​។ អែ​ឆ្មា​ទធិ​កណៈ​ កាល​មិន​មាន​អាហារ​គ្រប់​គ្រាន់​ ក៏​ស្គាំង​ស្គម​ថម​ថយ​កំលាំង​បន្តិច​ម្តង​ៗ​ ដរាប​ដល់​បព្ចា​ទ្វ័ម​(ស្លាប់) ទៅ​ហោង​។ ហេតុ​នោះ​ហើយ​បាន​ជា​ខ្ញុំ​(ចចក​ទម​នកៈ​) និយាយ​ថា​ «ក្នុង​កាល​ណា​ក៏​ដោយ​» ដូច្នេះ​ជា​ដើម​(លេខ​ ៨៣)​។

គ្រា​នោះ​គោ​សញ្ជី​វកៈ​ជំរាប​សួរ​ចចក​ ករ​ដកៈ​ ដោយ​ក្តី​ខ្លប​ខ្លាច​ថា ​«បពិត​លោក​សេនា​បតី​! មេត្តា​ប្រោស​ប្រាប់​ខ្ញុំ​បាទ​ តើ​ខ្ញុំ​បាទ​មាន​ទោស​ខុស​អ្វី​? ត្រូវ​ធ្វើ​ដូច​ម្តេច​?​»​។ ចចក​ ករ​ដកៈ​ប្រាប់​ថា៖ «នែ​គោ​អុសកៈ​! បើ​អែង​ចង់​អាស្រ័យ​នៅ​ក្នុង​ព្រៃ​នេះ​ត​ទៅ​ទៀត​ អែង​ត្រូវ​ចូល​ទៅ​ក្រាប​ប្រណម្យ​ទេវ​បាទ​ជា​ម្ចាស់​យើង​សុំ​នៅ​ទី​នេះ​ទើប​បាន​»​ គោ​សញ្ជី​វកៈ​ អង្វករ​ថា​ «បើ​លោក​រ៉ាប់​រង​ធានា​ការ​ពារ​ខ្ញុំ​មិន​អោយ​មាន​ភ័យ​ ទើប​ខ្ញុំ​បាទ​ទៅ​»​។ ចចក​ ករ​ដកៈ​ឆ្លើយ​ប្រាប់​ថាៈ​ «យី​ អា​ចង្រៃ​ពលិ​ព័ទ្ធ​! ម្តេច​អែង​មិន​ជឿ​អញ​ មិន​អី​ទេ​កុំ​ភិត​ភ័យ​ខ្លាច​អ្វី​ ព្រោះ​ថា​៖​

៨៧ - ព្រះ​កេសវៈ​មិន​បាន​ពោល​ពាក្យ​តប​ កាល​ព្រះ​រាជា​នៃ​ប្រទេស(1)ចេទិ​ ទ្រង់​ដាក់​បណ្តា​សា​សីហ​កេ​សរី​ រមែង​បញ្ចេញ​សីហ​នាទ​ ត​នឹង​អស​នី​បាត​ តែ​មិន​ដែល​ឆ្លើយ​តប​សំលេង​ចចក​ឡើយ​។​

៨៨ - ព្រះពាយ​ មិន​រំលើង​រិស​គល់​ស្មៅ​ទាំង​ឡាយ​ ដែល​ទាប​ៗ​ហើយ​ទន់​ទោរ​អោន​​ក្រាប​ស្រពាប​ទៅ​តាម​ខ្យល់​សព្វ​កាល​ តែ​រមែង​រំលើង​ រិស​គល់​ដើម​ឈើ​ធំ​ខ្ពស់​ៗ​ រី​អ្នក​ធំ​ហៅ​ហ៊ាន​ រមែង​បំបាក់​បំបប​ចំពោះ​អ្នក​ធំ​ហៅ​ហ៊ាន​ដូច​គ្នា​។​ កាល​នោះ​ ចចក​ទាំង​ពីរ​បណ្តើរ​គោ​សញ្ជី​វកៈ​ទៅ​ បង្គាប់​គោ​អោយ​ឈរ​នៅ​ខាង​ក្រៅ​ ក្នុង​ទីមួយ​មិន​ឆ្ងាយ​ប៉ុន្មាន​ ទើប​ចូល​ទៅ​កាន់​សំណាក់​បិង្គ​លកៈ​ ក្រា​ប​ថ្វាយ​បង្គំ​ហើយ​អង្គុយ​ក្នុង​ទី​គួរ​មួយ​។ បិង្គលកៈ​ក្រ​លេក​មើល​ឃើញ​ចចក​ទាំង​ ពីរ​នោះ​មក​ដល់​ ត្រេក​អរ​រីក​រាយ​ណាស់​ទទួល​រាក់​ទាក់​ដោយ​អាការ​គួរ​សម​ក្រៃង​លែង​ ហើយ​សួរ​ទៅ​ភ្លាម​ថា​ «ម្តេច​ទៅ​! អែង​ឃើញ​អា​សត្វ​នោះ​រឺ​ទេ​?​»​។ ចចក​ទម​នកៈ​ ជំរាប​ថា​ «​បពិត​ ព្រះ​ទេវ​បាទ​! អា​សត្វ​ចង្រៃ​នោះ​ យើង​ខ្ញុំ​ឃើញ​ហើយ​ សត្វ​នោះ​ស្លូត​បូត​ទេ​ តែ​ធាត់​ធំមាំ​មួន​មាន​កម្លាំង​ខ្លាំង​ណាស់​ ដូច​លោក​ម្ចាស់​ឈ្វេង​យល់​ប្រាកដ​ អីលូវ​នេះ​វា​ ចង់​ចូល​មក​ក្រាប​បង្គំ​គាល់​ផ្ទាល់​ខ្លួន​ សូម​លោក​ម្ចាស់​រៀប​ចំ​រង់​ចាំ​ទទួល​។ សព្វ​បើ​លឺ​សំលេង​ខ្លាំង​ប៉ុណ្ណោះ​លោក​ ម្ចាស់​ពុំ​គួរ​គប្បី​ភ័យ​ខ្លាច​ទេ​ ព្រាះ​ថា​៖

៨៩(2) - សព្វ​បើ​សំលេង​ខ្លាំង​ បើ​មិន​ទាន់​ដឹង​ហេតុ​កា​រណ៍​នៃ​សំលេង​នោះ​ទេ​ បុគ្គល​មិន​គួរ​គប្បី​ភ័យ​ខ្លាច​ឡើយ​ ស្រ្តី​មេ​អណ្តើក​មា្នក់​ គ្រាន់​តែ​ដឹង​ច្បាស់​នូវ​ហេតុ​សំលេង​ប៉ុណ្ណោះ​បាន​ទៅ​ជា​ស្រ្តី​ដែល​គេ​គួរ​គោរព​»​។ បិង្គលកៈ​ សួរ​ថាៈ​ «រឿង​នោះ​តើ​ដូច​ម្តេច​?​»​។ ចចក​ទមនកៈ​រៀប​រាប់​រឿង​នោះ​ថា​៖

កថាទី៥ រឿងស្រ្តីពេស្យានិងគង

នៅ​កណ្តាល​ភ្នំ​ស្រី​បព៌ត​ មាន​នរ​គរ​មួយ​ឈ្មោះ​ព្រហ្ម​បូរៈ​។ អ្នក​ផង​ទាំង​ពួង​តែង​លឺ​ជន​ប្រវាទ(3)​ ​ ពាក្យ​ ចចាម​អារ៉ាម​ ថា​ នៅ​លើ​ភ្នំ​នោះ​ មាន​អារក្ស​មួយ​ឈ្មោះ​ឃណ្ឌា​កណ៌ៈ​អាស្រ័យ​នៅ​។ ថ្ងៃ​មួយ​មាន​ចោរ​ម្នាក់​ចូល​ មក​លប​លួច​យក​គង​អ្នក​ស្រុក​បាន​មួយ​ ហើយ​រត់​គេច​វេះ​ភៀស​ខ្លួន​ចូល​ទៅ​ពួន​ក្នុង​ព្រៃ​ភ្នំ​ ប្រទះ​នឹង​ខ្លា​មួយ​ ត្រូវ​ខ្លា​​នោះ​សង្រ្គប់​ចាប់​ហែក​ជញ្ជែង​ស៊ី​ដល់​ក្តី​មរណៈ​ទៅ​។ អែ​គង​នោះ​បាន​ទៅ​ក្នុង​កណ្តាប់​ដៃ​ស្វា​ទាំង​ឡាយ​។ ពួក​ពានរ​បាន​គង​ហើយ​ វាយ​ពាត​​លោត​លេង​លាន់​លឺ​មោង​ម៉ាង​ៗ​ បរ​ព្រៃ​រំពង​ទួ​​ទៅ​រឿយ​ៗ​។

អែ​ចោរ​លួច​គង​នោះ​អ្នក​ស្រុ​ក​បាន​ដឹង​លឺ​ប្រាកដ​ថា​ ខ្លា​ខាំ​ហែក​ស៊ី​ស្លាប់​ទៅ​ហើយ​ ក៏​នឹក​ឆ្ងល់​គ្រប់​គ្នា​ថា​ហេតុ​ដូច​ម្តេច​ក៏​នៅ​តែ​លឺ​សូរ​សំលេង​គង​មោង​​ម៉ាង​ៗ​រឿយ​ៗ​ដូច្នេះ​ទៀត​។ ដោយ​ការ​មិន​ដឹង​ហេតុ​នៃ​សំលេង​គង​នោះ​ ប្រជា​ជន​ភិត​ភ័យ​ខ្លាច​ នឹក​ស្មាន​តែ​ផ្តេស​ផ្តាស​ថា​ «ប្រហែល​ជា​អារក្ស​កំណាច​ចង្រៃ​ចាប់​មនុស្ស​ស៊ី​ជា​អាហារ​ ហើយ​វាយ​ពាត​​គង​លេង​»​ ក៏​បបួល​គី​គ្នា​រត់​ចេញ​ ពី​ក្រុង​អស់​រលីង​។ កាល​នោះ​មាន​ស្រ្តី​ពេស្យា​ម្នាក់​ឈ្មោះ​នាង​ ករាលា​ ខំ​ត្រិះ​រិះ​ពិចារ​ណា​រាវ​រក​ហេតុ​នៃ​សំលេង​គង​ ដ៏​ប្លែក​នោះ​ រហូត​ទាល់​តែ​ដឹង​ហេតុ​ប្រាកដ​ថា​ ពួក​ពានរ​បាន​គង​នោះ​ពី​ចោរ​ដែល​ខ្លា​ខាំ​ស៊ី​ យក​ទៅ​វាយ​ពាត​លោត​​លេង​ជា​ល្បែង​។ នាង​ករាលា​ ក៏​ចូល​ទៅ​ក្រាប​បង្គំ​គាល់​ព្រះ​នបតី​ យក​សេច​ក្តី​ថ្វាយ​ព្រះ​យោ​បល់​ថាៈ​ ទេវ​! បើ​ទ្រង់​ ព្រះ​ករុណា​ប្រ​ទាន​រង្វន់​ខាន់​ខៅ​ច្រើន​ដល់​នាង​ខ្ញុំ​ម្ចាស់​ នាង​ខ្ញុំ​ម្ចាស់​ធានា​នឹង​ទៅ​សម្លាប់​អារក្ស​ឃណ្ឌា​កណ៌ៈ​​អោយ​បាន​។ ព្រះ​រាជា​ទ្រង់​ព្រះ​សណ្តាប់​ពាក្យ​នាង​ពិត​ទូល​ហើយ​ មាន​ព្រះ​ទ័យ​ រីក​រាយ​សប្បាយ​ណាស់​ ប្រ​ទាន​ទ្រព្យ​សម្បត្តិ​ តាម​នាង​ត្រូវ​ការ​។ នាង​ពេស្យា​ចាត់​ចែង​មណ្ឌល​ពិធី​បួង​សួង​ គោរព​ចំពោះ​ព្រះ​គណេស​ និង ទេព្ដា​ទាំង​ឡាយ​ ហើយ​ ទើប​យក​ផ្លែ​ឈើ​ទាំង​ឡាយ​ដែល​ស្វា​តែង​ចូល​ចិត្ត​ចូល​ទៅ​ក្នុង​ព្រៃ ចោល​ផ្លែ​ឈើ​នោះ​រាត់​​រាយ​រដូក​រណែល​លើ​​ផែន​ដី​។ កាល​នោះ​ រី​បង​ពានរ​ទាំង​ឡាយ​ កាល​ក្រលេក​ឃើញ​ផ្លែ​ឈើ​ក៏​ចោល​គង​ពី​ដៃ​ ស្ទុះ​ទៅ​រើស​យក​។​ នាង​ពេស្យា​រើស​យក​គង​បាន​ហើយ​ត្រលប់​ចូល​មក​ក្រុង​វិញ​ បាន​ជា​ទី​គោរព​សក្ការ​បូជា​នៃ​ប្រជា​ទាំង​មូល​តាំង​ពីកាល​នោះ​មក​។ ហេតុ​នោះ​ទើប​បាន​ជា​ខ្ញុំ​បាទ​ (ចចក​ទមនកៈ) ជំរាប​ថាៈ​ «សព្វ​បើ​លឺ​សំលេង​ខ្លាំង​» ដូច្នេះ​ជា​ដើម​(លេខ​ ៨៩)​។

៩០ - សេវ​កាមាត្យ​ បើ​មិន​ទាន់​ប្រាប់​ម្ចាស់​អោយ​ដឹង​មុន​ មិន​ត្រូវ​ធ្វើ​អ្វី​តាម​ទំនើង​ខ្លួន​ឡើយ​ លើក​លែង​តែ​កិច្ច​ការ​ដែល​ត្រូវ​ការ​ពារ​ម្ចាស់​។
៩១ -អាមាត្យ​គួរ​មាន​លក្ខណៈ​ប្រៀប​ដូច​ក្អម​តា​បស​រិស្សី​ វេលា​ចាក់​ចេញ​តិច​ វេលា​ដង​បាន​​ច្រើន​ បពិត​ព្រះ​នរប​តី​! អ្នក​ពោល​ថា​ធ្វើ​អ្វី​កើត​មួយ​ខណៈ​ ជា​មនុស្ស​ល្ងង់​ខ្លៅ​ ធ្វើ​អ្វី​កើត​មាន​ប្រាក់​បន្តិច​ជា​មនុស្ស​ក្រី​ក្រ​។
៩២ - នរ​ជន​ណា ក​ពូន​ទ្រព្យ​សម្បត្តិ​ សូម្បី​មួយ​កា​កណិក​សំរាប់​ព្រះ​រាជា​គ្រប់​ៗ​កាល​ នរ​ជន​នោះ​ទើប​ជា​អាមាត្យ​ពិត​មែន​ ព្រោះ​ឃ្លាំង​ជា​ជីវិត​នៃ​ស្តេច​ ជីវិត​គឺ​ការ​រស់​នៅ​មិន​មែន​ជា​ជីវិត​នៃ​ស្តេច​ទេ​។
៩៣ -បុរស​ខ្សត់​ទ្រព្យ​ បើ​ទុក​ជា​ប្រព្រឹត្ត​តាម​គន្លង​ធម៌​នៃ​ត្រកូល​ ក៏​មិន​ជា​ទី​សេព​គប់​នៃ​ជន​ដទៃ​ទេ​ សូម្បី​ប្រពន្ធ​ខ្លួន​ក៏​លះ​បង់​ខ្លួន​ចោល​ដែរ​ ចាំ​បាច់​និយាយ​ថ្វី​ដល់​ជន​ដទៃ​ អំពើ​ត​ទៅ​នេះ ជា​ប្រធាន​សេ​ច​ក្តី​អន្ត​រាយ​នៃ​រាជ​សម្ប​ត្តិ​​
៩៤ - ការ​ចាយ​វាយ​ហួស​ប្រមាណ​ ការ​ពិនិត្យ​ត្រួត​ត្រា​មិន​ដិត​ដល់​ ការ​បាន​ទ្រព្យ​ខុស​គន្លង​ធម៌​ នឹង​ចាយ​ខ្ជះ​ខ្ជាយ​នៃ​អ្នក​នៅ​ឋាន​ឆ្ងាយ​ ទាំង​អស់​នេះ​លោក​ពោល​ថា​ «ការ​វិនាស​នៃ​ឃ្លាំង​»​។
៩៥ - បុគ្គល​មិន​ពិចា​រណា​មើល​ទ្រព្យ​ដែល​ត្រូវ​រក​បាន​ ចាយ​វាយ​រផាត់​រទាំង​តាម​អំ​ពើ​ចិត្ត​ខ្លួន​ សូម្បី​អ្នក​មាន​ទ្រព្យ​ដូច​ព្រះ​វៃ​ស្រ​វ័ណ(4)​ ក៏​មិន​យូរ​ប៉ុន្មាន​ គង់​នឹង​ដល់​នូវ​ការ​អន្តរ​ធាន​រលីង​មិន​ខាន​។

សីហៈ​ស្តព្ធ​ក​ណ៌ៈ​ពោល​ឡើង​ថា «នែ​បង​បិង្គ​លកៈ​អើយ​! ស្តាប់​ខ្ញុំ​និយាយ​សិន​ ចចក​ទម​នកៈ​ទាំង​ពីរ​នេះ​អាស្រ័យ​នៅ​​ជា​មួយ​បង​មក​អស់​កាល​យូរ​ហើយ​ ជា​សេនា​បតី​កាន់​កាប់​កិច្ច​ការ​រក្សា​សន្តិ​ភាព​ និង​ធ្វើ​សង្រ្គាម​ច្បាំង​ត​តាំង​សត្រូវ​ បង​មិន​ត្រូវ​យក​ ទៅ​ប្រើ​ប្រាស់​អោយ​កាន់​អថា​ធិការ​ (ការ​ឃ្លាំង​)​ ទេ​។ មួយ​ទៀត​ ខ្ញុំ​សូម​រៀប​រាប់​ពីការ​ ចាត់​ចែង​អាមាត្យ​អោយ​ធ្វើ​ការ​ តាម​ដែល​ខ្ញុំ​បាន​ដឹង​លឺ​មក​ដូច​សេ​ច​ក្តី​ត​​ទៅ​នេះ​៖​

៩៦ - ព្រាហ្មណ៍​ អ្នក​ចំបាំង​ និង ផៅ​ពង្ស​ មិន​គួរ​លើក​អោយ​ធ្វើ​ក្នុង​ការ​ឃ្លាំង​ទេ​ ព្រោះ​ព្រាហ្មណ៍​សូម្បី​មាន​សិទ្ធិ​ត្រូវ​អោយ​ ក៏​មិន​ព្រម​បើក​ទ្រព្យ​អោយ​ បើ​ទុក​ជា​អោយ​ ក៏​អោយ​ដោយ​ពិបាក​ណាស់​។
៩៧ - ​អ្នក​ចំបាំង​កាន់​ការ​ឃ្លាំង​ទ្រព្យ​ ទៀង​ណាស់​តែ​នឹងកាន់​ ក្របី​សំដែង​រិទ្ធិ​ បើ​អោយ​ផៅ​ពង្ស​កាន់​វិញ​ គេ​គិត​តែ​ពី​កាញ់​យក​ទ្រព្យ​សម្បត្តិ​អស់​ ដោយ​អាង​ថា​ខ្លួន​គេ​ជា​ញាតិ​។​
៩៨ - ខ្ញុំ​បំរើ​ចាស់​ សូម្បី​ធ្វើ​ការ​ភ្លាត់​ខុស​ ក៏​មិន​ក្រែង​រអែង​ចិត្ត​ម្ចាស់​ គេ​តែង​មើល​ងាយ​ម្ចាស់​ ធ្វើ​ការ​អ្វី​ៗ​តាម​អំពើ​ចិត្ត​។
៩៩ -​បុគ្គល​ កាល​ឋិត​នៅ​ក្នុង​តំណែង​ តាំង​ចិត្ត​ធ្វើ​ការ​ជា​អុប​ការៈ​មិន​សំគាល់​ថា​ខ្លួន​​ធ្វើ​ការ​ខុស​ទេ​ តែង​យក​អុប​ការៈ​ជា​ទង់​ជ័យ​បាំង​មុខ​ហើយ​និង​ធ្វើ​ការ​បំផ្លាញ​ប្រទេស​ទាំង​មូល​។​
១០០ - អាមាត្យ​ជា​អ្នក​ធ្លាប់​លេង​ល្បែង​ជា​មួយ​ស្តេច​ ទៀង​ណាស់​តែង​តាំង​ខ្លួន​ធ្វើ​រិក​ជា​ស្តេច​ មើល​ងាយ​ស្តេច​គ្រប់​កាល​ទាំង​ពួង​ព្រោះ​ការ​ធ្លាប់​ស្និទ្ធ​។​
១០១ - អាមាត្យ​ប្រ​ទុស្ត​ដោយ​ផ្លូវ​កំបាំង​ ចេះ​ធ្វើ​អត់​ធន​ណាស់​ ហើយ​មិន​ធ្វើ​ការ​ងារ​អ្វី​សព្វ​ជំពូក​ជា​ប្រយោ​ជន៏​សោះ ក្នុង​រឿង​នេះ​ ព្រះ​ភូ​បតី​អាច​យក​អាមាត្យ​ឈ្មោះ​ សកុនី​(5) និង ​អាមាត្យ​ឈ្មោះ​សកដារ​ (6) ជា​អ្នក​ប្រទុស្ត​មក​ជា​អុទា​ហរណ៍​បាន​។
១០២(7) - គ្រប់​ការ​ទាំង​ពួង​អាមាត្យ​ទាំង​អស់​ដែល​ នឹង ត្រូវ​តែង​តាំង​ មិន​គួរ​អោយ​បរិ​បូណ៌​ដោយ​ទ្រព្យ​ទេ​ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ប្រាប់​អុប​ទេស​ថា​ «រិទ្ធិ​ គឺ​ការ​មាន​ទ្រព្យ​ច្រើន​ អាច​ផ្លាស់​ប្ដូរ​​ចិត្ត​មនុស្ស​អោយ​ទៅ​ផ្សេង​ៗ​បាន​។
១០៣ - លួច​យក​ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ (8)ប្រ​វពា្ចន៍​បំបាត់​ ទ្រព្យ​ បណ្តោយ​តាម​ចិត្ត​ម្ចាស់​ ព្រ​ងើយ​កន្តើយ​ភាព​ជា​បុគ្គល​អិត​វិចារ​ ភ្លើត​ភ្លើន​​សប្បាយ​ទាំង​អស់​នេះ​ជា​គ្រឿង​ប្រទូស្ត​នៃ​អាមាត្យ​។
១០៤ - ប្រើ​មធ្យោ​បាយ​ដក​យស​ស័ក្តិ​ ត្រួត​ត្រា​មើល​ជា​និច្ច​ ប្រទាន​អោយ​ឡើង​នាទី​ ផ្លាស់​ចេញ​ពី​នាទី​ នេះ​ជា​ប្រសាសន៍​វិធី​នៃ​ស្តេច​ដែល​ត្រូវ​ធ្វើ​ចំពោះ​អាមាត្យ​។
១០៥ - ដោយ​ច្រើន​ អាមាត្យ​កាន់​អំណាច​ បើ​គេ​សង្កត់​រឹត​ត្បិត​ទើប​ធ្វើ​អោយ​ចំរើន​ ព្រះ​រាជ​ទ្រព្យ​នៃ​ម្ចាស់​ផែន​ដី​ប្រៀប​ដូច​បូស​កាច​ បើ​គេ​ច្របាច់​ទើប​ខ្ពុរ​ខ្ទុះ​ចេញ​។
១០៦ -អាមាត្យ​កាន់​ឃ្លាំង​ប្រាក់​ ព្រះ​រាជ​គួរ​សង្កត់​សង្កិន​អោយ​រឿយ​ៗ​ សំពត់​សំរាប់​ងូត​ទឹក បើ​គេ​ពូត​អស់​វារៈ​តែ​ម្តង នឹង​ សំរក់​ទឹក​ចេញ​ភ្លាម​ មិន​មែន​រឺ​?​។

បុគ្គល​កាល​បាន​ដឹង​ច្បាស់​នូវ​ហេតុ​ការណ៏​ដូច្នេះ​សព្វ​គ្រប់​ហើយ​គប្បី​ចាត់​ចែង​ការ​ ងារ​អោយ​មាន​របៀប​រៀប​រយ​​ត​ទៅ​ ទាន់​មាន​អោកាស​ល្អ​។ បិង្គ​លកៈ​និយាយ​សំរប​ថា មាន​ហេតុ​ការណ៍​ពិត​ដូច្នោះ​មែន​ហើយ​ តែ​ធ្វើ​ម្តេចហៈ​! អា​មាត្យ​ទម​នកៈ​ និង ករ​ដកៈ​ ទាំង​ពីរ​នេះ មិន​ធ្វើ​តាម​ពាក្យ​បង្គាប់​យើង​សោះ​។ ស្តព្ធ​កណ៌ៈ​និយាយ​ទៀត​ថា «បើ​ដូច្នោះ​ ប្អូន​មិន​ត្រូវ​បណ្តោយ​អោយ​ខូច​ខាត​ការ​នេះ​ត​ទៅ​ទៀត​ទេ ​ព្រោះ​ថា​៖

១០៧ - ព្រះ​រាជា​ មិន​ត្រូវ​អត់​ទោស​សោះ​ សូម្បី​ព្រះ​រាជ​បុត្រ​ដែល​ធ្វើ​អោយ​ខូច​ព្រះ​រាជ​អាជ្ញា​ បើ​មិន​ដូច្នោះ​ទេ មាន​សេ​ច​ក្តី​ប្លែក​គ្នា​ដូច​ម្តេច​ខ្លះ​ហ្ន៎​ រវាង​ព្រះ​រាជា​ និង ព្រះ​រាជា​រូប​គំនូរ​?​។
១០៨ - មនុស្ស​រឹង​រូស​វិនាស​យស​ មនុស្ស​មាន​ចិត្ត​មិន​ស្មើ​គ្នា​ បាត់​មិត្ត​ភាព​ មនុស្ស​វិកល​អិន្រ្ទីយ៍​មិន​មាន​ត្រកូល​ មនុស្ស​ល្មោភ​មិន​មាន​ធម៌​ មនុស្ស​ធ្វើ​សេ​ច​ក្តី​អន្តរា​យ ខាត​ផល​វិជ្ជា​ មនុស្ស​កំណាញ់​វិនាស​សេច​ក្តី​សុខ​ អែ​ព្រះ​នរា​ធិបតី​ មាន​តែ​អាមាត្យ​ឡែប​ឡប​ស្រវឹង​លាភ​យស​ វិនាស​រាជ្យ​។
១០៩ - មែន​ពិត​ ព្រះ​រាជា​ដូច​បិតា​ ត្រូវ​រក្សា​ការ​ពារ​ប្រជា​ករ​អោយ​ផុត​ភយន្ត​រាយ​ ដែល​កើត​ពី​ចោរ​ពី​អាមាត្យ​មុខ​​មន្រ្តី​ ពី​សត្រូវ​ក្រៅ​ប្រទេស​ ពី​បរិវា​ជំនិត​ព្រះ​អង្គ​ និង សេច​ក្តី​លោភ​របស់​ព្រះ​អង្គ​អែង​។

នែ​ប្អូន​អើយ​! ចូល​ប្អូន​ធ្វើ​តាម​ពាក្យ​ដាស់​តឿន​បង​ គួរ​យើង​រៀប​ចាត់​ចែង​របៀប​ អោយ​រៀប​រយ​តាំង​ពី​ពេល​នេះ​ត​ទៅ​។ គោស​ញ្ជីវ​កៈ​នេះ​ ស៊ី​ស្មៅ​សន្ទូង​ជា​ចំណី​អាហារ​ គួរ​ប្រគល់​ការ​អោយ​ធ្វើ​ជា​មេ​ឃ្លាំង​ព្រះ​រាជ​ទ្រព្យ​ និង​ចាត់​ ចែង​ខាង​ស្បៀង​។ កាល​បិង្គលកៈ​ បាន​ចាត់​ចែង​តាម​ពាក្យ​ដាស់​តឿន​ស្តព្ធ​កណ៌ៈ​ដូច្នេះ​ហើយ​ សត្វ​ទាំង​ពីរ​គឺ​បិង្គលកៈ​ និង គោ​សញ្ជី​វកៈ​ លះ​បង់​ផៅ​ពង្ស​ញាតិ​សន្តាន​ ព្រម​ទាំង​សេវ​កាមាត្យ​ចោល​មិន​សូវ​នឹក​នា​ដូច​កាល​ដើម​ទេ​ ហើយ​​ញ៉ាំង​កាល​អោយ​ប្រព្រឹត្ត​កន្លង​ទៅ​ដោយ​សេច​ក្តី​ស្នេហា​ដ៏​ក្រៃ​លែង​ចំពោះ​គ្នា​តែ​ពីរ​នាក់​។ លំដាប់​ត​មក​ ចចក​ទមន​កៈ​ និង ករ​ដកៈ​ ព្រម​មួយ​អន្លើ​ដោយ​ពួក​សេវ​កាមាត្យ​ ឃើញ​ម្ចាស់​មិន​រវល់​នឹក​នា​អោយ​ចំណី​អាហារ​គ្រប់​គ្រាន់​ និង​ បរិ​ភោគ​ដូច្នេះ​ ចេះ​តែ​ខ្សិប​ខ្សៀវ​គ្នី​គ្នា​ទៅ​វិញ​ទៅ​មក​ កាល​នោះ ចចក​ទមន​កៈ​និយាយ​ នឹង ចចក​ករ​ដកៈ​ថា «នែ​សំលាញ់​យើង​​​គិត​ធ្វើ​ដូច​ម្តេច​ហៈ​ នេះ​ជា​កំហុស​យើង​​ធ្វើ​អោយ​ខុស​ខ្លួន​អែង​ ហើយ​មក​យំ​សោក​ក្តៅ​ក្រហាយ​ស្តាយ​ក្រោយ​ធ្វើ​ដូច្នេះ​មិន​ល្អ​មើល​ ព្រោះ​ថា​៖

១១០ - មនុស្ស​៣​នាក់​ត្រូវ​ទទួល​ទុក្ខ​លំបាក​ ព្រោះ​ទោស​កំហុស​ខ្លួន​អែង​ គឺ​រូប​ខ្ញុំ​ ព្រោះ​ទៅ​ពាល់​រូប​គំនូរ​នាង​ស្វណ៌​រេខា​ នាង​មេ​អណ្តើក​ ព្រោះ​ព្រម​អោយ​គេ​ចង​ខ្លួន​អែង​ជំនួស​ នឹង ពាណិជ ព្រោះ​ការ​លួច​យក​កែវ​មណី​។ ចចកដ​រកៈ​សួរ​ថា «ចុះ​រឿង​នោះ​ដូច​​ម្តេច​?​»​។ ចចក​ទម​នកៈ​និយាយ​រឿង​នោះ​ប្រាប់​ត​ទៅ​ថា​៖ តទៅកថា៦

(1)ព្រះ​រាជា​អង្គ​នេះ​ព្រះ​នាម​សិសុ​បាល​ជា​ស្តេច​ ក្រុង​ចេទិ​ មាន​អគ្គម​ហេសី​មួយ​អង្គ​នាម​នាង​រុក្មី​នី​។ ក្រិស្ណៈ​លប​លួច​យក​នាង​រុក្មី​នី​ជា​អគ្គម​ហេសី​ព្រះ​អង្គ​ ក៏​កើត​ជា​ចំបាំង​រវាង​ក្រិស្ណៈ​និង​ព្រះបា​ទ​សិសុ​បាល​ឡើង​ កាល​​នោះ​ព្រះ​បាទ​សិសុ​បាល​ដាក់​សំបថ​ព្រះ​កេស​វៈ​គឺ​ព្រះ​អីសូរ​។
(2)ហិតោ​បទេស​ សេច​ក្តី​ប្រែ​ ភាសា​បារាំង​ នៃ​លោក​ឡង់​សឺរ៉ូ​ និង ភាសា​សៀម​នៃ​លោក​នាគ​ប្រទីប​មាន​គាថា​លើស​ដូច្នេះ​គឺ​ ទឹក​ហូរ​ ទំលាយ​ស្ពាន​បាន​ ការ​មិន​ចេះ​រក្សា​ការ​សំងាត់​ ទំលាយ​ការ​កំបាំង​បាន​ ពាក្យ​ញុះ​ញុង​ទំលាយ​មិត្រ​ភាព​បាន​ សំរែក​ខ្លាំង​ ទំលាយ​ជន​កំលាច​បាន​។
(3)ពាក្យ​ផ្តេស​ផ្តាស។
(4)នាម​ព្រះ​កុវេរៈ​ ជា​ទេព​តា​មាស​ទ្រព្យ​សម្បត្តិ​។
(5)មន្រ្តី​ទុ​រយោធ​ ត្រូវ​ជា​បិតុ​លា​ពួក​កៅ​រវៈ​។
(6)មន្រ្តី​ព្រះ​បាទ​នន្ទៈ​ ជា​ស្តេច​នៃ​មគធៈ​មើល​រឿង​កដាសរ​តិសា​គរ​)។
(7)ហិ​តោ​បទេស​របស់​លោក​ឡង់​សឺ​រូ​ប្រែ​ថា​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មិន​ត្រូវ​បំប៉ន​អោយ​អា​មាត្យ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ទេ​ អុប​ទេស​នៃ​អ្នក​ប្រាជ្ញ​ថា «ទ្រព្យ​ច្រើន​នាំ​អោយ​ផ្លាស់​ទឹក​ចិត្ត​មនុស្ស​»​។
(8)ហិតោ​បទេស​ របស់​លោក​នាគ​ប្រទីប​ ត្រង់​ពាក្យ​ថា​ ប្រាប្ដា​ថិ​​គ្រហណៈ​ ថា​មិន​កាន់​ទុក​អោយ​បាន​នូវ​ប្រយោ​ជន៍​ដែល​ដល់​ហើយ​ សេច​ក្ដី​ប្រែ​នេះ​គួរ​អោយ​មាន​សេច​ក្ដី​ឆ្ងល់​។