ថ្ងៃសៅរ៍ ទី29.កក្កដា 2017.ម៉ោង 8:10
ការបំបែកមិត្ត

កាល​នោះ​ព្រះ​រាជ​កុមារ​ទាំង​ឡាយ​ ទ្រង់​ត្រាស់​សួរ​មហា​បណ្ឌិត​វស្ណុស​ម័ន​ថា​ «បពិត​លោក​អា​យិះ​! លោក​បាន​បង្រៀន​យើង​ខ្ញុំ​ទាំង​អស់​គ្នា​អោយ​បាន​ចេះ​ដឹង​រឿង​មិត្ត​លាភ​ គឺ​ការ​គប់​មិត្ត​ចប់​ស្រេច​ហើយ​ អីលូវ​នេះ​ យើង​ខ្ញុំ​ចង់​ស្តាប់​​​រឿង​ សុហ​រិទ​ភេទ​ គឺ​ការ​បំបែក​មិត្ត​ជា​លំដាប់​ត​ទៅ​ សូម​លោក​រៀប​រាប់​រឿង​នេះ​អោយ​ទាន​យើង​​ខ្ញុំ​ស្តាប់​ទៀត​»​។ មហា​បណ្ឌិត​វិស្ណុស​ម័ន​បាន​ស្តាប់​ព្រះ​បន្ទូល​ព្រះ​រាជ​កុមារ​ទាំង​ឡាយ​នោះ​ ហើយ​ក្រាប​ទូល​ថា​ «បើ​ដូច្នោះ​ សូម​ទ្រង់​​ទាំង​ឡាយ​រង់​ចាំ​ស្តាប់​ទូល​ព្រះ​បង្គំ​ នឹង​ពណ៌​នា​រឿង​សុហ​រិទ​ភេទ​ គឺ​ការ​បំបែក​មិត្ត​ថ្វាយ​ ដូច​មាន​ស្លោក​ខាង​ដើម​បទ​ថា​៖

១ សេច​ក្តី​ស្នេហា​ស្និទ្ធ​ស្នាល​ដ៏​ប្រ​សើរ​ កំ​ពុង​ចំរើន​ឡើង​រវាង​សត្វ​សីហៈ​ និង​គោ​ឧសក​ នៅ​ក្នុង​ព្រៃ​មួយ​ ត្រូវ​ចចក​ល្មោភ​ជា​អ្នក​ញុះ​ញង់​បំបែក​អោយ​ដល់​សេច​ក្តី​វិនាស​​អន្ត​រាយ​ ព្រះ​រាជ​កុមារ​ទាំង​ឡាយ​ត្រាស់​សួរ​ថា​ «រឿង​នោះ​តើ​ដូច​ម្តេច​?​»​។ មហា​បណ្ឌិត​វិស្ណុ​សម័ន​ក្រាប​ទូល​ដូច​ត​ទៅ​នេះ​

កថាទី១
រឿងគោឧសក ចចកពីរ និសត្វសីហៈ

នៅ​ក្នុង​ប្រ​ទេស​ទក្សិណ​បថ​ មាន​នគរ​មួយ​ឈ្មោះ​សុវណ្ណ​វតី​ ជា​ទី​អាស្រ័យ​នៅ​នៃ​ពាណិជ​ម្នាក់​ឈ្មោះ​វធ​មានៈ​ ជា​អ្នក​មាន​ទ្រព្យ​ច្រើន​។ ពាណិ​ជ​វិធ​មានៈ​ សូម្បី​មាន​ទ្រព្យ​ស្រឹង្គារ​ស្តុក​ស្តម្ភ​ដូច្នេះ​ក្តី​ កាល​បើ​ឃើញ​ញាតិ​សន្តាន​ដទៃ​ទៀត​ បរិ​បូណ៌​ដោយ​ទ្រព្យ​អនេក​អន័គ្ឃ​ ក៏​មាន​គំនិត​នឹង​ស្វះ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ ក​ពូន​អោយ​រឹង​រឹត​តែ​មាន​ច្រើន​ថែម​ទៀត ព្រោះ​ថា៖

២ - នរ​ជន​ដូច​ម្តេច​ កាល​ក្រ​លេក​មើល​ទៅ​ខាង​ក្រោម​ឃើញ​ជន​ ជាន់​ទាប​ជាង​ខ្លួន​ មិន​ឡើង​ជោរ​អួត​អាង​ថា​ខ្លួន​ធំ​មហិ​មា​ តែ​កាល​ក្រ​លេក​មើល​ទៅ​ខាង​លើ​ឃើញ​ជន​ ជាន់​ខ្ពាស់​ជាង​ខ្លួន ​ទើប​ដឹង​ថា​ខ្លួន​ជា​អ្នក​កំសត់​ក្រៃ​លែង​។​
៣ - នរ​ជន​ណា​មាន​​ទ្រព្យ​ច្រើន​ នរ​ជន​នោះ​សូម្បី​សំលាប់​ព្រះ​ព្រហ្ម​មួយ​ ក៏​នៅ​តែ​មាន​គេ​គោរព​បូជា​ អែ​ជន​ក្រី​ក្រ សូម្បី​មាន​វង្ស​ត្រ​កូល​ខ្ពង់​ខ្ពស់​ស្មើ​នឹង​វង្ស​ព្រះ​បាទ​ចន្ទៈ(1)​ ក៏​នៅ​តែ​គេ​មើល​ងាយ​។​
៤ - លកស្មី(2)​ មិន​រត់​ទៅ​រក​ជន​ដែល​អិត​សេច​ក្តី​ប្រឹង​ប្រែង​ ខ្ជិល​ច្រ​អូស​ វង្វេង​ជឿ ​ព្រេង​វាសនា​ និង មិន​មាន​ព្យា​យាម​ទេ​ ដូច​ប្រពន្ធ​ក្មេង​មិន​អើ​ពើ​ប្តី​ចាស់​ជរា​ដូច្នោះ​។
៥- ភាវៈ​ជា​បុគ្គល​ខ្ជិល​១​ ការ​សេព​គប់​ស្រ្តី​ផ្កា​មាស​១​ ភាវៈ​ជា​បុគ្គល​មាន​ទ្រព្យ​ច្រើន​១ ចិត្ត​ជាប់ ​នឹង ស្រុក​កំណើត​១ ចិត្ត​សន្តោស​១​ ភាវៈ​ជា​បុគ្គល​ខ្លាច​ច្រើន​១​ ទោស​៦​ប្រការ​នេះ​ ជា​គ្រឿង​ទំលាយ​បង់​នូវ​ភាវៈ​ខ្លួន​ជា​ធំ​។
៦ - នរ​ជន​ណា​ មាន​ទ្រព្យ​សម្បត្តិ​តិច​តួច​ សំគាល់​ថា​ ខ្លួន​​មាន​ទ្រព្យ​ច្រើន​ មិន​ខំ​រក​ត​ទៅ​ទៀត​ ព្រះ​ព្រហ្ម​ដែល​ជា​អ្នក​សាង​ទ្រព្យ​សម្បិត្ត​ មិន​ព្រម​ចំរើន​ទ្រ​ព្យ​សម្បត្តិ​អោយ​នរ​ជន​នោះ​ទេ​។
៧ - កូន​មិន​អុស្សាហ៍​ មិន​ជា​ទី​គាប់​ចិត្ត​ មិន​មាន​វិរិយៈ​ ជា​ទី​ឡក​ឡឺយ​នៃ​សត្រូវ​ សូម​កុំ​អោយ​ស្រ្តី​ណា​មួយ​បង្កើត​កូន​បែប​នេះ​អោយ​សោះ​។​
៨ -បុគ្គល​គប្បី​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ដែល​មិន​ទាន់​បាន​ គប្បី​រក្សា​ទ្រព្យ​សម្បត្តិ​ដែល​ រក​បាន​ហើយ​ កុំ​អោយ​រផាត់​រទាំង​អស់​ទៅ​វិញ​ គប្បី​ក​ពូន​ទ្រព្យ​សម្បត្តិ​ដែល​រក្សា​ទុក​នោះ​ អោយ​ចំរើន​ឡើង​ដោយ​ប្រពៃ​ គប្បី​កប់​ទុក​ទ្រព្យ​សម្បត្តិ​ដែល​ចំរើន​ឡើង​ហើយ​ក្នុង​បុញ្ញ​ខេត្ត​។

បុគ្គល​កាល​ប្រាថ្នា​ទ្រព្យ​សម្បត្តិ​ដែល​មិន​ទាន់​បាន​ តែង​បាន​ទ្រព្យ​សម្បត្តិ​នោះ​មក​ ដោយ​ការ​យក​ទ្រព្យ​សម្បត្តិ​ទៅ​ទាក់ អែ​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​ហើយ បើ​មិន​រក្សា​ទុក​ដោយ​ម៉ត់​ចត់​ទេ សូម្បី​មាន​ទ្រព្យ​កប់​ទុក​ជា​កំណប់​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​ ក៏​នឹង​វិនាស​ទៅ​អែង​។ មួយ​ទៀត ​ទ្រព្យ​សម្បត្តិ​ដែល​បុគ្គល​មិន​ធ្វើ​អោយ​បាន​ចំរើន​ច្រើន​ឡើង​ទេ​ ក៏​តែង​តែ​អស់​ទៅ​បន្តិច​ម្តង​ៗ​គ្រប់​កាល​ ដូច​ជា​ការ​អស់​ទៅ​នៃ​ថ្នាំ​បន្តក់​ភ្នែក​ ទ្រព្យ​សម្បត្តិ​នេះ​អែង បើ​បុគ្គល​មិន​ចែក​ចាយ​ជា​ទាន​អោយ​បាន​ជា​សាធា​រណ​សុខ​ដល់​ជន​ដទៃ​ទេ ក៏​អសារ​បង់​សោះ​សូន្យ​ទ​ទេ ព្រោះ​ថា៖

៩ -ទ្រព្យ​ដែល​គេ​មិន​អោយ​ទាន​ រឺ​មិន​បរិ​ភោគ​ខ្លួន​អែង​ មាន​ប្រ​យោជន៏​អ្វី​? រេហ៍​ពល​ដែល​គេ​មិន​យក​ទៅ​ច្បាំង​ត​ស៊ូ​សត្រូវ​ មាន​ប្រ​យោជន៍​អ្វី​? ការ​ចេះ​ដឹង​គម្ពីរ​ដិកា​ធម៌​អាថិ​ បើ​គេ​មិន​ប្រតិ​បត្តិ​តាម​ តើ​មាន​ប្រ​យោជន៏​អ្វី​? ខ្លួន​យើង​បើ​មិន​ទូន្មាន​ឥន្រ្ទីយ​​អោយ​បាន​បទ​ទេ​ តើ​មាន​ប្រ​យោជន៍​អ្វី​?​
១០ - ទឹក​ស្រក់​មួយ​ដំណក់​ៗ​ ជា​លំដាប់​ អាច​ពេញ​ក្អម​បាន​ នេះ​ជា​គ្រឿង​ឧបមា​នៃ​ការ​រៀន​សព្វ​វិជ្ជា​ ការ​ប្រតិ​បត្តិ​ធម៌​ និង ការ​សន្សំ​ទ្រព្យ​សម្បត្តិ​។​
១១ ជីវិត​នរ​ជន​ណា ដែល​បណ្តោយ​អោយ​ថ្ងៃ​ប្រ​ព្រឹត្ត​កន្លង​ទៅ​ទទេ​ ដោយ​មិន​បាន​បរិច្ចាគ​ទ្រព្យ​ខ្លួន​ជា​ទាន​ និង បរិ​ភោគ​បំពេញ​ផ្ទៃ​ខ្លួន​អែង​ទេ​ ជីវិត​នរ​ជន​នោះ​ ដូច​ស្នប់​ជាង​ដែក សូម្បី​រស់​ដក​ដង្ហើម​ចេញ​ចូល​បាន ក៏​ឈ្មោះ​ថា​ស្លាប់​។ ពាណិជ​វធ​មានៈ​ គិត​ឃើញ​ដូច្នេះ​ហើយ​ ក៏​ប្រមូល​ទំ​និញ​ផ្សេង​ៗ ផ្ទុក​ពេញ​រទេះ​ ហើយ​យក​គោ​ឧសក​ទាំង​ពីរ​ គឺ​នន្ទកៈ និង​ សញ្ជិ​វកៈ​ទៅ​ទឹម ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រទេស​​កស្មីរ ដើម្បី​ធ្វើ​ជំនួញ​ ព្រោះ​ថា៖​
១២ បុគ្គល កាល​ឃើញ​ការ​អស់​ទៅ​នៃ​ថ្នាំ​បន្តក់​ភ្នែក​ និង ការ​ក​ពូន​នៃ​កណ្តៀរ​ហើយ​ គប្បី​ប្រឹង​ប្រែង​អោយ​កើត​ប្រ​យោជន៍​រាល់​ៗ​ថ្ងៃ​ ដោយ​ការ​អោយ​ទាន​ ដោយ​ការ​សិក្សា​ក្បួន​​ខ្នាត​ និង ដោយ​ការ​ធ្វើ​ការ​ងារ​។​
១៣ - ភារៈ​ដូច​ម្តេច​ ដែល​ហៅ​ថា​ធ្ងន់​ណាស់​ សំរាប់​អ្នក​មាន​សមត្ថ​ភាព​? ទី​ណា​ដែល​ហៅ​ថា​ឆ្ងាយ​ណាស់​សំរាប់​អ្នក​មាន​ព្យា​យាម​ច្រើន​? ប្រទេស​ណា​ ដែល​ហៅ​ថា បរ​ទេស​សំរាប់​អ្នក​មាន​ចំណេះ​វិជ្ជា​? ជន​ណា​ដែល​ហៅ​ថា​អ្នក​កន្ទៀត​សំរាប់​អ្នក​មាន​ប្រីយ​វាទ​?​។
ខណ​ដែល​ពាណិជ​វធ​មានៈ​ ធ្វើ​ដំណើរ​ចរ​ចេញ​ទៅ​ដល់​ព្រៃ​ធំ​ទុរ​គម​ឋាន​ស្ងាត់​មួយ​ ជា​គ្រោះ​ថ្នាក់ គោ​ឧសក​ សញ្ជីវកៈ​ ភ្លាត់​ជើង​ដួល​បាក់​ភ្លៅ​ម្ខាង​ ដើរ​ទៅ​មិន​រួច​ ពាណិជ​វធមានៈ​ ឃើញ​ដូច្នេះ​ហើយ​រំពឹង​គិត​ថា៖​
១៤ - ជន​អ្នក​ចេះ​ដឹង​និតិ​សាស្រ្ត​ ល្បង​ធ្វើ​ព្យា​យាម​ខាង​នេះ​ខាង​នោះ​ល​មើល​ទៅ​ចុះ​ តែ​ផល​ដែល​ត្រូវ​បាន​នោះ​ ព្រះ​ព្រហ្ម​លោក​លិខិត​ទុក​អោយ​ដិត​ជាប់​ក្នុង​ចិត្ត​រួច​ស្រេច​ហើយ​។
១៥ សេច​ក្តី​សង្ស័យ​ស្ទាក់​ស្ទើរ​ចិត្ត​ ជា​ការ​អន្ត​រាយ​ដល់​សារ​ពើ​ការ​ងារ​ បុគ្គល​គប្បី​លះ​បង់​ចោល​អោយ​ស្រលះ​ទៅ​ព្រោះ​កាល​បើ​លះ​បង់​សេច​ក្តី​សង្ស័យ​ស្ទាក់​ស្ទើរ​​ចិត្ត​ហើយ​ ការ​សំរេច​ផល​ប្រ​យោជន៏​ នឹង កើត​ប្រាកដ​ទៅ​តាម​របៀប​។

លុះ​ពិចា​រណា​ឃើញ​ច្បាស់​ដូច្នេះ​ហើយ​ ពណិជ​វធមានៈ​ ទុក​គោ​ឧសក​ សញ្ជីវកៈ​ ចោល​នៅ​នា​ព្រៃ​នោះ​ ដើរ​កាត់​ទៅ​​កាន់​នគរ​ធមរ​បុរី​រក​ទិញ​គោ​សក​មាន​រូប​ធាត់​ធំមាំ​មួន​បាន​មួយ​ យក​មក​ទឹម​រទេះ​ជំនួស​ ហើយ​ធ្វើ​ដំណើរ​រហូត​ត​ទៅ​ទៀត​។ អែ​គោ​សញ្ជីវក​ កាល​ដែល​គេ​បោះ​បង់​ចោល​ហើយ​ទៅ​បាត់​ ខំ​ដើរ​ខ្ចក់​ខ្ចើច​តែ​ជើង​បី​ខ្វាន​ៗ​ រក​ស៊ី​ស្មៅ​ក្បែរ​ទី​នោះ​ចិញ្ចឹម​ជីវិត​ ព្រោះ​ថា​៖

១៦ - សូម្បី​លិច​លង់​ក្នុង​មហា​សមុទ្រ​ រឺ ធ្លាក់​ចុះ​ពី​លើ​កំពូល​ភ្នំ​ រឺ ក៏​ត្រូវ​នាគ​តស្សកៈ​(3)​ ចឹក បើ​មិន​ទាន់​ដល់​កាល​ស្លាប់​ទេ​ អាយុ​នៅ​តែ​រក្សា​ជីវិត​ឥន្រ្ទីយ​អោយ​រស់​ត​ទៅ​បាន​។
១៧(4)​ - សត្វ​លោក​សូម្បី​ត្រូវ​សរ​មួយ​រយ​ផ្លែ បើ​មិន​ទាន់​ដល់​កាល​ ក៏​មិន​ស្លាប់​ បើ​ដល់​កាល​មរណៈ​ហើយ​សព្វ​បើ​មុត​ដោយ​ស្បូវ​បន្តិច​ក៏​មិន​រស់​ដែរ​។
១៨ អ្វី​មួយ​មិន​មាន​គេ​រក្សា​ តែ​មាន​បុណ្យ​វាសនា​ជួយ​រក្សា​ ក៏​អាច​ឋិត​ថេរ​ទៅ​បាន​ អ្វី​មួយ​មាន​គេ​រក្សា​ល្អ​ហើយ​ តែ​បុណ្យ​វាសនា​មិន​ជួយ​រក្សា​ផង​ក៏​វិនាស​អន្ត​រាយ​ទៅ​បាន​ ប្រៀប​ដូច​នរ​ជន​អានា​ថា​ គេ​លះ​បង់​ចោល​កណ្តាល​ព្រៃ​ជ្រៅ​គង់​មាន​ជិវិត​រស់​បាន​ អែ​ន​រ​ជន​មាន​គេ​រក្សា​ប្រយ័ត្ន​ប្រយែង​នៅ​ក្នុង​ផ្ទះ​ក៏​ស្លាប់​ទៅ​បាន​។​

ក្នុង​ថ្ងៃ​ដែល​កន្លង​ទៅ​ដោយ​លំ​ដាប់​ គោ​ឧស​ក សញ្ជ​វកៈ​ដើរ​ស៊ី​ស្មៅ​ជា​អាហារ​ក្បែរ​មាត់​ស្ទឹង​តាម​ទំនើង​ចិត្ត​ ហើយ អាស្រ័យ​នៅ​ក្នុង​ទី​នោះ​ ឡើង​សាច់​ឈាម​ធាត់​មាំ​មួន​ មាន​កំលាំង​ក្លៀវ​ក្លា​ហាន​ បោល​លោត​លេង​កញ្ឆាក់​កញ្ឆេង​ រោទ៍​លាន់​លឺ​គឹក​កង​រំពង​ព្រៃ​។ ​មាន​សត្វ​សិហៈ​មួយ​ឈ្មោះ​បិង្ក​លកៈ​ជា​ស្តេច​សត្វ​ចតុប្បាទ​អា​ស្រ័យ​នៅ​ក្នុង​ព្រៃ​នោះ​ សោយ​សេ​ច​ក្តី​សុខ​ក្នុង​រាជ​សម្បត្តិ​ដែល​ខ្លួន​ត​តាំង​ច្បាំង​យក​បាន​ដោយ​កំលាំង​ដៃ​ខ្លួន​ ព្រោះ​ថា​៖​
១៩ - ម្រឹគ​ទាំង​ឡាយ មិន​ធ្វើ​ពិធី​បុណ្យ​អភិ​សេក​អោយ​សីហៈ​ទេ​ សីហៈ​បាន​រាជ្យ​បាន​​ជា​ធំ​លើ​ពួក​សត្វ​ម្រឹគ​ដោយ​កំលាំង​ព្យា​យាម​នៃ​ខ្លួន​អែង​។​

២០ ចូរ​មើល​!​ គួរ​អនិច្ចា​អ្នក​បំរើ​ ចូល​ចិត្ត​ធ្វើ​ខ្ញុំ​បំរើ​គេ​ ព្រោះ​តែ​ចង់​បាន​ទ្រព្យ​ មនុស្ស​ល្ងង់​ចូល​ចិត្ត​បំរើ​គេ​រហូត​ដល់​វិនាស​អិស្សរ​ភាព​ខ្លួន​ក៏​មិន​ថា​។​
២១ អ្នក​ធ្វើ​បំរើ​គេ​ តែង​ធន់​ទ្រាំ​លំ​បាក​ដោយ​ត្រ​ជាក់​ ដោយ​ខ្យល់​ និង ដោយ​កំដៅ​ថ្ងៃ​អិត​បាន​ប្រ​យោជន៍​អ្វី​សោះ​ អែ​អ្នក​ប្រាជ្ញ​ខំ​បំ​ពេញ​តបៈ​ បើ​ទុក​ជា​លំបាក​ គង់​បាន​សេច​ក្តី​សុខ​ជា​ផល​។
២២(5)​ ការ​តាំង​ខ្លួន​មិន​អោយ​ជា​ខ្ញុំ​គេ​ តែង​បាន​ផល​ជា​សុខ​ដល់​ជីវិត​ បើ​ជន​ណា​ព្រម​នៅ​ក្នុង​អំណាច​គេ​ ជន​នោះ​ឈ្មោះ​ថា​មាន​ជីវិត​រស់​ ដូច្នោះ​តើ​ជន​បែប​ណា​វិញ​ហ្ន៎​ដែល​ឈ្មោះ​ថា​ស្លាប់​?​។ (5)ហិ​តោ​បទេស​ភាសា​បារាំង​របស់​លោក​ឡង់​សឺ​រូ មាន​គា​ថា​លើស​ដូច្នេះ​ នរ​ជន​ខ្លះ​ប្រ​លែង​ជា​មួយ​​ពស់​ នរ​ជន​ខ្លះ​បរិ​ភោគ​កាម​ដោយ​ប្រពន្ធ​ជន​ដទៃ​ និង​នរ​ជន​ខ្លះ​ជា​ខ្ញុំ​បំរើ​ស្តេច​ អោ​គួរ​អនិច្ចា​! មនុស្ស​លោក​យើង​នេះ​ ជា​សត្វ​កាច​សាហាវ​ណាស់​តើ​!​។​)​
២៣ «មក​ណេះ​! ទៅ​! ក្រោក​ឡើង​! និយាយ​ទៅ​! នៅ​អោយ​ស្ងៀម​!​» នេះ​ជា​ សំដី​អ្នក​ធំ​មាន​ទ្រព្យ​សម្បត្តិ​និយាយ​លេង​ជា​ល្បែង​ ចំពោះ​អ្នក​ក្រី​ក្រ​ជា​ខ្ញុំ​បំរើ​ដែល​ សេច​ក្តី​ប្រាថ្នា​ទ្រព្យ​ចាប់​ត្រ​បាក់​បាន​ហើយ​។
២៤ - ជន​អប្ប​អិត​ប្រាជ្ញា​ សំរាំង​ខ្លួន​ហើយ​សំរាំង​ទៀត​ ទុក​បំរុង​គ្រាន់​តែ​បំរើ​ជន​ដទៃ​ ជា​នាយ​ព្រោះ​ប្រាថ្នា​ទ្រព្យ​ ដូច​ស្រ្តី​ផ្កា​មាស​តុប​តែង​ខ្លួន​អោយ​ល្អ​ ទុក​សំរាប់​តែ​បុរស​។​
២៥ ចៅ​ហ្វាយ​នាយ​ តែង​ក្រ​លេក​សំលឹង​មើល​ការ​ខុស​ឆ្គង​មិន​បរិ​សុទ្ធ​ជា​ប្រ​ក្រតី​នៃ​ខ្ញុំ​បំរើ​ ដោយ​ភ្នែក​ណា​ អ្នក​បំរើ​តែង​រំពៃ​មើល​ភ្នែក​នោះ​នៃ​ម្ចាស់​ដោយ​ច្រើន​។​
២៦ បើ​នៅ​ត្រមឹង​មិន​និយាយ​ច្រើន​ គេ​ថា​ល្ងង់​ បើ​និយាយ​ គេ​ថា​និយាយ​ច្រើន​ពេក​ រឺ ថា​ឆ្កួត​ បើ​ចេះ​អត់​ធ្មត់​ គេ​ថា​ខ្លាច​ បើ​ជេរ​មិន​ឈឺ ​គេ​ថា​នាកិ​ជាតិ​ (6)​បើ​នៅ​ជិត​ គេ​ថា​ហ៊ាន​ពេក​ បើ​នៅ​ឆ្ងាយ​ដោយ​មាន​វិន័យ​​គេ​ថា​ ញញើត​ញ​ញើម​ពេក​ សូម្បី​ព្រះ​យោគី​(7)​ ​ក៏​ផ្គាប់​ចិត្ត​ម្ចាស់​អោយ​ពេញ​បរិ​បូណ៍​មិន​បាន​ដែរ ​អោ​ហ្ន៎​​នាទី​ជា​ខ្ញុំ​បំរើ​គេ​មាន​អាថិ​កំបាំង​ជ្រាល​ជ្រៅ​គួរ​តក់​ស្លុត​ណាស់​តើ​!​។​
២៧ - អ្នក​បំរើ​លើក​ដៃ​សំពះ​ ព្រោះ​តែ​ម្ចាស់​ក្រោក​, លះ​បង់​ប្រាណ​ ព្រោះ​តែ​ការ​ពារ​ជីវិត​ម្ចាស់​ ទទួល​រង​​សេច​ក្តី​ទុក្ខ​ខ្លួន​អែង​ ព្រោះ​តែ​រក្សា​សេច​ក្តី​សុខ​ម្ចាស់​, អោ​!​អនិច្ចា​ ខ្ញុំ​បំរើ​គេ​! មាន​អ្វី​ល្ងង់​ខ្លៅ​ថោក​ទាប​ជាង​នេះ​ទៅ​ទៀត​ហ្ន៎!​។ ចចក​ទម​នកៈ​ និយាយ​កាត់​ឡើង​ថា​៖ «នែ​សំលាញ់​! ពាក្យ​នេះ​គេ​មិន​ត្រូវ​យក​មក​ទុក​ដាក់​ក្នុង​ចិត្ត​សោះ​ទេ ព្រោះ​ថា៖​
២៨ - ហេតុ​ដូច​ម្តេច​ ក៏​គេ​មិន​គប្បី​សេព​គប់​អិស្សរ​ជន​ម្ចាស់​ដ៏​ប្រសើរ​ បើ​ម្ចាស់​គាប់​ចិត្ត​ហើយ​ មិន​យូរ​ប៉ុន្មាន​ ម្ចាស់​នឹង​បំពេញ​មនោ​រថ​មិន​ខាន​។
២៩ បើ​មិន​ធ្វើ​ជា​សេវ​កា​មាត្យ​ តើ​នឹង​បាន​ចាម​រ​សែន​ត្វ័ន​ស្វេត​ច្ឆត្រ​ដោម​ដុង​លើ​ចុង​ដង​ក្លស់​ មាន​ពាជី​ គជេន្រ្ទ​ និង កង​ទ័ព​ចោម​រោម​រុង​រឿង​មក​ពី​ណា​?​»​។
ចចក​ករ​ដកៈ​ និយាយ​ថា​៖ «បើ​ទុក​ជា​ដូច្នោះ​ យើង​មិន​ត្រូវ​ជួញ​រវល់​ដែរ​ មាន​ប្រ​យោជន៍​អ្វី​សំរាប់​យើង​? ការ​ជួញ​រវល់​ក្នុង​ការ​មិន​ត្រូវ​ជួញ​រវល់​ មាន​តែ​សេច​ក្តី​វិនាស​សាប​សូន្យ​ ចូរ​មើល​!​។
៣០ នរ​ជន​ណា​ ជួញ​ចិត្ត​រវល់​ ក្នុង​ការ​ដែល​មិន​ត្រូវ​រវល់​ នរ​ជន​នោះ​ នឹង​ត្រូវ​ដេក​ស្លាប់​លើ​ផែន​ដី​ ដូច​ពានរ​ ថ្លស់​ខ្លួន​ដល់​ស្លាប់​ ព្រោះ​ចាប់​ទាញ​ឈើ​ស្នៀត​»​។ ចចក​ទម​នកៈ​ សួរ​ឡើង​ថា​ «ចុះ​រឿង​នោះ​ តើ​ដូច​ម្ដេច​?​»​។ ចចក​ករ​ដកៈ​ និយាយ​រៀប​រាប់​ប្រាប់​ថា​៖​
(1)រាជ​វង្ស​មួយ​ក្នុង​ប្រទេស​ឥណ្ឌៀ​ រាជ​ធានី​ឈ្មោះ​ប្រតិស្ឋាន​ ស្ថិត​នៅ​ចន្លោះ​ទន្លេ​គង្គា​ និង យមុនា ​សព្វ​ថ្ងៃ​នៅ​ក្នុង​ខេត្ត​ដូ​អាប ​ត​មក​ព្រះ​រាជ​វង្ស​នេះ​ផ្សាយ​អាណា​ខេត្ត​ ទៅ​ដល់​កុរុ​ក្សេត្រ​ ហើយ​តាំង​រាជ​ធានី​ជា​លំដាប់​នៅ​ អិន្រ្ទ​ប្រស្ដ​ ហស្តិនា​បុរៈ​ និង កោ​សម្ភី​។
(2) សំណាង ​ទ្រព្យ​សម្បត្តិ​។
(3)ឈ្មោះ​ស្តេច​នាគ​មាន​រិទ្ធិ​ខ្លាំង​ពូ​កែ។​
(4)ហិ​តោ​បទេស​ភាសា​បារាំង​នៃ​លោក​ ឡង់​សឺ​រូ​ មាន​គាថា​ដូច្នេះ​ នរ​ជន​មិន​ទាន់​ដល់​បាល​បាណៈ​ សូម្បី​ធ្លាក់​ពី​លើ​កំពូល​ភ្នំ​លិច​លង់​ក្នុង​មហា​សមុទ្រ​ក្តី​ ធ្លាក់​ក្នុង​ភ្លើង​ក្តី​ ប្រ​លែង​ជា​មួយ​ពស់​ក្តី​ ក៏​មិន​ស្លាប់​។
(5)ហិ​តោ​បទេស​ភាសា​បារាំង​របស់​លោក​ឡង់​សឺ​រូ មាន​គា​ថា​លើស​ដូច្នេះ​ នរ​ជន​ខ្លះ​ប្រ​លែង​ជា​មួយ​​ពស់​ នរ​ជន​ខ្លះ​បរិ​ភោគ​កាម​ដោយ​ប្រពន្ធ​ជន​ដទៃ​ និង​នរ​ជន​ខ្លះ​ជា​ខ្ញុំ​បំរើ​ស្តេច​ អោ​គួរ​អនិច្ចា​! មនុស្ស​លោក​យើង​នេះ​ ជា​សត្វ​កាច​សាហាវ​ណាស់​តើ​!​។​
(6) ត្រកូល​ថោក​ទាប​។
(7)ព្រះ​អីសូរ​)