ថ្ងៃសៅរ៍ ទី29.កក្កដា 2017.ម៉ោង 6:56
កថាមុខ

ហិតោ​បទេស​ភាគ​ទី​១ ឈ្មោះ​ ការ​គប់​មិត្រ​ ដែល​ផ្សាយ​ចេញ​ទៅ​ហើយ​ បាន​ទទួល​ការ​និយម​អាន​គួរ​ជា​ទី​ពេញ​ចិត្ត​។ ការ​និយម​អាន​នេះ ​ជា​វត្ថុ​បំណង​ដ៏​ប្រសើរ​របស់​ខ្ញុំ​ ទុក​ថា​ ខ្ញុំ​បាន​បោះ​ជំហាន​ទី​១ ទៅ​ស្រេច​បរិ​បូណ៌​ហើយ​ ថែម​ទាំង​នាំ​អោយ​ខ្ញុំ​មាន​កំលាំង​ព្យា​យាម​សរ​សេរ​ត​ទៅ​ទៀត​មិន​តិច​ឡើយ​។ អស់​លោក​អ្នក​អាន​ខ្លះ​ កាល​អាន​រួច​ហើយ​ ពោល​ត្អូញ​ត្អែ​ថា​ ហិ​តោ​បទេស​នេះ​ល្អ​ណាស់​ តែ​ពិបាក​អាន​ហួស​ពេក​ ហើយ​មិន​ងាយ​ស្តាប់​សេច​ក្តី​បាន​ផង​ ព្រោះ​ដេរ​ដាស​ដោយ​ពាក្យ​សំស្រ្តឹត​ នឹង​ពាក្យ​មាន​អាថិ​ជ្រាល​ជ្រៅ​។​ ខ្ញុំ​អិត​ប្រកែក​ទេ​ យល់​ព្រម​តាម​ពាក្យ​អ្នក​អាន​ទាំង​អស់​ តែ​ក្នុង​រឿង​នេះ​ខ្ញុំ​នឹក​ពិភាល់​ថា​ លោក​អ្នក​អាន​ទាំង​ឡាយ​ភ្លេច​ថា​ ខ្ញុំ​ជា​ អ្នក​ប្រែ​ទៅ​ហើយ​ មួយ​ទៀត​ខ្ញុំ​ជឿ​ថា​ អ្នក​អាន​ទាំង​ឡាយ​គង់​មិន​ភ្លេច​ថា​ ធម្មតា​ច្បាប់​ រឺ សុភា​សិត​ដែល​ជា​ទ្រឹស្តី​ សុទ្ធ​សឹង​មាន​អាថិ​ជ្រាល​ជ្រៅ​ មិន​មែន​អាន​ហើយ​ភ្លាម​យល់​ចូល​ចិត្ត​ស្រួល​ទេ​។ អ្នក​ដែល​ខ្លាច​គេ​បន្ទោស​ថា​ ខ្វះ​ការ​សិក្សា​ តែង​ព្យា​យាម​អាន​មិន​លះ​បង់​ចោល​ អាន​ហើយ​អាន​ទៀត​ ខំ​ប្រឹង​អាន​ដរាប​ទាល់​តែ​យល់​សេច​ក្តី​ ដូច​គេ​ទ្រាំ​លេប​គីនីន​អោយ​ជា​គ្រុន​ដូច្នោះ​ ដើម្បី​ដាស់​តឿន​ស្មារ​តី​ អ្នក​អាន​ទាំង​ឡាយ​ ខ្ញុំ​សូម​នាំ​និទា​ន​ខ្លី​មួយ​ទុក​ជា​គតិ​ប្រចាំ​ជីវិត​ថា​៖​

កាល​ពី​ព្រេង​នាយ​ កន្លង​បាំង​បាត់​ស្ងាត់​យូរ​យារ​ណាស់​ហើយ​ កាល​នោះ អសុរៈ​ និង ទេព​តា យក​នាគ វសុកិ ជា​ព្រ័ត្រ​ យក​ភ្នំ​មន្ទរ ជា​ស្នូល យក​អណ្តើក​អវតា​នៃ​ព្រះ​ន​រាយណ៍​ជា​អ្នក​ទ្រ​ភ្នំ​មន្ទរ​ ហើយ​បបួល​គ្នា​កូរ​សមុទ្រ​ទឹក​ដោះ​យក​ទឹក អំ​រិត​ តាម​យើង​ដឹង​សព្វ​ថ្ងៃ​ថា​ អសុរ​ និង ទេវ​តា​ទាញ​ព្រ័ត្រ​។ ការ​កូ​រសមុទ្រ​ទឹក​ដោះ​នេះ​ ប្រើ​ថិរ​វេលា​អស់​វារៈ​ កំណត់​១០០០ ឆ្នាំ​ ទើប​បាន​ទឹក​អំរឹត​។​

បុរាណ​ខ្មែរ​យើង​ ឆ្លាក់​រឿង​នេះ​នៅ​ជញ្ជាំង​ថែវ​នគរ​វត្ត​ភាគ​ខាង​កើត​ពេញ​ផ្ទៃ​ថែវ​ ធ្វើ​មុខ​មាត់​មាឌ​សុទ្ធ​តែ​ប្រឹង​។ មាន​ធ្វើ​អសុរ​ និង ទេវ​តា​មុខ​មាត់​សំបើម​រាង​ក្រ​អឺត​ៗ​ទាញ​ព្រ័ត​នាគ​នៅ​គ្រប់​ទ្វារ​នគរ​ធំ​ មិន​តែ​ប៉ុណ្ណោះ​ទេ​ សូម្បី​រូប​សីហៈ​ រឺ រូប​ឆ្មាំ​ទ្វារ គោ​បុរៈ​ ក៏​មាន​ការៈ​ថា​ថាង​ប្រឹង​ប្រែង​ទាំង​អស់​។ មើល​ចុះ​មិន​មែ​នទន់​ល្វែត​ល្វត​រេ​ទៅ​​តាម​ខ្យល់​ទេ​។ ទាំង​អស់​នេះ​ ជា​រូប​ភាព​សំដែង​ភស្តុ​តាង​ព្យា​យាម​ និង ថា​ម​ភាព​នៃ​ដូន​តា​នៅ​សម័យ​នគរ​វត្ត​។ បើ​យើង​ពោល​​ដោយ​ផ្លូវ​ហេតុ​ផល​ គួរ​ទុក​ជា​គតិ​បាន​ថា គួរ​ប្រឹង​រឺ​ទេ​?​ ព្រោះ​ដូន​តា​សុទ្ធ​តែ​ប្រឹង​ទាំ​ងអស់​។

នេះ​ជា​ហិ​តោប​ទេស​ ភាគ​ទី​២​ឈ្មោះ «ការ​បំបែក​មិត្ត​» ជា​ជំហាន​ទីពីរ​ ដែល​បោះ​ផ្សាយ​ពេល​នេះ​ ខ្ញុំ​មាន​សង្ឃឹម​ថា​ ភាគ​ទី២​នេះ​ នឹង បាន​ទទួល​ការ​និយម​អាន​គួរ​ជា​ទី​ពេញ​ចិត្ត​ដូច​ភាគ​ទី១​ដែរ​។ នៅ​សល់​ពី​រ​ភាគ​ទៀត​ដែល​នឹង​ផ្សាយ​ ទៅ​ក្នុង​អានា​គត​ឆាប់​ៗ​នេះ​ ខ្ញុំ​ភ័យ​ផ្អុក​ៗ​ក្នុង​ពោះ​ ក្រែង​ខ្ញុំ​មិន​អាច​បោះ​ជំហាន​ទី៣​ និង​ទី​៤ ទៅ​មុខ​ទៀត​រួច​ ថា​បើ​ខ្ញុំ អាច​នឹង​ទៅ​បាន​ ខ្ញុំ​នឹង​រីក​រាយ​សប្បាយ​ចិត្ត​ណាស់​ព្រោះ​វត្ថុ​បំណង​រប​ស់​ខ្ញុំ ​នឹង សំរេច​អស់​ហើយ​។ ភាគ​ទី២​នេះ​ ខ្ញុំ​ទុក​ជា​ទី​រលឹក​ការ​នៅ​ចាំ​វស្សា​អស់​ត្រៃ​មាស​ក្នុង​ឆ្នាំ​ខាល​ទោ​ស័ក ពស ២៤៩៣​​។ សូម​ប្រជា​ជន​​ខ្មែរ​ ទាំង​មូល​ បាន​ប្រកប​ដោយ​សេច​ក្តី​សុខ​ សេច​ក្តី​ចំរើន​គ្រប់​ប្រការ​។

វត្តឧណ្ណាលោមនៅថ្ងៃ ៥ ᧯ ១១ (សុក្រ ១៥កើត ខែអស្សុជ) ឆ្នាំខាលទោស័ក ព.ស២៤៩៣
ត្រូវនិងថ្ងៃទី២៦ តុលា គ.ស១៩៥០
ភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ