ថ្ងៃសៅរ៍ ទី15.កក្កដា 2017.ម៉ោង 7:34
កថាទី៦ រឿងព្រាន ប្រើស ពស់ និង ចចក

១៦២ សេច​ក្ដី​ទុក្ខ​លំបាក​ ដែល​គេ​មិន​បាន​គិត​ទុក​ជា​មុន​ អាច​កើត​ឡើង​ ដល់​ប្រ​ជា​ករ​យ៉ាង​ណា​សេច​ក្ដី​សុខ​កើត​ឡើង​ដល់​ប្រជា​ករ​យ៉ាង​នោះ​ដែរ​ អាត្មា​អញ​ជឿ​ថា ក្នុង​លោក​នេះ​ស្រេច​តែ​ព្រេង​សំណាង​។ ការណ៍​នេះ​ប្រពៃ​ហើយ​! អា​ត្មា​អញ​នឹង​ញ៉ាំង​ជិវិត​អិន្រ្ទីយ​អោយ​ប្រព្រឹត្ដ​ទៅ​ដោយ​ស្រួល​ ចំនួន​ត្រៃ​មាស​បាន​ដោយ​អា​ស្រ័យ​សាច់​ទាំង​នេះ​ជាអា​ហារ​។​

១៦៣ មនុស្ស​នេះ​បាន​ជា​អាហារ​បាន​១​ខែ​ ប្រើស​និង​ជ្រូក​បាន​២​ខែ​ អែ​ពស់​ទុក​ជា​អាហារ​បាន​១​ថ្ងៃ​ដែរ​ ថ្ងៃ​នេះ​គួរ​អាត្មា​ អញ​ស៊ី​ខ្សែ​ធ្នូ​នេះ​មុន​ដំបូង​បង្អស់​។ ពេល​នោះ​ ចចក​ទឃ៌​រាវៈ​ រំពឹង​គិត​ថា៖​ ដើម្បី​នឹង​ធ្វើ​ជា​បថម​បរិ​ភោគ​អាត្មា​​អញ​ ត្រូវ​ស៊ី​ខ្សែ​ដែល​ជាប់​ នឹង ​​ធ្នូ អិត​រស​ជាតិ​នេះ​មុន​បណ្ដើរ​សិន​ លុះ​គិត​ដូច្នេះ​ហើយ​ ក៏​ចាប់​កកេរ​ខ្សែ​ធ្នូ​តាម​ដែល​គិត​ទុក​ កំពុង​តែ​កកេរ​ រី​ខ្សែ​ធ្នូ​​នោះ​ដាច់​ប៉ាត់​ វាត់​ខ្វាប់​មក​ត្រូវ​មុត​ធ្លុះ​ដល់​បេះ​ដូង​ដួល​តូង​ដេក​ស្លាប់​ដល់​ក្ដី​បញ្ច​ភាព(1) ក្នុង​កាល​នោះ​អែង​ហោង​។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ (មន្ថរៈ) ពោល​ទុក​ថា បុគ្គល​គប្បី ក​ពូន​ទ្រព្យ​សម្បត្ដិ​អស់​កាល​​ជា​និច្ច​ ដូច្នេះ​ជា​ដើម​(១៦០) មួយ​ទៀត​លោក​ពោល​ថា​៖

១៦៤ ទ្រព្យ​ណា​ដែល​គេ​អោយ​ទាន​ ទ្រព្យ​ណា​ដែល​ខ្លួន​អែង​បរិភោគ​ ទ្រព្យ​នោះ​ៗ​ឈ្មោះ​ថា​ជា​ទ្រព្យ​នៃ​ជន​មាន​ទ្រព្យ​ពិត​ប្រាកដ​មែន​ ព្រោះ​ថា កាល​បើ​ខ្លួន​អ្នក​មាន​ទ្រព្យ​នោះ​ស្លាប់​បាត់​បង់​ទៅ​ហើយ​ សម្បត្ដិ​ទ្រព្យ​ព្រម​ទាំង​ភរិយា​ និង​ធ្លាក់​ទៅ​ជា​គ្រឿង​ល្បែង​នៃជន​ដទៃ​ៗ​។

១៦៥ ទ្រព្យ​ណា​ដែល​អ្នក​អោយ​ដល់​បុគ្គល​ប្រសើរ​ដ៏​លើស​ ទ្រព្យ​ណា​ដែល​អ្នក​បរិ​ភោគ​រាល់​ៗ​ថ្ងៃ ខ្ញុំ​គិត​ឃើញ​ថា​ ទ្រព្យ​នោះ​ៗ ជា​សម្បត្ដិ​ទ្រព្យ​របស់​អ្នក​ពិត​ៗ​ តើ​អ្នក​ស្រវឹង​រក្សា​ទ្រព្យ​សម្បត្ដិ​ដែល​សេស​សល់​ទុក​អោយ​នរ​ណា​ទៀត​? គួរ​លើក​ទុក​រឿង​នេះ​មួយ​អន្លើ​សិ​ន​ ក្នុង​ពេល​នេះ​មិន​គួរ​នឹង​នាំ​អោយ​យក​មក​ពណ៌​នា​អោយ​ហួស​ប្រមាណ​ទេ​ មិន​​មែន​រឺ​អ្វី​? ព្រោះ​ថា​៖​

១៦៦ នរជន​ជា​បណ្ឌិត​មាន​ប្រាជ្ញា​ល្អ​ តែង​មិន​រវល់​ចង់​បាន​ទ្រព្យ​សម្បត្ដិ​ ដែល​មិន​ត្រូវ​បាន​ មិន​កើត​ទុក្ខ​សោក​សៅ ​ក្ដៅ​ក្រហាយ​ស្ដាយ​ទ្រព្យ​ដែល​វិនាស​បាត់​ទៅ​ ហើយ​​និង មិន​វង្វេង​ជ្រប់​ដល់​ទៅ​បាត់​ស្មារ​តី​ក្នុង​ពេល​ដែល​សេច​ក្ដី​ក្រី​ក្រ​មក​ដល់​ប៉ុន្មាន​ឡើយ​។ ណ្ហើយ​សំលាញ់​កុំ​តូច​ចិត្ដ​! បង​អែង​គប្បី​អុស្សា​ហ៍​ប្រឹង​ប្រែង​ត​ទៅ​ទៀត​ទៅ​ ព្រោះ​ថា​៖

១៦៧ បុរស​សូម្បី​បាន​សិក្សា​រៀន​សូត្រ​សាស្រ្ដ​វិជ្ជា​ទាំង​ឡាយ​ហើយ​ក៏​នៅ​តែ​ល្ងង់​ លុះ​ត្រា​តែ​បុរស​ណា​ហាត់​ធ្វើ​ថ្នឹក​ បុរស​នោះ​ទើប​ឈ្មោះ​ថា​ជា​ប្រាជ្ញ​ មែន​ដូច​គ្រូពេទ្យ​ធ្លាប់​ត្រិះ​រិះ​គិត​ផ្សំ​ថ្នាំ​បាន​ល្អ ថ្នឹក​មើល​មនុស្ស​ឈឺ​អោយ​ជា​រោគ​ មិន​មែន​គ្រាន់​តែ​ប្រាប់​ឈ្មោះ​ថ្នាំ​ហើយ​ជា​រោគ​នោះ​ទេ​។

១៦៨ សេចក្ដី​ពិត​ វិធី​ការ​ចេះ​ដឹង​ មិន​អាច​ញ៉ាំង​បុគ្គល​ខ្លាច​នឿយ​ហត់​ (ខ្លាច​សេច​ក្ដី​ព្យាយាម​ហាត់​ធ្វើ​) សូម្បី​តែ​បន្ដិច​​បន្ដួច​អោយ​បាន​ជា​បុគ្គល​មាន​គុណ​គាប់​ប្រសើរ​ទេ​ ក្នុង​លោក​នេះ បុគ្គល​ភ្នែក​ខ្វាក់​សូម្បី​កាន់​ប្រទីប​នៅ​ដៃ​ នឹង​ថា មើល​ឃើញ​ទ្រព្យ​សម្បត្ដិ​ដែល​នៅ​ជុំ​វិញ​ខ្លួន​រឺ​អ្វី​?
ដូច្នេះ​សំលាញ់​ រឿង​នេះ​ត្រូវ​អ្នក​ធ្វើ​ចិត្ដ​អោយ​ស្ងប់​សុខ​ក្សេម​ក្សាន្ដ​តាម​ ដំណើរ​បរិយា​កាស​សិន​(2)អ្នក​មិន​ត្រូវ​កើត​ទុក្ខ​ ឆ្អិត​ចិត្ដ​គិត​រវល់​តែ​រឿង​អុប​ទ្រព​ចង្រៃ​នេះ​ពេក​ ព្រោះ​ថា​៖

១៦៩ ស្ដេច ស្រ្ដី​ក្រមុំ​នៃ​ត្រ​កូល​ព្រាហ្មហ៍​ មន្រ្ដី ដោះ​ ធ្មេញ​ សក់​ ក្រចក និង នរ​ជន ទាំង​អស់​នេះ ដែល​គេ​ដក​ចេញ​ពី​កន្លែង​ (ពី​ដំណែង​) មិន​ល្អ​ទេ​។
បើ​ពិចា​រណា​មើល​អោយ​សព្វ​គ្រប់​ដូច្នេះ​ហើយ​ អ្នក​ប្រាជ្ញ​មិន​ត្រូវ​លះ​បង់​ចោល​ទី​កន្លែង​ឡើយ​ តែ​សំដី​នេះ សំដី​មនុស្ស​ចោល​ម្សៀត​ទេ​ ព្រោះ​ថា​៖
១៧០ សីហ​ សប្បុ​រស​ និង​ ដំរី​ តែង​លះ​បង់​ទី​ឋាន​មិន​ល្អ​ទៅ​រក​ទី​ឋាន​ល្អ តែ​សត្វ​ក្អែក​ បុរស​គម្រក់​ និង ម្រិគ​នៅ​ស្លាប់នឹង​ទីកន្លែង​ខ្លួន​។
១៧១ វីរ​បុរស​ ជា​អ្នក​មាន​ប្រាជ្ញា​ មិន​រវល់​យក​ចិត្ដ​ទុក​ដាក់​ថា​ ដូច​​ម្ដេច​ហៅ​ថា​ប្រទេស​ខ្លួន​ រឺ ដូច​ម្ដេច​ហៅ​ថា​ប្រទេស​ឡើយ​ ចូរ​ទៅ​ក្នុង​ប្រទេស​ណា​ ក៏​ខំ​ប្រឹង​ប្រែង​រក​ទ្រព្យ​ដោយ​កំលាំង​ខ្លួន​ ក្នុង​ប្រទេស​នោះ​ដូច​សត្វ​សីហ​ ចូល​ទៅ​នៅ​ក្នុង​ព្រៃ​ណា​មិន​មាន​អ្វី​ជា​អាវុធ​ មាន​តែ​ចង្កូម​ក្រចក​ និង​កន្ទុយ​ជា​គ្រឿង​ប្រហារ​ អាច​ចាប់​សំលាប់​ដំរី​សារ​ហែក​ ជញ្ជែង​ស៊ី​ហុត​ឈាម​ ដើម្បី​សេច​ក្ដី​ស្រេក​ឃ្លាន​នៅ​ក្នុង​ព្រៃ​នោះ​។
១៧២ បុគ្គល​មិន​ប្រឹង​ប្រែង​រក​ទ្រព្យ​សម្បត្ដិ​ ឈ្មោះ​ថា​ប្រ​គល់​ការ​សម្បូរណ៌​ទ្រព្យ​សម្បត្ដិ​ ទៅ​លើ​ដៃ​នរ​ជន​ដែល​មាន​សេច​ក្ដី​ព្យា​យាម​ ដូច​កង្កែប​លោត​ចូល​ទៅ​ក្នុង​អណ្ដូង​ រឺ ត្រី​ហែល​ចូល​ទៅ​ក្នុង​ស្រះ​ដែល​ពេញ​ប្រៀប​ដោយ​ទឹក​ដូច្នោះ​។
១៧៣ បុគ្គល​គប្បី​រាប់​រង​សេច​ក្ដី​សុខ​ និង សេច​ក្ដី​ទុក្ខ​ដែល​មក​ដល់​ហើយ​ ព្រោះ​ថា​សេច​ក្ដី​ទុក្ខ​ និង សេច​ក្ដី​សុខ​ទាំង​២​ប្រការ​នេះ​តែង​វិល​ចុះ​វិល​ឡើង​ដូច​កង់​រទេះ​។
១៧៤ ជោគ​លាភ​ (ព្រេង​សំណាង​) តែង​រត់​ទៅ​រក​តែ​នរ​ជន​ដែល​បរិ​បូណ៌​ដោយ​សេច​ក្ដី​ព្យា​យាម​ មិន​ដេក​ទ្រ​មក់​ហួស​កាល​វេលា​ ស្គាល់​វិធី​ការ​ មិន​ជាប់​ជំពាក់​ចិត្ដ​ ក្នុង​ក្ដី​អន្ដ​រាយ​ ក្លៀវ​ក្លា​ហាន​ ដឹង​អុប​ការ​គុណ​គេ​ និង មាន​ចិត្ដ​ល្អ​មាំ​មួន​ក្នុង​សន្ដាន​ដោយ​ទំនើង​ខ្លួន​អែង​មិន​មែន​មក​ពី​ទីលំ​នៅ​ជា​ហេតុ​ទេ​។
១៧៥ វិស័យ​វីរ​ជន​ សូម្បី​ខ្សត់​ខ្សោយ​ទ្រព្យ​សម្បត្ដិ​ ក៏​អាច​ចូល​ទៅ​កាន់​ ភាព​ខ្ពង់​ខ្ពស់​ដោយ​កិត្ដិ​យស​ដ៏​ក្រៃ​លែង​ អែ​បុគ្គល​កំណាញ់​សូម្បី​ប្រកប​ដោយ​ទ្រព្យ​សម្បត្ដិ​សម្បូរ​ច្រើន​ដ៏​ក្រៃ​លែង​ ក៏​ធ្លាក់​ចុះ​ទៅ​កាន់​សភាព​ថោក​ទាប​ ដ៏​អា​ក្រក់​ក្រៃ​លែង​ ដូច​សុខ​ន​ជាតិ​ គេ​ចង​ក​ដោយ​ខ្សែ​ក​ជា​វិការ​នៃ​មាស​ ម្ដេច​ឡើយ​ នឹង ​បាន​ល្អ​ដូច​សត្វ​សីហ​ដ៏​រុង​រឿង​ ប្រ​កប​ដោយ​វិស័យ​ លេច​ក្ដី​ល្អ​ឡើង​ស្រាប់​ពី​កំណើត​ ព្រម​ទាំង​គុណ​លក្ខណ​គ្រប់​ប្រការ​។
១៧៦ បើន​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​ ខ្ញុំ​រីក​រាយ​សប្បាយ​ចិត្ដ​ បើ​ធ្លាក់​ខ្លូន​ជា​អ្នក​ខ្សត់​ទ្រព្យ​ ខ្ញុំ​សោក​សៅ​ក្ដៅ​ក្រ​ហាយ​ចិត្ដ​ ធ្វើ​ដូច្នេះ​រឺ​អ្វី​? ដោយ​ពិត​ការ​ធ្លាក់​ទៅ​ទាប និង ការ​ឡើង​ទៅ​ខ្ពស់​នៃ​មនុស្ស​ទាំង​ឡាយ​ ប្រៀប​ដូច​បាល់​ដែល​គេ​បោះ​ដោយ​ដៃ​ដូច្នោះ​អែង​។​
១៧៧ ម្លប់​ពពក​ មេ​ត្រី​ដោយ​មនុស្ស​សាហាវ​ សំទូង​ថ្មី ​ស្រី​ក្រមុំ​ និង​ ទ្រព្យ​សម្បត្ដិ​ ទាំង​អស់​នេះ​ធ្វើ​អោយ​កើត​សេច​ក្ដី​រីក​រាយ​តែ​មួយ​ខណ​ទេ​។
១៧៨ បុគ្គល​មិន​គប្បី​ប្រឹង​ខ្វល់​ខ្វាយ​ហួស​ប្រមាណ​ពេក​ទេ ដើម្បី​រក​ទ្រព្យ​ចិញ្ចឹម​ជីវិត​ ព្រោះ​ព្រះ​ជា​ម្ចាស់​មាន​និម្មិត​ទុក​ស្រេច​ហើយ​ ដូច​ដោះ​ទាំង​គូរ​នៃ​មាតា​តែង​បង្ហូរ​ទឹក​ក្សីរ​អោយ​ទារក​តាំង​ពី​ប្រសូត​ចេញ​ពី​គ​រ៌​ម្លេះ​។ មាន​ភាសិត​ទៀត​ សំលាញ់​ចូរ​ស្ដាប់​!។
១៧៩ លោក​អង្គ​ណា​ដែល​សាង​ហង្ស​អោយ​មាន​ពណ៌​ស លោក​អង្គ​ណា​ដែល​សាង​សេក​អោយ​មាន​ពណ៌​ខៀវ​ លោក​អង្គ​ណា​ដែល​សាង​ក្ងោក​អោយ​ មាន​ពណ៌​វិចត្រ​ផ្សេង​ៗ​ លោក​អង្គ​នោះ​ៗ​ នឹង​សាង​គ្រឿង​ចិញ្ចឹម​ជីវិត​ទុក​សំរាប់​នរ​ជន​ទាំង​ឡាយ​ដូច​គ្នា​ដែរ​។ ម្យ៉ាង​ទៀត​ សម្លាញ់​! សូម​ចាំ​ស្ដាប់​រហស្សោ​បាយ​នៃ​សប្បុ​រស​ទាំង​ឡាយ​ទៅ​ទៀត​ សេច​ក្ដី​ដូច្នេះ​ថា.....​
១៨០ ការ​ស្វែង​រក​ទ្រព្យ​បាន​សេច​ក្ដី​ទុក្ខ​លំបាក​ម្ដង​ កាល​វិបត្ដ​ទ្រព្យ​សម្បត្ដិ​ កើត​មាន​ស្រវឹង​ម្ដង​ទៀត​ ដូច្នេះ​តើ​ទ្រព្យ​សម្បត្ដិ​ទាំង​ឡាយ​នោះ​នាំ​អោយ​យើង​បាន​សេច​ក្ដី​សុខ​ដូច​ម្ដេច​ហ្ន៎​?​​។
១៨១ បើ​អ្នក​ស្វែង​រក​ទ្រព្យ​ដើម្បី​ប្រ​ព្រឹត្ដ​ធម៌​ កុំ​ស្វែង​រក​ល្អ​ជាង​ព្រោះ​ ការ​សាង​អោយ​ស្អាត​មុន​ ល្អ​ជាង​ការ​អោយ​ប្រលាក់​រួច​ទើប​សាង​ក្រោយ​។
១៨២ បក្សី​ស្វែង​រក​អាហារ​ចំណី​បរិ​ភោគ​ក្នុង​អាកាស​ ឆ្កែ​ស្វែង​រក​អាហារ​ចំណី​បរិ​ភោគ​លើ​ផែន​ដី​ ក្រពើ​ស្វែង​រក​​អាហារ​ចំណី​បរិ​ភោគ​ក្នុង​ទឹក​យ៉ាង​ណា នរ​ជន​ប្រាថ្នា​ទ្រព្យ​ក៏​ស្វែង​រក​ទ្រព្យ​បរិ​ភោគ​បាន​ គ្រប់​ទី​កន្លែង​យ៉ាង​នោះ​ដែរ​។ ១៨៣ អ្នក​មាន​ទ្រព្យ​ តែង​មាន​ភ័យ​ជា​និច្ច​ កើត​ពី​រាជ​ភ័យ​ អំពី​អុទ​ក​ភ័យ​ អំពី​អគ្គី​ភ័យ​ អំពី​ចោរ​ភ័យ​ និង​ វិវាទ​ភ័យ (ការ​ទាស់​ទែង​ដណ្ដើម​គ្នា​អែង​)​ ដូច​សព្វ​សត្វ​ទាំង​ឡាយ​ខ្លាច​ពី​មរណ​ភ័យ​ដូច្នោះ​ដែរ​។
១៨៤ ក្នុង​ជីវិត​ដែល​បរិ​បូរណ៌​ដោយ​សេច​ក្ដី​លំបាក​គ្រប់​ប្រការ​នេះ​ នឹង មាន​អ្វី​ទុក​អោយ​ក្រៃ​លែង​ជាង​នេះ​ទៅ​ទៀត​ហ្ន៎​? មាន​តែ​សេច​ក្ដី​ប្រាថ្នា​មិន​សំរេច​ ដូច​ចិត្ដ​នេះ​អែង​ សេច​ក្ដី​ប្រាថ្នា​នេះ​មិន​មែន​ជា​មិន​មាន​ ហើយ​មិន​ចេះ​ត្រលប់​ថយ​ចេញ​ពី​ជាយ​ចិត្ដ​សោះ​។ នែ​សំលាញ់​ចូរ​ស្ដាប់​ពាក្យ​នេះ​ទៀត​៖
១៨៥ ដោយ​ពិត​ ទ្រព្យ​នេះ​ គេ​រក​បាន​មក​ដោយ​ក្រ​ណាស់​ រក​បាន​ហើយ​លំបាក​រក្សា​ទុក​ដាក់​ទៀត​ រក​បាន​ហើយ​វិនាស​ទៅ​វិញ​ទៀត​ ដូច​គេ​រក្សា​ម្រឹត្យូវ​ (សេច​ក្ដី​ស្លាប់​) ព្រោះ​ហេតុ​នោះ ​បុគ្គល​មិន​គប្បី​គិត​ពី​ទ្រព្យ​ពេក​ទេ​។
១៨៦ ក្នុង​លោក​នេះ បើ​បុគ្គល​លះ​បង់​តណ្ហា​ចោល​ចេញ​​ បាន​នរ​ណា​ធ្វើ​ជា​អ្នក​ក្រី​ក្រ​ បាន​នរ​ណា​ធ្វើ​ជា​អ្នក​ធំ​មាន​ទ្រព្យ​? តែ​ថា​បើ​បុគ្គល​ប្រគល់​ខ្លួន អោយ​តណ្ហា​វិញ​នោះ​ ឈ្មោះ​ថា​បណ្ដោយ​អោយ​ទាស​ភាព​មក​ទំ​លើ​អំបែង​ក្បាល​ប្រាក​ដ​តែ​ម្ដង​។
១៨៧ (3)បើ​បុគ្គល​ប្រាថ្នា​របស់​អ្វី​ ក្នុង​កាល​ណា សេច​ក្ដី​ប្រាថ្នា​របស់​អ្នក​នោះ​តែង​ប្រព្រិត្ដ​រឿយ​ៗ ទៅ​ក្នុង​កាល​នោះ​បើ​បើ​សេច​ក្ដី​ប្រាថ្នា​ណា ​ធ្វើ​អោយ​បុគ្គល​ស្ងប់​ ទ្រព្យ​របស់​បុគ្គល​ដែល​រក​បាន​មក​នោះ​ឈ្មោះ​ថា ជា​ទ្រព្យ​ពិត​ប្រាកដ​។
ណ្ហើយ​សំលាញ់​! ខ្ញុំ​មិន​និយាយ​បូរ​បាច់​ ជជែក​វែក​អោយ​វែង​ពេក​ទេ​ក្នុង​រឿង​នេះ​ ត្រូវ​សំលាញ់​គិត​សំរេច​ថា​ នឹង ធ្វើ​សវនា​ការ​នៅ​រួម​គ្នា​ក្នុង​ទី​នេះ ដោយ​ដាច់​ខាត​ទៅ​ចុះ​ ព្រោះ​ថា​៖​
១៨៨​ ការ​ចង​មេ​ត្រី​រាប់​អាន​គ្នា​ជាប់​រហូត​ដល់​ថ្ងៃ​ស្លាប់​ជា​ទី​បំផុត​ សេច​ក្ដី​ក្រេវ​ក្រោធ​បាត់​បង់​ក្នុង​មួយ​ខណៈ​ និង​ការ​បរិច្ចាគ​ទាន​អិត​អាលាស់​អាល័យ​ នេះ​ជា​ធម៌​តែង​មាន​ក្នុង​សន្ដាន​ចិត្ដ​នៃ​បុគ្គល​មាន​មហា​ត្ម័ន​។ ក្អែក​លឃុបត​នកៈ​ បាន​ស្ដាប់​ពាក្យ​អភិ​ប្រាយ​អណ្ដើក​ហើយ​ នឹក​ស្ងើច​អស្ចារ្យ​ក្នុង​ចិត្ដ​ហើយ​ពោល​ពាក្យ​ថា ហៃ​​សំលាញ់​មន្ថរៈ​! បង​មាន​បុណ្ស​ខ្ពស់​ណាស់​! មាន​គុណ​សម្បត្ដិ​ គួ​រជន​ផង​ទាំង​ពួង​ពឹ​ង​ពាក់​ជ្រក​អាស្រ័យ​នៅ​ផង​បាន​ គ្រប់​​កាល​ទាំង​ពួង​ ព្រោះថា៖
១៨៩ លោក​សប្បុ​រស​ទាំង​ឡាយ​អាច​ជួយ​ស្រោច​ស្រង់​មិត្រ​ចិត្ដ​សប្បុរស​ អោយ​រួច​ពី​ក្ដី​វិនាស​អន្ដ​រាយ​អស់​កាល​ជា​និច្ច​ ដូច​ដំរី​ជួយ​ព្រយុង​ដំរី​ដែល​លង់​ផុង​ជាប់​ភក់​អោយ​រួច​ឡើង​បាន​។ (ហិ​តោប​ទេស​សេចក្ដី​ប្រែ​របស់​លោក​ឡង់​សឺរូ​ និង​ លោក​នាគ​ប្រទីប​ មាន​គា​ថា​លើស​ដូច្នេះ​ សាធុ​ជន​ពេញ​ចិត្ដ​ប្រព្រឹត្ដ​ល្អ​ តែ​ទុជន​មិន​គាប់​ចិត្ដ​ប្រ​ព្រឹត្ដ​ល្អ​ទេ​ ឃ្មុំ ​សុខ​ចិត្ដ​ហើរ​ចេញ​ទៅ​ ស្វែង​រក​ក្រេប​ផ្កា​ឈូក​ តែ​ជាតិ​កង្កែប​សូម្បី​នៅ​ជិត​ឈូក​ក៏​មិន​អើ​ពើ​។​)
១៩០ នរជន​ណា​មាន​នុស្ស​ត្រូវ​ការ​មក​សូម​ទាន​ រឺ សូម​ពឹង​ពាក់​ជ្រក​កោន​មិន​ខូច​បំណង​ មិន​អាម៉ាស់​មុខ​ ត្រលប់​ទៅ​វិញ​មិន​ក្ដៅ​ក្រហាយ​ នរ​ជន​នោះ​ជា​បុគ្គល​អុត្ដុង​អុត្ដម​មាន​លក្ខណ​ជា​មនុស្ស​មាន​បុណ្យ​ពិត​ៗ​។
តាម​ដំណើរ​និទាន​ដែល​ពណ៌​នា​មក​នេះ​ សត្វ​ទាំង​៣ នោះ​ក៏​យក​គ្នា​ធ្វើ​មិត្រ​សំលាញ់​ សិទ្ធ​ស្នាល​ស្ម័គ្រ​ស្មោះ​សរ​ ស្វែង​​គោចរ​រក​ចំណី​អាហារ​តាម​ទំនើង​ចិត្ដ​អាស្រ័យ​នៅ​នា​ព្រៃ​នោះ​ ជា​សុខ​និរ​ទុក្ខ​និរ​ភ័យ​ សប្បាយ​ក្សេម​ក្សាន្ដ​ទៅ​ហោង​
អំណេះ​​ត​​មក​​ថ្ងៃ​មួយ​ប្រើស​ចិត្រាង្គៈ ​កំពុង​ត្រអាល​ស៊ី​ស្មៅ​ខ្ចី​ដោយ​ក្ដី​ក្សេម​ក្សាន្ដ​ ស្រាប់​តែ​មាន​ហេតុ​មួយ​ធ្វើ​អោយ​ភ្ញាក់​ព្រើត ភ័យ​តក់​ស្លុត​ស្ទុះ​បោល​ផ្លោះ​រត់​ទៅ​រក​មិត្រ​សំលាញ់​អោយ​ជួយ​ មិត្រ​សំលាញ់​ទាំង​៣​ មើល​ទៅ​ឃើញ​ប្រើស​បោល​ដូច​ជា​បោះ​ពួយ​ស្លន់​ស្លោ​មក​ពី​ចំងាយ​ដូច្នោះ​បារម្ភ​ក្រែង​មាន​អន្ដរាយ​អ្វី​មក​យាយី​ក៏​រត់​រក​កន្លែង​ជ្រក​​ពួន​រៀង​ខ្លួន​។

អណ្ដើក​មន្ថរៈ​បោល​រខូសៗ​ចូល​ក្នុង​ទឹក​ កណ្ដុរ​ហិរណ្យកៈ​រត់​ចូល​រន្ធ​ អែ​ក្អែក​លឃុ​បត​នកៈ​ ក៏​ហើរ​ទៅ​ទំ​លើ​ដើម​ឈើ​ខ្ពស់​ក្រលេក​មៀង​មើល​ទៅ​ឆ្ងាយ​ជុំ​វិញ​ខ្លួន​ មិន​ឃើញ​មាន​ហេតុ​អ្វី​ជា​អន្ដរាយ​នាំ​អោយ​ភិត​ភ័យ​ ក៏​ស្រែក​បង្កូក​ហៅ​មិត្ដ​សំលាញ់​ទាំង​៣​អ្នក​អោយ​ទៅ​រួម​រ័ក្ស​សុខ​សប្បាយ​ជា​មួយ​គ្នា​តាម​ប្រ​ក្រតី​ដើម​។

អណ្ដើក​និយាយ​ទៅ​កាន់​ប្រើស​ថា​ នែ​សំលាញ់​ចិត្រាង្គៈ​! សូម​អោយ​សំលាញ់​មាន​សិរី​សួស្ដី​ជ័យ​មង្គល​ សូម​សំលាញ់​កំសាន្ដ​ចិត្ដ​ ផឹក​ទឹក​ថ្លា​ស្វែង​រក​ចំណី​អាហារ​តាម​បំណង​ អាស្រ័យ​នៅ​ក្នុង​ព្រៃ​នេះ​ជា​ទី​កន្លែង​រួម​ជា​មួយ​គ្នា​ត​ទៅ​ អែ​ប្រើស​ចិត្រាង្គៈ​និយាយ​ប្រាប់​ថា​ អំបាញ់​មិញ​នេះ​ ខ្ញុំ​ភិត​ភ័យ​ណាស់​ស្មាន​ថា​ជា​ព្រាន​ព្រៃ​ដើរ​បរ​បាញ់​ បាន​ជា​ខំ​បោល​ខ្មឹត​ រត់​មក​រក​លោក​ជា​មិត្រ​ជ្រក​កោន​ (ហិ​តោ​បទេស​សេច​ក្ដី​ប្រែ​របស់​លោក​ឡង់​សឺ​រូ​ និង​លោក​នាគ​ប្រទីប​ មាន​គា​ថា​លើស​ដូច្នេះ​ ការ​បដិសេធ​ចោល​បុគ្គល​ដែល​មក​សូម​ពឹង​ពាក់​ ដោយ​សេច​ក្ដី​លោភ​ រឺ​ដោយ​សេច​ក្ដី​ខ្លាច​ បណ្ឌិត​ ចុះ​មតិ​យ​ល់ឃើញ​ថា​ជា​បាប​ស្មើ​ដោយ​ការ​សំលាប់​ព្រាហ្មណ៍​)​។ កណ្ដុរ​និរណ្យ​កៈ​ពោល​ថា​យើង​ត្រូវ​យក​គ្នា​ជា​មិត្រ​ អាស្រ័យ​នៅ​ ទី​នេះ​ជា​មួយ​គ្នា​មិនបា​ច់​និយាយ​អង្វរ​ករ​ច្រើន​ពេក​ទេ ព្រោះ​ថា​៖

១៩១ កូន​​ដែល​​កើត​ចេញ​ពី​ទ្រូង​ អ្នក​ដែល​ធ្លាប់​ចង​ស្ពាន​មេត្រី​ជា​មួយ​គ្នា​១ អ្នក​ដែល​ជាប់​ខ្សែ​ស្រលាយ​ត្រូវ​ជា​វង្ស​​ត្រកូល​១ និង​អ្នក​ដែល​រក្សា​ការ​ពារ​ អោយ​ផុត​ពី​សេចក្ដី​អន្ដ​រាយ​១​ ទាំង​៤​ប្រការ​នេះ​ បុគ្គល​គប្បី​ដឹង​ថា​ជា​វិធី​​ត្រូវ​ចង​ ជា​មិត្រ​។

សំលាញ់​ ចូរ​អ្នក​នៅ​ក្នុង​ទី​នេះ​កុំ​រង្គៀស​សង្ស័យ​អ្វី អោយ​ដូច​ជា​នៅ​ផ្ទះ​ខ្លួន​អែង​ដូច្នោះ​ (ហិតោ​បទេស​សេច​ក្ដី​ប្រែ របស់​លោក​ឡង់​សឺ​រូ​ និង លោក​នាគ​ប្រ​ទីប​ មាន​គាថា​លើស​ដូច្នេះ​ ទឹក​អណ្ដូង​ ម្លប់​ដើម​ជ្រៃ ស្រ្ដីស្បាមា​ (ស្រ្ដី​មាន​រូប​ល្អ​វិសេស​) ផ្ទះ​ធ្វើ​ដោយ​អិដ្ឋ​ ទាំង​អស់​នេះ​ក្នុង​រដូវ​រងា​ កក់​ក្ដៅ​ត្រជាក់​សប្បាយ​)​។ អែ​ប្រើស​ចិត្រាង្គ​ បាន​ស្ដាប់​ពាក្យ​ កណ្ដុរ​ព្រម​យក​ជា​មិត្រ​រួម​ សុខ​រួម​ទុក្ខ​ដូច្នោះ​ហើយ​ ក៏​សប្បាយ​រីក​រាយ​ណាស់​ស្វែង​រក​ស្មៅ​ជា​អាហារ​តាម​ទំនើង​ចិត្ដ​ ផឹក​ទឹក​ថ្លា​អាស្រ័យ​ដំណេក​នៅ​នា​អស់​​ដើម​ឈើ​ជិត​មាត់​ត្រពាំង​នោះ​អែង​។ កាល​នោះ​អណ្ដើក​មន្ថរៈ​ សួរ​​ឡើង​ថា​ នែ​ប្រើស​សំលាញ់​! នៅ​ក្នុង​ព្រៃ​និរ​ជន​បែប​នេះ​ បង​ខ្លាច​អ្វី​? ដែល​មាន​ព្រាន​ព្រៃ​ត្រាច់​ចរ​ទៅ​មក​ម្ដងៗ​ដែរ​។ ប្រើស ឆ្លើយ​តប​ទៅ​វិញ​ថា​ នៅ​ក្នុង​ដែន​កលិង្គៈ​មាន​ព្រះ​រាជា​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ រក្មាង្គ​ទ​ ស្ដេច​ទ្រង់​កេណ្ឌ​រេហ៍​ពល​ សកល​យោធា​ទៅ​គំរាម​ប្រទេស​ជិត​ខាង​ ពេល​នេះ​ ទ្រង់​បោះ​ទ័ព​តាំង​បន្ទាយ​នៅ​នា​ត្រើយ​ស្ទឹង​ចន្រ្ទកា​គា​ (ឈ្មោះ​ស្ទឹង​មួយ​ដែល​មាន​ប្រភព​នៅ​ភ្នំ​ចន្រ្ទ​ភាគ​ សព្វ​ថ្ងៃ​ហៅ​ ចេ​ណាប​ ជា​ស្ទឹង​មួយ​ក្នុង​ស្ទឹង​ទាំង​៥​ដែល​ហូរ​ប្រសព្វ​គ្នា​ នៅ​ប្រទេស​បញ្ចាប (បញ្ច​+​អាប​=​ស្ទឹង​ប្រាំ)​ រួម​ទៅ​ជា​ទន្លេ​សីន្ធុ​ (តណ្ឌុំស​) អិណ្ឌា​។​) ខ្ញុំ​បាន​លឺ​ដំណឹង​ខ្ចរ​ខ្ចាយ​តា​មពាក្យ​ព្រាន​ព្រៃ​ថា​ ស្ដេច​នឹង​ត្រាច់​ចរ​បរ​បាញ់​ម្រឹគ​បក្សី​មក​ដល់​ជិត​នា​ឋាន​ស្រះ​កបុរិ​ ក្នុង​វេលា​ព្រឹក​ព្រាង​ស្វាង​ឡើង​ស្អែក​នេះ​ បើ​យើង​ទាំង​អស់​គ្នា​នៅ​ក្នុង​ទី​នេះ​រហូត​ដល់​ព្រឹក​ឡើង​ខ្ញុំ ​នឹង ​ឃើញ​ថា នឹង​មាន​ហេតុ​នាំ​អោយ​ភ័យ​មិន​ខាន​ គួរ យើង​រៀប​ចំ​រក​ទី​កន្លែង​ទី​ពឹង​តាម​ការណ៍​ដែល​នឹង​រក​បាន​ អែ​អណ្ដើក​មន្ថរៈ​បាន​លឺ​ហេតុ​ប្រកប​ដោយ​ភ័យ​នោះ​ ហើយ ​តក់​ស្លុត​រន្ធត់​ចិត្ដ​ពោល​ឡើង​ថា​ ខ្ញុំ​មុខ​ជា​ នឹង ទៅ​រក​ត្រពាំង​អែទៀត​ជ្រក​ពួន​ហើយ​ បើ​តែ​យ៉ាង​នេះ​។ ក្អែក​លឃុ បតន​កៈ និង ប្រើស​ចិត្រាង្គៈ​ ក៏​ពោល​ដោ​យ​យល់​ឃើញ​ល្អ​ថា​ ធ្វើ​យ៉ាង​នេះ​ត្រូវ​ហើយ​សំលាញ់​។ អែ​ក្នុង​កាល​នោះ​ក ណ្ដុរ​ហិរណ្យក​ គិត​សព្វ​គ្រប់​ជុំ​វិញ​ហើយ​ក៏​អស់​សំណើច​សើច​ឃឹក​ៗ​ ទើប​និយាយ​ថា បង​អណ្ដើក​មន្ថរៈ​នេះ​វា​គើម​ៗ​ ទៅ​ដល់​ត្រពាំង​អែ​ទៀត​ ហើយ​ចូល​ក្នុង ទឹក​ភ្លាម​ពួន​បាត់​ទៅ​នោះ​ជា​កុសល​ហើយ​ ចុះ​យើង​គ្រប់​គ្នា​ ជា​សត្រូវ​នៅ​តែ​ លើ​គោក​បាន​អ្វី​ការ​ពារ​ហ្ន៎​! ព្រោះ​ថា​

១៩២ ទឹក​ជា​កំពែង​ការ​ពារ​វីរ​ជាតិ​​ទាំ​ងឡាយ​ ប៉ម​ជា​កំពែង​ការ​ពារ​អ្នក​​នៅ​ក្នុង​ប៉ម​ ទួល​ជា​កំពែង​ការ​ពារ​សត្វ​​ទាំង​ឡាយ​មាន​ឆ្កែ​ជា​ដើម​ សែន្យា​នុ​ភាព​នៃ​ព្រះ​រាជា​ជា​កំពែង​ការ​ពារ​អរន្ទ​រាជ​។ ហៃ​សំលាញ់​លឃុ​បតន​កៈ​! បង​ត្រូវ​ធ្វើ​តាម​ក្បួន​តំរា​អុប​ទេស​នេះ​ចុះ​ព្រោះ​ថា​៖​
១៩៣ បុត្រ​ពាណិជ​បាន​ឃើញ​ព្រះ​រាជា​ចាប់​ដោះ​ក្បំ​ក្រពុំ​ដូច​ផ្លែ​ទន្លាប់​ផ្ទប់​អោប​នៃ​ភរិយា​ខ្លួន​ ប្រចក្ស​ដោយ​ភ្នែក​អែង​ក៏​ទោ​មនស្ស​តូច​ចិត្ដ​អិត​អុបមា​ អែ​ខ្លួន​បង​ទាំង​ឡាយ​ក៏​ត្រូវ​បាន​សេក្ដី​ក្ដៅ​ក្រហាយ​ដូច្នោះ​ដែរ​។ សត្វ​ទាំង​ឡាយ​សួរ​រឿង​នោះ​ថា តើ​រឿង​រ៉ាវ​នោះ​ដូច​ម្ដេច​? កណ្ដុរ​ហិរណ្យកៈ​ចាប់​ផ្ដើម​រៀប​រាប់​រឿង​រ៉ាវ​ នោះ​ដូច​ត​ទៅ​នេះ​៖

(1)ធាតុ​៥ ប្រការ​ បឋវី​ អបោ​ តេ​ជោ​ វា​យោ និង​អាកា​សោ​។ ធាតុ​នេះ​ផ្សំ​អោយ​កើត​រូប​មនុស្ស​សត្វ​ កាល​បើដ​ល់​ពេល​ដែល​ ហៅ​ថា​ស្លាប់​ ធាតុ​ទាំង​ ៥​ប្រការ​នេះ​ក៏​ត្រលប់​ទៅ​ធាតុ​ដើម​វិញ​ ហៅ​ថា​ បញ្ច​ភូមិ​ រឺ បញ្ច​ភាព​ លោក​ថា​សេច​ក្ដីស្លាប់​។
(2)អាកាស​ដែល​ព័ទ្ធ​ ជុំ​វិញ​លោក​នេះ​ជា​អត្ថា​នុ​រូប​។ បើ​អត្ថ​ប្ប​ដិ​រូប​វិញ​ គឺ ដំណើរ​ការណ៍​ផ្សេង​ៗ ដែល​ប្រ​ព្រឹត្ដ​ទៅ​ គេ​និយាយ​ថា​បរិយាកាស​ល្អ​ ច​រិយា​កាស​មិន​ល្អ​។
(3)ហិ​តោប​ទេស​សេច​ក្ដី​ប្រែ​ជា​ភាសា​បារាំង​របស់​លោក​ឡង់​សឺ​រ៊ូមាន​គាថា​ តប​ធម៌​ និង​ សីល​ធម៌​ដូច្នេះ​ ការ​ធ្លាក់​ទៅ​​ទាប​ និង ឡើង​ទៅ​ខ្ពស់ ការ​ជួប​ជុំ​ និង​ការ​ព្រាត់​ប្រាស់​ ទាំង​អស់​នេះ​សត្វ​លោក​លះ​បង់​មិន​បាន​ដោយ​ពិត​ ជីវិត​នេះ​មាន​តែ​សេច​ក្ដី​ស្លាប់​ជា​ទី​បំផុត​។​