ថ្ងៃសៅរ៍ ទី8.កក្កដា 2017.ម៉ោង 7:01
កថាទី៤ រឿងកណ្ដុរហិរណ្យកៈ

នៅ​ក្នុង​នគរ​ចម្បកៈ​ មាន​ពួក​បរិពា្វ​ជក​អាស្រ័យ​នៅ​ច្រើន​។ បណ្ដា​បរិពា្វ​ជក​ទាំង​ឡាយ​នោះ​ មាន​បរិពា្វ​ជក​ម្នាក់​ឈ្មោះ​ចូដា​កណ៌ៈ ​តាំង​ទី​ថាន​អាស្រ័យ​នៅ​ក្នុង​ទី​មួយ​។ គាត់​បាន​តែង​ដាក់​ភោជ​នា​ហារ​សេស​សល់​អំពី​កិរិ​យា​បរិ​ភោគ​ក្នុង​បាត​មួយ​ ហើយ​យក​ទៅ​ព្យួរ​ទុក​អៃ​ដ៏​ដៃ​កែវ​ជា​ប្រក្រ​តី​ រួច​សំងំ​ដេក​លក់​ទៅ​។​ ខ្ញុំ (ហិ​រណ្យ​កៈ)​ លោត​ទៅ​លួច​យក​អាហារ​ ភោ​ជន​នោះ​មក​បរិ​គោគ​ជា​និច្ច​រាល់​ៗ​ថ្ងៃ​។ ពេល​មួយ​នោះ​! បរិពា្វ​ជក​ម្នាក់​ទៀត​ឈ្មោះ​វិណា​កណ៌ៈ​ ជា​មិត្រ​សំលាញ់​ ​ធ្លាប់​រាប់​អាន​គ្នា ចូល​មក​រក​ជួប​បរិពា្វ​ជក​ចុដា​កណ៌ៈ​នោះ​។ បរិពា្វ​ជក​ទាំង​ពីរ​និយាយ​ជជែក​គ្នា​លេង​កំសាន្ដ​សប្បាយ​ ដោយ​រឿង​ផ្សេង​ៗ​ កំពុង​តែ​និយាយ​បរិពា្វ​ជក​ចូដា​កណ៌ៈ​ យក​បន្ទះ​រិស្សី​កំបាក់​គោះ​ដី​ប៉ូក​ៗ​ ធ្វើ​យ៉ាង​នេះ​ញឹក​ញយ​ណាស់​ ដើម្បី​បំភ័យ​បន្លាច​ខ្ញុំ​អោយ​បោល​រត់​ទៅ​។​ អែ​បរិពា្វ​ជក​វិណា​កណ៌ៈ​កាល​ឃើញ​អាការ​កិរិយា​សំលាញ់​ខ្លួន​នៅ​មិន​ស្ងៀម​ក៏​សួរ​ទៅ​ថា៖​ «សំលាញ់​! សំលាញ់​មាន​រឿង​អ្វី​? បាន​ជា​មិន​គាំ​ពា​ស្ដាប់​ពាក្យ​ខ្ញុំ​និយាយ​សោះ​!​ ដូច​ជា​មាន​រឿង​ កង្វល់​ខ្វល់​អ្វី​ដទៃ​ប្លែក​នាំ​មិន​អោយ​សុខ​ស្រួល​!»​។ បរិពា្វ​ជក​ចូដា​កណ៌ៈ​ឆ្លើយ​តប​ថា នែ​សំលាញ់​! ខ្ញុំ​មិន​មែន​ព្រងើយ​​កន្តើយ​ទេ​ ប៉ុន្ដែ​សំលាញ់​មិន​មើល​ អា​សត្វក​ណ្ដុរ​ចង្រៃ​នេះ​វា​ចេះ​តែ​មក​រំខាន​ខ្ញុំ​ វា​ល​ប​លោត​មក​លួច​យក​ភោជនា​ហារ​ ដែល​នៅ​ក្នុង​បាត​នេះ​ យក​ទៅ​ស៊ី​រាល់​វេលា​។ បរិពា្វ​ជក​វិណា​កណ៌ៈ​ដើរ​ទៅ​លប​មើល​ដៃ​កែវ​ នោះ​ហើយ​ងឿង​ឆ្ងល់​ខ្វល់​ក្នុង​ចិត្ដ​ក៏​សូរ​ថា៖ «ម៉េច​ក៏​អាសត្វ​កណ្ដុ​រ​នេះ​ វា​លោត​ទៅ​តោង​បាត​នៅ​ឆ្ងាយ​បាន​ បើ​ខ្លួន​វា​តូច​ កំលាំង​តិច​ដូច្នេះ​ហ្ន៎​? ព្រោះ​ថា​៖

១០៩ ប្រពន្ធ​ក្រមុំ​ស្រាប់​តែ​ធ្វើ​មារ​យា​ទាញ​សក់​ប្ដី​ចាស់​ជរា​ជ​ប់​ថើប​ហើយ​ចាប់​អោប​ញក់​ញី​អិត​ប្រណី​ ខុស​ទំនង​នុ៎ះ​ មុខ​ជា​មាន​ហេតុ​អ្វី​ឆ្គង​មិន​ខាន​។ បរិពា្វ​ជក​ចូដា​កណ៌ៈ​សួរ​រឿង​នោះ​ថា៖​ «តើ​រឿង​នោះ​ដូច​ម្ដេច​?​»​។ បរិពា្វ​ជក​វិណាក​​ណ៌ៈ​ពណ៌​នា​រឿង​នោះ​ដូច្នេះ​ថា៖​

កថាទី៥
រឿងពាណិជ្ជចាស់ជរា និងភរិយាក្រមុំ

នៅ​ប្រទេស​គៅ​ឌី​ (1) មាន​ក្រុង​មួយ​ឈ្មោះ​កោសម្ពី​។ មាន​ពាណិជ​ម្នាក់​ឈ្មោះ​ចន្ទទាសៈ​ ជា​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​ អាស្រ័យ​នៅ​ក្នុង​ក្រុង​នោះ​។ លុះ​ដល់​បច្ឆឹម​វ័យ​ចាស់​ជរា​ហើយ​ ពាណិជ​នោះ​ទៅ​ដណ្ដឹង​ស្រ្ដី​ក្រមុំ​ម្នាក់​ឈ្មោះ​នាង​លី​លវតី ជា​ធីតា​សេដ្ឋី​ម្នាក់​យក​មក​ធ្វើ​ជា​ភរិយា​ព្រោះ​សេច​ក្ដី​ស្រវឹង​ឈ្លក់​ក្នុង​កាម​រាគ​ និង​ឡើង​ចាង​ព្រោះ​អាង​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​។ អែ​នាង​ភរិយា​នោះ​ នៅ​ក្មេង​កំពុង​ពេញ​ពាល​ក្រមុំ​ខ្ចី​ល្ហក់​ជា​ស្រី​បញ្ច​ពិធ​កល្យា​ណី​ គួរ​ជា​ទី​ប្រិម​ប្រីយ​នៃ​ជន​ទាំ​ឡាយ​ ប្រៀប​ដូច​ជា​ទង់​សុវណ្ណ​ជ្វា​លា​ដ៏​មាន​ជ័យ​នៃ​កាម​ទេព​។(2)

អែ​តា​ពាណិជ្ជ​ជា​ប្ដី​ចាស់​ជរា​មិន​អាច​ញ៉ាំង​ភរិយា​ក្មេង​នោះ​អោយ​រីក​រាយ​ស្កប់​ស្កល់​ដោយ​កាម​បាន​ឡើយ​ព្រោះ​ថា​៖
១១០ ពន្លឺ​ត្រជាក់​នៃ​ព្រះ​ចន្ទ​ មិន​ជា​ទី​ពេញ​ចិត្ដ​នៃ​មនុស្ស​រងារ​ ពន្លឺ​ក្ដៅ​នៃ​ព្រះ​អាទិត្យ​ មិន​ជា​ទី​ពេញ​ចិត្ដ​នៃ​មនុស្ស​ក្ដៅ​ក្រហល់​ក្រហាយ​ ប្ដី​ចាស់​ជរា​គ្រាំ​គ្រា​តត្រេត​តត្រត​ ក៏​មិន​ជា​ទី​ពេញ​ចិត្ដ​នៃ​ភរិយា​ក្មេង​ដែរ​។
១១១ បើ​ប្ដី​ចាស់​មើល​ទៅ​ឃើញ​សក់​ស្កូវ​ស​ព្រោង​ហើយ​ អោយ​ភរិយា​ក្មេង​ប្រាថ្នា​កាម​រាគ​ដូច​ម្ដេច​កើត​? ភរិយា​ណា​មាន​ចិត្ដ​ប្រគល់​អោយ​ទៅ​ប្រុស​ដទៃ​ទៀត​ហើយ​ ភរិយា​នោះ​ទុក​ប្ដី​ដូច​ជា​ថ្នាំ​កែ​រោគ​។ អែ​តាចាស់​ជា​ប្ដី​មាន​ក្ដី​ប្រតិ​ព័ទ្ធ​ស្នេហា​ ចំពោះ​ភរិយា​ខ្លាំង​ណាស់​ នឹង​ពណ៌​នា​ដូច​ម្ដេច​ក៏​ពុំ​បាន​ឡើយ​ ព្រោះ​ថា៖​

១២១ តាបសឧសនា (4)) និង ព្រះ​ព្រឹហស្បតី​ លោក​ចេះ​ដឹង​កល​មាយា​​សាស្រ្ដ​អែ​ណា កល​មាយា​សាស្រ្ដ​នោះ ​ប្រតិស្ឋាន​ស្រេច​ហើយ​ក្នុង​ប្រាជ្ញា​នៃ​ស្រ្ដី​ភាព​ តាម​សភាព​តាំង​តែ​ពី​កំណើត​មក​ស្រាប់​។ ក្សិណ​នោះ​ មាន​ស្រ្ដី​ផ្កា​មាស​ម្នាក់​ឈរ​ក្នុង​ទី​ជិត​នោះ​ បាន​ឃើញ​អាការ​កល​មាយា​នាង​លីល​វតី​ដូច្នោះ​ ក៍​នឹក​ឆ្ងល់​ខ្វល់​ក្នុង​ចិត្ដ​អិត​អុបមា​ មិន​ចេញ​វាចា​និយាយ​ថា​អ្វី​សោះ​ ចេះ​តែ​គិត​មៃ​​ក្នុង​ចិត្ដ​ថា​៖​ «មាន​បើ​ហើយ​! បើ​មិន​មាន​រឿង​អ្វី​ប្លែក​ នាង​​នេះ​មុខ​ជា​មិន​ចេញ​ស្នៀត​ ចាប់​អោប​ជប់​ថើប​ប្ដី​ចាស់​ដូច្នេះ​ទេ​»​។ ត​មក​មិន​យូរ​ប៉ុន្មាន​ស្រ្ដី​ផ្កា​មាស​ដឹង​រឿង​​រ៉ាវ​នោះ​​អស់​ជើង​ ក៏​ត្រូវ​នាង​លីល​វ​តី​សូក​ប៉ាន់​មាស​ប្រាក់​យ៉ាង​ច្រើន​ជា​តំលៃ​ជួយ​លាក់​បំ​បិទ​បំបាំង​រឿង​អាម៉ាស​មុខ​ខ្លួន​ត​ទៅ​។ ព្រោះ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​ (បរិពា្វ​ជក កវិណា​កណ៌ៈ) ពោល​គាថា​មាន​ជា​អាទិ​ថា «ប្រពន្ធ​ក្រមុំ ស្រាប់​តែ​ទាញ​សក់​ប្ដី​ជរា» ដូច្នេះ​ជា​ដើម​(១០៩)។

បរិពា្វ​ជក​វិណា​កណ៌ៈ​ត្រិះរិះ​គិត​ថា៖ «ប្រហែល​ជា​មាន​ហេតុ​អ្វី​មួយ​សំខាន់​នៅ​ក្នុង​ទី​នោះ​ បាន​ជា​កណ្ដុរ​នេះ​មាន​កំលាំ​ង​ខ្លាំង​ម្លេះ​?​» ពិចា​រណា​មួយ​ស្របក់​ទើប​ពោល​ថា «គង់​មាន​ទ្រព្យ​ច្រើន​ជា​ប្រភព​នៃ​រឿង​នេះ​មិន​ខាន ព្រោះថា​
១២២ សព្វ​កិច្ច​ការ​ គ្រប់​ទី​ថាន​ គ្រប់​កាល​វេលា​ ក្នុង​លោក​នេះ បុគ្គល​មាន​ទ្រព្យ​ច្រើន​ ឈ្មោះ​ថា​មាន​កំលាំង​ សេច​ក្ដី​ពិត​ព្រះ​រាជា​មាន​ភាព​ជា​មហា​អំណាច​ ព្រោះ​មាន​ទ្រព្យ​ជា​មូល​ហេតុ​»​។

លំ​ដាប់​នោះ បរិពា្វ​ជក​វិណា​កណ៌ៈ យក​ជំនីក​ទៅ​ជីក​ព្រង់​ដែល​ខ្ញុំ​ (ហិរណ្យកៈ) អា​ស្រ័យ​នៅ​ ដណ្ដើម​យក​ទ្រព្យ​សម្បត្ដិ​ខ្ញុំ​ ដែល​ខំ​សន្សំ​ទុក​មក​យូរ​ហើយ​អស់​រលីង​ធេង​។ តាំង​ពី​ពេល​នោះ​មក​ខ្ញុំ​ទៅ​ជា​ខ្សត់​ទ្រព្យ​អស់​រិទ្ធ​អំណាច​ ខ្សោយ​ ព្យា​យាម​ មិន​អាច​ស្វះ​ស្វែង​រក​ចំណី​អាហារ​ចិញ្ចឹម​ជីវិត​បាន​ឡើយ​ ចេះ​តែ​ដើរ​ក្រវេច​ក្រវៀន​ទៅ​មក​សន្សឹម​ៗ​តិច​ៗ ដោយ​ក្ដី​ភិត​ភ័យ អែ​បរិពា្វ​ជក​លុះ​ឃើញ​ខ្ញុំ​ធ្លាក់​ក្នុង​ថានៈ​ដូច្នេះ​ហើយ​ ក៏​ពោល​ថា​៖

១២៣ ក្នុង​លោក​នេះ​បុគ្គល​មាន​ទ្រព្យ​ ឈ្មោះ​ថា​មាន​កំលាំង​ ឈ្មោះ​ថា​បណ្ឌិត​ អ្នក​ចូរ​មើល​! អា​សត្វ​កណ្ដុរ​ចង្រៃ​នេះ​វា​ធ្លាក់​ខ្លួន​ទៅ​តាម​សភាព​ដើម​វា​វិញ​ហើយ​។​
១២៤ បុគ្គល​មាន​ការ​ចេះ​ដឹង​តិច​ កាល​បើ​ហិន​ហោច​រលំ​រលាយ​ទ្រព្យ​ អស់​ហើយ​កិច្ច​ការ​ទាំង​ឡាយ​អែ​ទៀត​ក៏​ឈ្មោះ​ថា វិនាស​អន្ដរ​ធាន​ទៅ​ដែរ​ ដូច​ជា​ស្ទឹង​មាន​ទឹក​តិច​ដល់​គិម្ហ​រដូវ​ក៏​រីង​ស្ងួត​ហែង​អស់​រលីង​។
១២៥ អ្នក​មាន​ទ្រព្យ​ឈ្មោះ​ថា​មាន​មិត្រ​ អ្នក​មាន​ទ្រព្យ​ឈ្មោះថា​មា​ន​ផៅ​ព​ង្ស​ អ្នក​មាន​ទ្រព្យ​ឈ្មោះ​ថា​ជា​បុរស​អ្នក​មាន​​ទ្រព្យ​ឈ្មោះ​ថា​ជា​បណ្ណិត។
១២៦ ផ្ទះអ្នកមិនមានកូន ជាផ្ទះសោះសូន្យ នរជនមិនមានមិត្រចិត្ដល្អ ជាបុគ្គលសោះសូន្យ ទិសមនុស្សល្ងង់​ខ្លៅ ក៏​ជា​ទិស​សោះ​សូន្យ អែ​ភាព​មនុស្ស​ក្រី​ក្រ ឈ្មោះ​ថា​ជា​ភាព​សោះ​សូន្យ​ជា​ងអ្វី​ទាំង​អស់​។
១២៧ (5)បើ​អិន្រ្ទី​ទាំង​ឡាយ​មិន​វិកល​ហើយ​ កេរ្ដិ៍​ឈ្មោះ​ក៏​នៅ​ដដែល​ បើ​ប្រាជ្ញា​មិន​វិបត្ដ​ចរិត​ហើយ​ វាចា​ក៏​គង់​នៅ​ដដែល​មិន​ប្លែក​ បើ​បុរស​ប្រាស​ចាក កម្លាំង​ទ្រព្យ​សម្បត្ដិ​អស់​រលីង​ហើយ អ្វី​ដទៃ​ទៀត​ដែល​មិន​ឈ្មោះ​ថា​រលំ​រលាយ​ នៅ​ក្នុង​មួយ​ខណៈ​នោះ​ដែរ​រឺ​​? អោ​ធម្ម​ជាតិ​អស់​នេះ​គួរ​អោយ​សើច​ អស្ចារ្យ​ណាស់​ហ្ន៎​!​។​ លុះ​ខ្ញុំ​(ហិរណ្យ​ក:) បាន​ស្ដាប់​ពាក្យ​នេះ​រួច​ស្រេច​ហើយ​ ក៏​រំពឹង​គិត​ថា «អីលូវ​នេះ​ អាត្មា​អញ​មិន​គួរ​នឹង​អាស្រ័យ​នៅ​ក្នុង​ទី​នេះ​ត​ទៅ​ទៀត​ទេ​ រឺ​នឹង​និយាយ​រឿង​នេះ​អោយ​គេ​អែង​ដឹង​លឺ​ទៀត​ក៏​ពុំ​គួរ​ដែរ​ ព្រោះ​ថា៖​
១២៨ អ្នក​មាន​ប្រាជ្ញា​មិន​គួរ​គប្បី​ប្រកាស​ ការ​វិនាស​ទ្រព្យ​សម្បត្ដិ​ ការ​ក្ដៅ​ក្រហាយ​ចិត្ដ​ ទុច្ច​រិត​អុប​ទ្រព​ចង្រៃ​ក្នុង​ផ្ទះ​ការ​ត្រូវ​គេ​ប្រវ័ពា្ចន៍​ និង​ការ​គេ​មើល​ងាយ​ អោយ​គេ​ដឹង​លឺ​ឡើយ​។​
១២៩ អាយុ​ជីវិត​ ទ្រព្យ​សម្បត្ដិ​ ទោស​ជា​ចន្លោះ​ក្នុង​ផ្ទះ​ មន្រ្ដី​ (រឿង​សំងាត់)​ មេថុន​ ភេសជ្ជៈ​ (ថ្នាំ​កែ​រោគ)​ តប​ធម៌​ការ​អោយ​ទាន​ និង​ការ​គេ​មើល​ងាយ​ លក្ខណៈ​៩ ប្រការ​នេះ​បុគ្គល​គប្បី​គ្រប់​គ្រង​រក្សា​ទុក​ដោយ​ប្រយ័ត្ន​ប្រយែង​មែន​ទែន​។
១៣០ អ្នក​មាន​ប្រាជ្ញា​ តែ​ខ្សត់​ទ្រព្យ​ បើ​ព្រេង​វាសនា​មិន​ជួយ​ព្យា​យាម​ របស់​បុរស​ក៏​អិត​ប្រយោជន៏​ តើ​នឹង​ស្វែង​រក​សេ​ច​ក្ដី​សុខ​ដទៃ​អែ​ណា​ក្រៅ​ពី​ការ​ចូល​ទៅ​ក្នុង​ព្រៃ​?​។
១៣១ អ្នក​មាន​ប្រាជ្ញា​បើ​​ទុក​​​ជា​ត្រូវ​ស្លាប់​មិន​ប្រ​កែក​ តែ​មិន​ព្រម​អោយ​ធ្លាក់​ខ្លួន​ទៅ​ជា​ក្រី​ក្រ​ទេ​! ដូច​ជា​ភ្លើង​សូម្បី​រលត់​ហើយ​ក៏​មិន​ព្រម​ត្រជាក់​។
១៣២ អ្នក​មាន​ប្រាជ្ញា​ និង​ផ្កា​ភួង​មាន​សភាព​ដូច​គ្នា​ ស្ថិត​នៅ​ក្នុង​គតិ​តែ​ ២​យ៉ាង​គឺៈ​ ១ ទៅ​​ទំ​លើ​ក្បាល​នៃ​នរជន​ទាំង​ពួង​ ២ ស្រពោន​ស្វិត​ក្រៀម​ក្រញង់​ស្លាប់​ក្នុង​ព្រៃ​។ អោ​! កិរិ​យារស់​នៅ​ដោយ​ការ​ដើរ​សូម​ទាន​គេ​ចិញ្ចឹម​ជីវិត​នេះ​ មុខ​គួរ​អោយ​អាម៉ាស់​មុខ​ណាស់​ហ្ន៎ ព្រោះ​ថា៖​
១៣៣ នរជន​ធ្លាក់​ខ្លួន​ទៅ​ជា​ក្រី​ក្រ​ លោត​ទំលាក់​ខ្លួន​ក្នុង​គំនរ​ភ្លើង​អោយ​ស្លាប់​បាត់​បង់​ជីវិត​ស្រលះ​ទៅ​ប្រសើរ​ជាង​ការ​ដើរ​ទៅ​អើត​ងើប​សូម​ទាន​គេ​ ដែល​គេ​​អិត​គួរ​សម​ កំណាញ់​មិន​ចង់​អោយ​ទាន​ មិន​ប្រ​សើរ​ឡើយ​។
១៣៤ សេច​ក្ដី​ក្រី​ក្រ​ នាំ​អោយ​កើត​សេច​ក្ដី​អៀន​ខ្មាស​ សេច​ក្ដី​អៀន​ខ្មាស​នាំ​អោយ​បាត់​សេច​ក្ដី​ក្លា​ហាន​ ការ​បាត់​សេច​ក្ដី​ក្លា​ហាន​ នាំ​អោយ​បុគ្គល​ដ៏ទៃ​មើល​ងាយ​ ការ​គេ​មើល​ងាយ​ នាំ​អោយ​កើត​ក្ដី​ស្អប់​ខ្ពើម​ ក្ដី​ស្អប់​ខ្ពើម​ នាំ​អោយ​កើត​សេច​ក្ដី​ទុក្ខ​សោក​ សេច​ក្ដី​ទុក្ខ​សោក​នាំ​អោយ​អាប់​ប្រាជ្ញា​ ការ​អាប់​ប្រាជ្ញា​ នាំ​អោយ​ដល់​ក្ដី​ក្ស័យ​អន្ដរ​ធាន​អ្វី​ទាំ​ងអស់​ អោ​!​ អនិច្ចា​ក្ដី​ក្រី​ក្រ​អើយ​ អ្នក​ជា​ប្រធាន​នៃ​សេច​ក្ដី​វិនាស​គ្រប់​ប្រការ​។
១៣៥ ការ​នៅ​ស្ងៀម​ប្រសើរ​ ការ​ពោល​ពាក្យ​កុហក​មិន​ប្រសើរ​ឡើយ​ ការ​តាំង​ខ្លួន​ជា​បុរស​ខ្សោយ​អំណាច​ប្រសើរ​ការ​លួច​ភរិយា​អ្នក​ដទៃ​មិន​ប្រសើរ​ឡើយ​ ការ​លះបង់​ជីវិត​ប្រសើរ​ ការ​ពេញ​ចិត្ដ​ស្ដាប់​ពាក្យ​ញុះ​ញង់​ស៊ក​សៀត​មិន​ប្រសើរ​ឡើយ​ ការ​តាំង​ខ្លួន​ជា​យាចក​ប្រសើរ​ សេចក្ដី​សុខ​ ដែល​កើត​ពី​ការ​ចិញ្ចឹម​ជីវិត​ដោយ​សារ​ទ្រព្យ​ជន​ដទៃ​មិន​ប្រសើរ​ឡើយ​។
១៣៦ ការ​នៅ​ក្នុង​ខ្ទម​សោះ​សូន្យ​ប្រសើរ​ ការ​នៅ​ក្នុង​ផ្ទះ​អិស្សរ​ជន​កាច​កំរោល​មិន​ប្រសើរ​ឡើយ​ ការ​យក​ស្រ្ដី​ផ្កា​មាស​ជា​ភរិយា​ប្រសើរ​ ការ​យក​ស្រ្ដី​មាន​ត្រកូល​ដែល​ប្រព្រឹត្ដ​កន្លង​ប្រពៃណី ​(6)មិន​​ប្រសើរ​​ឡើ​យ​​ ការ​​នៅ​​ក្នុង​ព្រៃប្រសើរ​ ការ​នៅ​ក្នុង​បុរី​ដែល​មាន​សេច​ក្ដី​អយុត្ដិ​ធម៌​មិន​ប្រសើរ​ឡើយ​។
១៣៧ ការ​នៅ​ជា​ទាសៈ​គេ​តែ​ទំលាយ​បង់​នូវ​មានៈ​ទាំង​អស់​ ការ​ចាស់​ជរា​តែង​ទំលាយ​បង់​នូវ​រូប​សោភា​ ការ​និយាយ​រឿង​ព្រះ​នរាយណ៍ និង ព្រះ​អីសូរ​ តែង​ទំលាយ​បង់​នូវ​បាប​កម្ម(7) អែ​ការ​ធ្វើ​ជា​យាចក​ ឈ្មោះ​ថា​ទំលាយ​បង់​នូវ​គុណ​រាប់​រយ​ ទាំង​អស់​នេះ​លោក​ប្រៀប​ថា​ដូច​ជា​ង​ងិត​ទំលាយ​បង់​នូវ​ពន្លឺ​ លុះ​ត្រិះ​រិះ​មើល​ឃើញ​សព្វ​ដូច្នេះ​ហើយ​ ខ្ញុំ​គិត​ថាៈ​ អាត្មា​អញ​ចិញ្ចឹម​ជីវិត​ ដោយ​អាហារ​ជន​ដទៃ​ដូច​ម្ដេច​កើត​? អោ​! សេច​ក្ដី​ក្រី​ក្រ​តោក​យ៉ាក​នេះ​ ប្រាកដ​ជា​បើក​ទ្វារ​ទី​ពីរ​អោយ​ដល់​ម្រឹត្យុ​​រាជ​ពិត​ៗ​តែ​ម្ដង​ហើយ​ហ្ន៎​! ព្រោះ​ថា​៖
១៣៨ ការ​ចេះ​ដឹង​ផាត់​រទាំង​១ មេថុន​ដោយ​ការ​ទិញ​ដូរ​១ និង​ការ​ចិញ្ចឹម​ជីវិត​ដោយ​សារ​ជន​ដទៃ​១ ទាំង​បី​ប្រការ​នេះ​ជា​គ្រឿង​រំខាន​ នាំ​អោយ​អាម៉ាស់​មុខ​នៃ​បុរស​ទាំង​ឡាយ​។
១៣៩ បុគ្គល​មាន​រោគ​បៀត​បៀន​ បុគ្គល​ព្រាត់​ប្រាស់​អស់​កាល​យូរ​ បុគ្គល​អាស្រ័យ​បាយ​ទឹក​គេ​ចិញ្ចឹម​ជីវិត​ និង​បុគ្គល​ប្រព្រឹត្ដ​ដេក​នូវ​ក្រោម​សំយ៉ាប​​ផ្ទះ​ជន​ដទៃ​ ជីវិត​បុគ្គល​នោះ​ៗ​ឈ្មោះ​ថា​ជា​ជីវិត​សូន្យ​ឈឹង​ សេច​ក្ដី​ស្លាប់​នៃ​បុគ្គល​ នោះ​ៗ​ ឈ្មោះ​ថា​ជា​ទី​សំរាក​ដ៏​ស្ងប់​ស្ងៀម​។ បើ​ទុក​ជា​ខ្ញុំ​គិត​ឃើញ​ដូច្នេះ​ហើយ​ សេ​ចក្ដី​ល្មោភ​ក៏​ចេះ​តែ​ដឹក​នាំ​ខ្ញុំ​អោយ​ខំស្វែង​រក​ទ្រព្យ​សម្បត្ដិ​ទៀត​ ព្រោះ​ថា៖​។
១៤០ នរ​ជន​មាន​ប្រាជ្ញា​ តែ​នៅ​ញាប់​ញ័រ​ដោយ​សេ​ច​ក្ដី​លោភ​ សេច​ក្ដី​លោភ​នាំ​បង្កើត​តណ្ហា​ តណ្ហា​នាំ​បង្កើត​អោយ​បាន​ទុក្ខ​នៅ​នា​លោក​នេះ​ និង​បរិលោក​។ លំដាប់​នោះ​ បរិពា្វ​ជក​វិណាកណ៌ៈ ​ដើរ​បន្ដិច​ៗ​សន្សឹម​ៗ​មក​ជិត​ខ្ញុំ​យក​បន្ទះ​រិស្សី​បាក់​មក​វាយ​ខ្ញុំ​ ខ្ញុំ​នឹក​គិត​ថា៖​
១៤១ បុគ្គល​មាន​ចិត្ដ​ជាប់​ដោយ​ទ្រព្យ​ មិន​មាន​ចិត្ដ​រីក​រាយ​ មាន​ចិត្ដ​មិន​លុះ​ក្នុង​អំណាច​ខ្លួន​ និង មាន​ខ្លួន​មិន​បាន​ទូន្មាន​សេច​ក្ដី​អន្ដ​រាយ​ទាំង​អស់​ តែង​គ្រប​សង្កត់​ចិត្ដ​នៃ​ជន​ណា​មួយ​ដែល​មិន​សន្ដោស​។​
១៤២ នរជន​ណា​មាន​ចិត្ដ​សន្ដោស​រីក​រាយ​ នរ​ជន​នោះ​ឈ្មោះ​ថា​ជា​ម្ចាស់​នៃ​សម្បត្ដិ​ទាំង​អស់​ ដូច​បុគ្គល​ពាក់​ទ្រនាប់​ស្បែក​ជើង​ ដើរ​លើ​ផែន​ដី​ក៏​ហាក់​ដូច​ជា​ដឹង​ថា​ ផែន​ដី​ទាំង​មូល​ក្រាល​ពាស​ពេញ​ដោយ​ស្បែក​ មិន​មែន​ដូច្នោះ​រឺ​?​។​
១៤៣ បុគ្គល​ដែល​ក្រេប​ផឹក​ទឹក​អំរឹត​គឺ​សន្ដោស​ មាន​ចិត្ដ​ក្សេម​ក្សាន្ដ​ តែង​បា​ន​នូវ​សេច​ក្ដី​សុខ​ត្រជាក់​ត្រជុំ​ អែ​បុគ្គល​ល្មោភ​ស្វះ​ស្វែង​រក​ទ្រព្យ​ ទៅ​ខាង​នេះ​ទៅ​ខាង​នោះ​ ខ្វល់​រចល់​ញ័រ​ទទ្រើក​ដូច​រក​ខ្យល់​តើ​បាន​សេច​ក្ដី​សុខ​មក​ពី​ណា​?​
១៤៤ អ្នក​លះ​បង់​សេច​ក្ដី​ប្រាថ្នា​ទ្រព្យ​ទុក​ក្រោយ​ខ្នង​ មិន​មាន​អាល័យ​ទ្រព្យ​នោះ​សោះ​ អ្នក​នោះ​ឈ្មោះ​ថា​បាន​រៀន​សូត្រ​ហើយ​ឈ្មោះ​ថា បាន​ស្ដាប់​យល់​ហើយ​ និង​ឈ្មោះ​ថា​បាន​ប្រតិ​បត្ដិ​ធម៌​ទាំង​អស់​។​
១៤៥ ជីវិត​នៃ​បុគ្គល​ណា​មួយ​ ដែល​មិន​ទៅ​អើត​ងើប​សូម​ទាន​ទ្វារ​ផ្ទះ​នៃ​ អិស្ស​រជន​ដ៏​ទៃ​មិន​ធ្លាប់​គប់​រក​ មិន​ដែល​ភព​ប្រសព្វ​សេច​ក្ដី​ព្រាត់​ប្រាស់​ទុក្ខ​ព្រួយ​ និង មិន​ដែល​ពោល​ពាក្យ​អិត​ខ្លឹម​សារ​ បុគ្គល​នោះ​ឈ្មោះ​ថា​មាន​បុណ្យ​វាស​នា​ធំ​ណាស់​ហ្ន៎​!​។
១៤៦ ទីឋាន​ឆ្ងាយ​ចំនួន​មួយ​រយ​យោជន៍​ មិន​មែន​ឆ្ងាយ​ណាស់​ណា​ទេ​ សំរាប់​បុគ្គល​ជា​ខ្ញុំ​តណ្ហា​ អែ​បុគ្គល​មាន​ចិត្ដ​សន្ដោស​ សូម្បី​ទ្រព្យ​មក​ដល់​ដៃ​ហើយ​ ក៏​មិន​រវល់​អើ​ពើ​ប៉ុ​ន្មាន​ដែរ​។បើ​ដូច្នេះ​ ក្នុង​លោក​នេះ ការ​កំណត់​ដឹង​ប្រមាណ​ខ្លួន​ ក្នុង​ការ​ងារ​អោយ​សម​គួរ​តាម​គុណា​នុ​រូប​ ជា​ការ​គាប់​ប្រសើរ​ណាស់​ ព្រោះ​ថា​៖​
១៤៧ សំរាប់​ជន​នា​ផ្ទៃ​​ក្រោម​នេះ​ អ្វី​ហ្ន៎​ជា​ធម៌​? សេច​ក្ដី​អាណិត​អាសូរ​ សត្វ​លោក​ អ្វី​ហ្ន៎​សេច​ក្ដី​សុខ​? កិរិ​យា​ប្រាស​ចាក​រោគា​ពាធ​ អ្វី​ហ្ន៎​សេច​ក្ដី​ស្នេហា​? ភាព​នៃ​បុគ្គល​ជា​អ្នក​សប្បុរស​ អ្វី​ហ្ន៎​ជា​ភាព​នៃ​បណ្ឌិត​? ការ​ដឹង​កំណត់​ប្រមាណ​ខ្លួន​។
១៤៨ ពិត​មែន​ ភាព​ជា​បណ្ឌិត​គឺ​ការ​ដឹង​កំណត់​ប្រមាណ​ កាល​មាន​ហេតុ​វិបត្ដិ​កើត​ឡើង​ នរ​ជន​ដែល​មិន​ដឹង​ការ​កំណត់​ប្រមាណ​ខ្លួន​ តែង​ភព​ប្រសព្វ​ក្ដី​វិបត្ដិ​អន្ដ​រាយ​គ្រប់​ៗ​ជំហាន​ជើង​។​
១៤៩ (8)គប្បី​លះ​បង់​បុគ្គល​ម្នាក់​ ដើម្បី​ស្រង់​ត្រកូល​ គប្បី​លះ​បង់​ត្រកូល​ ដើម្បី​រក្សា​ភូមិ​ គប្បី​លះ​បង់​ភូមិ​ ដើម្បី​រក្សា​ប្រទេស​ គប្បី​លះ​បង់​ប្រទេស​ ដើម្បី​ស្រោច​ស្រង់​ខ្លួន​។​
១៥០ មាន​ទឹក​ផឹក​មិន​បាច់​ព្យាយាម​ ដឹង​ក្ដី​មាន​អាហារ​ប្រកប​ដោយ​រស​ឆ្ងាញ់​កន្លង​ផុត​ភ័យ​ក្ដី​ ខ្ញុំ​(ហិរណ្យកៈ) ពិចារ​ណា​សព្វ​គ្រប់​ហើយ​ឃើញ​ពិត​ថា ទីណា​មាន​សេច​ក្ដី​រលត់​ទុក្ខ​ ទី​នោះ​ឈ្មោះ​ថា​ជាសេ​ច​ក្ដី​ក្សេម​ក្សាន្ដ​។ កាល​ខ្ញុំ (ហិរណ្យកៈ) ពិចារ​ណា​មើ​ល​រួច​ហើយ​ ទើប​ខ្ញុំ​មក​កាន់​ទីឋាន​និរ​ជន​ស្ងាត់​ដូច្នេះ​អែង​, ព្រោះ​ថា៖​

១៥១ ជិវិត​អ្នក​ទី​ទ័ល​ក្រី​ក្រ​ ដែល​ហិន​ហោច​ចាក​ទ្រព្យ​សម្បត្ដិ​ អាស្រ័យ​នៅ​ក្នុង​ព្រៃ​ទុរ​គម​ជ្រងំ​ស្ងាត់​ ប្រកប​ដោយ​ម្រឹគ​ពាឡ​សាហាវ​យង់​ឃ្នង​មាន​តែ​ខ្លា​ និង ដំរី​ យក​ឈើ​ព្រៃ​ជា​លំ​នៅ​ យក​ផ្លែ​ឈើ​ទុំ​ និង ទឹក​ជា​ចំណី​អាហារ​ យក​ស្មៅ​ជា​កំរាល​ដេក​ និង យក​សំបក​ឈើ​ជា​គ្រឿង​ស្លៀក​ពាក់​ ប្រសើរ​ជាង​ការ​នៅ​កណ្ដាល​ហ្វូង​ញាតិ​ផៅ​ពង្ស​។ តមក​ ហេតុ​តែ​ភ័ព្វ​វាសនា​ ដែល​ខ្ញុំ​បាន​កសាង​សន្សំ​ទុក​មក​ពី​ក្នុង​បុរ​ជាតិ​ បាន​ជូន​ខ្ញុំ​អោយ​មក​ជួប​ប្រទះ​មិត្រ​នេះ​ហើ​យ​បាន​ចង​មេត្រី​រាប់​អាន​គ្នា​សិទ្ធ​ស្នាល​ស្នេហា​ជា​ទី​បំផុត​ មួយ​ទៀត​ ខ្ញុំ​មាន​ព្រេង​សំណាង​បាន​មក​អាស្រ័យ​ជា​មួយ​បង​ទៀត​ ក៏​ហាក់​ដូច​ជា​ខ្ញុំ​បាន​ឡើង​ទៅ​កាន់​ស្ថាន​សួគ៌​ទាំង​រស់​តែម្ដង​ ព្រោះ​ថា​៖​ ​

១៥២ (9)ព្រឹក្សា​ជាតិ​ មាន​ពិស​ពុល​ ពោល​គឺ​សំសា​វដ្ដ​នេះ​ មាន​ផល​ទុក​ដូច​ជា​រស​ផ្អែម​តែ​ពីរ​ប្រការ​ គឺ​ចំងាញ់​​នៃ​រស​ទឹក​អំរឹត​ ពោល​គឺ​កាព្យ​ឃ្លោង​១​ និង​សមាគម​មួយ​អន្លើ​ដោយ​សប្បុ​រស​ទាំង​ឡាយ​១​។ អណ្ដើក​មន្ថរៈ​ ពោល​បញ្ចាក់​ថែម​ទៀត​ថា​៖
១៥៣ - ទ្រព្យ​សម្បត្ដិ​ប្រៀប​ដូច​ធូលី​ជាប់​បាទ​ជើង​ យោ​ព្វន​វ័យ​ប្រៀប​ដូច​ជា​ខ្សែ​ទឹក​ក្នុង​ជ្រោះ​ហូរ​ខ្មាញ់​ចុះ​ពីកំពូល​ភ្នំ​ការ​មាន​អាយុ​រស់​នៅ​យឺន​យូរ​ប្រៀប​ដូច​ជា​ការ​ឃ្លេង​ឃ្លោង​នៃ​ដំណក់​ទឹក​កំរើក​ ជីវិត​សត្វ​ប្រៀប​ដូច​ក្រពេញ​ទឹក​អ្នក​ណា​មាន​ចិត្ដ​រីក​រាយ​មិន​ប្រ​ព្រឹត្ដ​ធម៌​ដែល​ទុក​ដូច​ជា​កូន​សោ​ចាក់​បើក​ទ្វារ​ទៅ​កាន់​ស្ថាន​សួគ៌​ទេ​ អ្នក​នោះ​លុះ​ត្រូវ​ជរា​រួប​រិត​ស៊ី​អោយ​ទ្រុឌ​ទ្រោម​ហើយ​ ក៏​រមែង​ឆេះ​ដោយ​ភ្លើង​ គឺ សេច​ក្ដី​សោក​សង្រេង​សង្រៃ​ និង សេច​ក្ដី​ក្ដៅ​ក្រហាយ​ស្ដាយ​ក្រោយ​មិន​មាន​ទី​បំផុត​។
មក​ពី​ខំ​ប្រឹង​ប្រែង​ ក​ពូន​ទ្រព្យ​សម្បត្ដិ​ហួស​ពេក​ហ្ន៎​ បាន​ជា​បង​ត្រូវ​ទទួល​ទោស​គ្រោះ​ថ្នាក់​លំបាក​ដូច្នេះ​ ចូរ​ស្ដាប់​ខ្ញុំ​ ខ្ញុំ​នឹង​ប្រាប់​ថា​៖
១៥៤ ការ​បរិច្ចាគ​ទ្រព្យ​សម្បត្ដិ​ ដែល​បុគ្គល​សន្សំ​ ក​ពូន​ទុក​នេះ​អែង​ឈ្មោះ​ថា «រក​ទ្រព្យ​សម្បត្ដិ​» ដូច​ធារី​ ទឹក​ជំនន់​បរិច្ចាគ​ទឹក​ដែល​នៅ​ក្នុង​ពោះ​បឹង​ហើយ​ពេញ​ដោយ​ទឹក​ដដែល​វិញ​ដូច្នោះ​។
១៥៥ មនុស្ស​កំណាញ់​ ដែល​ជីក​កប់​​ទ្រព្យ​ទុក​ក្នុង​ខាង​ក្រោម​ដី​ដោយ​ហេតុ​អែណា​ ដោយ​ហេតុ​នោះ​ មនុស្ស​កំណាញ់​នោះ​ឈ្មោះ​ថា​ កសាង​ផ្លូវ​ដើម្បី​ទៅ​ឋាន​ក្រោម​គឺ​នរក​ទុក​មុន​ស្រេច​ហើយ​។
១៥៦ នរជន​នោះ ​គិត​តែ​ចង់​បាន​ទ្រព្យ​សម្បត្ដិ​ តែង​បិទ​ផ្លូវ​សេច​ក្ដី​សុខ​ខ្លួន​អែង​ នរ​ជន​នោះ​ ទុក​ដូច​ជា​កែ​ការ​ដ៏​ធ្ងន់​អោយ​ជន​ដទៃ​ យក​ខ្លួន​ធ្វើ​ជា​ភាជន​ទទួល​រង​ទុក្ខ​លំបាក​ជំនួស​គេ​ទទេ​ៗ​។
១៥៧ ថា​បើ​ជា​សេដ្ឋី​មាន​ទ្រព្យ​ច្រើន​ ក៏​កំណាញ់​ស្វិត​ស្វាញ​មិន​អោយ​ទាន​ និង មិន​បរិ​ភោគ​ប្រើ​ប្រាស់​ខ្លួន​អែង​អោយ​ល្មម​ដល់​ទ្រព្យ​នុ៎ះ​ យើង​ទាំង​អស់​គ្នា ក៏​ឈ្មោះ​ថា​មាន​ទ្រព្យ​ដូច​សេ​ដ្ឋី​នោះ​ដែរ​ មិន​មែន​ដូច្នោះ​រឺ​អ្វី​?​
១៥៨ ទ្រព្យ​សម្បត្ដិ​នៃ​មនុស្ស​កំណាញ់​ ទុក​ដូច​ជា​ទ្រព្យ​នៃ​ជន​ដទៃ​ស្រេច​ទៅ​ហើយ​ ព្រោះ​មិន​បាន​រីក​រាយ​ប្រើ​ប្រាស់​ខ្លួន​អែង​ គ្រាន់​តែ​បាន​ពាក្យ​គេ​សរ​សើរ​ថា «នេះ​ជា​ទ្រព្យ​អ្នក​នោះ​»​ប៉ុណ្ណោះ​លុះ​ទ្រព្យ​នោះ​ដល់​នូវ​សេច​ក្ដី​សាប​សូន្យ​ទៅ​ហើយ​ បាន​សេច​ក្ដី​ទុក្ខ​ថែម​ទៀត​។
១៥៩ ការ​អោយ​ទាន​ព្រម​ទាំង​មាន​វាចា​ពី​រោះ​១​ ការ​ចេះដឹ​ង​ព្រម​ទាំង​ការ​ធ្ងន់​ធ្ង​១​ សេច​ក្ដី​ក្លៀវ​ក្លា ព្រម​ទាំង​ការ​អត់​ធន​១ និង​ទ្រព្យ​សម្បត្ដិ​ប្រកប​ដោយ​ការ​បរិច្ចាគ​ទាន​១ មង្គល​៤​ប្រការ​នេះ​កម្រ​រក​បាន​ណាស់​ ក្នុង​លោក​នេះ​។​
១៦០ បុគ្គល​គប្បី​កពូន​ទ្រព្យ​សម្បត្ដិ​អស់​កាល​ជា​និច្ច​ តែ​មិន​គប្បី​លោភ​លន់​ហួស​ប្រមាណពេក​ទេ ចូរ​មើល​! សត្វ​ ចចក​ល្មោភ​នេះ​មាន​និស្ស័យ​ជា​អ្នក​ល្មោភ​ ស្លាប់​ចោល​បង់​សៀត​ ព្រោះ​ត្រូវ​សរ​។ កណ្ដុរ​ហិរណ្យ​កៈ​និង​ក្អែក​លឃុ​បត​នកៈ​ សួរ​ឡើង​ថាៈ​ រឿង​នោះ​តើ​ដូច​ម្ដេច​ទៅ​? អណ្ដើក​មន្ថរៈ​ចាប់​ផ្ដើម​និយា​យ រឿង​ដូច​ត​ទៅ​នេះ​៖​។

ហិតោបទេស សេច​ក្ដី​ប្រែ​ជា​ភាសា​បារាំង​របស់​លោក​ឡង់​សឺ​រ៉ូ​ និង​ភាសា​សៀម​នៃ​លោក​នាគ​ប្រទីប​ មាន​គា​ថា​ លើស​ដូច្នេះ​ ទ្រព្យ​នៃ​មនុស្ស​កំណាញ់​ ដែល​មិន​បាន​អោយ​ទាន​ដល់​ទេវ​តា​ ដល់​ព្រាហ្មណ៍​ ដល់​ញាតិ​ សន្ដាន​និង​ប្រើ​ប្រាស់​ខ្លួន​អែង​ តែង​វិនាស​ទៅ​ដោយ​អុត្ដិ​ភ័យ​ ដោយ​ចោរ​ភ័យ​ ជរាភ័យ​។ ក្នុង​សេច​ក្ដី​ប្រែ​ជា​ភាសា​សៀម​មាន​គា​ថា​មួ ​យទៀត​ថា​ ទ្រព្យ​សម្បត្ដិ​មាន​គ​​តិ​៣​ យ៉ាង​គឺៈ ​ចែក​ទាន​ដោយ​ប្រយោជ​ន៍​ដល់​ជន​ដទៃ​១ បរិ​ភោគ​ជា​ប្រយោជន៍​ដល់​​ខ្លួន​១ និង​វិនាស​ទៅ​១ អ្នក​ណា​មិន​បាន​អោយ​ទាន​ មិន​បាន​បរិ​ភោគ​ខ្លួន​អែង​ ទ្រព្យ​សម្បត្ដិ​អ្នក​នោះ​ធ្លាក់​ទៅ​គតិ​ទី៣​។

តទៅកថាទី៦

(1)ប្រ​ទេស​វង្គ​ (អិណ្ឌា)
(2) រូប​​ទេពនៃកាមរោគ
(3) ហិ​តោ​បទេស​បារាំង​ របស់​លោក​ឡង់​សឺ​រូ​មាន​គាថា​ផ្សេង​ដូ​ច្នេះ កាល​ឃើញ​បុរស​ស្លៀក​ពាក់​ហ៊ី​ហា ទោះ​បង​ប្អូន រឺ កូន​ចៅ ស្រ្ដី​ភាព​តែង​សំដែង​សេច​ក្ដី​ប្រាថ្នា​អោយ​ដឹង​ខុស​ខ្នាត​មាត្រា​ អោ​! តាបស​នារទៈ​ នេះ​ជា​សេច​​​ក្ដី​ពិត​​អិត​​សង្ស័យ​​ឡើយ​។ សេច​ក្ដី​ប្រែ​ភាសា​សៀម​របស់​លោក​នាគ​ប្រទីប​ មាន​គា​ថា​ផ្សេង​ ដូច្នេះ​ ក. សេច​ក្ដី​ពិត​ ស្រ្ដី​ភាព​មាន​ចិត្ដ​ប្រែ​ប្រួល​ជា​និច្ច​ សូម្បី​ក្នុង​ទី​ប្រជុំ​ជន​ទេវ​តា​ក៏​មាន​ល្បី​ឈ្មោះ​ បុរស​ណា​អាច​ប្រលោម​នាង​បាន​ បុរស​នោះ​ទុក​ជា​វាសនា​ល្អ​។ ខ. បុរស​មិន​គួរ​អង្គុយ​ក្នុង​ទី​ស្ងាត់​ជា​មួយ​មាតា​ បង​ស្រី ​រឺ ប្អូន​ស្រី​ក្រមុំ​​ខ្លួន​ កាម​នេះ​ បើ​នៅ​រួម​គ្នា​ក្នុង​ទី​ស្ងាត់​ មាន​កំលាំង​ក្លៀវ​ក្លា​ណាស់​សូម្បី​អ្នក​ប្រាជ្ញ​ក៏​ឆក់​ឈ្លក់​ងងិត​មុខ​ទប់​មិន​បាន​ដែ​រ)។
(4) តាបសជាគ្រូពួកអសុរ
(5) ហិ​តោ​បទេស​សេចក្ដីប្រែ​ជាភាសា​សៀម​ របស់​លោក​នាគ​ប្រទីប​ ​មាន​​គាថា​​ផ្សេង​ដូ​ច្នេះ បណ្ដា​សេច​ក្ដី​ក្រី​ក្រ និង សេច​ក្ដី​ស្លាប់​ ពីរ​ប្រការ​នេះ គេ​ចូល​ចិត្ដ​សេច​ក្ដី​ក្រី​ក្រ​ជាង​ សេច​ក្ដី​ស្លាប់​តែ​ដោយ​ពិត​ សេច​ក្ដី​ស្លាប់​នាំ​អោយ​កើត​ក្ដី​ទុក្ខ​ស្រាល​ទេ ហើយ​តែ​ម្ដង​ក៏​អស់​ទៅ​ អែ​សេច​ក្ដី​ក្រី​ក្រ​ធ្វើ​អោយ​កើត​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​បំផុត​ស្ទើរ​តែ​អត់​ទ្រាំ​មិន​បាន​។
(6) អវិនតៈ ប្រែថា ប្រព្រឹត្ដ​ខុស​គន្លង​ធម៌​។ ហិតោ​បទេស​សៀម​របស់​លោក​នាគ​ប្រទីប​ថា រៀប​ការ​ពីរ​ដង ដាក់​លេខ​យោង​ន័យ​លក្ខណៈ​ថា តាម​ប្រ​ពៃណី​អិណ្ឌា​ស្រី​មេម៉ាយ​ បើ​មាន​ស្វាមី​ទៀត​ប្រកាន់​ថា​ល្មើស​ចរិយា​ដ៏​អា​ក្រក់​ក្រៃ​លែង​។ ឆ្ងល់​ថា​បាន​អ្វី​ជា​គ្រឿង​យល់​ រឺ ចេះ​ទំនៀម​អិណ្ឌា​បរិបូរណ៌​ បើ​ស្រ្ដី​ប្ដី​ស្លាប់​ ហើយ​យក​ស្វាមី​ទៀត​ប្រកាន់​​ថា​អាក្រក់ នេះ​ប្លែក​ណាស់​ហ្ន៎​!​។ បើ​មាន​ប្ដី​ ហើយ​ប្ដី​មួយ​ទៀត​ ថា​នេះ​គួរ​ដែរ​ ចុះ​នាង​ទ្រោប​ទី​១ ភរិយា​ក្សត្រីយ៍​បាណ្ឌព​៥​ ព្រះ​អង្គ​ក្នុង​រឿង​មហា​ភារតៈ​ដូច​ម្ដេច​ទៅ​?។
(7)តាម​ជំនឿ​ក្នុង​សាសនា​ព្រាហ្មណ៍​ថា​ ការ​និយាយ​រឿង​អាទិ​ទេព​ទាំង​ឡាយ​នេះ​ បើ​មាន​បាប​កម្ម នឹង បរិ​សុទ្ធ​បាន​ដូច​ការ​ទៅ​មុជ​ទឹក​លាង​បាប​ ក្នុង​ទន្លេ​គង្គា​ដែរ​)
(8) ហិតោ​បទេស​ សេច​ក្ដី​ប្រែ​ជា​ភាសា​បារាំង​ របស់​លោក​ឡង់​សឺរូ​ មាន​គាថា​លើស​ដូច្នេះ​ កាល​បើ​ចូល​ទៅ​ដល់​អិស្សរ​ជន​ខ្ពង់​ខ្ពស់​ហើយ​ បុគ្គល​ត្រូវ​ទទួល​ផល​នៃ​អិស្សរ​ជន​នោះ​ដូច​នាគ ​វសុកំព័ទ្ធ កព្រះ​ហរិ (ព្រះ​អិសូរ​) បាន​ទៅ​ជា​ព្រះ​តាបស​។
(9) ហិតោប​ទេស សេច​ក្ដី​ប្រែ​ជា​ភាសា​បារាំង​នៃ​លោក​ ឡង់​សឺរូ​ មាន​គាថា​ជ្រែក​ចូល​ដូច្នេះ​ថា​៖ ក្នុង​សំសា​វដ្ដ​មិន​មាន​ខ្លឹម​សារ​នេះ​គួរ​បំពេញ​កិច្ច​ជា​ខ្លឹម​សារ​៣​ប្រការ​គឺ​ សមាគម​មួយ​អន្លើ​ដោយ​សាធុ​ជន​១ បង្អោន​ចិត្ដ​ជ្រះ​ថ្លា ចំពោះ​ព្រះ​កេស​វៈ​ (ព្រះ​ន​រាយណ៍)​១ និង​ជំរះ​កាយ​ក្នុង​ទន្លេ​គង្គា​១​។ សេច​ក្ដី​ប្រែ​ជា​ភាសា​សៀម​របស់​លោក​នាគ​ប្រ​ទីប​ មាន​គាថា​ដូច្នេះ​ ក.​ជីវិត​អ្នក​ណា​ប្រព្រឹត្ដ​កន្លង​ទៅ​ដោយ​សេច​ក្ដី​កំណាញ់​ មិន​បរិ​ភោគ​ខ្លួន​អែង​ មិន​ចែក​ចាយ​ជា​ប្រយោជន៍​សាធារណៈ ​ជិវិត​អ្នក​នោះ​ ឈ្មោះ​ថា​ស្លាប់​បាត់​បង់​ហើយ​ សូម្បី​មាន​ខ្យល់​ចេញ​ចូល​ក៏​មិន​អស្ចារ្យ​អ្វី​ជាង​ ស្នប់​ជាង​ដែក​ឡើយ​។ ខ​. ប្រយោជន៍​អ្វី​ដោយ​ទ្រព្យ​មិន​ប្រើ​ប្រាស់ ខ្លួន​អែង និង មិន​ចែក​ចាយ​ជា​ប្រយោជន៍​សាធារ​ណៈ​? ប្រយោជន៏​អ្វី​ដោយ​រេហ៏​ពល​ដែល​មិន​គំរាម​សត្រូវ​ ប្រយោជន៍​អ្វី​ដោយ​ការ​ចេះ​ដឹង​ ដែល​មិន​បាន​ប្រតិ​បត្ដិ​តាម​ព្រះ​ធម៊​? ប្រយោជន៏​អ្វី​ដោយ​អត្ថ​ភាព​ខ្លួន​ ដែល​មិន​បាន​ទូន្មាន​អិន្រ្ទីយ​។