ថ្ងៃសៅរ៍ ទី1.កក្កដា 2017.ម៉ោង 7:11
រឿងប្រើស ចចក និងក្អែក

ក្នុង​ប្រ​ទេស​មគធៈ​ មាន​ព្រៃ​ធំ​មួយ​ឈ្មោះ​ចម្បា​កវតី​ ជា​ទី​អាស្រ័យ​នៅ​ ប្រើស​និង​ក្អែក​ សត្វ​ទាំង​ពីរ​នេះ​ចង​គ្នា​ជា​មិត្ដ​សិទ្ធ​ស្នេហា​ស្រលាញ់​គ្នា​យូរ​យា​ណាស់​មក​ហើយ​។ ប្រើស​តែង​ត្រេក​ត្រអាល​ចរ​ទៅ​ស្វែង​រក​ស្មៅ​ជា​ចំណី​អាហារ​ តាម​ទំនើង​ចិត្ដ​តាម​ធម្មតា​ ជា​វិស័យ​សត្វ​អិត​មាន​ខ្លាច​ក្រែង​រអែង​រអា​អ្វី​ឡើយ​ រហូត​មាន​កាយ​ធាត់​មាំ​មួន​ឡើង​ត្រលុច​ៗ​។ សម័យ​មួយ​មិន​ដឹង​ជា​ទេស​កាល​​អ្វី​ បណ្ដាល​អោយ​ធ្លោយ​គំនិត​ភ្លាត់​ខ្លួន​អោយ​ចចក​ឃើញ​។

អែ​ចចក​លុះ​ ឃើញ​ប្រើស​ហើយ​ ក៏​ត្រេក​អរ​ក​ខិប​កខុប​ នឹក​ត្រិះ​រិះ​រក​អុបាយ​ថា៖ ​«ធ្វើ​ដូច​ម្ដេច​អេះ​ អាត្មា​អញ​នឹង​បាន​ស៊ី​សាច់​ ប្រើស​មុខ​គួរ​អោយ​ឆ្ងាញ់​នេះ​ហ្ន៎​? គង់​បាន​កណ្ដាប់​ដៃ​អញ​ទេ អាត្មា​អញ​ នឹង ​បញ្ជោរ​បោក​វ៉ៃ​អែប​អោយ​ស្និទ្ធ​ទាល់​តែ​ស្លាប់​ចិត្ដ​ជា​មុន​សិន​»​។ ចចក​គិត​អុបាយ​ឃើញ​ហើយ​ក៏​ចូល​ទៅ​សុំ​ជួប​ នឹង ប្រើស ស្រែក​សួរ​ពី​ចំងាយ​ថា៖​ «អើ​សំលាញ់​អើយ​! អ្នក​បាន​ប្រកប​ដោយ​សេច​ក្ដី​សុខ​សប្បាយ​រឺ​ទេ​?​»​។ ប្រើស​បាន​លឺ​ហើយ​ដណ្ដឹង​សួរ​ថា៖​ «បង​ឈ្មោះ​អ្វី​?​» ចចក​ឆ្លើយ​ប្រាប់​ថា​៖ ឈ្មោះ​ក្សុទ្រ​ពុទ្ធ​ អាស្រ័យ​នៅ​ព្រៃ​នេះ​អិត​មានញាតិ​សាច់​សន្ដាន​ពឹង​ពាក់​ទេ​ នៅ​ត្រមង់​ត្រមោច​ អែក​ការ​អនា​ថា​ តែ​ម្នាក់​អែង​ ដូច​ជា​មនុស្ស​ស្លាប់​ទៅ​ហើយ​ ពេល​នេះ​មាន​ភ័ព្វ​សំណាង​បាន​សាង​មក​ជួប នឹង បង នាំ​អោយ​កើត​សេច​ក្ដី​ស្រលាញ់​ពេញ​ចិត្ដ​ ហាក់​ដូច​ជា​បាន​ចាប់​កំណើត​កើត​ក្នុង​លោក​នេះ​ជា​ថ្មី​ម្ដង​ទៀត​ ហើយ​បាន​ជួប​ជុំញាតិ​សន្ដាន​ព្រៀង​លាន​វិញ​ ត​ទៅ​រូប​ខ្ញុំ​សូម​ធ្វើ​ជា​មិត្រ​ស្និទ្ធ​ស្នាល​ជា​មួយ​ នឹង បង​ គ្រាន់​បាន​ជា​ទី​ពឹង​ពាក់​ បណ្ដើរ​គ្នា​ទៅ​មក​រក​ស៊ី​តាំង​ពី​ពេល​នេះ​ត​ទៅ​ ប្រើស​ស្លុង​ចិត្ដ​ជឿ ​ហើយ​ឆ្លើយ​ថា​៖ «មិន​អី​ទេ​តាម​ចិត្ដ​បង​ស្ម័គ្រ​ចុះ​»​។

ក្សិណ​នោះ​ព្រះ​ទិន​ករ​ដ៏​ជា​ទី​គោរព​ មាន​រស្មី​រុង​រឿង​ភ្លឺ​ត្រចះ​ពណ្ណ​រាយ​ ទ្រង់​បរ​រថ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​ រសៀល​ជ្រៀង​ជ្រេ​រ​ទេរ​ទន់​ទាប​រៀប​ នឹង អស្ដង្គត​រលត់​ចូល​ទៅ​កាន់​សន្ធិ​យា​រាត្រី​ នៅ​នា​ភ្នំ​ខាង​បស្ចឹម​ទិស​ សត្វ​ទាំង​ពីរ​ក៏​លី​លា​បណ្ដើរ​គ្នា​ត្រសង​ចូល​ទៅ​កាន់​ទី​លំ​នៅ​នៃ​ប្រើស​។​ កាល​នោះ​ក្អែក​ឈ្មោះ​សុពុទ្ធិ​ ដែល​ជា​មិត្រ​ស្និទ្ធ​ស្នេហា​ នឹង សត្វ​ប្រើស​មក​អស់​កាល​យូរ​អង្វែង​ហើយ​ កំពុង​ទុំ​អាស្រ័យ​នៅ​លើ​មែក​ចំបក់​នោះ​ លុះ​ឃើញ​សត្វ​ទាំង​ពីរ​បណ្ដើរ​គ្នា មក​ដល់​ក៏​សួរ​ទៅ​ថា​! «ហៃ​សំលាញ់​ចិត្រាង្គៈ​! អ្នក​ទីពីរ​នោះ​ហ្ន៎​! ត្រូវ​ជា​អ្វី​នឹង​បង​អែង​»​។ ប្រើស​ឆ្លើ​យ​ប្រាប់​ថា​៖ «ជា​សត្វ​ចចក​ចូល​មក​សូម​ចង​ស្ពាន​មេត្រី​រាប់​អាន​យើង​»​។ ក្អែក​ពោល​ឡើង​ថា​ នែ​សំលាញ់​ការ​ទុក​ចិត្ដ​ចង​មេត្រី​រាប់​ អាន​ជា​មួយ​អាគន្ដុកៈ​មិន​ស្គាល់​មុខ​ដូច្នេះ​មិន​ល្អ​ទេ ព្រោះ​ថា​៖​

៥៦ - អ្នកណា​នីមួយ​ មិន​គួរ​គប្បី​អោយ​ទី​​អាស្រ័យ​នៅ​រួម​គ្នា​ដល់​មនុស្ស​មិន​ស្គាល់​មុខ​ មាន​ត្រកូល​ផ្សេង​គ្នា​ឡើយ​ដូច​ត្មាត​​ឈ្មោះ​ជរទ្ដវៈ​ត្រូវ​គេ​សំលាប់​បង់​ ព្រោះ​ទោស​មក​ពី​ឆ្មា​។ ប្រើស​និង​ចចក​សួរ​ឡើង​ថា​៖ «រឿង​នោះ​តើ​ដូច​ម្ដេច?។ ក្អែក​ថ្លា​ថ្លែង​រឿង​នោះ​ថា៖---​-

កថាទី៣
រឿងត្មាត ឆ្មា និង បក្សី

នៅ​ក្បែរ​ត្រើយ​ទន្លេ​គង្គា​ លើ​ភ្នំ​គិជ្ឈ​កូដ​មាន​ជ្រៃ​មួយ​ដើម​ធំ​ត្រសុំ​សាខា​ ដ៏​ហើយ​ដោយ​ព្រង់​ជា​ទី​អាស្រ័យ​នៅ​នៃ​បក្សី​ និង ​ត្មាត​ឈ្មោះ​​ជរទ្គវៈ​។ ដោយ​កម្ម​អាក្រក់​តាម​អោយ​ផល​ត្មាត​នោះ​ ក៏​ទៅ​ជា​ខ្វាក់​ងងឹត​ងងល់​ក្រចក​រេច​រឹល​ក្សិល​អស់​រលីង​។ ហ្វូង​បក្សី​ជាតិ​ទាំង​ឡាយ​ដែល​អា​ស្រ័យ​នៅ​នា​ដើម​ជ្រៃ​នោះ​ មាន​ចិត្ដ​អាណិត​អាសូរ​តែង​រំលែក​ចែក​ អាហារ​ខ្លួន​បន្ដិច​ៗ​ម្នាក់​អោយ​ដល់​ត្មាត​នោះ​ ជួយ​ចិញ្ចឹម​អោយ​មាន​ជីវិត​រស់​នៅ​ត​ទៅ​។ គ្រា​នោះ​ មាន​ឆ្មា​មួយ​ឈ្មោះ ទីឃ៌​កណៈ​ ចូល​មក​រក​ចាប់​កូន​បក្សី​ស៊ី​ជា​ចំណី​អាហារ​នៅ​ក្នុង​ព្រង់​ឈើ​នោះ​។ កូន​បក្សី​​ទាំង​ឡាយ​ កាល​ឃើញ​ឆ្មា​ កំពុង​ដើរ​ចូល​មក​ ក៏​ភិត​ភ័យ​រន្ធត់​រត់​ឆ្លេ​ឆ្លា​កោ​លា​ហល​ពេញ​ទាំង​ព្រង់​។ ត្មាត​ឈ្មោះ​ជរទ្គវៈ​ បាន​លឺ​សូរ​សម្លេង​អឹង​កង​ ខ្ញៀវ​ខ្ញា​ដូច្នោះ​ ក៏​ស្រែក​សួរ​ទៅ​ថា​៖​ «អាណា​មក​ធ្វើ​អ្វី​អោយ​ច្រួល​ច្របល់​​រចល់​ដូច្នេះ​?​។ ឆ្មា​សម្លឹង​ មើល​ទៅ​ឃើញ​ ត្មាត ក៏​តក់​ស្លុត​ញាប់​ញ័រ​ត្រិះ​រិះ​គិត​ថា​៖​ អោ​អាត្មា​អញ​ដល់​គ្រោះ​ស្លាប់​ហើយ​តើ​ ព្រោះ​ថា​៖

៥៧ - ដរាប​ណា​ក្ដី​ភយន្ដ​រាយ​មិន​ទាន់​មក​ដល់​ទេ​ ដរាប​នោះ​បុគ្គល​គប្បី​ប្រុង​ប្រយ័ត្ន​ដល់​ភ័យ​នោះ​ បើ​ក្ដី​ភយន្ដ​រាយ មក​ដល់​ហើយ​ បុគ្គល​គប្បី​ក្លា​ហាន​ តស៊ូ​នឹង​ភ័យ​នោះ​ តាម​គំនិត​ខ្លួន​ដែល​បាន​គិត​ទុក​ស្រេច​ហើយ​។

៥៨ - ហេតុ​អ្វី​ក៏​ស្រាប់​តែ​ត្រូវ​គេ​កាប់​សំលាប់​ រឺ​ ត្រូវ​គេ​បូជា​ដល់​អ្នក​ណា​នីមួយ តាម​តែ​ជា ជាតិ​អ្វី​ក៏​ដោយ​តែ​ម្ដង​ គួរ​​តែ​ពិចា​រណា​អោយ​ជុំវិញ​ខ្លួន​មើល​អោយ​ឃើញ​ច្បាស់​សេច​ក្ដី​ប្រព្រឹត្ដ​របស់​គេ​សិន​ សឹម​យល់​ជា​គួរ​សំលាប់​ រឺ ពុំនោះ គួរ​បូជា​។

ត្មាត​ស្ដាប់​ហើយ​និយាយ​ថា​៖ «មើល៍​! និយាយ​មក​មើល​អា​អែង​ចូល​ មក​នេះ​ត្រូវ​ការ​រ​ក​អ្វី​?​»​។ ឆ្មា​ឆ្លើយ​ប្រាប់​ថា​ «ខ្ញុំ​បាទ​នៅ​ក្បែរ​ត្រើយ​ទន្លេ​គង្គារ​នេះ​អែង​ ប្រ​ព្រឹត្ដ​មុជ​ទឹក​លាង​បាប​ជានិច្ច​ ប្រ​ព្រឹត្ដ​ព្រហ្ម​ចរិយ​ធម៌​ជា​ប្រ​ក្រតី​ មិន​ហ៊ាន​​ស៊ី​សាច់​ឈាម​ទេ​ សមា​ទាន​តែ​ចន្រ្ទា​យណ​ព្រត​ (1)ខ្ញុំ​បាទ​បាន​លឺ​ហ្វូង​បក្សី​ជាតិ​ សរ​សើរ​កិត្ដិ​គុណ​លោក​ចំពោះ​មុខ​ខ្ញុំ​​បាទ​ជា​រឿយ​ៗ​ថា លោក​ជា​អ្នក​ចេះ​ដឹង​ច្រើន​ ចិត្ដ​ធន់​ក្នុង​ធម៌​ ល្មម​ទុក​ចិត្ដ​សិទ្ទ​ស្នេហា​ ​យក​ជា​វិស្សាស​ភូមិ​ ហេតុ​នេះ​បា​ន​ជា​ខ្ញុំ​មាន​ចិត្ដ​ត្រេក​អរ​ចង់​ចូល​មក​ត្រង​ត្រាប់​ស្ដាប់​ធម៌​រៀន​វិជ្ជា​ ច្បាប់​គតិ​លោក​គតិ​ធម៌​ អំពី​សំណាក់​លោក​ដែល​ ជា​បុគ្គល​ចាស់​ព្រឹទ្ធាចារ្យ​ មាន​ការ​ចេះ​ដឹង​ស្ទាត់​ជំនាញ​ប្រសប់​ប៉ិន​ប៉ាវ​ក្នុង​វិជ្ជា​ផ្សេង​ៗ​ ហេតុ​អ្វី​ក៏​លោក​ដែល​ជា​អ្នក​ចេះ​ធម៌​អាថិ​ជ្រាល​ជ្រៅ​ប្រាកដ​យ៉ាង​នេះ​ បែរ​ទៅ​​ជា​រក​រឿង​កាប់​សំលាប់​ខ្ញុំ​បាទ​ដែល​ជា​ភ្ញៀវ​ទៅ​វិញ​ ព្រោះ​ធម៌​ជា​នាទី​អ្នក​គ្រប់​គ្រង​ផ្ទះ​នេះ​លោក​ពោល​ថា​ដូច្នេះ​៖

៥៩ - បុគ្គល​គប្បី​ធ្វើ​បដិ​សណ្ឋារៈ​ ទទួល​ភ្ញៀវ​ដែល​មក​ដល់​ផ្ទះ​ហើយ​ ទោះ​បី​ភ្ញៀវ​ជា​សត្រូវ​ក៏​ដោយ​ ដូច​ព្រឹក្សា​ជាតិ​តែង​អោយ​ម្លប់​ជា​ទី​សំចត​មិន​រើស​មុខ​ សូម្បី​នាក់​កាប់​ឈើ​ក៏​ដោយ​។​
បើ​ទុក​ជា​​ខ្សត់​ខ្សោយ​ទ្រព្យ​ មិន​មាន​ចំណី​អាហារ​ទទួល​ភ្ញៀវ​ដែល​មក​ដល់​ដោយ​ហោច​ទៅ​ ក៏​គួរ​រាប់​អាន​រាក់​ទាក់​ទទួល​ភ្ញៀវ​ ដោយ​សំដី​ដ៏​ពីរោះ​ជា​ទី​ត្រេក​អរ​ដែរ​ ព្រោះ​ថា​៖​
៦០ - ស្មៅ ​ រឺ ចំបើង​សំរាប់​អុជ​បំភ្លឺ​ ភូមិ​ទី​លំ​នៅ​ ទឹក​ និង​ សំដី​ពីរោះ​ផ្អែម​ ធម៌​៤​ប្រការ​នេះ​ ក្នុង​កាល​ណា​ក៏​ដោយ​មិន​ដែល​ខ្វះ​ខាត​រលីប​រលាប​ ក្នុង​ផ្ទះ​លោក​អ្នក​សប្បុ​រស​ទាំង​ឡាយ​ទេ​។
៦១ - (2)លោក​សប្បុ​រស​ទាំង​ឡាយ​តែង​សំដែង​មេត្តា​ករុណា​ចំពោះ​សត្វ​ ទាំង​ឡាយ​មិន​រើស​មុខ​ សូម្បី​បុគ្គល​ថោក​ទាប​ក៏​ដោយ​ ដូច​ជា​ព្រះ​ចន្ទ​នឹង​ថា​កំណាញ់​ពន្លឺ​មិន​អោយ​ដល់​លំនៅ​ជន​ចណ្ឌាល​ ក៏​អិត​អង្គឺ​មាន​ឡើយ​។
៦២ - ភ្ញៀវ​វិល​ត្រលប់​ចេញ​ពី​ផ្ទះ​អ្នក​ណា​ ដោយ​ក្ដី​ក្ដៅ​ក្រហាយ​ចិត្ដ​ ភ្ញៀ​វ​នោះ​ឈ្មោះ​ថា​ប្រគល់​អោយ​នូវ​បាប​ អព​មង្គល​ដល់​អ្នក​ម្ចាស់​ផ្ទះ​នោះ​ ហើយ​កាន់​យក​សេរី​សួស្ដី​ត្រលប់​ទៅ​វិញ​។
៦៣ - បុគ្គល​មាន​គោត្រ​កូល​អុត្ដម​ខ្ពង់​ខ្ពស់​ បើ​មាន​ភ្ញៀវ​ត្រកូល​ថោក​ទាប​មក​ដល់​ផ្ទះ​ហើយ​ ក៏​គួរ​តែ​គោរព​បូជា​តាម​គួរ​ដែល​អាច​ទទួល​បាន​ ព្រោះ​ភ្ញៀវ​ទាំង​អស់​សុទ្ធ​តែ​ទេវតា​។

ត្មាត​និយាយ​កាត់​ថា​ «អោយ​ឈ្មោះ​តែ​ឆ្មា​ហើយ​ សុទ្ធ​តែ​ជា​សត្វ​ចូល​ចិត្ដ​ ស៊ី​សាច់​ជា​អាហារ​ទាំង​អស់​ នៅ​ក្នុង​ព្រង់​ដើម​ឈើ​នេះ​ មាន​សុទ្ធ​តែ​កូន​បក្សី​អាស្រ័យ​នៅ​ ហេតុ​នេះ​កូវ​ បាន​ជា​អញ​និយាយ​ហាម​ឃាត់​យ៉ាង​នេះ​»​។ ឆ្មា​ស្ដាប់​ពាក្យ​ត្មាត​ហើយ​ ក៏​ស្រពោន​អោន​ដាក់​មុខ​ យក​ជើង​មុខ​ស្ទាប​ត្រ​ចៀក​ទាំង​សង​ខាង​ ក្រាប​សំពះ​និយាយ​បញ្ជាក់​ថា​! ខ្ញុំ​បាទ​បាន​សិក្សា​គម្ពីរ​ធម្ម​សាស្រ្ដ​ចប់​អស់​ហើយ​ បាន​ប្រ​ព្រឹត្ដ​ធម៌ លះ​បង់​រាគៈ​ មោហៈ​ សមា​ទាន​ចន្រ្ទាយណ​ព្រត​ ជា ទុក្ករ​កម្ម​ដ៏​ក្រៃ​លែង​ សូម្បី​គម្ពីរ​ធម្មសាស្រ្ដ​ទាំង​ឡាយ​ ដែល​មាន​សេច​ក្ដី​ខ្លះ​ប្លែក​ គេ​តែង​ជជែក​វែក​ញែក​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​គង់​រួម​គោល​សេច​ក្ដី​ធំ​ដើម​មក​នៅ​ត្រឹម​មួយ​ម៉ាត់​គឺ «អហឹង្សា​ ការ​មិន​បៀត​បៀន​»​ ថា​ជា​ធម៌​ដ៏​ប្រសើរ​ក្រៃ​លែង​ ព្រោះ​ថា៖

៦៤ - នរជន​ណា​មិន​បៀត​បៀន​សព្វ​សត្វ​ទាំង​ឡាយ​អោយ​ក្ដៅ​ក្រហាយ​មាន​ព្យា​យាម​អត់​ធន់​ចំពោះ​ការ​ងារ​ទាំង​ពួង​ និង ជា​ទីពឹង​ពុំ​នាក់​អាស្រ័យ​នៃ​សព្វ​សត្វ​ នរ​ជន​នោះ​ឈ្មោះ​ថា​ កសាង​ស្ពាន​ទៅ​កាន់​ស្ថាន​សួគ៌​។
៦៥ - មាន​តែ​ធម៌​ទេ លោក​ហៅ​ថា «មិត្រ​ធម៌​» ដែល​ជាប់​ដិត​តាម​ជា​មួយ​ខ្លូន​ទៅ​ក្នុង​ពេល​ស្លាប់​ អែ​អវយ​វ​ដទៃ​​ទៀត​​សុទ្ធ​​តែ​ដល់​នូវ​ក្ដី​វិនាស​អន្ដ​រាយ​ ជា​មួយ​ នឹង សរី​រាង​កាយ​ទាំង​អស់​។
៦៦ - ក្នុង​ទំព័រ​នេះ​មិន​ឃើញ​មាន​លេខ​រៀង​ ៦៦​ ទេ​ កាល​បើ​អ្នក​នឹង​ស៊ី​សាច់​គេ​ គួរ​ពិចារ​ណា​មើល​ អ្នក​ស៊ី​សាច់​គេ និង​ សាច់​គេ​ដែល​អ្នក​ត្រូវ​ស៊ី អោយ​ឃើញ​ប្លែក​គ្នា​ទាំង​សង​ខាង​សិន​ថា​ អ្នក​ម្ខាង​បាន​ឆ្អែត​ មាន​បីតិ​រីក​រាយ​តែ​ក្នុង​មួយ​ខណៈ​ប៉ុណ្ណោះ​ អែ​អ្នក​ម្ខាង​ទៀត​នោះ​ត្រូវ​បាត់​បង់​ជីវិត​។​
៦៧ - នរ​ជន​តែ​ងមាន​សេច​ក្ដី​ទុក្ខ​ព្រួយ​ ដោយ​គិត​ឃើញ​ថា​ «ខ្លួន​ត្រូវ​គេ​សំលាប់​» កាល​បើ​គិត​ឃើញ​ដូច្នេះ​គ្រប់​គ្នា​ហើយ​ និយាយ​ថ្វី​ដល់​ទៅ​មិត្រ សូម្បី​សត្រូវ​ក៏​អាច​ជួយ​ការ​ពារ​ជីវិត​បាន​។
៦៨ - បុគ្គល​គប្បី​បំពេញ​ផ្ទៃ​ខ្លួន​អែង​ ដោយ​បន្លែ​ជា​រុក្ខា​ លតា​ជាតិ​ ដែល​ដុះ​ក្នុង​ព្រៃ​តាម​ទំនើង​វា​បាន​ ហេតុ​អ្វី​ក៏​ចាំ​បាច់​កាប់​សំលាប់​គេ​ ដ៏​អា​ក្រក់​ក្រៃ​លែង​ដើម្បី​បំពេញ​ផ្ទៃ​ខ្លួន​គ្រាន់​តែ​ស្រេក​ឃ្លាន​ប៉ុណ្ណោះ​?​។

កាល​ឆ្មា វិឡារ​ជាតិ​ និយាយ​បន្ទន់​ចិត្ដ​ត្មាត​អោយ​ជឿ​ទុក​ចិត្ដ​ហើយ​ ក៏​សរ​សៀ​ចូល​ទៅ​ក្នុង​ព្រង់​ជ្រៃ​នោះ​បាន​។ លំដាប់​ មក​ឆ្មា​ចាប់​កូន​បក្សី​ក្នុង​ព្រង់​យក​មក​ហែក​ជញ្ជែង​ស៊ី​ជា​ចំណី​អាហារ​រាល់​ៗ​ថ្ងៃ​ អែ​មេ​បក្សី​ទាំង​ឡាយ​លុះ​ឆ្មា​ស៊ី​កូន​អ​ស់​ហើយ​ ក៏​សោក​សង្រេ​ង​សង្រៃ​យំ​ខ្ញៀវ​ខ្ញា រត់​ឆ្លេ​ឆ្លា​ទៅ​ខាង​នេះ​ខាង​នោះ​ ប្រជុំ​គ្នា​សើប​សួរ​រក​ដំណើរ​ដើម​ទង​ នៃ ការ​បាត់​កូន​។ អែ​ឆ្មា​លុះ​បាន​ដឹង​រឿង​នោះ​ហើយ​ ក៏​បោល​ចេញ​ពី​ព្រង់​រត់​ទៅ​ខាង​ក្រៅ​បាត់​ភ្លាម​។ ក្រោយ​ដែល​ឆ្មា​រត់​​បាត់​ទៅ​ បក្សី​ទាំង​ឡាយ​បបួល​គ្នា​គយ​គន់​មើល​ខាង​នេះ​ខាង​នោះ​ ប្រទះ​ឃើញ​តែ​ឆ្អឹង​កូន​ នៅ​ក្នុង​ព្រង់​ដើម​ជ្រៃ​នោះ​ ក៏​ចោទ​ប្រកាន់​ត្មាត​ចាស់​នោះ​ថា​៖ «ត្មាត​ខ្វាក់​កញ្ចាស់​នេះ​អែង​ដែល​ស៊ី​កូន​របស់​យើង​» ទើប​បក្សី​ទាំង​អស់​នោះ​មូល​មតិ​គ្នា​សំលាប់​ ត្មា​ត​ចាស់​ចោល​បង់​សៀត​អៃ​ដ៏​កាល​នោះ​ទៅ​។ ហេតុ​នោះ​បាន​ជា​ខ្ញុំ​(ក្អែក​ឈ្មោះ​ សុពុទ្ធិ) ពោល​ថា​៖ «អ្នក​ណា​នីមួយ​មិន​គួរ​គប្បី​អោយ​ទី​អាស្រ័យ​នៅ​រួម​គ្នា​ដូច្នេះ​ជា​ដើម​(៥៦​)​។

កាល​នោះ ចចក​បាន​ស្ដាប់​ក្អែក​និយាយ​មក​ត្រូវ​គំនិត​ខ្លួន​ហើយ​ក៏​ក្រេវ​ក្រោធ​ច្រលោត​ខឹង​ និយាយ​ស៊ក​តប​ទៅ​វិញ​ថា​៖ «កាល​បង​អែង ​និង ​ប្រើស​បាន​មក​ជួប​ប្រទះ​គ្នា​ជា​បឋម​នោះ​ រូប​រាង​ក៏​មិន​បាន​ស្គាល់​វង្ស​ត្រកូល​​ និង ចិត្ដ​ថ្លើម​បង​ក្អែក​ដែរ​ ហេតុ​អ្វី​ក៏​បង​អិត​ចេះ​ស្នេហា​ស្រលាញ់​គ្នា​សិទ្ធ​ស្នាល​រហូត​មក​កើត​?​។

៦៩ - ទី​ឋាន​ណា​ មិន​មាន​អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត​ ទី​ឋាន​នោះ​សូម្បី​មាន​តែ​អ្នក​ចេះ​ដឹង​បន្ដិច​បន្ដួច​ក៏​គួរ​លើក​ដំកើង​សរ​សើរ​ ដូច​ប្រទេស​ណា​នីមួយ​​ដែល​អិត​មាន​ព្រឹក្សា​ជាតិ​ បើ​មាន​តែ​ដើម​ល្ហុង​ ក៏​លោក​សន្មត​ថា​ ជា​ដើម​ឈើ​បាន​ដែរ​។
៧០ - អ្នក​នេះ​ជា​ពួក​យើង​ អ្ន​កនោះ​ជា​ពួក​គេ​ នេះ​ជា​សំដី​អ្នក​មាន​ចិត្ដ​គំនិត​ស្រាល​ទេ​ អែ​អ្នក​ដែល​មាន​ការ​សិក្សា​ច្រើន​ មាន​ចិត្ដ​គំនិត​ល្អ​តែង​និយាយ​ថា​ អ្នក​នៅ​លើ​ផែន​ពសុ​ធា​សុទ្ធ​តែ​ជា​ផៅ​ពង្ស​នឹង​គ្នា​ទាំង​អស់​។

ប្រើស​នេះ​ជា​ផៅ​ពង្ស​រូប​ខ្ញុំ​យ៉ាង​ណា​ បង​អែង​ក៏​យ៉ាង​នោះ​ដែរ​។ ប្រើស​ឆ្លើយ​ «និយាយ​ជជែក​តវ៉ា​គ្នា​ត​ទៅ​ទៀត​បាន​ប្រយោ​ជន៍​អ្វី​។ ចូរ​យើង​ទាំង​៣​នាក់​ នៅ​ជា​សុខ​សប្បាយ​ក្នុង​ទី​នេះ​ជា​មួយ​គ្នា​ជា​មិត្រ​សិ្នទ្ធ​ស្នាល​ត​ទៅ​ ព្រោះ​ថា​៖

៧១ នឹង​ថា​អ្នក​ណា​ជា​មិត្រ​អ្នក​ណា​ក៏​ពុំ​ទាន់​បាន​ នឹង​ថា ​អ្នក​ណា​ជា​សត្រូវ​ នឹង អ្នក​ណា​ក៏​ពុំ​ទាន់​បាន​ ដោយ​អំ​ពើ​ដែល​គេ​ប្រព្រឹត្ដ​ទើប​គេ​ស្គាល់​គ្នា «អ្នក​នេះ​ជា​មិត្រ អ្នក​នោះ​ជា​សត្រូវ​»​។
ក្អែក​និយាយ​ចាក់​បណ្ដោយ​តាម​ថា​៖ «យ៉ាង​នេះ​ក៏​បាន​»​។ លុះ​ព្រឹក​ព្រាង​ស្វាង​ឡើង​ សត្វ​ទាំង​បី​បបួល​គ្នា​ទៅ​ស្វែង​រក​​ចំណី​អាហារ​តាម​ទី​ថាន​ដែល​ខ្លួន​គាប់​ចិត្ដ​ ថ្ងៃ​មួយ​ចចក​និយាយ​ នឹង ប្រើស​ដោយ​សំងាត់​ថា​៖ «សំលាញ់​អើយ​! នៅ​ក្នុង​ព្រៃ​មួយ​មាន​ស្រែ​មួយ​ពេញ​ដោយ​សន្ទូង​លាស់​ខៀវ​ខ្ចី​ រូប​ខ្ញុំ​នឹង​នាំ​សំលាញ់​ភក្ដី​ទៅ​បង្ហាញ​សន្ទូង​ក្នុង​ស្រែ​នោះ​»​។ លុះ​​ចចក​បង្ហាញ​ស្រែ​នោះ​ហើយ​ ប្រើស​ទៅ​រក​ស៊ី​សន្ទូង​ក្នុង​ស្រែ​នោះ​តែ​រាល់​ថ្ងៃ​។ កាល​នោះ​អ្នក​ស្រែ​បាន​ឃើញ​ប្រើស​ចេះ​តែ​ចូល​ទៅ​ស៊ី​សន្ទូង​ក្នុង​ស្រែ​ខ្លួន​ ក៏​គ្នាន់​ក្នាញ់​មួម៉ៅ​ក្នុង​ចិត្ដ​ណាស់​ ទើប​ធ្វើ​អន្ទាក់​ដាក់​ប្រើស​នោះ​។ ត​មក​មិន​ យូរ​ប៉ុន្មាន​ប្រើស​មក​ស៊ី​សន្ទូង​ក្នុង​ស្រែ​នោះ​ទៀត​ ត្រូវ​អន្ទាក់​ជាប់​រើ​ខ្លួន​មិន​រួច​ទើប​ត្រិះ​រិះ​គិត​ថា​ «ក្រៅ​ពី​មិត្រ​នរ​ណា​ហ្ន៎​! ​អាច​ជួយ​ដោះ​ទុក្ខ​អាត្មា​អញ​ចេញ​ពី​អន្ទាក់​ព្រាន​ ដែល​ទុក​ដូច​ជា​អន្ទាក់​នៃ​ព្រះ​កាល​នេះ​បាន​? កាល​ប្រើស​កំពុង​វិតក្ក​ដូច្នេះ​ ចចក​ដើរ​មក​ដល់​ជិត​ និង សប្បាយ​ក្នុង​ចិត្ដ​ថា​៖​ «អុបាយ​កល​របស់​អាត្មា​អញ​បាន​សំរេច​ផល​​តាម​បំណង​ហើយ​តើ​!​ កាល​បើ​អ្នក​ស្រែ​ពន្លះ​ប្រើស​នេះ​អាត្មា​អញ​ត្រូវ​បាន​ឆ្អឹង​ដែល​ជាប់​ដោយ​សាច់​និង​ឈាម​ ដោយ​ពិត​អិត​សង្ស័ យ​ឡើយ​ អាត្មា​អញ​នឹង​បាន​ភោជ​នា​ហារ​ឆ្ងាញ់​ពិសា​យ៉ាង​ច្រើន​បរិ​ភោគ​មិន​ខាន​»​។ អែ​ប្រើស​លុះ​ឃើញ​ចចក​មក​ដ ល់​ហើយ​ក្រោក​ឈរ​ឡើង​សប្បាយ​ចិត្ដ​អិត​អុបមា​ ស្រែក​ប្រាប់​ថា «អើ ​សំលាញ់​អើយ​! ចូរ​សំលាញ់​ អាណិត​កាត់​ អន្ទាក់​នេះ​ឆាប់​ៗ ដើម្បី​អោយ​ខ្ញុំ​បាន​រួច​ខ្លួន ព្រោះ​ថា៖

៧២ - គេ​ដឹង​ចិត្ដ​មិត្រ​ក្នុង​គ្រា​ក្រ​ ដឹង​ចិត្ដ​ទាហាន​ក្លៀវ​ក្លា​ក្នុង​សង្រ្គាម​ដឹង​ចិត្ដ​ស្មោះ​ត្រង់​ក្នុង​ការ​សង​បំណុល​គេ​ ដឹង​ចិត្ដ​ភរិយា​ក្នុង​ពេល​ខ្សត់​ទ្រព្យ​ និង ​ដឹង​ចិត្ដ​ផៅ​ពង្ស​ក្នុង​គ្រា​វិនាស​អន្ដរាយ​។ ៧៣ - អ្នកណា​មិន​លះ​បង់​មិត្រ​ក្នុង​គ្រា​មាន​ទុក្ខ​ ក្នុង​គ្រា​អន្ដ​រាយ​ ក្នុង​គ្រា​ទុរភិក្ស​ ក្នុង​គ្រា​រាស្រ្ដ​ចលា​ចល​ ក្នុង​ទ្វារ​ព្រះ​រាជា​ និង ក្នុង​អង្គ​ព្រៃ​ស្ម​សាន​ អ្នក​នោះ​លោក​ហៅ​ថា​ផៅ​ពង្ស​»​។

៧៤ - នរ​ជន​ណា​ មិន​ជឿ​ស្ដាប់​ភា​សិត​មិត្រ​សំ​លាញ់​ដែល​ប្រាថ្នា​ធ្វើ​ប្រយោ​ជន៍​អោយ​ ក្ដី​ភយ​ន្ដរាយ​ស្ថិត​នៅ​ជិត​អ្នក​នោះ​នរ​ជន​នោះ​ឈ្មោះ​ថា​ធ្វើ​សេច​ក្ដី​ត្រេក​អរ​ដល់​ស​ត្រូវ​។
ក្អែក​សួរ​ប្រើស​ថា​ «ចុះ​អា​ចចក​ចង្រៃ​បោក​ប្រាស់​គេ​នោះ​ វា​ទៅ​នៅ​អែ​ណា​ហើយ​?​»​។ ប្រើស​ប្រាប់​ថា​៖ «វា​ទៅ​ពួន​សំងំ​នៅ​ក្នុង​ព្រៃ​ស៊ុម​ទ្រុម​នោះ​អែង​ ដើម្បី​ចាំ​ស៊ី​សាច់​ខ្ញុំ​​»​។ ក្អែក​និយាយ​សើ​រើ​រឿង​ដើម​មក​ពោល​ថា​៖ «អើ​!​ ដូច​ខ្ញុំ​បាន​ដាស់​តឿន​បង​តាំង​ពី​ដើម​មក​ហើយ​។
៧៥ - បើ​មាន​អ្នក​ណា​នីមួយ​និយាយ​ថា​ «​ខ្ញុំ​មិន​មាន​ចិត្ដ​អាក្រក់​ព្យា​បាទ​គេ ដូច្នេះ​ក៏​ដោយ បុគ្គល​មិន​គួរ​ជឿ​ពាក្យ​នេះ​យក​ជា​ហេតុ​មេ​ត្រី​សិ្នទ្ធ​ស្នាល​ឡើយ​ សេច​ក្ដី​ពិត​ អ្នក​ដែល​មាន​គុណ​គឺ​ការ​ចេះ​ដឹង​ច្រើន​ ក៏​តែង​មាន​ភ័យ​កើត​​មក​ពី​មនុស្ស​ទុច្ច​រិត​ទាំង​ឡាយ​ដែរ​។
៧៦ - មនុស្ស​ស្លាប់​ មិន​ធំ​ក្លិន​ផ្សែង​ចង្កៀង​ដែល​គេ​លត់​ ស្ដាប់​មិន​លឺ​ពាក្យ​ដាស់​តឿន​មិត្រ​សំលាញ់​ មើល​មិន​ឃើញ​ផ្កាយ​អរុន្ធតី​ (ផ្កាយ​ព្រឹក)​។
៧៧ - បុគ្គល​គប្បី​វៀរ​មិត្រ​ ដែល​ប៉ង​បំផ្លាញ​ការ​ងារ​ក្នុង​ទី​កំបាំង​មុខ​ហើយ​និយាយ​ពាក្យ​ពីរោះ​ផ្អែម​ល្ហែម​ក្នុង​ទី​ចំពោះ​មុខ​ មិត្រ​បែប​នេះ​ប្រៀប​ដូច​ឆ្នាំង​ ដ៏​ពេញ​ដោយ​ពិស​ពុល​ មាន​មាត់​ប្រលាក់​ដោយ​ទឹក​ដោះ​ផ្អែម​។
ខណៈ​នោះ​ ក្អែក​តាន​តឹង​ចិត្ដ​ស្ទើរ​ប្រេះ​ទ្រូង​ ដក​ដង្ហើម​វែង​ឃូរ​ៗ​និយាយ​ថា៖ អោ​អា​ចង្រៃ​បោក​ប្រាស់​នេះ​! ម្ដេច​ក៏​អា​អែង​ហ៊ាន​ធ្វើ​កម្ម​អាក្រក់​អ្វី​ម្លេះ​? ព្រោះ​ថា​៖
៧៨ - ក្នុង​លោក​នេះ​ បើ​គេ​និយាយ​អោយ​ស្លាប់​ចិត្ដ​ ដោយ​ប្រើ​ពាក្យ​ផ្អែម​ល្ហែម​ដូច​ទឹក​ឃ្មុំ​ បើ​គេ​ធ្វើ​អោយ​លុះ​ក្នុង​អំណាច​ដោយ​អុបាយ​មិច្ឆា​ចារ​ គេ​មិន​បញ្ឆោត​បោក​បាន​? អោ​! គួរ​សង្វេគ​ណាស់​។​
៧៩ - អោ​ព្រះ​ម្ចាស់​ដែន​ពសុធា​ដ៏​មាន​បុណ្យ​អើយ​! ហេតុ​អ្វី​ក៏​លោក​ ព្រម​ទទួល​មនុស្ស​បោក​គេ​ ដែល​គេ​ប្រគល់​ជំនឿ​ គឺ​ជឿ​ទុក​ចិត្ដ​អស់​ពី​ពោះ​ពុង​ និង​ដែល​គេ​មាន​ចិត្ដ​បរិ​សុទ្ធ​អោយ​នៅ​លើ​ផ្ទៃ​ផែន​ដី​នេះ​ដូច្នេះ​?
៨០ - បុគ្គល​កុំ​គប្បី​ចង​មិត្រ​សំលាញ់​ រឺ ចង​ស្ពាន​មេត្រី​មួយ​អន្លើ​ ដោយ​​មនុស្ស​ទុរជន​អោយ​សោះ​ ដូច​ជា​ធ្យូង​បើ​នៅ​ក្ដៅ​វា​រលាក​ដៃ​ បើ​រលត់​ហើយ​វា​ប្រលាក់​ដៃ​។ ពាក្យ​ទាំង​នេះ​ ជា​លក្ខណៈ​នៃ​មនុស្ស​ទុរ​ជន​។
៨១ - នៅ​មុខ​នាក់​ វា​សំពះ​លុត​ក្រាប​ជិត​បាទ​ជើង​ នៅ​ក្រោយ​អ្នក​វា​បេះ​សាច់​ឆ្អឹង​ជំនីរ​ស៊ី​ វា​និយាយ​សំដី​ទន់​ផ្អែម​ល្អូក​ល្អិន​ មាន​លែប​ខាយ​ដ៏​វិចិត្រ​ល្ហឹម​ៗ​ ជិត​ត្រចៀក​អ្នក បើ​មាន​ចន្លោះ​ លូក​ចូល​ទៅ​បេះ​យក​ថ្លើម​ប្រមាត់​មួយ​រំពេច​អិត​កោត​ញ​ញើត​ឡើយ​ សត្វ​រុយ​វា​ចេះ​ធ្វើ​ត្រាប់​លក្ខណៈ​មនុស្ស​ចិត្ដ​អា​ក្រក់​ សាមាន្យ​បាន​ទាំង​អស់​។
៨២ - មនុស្ស​ទុរជន​ និយាយ​ពាក្យ​ពីរោះ​គួរ​ជា​ទី​ពេញ​ចិត្ដ​ តែ​មិន​ត្រូវ​យក​ជា​ហេតុ​មក​ធ្វើ​សេច​ក្ដី​សិ្នទ្ធ​ស្នាល​ ព្រោះ​តែ​សំដី​ពីរោះ​នោះ​ទេ​ ប្រៀប​ដូច​ទឹក​ឃ្មុំ​ជាប់​នៅ​ចុង​អណ្ដាត​ ក្នុង​ចិត្ដ​ពេញ​ដោយ​ពិស​ពុល​ដ៏​ក្ដៅ​ក្រហាយ​រោល​រាល​។

លុះ​ព្រឹក​ព្រាង​ស្វាង​ឡើង​ ក្អែក​សុពុទ្ធិ​នោះ​ ឃើញ​អ្នក​ស្រែ​កាន់​ដំបង​ងងាស​ដើរ​មក​ដល់​ ទើប​ស្រែក​ទៅ​ប្រើស​ថា «អើ​បង​ប្រើ​ស​សំលាញ់​! អ្នក​ស្រែ​មក​ដល់​ហើយ​ ចូរ​បង​ដេក​ពុត​ក្លែង​ជា​ស្លាប់​ទៅ​ ធ្វើ​ភ្នែក​ស្លឹង​ បំប៉ោង​ពោះ​អោយ​ធំ​ ជើង​អោយ​រឹង​ស្ដូក​ ហើយ​នៅ​អោយ​ស្ងៀម​នឹង​ថ្កល់​។​ ដរាប​ណា​ខ្ញុំ​ស្រែក​ប្រាប់​អោយ​សញ្ញា​ ដរាប​នោះ​ចូរ​បង​ក្រោក​ភ្លាម​យ៉ាង​​រហ័ស​ ហើយ​ស្ទុះ​រត់​បោល​អោយ​អស់​ទំហឹង​។ អែ​ប្រើស​លុះ​បាន​ស្ដាប់​ពាក្យ​ក្អែក​ហើយ​ ក៏​ពុត​ក្លែង​ធ្វើ​ជា​ស្លាប់​ដូច​សំដី​ក្អែក​ប្រាប់​នៅ​​នឹង​ថ្កល់​។ ថ្លែង​អែ​អ្នក​ស្រែ​ដើរ​មក​ដល់​យល់​ប្រើស​ជាប់​​អន្ទាក់​ស្លាប់​ក្រញង់​ដូច្នោះ​បើក​ ភ្នែក​ក្រលោត​ធំ​ៗ​ រីក​រាយ​សប្បាយ​ចិត្ដ​ណាស់​ លាន់​មាត់​ថា​ «អេះ​ប៉ៃ​អាតាយ​ហោង​ អា​អែង​ស្លាប់​ខ្លួន​អែង​ហើយ​​តើ​!. ពោល​ហើយ​ក៏​ស្រាយ​អន្ទាក់​ចេញ​ពី​ប្រើស​ ដោះ​រួច​ស្រេច​ភ្លេច​ខ្លួន​អាល័យ​តែ​រៀប​ចំ​អន្ទាក់​ ស្រាប់​តែ​ក្អែក​ ស្រែក​អោយ​សញ្ញា​ក្វក​ៗ​ ប្រើស​ក៏​ក្រោក​ឡើង​ស្ទុះ​បោល​ផ្លោះ​ប្រិច​ដូច​គេ​បោះ​ពួយ​លឿន​ស្លៅ​សំដៅ​ព្រៃ​ប្រោក​ អែ​អ្នក​ស្រែ​ស្រ​លាំង​កាំង​ ក៏​ស្ទុះ​រលះ​រលាំង​ ទៅ​ចាប់​បាន​ដំបង​គ្រ​វែង​ចោល​ប្រូស​សំ​ដៅ​ទៅ​ប្រើស​នោះ​ភ្លាម​ ហេតុ​តែកម្ម​តាម​ទាន់​ ពាន​ទៅ​ត្រូវ​ចចក​ម៉ោក​ដួល​ស្លាប់​ហិន​ហោច​ទៅ​ហោង​។ ហេតុ​នេះ​អែង​ បាន​ជា​លោក​ពោល​ទុក​ថា​៖

៨៣ - បុណ្យ​បាប​ដែល​បុគ្គល​ធ្វើ​ទុក​ក្នុង​លោក​នេះ​ មាន​កម្លាំង​ប្លែក​ចំលែក​អស្ចារ្យ​ណាស់​ តែង​អោយ​ផល​តប​ស្នង​វិញ​យ៉ាង​យូរ​ ៣ឆ្នាំ​​ រឺ ៣​ខែ​ ពុំ​នោះ​ ៣​កប្ប​ បើ​ពុំ​នោះ​ត្រឹម​៣​ថ្ងៃ​។
ព្រោះ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ (កណ្ដុរ​ហិរ​ណ្យកៈ​) និយាយ​ជា​ភាសិត​ទុក​ខាង​ដើម​ថា៖ ការ​ចង​គ្នា​ជា​មិត្រ​រវាង​អ្នក​ស៊ី និង អ្នក​ត្រូវ​គេ​ស៊ី ដូច្នេះ​ជា​ដើម​(៥៥)​។
ក្អែកឈ្មោះលឃុបតនកៈ ឆ្លើយឡើងថា៖
៨៤ - អោ​សំលាញ់​ជា​អ្នក​នីរ​ទុក្ខ​ដូច​ស្ដេច​ព្រាប​ចិត្រ​គ្រីព​ បើ​ខ្ញុំ​ស៊ី​បង​ជា​អាហារ​ ខ្លួន​បង​តូច​ម្លេះ​មិន​ស្កប់​ផ្ទៃ​ខ្ញុំ​ទេ​កាល​បើ​បង​រស់​នៅ​ ខ្ញុំ​ក៏​ឈ្មោះ​ថា​រស់​នៅ​ដែរ​។
៨៥ - ទោះ​បី​សត្វ​តិរច្ឆាន​ ដែល​ប្រ​ព្រឹត្ដ​ល្អ​តែ​ម្យ៉ាង​ វិស្សាសៈ​ស្និទ្ធ​ស្នាល​ អាច​ធ្វើ​អោយ​គេ​ឃើញ​ជាក់​ស្ដែង​បាន​ ដូច​សភាព​លោក​សប្បុ​រស​ទាំង​ឡាយ​ នឹង ថា​វិល​ត្រលប់​ទៅ​ផ្សេង​ ក៏ អិត​អង្គឺ​មាន​ ព្រោះ​លោក​មាន​សភាព​ជា​សប្បុ​រស​ជា​ប្រ​ក្រតី​។
៨៦ - សន្ដាន​ចិត្ដ​លោក​សប្បុ​រស​ទាំង​ឡាយ​ សូម្បី​មាន​សេច​ក្ដី​ក្រេវ​ក្រោធ​កើត​ឡើង​ក៏​មិន​ប្រែ​ព្រួល​អាកប្ប​កិរិ​យា​ដូច​ជា​គេ​មិន​អាច​យក​គុប​ស្មៅ​មួយ​គុប​ ទៅ​ដុត​កំដៅ​ទឹក​សមុទ្រ​សា​គរ​អោយ​ក្ដៅ​ពុះ​ពោរ​បាន​ឡើយ​។​

កណ្ដុរ​ហិ​រណ្យកៈ​បាន​ស្ដាប់​ហើយ​ ក៏​និយាយ​ទៅ​វិញថា​៖ «បង​អែង​នេះ​ ជា​សត្វ​ចិត្ដ​រប៉ិល​រប៉ូច​ខិល​ខូច​ណាស់​ បុគ្គល​មិន​គប្បី​ចង​ជា​មិត្រ​ស្និទ្ធ​ស្នេហា​ជា​មួយ​ នឹង សត្វ​ដូច្នេះ​ទេ ព្រោះ​ថា៖​

៨៧ - ឆ្មា១ ក្របី​១ ចៀម​១ ក្អែក​១ និង​មនុស្ស​ចិត្ដ​អាក្រក់​ទាំង ​៥​ពួក​នេះ បាន​សេច​ក្ដី​រុង​រឿង​ ព្រោះ​អាង​ស្នៀត​វ៉ៃ​អែប​ធ្វើ​វិស្សាសៈ​សិទ្ធ​ស្នាល​ ព្រោះ​ហេតុ​នោះ ​បុគ្គល​មិន​គួរ​គប្បី​ប្រគល់​អោយ​នូវ​វិស្សាសៈ​សិ្នទ្ធ​ស្នាល​ចំពោះ​បុគ្គល​ទាំង​៥​ពួក​នោះ​ឡើយ​។

មួយទៀតខ្លួនបងជាសត្វពួកខាងសត្រូវ នឹងយើងផង ព្រោះថា៖
៨៨ - បើ​ជា​សត្រូវ​ហើយ​ បុគ្គល​កុំ​គប្បី​ចង​មេ​ត្រី​ជឿ​ទុក​ចិត្ដ​យ៉ាង​ជិត​សិ្នទ្ធ​អោយ​សោះ​ដូច​ទឹក​ទុក​ជា​ពុះ​ខ្លាំង​គគ្រឹក​ៗ​ ក៏​អាច​លត់​ភ្លើង​បាន​។
៨៩ - រី​មនុស្ស​ទុរ​ជន សូម្បី​ប្រ​ដាប់​ខ្លួន​ដោយ​គ្រឿង​អំពរ​គឺ​ ចំណេះ​វិជ្អា​ ក៏​បុគ្គល​គប្បី​ចៀស​វាង​ចេញ​អោយ​ផុត​ដូច​សត្វ​អសិ​រពិស​សូម្បី​ប្រដាប់​ដោយ​កែវ​មណី​ វា​នឹង​មិន​ធ្វើ​អោយ​យើង​មាន​ភ័យ​រឺ​អ្វី​?​។
៩០ - របស់​ណា​មិន​អាច​ របស់​នោះ​នៅ​តែ​មិន​អាច​ពិត​ប្រាកដ​ របស់​ណា​អាច​ របស់​នោះ​នៅ​តែ​អាច​ពិត​ប្រាកដ​ ដូច​ជា​រទេះ​បរ​ទៅ​លើ​ទឹក​មិន​បាន​ទេ​ អែ​ទូក​អុំ​លើ​គោក​ ក៏​ទៅ​មិន​បាន​ដូច្នេះ​ដែរ​។
៩១ -នរ​ជន​ណា​ទៅ​ចង​ចិត្ដ​ស្និទ្ធ​ស្នាល​ នឹង​ សត្រូវ​ រឺ នឹងភរិយា​ដែល​មិន​មាន​ចិត្ដ​ប្រតិ​ព័ទ្ធ​ខ្លួន ​ដោយ​អាង​ថា​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​ ជីវិត​នរជន​នោះ​ឈ្មោះ​ថា​ ចូល​ទៅ​ដល់​ទី​បំផុត​ខែត្រ​ត្រឹម​នោះ​ហើយ​។

ក្អែក​ពោល​តប​ទៅ​វិញ​ថា «ខ្ញុំ​បាន​ស្ដាប់​សំដី​បង​និយាយ​សព្វ​គ្រប់​អស់​ប៉ុណ្ណឹង​ហើយ​ ក៏​ដូច​ជា​ឃើញ​ថា​បង​មិន​ព្រម​ព្រៀង​សោះ​ តែ​ទោះ​ជា​យ៉ាង​ណា​ ក៏​ខ្ញុំ​បាន​តាំង​ចិត្ដ​ទុក​ជា​មុន​រួច​ហើយ​​ថា ​នឹង​យក​បង​ធ្វើ​ជា​មិត្រ​ស្និទ្ធ​ស្នេហា​ពិត​ប្រាក​ដ​ អិត​សង្ស័យ​ឡើយ​ ថា​បើ​មិន​ដូច្នោះ​ទេ​រូប​ខ្ញុំ​ នឹង អត់​អាហារ​បោក​ខ្លួន​សំលាប់​នូវ​មាត់​ព្រង់​បង​ អោយ​ស្លាប់​ចោល​បង់​សៀត​ទៅ​ល្អ​ជាង​ ព្រោះ​ថា៖

៩២ - មនុស្ស​ទុរ​ជន​ចិត្ដ​អាក្រក់​សាមាន្យ​ ប្រៀប​ដូច​ឆ្នាំង​ដី​បែក​បាក់​ ប្រេះ​ឆា​ក៏​ឆាប់​រហ័ស​ណាស់​ ដល់​ត​វិញ​មិន​ជាប់​ទេ​ អែ​លោក​សាធុ​ជន​ចិត្ដ​សប្បុរស​ ប្រៀប​ដូច​ឆ្នាំង​មាស​ មិន​ងាយ​បាក់​បែក​ប្រេះ​ឆា​ទេ​ ដល់​ផ្សារ​ភ្ជាប់​វិញ ក៏​ងាយ​ជាប់​។
៩៣ - ជាតិ​លោហ​ធាតុ​ទាំង​អស់​ រលាយ​ចូល​គ្នា​បាន​ ព្រោះ​ដែក​មាន​ការ​រលាយ​ជា​លក្ខណៈ​ ម្រឹគ​បក្សី​ទាំង​ឡាយ​រួប​រួម​ចូល​ជា​ហ្វូង​បាន​ព្រោះ​មាន​រូប​រាង​សណ្ឋាន​ជា​លក្ខណៈ​ មនុស្ស​ល្ងង់​រួប​រួម​គ្នា ព្រោះ​មាន​ភ័យ​ និង​លាភ​ជា​លក្ខណៈ​ អែ​សាធុ​ជន​មាន​មហា​ត្ម័ន​ រួប​រួម​គ្នា​បាន​ដោយ​ទស្ស​នា​ញាណ​(ស្គាល់​ហេតុ​ស្គាល់​ផល​)​។
៩៤ - មែន​ពិត​ សាធុ​ជន​មាន​ចិត្ដ​ល្អ​ គេ​មើល​ទៅ​ឃើញ​មាន​អាការ​ដូច​ផ្លែ​ដូង​ អែ​អ្នក​ដទៃ​ទៀត​ គេ​មើល​ទៅ​ដូច​ផ្លែ​ពុទ្រា​មាន​សំបក​ក្រៅ​រលោង​ស្រិល​គួរ​ជា​ទី​ពេញ​ចិត្ដ​។​
៩៥ - ខ្សែ​មេ​ត្រី​ចិត្ដ​នៃ​លោក​សប្បុ​រស​ទាំង​ឡាយ​ សូម្បី​មាន​អុប​ស័គ្គ​ អ្វី​មក​​ផ្ដាច់​ពី​ក្ដី​ស្នេ​ហា​គ្នា គុណ​ប្រ​សើរ​មិន​ផ្លាស់​ប្ដូរ​ប្រែ​ប្រួល​ទេ​ ដូច​ដើម​ឈូក​ សូម្បី​បាក់​ពាក់​កណ្ដាល​ ក៏​នៅ​តែ​មាន​ជាប់​សរសៃ​អន្លាយ​ដែរ​។
៩៦ - ភាព​ជា​បុគ្គល​មាន​ចិត្ដ​បរិ​សុទ្ធ​ ភាព​ជា​បុគ្គល​មាន​ចិត្ដ​ចង់​អោយ​​ទាន​ ភាព​ជា​បុគ្គល​មាន​ចិត្ដ​អង់​អាច​ ភាព​ជា​បុគ្គល​មាន​ចិត្ដ​ស្មើ​ក្នុង​គ្រា​សុខ​ទុក្ខ​ ភាព​ជា​បុគ្គល​មាន​ចិត្ដ​មេត្តា​ករុណា​ ភាព​ជា​បុគ្គល​មាន​ចិត្ដ​ស្រលាញ់​រាប់​អាន​ភាព​ជា​បុគ្គល​មាន​ចិត្ដ​ទៀង​ត្រង់​ ទាំង​អស់​នេះ​ជា​គុណ​សម្បត្ដិ​នៃ​មិត្ដ​។
ខ្ញុំ​ នឹង ទៅ​រក​មិត្រ​សំលាញ់​អោយ​ប្រកប​ដោយ​គុណ​សម្បត្ដិ​ដូច្នេះ​ ក្រៅ​ពី​រូប​បង​អែ​ណា​បាន​?​។ កណ្ដុរ​ហិរណ្យ​កៈ​លុះ​បាន​លឺ​ពាក្យ​ក្អែក​លឃុ​បតនកៈ​ពោល​​ដូច្នោះ​ហើយ​ ក៏​ចេញ​ពី​ព្រង់​មក​ខាង​ក្រៅ និយាយ​តប​ថា​៖​ «ខ្ញុំ​មាន​ចិត្ដ​ត្រេក​អរ​ចំពោះ​សំដី​បង​ណាស់​ ដូច​បាន​ក្រេប​ផឹក​ទឹក​អំរឹត​ ព្រោះ​ថា៖​
៩៧ - កិរិយា​មុជ​ទឹក​ត្រជាក់​ត្រជុំ​ក្ដី​ កិរិ​យា​ប្រកប​ដោយ​ខ្សែ​ក​ដ៏​​ហើយ​ ដោយ​កែវ​មុក្ដា​ក្ដី​ កិរិ​យា​ប្រោះ​ព្រំ​រឹត​រួត​សព៌ាង្គ​កាយ​ដោយ​ខ្លឹម​ចន្ទ​ក្ដី​ នឹង​ថា​មិន​ធ្វើ​បុគ្គល​ដែល​ក្ដៅ​ស្អុះ​ស្អាប់​ ដោយ​កំដៅ​អោយ​ត្រជាក់​ស្រួល​ក៏​មិន​មែន​ តែ​មិន​ប្រសើរ​ជាង​សុភា​សិត​នៃ​លោក​សប្បុ​រស​ទាំង​ឡាយ​ដែល​អាច​ចូល​ទៅ​ប៉ះ​ពាល់​ដល់​ ចិត្ដ​ត្រ​ជាក់​មុន​ដោយ​បីតិ​ជ្រះ​ថ្លា​ដ៏​ក្រៃ​លែង​ ព្រោះ​លោក​ទុក​ភាសិត​ជា​ត្រី​មុខ​ ទុក​ដូច​ជា​មន្ដ​សំរាប់​ស្រូប​ចិត្ដ​លោក​សប្បុ​រស​ទាំង​ឡាយ​។
៩៨ - កិរិយា​ទំលាយ​អាថិ​កំបាំង​ក្ដី​ ល្មោភ​ស្មូម​ក្ដី​ ភាព​ជា​បុគ្គល​មាន​ ចិត្ដ​រឹង​រូស​ក្ដី​ ភាព​ជា​បុគ្គល​មាន​ចិត្ដ​រប៉ិល​រប៉ូច​ក្ដី​សេច​ក្ដី​ក្រោធ​ច្រើន​ក្ដី​ ភាព​ជា​បុគ្គល​មិន​មាន​សច្ចៈ​ក្ដី​ ស្រវឹង​ឈ្លក់​ល្បែង​ក្ដី​ ទាំង​អស់​នេះ​ជា​គ្រឿង​ប្រទូស្ដ​នៃ​មិត្ដ​។ តាម​ពាក្យ​សំដី​ដែល​បង​បាន​និយាយ​មក​ទាំង​អស់​នេះ​ រូប​ខ្ញុំ​មិន​ឃើញ​មាន​ទោស​ជា​គ្រឿង​ប្រទូស្ដ​អ្វី​ សូម្បី​តែ​មួយ​ក៏​អិត​អង្គឺ​មាន​ ព្រោះ​ថា​៖
៩៩ - បុគ្គល​គប្បី​សង្កេត​ដឹង​នូវ​សភាព​នៃ​បុគ្គល​មាន​ចិត្ដ​អាក្រក់​ និង​ភាព​នៃ​បុគ្គល​ពោល​ពាក្យ​សច្ចៈ​ ដោយ​ទឹក​ប្រយោគ​សំដី​ បុគ្គល​គប្បី​មើល​ឃើញ​នូវ​​ភាព​នៃ​បុគ្គល​មាន​ចិត្ដ​មិន​នឹង​ធឹង​ និង​ ភាព​នៃ​បុគ្គល​មាន​ចិត្ដ​មិន​រប៉ិល​រប៉ូច​ដោយ​ឃើញ​ប្រចក្ស​នឹង​ភ្នែក​។
១០០ - មែន​ពិត មេត្រី​ចិត្ដ​នៃ​បុគ្គល​មាន​ចិត្ដ​បរិសុទ្ធ​ មាន​សភាព​ម្យ៉ាង​ អែ​សំដី​នៃ​បុគ្គល​មាន​ចិត្ដ​អាក្រក់​ខិល​ខូច​ មាន​សភាព​ម្យ៉ាង​ទៀត​។​
១០១ - មនុស្ស​ចិត្ដ​អាក្រក់​ចិត្ដ​គិត​ផ្សេង​ សំដី​និយាយ​ផ្សេង​ទៀត​ កិរិ​យា​ប្រ​ព្រឹត្ដ​ធ្វើ​ផ្សេង​ទៅ​ទៀត​ អែ​បុគ្គល​មាន​មហា​ត្ម័ន​ ចិត្ដ​គិត សំដី​​និយាយ​ប្រព្រឹ​ត្ដ​ធ្វើ​តែ​មួយ​។

ប្រពៃ​ហើយ​! ប្រ​ពៃ​ហើយ​! សូម​អោយ​បង​បាន​សំរេច​តាម​ប្រា​ថ្នា​កុំ​បី​ឃ្លាត​ លុះ​និយាយ​ដូច្នោះ​ហើយ​ កណ្ដុរ​ហិរណ្យកៈ​ ព្រម​ព្រៀង​ចង​ស្ពាន​មេត្រី​រាប់​​អាន​ជា​មួយ​ នឹង ក្អែក​លឃុប​តនកៈ​ រៀប​ចំ​ភោជ​នា​ហារ​ ដ៏​ពិសេស​អោយ​ក្អែក​បរិ​ភោគ​ស្កប់​ស្កល់​ ហើយ​ក៏​លា​ចូល​ទៅ​កាន់​ព្រង់​របស់​ខ្លួន​ដូច​ប្រក្រ​ដីដើម​វិញ​ អែ​ក្អែក​ក៏​លា​ត្រលប់​ទៅ​កាន់​លំ​នៅ​ខ្លួន​ វិញ​ហោង​។ ចាប់​ដើម​តាំង​ពី​ថ្ងៃ​នោះ​រៀង​មក​ ក្អែក​លឃុប​តនកៈ​ តែង​ហើរ​ទៅ​ជួប​សន្ទនា​ជា​ទី​រីក​រាយ​សប្បាយ​ជា​មួយ​កណ្ដុរ​ហិរណ្យកៈ​ ចែក​អាហារ​គ្នា​បរិ​ភោគ​តាម​មាន​តាម​បាន​ សួរ​សុខ​ទុក្ខ​ទៅ​វិញ​ទៅ​មក ធ្វើ​ធម្ម​សា​កច្ឆា​សាក​សួរ​​គ្នា​​​ពី​គតិ​លោក​គតិ​ធម៌​រឿយ​ៗ ដោយ​សេច​ក្ដី​សិទ្ធ​ស្នាល​ដ៏​ក្រៃ​លែង​អស់​កាល​យូរ​អង្វែង​។

ថ្ងៃ​មួយ​ ក្អែក​លឃុ​ប​តនកៈ​និយាយ​ប្រឹក្សា​ជា​មួយ​កណ្ដុរ​ហិរណ្យកៈ​ថា​៖ «ហៃ​សំលាញ់​! ទី​នេះ​សត្វ​ក្អែក​ពិបាក​រក​ចំណី​អាហារ​ចិញ្ចឹម​ជីវិ​តណាស់​ ខ្ញុំ​គិត​ថា​លះ​បង់​ទីស្ថាន​នេះ​ ហើយ​ នឹង ហើរ​ទៅ​ស្វែង​រក​ទី​ស្ថាន​អែ​ទៀត​ដែល​ងាយ​រក​ចំណី​អាហារ​បរិ​ភោគ​ចិញ្ចឹម​ជិវិត​ជាង​ទី​នេះ​»។ កណ្ដុរ​ហិរណ្យ​កៈ ​ស្ដាប់​ពាក្យ​ក្អែក​ ហើយ​មាន​ចិត្ដ​បារម្ភ​ទើប​សួរ​ទៅ​ថា «នែ​សំលាញ់​! សំលាញ់​គិត​ទៅ​នៅ​ទី​ឋាន​ណា​វិញ​? ព្រោះ​ថា​៖

១០២ - អ្នក​មាន​ប្រាជ្ញា កាល​ដែល​លើក​ជើង​ក្រោយ​ លុះ​ត្រា​តែ​ជើង​មុខ​ជាន់​ស៊ុប​ហើយ​គឺ​ថា​ រក​ទី​ឋាន​អែ​ទៀត​បាន​ ហើយ​ទើប​លះ​បង់​ទី​ឋាន​ចាស់​ចោល​បាន​»(4)​។

ក្អែក​ប្រាប់​ថា​ ទី​ឋាន​ដែល​ខ្ញុំ​បាន​ពិនិត្យ​មើល​ឃើញ​ថា​ល្អ​នោះ​ មាន​មួយ​កន្លែង​។ កណ្ដុរ​ហិរណ្យ​កៈ​សួរ​វិញ​ថា​ «ចុះ​ទី​ឋាន​នោះ​នៅ​អែ​ណា​?​»​។ ក្អែក​ប្រាប់​ថា «មាន​ស្រះ​មួយ​ទឹក​ថ្លាយល់​ដី​ឈ្មោះ​កបូរ​គោរៈ​ (5) ឋិត​ក្នុង​ ព្រៃ​ទណ្ឌក​ មាន​អណ្ដើក​មួយ​ឈ្មោះ​មន្ថរៈ​ជា​មិត្រ​សំលាញ់​ខ្ញុំ​ចិត្ដ​ថ្លើម​ល្អ​ណាស់​ អាស្រ័យ​នៅ​ក្នុង​ស្រះ​នោះ​ព្រោះ​ថា​៖

១០៣ ការ​គ្រាន់​តែ​ប្រដៅ​នរ​ជន​ទាំង​ឡាយ​ដទៃ​ អោយ​គេ​បាន​ជា​បណ្ឌិត​ នរណា​ក៏​ធ្វើ​បាន​ងាយ​ តែ​ការ​ទូន្មាន​ខ្លួន​អែង​ អោយ​ប្រព្រឹត្ដ​ទៅ​តាម​គន្លង​ធម៌​ជា​ការ​ក្រ ធ្វើ​បាន​ចំពោះ​តែ​បុគ្គល​មាន​មហាត្ម័ន​។
អណ្ដើក​មន្ថរៈ​ជា​សំលាញ់​ខ្ញុំ​ មុខ​ជា​ធ្វើ​បដិ​សណ្ឋា​រៈ​ទទួល​ដោយ​គ្រឿង​ភោជ​នា​ហារ​ដ៏​ឆ្ងាញ់​ពិសា​ក្រៃ​លែង​»​។ កណ្ដុរ ហិរណ្យកៈ​ឆ្លើយ​តប​ទៅ​វិញ​ថា «បើ​​ដូច្នោះ​​មែន​​ រូប​ខ្ញុំ​នឹង​ក្រាញ​នៅ​ក្នុង​ទី​នេះ​តែ​ម្នាក់​អែង​ធ្វើ​អ្វី​ព្រោះ​ថា
១០៤ ប្រទេស​អែ​ណា​ មិន​មាន​គេ​រាប់​អាន​ មិន​មាន​ផ្លូវ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ មិន​មានញាតិ​សន្ដាន​ផៅ​ពង្ស​ រឺ ក៏​មិន​មាន​វិទ្យា​គម​ចំរើន​ចំណេះ​វិជ្ជា​ បុគ្គល​គប្បី​លះ​បង់​ប្រទេស​នោះ​ចេញ​។
១០៥ លោក​យាត្រា​ (ការ​លក់​ដូរ​)​១ សេច​ក្ដី​ភ័យ​១ អា​ម៉ាស់​មុខ​១ មេត្ដា​ករុ​ណា​១ ការ​បរិ​ចាគ​ទាន​១ ទី​ឋាន​ណា​មិន​មាន​ធម៌​៤​ប្រការ​នេះ​ទេ​ បុគ្គល​មិន​គប្បី​តាំង​ទី​ឋាន​អាស្រ័យ​នៅ​នៅ​ក្នុង​ទី​នោះ​ឡើយ​។
១០៦ មនុស្ស​សង​បំណុល​គេ​១ គ្រូ​ពេទ្យ​១ សមណ​ព្រាហ្មណ៍​ចេះ​ដឹង​​វេទ​១ ទន្លេ​មាន​ទឹក​ថ្លា​បរិសុទ្ធ​១ នែ​សំលាញ់​! ទី​ឋាន​ណា​មិន​មាន​វត្ថុ​៤​ប្រកា​រ​នេះ​ទេ បុគ្គល​មិន​គប្បី​តាំង​ទី​លំនៅ​ក្នុង​ទី​ឋាន​នោះ​ឡើយ​។

កណ្ដុរ​ហិរណ្យ​កៈ​និយាយ​ថា​ «សំលាញ់​អើយ​! បង​ចូរ​នាំ​គ្នា​ទៅ​ជា​មួយ​ផង​»​។ ក្អែក​នាំ​កណ្ដុ​ហិរណ្យ​កៈ​ទៅ​ កាល​បណ្ដើរ​គ្នា​ទៅ​និយាយ​សន្ទនា​គ្នា​ជា​ទី​រីក​រាយ​ សប្បាយ​ក្សេម​ក្សាន្ដ​តាម​ដំណើ​រ​ផ្លូវ​រៀង​ទៅ​ត្រា​តែ​ដល់​ស្រះ​នោះ​។ អែ​អណ្ដើក​មន្ថរៈ​កាល​ឃើញ​សត្វ​ទាំង​ពីរ​បណ្ដើរ​គ្នា​ត្រសង​តាំង​ពី​ចំងាយ​មក​ រីក​រាយ​សប្បាយ​ចិត្ដ​ណាស់​ ធ្វើ​បដិ​សណ្ឋារ​ដ៏​ខ្ពង់​ខ្ពស់​ តាម​ដែល​បាន​គិត​ទុក​មុន​ ទទួល​ក្អែក​ព្រម​ទាំង​កណ្ដុរ​ហិរណ្យកៈ​ជា​ភ្ញៀវ​ថ្មី​ដោយ​សក្ការៈ​រាប់​អាន​ដ៏​ក្រៃ​លែង​ព្រោះ​ថា​៖

១០៧ ទោះ​ក្មេង​តូច​ រឺ កំលោះ​ក្រមុំ​ ពុំ​នោះ​ចាស់​ព្រឹទ្ធា​ចារ្យ​ក៏​ដោយ​ ដែល​ជា​ភ្ញៀវ​មក​ដល់​ផ្ទះ​ហើយ​ បុគ្គល​គប្បី​រៀប​ចំ​គ្រឿង​សក្ការ​រាប់​អាន​ដល់​ជន​នោះ​ៗ ព្រោះ​អ្នក​ទាំង​នោះ​មក​ដល់​ផ្ទះ​ហើយ​ លោក​ទុក​ជា​គ្រូ​ទាំង​អស់​។
១០៨ ព្រះ​អគ្គី​ជា​គ្រូ​នៃ​ព្រាហ្មណ៍​ទាំង​ឡាយ​ ព្រាហ្មណ៍​ជា​គ្រូ​នៃ​ជន​វណ្ណៈ​អែ​ទៀត​ ប្ដី​ជា​គ្រូ​នៃ​ភរិយា​ទាំង​ឡាយ​ អែ​ភ្ញៀវ​ ដែល​មក​ដល់​ផ្ទះ​ជា​គ្រូ​ជន​ទាំង​អស់​។

ខណៈ​នោះ​ក្អែក​លឃុ​បតនកៈ​ និយាយ​ឡើង​ថា៖​ «ហៃ​បង​សំលាញ់​មន្ថរៈ​ សូម​សំលាញ់​រៀប​ទទួល​ភ្ញៀវ​ថ្មី​អោយ​ជា​ពិសេស​ ព្រោះ​ថា​ភ្ញៀវ​ថ្មី​នេះ​ជា​ស្ដេច​កណ្ដុរ​ឈ្មោះ​ហិរណ្យកៈ​ ជា​កំពូល​នៃ​អ្នក​ប្រព្រឹត្ដ​ធ្វើ​បុណ្យ​ទាន​ទាំង​ឡាយ​ ជា​កែវ​មុក្ដា​នៃ​មនុស្ស​មាន​មេត្តា​ករុណា​ទាំង​ឡាយ​ បើ​ទុក​ជា​ស្ដេច​នាគ​មាន​ជីវ្ហា​២០០០​ ខ្ញុំ​ជឿ​ថា​ មិន​អាច​ នឹង ពោល​សរ​សើរ​ពី​កិត្ដិ​គុណ​ស្ដេច​កណ្ដុរ​នេះ​អោយ​បាន​អស់​ឡើយ​» លុះ​ក្អែក​និយាយ​ដូច្នោះ​ហើយ​ក៏​ពណ៌នា​រឿង​ស្ដេច​ព្រាប​ចិត្ដ​គ្រីព​មក​ថ្លា​ថ្លែង​ប្រាប់​ទៀត​។ អណ្ដើក​មន្ថរៈ​បាន​ស្ដាប់​ពាក្យ​ក្អែក​ហើយ​ ក៏​មាន​ចិត្ដ​សាទរ​អិត​អុបមា​ ទើប​គោរព​បូជា​ កណ្ដុរ​ហិរណ្យក​ដ៏​ក្រៃ​លែង​ ហើយ​ពោល​ពាក្យ​ប្រស្រ័យ​​ថា៖ «នែ​សំលាញ់​ដ៏​ចំរើន​អើយ​! សូម​បង​មេត្តា​ប្រាប់​ហេតុ​ ដែល​នាំ​អោយ​មក​កាន់​ទី​ឋាន​និរ​ជន​ស្ងាត់​ដូច្នេះ អោយ​ខ្ញុំ​បាន​ដឹង​ផង​!»​។ កណ្ដុរ​ហិរណ្យកៈ​និយាយ​ប្រាប់​ថា​ «សូម​ចាំ​ស្ដាប់​ ខ្ញុំ​នឹង​ពណ៌នា​ពី​ប្រព្រឹត្ដ​ហេតុ​អោយ​ស្ដាប់​ដូច​ត​ទៅ​នេះ​»​។

(1) ការ​ប្រតិ​បត្ដិ​វត្ដ​តាម​ដំណើរ​ព្រះ​ចន្រ្ទ​តាម​ទំនៀម​ប្រទេស​អិណ្ឌា​។ ព្រត​នេះ​មាន​ច្រើន​បែប​ ព្រត​ដែល​គេ​ប្រតិ​បត្ដិ​ ដោយ​ច្រើន​នោះ​គឺ​ការ​ប្រព្រឹត្ដ​បរិ​ភោគ​បាយ ១៥​ពំនូត​នៅ​ថ្ងៃ​១៥​កើត​ ហើយ​បន្ថយ​១​ថ្ងៃ១​ពំនូត​ទៅ​ខាង​រនោច​គឺ​ ថ្ងៃ​ទី​២​ បរិ​ភោគ​១៤​ពំនូត​ ថ្ងៃ​ទី៣​ បរិ​ភោគ​ ១៣​ពំនួត​ ធ្វើ​ដូច្នេះ​រៀង​រាល់​ថ្ងៃ​ដល់​ទី​១៥​ គេ​អត់​អាហារ​។ ដល់​ខាង​ខ្នើត​ ថ្ងៃ ​១កើត​ គេ​បរិភោគ​កើន​១​ពំនូត​វិញ​ គឺ​ថ្ងៃ​ទី​១​បរិ​ភោគ​១​ពំនូត​ ថ្ងៃ​ទី​២​បរិភោគ​២​ពំនូត​ ធ្វើ​ដូច្នេះ​រៀង​ទៅ​ដល់​ថ្ងៃ​១៥​ កើត​គេ​បរិ​ភោគ​១៥​ពំនូត​។
(2)(ហិ​តោប​ទេស​បារាំង​របស់​លោក​ឡង់​សឺ​រូ និង​សៀម​របស់​លោក​នាគ​ប្រទីប​ មាន​គាថា​លើស​ដូច្នេះ​គឺ​ ទោះ​ពី​ក្មេង​កំលោះ​ក្រមុំ​ រឺ ចាស់​ ព្រឹទ្ធា​ចារ្យ​ ដែល​មក​ដល់​ផ្ទះ​ហើយ​ បុគ្គល​ត្រូវ​តែ​ជ្រះ​ថ្លា​ទទួល​រាក់​ទាក់​ដោយ​ការ​រាប់​អាន​យ៉ាង​ខ្ពង់ខ្ពស់​ ព្រោះ​ក្នុង​លោក​នេះ​ គេ​ទុក​ភ្ញៀវ​ជា​បុគ្គល​ខ្ពង់​ខ្ពស់​ជាង​ជន​ទាំង​ពួង​)​។
(3)ថ្ងៃ​ព្រះ​ជា​ម្ចាស់​សួគ៌​ គឺ​ថ្ងៃ​អាទិត្យ​គេ​កាន់​សីល​តម​ មិន​ធ្វើ​បាប មិន​ពាល់​សាច់​)
(4)ហិតោ​ប​ទេស​បារាំង​របស់​លោក​ឡង់​សឺ​រូ​មាន​គាថា​ផ្សេង​មួយ​ទៀ​តគឺ​ ធ្មេញ​ សក់ ក្រចក និង មនុស្ស​បើ​ផ្លាស់​ទី​កន្លែង​ថ្មី​ ក្រៅ​ពី​កន្លែង​ដើម​មិន​ល្អ​ទេ​អ្នក​មាន​ប្រាជ្ញា​រិៈ​គិត​អោយ​ជ្រាល​ជ្រៅ​ ហើយ​មិន​គួរ​លះ​បង់​ចោល​ទី​ថាន​ឡើយ​)
(5)មាន​ពណ៌​ដូច​កបូរ​)