ថ្ងៃសៅរ៍ ទី24.មិថុនា 2017.ម៉ោង 10:12
ការគប់មិត្ដ

កាល​នោះ​ មហា​បណ្ឌិត​វិសណុ​សម័ន​ ក្រាប​បង្គំ​ទូល​ព្រះ​រាជ​បុត្រ​ទាំង​ឡាយ​ ដែល​ប្រថាប់​នៅ​ក្នុង​ទី​ចំពោះ​មុខ​ដោយ​ សេច​ក្ដី​សុខ​សំរាន្ដ​លើ​ផ្ទៃ​នៃ​ប្រាសាទ​ ដោយ​ស្លោក​ដូច្នេះ​ថា​៖
១ - អ្នក​ប្រាជ្ញ​តែង​ប្រើ​កាល​វេលា​អោយ​ប្រព្រឹត្ដ​ទៅ​ដោយ​ការ​កំសាន្ដ​កាព្យ​សាស្រ្ដ​ មនុស្ស​ល្ងង់​តែង​ប្រើ​កាល​វេលា​ អោយ​ប្រព្រឹត្ដ​ទៅ​ដោយ​ការ​ប្រព្រិត្ដិ​សេច​ក្ដី​វិនាស​ដោយ​ការ​ដេក​ និង ដោយ​ការ​ឈ្លោះ​ទាស់​ទែង​។​ ព្រោះ​ហេតុ​នោះ​ទូល​ព្រះ​បង្គំ​ នឹង ពោល​កថា​ដ៏​វិចិត្រ​ មាន​រឿង​ក្អែក​ និង ​អណ្ដើក​ជា​ដើម​ចម​ ទុក​ជា​ព្រះ​សណ្ដាប់​ដើម្បី​​កំសាន្ដ​ព្រះ​ហ​រិទ័យ​នៃ​ទ្រង់​ទាំង​ឡាយ​។ ព្រះ​រាជ​បុត្រ​ទាំង​ឡាយ​ត្រាស់​តប​ថា​ បពិត​លោក​អាយិៈ​! សូម​លោក​មេត្តា​រាយ​ រឿង​នោះ​ៗ អោយ​ទាន​ស្ដាប់​។ បណ្ឌិត​វិសណុ​សម័​ន​ពោល​ពាក្យ​ដាស់​តឿន​ថា​ «បើ​ដូច្នោះ ​សូម​ទ្រង់​តាំង​ព្រះ​ទ័យ​ស្ដាប់​​ចុះ​ ការ​គប់​មិត្រ​នេះ​នឹង​ផ្ដើម​ពោល​អីលូវ​នេះ​ដូច​មាន​ស្លោក​ទុក​ជា​ខាង​ដើម​ថា​៖
២ - អ្នក​ប្រាជ្ញ​មាន​ចិត្ដ​ល្អ ​សូម្បី​ខ្សត់​ទ្រព្យ​ហើយ​អិត​កម្លាំង​ ក៏​អាច​ជួយ​កែ​ខៃ​អោយ​សំរេច​ប្រយោ​ជន៍​បាន​ដោយ​រួស​រាន់​ ដូច​រឿង​ក្អែក​ អណ្ដើក និង​កណ្ដុរ​។ ព្រះ​រាជ​បុត្រ​ទាំង​ឡាយ​សួរ​ថា «រឿង​នោះ​តើដូច​ម្ដេច​?» បណ្ឌិត​វិស​ណុ​សម័ន​ក្រាប​ទូល​ថា៖

រឿងក្អែក អណ្ដើក និង កណ្ដុរ

នៅ​​លើ​ត្រើយ​ស្ទឹង​គោ​ទាវ​រី​ មាន​ជ្រៃ​មួយ​ដើម​ធំ​ត្រសុំ​មែក​សាខា​ មែក​ត្រឈឹង​ត្រឈៃ​។ ពួក​ហ្វូង​បក្សី​ផ្សេង​ៗ លុះ​ដល់​វេលា​ទន់​ទាប​ព្រះ​សុរិ​យា​ល្ងាច​ថ្ងៃ​ហើយ​ តែង​បបួល​គ្នា​ហើរ​មក​ពី​ទិសា​នុទិស​ ច្រៀវ​ច្រៃ​ចូល​មក​ជ្រក​អាស្រ័យ​ អៃ​ដ៏​ដើម​ជ្រៃ​នោះ​។ សម័យ​មួយ​វេលា​ព្រឹក​ព្រាង​ស្វាង​ឡើង​ ជិត​អស់​ខែ​នៃ​រាត្រី​កាល​ហើយ​ ព្រះ​ចន្ទ​ជា​ទី​គោរព​ជា​នាយក​នៃ​កង​កោ​មុទ​ជាតិ​ លិច​បាត់​វង់​រស្មី​កំពូល​ភ្នំ​អស្ដ​ង្គត​ មាន​ក្អែក​មួយ​ឈ្មោះ​ លឃុ​បតនកៈ​ ភ្ញាក់​ឡើង​ពី​ពន់​ព្រ​លឹម​ ក្រឡេក​មើល​ទៅ​ឃើញ​ព្រាន​ម្នាក់​​មក​ដល់​ ប្រៀប​ដូច​ឃើញ​ព្រះ​យម​រាជ​ទី​២​ លុះ​ឃើញ​ហើយ​ក៏​រំពឹង​គិត​ថា​ ថ្ងៃ​នេះ​ឃើញ​អុបទ្រ​ព្យ​​ចង្រៃ​កើត​ឡើង​តាំង​ពី​ព្រលឹម​តែ​ម្ដង​ អាត្មា​អញ​មិន​គប្បី​ដឹង​បាន​ថា អុប​ទ្រព្យ​ចង្រៃ​នេះ​នឹង​ កើត​ប្រាកដ​ឡើង​បែប​ណា​! រំពឹង​គិត​ហើយ​ រន្ធត់​តក់​ស្លុត​ក្នុង​ចិត្ដ​អិត​អុប​មា​ ក៏​ហើរ​ឆ្លា​ទៅ​តាម​មើល​ស្នាម​ព្រាន​នោះ​ ច​រ​ទៅ​ ព្រោះ​ថា​៖​

៣ - មនុស្ស​ល្ងង់​តែង​ជួប​ប្រទះ​ប៉ះ​ទង្គិច​ ហេតុ​ដែល​​នាំ​អោយ​កើត​សេច​ក្ដី​សោក​មួយ​ពាន់​ដ​ង រឺ ហេតុ​ដែល​នាំ​អោយ​ កើត​ភ័យ​មួយ​រយ​ដង​​ក្នុង​មួយ​ថ្ងៃ​ៗ តែ​អ្នក​ប្រាជ្ញ​ជួប​ប៉ះ​ទង្គិច​ហេតុ​ដូច្នេះ​អិត​អង្គឺ​មាន​ឡើយ​។ នរ​ជន​នៅ​ក្នុង​លោក​នេះ គួរ​ធ្វើ​មន​សិការ​ដូច្នេះ​រាល់​ថ្ងៃ​កុំ​ខាន​។
៤ - ការ​ភ្ញាក់​ក្រោក​ឡើង​ពី​ព្រលឹម​ នរជន​គប្បី​ដាស់​សតិ​រលឹក​រាល់​ថ្ងៃ​ថា​ «មហា​ភ័យ​ទាំង​ឡាយ​ជិត​មក​ដល់​ហើយ​ បណ្ដា​មហា​ភ័យ​ទាំង​ឡាយ​នោះ​ ការ​ឈឺ​ចាប់​ សេច​ក្ដី​ស្លាប់​ និង​សេច​ក្ដី​ទុក្ខ​សោក​ភ័យ​ រឺ​អន្ដរាយ​អ្វី​មួយ​​មុខ​ជា​ធ្លាក់​មក​ដល់​អាត្មា​អញ​ក្នុង​ថ្ងៃ​នេះ​»​។
កាល​នោះ ព្រាន​បក្សី​នោះ​ខ្មី​ឃ្មាត​ ព្រោះ​គ្រាប់​ស្រូវ​ ហើយ​ត្រដាង​លប់​ លុះ​ចាត់​ចែង​សព្វ​គ្រប់​ហើយ​ ក៏​ពួន​អាត្មា​ក្នុង​ទី​មួយ​។ ក្នុង​កាល​នោះ​អែង​ ស្ដេច​ព្រាប​ចិត្រ​គ្រីព​ ហើរ​ចរ​មក​ពី​ចំងាយ​ ព្រម​ជា​មួយ​អន្លើ​ដោយ​ព្រាប​ជា​បរិ​វារ​​រេរា​ លើ​អាកាស​វេ​ហាស៍​ ឃើញ​គ្រាប់​ស្រូវ​រាត់​រាយ​ខ្ចាត់​ខ្ចាយ​ដូច្នោះ​ ក៏​ពោល​រំលឹក​ព្រាប​ជា​បរិ​វារ​ដែល​ល្មោភ​ចង់​ចុះ​ទៅ​​ស៊ី​គ្រាប់​ស្រូវ​នោះ​ថា​៖ «ហេតុអ្វី ក៏​មាន​គ្រាប់​ស្រូវ​នៅ​ក្នុង​ដង​ព្រៃ​ជ្រៅ ​នីរ​ជន​លន្លង់​​លន្លោច​ឆ្ងាយ​ពី​ទី​ថាន​មនុស្ស​ដូច្នេះ​ហ្ន៎​ ដំណើរ​នេះ​គួរ​ពិចារ​ណា​មើល​សិន​ យើង​ឃើញ​របស់​នេះ​នឹង​ទុក​ជា​លាភ​ចំរើន​ក៏​អិត​អង្គឺ​មាន​ ព្រោះ​ការ​ល្មោភ​ស៊ី​ គ្រាប់​ស្រូវ​នេះ នឹង ត្រលប់​អោយ​វិនាស​អន្ដរាយ​ ក្ដៅ​ក្រហាយ​ស្ដាយ​ក្រោយ​ដល់​យើង​គ្រប់​គ្នា​ក៏​សឹង​ថា​បាន​។
៥ - ​ព្រោះ​លោភ​ចង់​បាន​កង​មាស​ អ្នក​ដំណើរ​ម្នាក់​ធ្លាក់​ផុង​ជាប់​ក្នុង​បឹង​​ភក់​ជ្រៅ​ឡើង​មិន​រួច​ ត្រូវ​ខ្លា​ចាស់​សង្រ្គប់​ចាប់​ ហែក​ស៊ី​ស្លាប់​ទៅ​។ បរិ​វារ​សួរ​ឡើង​ថា រឿង​នោះ​តើ​ដូច​ម្ដេច​?​។ ស្ដេច​ព្រាប​ចិត្រ​គ្រីប​និយាយ​រឿង​ប្រាប់​ថា​៖

កថាទី១ រឿងអ្នកដំណើរ និង ខ្លាចាស់

ថ្ងៃ​មួយ​ កាល​ខ្ញុំ​ហិច​ហើរ​កាត់​ឆ្លង​ទក្សិណា​រណ្យ​ ខ្ញុំ​បាន​ឃើញ​រឿង​នេះ​ មាន​ខ្លា​ចាស់​មួយ​ធ្វើ​ពិធី​មុជ​ទឹក​លាង​បាប​ (1) ហើយ​ឡើង​មក​ដៃ​កាន់​ស្បូវ​ភ្លាំង​ ឈរ​ទៀប​មាត់​ស្រះ​ ស្រែក​ហៅ​អ្នក​ដំណើរ​ម្នាក់ថា​៖​ «នែ​អ្នក​ដើរ​!​ អ្នក​ចូល​មក​យក​កង​មាស​អែ​នេះ​​»។ លំដាប់​នោះ​ អ្នក​ដំណើរ​បាន​លឺ​ហើយ​ ក៏​មាន​ចិត្ដ​ចង់​បាន​កង​មាស​ដោយ​ក្ដី​លោភ​ទើប​គិត​ថា​ «អាត្មា​អញ​មាន​បុណ្យ​វាសនា​ធំ​ណាស់​ត្រូវ​បាន​​កង​មាស​ តែ​ក្នុង​ទី​នេះ​​ប្រកប​ដោយ​សេច​ក្ដី​រង្គៀស​​ក្រែង​មាន​សេច​ក្ដី​អន្ដ​រាយ​​ដល់​អាត្មា​ មិន​គួរ​ពាន​ពារ​ខ្លួន​ទេ​ព្រោះ​ថា​៖
៦ - ការ​ស្វែង​លាភ​ ក្នុង​វត្ថុ​ដែល​ពេញ​ចិត្ដ​អំពី​មនុស្ស​អា​ក្រក់​ មិន​មែន​ជា​គតិ​ល្អ​ទេ​ ព្រោះ​ថា ទឹក​អំរឹត​លាយ​ដោយ​ពិស​ពុល​មាន​ក្នុង​ទី​ណា​ គេ​អាច​ស្លាប់​បាន​ក្នុង​ទី​នោះ​។ ការ​ស្វែង​រក​ទ្រព្យ​ក្នុង​ទី​ទាំង​ពួង​ នឹង ថា​មិន​ត្រូវ​ពាន​ពារ​អុបស័គ្គ​ក៏​មិន​មែន​ ព្រោះ​ថា​៖
៨ - ការ​បូជា​យញ្ញ​១ ការ​សិក្សា​ព្រះ​វេទ​១​ ទាន​១​ តបៈ​១ សច្ចៈ​១ សន្ដោស​១ សេច​ក្ដី​អត់​ធន់​១​ និង​ការ​មិន​លោភ​១ ទាំង​ ៨​ប្រការ​នេះ​ជា​បដិ​បទា​នៃ​ព្រះ​វេទ​ បុគ្គល​គប្បី​ចាំ​ទុក​ចុះ​។​
៩ - បណ្ដា​ធម៌​ ៨​ប្រការ​នេះ​ ធម៌​៤​ប្រការ​ខាង​ដើម​គេ​ប្រតិ​បត្ដិ​ ដើម្បី​បង្អួត​ រឺ ឆ​បោក​ក៏​បាន​ ធម៌​៣​ប្រការ​ខាង​ចុង​ ស្ថិត​នៅ​បាន​ចំពោះ​បុគ្គល​មាន​មហា​ត្ម័ន​ (មាន​ចិត្ដ​ប្រ​សើរ​)។
អីលូវ​នេះ​ ខ្ញុំ​អស់​សេច​ក្ដី​លោភ​រលីង​ហើយ​ រហូត​ដល់​ចង់​អោយ​កង​មាស​ដែល​នៅ​ក្នុង​ដៃ​ខ្ញុំ​នេះ​ ជា​ទាន​ដល់​អ្នក​ថែម​ទៀត​ តែ​បើ​ទុក​ជា​ខ្ញុំ​ប្រព្រឹត្ដ​ល្អ​ដូច្នេះ​ ក៏​នៅ​តែ​ពិបាក​ នឹង​ គេច​ រឺ ឃាត់​ហាម​លោក​ប្រវាទ​ (2) ពាក្យ​ញុះ​ញង់​ស៊ក​សៀត​ មនុស្ស​លោក​ថា​ «ខ្លា​ស៊ី​មនុស្ស​» ព្រោះ​ថា​៖​
១០ - មនុស្ស​លោក​ តែង​ផ្អៀង​ទៅ​តាម​ដំណើរ​ហេតុ​ដែល​កន្លង​ទៅ​ហើយ​ មិន​ជឿ​ទុក​ចិត្ដ​ស្រ្ដី​ផ្កា​មាស​ ដែល​គេ​បាន​អោយ​អុប​ទេស​ (គេ​បាន​ទូន្មាន​ល្អ)​ ហើយ​មិន​គិត​យក​ធម៌​ជា​ប្រមាណ​ ដូច​គេ​មិន​ជឿ​ទុក​ចិត្ដ​ព្រាហ្ម​ណ៍​ដែល​ធ្លាប់​កាប់​សំលាប់​គោ​។
មួយ​ទៀត​គម្ពីរ​ធម៌​សាស្រ្ដ​ខ្ញុំ​ក៏​បាន​រៀន​សូត្រ​អស់​ជើង​ហើយ​សូម​អញ្ជើញ​អ្នក​ត្រង​ត្រាប់​ស្ដាប់​ដូច​ត​ទៅ​នេះ​៖
១១ - បពិត្រ​ព្រះ​បាទ​បាណ្ឌ​នន្ទនៈ​(3) (3)នាម​ព្រះ​បាទ​បាណ្ឌ​ពក្ស​ត្រីយ៍​មាន​បង​ប្អូន​ ៥​ព្រះ​អង្គ​ ក្នុង​រឿង​មហា​ភារតៈ​ ជា​អោ​រស​ នាង​កុន្ដី​ បាន​ជា​នាម​ខ្លះ​ថា​កោនេ្ដ​ជា​) ភ្លៀង​ដែល​បង្អុរ​ចុះ​លើ​ផែន​ពសុធា​ ដែល​រីង​ហែង​រហួត​យ៉ាង​ណា​ ការ​អោយ​ភោជ​នា​ហារ​ដល់​ជន​ស្រេក​ឃ្លាន​អត់​បាយ​ក្រហាយ​ទឹក​ក៏​យ៉ាង​នោះ​ដែរ​។​ ការ​អោយ​ទាន​ដែល​បាន​ផលា​និសង្ស​ច្រើន​ គឺ​ការ​អោយ​ទាន​ដល់​មនុស្ស​ទី​ទ័ល​ក្រ​លំបាក​តោក​យ៉ាក​។
១២ -ជីវិត​របស់​ខ្លួន​ជា​ទី​ស្រលាញ់​ពេញ​ចិត្ដ​យ៉ាង​ណា​ ជីវិត​របស់​អ្នក​ដ៏ទៃ​ក៏​យ៉ាង​នោះ​ដែរ​។ លោក​សប្បុ​រស​ទាំង​ឡាយ​ តែង​ធ្វើ​សេច​ក្ដី​មេត្តា​ករុណា​ ព្រោះ​​លោក​យក​ខ្លួន​របស់​លោក​ជា​គ្រឿង​អុបមា​។ មួយ​ទៀត​លោក​ពោល​ទុក​ថា​៖ ១៣ - កំណាញ់​និង​ការ​អោយ​ទាន​ សេច​ក្ដី​សុខ និង​សេច​ក្ដី​ទុក្ខ​ ស្រ​លាញ់និង​ស្អប់​បុគ្គល​អាច​យក​ប្រមាណ​សេច​ក្ដី​បាន​ ដោយ​យក​ខ្លួន​អាត្មា​ជា​គ្រឿង​អុបមា​។
១៤ - នរ​ជន​ណា​ឃើញ​ភរិ​យា​អ្នក​ដទៃ​ ទុក​ស្មើ​ដោយ​មាតា​របស់​ខ្លួន​ ឃើញ​ទ្រព្យ​អ្នក​ដ៏​ទៃ​ទុក​ស្មើ​ដោយដុំថ្ម ឃើញ​សព្វ​សត្វ​ទាំង​ឡាយ​ទុក​ស្មើ​ដោយ​រូប​ខ្លួន​ នរ​ជន​នោះ​លោក​ហៅ​ថា​ «បណ្ឌិត»​។ ខ្លួន​អ្នក​ជា​បុគ្គល​ទុគ៌ត​កំសត់​ក្រី​ក្រ​ក្រៃ​លែង​ ព្រោះ​ហេតុ​នោះ​ទើប​ខ្ញុំ​ខំ​ប្រឹង​ប្រែង​ជា​បំផុត​ នឹង​អោយ​ទាន​ដល់​អ្នក​ព្រោះ​ថា​៖​
១៥ - បពិត​ព្រះ​បាទ​បាណ្ឌុព​ (មើល​លេខ​១១​) សូម​ទ្រង់​មេត្តា​ករុណា​ចិញ្ចឹម​អ្នក​ក្រី​ក្រ​កំសត់​ទុគ៌ត​ កុំ​ប្រ​ទាន​ទ្រព្យ​ដល់​ អិស្ស​រ​ជន​ដែល​មាន​ទ្រព្យ​ច្រើន​ឡើយ​ ដូច​ជា​អោយ​អោស​ថ​ជា​ប្រយោ​ជន៍​ដល់​អ្នក​ជម្ងឺ​ឈឺ​ចាប់​ទុរន​ទុរា​ ជន​អិត​រោគា​ព្យាធិ​ត្រូវ​ការ​ អ្វី​ដោយ​អោសថ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​?​។
១៦ - ទានជា​របស់​គួរ​គប្បី​អោយ​ តែ​អោយ​ដល់​អ្នក​មិន​មាន​អុប​ការ​គុណ​ មិន​សូវ​មាន​ប្រយោជន៍​ទេ ការ​អោយ​ទាន​ ដែល​អ្នក​ប្រាជ្ញ​ពោល​ថា​ប្រកប​ដោយ​ផល​ប្រយោជ​ន៍​នោះ គឺ​អោយ​ទាន​ត្រូវ​តាម​កាលៈ​ទេសៈ​ និង​អោយ​ដល់​បុគ្គល​ មាន​គុណ​គួរ​អោយ​។

ដូច្នេះ​ អ្នក​ចូរ​ទៅ​មុជ​ទឹក​លាង​បាប​ ក្នុង​ត្រពាំង​នេះ​អោយ​ស្អាត​បាត​សិន​ ហើយ​សឹម​ឡើង​មក​យក​កង​មាស​ពី​ខ្ញុំ​ចុះ​។ លំដាប់​នោះ​អ្នក​ដំណើរ​បាន​ស្ដាប់​ពាក្យ​ខ្លា​ចាស់​ពោល​ល​លួង​អោយ​វង្វេង​ស្លុង​ស្លាប់​គំនិត​ហើយ​ ដើរ​ចុះ​ទៅ​មុជ​ទឹក​លាង​បាប​ ក្នុង​ត្រពាំង​នោះ​ដោយ​ចិត្ដ​លោភ​លន់​ពន់​ប្រមាណ​ក៏​ផុង​ប្រាណ​លង់​ទ្រ​នេស​ជាប់​ក្នុង​បឹង​ភក់​ជ្រៅ​ នឹង​គេច​វេះ​រត់​លូន​ទៅ​ពួន​ក្នុង​ទី​អែ​ណា​ក៏​ពុំ​បាន​ រី​ខ្លា​ចាស់​ កាល​ឃើញ​អ្នក​ដំណើរ​ផុង​លង់​ទ្រ​នេស​ ស៊ប់​ជាប់​ក្នុង​ភក់​រើ​ខ្លួន​មិន​​រួច​​សម​បំណង​ហើយ​ ទើប​ក្លែង​ធ្វើ​ជា​ស្រែក​ជួយ​ភ័យ​ថា «ហា៎​! ហា៎​! យី​អ្នក​ផុង​លង់​ក្នុង​ភក់​ហើយ​តើ​! មិន​អីទេ​ ចាំ​ខ្ញុំ​ចុះ​ទៅ​ជួយ​ស្រង់​ អ្នក​កុំ​ភ័យ​!​ ថា​ហើយ​ក៏​ដើរ​ចុះ​សន្សឹម​បន្ដិច​ៗ​ ស្ទាប​ស្ទង់​មើល​ ធ្វើ​ជា​ខ្លាច​ផុង​ខ្លួន​អែង​ ចូល​ទៅ​ចាប់​ អ្នក​ដំណើរ​នោះ​។ អែ​អ្នក​ដំណើរ​ កាល​បើ​ខ្លា​ចូល​ទៅ​សង្រ្គប់​ជាប់​ក្នុង​ដៃ​ហើយ​នឹក​អាណិត​ខ្លួន​ទើប​ពោល​បន្ទោស​​ខ្លួន​អែង​ថា​៖​

១៧ - បុគ្គល​ចិត្ដ​អាក្រក់​សាមាន្យ​ នឹង​សំគាល់​បាន​ដោយ​អាង​ហេតុ​ថា «ចេះ​ពោល​ធម្ម​សាស្រ្ដ​» ក៏​មិន​មែន​ រឺ​ថា​ «ចេះ​ស្វាធ្យាយ​គម្គីរ​ព្រះ​វេទ​» ក៏​មិន​មែន​ដែរ​ មធុ​រស​នៃ​ទឹក​ដោះ​គោ​រមែង​ផ្អែម​ល្ហែម​ទៅ​តាម​ប្រ​ក្រតី​របស់​ទឹក​ដោះ​យ៉ាង​ណា​ សភាព​សត្វ​លោក​ក្នុង​សំសារ​វដ្ដ​នេះ​លោក​ពោល​ថា ដូច​គ្នា​យ៉ាង​នោះ​អែង​។
១៨ - ការ​ធ្វើ​អ្វី​ទាំង​ពួង​ នៃ​បុគ្គល​អ្នក​មាន​អិន្រ្ទីយ​ និង​ចិត្ដ​មិន​លុះ​នៅ​ក្នុង​អំណាច​ខ្លួន​ ក៏​មិន​ជា​ផល​​ ដូច​ជា​ការ​លាង​ជំរះ​ដំរី​ (4) ពុំ​នោះ​ការ​ចេះ​ដឹង​ បើ​ប្រាស​ចាក​ការ​ធ្វើ​អោយ​ជា​ប្រយោ​ជន៍​ហើយ​ ក៏​ធ្ងន់​ខួរ​ក្បាល​អិត​អំពើ​ ដូច​ជា​ការ​បំពាក់​គ្រឿង​អលង្កា​ បំប៉ន​អោយ​ភរិយា​ចង្រៃ​ បាន​តែ​ធ្ងន់​ខ្លួន​អិត​ប្រយោ​ជន៍​។ អាត្មា​អញ​ ធ្វើ​សេច​ក្ដី​ស្និទ្ធ​ស្នាល​ទុក​ចិត្ដ​ មនុស្ស​អាក្រក់​សាមាន្យ​ចូល​ ចិត្ដ​សំលាប់​គេ​ ដោយ​ហេតុ​អែ​ណា​ ហេតុ​នោះ​អាត្មា​អញ​ឈ្មោះ​ថា​មិន​ធ្វើ​សេច​ក្ដី​ចំរើន​ទេ​ព្រោះ​ថា​៖
១៩ - បុគ្គល​មិន​គប្បី​ធ្វើ​សេច​ក្ដី​សិ្នទ្ធ​ស្នាល​ទុក​ចិត្ដ​ទឹក​ទន្លេ​ បុគ្គល​មាន​សាស្រ្ដា​វុធ​ក្នុង​ដៃ ​សត្វ​មាន​ក្រចក​មុត​ សត្វ​មា ន​ស្នែង​ និង​ស្រ្ដី​ក្នុង​រាជ​ក្រកូល​ទាំង​ឡាយ​។
២០ - សភាព​(លក្ខណៈ)​ នៃ​បុគ្គល​ទាំង​អស់​ក្នុង​លោក​នេះ​គេ​មើល​ឃើញ​ច្បាស់​ប្រាកដ​ តែ​គុណ​ធម៌​ទាំង​ឡាយ​នៃ​បុគ្គល​ គេ​មើល​មិន​ឃើញ​ងាយ​ទេ​ សភាព​នៃ​បុគ្គល​នីមួយ​ៗ​ កំចាត់​បង់​នូវ​គុណ​ធម៌​ទាំង​ពួង​ ហើយ​ចូល​ទៅ​ទំ​នៅ​លើ​ក្បាល​បាន​។
២១ - មែន​ពិត​ ព្រះ​ចន្ទ​ទ្រ​ទ្រង់​នូវ​សហស្ស​រង្សី​ ត្រាច់​ចរ​រុង​រឿង​អៃ​នភា​ល័យ​ប្រទេស​​ កំចាត់​បង់​នូវ​ងងឹត​អន្ធ​ការ​អ័ព្វ​ សូន្យ​សុង​កណ្ដាល​ដួង​តារា​ព្រោង​ព្រាត​ សូម្បី​មាន​រិទ្ធ​ដល់​ម្លោះ​ ដល់​គ្រោះ​ជោគ​គ្រោះ​ជាំ​ ក៏​ត្រូវ​រាហ៊ូ​ចាប់​លេប​បាន​ នរ​ណា​ហ្ន៎​! ​អាច​វេះ​គេច​អោយ​រួច​ពី​លិខិត​ដែល​ព្រះ​ជា​ម្ចាស់​ត្រា​ទុក​អៃ​ដ៏​ថ្ងាស​បាន​?​។
រី​អ្នក​ដំណើរ​នោះ​ កាល​កំពុង​ត្រិះ​រិះ​ពិចា​រណា​ដូច្នេះ​ ត្រូវ​ខ្លា​ចាស់​ខាំ​ជញ្ជែង​ហែក​ស៊ី​ស្លាប់​វិនាស​អន្ដរ​ធាន​អៃ​ដ៏​កាល​នោះ​ហោង​។ ហេតុ​នេះ​បាន​ជា​ខ្ញុំ (ស្ដេច​ព្រាប) ពោល​ជា​ស្លោក​មាន​អាទិ៍​ថា៖​ «ព្រោះ​លោភ​ចង់​បាន​កង​មាស​ដូច្នេះ​ជា​ដើម​(លេខ​៥)​។ ព្រោះ​ហេតុ​នោះ ការ​ងារ​ផង​ទាំង​ពួង​ដែល​មិន​បាន​ពិចារ​ណា​ អោយ​ជុំ​វិញ​ខ្លួន​សព្វ​គ្រប់​ មិន​គួរ​គប្បី​ធ្វើ​ឡើយ​ព្រោះ​ថា​៖​
២២ - អាហារ​ដែល​រលួយ​ល្អ​ កូន​មាន​ប្រាជ្ញា​ឆ្លៀវ​ឆ្លាត​ ភរិយា​ស្ដាប់​បង្គាប់​អោ​វាទ​ព្រះ​នរ​បតី​មាន​ប្រជា​រាស្រ្ដ​ស្វាមី​​ភ័ក្ដិ​ គិត​គូរ​អោយ​ល្អិត​ល្អ​ហើយ​ ទើប​និយាយ​ ពិចារ​ណា​អោយ​ជុំ​វិញ​ខ្លួន​ហើយ​ទើប​ធ្វើ​ ទាំង​អស់​នេះ​លោក​ពោល​ថា សូម្បី​ស្ថិត​នៅ​អស់​កាល​យូរ​អង្វែង​ក៏​ដោយ​ ក៏​មិន​ឃ្លាត​ក្លាយ​ទៅ​ជា​អ្វី​ឡើយ​។​ កាល​នោះ​ មាន​ព្រាប​ជា​បរិ​វារ​មួយ​ បាន​លឺ​ស្ដេច​ព្រាប​ពោល​ថា​ដូច្នេះ​​ហើយ​ ក៏​ទាស់​ចិត្ដ​និយាយ​ដោយ​អាការ​ទ្រនង់​ យង់​ឃ្នង​ថា​៖ អា៎​! ដូច​ម្ដេច​ក៏​លោក​មាន​ប្រសា​សន៍​ដូច្នេះ​?​។
២៣ - បើ​មាន​ការ​អន្ដ​រាយ​មក​ដល់​ជិត​ បុគ្គល​គប្បី​កាន់​តាម​ពាក្យ​ចាស់​ព្រឹទ្ធា​ចារ្យ​ តែ​បើការ​ពិចារ​ណា​អោយ​សព្វ​ គ្រប់​យ៉ាង​នោះ​ហើយ​សូម្បី​ស្វែង​រក​អាហារ​ភោជន​ក៏​មិន​ត្រូវ​ស្វែង​រក​ដែរ​។
២៤ - បុគ្គល​ដែល​ស្វែង​រក​បាយ​នំ​ចំណី​ លើ​ផែន​ពសុធា​នេះ​សុទ្ធ​សឹង​ ប៉ះ​ទង្គិច​ដោយ​សេច​ក្ដី​រង្គៀស​ភ័យន្ដ​រាយ​ទាំង​ឡាយ​ និង​ប្រ​ព្រឹត្ដ​ស្វែង​រក​ក្នុង​កាល​ណា​? ធ្វើ​ម្ដេច​ហ្ន៎ គេ​នឹង​អាច​ចិញ្ចឹម​ជីវិត​អោយ​ប្រ​ព្រឹត្ដ​ទៅ​បាន​?​។
២៥ - បុគ្គល​មាន​អិច្ឆា​ឈ្នានិ​ស​ បុគ្គល​ពោល​ពាក្យ​និន្ទា​រិះ​គន់​ បុគ្គល​មិន​សន្ដោស​ បុគ្គល​ក្រោធ​ច្រើន​ បុគ្គល​មាន​សេ​ច​ក្ដី​រង្គៀស​ជានិច្ច​ និង​បុគ្គល​ពឹង​ផ្អែក​ស៊ី​ដោយ​សារ​បុគ្គល​ដទៃ​ បុគ្គល​ទាំង​៦​ បែប​នេះ​ត្រូវ​ទទួល​ចំណែក​​នៃ​សេច​ក្ដី​ទុក្ខ​។ ព្រាប​ជា​បរិវារ​ទាំង​ឡាយ​ លុះ​បាន​ស្ដាប់​ពាក្យ​ព្រាប​អ្នក​និយាយ​នោះ​ ហើយ​ក៏​បបួល​គ្នា​ហើរ​ត្រសង​ទៅ​ចុះ​ ក្នុង​ស្រែ​នោះ​ ព្រោះ​ថា​៖
២៦ - បុគ្គល​ជា​ពហូ​សូត្រ​ ចេះ​ដឹង​នូវ​សាស្រ្ដ​វិជ្ជា​ទាំង​ឡាយ​ច្រើន​មហិមា​ អារ​កាត់​នូវ​សេច​ក្ដី​សន្ទិះ​សង្ស័យ​គ្រប់​ប្រការ​​បាន​ កាល​បើ​សេច​ក្ដី​លោភ​ចង់​បាន​មក​បំបាំង​គំនិត​អោយ​ល្ងិត​សូន្យ​សុង​ហើយ​ ក៏​តែង​ទទួល​សេច​ក្ដី​ទុក្ខ​លំបាក​តោក​យ៉ាក​។​
២៧ - សេច​ក្ដី​ក្រោធ​មាន​ដើម​កំណើត​មក​ពី​លោភៈ​ កាម​រាគ​កើត​មក​​ពី​លោភៈ​ មោហៈ ​និង​សេច​ក្ដី​វិនាស​ ក៏​កើត​មក​ ពី​លោភៈ​ដែរ​ ព្រោះ​ហេតុ​នោះ​លោភៈ​ ជា​ប្រភព​នៃ​សេ​ច​ក្ដី​អាក្រក់​គ្រប់​ប្រការ​។
២៨ - ដោយ​ពិត​ ប្រើស​មាស​មិន​ដែល​កើត​មាន​ទេ​ បើ​ទុក​ជា​ដូច្នេះ​ ព្រះ​រាម​ក៏​ទ្រង់​នៅ​តែ​ជាប់​ព្រះ​ទ័យ​ចង់​បាន​ប្រើស​មាស​ រី​សេច​ក្ដី​អន្ដ​រាយ​ក្នុង​កាល​វិបត្ដិ​មក​ដល់​ សូម្បី​ប្រាជ្ញ​នៃ​បុរស​ជាតិ​ ក៏​ត្រលប់​ជា​ងងឹត​ងងល់​ គិត​មិន​យល់​បាន​ដែរ​ លំដាប់​នោះ​ព្រាប​ទាំង​ឡាយ​ត្រូវ​ជាប់​លប់​ក្រញង់​ទាំង​អស់​គ្នា។
ព្រាប​ទាំង​ឡាយ​ដែល​ជឿ​ស្ដាប់​ពាក្យ​ព្រាប​ជា​អ្នក​និយាយ​នោះ​ ​ក៏​ជេរ​ប្រទេច​ផ្ដា​សា​រអ៊ូ​រ​ទាំ​ដោយ​ប្រការ​ផ្សេង​ៗ​ ព្រោះ​ថា​៖
២៩ - (5)បុគ្គល​មិន​គប្បី​ ចេញ​មុខ​ជា​មេ​គណៈ​ ធ្វើ​ការ​ងារ​ដែល​សំរេច​ប្រយោ​ជន៍​ទៅ​ហើយ​ ត្រូវ​បាន​ផល​ស្មើ​គ្នា​ទេ​ ព្រោះ​ថា​ បើ​ការ​ងារ​នោះ​អន្ដ​រាយ​វិញ​ អ្នក​ចេញ​មុខ​នោះ​ត្រូវ​ស្លាប់​នៅ​ទី​នោះ​មុន​គេ​។ កាល​ដែល​ព្រាប​ទាំង​ឡាយ​កំពុង​រអ៊ូ​រទាំ​ពោល​ទោស​ព្រាប​អ្នក​និយាយ​នោះ​ ស្ដេច​ព្រាប​ប្រាប់​អោយ​ដឹង​ថា​«ទោស​នេះ​មិន​មែន​ទោស​ព្រាប​ជា​អ្នក​នាំ​នោះ​ទេ​» ព្រោះ​ថា​៖​
៣០ - សូម្បី​មិត្រ ជា​អ្នក​ធ្វើ​ប្រយោ​ជន៍​អោយ​ពិត​ៗ​ ក៏​អាច​ក្លាយ​ទៅ​ជា​ដើម​ហេតុ​នាំ​បណ្ដាល​អោយ​កើត​អន្ដ​រាយ​ធ្លាក់​មក​បាន​ ដូច​ជា​ស្មង​មេ​គោ​អាច​ទៅ​ជា​ស្នឹង​ចង​កូន​គោ​។​
៣១ - អ្នក​ណា​មួយ​ អាច​ជួយ​អ្នក​មាន​គ្រោះ​អោយ​រួច​ពី​ក្ដី​អន្ដ​រាយ​ដែល​មក​ដល់​ អ្នក​នោះ​លោក​ទុក​ជា​ផៅ​ពង្ស​ អែ​អ្នក​បណ្ឌិត​ មាត់​បាន​តែ​ពោល​​បន្ទោស​ទម្លាក់​ខុស​ទៅ​គេ​ អួត​ថា​ខ្លួន​ជួយ​ស្រោច​ស្រង់​អោយ​រួច​ពី​សេច​ក្ដី​ភិត​ភ័យ​ នឹង​ទុក​ថា​ជា​ផៅ​ពង្ស​ពុំ​បាន​ឡើយ​។​
ក្នុង​គ្រា​ក្រ​ ការ​ថយ​កំលាំង​ទឹក​ចិត្ដ​ជា​លក្ខណៈ​បុរស​គំរក់​។ ក្នុង​រឿង​នេះ ​ត្រូវ​សំដែង​សេច​ក្ដី​ម៉ឺង​ម៉ាត់​អង់​អាច​ ហើយ​ត្រិះ​រិះ​រក​អុបាយ​រើ​ខ្លួន​ត​ទៅ​ ព្រោះ​ថា​៖​
៣២ - (6)(5)ចិត្ដ​ម៉ឺង​ម៉ាត់​ក្នុង​គ្រា​ក្រ​ទុក្ខ​ព្រួយ​ចិត្ដ​នឹង​ធឹង​ក្នុង​គ្រា​សុខ​ចំរើន​ សេច​ក្ដី​អង់​អាច​ក្នុង​ទី​ប្រជុំ​ដោយ​សំដី​ថ្វី​មាត់ ចិត្ដ​ក្លៀវ​ក្លា​ក្នុង​រណរង្គ​ (7)ចិត្ដ​ត្រេក​អរ​ក្នុង​យស​ និង ចិត្ដ​ស្រវា​ស្រ​ទេញ​ក្នុង​ការ​សិក្សា​ទាំង​អស់​នេះ ជា​សក្ខណៈ​សម្បត្ដិ​មាន​ជា​ប្រ​ក្រតី​ ចំពោះ​តែ​បុគ្គល​មាន​មហា​ត្ម័ន​ (មាន​ចិត្ដ​ប្រ​សើរ​)​។
៣៣ - អ្នក​ណា​មិន​រីក​រាយ​ហួស​ហេតុ​ក្នុង​គ្រា​បាន​សេច​ក្ដី​សុខ​ចំរើន​ មិន​ខូច​កំលាំង​ទឹក​ចិត្ដ​ ក្នុង​គ្រា​ក្រ​ទុក្ខ​ព្រួយ​ មាន​សេច​ក្ដី​ក្លា​ហាន​ក្នុង​រណ​រង្គ (សមរ​ភូមិ​ទី​ចំបាំង​ជាញ​ជ័យ​) មាតា​បង្កើត​កូន​ដែល​មាន​តិលកៈ​ (8) ដូច្នេះ​ក្នុង​លោក​ទាំង​​បី​នេះ​កម្រ​មាន​ណាស់​។
៣៤ - ក្នុង​លោក​នេះ​ ទោស​៦​ប្រការ​ បុគ្កល​ប្រាថ្នា​សេច​ក្ដី​សុខ​ចំរើន​ គួរ​គប្បី​លះ​បង់​ចោល​ គឺ​ដេក​ទ្រមក់​១​ ខ្ជិល​ច្រ​អូស​១ ភ័យ​មួយ​១ ក្រោធ​១ ទន់​មូរ​មុខ​១ ​និង​ ឡេ​ឡា​យឺត​យូរ​ក្រោយ​គេ​១​។ អីលូវ​នេះ​ គួរ​យើង​ទាំង​អស់​គ្នា​ធ្វើ​យ៉ាង​នេះ​ត្រូវ​អ្នក​ទាំង​អស់​ស្រុះ​ចិត្ដ​គ្នា​តែ​មួយ​ហើយ​ស្ទុះ​ហើរ​តែ​មួយ​អែក​កប្ប ​ហារ​អោយ​ព្រម​គ្នា ទើប​របើក​លប់​រួច​ខ្លួន​បាន ​ព្រោះ​ថា​៖​
៣៥ - ការ​វេញ​ចង​បាច់​វត្ថុ​អ្វី​មួយ​ សូម្បី​តូច​ឆ្មារ​អោយ​រួប​រួម​គ្នា​ ក៏​អាច​ញ៉ាំង​ការ​ងារ​អោយ​សំរេច​ប្រយោ​ជន៍​បាន​ ដូច​គេ​ប្រមូល​ស្មៅ​វេញ​ជា​ទន្លីង​យក​ទៅ​ធ្លីង​ដំរី​ចុះ​ប្រេង​អោយ​ជាប់​បោល​ទៅ​ណា​មិន​រួច​។
៣៦ -ការ​ចង​បាច់​វង្ស​ត្រកូល​របស់​ខ្លួន​សូម្បី​ពីរ​បី​អ្នក​ អោយ​រួប​រួម​មូល​ត្រកូល​គ្នា​ ក៏​ជា​ការ​គាប់​ប្រសើរ​ល្អ​ណាស់​ ដូច​គ្រាប់​ស្រូវ​ដែល​បក​សំបក​ចេញ​ ហើយ​យក​ទៅ​សាប​ព្រោះ​មិន​ដុះ​លូត​លាស់​ឡើង​បាន​ទេ​។ លុះ​ព្រាប​ទាំ​ង​ឡាយ​ បាន​ស្ដាប់​ពាក្យ​ណែ​នាំ​ស្ដេច​ព្រាប​ ឈ្មោះ​ចិត្ដ​គ្រីព​ហើយ​ ព្រម​ព្រៀង​បបួល​គ្នា​ស្ទុះ​ហើរ​ជា​អែក​កប្ប​ហារ​ របើក​លប់​បាន​រួច​ពី​ក្ដី​វិនា​ស​អន្ដ​រាយ​ នោះ​ទៅ​ហោង​។ រី​អែ​ព្រាន​បក្សី​លប​ចាំ​មើល​ ឃើញ​ហ្វូង​បក្សី​ស្រុះ​ គ្នា​ទទះ​ស្លាប​ហើរ​ របើក​លប់​រត់​រួច​ទៅ​បាន​ដូច្នោះ​ ក៏​នឹក​ស្ដាយ​ណាស់​រត់​ទៅ​តាម​បណ្ដើរ​គិត​បណ្ដើរ​ថា​៖
៣៧ - ហ្វូង​បក្សី​នេះ​ស្រុះ​ចិត្ដ​ចង​គ្នា​ជា​បាច់​ ស្ទុះ​ហើរ​របើក​លប់​រត់​រួច​ទៅ​អស់​រលីង​ តែ​បើ​វា​ចុះ​ដី​ដរាប​ណា​ វា​នឹង​នៅ​ក្នុង​កណ្ដាប់​ដៃ​អាត្មា​អញ​ដរាប​នោះ​មិន​ខាន​ឡើយ​។
បក្សី​ទាំង​ឡាយ​ ខំ​ប្រឹង​ហើរ​ទៅ​ឆ្ងាយ​សន្លឹម​ ក្រឡេក​មើល​មក​ក្រោយ​ ឃើញ​ព្រាន​អស់​សង្ឃឹម​ក្រឡប់​វិល​វិញ​ហើយ​ក៏​សួរ​ទៅ​កាន់​ស្ដេច​ព្រាប​ចិត្ដ​គ្រីប​ថា​៖ បពិត​លោក​ជា​ស្ដេច​បក្សី​ អីលូវ​នេះ តើ​គួរ​នឹង​ធ្វើ​ដូច​ម្ដេច​ត​ទៅ​ទៀត​? ស្ដេច​ព្រាប​ឈ្មោះ​ចិត្រ​គ្រីព​ឆ្លើយ​តប​ថា៖​
៣៨ - មាតា​ មិត្រ​ និង​ បិតា​ត្រៃ​អង្គ​នេះ​ជា​អ្នក​ធ្វើ​ហិតា​នុហិត​តាម​សភាព​ខ្លួន​​អែ អ្នក​ដ៏​ទៃ​ទៀត​ក៏​ធ្វើ​ហិតា​នុហិត​បែប​នេះ​ដែរ​ ព្រោះ​គេ​យក​ទី​មាតា​ មិត្រ​ បិតា មក​ទុក​ជា​ហេតុ​ដើម​។
កាល​បើ​ដូច្នេះ​ យើង​មាន​មិត្រ​មួយ​ ឈ្មោះ​ហិ​រណ្យកៈ​ជា​ស្ដេច​កណ្ដុរ​ ចិញ្ចឹម​ជីវិត​អាស្រ័យ​នៅ​នា​អញ្ញ​ប្រទេស​ឈ្មោះ​ ចិត្រ​វ័ន ទៀប​ឆ្នេរ​ស្ទឹង​គណ្ឌ​កី​ យើង​នឹង​សូម​អោយ​ជួយ​កកេរ​កាត់​លប់​ដោះ​អោយ​រួច​ពី​គ្រោះ​កាច​ចង្រៃ​នេះ​ដោយ​ធ្មេញ​គេ​។ លុះ​ពិចារ​ណា​ឃើញ​ដូច្នោះ​ហើយ​ ព្រាប​ទាំ​ង​នោះ​ ក៏​បបួល​គ្នា​ហើរ​ត្រសង​ទៅ​ជិត​ព្រង់​(9) (រន្ធ​ប្រហោង)​ ជា​ ទី​លំ​នៅ​នៃ​ស្ដេច​កណ្ដុរ​ឈ្មោះ​ហិរណ្យ​កៈ​នោះ​។

អែ​ស្ដេច​កណ្ដុរ​ជា​សត្វ​មាន​សេច​ក្ដី​ប្រយ័ត្ន​ខ្លួន​ដោយ​ក្ដី​រង្គៀស​ពី​ភយ​ន្ដរាយ​ បាន​កាយ​ព្រង់​មួយ​មាន​មាត់​មួយ​រយ​កន្លែង​ ហើយ​អាស្រ័យ​នៅ​ក្នុង​ទី​នោះ​។ លំដាប់​នោះ ស្ដេច​កណ្ដុរ​ឈ្មោះ​ហិរណ្យ​កៈ​ លឺ​សូរ​សន្ធឹក​ព្រាប​ហើរ​មក​ចុះ​ជិត​លំនៅ​ខ្លួន​ ក៏​តក់​ស្លុត​រន្ធត់​ក្នុង​ចិត្ដ​ ខំ​សម្លឹង​មើល​ដោយ​សេក្ដី​ព្រួយ​បារម្ភ​ ពួន​សំងំ​នៅ​ស្ងៀម​ឈឹង​មិន​មាត់​ឡើយ​។ ស្ដេច​ព្រាប​ឈ្មោះ​ចិត្រ​គ្រីព​ស្រែក​សួរ​ថា៖ អឺ​សំលាញ់​ហិរ​ណ្យកៈ​! ហេតុ​អ្វី​ក៏​សំលាញ់​នៅ​ស្ងៀម​ទ្រមឹង​ទ្រមើយ​មិន​នាំ​ពា​មាត់​ចេញ​មក​ទទួល​យើង​សោះ ​? ខណៈ​នោះ​ស្ដេច​កណ្ដុរ​ស្ដាប់​សំដី​ស្ដេច​ព្រាប​បាន​ ក៏​ស្ទុះ​ចេញ​មក​ក្រៅ​ដោយ​​ប្រញាប់​ប្រញាល់​ ហើយ​ឆ្លើយ​ឆ្លង​ទៅ​វិញ​ថា​ «អា៎​ សំលាញ់​! ខ្ញុំមាន​ភ័ព្វ​ណាស់​ចិត្រ​គ្រីព​សំលាញ់​ជា​មិត្រ​ស្មើ​ចិត្ដ​ស្មើ​ថ្លើម​គ្នា​ អីលូវ​មក​ដល់​ហើយ​តើ​!​។

៣៩ - ក្នុង​លោក​នេះ មិន​មាន​អ្នក​ណា​មាន​បុណ្យ​វាសនា​ជាង​អ្នក​ដែល​បាន​ជួប​ប្រទះ​សន្ទនា​រីក​រាយ​ជា​មួយ​ នឹង មិត្រ​អ្នក​ដែល​ស្ថិត​នៅ​រួម​មួយ​អន្លើ​ដោយ​មិត្រ​ និង​អ្នក​ដែល​ប្រា​ស្រ័យ​ប្រាប់​សុខ​ទុក្ខ​ទៅ​វិញ​ទៅ​មក​មួយ​អន្លើ​ដោយ​មិត្រ​​ដូច្នេះ​ទេ​។
កាល​កណ្ដុរ​ឃើញ​ព្រាប​ទាំង​ឡាយ​ជាប់​ចំណង​លប់​ដូច្នោះ​ ក៏​ភ្ញាក់​ព្រើត​ ទ្រឹង​មួយ​ស្របក់​ ទើប​សួរ​ហេតុ​នោះ​ថា៖ «នែ​សំលាញ់​! ចុះ​ហេតុ​នេះ​ដូ​ច​ម្ដេច​?​» ស្ដេច​ព្រាប​ឆ្លើយ​ប្រាប់​ថា៖​ «អំពើ​នេះ​ជា​ផល​កម្ម​របស់​យើង​គ្រប់​គ្នា​ពី​បុរាណ​កាល​ណា៎​សំលាញ់​! ព្រោះ​ថា៖​
៤០ - សេចក្ដី​ល្អ​និង​សេចក្ដី​អា​ក្រក់​ ជា​កម្ម​របស់​ខ្លួន​អែ​ណា​ ព្រោះ​ហេតុ​អែ​ណា ដោយ​ប្រការ​អែ​ណា​ ក្នុង​កាល​អែណា​ ដរាប​ណា ក្នុង​ទី​អែ​ណា អំពើ​នោះ​ សំរេច​ផល​តាម​អំណាច​នៃ​ព្រះ​ព្រហ្ម​បង្កើត​លោក​ ព្រោះ​ហេតុ​នោះ​ ដោយ​ប្រកា​រនោះ​ ក្នុង​កាល​នោះ​ដរាប​នោះ​ក្នុង​ទី​នោះ​។
៤១ - រោគា​ព្យា​ធិ​សោក​សង្រេង​សង្រៃ​ សេច​ក្ដី​ក្ដៅ​ក្រហាយ​ការ​ជាប់​អន្ទាក់​ចំណង​ និង ​សេចក្ដី​វិនាស​អន្ដ​រាយ​ទាំង​ឡាយ​នេះ​ ជា​ផល​ដែល​មក​ពី​ព្រឹក្សា​ជាតិ​ គឺ​ទោស​កំខុស​ខ្លួន​នៃ​មនុស្ស​ទាំ​ងឡាយ​​
ស្ដេច​កណ្ដុរ​បាន​ស្ដាប់​ពាក្យ​នេះ​ហើយ​ ក៏​ស្ទុះ​ចូល​ទៅ​ជិត​សំលាញ់​ ដើម្បី​កាត់​ចំណង​លប់​ដោយ​ប្រញាប់​​ប្រញាល់​។​ ស្ដេច​ព្រាប​ឃាត់​ថា​៖ «សំលាញ់​! កុំ​អាល​ ឈប់​សិន​! ចូរ​អ្នក​កាត់​ចំណង​ព្រាប​ទាំ​ង​ឡាយ​ដែល​ជា​បរិវារ​មុន​សិន​ ហើយ​សឹម​កាត់​ចំណង​អោយ​ខ្ញុំ​ក្រោយ​គេ​»​។ ហិរណ្យ​កៈ​ តប​ឡើង​ថា​៖​ «កំលាំង​ខ្ញុំ​ ខ្សោយ​ណាស់​ធ្មេញ​ក៏​ពុំសូវ​មាំ​មួន​ ហេតុ​នេះ​ ធ្វើ​ម្ដេច​នឹង​អាច​កាត់​អន្ទាក់​អោយ​បរិវារ​អ្នក​គ្រប់​គ្នា​ច្រើន​ដល់​ម្លេះ​បាន​? បើ​ដូច្នោះ​ ខ្ញុំ​កកេរ​កាត់​អោយ​សំលាញ់​មុន​គេ​សិន​ បើ​ធ្មេញ​ខ្ញុំ​មិន​ទាន់​រេច​រិល​ទេ​ ខ្ញុំ​នឹង​កកេរ​កាត់​អោយ​បរិ​វារ​សំលាញ់​ទាំង​ឡាយ​​ត​ទៅ​ទៀត​ជា​​​លំដាប់​ តាម​កំលាំង​ដែល​អាច​នឹង​កកេរ​កាត់​បាន​»​។ ចិត្រ​គ្រីប​ប្រកែក​ខ្លាំង​ៗ​ថា «ទេ!​ទេ​!​ សំលាញ់​កុំ​ធ្វើ​ដូច្នោះ​ទោះ​ បើ​យ៉ាង​ណា​ក៏​ដោយ​ សូម​សំលាញ់​អាណិត​មេត្តា​កាត់​ចំណង​អោយ​បរិវារ​មុន​សិន​ សឹម​កាត់​អោយ​ខ្ញុំ​ក្រោយ​គេ​»​។ ស្ដេច​កណ្ដុរ​ថ្លែង​សុភាសិត​ថា​៖ «កិរិយា​ការ​ពារ​ថែ​រក្សា​នូវ​បរិវារ​ខ្លួន​ ដោយ​ការ​បរិច្ចាគ​ខ្លួន​ជា​ពលិ​កម្ម​នោះ​ អ្នក​ប្រាជ្ញ​​ឆ្លៀវ​ឆ្លាត​ក្នុង​និតិ​សាស្រ្ដ​លោក​មិន​សរ​សើរ​ទេ​ ព្រោះ​ថា៖​
៤២ -បុគ្គល​គប្បី​ថែ​រក្សា​ទ្រព្យ​ទុក​ដើម្បី​ការ​ពារ​គ្រា​ក្រ​ គប្បី​រក្សា​ភរិយា ដោយ​ទ្រព្យ​ តែ​គប្បី​រក្សា​ខ្លួន​រឿយ​ៗ​ដោយ​ភរិយា​ផង​ដោយ​ទ្រព្យ​ផង​។
៤៣ - ប្រាណ​គឺ​ជីវិត​ មាន​ការ​តាំង​នៅ​មាំ​ជា​ហេតុ​ដើម្បី​ប្រព្រឹត្ដ​ធម៌​ស្វែង​រក​ទ្រព្យ​សម្បត្ដិ​ សេព​កាម​ និង រក​មោក្ស​ធម៌​ បើ​ប្រាណ​គឺ​ជីវិត​វិនាស​ហើយ​ អ្វី​មួយ​ដែល​ឈ្មោះ​ថា​មិន​វិនាស​នុ៎ះ​?​ ការ​រក្សា​ប្រាណ​គឺ​ជីវិត​អោយ​គង់​វង់​នៅ​ អ្វី​ មួយ​ដែល​ឈ្មោះ​ថា​មិន​រក្សា​ផង​ដែ​រ?​។ ស្ដេច​ព្រាប​ពោល​ឡើង​ថា៖​ «សំលាញ់​អើយ​សំដី​សំលាញ់​និយាយ​មក​​អំបាញ់​​មិញ​នេះ​ ជា​គោល​នៃ​និតិសាស្រ្ដ​ពិត​ហើយ​ តែ​ថា​រូប​ខ្ញុំ​នៅ​តែ​មិន​អស់​ចិត្ដ​ មិន​អាច​ឈរ​មើល​បរិ​វា​រដែល​អាស្រ័​យ​​នៅ​ជា​រង​ទុក្ខ​វេទ​នា​ដូ​ច្នេះ​ចំពោះ​ភ្នែក​សោះ​ បាន​ជា​ខំ​អង្វរ​សំលាញ់​ដូច្នេះ​អែង​ ព្រោះ​ថា៖
៤៤ - អ្នក​ប្រាជ្ញ​គប្បី​លះ​បង់​ទ្រព្យ​ផង​ ជីវិត​ផង​ ជា​ពលិកម្ម​ដើម្បី​ការ​ពារ​ជន​ដទៃ​ ការ​បរិចាគ​ជីវិត​ក្នុង​អំពើ​ល្អ​បែប​នេះ ជា​កិត្ដិ​យស​ប្រសើរ​ណាស់​ បើ​សេច​ក្ដី​ស្លាប់​ជា​ធម៌​ទៀង​។ សំលាញ់​! មាន​សុភា​សិត​ដែល​គួរ​នឹង​ទាញ​យក​មក​ជា​អានិ​សង្សន៍​ទៀត​ដូច្នេះ​ថា​៖​
៤៥ -បណ្ដាគុណ​ធម៌​ទាំង​ឡាយ​ គឺ ជាតិ ទ្រព្យ និង ​គុណ​សម្បត្ដិ​ គុណ​ធម៌​៣​ប្រការ​នេះ​ បរិ​វារ​មាន​ស្មើ​នឹង​ម្ចាស់​ សំលាញ់​! ចូរ​អ្នក​និយាយ​អោយ​ឃើញ​ច្បាស់​មក​មើល​ ដូច​ម្ដេច​ដែល​ហៅ​ថា ភាព​នៃ​ខ្លួន​ជា​ធំ​វិសេស​ជាង​គេ​? ដល់​កាល​ណា​ទៅ​ ត្រូវ​សំ​ដែង​ភាព​ជា​ធំ​?​។
៤៦ -បរិវារ​ទាំង​ឡាយ​នេះ​ មិន​មាន​គ្រឿង​អាហារ​ចិញ្ចឹម​ជីវិត​ និង មិន​លះបង់​ការ​សំណាក់​ពឹង​ពាក់​ចោល​ខ្ញុំ​ទេ​ ព្រោះ​ហេតុ​នោះ​សូម​សំលាញ់​ជួយ​ស្រោច​ស្រង់​ជីវិត​បរិ​វារ​ទាំង​​ឡាយ​នេះ​មុន​សិន​ សូម្បី​តែ​ត្រូវ​ក្ដី​វិនាស​អន្ដរាយ​ជីវិត​ខ្ញុំ​ក៏​មិន​ថា​ដែរ​។
៤៧ - នែសំលាញ់ ចូរលះ​បង់​ព្រួយ​ក្នុង​កឡេវ​រៈ​​ រាង​កាយ​ដែល​និមិត្ដ​ដោយ​សាច់​ទឹក​មូត្រ​ អាច់ និង​ ឆ្អឹង​ឆ្អែង​ជា​របស់​ ពុក​ផុយ​​រលួយ​នេះ​ចោល​អោយ​ស្រលះ​ទៅ​ សូម​ជួយ​អភិបាល​លើក​តំកើង​យស​កេរ្ដិ៍​ឈ្មោះ​ខ្ញុំ​វិញ។
៤៨ - ថាបើបុគ្គលគប្បីបាននូវកិត្ដិយសដែលទៀងទាត់ មិនមានមន្ទិល ដោយការបរិចាគកាយដែលផ្ទុកដោយគ្រឿង មន្ទិលសៅហ្មង ស្មោកគ្រោក មិនទៀងទាត់នេះបាន បើដូច្នោះតើបុគ្គលនឹងមិនគប្បីកាន់យកនូវគុណធម៌គឺ កិត្ដិយស នោះរឺអ្វី?
៤៩ - សរីរៈ​ និង​កិត្ដិ​គុណ​ មាន​ចន្លោះ​តាំង​នៅ​ឆ្ងាយ​ពី​គ្នា​លន្លង់​លន្លោច​ណាស់​ សរីរៈ​នេះ​រលត់​រលាយ​ទៅ​ក្នុង​មួយ​ខណៈ​ អែ​កិត្ដិគុ​ណ​ស្ថិត​នៅ​រហូត​ កល្យា​វ​សាន្ដ​។

កាល​ស្ដេច​កណ្ដុរ​បាន​ស្ដាប់​ពាក្យ​ពោល​ដូច្នេះ​ហើយ​ ក៏​មាន​ចិត្ដ​រីក​រាយ​ក្រៃ​លែង​ ព្រឺ​រោម​ព្រឺ​ស្បែក​និយាយ​តប​ថា៖​ «សាធុ​! សំលាញ់​ សាធុ​!​ សំលាញ់​ អែង​មាន​ចិត្ដ​មេត្តា​ករុណា​ទន់​ភ្លន់​ ចំពោះ​បរិ​វារ​ដូច្នេះ​ល្អ​ណាស់​ សម​គួរ​បាន​ជា​ធំ​ ក្នុង​ត្រៃ​លោក​នេះ​។ ស្ដេច​កណ្ដុរ​និយាយ​ហើយ​ កកេរ​កាត់​ចំណង​ ដែល​ចង​ព្រាប​ទាំង​ឡាយ​នោះ​អោយ​រួច​ស្រលះ​ ក្នុង​កាល​នោះ​អែង​ហោង​។ លំដាប់​នោះ​ស្ដេច​កណ្ដុរ​សំដែង​សេច​ក្ដី​សាទរ​ចំពោះ​ព្រាប​ទាំង​ឡាយ​ ហើយ​បែរ​ទៅ​និយាយ​លួង​លោម​ស្ដេច​ព្រាប​ថា៖​ «ហៃ​សំលាញ់​ចិត្រ​គ្រីព​! ក្នុង​លោក​នេះ​ ការ​ជាប់​លប់​ជាប់​អន្ទាក់​ជា​ធម្មតា​ទេ​ ត្រូវ​ខ្លាច​ទោស​ពៃ​អន្ដ​រាយ​ទាំង​អស់​នេះ​ តែ​កុំ​អាក់​អន់​ចិត្ដ​ព្រួយ​បារម្ភ​ចំពោះ​ភ័ព្វ​វាសនា​ដូច្នេះ​ឡើយ ​ព្រោះ​ថា​៖​

៥១ -កាល​ខ្ញុំ​ឃើញ​ព្រះ​ចន្ទ​និង​ព្រះ​អាទិត្យ​ ត្រូវ​រាហ៊ូ​ចាប់​បៀត​បៀន​ ឃើញ​ដំរី​ និង​នាគ​ជាប់​ចំណង​ ឃើញ​អ្នក​ប្រាជ្ញ​​ឆ្លៀវ​ឆ្លាត​ត្រូវ​ក្ដី​ក្រី​ក្រ​លំបាក​តោក​យ៉ាក​ ខ្ញុំ​មាន​ចិត្ដ​ដូច្នេះ​ថា​ «អោហ្ន៎​!​ វិធី​កម្ម​នេះ​មាន​រិទ្ធិ​តេជៈ​កំលាំង​ខ្លាំង​ណាស់​តើ!​»​
៥២ -វិហគ​ជាតិ​ (បក្សី) ទាំង​ឡាយ​ ហិច​ហើរ​ខ្ពស់​ត្រដួច​ចរ​ទៅ​អៃ​ដ៏​អាកាស​ព្យោ​មា ​សម​បើ​ដែរ​!​ ធ្លាក់​ដល់​ក្ដី​វិនាស​អន្ដ​រាយ​បាន​ មច្ឆា​ជាតិ​ទាំង​ឡាយ​អាស្រ័យ​នៅ​ក្នុង​សមុទ្រ​សាគរ​ មាន​ទឹក​ដ៏​ជ្រាល​ជ្រៅ​ រាប់​ប្រមាណ​មិន​បាន​ សម​បើ​ដែ​! ត្រូវ​ព្រាន​ប្រមង់​ចាប់​យក​បាន​ដោយ​កា​រ​ប៉ិន​ប្រសប់​ បើ​ដូច្នេះ​មែន​ ក្នុង​លោក​នេះ​ ចាំ​បាច់​មាន​ទុច្ចរិត​ធ្វើ​អ្វី​? ចាំ​បាច់​មាន​សុច្ច​រិត​ធ្វើ​អ្វី​? ចាំ​បាច់​មាន​គុណ​គាប់​បាន​លាភ​ដ៏​ស្ថិត​ស្ថេរ​ធ្វើ​អ្វី​?​ សេច​ក្ដី​ពិត​ព្រះ​កាល (10)ជា​អ្នក​មាន​ដៃ​ក្រាល​លាត​​ត្រដាង​នូវ​ សេច​ក្ដី​អន្ដ​រាយ​ទូរ​ទៅ​ ហើយ​ចា​ប់​សំលាប់​សត្វ​ទាំង​ឡាយ​ សូម្បី​ស្ថិត​នៅ​ក្នុង​ទី​ឆ្ងាយ​ស្រលោច​ក៏​ដោយ​។
ស្ដេច​កណ្ដុ​និយាយ​ដាស់​តឿន​ក្រើន​រំលឹក​ដោយ​ពាក្យ​សុភា​សិត​ ធ្វើប​ដិ​សណ្ឋារៈ​ទទួល​រាក់​ទាក់​ ចាប់​អោប​ជប់​ព្រាប​ ចិត្រ​គ្រីព​នោះ​ហើយ​ ទើប​បញ្ជូន​អោយ​ហើរ​ទៅ​ស្រុក​ទេស​ តាម​សេច​ក្ដី​ប្រាថ្នា​ព្រម​ទាំង​បរិវារ​ទៅ​ហោង។ អែ​ស្ដេ ច​កណ្ដុរ​ ក៏​ចូល​ទៅ​ក្នុង​ព្រង់​ជា​លំនៅ​របស់​ខ្លួន​វិញ​ក្នុង​ពេល​នោះ​អែង​។

៥៣ - បុគ្គល​គប្បី​ស្វែង​រក​សេព​គប់​មិត្រ​អោយ​បាន​ច្រើន​ចំនួន​រាប់​រយ​ ចូរ​មើល​!សត្វ​ព្រាប​ទាំង​ឡាយ​រួច​ពី​ចំណង​ចង​សំលាប់​ខ្លួន​បាន​ ព្រោះ​អាស្រ័យ​ស្ដេច​កណ្ដុ​ជា​មិត្រ​។​
កាល​នោះ​ ក្អែក​ឈ្មោះ​លឃុ​បត​នកៈ​ បាន​ឃើញ​ច្បាស់​នូវ​ព្រឹត្ដិ​ការណ៍​ តាំង​ពី​ដើម​ដល់​ចុង​ ក៏​នឹក​ស្ងើច​ក្នុង​ចិត្ដ​អិត​អុបមា​ ទើ​បពន្លឺ​វា​ចាស​រ​សើរ​ថា៖​ ហៃ​ សំលាញ់​ហិរណ្យ​កៈ បង​អែង​មាន​គុណ​គាប់​ប្រសើ​រណាស់​ អីលូវ​នេះ ខ្ញុំ​សូម​យក​អ្នក​ជា​មិត្រ​! អែ​បង​ក៏​គិត​សង្រ្គោះ​លើក​យក​រូប​ខ្ញុំ​ធ្វើ​ជា​មិត្រ​វិញ​ដែរ​។ កណ្ដុរ​ បាន​លឺ​ពាក្យ​សរ​សើរ​របស់​ក្អែក​ឈ្មោះ ​លឃុប​តនកៈ​ហើយ​ស្រែក​សួរ​ពី​ក្នុង​ព្រង់​មក​ថា៖​ «ចុះប​ងអែង​ឈ្មោះ​អ្វី?​»។ ក្អែក​ឆ្លើយ​ប្រាប់​ថា​ ឈ្មោះ លឃុ​បត​នកៈ​ ណា៎​បង​!​។ ស្ដេច​កណ្ដុរ​លឺ​ហើយ​អស់​សំណើច​ សើច​បណ្ដើរ​និយាយ​បណ្ដើរ​ថា​៖ «យក​បង​ជា​ក្អែក​មក​ផ្អែក​ជា​មិត្រ​ម្ដេច​កើត​?​»​ ព្រោះ​ថា​៖​

៥៤ - ក្នុង​លោក​នេះ អ្នក​មាន​ប្រាជ្ញ​តែង​ធ្វើ​សមាគម​ចំពោះ​តែ​អ្នក​ដែល​មាន​ សភាព​ដូច​គ្នា​គួរ​ចង​ជា​មិត្រ​បាន​ ចុះ​បើ​ខ្លួន​ខ្ញុំ​ត្រូវ​ជា​ចំណី​អាហារ​ អែ​ខ្លួន​បង​ជា​អ្នក​ស៊ី​ដូច្នេះ​ តើ​គួរ​ចង​គ្នា​ធ្វើ​ជា​មិត្រ​ម្ដេច​បាន​?​។ ៥៥ - ការ​ចង​គ្នា​ជា​មិត្រ​រវាង​អ្នក​ស៊ី​និង​អ្នក​ត្រូវ​​​​​​​​​​គេ​ស៊ី​ លោក​ពោល​ថា ហេតុ​នាំ​អោយ​វិ​ប​​​​​​​​ត្ដិមិត្រ​ភាព​ ដូច​រឿង​ប្រើស​ជាប់​អន្ទាក់​ព្រោះ​ចចក​ បាន​ក្អែក​ជួយ​ស្រោច​ស្រង់​។ ក្អែក​សួរ​ឡើង​ថា​ ចុះ​រឿង​នោះ​ដូច​ម្ដេច​? កណ្ដុរ​ហិ​រណ្យ​កៈ​ ចាប់​ផ្ដើម​រៀប​រាប់​រឿង​នោះ​ដូច​ត​ទៅ​នេះ​....​។

(1)ទំនៀម​សាសនា​ព្រាហ្មណ៍​ ត្រូវ​មុជ​ទឹក​លាង​បាប​ គេ​ប្រកាន់​ថា​ជា​ការ​បរិសុទ្ធ​​។ នៅ​ទន្លេគង្គា​ប្រ​ទេស​អិណ្ឌា​មាន​ព្រាហ្មណ៍​រាប់​ពាន់​អ្នក​ ចុះ​ទៅ​មុជ​ទឹក​លាង​បាប​រាល់​ៗ​ថ្ងៃ​។ នៅ​ប្រទេស​ខ្មែរ​យើង​គេ​យក​ទឹក​ដូង​ជំនួស​ទឹក​គង្គា​ លាង​ធាតុ​ប្រកាន់​ថា​បរិ​សុទ្ធ​ជ្រះ​អុប​ទ្រព្យ​ចង្រៃ​។​
(2)ពាក្យមនុស្សពោលបង្ខូច។
(3)នាម​ព្រះ​បាទ​បាណ្ឌ​ពក្ស​ត្រីយ៍​មាន​បង​ប្អូន​ ៥​ព្រះ​អង្គ​ ក្នុង​រឿង​មហា​ភារតៈ​ ជា​អោ​រស​ នាង​កុន្ដី​ បាន​ជា​នាម​ខ្លះ​ថា​កោនេ្ដ​ជា​។
(4) ការលាងដំរី អិតអំពើ ព្រោះស្បែកដំរីគ្រើមៗ ហើយដំរីចូលចិត្ដបាចដីដាក់លើខ្នងខ្លួន​។
(5) ហិតោ​បទេស​របស់​លោក​ឡង់​សឺរ៉ូ​ និង សេច​ក្ដី​ប្រែ​ជា​ភាសា​សៀម​របស់​លោក​នាគ​ប្រទីប​ មាន​គាថា​លើស​ដូច្នេះ​ គឺ ការ​មិន​បាន​ទួន្មាន​អិន្ទ្រីយ​ លោក​ពោល​ថា ជា​ផ្លូវ​នាំ​អោយ​កើត​អន្ដរាយ​, ការ​ទូន្មាន​អិន្ទ្រីយ​ឈ្នះ​ហើយ​ជា​ផ្លូវ​នាំ​អោយ​កើត​សេច​ក្ដី​ចំរើន​, នរ​ជន​ដើរ​ផ្លូវ​ណា​ក៏​ដើរ​ចុះ​តាម​ចិត្ដ​ប្រាថ្នា​។​
(6)ហិតោ​បទេស​របស់​លោក​ឡង់​សឺរ៉ូ​ មាន​គាថា​លើស​ដូច្នេះ​ នរ​ជន​ណា អាច​ជួយ​ស្រោច​ស្រង់​យើង​អោយ​រួច​ ពី​ក្ដី​អន្ដ​រាយ និង ចេះ​រក​អុបាយ​ជួយ​អោយ​រួច​ភ្លាម​ៗ​មិន​បង្អង់​ នរ​ជន​នោះ លោក​ហៅ​ថា​មិត្រ​ពិត​។
(7) សមរ​ភូមិ​ ទី​ចំបាំង​ជាញ​ជ័យ។​
(8)បុរិស​លក្ខណៈ​នៃ​បុគ្គល​ ដ៏​ប្រសើរ​ក្នុង​ត្រៃ​ភព​ ជាតិ​អិណ្ឌូ​ចូល​ចិត្ដ តិលកៈ នេះ​យក​ទៅ​គូស​នៅ​ថ្ងាស​ ទុក​ជា​គ្រឿង​ប្រ​សើរ​សំរាប់​សំគាល់​និកាយ​ខ្លួន​។
(9) រន្ធ ប្រហោង​។
(10)សេច​ក្ដី​ស្លាប់​ អ្នក​កាន់​សាសនា​ព្រាហ្មណ៍​ ទុក​ជា​ទេវ​តា​មួយ​អង្គ​ កាន់​នាទី​ខាង​ការ​បំផ្លាញ​ជីវិត​សត្វ​។