ថ្ងៃសៅរ៍ ទី17.មិថុនា 2017.ម៉ោង 8:30
អារម្ភបទកថា លើកទី២

ហិ​តោ​បទេស​ភាគ​ទី​១​ ឡើង​កាន់​ពុម្ព​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​ឆ្លូវ​ អែក​ស័ក​ព.ស ២៤៩២ បណ្ណា​គារ​ឃឺន​ឆែ​ ជា​អ្នក​បោះ​ពុម្ព​ផ្សាយ​ មក​ដល់​អីលូវ​នេះ​សៀវ​ភៅ​នេះ​ បាត់​មុខ​ពី​បណ្ណា​គារ​អស់​ទៅ​ហើយ​។ មាន​អ្នក​ត្រូវ​ការ​មក​សួរ​រក​រឿយ​ៗ​ សំដែង​អោយ​ឃើញ​ថា​ មាន​សេច​ក្ដី​រីក​រាយ​សប្បាយ​ចិត្ដ​ណាស់​ដោយ​គិត​ឃើញ​ថា​ ការ​ព្យាយា​ម​របស់​ខ្ញុំ​ដែល​ខំ​ប្រឹង​​នោះ មិន​អិត​ប្រយោជ​ន៍​ទេ បាន​ផល​សម​តាម​បំណង​ខ្ញុំ​ហើយ​។ អីលូវ​នេះ​គួរ​ចាត់​ការ​បោះពុម្ព​លើក​ទី​២​ ត​ទៅ​ទៀត​ ដើម្បី​បំពេញ​ត្រូវ​ការ​អ្នក​អាន​ទាំង​ឡាយ​ ដែល​ មាន​សេច​ក្ដី​ស្រេក​ឃ្លាន​ចង់​ចេះ​ដឹង​ ទើប​ខ្ញុំ​ប្រគល់​ហិតោ​បទេស​​នេះ ទៅ​បណ្ណាគារ​គីម​គី​ អោយ​ចាត់​ការ​បោះពុម្ព​លើក​ទី​២​ នេះ​ត​ទៅ​។ ខ្ញុំ​បាន​កែ​តំរឹម​តំរូវ​សេច​ក្ដី​ខ្លះ​ ដែល​ភ្លាំង​ភ្លាត់​ ឆ្គាំង​ឆ្គង​អោយ​បាន​ល្អ​ ហើយ​បាន​អនុញ្ញាត​អោយ​ចាត់​បោះ​ពុម្ព​។

វត្ដ​ឧណ្ណា​លោម​ថ្ងៃ​សៅរ៍​ ៥ ​រោច​ ខែពិសាខ ឆ្នាំមមី ឆស័កព.ស ២៤៩៧
ត្រូវនឹងថ្ងៃទី២២ ខែអុសភា គ.ស ១៩៥៤។
វិរិយបណ្ឌិតោ ប.ខាត់

ស្រីហិតោបទេស អារម្ភបទ

១ -សូម​សេច​ក្ដី​ប្រាថ្នា​របស់​ សាធុ​ជន​ទាំង​ឡាយ​បាន​សំរេច​ផល​ដោយ​ កិរិ​យា​ប្រសិទ្ធី​ នៃ​ព្រះ​អីសូរ​ ដែល​រស្មី​ភាគ​១​ក្នុង​១៦​ ស្ថិត​នៅ​អៃ​ដ៏​ព្រះ​លាដ​ដូច​ជា​លេខា​ 1 នៃ​ពពុះ​ទឹក​ទន្លេ​គង្គា​។
២ - ហិ​តោ​ប​ទេស​នេះ​ នរ​ជន​បាន​ត្រង​ត្រាប់​ស្ដាប់​ហើយ​ នឹង ប្រ​គល់​អោយ ​នូវ ​សេច​ក្ដី​ជំនាញ​ក្នុង​ភាសា​សំ​ស្រ្កឹត​ នូវ សេច​ក្ដី​ឆ្លៀវ​ឆ្លាស​ក្នុង​សំដី​ថ្វី​មាត់​ និង​ ក្នុង​និតិ​វិជ្ជា​ទាំង​ឡាយ​ដ៏​វិចិត្រ​ផ្សេង​ៗ​ក្នុង​ទី​ទាំង​ពួង​។​
៣ - អ្នក​ប្រាជ្ញ​ កាល​បើ​ស្វែង​រក​វិជ្ជា​ និង​ទ្រព្យ​គប្បី​គិត​ថា​ ដូច​ជា​ខ្លួន​មិន​ចាស់​មិន​ស្លាប់​ កាល​បើ​ស្វែង​រក​ធម៌​ គប្បី​គិត​ថា​ខ្លួន​ត្រូវ​ម្រឹត្យុ​ចាប់​ក្របួច​សក់​បោក​សំលាប់​អីលូវ​នេះ​ហើយ​។
៤ -​ បណ្ដា​ទ្រព្យ​ទាំង​ពួង​, វិជ្ជា​ លោក​ពោល​ថា​ជា​ទ្រព្យ​ដ៏​ឧត្ដម​ ព្រោះ​វិជ្ជា​ចោរ​លួច​យក​មិន​បាន​ផង​ កាត់​ថ្លៃ​មិន​បាន​ផង​ មិន​ចេះ​រេច​រឹល​អស់​ទៅ​ផង​ សព្វ​ៗ​កាល​។
៥ - វិជ្ជា​យិត​យោង​ជន​ដែល​នៅ​ថោក​ទាក​ អោយ​បាន​ចូល​ទៅ​ជិត​ព្រះ​នរ​បតី​ ដែល​គេ​នៅ​ជិត​បាន​ដោយ​ក្រ​ ឬ អ្នក​មាន​បុណ្យ​ដ៏​ក្រៃ​លែង​ជាង​នរ​បតី​ទៅ​ទៀត​ ដូច​ស្ទឹង​ដែល​នៅ​ក្នុង​ទី​ទាប​តែង​ប្រមូល​យក​ទឹក​ចូល​ទៅ​កាន់​សមុទ្រ​។
៦ - វិជ្ជានាំអោយមានវិន័យ, វិន័យ នាំអោយបានសេចក្ដីថ្លៃថ្នូរ, សេចក្ដីថ្លៃថ្នូរនាំអោយបានទ្រព្យសម្បត្ដិ,ទ្រព្យសម្បត្ដិនាំអោយបានធម៌ ធម៌ដឹកនាំអោយបានសេចក្ដីសុខ។
៧ - សស្រ្ដ​វិជ្ជា2​ និង​ សាស្រ្ដ​វិជ្ជា 3 ទាំង​២​នេះ គួរ​ប្រតិ​បត្ដិ​សិក្សា​រៀន​អោយ​​ដឹង​ទាំង​អស់​ វិជ្ជា​ទី​១ ខាង​ដើម​ (សស្រ្ដ​វិជ្ជា) កើត​ចំរើន​ឡើង​ ដើម្បី​សើច​លេង​ជា​ត្លុក​កំប្លែក,វិជ្ជា​ទី​២​ខាង​ចុង​ (សាស្រ្ដ​វិជ្ជា)​ បុគ្គល​គួរ​គោរព​ ក្នុង​កាល​ទាំង​ពួង​។
៨ - រូប​គំនូរ​ដែល​គេ​គូរ​ទុក​អៃ​ដ៏​ភាជនៈ​ថ្មី​ មិន​ឃ្លាត​ក្លាយ​ទៅ​ជា​ប្រការ​ដទៃ​យ៉ាង​ណា​ និតិ​វិជ្ជា​ ដែល​គេ​បង្វឹក​ បង្ហាត់​ដល់​កូន​ក្មេង​ទាំង​ឡាយ​ដោយ​ថា​ ជា​គ្រឿង​ប្រៀប​ធៀប​ ក៏​ជាប់​នៅ​យ៉ាង​នោះ​លោក​ពោល​ទុក​ក្នុង​ទី​នេះ​គឺៈ​
  • 1 មិត្រលាភ ការគប់មិត្ដ,
  • 2 សុហរិទភេទ ការបំបែកមិត្រ,
  • 3 វិគ្រហៈ សង្រ្គាម,
  • 4 សន្ធិ សន្ដិភាព
ដែល​ស្រង់​ យក​មក​ពី​គម្ពីរ​បញ្ចតន្រ្ដៈ​ និង​ គម្ពីរ​ដទៃ​ទៀត​នោះ​ ខ្ញុំ​ពោល​ទុក​ក្នុង​ទី​នេះ​ដូច​សេច​ក្ដី​ត​ទៅ​។ ក្នុង​អតីត​កាល​ មាន​នគរ​មួយ​ឈ្មោះ​បាដ​លី​បុត្រ​ ស្ថិត​នៅ​ក្បែរ​ស្ទឹង​គង្គា​។ ព្រះ​បាទ​សុទ​សិនៈ​ ទ្រង់​ប្រកប​ដោយ​ស្វាមី​គុណ​គ្រប់​ប្រការ​ ស្ដេច​គ្រប់​គ្រង​នគរ​នោះ​។ សម័យ​មួយ​ទ្រង់​ធ្វើ​ព្រះ​សណ្ដាប់​ស្លោក​ពីរ​បទ​ ដែល​អ្នក​ប្រាជ្ញ​បាន​ពោល​ទុក​ មាន​សេច​ក្ដី​ដូច​ត​ទៅ​នេះ ៖
១០ សាស្រ្ដ​​វិជ្ជា​ ជា​គ្រឿង​កាត់​បង់​នូវ​សេច​ក្ដី​សង្ស័យ​ជា​អនេក​ ជា​គ្រឿង​ បើក​បង្ហាញ​នូវ​អាថិ​កំបាំង​ និង​ ជា​ភ្នែក​សំរាប់​មើល​សព្វ​សារ​ពើ​ការណ៍​​ទាំង​ឡាយ​ អ្នក​ណា​មិន​មាន​សាស្រ្ដ​វិជ្ជា​ អ្នក​នោះ​ទុក​ដូ​ច​ជា​មនុស្ស​ខ្វក់​។​
១១ ភាព​ជា​យុវ​ជន​១ ភាព​ជា​អ្នក​មាន​ទ្រព្យ​ច្រើ​ន​១​ ភាព​ជា​អ្នក​មាន​អធិប​តេយ្យ​១ និង​ភាព​ជា​អ្នក​មិន​បែក​បាក់​គ្នា​១ បើ​មាន​តែ​មួយ​ៗ​ ក៏​នាំ​អោយ​ខូច​ប្រយោជ​ន៍ ធ្វើ​ម្ដេច​ហ្ន៎ អោយ​បាន​គ្រប់​ទាំង​៤ ប្រការ​ក្នុង​ខ្លួន​មនុស្ស​?​ កាល​ព្រះ​រាជា​អង្គ​នោះ​ ទ្រង់​ព្រះ​សណ្ដាប់​ដូច្នោះ​ហើយ​ ក៏​ទ្រង់​ព្រួយ​តាន​តឹង​ព្រះ​រាជ​ហរិ​ទ័យ​ចំពោះ​ព្រះ​រាជ​បុត្រ​របស់​ព្រះ​អង្គ​ដែល​មិន​ ទាន់​បាន​សិក្សា​សាស្រ្ដ​វិជ្ជា​ទាំង​ឡាយ​ ព្រម​ទាំង​ប្រ​ព្រឹត្ដ​ក្នុង​ផ្លូវ​ខុស​គន្លង​ធម៌​ដោយ​សេច​ក្ដី​ប្រមាថ​ ទើប​ទ្រង់​ព្រះ​តំរិះ​ក្នុង​ ព្រះ​រាជ​ហរិ​ទ័យ​ដូច្នេះ​ថា​៖​
១២ មាន​ប្រយោ​ជន៍​អ្វី ​ចំពោះ​កូន​ដែល​កើត​ហើយ​ល្ងង់​ផង​ មិន​ប្រកប​ដោយ​ធម៌​ផង​?​ ដូច​ភ្នែក​ឈឺ​ មាន​ប្រយោជ​ន៍​អ្វី​? បាន​គ្រាន់​តែ​ឈឺ​ចាក់​ដោត​នាំ​អោយ​រំខាន​ប៉ុណ្ណោះ​។
១៣ បណ្ដា​កូន​បី​ពួក​ គឺ​កូន​មិន​ទាន់​កើត​១​ពូក​ កូន​កើត​ហើយ​ស្លាប់​ទៅ​វិញ​១​ពូក​ និង ​កូន​ល្ងង់​ខ្លៅ​១​ពួក​ កូន​ពីរ​ពួក​ខាង​ដើម​ជា​កូន​គាប់​ប្រ​សើរ​ ពួក​កូន​ទី​បី​មិន​ប្រសើរ​ឡើយ​ ព្រោះ​ថា​ កូន​ពីរ​ពួក​ខាង​ដើម​ធ្វើ​ទុក្ខ​ព្រួយ​តែ​ម្ដង​ក៏​អស់​ហើយ​​ទៅ​ អែ​ពួក​កូន​ក្រោយ​ទី​បី​ធ្វើ​ទុក្ខ​មាតា​បិតា​អោយ​លំ​បាក​គ្រប់​ជំហាន​ជើង​។
១៤ - អ្នក​ណា​កើត​ហើយ​ដឹក​នាំ​ត្រកូល​អោយ​ចំរើន​ខ្ពង់​ខ្ពស់​ឡើង​ អ្នក​នោះ​ទើប​ឈ្មោះ​ថា «កើត» មែន​ទែន​ រឺ​ពេញ​ជា​កើត​ត្រឹម​ត្រូវ​ ព្រោះ​ក្នុង​សំសារ​វដ្ដ​ដែល​ប្រព្រឹត្ដ​ទៅ​នេះ​ អ្នក​ណា​មួយ​ដែល​ស្លាប់​ទៅ​ហើយ​មិន​ត្រលប់​កើត​វិញ​ទៀត​?​
១៥- ក្នុង​ពេល​ប្រារព្ធ​នឹង​រើស​រក​ឈ្មោះ​ នៃ​ពួក​អ្នក​មាន​គុណ​ចុះ​ក្នុង​បញ្ជី​ផែន​ថ្ម​ ឈ្មោះ​អ្នក​ណា​អិត​គុណ​ មិន​ញ៉ាំង​ចិត្ដ​​គេ​អោយ​រំភើប​ព្រឺ​ព្រួច​ទេ​! គេ​មិន​ចារឹក​ឈ្មោះ​អ្នក​នោះ​ឡើយ​ បើ​ដូច្នោះ​តើ​គួរ​នឹង​ហៅ​ម្ដាយ​ដែល​បង្កើត​កូន​នោះ​ ថា​ជា​ស្រ្ដី​អា រឺ​ស្រ្ដី​អ្វី​ហ្ន៎​?​
១៦ - អ្នក​ណា​មិន​តំកល់​ខ្លួន​ក្នុង​ការ​អោយ​ទាន​ ក្នុង​តប​ធម៌​ គឺ​សុច​រិត​ក្នុង​សេច​ក្ដី​អង់​អាច​ក្លា​ហាន​ ក្នុង​វិទ្យា​សាស្រ្ដ​ និង​ការ​ស្វែង​រក​ទ្រព្យ​ អ្នក​នោះ​លោក​ទុក្ខ​ជា​អុច្ចារ​:នៃ​មាតា​។​
១៧ - កូន​មាន​គុណ​គាប់​តែ​ម្នាក់​ជា​កូន​ប្រសើរ​ កូន​ល្ងង់​រាប់​រយ​មិន​ប្រសើរ​ទេ​ ដូច​ព្រះ​ចន្ទ​តែ​មួយ​ដួង​អាច​កំចាត់​ងងឹត​​អន្ធ​កាល​បាន​ កង​តារា​ទាំង​ឡាយ​ កំចាត់​ងងឹត​មិន​បាន​ឡើយ​។
១៨- តបៈ គឺ​ការ​បំពេញ​កុសល​ ដែល​បុគ្គល​ណា​មួយ​ធ្វើ​ក្នុង​ទី​ស័ក្ដិ​សិទ្ធិ​ ពុំ​នោះ​បំពេញ​ទុក្ខ​រៈ​កម្ម​ដ៍​ក្រៃ​លែង​អែ​ណា​មួយ​ ព្រោះ​ប្រាថ្នា​កូន​ កូន​នៃ​អ្នក​នោះ​ គួរ​ជា​កូន​ប្រដៅ​ងាយ សម​រិទ្ធិ​សំរេច​ប្រយោ​ជន៍​ប្រកប​ដោយ​ធម៌​ និង​មាន​ប្រាជ្ញា​បរិបូណ៌​។
១៩- កិរិយា​បាន​ទ្រព្យ​១​ ភាព​ជា​បុគ្គល​មិន​មាន​រោគ​ជា​និច្ច​១​ ភរិយា​ជា​ទី​ស្រឡាញ់​១​ ភរិ​យា​ពោល​ពាក្យ​ពីរោះ​១​ កូន​ប្រដៅ​ងាយ​១ និង​មាន​វិជ្ជា​ធ្វើ​ប្រយោ​ជន៍​ដល់​សាធារ​ណជន​១ បពិត​ព្រះ​រាជា​! ធម៌​៦​ប្រការ​នេះ​ ជា​បរម​សុខ​ក្នុង​ជី​វលោក​​នេះ​។​
២០ - គួរ​នឹង​រាប់​អ្នក​មាន​កូន​ច្រើន​ថា​ គាប់​ប្រសើររឺទេ! បើ​កូន​ទាំង​ឡាយ​នោះ​ទុក​ជា​នាឡិទ​ទេ​ក្នុង​ជង្រុក​ កូន​តែ​ម្នាក់​ជា​ទី​ពឹង​ផ្អែក​ ទំនុក​បំរុង​ត្រកូល​ល្អ​ជា​ជាង​កេរ្ដិ៍​ឈ្មោះ​បិតា​ក៏​ល្បី​ល្បាញ​លឺ​ខ្ចរ​ខ្ចាយ​ទៅ​​គ្រប់​ទិ​សានុ​ទិស​។
២១ - បិតា​ធ្វើ​បំណុល​ទុក​អោយ​កូន​ជា​សត្រូវ​ មាតា​ប្រ​ព្រឹត្ដ​ទុច​រិត​ខុស​គន្លង​ប្រពៃ​ណី​ជា​សត្រូវ​ ភរិយា​មាន​រូប​ល្អ​ជា​សត្រូវ​ កូន​ល្ងង់​ក៏​ជា​សត្រូវ​។
២២ - វិជ្ជា​ បើ​មិន​យក​ទៅ​ប្រើ​ប្រាស់​ ជា​ពិស​ពុល ភោ​ជន​ដែល​បរិ​ភោគ​ទៅ​ហើយ​មិន​រលួយ​ ជា​ពិស​ពុល សភា4 ជា​ពិស​ពុល​​សំរាប់​អ្នក​ក្រី​ក្រ​ ស្រ្ដី​ក្រមុំ​ជា​ពិស​ពុល​សំរាប់​មនុស្ស​ចាស់​ជរា​។
២៣ - នរ​ជន​សូម្បី​ចេញ​ពី​ត្រកូល​ណា​ក៏​ដោយ​ តែ​មាន​គុណ​គាប់​ប្រសើរ​ហើយ​ លោក​ក៏​គួរ​គោរព​បួជា​ ធ្នូ​សូម្បី​បរិ​សុទ្ធ​ដោយ​វង្ស5 ​ តែ​មិន​ប្រ​សិទ្ធី​នឹង​ធ្វើ​អ្វី​កើត​?​។​
២៤ - អោ​កូន​តូច​កំសត់​អើយ​! អ្នក​មិន​ទាន់​បាន​រៀន​សូត្រ​សោះ​រាត្រី​ទាំង​ឡាយ​ចេះ​តែ​ប្រ​ព្រឹត្ដ​កន្លង​ទៅ​ៗ​ បើ​ដូច្នោះ​ ខ្លួន​អ្នក​នឹង​កប់​បាត់​នៅ​កណ្ដាល​ហ្វូង​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ ដូច​គោ​លង់​ទ្រនេស​ជាប់​ក្នុង​កណ្ដាល​បឹង​ភក់​។ កាល​បើ​ដូច្នេះ​ ធ្វើ​ដូច​ម្ដេច​អោយ​កូន​អាត្មា​អញ​ ត្រលប់​បាន​ជា​បុគ្គល​មា​ន​គុណ​​គាប់​ប្រសើរ​ឡើង​ ក្នុង​កាល​អីលូវ​នេះ​?​។
២៥ - បរិ​ភោគ​អាហារ​១ ការ​ដេក​១ ភ័យ​១ និង​ សេព​មេ​ថុន​១ ធម៌​ទាំង​៤​ប្រការ​នេះ​មនុស្ស​និង​សត្វ​មាន​ស្មើ​គ្នា​ មាន​តែ​ព្រះ​ធម៌​ប៉ុណ្ណោះ​ទេ​ ទើប​អាច​ធ្វើ​មនុស្ស​ និង សត្វ​អោយ​វិសេស​ប្លែក​ពី​គ្នា​ នរ​ណា​ប្រាស​ចាស​ធម៌​ នាក់​នោះ​ទុក​ស្មើ​សត្វ​។
២៦ - ធម៌​ (ព្រះ​វេទ)​ អាថិ​ធម៌​ (សេច​ក្ដី​អធិប្បាយ​ព្រះ​វេទ​) កាម​ (សេច​ក្ដី​ប្រាថ្នា​ធម៌​ និង​អាធម៌​) និង​ មោក្សៈ​ធម៌​ទាំង​៤​ប្រការ​នេះ​អ្នក​ណា​មិន​មាន​ក្នុង​ខ្លួន​ សូម្បី​តែ​មួយ​ប្រការ​ ជីវិត​អ្នក​នោះ​អិត​ប្រយោ​ជន៍​សោះ​សូន្យ​ទទេ​ ដូច​បូក​ពពែ​ (6)រក​ប្រយោជន៍​គ្មាន​
២៧ - អាយុ១​ កម្ម១​ ទ្រព្យ​១​ វិជ្ជា​១ និង​ សេចក្ដី​ស្លាប់​១​ ធម៌​៥​ប្រការ​ នេះ​កើត​សំរេច​មក​ជា​មួយ​រាង​កាយ​មនុស្ស​តាំង​ពី​ស្ថិត​នៅ​ក្នុង​គភ៌​ម្លេះ​។​
២៨ - ​ភាវ​ធម៌​នៃ​បុគ្គល​មាន​ភាវ​ធម៌​ តែង​កើត​មាន​ដល់​ភាវៈ​នៃ​បុគ្គល​ ជា​ធំ​ដោយ​ពិត​ ភាវៈ​អាក្រាត​តែង​មាន​ដល់​ព្រះ​អីសូរ​ កិរិយា​ដេក​លើ​ពោះធំ​(7) តែង​មាន​ដល់​ព្រះ​ហរិ (8)
២៩ - របស់​ណា​មិន​មាន​បច្ច័យ​ របស់​នោះ​ក៏​តែង​មិន​មាន​ ថា​បើ​របស់​ណា​ មាន​បច្ច័យ​ របស់​នោះ​ក៏​មិន​មែន​ជា​មិន​មាន​ ថ្នាំ​នេះ​រំងាប់​នូវ​ពិស​ពុល​គឺ​ សេច​ក្ដី​គិត​បាន​ ហេតុ​ដូច​ម្ដេច​គេ​មិន​ផឹក​ថ្នាំ​នោះ​ហ្ន៎​? តែ​ភា​សិត​នេះ​ច្រើន​ជា​សំដី​មនុស្ស​ខ្ជិល​ពួក​ខ្លះ​ ក្នុង​ចំណោម​មនុស្ស​មិន​ចេះ​អត់​ធន​ដល់​ការ​ងារ​ទាំង​ឡាយ​។
៣០ -បុគ្គល​សូម្បី​គិត​ឃើញ​ព្រេង​វាសនា​ ក៏​មិន​គួរ​លះ​បង់​សេចក្ដី​ព្យាយាម​ខ្លួន​ចោល​ឡើយ​ បើ​បុគ្គល​មិន​ព្យា​យាម​ចំរាញ់​ល្ង​មិន​បាន​ប្រេង​ល្ង​ទេ​។
៣១ - ជោគលាភ តែង​ចូល​ទៅ​រក​បុរស​សីហៈ​ ដែល​ជា​អ្នក​មាន​ព្យាយាម​ក្លៀវ​ក្លា​មាន​តែ​បុរស​គំរក់​ទេ​តែង​ពោល​ថា​«ស្រេច​តែ​ព្រេង​សំណាង​!» បុគ្គល​ចូរ​ផ្ចាញ់​វាសនា​ ហើយ​ធ្វើ​នូវ​ព្យា​យាម​អោយ​ពេញ​ដោយ​កូ​ន​ប្រុស តាម​កម្លាំង​ខ្លួន​ដែល​អាច​ធ្វើ​បាន​ ថា​បើ​តាំង​ព្យាយាម​ប្រឹង​ប្រែង​ធ្វើ​ហើយ​ នៅ​តែ​មិន​សំរេច​ទៀត​តើ​វា​នឹង​កើត​ទោស​អ្វី​?​។
៣២ - រថ​មិន​គប្បី​ទៅ​បាន​ដោយ​កង់​តែ​មួយ​យ៉ាង​ណា ​ព្រេង​វាសនា​បើ​រៀរ​ចាក​ព្យា​យាម​នៃ​បុរស​ហើយ​ ក៏​មិន​សំរេច​យ៉ាង​នោះ​ដែរ​។
៣៣ - កម្ម​ដែល​បុគ្គល​ធ្វើ​ពី​បុព្វ​ជាតិ​ លោក​ហៅ​ថា​ «ព្រេង​វាសនា​» ព្រោះ​ហេតុ​នោះ​បុគ្គល​មិន​ខ្ជឹល​ច្រអូស​ គប្បី​ធ្វើ​សេច​ក្ដី​ប្រឹង​ប្រែង​ដោយ​ព្យាយាម​ពេញ​ជា​បុរស​។
៣៤ - ជាង​ប៉ាន់​ ប៉ាន​ដុំ​ដី​ជា​រូប​ផ្សេង​ៗ តាម​ចិត្ដ​ខ្លួន​ប៉ាន់​យ៉ាង​ណា កម្ម​ដែល​បុគ្គល​សាង​ទុក​ខ្លួន​អែង​ ក៏​ប៉ាន់​មនុស្ស​មាន​ភាវៈ​ផ្សេង​ៗ​ តាម​លក្ខណៈ​នៃ​កម្ម​ របស់​ខ្លួន​យ៉ាង​នោះ​ដែរ​។
៣៥ - បុគ្គល សូម្បី​ឃើញ​កំណប់​ទ្រព្យ​នៅ​ក្នុង​ទី​ចំពោះ​មុខ​ ដូច​រឿង​ក្អែក​ដោយ​មិន​នឹក​ថា នឹង​កើត​បាន​ហើយ​ ចាំ​ព្រេង​វាសនា​គាស់​កកាយ​យក​មក​អោយ​អែង​ៗ មិន​រវល់​ធ្វើ​សេច​ក្ដី​ព្យាយាម​ជា​ប្រុស​មិន​បាន​កំណប់​នោះ​ទេ​។
៣៦ - ការ​ទាំង​ឡាយ តែង​សំរេច​ដោយ​សេ​ច​ក្ដី​ព្យា​យាម​ប្រឹង​ប្រែង​ ដោយ​ពិត​ មិន​មែន​ដោយ​មនោ​រថ​ទេ​ ដូច​ម្រឹគ​ទាំង​ឡាយ​ មិន​ដែល​បោល​ចូល​មាត់​សីហៈ​ដេក​លក់​ឡើយ​។​
៣៧ - កូន​ក្មេង​ដែល​មាតា​បិតា​បាន​ហ្វឹក​ហ្វឺន​ហើយ​ ទៅ​ជា​កូន​គាប់​ប្រ​សើរ​បាន​មិន​ដែល​មាន​កូន​ក្មេង​ណា​បា​ន​ទៅ​ជា​បណ្ឌិត​ ដោយ​គ្រាន់​តែ​ច្យុត​ចេញ​ពី​គភ៌​មាតា​ទេ​។
៣៨ - កូន​ក្មេង​ដែល​មាតា​បិតា​ណា​មិន​បាន​អោយ​រៀន​សូត្រ​ មាតា​នោះ​ត្រលប់​ជា​សត្រូវ​ បិតា​នោះ​ត្រលប់​ជា​បុគ្គល​មាន​ពៀរ​ ព្រោះ​កូន​មិន​បាន​រុង​រឿង​ក្នុង​ទី​ប្រជុំ​ជន​ ដូច​កុក​កណ្ដាល​ហ្វូង​ហង្ស​។​
៣៩ - ក្មេង​បរិ​បូរណ៍​ដោយ​រូប​ និង​វ័យ​ក្មេង​សម្ភព​ក្នុង​ត្រកូល​ដ៏​វិសេស​ អិត​ចេះ​ដឹង​វិជ្ជា​អ្វី​មិន​មាន​រាសី​រុង​រឿង​ទេ​ ដូច​ផ្កា​ចារ​អិត​មាន​ក្លិន​ក្រអូប​។
៤០ - មនុស្ស​ល្ងង់​ ប្រដាប់​កាយ​ដោយ​គ្រឿង​អម្ពរ​តែង​មាន​រាសី​រុង​រឿង​ក្នុង​ទី​ប្រជុំ​ជន​ បើ​មនុស្ស​ល្ងង់​នោះ​ មិន​ទាន់​ហារ​មាត់​ចេញ​និយាយ​ដរាប​ណា ​ក៏​នៅ​តែ​មាន​រាសី​រុង​រឿង​ដរាប​នោះ​។

កាល​ព្រះ​រាជា​ទ្រង់​រំពឹង​ដូច្នោះ​ ទ្រង់​ត្រាស់​បង្គាប់​អោយ​ប្រជុំ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ ទើប​ទ្រង់​ត្រាស់​ថា៖​ «នែ​លោក​បណ្ឌិត​ទាំង​ឡាយ​សូម​លោក​ស្ដាប់​ខ្ញុំ​ បណ្ដា​លោក​បណ្ឌិត​ទាំង​ឡាយ​នេះ​ មាន​លោក​ណា​ខ្លះ​ជា​អ្នក​ប្រាជ្ញ​អាច​បង្រៀន​និតិ​សាស្រ្ដ​ដល់​កូន​ខ្ញុំ ដែល​ល្ងង់​ខ្លៅ​ប្រ​ព្រឹត្ដ​ខុស​គន្លង​ធម៌​ជា​និច្ច​អោយ​មាន​កំណើត​ថ្មី​ អោយ​ត្រលប់​បាន​ល្អ​ឡើង​ក្នុង​កាល​អីលូវ​នេះ​រឺ​ទេ​?​»​ ព្រោះ​ថា​៖​

៤១ - កញ្ចក់​នៅ​រួម​ជា​មួយ​មាស​ អាច​ចោល​ស្រមោល​ក្លាយ​ទៅ​ជា​កែវ​មរ​កត​យ៉ាង​ណា ​មនុស្ស​ល្ងង់​នៅ​រួម​ជា​មួយ​នឹង​លោក​សម្បុ​រស​ក៏​អាច​ត្រលប់​ ទៅ​ជា​សប្បុរស​ឆ្លៀវ​ឆ្លាត​បាន​យ៉ាង​នោះ​ដែរ​។
៤២ - កូន​អើយ​! មតិ​ថោក​ទាប​ ព្រោះ​សមា​គ​ម​មួយ​អន្លើ​ដោយ​​​បុគ្គល​ថោក​ទាប​ សមា​គម​មួយ​អន្លើ​ដោយ​បុគ្គល​ស្មើ​គ្នា​ មតិ​ក៏​ស្មើគ្នា​ សមា​គម​មួយ​អន្លើ​ដោយ​បុគ្គល​ប្រសើរ​ មតិ​ក៏​រឹង​រិត​តែ​ប្រសើរ​ឡើង​។
សម័យ​នោះ​ មហា​បណ្ឌិត​ម្នាក់​ឈ្មោះ​វិសណុ​សិម័ន​ មាន​ការ​ចេះ​ដឹង​ សកល​និតិ​សាស្រ្ដ​ពិត​ប្រាកដ​ ដូច​ជា​ព្រះ​ព្រឹហស្បត៍​ក្រាប​ទូល​ថា​៖​ «បពិត​ព្រះ​សម្មតិ​ទេ​វង្ស​! ព្រះ​រាជ​បុត្រ​ទាំង​ឡាយ​នេះ​ទ្រង់​សម្ភព​ក្នុង​មហា​ត្រ​កូល​ ទូល​ព្រះ​បង្គំ​អាច​បងៀន​និតិ​សាស្រ្ដ​ទាំង​ឡាយ​តាម​ព្រះ​រាជ​បំណង​បាន​ ព្រោះថា៖​
៤៣ - កិច្ចការ​អ្វី​មួយ​ដែល​ប្រកប​ដោយ​អំពើ​អិត​ប្រយោ​ជន៍​ ក៏​រមែង​មិន​បាន​ផល​សម​តាម​ប្រាថ្នា​ទេ​ ដូច​ជា​ប្រើ​វេលា​ព្យា​យាម​បង្រៀន​សត្វ​កុក​ អោយ​ចេះ​និយាយ​ដូច​សត្វ​សេក​សូម្បី​ច្រើន​រយ​ដង​នឹង​បាន​ផល​ក៏​អិត​អង្គឺ​មាន​ឡើយ​។
៤៤ - តែ​ក្នុង​មហា​ត្រកូល​បែប​នេះ​ អ្នក​គ្មាន​បុណ្យ​មិន​មក​កើត​ទេ​ប្រៀប​ដូច​អណ្ដូង​រ៉ែ​កើត​ត្បូង​ទទឹម​ ធ្វើ​ម្ដេច​ឡើយ​នឹង​កើត​មាន​កពា្ចក់​?​។ ហេតុ​នេះ​ខ្ញុំ​ព្រះ​អង្គ​ សូម​ទទួល​យក​ព្រះ​រាជ​ទាន​អាសា​បង្រៀន​ព្រះ​រាជ​កុមារ​ទាំង​ឡាយ​នេះ​​ត្រឹម​តែ​ឆមាស​ប៉ុណ្ណោះ​ អោយ​មាន​ការ​ចេះ​ដឹង​និតិ​សាស្រ្ដ​ស្ទាត់​ជំនាញ​។ ព្រះ​រាជា​ទើប​ទ្រង់​ត្រាស់​តប​ដោយ​សុភាព​ថា៖​
៤៥ - ដង្កូវ​ឡើង​ទៅ​ទំ​នៅ​លើ​ក្បាល​សាធុ​ជន​បាន​ព្រោះ​នៅ​លាយ​ឡំ​ជា​មួយ​កំរង​ផ្កា​ ដុំ​ថ្ម​ដែល​អ្នក​ធំ​លើក​តំ​កើង​ហើយ​ក៏​ក្លាយ​ទៅ​ជា​ភាព​ទេវ​តា​ពូកែ​​ស័ក្ដិ​សិទ្ធិ​។​
៤៦ - របស់​ទ្រព្យ​ដែល​នៅ​លើ​កំពូល​ភ្នំ​ខាង​អុទ​យាទិត្យ​ តែង​បាន​ពន្លឺ​ស្វាង​រុង​រឿង​ ព្រោះ​នៅ​ជិត​ព្រះ​អាទិត្យ​យ៉ាង​ណា​ជន​ហីន​ជាតិ​វណ្ណ​ថោក​ តែង​ទទួល​ការ​ចេះ​ជា​ពន្លឺ​ ព្រោះ​នៅ​ជិត​លោក​អ្នក​សប្បុ​រស​យ៉ាង​នោះ​ដែរ​។
៤៧ - អ្នក​មាន​គុណ​គាប់​ តែង​ដឹង​ល្អ​ និង​ អា​ក្រក់ អ្នក​មាន​គុណ​គាប់​នោះ​ បើ​ទៅ​សេព​គប់​មនុស្ស​អាក្រក់​ ក៏​ត្រលប់​ទៅ​ជា​អាក្រក់​វិញ​ ដូច​ស្ទឹង​មាន​ទឹក​ដល់​ហើយ​ដោយ​រស​ជាតិ​ល្អ​ លុះ​ហូរ​ចូល​ទៅ​ដល់​សមុទ្រ​ហើយ​ក៏​ក្លាយ​ទៅ​ជា​មាន​រស​ប្រៃ​ផឹក​មិន​បាន​។ ព្រោះ​ហេតុ​នោះ​ ខ្ញុំ​សូម​ប្រគល់​អំណាច​ដល់​លោក​ជា​អ្នក​បង្រៀ​ន​នីតិ​សាស្រ្ដ​ដល់​កូន​ខ្ញុំ​ ទ្រង់​ត្រាស់​ហើយ​ ទើប​ប្រគល់​រាជ​អោរស​ដល់​បណ្ឌិត​វិសណុ​សម័ន​ ដោយ​​សេច​ក្ដី​គោរព​ក្រៃ​លែង​។

អារម្ភបទ ចប់ប៉ុណ្ណេះ

(1) បន្ទាត់​គំនូស​ ឬ​​ត្រា គឺ​រស្មី​ភ្លឺ​ភ្លេក​ដូច​បន្ទាត់​ ឬ ​ត្រា​ផ្សាយ​ចេញ​ពី​ពពុះ​ទឹក​។​​
​(2)វិជ្ជា​កសាង​ រឺ​ ជា​អាវុធ​សំរាប់​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក
​​(3)ការ​ចេះ​ដឹង​ក្បួន​ខ្នាត​ គម្ពីរ​ ដីកា​ច្បាប់​សំរាប់​ប្រតិ​បត្ដិ​អោយ​កើត​សេច​ក្ដី​សុខ​ក្សេម​ក្សាន្ដ​ ឬ សេច​ក្ដី​ចំរើន​លោក​​
​(4)ទី​ប្រជុំ​រោង​មហោ​ស្រព​ រី​ឋាន​អិស្សរ​ជន​
(5)​ វំស​ ​ប្រែថា រិស្សី​ រនូត​ រត​ ខ្លុយ​ឆ្អឹង​ខ្នង​ ខ្សែ​ស្រលាយ​វង្ស​ជាតិ​។ ទី​នេះ​មាន​សេច​ក្ដី​ផ្សេង​គ្នា គឺ​ធ្នូ​រិស្សី​នេះ មិន​ប្រ​សិទ្ធី​ក៏​មិន​ពូកែ​ ធ្នូ​មាន​វង្ស​ដូច​ជា​ធ្នូ​ព្រះ​អីសូរ​ ព្រះ​រាម​ជា​ដើម បើ​មិន​ប្រ​សិទ្ធី​មិន​ពូកែ​)
(6) នៅ​ប្រទេស​អិណ្ឌា​ខាង​បេង្គាល់​មាន​ពពែ​មួយ​ពួក​គេ​ហៅ​ថា គលស្តនី​ប្រែ​ថា​ពពែក​ដោះ​នោក)
(7) យាន​ព្រះ​នរាយណ៍​ ឈ្មោះ​មហា​អហិ​) តែង​មាន​ដល់​ព្រះ​ហរិ
(8) នាម​ព្រះ​ន​រាយណ៍