ថ្ងៃសៅរ៍ ទី10.មិថុនា 2017.ម៉ោង 7:57
កថាមុខអ្នកប្រែ

ការ​ប្រែ​គម្ពីរ​ដីកា​ក្បួន​ខ្នាត​ ជា​អរិយ​ធម៌​អិណ្ឌា​មក​ជា​ភាសា​ខ្មែរ​ទុក​ថា​ជា​ការ​ប្លែក​ក៏​ពុំ​មែន​ រឺ​ទុក​ថា​ជា​ការ​មិន​ប្លែក​ ក៏​​ពុំ​មែន​ដែរ​។ ព្រះ​បាទ​កៅ​ណ្ឌិណ្យៈ​ជា​ក្សត្រ​សម័យ​ក្រុង​ភ្នំ (Founan) ជា​ជាតិ​អិណ្ឌា​បាន​នាំ​អរិយ​ធម៌​មក​កាន់​ប្រទេស​​កម្ពុ​ជា​មុន​ដំបូង​រវាង​ខាង​ចុង​សត​វត្សរ៍​ទី​២​ នៃ​គ្រឹស្ដ​សក​រាជ​។​ ចាប់​ពី​សម័យ​នោះ​ មក​អរិយ​ធម៌​អិណ្ឌា​ ហូរ​ចូល​មក​​កាន់​ប្រទេស​កម្ពុជា​អិត​អាក់​ រហូត​ដល់​បច្ចុប្បន្ន​កាល​នេះ​ មាន​គោល​ គឺ​សាសនា​ព្រាហ្មណ៍​ មាន​គម្ពីរ​ត្រៃ​វេទ​ គម្ពីរ​អុប​និស័ទ​ គម្ពីរ​ហិរវង្ស​ គម្ពីរ​បុរាណ​រឿង​រាម​កេរ្ដិ៍​ រឿង​មហា​ភារតៈ​ និង​ពុទ្ធ​សាសនា​ មាន​គម្ពីរ​ព្រះ​ត្រៃ​បិដក​ជា​ដើម​ តែ​គម្ពីរ​ដីកា ​និង​ ទំនៀម​ទំលាប់​សាសនា​ព្រាហ្មណ៍​អស់​នោះ​ កប់​បាត់​នៅ​ក្រោម​ប្រាសាទ​បុរាណ​ទាំង​ឡាយ​ស្ទើរ​តែ​អស់​ហើយ​ នៅ​សល់​តែ​ពុទ្ធ​សាសនា​ ដែល​ហូរ​ចូល​មក​ក្រោយ​គេ​។ អរិយ​ធម៌​អស់​នេះ មិន​មែន​ជា​អាថិ​កំបាំ​ងអ្វី​សោះ​ កាល​បើ​យើង​បើក​ភ្នែក​ក្រឡេក​មើល​ទៅ​លើ​ទំព័រ​ប្រវត្ដិ​សាស្រ្ដ​សាកល​ ដែល​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​បាន​ចារឹក​​ទុក​មក​។ ដើម្បី​បញ្ជាក់​សេច​ក្ដី​ពិត​នេះ​ លោក​ស៊ីស្វាំង ​ឡេ​វិស​សរ​សេរ​ថា​ ប្រទេស​អិណ្ឌា​ជា​ដើម​មេ​គំនិត​ប្រាជ្ញា​ មេ​ដើម​រឿង​និទាន​ផ្សេង​ៗ​ មេ​ជំនឿ​សាសនា​ មេ​ទស្សន​វិជ្ជា​ មេ​ច្បាប់​ និង​ មេ​ការ​រចនា​ទ្វីប​អាស៊ី​អស់​ភាគ​៣ក្នុង​៤​។ លោក​សឺដែស​ សរ​សេរ​ថា​ អ្នក​ប្រាជ្ញ​ប្រទេស​អិណ្ឌា​ភ្លេច​សូន្យ​ឈឹង​ មិន​ដឹង​ជា​វប្ប​ធម៌​ខ្លួន​ផ្សាយ​ទៅ​កាន់​ប្រទេស​អាស៊ី​ភាគ​ខាង​កើត​ និង​កាគ​អគ្នេយ៍​ រហូត​មក​ដល់​កាល​អីលូវ​នេះ​ អ្នក​ប្រាជ្ញ​អិណ្ឌា​ខ្លះ​ ចេះ​បារាំង​ និង ចេះ​ហុលងដ៍​ទៅ​ស្វះ​ស្វែង​ រក​ប្រភព​ប្រវត្ដិ​អស់​នេះ​ ចេញ​ពី​មហា​វិទ្យា​ល័យ​ក្រុង​បារីស​ និង ឡីដ៏​ ហើយ​ពោល​ថា មហា​ប្រទេស​អិណ្ឌា​ (Greater India)​។​

ហិតោ​បទេស​នេះ​ប្រែ​ថា​ ការ​ប្រៀន​ប្រ​ដៅ​ប្រ​យោជន៍​ ការ​ពន្យល់​ប្រយោជន៍​ ការ​ប្រាប់​ប្រយោជន៍​ រឺ​ការ​ដឹក​នាំ​ជនា​នុ​ជន​អោយ​បាន​ប្រយោ​ជន៍​នៅ​នា​លោកីយ​នេះ​ ពុំ​នោះ​ថា ពាក្យ​ប្រៀន​ប្រ​ដៅ​សីល​ធម៌​ដល់​ជនា​នុ​ជន​ទាំង​ឡាយ​ ពុំ​នោះ​សោត​នឹង​ហៅ​ថា​ ធម៌​បំពេញ​មនុស្ស​ភាព​ក៏​សឹង​បាន​ ជា​គម្ពីរ​ចាស់​បុរាណ​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​ គេ​និយមប្រែ​ ស្ទើរ​គ្រប់​ភាសា​ក្នុង​សាកល​លោក​ ទោះ​ជា​អាស៊ី​ រឺ អឺ​រុប​ គេ​ទុក​ជា​លោក​នីតិ​ រឺ គតិ​លោក​មួយ​ដ៍​សំខាន់​។ ហិតោ​បទេស​ជា​ភាសា​សំស្រ្ដឹត​នេះ​មាន​៤​ប្រ​ការ​គឺ៖
១ - សេច​ក្ដី​ជ្រាល​ជ្រៅ​ទន់​ផ្អែម
២ - ប្រើពាក្យពេចន៍លែបខាយល្អស្រស់
៣ - ជើងកាព្យណែងណង
៤ - រឿង​រ៉ាវ​ទាក់​ទង​គ្នា​រដឹក​ដូច​រឿង​ ១០០១​យប់​។បើ​នរ​ជន​ណា​បាន​អាន​ហើយ​ នរ​ជន​នោះ​ជាប់​ចិត្ដ​នឹក​ស្ងើច​សរ​សើរ​ជពា្ជក់​មាត់​ ចង់​មើល​ចង់​អាន​ និង នឹក​ដល់​អ្នក​និពន្ធ​ដើម​ ស្ងើច​សរ​សើរ​ស្នា​ដៃ​ និង ចិត្ដ​ប្រ​កប​ដោយ​មេត្តា​ក្រាល​ទៅ​គ្រប​ដណ្ដប់​សព្វ​សត្វ​ទាំង​ឡាយ​។ ​

លោក​ល្លូល័ល្ល​ បណ្ឌិត​អិណ្ឌា​ជាតិ​ព្រាហ្មណ៍​ សរ​សេរ​ទុកថា​ ហិតោ​បទេស​នេះ​លោក​នារាយ​ណៈ​មហា​បណ្ឌិត​អិណ្ឌា​ រៀប​រៀង​ឡើង​ដក​ស្រង់​ពី​គម្ពីរ​ឈ្មោះ​បញ្ច​តន្រ្ដៈ​ និង គម្ពីរ​ផ្សេង​ៗ​ទៀត​ ដូច​សេច​ក្ដី​ដែល​បណ្ឌិត​នារាយណៈ​ បាន​ពោល​ទុក​ក្នុង​អារម្ភ​បទ​លោក​ស្រាប់​។ ផ្ទៃ​សេច​ក្ដី​ហិ​តោប​ទេស​នេះ​ បើ​តាម​ការ​សង្កេត​មើល​ ឃើញ​មាន​ទំនង​ស្រប​ ទៅ​ខាង​ពុទ្ធ​សាសនា​ដោយ​ច្រើន​ ដូច​សេច​ក្ដី​យល់​នៃ​លោក​បេន​ ហ្វៃ ​បណ្ឌិត​អង់​គ្លេស​ថា​ ​ហិតោ​បទេស​នេះ​ គង់​​អាស្រ័យ​គោល​ពុទ្ធ​សាសនា​ផ្សំ​ផង​ដែរ​។ តាម​សេច​ក្ដី​គ្នេរ​គ្នាន់​អ្នក​ប្រាជ្ញ​ពង្សាវ​តារ​ លោក​សរ​សេរ​ថា​ ហិតោ​បទេស​ ភាសា​សំស្រ្កឹត​ កើត​ឡើង​សត​វត្ស​ទី​១០​ នៃ​ពុទ្ធស​ករាជ​ សតវត្ស​ទី​៥ នៃ​គ.ស​ ហើយ​ចំលង​ត​គ្នា​ទៅ​ស្ទើរ​តែ​គ្រប់​ភាសា​ប្រទេស​អិណ្ឌា​ មាន​ភាសា​បេង្គ័ល​មហ​រ័ត​ជា​ដើម​ តែ​ដែល​សំខាន់​ជាង​គេ​នោះ​ គឺ​របស់​បណ្ឌិត​ លល្លូ ល័ល្ល​ ជា​ភាសា​ក្រ័ជ​កា​ខា​ឈ្មោះ​រាជ​នីតិ​។ ត​ពី​ប្រទេស​អិណ្ឌា​ទៅ​ទៀត​ គេ​ប្រែ​ជា​ភាសា​បេហ្លីរ​វាង​សត​វត្ស​ទី​១១​ នៃ​ពុទ្ធ​សក​រាជ​ (សតវត្ស​ទី​៦​នៃគ.ស​) ពី​ភាសា​បេហ្លី​ ជា​ភាសា​អារ៉ាប់​រវាង​សត​វត្ស​ទី​១៤​ នៃ​ពុទ្ធ​សក​រាជ​ (សត​វត្ស​ទី​៨​ នៃ​គ.ស​) ប្រែ​ពី​អារ៉ាប់​ទៅ​ភាសា​ហិបរូ (ជ្វិហ្វ)​ ប្រែ​ពីភាសា​ហិបរូ​ទៅ​ជា​ភាសា​ក្រឹក​ ទៅ​ជា​ភាសា​ធំ​ៗ​ ក្នុង​ទ្វីប​អឺ​រុប​មាន​ភាសា​អាល្លឺ​មង់​ អង់​គ្លេស​ និង​ បារាំង​ជា​ដើម​។ ខ្ញុំ​សូម​អភ័យ​ទោស​ដោយ​ខ្ញុំ​មិន​បាន​លើក​យក​ឈ្មោះ​អ្នក​ប្រែ​ទាំង​អស់​មក​ចារឹក​ទុក​​ក្នុង​ទី​នេះ​ទេ​​ យ​ក​តែ​គោល​ខ្លះ​ ល្មម​អោយ​ដឹង​ដំណើរ​សេច​ក្ដី​ដូច​ត​ទៅ​នេះ​៖​

ក្នុង​សត​វត្ស​ទី​២៣​ នៃ​ពុទ្ធស​ករាជ​ (សត​វត្ស​ទី​១៧​ គ.ស​) បណ្ឌិត​អិស្លាម​ជាតិ​ បារសី​ (បៀរស៍​) ឈ្មោះ​តាជ​អែទ​ឌិត​ បាន​ប្រែ​ជា​ភាសា​បៀរស៍​អោយ​ឈ្មោះ​ថា មហ្វោរ​រឹហ៍​អល​កូ​លូព​ ប្រែ​ថា​គម្ពីរ​បញ្ជើត​ចិត្ដ​អោយ​រីក​រាយ​ តែ​ជា​ធម្មតា​អ្នក​កាន់​សាស​នា​អិស្លាម​ កាល​ប្រែ​នោះ​គេ​បំប្លែង​សេច​ក្ដី​ដើម​ជា​លទ្ធិ​សាសនា​ព្រាហ្មណ៍​ អោយ​មាន​ទំនង​ទៅ​ជា​លទ្ធិ​អិស្លាម​ទាំង​អស់​។ អែ​សេច​ក្ដី​ប្រែ​ របស់​បណ្ឌិត​ តាជ​អែទ​ឌិន​ នេះ​ត្រូវ​បណ្ឌិត​អិណ្ឌា​ឈ្មោះ​មីរព​ហា​ឌួរ​អាលី​ ហូ​សៃ​នី ប្រែ​ត្រលប់​ជា​ភាសា​អិណ្ឌូ​ស្ថានី​វិញ​ កាល​ព.ស ២៣៤៥( គ.ស ១៨០២)​ បោះ​ពុម្ព​នៅ​ក្រុង​កល្ល​កត្ដា​ អោយ​ឈ្មោះ​ថា​អក្លា​គ អិហិណ្ឌិ ​ប្រែថា​ សីល​ធម៌​អិណ្ឌា​។ អែ​សេច​ក្ដី​ប្រែ​ជា​ភាសា​ទ្វីប​អឺ​រ៉ុប​មុន​ដំបូង​ ច្រើន​មាន​សេច​ក្ដី​ឃ្លៀង​ឃ្លាត​ពី​សៀវ​ភៅ​ដើម​ដោយ​ច្រើន​ ព្រោះ​កាល​នោះ​ ការ​ចេះ​ដឹង​ភាសា​សំស្រ្ដឹត​ នៅ​ទ្វីប​អឺ​រ៉ុប​ពុំ​ទាន់​មាន​ប​រិបូណ៌​ ក្នុង​ ព.ស ២៣៥៧ (គ.ស១៨៤៤) ទើប​លោក​ ម៉ាក់​មុល្លើ​បណ្ឌិត​អាល្លឺ​មង់​ ប្រែ​បាន​ត្រឹម​ត្រូវ​តាម​សៀវ​ភៅ​ដើម​។ កាល​ព.ស១៣៩១ គ.ស ១៩៤៩ លោក​ហ្រ្វង្សី​ស​ជន​សុង បណ្ឌិត​អង់​គ្លេស​ ប្រែ​ជា​ភាសា​អង់​គ្លេស​ក្នុង​ព.ស ២៣៤៩ គ.ស១៨៥១​ លោក​ដេ​ម៉េត្រិ​យ៉ូស​ គាឡា​ណូស​ ជាតិ​ក្រិក​នៅ​ក្រុង​អាថែន​ ប្រែ​ជា​ភាសា​ក្រឹក​ លោក​នេះ​បាន​ចូល​ទៅ​នៅ​ប្រទេស​អិណ្ឌា​តាំង​ពី​កាល​ព.ស​២៣២៩ គ.ស១៧៨៦ ដល់ព.ស២៣៧៦ គ.ស១៨៣៣​។ ក្នុង​ព.ស​២៣៩៨ គស. ១៨៥៥​ លោក​អេ​ឌូ​អាដ ឡង់​សឺ​រូ ប្រែ​ជា​ភាសា​បារាំង​ ក្នុង​បណ្ណា​ល័យ​ អែល​សេវិ​រីយែន​ដឺប​ស៊ា​នេត​ Bidliathe- queelzévirienne de P.jannet​។​ ក្នុង ព.​ស២៤៦២ គ.ស១៩​២១​ លោក​នាគ​ប្រទីប​ បណ្ឌិត​សៀម​ ប្រែ​ជា​ភាសា​សៀម​។

ដើម្បី​អោយ​ស្រួល​ទៅ​តាម​ទំនង​ភាសា​ខ្លួន​ ហិតោ​បទេស​ជា​សំស្រ្ដឹត​បោះ​ពុម្ព​ផ្សេង​គ្នា​ក្ដី​ សេច​ក្ដី​ប្រែ​គ្រប់​ជាតិ​ភាសា​ក្នុង​សាកល​លោក​ក្ដី​ តែង​មាន​សេច​ក្ដី​ខ្វះ​ខាត​លើស​លស់​គ្នា​ខ្លះ​ដោយ​អន្លើ​ ដោយ​ការ​បន្ថែម​បន្ថយ​ទៅ​តាម​អត្ដ​នោម័តិ​ ពុំ​នោះ​ក្លាយ​ទៅ​ជា​សុភា​សិត​ រឺ​រឿង​និទាន​ជាតិ​ភាសា​នោះ​ៗ​សុទ្ធ​សាធ​ ដូច​កាព្យ​លោក​ឡា​ហ្វុង​តែន​ បណ្ឌិត​បារាំង​ជា​អុទាហរណ៍​ សេច​ក្ដី​ពិត​ ហិតោ​បទេស​នេះ​ គឺ​បញ្ច​តន្រ្ដ:​ត្រង់​តែ​ម្ដង​ដោយ​គ្រាន់​តែ​បំព្រួញ​មក​នៅ​ ត្រឹម​តែ​៤​ភាគ​គឺ​៖​
១ - មិត្រលាភ ការគប់មិត្ដ
២ - សុហរិទ្ភេទ ការបំបែកមិត្ដ
៣ - វិគ្រហៈ សង្រ្គាម
៤ - សន្ធិ សន្ដិភាព

អែ​បពា្ច​តន្រ្ដៈ​មាន​៥​ភាគ​ បញ្ច​=​ប្រាំ​ តន្រ្ដៈ​=​ច្បាប់​ ​ច្បាប់​ប្រាំ​ប្រការ​។​ ខ្ញុំ​ប្រែ​ជា​ភាសា​ខ្មែរ​នេះ​ ក្នុង​មួយ​ភាគ​ពុម្ព​ជា​សៀវ​ភៅ​មួយ​រហូត​គ្រប់​ទាំង​៤​ភាគ​។ ហិតោ​បទេស​ដែល​ខ្ញុំ​ប្រែ​នេះ​ ខ្ញុំ​ប្រែ​ត្រង់​តាម​ច្បាប់​ភាសា​សំស្រ្ដឹត​នារាយ​បណ្ឌិត​ដែល​លោក​ កាសី​នាថ​បាណ្ឌុ​រង្គប​រ័ព​ បោះ​ពុម្ព​លើក​ទី​១០​ កែ​តំរូវ​ដោយ​លោក វា​សុ​ទេវ លក្ស​មណៈ​សាស្រ្ដី​បាង្ស​កី​ ការ​បោះ​ពុម្ព​ផ្សាយ​ដោយ​លោក​បាណ្ឌុ​ រង្គ​ជាវ​ជី​ ម្ចាស់​រោង​ពុម្ព​ និយម​សាគ័រ​ នៅ​ក្រុង​បុំ​បៃ​ គ.ស១៩២១​។ កាល​ប្រែ​ខ្ញុំ​រក​កល​នឹង​ប្រែ​ផ្ដិត​ មិន​បាន​បន្ថែម​ សេច​ក្ដី​អោយ​ឃ្លាត​ឆ្ងាយ​ច្បាប់​ដើម​ពេក​ទេ​ គ្រាន់​តែ​សំរួល​ទៅ​តាម​ភាសា​ខ្មែរ​ប៉ុណ្ណោះ​ ព្រោះ​ចង់​រក្សា​រស​ជាតិ​លំ នាំ​ភាសា​សំ​ស្រ្កឹត​អោយ​គង់​នៅ​ តែ​ទោះ​ជា​ខិត​ខំ​ប្រិត​ប្រៀន​យ៉ាង​ណា​ ខ្ញុំ​នៅ​តែ​មាន​ភ័យ​ក្នុង​ រឿង​នេះ​មិន​អស់​មិន​ហើយ​ ព្រោះ​ការ​ប្រែ​ភាសា​មួយ​ទៅ​ភាសា​មួយ​ តែង​មាន​ការ​ឃ្លៀង​ឃ្លាត​រអៀង​សេច​ក្ដី​គ្នា​ ដែល​ជា​ទោស​គេច​ពុំ​រួច​ ណា​មួយ​វិជ្ជា​អក្សរ​សាស្រ្ដ​ខ្មែរ​របស់​ខ្ញុំ​នៅ​ទន់​ខ្ចី​ពេក​ មិន​អាច​ឈោង​ចាប់​សំនួន​វោ​ហារ​ពាក្យ​មួយ​មាត់​ៗ​ នៃ​អក្សរ​សាស្រ្ដ​សំ​ស្រ្កឹ​ត​យក​មក​ប្រែ​ជា​ពាក្យ​ខ្មែរ​អោយ​បាន​ច្បាស់​លាស់​ដូច​សេច​ក្ដី​ដើម​បាន​ ហើយ​ជា​ការ​លំបាក​លើស​ សមត្ថ​ភាព​រប​ស់ខ្ញុំ​ផង​។

ដើម្បី​ជា​គ្រឿង​ណែ​នាំ​អោយ​ទូលាយ​គំនិត​ ខ្ញុំ​បាន​យក​ហិ​តោ​បទេស​ច្បាប់​ប្រែ​ជា​ភាសា​​សៀម​របស់​លោក​នាគ​ប្រ​ទីប​ រោង​ពុម្ព​សមុទ​ថៃ​ខែ​តុលា​ ព.ស ២៤៦៤ និង ហិ​តោ​បទេស​ច្បាប់​ប្រែ​ភាសា​បារាំង​ របស់​លោក​អេឌូ​អារដ៍​ ឡង់​សឺ​រូ​ រោង​ពុម្ព​មេ​ស៊ន​នើវ​គ.ស១៨៨២​។ ខ្ញុំ​បាន​ធ្វើ​ន័យ​លក្ខណៈ​ខ្លះ​ប្រាប់​សេច​ក្ដី​ប្លែក​គ្នា​ចំ ​ពោះ​សុភា​សិត​ដែល​មាន​ប្រយោជន៍​ គួរ​អោយ​ដឹង​ហើយ​បំព្រួញ​នាម​លោក​អេ​ឌូអារដ៍​ ឡង់​សឺ​រូ ​ថា ឡង់​សឺរូ​ នាម​​លោក​សេដ្ឋី​រយ​កោ​សេស​នាគ​ប្រទីប​ថា​ នាគ​ប្រ​ទីប​ សូម្បី​ខ្ញុំ​ខំ​ប្រឹង​ប្រែង​កុំ​អោយ​មាន​ការ​ភ្លាំង​ភ្លាត់​ ការ​ប្រែ​នេះ​ នៅ​តែ​មាន​ការ​ខុស​ឆ្គាំ​ឆ្គង​តក់​សេច​ក្ដី​រឺ​ទោស​អ្វី​មួយ​ ដែល​ហួស​កំលាំង​សតិ​បញ្ញា​សេច​ក្ដី​ព្យា​យាម​ខ្ញុំ​ ថា​បើ​មាន​ធម្មតា​ គង់​​អភ័យ​ទោស​អោយ​បច្ឆា​ជន​ ជា​អ្នក​ប្រាជ្ញ​ភាសា​សំស្រ្កឹត​អានាគត​ និង​ជា​ភាជនៈ​ ទទួល​ត្រង់​នូវ​កេរ្ដិ៍​មត៌ក​ គឺ​ភ្លាំង​ភ្លាត់​ខុស​របស់​ខ្ញុំ​ ក្នុង​ការ​ប្រែ​ច្បាប់​នេះ​ ហើយ​នឹង​កែ​សំរួល​អោយ​បាន​ត្រឹម​ត្រូវ​ល្អ​ឡើង​ ទុក​ជា​ហិតា​នុ​ហិត​ដល់​បង​ប្អូន​រួម​ជាតិ​ត​ទៅ​

សេច​ក្ដី​ប្រែ​នេះ​ ខ្ញុំ​ទុក​ជា​ទី​រលឹក​ការ​នៅ​ចាំ​វស្សា​អស់​ត្រៃ​មាស​ក្នុង​ឆ្នាំ​ឆ្លូវ​អែក​ស័ក ព.ស ២៤៩២​។ ខ្ញុំ​មាន​អំណរ​យ៉ាង​ក្រៃ​លែង​ ចំពោះ​លោក​គ្រូ​ព្រះ​ទេព​សត្ថា សូរ​ហាយ​ ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ និង ព្រះ​គ្រូ​មុនី​សោ​ភ័ណ​លេខ​ នាង​ សាស្រ្ដា​ចារ្យ​សាលា​បាលី​ជាន់​ខ្ពស់​ ដែល​ជួយ​អោយ​ន័យ​ក្នុង​ការ​ប្រែ​។ ខ្ញុំ​សូម​អរគុណ​លោក​ ព្រះ​បា ឡាត់​ពោធិ​រាម​ ជា ឆាយ​ សាស្រ្ដា​ចារ្យ​សាលា​បាលី​ជាន់​ខ្ពស់​ ដែល​ពេញ​ចិត្ដ​ នឹង ភាសា​សំ​ស្រ្កឹត​ដូច​ខ្ញុំ​ដែ​រ​ ព្រម​ទាំង ​សហ​ការី​ទាំង​ឡាយ​ ដែល​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ជួយ​សរ​សេរ​ជួយ​កែ​តម្រង់​ជំនួស​ខ្លួន​ខ្ញុំ​។ សូម​អរ​គុណ​លោក​ ជុំ​ទួត​ ទី​ប្រឹក្សា​ព្រះ​រាជ​អាណា​ចក្រ ដែល​ស្រលាញ់​ការ​នេះ​ ហើយ​បាន​អារា​ធនា​ សូម​អោយ​ប្រែ​ហិ​តោ​បទេស​នេះ​យក​ ទៅ​បោះ​ពុម្ព​ផ្សាយ​ដល់​សាធារ​ណ​ជន​។ខ្ញុំ​សូម​អោយ​ប្រជា​ជន​ខ្មែរ​បាន​ប្រកប​ដោយ​សេច​ក្ដី​សុខ​ចំរើន​គ្រប់​ប្រការ​! ។

វត្តឧណ្ណាលោមនៅថ្ងៃ ៣ ᧶ ១០ (ថ្ងៃ​ពុធ ៦ រោច​ខែ​ភទ្រ​បទ) ឆ្នាំ​ឆ្លូវ​អែក​សក​ ព.ស២៤៩២ ត្រូវ​នឹង​ថ្ងៃ​ទី​ ២៧ ខែកញ្ញា គ.ស ១៩៤៩
ភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ