ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់ ទំព័រមណ្ឌលវប្បធម៌ខ្មែរនៅស្វីស សូមថ្វាយព្រះពរ និងជូនពរ

 ពេលចូលឆ្នាំថ្មី  ជូនពរប្រុសស្រី មិត្ដភក្ដិទាំងឡាយ
ក្នុងស្រុកក្រៅស្រុក នៅជិតនៅឆ្ងាយ នៅក្បែររៀងអាយ
ទាំងអស់គ្រប់គ្នា។
 សូមអាយុវែង  យឺនយូរអង្វែង រយៗច្រើនឆ្នាំ
ជានិច្ចនិរន្ដ ជារៀងប្រចាំ គ្រប់គ្នាចាគកម្ម
អកុសលទាំងឡាយ។
 សូមមានវណ្ណៈ  សម្បុរល្អជាក់ ល្អល្អះរាងកាយ
ល្អសព្វល្អគ្រប់ ល្អឥតបរិយាយ  រស្មីស្រស់ស្រាយ
ដូចពេជ្រពន្លឺ។
 សូមមានសុខា  សប្បាយអាត្មា សុខអស់អង្គប្រាណ
សុខអស់ទាំងចិត្ដ រិះគិតសន្ដាន សុខកើតក្សេមក្សាន្ដ។
ផុតចាគរោគា។
 សូមមានពលំ  ក្លាខ្លាំងកំលាំង អង់អាចអស្ចារ្យ
កំលាំងអង្គកាយ កំលាំងបញ្ញា កំលាំងបាដិហា
ក្លៀវក្លាពេកក្រៃ។

សង្ក្រានម្សាញ់បញ្ចស័ក

     ព្រះពុទ្ធសករាជព្រះសាសនា អតិកន្តា កន្លងទៅហើយបាន ២៥៥៦ព្រះវស្សា ត្រឹមថ្ងៃ ពេញបូណ៌ ខែពិសាខ លុះដល់ថ្ងៃ ១រោច ខែពិសាខ ចូលពុទ្ធសករាជ ២៥៥៧ព្រះវស្សាតទៅ។

  • ថ្ងៃអាទិត្យ ៤កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង០២ និង ១២នាទីរំលងអធ្រាត្រ (យប់ថ្ងៃទី ១៣) ជាថ្ងៃចូលឆ្នាំ។
  • ថ្ងៃចន្ទ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ ជាវារៈវ័នបត ។
  • ថ្ងៃអង្គារ ៦កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ ជាថ្ងៃឡើងស័ក គំរបប់ជាសង្ក្រាន្តបីថ្ងៃ ស្រេច$បរិបូណ៌ ចូលជាសកល ឆ្នាំម្សាញ់ បញ្ចស័កតរៀងទៅ។

ឫក្សនៃថ្ងៃខែ

កេណ្ឌ ថ្ងៃ ខែ យាម
ស្ដេច ព្រហស្បតិ៍ ពិសាខ
អធិបតី អាទិត្យ កត្ដិក
ឧត្បាត ពុធ ចេត្រ
ឃ្លុប អង្គារ ផល្គុន

រណ្ដាប់ទទួលទេវតា

  តាមទំនៀមពីបុរាណរៀងរហូតមក រណ្ដាប់ទទួលទេវតា មានរានទទួលទេវតាមួយ សំរាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ ពណ៌ស ហើយរៀបបាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌ មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាជ៥ ផ្កា៥ បារីម្លូស្លាដាក់លើជើងពាន១គូៗ ចេកនួន ឬចេកណាំវ៉ាមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពានជាគូៗ ដូងឡៅ មួយគូ។ គួររៀបចំបង្អែម និងចំអាប ១ថាសសំរាប់ទេវតាផង (បញ្ជាក់ បើប្រជាជនក្រីក្រសូមរៀបតាមលទ្ធភាព)។

ដង្ហើមរស់ប្រចាំថ្ងៃ

 រីថ្ងៃអាទិត្យ  ដង្ហើមរស់ពិត នៅទិសឧត្ដរ
ចន្ទបូរាណថា និរតិបវរ អង្គារពុធត
នៅទិសឦសាន។
 រីថ្ងៃព្រហស្បត្ដិ៍  នោះនៅចំពោះ ទិសបូព៌ស្មោះសាន
សុក្រទិសអគ្នេយ៍ សៅរ៍ទក្សិណឋាន នេះហើយបូរាណ
លោកចងទុកអោយ។
 នឹងធ្វើការអ្វី  ចង់បានសេរី ប្រព្រឹត្ដកុំធ្លោយ
ទើបមានបំណង ពុំមានស្ដាយក្រោយ  រុងរឿងមកអោយ
ដល់អង្គអាត្មា។

ពណ៌សំពត់ស្លៀកតំរូវតាមថ្ងៃ

អាទិត្យក្រហមខ្ចីឬចាស់ ចន្ទផ្លាស់លឿងទុំស្វាយអង្គារ ថ្ងៃពុធស៊ីលៀបសមសោភា ព្រហស្បតិ៍បៃតងត្រួយចេកខ្ចី។
ពណ៌ខៀវក្រនៀវប្រើថ្ងៃសុក្រ ពណ៌និលព្រិលទុកសោរ៍សិរី តែងខ្លួនតាមក្បួនលោកស្រដី ចំរើនសេរីជោគជ័យអើយ។

សម្ពង្សឆ្នាំ

 បទពុំនោលចែងចង  លើកជាទំនង ដំណាលសំណុំសម្ពង្សរិទ្ធី។
 ជូតនូវរោង មមែ មមី  ទាំងបួនរាសី សុទ្ធសឹងពង្សទេវតា។
 ឆ្លូវ ថោះម្សាញ់ សូករា  សឹងពង្សមនុស្សា យកគ្នាកប់កបសួស្ដី។
 វក រកា ច ខាលរាសី  ពង្សយក្សសុរី យកគ្នាគាប់សម្ពង្ស

សម្ពង្សឆ្នាំ និង ឆ្នាំ

ពង្សមនុស្សយកពង្សយក្សយង់ ឧបមាដូចអង្គ ព្រះរិទ្ធិសែន និងកង្រី។
 ពង្សទេវតាពង្សយក្ខិនី  សឹងមានរិទ្ធី ត្បះតេជៈស្មើគ្នា។
 ពង្សមនុស្សយកពង្សទេវតា  ដូចនាងមនោរា នូវព្រះសុធនធិបតី។
 ពង្សមនុស្សយកពង្សអសុរី  ច្រើនឈ្លោះស្រដី ពិតពុំសូវសុខយឺនយូរ។
 ពង្សយក្សយកពង្សមនុស្សគ្រាន់ធូរ  ពុំសូវបរិបូណ៌  បានត្រឹមមជ្ឈិមា។
 ពង្សទេវតាយកពង្សទេវតា  យឺនយូរជន្មា ប្រកបនូវសុខសួស្ដី។

សម្ពង្សធាតុ នឹង ធាតុ

  1. ប្រុសធាតុទឹក ស្រីធាតុទឹក សុខល្អត្រជាក់។
  2. ប្រុសធាតុទឹក ស្រីធាតុដី ស្រលាញ់រក្សាគ្នាបានសុខ។
  3. ប្រុសធាតុទឹក ស្រីធាតុឈើ ល្អណាស់។
  4. ប្រុសធាតុទឹក ស្រីធាតុភ្លើង ល្អមធ្យមមិនសូវស្ដាប់បង្គាប់។
  5. ប្រុសធាតុទឹក ស្រីធាតុដែក ល្អណាស់ចំរើនយសសក្ដា។
  6. ប្រុសធាតុដី ស្រីធាតុដី ល្អណាស់។
  7. ប្រុសធាតុដី ស្រីធាតុទឹក នៅជាមួយគ្នាយូររិតតែល្អ
  8. ប្រុសធាតុដី ស្រីធាតុឈើ មិនសូវល្អ។
  9. ប្រុសធាតុដី ស្រីធាតុភ្លើង ដំបូងច្រើនឈ្លោះ តែនៅយូរល្អ។
  10. ប្រុសធាតុដី ស្រីធាតុដែក សុខជានិច្ច ឧត្ដមណាស់
  11. ប្រុសធាតុឈើ ស្រីធាតុឈើ មិនសូវល្អឡើយ។
  12. ប្រុសធាតុឈើ ស្រីធាតុទឹក ល្អណាស់។
  13. ប្រុសធាតុឈើ ស្រីធាតុដី ស្រលាញ់គ្នាតែព្រាត់គ្នាវិញ។
  14. ប្រុសធាតុឈើ ស្រីធាតុភ្លើង មធ្យមបើមានកូនប្រុសមុនច្រើនកំព្រា។
  15. ប្រុសធាតុឈើ ស្រីធាតុដែក មិនល្អទេ។
  16. ប្រុសធាតុភ្លើង ស្រីធាតុភ្លើង អភ័ព្វ (បើល្អៗ ណាស់ អាក្រក់ៗណាស់។
  17. ប្រុសធាតុភ្លើង ស្រីធាតុទឹក ដំបូងមិនល្អ យូរទើបបានល្អ។
  18. ប្រុសធាតុភ្លើង ស្រីធាតុដី បាន៧ឆ្នាំត្រូវព្រាត់ប្រាស់គ្នា។
  19. ប្រុសធាតុភ្លើង ស្រីធាតុឈើ មិនល្អឡើយ។
  20. ប្រុសធាតុភ្លើង ស្រីធាតុដែក មិនល្អឡើយ។
  21. ប្រុសធាតុដែក ស្រីធាតុដែក ល្អណាស់
  22. ប្រុសធាតុដែក ស្រីធាតុទឹក ល្អណាស់។
  23. ប្រុសធាតុដែក ស្រីធាតុដី បានសុខសាន្ដ មានទ្រព្យស្ដុកស្តម្ភ។
  24. ប្រុសធាតុដែក ស្រីធាតុឈើ សុខចំរើនធន សក្ដិសមឧត្ដម។
  25. ប្រុសធាតុដែក ស្រីធាតុភ្លើង មិនល្អឡើយ។

     ការចុះផ្សាយ ការទស្សន៍ទាយទាំងអស់ខាងលើ គឺគ្រាន់តែចង់ លើកយកក្បួនបូរាណខ្មែរ ដែលមានការ​ទស្សន៍​ទាយ​ក្នុង​មហា​សង្រ្កាន្ដ មក​ដាក់​ចែក​ជួន​អោយ​ជ្រាប​ប៉ុណ្ណោះ ឯ​ការ​ប្រាកដប្រជា ឬយ៉ាងណានោះ សំរេចទៅលើការពិចារណាវិនិឆ័យ របស់​អស់​លោក​អ្នក​គ្រប់​ៗ គ្នា​ប៉ុណ្ណោះ​។

សាស្ត្រាថ្ងៃសុក្រ
បទពាក្យ៧
ថ្ងៃសុក្រពេញបូណ៌មីខែភទ្របទ នៅក្នុងកំណត់ព្រះវស្សា ឆ្នាំឆ្លូវត្រីស័កនក្សត្រា សាសនាពីរពាន់បួនរយប្លាយ។
នឹងថ្លែងពីរាជរដ្ឋបូរី ក្នុងផែនដីនគរអាយ កកើតអស្ចារ្យជនទាំងឡាយ ក្លែងក្លាយទាំងគ្រប់សព្វសេចក្ដី។
តាំងតែអ្នកឆ្ងាយគេចូលមកនៅក្នុងគោកធ្លករាជបុរី កកើតហេតុភេទដែនដីទាំងមនុស្សប្រុសស្រីប្រែចិន្ដា។
បែរបែកបោះបង់បែបបុរាណគ្រប់ប្រាណពុំមានតាមតម្រា សឹងត្រេកដោយទ្រព្យគ្រប់រូបាពុំមាននរណាតាមសណ្ដាប់។
ទាំងនេះហេតុតែភេទសេមា ព្រះពុទ្ធសាសនាប្រែក្រឡាប់ បណ្ដាលក្នុងចិត្ដងងឹតអ័ព្ទ យកខុសជាគាប់ក្រឡាប់ប្រែ។
អ្នកប្រាជ្ញប្រាប់ទៅខ្លៅមិនតាម មិនដោយទំនៀមទំនងខ្មែរ ចចេសចិត្ដអែងអាងពូកែ ត្បិតមានគេមកនៅថ្មី។
ខ្លះអាងខ្លួនឯងមានមាសប្រាក់ មានបុណ្យមានស័ក្ដិជាមន្ត្រី ហើយកើតធំចិត្ដធំសម្ដី ឥតបីឥតបើនឹងគណនា។
តំកើងខ្លួនឯងឲ្យគេខ្លាច ពាក្យកោងប៉ោងកាចទាំងឫកពា មិនកោតមិនខ្លាចចាស់ព្រឹទ្ធា អាងមានទ្រព្យាជាទីពឹង។
ខ្លះអាងខ្លនឯងមានចំណេះ ប្រាជ្ញាវៃចេះជជែករឹង ជជែកយកឈ្នះឈ្លោះទទឹង មិនមានរំពឹងគិតខុសត្រូវ។
មានទ្រព្យគាប់ចិត្ដស្បិតធ្វើបុណ្យ ភ្លាំងភ្លើនភ្លេចគុណម៉ែគុណឳ គិតតែធ្វើស្រែនិងលក់ស្រូវ ឯផ្លូវទៅសួគ៌មិននឹកសោះ។
នេះហើយជាកម្មអកុសល មកផ្តល់ឲ្យគ្មានបុណ្យឡើងសោះ បើខាងស៊ីផឹកនឹកទាំងអស់ នោះទើបស្រូបស្រស់គិតរាល់ថ្ងៃ។
ខ្លះមានបុណ្យស័ក្ដិមើលងាយសង្ឃ ព្រោះសាងជាអង្គឯងថ្កើងក្រៃ សំពះព្រះសង្ឃក្រែងថោកដៃ ឆ្មើងឆ្មៃដូចវិស័យជនក្រៅសាសន៍។
មានបុណ្យប៉ុណ្ណឹងប្រឹងក្រអើត ចំកោងស្ទួយស្ទើតទើសអាកាស ចង់ធំតែខ្លួនគ្មានគិតខ្មាស ចោលសង្ឃបង់សាសន៍ថ្លៃឧត្ដម។
ជួលកាលត្រូវការដើរចូលវត្ដ ពាក់មួកបាំងឆ័ត្រធ្វើរម្យទម ចូលក្នុងអារាមគ្មានអារម្មណ៍ អាងខ្លួនជាធំប៉ុណ្ណោះឯង។
អ្នកអើយទាំងនោះហើយហៅលោភា ទោសោមោហោនាំវង្វេង បង្វែរនាំចិត្ដឥតគិតក្រែង នេះហៅវង្វេងក្នុងសាសនា។
មនុស្សលោកឥឡូវក្រៅក្រមក្រិត្យ កើតមានទ្រុសចិត្ដបីប្រការ ចិត្ដមួយមិនខ្លាចគ្រូអាចារ្យ ចិត្ដមួយសោតណាមិនខ្លាចចាស់។
ចិត្ដមួយមិនខ្លាចម៉ែឳឯង ឥតកោតឥតក្រែងរែងក្រឡាស់ ក្រឡាប់ត្រឡប់គ្រប់សព្វសាសន៍ រាលរូបរាល់រាស្ត្រសឹងវង្វេង។
វិលវល់ក្នុងចិត្ដគិតវីវរ ព្រោះភេទនគរកើតហេតុព្រេង ទើបមានអកុសលដូច្នេះឯង ខ្លាចក្រែងវង្វេងវរចិន្ដា។
នេះហៅប្រែរាជប្រែសករាជ សិស្សសោតមិនខ្លាចគ្រូអាចារ្យ ឯកូនមិនខ្លាចអ្នកមេបា រីឯភរិយាមិនខ្លាចប្ដី។
កង្កែបមិនចង់ខ្លាចពស់វែក សត្វក្អែកចង់ជល់នឹងដំរី ដើមចេកចង់ជល់នឹងក្របី រីឯត្រីចង់ជលនឹងបុព្វតា។
ហេតុភេទទាំងនេះកើតមានមក នាំឲ្យជនយកជាកិរិយា សឹងចោលសណ្ដាប់ច្បាប់មាត្រា ទើបលោកឧបមាដូច្នេះនៃ។
គោស្រុកទៅចូលហ្វូងស្វា ឯឆ្មាបង់ផ្ទះទៅពឹងព្រៃ មច្ឆាចោលបឹងទៅពឹងព្រៃ ក្របីចោលត្រាញ់ស្រឡាញ់ត្រែង។
យកជាពំនាក់នៃអាត្មា ភ្លើងឆេះកាលណាទើបស្វះស្វែង ភ្លើងឆាបរោលរាលដល់ខ្លួនឯង ទើបចោលបឹងត្រែងមករកត្រាញ់។
រាជហង្សហើរបង់ចោលសំបុក ហើរទៅយកកុកជាសំលាញ់ ដល់មានព្រានព្រៃមកបរបាញ់ កុកសសស្រាញ់ហើរចោលហង្ស។
ម្លោះហើយសមនឹងអសាសូន្យ អន្ដរាយខូចខ្លួនវិនាសបង់ ព្រោះព្រើលគំនិតចិត្ដគិតចង់ សប្បាយទើបបង់ពីសំបុក។
លង់លុះមានភ័យដូច្នេះឯង ទើបបានហើរស្វែងរកទីសុខ រកទៅរកមកបានតែទុក្ខ ព្រោះបង់សំបុកឋានអាត្មា។
ហៃនែអស់ជនទាំងឡាយអើយ អ្នកអើយនេះហើយហៅឧបមា ឧបមេយ្យឲ្យដឹងហេតុគ្រប់គ្នា ការរកវេទនាជាប្រាកដ។
ព្រោះជនមានចិត្ដជាវិបល្លាស សាងអកុសលក្រាសដោយសន្មត លោភខឹងវង្វេងជាបែបបទ កំណត់ឥតក្រែងឋានអវិចិ។
គ្មានឹករលឹកទៅឋាននាយ គិតតែសប្បាយនៅលោកិយ ចង់មានចង់បានហួសពេកខ្មី មានអ្វីអួតហ្នឹងឥតគណនា។
មានគោអួកគោពូកែគាប់ មានទ្រព្យអួតទ្រព្យប្រសើរជា ចេះគួរអួតគួរឥតគណនា ចេះបៀរអួតបៀរឥតបើស្ដី។
មានកូនអួតកូនដោយដំណើរ មានក្លើអួតក្លើដោយមេត្រី មានសេះអួតសេះឲ្យបានល្បី មានអ្វីអួតហ្នឹងឲ្យបានខ្ពស់។
នរណាដូច្នោះនោះលោកថា វឹងស៊ឹងមនុស្សមហាឆោតហួស សឹងលុះសាសនាជិតដល់ហើយ កុំធ្វើតោះតើយគួរឲ្យប្រឹង។
ធ្វើបុណ្យធ្វើទានកុំរៀនខ្លៅ កុំកាចឃោរឃៅឆោតឆាប់ខឹង ធ្វើចិត្ដឲ្យធ្ងន់ទន់ទើបនឹង បានជាពុំនឹងទៅឋាននាយ។
សេចក្ដីនេះក្រែងអស់អ្នកផង ពុំដឹងទំនងការសម្ទាយ នូវអស់កិច្ចការផងទាំងឡាយ នៃនគរអាយកើតកូនខ្ចី។
កូនមួយជាប្អូនកូនមួយជាបង ដើរត្រាច់ត្រសងសាងបារមី ឯអស់មហាជនទាំងប្រុសស្រី បានដឹងសេចក្ដីនៃសុខំ។
ផ្គរលាន់ឯបូព៌លឺកណ្ដុក អ្នកតាចាស់ស្រុកអោបដៃយំ កំពិសឡើងពងលើកំពូលភ្នំ ក្អែកសសំងំក្នុងគុម្ពត្រែង។
ពោធិព្រឹក្សរាបគល់ពុំចាក់រិស ពស់វែកត្រាំពិសផ្អាំកន្លែង ក្របីលាក់ខ្លួនសម្រួចស្នែង រាជហង្សហើរស្វែងកាច់សំបុក។
ពពេចក្រាបពងក្រោមគង្កា ក្អែកពាំផ្លែល្វារាយគ្រប់ស្រុក អ្នកផងឃើញហើយខំរើសទុក សំណេះទៅមុខទើបដឹងខ្លួន។
ស្វាក្រេះក្រញឹងប្រឹងហាត់គុន លុះឃើញសេះលុនទើបរត់ពួន កុកសកវែងឯងអួតខ្លួន ថាដឹងចំនួនត្រីក្នុងទឹក។
កុកសាប់រកស៊ីកណ្ដាលត្រាញ់ សស្រាក់សស្រាញ់ពុំមានភ្លឹក សីហនាទគគាតជាពន្លឹក ចាប់ត្រីរាល់ព្រឹកគ្មានមេត្ដា។
ខ្លាញីរកស៊ីក្នុងសមសាន្ដ លាក់ប្រាណលំអានចាំសាសនា លុះដល់ផ្គរលាន់បួនទិសា ទើបខ្លាយាត្រាពីក្នុងព្រៃ។
ឲ្យអស់មហាជនស្រាយចំណោទ ដែលខ្ញុំចែងចោទអាថិសេចក្ដី បើអ្នកឯណាប្រាជ្ញាវៃ ទើបដឹងសេចក្ដីនៃបញ្ហា។
រីឯគោស្រុកនិងកុសល សព្វថ្ងៃអបអរស្រឡាញ់គ្នា ធ្វើហាក់ដូចមិត្ដចិត្ដស្នេហា តែថាគំនិតគិតទីទៃ។
ឯកុកនិងខ្លានៅដោយខ្លួន មិនទាន់ជួបជួនគ្នាឡើយនៃ តែជួបកាលណាអស្ចារ្យក្រៃ សព្វសាសន៍ទីទៃភ័យមិនខាន។
ត្បិតអ្នកទាំងពីរសឹងកាចក្អាត់ អួតអាងអាវុធតែរាស់ប្រាណ កាត់រិទ្ធចេស្ដាពន់ប្រមាណ សឹងកាចសាហាវហានឥតឧបមា។
ឥឡូវខ្ញុំសួរអ្នកទាំងឡាយ ស្ម័គ្រចិត្ដស្ម័គ្រកាយទៅខាណា ថាស្ម័គ្រខាងកុកឬខាងខ្លា អ្នកមានប្រាជ្ញាទើបថាត្រូវ។
ឯមនុស្សវឹងស៊ុងអាវាសែ ឃើញតែគេខ្ពស់ដូច្នោះកូវ ម្លោះហើយផ្អែកខ្លួនចូលចិត្ដទៅ អែបអបនិត្យនៅផ្ញើអាត្មា។
នេះហើយសង្គ្រាមសករាជថ្មី អ្នកល្បីនិងល្បីល្បងចេស្ដា ឯត្រង់ឈ្នះចាញ់មិនហ៊ានថា តែនឹងឧបមាដូច្នោះនៃ។
កង្កែបខ្លួនតូចទាបទេតើ ផ្ទឹមម្ដេចឲ្យស្មើនឹងដំរី កង្កែបនៅតែដោយរូងដី ធ្វើម្ដេចរាជសីហ៍មានគុហា។
អំពិលអំពែកតូចទេតើ ម្ដេចឡើយគិតផ្ចាញ់ព្រះចន្ទ្រា សត្វចាបខ្លួនតូចឥតគណនា ម្ដេចឡើយពុះពារជល់នឹងមាន់។
រីសោតកុកសាប់អាប់វង្សា ម្ដេចមកប្រាថ្នាហង្សសោភ័ណ សំណស្លលាយកាឡៃស្ពាន់ ផ្ទឹមម្ដេចសុវណ្ណមាសចរណៃ។
ដូច្នោះអ្នកអើយចូរអ្នកគិត រំពឹងក្នុងចិត្ដកុំសង្ស័យ ធម្មតាឯខ្លាធ្លាប់នៅព្រៃ កន្ទុយវែងវៃបំពេនទុក។
ឥឡូវខ្លាដឹងដំណឹងជាក់ ថាគោមកស្ម័គ្រទាក់នឹងកុក វិស័យឯខ្លាទន្សាយស្រុក ដឹងហើយកើតទុក្ខឥតឧបមា។
ផ្គរលាន់ឯជើងភ្លើងឆេះទឹក ឆេះដើមពោធិព្រឹក្សព្រៃបុព្វតា លុះដល់រសៀលព្រះសូរិយា ទើបខ្លាយាត្រាលត់ភ្លើងព្រៃ។
ហៃអស់មហាជនទាំងឡាយអើយ អ្នកអើយដឹងហើយគួររំពៃ រំពឹងរកឋានខ្លួនទីទៃ រសៀលរវៃឲ្យឆាប់រ៉ា។
សេចក្ដីនេះមានមែនពិតហើយ អ្នកអើយកុំតុញទល់ប្រាជ្ញា រឿងនេះអ្នកប្រាជ្ញលោកឧបមា អ្នករាល់គ្នាគិតឲ្យយល់។
សាសនាពីរពាន់បួនរយប្លាយ តាមដោយអំណាយព្រះទសពល អ្នកបុណ្យចាប់ផ្ទៃក្នុងមណ្ឌល កើតកោលាហលខ្វល់ជំពាក់។
កើតកាប់លួចប្លន់ក្នុងនគរ សង្គ្រាមវឹកវរគ្មានទីភ្នាក់ គ្មានទីអាស្រ័យជាពំនាក់ ពំនឹងពឹងពាក់អាត្មាឡើយ។
អ្នកអើយលឺហើយគួរភាវនា ធ្វើបុណ្យគ្រប់គ្នាកុំកន្ដើយ សីលទានភាវនាធ្វើឲ្យហើយ ទើបអ្នកបានស្បើយពីទុក្ខភ័យ។
កាលនេះអ្នកប្រាជ្ញអាចប្រាយប្រាប់ ឲ្យអ្នកផងស្ដាប់ហើយរវៃ រវៀសសាងមគ្គផលប្រពៃ ដើម្បីឲ្យទាន់ព្រះសិអារ្យ។
ហៃអស់មហាជនផងទាំងឡាយ កុំភ្លើតភ្លើនកាយភ្លេចមាតា ភ្លេចភ្លាំងគុណគ្រូគុណអាចារ្យ ទាំងគុណបិតានិងគុណបង។
តែភ្លេចសឹងភ្លាត់ក្ដីប្រាថ្នា ភ្លេចនេះហៅមហាខុសពេកហោង អ្នកណាធ្វើតាមដោយគន្លង នេះហោងនឹងបានដូចប្រាថ្នា។
ឥឡូវនេះនឹងបង្អង់ស្លេះ បញ្ឃប់ប៉ុណ្ណេះពុំចរចា សង្ខេបសេចក្ដីនៃប្រស្នា សូរេចការម្លេះឯងហោង។ Counter