សួស្ដីឆ្នាំថ្មី
ឆ្នាំរោងចត្វាស័ក ព.ស២៥៥៦

ដោយ ព្រះភិក្ខុ ធម្មសិរី សែម ចាន់ធីរ៍
**********************

១៣ មេសា កិមិរាទេវី មានតួនាទី ទទួលបន្ត នូវវេនរក្សា ផែនព័សុបវរ ដោយក្តីត្រេកអរ អនេកក្រៃលែង។
ឆ្នាំរោងស្ដេចនាគពត់ពេនសង្ហា មានឫទ្ធិអស្ចារ្យ រឹងមាំក្លាហាន តែទាស់ឆាប់ខឹង ខកចិត្ដរំខាន កម្រនឹងមាន សេចក្តីអត់ធន់។
ប្រការគួរយល់ វិបុលសុខា នាឆ្នាំនេះណាញាតិអើយនឹកគុណ ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃស្រែបុណ្យ ជាទីពឹងពន់ ពួនពីពារពាល។
មានរឿងគ្រូពស់ ឈ្មោះប្រាកដជាក់ អហិតុណ្ឌិកៈ ជាព្រេងដំណាល បន្ទាប់ពីពុទ្ធសាសនកាល កស្សបទពលកន្លងវស្សា។
គ្រូអាលម្ពាយន៍ដើររាយគ្រប់ទី ជនបទរាជធានីស្រុកស្រែចំការ បានដល់ទៅស្រុកតូចមួយនោះណា មាននាមពិតថាបច្ចន្តគ្រាម។
សូមរំលឹកថា អ្នកស្រុកទាំងអស់ ស្រឡាញ់ស្ម័គ្រស្មោះ នឹងព្រះពុទ្ធធំ មុនពេលចូលគេង គេតែងសូធ្យសុំ នមស្សការខ្លីល្មម ដោយន័យនេះថា។
នមោ ពុទ្ធាយ សិទ្ធំ ការពាររារាំង អន្តរាយនានា សូមគោរពដល់អង្គព្រះភគវា រាល់សព្វការងារសូមសំរេចហោង។
តែអាលម្ពាយន៍ នាយមិនជ្រះថ្លា ទិដ្ឋិមោហា ល្ងង់ខ្លៅហ្មត់ហ្មង ចេះតែធ្វើត្រាប់ មិនជឿគុណផង ចំអកឌឺដងក្នុងត្រៃរតនា។
ថ្ងៃមួយពស់គាត់ ក៏អស់ជីវិត ក្នុងចិត្តគាត់គិតថា ឱអនិច្ចា ឆ្នាំងបាយរបស់ខ្ញុំបានបែកហើយណា ឥឡូវមានតែ ដើររកពស់ថ្មី។
គាត់ដើរៗទៅដល់ដំបូកមួយ ចុកចាប់ហត់នឿយរោយអស់ជើងដៃ សសៀរដើរទៅសំដៅដំបូកដី ស្រាប់តែសប្បាយ រីករាយម្លេះទេ។
ព្រោះគាត់បានឃើញនាគមួយយ៉ាងធំ នៅពេនព័ទ្ធរុំ ដំបូកសង្កែ ក៏ចាប់រាយមន្ត បន្ទន់ខាបស្នេហ៍ ឲ្យនាគឡប់ឡែ លែងលុះអំណាច។
តែផ្ទុយស្រឡះ ពីអ្វីគាត់គិត ត្បិតមន្តមហិទ្ធិឫទ្ធិគាត់នាគមិនខ្លាច បែរទៅជាខឹង រឹងឡើងរឹតកាច បើកពពារព្រាច ដេញតាមចឹកខាំ។
គ្រូពស់ភ័យណាស់ ស្ទុះរត់ទៅភ្លាម ឥតនៅទីមទាមងាកស្រែកផ្ដែផ្ដាំ តែនាគនៅដេញជាប់ជាប្រចាំ ប្រកិតជាប់តាមនៅក្បែរកៀកតិត។
ស្រាប់តែជំពប់ ជាន់ថ្មមួយដុំ ដួលប្រូសប៉ះចំ ឈឺអង្គកាយា ភ្លាត់មាត់ស្រែកឡើងចេញជាវាចា នមោ ធា ពុទ្ធ សិទ្ធំ ចេញមក៍។
នាគសួរថា កាន់ ពុទ្ធសាសនាឬ គ្រូពស់ថា អឺ ខ្ញុំជាសប្បុរស គោរពព្រះធម៌ ប្រពៃខ្ពស់ខ្ពស់ ព្រះសង្ឃសន្តោស ដូចគេឯងដែរ។
នាគរាជស្ដាប់លឺ បាត់ខឹងក្នុងចិត្ដ ដូចទឹកអម្រិតដូចត្រូវមន្ដស្នេហ៍ គឺមន្តព្រះពុទ្ធ បរិសុទ្ធគ្មានទ្វេ នាគពោលថាទេមិនត្រូវខឹងឡើយ។
ព្រោះយើងជាកូន របស់ព្រះពុទ្ធ ធ្វើចិត្តឲ្យសុទ្ធ ផូរផង់ល្ហែល្ហើយ ព្រះពុទ្ធបិតា មិនចេះក្រោធឡើយ ឱសំឡាញ់អើយ យើងរាប់អានគ្នា។
នាគបានឲ្យផ្កាមាសមានទងបី អាលម្ពាយន៍ឃ្មាតឃ្មី យកទៅបូជា នូវព្រះចេតិយ នៃព្រះឈ្នះមារ មានសុខគ្រប់គ្រាដោយគុណព្រះពុទ្ធ។
រឿងនៅវែងទៀត ខ្ញុំសូមកាត់ខ្លី សន្តានតាយាយ តែមិនកំបុត អាចចាប់យល់បានប្រមាណកំណត់ ដែលខ្ញុំសន្មត ថាចប់សេចក្តី ។
ខ្ញុំសូមជូនពរ សន្តានញាតិមិត្ត ទោះទៅឆ្ងាយជិត សូមបានសិរី រុងរឿងរួចស្រេច ចាកការចង្រៃ បវរសួស្តី ចូលមានគ្រប់គ្រា។
សូមគុណកែវបីប្រពៃបវរ តាមជាលំអ ដួងចិត្តខេមរា ឈប់ឈ្លក់វង្វេង គ្រឿងញៀនពាលា ល្បែងគ្រប់ប្រការសូមជៀសឲ្យឆា្ងយ។
ហើយបែរមកកាន់ សេចក្តីមេត្តា រួបរួមសាមគ្គា កសាងបុរី ឲ្យបានរួចចាក ពីភាពអន្តរាយ រៀនមន្តអាលម្ពាយន៍ ជួយការពារខ្លួន។
ឆ្នាំរោងចត្វា ស័កសិទ្ធិសេរី ២៥-៥៥ ផ្ទួន ថែមមួយចូលមកជ្រកសុខមាំមួន ចូរថែទាំខ្លួន ដោយការរៀនធម៌ ។
ថ្ងៃពុធ ១១ នៃខែមេសា ខ្ញុំចារជូនពរ និងកែលំអ ២០១២ ចន្ទធីរ៍ អង្វរ សូមឲ្យក្តីល្អ ដុះគ្រប់សន្តាន៕

តរុណកវី Counter

-----------------------------------------------------------