មហាសង្ក្រានឆ្នាំរោង ចត្វាស័ក


ចល្លសករាជ ១៣៧៤ មហាសករាជ ១៩៣៤
ពុទ្ធសករាជ ២៥៥៦ គ្រឹស្ដសករាជ ២០១២
ស្រង់ចេញពីមហាសង្ក្រាន្ដ គណកម្មការស្រាវជ្រាវវិជ្ចាហោរាសាស្រ្ដ និង ប្រពៃណីទំនៀមទំលាប់ខ្មែរ
_______________________________________

មណ្ឌលវប្បធម៌ខ្មែរនៅស្វីស សូមថ្វាយព្រះពរ និងជូនពរ

     ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៥៥៦ ចុល្លសករាជ ១៣៧៤ មហាសករាជ ១៩៣៤ គ្រឹស្ដករាជ ២០១២នេះ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស សូមគោរពជូនពរ បវរសេរីសួស្ដី មហាប្រសើរ ប្រគេន ថ្វាយ និងជូន ចំពោះ ព្រះថេរានុថេរ សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី និង ប្រជានុរាស្រ្ដគ្រប់ជាន់ថ្នាក់ គ្រប់ទិសទី ក្នុងពិភពលោក សូមទេវតាឆ្នាំថ្មី ជួយគ្រប់គ្រង បីបាច់រក្សា សូមអោយមានអាយុយឺន ផុតចាករោគាពេទ្យទាំងឡាយ សូមប្រកបដោយសេចក្ដីសុខដុមរម្យនា សូមអោយមានចិត្ដជាកុសល សណ្ដោសត្រាប្រណី យោយល់គ្នា សាមគ្គីរួមសុខទុក្ខ ជាមហាគ្រសារតែមួយ នៅលើទឹកដីមានតុភូមិជាទីស្នេហា សូមអោយមានកំលាំង កាយនិងកំលាំងប្រាជ្ញាបរិបូណ៌ សូមមានសទ្ធាជ្រះថ្លាក្នុងព្រះ ពុទ្ធសាសនា សូមអោយមានយុត្ដិធម៌ សុខសន្ដិភាពជាជានិច្ចតរៀងទៅ។

រណ្ដាប់ទទួលទេវតា

     រណ្ដាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក មានរានទទួលទេវតាមួយ សំរាប់ តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបចំសំពត់ ពណ៌ស ហើយរៀបចំបាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌ មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ ផ្កាដាក់លើជើងពាន១គូ ចេកនួន ឬចេកណាំវ៉ាមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពានជាគូៗ ដូងឡៅ មួយគូ។ នៅក្នុងឆ្នាំថ្មីនេះគួរដាក់បង្អែមចំអាប ១ថាសសំរាប់ទេវតាផង (បញ្ជាក់ បើប្រជាជនក្រីក្រសូមរៀបតាមលទ្ធភាព)។

     ក្នុងឱកាសសង្រ្កានទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលីការគ្រឿងសក្ការបូជា អុជប្រទីបជ្វាលា ថ្វាយបង្គំ ព្រះរតនត្រៃ និង ទទួលស្វាគមន៍ ទេវតាឆ្នាំថ្មី ហើយខំលះបង់ចិត្ដអាក្រក់អន្យតិរ្ថីយ ជាចិត្ដអប្រីយ៍ ជាប់ដោយគំនុំគំគួន ព្យាបាទឈ្នាននិស ដែលកើតមានក្នុងឆ្នាំចាស់ អោយជ្រះស្រលះ តាំងចិត្ដប្រព្រឹត្ដល្អប្រកបដោយ មេត្ដា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរទាន តាមប្រពៃណី រក្សាសីលប្រាំអោយបានជាប់ជានិច្ច នោះលោកអ្នក នឹង មានសេរីសួស្ដី សុភមង្គលវិបុលសុខគ្រប់ប្រការតរៀងទៅ។

សង្ក្រានឆ្នាំរោង ចត្វាស័ក

     ព្រះពុទ្ធសករាជព្រះសាសនា អតិកន្តា កន្លងទៅ ហើយបាន ២៥៥៥ ព្រះវស្សាត្រឹមថ្ងៃ ពេញបូណមី១៥កើត ខែពិសាខ លុះដល់ថ្ងៃ ១រោច ខែពិសាខ ចូលពុទ្ធសករាជ ២៥៥៦តទៅ។

     នឹងគណនាឆ្នាំ​រោង ឥឡូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃសុក្រ ៧រោច ខែចេត្រ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា គ.ស២០១២ វេលាម៉ោង១៩ និង ១១នាទីយប់ នោះព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្ដាល ទើបមានទេពធីតាមួយព្រះអង្គ ជាមគ្គនា យិកាព្រះនាម កមិរាទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ខៀវ សៀតផ្កាចង្កុលណី(ប្រភេទផ្កាឈូក) ទ្រង់គ្រឿងជាបុស្សរាគ័ម (ត្បូង ពណ៌លឿង) ភក្សាហារចេកណាំវ៉ា ព្រះហស្ថស្តាំ ទ្រង់ព្រះខ័ន ព្រហស្ដឆ្វេង ទ្រង់ ពីណ គង់លើ មហិង្សរាជ (ស្ដេចក្របី) ជាពាហនៈ នាំអស់ ទេពនិករបវរកញ្ញាទាំងមួយសែនកោដិ ហោះទៅកាន់គុហារកែវធម្មមាលី នាទីភ្នំកៃលាសខេត្ត ហេមពាន្ត ដែលប្រតិស្ឋាន ជាទីតំកល់ទុកនូវ ព្រះសិរសាកបិលមហាព្រហ្ម ដែលតំកល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ ជុំចក្រវាឡ តាមផ្លូវព្រះអាទិត្យចរចំនួន៦០ នាទី។ ទើបនាំយកទៅតំកល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជ ទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហរិទ័យ ហើយនាំគ្នាចូលទៅសមាទាន រក្សាសីល ដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្ម ទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់ នូវអពមង្គល អោយជ្រះស្រលះ ហើយចំរើននូវសិរីសួស្តីជ័យមង្គលជន្មាយុយឺនយូរ ដល់ទេវតានិងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បាន ធូរទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ ។

  • ថ្ងៃសុក្រ ៧រោច ខែចេត្រ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០១២ វេលាម៉ោង១៩ និង ១១នាទីយប់ ជាថ្ងៃចូលឆ្នាំ។
  • ថ្ងៃសៅរ៍ ៨រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តករាជ ២០១២ ជាថ្ងៃវនបត ។
  • ថ្ងៃអាទិត្យ ៩រោច ខែចេត្រ ត្រូវនឹង ថ្ងៃទី១៥ ខែមេសា គ្រិស្តសករាជ ២០១២ ឡើងស័ក គំរប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ ចូលជា សកល ឆ្នាំរោង ចត្វាស័ក តរៀងទៅ។

ដង្ហើមរស់ប្រចាំថ្ងៃ

 រីថ្ងៃអាទិត្យ  ដង្ហើមរស់ពិត នៅទិសឧត្ដរ
ចន្ទបូរាណថា និរតិបវរ អង្គារពុធត
នៅទិសឦសាន។
 រីថ្ងៃព្រហស្បត្ដិ៍  នោះនៅចំពោះ ទិសបូព៌ស្មោះសាន
សុក្រទិសអគ្នេយ៍ សៅរ៍ទក្សិណឋាន នេះហើយបូរាណ
លោកចងទុកអោយ។
 នឹងធ្វើការអ្វី  ចង់បានសេរី ប្រព្រឹត្ដកុំធ្លោយ
ទើបមានបំណង ពុំមានស្ដាយក្រោយ  រុងរឿងមកអោយ
ដល់អង្គអាត្មា។

ពណ៌សំពត់ស្លៀកតំរូវតាមថ្ងៃ

អាទិត្យក្រហមខ្ចីឬចាស់ ចន្ទផ្លាស់លឿងទុំស្វាយអង្គារ ថ្ងៃពុធស៊ីលៀបសមសោភា ព្រហស្បតិ៍បៃតងត្រួយចេកខ្ចី។
ពណ៌ខៀវក្រនៀវប្រើថ្ងៃសុក្រ ពណ៌និលព្រិលទុកសោរ៍សិរី តែងខ្លួនតាមក្បួនលោកស្រដី ចំរើនសេរីជោគជ័យអើយ។

សម្ពង្សឆ្នាំ

 បទពុំនោលចែងចង  លើកជាទំនង ដំណាលសំណុំសម្ពង្សរិទ្ធី។
 ជូតនូវរោង មមែ មមី  ទាំងបួនរាសី សុទ្ធសឹងពង្សទេវតា។
 ឆ្លូវ ថោះម្សាញ់ សូករា  សឹងពង្សមនុស្សា យកគ្នាកប់កបសួស្ដី។
 វក រកា ច ខាលរាសី  ពង្សយក្សសុរី យកគ្នាគាប់សម្ពង្ស

សម្ពង្សឆ្នាំ នឹង ឆ្នាំ

ពង្សមនុស្សយកពង្សយក្សយង់ ឧបមាដូចអង្គ ព្រះរិទ្ធិសែន និងកង្រី។
 ពង្សទេវតាពង្សយក្ខិនី  សឹងមានរិទ្ធី ត្បះតេជៈស្មើគ្នា។
 ពង្សមនុស្សយកពង្សទេវតា  ដូចនាងមនោរា នូវព្រះសុធនធិបតី។
 ពង្សមនុស្សយកពង្សអសុរី  ច្រើនឈ្លោះស្រដី ពិតពុំសូវសុខយឺនយូរ។
 ពង្សយក្សយកពង្សមនុស្សគ្រាន់ធូរ  ពុំសូវបរិបូណ៌  បានត្រឹមមជ្ឈិមា។
 ពង្សទេវតាយកពង្សទេវតា  យឺនយូរជន្មា ប្រកបនូវសុខសួស្ដី។

សម្ពង្សឆ្នាំ នឹង ឆ្នាំ

  1. ប្រុសធាតុទឹក ស្រីធាតុទឹក សុខល្អត្រជាក់។
  2. ប្រុសធាតុទឹក ស្រីធាតុដី ស្រលាញ់រក្សាគ្នាបានសុខ។
  3. ប្រុសធាតុទឹក ស្រីធាតុឈើ ល្អណាស់។
  4. ប្រុសធាតុទឹក ស្រីធាតុភ្លើង ល្អមធ្យមមិនសូវស្ដាប់បង្គាប់។
  5. ប្រុសធាតុទឹក ស្រីធាតុដែក ល្អណាស់ចំរើនយសសក្ដា។
  6. ប្រុសធាតុដី ស្រីធាតុដី ល្អណាស់។
  7. ប្រុសធាតុដី ស្រីធាតុទឹក នៅជាមួយគ្នាយូររិតតែល្អ
  8. ប្រុសធាតុដី ស្រីធាតុឈើ មិនសូវល្អ។
  9. ប្រុសធាតុដី ស្រីធាតុភ្លើង ដំបូងច្រើនឈ្លោះ តែនៅយូរល្អ។
  10. ប្រុសធាតុដី ស្រីធាតុដែក សុខជានិច្ច ឧត្ដមណាស់
  11. ប្រុសធាតុឈើ ស្រីធាតុឈើ មិនសូវល្អឡើយ។
  12. ប្រុសធាតុឈើ ស្រីធាតុទឹក ល្អណាស់។
  13. ប្រុសធាតុឈើ ស្រីធាតុដី ស្រលាញ់គ្នាតែព្រាត់គ្នាវិញ។
  14. ប្រុសធាតុឈើ ស្រីធាតុភ្លើង មធ្យមបើមានកូនប្រុសមុនច្រើនកំព្រា។
  15. ប្រុសធាតុឈើ ស្រីធាតុដែក មិនល្អទេ។
  16. ប្រុសធាតុភ្លើង ស្រីធាតុភ្លើង អភ័ព្វ (បើល្អៗ ណាស់ អាក្រក់ៗណាស់។
  17. ប្រុសធាតុភ្លើង ស្រីធាតុទឹក ដំបូងមិនល្អ យូរទើបបានល្អ។
  18. ប្រុសធាតុភ្លើង ស្រីធាតុដី បាន៧ឆ្នាំត្រូវព្រាត់ប្រាស់គ្នា។
  19. ប្រុសធាតុភ្លើង ស្រីធាតុឈើ មិនល្អឡើយ។
  20. ប្រុសធាតុភ្លើង ស្រីធាតុដែក មិនល្អឡើយ។
  21. ប្រុសធាតុដែក ស្រីធាតុដែក ល្អណាស់
  22. ប្រុសធាតុដែក ស្រីធាតុទឹក ល្អណាស់។
  23. ប្រុសធាតុដែក ស្រីធាតុដី បានសុខសាន្ដ មានទ្រព្យស្ដុកស្តម្ភ។
  24. ប្រុសធាតុដែក ស្រីធាតុឈើ សុខចំរើនធន សក្ដិសមឧត្ដម។
  25. ប្រុសធាតុដែក ស្រីធាតុភ្លើង មិនល្អឡើយ។

     ការចុះផ្សាយ ការទស្សន៍ទាយទាំងអស់ខាងលើ គឺគ្រាន់តែចង់ លើកយកក្បួនបូរាណខ្មែរ ដែលមានការទស្សន៍ទាយក្នុងមហាសង្រ្កាន្ដ មកដាក់ចែកជួនអោយជ្រាបប៉ុណ្ណោះ ឯការប្រាកដប្រជា ឬយ៉ាងណានោះ សំរេចទៅលើការពិចារណាវិនិឆ័យ របស់អស់លោកអ្នកគ្រប់ៗ គ្នាប៉ុណ្ណោះ។ Counter

-----------------------------------------------------------