សួស្ដីឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក

     ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ ឆ្នាំ​មមែ​សប្ដ​ស័ក ពុទ្ធ​សក​រាជ ២៥៥៩ ចុល្លសករាជ ១៣៧៧ មហា​សក​រាជ ១៩៣៧ គ្រឹស្ដ​សក​រាជ ២០១៥​នេះ មណ្ឌល​វប្ប​ធម៌​ខ្មែរ​នៅ​ស្វីស សូម​គោរព​ជូន​ពរ បវរ​សេរី​សួស្ដី​មហា​ប្រសើរ ប្រគេន​ថ្វាយ និង​ជូន​ចំពោះ​ព្រះ​ថេ​រា​នុ​ថេរ លោក លោក​ស្រី​ និង ប្រជា​នុ​រាស្រ្ដ​គ្រប់​ជាន់​ថ្នាក់ គ្រប់​ទិស​ទី ក្នុង​ពិភព​លោក សូម​ទេវ​តា​ឆ្នាំ​ថ្មី ជួយ​គ្រប់​គ្រង​បី​បាច់​រក្សា សូម​អោយ​មាន​អាយុ​យឺន ផុត​ចាក​រោគា​ពេទ្យ​ទាំង​ឡាយ សូម​ប្រកប​ដោយ​សេច​ក្ដី​សុខ​ដុម​រម្យនា សូម​អោយ​មាន​ចិត្ដ​ជា​កុសល សន្ដោស​ត្រា​ប្រណី យោ​គ​យល់​គ្នា សាមគ្គី​រួម​សុខ​ទុក្ខ ជា​មហា​គ្រសារ​តែ​មួយ នៅ​លើ​ទឹក​ដី​មាតុ​ភូមិ​ជា​ទី​ស្នេហា​ សូម​អោយ​មាន​កំលាំង កាយ​និង​កំលាំង​ប្រាជ្ញា​បរិ​បូណ៌ សូម​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ ពុទ្ធ​សាសនា សូម​អោយ​មាន​យុត្ដិ​ធម៌ សុខ​សន្ដិ​ភាព​ជា​ជា​និច្ចត​រៀង​ទៅ​។

មហាសង្ក្រាន្ដឆ្នាំវក អដ្ឋស័ក
ចុល្លសករាជ ១៣៧៨ មហាសករាជ ១៩៣៨
ពុទ្ធសករាជ២៥៦០ គ្រឹស្ដសករាជ ២០១៦

សុភមស្ដុ វរមង្គលាជយាតិរេក

     ព្រះ​ពុទ្ធ​សក​រាជ​ព្រះ​សាសនា អតិក្កន្តា កន្លង​ទៅ​ហើយ​បាន ២៥៥៩ ​ត្រឹម​ថ្ងៃ​​១៥​កើត ខែ​ពិសាខ លុះ​ដល់​ថ្ងៃ ១​រោច ខែ​ពិសាខ ឆ្នាំ​វក ​អដ្ឋ​ស័ក ត​ទៅ​ចូល​ពុទ្ធ​សក​រាជ ២៥៦០​។

  • ថ្ងៃពុធ ៧កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា គ្រិស្ត​សក​រាជ ២០១៦ វេលា​ម៉ោង​២០ និង ០០​នាទី ជា​ថ្ងៃ​ចូល​ឆ្នាំ​វក អដ្ឋស័ក (ជាវារ​​មហា​សង្គ្រាន្ដ)​។
  • ថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តករាជ ២០១៦ ជាវារៈវន័បត ។
  • ថ្ងៃសុក្រ ៩កើត ខែចេត្រ ត្រូវនឹង ថ្ងៃ​ទី​១៥ ខែមេសា គ្រិស្ត​សក​រាជ ២០១៦ ជាវារៈវន័បត។
  • ថ្ងៃ សៅរ៍ ១០ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា គ្រិស្ត​សក​រាជ ២០១៦ នៅ​វេលា​ម៉ោង ០០ និង ២៤​នាទី ១២​វិនា​ទី ជា​វារៈ​ឡើង​ស័ក គំរប់​ជា​សង្ក្រាន្ត​បួន​ថ្ងៃ ​ស្រេច​បរិបូណ៌ ចូល​ជា សកល​ ឆ្នាំ​វក អដ្ឋស័ក ចុ.ស ១៣៧៨ និង ម.ស. ១៩៣៨ ​ត​ទៅ​។

     នៅ​ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​បី​ថ្ងៃ​នេះ សូម​អស់​ប្រ​ជា​ពល​រដ្ឋ​ប្រុស​ស្រី​ទាំង​ឡាយ រៀប​ចំ​​ពលិ​ការ​គ្រឿង​សក្ការ​បូជា អុជ​ប្រ​ទីប​ជ្វា​លា ថ្វាយ​ព្រះ​រតន​ត្រ័យ និង ទទួល​ស្វា​គមន៍​ទេវបុត្រ​ទេធិ​តា​​ឆ្នាំ​ថ្មី ហើយ​ខំ​លះ​បង់​​​ចិត្ត​អាក្រក់ អន្យតិរ្ថីយជា​ចិត្តអប្រិយ​ជាប​​ដោយ​ គំនំគុំ​គួន​ ព្យា​បាទ ឈ្នានីស​ ដែល​កើត​ក្នុង​ឆ្នាំ​ចាស់​អោយ​ស្រលះ តាំ​ង​ចិត្ដ​ប្រ​ព្រឹត្ដ​ល្អ​ ប្រកប​ដោយ​ មេត្តា ករុណា មុទិតា ឧបេក្ខា និង​ បញ្ញា​ ធ្វើ​បុណ្យ​សន្ទរ៍​ទាន ​តាម​ប្រពៃណី​ រក្សា​សីល​៥ អោយ​បាន​ជាប់​ជា​និច្ច នោះ​ទេវតា​ នឹង​អោយ​ពរ​សព្ទ​សាធុ​ការ លោក​អ្នក នឹង​មាន​សិរី​សួស្តី​សុភ​មង្គល វិបុល​សុខ​គ្រប់​ប្រការ តាំង​ពី​ឆ្នាំ​ថ្មី​នេះ​​ត​រៀង​ទៅ​។

រណ្តាប់​ទទួល​ទេវតា​

    រណ្តាប់​ទទួល​ទេវ​​តា​តាម​ទំ​នៀម​ពី​បុ​រាណ​រៀងរហូត​មក ​ត្រូវ​រៀប​រាន​ទទួល​ទេវ​តា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​ តាំង​គ្រឿង​ពលីការ​ផ្សេង​ៗ​។ ត្រូវ​រៀប​ក្រាល​សំ​ពត់​ពណ៌​ស ​ហើយ​រៀប​ចំ​នូវ​គ្រឿង​សក្ការបូ​ជាទេវ​តា​ មាន​ជា​អាទិ៍​ បាយ​សី​ ៩ថ្នាក់​មួយ​គូ​ បាយ​សី​៧​ថ្នាក់​មួយ​គូ​ បាយ​សី​៥​ថ្នាក់​មួ​យ​គូ​ បាយ​សី៣​ថ្នាក់​មួ​យ​គូ​ បាយ​សី​ប៉ា​ឆាមមួយ​គូ​ ស្លា​ធម៌​មួយ​គូ ទឹក​អប់​មួយ​គូ​ (ទៀន​៥​ ធូប​៥) លាច​៥​ ផ្កា​៥ដាក់​លើ​ជើង​ពាន​១​គូ​ ចេក​នួន​ ចេក​ណាំ​វ៉ា ​ជើង​ពាន​មួយ​គូ​ ​​​ផ្លែ​ឈើ​១១មុខ រៀប​ដាក់​ជើង​ពាន​១១​គូ ​ដូង​ឡៅ​មួយ​គូ​ ទឹក​ស្អាត​ពីរ​កែវ​។​ ស្រេច​ហើយ​នៅ​វេលា​ម៉ោង​ដែល​ទេវ​តា​ចុះមក​ ត្រូវ​ជួប​​ជុំ​ក្រុម​​គ្រួសារ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​ ន​មស្ការព្រះ​រតន​ត្រ័យ​ សមា​ទាន​សីល​ ហើយ​តាំង​ចិត្ត​អោយ​បាន​ស្អាត​បរិ​សុទ្ធ​ ជ្រះ​ស្រឡះនូវ​មន្ទិល​​ទាំង​ពួង​ តម្កល់​ចិត្ត​រំពឹង​គិត​ទៅ​លើ​ ព្រះ​ពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ ជាទី​ពឹង ​ទី​រ​ឭ​ក​លុះ​ចប់​ពិធី​ទទួល​ទេវតា ។

  ចំពោះ​បាយ​សី​៩​ថ្នាក់​ ៧ថ្នាក់​ ជា​ទំនៀម​មាន​ចែង​ក្នុង​សៀវ​ភៅ​ព្រះ​រាជ​ពិធី​ទ្វារ​ទស​មាស​ និង​ មាន​អនុវត្ដ​នៅក្នុង​​ព្រះ​បរម​រាជ​វាំង​ តែ​ចំពោះ​ប្រជា​រាស្ត្រ​​ធ្វើ​ត្រឹម​៥​ថ្នាក់​ចុះ​មក​ ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូ​ជា​ដែល​មាន​ទៀន​ប្រាំ​ ធូប​ប្រាំ​ ស្លា​ធម៌​កូន​ចេក​មួយ​គូ​ក៏​ល្អ​ដែរ​​។ ចំពោះ​ផ្លែ​ឈើ​សម្រាប់​ប្រជា​រាស្ត្រ​ គួរ​រៀប​អោយ​​បាន​ត្រឹម​៣​ឬ​៥​មុខ​ជា​ការ​ប្រសើរ​ គឺ​រៀប​ទៅ​តាម​ធន​ធាន​របស់​ខ្លួន​ ។ នៅ​គ្រប់​តង្វាយ​ទាំង​អស់​ ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​ពី​លើ​គ្រប់​តង្វាយ​នៅ​លើ​ជើង​ពាន​ និង​លើ​បាយ​សី​ត្រូវ​ដោត​​ទៀន​ហើយ​ដុត​បំភ្លឺ ។

ទំនាយប្រចាំឆ្នាំ

កេណ្ឌព្រះពិរុណសាស្ត្រ : ឆ្នាំនេះ ភពចន្ទជាអ​ធិបតិ ដឹកនាំ​ផ្លូវ​ទៅ​សុំ​ទឹក​ភ្លៀង​ពី​ស្ដេច​នាគ ហើយ​បាន​នាគ ២​បង្អុរ​ភ្លៀង ៥០០​មេ​ដែល​ចែក​ចេញ​ជា៖
- ចក្រវាឡ ២០០មេ
- ព្រៃហេមពាន្ដ ១៥០មេ
- មហាសមុទ្រ ១០០មេ
- និងជម្ពូទ្វីប មនុស្សលោកយើងមានចំនួន ៥០មេបណ្ដាលអោយមានទឹក​ភ្លៀង​នៅ​ដើម​ឆ្នាំតិច កណ្ដាលភ្លៀង​ល្អ និង​ចុង​ឆ្នាំ​ភ្លៀង​តិច​​។

     កេណ្ឌធារាទិគុណ : ឆ្នាំនេះមានកេណ្ឌ(២) ត្រូវត្រង់បឋវិធាតុចុះ ទំនាយថា មិនក្ដៅ​មិន​ត្រ​ជាក់​ មាន​ខ្យល់​ព្យុះ​ខ្លាំង​ៗជា​ច្រើន​ អាច​កើត​ហេតុ​ល្អ​អាក្រក់​អំពី​ដី​។

     ទំនាយទឹកទន្លេ : ឆ្នាំនេះទំនាយអំពីទឹកទន្លេមានសំណល់ ០ (សូន្យ) ទំនាយថា ទឹកទន្លេបឹង​បួរ​ ទឹក​ជំនាន់​ដោយ​ទឹក​ភ្លៀង​ មាន​ចំនួន​ច្រើន​ណាស់​ ច្រើន​លើល​អស់​ឆ្នាំ​ទាំង​ពួង​។

     កេណ្ឌធញ្ញហារ : ឆ្នាំនេះមានកេណ្ឌ (៤) មានឈ្មោះមជ្ឈិ​មា ទំនាយថា ស្រូវ​ដំណាំ​ស្រែ​ចំការ​នឹង​បាន​ផល​ពាក់​កណ្ដាល​ខូច​ខាត​អស់​ពាក់​កណ្ដាល ភោជា​នាហារ​បាន​ផល​ជា​មធ្យម​។ ប្រជា​នុ​រាស្ដ្រ​មាន​សេច​ក្ដី​សុខ​ខ្លះ​ទុក្ខ​ខ្លះ​ស្មើ​គ្នា​។

     ទំនាយការធ្វើស្រែ : ទំនាយកេណ្ឌការធ្វើស្រែមានសេស (៤) ទំនាយថា ស្រែ​ដី​ទំនាបនិង​ស្រែ​ដី​ទួល​គ្រប់​ទី​កន្លែង​បាន​ផល​ល្អ​ដូច​គ្នា​ទាំង​ពីរ​យ៉ាង​។
     កេណ្ឌព្រឹក្សា : ឆ្នាំនេះត្រូវចំសេស៣ ត្រូវត្រង់​ដើម​កកោះ​ ជា​ស្ដេច​ មាន​ទំនាយ​ថា មនុស្ស​ផង​ទាំង​ឡាយ​ នឹង មានកល្លិយុគ​។
     កេណ្ឌព្រះអាទិត្យ : ឆ្នាំនេះ​យាន​ជំនិះរបស់​​ព្រះអាទិត្យ​ គឺ​សត្វ​​ដំរី ទំនាយ​ថា ភ្លើង​កាច​សាហាវ​ស្រុក​នាម​នាគ​(1) ធ្វើ​យុទ្ធសង្គ្រាម​ នឹង ស្រុក​នាម​គ្រុឌ​ និង ​កណ្ដុរ​។

ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត

  ទំនាយ​ថ្ងៃ​មហា​សង្ក្រាន្ត​ ៖ ថ្ងៃ​​ ថ្ងៃចូល​​ឆ្នាំ​ ត្រូវនឹងថ្ងៃ​ពុធ​ ទំនាយ​ថា៖​ ​ ឆ្នាំ​នោះ​ព្រះ​មហា​ក្សត្រ​ នឹង​ បាន​ភស្ដុភា​បណ្ដា​ការ​មក​ពី​ប្រទេស​ផ្សេង​ៗ​ ប៉ុន្ដែ​នឹង​ចាញ់កូន​ខ្ចី​កូន​តូច​ មនុស្ស​នឹង​ស្លាប់​ព្រោះ​ជំងឺ​ច្រើន​ អោយ​ក្រែង​សត្វ​ពាហនៈ​ គោ​ក្របី​ និង បាវបំរើ​។

  ទំនាយ​ថ្ងៃ​វ័នបត ៖ ថ្ងៃ​កណ្តាល​ត្រូ​វនឹង​ថ្ងៃ​ព្រហស្បតិ៍ នឹង ថ្ងៃ​សុក្រ ​ទំនាយ​ថា៖ ​ ឆ្នាំ​នោះ​កូន​ឈើ​ នឹង ថ្លៃ​ ម្ទេស​នឹង​មាន​តំលៃ​ សត្វ​ត្មាត​ក្អែក​ស្លាប់​ដោយ​មាន​ជំងឺ​អាសន្ន​រោគ​ សត្វ​ព្រៃ​ទាំង​ឡាយ នឹង ​វិនាស​អន្ដរាយ​ទៅ​ដោយ​ប្រការ​ផ្សេងៗ​​​​​ស្រូរាជ​ត្រកូល​ទាំង​ឡាយ​ នឹង ​ក្ដៅ​ក្រហាយ​ចិត្ដ​ច្រើន​អនេក​ តែ​អែ​ស្រី​មេម៉ាយ​ នឹង មាន​លាភ​។

  ទំនាយ​ថ្ងៃ​ឡើងស័ក​ ៖ ថ្ងៃ​ចុង​ក្រោយ​ត្រូវ​​នឹង​​ថ្ងៃ​ សៅរ៍ ទំនាយ​ថា​ ​ឆ្នាំ​នោះ​ពពួក​ទាហាន​ ក្លា​ហាន​ទាំង​ឡាយ​ប្រកប​ដោយ​សេចក្ដី​សុខ និង មាន​វិជ្ជា​ការ​ផ្សេង​ៗ​ ទោះធ្វើ​យុទ្ធ​សង្គ្រាម​ នឹង​ បច្ចា​មិត្រ​គ្រប់​ទិស​ទី​ នឹង​ មាន​ជ័យ​ជំនះ​គ្រប់​ពេល​វេលា​។ ទឹកធំ​តែ​មាន​ចោរ​ឃ្មួញ​ច្រើន​។

កំណត់ប្រតិទិន

ឆ្នាំនេះជាឆ្នាំប្រក្រតីមាសប្រក្រតីវារៈ អធិកវារៈ អធិកសុទិន​។ ខែ​ចន្ទគ​តិ​ចំនួន​១២​ខែ ថ្ងៃ​ក្នុង​ឆ្នាំ​ចន្ទ​គតិ​មាន​ចំនួន ៣៥៥​ថ្ងៃ​ ដោយខែជេស្ឋមានចំនួន៣០ថ្ងៃ លើសខែធម្មតាមួយថ្ងៃ ដែលជាទូទៅខែជស្ឋមាន ២៩ថ្ងៃប៉ុណ្ណោះ។ ថ្ងៃ​ក្នុង​ឆ្នាំ​សុរយ​គតិ​មាន​ចំនួន ៣៦៦​ថ្ងៃ​។ ខែ​កុម្ភ ក្នុង​ឆ្នាំ ២០​១៦ មាន​ចំនួន ២៩​ថ្ងៃ​។
ចូល​ព្រះ​វស្សា​នៅ​ថ្ងៃ​ពុធ ១​រោច​ខែ​អាសាឍ ត្រូវ​នឹង​ថ្ងៃ​ទី ២០ខែ​កក្កដា គ.ស ២០១៦ ជា​វារៈ ចូឡា​ធិក​ បាន​រិក្ស ២១ និង ​តិថី​១៥ ជា​កាល​វស្សាន​រដូវ​ត្រូវ​តាម​គន្លង​ប្រពៃ​ណី​ពីបុរាណ​ដែល​មាន​ព្រះ​អាទិត្យ ព្រះ​ចន្ទ​ ចរជា​ប្រធាន​ត្រឹមត្រូវតាមចក្ររាសីអោយ​បាន​ដឹង​កំនត់​ទ្វាទស​មាស ទើប​ធ្វើ​ការ​សារ​ពើ ​បាន​ចំរើន​នូវ​សេរី​សួស្ដី​មហា​ជ័យ​មង្គល​បរិ​បូណ៌​ហោង​។

បាតុភូតលើផ្ទៃមេឃ

នៅក្នុងឆ្នាំ​ ២០១៦ នេះ​មាន​គ្រាស​ចំនួន​ ៤​ដង​ ដែល​សូរ្យ​គ្រាស​មាន​ ២​ដង​ និង ​ចន្ទ​គ្រាស​ ២​ដង​តាមកាល​បរិច្ឆេត​ខាង​ក្រោម៖

១ នៅថ្ងៃពុធ ២កើតខែផល្គុន ឆ្នាំមមែសប្ដស័ក្ដ ចុល្លសករាជ ១៣៧៧ ត្រូវនឹងថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៦ មានសូរ្យគ្រាសជាសារពើគ្រាស (Total Eclipse of The Sun) មើលឃើញជាអឌ្ឍគ្រាស​នៅ​ Easia Autralia Pacific ជាសារពើគ្រាស​ Total Sumatra, Borneo Sulawesi Pacific គ្រាស​ចាប់​ផ្ដើម​ពី​ម៉ោង ៦:១៩ ដល់ម៉ោង ១១: ៣៥នាទី ជាសារពើ​គ្រាស​ពី​ម៉ោង​ ០៧:១៧ ដល់​ម៉ោង​ ១០:៣៧​នាទី។ នៅ​ប្រ​ទេស​កម្ពុ​ជា​យើង​មើល​មិន​ឃើញ​ ចាប់​ពី​ម៉ោង​ ០៦:៣៦ ព្រឹក​រហូត​ដល់​ម៉ោង​ ០៨:៣៨។ គ្រាស​ដែល​មើល​ឃើញ​ធំ​បំ​ផុត​នៅ​កម្ពុជា​នៅ​ម៉ោង​ ០៧:៣៤​ មាន​ទំហំ​ ៤៩% (ភាគរយ)​។

ព្រះអាទិត្យ​រះ​ម៉ោង​ ៦:១១ លិច​ ម៉ោង​ ១៨:១១ ព្រះ​ចន្ទ​រះ​ ០៦:០៩ លិច ម៉ោង​១៨:២៩។

២ នៅ​ថ្ងៃ​ពុធ​ ១​រោច​ខែ​ផល្គុន​ ឆ្នាំ​មមែ​ សប្ដ​ស័ក​ ចុល្លសក​រាជ​ ១៣៧៧​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២៣ មីនា​ឆ្នាំ​ ២០១៦ មាន​ចន្ទ​គ្រាស​ (Penumbral Eclipse of the Moon) មើល​ឃើញ​នៅ​អា​ស៊ី​ អូស្ដ្រា​លី​ ប៉ា​ស៊ី​ហ្វិក​ អា​មេរិ​ក​ ខាង​លិច​ចាប់​ផ្ដើម​នៅ​ម៉ោង​ ១៦:៣៧ បញ្ចប់​នៅ​ម៉ោង​ ២០:៥៨​ នៅ​កម្ពុ​ជា​មើល​ឃើញ​ជា​ស្រ​មោល​ក្រហម​ព្រាលៗ​ ចាប់​ពី​ម៉ោង​ ១៨:០៥ រហូត​ដល់​ម៉ោង​ ២០:៥៨​នាទី។

ព្រះអាទិត្យ​រះ​ម៉ោង​ ៦:០៣ លិច​ ម៉ោង​ ១៨:១១ ព្រះ​ចន្ទ​រះ​ ០៦:០៧ លិច ម៉ោង​១៧:៤៧។

៣ នៅថ្ងៃ​ព្រហស្បតិ៍១៤ រោច​ខែ​ស្រាព​ណ៍​ ឆ្នាំ​វក​អដ្ឋ​ស័ក​ ចុល្លសករាជ​ ១៣៧៨ ត្រូវ នឹង ថ្ងៃ​ទី១ កញ្ញា ឆ្នាំ​ ២០១៦ មាន​សូរ្យ​គ្រាស​ជា​រូប​ចិញ្ចៀន​ (Alnnular Eclipse of the Sun) ចាប់​ផ្ដើម​ពី​ម៉ោង​ ១៣:១៣ ដល់​ម៉ោង​ ១៩:០១។ មើល​ឃើញ​ជា​អឌ្ឍ​គ្រាស​ នៅ​អា​ហ្វ្រិក​មហា​សមុទ្រ​ ឥណ្ឌា​ មើល​ឃើញ​ជា​រូប​ចិញ្ចៀន​នៅ​ចាប់ពី​ម៉ោង​ ១៤:១៩ ដល់​ម៉ោង ១៧:៥៥ ។ នៅ​ប្រ​ទេស​កម្ពុជា​យើង​មើល​មិន​ឃើញ​ទេ​។​

ព្រះអាទិត្យ​រះ​ម៉ោង​ ០៥:៥០ លិច​ ម៉ោង​ ១៨:១០ ព្រះ​ចន្ទ​រះ​ ០៥:៣៣ លិច ម៉ោង​១៨:០៩។

៤ នៅ​ថ្ងៃ​សៅ​រ៍​ ១រោច​ខែ​ភទ្រ​បទ​ ឆ្នាំ​វក​អដ្ឋ​ស័ក​ ចុល្ល​សករាជ​ ១៣៧៨ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៧ ខែ​កញ្ញា​ឆ្នាំ​ ២០១៦ មាន​ចន្ទ​គ្រាស​ជា​ស្រ​មោល​ក្រហម​ព្រាល​ៗ​ (Pennumbral Eclipse of the Moon) ចាប់ផ្ដើមពី​ម៉ោង ២៣:៥៣ ដល់​ម៉ោង​ ០៣:៥៦ ។ មើល​ឃើញ​នៅ​អ៊ឺរ៉ុប​ អា​ហ្វ្រិក​កា អាស៊ី​ អូស្ដ្រា​លី​ ប៉ា​ស៊ី​ហ្វិក​ខាង​លិច​។ កម្ពុជា​មើល​ឃើញ​ជា​ស្រមោល​ព្រាល​ៗ​ ចាប់​ពី​ម៉ោង ២៣:៥៣ ដល់​ម៉ោង​ ០៣:៥៦។

ព្រះអាទិត្យ​រះ​ម៉ោង​ ០៥:៥០ លិច​ ម៉ោង​ ១៨:០០ ព្រះ​ចន្ទ​រះ​ ០៦:៣៣ លិច ម៉ោង​១៨:០២។

ពេលវេលាពិតប្រាកដនៃចន្ទគតិ

នេះ​ជាពេល​វេលា​ពិត​ប្រា​កដ​នៃ​ដំណើរ​ព្រះ​ចន្ទ​ ជា​ចលនា​នៃ​តារា​សាស្ដ្រ​ពិត​ដែល​ព្រះ​ចន្ទ​ត្រូវ​តែ​ប្រា​កដ​គ្នុង​វេលា​នេះ​ ជា​វេលា​ពេញ​បូណ៌មី​ ខែ​ថ្មី រឺ​ ខែ​ដាច់​ ដែល​ជា​ដំណើរ​ពិត​ប្រាកដ​នៃ​ព្រះ​ចន្ទ​ អាច​នឹង​ត្រូវ​ រឺ ​ខុស​បន្ដិច​បន្ដួចពី​តារាង​ប្រតិទិន​។

ខែចន្ទគតិ ខែថ្មី New Moon ពេញបូណ៌មីFull Moon ផ្សេងៗ
សុរិយគតិ ពេលវេលា សុរិយគតិ ពេលវេលា
បុស្ស ១០មករា ៨:៣០ ២៤មករា ៨:៤៥
មាឃ ៨កុម្ភ ២១:៣៨ ២៣កុម្ភ ១:១៩
ផល្គុន ៩មីនា1 ៨:៥៤ ២៣មីនា1 ១៩:០០ 1 សូរ្យគ្រាស 2ចន្ទគ្រាស
ចេត្រ ៧មេសា ១៨:២៣ ២២មេសា ១២:២៣
ពិសាខ ១៧ឧសភា ០២:២៩ ២២ឧសភា ០៤:១៤
ជេស្ឋ ១៥មិថុនា ១៩:៥៩ ២០ មិថុនា ១៨:០២
អាសាឍ ០៣សីហា ០៣:៤៤ ១៨សីហា ១៦:២៦
ស្រាពណ៍ ១កញ្ញា3 ១៦:០៣ ១៧កញ្ញា4 ០២:០៥ 1 សូរ្យគ្រាស 2ចន្ទគ្រាស
ភទ្របទ ០១តុលា ០៧:១១ ១៦តុលា ១១:២៣
អស្សុជ ៣១តុលា ០០:៣៨ ១៤វិច្ឆកា ២០:៥២
កត្ដិក ២៩វិច្ឆកា ១៩:១៨ ១៤ធ្នូ ០៧:០៥
មិគសិរ ២៩ធ្នូ ១៣:៥៣
Micromoon ព្រះចន្ទដែលតូចបំផុតនៅថ្ងៃសុក្រ ទី ២២ មេសា ឆ្នាំ ២០១៦
Blue Moon ព្រះចន្ទពណ៌ខៀវ នៅថ្ងៃអាទិត្យ ទី ២២ ឧសភា ឆ្នាំ ២០១៦
Super Moon ព្រះធំបំផុត នៅថ្ងៃចន្ទ ទី១៤ វិច្ឆកា ២០១៦
រដូវផ្នែកចន្ទគតិប្រចាំឆ្នាំ ២០១៦
ហេមន្ដរដូវ ថ្ងៃព្រហស្បតិ៍ ១រោច ខែកក្ដិក ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆកា ២០១៥ រដូវរងារ
គិម្ហរដូវ ថ្ងៃពុធ ១រោចខែផល្គុន ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ រដូវក្ដៅ
វស្សានរដូវ ថ្ងៃពុធ ១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី២០ ខែកក្កដាឆ្នាំ ២០១៦
រដូវផ្នែកសុរិយគតិប្រចាំឆ្នាំ ២០១៦
March Equinox ថ្ងៃទី២០ មីនា ២០១៦ វេលាម៉ោង ១៨:៣១ និទាឃរដូវ
June Solstice ថ្ងៃទី២១ មិថុនា ២០១៦ វេលាម៉ោង ១២:៣៦ វស្សានរដូវ
September Eqinox ថ្ងៃទី២៤ កញ្កា ២០១៦ វេលាម៉ោង ៤:២២ សរទរដូវ
December Solstice ថ្ងៃទី ២២ ធ្នូ ២០១៦ វេលាម៉ោង ០០:៤៥ សិសិររដូវ

1 ស្រុក​នាម​នាគ​ គឺ​ស្ថិត​នៅ​ទិស​និរតី​ ស្រុក​នាម​គ្រុឌ​ស្ថិត​នៅ​ទិស​អីសាន​ ស្រុក​នាម​កណ្ដុរ​ស្ថិត​នៅ​ទិស​បស្ចឹម​។ (តាម​តម្រាមហា​ទក្សា​ខ្មែរ)