សួស្ដីឆ្នាំថ្មី ឆ្នាំមមែសប្ដស័ក

     ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ ឆ្នាំ​មមែ​សប្ដ​ស័ក ពុទ្ធ​សក​រាជ ២៥៥៩ ចុល្លសករាជ ១៣៧៧ មហា​សក​រាជ ១៩៣៧ គ្រឹស្ដ​សក​រាជ ២០១៥​នេះ មណ្ឌល​វប្ប​ធម៌​ខ្មែរ​នៅ​ស្វីស សូម​គោរព​ជូន​ពរ បវរ​សេរី​សួស្ដី​មហា​ប្រសើរ ប្រគេន​ថ្វាយ និង​ជូន​ចំពោះ​ព្រះ​ថេ​រា​នុ​ថេរ លោក លោក​ស្រី​ និង ប្រជា​នុ​រាស្រ្ដ​គ្រប់​ជាន់​ថ្នាក់ គ្រប់​ទិស​ទី ក្នុង​ពិភព​លោក សូម​ទេវ​តា​ឆ្នាំ​ថ្មី ជួយ​គ្រប់​គ្រង​បី​បាច់​រក្សា សូម​អោយ​មាន​អាយុ​យឺន ផុត​ចាក​រោគា​ពេទ្យ​ទាំង​ឡាយ សូម​ប្រកប​ដោយ​សេច​ក្ដី​សុខ​ដុម​រម្យនា សូម​អោយ​មាន​ចិត្ដ​ជា​កុសល សន្ដោស​ត្រា​ប្រណី យោ​គ​យល់​គ្នា សាមគ្គី​រួម​សុខ​ទុក្ខ ជា​មហា​គ្រសារ​តែ​មួយ នៅ​លើ​ទឹក​ដី​មាតុ​ភូមិ​ជា​ទី​ស្នេហា​ សូម​អោយ​មាន​កំលាំង កាយ​និង​កំលាំង​ប្រាជ្ញា​បរិ​បូណ៌ សូម​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ ពុទ្ធ​សាសនា សូម​អោយ​មាន​យុត្ដិ​ធម៌ សុខ​សន្ដិ​ភាព​ជា​ជា​និច្ចត​រៀង​ទៅ​។

[សារជូនពរលោកប្រធានត្រា ស៊ីន ប្រធានមណ្ឌលវប្បធម៌ខ្មែរនៅស្វីស]

មហាសង្ក្រាន្ដឆ្នាំមមែ បស្ដស័ក
ចុល្លសករាជ ១៣៧៧ មហាសករាជ ១៩៣៧
ពុទ្ធសករាជ២៥៥៩ គ្រឹស្ដសករាជ ២០១៥

សុភមស្ដុ វរមង្គលាជយាតិរេក

     ព្រះ​ពុទ្ធ​សក​រាជ​ព្រះ​សាសនា អតិក្កន្តា កន្លង​ទៅ​ហើយ​បាន ២៥៥៨ ព្រះ​វស្សា​ត្រឹម​ថ្ងៃ​ពេញ​បូណមី​១៥​កើត ខែ​ពិសាខ លុះ​ដល់​ថ្ងៃ ១​រោច ខែ​ពិសាខ ឆ្នាំ​មមែ​សប្ដ​ស័ក ត​ទៅ​ចូល​ពុទ្ធ​សក​រាជ ២៥៥៩​។

  • ថ្ងៃអង្គារ ១១រោច ខែចេត្រ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា គ្រិស្ត​សក​រាជ ២០១៥ វេលា​ម៉ោង​១៤ និង ០២​នាទី ជា​ថ្ងៃ​ចូល​ឆ្នាំ​មមែ​សប្ដ​ស័ក (ជា​ថ្ងៃ​មហា​សង្គ្រាន្ដ)​។
  • ថ្ងៃពុធ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រិស្តករាជ ២០១៥ ជាវារៈវនបត ។
  • ថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ត្រូវនឹង ថ្ងៃ​ទី​១៦ ខែមេសា គ្រិស្ត​សក​រាជ ២០១៥ នៅ​វេលា​ម៉ោង ១៨ និង ២១​នាទី ៣៦​វិនា​ទី ជា​វារៈ​ឡើង​ស័ក គំរប់​ជា​សង្ក្រាន្ត​បី​ថ្ងៃ ​ស្រេច​បរិបូណ៌ ចូល​ជា សកល​ ឆ្នាំ​មមែ​សប្ដ​ស័ក​ត​រៀង​ទៅ​។

     ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​បី​ថ្ងៃ​នេះ សូម​អស់​ជនា​នុជន​ប្រុស​ស្រី​ទាំង​ឡាយ រៀប​ចំ​គ្រឿង​សក្ការ​បូជា មាន​ទៀន​ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតន​ត្រ័យ និង នំ​ចំណី​មាន​ផ្លែ​ឈើ​ជា​ដើម ជូន​មាតា​បិតា​អាណា​ព្យា​បាល​បុព្វកា​រី ព្រម​ទាំង​ទទួល​ស្វា​គមន៍​ទេវ​តា​ឆ្នាំ​ថ្មី ហើយ​ខំ​លះ​បង់​នូវ​ចិត្ត​អាក្រក់ ជា​ចិត្ត​ប្រកប​ដោយ​ អភិជ្ឈា​ ព្យា​បាទ មិច្ឆា​ទិដ្ឋិ អោយ​ស្រលះ ចំរើន​ឡើង​វិញ​នូវ​ចិត្ដ​ប្រកប​ដោយ​បញ្ញា និង​ព្រហ្ម​វិហារ​ធម៌ គឺ​មេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើ​បុណ្យ​សន្ទរ៍​ទាន រក្សា​សីល​តាម​ប្រពៃណី​អោយ​បាន​ជាប់​ជា​និច្ច នោះ​ទើប​ទេព្តា នឹង​អោយ​ពរ​សព្ទ​សាធុ​ការ លោក​អ្នក នឹង​មាន​សិរី​សួស្តី​សុភ​មង្គល វិបុល​សុខ​គ្រប់​ប្រការ ប្រកប​ការ​ងារ​បាន​ត្រ​ជាក់​ត្រជុំ​ អាយុ​យឺន​យូរ​ត​រៀង​ទៅ​។

រណ្តាប់​ទទួល​ទេវតា​

    រណ្តាប់​ទទួល​ទេវ​​តា​តាម​ទំ​នៀម​ពី​បុ​រាណ​រៀងរហូត​មក ​ត្រូវ​រៀប​រាន​ទទួល​ទេវ​តា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​ តាំង​គ្រឿង​ពលីការ​ផ្សេង​ៗ​។ ត្រូវ​រៀប​ក្រាល​សំ​ពត់​ពណ៌​ស ​ហើយ​រៀប​ចំ​នូវ​គ្រឿង​សក្ការបូ​ជាទេវ​តា​ មាន​ជា​អាទិ៍​ បាយ​សី​ ៩ថ្នាក់​មួយ​គូ​ បាយ​សី​៧​ថ្នាក់​មួយ​គូ​ បាយ​សី​៥​ថ្នាក់​មួ​យ​គូ​ បាយ​សី៣​ថ្នាក់​មួ​យ​គូ​ បាយ​សី​ប៉ា​ឆាមមួយ​គូ​ ស្លា​ធម៌​មួយ​គូ ទឹក​អប់​មួយ​គូ​ (ទៀន​៥​ ធូប​៥) លាច​៥​ ផ្កា​៥ដាក់​លើ​ជើង​ពាន​១​គូ​ ចេក​នួន​ ចេក​ណាំ​វ៉ា ​ជើង​ពាន​មួយ​គូ​ ​​​ផ្លែ​ឈើ​១១មុខ រៀប​ដាក់​ជើង​ពាន​១១​គូ ​ដូង​ឡៅ​មួយ​គូ​ ទឹក​ស្អាត​ពីរ​កែវ​។​ ស្រេច​ហើយ​នៅ​វេលា​ម៉ោង​ដែល​ទេវ​តា​ចុះមក​ ត្រូវ​ជួប​​ជុំ​ក្រុម​​គ្រួសារ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​ ន​មស្ការព្រះ​រតន​ត្រ័យ​ សមា​ទាន​សីល​ ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិ​សុទ្ធ​ ជ្រះ​ស្រឡះនូវ​មន្ទិល​​ទាំង​ពួង​ តម្កល់​ចិត្ត​រំពឹង​គិត​ទៅ​លើ​ ព្រះ​ពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ ជាទី​ពឹង ​ទី​រ​ឭ​ក​លុះ​ចប់​ពិធី​ទទួល​ទេវតា ។

  ចំពោះ​បាយ​សី​៩​ថ្នាក់​ ៧ថ្នាក់​ តំណាង​ឱ្យ​ព្រះ​រាជា​ ព្រះ​បរម​រាជ​វាំង​ ចំពោះ​ប្រជា​រាស្ត្រ​គួរ​ធ្វើ​ត្រឹម​៥​ថ្នាក់​ចុះ​មក​ ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូ​ជា​ដែល​មាន​ទៀន​ប្រាំ​ ធូប​ប្រាំ​ ស្លា​ធម៌​កូន​ចេក​មួយ​គូ​ក៏​ល្អ​ដែរ​ ។ ចំពោះ​ផ្លែ​ឈើ​សម្រាប់​ប្រជា​រាស្ត្រ​ គួរ​រៀប​ឱ្យ​បាន​ត្រឹម​៣​ឬ​៥​មុខ​ជា​ការ​ប្រសើរ​ គឺ​រៀប​ទៅ​តាម​ធន​ធាន​របស់​ខ្លួន​ ។ នៅ​គ្រប់​តង្វាយ​ទាំង​អស់​ ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​ពី​លើ​គ្រប់​តង្វាយ​នៅ​លើ​ជើង​ពាន​ និង​លើ​បាយ​សី​ត្រូវ​ដោត​​ទៀន​ហើយ​ដុត​បំភ្លឺ ។

ទំនាយប្រចាំឆ្នាំ

កេណ្ឌព្រះពិរុណសាស្ត្រ : ឆ្នាំនេះ ភពអាទិត្យជាធិបតិ ដឹកនាំ​ផ្លូវ​ទៅ​សុំ​ទឹក​ភ្លៀង​ពី​ស្ដេច​នាគ ហើយ​បាន​នាគ ៣​បង្អុរ​ភ្លៀង ៤០០​មេ​ដែល​ចែក​ចេញ​ជា៖
- ចក្រវាឡ ១៦០មេ
- ព្រៃហេមពាន្ដ ១២០មេ
- មហាសមុទ្រ ៨០មេ
- និងជម្ពូទ្វីប មនុស្សលោកយើងមានចំនួន ៤០មេបណ្ដាលអោយមានទឹក​ភ្លៀង​នៅ​ដើម​ឆ្នាំ កណ្ដាល និង​ចុង​ឆ្នាំ​ភ្លៀង​ស្មើ​ល្អ​។

     កេណ្ឌធារាទិគុណ : ឆ្នាំនេះមានកេណ្ឌ(១) ត្រូវត្រង់តេជោធាតុចុះ ទំនាយថាភ្លើងកាចសាហាវជាងឆ្នាំកន្លង។

     ទំនាយទឹកទន្លេ : ឆ្នាំនេះទំនាយអំពីទឹកទន្លេមានសំណល់៨ ទំនាយថា ទឹកទន្លេមានជាមធ្យម មិនធំមិនតូច។

     កេណ្ឌធញ្ញហារ : ឆ្នាំនេះមានកេណ្ឌ (៣) មានឈ្មោះមជ្ឈិ​មា ទំនាយថា ស្រូវ​ដំណាំ​ស្រែ​ចំការ​និង​បាន​ផល​ពាក់​កណ្ដាល​ខូច​ខាត​អស់​ពាក់​កណ្ដាល ភោជា​នាហារ​បាន​ផល​ជា​មធ្យម​។ ប្រជា​នុ​រាស្ដ្រ​មាន​សេច​ក្ដី​សុខ​ខ្លះ​ទុក្ខ​ខ្លះ​ស្មើ​គ្នា​។

     ទំនាយការធ្វើស្រែ : ទំនាយកេណ្ឌការធ្វើស្រែមានសេស (២) ទំនាយថា ស្រែ​ដី​ទំនាបនិង​ស្រែ​ដី​ទួល​បាន​ផល​ល្អ​ដូច​គ្នា​ទាំង​ពីរ​យ៉ាង​។
     កេណ្ឌព្រឹក្សា : ឆ្នាំនេះត្រូវចំសេស២ ត្រូវត្រង់​ដើម​ល្វា ជា​ស្ដេច​មាន​ទំនាយ​ថា មនុស្ស​ផង​ទាំង​ឡាយ​មាន​សេច​ក្ដី​សុខ​ក្សេម​ក្សាន្ដ​។
     កេណ្ឌព្រះអាទិត្យ : ឆ្នាំនេះ​ព្រះអាទិត្យធ្វើ​ដំណើរ​ដោយ​ជិះ​ដំរី ទំនាយ​ថា ភ្លើង​កាច​សាហាវ ស្រុក​នាម​នាគ​ធ្វើ​យុទ្ធ​សង្គ្រាម​ និង​ស្រុក​នាម​គ្រុឌ​ និង​​នាម​កណ្ដុរ​។

ទំនាយថ្ងៃបុណ្យអុំទូកនៅវេទិកាអុំទូក :

ថ្ងៃបុណ្យអុំទូក​ថ្ងៃទី ៥​វិច្ឆកា ឆ្នាំ​២០១៤ ជា​ថ្ងៃ​ទី​១ ចាប់​ពី​ម៉ោង​១២ និង ១៥​នាទី​ថ្ងៃ​ត្រង់​មាន​ភ្លៀង​ខ្លាំង និង​មាន​ផ្គរ​លាន់​។ ថ្ងៃ​ទី ៦​វិច្ឆកា​ជា​ថ្ងៃ​ទី​២ មេឃ​មីរ​ស្រ​ទុំ​មាន​ពពក​ច្រើន ទាល់​ល្ងាច​។ ថ្ងៃទី ៧ វិច្ឆកា​ជា​ថ្ងៃ​ទី៣ ធាតុ​អាកាស​ក្ដៅ​ខ្លាំង​ណាស់ មេឃ​ស្រឡះ​ល្អ​មិន​មាន​ខ្យល់​ភ្លៀង​ឡើយ​។

ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត

  ទំនាយ​ថ្ងៃ​មហា​សង្ក្រាន្ត​ ៖ ថ្ងៃ​​ចូល​​ឆ្នាំ​​ដែល​​ជា​​ថ្ងៃ​​ទី​១​ត្រូវ​នឹង​ថ្ងៃ​ អង្គារ​ ទំនាយ​​ថា​ ឆ្នាំ​នេះ​នឹង​កើត​អន្ដ​រាយ​កណ្ដាល​ទី​ក្រុង​នូវ​ភ្លើង​ឆេះ​យ៉ាង​សាហាវ កើត​នូវ​ចោរ​ចិត្ដ​កាច​ច្រើន​ឡើង មនុស្ស​និង​ប្រែ​ជា​មាន​ចិត្ដ​អាក្រក់ ហើយ​មាន​ជំងឺ​ដំកាត់​ច្រើន​ជា​ទី​បំផុត​។ មនុស្ស​ផង​ទាំង​ឡាយ នឹង​កើត​ទុក្ខ​សោក​រោគ​ភ័យ ស្លាប់​ព្រោះ​ជំងឺ និង​ព្រោះ​មាន​កល្លិ​យុគ​សង្គ្រាម​ច្បាំង​គ្នា​។ ផែន​ដី​នឹង​ស្ងួត​ហួត​ហែង​។​

  ទំនាយ​ថ្ងៃ​វ័នបត ៖ ថ្ងៃ​កណ្តាល​ត្រូ​វនឹង​ថ្ងៃ​ពុធ ​ទំនាយ​ថា​ ឆ្នាំ​នេះ​​​​ស្រូវ​អង្ករ​ផ្លែ​ឈើ​មាន​តំលៃ​ខ្ពស់ មនុស្ស​ផង​ទាំង​ឡាយ​ត្រូវ​ក្ដៅ​ក្រហាយ​ចិត្ដ​ជា​ច្រើន ស្ដ្រី​ទាំង​ឡាយ នឹង​ត្រូវ​និរាស​ព្រាត់​ប្រាស​ពី​ទី​កន្លែង​ទៅ​រស់​នៅ​ទី​ដទៃ​ផ្សេង​។

  ទំនាយ​ថ្ងៃ​ឡើងស័ក​ ៖ ថ្ងៃ​ចុង​ក្រោយ​ត្រូវ​​នឹង​​ថ្ងៃ​ ព្រហស្ពតិ៍​ ទំនាយ​ថា​ ​ឆ្នាំ​នេះ​​សមណព្រាហ្មា​ចារ្យ នឹង​ប្រណិ​បត្ដិ​ចូល​ចិត្ដ​ដោយ​ធម៌​ដែល​ប្រសើរ​វិសេស​។

កំណត់ប្រតិទិន

ឆ្នាំនេះជាឆ្នាំអធិកមាសប្រក្រតីវារៈ ប្រ​ក្រតី​សុទិន​។ ខែ​ចន្ទគ​តិ​ចំនួន​១៣​ខែ ថ្ងៃ​ក្នុង​ឆ្នាំ​ចន្ទ​គតិ​មាន​ចំនួន ៣៨៤​ថ្ងៃ​។ ថ្ងៃ​ក្នុង​ឆ្នាំ​សុរយ​គតិ​មាន​ចំនួន ៣៦៥​ថ្ងៃ​។ ខែ​កុម្ភ ក្នុង​ឆ្នាំ ២០​១៦ មាន​ចំនួន ២៩​ថ្ងៃ​។
ចូល​ព្រះ​វស្សា​នៅ​ថ្ងៃ​សុក្រ ១​រោច​ខែ​ទុតិ​យាសាឍ ត្រូវ​នឹង​ថ្ងៃ​ទី ៣១​ខែ​កក្កដា គ.ស ២០១៥ ជា​វារៈ ចូឡា​ធិក​មាន​រិក្ស ២០​តិថី​១៥ ជា​កាល​វស្សាន​រដូវ​ត្រូវ​តាម​គន្លង​ប្រពៃ​ណី​បុរាណ​ដែល​មាន​ព្រះ​អាទិត្យ ព្រះ​ចន្ទ​តាម​ចក្រ​រាសី​ជា​ប្រធាន​អោយ​បាន​ដឹង​កំនត់​ទ្វាទស​មាស ទើប​ធ្វើ​ការ​សារ​ពើ ​បាន​ចំរើន​នូវ​សេរី​សួស្ដី​មហា​ជ័យ​មង្គល​បរិ​បូណ៌​ហោង​។

ថ្ងៃបុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ថ្ងៃ​ច័ន្ទ ១៥រោច ខែ​ភទ្របទ ព.ស ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី ១២ ខែ​តុលា គ.ស​២០១៥ (ថ្ងៃ ១១, ១២, ១៣ ខែ​តុលា ២០១៥)។
ថ្ងៃចេញវស្សា : នៅថ្ងៃអង្គារ ១៥កើត ខែអស្សុជ ព.ស ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី ២៧ ខែ​តុលា គ.ស ២០១៥។
ថ្ងៃពុធ ១រោច ខែ​អស្សុ​ជ​ ព.ស ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី ២៨ តុលា ២០១៥ ចាប់​ផ្ដើ​មក​ឋិន​កាល​រហូត​ដល់​ថ្ងៃ ១៥​កើត ខែ​កក្ដិក ត្រូវ​នឹង​ថ្ងៃ​ទី ២៥​វិច្ឆិកា ២០១៥ ចប់​កឋិន​កាល​។
ថ្ងៃព្រះរាជពិធី​បុណ្យ​អុំ​ទូក : នៅ​ថ្ងៃ​ពុធ ១៥​កើត​ខែ​កត្ដិក ព.ស ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី ២៥ ខែ​វិច្ឆកា គ.ស ២០១៥ (ថ្ងៃ​ ២៤, ២៥, ២៦)។

អំពីកាលយោគប្រចាំឆ្នាំ ១៣៧៦ រិក្សនៃថ្ងៃខែ

កេណ្ឌ ថ្ងៃ ខែ យាមឬវេលាពីម៉ោង តិថី រិក្ស
ស្ដេច ចន្ទ កត្ដិក ១០ម៉៣១ - ១២ម៉០០ និង ២២ម៉៣១ - ២៤ម៉០០ ២០
អធិបតី អាទិត្យ មាឃ ០៩ម៉០១ - ១០ម៉៣០ និង ២១ម៉០១ - ២៤ម៉៣០ ២៣ ២០
ឧត្បាត សៅរ៍ បុស្ស ០៧ម៉៣១ - ០៩ម៉០០ និង ១៩ម៉៣១ - ២១ម៉០០ ១៩ ២២
ឃ្លប ពុធ ផល្គុណ ១៦ម៉៣១ - ១៨ម៉៣០ និង ០៤ម៉៣១ - ០៦ម៉០០ ១២

អំពីកាលយោគប្រចាំឆ្នាំ ១៣៧៧ រិក្សនៃថ្ងៃខែ

កេណ្ឌ ថ្ងៃ ខែ យាមឬវេលាពីម៉ោង តិថី រិក្ស
ស្ដេច អង្គារ ស្រាពណ៍ ១២ម៉០១ - ១៣ម៉៣០ និង ២៤ម៉០១ - ០១ម៉៣០ ២១
អធិបតី ពុធ ស្រាពណ៍ ១២ម៉០១ - ១៣ម៉៣០ និង ២៤ម៉០១ - ០១ម៉៣០
ឧត្បាត អង្គារ អាសាឍ ១០ម៉៣១ - ១២ម៉០០ និង ២២ម៉៣១ - ២៤ម៉០០
ឃ្លប ព្រហៈ មិគសិរ ០៦ម៉០១ - ០៧ម៉៣០ និង ១៨ម៉០១ - ១៩ម៉៣០ ១៣

របៀបប្រើប្រាស់កាលយោគប្រចាំឆ្នាំ

ចាប់ពីថ្ងៃឡើងស័ក ច.ស ១៣៣៧ តទភរាល់ថ្ងៃ អង្គារជាស្ដេច រហូតដល់​ថ្ងៃ​វ័ន​បត​នៃ​ឆ្នាំ​ថ្មី ចុ.ស ១៣៧៨ ។ សំរាប់​តិថី​ ២១ គឺ​ស្ដេច​គ្រប់​ទាំង​ ១២​ខែ សំរាប់​រិក្ស​ក៏​ដូច​គ្នា​ សំរាប់​យាម​គឺ​ចាប់​ពី​ម៉ោង​ ១២ម៉០១ ដល់​ ១៣ម៉៣០ នេង ២៤​ម៉​០១ ដល់​ម៉ោង​ ០១​ម៉​៣០​ រៀង​រាល់​ថ្ងៃ​គឺ​ជា​ យាម​ស្ដេច​។ ចំពោះ​និយាម​ផ្សេង​ៗ​ ទៀត​អនុ​លោម​តាម​នេះ​ចុះ​។ ចាប់​ពី​ខែ​មករា​ ២០១៥ ដល់​ថ្ងៃ​ ១៥​មេសា​នៅ​ប្រើ​កាល​យោគ​ឆ្នាំ​ចាស់​ គឺ​ឆ្នាំ​ ចុ.ស ១៣៧៦ ដដែល។

ថ្ងៃកាល​យោគ​ជា​ស្ដេច​ និង​ថ្ងៃ​អធិបតី ជា​ថ្ងៃ​ជ័យ​មង្គល​ការ​ប្រារព្ធ​ពិ​ធី​មង្គល​បាន​ល្អ​គ្រប់​ប្រ​ភេទ​។ ថ្ងៃ​​កាល​យោគ​ជា​ឧត្បាទ​ ថ្ងៃ​ឃ្លុប​ ជា​ថ្ងៃ​អព​មង្គល​ហាម​ការ​ប្រារព្ធ​ពិធី​ទាំង​ពួង​បើ​ធ្វើ​ការមង្គល​ទាំង​ឡាយ​ មាន​អន្ដរាយ​មិន​ល្អ​ឡើយ​។

បាតុភូតលើផ្ទៃមេឃ

នៅក្នុងឆ្នាំ ២០១៥នេះមានគ្រាសចំនួន ៤ដង ដែលសូរ្យ​គ្រាស​មាន ២​ដង និង​ចន្ទ​គ្រាស ២​ដង តាម​កាល​បរិ​ច្ឆេទ​ដូច​ខាង​ក្រោម​៖​
១ -នៅ​ថ្ងៃ​សុក្រ ១​កើត ខែ​ចេត្រ​ឆ្នាំ​មមី​ឆស័ក ចុល្លស​ករាជ​ ១៣៧៦ ត្រូវ​នឹង​ថ្ងៃ​ទី ២០ ខែ​មិនា ឆ្នាំ​២០១៥ មាន​សូរ្យ​គ្រាស ជា​សារ​ពើ​គ្រាស​ (Total Eclipse of the Sun) មើល​ឃើញ​អៀក​ឡង់ អឺរ៉ុប អាស៊ី​ខាង​ជើង និង​អាហ្វ្រិក​ខាង​ជើង ចាប់​ផ្ដើម​ពី​ម៉ោង ១៤​ម៉​៤១ ដល់​ម៉ោង ១៨​ម៉​៥០ ជា​សារ​ពើ​គ្រាស ពី​ម៉ោង ១៦​ម៉​១០ ដល់​ម៉ោង ១៧​ម៉​២២ នាទី​។ នៅ​ប្រ​ទេស​កម្ពុជា​យើង​មើល​មិន​ឃើញ​ទេ​។
ព្រះអាទិត្យរះម៉ោង ៦ម៉០៥ នាទី លិចម៉ោង ១៨ម៉១១ នាទី ព្រះចន្ទរះ ០៥ម៉៤៤នាទី លិច ១៨ម៉១០នាទី

២ -នៅ​ថ្ងៃ​សៅរ៍ ១​រោច ខែ​ចេត្រ ឆ្នាំ​មមី​ឆ​ស័ក ចុល្ល​សក​រាជ ១៣៧៦ ត្រូវ​នឹង​ថ្ងៃ​ទី​ ៤​មេសា ឆ្នាំ​២០១៥ មាន​ចន្ទ​គ្រាស (Eclipse of the Moon) មើល​ឃើញ​នៅ​អាស៊ី​អូស្ដ្រា​លី​ប៉ាស៊ី​ហ្វិក អាមេ​រិកាស ចាប់​ផ្ដើម​នៅ​ម៉ោង ១៦​ម៉​០០​នាទី បញ្ចប់​នៅម៉ោង​ ២២​ម៉​០២​នាទី ផ្ដើម​ជា​អឌ្ឍ​គ្រាស​ពី​ម៉ោង ១៧​ម៉​១៦​នាទី ដល់​ម៉ោង ២០​ម៉​៤៦​នាទី នៅ​កម្ពុជា​មើល​ឃើញ​ជា​អឌ្ឍ​គ្រាស ចាប់​ពី​ម៉ោង​១៨​ម៉​៥៣ ដល់​ម៉ោង ១៨​ម៉​០៩​នាទី រហូត​ដល់​ម៉ោង ១៨​ម៉៥២​នាទី​។ ជា​សារ​ពើ​គ្រាស​ចាប់​ពី​ម៉ោង ១៨​ម៉​៥៣ ដល់​ម៉ោង​ ១៩​ម៉​០៨ រាហ៊ូ​ថយ​ពី​មណ្ឌល​ព្រះ​ចន្ទ​វិញ ហើយ​បញ្ចប់​គ្រាស​នៅ​ម៉ោង​ ២២​ម៉០២​នាទី​។
ព្រះអាទិត្យរះម៉ោង ៥ម៉៥៦ នាទី លិចម៉ោង ១៨ម៉១១ នាទី ព្រះចន្ទរះ ០៦ម៉០៧នាទី លិច ១៧ម៉៣៧នាទី

៣ - នៅថ្ងៃ​អាទិត្យ ១​កើត ខែ​ភទ្រ​​បទ ឆ្នាំ​មមែ សប្ដ​ស័ក ចុល្លស​ករាជ ១៣៧៧ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​ឆ្នាំ​២០១៥ មាន​សូរ្យ​គ្រាស​ជា​អឌ្ឍ​គ្រាស (Patial Eclipse of the Sun) ចាប់​ផ្ដើម​ពី​ម៉ោង ១១​ម៉​៤២ ដល់​ម៉ោង ១៦​ម៉​០៧​នាទី​។ មើល​ឃើញ​នៅ​អាហ្វ្រិក​ខាង​ត្បូង អ៊ិន​ឌៀន​ខាង​ត្បូង និង​ អង់​តាក់​ទិក​។ នៅ​ប្រទេស​កម្ពុជា​យើង​មើល​មិន​ឃើញ​ទេ​។
ព្រះអាទិត្យរះម៉ោង ៥ម៉៥០ នាទី លិចម៉ោង ១៨ម៉០៣ នាទី ព្រះចន្ទរះ ០៥ម៉៣៨នាទី លិច ១៨ម៉០៤នាទី

៤ -នៅថ្ងៃ ១រោច ខែភទ្របទ ឆ្នាំមមែសប្ដស័ក ចុល្លសករាជ ១៣៣៧ ត្រូវ នឹងថ្ងៃទី២៨ ខែកញ្ញាឆ្នាំ ២០១៥ មានចន្ទគ្រាសជាសារពើគ្រាស (Total Eclipse of the Moon) ចាប់ផ្ដើមពីម៉ោង ៨ម៉០៧ ដល់ ១១ម៉២៨នាទី។ មើលឃើញជាសារពើគ្រាសចាប់ពីម៉ោង ០៩ម៉១០ នាទី ដល់ម៉ោង ១០ម៉២៤នាទី នៅប៉ាស៊ីហ្វិកខាងកើតអាមេរិកាសអឺរ៉ុប អាហ្វ្រិកា អាស៊ីខាងកើត។ កម្ពុជាមើលមិនឃើញទេ។