កំណត់អ្នកចុះផ្សាយ

     នៅក្នុងទំព័រអក្សសិល្ប៍ខ្មែរ បុព្វបុរសខ្មែរយើងសម័យបុរាណបានយកចិត្ដទុកដាក់យ៉ាងខ្លាំង ក្នុងការតែងនិពន្ធសរសេរនិទានជាសាច់រឿង យើងឃើញមានរឿងព្រេងនិទានជាច្រើនអនេក មិនអាចរាប់គណនាបាន ដែលបានអ្នកប្រាជ្ញនិពន្ធបុរាណ សរសេរ និពន្ធ ចារទុកនៅលើក្រាំង ឬស្ដ្រាស្លឹករិត ឬនិទានតៗមាត់គ្នា ដែលមាននៅតាមវត្ដអារាម ភូមិស្រុក ពាសពេញផ្ទៃប្រទេសកម្ពុជា ហើយក្រុមជំនុំទំនៀមទំលាប់ នៅវិជ្ជា ស្ថានពុទ្ធសាសនបណ្ឌិត្យខ្មែរ បានប្រមូលចងក្រងជាសៀវតូចៗ អោយឈ្មោះថា «ប្រជុំរឿងព្រេងខ្មែរ» ហើយបោះពុម្ពតម្កល់ទុកក្នុងបណ្ណា ល័យពុទ្ធសាសនបណ្ឌិត្យ ដើម្បីការពារ និងងាយស្រួលក្នុងការស្រាវជ្រាវ នូវសម្បត្ដិវប្បធម៌ខ្មែរដ៏មានតំលៃយ៉ាងលើសលុបនេះ។

     អត្ថរសក្នុងរឿងព្រេងនិទានទាំងអស់នោះ មានលក្ខណពីរោះជក់ចិត្ដ មានខ្លឹមសារ មានប្រយោជន៍ដ៏សំខាន់ក្រៃលែង ដល់ជនានុជនទាំង ឡាយដែលបានសិក្សារៀនសូត្រចេះចាំនូវរឿងទាំងអស់នោះ រឿងព្រេងខ្លះ អ្នកនិពន្ធបានសរសេរជារឿងពិតនៃប្រវត្ដិសាស្ដ្រខ្មែរតែម្ដងរឿង ខ្លះទៀតអ្នកនិពន្ធបានសរសេរឲ្យបានជាគតិបណ្ឌិត គតិធម៌ធ្វើឲ្យមានបញ្ញាស្មារតីភ្លឺស្វាងក្នុងការប្រៀបធៀប ទាញអារម្មណ៍អ្នកអានអ្នកស្ដាប់ អោយជឿបុណ្យ ជឿងបាប ជឿកម្មផលទៅតាមទ្រឹស្ដីព្រះពុទ្ធសាសនាទៀតផង ហើយក៏មានរឿងស្នេហាផ្អែមត្រជាក់ ស្នេហាផិតក្បត់ ស្នេហា ប្រាត់ប្រាស់សង្គ្រាមច្បាំងកាប់ចាក់គ្នាផងដែរ។

     ដើម្បីផ្សព្វផ្សាយ នូវអត្ថបទអក្សរសិល្ប៍ដ៏មានតំលៃ ហើយមានន័យយ៉ាងទូលំទូលាយនេះ អោយរីករាលចូលជ្រួតរាបនៅក្នុងសង្គមខ្មែរ ហើយទុកជាបទសិក្សារៀនសូត្រតទៅ ដល់យុវវ័យជំនាន់ក្រោយៗ ខ្ញុំសូមលើកយក រឿងព្រេងទាំងអស់ មកចុះផ្សាយម្តងមួយៗលើបណ្ដាញ សកលនេះជារៀងៗទៅ។

អារម្ភបទ

     នៅប្រទេសកម្ពុជាយើង មានរឿងព្រេងជាច្រើនអនេក មិនអាចគណនាកត់ត្រារាប់ចំនួនថាប៉ុណ្ណេះប៉ុណ្ណោះបានឡើយ។ រឿងទាំងនេះចាត់ ជាពួកៗគឺ៖

  1. ក​. រឿងទាក់ទងនឹងប្រវត្ដិសាស្ដ្រ ដូចជា : រឿងភ្នំប្រុស ភ្នំស្រី នៅខេត្ដកំពង់ចាម ភ្នំទ្រុងមាន់ ភ្នំបាណន់ ភ្នំសំពៅ នៅខេត្ដបាត់ដំបង ភ្នំ សែនហាន នៅខេត្ដកំពត ភ្នំនាងកង្រីនៅខេត្ដកំពង់ឆ្នាំងជាដើម។
  2. ខ. រឿងទាក់ទងនឹងតុលាការកាត់ក្ដី : រឿងសុភាទន្សាយ និងរឿងផ្សេងៗ ដែលមានក្នុងសាស្ត្រាកឹងកន្ត្រៃជាដើម។
  3. គ. រឿងទាក់ទងនឹងការនេសាទ ការទាក់ ការបាញ់ មានការទាក់ដំរីជាដើម។
  4. ឃ. រឿងទាក់ទងនឹងទំនៀមទំលាប់ មានទំនៀមមង្គលការជាដើម។

     រឿងសាស្ដ្រាល្បែងក៏មានច្រើនលើសគណនា ដូចរឿងព្រះជិនវង្ស វរវង្ស សូរវង្ស សង្ខ័សិល្បជ័យ ជ័យទត្ដជាដើម។
     ទាំងរឿងព្រេង ទាំងរឿងសាស្ត្រាល្បែង ជារឿងពីរោះពិសា មានសារប្រយោជន៍ខាងផ្លូវវណ្ណគតិអក្សរសាស្ត្រ ហើយជារឿងសំរាប់ដឹកនាំ អ្នកស្ដាប់ អោយកើតសតិបញ្ញា យល់ការខុសត្រូវ រាក់ជ្រៅច្រើន អោយមានគំនិតខ្ពស់ស្គាល់គុណទោស រួមយ៉ាងខ្លីគឺ អោយស្គាល់គតិលោក គតិធម៌។

     ចំពោះរឿងសាស្ត្រាល្បែង យើងបានសង្គេតដំណើររឿងនិមួយៗ ឃើញបានគតិពីរយ៉ាងគឺ ខាងដើមរឿងច្រើននិយាយពីការព្រាត់ប្រាស កណ្ដាលរឿង ច្រើននិយាយពីការច្បាំងគ្នា ការប្រណាំងប្រជែងគ្នាជាគតិលោក។ ខាងចុងបំផុតរឿង ច្រើននិយាយពីតួឯកក្នុងរឿង ចេញបួស ជាតាបសឫសី ដែលជាគតិធម៌ ដើម្បីទាញអារម្មណ៍អ្នកអានអ្នកស្ដាប់អោយត្រេកត្រអាលក្នុងកាមតាមផ្លូវលោកជាខាងដើម អោយនឿយ ណាយចាកកាមតាមផ្លូវធម៌ជាខាងចុង ហើយជាពិសេសបំផុតគឺ ច្រើនតែរឿងឃោសនាដើម្បីទាញទ្រឹស្ដីអ្នកអានអ្នកស្ដាប់អោយជឿកម្មផល តាមគតិពុទ្ធសាសនា។

     ឯរឿងព្រេង និងរឿងសាស្ដ្រាល្បែងទាំងប៉ុន្មាន ដែលកើតមាននៅប្រទេសកម្ពុជាយើងនេះចែកជា២ផ្នែក៖

  1. ១. លោកអ្នកប្រាជ្ញបុរាណបាននិពន្ធទុក ហើយបច្ចាជនបានចារដាក់ស្លឹករិតខ្លះ សរសេរដាក់ក្រាំងខ្លះ ដាក់សៀវភៅខ្លះ តៗគ្នាទុកនៅ តាមវត្ដអារាម ភូមិស្រុកនានាពេញប្រទេសកម្ពុជាទាំងមូល។
  2. ២. ចាស់បុរាណបាននិទានទុកហើយ បច្ចាជនបានដំណាលប្រាប់គ្នាតមកដល់មាត់ទទេ ឥតបានសរសេរឡើយ។

     បើពុំប្រមូលកត់ត្រាទុកទេ រឿងទាំងនោះនឹងរត់រាយ រកកំណត់ចំនួនពុំបាន ហើយនឹងបាត់បង់ ឬនឹងប្រែក្លាយទៅជារឿងសម័យថ្មីអស់ បាត់ពូជដើម ព្រោះហេតុនេះ បានជាក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នៅពុទ្ធសាសនបណ្ឌិត្យបានខិតខំស្រាវជ្រាវរក និងប្រមែប្រមូលទាំងដែលចារ ជាសាស្ដ្រា ទាំងរឿងដែលនិទាន តមាត់ទទេដោយវិធីទាក់ទងរវាងសមាជិកឆ្លើយឆ្លងរបស់ក្រមជំនុំនេះ ដែលមាននៅតាមស្រុកខេត្ដនានា និង កត់ត្រាតាមមាត់ចាស់ៗ ដែលចេះចាំស្ទាត់ មកតម្កល់ទុកក្នុងមន្ទីរក្រុមជំនុំទំនៀមទម្លាប់ និងដោយវិធីសរសេរចម្លងអំពីវត្ដអារាមទាំងឡាយ ក្នុងព្រះរាជអាណាចក្រមកតម្កល់ទុក ក្នុងបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ ព្រមទាំងដោយវិធីចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជាសុរិយា ជាយូរឆ្នាំ មកហើយផង។

     ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នៅពុទ្ធសាសនបណ្ឌិត្យបានស្រង់រឿងព្រេងទាំងប៉ុន្មាន ដែលមានក្នុងមន្ទីរ ក្រុមជំនុំទំនៀមទម្លាប់ក្នុងបណ្ណាល័យ ពុទ្ធសាសនបណ្ឌិត្យ និងក្នុងទស្សនាវដ្ដីកម្ពុជាសុរិយា ដែលបានសន្សំទុកជាយូរឆ្នាំហើយនោះមករួបរួមរៀបចំបោះពុម្ពជាសៀវភៅ ដោយ ឡែកចែកជាភាគៗ អោយឈ្មោះថា ប្រជុំរឿងព្រេងខ្មែរ ដើម្បី៖

  1. ក. អោយរឿងព្រេងខ្មែរទាំងប៉ុន្មាន បានមូលត្រកូលគ្នា ស្រួលដល់លោកអ្នកត្រូវការរកទៅអាន។
  2. ខ. រក្សាស្នាដៃកវីនិពន្ធខ្មែរសម័យបុរាណទុកជាកេរតទៅ កុំអោយបាត់បង់។
  3. គ. ឲ្យយុវជនអ្នកអានបានឃើញច្បាស់ថាជាតិខ្មែរយើងមានកេរមត៌ក អក្សរសាស្ត្រច្រើនជាអនេក។
  4. ឃ. ឲ្យយុវជនអ្នកអានបានចាំរឿងនិទាន និងពាក្យពេចន៍បុរាណច្រើន បែកប្រាជ្ញា អាចធ្វើការចារចា និងការនិពន្ធរបស់ខ្លួនអោយ មានសម្រស់។
  5. ច. ឲ្យយុវជនអ្នកនិពន្ធងាយប្រៀបធៀបវោហាពាក្យពេចន៍សម័យចាស់ នឹងសម័យថ្មី ហើយធ្វើសេចក្ដីនិពន្ធរបស់ខ្លួនអោយមានលំអ ឲ្យត្រូវគ្រប់សម័យ។

     ចំពោះសៀងភៅប្រជុំរឿងព្រេងខ្មែរភាគ១ និងភាគ២ ខាងចុងបំផុតរឿងនិមួយៗ យើងដាក់សុភាសិតតម្រូវតាមគតិ ដែលមានក្នុងផ្ទៃរឿង នោះ សម្រាប់លោកអ្នកអានពិចារណា។ ឯពាក្យពេចន៍ និងប្រយោគនីមួយៗ យើងទុកឲ្យទៅតាមបុរាណជាច្រើន វៀរលែងតែរឿងណាដែល កត់ត្រាតាមមាត់ចាស់ៗ និទាន នោះទើបប្រើរបៀបសម័យថ្មី។

     ចំណែកអក្ខរាវិរុទ្ធ យើងបានកែតម្រូវតាមវចនានុក្រមខ្មែរសម័យបច្ចុប្បន្ន។ យើងសង្ឃឹមថា សៀវភៅប្រជុំរឿងព្រេងខ្មែរនេះនឹងបានជា កម្លាំងមួយអាចជួយពង្រីកអក្សរសាស្ដ្រជាតិអោយមានវឌ្ឍនាការជាភិយ្យោភាព។