បើយើង​ធ្វើ​ដំណើរ​ពី​ភ្នំ​ពេញ​ទៅ​តាម​ផ្លូវ​ទន្លេ​ធំ ដោយ​ទូក​ ឬ​ ​​កប៉ាល់​ដល់​ទៅ​ភ្នំ​ដី​ច្រាល ហើយ​បត់​ទៅ​ដល់​ផែ​ក្រូច​ឆ្មារ ខេត្ដ​កំពង់​ចាម ក្រលេក​ចោល​ភ្នែក​ទៅ​ទិស​អីសាន​ ក្នុង​ស្រុក​ព្រះ​ប្រសព្វ​ ខេត្ដ​ក្រចេះ​ ត្រើយ​ខាង​ជើង​ត្រង់​ឃុំ​ចំបក់​ យើង​​ឃើញ​ភ្នំ​មួ​យ​ខ្ពស់​ទទុង នៅ​ក្បែរ​មាត់​ទន្លេ​នោះ​ឈ្មោះ «ភ្នំ​សុ​ពណ៌​កាលី​» ជា​ភ្នំ​សក្ដិ​សិទ្ធិ​។ ភ្នំ​នោះ​មាន​រឿង​ព្រេង​ដំណាល​ដូច​ត​ទៅ​នេះ​៖

កាល​ពី​ព្រេង​នាយ​មាន​ក្រ​ពើ​មួយ​ឈ្មោះ «សុ​ពណ៌កាលី» ខ្លួន​ធំ​មហិ​មា​មាន​រិទ្ធា​នុ​ភាព​ពូកែ​ណាស់ អិត​ក្រ​ពើ​ណា​ប្រលង​​រិទ្ធិ​ផង​បាន​ អាស្រ័យ​នៅ​ក្នុង​អន្លង់​មួយ​ឈ្មោះ​អន្លង់​សាលី​ ដែល​សព្វ​ថ្ងៃ​ហៅ​ភូមិ​អន្លង់​សាលី​ ក្នុង​ស្រុក​ស្ទឹង​ត្រង់​ខេត្ដ​កំពង់​ចាម​ នៅ​ខាង​ក្រោម​ភ្នំ​សុពណ៌​កាលី​ ចំងាយ​ប្រហែល​២០​គីឡូ​ម៉ែត្រ​។

នាង​អោ​រ៉ៃ​បាន​លឺ​មនុស្ស​និយាយ​ដូច្នោះ​ ក៏​និម្មិត​ជា​ក្រពើ​ហែល​ទៅ​តាម​ទន្លេ​តូច​មាន​ចំងាយ​ច្រើន​គី​ឡូ​ម៉ែត្រ ទៅ​រក​ក្រពើ​សុពណ៌​កាលី​ ដោយ​ប្រាថ្នា​នឹង​ប្រលង​រិទ្ធ​គ្នា លុះ​ចេញ​ទៅ​ទល់​មាត់​ពាម​ផ្កាយ​​សំរេច​ ប្រទះ​នឹង​តា​ចាស់​យាយ​ចាស់​ កំពុង​ចែវ​ទូក​ឆ្លង​ទន្លេ​ធំ នាង​អោ​រ៉ៃ​គិត​ថា បើ​ខ្លួន​អញ​ជា​ក្រ​ពើ នឹង​សុំ​ដោយ​សារ​តា​យាយ​នេះ​ពុំ​បាន​ទេ ព្រោះ​គាត់​ខ្លាច ដូច្នេះ​អញ​គួរ​និម្មិត​ខ្លួន​ជា​លោក​នេន​ ទើប​សុំ​ដោយ​សារ​គាត់​បាន​ គិត​ហើយ​ក៏​និម្មិត​ខ្លួន​ជា​លោក​នេន សុំ​ដោយ​សារ​ជា​មួយ​តា​យាយ​បាន​ដូច​បំណង​។ នាង​អោ​រ៉ៃ​លោក​សង្ឃ​នេន​ មិន​បាន​អោយ​តា​ចែវ​កន្សៃ​ទូក​ទេ បង្គាប់​តា​ថា «សូម​លោក​តា ទៅ​អង្គុយ​កាន់​ជើង​ចែង​ខាង​ក្បាល​ទូក​ទប់​ខ្លួន​អោយ​នឹង​ចុះ​»​។ ថា​ដូច្នេះ​ហើយ​លោក​នេន​ក្រពើ​ ក៏​ចែវ​ទូក​លឿន​បន្ដិច​​ម្ដង​ៗ ​យូរ​ទៅ​រិត​តែ​លឿន​ឡើង​ៗ ដោយ​អំណាច​នាង​អោ​រ៉ៃ​និម្មិត​យក​កន្ទុយ​ជួយ​កាយ​ទឹក​ផ្សំ​ផង ចំនួន​កន្លះ​ថ្ងៃ​ទើប​ទៅ​ដល់​ទី​កន្លែង​ក្រពើ​សុពណ៌​កាលី​។ នាង​អោ​រ៉ៃ​សួរ​យាយ​តា​ថា «តា​ឡើង​ត្រើយ​ខាង​ណា​?​» តា​យាយ​ឆ្លើយ​ប្រាប់​ទៅ​វិញ​ថា «​តា​ឡើង​ត្រើយ​ខាង​ស្ដាំ​នេះ​បាន​ហើយ​»​។ លុះ​ចូល​ទូក​ទៅ​ដល់​កំពង់​ នាង​អោ​រ៉ៃ​លោក​នេន​ថា «ពុំ​បាន​ទេ​តា​!​» ថា​ហើយ​ក៏​អូស​ទូក​នោះ​ទៅ​ដាក់​ដល់​ចិញ្ចើម​ច្រាំង​ ចង​ក្រៀក​ដោយ​ច្រវាក់​ជាប់​នឹង​បង្គោល​ ព្រោះ​នាង​អោ​រ៉ៃ​គិត​ថា នៅ​ពេល​ប្រលង​រិទ្ធ​គ្នា​នោះ​រលក​ខ្លាំង​ណាស់​ ទឹក​ពោរ​ដល់​ចញ្ចើ​ម​ច្រាំង​ បើ​ប្រ​ហែស​ចង​មិន​ជាប់ មុខ​ជា​នឹង​អណ្ដែត​ទូក​នោះ​បាត់ គិត​ហើយ​ក៏​សំដែង​រិទ្ធ​ប្រែ​ខ្លួន​ជា​ក្រពើ​ លោត​ចុះ​ទៅ​ក្នុង​ទឹក​ ហែល​សំដៅ​ទៅ​រក​ក្រពើ​សុព​ណ៌​កាលី​ បាន​ជួប​ហើយ​ក៏​ប្រខាំ​គ្នា​ដោយ​រិទ្ធិ​យ៉ាង​អស្ចារ្យ​ បញ្ឈរ​ដង​ខ្លួន​ផុត​ពី​ទឹក​ ផ្អើល​អស់​មនុស្ស​មក​មើល​តៀប​ត្រា រលក​ទឹក​បោក​ហួស​ចញ្ចើម​ច្រាំង​។ លុះ​ប្រខាំ​គ្នា​យូ​រ​ទៅ​ ក្រ​ពើ​នាង​អោ​រ៉ៃ​មាន​រិទ្ធិ​ជាង​ ខាំ​ត្រូវ​ពោះ​ក្រពើ​សុពណ៌​កាលី សុ​ពណ៌​កាលី​ក៏​ធ្លាយ​ពោះ ស្លាប់​មួយ​រំពេច​ទៅ​ កើត​ជា​ភ្នំ​មួយ​ហៅ​ថា «ភ្នំ​សុព​ណ៌កាលី​» តាម​ឈ្មោះ​ក្រ​ពើ​នោះ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ​។ ភ្នំ​នេះ​ពូ​កែ​សក្ដិ​សិទ្ធ​ណាស់ បើ​អ្នក​ណា​ទៅ​រៀន​មន្ដ​វិជ្ជា​ នៅ​ភ្នំ​នោះ​កំពុង​អង្គុយ​ស្វាត​ធ្យាយ​តែង​មាន​ពួក​បិសាច​ មក​ល្បង​ធ្វើ​ជា​ដុំ​មាស​ប៉ុន​ដូង​ទុំ រឺ​ស្រី​ក្រមុំ​ មក​ពិត​អែប​ស្មា​សង​ខាង​ បើ​អ្នក​រៀន​វិជ្ជា​នោះ​ ភ្លាត់​ចំណាប់​ចង់​បាន​របស់​នោះ​ មុខ​ជា​ពួក​នេះ​វាយ​បំបាក់​ក​ស្លាប់​ពុំ​ខាន​។

កាល​មាន​ជ័យ​ជំនះ​ហើយ​ក្រពើ​អោ​រ៉ៃ​នោះ ក៏​ត្រលប់​មក​ទី​លំនៅ​វិញ​។ លុះ​នៅ​យូរ​បន្ដិច​ទៅ​ក្រពើ​នោះ​កំពុង​តែ​បញ្ជិះ​លោក​នេន​ឆ្លង​ទឹក ស្រាប់​តែ​ប្រទះ​នឹង​ក្រពើ​បច្ចា​មិត្ដ​ដទៃ​ទៀត​មក​បៀត​បៀន​នាង​អោ​រ៉ៃ​គិត​ថា អីលូវ​នេះ​នឹង​ទុក លោក​នេន​នៅ​កន្លែង​ណា​? រក​កន្លែង​នឹង​ទុក​ដាក់​គ្មាន​ នាង​អោ​រ៉ៃ​ក៏​លេប​លោក​នេន ហើយ​គេច​ខ្លួន​រត់​ទៅ​។ លុះ​រួច​កីច្ច​ប្រយុទ្ធ​ហើយ នាង​អោ​រ៉ៃ​ខ្ជាក់​លោក​នេន​ចេញ​ពី​ពោះ តាម​មាត់​របស់​ខ្លួន​វិញ ឃើញ​លោក​នេន​នោះ​សុគត​ទៅ​ហើយ ក៏​កើត​សេច​ក្ដី​សោក​ស្ដាយ​ក្រៃ​ពេក​។

នៅ​អោកាល​ដែល​ពួក​មហា​ជន កំពុង​ធ្វើ​បុណ្យ​ឈា​បន​កិច្ច​រំលាយ​សព​លោក​នេន​នោះ ក្រពើ​អោ​រ៉ៃ​វារ​ឡើង​ទៅ​ដេក​លើ​ភ្នក់​ភ្លើង ដែល​កំពុង​ឆេះ​ពេញ​អំណាច​​តេ​ជោ​ធាតុ​ក៏​ឆេះ​ក្រពើ​នាង​អោ​រ៉ៃ​នោះ​បាត់​បង់​ជីវិត​ទៅ​ជា​មួយ​ដែរ​។

(១) ស្រង់​ពី​អែក​សារ​ក្រុម​ជំនុំ​ទំ​នៀម​ទំលាប់​លេខ ​២៧-០០៥ រៀប​រៀង​ដោយ​លោក​ ស៊ាង លិន នៅ​ឃុំ​ល្វេ​ ស្រុក​ស៊ី​ធរ​កណ្ដាល​ ខេត្ដ​ព្រៃ​វែង​។