នៅ​ខាង​សិច​ស្ទឹង​សង្កែ​ ស្រុក​សង្កែ ជ្រុង​អគ្នេយ៍​ទី​ក្រុង​បាត់​ដំបង​ចំងាយ​ប្រ​ហែល​ជាង​ ១០​គីឡូ​ម៉ែត្រ មាន​ភ្នំ​មួយ​ឈ្មោះ​ថា ភ្នំ​បាណន់ ជា​រាជ​បូជ​នីដ្ឋាន​សក្ដិ​សិទ្ធ​ដែល​អ្នក​ស្រុក​តែ​ធ្វើ​ពិធី​បូជា តាំង​ពី​បុរាណ​កាល​មក​។ រឿង​ព្រេង​ភ្នំ​នេះ​មាន​ដូច​ត​ទៅ​៖

ខាង​ក្រោយ​មក​មាន​ព្រះ​រាជ​បុត្រ​ស្ដេច​មួយ​ព្រះ​អង្គ​ ព្រះ​នាម​ចៅ​រាជ​កុល មក​សុំ​រៀន​វិជ្ជា​ផ្សេង​ៗ​ពី​តា​គ្រាម​។ តា​បស​សុខ​ចិត្ដ​បង្រៀន​ ព្រះ​រាជ​បុត្រ​នោះ​លុះ​ត្រា​តែ​ចេះ​ ប៉ុន្ដែ​ហាម​រាជ​កុមារ​មិន​អោយ​មើល​ប្រពន្ធ​សោះ ដោយ​គាត់​ខ្លាច​ចៅ​រាជ​កុល ស្រលាញ់​ប្រពន្ធ​គាត់ ព្រោះ​នាង​រំសាយ​សក់​រូប​ល្អ​ណាស់​។

កន្លង​ជា​យូរ​ខែ​ក្រោយ​មក​ ពេល​មួយ​ជួន​ជា​តាបស​មិន​នៅ ចៅ​រាជ​កុល​ទៅ​លួច​មើល​ប្រពន្ធ​គាត់ ឃើញ​នាង​មាន​រូប​ល្អ​ឆើត ក៏​កើត​សេច​ក្ដី​ប្រតិ​ព័ទ្ធ​ចូល​លួច​សាក​សួរ​ចិត្ដ​នាង នាង​ស្រលាញ់​ចៅ​រាជ​កុល​ដែរ ក៏​ទទួល​ព្រម​។ ថ្ងៃ​មួយ​តាបស​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​រក​វត្ថុ​ផ្សេង​ៗ អ្នក​ទាំង​ពីរ​បាន​អោកាស​ល្អ ក៏​នាំ​គ្នា​ជិះ​សំពៅ​រត់​ចោល​តា​បស​ទៅ​។

កាល​តា​បស​ត្រលប់​មក​ពី​ព្រៃ​វិញ​ ពុំ​ឃើញ​អ្នក​ទាំង​ពីរ​នៅ​ក្នុង​រូង​ភ្នំ គាត់​ក៏​ដឹង​ថា ចៅ​រាជ​កុល​និង​ភរិយា​គាត់​លួច​ពង្រត់​គ្នា​ទៅ​។ គាត់​តាម​ទៅ​ដល់​មាត់​សមុទ្រ​បាន​ឃើញ​សំពៅ​ឃ្លាត​ឆ្ងាយ ដល់​ទៅ​ពាក់​កណ្ដាល​សមុទ្រ​ទៅ​ហើយ តា​បស​ខឹង​ក៏​សែក​មន្ដ​វិជ្ជា​ហៅ​ខ្យល់​ព្យុះ ដើម្បី​បំផ្លាញ​សំពៅ​នៅ​កណ្ដាល​សាគរ​។ ប៉ុន្ដែ​ដោយ​នាង​រំសាយ​សក់​ចេះ​មន្ដ​វិជ្ជ​ដែរ ក៏​ធ្វើ​អោយ​ខ្យល់​បក់​ផាត់​ខ្យល់​កំណាច​ផុត​អស់ តា​បស​ឈឺ​ចិត្ដ​ខ្លាំង​ពេក​ក៏​ដួល​ស្លាប់​នៅ​ឆ្នេរ​សមុទ្រ​នោះ​ទៅ​។

នៅ​ជើង​ភ្នំ​នោះ​មាន​រូង​ជ្រៅ​ធំ​ទូលាយ​ អាច​អោយ​មនុស្ស​ចូល​ទៅ​យ៉ាង​ស្រួល​ ដំបូល​រូង​កោង​ដូច​ដំបូល​ទូក មាន​កន្លែង​ទឹក​ស្រក់ មាន​តំរង​ទឹក​ថ្ម​រាង​ដូច​ត្បាល់​បុក​អង្ករ​ ទំហំ​ប៉ុន​ល្អី​ រូង​នោះ​មាន​​ទំហ៊ំប្រ​ហែល ១២​ម៉ែត្រ​បួន​ជ្រុង​ ជញ្ជាំង​ថ្ម​ពុំមាន​ចំលាក់​អ្វី​ទេ ប៉ុន្ដែ​ខាង​ត្បូង​តំរង​ទឹក​ក្បែរ​ជញ្ជាំង​ មាន​ព្រះ​ពុទ្ធ​រូប​បាក់​បែក​ជា​ច្រើន​។ ពន្លឺ​ព្រះ​អាទិត្យ​ចូល​ទៅ​បំភ្លឺ​ពេញ​ រូង​នោះ តាម​ប្រហោង​មួយ​នៅ​លើ​ដំបូល​។ ផ្លូវ​ដែល​ចូល​ទៅ​ក្នុង​រូង​ភ្នំ​នោះ តាម​ប្រហោង​មួយ​នៅ​លើ​ដំបូល​។ ផ្លូវ​ដែល​ចូល​ទៅ​ក្នុង​រូង​ភ្នំ​នោះ តូច​ចុះ​តែ​មនុស្ស​ម្នាក់​ងងឹត​សូន្យ​ បើ​ចូល​ទៅ​តាម​ផ្លូវ​នោះ លុះ​ត្រា​តែ​អុជ​ចន្លុះ​បំភ្លឺ​ហើយ​ដើរ​ជា​ជួរ​បន្ដ​គ្នា ទើប​អាច​ចូល​ទៅ​ដល់​កន្លែង​ទឹក​ស្រក់​នោះ​បាន​។

តាម​អ្នក​ស្រុក​ភ្នំ​បាណន់​និយាយ​ថា ជួន​កាល​តំរង​ថ្ម​នោះ​មាន​ទឹក​ពេញ​ ជួន​កាល​មាន​ទឹក​ត្រឹម​តែ​ពាក់​កណ្ដាល​ គេ​ថា​បើ​តំរង​ថ្ម​មាន​ទឹក​ពេញ​ជា​ប្រថ្នូល​ថា អ្នក​ស្រុក​បាន​ស្រូវ​បរិបូណ៍​ បើ​ទឹក​កន្លះ​គេ​ថា​អ្នក​ស្រុក​ធ្វើ​ស្រែ​ពុំ​សូវ​បាន​ទេ​។ ទឹក​ដែល​គេ​ឃើញ​នៅ​ក្នុង​តំរង​នោះ ថ្លា​ឆ្វង់​ហើយ​ជន​ទាំង​ឡាយ​ ដែល​ទៅ​ដល់​ទីនោះ​មិន​ដែល​ខាន​ក្បង់​យក​ទឹក​នោះ​មក​លុប​លាង​ក្បាល​ សុំ​សេច​ក្ដី​សុខ​សប្បាយ​ទេ​។

រាល់​ៗ​ឆ្នាំ​អ្នក​ស្រុក​តែង​ធ្វើ​ពិធី​បូជា​នៅ​ភ្នំ​បាណន់​នេះ នា​ចូល​ឆ្មាំ​ថ្មី គេ​ធ្វើ​ខាង​លើ​ភ្នំ​នូវ​ពិធី​ទាំង​ឡាយ​ មាន​ពីធី​ពូន​ភ្នំ​ខ្សាច់ និង និមន្ដ​លោក​ឆាន់​ជា​ដើម ហើយ​មាន​របាំ មាន​ប្រដាល់​ និង មាន​ចែក​ទាន​ជា​ប្រាក់​ រឺ សំលៀក​បំពាក់​ដល់​អ្នក​ក្រ​ផង​។ នៅ​ថ្ងៃ​ទី​១ ជា​ថ្ងៃ​ចូល​បុណ្យ គេ​តែង​ធ្វើ​ពិធី​បួង​សួង​សុំ​អោយ​ទេវ​តា​ថ្មី​ ជួយ​អោយ​អ្នក​ស្រុក​បាន​សេច​ក្ដី​សុខ​សប្បាយ​។ ពិធី​បូង​សួង​នោះ​ជួន​កាល​អ្នក​រាជ​ការ​ធ្វើ​ ជួន​កាល​អ្នក​ស្រុក​ធ្វើ​។ បើ​​កាល​ណា​គេ​ភ្លេច​ធ្វើ​ពិធី​បួង​សួង មុខ​ជា​មាន​ភ្លៀង​ធ្លាក់​នៅ​ពេល​ចូល​ឆ្នាំ ៣​ថ្ងៃ ហើយ​អ្នក​ស្រុក​នឹង​កើត​ជំងឺ​ពេញ​ទាំង​ភូមិ​មិន​ខាន​។

ពីធី​បួង​សួង​មាន​ស្លា​ធម៌​បាយ​សី និង​ ភ្លេង​លេង​បទ​បួង​សួង​។ អ្នក​ស្រុក​បាន​អោយ​ការណ៍​ថា កាល​ពី​ដើម​តែ​កាល​ណា ភ្លេង​លេង​បទ​បួង​សួង គេ​មើល​ទៅ​ក្នុង​ស្រះ​តា​សែន​​ដែល​នៅ​ជិត​ជើង​ភ្នំ​នោះ គេ​ឃើញ​ក្រពើ​ងើប​ជា​ច្រើន ស្រះ​នោះ​​ពី​ដើម​ជ្រៅ​ តែ​អីលូវ​រាក់​ទេ ហើយ​នៅ​ពេល​បួង​សួង​មិន​ឃើញ​ក្រពើ​ងើប​ឡើង​ទេ​។

(១)ស្រង់ពីអែក​សាររបស់​ក្រុម​ជំនុំ​ទំនៀម​ទំលាប់​លេខ​ ២៥-​៤១ រៀប​រៀង​ដោយ​អ្នក​ស្រី​ អ៊ុច​ សុខ​ កាល​នៅ​ជា​លេខា​ធិការ​នី នៃ​ពុទ្ធសាសន​បណ្ឌិត​។