ព្រះរាមតាមអង្វរនាងសីតា វគ្គ២
ថ្ងៃសៅរ៍ ទី24.វិច្ឆិកា 2018.ម៉ោង 10:07

    ស្រស់សីតា​សម្លក់​ព្រះរាម​ ដែល​ហ៊ាន​លែង​មើល​មុខ​នាង​ទៀត​។ពេល​នោះ​នាង​តប​វាចា​ទៅព្រះ​អង្គវិញ​ថា៖
   - សុំ​ទោស​ សុំទោស​ ពាក្យ​ពោល​នេះ​ងាយ​ណាស់​ ប៉ុនតែ​ទោស​ដែល​ម្ចាស់​បង​ដាក់​អោយ​ខ្ញុំ​នោះ​ វា​ធ្ងន់​ហើយ​ និង អយុត្ដិ​ធម៌ពេក​ហើយ​។ ពេល​មុន​ ម្ចាស់​បង​អោយ​លក្សណ៍ យក​ខ្ញុំ​ទៅ​សំលាប់​។ ពេល​ក្រោយ​ បើ​ប្រច័ណ្ឌ​ នឹង ខ្ញុំ​ម្ចាស់​ម្ដង​ទៀត​សូម​ព្រះ​អង្គ​ប្រ​ហារ​ផ្ទាល់​ព្រះ​ហត្ថ​តែ​ម្ដង​ទៅ​។ ឆេវ​ឆាវ​បែបនេះ​ ខ្ញុំ​ម្ចាស់​លែង​ហ៊ាន​នៅ​ជិត​ហើយ។

    ព្រះ​រាម​រក​ពាក្យ​តប​វិញ​មិន​ទាន់​ ធ្វើ​មុខ​ស្រ​ងូត។ បន្ដិច​មក​ព្រះអង្គ​តបទៅ​វិញថា​៖
    - អូន​សីតា​នៅ​តែ​មិន​ទុក​ចិត្ដ​បង​ទៀត​។ បង​លែង​ធ្វើ​ដូច​មុន​ហើយ​។ អូន​ឃើញ​ស្រាប់​ហើយ​ គ្រាន់តែ​បាន​ដំណឹង​ភ្លាម​ ថា​អូន​នៅ​ជា​មួយ​លោក​តា​វិញ​ បង​បាន​រក​សព្វ​មធ្យោបាយ​ ក្នុង​បំណង​ចង់​ជួប​អូន​។ បង​ខំ​អង្វរ​អូន​ផ្ទាល់​ខ្លួន​អែង​ បង​ពឹង​លោក​តា​អោយ​ជួយ​អង្វរ​អូន ​បង​សុំ​យក​កូន​ទាំង​ពីរ​ទៅ​លេង​វាំង​ ដោយ​សង្ឃឹម​ថា​អូន​ទៅ​តាម​រក​កូន​វិញ ហើយ​ក្រែង​លោ​យើង​មាន​សំណាង​បាន​ជួប​គ្នា​ជា​ថ្មី។ ប៉ុនតែ​ អូន​នៅ​តែ​មិន​អាណិត​បង​ដដែល​។ បន្ទាប់​មក​ បង​អស់​សង្ឃឹម​ពេក​ ក៏​នាំអោយ​បែក​គំនិត​ចូល​កោដ្ឋបញ្ឆោត​អូន​ ដែល​នាំ​អោយ​អូន​រឹត​តែ​ស្អប់​បង​ថែម​ទៅ​វិញ​។ ក្រោយ​បង្អស់​ បង​បាន​អោយ​ហនុ​មាន​ទៅ​សួរ​សុខ​ទុក្ខ​អូន​នៅ​ឋាន​បាតាល​ ប៉ុន​តែ​អូន​នៅ​តែ​ប្រកាន់​ខឹង​មិន​ទាន់​ណាយ​។ ថ្ងៃ​នេះ​ទៀត​សោត​ បង​មក​រក​អូន​ផ្ទាល់​ខ្លួន​ នៅ​កុដិ​លោក​តា​ជា​ថ្មី។ អូន​គួរ​អភ័យ​ទោស​អោយ​បង​ និង​ យល់​បង​ហើយ​។ ធ្វើ​ម៉េច​កាល​នោះ​ មក​ពី​បង​ស្រលាញ់​អូន​ពេក​ ដល់​ស្មាន​ខុស​ ក៏​ជ្រុល​ធ្វើ​បាប​​អូន​អញ្ចឹង​ទៅ​ ដូច​ពាក្យ​គេ​ថា «ស្រ​លាញ់​ណាស់​ស្អប់​ណាស់»។ អី​ល៉ូវ​បង​​យល់​ការ​ពិត​ពី​អូន​ យល់​តំលៃ​វិសិដ្ឋ​ របស់​អូន​ហើយ​ បងរឹត​តែ​ស្រលាញ់​អូន​ឡើង​ថែម​ទៀត​។ កុំ​ដាច់​ចិត្ដ​ពេក​អូន​សីតា​ កាល​មុន​គឺ​អូន​ដែល​ស្អប់​ពាក្យ​ «ចិត្ដ​ដាច់​ដូច​ស្រី»។ កាល​នោះ​ អូន​សច្ចា​ថា​មិន​ដាច់​ស្នេហ៍ពី​បង​ទេ​។ អូនធ្លាប់ចូល​ចិត្ដ​អ្វី​ដែល​ទន់​ភ្លន់​ អី​ល៉ូវ​ម៉េច​ក៏​អូន​ចិត្ដ​រឹង​ម៉្លេះ​? រឺ​មួយ​ក៏អូនចង់​រឹងដូច​ថ្ម​មាត់​សមុទ្រ​ ថ្មរឹង​ ព្រោះ​ថ្ម​ត្រូវ​ស៊ូ​ទ្រាំជាមួយ​ព្យុះ​សង្ឃរា​ ​ជា​មួយ​កំលាំង​បោក​បក់​នៃ​សមុទ្រ​។ អែ​អូន​ និង​ បង​ ក្រៅ​ពី​ចិត្ដ​ប្រច័ណ្ឌ​ចង្រៃ​នោះ​ បង​ធ្លាប់​តែ​ស្រ​ទន់​​ ថ្នាក់​ថ្នម​បបោស​អង្អែល​រូប​កាយ​អូន​ ម៉េច​ក៏​អូន​ដាច់​អាល័យ​ ដាច់​អនុស្សា​ម៉្លេះ​? សីតា​ព្រលឹង​បង​ អូន​ធ្លាប់​ពោល​ថា​ ស្រ​លាញ់​បង​អិត​ព្រំ​ដែន​ ព្រោះ​បង​មាន​ភក្ដី​ មិន​ស្រើប​ស្រាល​ជា​មួយ​ស្នំ​ រឺ ស្រី​ដទៃ​។ អូន​ធ្លាប់​រួម​ត្រេក​ត្រអាល​ ថ្នម​ស្នេហ៍​ជាមួយ​បង​ គ្រប់​ពេល​ គ្រប់​​នាទី​ គ្រប់​ទិស​គ្រប់ទី​ ក្នុង​វាំង​ ក្នុង​ព្រៃ​ ក្នុង​អាស្រម​។ អីល៉ូវ​ម៉េច​ក៏​ស្នេហ៍​វិសាល​នោះ​ប្រែ​ជា​អភ័ព្ទ​អញ្ចឹង​ទៅ​វិញ​? ប្រសិន​បង​មានជាយា​ មាន​ស្នំ​ច្រើន​ នោះ​ទើប​អត់​រូប​អូន​មួយ​ ក៏មិន​ជា​អី​ប៉ុនម៉ាន​ដែរ។ ប៉ុន​តែ​ បង​ស្រលាញ់​តែអូន​ មាន​ជាយា​តែ​ម្នាក់​គត់​ ម្ដេច​ក៏​អូន​មិន​អាណិត​បងផង? ពេល​អូន​ឃ្លាត​មក​នៅ​ក្នុង​ព្រៃ​ បង​សែន​នឹក​អូន។ ទឹក​ភ្នែក​បង​ហូរ​អែងៗ​ ពេល​ណា​បង​នឹក​ដល់​គ្រា​ដែល យើង​ធ្លាប់​រស់​នៅ​កំ​សត់​កម្រ​ក្នុង​ព្រៃ​ជ​មួយ​គ្នា​ គ្រាដែល​យើង​ធ្លាប់​ថ្នាក់​ថ្នម​ក្រេប​រស់ស្នេហ៍​រួម​កាយ​ រួមចិត្ដ​ ហើយ​និង គ្រា​ដែល​អូន​សំលឹង​មុខ​បង​ ដោយ​នេត្រា​ទាំង​ខ្មៅ​យង់​ ពោរ​ពេញ​ដោយទឹក​ដម។ ភក្រ្ត​អូន​ក៏ឡើង​ក្រ​ហម​ព្រឿង​ ដោយកំដៅ​ស្នេហ៍។ បង​នៅ​ចាំមិន​ភ្លេច​ គ្រា​បង​ញញឹម​រក​អូន​ អូន​តែង​យក​ហត្ថ​ដ៏​ស្រទន់​​មក​អង្អែល​ថ្ពាល់បង​ ហើយ​ស្រដី​ថា​បង​ញញឹម​ទន់​ភ្លន់​ដូចផ្កា​។ យើង​ធ្លាប់​មាន​អនុស្សា​វរីយ៍​ល្អៗ​ជាមួយគ្នា​ ហេតុ​អី​ក៏​យើង​បែរ​ជា​ត្រូវ​មាន​អានា​គត​ងងឹត​អិត​រស្មី​ដូច​នេះ​ទៅ​វិញ​? បង​ស្រ​ណោះ​កាល​យើង​រស់​នៅក្នុង​ព្រៃ​ជាមួយ​លក្សណ៍​។ រាល់​ពេល​ព្រឹក​ព្រលឹម​ បង​តែ​បេះ​ផ្កា​ត្រ​បែក​ព្រៃ​ សៀត​សក់​អូន​មិន​ដែល​ខាន​។ អូន​ឃ្លាត​ឆ្ងាយ​ទៅ​ បង​ទ្រាំ​រស់​ម្នាក់​អែង​ រស់​ជា​មួយ​អតីត​កាល​ ដែលគួរ​អោយ​ស្រណោះ​ និង ស្រពោន​ពេក​សំរាប់បង​។ ពេល​ក្រលេក​មើល​ផ្កា​ពណ៌​ស្វាយ​ បង​តែ​នឹកដល់​អូន​ ដែល​ធ្លាប់​ស្រលាញ់​ផ្កា​ត្រ​បែក​ព្រៃ​ ហើយ​នឹក​សំដី​អូន ដែលអូន​ធ្លាប់ពោលថា​ ផ្កា​ស្វាយ​នេះ​ហាក់​បង្កើត​អារម្មណ៍​ស្រ​ទន់​។ សីតា​ព្រលឹង​បង​ តើ​អនាគត​យើ់ង​ទាំង​ពីរ​ មាន​ទំនាយ​ថា ត្រូវ​តែ​ព្រាត់​និរាស​ ហើយ​បាន​ត្រឹម​ក្ដី​អាល័យ​គ្នា​ប៉ុនហ្នឹង​រឺ​អី​? រឺ​មួយ​ក៏​អូន​មិន​ទុកចិត្ដ​បង​?

    - ពិតហើយ​ ខ្ញុំ​ម្ចាស់​អត់​ទុក​ចិត្ដ​បង​ទេ​ ខ្លាច​បង​ធ្វើ​ដូច​មុន​ទៀត​។
   - បង​សុខ​ចិត្ដ​ធ្វើ​កិច្ច​សន្យា​ជា​លាយ​លក្ខ​អក្សរ​។ បង​នឹង​ហៅ​អោយ​នា​ម៉ឺន​សព្វ​មុខ​មន្ដ្រីមក​ធ្វើ​ជា​សាក្សី​ ហើយ​បង​ នឹង ​គោរព​កិច្ច​សន្យា​នោះ​។
   សីតា​បើក​ភ្នែក​ធំៗ សំលឹង​ព្រះ​រាមជា​ថ្មី​ រួច​ទើប​វាចា​ថា៖

    - បាន​ប្រយោជ​ន៍អី​ ព្រះអង្គ​យក​ការហ៊ាន​ចុះ​សន្យា​​ជាមួយ​សព្វ​មុខ​មន្ដ្រី​មកធ្វើ​ជា​ធំ​។ តើ​មន្ដ្រី​ណា​ហ៊ាន​ចេញ​មុខ​ទទឹង​នឹង​បង​ បើ​បង​ខ្ញាល់​ជា​​ថ្មី​នឹង​អូន​ នៅ​ថ្ងៃ​ក្រោយ​ទៀត​? បើ​មន្ដ្រី​ហ៊ាន​​និយាយ​ ហេតុ​អី​ក៏គ្មាន​មន្ដ្រី​ណា​​ឃាត់​ម្ចាស់​បង​​ ពេល​បង​បញ្ជា​អោយ​លក្សណ៍ ​យក​អូន​ទៅ​សំលាប់​?
   លឺ​សំដីនេះ​ ព្រះ​រាម​ដែល​​កំពុង​ជាប់​ព្រះនេត្រ​សំលឹង​ស្ទឹង​ដែល​នៅ​អែនាយ​ ក៏​ងាក​មក​មើល​មុខ​សីតា​ ហើយ​វាចា​មួយៗថា៖
   - អូន​សីតា​ កាល​មុន​នា​ម៉ឺន​សព្វ​មុខ​មន្ដ្រី​មិន​ហ៊ាន​និយាយ​ រឺ ឃាត់​បង​មែន​។ ប៉ុន​តែ​ម្ដង​នេះ​ យើង​ធ្វើ​កិច្ច​សន្យា​មែន​ទែន​ យើង​សន្យា​គ្នា​ជា​លាយ​លក្ខ​អក្សរ មាន​ចុះ​សេចក្ដី​ច្បាស់​លាស់​ មាន​ហត្ថ​លេខា​ត្រឹម​ត្រូវ​។ ប៉ុណ្ណឹង​ហើយ​ អូន​នៅ​តែ​មិន​ទុក​ចិត្ដ​បង​ទៀត​រឺ​? រឺ​មួយ​អូន​ខ្លាច​បង​ល្មើស​ នឹង កិច្ច​សន្យា​នោះ​? បើ​បង​ហ៊ាន​ល្មើស​ នឹង កិច្ច​សន្យា​ធំ​ដុំ​បែប​នេះ​ បង​ក៏​ពុំ​គួរ​គប្បី​ជា​អ្នក​គ្រប់​គ្រង​នគរ​ដែរ​។ សីតា​ព្រលឹង​ ម៉េច​អូន​យល់​ព្រម ​នឹង​ កិច្ច​សន្យា​ទេ? ព្រះ​រាម​សួរ​បញ្ជាក់​ ព្រម​ទាំង​ចាប់​ហត្ថធី​តា​ ប៉ុន​តែ​​នាង​បាន​ដក​ដៃ​ចេញ​វិញ​យ៉ាង​រហ័ស។

    ស្រល់និមល​ធ្វើ​ជា​មិន​លឺ​សំនួរ​ នាង​ចោល​ភ្នែក​ទៅ​ឆ្ងាយ​ ហាក់​ដូច​ជា​នៅ​ខាង​មុខ​នាង មាន​ទីវាល​មួយ​យ៉ាង​ធំ​ ប្រកប​ដោយ​តិណ​ជាតិ​ខ្ចី​បំព្រង​។ ធីតា​មៀង​កន្ទុយ​ភ្នែក​មើល​ព្រះរាម​ ទើប​ពោល​តិច​ៗ​តែ​ម្នាក់​អែង​ថា៖​

    - ឱ ព្រះ​អើយ​ នៅ​ក្នុង​ពិភព​លោក​ដ៏ទូលំ​ទូលាយ​ រឺ ចង្អៀត​ចង្អល់​នេះ​ តើ​បថុជ្ជន​ណា​ម្នាក់​ដែល​ប្រកែក​មិន​ចង់​បាន​សុភមង្គល​ កើត​ពីការ​ជួប​ជុំ​គ្រួសារ​? ប៉ុន​តែ​កាល​បើ​សុភមង្គល​នោះ​ជា​ដំណក់​ទឹក​លើ​ស្លឹក​ឈូក​ ដែល​រង់​ចាំ​តែ​រអិល​ភ្លាម​ នៅ​ពេល​ដែល​ស្លឹក​គ្រាន់​តែ​រង្គើ​បន្ដិច​ ពេល​នោះ​អ្នក​ដែល​មាន​ស្មា​រតី​មិន​វង្វេង​ ច្បាស់​ជា​សុខ​ចិត្ដ​ឈោង​ចាប់​យក​សុភ​មង្គល​​បែប​ផ្សេង​ទៅវិញ​មិន​ខាន​ គឺ​សុភមង្គល​ក្នុង​ការ​រស់​ទោល​តែ​អែង​ ក្នុងភាព​ស្ងប់ស្ងាត់​គ្មាន​ខ្ពស់​គ្មាន​ទាប​។

    សីតា​និយាយបែប​វា​ហី ធ្វើអាការ​ដូច​ជា​ពោល​តែ​អែង​ បី​ដូច​ជា​គ្មាន​ព្រះរាម​នៅ​ទី​នោះ​ ដែល​នាំ​អោយ​ព្រះរាម​រឹត​តែ​អន្ទះ​អន្ទែង​ក្នុង​ចិត្ដ​ខ្លាំង​ថែមទៀត​។ ព្រះ​រាមសំលឹង​មើល​ស្រស់​ស្រី ដោយ​ទឹក​មុខ​ស្រងូត​រួច​ទើប ​វាចាថា៖

    - អញ្ចឹង​បាន​សេចក្ដីថា​ អូន​ទុក​កិច្ចសន្យាដែល​បង​ស្នើ​ដោយ​ស្មោះ​នេះ​ជា​ល្បែង​រឺ? កិច្ច​សន្យា​មាន​ន័យ​សំខាន់​ប៉ុននឹង​ហើយ​ ចិត្ដស្នេហ៍​តែ​មួយ​របស់​បង​ ចំពោះ​អូន​បែប​នេះ​ហើយ​ អូន​នៅ​តែ​ប្រដូច​ទៅ​នឹង​សុភ​មង្គល​លើ​ស្កឹកឈូក​ទៀត​រឺ​អី? ឱស្លឹក​ឈូក​ ខ្ញុំ​ស្អប់​ ហើយ​ខ្ញុំ​ក្នាញ់​អ្នក​ណាស់​។មនុស្ស​ខ្លះ​ដែល​ស្រលាញ់​ចូល​ចិត្ដសង្កេត​ពិនិត្យ​ធម្ម​ជាតិ បាន​សរសើរ​អ្នក​ថា អ្នក​ជា​ធម្ម​ជាតិ​មួយ​ដែល​ដំណាង​ភាព​រឹង​ប៉ឹង​ ភាព​ដែល​មិន​ជឿ​គំនិតដទៃ​ងាយៗ ដូច​អ្នក​អនុញ្ញាត​អោយ​ទឹក​ជ្រាប​ចូល​ រឺ​ ឆ្លង​កាត់​អ្នក​ដូច្នោះ​ដែរ​។ នៅ​ក្នុង​អរិយ​ធម៌​របស់​ជាតិ​ខ្លះ​ គេ​​បាន​ទាំង​យក​អ្នក​ធ្វើ​ជា​ដំណាង​​សេច​ក្ដី​បរិសុទ្ធទៀត​ផង​​។ ប៉ុនតែ​តាម​យោ​បល់​ខ្ញុំ​វិញ​ អ្នក​ជាដំណាង​ «អវិជ្ជា​» ជា​ដំណាង​អ្វី​ដែល​ជា​ «មាយា​» ទៅ​វិញ​ទេ​ ព្រោះអ្នក​ពុំ​ទទួល​អ្វី​ទាំង​អស់​៖ ទឹក​ក៏​អ្នក​មិន​អនុញ្ញាត​អោយ​ជ្រាប​ឆ្លង​កាត់​ ទឹក​ថ្លា​ក៏​ដូច្នោះ​ដែរ​។ បាន​សេចក្ដី​ទៅ​ទៀត​ថា គេ​អាច​ប្រដូច​អ្នក​ទៅ​នឹង​ភាព​ល្ងង់ខ្លៅ​ ដែល​មិន​ព្រម​ទទួល​ស្គាល់​អ្វី​ទាំង​អស់​ ​ទោះ​បី​អ្វី​​នោះ​ល្អ​ប្រសើរ​ក៏​ដោយ​។ អូនសីតា​ បង​មិននឹក​ថា​អូន​ជា​ស្លឹក​ឈូក​ទេ ប៉ុនតែ​​សូម​អូន​ឆ្លើយ​ប្រាប់​បង​មក​ ថា​តើ​អូន​ព្រម​ជានា​នឹង​បង​វិញ​ រឺ ពុំ​ព្រម​ណ៎ា​អូន​សីតា?​

    សំដីដ៏​ច្បាស់​លាស់​​ខាង​លើ​នេះ​ ធ្វើ​អោយ​នាង​សីតា​ប្រមូល​អារម្មណ៍​មកវិញ​ ហើយ​នាងងាក​សំលឹង​ទៅ​មុខស្រពោន​ អស់សង្ឃឹម ឈឺ​ចាប់​អង្វរករ។ ចិត្ដអាណិត​ និង ​ធ្លាប់​ស្រលាញ់​ រំជួល​ពាស​ពេញ​បេះ​ដូង​នាង​។ ប៉ុនតែ​រឿង​អប្រិយ​ដែល​កន្លង​ផុត​មក​ហើយ​នោះ​ បាន​ធ្វើ​អោយ​ភ្នែក​សីតា​ មើល​យល់​ថា​ជា​ទឹក​មុខ​បុរស​កំណាច​ ជា​ទឹក​មុខ​ស្ដេច​ចក្រ​ពត្ដិ​ទៅ​វិញ​។ ចិត្ដ​នាង​ឡើង​ណែន​តឹង​ចង្អៀត​មួយ​រំពេច។ នាង​ងាក​មុខ​ចេញ​ហើយ​បែរ​ខ្នង​ដើរ​បែក​ពី​ព្រះរាម​ ដោយ​​ជំហាន​​គ្មាន​​​ស្ទាក់​ស្ទើរ។ ឃើញ​ដូច្នោះ​ចម​ក្សត្រ​អស់​សង្ឃឹម​ជា​ខ្លាំង​ទ្រង់​ប្រឹង​យាង​​ទៅ​តាម​នាង​សីតា​ ក្នុង​ចិត្ដ​រោល​រាល​​អន្ទះ​សារ​ពេក​កន្លង​។ ព្រះអង្គ​នឹក​ក្នុង​ចិត្ដ​ចង់​ស្ទុះ​ទៅ​ឃាត់​នាង​​កុំ​អោយ​ដើរ​ទៅ​មុខ​ទៀត​ ហើយ​ប៉ង​អង្វរ​នាង​ជា​ថ្មី​ តែ​ទឹក​ចិត្ដ​អៀនខ្មាស់​ ហើយ​​ និង បរាជ័យ​ជា​ច្រើន​គ្រា​ នាំ​អោយ​ព្រះ​អង្គ​រា​រែក​ផុត​សង្ឃឹម​រលីង​ពី​ខ្លួន​។

    ស្រស់​វរលក្ខណ៍ នៅ​តែ​យាង​ត​ទៅ​ទៀត​ អិត​នឹក​គិត​រវល់​នឹង​ព្រះ​រាម​ឡើយ​។កល្យាណី​មិន​ងាក​ក្រោយ​សោះ​។ ព្រះ​រាម​សំលឹង​មើល​នាង​បណ្ដើរ​ បោះ​ជំហាន​មួយ​ៗ​តាម​នាង​បណ្ដើរ​។ អ្នក​ទាំង​ពីរ​ដើរ​ដោយ​ស្ងាត់​ស្ងៀម​ អែ​បេះ​ដូង​ទាំង​គូ​ក៏​ពុះ​កញ្ជ្រោល​យ៉ាង​ខ្លាំង​។ មក​ដល់​មាត់​ស្ទឹង​ សីតា​បង្អន់​ជំហាន​ ហើយ​ដើរ​សសៀៗ​តាម​ឆ្នេរ​ខ្សាច់​។ ធម្មជាតិ​មាត់​ស្ទឹង​មាន​សភាព​ស្រស់បំព្រង​ គួរ​ជាទី​រីក​រាយ​ក្សេម​ក្សាន្ដ​។ ក៏​ប៉ុនតែ​គូ​សន្ទនា​បែរ​ជា​ក្រៀម​ក្រម​ស្រពោន​... ដើមបបោស​រេរាំ​ពត់​ពេន​តាម​កំលាំង​វាតា​ដ៏​ស្រាល​។ អែ​ផ្កា​ត្របែក​ព្រៃក៏រីក​សា​ជាថ្មី​នា​ដើមរដូវ​ភ្លៀង​ធ្លាក់​នោះ​ដែរ​។ ព្រះរាម​គិត​ថា​៖​ ផ្កា​ត្រ​បែក​ព្រៃ​នេះ​ជា​ផ្កា​ថ្មី​នៃ​រដូវ​ថ្មី​ សីតា​ក៏​ប្រហែល​ជា​សីតា​ថ្មី​ដែរ​ហើយ​មើល​ទៅ​។ ឱ ប្រសិន​បើ​ដូច​នោះ​មែន​ ទុក្ខ​ព្រះ​អង្គ​ធ្ងន់​ពេក​ហើយ​។ នឹក​កំសត់​ខ្លួន​ផង​ ហាក់មាន​កំសួល​នៃការ​អន់​ចិត្ដ​ផង​ ក្សត្រ​អភ័ព្ទ​ស្នេហ៍​ទ្រាំ​លែង​បាន​ ក៏ស្ទុះ​ទៅ​ពាំង​មុខ​សីតា​ ចាប់​ចុង​ដៃ​នាង​ទាំងពីរ​ជាប់​ ហើយ​និយាយ​ ដោយ​ទឹក​មុខ​មាំ​ថា៖

    - អូន​សីតា បង​បានអង្វរ​អូន​ ព្រម​ទាំង​បញ្ជាក់​ពី​ចិត្ដ​បង​ដែល​នៅ​តែ​ស្រលាញ់​អូន​ ប្រាប់​អូន​សព្វ​គ្រប់​អស់​ហើយ​ ប៉ុនតែ​អូន​នៅ​តែ​មិន​យល់​បង​​ដដែល​។ ពៅ​ព្រលឹង​អតីត​ស្នេហ៍​បង​ ធម្មជាតិ​ស្វាយ​ជូរ​ម៉្លេះ​ ក៏​គង់​អាច​ផ្អែម​បាន​នៅ​ពេល​ទុំ​ ព្រោះ​កំដៅ​ថ្ងៃ ចុះ​ធម្មជាតិ​បង អី​ក៏​គួរ​ត្រូវ​ផ្ដន្ទា​ម៉្លេះ​? ស្មោះ​ត្រង់​នឹងអូន​​អស់​ប៉ុននឹងហើយ ​រស់​នៅ​កំព្រា​អែកាក៏​យូរ​ក្រែល​ទៀត​ ម៉េច​ក៏​អូន​មិន​យល់​ជំងឺ​ទ្រូង​បង​ផងណ៎ា​សីតា? រឺ​មួយ​ក៏​ពេល​ដែល​យើង​ព្រាត់​និរាសគ្នា​នេះ​ មិន​ទាន់​គ្រប់​គ្រាន់​ល្មម សម​ជា​ទារុណ​កម្ម​ផ្លូវ​ចិត្ដ​ចំពោះរូប​បង​នៅ​ឡើយ​? ព្រះ​រាម​សួរ​បញ្ជាក់​ទៅ​សីតា​ព្រម​ទាំង​សង្កត់ សំដី​ រួច​ហើយ​លែង​ដៃស្រស់ស្រី​ទៅ​វិញ​។ ទេវី​ធ្វើរិក​ងើយ​ គេច​ចេញ​ពីព្រះអង្គ​ហើយ​យាង​ទៅ​មុខ​ទៀត​។ ម្ដង​នេះ​ព្រះរាម​អន់ព្រះ​ទ័យ​ជា​ខ្លាំង​ បេះដូង​ព្រះអង្គ​ពោរ​ឡើង ព្រះអង្គ​ស្ទុះ​ទៅ​ឈរ​បាំង​ពី​មុខ​សីតា​ជា​ថ្មី​ម្ដង​ទៀត​។

    - អូនសីតា​ អូន​ប្រាកដ​ជាមិន​ព្រម​ជាន​នឹង​បង​មែន​រឺ​? ក្រែង​អូន​នោះ​អី​ដែល​ធ្លាប់​និយាយ​ប្រាប់​កាល​គ្រា​មុន​ថា​ អ្នក​ណា​ធ្វើ​ខុស​ នឹង​ ខំ​កែ​កំហុស​នៅ​ថ្ងៃ​ក្រោយ​ អ្នក​នោះ​នឹង​ត្រូវ​គេ​ចាត់​ថា​ជាមនុស្ស​ល្អ? អីល៉ូវ​​បង​អង្វរ​អូន​ជា​ច្រើន​លើក​ច្រើន​គ្រា​ បង​ទទួល​ខ្លួ​ន​ខុស​រួច​ហើយ​ ម្ដេច​ក៏​អូន​នៅ​ប្រកាន់​បង​ទៀត​ខ្លាំង​ម៉្លេះ​? ប្រ​យ័ត្ន​បង​ថា​អូន​សីតា​បាន​តែ​ទ្រឹស្ដី​ណ៎ា​។ តាម​ពិត​ទៅ​ ការអប់​រំ​មនុស្ស​មិន​មែន​មាន​ន័យ​ត្រឹម​តែ​ប្រ​ដៅ​មនុស្ស​អោយ​ធ្វើ​ល្អ​ អោយ​កាន់​សី​ល​ធម៌​នោះ​ទេ​ ការ​អប់​រំ​ពិត​​ប្រា​កដ​ គប្បី​លាត​វិសាល​ភាព​ រហូត​​ដល់​ពត់​កែ​មនុស្ស​​ដែល​ធ្លាប់​ប្រ​ព្រឹត្ដ​ខុស​អោយ​យល់​ល្អ​ ធ្វើ​ល្អ​ឡើង​វិញ​ទៀត​ផង​។ អម្បាល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ម៉្លេះ​ក៏​គង់​លោក​មិន​ប្រ​កាន់​ទោស​ពៃរ៍​អង្គុលីមាល៍​អ្វី​ដែរ​ ព្រះ​អង្គ​ព្រម​ទាំង​ទទួល​អប់​រំ​ផ្លូវ​ធម៌​ ដល់​ជន​ដែល​ធ្លាប់​ប្រព្រឹត្ដ​បាប​នេះ​ថែម​ទៀត​ផង​។ ចុះ​អូន​? អី​ក៏​ចិត្ដ​រឹង​ម៉្លេះ​? បើ​បង​ដឹង​ខ្លួន​ខុស និង ខំ​កែ​ចរិយា​ប៉ុននឹង​ហើយ​ ហើយ​អូន​នៅ​តែ​ប្រ​កាន់​ទៀត​ តើ​អែណា​ទៅ​សំដី​ដ៏​មាន​ន័យពី​ថ្ងៃ​មុន​របស់​អូន​? សីតា​បាន​សំលឹង​ភក្ដ្រ​ព្រះ​រាម​យ៉ាងមុត​ថ្លា​លាយ​ដោយ​សំរស់​ស្នេហ៍យ៉ាង​ស្រ​ទន់​។ នាង​នៅ​តែ​វាចា​ទៅរក​ព្រះ​អង្គ​ ហើយ​យាង​គេច​មក​ក្រោយ​វិញ​។ ព្រះ​រាម​មិន​ដឹង​ដូច​ម្ដេច​ ក៏​ស្ទុះ​មក​ដើរ​ទន្ទឹម​កល្យា​ណី​ ហើយ​ស្រដី​យ៉ាង​ស្រងូត​​ថា៖​

    - គឺ​ដង​ស្ទឹង​នេះ​ហើយ​ដែល​បញ្ជាក់​ប្រាប់​បង​ថា សីតា​ប្រ​ហែល​មានចិត្ដ​ស្រណោះ​បង​ខ្លះ​ដែរ​។ អូន​នៅ​ចាំ​ដែរ​មែន​ទេ​ ថា​ព្រោះ​តែ​អូន​មក​ដង​ទឹក​ស្ទឹងនេះ​ ហើយ​អូន​យក​រាម​លក្សណ៍​មក​តាម​ជាមួយ​ជាប់​ខ្លួន​នោះ​ហើយ​ ដែល​ជា​បុព្វ​ហេតុ​នៃ​កំណើត​ជប្ប​លក្សណ៍​ តាម​​សិល្ប៍​អាគម​របស់​លោក​តា​។ បាន​សេចក្ដី​ថា​ អូន​ចេះ​ស្រលាញ់​កូន​ ចេះ​អាណិត​​ និង ​ខំយក​កូន​ទៅ​តាម​ជាមួយ​។ ចុះ​ចំពោះ​បង​?
   - អូន​អត់​អាណិត​បង​ទៀត​ទេ។
   សីតា​តប​យ៉ាង​រហ័ស​ កាត់​សំដី​ព្រះរាម​ ហើយ​បែរ​ខ្នង​ដាក់​ព្រះ​អង្គ​ដោយ​រិក​វាហី​​។ បុរស​ចាញ់ស្នេហ៍​ដូច​ជា​ភ្ញាក់​ នឹង វាចា​នេះ​រួច​ហើយ​ក៏​តប​វិញ​ថា៖
   - អញ្ចឹង​ អូន​ដាច់​ចិត្ដ​ថា បែក​ពីបង​រហូត​រឺ?
   - ពិត​ហើយ​ ព្រោះ​ព្រះអង្គ​​ឆេវ​ឆាវ​ពេក​។
   - បងឈប់​ឆេវឆាវហើយ។
   - អោយ​អូន​ជឿម្ដេច​បាន​? ខ្ញុំ​ម្ចាស់​ពុំ​បាននឹក​នា​ដល់​តិច​តួច​ឡើយ​ ថា​យើង​អាច​រស់​នៅ​ជាមួយ​គ្នា​វិញ​បាន​សុខ​សាន្ដ ដូច​កាល​យើង​ចេញពី​ព្រះនគរ​ មក​នៅ​ក្នុង​ព្រៃ​ជា​លោក​ដំបូង​។ ម្ចាស់​បង ដែល​អូន​ធ្លាប់​ងប់​ស្នេហ៍​ពី​អតីត​ សូម​ម្ចាស់​បង​ឈប់​តាម​បញ្ចុះ​បញ្ចូល​អូន​ទៀត​ អូន​ឆ្អែត​ហើយ​ នឹង​ វាចា​ផ្អែម​ល្ហែម​របស់​បង​។

   សីតា​តប​សំដី​ទៅវិញ​ ព្រម​ទាំង​ចោល​កន្ទុយ​ភ្នែក​ទត​ទៅ​អតីត​ស្វាមី​យ៉ាង​ស្រទន់​។ លឺ​ពាក្យ​ទាំងនេះ​ អង្គក្សត្រា​ក៏​ងាក​ភក្ដ្រ​ចេញ​ពី​ស្រស់​សីតា​ សំលឹង​ទៅ​ឆ្ងាយ​ដោយ​អស់សង្ឃឹម​។ សត្វ​រៃ​នៅ​លើ​ព្រឹក្សា​យំលឺ​កង​រំពង​។ វាយោ​បក់​បោក​ចុង​ព្រឹក្សា​។ព្រឹក្សា​យោល​យោគ​ ព្រះ​ទ័យ​ព្រះអង្គ​ក៏​យោល​យោគជាមួយ​ដែរ​។ បន្ដិច​មក​ ព្រះ​រាម​ងាក​ព្រះ​ភក្ដ្រ​មក​ទត​នាង​សីតា​វិញ​ រួច​ទើប​ពោល​ទៅ​កាន់​នាង​ថា៖
    - ល្អ​ហើយ​អូន​សី​តា​ អូនពុំ​ព្រម​ជា​ នឹង​ ​បងវិញ​ ជា​តំលៃ​មួយ​សំរាប់​អូន​ ប៉ុន​តែ​គឺ​ជាទុក្ខ​អិត​ថ្លែង​បាន​សំរាប់​រូប​បង​។ ថ្លឹង​មើល ​និង ​ពិចារ​ណា​គ្រប់​សព្វ​ទៅ​អូន​ចិត្ដ​បែក​ពី​បង​ ហើយ​ទុក​អោយបង​ចំ​បែង​ស្នេហ៍​។ បង​កោត​ចិត្ដ​អូន​ ដែល​បំភ្លេច​បាន​នូវ​អនុស្សាវរីយ៍​នានា​ រហូត​ដល់​មង្គល​ស្នេហ៍​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដែល​អូន​ពោល​ថ្ងៃ​មុន​ថា នឹង​មិនបំភ្លេច​បាន​លើយ​។ ទឹក​ភ្នែក​សោក​សៅ​របស់​បង​ ដែល​ហូរ​ហែង​តាម​ជ្រលង​ព្រៃ​ ពេល​រាពណ៍​លួច​ឆក់​យក​អូន​ទៅ​បាត់​ និង គ្រា​ដែល​អូន​បែក​ទៅ​ស្រុក​លង្កា​ ទឹក​ភ្នែក​ទាំង​នោះ​ពុំ​មាន​អិទ្ធិពល​អ្វី​អាច​អង្វរ​ករ​អូន​ នឹក​ឃើញ​សុភមង្គល​ស្នេហ៍​អតីត​វិញ​បាន​នៅ​ពេល​នេះ​លើយ។ អូន​ធ្លាប់​យក​ទ្រូង​ដ៏​ល្អ​ក្បំ​មក​ប្រលែង​លេង​លើភក្ដ្រ​បង​ អូន​ធ្លាប់​រំភើប​ញាប់​ញ័រ​ក្រោម​ម្រាម​ដៃ​បបោស​អង្អែល​ថ្នាក់​ថ្នម​ពី​បង​ កាយ​ដ៏​ស្រលូន​ ដែល​​អូនធ្លាប់​ចូល​ចិត្ដ​អោប​បង​ «បី​បម​» ទាំង​អស់​នោះ​ក៏​អូន​កាត់​អាល័យ​បាន​ទៀត​។ មិន​អី​ទេ​អូន​សី​តា​អូន​ភ្លេច​បង​ចុះ​។ បើ​អូន​ដាក់​ចិត្ដ​ដាច់​ណាត់​ថា​ ត្រូវ​តែ​ស្អប់បង​ ដែល​អូន​ចាត់​ថា​ជា​​អ្នក​តំណាង​សភាវៈ​ «អាក្រក់​» ហើយ​នោះ​ បង​សុខ​ចិត្ដ​ទទួល​ជំងឺ​បេះ​ដូង​ដ៏​ចុកចាប់នេះ​។ ប៉ុន​តែ​សំរាប់​គ្រប់​ជំងឺ​ គប្បី​មាន​ថ្នាំ​ព្យាបាល​។ ចាស់​បុរាណ​លោក​បាន​ពោល​ថា «បន្លា​មុត​យក​បន្លា​ជោះ​» «សេះ​បាត់ យក​សេះ​តាម​»។ ពី​ថ្ងៃ​នេះ​ទៅ​ បំណាច់​បង​«ឈឺ» ដោយ​សារ​សីតា​ បង​នឹង​លែង​ជឿ​ទៀត​ហើយ​ ថា​ស្រី​អាច​ស្រ​លាញ់​អិត​ទី​អវ​សាន​។ ស្នេហ៍​អិត​អវសាន ពុំ​មាន​ទេ។ ថ្ងៃ​ណា​មួយ​ គង់​ស្នេហ៍​នោះ​រលាយ​រូប​វិញ​មិន​ខាន​។ បង​ឈប់​ទុក​ចិត្ដ​ស្រី​ទូ​ទៅ​ ស្រី​ដែល​ធ្លាប់​ធ្វើ​​អោយ​បង​ខូច​ចិត្ដ​។ ថ្ងៃ​ស្អែក​ៗ​ខាង​មុខ​ បង​នឹង​បញ្ជា​អោយ​សេនា​រេហ៍ពល​ ដើរ​ប្រមូល​រើស​ស្រី​រូប​ស្អាត​ៗ អោយ​ស្អាត​លើស​«ស្រី​» ដែល​ឈ្មោះ​ «សី​តា» ទៅ​ទៀត​ រើស​ប្រមូល​បាន​មក​ បង​នឹង «​​កៀក​កើយ​​​​» ស្រី​ទាំង​នោះ​កំសាន្ដ​លេង រួច​ហើយ​បង​ជាន់​ឈ្លី​នឹង​ជើង​ចោល​ មុន​នឹង​បង​ទៅ​សើច​លេង​ជា​មួយ​ស្រី​ផ្សេង​ទៀត។ បងនឹង​ទុក​ស្រី​ជា​ផ្កា​អិត​ក្លិន​ដែល​គ្មាន​តំលៃ​អមតៈ​អ្វី​សំរាប់​បងឡើយ​... អិត​ក្លិន​ដូច​សីតា​ រឺ​ក៏​ថា​ឆាប់​រោយ​ក្លិន​ដូច​សីតា​អញ្ចឹង​។ បង​នឹង​យក​ស្រី​ធ្វើ​ជា​ឈ្នាន់​សំរាប់​បង​ជាន់​ ជា​ស្ពាន​សំរាប់​បង​ឈាន​ បង​ឆ្លង​ទៅ​មង្គល​កាម​មួយគ្រាៗ​ មិន​លើស​មិន​ខ្វះ​ពី​នេះ​ឡើយ​។ «ខ្សត់​អ្វី​ខ្មោ​ស្រី​ ចំណី​រាគា​»។ ព្រះ​បាទ​ព្រហ្មទត្ដ​ធ្លាប់​ពោល​បែប​នេះ​រួច​ហើយ​ នៅ​ពេល​ដែល​កាកី​ធ្វើ​អោយ​ព្រះ​អង្គ​អស់​ទំនុក​ចិត្ដ​ទៅ​លើ​ស្នេហា​។ ដូច​ព្រះ​បាទ​ព្រហ្មទត្ដ​ដែរ​ បង​យល់​ថា​ស្រី​ៗ​មាន​គុណសម្បត្ដិ​ត្រឹម​តែ​ជា​ឧបករណ៍​សំរាប់​ប្រុស​ៗ​«សម្រន់​» រាគា​តែប៉ុននោះ​។

    សម្លេង​ព្រះរាម​លឺ​លន់​កាន់តែ​ខ្លាំង​ឡើង​ៗ​។ នៅ​ក្នុង​ពេល​មួយ​នោះ​ព្រះអង្គ​ភ្ញាក់​ខ្លួន​ព្រើត​ ព្រោះ​អីនាង​សីតា​ទ្រង់​ព្រះកន្សែង​យ៉ាង​ដង្ហក់​។ ទឹក​ភ្នែក​ថ្លា​យង់​ហូរ​កាត់ភក្ដ្រ​ដ៏​ប្រផូរ​។ ស្រី​ស្រស់​កាត់​វាចា​ទាំង​អាក់​អួល​ណែន​ថា៖​
    - ទោះ​បី​បង​ខ្ញាល់ រឺ​ អន់​ព្រះ​ទ័យ​ នឹង ​ខ្ញុំ​ម្ចាស់​ បង​មិន​គប្បី​ទៅ​ធ្វើ​បាប​នារី​ដទៃ​ទៀត​ ដោយ​សារ​តែ​ចង់​សង​សឹក​ នឹង អូន​នោះឡើយ​។ សូមបង​ជ្រាប​ថា ​ទឹក​ភ្នែក​ដែល​ហូរ​ និង បេះ​ដូង​ខ្សត់​ស្នេហ៍​របស់​នារី​ទាំង​ល៉ាយ​ គឺ​ជា​ទឹក​ភ្នែក​ឈឺ​ចាប់​ ជា​បេះ​ដូង​ខ្លោច​ផ្សារ​បស់​អូន​ដែរ​។ បើ​បង​ប៉ង​ធ្វើ​បាប​នារី​ទូទៅ​ ដ្បិត​បង​យល់​ថា​បង​ខូច​ចិត្ដ​ព្រោះ​រូប​អូន​ នោះ​ការ​ប្រ​ព្រឹត្ដ​របស់​បង​ក្នុង​អនា​គត​ គឺ​ជា​អំពើ​ខ្លៅ​អាក្រក់​ពេក​ណាស់​។ អូន​មិន​ព្រម​អោយ​បង​ធ្វើ​ទេ។
    - ស្រេច​តែ​ចិត្ដ​បង​ ទោះ​បី​បង​ទុកស្រីៗ​ជា​ផ្កា​អិត​ក្លិន​ក៏​ដោយ​ ក៏​អូន​សី​តា​គ្មាន​សិទ្ធិ​អ្វី​មក​ជ្រៀត​ជ្រែក​ក្នុង​រឿងរបស់​បង​ដែរ​។ បង​មិនជឿ​ថា​ បំណង​របស់បង​ជា​អំពើ​ខ្លៅ​ឡើយ។ បង​ធ្វើ​យ៉ាង​ណា​ អោយ​តែ​បង​ភ្លេច​ទុក្ខ​ អោយ​តែ​បង​ភ្លេចស្រី​ឈ្មោះ​«សីតា​»..គ្រប់​មធ្យោ​បាយ​ល្អ​ទាំង​អស់​។
    - សូម បង​កុំ​មើល​ងាយ​អូន​ពេក​។សូម​បង​​កុំ​ហៅ​អូន​ថា «ស្រី​ឈ្មោះ​សីតា»​​​ទៀត​ ហើយ​សូមម្ចាស់​បង​ជ្រាប​ផង​ថា ​សេចក្ដី​សប្បាយ​ក្នុង​កាមារម្មណ៍​ ដ៏​អិត​ព្រំដែន​របស់​បង​ ឋិត​នៅ​លើ​ទុក្ខ​ចុក​ចាប់​របស់​នារី​រង​គ្រោះ​។ ធីតា​ពោល​ទាំង​ទឹក​ភ្នែក​ដែល​ហូរ​ពុំ​ទាន់​ដាច់​។
    - ចុះសេចក្ដី​សប្បាយ​ក្នុងសុភមង្គល​ «រស់​តែ​ម្នាក់​អែង​» របស់​អូន​តើ​មិន​ឋិត​នៅ​លើ​ជំងឺ​បេះ​ដូង​របស់​បង​ទេ​រឺ? បង​បានអង្វរ​អូន​ សន្យា​ជូន​អូន​សព្វ​គ្រប់​ហើយ​ អូន​នៅ​តែ​មាន​ចិត្ដ​រឹង​អិត​ស្រណោះ​ ទុក​អោយ​បង​ព្រួយ​ចំបែង​អែកាទៀត។ ដូច​នេះ​បង​នៅ​សល់​តែ​មធ្យោ​បាយ​មួយ​គត់​ គឺ​បង​ត្រូវ​រក​ឧសថ​ មក​ព្យា​បាល​ជំងឺ​ព្រួយ ជំងឺ​កំព្រា​របស់​បង​តាម​រយៈ​ល្បែង​ស្នេហ៍​បែប​នោះ​អែង​។

    នាង​សីតា​ទ្រង់​ព្រះ​កន្សែង​កាន់​តែ​ខ្លាំង​ឡើង​ នៅ​ពេល​ដែល​នាង​នឹក​ថា​ នាង​ពុំ​អាច​ឃាត់​ព្រះរាម​បាន​ឡើយ​ ប្រសិន​បើ​ព្រះអង្គ​ប្រព្រឹត្ដ​ដូច្នោះ​មែន​ នៅក្នុង​អនា​គត​។ នាង​សំលឹង​ព្រះ​ភក្ដ្រ​ព្រះ​អង្គ​ដោយ​ក្នាញ់​យ៉ាង​ខ្លាំង​។ ព្រះ​រាម​ទត​ទៅ​សីតា​ទាំង​រំជួល​ចិត្ដ​ហើយ​វាចា​ដោយ​ស្រទន់​ថា៖

    - អូន​សី​តា​ ទឹក​ភ្នែក​អូន​ដែល​ហូរ​នៅ​ពេល​នេះ​ ហាក់​ដូច​ជា​បង្ហាញ​ពី​ចិត្ដ​ឃោរ​ឃៅ​អិត​សីល​ធម៌​ ដ៏​តិច​តួច​ឡើយ​របស់​បង​។ តាម​ពិត​អូនសីតា​ជា​ទី​ស្រលាញ់​របស់​បង​អើយ បង​ក៏​យល់​ដែរ​ពី​ចិត្ដ​ខ្លៅ​ ប្រសិន​បើ​នរណា​ម្នាក់​ប្រលែង​លេង​នឹង​ស្នេហា​បែប​នោះ។ បង​មិន​ភ្លេច​នូវ​ការ​អប់រំសីលធម៌​ ដែល​ព្រះ​អី​សី​ធ្លាប់​ប្រៀន​ប្រដៅ​យើង​ទាំង​ពីរ​ ព្រម​ជាមួយ​ និង ប្អូន​លក្សណ៍​។ សីតា​ព្រ​លឹង​បង​អ្វី​ដែល​បង​ពោល​អំបាញ់មិញ​នេះ គឺ​ជា​សំសួល​នៃ​ចិត្ដ​អស់​សង្ឃឹម​អស់​រំពឹង​ អស់​លំនឹង​ ដែល​បង្ខំ​ រឺ ពោល​ដោយ​អោយ​ចំ​ថា បង្កើត​នូវ​ក្ដី​ក្រៀម​ក្រំស្រពោន​ក្នុង​ចិត្ដ​ពេក​ប៉ុននោះ។ សូម​អូន​អភ័យទោស​អោយ​បង​ដែល​រំជួល​ចិត្ដ​ពេក​ ហើយ​ពុំ​អាច​ត្រួត​ពិនិត្យ​អារម្មណ៍​ជ្រួល​ច្របល់​នេះ​បាន​។ សីតា​លំអ ផ្កា​ត្របែក​ព្រៃ​របស់​បង​ បើ​បង​ហើយ​មាន​ធម្មជាតិពី​កំនើត​ជា​ជន​សាមាន្យ​ ម៉្លេះ​បង​មាន​ជា​យា​ថ្មី​ មាន​ស្នំ​ជុំ​វិញ​ខ្លួន​ទៅ​ហើយ​។ តាម​ពិត​ទៅ​ ចិត្ដ​បង​ដែល​ធ្លាប់​ស្រលាញ់​អូន​​យ៉ាងណា​ អូន​មុខ​ជា​នៅ​ចាំ​មិន​ខាន​ ថា​បង​ធ្លាប់​ «ងប់» នឹង​រូប​អូន​ សម្ជស្ស​អូន​ កាយអូន​... ឱកាយ​ដ៏​ស្រលូន​.. ចិត្ដ​បង​ដែល​ធ្លាប់​តែ​ស្មោះ​ចំពោះ​អូន​មួយ​ម្ដេច​ក៏​ប្រែ​អភ័ព្វ​ បាន​ត្រឹមតែ​ក្ដី​អាល័យ​ស្រណោះ​ក្លិន​ស្រី​បែប​នេះ? តាម​សសញ្ចេត​នា​ បង​មិន​អាច​ភ្លេច​អូន​បាន​ទេ។ ក្នុង​នាម​ស្នេហ៍​ត្រកាល​នា​គ្រា​អតីត​ សូម​អូន​ជា​នឹង​បង​វិញ​ណ៎ាអូន​ណ៎ា​...

    ចប់សំដី​ ព្រះ​រាម​យក​ហត្ថ​ទៅ​អង្អែល​សក់​ធីតា​ ដែល​នៅ​តែ​យំ​អណ្ដឺត​អណ្ដក់​នៅ​លើយ​។ ព្រះរាម​សែន​អានិត​ទេវី​ ក្សត្រា​ក៏​យក​ដៃ​ទាំង​ទ្វេ​ទៅ​អង្អែល​ស្មាគូ​ស្នេហ៍​ថ្នម​ស្រ​ទន់​។ចម​ក្សត្រ​ ចាប់ជាយ​ព្រះ​ភូសា​ ទៅ​ជូត​ទឹក​ភ្នែក​អោយ​កល្យា​ណី​។ ទ្រាំ​នឹង​ចិត្ដ​រំភើប​ស្នេហ៍​លែង​បាន​ ព្រះ​រាម​ទាញ​កាយ​ស្រី​វរលក្ខណ៍​មក​ផ្ទប់​អោរា​ ហើយ​ថើប​ថើរ​ថ្នម​ៗ​លើ​ថ្ពល់​ និង បបូរ​មាត់​ធីតា​។ អៀន​ក្នាញ់​ស្រលាញ់​ ស្អប់​ អាណិត​ សីតា​ក៏​ទំលាក់​ព្រះ​កាយ​ទៅ​លើ​គូស្នេហ៍​ ហើយ​យក​ដៃ​ទៅ​ក្រសោប​បុរស​យ៉ាង​សែន​រំភើប​ចិត្ដ...

នាទីកំណាព្យ